Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការក្លាយជាម្តាយជារឿងក៏ប្រសើរសម្រាប់មនុស្សគ្រប់រូប។ កត្តាដែលនៅតែមានតាំងពីបុរាណដល់សម័យទំនើបគឺ ការមានផ្ទៃពោះ និងការបង្កើតកូន។ ប្តីប្រពន្ធជាច្រើនគូនៅពេលដែលសម្រចចិត្តថាត្រូវមានកូនសុទ្ធតែយល់ថា វាជាធម្មជាតិនៃមនុស្ស និងពួកគេអាចមានកូនគ្រប់ពេលវេលា។ នេះប្រហែលជាត្រឹមត្រូវចំពោះមនុស្សភាគច្រើន តែវាអាចជារឿងអកុសលចំពោះប្តីប្រពន្ធរាប់លានគូ។ ប្តីប្រពន្ធមួយគូក្នុងចំណោមប្តីប្រពន្ធ ៧គូ មានបញ្ហាមិនអាចមានផ្ទៃពោះ ទោះបីជាពួកគាត់ព្យាយាមយកកូនក្នុងរយៈពេលមួយឆ្នាំក៏ដោយ។ ដូចនេះ ការពិបាកក្នុងការមានផ្ទៃពោះពិតជាមានមែនសម្រាប់ប្តីប្រពន្ធជាច្រើនគូ។ មួយវិញទៀត ការអសមត្ថភាពមានផ្ទៃពោះបន្ទាប់ពីប្តីប្រពន្ធមួយគូក្នុងរយៈពេលលើសពីមួយឆ្នាំ ឬ៦ខែសម្រាប់ស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំ នោះប្តីប្រពន្ធនេះត្រូវចាត់ទុកថាមានបញ្ហាអា។ ការបរាជ័យក្នុងការមានផ្ទៃពោះអាចជាឥទ្ធិពលទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្រ្តី តាមគ្រូពេទ្យបានបញ្ជាក់ថា ពួកគាត់បានរកឃើញថាអាចមានបញ្ហាសុខភាពតិចតួច ដែលអាចបណ្តាលឲ្យមានការឈឺចាប់ និងតប់ប្រមល់ដោយសារការចង់បានកូនតែមិនបាន។ វាជារឿងសំខាន់ផងដែរ ដែលថាអាមិនមែនជាបញ្ហារបស់មនុស្សស្រីទេ។ ការសិក្សាផ្សេងៗ បានបង្ហា្ថញថាភាពអា អាចបណ្តាលមកពីកត្តាមនុស្សស្រីមាន៤៥% ក្នុងករណីទាំងអស់ កត្តាមនុស្សប្រុសមាន ៣០% ឯ ២៥%ទៀត បណ្តាលមកពីរួមគ្នានៃកត្តាមនុស្សស្រី និងមនុស្សប្រុស។ ៤០%នៃករណីដែលកើតឡើងមិនអាចរកឃើញមូលហេតុពិតប្រាកដទេ ទោះជាមានការធ្វើតេស្តគ្រប់ប្រភេទ និងមានការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យក៏ដោយ។ នេះជាភាពអាដែលមិនអាចពន្យល់បាន។ មូលហេតុខាងក្រោមនេះជាការចូលរួមបកស្រាយដោយវេជ្ជបណ្ឌិត Anna Roslyakova។​  មូលហេតុចម្បងនៃការអសមត្ថភាពផ្លូវភេទ គឺ៖ មូលហេតុបណ្តាលមកពីមនុស្សស្រី មានជំងឺដុំពកច្រើនក្នុងអូវែ៖ ចំពោះដុំពកច្រើនក្នុងប្រព័ន្ធអ័រម៉ូនក្នុងខ្លួនមនុស្សស្រីមិនមានតុល្យភាព ដែលធ្វើឲ្យការផលិតពងអូវែដែលចាំបាច់សម្រាប់ការបង្កកំណើតនោះខូច។ ជំងឺដុំពកច្រើនក្នុងអូវែបណ្តាលឲ្យអូវែផលិតអ័រម៉ូនភេទប្រុសច្រើនគឺ តេសតូស្តេរ៉ូន។ តេសតូស្តេរ៉ូនច្រើនអាចធ្វើឲ្យមានដុះរោមខុសធម្មតាដូចជាពុកមាត់ សុដន់រួមតូច មានមុន ​និងសក់ស្តើងជាងមុន។ ការធាត់ខ្លាំង ក៏ជាសញ្ញានៃជំងឺដុំពកច្រើនក្នុងអូវែ។ នេះជាមូលហេតុដែលដំបូន្មានដំបូង​ និងសំខាន់ជាងគេសម្រាប់មនុស្សស្រីដែលមានជំងឺនេះ ហើយចង់បានកូនហើយគឺត្រូវបញ្ចុះទម្ងន់ និងផ្លាស់ប្តូររស់នៅ។ ជំងឺដែលត្របកក្នុងស្បូននៅខុសកន្លែង (Endometriosis)៖​ វាជាលក្ខណៈមួយដែលបណ្តាលឲ្យមានការស្ទះបំពង់ដៃស្បូន និងបញ្ហានៃការបញ្ចេញអូវុល។ រោគសញ្ញាដែលអាចកើតឡើងមានដូចជា មានការឈឺចាប់ពេលមានរដូវ ឈឺចាប់ខ្លាំងពេលរួមរ័ក្ស ឈឺនៅត្រគាករ៉ាំរ៉ៃ ឈឺពេលពោះវៀនមានចលនាពេលបន្ទោរបង់។ ពេលខ្លះរោគសញ្ញាតែមួយគត់ដែលជួបប្រទះគឺការពិបាកមានផ្ទៃពោះ។ បំពង់ដៃស្បូនត្រូវបានបំផ្លាញ​ ឬស្ទះ៖ ជំងឺឆ្លងតាមការរួមភេទ គឺជាជំងឺដែលត្រូវចៀសវាង និងត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺដែលឆ្លងតាមមេរោគហ្គោណូរេ និងក្លាមីដ្យា អាចការបង្កើនការធ្វើឲ្យស្ទះបំពង់ដៃស្បូន ដែលបណ្តាលឲ្យមានបញ្ហាអា។ ជំងឺឆ្លងផ្សេងទៀតដូចជារបេង និងការមានកូនក្រៅស្បូន ក៏អាចស្ទះ ឬបាត់បង់ដៃស្បូនម្ខាង។ មូលហេតុបណ្តាលមកពីមនុស្សប្រុស ៖ ចំនួនស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) ទាប ទម្រង់ខុសធម្មតា និងគ្មានចលនា ជាមូលហេតុចម្បងនៃភាពអារបស់មនុស្សប្រុស។ លក្ខខណ្ឌផ្សេងទៀតដូចជា ជំងឺរីកសរសៃវ៉ែននៅត្រង់ស្រោមពងស្វាស បានរកឃើញចំពោះ ៤០នៃបុរសដែលអា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ស្ត្រីដែលស្ថិតនៅក្នុងវ័យត្រៀម ឬអស់រដូវ​តែងតែជួបបញ្ហាជាច្រើនដែលទាក់ទងនឹងផ្លូវចិត្ត និងផ្លូវកាយ។ បញ្ហាទាំងអស់នេះ តម្រូវឲ្យស្ត្រី ខាងលើគួរគប្បីយកចិត្តទុកដាក់ និងតាមដានរាល់អាការៈរោគផ្សេងៗជាមួយគ្រូពេទ្យផងដែរ។ បញ្ហាឆ្អឹងស្ពោតបានដើរតួយ៉ាងសំខាន់ក្នុងបញ្ហាចម្បងៗ នៃសុខភាពស្ត្រីត្រៀម ឬអស់រដូវ។ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា ជាវេជ្ជបណ្ឌិតឯកទេសខាងឆ្អឹងមកពីប្រទេសបារាំង និងជាវេជ្ជបណ្ឌិតបម្រើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹង បានបង្ហាញពីវិធីសាស្ត្របង្ការបញ្ហាឆ្អឹងស្ពោត​ដូចខាងក្រោម ៖   • ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូម (ត្រីសាម៉ុង ផលិតផលពីទឹកដោះគោ បន្លែបៃតង) • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេ (ត្រីធូណា​ ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ...) • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និង ងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង  (calcium carbonate និង calcium citrate) ករណីអ្នកជំងឺមិនអាចបរិភោគអាហារ គ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។    ស្វែងយល់បន្ថែម បញ្ហាឆ្អឹងស្ពោតរបស់ស្រ្តី    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អាការៈឈឺចាប់ពេលមានរដូវគឺមិនមានវិធីព្យាបាលឲ្យធូរស្បើយទាំងស្រុងបាននោះទេ។ ប៉ុន្តែអ្នកជំនាញបានចែករំលែកនូវវិធីសាស្រ្តសាមញ្ញៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវឲ្យស្ថិតនៅក្នុងកម្រិតតិចពោលគឺតាមរយៈរបបអាហារដែលអ្នកទទួលទាន។ ធ្វើការស្វែងយល់ពីអាហារ ៥ប្រភេទ ដែលអ្នកគួរតែទទួលទានអំឡុងពេលមករដូវ ។ ១ បន្លែស្លឹកបៃតង៖  យោងតាមប្រសាសន៏លោកវេជ្ជបណ្ឌិត ChristineO’Connor បម្រើការងារនៅមជ្ឈមណ្ឌលសិក្សាអំពីរោគស្រ្តីបាន ឲ្យដឹងថាបន្លែស្លឹកបៃតង ផ្ដល់ គុណប្រយោជន៏ជាច្រើនដល់រាងកាយរបស់អ្នក ក្នុងអំឡុងពេលមករដូវ។ បន្លែទាំងនេះមិនត្រឹមតែសម្បូរដោយ ជាតិដែកនឹងជីវជាតិ B ប៉ុណ្ណោះទេ ប៉ុន្តែបរិមាណជាតិសរសៃ Fiber ខ្ពស់របស់វាក៏អាចជួយដោះស្រាយបញ្ហារំលាយអាហាររបស់អ្នក ដែលបណ្ដាលមកពីការមករដូវដែរ។  ២ គ្រាប់ផ្លែឈើ៖  ជំនួយឲ្យការទទួលទានអាហារសម្រន់ផ្សេងៗ ចូរទទួលទានគ្រាប់ផ្លែឈើ។ លោកវេជ្ជបណ្ឌិត O’Connor មានប្រសាសន៏ថា អាហារសម្បូរដោយជាតិធាត់ ល្អៗ ឬសម្បូរដោយអាស៊ីតធាត់ Omega3 ដូចជា គ្រាប់ផ្លែឈើជាដើម អាចជំនួយដល់ការកាត់បន្ថយការឈឺចាប់ពេលមករដូវ និងបំពេញកាឡូរីល្អ បានប្រសើរជាង ប្រភេទអាហារផ្ទុកសារធាតុចិញ្ចឹមទាប។ ៣ ផ្លែឈើស្រស់៖ អាហារមួយប្រភេទទៀតដើម្បីជំនួយដល់ការដោះស្រាយបញ្ហារំលាយអាហារពេលមករដូវគឺ  ផ្លែឈើ។ អ្នកគួររក្សាទុកនៅផ្លែឈើស្រស់ ដែលអ្នកចូលចិត្ត ទទួលទាន មុនពេលចាប់ផ្ដើមធ្លាក់ឈាមរដូវ ដើម្បីធានាឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។ ៤ធញ្ញជាតិ៖  គុណប្រយោជន៏នេះគឺមានលក្ខណស្រដៀងនឹងផ្លែឈើដែរ។ ជាតិសរសៃ Fiber មាននៅក្នុងធញ្ញជាតិ ជួយរក្សាលំនឹងសុខភាពរាយកាយរបស់អ្នក ជាពិសេស នៅអំឡុងពេលមករដូវ។ ធញ្ញជាតិនេះ ក៏មានផ្ទុកនូវជាតិកាបូនអ៊ីដ្រាត ចំរុះ ដែលផ្ដល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុរ៉ែនិងជីវជាតិសំខាន់ៗ ជាច្រើនប្រភេទផងដែរ។ ៥ ប្រភេទសាច់សត្វពណ៌ក្រហម៖  វាជាប្រការសំខាន់ ក្នុងការបង្កើតការទទួលទានជាតិដែកក្នុងអំឡុងពេលមករដូវ ដើម្បីបង្កើតឡើងវិញនូវអ្វីៗដែលបាត់បង់ពីរាងកាយក្នុងមួយខែៗ។ លោកវេជ្ជបណ្ឌិត Sharon R Thomson អ្នកឯកទេសប្រសូត្រសាស្ត្រ និងរោគស្ត្រី នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Central Phoenix បានមាន ប្រសាសន៏ថា របបអាហារសម្បូរជាតិដែកខ្ពស់ជួយឲ្យស្ត្រីចៀសផុតពីជំងឺខ្វះឈាម និងអាការៈផ្សេងៗ ដែលកើតឡើងស្របពេលមានរដូវ។ ស្ត្រីទទួលទានប្រភេទសាច់ពណ៌ ក្រហម នឹងអាចទទួលបានជាតិដែកពីអាហារ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកជាមនុស្សតម មិនទទួលទានសាច់សត្វនោះ លោកវេជ្ជបណ្ឌិតThomson ណែនាំឲ្យទទួលទានឪសថជាតិដែកបង្គ្រប់បន្ថែមដើម្បីរក្សាជាតិដែក ឲ្យគ្រប់គ្រាន់ នៅក្នុងរាងកាយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

  ១.លក្ខណៈទូទៅ នៅលំដាប់ពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់ថ្នាក់ទី៣នៃជំងឺមហារីកស្ត្រី បន្ទាប់ពីជំងឺមហារីកដោះ និងពោះវៀន។ នៅប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាយើងនេះ វាជាមូលហេតុទី១នៃការស្លាប់របស់ស្រ្តីដោយសារជំងឺមហារីក។ មហារីកមាត់ស្បូន គឺជា ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖ - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ -ការជក់បារី -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។ ២.រោគសញ្ញា ជាទូទៅ ភាគច្រើននៃអ្នកកើតជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងពុំមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែមានមូលហេតុមួយចំនួន តូចអាចឲ្យយើងដឹងបានដោយសាររោគសញ្ញាតិចតួចបំផុតដូចជា ការធ្លាក់ស ឬការធ្លាក់ឈាមមិនប្រក្រតីជាដើម។ ករណីមានជំងឺមហារីកមាត់ស្បូន នៅដំណាក់កាលធ្ងន់ធ្ងរ ស្រ្តីអាចយល់ដឹងដោយសារមានការឈឺចាប់ ឬការធ្លាក់ឈាមមិនធម្មតានៅពេលរួមដំណេក និងអាចមានរោគសញ្ញារួមផ្សំ ផ្សេងៗទៀតផងដែរ។ នៅពេលនោះ ស្ថានភាពជំងឺហួសពេលនឹងព្យាបាលទៅហើយ។ ជារួម ករណីនេះអាចនិយាយបានថា អ្នកជំងឺភាគច្រើនមិនមាន រោគសញ្ញាអ្វីបង្ហាញឲ្យយើងបានដឹងទេ ជួនកាលគាត់អាចមានរោគសញ្ញាតិចតួចដែលអាចឲ្យគាត់ទៅជួបវេជ្ជបណ្ឌិតជំនាញ ប៉ុន្តែករណីភាគច្រើន វាអាចជ្រុលពេលទៅហើយ។ ទោះបីជាយ៉ាងណាក្តី យើងក៏នៅអាចដឹងមុនបានថាស្ត្រីម្នាក់អាចនឹងកើតមានជំងឺនេះបានអាស្រ័យលើការសិក្សាស្រាវជ្រាវជាទៀតទាត់ និងត្រឹមត្រូវ តាមការកំណត់ ដែលអាចឲ្យយើងរកឃើញនៅដំណាក់កាលមុនមហារីក ឬមហារីកដំណាក់កាលដំបូង ដែលអាចព្យាបាលឲ្យជាសះស្បើយបាន។ ជាទូទៅ ពីដំណាក់កាលមុនមហារីកទៅដល់ពេលកើតជាមហារីកពិតប្រាកដនោះ វាត្រូវការរយៈពេលពី៦-១០ឆ្នាំ។ ដូច្នេះ បើយើងបានធ្វើការស្រាវជ្រាវ ត្រឹមត្រូវ នោះយើងអាចព្យាបាលបានទាន់ពេលវេលា និងអាចចៀសផុតពីជំងឺមហារីកមាត់ស្បូននៅដំណាក់កាលធ្ងន់ធ្ងរ។ ៣.អត្រាជំងឺ តាមការសិក្សាកន្លងមករបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវរករោគមហារីក ដែលបានធ្វើកាសិក្សាស្រាវជ្រាវទូទៅពិភពលោកហើយអាចធ្វើការវាយតម្លៃ ដោយឡែកចំពោះប្រទេសកម្ពុជាយើងអាចមានអត្រាអ្នកកើតមហារីកមាត់ស្បូននេះមានប្រមាណជា ២៧.៤ ករណីថ្មីក្នុងមួយឆ្នាំ ក្នុងចំណោមស្រ្តី ១០០ពាន់នាក់។ ដោយឡែកទាក់ទងជាមួយនឹងវ័យនៃការកកើតជំងឺនេះ យើងសង្កេតឃើញថាវាមានការចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ចំពោះ ដំណាក់កាលមុនមហារីក និងអាយុ ៤០ ឡើងទៅ ចំពោះមហារីកពិតប្រាកក។  ជួនកាលវាអាចកើតមានមុនអាយុនេះ ក្នុងករណីដែលស្រ្តីមានភាពស៊ាំ ចុះខ្សោយដូចជា ស្រ្តីមានផ្ទុកមេរោគអេដស៍ ឬស្ត្រីដែលមានរលាកមាត់ស្បូនរ៉ាំរ៉ៃជាដើម។ ៤.ការយល់ដឹង ចំពោះការយល់ដឹងរបស់ប្រជាជនយើងទាក់ទងទៅនឹងជំងឺមហារីកមាត់ស្បូននេះ គឺពុំមានការសិក្សានាមួយឲ្យពិតប្រាកដថា តើការយល់ដឹងរបស់ស្រ្តី យើងមានកម្រិតណានៅឡើយ។ ករណីមន្ត្រីក្របខណ្ឌក្រសួងសុខាសភិបាលវិញ ក្រសួងបានធ្វើការផ្សព្វផ្សាយពីការស្រាវជ្រាវ រកជំងឺនេះទៅដល់ មន្ត្រីសុខាភិបាលទូទៅប្រទេសរួចហើយ។ ការងារបន្តនោះគឺ មន្រ្តីសុខាភិបាលដែលបានឆ្លងកាត់ការសិក្សានេះ ជាអ្នកផ្សព្វផ្សាយ បន្តដល់ស្រ្តីទូទាំង ប្រទេសកម្ពុជាឲ្យពួកគាត់មានការយល់ដឹង និងមកស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនឲ្យបានទាន់ពេលវេលា។ ជាទូទៅ ស្ត្រីទាំងឡាយគប្បីមកស្រាវជ្រាវ រកជំងឺនេះរៀងរាល់១ឆ្នាំម្តង ពិសេសសម្រាប់អ្នកធ្លាប់មានដៃគូរួមភេទ។ ៥.ការព្យាបាល បើនៅក្នុងដំណាក់កាលមុនមហារីកទៅដល់មហារីកដំណាក់កាលដំបូង(ដំណាក់កាលសូន្យ) យើងអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើវិធីដុត មាត់ស្បូនកាត់កស្បូន ឬកាត់ស្បូនទាំងមូលចេញតែម្តង។ ផ្ទុយទៅវិញ បើអ្នកជំងឺមានការយឺតយ៉ាវក្នុងកាព្យាបាល ឬមិនបានទទួលបានព្យាបាល ត្រឹមត្រូវទេនោះនឹងធ្វើឲ្យជំងឺវិវត្តទីរកទៅមហារីកដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ (ចាប់ពីដំណាក់កាលទី១ ឡើងទៅគេមិនអាចនិយាយថាព្យាបាលជនោះទេ) ។ នៅដំណាក់កាលធ្ងន់ធ្ងរនៅជំងឺនេះ វេជ្ជបណ្ឌិតអាចត្រឹមតែធ្វើការព្យាបាលបំបាត់រោគសញ្ញា ឬបន្ថយភាពធ្ងន់ធ្ងរនៃជំងឺ (បន្ថយការឈឺចាប់) ដែលអាចជួយឲ្យអ្នកជំងឺអាចរស់នៅបានមួយរយៈទៅមុខទៀតប៉ុណ្ណោះ។ ពេលនោះហើយដែលធ្វើឲ្យ ជីវិតមានសភាពរ៉ាំរ៉ៃ ត្រូវការចំណាយថវិកាច្រើន បាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់សង្គមសេដ្ឋកិច្ចមួយទៀតផង។ ចំពោះសេវាព្យាបាលវិញ អ្នកជំងឺអាចរកបាននៅតាមមណ្ឌលសុខភាពក្នុងភូមិ-ឃុំ ឬតាមមន្ទីរពេទ្យបង្អែកជិតផ្ទះដែលខ្លួនរស់នៅ។ បើទីតាំងសុខាភិបាលទាំងនោះ មិនមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនោះទេ គេនឹងបញ្ចូនអ្នកជំងឺតាមបណ្តាញមករាជធានីភ្នំពេញទៀត។ ៦.វីធីបង្ការ វិធីបង្ការបឋម៖ ការចាក់វ៉ាក់សាំង HPV ដើម្បីការពារជំងឺមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងដែលផ្សំឡើដោយ HPV2 ប្រភេទ ឬ៤ប្រភេទ។ គេអាចចាក់ នៅលើក្មេងស្រីដែលមិនទាន់មានការរួមភេទ និងមានអាយុចាប់ពី៩ឆ្នាំ ទៅ២៥ឆ្នាំ។ វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ ៣ដង ក្នុងមួយរយៈពេល ៦ខែគឺ៖ ចាក់លើកទី១នៅខែសូន្យ លើកទី២នៅមួយខែក្រោយការចាក់លើកទី១ និងលើកទី៣ នៅ៥ខែក្រោយចាក់លើកទី២។ វីធីបង្ការបន្ថែម៖ ជាវិធីការពារ និងស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។ វិធីការពារគឺត្រូវយល់ដឹងឲ្យច្បាស់ និងចៀសវាងឲ្យបានពីកត្តាអំណោយផល ដូចរៀបរាប់ខាងលើ។ ចំណែកឯការស្រាវជ្រាវវិញ គឺស្រ្តីអាចទៅជួបមន្ត្រីសុខាភិបាលដែលធ្វើការនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកនានា ដើម្បីឲ្យគាត់ធ្វើការពិនិត្យស្រាវជ្រាវ។ របៀបស្រាវជ្រាវនេះ គឺមានការប្រើទឹកថ្នាំដើម្បីពិនិត្យ ការធ្វើកំនៀរយកកោសិកាមាត់ស្បូនទៅពិនិត្យ និងអាច ធ្វើតេស្តរកមេរោគ HPV ។ កាលណាយើងបានធ្វើការស្រវជ្រាវទាន់ពេលវេលា យើងនឹងអាចធ្វើការព្យាបាលបានត្រឹមត្រូវ។ ពេលនោះយើងអាច ចៀសផុតពីជំងឺមហារីកមាត់ស្បូនបានយ៉ាងពិតប្រាកដ។   បកស្រាយដោយ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា  វេជ្ជបណ្ឌិតជំនាញរោគស្រ្តី និងជាប្រធានអគារផ្នែករោគស្រ្តីនៃមន្ទីរពេទ្យព្រះកុសុមៈ និងចូលរួម បកស្រាយអំពីប្រធានបទ«ជំងឺមហារីកមាត់ស្បូន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។ អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? 1. រោគសញ្ញាស្តែងមាននៅលើរាងកាយ ▪ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ ▪ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ▪ ស្ងួតមាត់ ▪ បែកញើសហួសប្រមាណ ▪ ត្រជាក់ចុងដៃ ជើង ▪ រសេះរសោះ អស់កំលាំងល្ហិតល្ហៃ ▪ ចុកចាប់ តឹងណែនសាច់ដុំ ▪ ចង្អោរ ក្អួត ▪ នោមញឹក ▪ ឧស្សាហ៍កោសខ្យល់ ▪ ស្រឺត ▪ ពិបាកគេង គេងមិនលក់ 2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត ▪ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល ▪ ភ័យខ្លាចស្លាប់ដោយគាំងបេះដូង ▪ អន្ទះសារពិបាកក្នុងការរង់ចាំ ▪ ពិបាកក្នុងការផ្ចង់អារម្មណ៍ ▪ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។ ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។   មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។   ➢ ការព្យាបាល ▪ ការព្យាបាលតាមបែបចិត្តសាស្រ្ត ▪ ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ ▪ ការសម្រាកកាយចិត្ត ▪ ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត។ ➢ ការការពារ ▪ ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ ▪ បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន ▪ អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ ▪ ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក ▪ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?

ចែករំលែក

សាស្រ្តាចារ្យវេជ្ជ. ឯក ម៉េងលី «ជំងឺរលាកដៃស្បូន ជាក្តីបារម្ភរបស់ស្រ្តី ហើយជំងឺនេះ គឺសំដៅលើការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)»។ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ 85% បណ្តាលមកពីការឆ្លងតាមរយៈការរួមភេទ និង​ 15%​ មកពីឆ្លងពីមូលហេតុវេជ្ជសាស្រ្ត។ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺមានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល។   ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •រយៈពេលខ្លី៖  អាចមានជា ការរលាកស្រោមអាងត្រគាក ការកកើតខ្ទុះក្នុងដៃស្បូន និងមេរោគក្នុងឈាម ។ •រយៈពេលវែង៖  មានទឹកដក់ក្នុងដៃស្បូន ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន វិបត្តិនៃការមិនមានកូន ៧០%ការកកើតឡើងវិញនៃជំងឺជាដើម៕ ស្វែងយល់បន្ថែមពីការរលាកដៃស្បូន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការផ្តល់ឲ្យរាងកាយបានសម្រាក ដោយគ្រាន់តែអង្គុយ រួចបិទភ្នែក និងដកដង្ហើមឲ្យបានវែងៗ ជាឥរិយាបទមួយនៃកីឡាយោគៈយ៉ាងសាមញ្ញបំផុត តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ សម្រាប់សម្រួលទៅដល់ស្រ្តីក្នុងវ័យក្រោយអស់រដូវ។   ឈានដល់វ័យចំណាស់ ចាប់ពី ៥០ឆ្នាំឡើង ស្រ្តីកំពុងស្ថិតក្នុងកំឡុងពេលនៃការអស់រដូវ ដែលនេះជាច្បាប់ធម្មជាតិនៃរូបរាងកាយ។ វាជាពេលវេលា មួយដែលគួបផ្សំទៅដោយ ការប្រែប្រួលនូវផ្លូវកាយ និងចិត្តរបស់ស្រ្តី និងការត្រៀមខ្លួនឈានចូលដល់វ័យចំណាស់នៃជីវិត។ សព្វថ្ងៃ កីឡាយោគៈត្រូវបានគេ ទទួលស្គាល់ និងត្រូវបានអនុវត្តពីសំណាក់ស្រ្តីជាច្រើន ដែលពួកគេជឿថា វាជាប្រភេទកីឡាមួយដែលនាំមកនូវការហ្វឹកហាត់ផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជា ដោះស្រាយនូវបញ្ហានានាដែលនឹងអាចកើតមានកំឡុងពេលអស់រដូវនោះ។ ៦ ចំណុចខាងក្រោមនឹងណែនាំអ្នកឲ្យកាន់តែច្បាស់ពីអ្វីដែលកីឡាយោគៈអាចជួយសម្រួលនូវភាពលំបាកចំពោះស្រ្តីស្ថិតក្នុវ័យក្រោយអស់រដូវ។   កាត់បន្ថយស្រេ្តស៖ កីឡាយោគៈសម្រួល ដង្ហើមរបស់អ្នក ដែលវាអាចជួយដោះស្រាយភាពតានតឹងក្នុងចិត្ត សម្រួលដល់ការគិតអវិជ្ជមាន និងជួយលាង សម្អាតផ្លូវចិត្តរបស់ស្រ្តីឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ។ ម៉្យាងទៀតកីឡា យោគៈអាចផ្តល់ឲ្យអារម្មណ៍បានធូរស្បើយ ដែលមានប្រសិទ្ធភាពបំផុត អាចឲ្យស្រ្តីគ្រប់គ្រងកំហឹងរបស់ខ្លួនបាន។   បន្ធូរការឈឺចាប់៖ ក្នុងវ័យក្រោយអស់រដូវ ស្រ្តីអាចងាយទទួលរងការឈឺចាប់លើផ្នែករាងកាយមួយចំនួនដូចជា ខ្នង ក ឬសន្លាក់ជាដើម ដូច្នេះការធ្វើ ចលនាយឺតៗនៃកីឡាយោគៈអាចជួយសម្រួលនូវភាពបត់បែនរបស់សន្លាក់ ក៏ដូចជាផ្តល់ឲ្យសាច់ដុំនៃរាងកាយអាចធ្វើលំហាត់ប្រាណបានយ៉ាងល្អ។ ថយចុះអាការៈក្រហល់ក្រហាយ៖ ភាពក្តៅក្រហល់ក្រហាយ ជាអាការៈដែលកើតមាន ជាទូទៅស្ទើរតែ ៨០% នៃស្រ្តីទាំងអស់ដែលឈា ​ចូលពេលក្រោយ អស់រដូវ។ ​អាការៈនោះស្តែង​ ឡើងដោយរួមបញ្ចូលនូវការ​ កើនឡើងសីតុណ្ហភាពនៅក្នុងរាងកាយ និងចង្វាក់ជីពចរញាប់ ដែលធ្វើឲ្យភាពក្តៅកើត មាននៅលើផ្ទៃមុខបន្តរហូតដល់ក និងដៃជាដើម ចំណែកសីតុណ្ហភាពក្នុងរាងកាយ អាចនឹងឡើងចុះ ឬបាត់ភ្លាមៗ ដែលជាហេតុបណ្តាលឲ្យស្រ្តី មានអារម្មណ៍រងា និងស្អិតពេញខ្លួន។ ការហាត់កីឡាយោគៈជាវិធីសាស្រ្តយ៉ាងល្អ អាចជួយសម្រួលដល់អ្នក ដែលជាការល្អកំឡុងពេលហាត់ អ្នកគួរតាមដាន នូវចង្វាក់ដង្ហើម ដើម្បីឲ្យផ្លូវចិត្តមានសភាពស្ងប់ស្ងាត់។     បំបាត់ការអស់កម្លាំង៖ បម្រែបម្រួលអ័រម៉ូន ក្នុងរាងកាយស្រ្តី តួយ៉ាងដូចជាការថយចុះនូវ អ័រម៉ូន Progesterone ជាដើមចមអាចឲ្យ ស្រ្តីតែងបាត់បង់ កម្លាំង រួមជាមួយការបាក់ទឹកចិត្តផងដែរ។ កាយវិការនៃកីឡាយោគៈដោយ ការគេងរួចកល់ខ្នងរបស់អ្នកដោយខ្នើយ  អាចជួយបំបាត់អាការៈ អស់កម្លាំងបាន រួមនឹងធ្វើឲ្យប្រសើរឡើងនៃចលនាដង្ហើម និងចរន្តឈាម។   បន្ថយសម្ពាធឈាម៖ កីឡាយោគៈ អាចជួយ កាត់បន្ថយអាការៈបែកញើសកំឡុងពេលទទួល ទាន​ដំណេករបស់ស្រ្តី ដោយវាទៅបន្ថយសម្ពាធឈាម និងនាំមកវិញនូវដំណើរការយ៉ាងល្អនៃ​អុកស៊ីហ្សែន និងចរន្តឈាម។     បង្កើនការចងចាំ៖ ស្របពេលដែលស្រ្តីកំពុងមានបញ្ហាប្រឈមមួយចំនួនលើរាងកាយការគិត និងការចងចាំក៏ថយចុះទៅតាមនោះ​ផងដែរ ដែលបណ្តាល មកពីបម្រែបម្រួលនៃ​អ័រម៉ូនក្នុងរាងកាយ។ កីឡាយោគៈត្រូវបានគេ​ វាយ​តម្លៃថា អាចជួយឲ្យសមត្ថភាពនៃការគិតបានល្អឡើងវិញ។   ស្របពេលដែល កីឡាយោគៈបានផ្តល់អត្ថប្រយោជន៍ដែលមិនគួរមើលរំលង អ្នកក៏គួរតែចេះធ្វើការជ្រើសរើសនូវប្រភេទណាមួយដែលសមស្របទៅនឹង កម្លាំងរបស់អ្នក ដោយហេតុថាប្រភេទកីឡាយោគៈខ្លះក៏ទាមទារនូវកាយវិការធ្ងន់ធ្ងរដែលប្រហែលជាអ្នកមិនអាចទ្រាំទ្របាន។     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ នាងខ្ញុំ អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំសង្កេតឃើញថាប៉ុន្មានខែកន្លងមកនេះ រដូវរបស់ខ្ញុំតែងតែមកច្រើនខុសធម្មតាហើយនៅមានអាការៈឈឺក្បាលតិចតួចប៉ុន្មានថ្ងៃដំបូង។ ខែខ្លះវិញក្នុងរយៈពេលមួយខែខ្ញុំ មករដូវពីរដង។ តើលក្ខណៈបែបនេះមានការប៉ះពាល់ដល់សុខភាពរបស់ខ្ញុំដែរឬទេ? ចម្លើយ ៖ វដ្ដរដូវធម្មតារបស់ស្រ្ដី គឺមានរយៈពេល២៨ថ្ងៃ និងមានការប្រែប្រួលជាធម្មតា ពី២៥ថ្ងៃទៅ៣៥ថ្ងៃ។ បរិមាណឈាមរដូវវិញមាន ប្រហែល៣០មីលីលីត្រ និងមានរយៈពេលយ៉ាងច្រើន១សប្ដាហ៍ប៉ុណ្ណោះ។ ការមករដូវច្រើនញឹកញាប់ធ្វើឲ្យមានផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាព (ហេវ ហត់ ស្លេកស្លាំង) ក្នុងករណីនេះសូមប្អូនស្រីអញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប។ បកស្រាយដោយ ៖  សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ 24 ឆ្នាំ មានផ្ទៃពោះ 2 ខែហើយ។ ខ្ញុំតែងតែឮពីបញ្ហាសុកពាំងមាត់ស្បូន តើវាជាបញ្ហាធ្ងន់ធ្ងរឬយ៉ាងណា? តើមានវិធីបង្ការទេ? ចម្លើយ ៖ សុក ជារចនាសម្ព័ន្ធមួយដែលលូតលាស់នៅក្នុងស្បូននៅអំឡុងពេលមានផ្ទៃពោះ ហើយមានតួនាទីផ្តល់នូវអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដល់ទារក ព្រមទាំងដឹកជញ្ជូនចេញមកវិញនូវកាកសំណល់។ បញ្ហាសុកពាំងមាត់ស្បូនអាចកើតឡើងនៅពេលសុករបស់ទារកគ្របដោយផ្នែក ឬទាំងស្រុងលើមាត់ស្បូនរបស់ម្តាយ។ សុកពាំងមាត់ស្បូនអាចបណ្តាលឲ្យមានការហូរឈាមធ្ងន់ធ្ងរនៅអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។  អ្នកថែទាំសុខាភិបាលរបស់អ្នកនឹងណែនាំឲ្យអ្នកចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានការកន្ត្រាក់ដូចជាការរួមភេទ ការបាញ់លាងទ្វារមាស ការប្រើប្រាស់សំឡីអនាម័យប្រភេទឆ្នុកឬក៏សកម្មភាពដែលអាចបង្កើនការប្រឈមនឹងការហូរឈាមដូចជា រត់ ចោងហោង និងការលោតជាដើម។ មូលហេតុពិតនៃបញ្ហាសុកពាំងមាត់ស្បូនមិនទាន់ត្រូវបានដឹងពិតប្រាកដឡើយ ប៉ុន្តែមានកត្តាមួយចំនួនអាចជំរុញឲ្យប្រឈមនឹងបញ្ហានេះបានរួមមាន សម្លាករបួសនៅនឹងស្បូន (ការវះកាត់ពីមុន ឬការវះកាត់សម្រាលកូន) ការកាត់ដុំសាច់នៅស្បូន ការធ្លាប់មានបញ្ហាសុកពាំងមាត់ស្បូន ការពពោះកូន លើសពីមួយនៅអាយុ 35ឆ្នាំ ឬលើសពីនេះ ស្ត្រីជក់បារី ការប្រើប្រាស់កូកាអ៊ីន ព្រមទាំងការឆ្លងកាត់ដំណើរការពង្រីកមាត់ស្បូន ដើម្បីធ្វើការចៀរ ឬកាត់យកជាលិកាមកពិនិត្យជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជីវិតនៅក្នុងដំណាក់កាលអស់រដូវរបស់ស្ត្រី សំដៅដល់រយៈពេលមួយដែលស្ត្រីលែងមានការមករដូវប្រចាំខែ និង បាត់បង់នូវមុខងារក្នុងការបន្តពូជរបស់អូវែ។ ចំពោះស្ត្រីស្ទើរតែទាំងអស់ការអស់រដូវមិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពឡើយ តែជាបទពិសោធន៍ផ្ទាល់ខ្លួនមួយទៅវិញ។ ១.  សារធាតុចម្រាញ់ពីតែបៃតង៖​ ស្លឹកតែបៃតង ១ក្រាម នៅក្នុង ១០០មីលីលីត្រនៃទឹក ឆុងក្នុងរយៈពេល ៣នាទី ជាទូទៅអាចមានសារធាតុ Catechins ចំនួន ៣០ ទៅ ៤០%។ មានការ បង្ហាញថា សារធាតុចម្រាញ់នៃតែបៃតងមានឥទ្ធិពលជីវសាស្រ្ត និងឱសថសាស្ត្រជាច្រើនដូចជា ប្រឆាំងមហារីក ប្រឆាំង អុកស៊ីតកម្ម ប្រឆាំងវីរុស និងប្រឆាំង អាល្លែកហ្ស៊ីជាដើម។ អត្ថប្រយោជន៍នៃសារធាតុចម្រាញ់នៃតែបៃតង៖ សម្រកទម្ងន់ ប្រឆាំងកោសិកាមហារីក ជួយសុខភាពបេះដូង និងស្បែក ប្រឆាំងភាពចាស់ជរា ប្រឆាំង ទឹកនោមផ្អែម រលាកសន្លាក់ និងជំងឺឡើងសម្ពាធឈាម។ល។   ២.  សារធាតុ Isoflavons ពីសណ្តែកសៀង៖ អាហារពីសណ្តែកសៀងត្រូវបានទទួលស្គាល់ថាជាប្រភពនៃប្រូតេអ៊ីន សារធាតុខ្លាញ់ល្អចំពោះសុខភាព និងជាពិសេសគឺជាប្រភពតែមួយគត់ ដែលសម្បូរនូវសារធាតុ Isoflavons ដែលមានមុខងារជាច្រើនជាពិសេសចំពោះស្ត្រីនៅវ័យអស់រដូវ។ អត្ថប្រយោជន៍នៃ Isoflavons៖ សម្របសម្រួលអាការៈនៃការអស់រដូវ (ភាពញឹកញាប់ និងកម្រិតធ្ងន់ធ្ងរ) ភាពធុញថប់ ការពារជំងឺពុកឆ្អឹង សម្រួលសម្ពាធឈាម និងជាតិខ្លាញ់នៅក្នុងឈាម ការពារជំងឺមហារីក  ជំងឺបេះដូង និងការពារការឡើងទម្ងន់ព្រមទាំងអាចជួយដល់សុខភាពស្បែកផងដែរ។ ៣.  Lycopene៖ ជាប្រភេទមួយនៃ carotenoid ដែលមានអនុភាពជាសាធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា និងមានបរិមាណច្រើនបំផុត នៅក្នុងឈាម និងកោសិកាមួយចំនួនដូចជា កោសិកាខ្លាញ់ ប្រូស្តាត ថ្លើម និងក្រពេញ adrenal។ អត្ថប្រយោជន៍នៃ Lycopene៖ ការពារការវិវឌ្ឍនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដែលបង្កមកពីការធ្វើអុកស៊ីតកម្ម (មហារីក ឡើងសម្ពាធឈាម ទឹកនោមផ្អែមជាដើម) រារាំងការបាត់បង់ឆ្អឹង កាត់បន្ថយការប្រឈមនឹងជំងឺឆ្អឹងពុកចំពោះស្ត្រីអស់រដូវ និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងជាដើម។ ៤.  វីតាមីនសេ៖ ដោយសារមនុស្សខ្វះនូវអង់ស៊ីម L-3 gulonolactone oxidase ដែលចាំបាច់សម្រាប់ការសំយោគវីតាមីនសេ ដូចនេះ យើងត្រូវការវីតាមីនសេតាមរយៈប្រភពខាងក្រៅវិញ។ វីតាមីនសេ ចាំបាច់សម្រាប់ការផលិតកូឡាជែន carnitineនិងសារធាតុគីមី (neurotransmitters) សំខាន់ៗមួយចំនួនទៀតនៅក្នុងខ្លួន។ អត្ថប្រយោជន៍នៃវីតាមីនសេ៖ ចូលរួមធ្វើមេតាបូលីសនៃប្រូតេអ៊ីន ជួយប្រព័ន្ធការពាររាងកាយ ជំរុញការស្រូបនៃជាតិដែក និងទង់ដែង ទ្រទ្រង់សារធាតុ​ glutathione នៅក្នុងខ្លួន ជួយក្នុងការផលិតឡើងវិញនៃវីតាមីន E (alpha-tocopherol) រក្សាស្ថេរភាពនៃហ្វូឡាត (folate) ព្រមទាំងកាត់បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។ ៥.  កាល់ស្យូម៖ គឺជាសារធាតុរ៉ែដែលសម្បូរជាងគេនៅក្នុងខ្លួនមនុស្ស ដែលក្នុងនោះ ៩៩%នៃកាល់ស្យូមសរុប គឺរក្សាទុកនៅក្នុងឆ្អឹង។ ក្រៅពីនោះគឺរក្សាទុកនៅនឹង កោសិកា (០.៩%) និងនៅក្នុងឈាមព្រមទាំងសារធាតុរាវនៅក្រៅកោសិកា (០.១%) ដែលជាកន្លែងអាចបញ្ចេញឥទ្ធិពលទៅលើប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសរសៃប្រសាទនិងប្រព័ន្ធសាច់ដុំ។ កាល់ស្យូមដែលជាធាតុរក្សាលំនឹងសារធាតុរ៉ែនៃឆ្អឹងនឹងថយចុះ កាលណាស្ត្រីឈានដល់វ័យអស់រដូវ ដោយសារកំហាប់ កាល់ស្យូមនឹងថយចុះពីក្នុងឆ្អឹង។ អត្ថប្រយោជន៍នៃកាល់ស្យូម៖ ជួយសុខភាពឆ្អឹង និងសុខភាពទូទៅ (ការឡើងសម្ពាធឈាម មហារីកពោះវៀន លើសទម្ងន់ ក្រួសក្នុងតម្រងនោមជាដើម)។ សារធាតុទ្រទ្រង់សុខភាពដែលបានលើកឡើងត្រូវបានបញ្ជាក់ថា អាចគ្រប់គ្រាន់ក្នុងការទ្រទ្រង់សុខភាពរបស់ស្ត្រីដោយប្រើដាច់ដោយឡែកពីគ្នា ឬប្រើរួមជាមួយគ្នា តែម្តង។ សារធាតុទ្រទ្រង់សុខភាពពិតជាដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលរោគសញ្ញានៃការអស់រដូវ ដែលជាដំណាក់កាលធម្មជាតិដ៏យូររបស់ស្រ្តី (អាចរហូតដល់ជាង ១០ឆ្នាំ) ដូចនេះ ស្រ្តីទាំងអស់ពិតជាអាចបន្តការរស់នៅប្រកបដោយសុខុមាលភាពតាមធម្មជាតិបានបើទោះជាពួកគាត់ឈានចូលដល់ វ័យអស់រដូវហើយក៏ដោយ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ជំងឺមហារីកភាគច្រើន  កើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ មិនថាបុរស ឬស្រ្តីនោះទេ ចំណែកស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវមានអត្រាប្រឈមទៅនឹង ជំងឺមហារីកខ្ពស់ជាង  ៣ដង  បើប្រៀបធៀបចំពោះស្រ្តីដែលពុំទាន់អស់រដូវ។  ជាទូទៅជំងឺមហារីក  អាចនឹងកើតមានឡើងក្នុងអត្រា ៦០% ចំពោះស្រ្តី ក្នុងចន្លោះ អាយុ ៤៨ឆ្នាំ ដល់ ៥១ឆ្នាំ ដែលជាទូទៅ សភាពជំងឺអាចស្តែងចេញជាដំណាក់កាលដំបូងដោយមិនបញ្ចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ហើយអត្រានោះ នឹងកើនឡើងប្រសិនបើអាយុរស់មធ្យមរបស់ស្រ្តីកាន់តែវែង (អាចមានអាយុដល់ទៅ ៧៥ឆ្នាំ ជាមធ្យម)។ តើប្រភេទជំងឺមហារីកណាខ្លះដែលកើតជាញឹកញាប់? ចំពោះស្រ្តីដែលឈានចូលដល់វ័យក្រោយអស់រដូវ អាចនឹងមានការប្រឈមទៅនឹងជំងឺមហារីកជាញឹកញាប់ដូចជា៖ • មហារីកមាត់ស្បូន៖ មិនមែនជាជំងឺតពូជ តែវាបង្កឡើងដោយវីរុសប្រភេទ Human Papillomavirus (HPV) ដែលហែ្សនរបស់មេរោគ បានទៅភ្ជាប់ខ្លួនជាមួយហ្សែនមាននៅក្នុងកោសិកាមាត់ស្បូន ជាលទ្ធផលវាបង្កើតបានជាហែ្សនថ្មីមិនធ្លាប់មានពីមុនមកនៅក្នុងខ្លួនរបស់យើង ហើយអាចបញ្ចេញប្រូតេអ៊ីន E6 និងE7 ដែលជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការបង្ករោគជាជំងឺមហារីក។ • មហារីកសុដន់៖ ជាជំងឺមហារីកដែលកើតមានឡើងដោយមានការប្រែប្រួលនៃហែ្សនពីរប្រភេទគឺ BRCA1 និងBRCA2 កាលណាស្រ្តីមានផ្ទុកនូវ​ ហែ្សនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងទៅដល់កូន។ យ៉ាងណាមិញ គ្រប់បុគ្គលទាំងអស់ មិនសុទ្ធតែត្រូវឆ្លងជំងឺមហារីកសុដន់ពីម្តាយនោះទេ តែក្នុងករណីនេះ ពួកគេមានអត្រាដែលអាចកើត ខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។ • ក្រៅពីជំងឺមហារីកទាំងពីរខាងលើ ស្រ្តីវ័យក្រោយអស់រដូវក៏អាចប្រឈមទៅនឹងជំងឺមហារីកផ្សេងទៀតដូចជា មហារីកក្រពះ  ពោះវៀនធំ ខួរក្បាល ឈាម ឬមហារីកឆ្អឹង  ដែលវានឹងអាចកើតឡើងជាទូទៅដូចទៅនឹងបុរសដែរ។ តើមានកត្តាអ្វីខ្លះបង្កជាជំងឺមហារីក? ក្នុងសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់កំណត់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺមហារីកនោះទេ តែគេអាចឃើញមានកត្តាមួយចំនួន ដូចជា៖ • ស្រ្តីក្នុងវ័យអស់រដូវ តែងមានបញ្ហាលើផ្លូវចិត្តដែលបង្កជា ស្ត្រេស។​ វាជាដើមចមមួយបង្កឲ្យហែ្សនក្នុងណៃ្វយ៉ូនៃកោសិកាមានការប្រែប្រួលប ង្កើតបានជាហែ្សនថ្មី ដែលអាចផលិតប្រូតេអ៊ីនជាភ្នាក់ងារនៃជំងឺមហារីក។​ យ៉ាងណាមិញ ការផលិតនូវហែ្សនដែលផ្លាស់ប្តូរនោះ គឺទាមទាររយៈពេលយូរ យ៉ាងហោចណាស់ ១៥ ទៅ ២០ឆ្នាំ។ • ចំពោះស្រ្តីដែលឆាប់មានរដូវ និងយូរក្នុងការអស់រដូវ ជាលក្ខខណ្ឌមួយដែលស្រ្តីអាចនឹងមានហានិភ័យខ្ពស់កើតមានជំងឺមហារីក ដោយសារស្រ្តីក្នុងលក្ខខណ្ឌ បែបនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃអ័រម៉ូន Estrogen រយៈពេលយូរ។ • ជំងឺមហារីកអាចបង្កផងដែរ ពីពពួកបាក់តេរី វីរុសផ្សេងៗមួយចំនួន ក៏ដូចជាប៉ារ៉ាស៊ីតដែលមានក្នុងខ្ចៅ ខ្យង លៀសជាដើម។ • សារធាតុក្នុងបរិស្ថានជុំវិញ និងខ្យល់បរិយាកាស ដូចជាផ្សែងឡាន ម៉ូតូ សារធាតុរ៉ែដែលមានសារធាតុវិទ្យុសកម្ម និងពន្លឺព្រះអាទិត្យ ក៏ចូលរួមចំណែក បង្កឲ្យមានជំងឺមហារីកមួយចំនួនផ្សេងទៀតផងដែរ។   វិធីសាស្រ្តការពារ កាត់បន្ថយការកើតមហារីក • វិធីសាស្រ្តដោយឡែក៖ ចំពោះស្រ្តីមិនទាន់មានគ្រួសារ គួរធ្វើការចាក់វ៉ាក់សាំង ចំពោះប្រភេទមហារីកដែលអាចធ្វើទៅបាន ដូចជាមហារីកមាត់ស្បូនជាដើម។ ចំពោះស្រ្តីក្នុងវ័យអស់រដូវ ត្រូវពិនិត្យតាមដាន និងរកមើលសញ្ញាដំបូងនៃជំងឺមហារីក (Early detection) ដូចជា ការរកមើលកោសិកា មហារីកមាត់ស្បូន រយៈពេល ១ ឬ២ឆ្នាំម្តង និងការពិនិត្យសុដន់តាមវិធីសាស្រ្ត mammography រហូតដល់អាយុ ៧២ឆ្នាំ។ • វិធីសាស្រ្តជារួម៖ កាត់បន្ថយបញ្ហាស្ត្រេស  ដោយចំណាយពេលវេលាសម្រាប់លំហែកាយ និងអារម្មណ៍ តាមរយៈការធ្វើលំហាត់ប្រាណបែបរាំ ឬយោគៈ គួរដើរឲ្យបាន ២០,០០០ជំហាន ក្នុងមួយសប្តាហ៍ កាត់បន្ថយការហូបអំបិល ខ្លាញ់ និងរក្សាទម្ងន់ឲ្យមានស្ថេរភាព។ បកស្រាយដោយ៖ សាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ ជំងឺគាំងបេះដូងជាជំងឺដែលកើតចេញមកពីការត្បៀត ឬការស្ទះនៃសរសៃឈាមបេះដូង។ ជំងឺនេះអាចកើតឡើងសន្សឹមៗរហូតដល់ដំណាក់កាលណាមួយ វានឹងស្ទះជិតឈឹងតែម្តង ឬអាចកើតឡើងភ្លាមៗដោយកំណកឈាម ធ្វើឲ្យស្ទះ។ ដោយឡែក ចំពោះស្ត្រីអស់រដូវវិញ ពុំមានលក្ខណៈខុសគ្នាច្រើននោះទេ គ្រាន់តែអាចនិយាយបានថា ស្ត្រីអស់រដូវមានហានិភ័យច្រើនជាងអ្នកធម្មតា។ រោគសញ្ញា ស្រ្តីវ័យចំណាស់ដែលមានជំងឺគាំងបេះដូងអាចមានសញ្ញាជាទូទៅ ដូចជាចុកទ្រូងខ្លាំង រហូតដល់បែកញើស ព្រមទាំងមានការក្អួតចង្អោររួមជាមួយផង ប៉ុន្តែសញ្ញាទាំងនេះ វាស្តែងចេញតែពាក់កណ្តាលនៃអ្នកជំងឺប៉ុណ្ណោះ។ មានន័យថាក្នុងចំណោមអ្នកជំងឺ២នាក់ មានម្នាក់លេចចេញសញ្ញាដូចខាងលើ រីឯម្នាក់ទៀតអាចនឹងមានសញ្ញាផ្សេង ដូចជាឈឺចាប់នៅកៀនកសងខាង នៅថ្គាមក្រោម លើស្មាខាងឆ្វេង នៅដៃឆ្វេង ឬរមួលនៅចុងដង្ហើម អស់កម្លាំង ល្ហិតល្ហៃ និងថប់ដង្ហើម ដែលធ្វើឲ្យពួកគាត់ច្រឡំជាមួយនឹងសញ្ញាក្រពះពោះវៀន ជាលទ្ធផលគឺខកខានក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ឲ្យបានត្រឹមត្រូវ។ ចំពោះករណីខ្លះទៀត អ្នកជំងឺមិនមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ គឺគាត់មកជួបគ្រូពេទ្យដោយមានសភាពហត់តែម្តង មានន័យថាជាការស្តែងចេញនូវសញ្ញាខ្សោយបេះដូងតែម្តង។ មូលហេតុ ជំងឺគាំងបេះដូងមានមូលហេតុចម្បងទាក់ទងនឹងការកកខ្លាញ់នៅជញ្ជាំងសរសៃឈាមបេះដូង។ ទាក់ទិននឹងស្ត្រី កាលណាគាត់អស់រដូវ អ័រម៉ូនអឺស្ត្រូហ្សែន របស់គាត់ថយចុះ។ ពេលស្ត្រីខ្វះអ័រម៉ូនអឺស្ត្រូហែ្សន វានឹងធ្វើឲ្យមានបម្រែបម្រួលមេតាបូលីសនៅក្នុងរាងកាយ ជាហេតុធ្វើឲ្យសម្ពាធឈាមកើនឡើងខុសពី ពេលដែលគាត់មិនទាន់អស់រដូវ ការផលិតជាតិខ្លាញ់ក្នុងខ្លួនមានការប្រែ-ប្រួលខុសពីមុន មានការកើនឡើងនូវទ្រីគ្លីសេរីត ពពួកខ្លាញ់អាក្រក់(LDL) និងមានការថយចុះនូវពពួកខ្លាញ់ល្អ(HDL)។ កត្តាហានិភ័យ កត្តាគ្រោះថ្នាក់ប្រឈមមុខនឹងជំងឺបេះដូងសរសៃឈាមរួមមាន៖ •  អាយុលើសពី៥០ឆ្នាំ •  កត្តាគ្រួសារនៅជំនាន់ទី១ មានន័យថាប្រសិន បើឳពុករបស់គាត់ធ្លាប់មានបញ្ហាគាំងបេះដូងនៅអាយុត្រឹម៦០ឆ្នាំ ឬម្តាយមានបញ្ហា សរសៃឈាមបេះដូង នៅអាយុ៥០ឆ្នាំ •  អ្នកជំងឺលើសឈាម លើសជាតិស្ករ និងស្ត្រីលើសទម្ងន់ ឬធាត់ •  ការពិសាគ្រឿងស្រវឹងច្រើន •  អ្នកចូលចិត្តជក់បារី •  ការរស់នៅបែបអសកម្ម មានន័យថាការមិនទម្លាប់ហាត់ប្រាណ ឬការធ្វើការនៅតែក្នុងការិយាល័យ •  អ្នកមានបញ្ហាស្ត្រេស ពិសេសស្ត្រីស្ថិតនៅកំឡុងពេលជុំវិញការអស់រដូវ។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ថានរណាម្នាក់ពិតជាមានជំងឺគាំងបេះដូង ឬត្បៀតសរសៃឈាមបេះដូងនេះពិតមែន ត្រូវផ្អែកមួយផ្នែកលើរោគសញ្ញាដូចបានរៀបរាប់ ខាងលើ  រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យដោយការវាស់ចង្វាក់បេះដូងតាមរយៈឧបករណ៍ ECG (Electrocardiogram) អេកូបេះដូង និង ការធ្វើតេស្តឈាមរកអង់សីុមចេញពីបេះដូងហៅថា Troponin។ ការព្យាបាល ភាគច្រើននៃការព្យាបាលជំងឺគាំងបេះដូង មិនថាចំពោះមនុស្សធម្មតា ឬស្ត្រីអស់រដូវនោះទេ វាមានវិធីសាស្ត្រពីរបែប គឺព្យាបាលដោយពង្រីកសរសៃឈាម និងប្រើប្រាស់ថ្នាំ។ •  ការថតឆ្លុះនិងពង្រីកសរសៃឈាម៖ ដំបូងត្រូវធ្វើការថតឆ្លុះនិងពង្រីកធ្វើឡើងតាមរយៈសរសៃឈាមក្រហមនៅលើកដៃ  ឬនៅក្រលៀនដោយបញ្ចូល ឧបករណ៍តូច ជាទុយោវែង ស៊កតាមសរសៃរហូតដល់សរសៃឈាមបេះដូង។  បន្ទាប់មក ចាក់ថ្នាំផ្សំពីអ៊ីយ៉ូត ដែលគេប្រើវាដូចទៅនឹងម៉ាស៊ីនស្កេន ផ្សេងទៀត អ៊ីចឹងដែរ គួបផ្សំជាមួយម៉ាស៊ីនកាំរស្មីX  ដែលមានសមត្ថភាពវិលជុំវិញខ្លួនរបស់អ្នកជំងឺដើម្បីធ្វើការថតចាប់យករូបភាពសរសៃឈាម បេះដូង ហើយមានលទ្ធភាពរកឃើញថាសរសៃឈាមត្បៀតនៅកន្លែងណា ត្បៀតវែងក៏ខ្លី ប៉ុន្មានកន្លែងប៉ុន្មានសរសៃ។  បន្ទាប់មកទៀត ចាប់ផ្តើមព្យាបាលដោយ ការពង្រីកនៅទីតាំងទាំងនោះ។ ការពង្រីកធ្វើឡើងដោយប្រើរឺស័រស៊កបញ្ចូលតាមទុយោរហូតដល់ទីតាំងត្បៀត ដែលរឺស័រនេះមិនមានប្រតិកម្ម ឬផលប៉ះពាល់ ណាមួយដល់រាងកាយឡើយ។ •  ការប្រើប្រាស់ថ្នាំ៖ អ្នកជំងឺក៏តម្រូវឲ្យមានការប្រើប្រាស់ថ្នាំទៅតាមបញ្ហាដែលគាត់កំពុងជួបប្រទះ ឬបញ្ហាដែលទើបតែត្រូវបានរកឃើញក្នុងគោលបំណង ដើម្បី គ្រប់គ្រងសម្ពាធឈាម ជាតិស្ករ និងជាតិខ្លាញ់របស់គាត់។ ម៉្យាងទៀត អ្នកជំងឺត្រូវបញ្ឈប់រាល់សកម្មភាពនានាដែលជាកត្តាហានិភ័យ   បង្កើន ការធ្វើលំហាត់ប្រាណ និងប្រកាន់នូវរបបអាហារមានតុល្យភាព។ ការព្យាបាលដោយប្រើអ័រម៉ូនមិនត្រូវបានណែនាំនោះទេក្នុងករណីនេះ ទោះបីគាត់ ស្ថិតក្នុងវ័យអស់រដូវក៏ដោយ ព្រោះថា វាមិនត្រឹមតែគ្មានប្រយោជន៍ថែមទាំងផ្តល់នូវហានិភ័យដល់ស្ត្រីថែមទៀតផង។ ការការពារ •  បង្កើនទម្លាប់ត្រួតពិនិត្យសុខភាពជាប្រចាំពិសេស ទៅលើជាតិខ្លាញ់ ជាតិស្ករ និងមុខងារតម្រងនោម៖ ស្ត្រីចាប់ពីអាយុ ២០ឆ្នាំដល់ ៥០ឆ្នាំ ឬបុរសអាយុចាប់ពី២០ឆ្នាំទៅ៤០ឆ្នាំគួរត្រួតពិនិត្យសុខភាពរៀងរាល់ ៣-៥ ឆ្នាំម្តង។ ស្ត្រីចាប់ពី៥០ឆ្នាំឡើងទៅគួរធ្វើការត្រួតពិនិត្យសុខភាព រៀងរាល់១ឆ្នាំម្តង។ •  អនុវត្តការរស់នៅល្អ៖ ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៣ថ្ងៃក្នុងមួយសប្តាហ៍  កាត់បន្ថយភាពស្ត្រេស បរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ សាច់ត្រី ឬសាច់មាន់ឲ្យបានច្រើន ចៀសវាងភេសជ្ជៈដែលមានជាតិស្ករកម្រិតខ្ពស់ និងសាច់ក្រហមច្រើនពេក។ បកស្រាយដោយ វេជ្ជបណ្ឌិត មិន សេងលាប ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top