-
Jun 19, 2017
|
-
7 ឆ្នាំមុន
|
-
7.4K មើល
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក និងអង្កេតប្រជាសាស្ត្រ ជំងឺកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជាមានការធ្លាក់ចុះជាងពីមុន តែចំនួននៃកុមារមានបញ្ហានេះ នៅតែត្រូវបានគេចាត់ទុកថានៅខ្ពស់នៅឡើយ ដោយជាមធ្យម ក្មេងដែលត្រូវសម្រាកនៅពេទ្យកុមារជាតិដោយសារជំងឺ Marasmus និង Kwashiorkor មានប្រមាណពី៨០ ដល់១០០នាក់ក្នុងមួយឆ្នាំ។ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមាន ការកើនឡើងក៏ដោយ តែមាតាកម្ពុជាយើងនៅខ្វះខាតចំណេះដឹងក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានត្រឹមត្រូវ មាតាខ្លះមិនបានបំបៅដោះកូនដោយទឹកដោះម្តាយ និងពុំបានផ្តល់អាហារបន្ថែមឲ្យបានគ្រប់គ្រាន់ ចាប់ពីកូនមានអាយុ៦ខែឡើងទៅ។
ជំងឺ Marasmus
Marasmus គឺជាជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលបណ្តាលមកពីខ្វះថាមពលសឹងតែគ្រប់មុខ ធ្វើឲ្យទម្ងន់របស់គាត់តិចជាង៦០%នៃទម្ងន់រំពឹងទុកធម្មតា ធៀបទៅនឹងអាយុ៖
• ទម្ងន់/អាយុ < -2 DS ជា Marasmus កម្រិតល្មម
• ទម្ងន់/អាយុ < -3 DS ជា Marasmus ធ្ងន់ធ្ងរ។
Marasmus កើតឡើងពីកង្វះថាមពលធ្ងន់ធ្ងរស្ទើរគ្រប់ប្រភេទប្រភពថាមពល (ប្រូតេអ៊ីន លីពីត ជាតិស្ករ)។ ការខ្វះប្រភពថាមពលទាំងនេះ បណ្តាលមកពី៖
• ការបង្ករោគដោយវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលធ្វើឲ្យកុមារញ៉ាំអាហារបានតិចជាងធម្មតា
• ជំងឺរាករ៉ាំរ៉ៃ ដូចជាជំងឺរាកមួល ឬមានព្រូន ឬដង្កូវនៅក្នុងពោះ ដែលធ្វើឲ្យកុមារញ៉ាំតិច បាត់បង់អាហារទៅឲ្យពពួកព្រូន ឬពោះវៀនស្រូបមិនបានល្អ។
ក្មេងដែលមានជំងឺ Marasmus មានរូបរាងស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង បាត់សាច់ដុំ និងខ្លាញ់ ជាពិសេសសាច់ដុំដើមដៃនិងសាច់ដុំគូថ សាច់ត្រជាក់ខ្លាំង តែអាចក្តៅខ្លួន ប្រសិនបើមានការបង្ករោគដោយពពួកមេរោគ បាត់បង់ជាតិទឹក និងស្លេកស្លាំង។ មានសញ្ញាទាក់ទងនឹងភ្នែក ដែលកើតឡើងដោយសារ តែខ្វះវីតាមីនអា។ ករណីធ្ងន់ធ្ងរ កុមារអាចនឹងឈានដល់ Shock (សម្ពាធឈាមធ្លាក់ចុះ ជីពចរខ្សោយ បេះដូងដើរញាប់) ពោះឡើងប៉ោង ដែលសញ្ញាទាំងនេះ អាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។
ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺ Marasmus មានដូចជា៖
• ដំបូងបំផុតគឺសាកសួរពីប្រវត្តិរបស់អ្នកជំងឺ លើរបៀបនៃការចិញ្ចឹមកូន និងរបៀបហូបចុករបស់គាត់ ដូចជាមិនបានបំបៅដោះកូន ឬបំបៅក្នុងរយៈពេលខ្លី ផ្តល់អាហារមិនមានសាច់ មិនមានជីជាតិគ្រប់គ្រាន់ ដូចជាបបរស ឬឲ្យកូនញ៉ាំតិចតួចពេក។
• ការពិនិត្យមើលការលេចឡើងនូវរោគសញ្ញាស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង ដូចទៅនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។
• ក្រៅពីនេះ គ្រូពេទ្យនឹងធ្វើផលធៀបរវាងទម្ងន់ និងអាយុរបស់ក្មេង។ បើផលធៀបនេះ ទាបជាងឬស្មើនឹង -2DS ជាបញ្ហា Marasmus កម្រិតល្មម តែបើផលធៀបនេះ ទាបជាងឬស្មើ -3DS នោះជា Marasmus ធ្ងន់ធ្ងរ។
ជំងឺ Kwashiorkor
Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់
ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។
Kwashiorkor ជាភាសារបស់ Ghana មានន័យថា ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmus
ត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។
ការធ្វើរោគវិនិច្ឆ័យជំងឺ Kwashiorkor នឹងធ្វើឡើងដូចជា៖
• ដំបូងបំផុត គ្រូពេទ្យនឹងសួររកប្រវត្តិចិញ្ចឹមក្មេង៖ អ្នកជំងឺមានការលូតលាស់ធម្មតាដូចក្មេងដទៃ តែតាំងពីម្តាយមានផ្ទៃពោះកូនបន្ទាប់ គាត់បាត់ ការយកចិត្តទុកដាក់ពីម្តាយ ទាំងការឲ្យអាហារមិនគ្រប់គ្រាន់ ត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។
• បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យរោគសញ្ញាគ្លីនិកលើខ្លួនកុមារដូចជា ស្គមស្គាំង ហើមដៃជើង និងពោះប៉ោង ព្រមទាំងពិនិត្យលើផលធៀបទម្ងន់ និងអាយុ របស់កុមារនោះ។ បើផលធៀបនេះទាបជាងឬស្មើនឹង -2DS ជា Kwashiorkor កម្រិតល្មម តែបើផលធៀបនេះ ទាបជាង ឬស្មើ -3DS នោះជា Kwashiorkor ធ្ងន់ធ្ងរ។
ការព្យាបាល Marasmus និង Kwashiorkor
បើទោះជំងឺទាំងពីរនេះ កើតឡើងដោយសារមូលហេតុផ្សេងគ្នាក៏ដោយ ការព្យាបាលជំងឺទាំងពីរនេះគឺធ្វើឡើងក្នុងលក្ខណៈដូចគ្នា ប៉ុន្តែទៅតាមទម្រង់នៃជំងឺ៖
• ករណីទម្រង់ស្រាល៖ ណែនាំម្តាយពីការចិញ្ចឹមទារក ដោយឲ្យបំបៅកូននឹងទឹកដោះឲ្យបានច្រើន។ ករណីកូនមានអាយុច្រើនជាង៦ខែ ត្រូវបន្ថែម អាហារបំប៉នចម្រុះ ដូចជាបន្លែ ផ្លែឈើ និងសាច់ឲ្យបានគ្រប់គ្រាន់។
• ករណីទម្រង់ធ្ងន់ធ្ងរ៖ ត្រូវឲ្យកុមារសម្រាកពេទ្យ និងធ្វើការព្យាបាលកង្វះអាហារូបត្ថម្ភដោយផ្តល់អាហារពិសេស (F75, F100) និងការព្យាបាលផលវិបាក ដូចជា ការបង្ករោគ បាត់បង់ជាតិទឹក ឬខ្វះវីតាមីនអាជាដើម។
បើទោះបីជា Marasmus និង Kwashiorkor ស្ថិតក្នុងទម្រង់កង្វះអាហារូបត្ថម្ភដូចគ្នាក៏ដោយ តែKwashiorkor មានលក្ខណៈ ធ្ងន់ធ្ងរជាង។ ការផ្តល់អាហារឲ្យកុមារ ត្រូវធ្វើឡើងបន្តិចម្តងៗ ព្រោះកុមារមិនអាចទទួលយកអាហារច្រើនភ្លាមៗបានទេ។
ក្រៅពីនេះ គ្រូពេទ្យនឹងអនុវត្តគោលការណ៍ទាំង១០ របស់អង្គការសុខភាពពិភពលោក គឺព្យាបាលលើ៖
១. ការខ្វះជាតិស្ករ
២. កម្តៅត្រជាក់ខ្លាំង
៣. ការបាត់បង់ជាតិទឹក
៤. ការខ្វះអេឡិចត្រូលីត
៥. ការបង្ករោគ
៦. ការខ្វះអាហារូបត្ថម្ភ
៧. ការប្រុងប្រយ័ត្នលើការផ្តល់អាហារ
៨. ការតាមដាន
៩. ការជម្រុញការលូតលាស់ផ្នែកផ្លូវចិត្ត
១០. ការតាមដានការវិវឌ្ឍរបស់កុមារ។
វិធីបង្ការ Marasmus និង Kwashiorkor មាតាគ្រប់រូបគួរបំបៅកូន ដោយទឹកដោះតែមួយមុខគត់ ហើយនៅពេលដែលកូនបានអាយុ៦ខែ មាតាត្រូវបន្ថែមអាហារចម្រុះ ដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ បើទោះជាមាតាត្រូវទៅធ្វើការនៅក្រៅផ្ទះ គួរច្របាច់ទឹកដោះទុកឲ្យកូនបៅ ព្រោះទឹកដោះម្តាយ ជាអាហារដែលល្អបំផុត សម្រាប់កូន ឯការបំបៅទឹកដោះគោ គឺធ្វើឡើងប្រសិនបើ មាតាមានបញ្ហាសុខភាព ឬលក្ខខណ្ឌណាមួយ មិនអាចបំបៅដោះកូនបាន ហើយការបំបៅទឹកដោះគោ មាតាត្រូវចេះពីរបៀបឆុង ជ្រើសរើសទឹកដាំពុះ និងអនាម័យដបទឹកដោះគោផងដែរ។ ក្រៅពីនេះ មាតាគ្រប់រូបត្រូវនាំកូនទៅទទួលយកវ៉ាក់សាំងការពារជំងឺ ឲ្យបានគ្រប់មុខ ដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗដែលអាចបង្ការបាន។
អត្ថបទដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក