- Aug 22, 2017 |
- 7 ឆ្នាំមុន |
- 5.5K មើល
ជំងឺមុខក្រហមមិនអាចព្យាបាលដោយគ្រាន់តែប្រើថ្នាំនៅឱសថស្ថាននោះទេ...
សម្រាប់ផ្ទៃមុខមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាពិសេសសម្រាប់សុភាពនារីទាំងឡាយ។បើកាលណាផ្ទៃ មុខអ្នកទាំងអស់គ្នាជួបនៅបញ្ហាឡើងកន្ទួល ក្រហម ឬមុននោះវានឹងធ្វើឲ្យបាត់បង់នូវភាពទាក់ទាញ។ តើអ្វីទៅជាជំងឺមុខក្រហម? ជំងឺមុខក្រហម គឹជាជំងឺមួយប្រភេទដែលភាគច្រើនកើតមានឡើងនៅលើផ្ទៃមុខបុរសស្ត្រីទូទៅដែលមានស្បែកស្ថិតនៅក្នុងប្រភេទទី១ ទី២ ហើយមានអាយុកចន្លោះពី៣០ដល់៥០ឆ្នាំ។ ជំងឺនេះមានទម្រង់ប្រហាក់ប្រែលនឹងមុនដែរ តែវាជាការរលោកដោយរុំារ៉ៃទៅលើក្រពេញខ្លា្ញញ់និងគល់រោមលើស្បែកមុខ។ការរលាកនេះអាចនាំឲ្យឈាមដល់ការរីកធំនៃសរសៃឈាមតូចៗនៅលើផ្ទៃមុខដែរ។ មូលហេតុបង្កជំងឺជាការពិតមូលហេតុទាក់ទងនឹងជំងឺមុខក្រហមនេះ គឺគេមិនដឹងច្បាស់លាស់នោះទេ ។ ប៉ុន្តែគេអាចសន្និដ្ឋានបានថា វាអាចបណ្ដាលមកពីបញ្ហាសេនេទិច បញ្ហាបរិស្ថាន(កម្ដៅថ្ងៃក្ដៅខ្លាំងឬ ត្រជាក់ខ្លាំង) បញ្ហាស្ត្រេស បញ្ហារោគក្រពះ (រលោកក្រពះដោយមេរោគ Helicobacter pylori) ការញុំអាហារហិលពេក សេពគ្រឿងស្រវឹង ខ្វះវីតាមីនមួយចំនួនដូចជា Vitamins Bcomplex ,Zinc។ល។ ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានជាតិផ្សំខ្លាំងពេក ទាក់ទងទៅនិងប្រព័ន្ធការពារខ្លួនយើងជាមួយមេរោគមួយចំនួនដូចជា Demodex Follicularis ប្រភេទជំងឺមុខក្រហមនិង រោគសញ្ញា ករណីមុខក្រហមនេះយើងអាចចែកជា៣ប្រភេទគឺ៖ ·ប្រភេទទី១ជាប្រភេទស្រាល ៖អ្នកជំងឹក្រាន់តែមានបញ្ហាក្រហមលើស្បែកមុខនិងមានឡើងសរសៃក្រហមឆ្មារៗនៅលើផ្ទៃមុខ ។ ·ប្រភេទទី២(រួមផ្សំនិងប្រភេទទីមួយខាងលើ) ៖ គឺមានសរសៃក្រហមឆ្មារៗហើយករណីខ្លះអាចមានឡើងកន្ទួលក្រហមដុំៗ និងមានខ្ទុះនៅលើផ្ទៃមុខផងដែរ ។ ·ប្រភេទទី៣ ជាប្រភេទធ្ងន់ធ្ងរ ៖ អ្នកជំងឺមានរោគសញ្ញាប្រភេទទី១និងទី២ ហើយសរសៃក្រហមឆ្មារៗទាំងនោះ ស្បែកមុខរិតតែក្រហមខ្លាំងមែនទែន (Telangiectasia) និងមានអ្នកជំងឺខ្លះអាចឡើងកន្ទួលក្រហមធំៗ រហូតដល់ក្លាយទៅជាក្រម៉រ(ដោយសារញេច) មានហូរទឹករងៃ មានអារម្ភក្ដៅនៅលើមុខហើយធ្វើឲ្យឡើងក្រហមទាំងភ្នែកទៀតផង។ ចំនុចមួយទៀតនោះ គឺវាអាចឈានដល់ប្រភេទមួយពាក់ពន្ធ័ទៅនឹងច្រមុះដែលធ្វើអោយច្រមុះអ្នកជំងឺរើសឡើងធំ (Rhinophyma) ប៉ះពាល់ដល់សម្ភស្សផ្ទៃមុខ ។ ការព្យាបាល៖ ការព្យាបាលជំងឹមុខក្រហមគឺពិបាក នឹងឲ្យជាសះស្បើយណាស់។ ជាមួយនេះ គោលបំណងនៃការព្យាបាល គឺវេជ្ជបណ្ឌិតជំនាញធ្វើយ៉ាងណាដើម្បីទប់ស្កាត់និយាយជារួម អ្នកជំងឺ អាចប្រើជាប្រភេទជាអង់ទីប៊ីយ៉ូទិច (លាបឬលេ) មួយចំនួនដូចជាDoxycycline, Erythromycine ជាដើម ។ ទន្ទឹមនឹងនេះក្នុងករណីសភាពអ្នកជំងឺធ្ងន់ធ្ងរខ្លាំង វេជ្ជបណ្ឌិតជំនាញអាចព្យាបាលបានដោយការវះកាត់ឬប្រើឡេស័រ។ ដទៃពីនេះក៏នៅមានបញ្ហាមួយចំនួនដែលវេជ្ជបណ្ឌិតជំនាញត្រូវពិចារណាផ្ដល់ជូនដល់អ្នកជំងឺអោយបានគ្រប់គ្រាន់ដែរនូវជាតិវីតាមីនមួយចំនួន និងអាហារគួរចៀសវាង ។ លើសពីនេះទៀតអ្នកជំងឺអាចស្អំមុខ ដោយប្រើទឹកត្រជាក់ (ទឹកកក) ឬធ្វើយ៉ាងណាឲ្យគាត់បន្ធូរនៅភាពតានតឹងដោយការហាត់ប្រាណធ្វើសមាធិជាដើម ។ និយាយជារួមការព្យាបាលមួយចំនួន គឺត្រូវធ្វើឡើងតាមប្រភពដែលបង្កឲ្យមានជំងឺនេះឡើង។ វិធីបង្ការជំងឺមុខក្រហម៖ ចំពោះវិធីការពារជំងឺមុខក្រហមនេះ ទី១គឺយើងត្រូវជ្រើសរើសប្រើនូវផលិតផលណាដែលមានកម្រិតជាតិថ្នាំស្រាល។ មកលាងសម្អាតនៅលើផ្ទៃមុខ។ចៀសវាងប្រើផលិតផលណាដែលធ្វើឲ្យរលាកស្បែកមុខ។ចៀសវាងការទទួលទាន គ្រឿងស្រវឹង និងអាហារដែលមានជាតិហិរ។ យើងគប្បីទទួលទានចំណីអាហារដែលមានពពួកស្ពែក្ដោប ខាត់ណា បន្លែបែតងឬទំពាំងបាយជូរឲ្យបានច្រើនព្រោះវាជាប្រភេទអាហាររូបត្ថម្ភជួយការពារកុំឲ្យកើតជំងឺក្រហមមុខនេះឡើង ។ បន្ថែមលើនេះ គួរចៀសវាងនៅកត្តាទាំងឡាយ ណាដែលជាមូលហេតុ បង្កដូចបានជម្រាបជូនខាងលើ ។ ម្យ៉ាងវិញទៀត គឺយើងអាចថែរក្សាស្បែកមុខដោយការពាក់មួក ឬប្រើកន្សែងក្រមា ដើម្បីការពារកម្ដៅថ្ងៃ ហើយយក ល្អយើងក៏គួរប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃផងដែរ ។ អនុសាសន៏វេជ្ជបណ្ឌិតជំនាញ គួរបញ្ជាក់ឡើងវិញផងដែរថាជំងឺមុខក្រហមមិនមែនជាជំងឺមុនទេ។អ្នកជំងឺមិនអាចព្យាបាលជំងឺនេះដោយក្រាន់តែទៅទិញថ្នាំនៅតាមឱសថស្ថានខ្លួនឯងនោះទេ។បញ្ហាដែលសំខាន់នោះគឺសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមក ជួយវេជ្ជបណ្ឌិតជំនាញ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។ មានតែវេជ្ជបណ្ឌិតជំនាញទេ ដែលមានជួយដោះស្រាយបញ្ហានេះបាន។ ជាមួយគ្នានេះក៏សូមអំពាវនាវផងដែលជាផលដែរថាសូមបងប្អូនកុំទទួល ទានគ្រឿងស្រវឺងដែលជាមូលហេតុមួយជំរុញឲ្យកើតជំងឺមុខក្រហមនិងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងសង្គមយើងនាពេលបច្ចុប្បន្នផងដែរ។ បកស្រាយដោយលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អនុប្រធានការិយាល័យបច្ចេកទេស និងជាវេជ្ជបណ្ឌិតជំងឺសើរស្បែកនិងកាមរោគនៃមន្ទីរពេទ្យព្រះកុសមៈ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក