Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សម្រាប់ស្ត្រីដែលមានវដ្តរដូវទៀងទាត់ សញ្ញាដំបូង និងគួរឲ្យទុកចិត្តបំផុតក្នុងការមានផ្ទៃពោះគឺការបាត់រដូវ។ សម្រាប់ស្ត្រីមានផ្ទៃពោះខ្លះទៀត ក៏អាចមានរដូវផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចបំផុតនៃការធ្លាក់ឈាម។ ស្ត្រីគ្រប់រូបដែលជិតមានផ្ទៃពោះ តែងតែមានរោគសញ្ញាសម្គាល់ខុសៗពីគ្នា។ រោគសញ្ញាដែលបញ្ចាក់ថាមានផ្ទៃពោះរួមមាន៖ មានអារម្មណ៍ថាមិនស្រួលខ្លួន និងក្អួតចង្អោរ ស្ត្រីអាចមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន និងមានអាការៈក្អួតចង្អោរ ដែលរោគសញ្ញានេះអាចកើតមានឡើងនៅពេលព្រឹក ឬក៏អាចកើតទាំងពេលថ្ងៃ និងយប់។ ប្រសិនបើអ្នកចាប់ផ្តើមមានអាការៈទាំងនេះ ហើយមិនអាចគ្រប់គ្រងបាន អ្នកគួរជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ថា អ្នកកំពុងមានផ្ទៃពោះឬទេ។  មានអារម្មណ៍ថាហត់នឿយ អំឡុងពេលមានផ្ទៃពោះ អ្នកនឹងមានអាការៈអស់កម្លាំងខ្លាំង និងជាទូទៅ ធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ផងដែរ ជាពិសេសក្នុងរយៈពេល១២សប្តាហ៍ដំបូង។ បញ្ហាខាងលើ បណ្តាលមកពីមានការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយរបស់អ្នកអំឡុងពេលមានផ្ទៃពោះ។ ការប្រែប្រួលនៃសរីរាង្គដោះ ដោះទាំងពីររបស់អ្នកនឹងរីកធំជាងមុន និងទន់តាមរយៈការស្ទាបដូចគ្នាទៅនឹងអាការៈមុនពេលមករដូវជាប្រចាំខែដែរ។ នៅមានបម្លាស់ប្តូរផ្សេងៗទៀតលើសរីរាង្ដដោះរបស់អ្នកដូចជា ក្បាលដោះប្រែជាពណ៌ក្រម៉ៅខ្លាំង និងមានលេចឡើងនូវសរសៃឈាមតូចៗនៅសើៗលើបរិវេណស្បែកដោះផងដែរ។ ការកើនឡើងចំនួនដងនៃការបន្ទោបង់ អ្នកអាចកត់សម្គាល់ថាអ្នកនឹងមានការបត់ជើងតូចញឹកញាប់ខុសពីធម្មតា ជាពិសេសនៅពេលយប់។ ខាងក្រោមនេះជារោគសញ្ញាផ្សេងទៀតដែលអ្នកគួរធ្វើការសម្គាល់បាន៖ •ទល់លាមក •សភាពបរិវេណទ្វារមានការប្រែប្រួលច្រើន ដោយមិនមែនបណ្តាលមកពីការរលាក និងឈឹចាប់ឡើយ •មានរសជាតិចម្លែកជាប់ក្នុងមាត់ដែលអ្នកមិនធ្លាប់មានពីមុន •ចូលចិត្តអាហារថ្មីៗ (មានអាហារខ្លះអ្នកមិនចូលចិត្តពីមុន) •មានការថយចុះចំណង់ចំណូលចិត្តអាហារដែលធ្លាប់ទទួលទាន •មានការកើនឡើងនៃការស្រូបក្លិន និងបានយ៉ាងរហ័សខុសពីធម្មតា។ ការធ្វើរោគវិនិច្ឆ័យ •តេស្តឈាម ៖ ទោះបីស្ថិតក្នុងដំណាក់កាលដំបូងបង្អស់នៃការមានផ្ទៃពោះក៏ដោយ ការធ្វើតេស្តឈាមនៅតែផ្តល់នូវលទ្ធផលជាទីទុកចិត្តដល់អ្នកដែរ។ ការពិនិត្យរកអ័រម៉ូនម្យ៉ាងឈ្មោះ Chorionic Gonadotropin (HCG) ដែលមានក្នុងឈាមរបស់អ្នកអំឡុងពេលមានផ្ទៃពោះ ត្រូវបានរៀបចំ និងបញ្ជាក់ដោយវេជ្ជបណ្ឌិតបាន ក្រោយពេលអ្នកបាត់រដូវភ្លាមៗ។ •តេស្តទឹកនោម ៖ អ្នកអាចទិញឧបករណ៍ធ្វើតេស្តទឹកនោមដែលមានលក់នៅឱសថស្ថាន ដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះឬអត់។ អ្នកគួរធ្វើតាមការណែនាំរបស់ផលិតផលដែលមានក្នុងប្រអប់ នោះអ្នកនឹងទទួលបានលទ្ធផលត្រឹមត្រូវ។ ប្រសិនបើតេស្តទឹកនោមបង្ហាញថាអវិជ្ជមាន (គ្មានផ្ទៃពោះ) អ្នកគួរអនុវត្តម្តងទៀតនៅពីរសប្តាហ៍ក្រោយ ទើបអាចទទួលបានលទ្ធផលដែលជឿជាក់បាន។ ការធ្វើតេស្តដែលមានភាពត្រឹមត្រូវបំផុតសម្រាប់ការមានផ្ទៃពោះ គឺការធ្វើតេស្តរកកម្រិតអ័រម៉ូនដែលកើនឡើងអំឡុងពេលមានផ្ទៃពោះតាមរយៈទឹកនោម និងឈាម។ យ៉ាងហោចណាស់ ពីរសប្តាហ៍បន្ទាប់ពីលទ្ធផលបង្ហាញរួច វេជ្ជបណ្ឌិតអាចពិនិត្យរកមើលសភាពនៃការប្រែប្រួលមាត់ស្បួត និងស្បូន (Vaginal Examination and Echography)។ ប្រសិនបើអ្នកមានផ្ទៃពោះពិតប្រាកដនោះ មាត់ស្បូនមានការផ្លាស់ប្តូរពណ៌ ហើយស្បូនមានការរីកធំឡើងៗនៅពីរ ឬបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រប់អ្វីដែលស្ត្រីមានផ្ទៃពោះបានទទួលទាន (អាហារ ឬភេសជ្ជៈ) ជាការប៉ះពាល់មួយផ្នែកធំនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាការពិត ការទទួលទានភេសជ្ជៈ ជាអាហររាវជាងការបរិភោគជាងប្រភេទអាហាររឹង ឬទន់ផ្សេងៗទៀត ប៉ុន្តែវាក៏ជាការសំខាន់មួយផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈបានត្រឹមត្រូវសម្រាប់សុខភាព និងការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ មិនមែនគ្រប់ភេសជ្ជៈទាំងអស់ គឺសុទ្ធតែល្អ ឬអាក្រក់ដូចគ្នានៅពេលមានផ្ទៃពោះ។ ខាងក្រោមនេះ គឺជាភេសជ្ជៈដែលមានសុខភាពល្អសម្រាប់ការមានផ្ទៃពោះ ដែលស្ត្រីជាម្តាយគួរតែទទួលទាន៖ ១. ទឹក អ្នកត្រូវការទទួលទានទឹក ដើម្បីរក្សាសុខភាពអ្នក និងទារកក្នុងផ្ទៃ ហើយវាពិតជាសារធាតុរាវដ៏សំខាន់ ទោះបីជាអ្នកមិនមានផ្ទៃពោះក៏ដោយ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះ បរិមាណទឹកដែលត្រូវការ គឺមានការកើនឡើងជាងមិនទាន់មានផ្ទៃពោះ ព្រោះថា H2O(Dihydrogen monoxide) ជាសារធាតុសំខាន់សម្រាប់សុខភាពកោសិកាឈាមរបស់អ្នក និងទារក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវការទឹក ដើម្បីទប់ស្កាត់កង្វះជាតិទឹកដែលអាចបណ្តាលឲ្យមានអត្រាការសម្រាលមិនគ្រប់ខែចំពោះស្ត្រីមួយចំនួនផងដែរ។      ២. ទឹកដូង នេះ គឺជាវិធីមួយទៀត ដើម្បីការពារការខ្វះជាតិទឹក។ ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយ វាក៏មានអត្ថប្រយោជន៍ផងដែរសម្រាប់ការបំពេញបន្ថែមអំបិលធម្មជាតិនៅក្នុងខ្លួន។ ដូច្នេះ នៅពេលអ្នកមានអារម្មណ៍ថាស្រេកទឹកអ្នកគួរទទួលទានទឹកដូងស្រស់បាន។ ៣. ទឹកក្រូចឆ្មាត្រជាក់ នេះជាភេសជ្ជៈពេញនិយមមួយ មិនថាប្រុសឬស្រី មានផ្ទៃពោះឬអត់ ហើយក៏ជាប្រភេទភេសជ្ជៈអាចរក្សាជាតិទឹកឲ្យមានតុល្យភាពបានល្អ ដោយសារតែទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីនស៊ី (vitamin C)។ ៤. ទឹកដោះគោ ទឹកដោះគោមួយកែវក្នុងមួយថ្ងៃអាចជួយឲ្យអ្នកមានសុខភាពល្អ និងកម្លាំងមាំមួន។ នេះជាការពិតមិនគ្រាន់តែក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះទេ តែថែមបានទាំងពេញមួយជីវិតរបស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនអាចដាក់ទឹកដោះគោជាមួយតែ ឬកាហ្វេបាន អ្នកអាចសាកល្បងលាយជាមួយភេសជ្ជៈផ្សេងទៀត ដូចជាទឹកក្រឡុក (ទឹកដោះគោក្រឡុកសុទ្ធ ឬលាយជាមួយផ្លែឈើស្រស់...) ទឹកដោះគោជូរជាដើម។ រាល់ភេសជ្ជៈទាំងនេះ គឺពោរពេញទៅដោយកាល់ស្យូមប្រូតេអ៊ីន និងវីតាមីន B12  ដែលមានសារសំខាន់អំឡុងពេលមានផ្ទៃពោះ និងសម្រាប់ការលូតលាស់នៃទារកដែលមិនទាន់កើត។ ៥. ទឹកផ្លែឈើស្រស់ យើងទាំងអស់គ្នាដឹងថា ផ្លែឈើល្អសម្រាប់សុខភាពរបស់យើង។ តើទឹកផ្លែឈើមានប្រសិទ្ធភាពស្មើគ្នាដែរឬទេ? ជាការប្រសើរណាស់! ផ្លែឈើទាំងមូលពិតជាជម្រើសល្អប្រសើរជាងគេ និងវិសាសវិសាលផងដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីទទួលបានសុខភាពល្អ។ ដូច្នេះ អ្នកអាចចាប់ផ្តើមជាមួយទឹកផ្លែឈើស្រស់ៗជាប្រចាំថ្ងៃ និងជាការច្នៃបន្ថែមជាមួយផ្លែឈើផ្សេងទៀតក្នុងកែវតែមួយដែលអ្នកចូលចិត្ត។ យ៉ាងណាមិញ ត្រូវប្រាកដថា ជាប្រភេទទឹកផ្លែឈើស្រស់ មិនមែនជាផលិតផលកញ្ចប់ និងកំប៉ុងនោះឡើយ។ ៦. ទឹកបន្លែ សម្រាប់ស្ត្រីមិនចូលចិត្តបន្លែ ក៏អាចទទួលបានសារៈប្រយោជន៍ពីបន្លែបានដែរ គឺតាមរយៈទឹកបន្លែតែម្តង។ ស្ត្រីពិតជាត្រូវការបន្លែសម្រាប់តុល្យភាពនៃសុខភាពអំឡុងពេលមានផ្ទៃពោះ ហើយអ្នកក៏មានជម្រើសជាច្រើនផងដែរជាមួយនឹងប្រភេទបន្លែជាច្រើនដែលអ្នកអាចជ្រើសរើសបានតាមចំណូលចិត្ត  ៧. តែទឹកកក តែទឹកកកក៏ជាមធ្យោបាយព្យាបាលដ៏ល្អ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងចៀសវាងអាការៈចាញ់ផងដែរ ហើយវាប្រាកដណាស់ជាជម្រើសប្រសើរបំផុត សម្រាប់រដូវក្តៅ។ ស្របពេលជាមួយគ្នានេះ តែទឹកកកគឺជាភេសជ្ជៈមួយដែលមាននៅក្នុងបញ្ជីជាតិកាហ្វេអ៊ីន ដែលជាសារធាតុដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង។ ដូច្នេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកំណត់នូវបរិមាណដែលអ្នកគួរទទួលទាន ក្នុងអំឡុងពេលមានផ្ទៃពោះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ៣៣ ឆ្នាំ កម្ពស់ ១- ម៉ែត្រ ៥៦ ទម្ងន់ ៦៣  គីឡូក្រាម ជាអ្នកលក់ដូរ។ នាងខ្ញុំមានទម្ងន់៦ខែហើយ ខ្ញុំចាប់អារម្មណ៍ថា ខ្ញុំមានបញ្ហាទល់លាមកញឹកញាប់ដែលជួនកាលអាចរហូតដល់ ៥ថ្ងៃ ទៅមួយអាទិត្យ។ នាងខ្ញុំចង់សួរថាតើនេះបណ្តាលមកពីមូលហេតុអ្វី? ក្នុងករណីនេះ តើខ្ញុំគួរប្រើប្រាស់ថ្នាំឬទេ? តើថ្នាំប្រភេទណាដែលខ្ញុំអាចប្រើប្រាស់បានដើម្បីចៀសវាងផលប៉ះពាល់? ចម្លើយ ៖ ការទល់លាមក គឺជាបញ្ហាទូទៅមួយដែលកើតមានអំឡុងមានផ្ទៃពោះ។ ជាធម្មតា ការព្រួយបារម្ភ ភ័យខ្លាច និងការមានសកម្មភាពរាងកាយតិច ក៏ដូចជារបបអាហារដែលមិនសូវមានជាតិសរសៃអាចបង្កឲ្យមានការទល់លាមកនេះឡើង។    មូលហេតុមួយទៀតនៃការទល់លាមក អំឡុងពេលមានផ្ទៃពោះគឺបណ្តាលមកពីការកើនឡើងនៃអ័រម៉ូនប្រូសេស្តេរ៉ូន ដែលធ្វើឲ្យសាច់ដុំរលោងនៃរាងកាយសម្រាក រួមទាំងសាច់ដុំនៅបំពង់រំលាយអាហារផងដែរ។ នេះមានន័យថាអាហារត្រូវធ្វើដំណើរក្នុងពោះវៀនតូចដោយយឺតៗ។ ខាងក្រោមគឺជាគន្លឹះខ្លះៗដែលអាចជួយការពារការទល់លាមក ឬជួយសម្រួលអាការៈប្រសិនបើអ្នកបានកើតមានបញ្ហាទល់លាមកនេះហើយ៖ 1. ញ៉ាំអាហារមានជាតិសរសៃខ្ពស់ ៖ ផ្លែឈើ បន្លែ អាហារពេលព្រឹកប្រភេទធញ្ញជាតិ នំបុ័ងពីគ្រាប់រុក្ខជាតិ ផ្លែឈើក្រៀមជាដើម (prunes- and bran)។ 2. បំពេញជាតិទឹកឲ្យបានច្រើន ៖ ផឹកទឹក និងសារធាតុរាវផ្សេងៗឲ្យបានច្រើនគឺជាការសំខាន់ ពិសេសនៅពេលដែលអ្នកបង្កើនការបរិភោគជាតិសរសៃ។ ការបន្ថែមជាតិទឹកឲ្យបាន ១០ ទៅ ១២ កែវក្នុងមួយថ្ងៃត្រូវបានណែនាំ។ ការរួមបញ្ចូលរវាងអាហារសម្បូរជាតិសរសៃ ជាមួយនឹងសារធាតុរាវក្នុងបរិមាណច្រើនគួរសម ជាជម្រើសល្អបំផុតក្នុងការជួយអ្នកបញ្ចេញកាកសំណល់ពីក្នុងរាងកាយ។ គួរបញ្ជាក់ថា ការបែកញើស អាកាសធាតុក្តៅសើម និងការហាត់ប្រាណអាចបង្កើនតម្រូវការសារធាតុរាវរបស់អ្នកផងដែរ។ 3. ហាត់ប្រាណជាប្រចាំ ៖ បើអ្នកមិនសូវសកម្មអ្នកងាយប្រឈមនឹងការទល់លាមកជាងធម្មតា។ការដើរ ហែលទឹក និងហាត់ប្រាណកម្រិតមធ្យម អាចជួយភ្ញោចឲ្យពោះវៀនតូចដំណើរការល្អ។ អ្នកគួររៀបកាលវិភាគហាត់ប្រាណឲ្យបាន ៣ដងក្នុងមួយសប្តាហ៍ និង ២០ទៅ ៣០នាទីក្នុងមួយដងទើបជាការល្អ។ 4. កាត់បន្ថយថ្នាំបំប៉នជាតិដែក ៖ ថ្នាំជាតិដែកអាចនាំឲ្យប្រឈមនឹងបញ្ហាទល់លាមកផងដែរ។ ការពិត សារធាតុចិញ្ចឹមល្អៗក្នុងអាហារ ជាទូទៅអាចបង្គ្រប់ជាតិដែកដែលអ្នកត្រូវការអំឡុងពេលមានផ្ទៃពោះរួចហើយ។ ដូចនេះ អ្នកអាចជួបពិគ្រោះនឹងអ្នកផ្តល់សេវាសុខភាពរបស់អ្នកអំពីកម្រិតសារធាតុរ៉ែដែលអ្នកត្រូវការ និងដំបូន្មានអំពីការគ្រប់គ្រងការប្រើប្រាស់ជាតិដែកនៅក្នុងពេលមានផ្ទៃពោះរបស់អ្នក។ ជាទូទៅ ការទល់លាមកនៅអំឡុងពេលមានផ្ទៃពោះ មិនមែនជាបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ឲ្យមានការព្យាបាលដោយឱសថឡើយ ប៉ុន្តែក្នុងករណីខ្លះ អាការៈនេះអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ដូចនេះ ប្រសិនបើអ្នកមានអាការៈទល់លាមកធ្ងន់ធ្ងរ រួមជាមួយការឈឺចាប់ក្នុងពោះ ឬឆ្លាស់គ្នាជាមួយការរាក ឬក៏មានមកជាមួយនូវសារធាតុរំអិល ឬឈាម អ្នកត្រូវទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកឲ្យបានឆាប់រហ័ស។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាទីដំបូងនៃជីវិតរបស់ទារកទើបកើត អាចធ្វើឲ្យអ្នកម្តាយមានភាពអស់កម្លាំងខ្លាំងជាងគេ។ ស្របពេលជាមួយគ្នា វាក៏ជាពេលវេលាក៏រំភើបមួយសម្រាប់ក្រុមគ្រួសារដែរ។ ខាងក្រោមនេះ ជាព៍ត៌មានទូទៅរបស់ទារកទើបកើតសម្រាប់អ្នកម្តាយដែលមានសុខភាពល្អពេញលេញ (ពី២៧សប្តាហ៍ទៅ៤២សប្តាហ៍)។ បន្ថែមពីនេះ អ្នកម្តាយអាចដឹងពីរបៀបការគ្រប់គ្រងលើសុក និងទងសុកផងដែរ។ ១. សភាពទូទៅរបស់ទារកទើបកើត សភាពធម្មតារបស់ទារកទើបកើតភ្លាមៗ មានដូចជាសម្បុរស្បែកពណ៌ខៀវស្រាលៗ (ឬអាចមានពណ៌ចម្រុះ) ស្បែកទារកក៏មានប្រលាក់ដោយទឹកភ្លោះលាយឡំជាមួយឈាម និងមានសារធាតុខ្លាញ់ពណ៌សស្អិត (Vernix) តោងជាប់លើស្បែកទារកផងដែរ។ Vernix ជាសារធាតុម៉្យាងដែលជួយការពារស្បែកទារកពីការបង្ករោគក្រោយសម្រាលរូច។  នៅអំឡុងមួយនាទីដំបូងនៃជីវិត ទារកចាប់ផ្តើមដកដង្ហើមដោយខ្លួនឯងដែលធ្វើឲ្យស្បែកប្រែទៅជាផ្កាឈូក ជាការបង្ហាញថាទារកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ក្នុងការដកដង្ហើម ហើយសរីរាង្គផ្សេងទៀតមានដូចជាដៃ និងជើងមានចលនារស់រវើកជាមួយគ្នាផងដែរ។ ទាំងនេះ ជាសញ្ញាបញ្ជាក់ថា ទារកដែលទើបនឹងកើតនោះមានសុខភាពល្អប្រសើរ។ ២. សភាពម្តាយក្រោយសម្រាលរួចភ្លាមៗ រយៈពេល៥ ទៅ១៥នាទីក្រោយសម្រាលកូនរួច ស្បូនរបស់ស្ត្រីនឹងការមានកន្ត្រាក់ម្តងទៀត ដើម្បីរុញច្រានសុក និងស្រោមទឹកភ្លោះចេញពីស្រទាប់ក្នុងបង្អស់នៃស្បូន។ ការកាត់ទងសុក និងទម្លាក់សុក ត្រូវបានធ្វើឡើងដោយឆ្មបជំនាញ ឬវេជ្ជបណ្ឌិត។ ៣. ស្បែកប៉ះស្បែក សម្រាប់ការសម្រាលកូនដោយធម្មជាតិ (Vaginal Birth) ទារកទើបកើតត្រូវការមានទំនាក់ទំនងជាមួយម្តាយភ្លាមៗតាមរយៈស្បែកប៉ះស្បែកផ្ទាល់ (ការដាក់ទារកលើទ្រូងម្តាយ)។ ទារកនឹងទទួលបានភាពកក់ក្តៅ និងសុវត្ថិភាព បូករួមទាំងអាចបៅទឹកដោះដំបូងពីម្តាយរបស់គេផងដែរ។ សារប្រយោជន៍នៃស្បែកប៉ះស្បែកភ្លាមៗក្រោយសម្រាលរួមមមានដូចជា៖ •កាត់បន្ថយការយំរបស់ទារក ធ្វើឲ្យទារកមានភាពកក់ក្តៅ និងគេងបានគ្រប់គ្រាន់ •ជួយគាំទ្រក្នុងការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយ •ជួយរក្សាសីតុណ្ហភាពក្នុងខ្លួនរបស់ទារកឲ្យមានស្ថិរភាព។ ៤. ការថ្លឹង និងវាស់ប្រវែង បន្ទាប់ពីការប៉ះពាល់ស្បែក នឹងស្បែក ព្រមទាំងការបំបៅដោះកូនលើកដំបូងរួច ឆ្មបជំនាញអាចយកទារកថ្លឹងទម្ងន់ វាស់ប្រវែងខ្លួន និងវាស់ប្រវែងរង្វង់ក្បាលរបស់គេ។ ការថ្លឹង និងវាស់ប្រវែងនេះ អាចបង្ហាញពីសភាពធម្មតា ឬមិនធម្មតាពីកំណើតរបស់ទារកបាន ។ យ៉ាងណាមិញ ទារកទើបកើតអាចងូតសម្អាតខ្លួនបានក្រោយសម្រាលហើយ២៤ ម៉ោង។ ៥. ការចាក់ថ្នាំវីតាមីនកា (Vitamin K) ស្របពេលការវាស់ និងថ្លឹងទម្ងន់ ទារកនឹងទទួលបានការចាក់វីតាមីនកា ព្រោះវីតាមីននេះ អាចជួយការពារទារកពីការហូរឈាមនៅក្នុងខួរក្បាល និងតាមទងសុកក្រោយសម្រាលរួច។ ៦. ការស្តាប់ និងការមើល ទារកអាចស្តាប់លឺសម្លេងរបស់ម្តាយតាំងពីពាក់កណ្តាលចុងក្រោយនៃការមានផ្ទៃពោះ ហើយនឹងទទួលដឺងសម្លេងទាំងនោះនៅពេលអ្នកឧស្សាហ៍និយាយទៅកាន់ពួកគេបន្ទាប់ពីកំណើត។ សម្រាប់សម្លេងអ្នកនៅជិតវិញ ក៏ប្រហែលជាទទួលបានផងដែរ ប្រសិនបើអ្នកទាំងនោះបាននិយាយ និងនៅជិតពួកគេជាប្រចាំ។ ទារកនឹងមានអារម្មណ៍សុវត្ថិភាពនៅពេលពួកគេលឺសម្លេងរបស់ម្តាយ ហើយអាចឆ្លើយតបដោយងាកទៅរកសម្លេងហៅ។ គំហើញរបស់ទារកមានសភាពព្រិលៗនៅពេលកើតរួចភ្លាមៗ ប៉ុន្តែពួកគេនឹងអាចផ្តោតលើផ្ទៃមុខរបស់អ្នកបានចម្ងាយប្រហែល 30 សង់ទីម៉ែត្រ។ វាគឺប្រហែលចម្ងាយពីសុដន់របស់អ្នកទៅមុខរបស់អ្នក។ ទារកនឹងបង្កើតទំនាក់ទំនងរវាងម្តាយនូវអ្វីដែលពួកគេបានឮ និងអ្វីដែលពួកគេបានឃើញ។ ៧. ទឹកនោម និងអាចម៍ព្រៃ ក្នុងរយៈពេល 24 ម៉ោងដំបូងទារកអាចបញ្ចេញទឹកនោម និងអាចម៍ព្រៃ (Meconium--- លាមកដែលទើបកើត) យ៉ាងហោចណាស់បានម្តង។ Meconium គឺមានសភាពខ្មៅនិងស្អិត ហើយនឹងផ្លាស់ប្តូរពណ៌ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ កូនរបស់នាងខ្ញុំអាយុ ៦ខែ ស្រាប់តែឈប់ចង់បៅទឹកដោះគោ ហើយពេលនេះគាត់ចាប់ផ្តើមស្រកសាច់។ តើខ្ញុំគួរប្តូរម៉ាកទឹកដោះគោឬយ៉ាងណា? ចម្លើយ ៖ ចំពោះបញ្ហាខាងលើ សូមកុំព្យាយាមប្តូរម៉ាកទឹកដោះគោ ដោយឡែកអ្នកគួរតែផ្តល់នូវអាហារជាបបរសម្រាប់កូន ពីព្រោះកុមារដែលមានអាយុ ៦ខែ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានអាហារជាបបរ។ ជំហានដំបូង អ្នកអាចផ្តល់បបរដែលកិនជាមួយបន្លែ រួចអាចបន្ថែមជីវជាតិបន្ថែមទៀតដូចជាពពួកសាច់ តែពុំចាំបាច់បន្ថែមគ្រឿងផ្សំដូចជា អំបិល ឬស្ករឬប៊ីចេងនោះទេ។ ការផ្តល់របបអាហារនេះ អាចជាជំនួយក្នុងការផលិតគ្រាប់ឈាមក្រហមដែលជាការចាំបាច់សម្រាប់ការវិវឌ្ឍខួរក្បាល និងផ្នែកផ្សេងៗរបស់កុមារ ហើយសូមបន្តធ្វើបែបនេះរហូតដល់កុមារមានអាយុ ២ឆ្នាំ ហើយបនែ្ថមបំបៅដោះម្តាយពេលយប់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោគៈកំពុងក្លាយជាសកម្មភាពដ៏ពេញនិយមមួយនៅក្នុងចំណោមស្ត្រីមានផ្ទៃពោះភាគច្រើន។  លំហាត់ប្រាណថ្នមៗ និងលំហាត់នៃការដកដង្ហើមជួយបង្កើតវិធីសាស្ត្រ និងដោះស្រាយកាត់បន្ថយភាពតានតឹងមុនពេលសម្រាលកូន។ យោគៈជួយលើកទឹកចិត្តម្តាយក្នុងការភ្ជាប់អារម្មណ៍ ឬទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតបាន។ ទាំងនេះនាំឲ្យសុខភាពផ្លូវចិត្តម្តាយមានភាពស្ងប់សុខ ឬនឹងនរមួយរយៈពេលមានផ្ទៃពោះ និងពេលសម្រាលកូន។     រយៈពេលចាប់តាំងពីមានផ្ទៃពោះរហូតដល់ការសម្រាល គឺមានការផ្លាស់ប្តូរជាច្រើននៃរាងកាយ អ័រម៉ូន ការព្រួយបារម្ភទាក់ទងការមានកូន ក៏ដូចជាការឈឺចាប់ពេលសម្រាលជាដើម។ ទាំងអស់នេះ ជាពេលវេលានៃភាពតានតឹងខ្លាំងសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្រ្តី។ ជាក់ស្តែង ស្ត្រីដែលជាប់ទាក់ទងទៅនឹងភាពតានតឹងកម្រិតខ្ពស់ អាចផលវិបាកដល់ទារកក្នុងផ្ទៃ និងខ្លួនឯងផងដែរ ដែលរួមមានដូចជា៖ •ការរលូតកូន •ការសម្រាលកូនមិនគ្រប់ខែ •ការថយចុះការលូតលាស់នៃខួរក្បាលទារក •ទម្ងន់ទារកខុសពីធម្មតា •ការលើសសម្ពាធឈាម ។ល។      ហេតុអ្វីគួរហាត់យោគៈ អំឡុងពេលមានផ្ទៃពោះ? យោគៈ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការកាត់បន្ថយភាពតានតឹងអំឡុងពេលមានផ្ទៃពោះ តាមរយៈតិចនិកលំហាត់ដកដង្ហើមផ្សេងៗ ការធ្វើសមាធិជាដើម។ តិចនិកនៃការធ្វើយោគៈមិនត្រឹមតែជួយឲ្យមានភាពស្ងប់សុខនៅដំណាក់កាលមុនសម្រាល និងពេលសម្រាលនោះទេ វាក៏ជួយក្នុងការទប់ស្កាត់ភាពតានតឹង បន្ទាប់ពីការសម្រាលកូនរួចផងដែរ។ បន្ថែមពីនេះ ភាពស្ងប់ស្ងាត់ដែលមានការផ្សាភ្ជាប់ជាមួយទារកទើបកើត បានជួយការពារស្ថានភាពស្ត្រេសនានាដែលអាចកើតមានឡើងលើទារក និងជួយឲ្យទារកគេងបានគ្រប់គ្រាន់ជាងទារកដទៃទៀតដែរ។ មិនមែនគ្រប់ស្ថានភាព ឬចលនានៃការហាត់យោគៈទាំងអស់អាចមានសុវត្ថិភាពសម្រាប់សុខភាពស្រ្តី និងទារកនោះទេ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេល១២សប្តាហ៍ដំបូង។ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញថែទាំសុខភាព មុនទទួលយកការហាត់យោគៈអំឡុងពេលមានផ្ទៃពោះ។ នេះដើម្បីប្រាកដថា អ្នកគ្មានលក្ខខណ្ឌសុខភាពណាមួយដែលធ្វើឲ្យមានរាំងស្ទះដល់ការហាត់យោគៈនេះ។ គ្រប់ការមានផ្ទៃពោះសុទ្ធតែមានភាពខុសៗគ្នា ហើយវាក៏មិនមែនជាបញ្ហាថា គួរធ្វើលំហាត់យោគៈរយៈពេលប៉ុណ្ណាដែរ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះចាំបាច់គួរទទួលយកការបញ្ជាក់ពីវេជ្ជបណ្ឌិតនៃការហាត់យោគៈ និងអ្វីដែលគួរអនុវត្តប្រកបដោយសុវត្ថិភាពបានពេញមួយរយៈមុនពេសម្រាលកូន។ គន្លឹះនានាអំឡុងពេលហាត់យោគៈ ៖ •ចៀសវាងការទប់ដង្ហើមយូរ ពីព្រោះវានាំឲ្យមានការប្រែប្រួលសម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងសរសៃឈាម។ •អំឡុងពេលមានផ្ទៃពោះ រាងកាយបានបញ្ចេញអ័រម៉ូនម៉្យាងឈ្មោះ “Relaxin Hormone” ។ “Relaxin Hormone” ធ្វើឲ្យសន្លាក់ និងឆ្អឹងមានភាពបត់បែន ឬរលុងជាមុន ហើយវាជាមូលហេតុងាយនឹងប៉ះទង្គិច និងខូចខាតពេលធ្វើលំហាត់យោគៈ។ ដូច្នេះ អ្នកគួរអនុវត្តត្រឹមដែនកំណត់ដែលរាងកាយអ្នកទទួលយកបាន។ •ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ ឬវិលមុខខុសពីធម្មតា អ្នកត្រូវបញ្ឈប់សកម្មភាពភ្លាមៗ •កាត់បន្ថយចលនា និងកម្រិតនៃការហាត់ប្រាណ ប្រសិនបើវាធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនពិបាកដកដង្ហើម ឬអស់កម្លាំង។ •ត្រូវប្រាកដថាស្ថានភាព ឬចលនាដែលអ្នកធ្វើ មានសុវត្ថិភាពសម្រាប់រាងកាយអ្នក ព្រោះថាសូម្បីតែការប៉ះទង្គិចបន្តិចបន្តួចក៏អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃដែរ។ •មិនគួរក្រោកឈរលឿនពេកនោះឡើយ (ក្រោកពីការដេក និងអង្គុយ) ដើម្បីចៀសវាងពីអាការៈងងឹតមុខដែលបណ្តាលមកពីការថយចុះលំហូរឈាមទៅកាន់ប្រព័ន្ធប្រសាទ។ •គួរផ្លាស់ប្តូរចលនាឲ្យបានជាប្រចាំ ព្រោះការឈរក្នុងរយៈពេលយូរ ដោយមិនផ្លាស់ប្តូរចលនាអ្វី អាចបណ្តាលប៉ះពាល់ដល់ចរន្តសរសៃឈាម។ •ត្រូវស្លៀកសំលៀកបំពាក់រលុងៗ ដើម្បីបង្ការហប់ដោយការឡើងកម្តៅខ្លាំង និងមានភាពងាយស្រួល ពេលធ្វើលំហាត់ប្រាណ។ •ការហាត់គួរធ្វើនៅមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមល្មម មិនក្តៅពេក មិនត្រជាក់ពេក ព្រោះថាសីតុណ្ហភាពក្តៅអាចជះផលអវិជ្ជមានដល់ទារកមិនទាន់កើត។ •ទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារការខ្វះជាតិទឹក ក៏ដូចជាការពារការកើនកម្តៅរាងកាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការចិញ្ចឹមកូនបែបធម្មជាតិដែលបានអាចបំពេញនូវរាល់តម្រូវការចំណីអាហារដែលមានសារធាតុចិញ្ចឹម និងជាតិទឹកគ្រប់គ្រាន់ក្នុងពេលតែមួយដល់ទារក។ វាផ្តល់នូវគ្រប់សារធាតុចិញ្ចឹមសម្រាប់រាងកាយរបស់ទារកអំឡុង៦ខែដំបូងនៃជីវិត។ លើសពីនេះទៀត ទឹកដោះម្តាយសុទ្ធក៏បានជួយបង្កើតទំនាក់ទំនងក្តីស្រលាញ់រវាងម្តាយ  និងទារកមួយផ្នែកធំផងដែរ។ គុណប្រយោជន៍ចំពោះកូន •ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការក្នុងរយៈពេល៦ខែដំបូងនៃជីវិត •បំពេញជាតិទឹកបានពេញលេញ (មិនត្រូវការបន្ថែមជាតិទឹកផ្សេងៗ) •ជួយបង្កើនការអភិវឌ្ឍនៃការលូតលាស់របស់ភ្នែក ប្រព័ន្ធប្រសាទ និងប្រព័ន្ធការពាររាងកាយនានា •ធ្វើឲ្យរាងកាយទារកមានភាពប្រឆាំង និងទប់ទល់ការបង្ករោគ •កាត់បន្ថយការកើនឡើងទម្ងន់ខុសធម្មតានៃទារកនៅវ័យកុមារ •បង្កើតមុខងារការពាររាងកាយទារក នៅអំឡុងពេលប្រពន្ធ័ភាពស៊ាំរាងកាយកំពុងមានលូតលាស់។ ផលវិជ្ជមានចំពោះសុខភាពម្តាយ •កាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ •កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកដោះ និងមហារីកក្រពេញអូវែ •មានភាពងាយស្រួល និងមានតម្លៃថោក •ជាការលួងលោមដ៏មានប្រសិទ្ធភាពដល់កូនរបស់អ្នក •ពន្យាពេលនៃការមកវដ្ដរដូវជាថ្មីរបស់អ្នក។ ការចាប់ផ្តើមបំបៅដោះដំបូង ការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ អាចធ្វើឡើងនៅមួយម៉ោងដំបូងក្រោយការសម្រាលកូនរួច។ Colostrum  ជាទឹកដោះដំបូងដែលចេញពីដោះផ្ទាល់ វាមានពណ៌លឿងស្រាល ខាប់។ វាសម្បូរទៅដោយប្រូតេអ៊ីន និងប្រព័ន្ធភាពស៊ាំរាងកាយគ្រប់គ្រាន់ដែលជីវិតទារកត្រូវការចាំបាច់ក្នុងការចាប់ផ្តើមជីវិត។ ជាការប្រសើរ គួរឲ្យស្បែកម្តាយ និងស្បែកទារកមានការប៉ះផ្ទាល់ភ្លាមៗក្រោយសម្រាល ឬអាចឱបទារកឲ្យផ្អិបជាប់នឹងដើមទ្រូងរបស់អ្នកមួយរយៈ ដើម្បីជាឱកាសឲ្យទារកទើបកើតបានប៉ះផ្ទាល់នឹងក្បាលដោះម្តាយ និងអាចបៅដោះដោយខ្លួនឯង បើទោះជាមិនមានការជួយបន្ថែមក៏ដោយ។ សម្រាប់ស្ត្រីដែលមានកូនដំបូង អ្នកអាចសុំឲ្យធ្មបជំនាញ ឬអ្នកជំនាញបង្ហាញពីការឱបទារក និងការបំបៅកូនឲ្យបានត្រឹមត្រូវផងដែរ។ រយៈពេលនៃការបំបៅ អំឡុងមួយសប្តាហ៍ក្រោយសម្រាលរួច ទារកអាចបៅដោះម្តាយពី៨ ទៅ១២ដងក្នុងរយៈពេល២៤ម៉ោង យ៉ាងណាមិញ ស្ត្រីក៏អាចបំបៅកូនលើសពីនេះ រាល់ពេលដែលទារកឃ្លានផងដែរ។ សញ្ញាខាងក្រោមនេះ អាចឲ្យស្ត្រីជាម្តាយដឹងបានថា ទារកបានបៅគ្រប់គ្រាន់ ឬយ៉ាងណា? •កូនត្រូវបានបំបៅដោះយ៉ាងតិច៨ដងក្នុងមួយថ្ងៃ (រាប់ចូលទាំងពេលយប់ផងដែរ) •ប្រើប្រាស់ខោទឹកនោមយ៉ាងតិច៥ ឬពី៦ ទៅ៨សម្រាប់ការប្រើប្រាស់ក្រណាត់កន្ទោប(មានភាពសើមខ្លាំង) ក្នុងមួយថ្ងៃ •មានការកើនឡើងនៃការលូតលាស់ និងទម្ងន់គួរឲ្យកត់សម្គាល់ •ទារកភ្ញាក់ពីគេងដោយរីករាយ (មិនមានសម្លេងស្រែកយំ)។ ការផលិតទឹកដោះ នៅពេលស្ត្រីបំបៅកូនដោយទឹកដោះផ្ទាល់ ការផ្គត់ផ្គង់គឺចាំបាច់ត្រូវស្មើនឹងតម្រូវការ។  គន្លឹះមួយចំនួនសម្រាប់បង្កើតនិងរក្សាឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះបានគ្រប់គ្រាន់នោះរួមមាន៖ •ឲ្យទារកបៅរហូតទាល់តែវាលែងជញ្ជក់ ឬព្រលែងដោយខ្លួនឯង ប្រសិនមិនទាន់គ្រប់គ្រាន់ ស្ត្រីគួរដាក់ឲ្យបៅដោះម្ខាងទៀតបន្ថែម •បំបៅនៅពេលយប់ ឲ្យបានប្រហាក់ប្រហែលនឹងពេលថ្ងៃ •មិនគួរផ្តល់ចំណីអាហារ ឬសារធាតុរាវផ្សេងទៀតដល់ទារកឡើយ ពីព្រោះវាអាចឲ្យទារកលែងចង់បៅ និងកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះរបស់អ្នកទៀត។ របៀបទូទៅនៃការបំបៅដោះ •អង្គុយដោយទប់លំនឹងដោយខ្នង និងជើង ដោយអាចអង្គុយត្រង់ ឬផ្អែកខ្នងលើអ្វីនឹងមានលំនឹងមាំ •ដាក់ទារកឱប ឬបីឲ្យបានជិតទ្រូងរបស់ម្តាយ •បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះរបស់ម្តាយល្អ •ត្រូវប្រាកដថាអ្នកទ្រក និងស្មារបស់ទារក តែកុំទ្រក្បាលរបស់គេ គួរឲ្យសារ៉េរកកន្លែងដែលមានផាសុកភាពសម្រាប់គេបំផុតដោយខ្លួនឯងពេលដែលបៅដោះរបស់អ្នក •ត្រដុសថ្នមៗលើមាត់របស់ទារកជាមួយនឹងផ្នែកខាងក្រោមនៃដោះរបស់អ្នក ជាទូទៅការធ្វើបែបនេះនឹងធ្វើឲ្យទារកហាមាត់យ៉ាងធំដោយខ្លួនឯង សញ្ញាដែលទារកបៅបានល្អ •ចង្កាទារកស្ថិតនៅកៀកនឹងដោះម្តាយ ហើយមាត់បើកធំ ដោយបបូរមាត់ខាងក្រោមកោងទៅក្រោយ •ច្រមុះរបស់ទារកមិនមានអ្វីបាំងបិទ ឬរាំងស្ទះ ឬគ្រាន់តែប៉ះជាមួយរង្វង់ក្បាលដោះ •ថ្ពាល់របស់ទារកមិនគួរបឺតជាប់នោះទេ ហើយក៏មិនគួរមានសំលេងប្លែកពេលដែលបៅឡើយ •ម្តាយមិនមានការឈឺចាប់នៅក្បាលដោះទេ ប៉ុន្តែម្តាយអាចមានការស្រៀវពេលវាសម្រកនឹងការបៅជញ្ជក់របស់កូន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ៣២ឆ្នាំ ទម្ងន់៥២គីឡូក្រាម កម្ពស់១ម៉ែត្រ៦៣ ជាបុគ្គលិកធនាគារ។ ដោយសារកាលពីកូនទី១ និងទី២មានទម្រង់បញ្ច្រាស ហើយត្រូវបានសម្រាលដោយការវះកាត់។ នាងខ្ញុំមានបំណងនឹងយកកូនមួយទៀត ហេតុនេះហើយ នាងខ្ញុំចង់សួរថាតើកូនទី៣របស់ខ្ញុំនឹងត្រូវការសម្រាលដោយវះកាត់ទៀត ឬយ៉ាងណា? បើដូច្នេះ តើវានឹងមានផលប៉ះពាល់អ្វីដែរឬទេ? ចម្លើយ ៖ ការវះកាត់ជាបន្តបន្ទាប់តែងបណ្តាលឲ្យមានហានិភ័យច្រើនជាងការវះកាត់លើកដំបូង។ ការសិក្សាបានបង្ហាញថា ហានិភ័យនឹងកើនឡើងក្រោយសម្រាលដោយវះកាត់លើកទី៣ ហើយការសម្រាលកូនបែបធម្មជាតិក៏មិនត្រូវបានណែនាំផងដែរ បន្ទាប់ពីស្រ្តីទទួលបានការវះកាត់៣លើករួចមកហើយ។ ស្រ្តីដែលធ្លាប់ធ្វើការវះកាត់ពេលសម្រាលច្រើនដង អាចមានការប្រឈមនឹងហានិភ័យដូចជា៖ 1.    មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ។ 2.    បង្កជារបួសនៅប្លោកនោម និងពោះវៀន។ ប្លោកនោមដែលមានបញ្ហា តែងស្តែងចេញឡើង នៅពេលការវះកាត់ត្រូវបានអនុវត្តជាបន្តគ្នា។ ហានិភ័យនោះ ជាលទ្ធផលដែលបានមកពីការភ្ជាប់គ្នានៃប្លោកនោម និងស្បូនបន្ទាប់ពីធ្វើការវះកាត់រួច។ ការបិតភ្ជាប់គ្នានោះក៏អាចបង្កឲ្យមានបញ្ហាស្ទះពោះវៀនផងដែរ។ 3.    ការហូរឈាមធ្ងន់ធ្ងរ។ 4.    មានបញ្ហាលើសុក អាចជា សុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន (placenta accreta) និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន (placenta previa)។ ជារួម ការវះកាត់ពេលសម្រាល និងសម្រាល តាមបែបធម្មជាតិបង្កជាហានិភ័យ ក៏ដូចជាអត្ថប្រយោជន៍រៀងៗខ្លួន។ ការសម្រេចចិត្ត ដើម្បីជ្រើសរើសវិធីសាស្រ្តសម្រាប់ការសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះ អ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ ដើម្បីកំណត់ឲ្យបានជាក់លាក់ថាអ្នកស័ក្តិសមជាមួយការសម្រាលបែបធម្មជាតិ (VBAC) ឬតាមបែបវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេស ផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅពេលអ្នកក្លាយជាស្រ្តីមានផ្ទៃពោះហើយ ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកអាចមានការផ្លាស់ប្តូររួមមាន ត្រូវបន្ថែមនូវការទទួលទានពពួកវីតាមីនចម្រុះ អាហារបំប៉នជាដើម។ ផ្ទុយទៅវិញ ប្រសិនអ្នកចូលចិត្តទទួលស្រា ឬអាហារជប៉ុន (Sushi) នោះអ្នកត្រូវតាំងចិត្តបញ្ឈប់ពួកវាសម្រាប់កូនក្នុងផ្ទៃរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីទប់ស្កាត់នូវផលវិបាក ក៏ដូចជារោគសញ្ញាអវិជ្ជមានផ្សេងៗនៃការមានផ្ទៃពោះ… ១. កាត់បន្ថយសារជាតិកាហ្វេអ៊ីន ប្រសិនបើការទទួលកាហ្វេ ជាជម្រើសទីមួយដែលអ្នកត្រូវការនៅពេលព្រឹក ដើម្បីជាការលើកទឹកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃមួយផ្នែកធំរបស់អ្នកនោះ អ្នកត្រូវចាប់ផ្តើមកាត់បន្ថយសារជាតិកាហ្វេអ៊ីន ដោយទទួលទានត្រឹមពាក់កណ្តាលនៃបរិមានដែលអ្នកបានទទួលទានរាល់ដងនៅពេលព្រឹកបានហើយ។ សូមបន្តបន្ថយបរិមាណនោះជាបន្តបន្ទាប់ និងចំពោះអ្នកទទួលទានតែក៏ត្រូវធ្វើដូចគ្នាផងដែរ ដោយហេតុថា សារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងៗទៀត បានជះឥទ្ធិពលមិនល្អដល់សុខភាពកូនក្នុងផ្ទៃ។ ២. ទទួលទានខ្ញី  ការក្អួតចង្អោរ និងវិលមុខតែងកើតមានចំពោះស្រ្តីមានផ្ទៃពោះ។ ជំនួសឲ្យការទទួលទានផលិតផលសម្រេចអំពីខ្ញីផ្សេងៗ ដូចជា នំរសជាតិខ្ញី ជាដើម លោកអ្នកអាចទទួលទានទឹកតែខ្ញី ដោយគ្រាន់តែដាក់ចំណិតខ្ញីស្រស់ទៅក្នុងទឹកក្តៅដាំពុះជាការស្រេច ព្រោះវាជាឱសថធម្មជាតិមួយល្អ ដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក ហើយអ្នកក៏អាចទទួលវាដោយជីបម្តងបន្តិចៗពេញមួយថ្ងៃផងដែរ។ ៣. បង្កើតការចងចាំល្អៗ  ជាមួយនឹងសកម្មភាពងាយៗដែលអ្នកអាចធ្វើបានក្នុងការបន្សល់ទុកនូវការចងចាំល្អក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នក ដោយសាកល្បងកត់ត្រានូវចំណុចកំណត់សម្គាល់ផ្សេងៗ ហើយធ្វើការថតរូបរាងគភ៌របស់អ្នក ជាមួយអ្វីដែលអ្នកបានសរសេរពីលើ ឬអាចសរសេរនៅក្រោយរូបថតក៏បាន។ អ្នកនឹងរីករាយក្នុងការសម្លឹងមើលរូបទាំងនោះនៅពេលក្រោយ។ នេះជាការចងចាំដ៏ល្អមួយសម្រាប់ទុកជូនកូនអ្នកក្រោយពេលដែលគេចាប់កំណើត និងប្រៀបបាននឹងការរឹតចំណងភាពស្និទ្ធស្នាលរវាងអ្នក និងកូនផងដែរ។ ៤. នៅកន្លែងដែលមានក្លិនក្រអូបប្រហើរ  ទំនាក់ទំនងក្លិន និងញាណរបស់ស្ត្រីមានផ្ទៃពោះ គឺមានការទទួលដឹងបានល្អ និងឆាប់រហ័ស។ ជាការពិតណាស់ ក្លិនក្រអូបប្រហើរបានធ្វើឲ្យអារម្មណ៍របស់ស្រ្តីមានការធូរស្រាលពីការធុញថប់ និងមានអារម្មណ៍ស្រស់ស្រាយ។ ហេតុនេះហើយ អ្នកគួរជ្រើសរើសក្លិនផ្កានានាដែលចូលចិត្តមកដាក់ក្នុងបន្ទប់ដេក ឬកន្លែងដែលអ្នកធ្វើការ។ ៦. បំបាត់អាការៈហើមជើង  ការហើមជើង ឬនៅសរីរាង្គនានានៅពេលមានផ្ទៃពោះ ជាអ្វីដែលស្ត្រីស្ទើរគ្រប់រូបបានជួបប្រទះ។ ការសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបានជាការប្រសើរបំផុត។ យ៉ាងណាមិញ អ្នកគួរតែទៅពិនិត្យជាមួយឆ្មប ឬគ្រូពេទ្យរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាវាគ្មានអ្វីធ្ងន់ធ្ងរជាងធម្មតា និងមិនមានអ្វីគួរឲ្យបារម្ភ។  ៧. កាត់បន្ថយការរមាស់លើស្បែក  ស្ថានភាពស្បែកក៏មានការផ្លាស់ប្តូរផងដែរចំពោះស្ត្រី មានដូចជាការឡើងក្រហម រមាស់ ឬកន្ទួលអុជៗ។  ការប្រើ Cocoa butter និងប្រេងវីតាមីន E(Vitamin E oil) មកលាបពេញរាងកាយ គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្ការ និង គ្រប់គ្រងបញ្ហារមាស់។ បន្ថែមពីលើនេះ អ្នកក៏គួររក្សាសីតុណ្ហភាពត្រជាក់ដោយការស្អំដុំទឹកកក ឬប្រើប្រាស់កង្ហារផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ រស់នៅខេត្តតាកែវ។ នាងខ្ញុំទើបតែមានកូនដំបូងអាយុទើបតែបាន១ខែកន្លះហើយនាងខ្ញុំត្រូវទៅធ្វើការ។ ដូច្នេះ នាងខ្ញុំមិនអាចបំបៅដោះកូនបានដិតដល់ទេ។ តើនាងខ្ញុំអាចឲ្យកូនរបស់ខ្ញុំបៅទឹកដោះគោបានដែរឬទេ?  ហើយវាអាចមានផលប៉ះពាល់អ្វីខ្លះ ចំពោះកូនរបស់ខ្ញុំ ប្រសិនបើគាត់ទើបតែមានអាយុតិចបែបនេះ? ចម្លើយ ៖ ចំពោះករណីនេះ មិនអនុញ្ញាតឲ្យកុមារបៅទឹកដោះគោទេ បើទោះបីអ្នកត្រូវធ្វើការឆ្ងាយក៏ដោយ។ យកល្អអ្នកគួរព្យាយាមច្របាច់ទឹកដោះទុក ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ (ក្លាសេក្នុងធុងទឹកកក) ព្រោះវាអាចធានាបានគុណភាពរយៈពេល១០ម៉ោងសម្រាប់កូនរបស់អ្នក ហើយអនុវត្តបែបនេះរហូតដល់កុមារមានអាយុ ៦ខែ ទើបអាចផ្តល់អាហារផេ្សងៗដូចជាបបរបន្លែបៃតងដូចជាស្លឹកបាស ត្រួយល្ពៅ។ល។ និងអ្នកអាចធ្វើការបំបៅដោះតែពេលយប់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ និងជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺបណ្តាលមកពីចំណីអាហារ ជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយដែលងាយនឹងបង្កផលប៉ះពាល់ដល់សុខភាពកុមារក្រោមអាយុ 10 ឆ្នាំ ជាពិសេសចំពោះទារកទើបកើត។ ទារកទើបកើត និងកុមារតូចៗងាយរងគ្រោះដោយសារជំងឺនេះ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនមានភាពខ្លាំងគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគដោយបាក់តេរីដែលមាននៅក្នុងអាហារ និងជាមូលហេតុដែលអ្នកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់បន្ថែមទៀតនៅពេលរៀបចំអាហារសម្រាប់ពួកគេ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗក្នុងការការពារ និងរៀបចំចំណីអាហារឲ្យមានសុវត្ថិភាពសម្រាប់ពួកគេ។ ១. អនាម័យចំណីអាហារ ជំហានដំបូង នៃការការពារសុវត្ថិភាពចំណីអាហារសម្រាប់ពួកគេ គឺការលាងសម្អាតដៃរបស់អ្នកឲ្យបានត្រឹមត្រូវមុន និងក្រោយរៀបចំចំណីអាហារ។ ពពួកបាក់តេរីបានរាលដាលលើចំណីអាហាររបស់កុមារ និងទារកក្រោយពេលអ្នកបានប៉ះពាល់វត្ថុមិនស្អាតដូចជា សត្វចិញ្ចឹម (លាមក ទឹកនោម...) សាច់ឆៅជាដើម។ ការលាងសម្អាតដៃជួយកាត់បន្ថយកម្រិតរីករាលដាលនៃពពួកបាក់តេរី និងអាចជួយទប់ស្កាត់ជំងឺផ្សេងៗដែលបណ្តាលមកពីចំណីអាហារមិនស្អាត។ ២. ការប្រើប្រាស់ និងរក្សាទុកចំណីអាហារ ការពារសុខភាពកូនរបស់អ្នកដោយអនុវត្តចំណុចសំខាន់ដទៃទៀតក្នុងការរៀបចំ និងប្រើប្រាស់ចំណីអាហារ៖ •អនុវត្តតាមការណែនាំរបស់ផលិតផលមានដូចជា ការរៀបចំដបមុននឹងដាក់បំពេញម្សៅទឹកដោះគោ ឬទឹកដោះគោ ការផ្ទៀងផ្ទាត់មើលកាលបរិច្ឆេទប្រើប្រាស់ដែលមានបិទនៅផ្នែកណាមួយនៃផលិតផលជាដើម។ •សម្រាប់ផលិតផលថ្មី អ្នកគួរត្រួតពិនិត្យលើគម្របបិទការពាររបស់ផលិតផលនីមួយៗ។ សូមកុំប្រើប្រាស់ផលិតផលនោះ ប្រសិនបើមិនមានការបិទជិតល្អ មានការបាក់បែក ឬច្រោះនៅលើគំរបផលិតផល។ •ប្រើទឹកសាប៊ូជាមួយទឹកក្តៅ ដើម្បីលាងសម្អាតឧបករណ៍ធ្វើម្ហូបអាហារ និងប្រដាប់ប្រដាប្រើប្រាស់ (រួមបញ្ចូលទាំងគម្របដប) ដែលមានទំនាក់ទំនងជាមួយអាហាររបស់ទារក។ លាងជម្រះម្តងទៀតឲ្យបានល្អជាមួយទឹកក្តៅ បន្ទាប់ពីលាងសាប៊ូរួច។ •នៅពេលធ្វើដំណើរ អ្នកគួររក្សាដប និងអាហារផ្សេងទៀតនៅក្នុងកន្លែងត្រជាក់ហើយស្ងួត។ អ្នកមិនត្រូវប្រើប្រាស់ទឹកដោះគោដែលលាយហើយ និងអាហារដែលមិនបានរក្សាទុកក្នុងទូទឹកកក ឬនៅក្រៅមជ្ឈដ្ឋានក្តៅលើសពីពីរម៉ោងនោះឡើយ។  ៣. ការរក្សាទុកទឹកដោះម្តាយ ការរក្សាទុកទឹកដោះម្តាយ គឺសំខាន់ណាស់ក្នុងការថែរក្សាគុណភាពពិសេសរបស់ទឹកដោះម្តាយ។ •ប្រសិនបើទឹកដោះម្តាយត្រូវការប្រើប្រាស់ក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃ អ្នកត្រូវរក្សាទុកវាក្នុងទូទឹកកក។ ទឹកដោះម្តាយនឹងកកបើអ្នកមិនបានប្រើប្រាស់វា ប៉ុន្តែវានៅមានគុណភាពជាអតិបរមាពី ៣ ទៅ៦ខែក្នុងទូទឹកកក។ ជាការចំណាំមួយ អ្នកក៏គួរសរសេរលើដបពីកាលបរិច្ឆេទថ្ងៃដាក់ និងថ្ងៃផុតកំណត់។ •អ្នកគួររក្សាទុកក្នុងផ្នែកខាងក្នុងនៃទូទឹកកក មិនមែននៅទ្វារនៃទូទឹកកកនោះទេ ពីព្រោះថាផ្នែកដែលក្តៅបំផុតនៃទូទឹកកកគឺទ្វារ។ ដូច្នេះ វាអាចធ្វើឲ្យទឹកដោះម្តាយបាត់បង់គុណភាពផងដែរ។  ៤. ការសង្គ្រោះបន្ទាន់ ការបង្ការ ជាកត្តាសំខាន់ដែលរក្សាសុខភាពកូនរបស់អ្នកពីការចម្លងរោគ។ បើទោះជាយ៉ាងណា បញ្ហានេះនៅតែអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ។ រោគសញ្ញាគួរឲ្យកត់សម្គាល់រួមមានដូចជា មានឈាមមកជាមួយការរាគ ក្តៅខ្លួនក្នុងរយៈពេលវែង ថយចុះចំណង់ការបរិភោគ ក្អួត ។ល។ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាខាងលើ អ្នកគួរប្រញាប់នាំពួកគេទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះថាមានតែវេជ្ជបណ្ឌិតទេ ទើបអាចធ្វើរោគវិនិច្ឆ័យរោគសញ្ញាជំងឺបានត្រឹមត្រូវ និងមានការព្យាបាលដែលល្អបំផុតសម្រាប់ពួកគេ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្ត្រីទូទៅនៅតែត្រូវការទទួលទានថ្នាំយ៉ាងហោចណាស់មួយគ្រាប់ បើទោះបីគាត់កំពុងមានទម្ងន់ក៏ដោយ (គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វូលិច)។ ស្ត្រីខ្លះប្រើប្រាស់ថ្នាំសម្រាប់បញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមដែលពួកគាត់បានប្រើថ្នាំទាំងនេះមុនពេលដឹងថាមានផ្ទៃពោះទៀតផង។ ថ្នាំប្រភេទខាងលើ អាចធ្វើឲ្យមានផលអាក្រក់ដល់កូនក្នុងផ្ទៃរបស់គាត់ផងដែរ។  ការមានផ្ទៃពោះអាចជាពេលវេលាដ៏រំភើបមួយសម្រាប់ស្ត្រីទូទៅក្រោយរៀបការ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានេះក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលផងដែរ ប្រសិនបើអ្នកមិនប្រាកដថាថ្នាំដែលអ្នកទទួលទានរាល់ថ្ងៃនឹងប៉ះពាល់ដល់ទារករបស់អ្នកឬយ៉ាងណា។ មិនមែនថ្នាំទាំងអស់សុទ្ធតែមានសុវត្ថិភាពក្នុងការទទួលទាននៅពេលអ្នកមានផ្ទៃពោះនោះទេ សូម្បីតែថ្នាំឈឺក្បាល ឬការឈឺចាប់មួយចំនួន ក៏មិនមានសុវត្ថិភាពដែរក្នុងអំឡុងក្នុងពេលមានផ្ទៃពោះ។ នេះជាគន្លឹះទាំង៣ ដែលអ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីក្នុងការបន្តការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ៖ ១. សាកសួរឲ្យបានលម្អិត  •ប្រសិនបើអ្នកមានគម្រោងក្នុងការមានកូន អ្នកគួរធ្វើការពិគ្រោះយោបល់អំពីថ្នាំដែលអ្នកប្រើប្រាស់ជាប្រចាំជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការី។ នេះជាកិច្ចការមួយដែលអាចឲ្យទារករបស់អ្នកមានសុវត្ថិភាពបាន។ •អ្នកគួរសាកសួរអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់ថ្នាំកំពុងប្រើប្រាស់បន្ថែមទៀត ថាតើវាមានសុវត្ថិភាពកម្រិតណាសម្រាប់កូនក្នុងផ្ទៃ។ •ថ្នាំមួយចំនួនមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយក៏អាស្រ័យលើដំណាក់កាលនីមួយៗនៃគភ៌ផងដែរ។ ជាហេតុនេះ វេជ្ជបណ្ឌិតជំនាញអាចមានយោបល់ផ្សេងៗទៀតក្នុងការប្រើប្រាស់ ឬក៏ត្រូវផ្លាស់ប្តូរ។ •ពេលអ្នកមានផ្ទៃពោះ មុខងាររបស់បេះដូង និងតម្រងនោមចាប់ផ្តើមមានសកម្មភាពច្រើនជាងមុន ដូច្នេះហើយអ្នកអាចនឹងមានការកាត់បន្ថយ ឬក៏បង្កើនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតជំនាញ។ •ប្រសិនអ្នកបំបៅកូនដោយទឹកដោះរបស់អ្នក នោះអ្នកគួរមានការពិគ្រោះជាវេជ្ជបណ្ឌិតឱ្យបានដិតដល់ ព្រោះថារាល់សារធាតុនៅក្នុងថ្នាំបានជ្រាបចូលផ្ទាល់ទៅកូនតាមរយៈទឹកដោះ ហើយហានិភ័យនានាក៏អាចកើតមានយ៉ាងងាយ។ •ប្រភេទថ្នាំវីតាមីនផ្សេងៗវិញ ស្ត្រីគួរតែទទួលយក ប៉ុន្តែក៏ត្រូវមានការណែនាំច្បាស់លាស់ពីវេជ្ជបណ្ឌិតផងដែរ។ ២. សូមអានក្រដាសពត៌មានផ្សេងៗដែលភ្ជាប់ក្នុងប្រអប់ថ្នាំ ក្រដាសពត៌មានរបស់ថ្នាំនីមួយៗ សុទ្ធតែបង្ហាញពីរូបមន្តផ្សំ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ក៏ដូចជាផលប៉ះពាល់នានាលើទារកក្នុងផ្ទៃ និងពត៌មានផ្សេងទៀត។ អ្នកគួរតែអានវាមុនជ្រើសរើសមកប្រើប្រាស់ ស្របពេលជាមួយគ្នាផងដែរ វេជ្ជបណ្ឌិត ឬឱសថការីក៏អាចផ្តល់ជាយោបល់ផ្សេងទៀតក្នុងការសម្រេចចិត្តរបស់អ្នក។  ៣. ធ្វើជាម្តាយសម័យថ្មី ដែលឆ្លាតវៃ ដោយសារសម័យនេះមានការជឿនលឿនលើវិស័យបច្ចេកវិទ្យាទំនើប ស្ត្រីមួយចំនួនអាចធ្វើការស្វែងយល់ពត៌មានលំអិតបន្ថែមដោយខ្លួនឯងតាមរយៈគេហទំព័រផ្សេងៗ (websites)។ ប៉ុន្តែអ្នកមិនគួរគេចវេសពីការសាកសួរវេជ្ជបណ្ឌិត ឬឱសថការីអំពីថ្នាំទាំងនោះទេ ដោយសារតែ៖ •ស្ថានភាពរបស់ទារកក្នុងផ្ទៃ មិនមែនសុទ្ធតែដូចគ្នានោះទេ •ត្រឹមតែពាក្យថា “ធម្មជាតិ” មិនអាចកំណត់ពីសុវត្ថិភាពនៃការប្រើប្រាស់ដែលអ្នកឃើញលើស្លាកផលិតផលនោះទេ។ សរុបមកវិញ ថ្នាំជាអាវុធមុខពីរ ហើយវាជាភារកិច្ចចាំបាច់របស់អ្នកម្តាយ ក៏ដូចជាក្រុមគ្រួសារគួរមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាំប្រភេទនោះមកប្រើប្រាស់។ ថ្នាំដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកម្តាយគ្រប់រូប គឺថ្នាំដែលចេញពីវេជ្ជបញ្ជាត្រឹមត្រូវ និងច្បាស់លាស់ក្នុងការប្រើប្រាស់៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top