Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាអតីតនិស្សិតផ្នែកសុខាភិបាលម្នាក់ (ឱសថសាស្ត្រ) ហើយក៏កំពុងធ្វើការទាក់ទងនឹងសុខភាពផងដែរ ខ្ញុំគិតថាមានអ្នកដូចខ្ញុំមិនតិចទេ ដែលធ្លាប់មានភាពស្ទាក់ស្ទើរនៅពេលធ្វើការណែនាំអំពី Websitesសុខភាពដែលអាចទុកចិត្តបាន និងពេញនិយមទៅកាន់មិត្តភក្តិ អ្នកជំងឺ ឬអ្នកទូទៅ។   ជាធម្មតា Websiteសុខភាពនៅលើបណ្តាញអ៊ីនធឺណែនមានច្រើន តែមិនសុទ្ធតែផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព ក្នុងការចូលទៅមើលនោះឡើយ ហេតុនេះសម្រាប់អ្នកទាំងអស់គ្នា មិនថានៅជាអ្នកទូទៅ និស្សិត ឬកំពុងស្ថិតក្នុងវិស័យសុខភាពនេះដែលតម្រូវ ឲ្យធ្វើការស្រាវជា្រវ ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន និងចំណេះដឹងនានា អាចនឹងមានការលំបាកខ្លះប្រសិនមិនបានដឹងអំពីប្រភពដែល អាចជឿជាក់បាន។ ដូចនេះ សង្ឃឹមថាការចែករំលែកនូវ Websites សុខភាព ដែលត្រូវបានចាត់ជា Websites ទាំង15 ដែលពេញនិយមបំផុតបើយោងទៅតាមចំណាត់ថ្នាក់នៃ eBizMBA, Alexa Global Traffic និង U.S. Traffic ដូចខាងក្រោមនេះ អាចជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា។  1.WebMD ចំនួនអ្នកប្រើប្រាស់គិតក្នុងមួយខែមានដល់ទៅ 80,000,000 នាក់។ អត្ថបទសុខភាពពី WebMD ជាទូទៅមានការពន្យល់មានលក្ខណៈសាមញ្ញ និងងាយយល់សម្រាប់អ្នកទូទៅ។ អ្វីដែលពិសេស ក្រៅពីក្រុមការងារដែលមានបទពិសោធន៍ WebMD ក៏រួមសហការជាមួយនឹងក្រុមការងារ ផ្សេងទៀតដូចជា MediciNet.com និង RxList ផងដែរ។  2.NIH មានអ្នកចូលទស្សនាចំនួន 55,000,000 នាក់ក្នុងមួយខែ និងជាទូទៅត្រូវបានស្គាល់ថាជាគេហទំព័រដែលផ្តល់នូវព័ត៌មានទាក់ទងនឹង ការស្រាវជ្រាវថ្មីៗ ឬអាចនិយាយបានថាអត្ថបទនៅក្នុងគេហទំព័រនេះស័ក្តិសមនឹងអ្នកតាមដានជាអ្នកក្នុងវិស័យវេជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ច្រើនជាង។  3.Yahoo! Health ចំនួនអ្នកទស្សនាគេហទំព័រនេះគឺ 50,500,000 នាក់ក្នុងមួយខែ។ Yahoo! Health ជាគេហទំព័រដែលផ្តល់នូវព័ត៌មានថ្មីៗបំផុតដោយផ្តោត លើការរស់នៅប្រកបដោយផាសុកភាព គន្លឹះក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ ស្វែងរកមូលហេតុ ឬរោគសញ្ញាព្រមាន ក៏ដូចជាស្វែងរក ការព្យាបាល និងវេជ្ជបណ្ឌិតផងដែរ។  4.MayoClinic ជាគេហទំព័ររបស់ Mayo Clinic ផ្ទាល់ដែលជាកន្លែងប្រមូលផ្តុំដោយអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រជាមួយនឹងឯកទេសខុសៗ ពីគ្នាលើសពី 3,300 នាក់ ដែលមានគោលបំណងរួមក្នុងការផ្តល់នូវការអនុវត្តក្នុងការថែទាំ អប់រំ និងការស្រាវជ្រាវផ្សេងៗ។ អ្នកចូលទស្សនា គេហទំព័រនេះមានដល់ទៅ 30,000,000 នាក់ក្នុងមួយខែ។  5.MedicineNet មិនខុសពី WebMD ដែលជាបណ្តាញ និងអ្នកដំណើរការនៃគេហទំព័រនេះផ្ទាល់ MedicineNet ក៏ជាមានអ្នកចូលទស្សនារហូតដល់ 25,500,000 នាក់ក្នុងមួយខែ។ ក្រោមទម្រង់ជាគេហទំព័រ online MediciNet មិនត្រឹមផ្តល់នូវទម្រង់ងាយស្រួលអានតែក៏ផ្តល់ជាសំណួរសាកល្បងការ យល់ដឹងអមមកជាមួយនឹងអត្ថបទផងដែរ។  6.Drugs.com  មានអ្នកចូលទស្សនា 22,000,000 នាក់ក្នុងមួយខែ។ វាអាចចាត់ទុកបានថាជាគេហទំព័រដែលអាចផ្តល់នូវព័ត៌មានដែលមានប្រភពគួរឲ្យទុកចិត្ត (Wolters Kluwer Health, American Society of Health-System Pharmacists, Cerner Multum និង Micromedex from Truven Health, Harvard Health Publications, Stedman’s Medical Dictionary…) ទាក់ទងនឹងឱសថ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ សម្រាប់អ្នកទូទៅ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលផងដែរ។  7.EverydayHealth ចំនួនអ្នកទស្សនាក្នុងមួយខែមាន18,000,000 នាក់។ Website នេះផ្តល់ជាទម្រង់មួយសម្រាប់អ្នកប្រើទូទៅក្នុងការតាមដានព័ត៌អំពីសុខភាព និងសម្រាប់អ្នកវិជ្ជាជីវៈសុខាភិបាលក្នុងការស្វែងយល់បន្ថែម និងតាមដានព័ត៌មានថ្មីៗអំពីវិស័យវេជ្ជសាស្ត្រផងដែរ។  8.HealthGrades ទទួលបានការចូលទស្សនា 17,000,000 នាក់ក្នុងមួយខែ ជាមួយនឹងការផ្តល់នូវព័ត៌មានទាក់ទងនឹងការស្វែងរកវេជ្ជបណ្ឌិត មន្ទីរពេទ្យ  និង សេវាថែទាំដែលត្រឹមត្រូវ ព្រមទាំងផ្តល់ឲ្យអ្នកប្រើប្រាស់ និងជំនាញសុខភាពនូវការទំនាក់ទំនងជាមួយគ្នាផ្ទាល់ទៀតផង។  9.Healthline ចំនួនអ្នកចូលទស្សនាមាន 16,000,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័រដែលអ្នកអាចរៀនអំពីស្ថានភាពសុខភាព ស្វែងយល់ពីឱសថ ចូលរួមក្នុងសហគមន៍ និងស្វែងរកគន្លឹះសម្រាប់ការរស់នៅប្រកបដោយសុខភាពជាដើម។  10.Mercola អ្នកចូលទស្សនាគេហទំព័រមាន 15,500,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័ររបស់លោកវេជ្ជបណ្ឌិត Mercola ដែលផ្តល់នូវព័ត៌មានថ្មីៗ​ ជាមួយនឹងប្រភពច្បាស់លាស់ទាក់ទងនឹងសុខភាព។ 11.Health  ចំនួនអ្នកចូលទស្សនាក្នុងមួយខែមាន 15,000,000 នាក់។ គេហទំព័រនេះត្រូវបានដំណើរការដោយអ្នកជំនាញ ដោយផ្តោតលើការដោះស្រាយបញ្ហា និងជាទូទៅត្រូវសរសេរឡើងដោយយោងតាមការចែករំលែកនូវបទពិសោធន៍ក្នុងជីវិតពិតតែម្តង។  12.MindBodyGreen មានអ្នកចូលទស្សនា 10,500,000 នាក់ក្នុងមួយខែ។ គេហទំព័រនេះប្រើប្រាស់នូវមាតិកាដែលល្អៗ និងទាក់ទងនឹងការរស់នៅប្រចាំថ្ងៃដែលផ្តល់ ដោយអ្នកជំនាញផ្នែកសុខភាពជាច្រើនទូទាំងពិភពលោក ដើម្បីផ្តល់ជូននូវជីវិតរស់នៅប្រកបដោយសុខភាព និងភាពរីករាយ។  13.Medscape ជាគេហទំព័រដែលមានអ្នកចូលទស្សនាជាង 9,000,000 នាក់ក្នុងមួយខែ។ វាជាប្រភពដ៏ល្អមួយសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៅលើការ លើកកម្ពស់សុខភាពរបស់អ្នកជំងឺ សម្រាប់អ្នកមានវិជ្ជាជីវៈផ្នែកសុខភាពទាំងអស់តាមរយៈព័ត៌មានគ្លីនិក ព័ត៌មានវេជ្ជសាស្ត្រថ្មីៗ ទស្សនៈវិស័យ របស់អ្នកឯកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈនានាផងដែរ។  14.RxList នេះជាគេហទំព័រមួយទៀតដែលដំណើរការដោយ WebMD ។ RxList មានផ្ទុកនូវព័ត៌មានអំពីមុខឱសថនានា ផ្តល់ជូនដោយឱសថការី និង វេជ្ជបណ្ឌិត រួមជាមួយនឹងទិន្នន័យមានប្រភពច្បាស់លាស់ដូចជា FDA, Cerner Multum, and First Databank, Inc.ជាដើម។ គេហទំព័រនេះផងដែរ មានអ្នកចូលទស្សនាជាង 7,000,000 នាក់ក្នុងមួយខែ។  15.MedicalNewsToday (MNT)  ជាគេហទំព័រដំណើរការដោយ Healthline Media UK Ltd.,ក្រុមហ៊ុនផ្សព្វផ្សាយឈានមុខមួយនៅចក្រភពអង់គ្លេស និងមានការិយាល័យ ផងដែរនៅសហរដ្ឋអាមេរិក ព្រមទាំងតៃវ៉ាន់ ជាមួយនឹងអ្នកចូលទស្សនាក្នុងមួយខែជាង 6,500,000 នាក់។    website ល្អនៅមានជាច្រើនទៀត តែទាំងនេះគឺជាប្រភពព័ត៌មានដែលទទួលបានចំណាត់ថ្នាក់ពេញនិយមជាងគេសម្រាប់ការប្រើប្រាស់ ជាសកល។ ប្រភពព័ត៌មានពី៖ http://www.ebizmba.com/articles/health-websites សំណាងល្អណា!  

ចែករំលែក

ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke)ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថាអាចកាត់បន្ថយទៅបានតាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama, Yale, New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិកជាដើម បានលើកឡើងអំពីការសិក្សាមួយដែលទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 ដោយ JAMA Cardiology អំពីការថយចុះនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលយ៉ាងគួរឲ្យកត់សម្គាល់ (6,2 %) ត្រឹមរយៈពេលប្រហែល 3ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជននៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans-fatty acid) នៅក្នុងអាហារបើប្រៀបនឹងតំបន់ដែលមិនមានការហាមឃាត់។ រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans  អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយកម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2  ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើងនៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL)។ ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារ ចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះត្រូវបានសំយោគឡើងផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែកភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧហស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពក្នុងការជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។ ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ transយោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1%  ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖ · ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans៖ នៅសហរដ្ឋអាមេរិក ផលិតផលដែលមានកម្រិតសារធាតុនេះតិចជាង 0,5ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ 0 ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផលច្រើនមុខដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមនឹងផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans- fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។ · ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថាអាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នានឹងអាស៊ីតខ្លាញ់ដែលត្រូវបានសំយោគឡើងក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើនជំនួសឲ្យប្រេងបន្លែដែលមានអាស៊ីតខ្លាញ់ក្រោមទម្រង់សំ​យោគដែរ។ · កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ៖ អាហារដែលបានរៀបចំហើយជាស្រេច (សូម្បីតែបន្លែ ផ្លែឈើ) នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀនបំពងជាដើម។ · ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះរួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។ ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ? © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                

ចែករំលែក

ស្រ្តីគ្រប់រូបសុទ្ធតែបានជួបប្រទះនូវការឈឺចាប់ត្រង់ផ្នែកពោះ ឬចុករោយខ្នងជារៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះឈឺចាប់ខ្លាំង រហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ ​វានឹងបាត់បង់ទៅវិញក្នុងរយៈពេល ២ឬ៣ថ្ងៃបន្ទាប់។​ គ្មានវិធីសាស្រ្តណាដែលអាចលុបបំបាត់ការឈឺចាប់នេះបានទាំងស្រុងទេ​ មានតែវិធីសម្រាលការឈឺចាប់តែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវការឈឺចាប់ទាំងនោះ ហេលស៍ថាម នឹងបង្ហាញវិធីសាស្រ្ត៤យ៉ាងដូចខាងក្រោម៖ ១. ប្រើប្រាស់ថង់កំដៅ  ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក​ អាចប្រសើរជាងការប្រើប្រាស់ថ្នាំ។​ អ្នកអាចប្រើប្រាស់ថង់ទឹកក្តៅ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់នៃស្បែកនៅលើខ្នង និងពោះផ្នែកខាងក្រោម។​ បច្ចុប្បន្ន ថង់ទឹកក្តៅដែលលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចលោកអ្នកអាចជ្រើសរើសតាមតម្រូវការ ដែលប្រភេទខ្លះអ្នកអាចពាក់វាបានតាមខ្លួនទៀងផង។ ២. ផឹកទឹកក្តៅ វិធីមួយទៀត គឺបរិភោគទឹកក្តៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្តៅ ឬទឹកក្តៅឧណ្ហៗ ធ្វើឲ្យចលនារត់របស់ឈាមបានល្អទៅកាន់កន្លែងសាច់ដុំរមួល​ ដើម្បីបន្ថយការឈឺចាប់។ ៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបាន​ ដោយធ្វើការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកនៅលើពោះ ឬខ្នង បន្ទាប់មកសង្កត់  ហើយច្របាច់តិចៗនៅកន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែលមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវបា្រកដថាកុំសង្កត់ខ្លាំងពេក។ ៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំ មានអារម្មណ៍ថាការឈឺចាប់ថយចុះ នៅពេលពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ នេះក៏ជាហេតុផលមួយទៀត ដែលអ្នកចាំបាត់ត្រូវចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត​ បើមានការឈឺចាប់ខ្លាំង។ ម៉្យាងវិញទៀត អ្នកក៏អាចជំនួសកាហ្វេរបស់អ្នកបាន ដោយការផឹកតែខ្មៅ។ គ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ​ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត​ ដោយហេតុ​ថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង... ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ទម្រាំតែដំណើរទស្សនកិច្ចសិក្សានេះអាចប្រព្រឹត្តទៅបានមិនមែនជាការងាយស្រួលនោះទេព្រោះវាជាលើកដំបូងដែលទៅខេត្តឆ្ងាយ និងមានរយៈយូរដែលខាងផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានខិតខំប្រឹងរៀបចំឡើងអស់រយៈពេលជាយូរខែក្រោមស្ថានភាពដ៏តានតឹង។ ទីបញ្ចប់ ដំណើរទស្សនកិច្ចនេះពិតជាបានធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់២៩មេសា ឆ្នាំ២០១៧ ជាមួយនឹងនិស្សិតឱសថសាស្ត្រចំនួន ៧៦នាក់ បូកផ្សំជាមួយសាស្ត្រាចារ្យ និងបុគ្គលិកសិក្សាចំនួន១១នាក់។ រយៈពេល៣យប់ ៤ថ្ងៃ មិនយូរ តែក៏មិនខ្លី…តែក៏ល្មមសម្រាប់ការសិក្សា និងកសាងកម្រងអនុស្សាវរីយ៍ដែលជាមួយនឹងមិត្តរួមឯកទេស និងជំនាន់ ព្រមទាំងសាស្ត្រាចារ្យផងដែរ…ក្នុងនោះផងដែរ សកម្មភាពចំបងៗដែលបានធ្វើរួមគ្នាមានដូចជា ដំណើររុករករុក្ខជាតិនៅក្នុងព្រៃ ការអប់រំដល់កុមារក្នុងតំបន់អំពីអនាម័យខ្លួនប្រាណរួមមាន របៀបលាងសម្អាតដៃ ការកក់សក់ និងការកាត់ក្រចកដៃឲ្យបានត្រឹមត្រូវ ព្រមទាំងការចែជាសម្ភារៈសិក្សាដល់ពួកគេផងដែរ…មិនត្រឹមតែប៉ុណ្ណោះ ក៏មាននូវការចែកជាឱសថសម្រាប់ប្រើប្រាស់ដល់ប្រជាជននៅក្នុងតំបន់ផងដែរ។  ចាំបានថា…អ្វីដែលដក់ដាមជាប់ក្នុងចិត្តជាងគេ គឺពេលចុះព្រៃហ្នឹងហើយ…លក្ខណៈថាមានគ្រប់រសជាតិតែម្តង… ទាំងស្រមោចខាំ ស្រវាឡើងដើមឈើដើម្បីកាត់មែកឈើ ហើយម្នាក់ៗដៃកាន់សៀវភៅ និងប៊ិចសម្រាប់ត្រៀមកត់ចំណាំនូវលក្ខណៈផ្សេងៗ និងការព្យាបាលនៃរុក្ខជាតិ អមជាមួយការបង្ហាញណែនាំពីសំណាក់លោកគ្រូឱសថបុរាណ។ បន្ថែមពីនេះ និស្សិតគ្រប់រូបត្រូវជួយកាន់ប្រដាប់ប្រដាចាំបាច់ដូចជា កាំបិត កន្រ្តៃ ពូថៅ ថង់ប្លាស្ទិច អាវភ្លៀង មេក្រូ ឈើសម្រាប់ដាក់សំណាករុក្ខជាតិ ក្រដាសកាសែតផ្សេងៗជាច្រើនទៀត ព្រោះត្រូវធ្វើដំណើរតាមផ្លូវដ៏សែនវែងឆ្ងាយ។ ដើររុករករុក្ខជាតិផង មើលទេសភាពថតរូបអនុស្សវរីយ៍ជាមួយនឹងអាកាសធាតុត្រជាក់ល្មមនៅតាមដងផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ទឹកជ្រោះសែនមនោរម្យ ពិតជាធ្វើឲ្យកម្មវិធីសប្បាយរីករាយខ្លាំងឡើងថែមមួយកម្រិតទៀត។ ប៉ុន្តែស្របពេលនោះ ការធ្វើដំណើរផ្លូវឆ្ងាយរាងពិបាក ផ្លូវភ្នំឡើងចុះៗ មានអ្នកពុលឡាន វិលមុខ មិនសូវស្រួលខ្លួនច្រើន បន្ទាប់មក ត្រូវដើរព្រៃទៀត ដូច្នេះហើយ ម្នាក់ៗរាងហត់បន្តិច។ ហត់លាយសប្បាយ!!! វេលាតែមួយអារម្មណ៍ពីរ… អ្វីដែលធ្វើឲ្យពួកយើងរឹតតែមិនអាចបំភ្លេចបានទៀតនោះ គឺ ចំណងមិត្តភាពរវាងសិស្សនិស្សិត  គឺកាន់តែល្អ ចេះជួយទុក្ខធុរៈគ្នា មើលថែគ្នា មិនប្រកាន់គ្នាទៅវិញទៅមក ហើយទំនាក់ទំនងលោកគ្រូ និងបុគ្គលិក រួមទាំងនិស្សិតកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត… ពិតជាចង់មានឱកាសបែបនេះម្តងទៀតមែន…បានទាំងចំណេះ បានទាំងសម្ព័ន្ធភាព និងភាពសប្បាយរីករាយ…

ចែករំលែក

ធុរ៉េនត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានការពេញនិយមខ្លាំង គ្រាន់តែកាលរដូវកាលរបស់ធុរ៉េនដល់ភ្លាម ធ្វើដំណើរទៅណាក៏ធុំក្លិនធុរ៉េនដែរ អ្នកដែលចូលចិត្តនឹងយល់អារម្មណ៍មួយនេះ(មិនបានញ៉ាំបានតែហិតក្លិនក៏អស់ចិត្ត)។ ភាគច្រើនគេចូលចិត្តញ៉ាំសាច់ធុរ៉េនផ្ទាល់ ឬច្នៃជាបង្អែមផ្សេងៗ។ រសជាតិ និងក្លិនធុរ៉េនអាចច្នៃទៅជាបង្អែមបានច្រើនយ៉ាង ដូចជាសង់ខ្យាធុរ៉េន ឬនំដុតជាដើម។ តើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ? ការពិតទៅយើងគ្រាន់តែបន្ថែម​ ធុរ៉េនចូលបង្អែមចេកខ្ទិះ ដើម្បីបង្កើនឱជារសរបស់វាមួយកម្រិតទៀត។ គ្រឿងផ្សំ៖ • ចេកទុំ ចិតជាចំណិតៗ • ធុរ៉េន បកយកសាច់ និងបំបែកជាបំណែកតូចៗ • សណ្តែកប្រេង លីងឲ្យមានក្លិនឈ្ងុយល្មម • គ្រាប់សាគូស ត្រាំទឹកឲ្យរីក • ខ្ទិះដូង • ស្ករស ឬស្ករត្នោត របៀបធ្វើងាយៗ៖ • ដាក់ដាំទឹកមានលាយខ្ទិះដូងខ្លះកាន់តែល្អ • ដាក់ចេកទុំចូល ប្រហែល៥នាទីរួចដាក់សណ្តែកប្រេងចូល • រំងាស់ប្រហែល១០នាទីទៀត • បន្ទាប់មកបន្ថែមគ្រាប់សាគូសចូល ទុកប្រហែល២នាទី • រួចដាក់សធុរ៉េន ស្ករ និអំបិលចូល អាស្រ័យតាមរសជាតិដែលអ្នកចង់បានជាការស្រេច បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់.... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសម្ពោធបើកជាផ្លូវការ ក្នុងបរិវេណអាគារ Exchange Square ដែលមានការិយាល័យនៅជាន់ទី១២ នៃអាគារ Exchange Square នេះផងដែរ។ ការសម្ពោធនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Edmund Tse អភិបាលនៃក្រុមហ៊ុន AIA Group Limited និងគណៈអធិបតីកិត្តិយសទាំងអស់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលនានា។  ក្នុងឱកាសសម្ពោធជាផ្លូវការនេះ Ng Keng  Hooi អគ្គនាយកប្រតិបត្តិ និងប្រធានចាត់តាំង នៃក្រុមហ៊ុន អេ អាយ អេ គ្រុប លីមីធីត បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណដល់ អេ អាយ អេ។ សព្វថ្ងៃ អេ អាយ អេ មានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ហើយលោកបន្ថែមទៀតថា យើងនឹងធ្វើការអបអរសារទរខួប១០០ឆ្នាំ ក្នុងឆ្នាំ២០១៩។ លោកបានប្តេជ្ញាចិត្តចំពោះការមកដល់កម្ពុជារបស់ អេ អាយ អេ ដើម្បីជីវិតពិត នឹងផ្តល់ជូននូវសុវត្ថិភាពហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត ជូនប្រជាជនកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។  លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ  អេ ខេមបូឌា ក៏បានថ្លែងអំណរគុណដល់ការជួយជ្រោមជ្រែងពីដៃគូរបស់ខ្លួន គឺធានាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុន Smart Axiata សម្រាប់ការជឿទុកចិត្ត និងឆន្ទៈសហការយ៉ាងពិតប្រាកដ។ បន្ថែមពីនេះក៏មានការ ចុះហត្ថលេខារវាងធនាគារកម្ពុជាសាធារណៈ ក្នុងនាមជាភ្នាក់ងារណែនាំអតិថិជន និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេអាយអេ ខេមបូឌានៅជាន់ផ្ទាល់ដី នៃអាគារធនាគារកម្ពុជាសាធារណៈបន្ទាប់ពីធ្វើសន្និសិទកាសែត ក្នុងការិយាល័យ អេអាយអេ ជាន់ទី១២ នៃអាគារExchange Square។  អ្វីដែលពិសេសនោះ គឺក្នុងថ្ងៃទី០៦ឧសភានេះផងដែរ អេអាយអេ រៀបចំការប្រគុំតន្រ្តីមួយដែលហៅថា ដើម្បីអបអរការសម្ពោធជាផ្លូវការរបស់អេអាយអេ។ ក្រោមវត្តមានរបស់តារាល្បីៗជាច្រើនដូចជាលោកព្រាបសុវត្ថិ កញ្ញាពេជ្រ សោភា និងក្រុមក្មេងខ្មែរជាដើម។ ក្រៅពីនោះក៏មានការហាត់យោគៈជាមួយឌីជេ ណាណា និងការលេងហ្គេមផ្សេងៗផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៤រសៀលនេះទៅ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                     

ចែករំលែក

និស្ស័យមានពិតមែនឬទេ? តើលើលោកនេះ ពិតជាមានរឿងពីរម៉ាត់ដែលគេហៅថា«និស្ស័យ»ហ្នឹងមែនទេ? ដូចជាចង់ជឿបន្តិច អត់បន្តិច យ៉ាងម៉េចទេ...តែបើរឿងថា«ឃើញភ្លាម ស្រឡាញ់ភ្លែត...» ជឿជាក់១០០%ហ្មង ព្រោះធ្លាប់ហើយ...ធ្លាប់មែនណា៎... ប៉ុន្មានថ្ងៃមុននេះ មានអ្នកជំងឺម្នាក់...ភេទស្រី វ័យប្រហែល២០ឆ្នាំស្តើង រាងស្វែល(មិនធាត់ពេក មិនស្គមពេក) មុខវិញមើលដំបូងដូចតួចិន  (គឺថា...ភ្នែកតូចៗលិបៗ បែបកូនចៅចិន...) ឃើញត្រឹមតែប៉ុន្មាននាទីសោះ ក៏scanមុខគេជាប់បាត់ទៅហើយ មិនត្រឹមតែscanក្នុងការចងចាំទេ គឺscanដល់បេះដូងតែម្តង... រឿងរ៉ាវថ្ងៃនោះ គឺបែបនេះ... កំពុងអង្គុយចាំជួបសិស្សប្អូនមកប្រជុំ ស្រាប់តែលឺសំឡេងគោះទ្វារ...ស្មានតែជាពួកគេ មិនបានងាកមើល តែក៏លឺសំឡេងប្លែក...សំឡេងឡើងស្រទន់បន្លឺឡើងថា៖ «អត់ទោស, លោកគ្រូ!!! លោកគ្រូពិគ្រោះជំងឺទូទៅមែនទេ?» (ងាកមើលមុខគេភ្លាម បេះដូងលោតឡើងញាប់...ភ្លឹក...ឡើងឆ្លើយមិនចង់ចេញ...) «អ៎!!! អត់ទេ...នៅបន្ទប់ទល់មុខនេះ...» «អូ...ចឹងសុំទោសលោកគ្រូ...» «មិនអីទេ...» «ចាស៎...អរគុណច្រើន ចឹងខ្ញុំសូមជម្រាបលា លោកគ្រូ...» ប្រុងនឹងជូនដំណើរគេដែរ តែសិស្សប្អូនមកល្មម...បានត្រឹមសម្លឹងមើលគេពីក្រោយ សក់វែងត្រឹមពាក់កណ្តាលខ្នង ត្រង់ល្អ ហើយរលើបរលោងណាស់...ឡើងcareម៉ាក់គេខ្លាំងហ្មង ឃើញដើរអោបដៃគាត់រហូត ហើយនិយាយស្តីឡើងគួរឲ្យស្រឡាញ់ហ្មង... អ្នកជំងឺខ្ញុំអើយ...ថ្ងៃណាយើងបានជួបទៀត??? តើនិស្ស័យមានទៀតដែរឬទេ? អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ២)

ចែករំលែក

និស្ស័យមានពិតមែនឬទេ? តើលើលោកនេះ ពិតជាមានរឿងពីរម៉ាត់ដែលគេហៅថា«និស្ស័យ»ហ្នឹងមែនទេ? ដូចជាចង់ជឿបន្តិច អត់បន្តិច យ៉ាងម៉េចទេ...តែបើរឿងថា«ឃើញភ្លាម ស្រឡាញ់ភ្លែត...» ជឿជាក់១០០%ហ្មង ព្រោះធ្លាប់ហើយ...ធ្លាប់មែនណា៎... ប៉ុន្មានថ្ងៃមុននេះ មានអ្នកជំងឺម្នាក់...ភេទស្រី វ័យប្រហែល២០ឆ្នាំស្តើង រាងស្វែល(មិនធាត់ពេក មិនស្គមពេក) មុខវិញមើលដំបូងដូចតួចិន  (គឺថា...ភ្នែកតូចៗលិបៗ បែបកូនចៅចិន...) ឃើញត្រឹមតែប៉ុន្មាននាទីសោះ ក៏scanមុខគេជាប់បាត់ទៅហើយ មិនត្រឹមតែscanក្នុងការចងចាំទេ គឺscanដល់បេះដូងតែម្តង... រឿងរ៉ាវថ្ងៃនោះ គឺបែបនេះ... កំពុងអង្គុយចាំជួបសិស្សប្អូនមកប្រជុំ ស្រាប់តែលឺសំឡេងគោះទ្វារ...ស្មានតែជាពួកគេ មិនបានងាកមើល តែក៏លឺសំឡេងប្លែក...សំឡេងឡើងស្រទន់បន្លឺឡើងថា៖ «អត់ទោស, លោកគ្រូ!!! លោកគ្រូពិគ្រោះជំងឺទូទៅមែនទេ?» (ងាកមើលមុខគេភ្លាម បេះដូងលោតឡើងញាប់...ភ្លឹក...ឡើងឆ្លើយមិនចង់ចេញ...) «អ៎!!! អត់ទេ...នៅបន្ទប់ទល់មុខនេះ...» «អូ...ចឹងសុំទោសលោកគ្រូ...» «មិនអីទេ...» «ចាស៎...អរគុណច្រើន ចឹងខ្ញុំសូមជម្រាបលា លោកគ្រូ...» ប្រុងនឹងជូនដំណើរគេដែរ តែសិស្សប្អូនមកដល់ល្មម...បានត្រឹមសម្លឹងមើលគេពីក្រោយ សក់វែងត្រឹមពាក់កណ្តាលខ្នង ត្រង់ល្អ ហើយរលើបរលោងណាស់...ឡើងcareម៉ាក់គេខ្លាំងហ្មង ឃើញដើរអោបដៃគាត់រហូត ហើយនិយាយស្តីឡើងគួរឲ្យស្រឡាញ់ហ្មង... អ្នកជំងឺខ្ញុំអើយ...ថ្ងៃណាយើងបានជួបទៀត??? តើនិស្ស័យមានទៀតដែរឬទេ?

ចែករំលែក

ចំពោះស្រ្តីដែលមិនទាន់ចង់ក្លាយជាម្តាយ នៅវ័យក្មេង ឬមិនទាន់បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការពពោះ ការពន្យារកំណើតគឺជារឿង ចាំបាច់ មួយដែលត្រូវធ្វើ។ ការពន្យារកំណើតគឺជាវិធីការពារការមានផ្ទៃពោះ តាមរយៈការរំខានដល់ដំណើរការ នៃការបញ្ចេញអូវុល ការបង្កកំណើត និងការកាច់សម្បុក។ ការពន្យារកំណើតមានច្រើនប្រភេទដែលធ្វើសកម្មភាពនៅចំណុចផ្សេងពីគ្នានៅក្នុងដំណើរការនេះ។ ត្រង់ចំណុចនេះ ស្ត្រីជាទូទៅពិតជាមានការពិបាកសម្រេចចិត្តក្នុងការជ្រើសរើសវិធីសាស្ត្រណាមួយដែលល្អបំផុតសម្រាប់ខ្លួន។ ខាងក្រោមគឺជាការ ណែនាំអំពីវិធីសាស្រ្តក្នុងការពន្យារកំណើត ដែលស្របនឹងការណែនាំរបស់ជំនាញ វាក៏អាចជួយឲ្យអ្នកកាន់តែច្បាស់ក្នុងការសម្រេចចិត្តផងដែរ។  ប្រភេទនៃការពន្យារកំណើត ការពន្យាកំណើតមានច្រើនប្រភេទដែលត្រូវជ្រើសរើសយកមកប្រើ ហើយការពន្យារកំណើតនីមួយៗមានប្រសិទ្ធភាពនិងផលវិបាកផ្សេងៗគ្នា ៖ •វិធីសាស្រ្តអ័រម៉ូន (hormones methods): ការប្រើប្រាស់ថ្នាំ (hormones) ការពារការបញ្ចេញអូវុលមានដូចជា ការលេបថ្នាំគ្រាប់(oral contraceptives) ការចាក់ថ្នាំ (Depo Provera injections) និងការដាក់កងក្នុងដៃស្បូន (Norplant)។  •វិធីសាស្រ្តរាំងស្ទះ (barrier methods): វិធីសាស្រ្តនេះប្រើសម្រាប់រារាំងស្ពែម (sperm) ដើម្បីកុំឲ្យមានការបង្កកំណើតជាមួយអូវុល ដែលមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ (condoms) និងស្រោមអនាម័យស្រ្តី (diaphragm)។ •វិធីសាស្រ្តសម្លាប់មេជីវិត(spermicide methods):ជាការប្រើថ្នាំសម្លាប់មេជីវិតឈ្មោល (nonoxynyl-9)។ •វិធីសាស្ត្រដាក់កងក្នុងស្បូន (intrauterine -devices): វិធីសាស្រ្តនេះគឺជាការដាក់កងក្នុងស្បូន ដើម្បីការពារកុំឲ្យមានការកាច់សម្បុក លើជញ្ជាំងស្បូន។ អាចដាក់បានពី ១ ឆ្នាំទៅ ១០ឆ្នាំ។ •វិធីសាស្ត្រគ្រៀវ (sterilizations): ចំពោះស្រ្តីគឺជាការចងនូវដៃស្បូន (fallopiantube) ដែលមិនអាចឲ្យអូវុលធ្វើដំណើរមកកាន់ស្បូន បាន ក៏ដូចជាមិនអនុញ្ញាតឲ្យស្ពែម៉ាតូសូអ៊ីតមកជួបអូវុលបាន។ ចំពោះបុរសគឺជាការកាត់ផ្តាច់នូវបំពង់តូចៗ(vasectomy) ដែលដឹកស្ពែមទៅ កាន់បំពង់សែមីនេហ្វែ ដូច្នេះមិនមានវត្តមានស្ពែម៉ាតូសូអ៊ីតបន្តទៀតទេ។ •វិធីសាស្រ្តពន្យារកំណើតភ្លាមៗ (emergencycontraceptives): ប្រើប្រាស់សម្រាប់ការមិនចង់បានកូន នៅពេលមានរឿងចម្រូងចម្រាស់ (រំលោភ) ឬក្នុងករណីសង្ស័យខ្លាចមានកូនដោយការភ្លេចប្រើប្រាស់វិធីពន្យារកំណើតនានា។ ទោះយ៉ាងណាក៏ដោយ មិនមានវិធីសាស្ត្រណាអាចធានា ១០០%នៃការមិនមានផ្ទៃពោះនោះទេ មានតែការមិនរួមភេទតែមួយគត់ដែលអាច ធានាបាន១០០% ដែលមូលហេតុគឺបណ្តាលមកពីវិធីការពារខ្លះមានភាពលំបាកក្នុងការប្រើប្រាស់ ឯអ្នកប្រើប្រាស់ទៀតសោតមិនបានប្រើប្រាស់ ត្រឹមត្រូវ និងទៀងទាត់។ ការប្រើប្រាស់ និងប្រសិទ្ធភាពគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់មានគោលបំណងតែមួយ ហើយប្រសិទ្ធភាពរបស់វា មានផលវិជ្ជមានច្រើនប្រសិនបើការប្រើប្រាស់បានត្រឹមត្រូវ ឧទាហរណ៍ ចំពោះថ្នាំគ្រាប់ពន្យារកំណើតនឹងផ្តល់ប្រសិទ្ធភាពប្រសិនបើលេបជារៀង- រាល់ថ្ងៃ ស្រោមអនាម័យបុរស-ស្រ្តីមានប្រសិទ្ធភាពនៅពេលកំពុងរួមភេទ ការចាក់ថ្នាំពន្យារកំណើត (Depo Provera injections) ការដាក់កងក្នុងស្បូន (intrauterine devices) ឬដៃស្បូន (Norplant) ការគ្រៀវ (sterilizations) គឺជាវិធីសាស្រ្តដែលមាន ប្រសិទ្ធភាពជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់វិធីពន្យារកំណើត ដែលត្រូវបានបែងចែកទៅតាមប្រភេទ៖ o ការលេបតាមមាត់ (oral ): ថ្នាំគ្រាប់ពន្យារកំណើតត្រូវលេបជារៀងរាល់ថ្ងៃ។ o ការចាក់តាមសាច់ដុំ (muscle injection): ថ្នាំអ័រម៉ូន (Depo Provera) ត្រូវចាក់រៀងរាល់ ៣ខែម្តង o ការដាក់កងនៅដៃស្បូន (Norplant): ថ្នាំអ័រម៉ូនដែលមានប្រសិទ្ធភាពរយៈពេលយូរ ដែលត្រូវដាក់ក្រោមស្បែកនៅដើមដៃ។ o ការដាក់កងក្នុងស្បូន ( IUD): ត្រូវដាក់នៅក្នុងស្បូន។ o ការគ្រៀវ (sterilizations): ត្រូវធ្វើការវះកាត់ និងប្រើប្រាស់ថ្នាំសណ្តំ។ o ការពន្យារកំណើតភ្លាម : ការប្រើប្រាស់ស្រោមអនាម័យបុរស-ស្រ្តី និងការប្រើប្រាស់ថ្នាំសម្លាប់មេជីវិតភ្លាមៗ (emergency contraceptives) បន្ទាប់ពីការរួមភេទរួច ឬក្នុង ៧២ម៉ោងក្រោយរួមភេទ។ ការប្រុងប្រយ័ត្ន និងផលអវិជ្ជមានមួយចំនួនក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើតនីមួយៗ៖  o ការលេបថ្នាំគ្រាប់ពន្យារកំណើត៖ កម្រិតអ័រម៉ូន (estrogen) នៅក្នុងថ្នាំគ្រាប់ពន្យារកំណើតអាចបង្កបញ្ហាគាំងបេះដូងចំពោះស្រ្តីដែលមាន អាយុចាប់ពី ៣៥ឆ្នាំឡើងទៅ និងស្រ្តីដែលជក់បារី ។ ដូចនេះ ស្រ្តីទាំងនោះគួរចៀសវាងប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។ o ការដាក់កងក្នុងស្បូន ( IUD)៖ អាចបង្កបញ្ហារលាកអាងត្រគាកធ្ងន់ធ្ងរ និងបញ្ហារលាកស្បូនដែលបណ្តាលមកពីការស៊កកងចូលទៅក្នុង ជញ្ជាំងស្បូន។ ការវះកាត់ជាវិធីសាស្រ្តដោះស្រាយបញ្ហានេះ។ o ការគ្រៀវ (sterilizations)៖ គ្រប់ការវះកាត់ទាំងអស់សុទ្ធតែអាចប្រឈមមុខនឹងបញ្ហាបច្ចេកទេសនានា បញ្ហាប្រើប្រាស់ថ្នាំសណ្តំ និង បញ្ហាហូរឈាមជាដើម។ o ការពន្យារកំណើតភ្លាម (emergency contraceptives)៖ ការប្រើប្រាស់ថ្នាំនេះមិនត្រូវអនុញ្ញាតឲ្យប្រើសម្រាប់ ការពន្យារកំណើតគ្រប់ពេល នោះទេ ព្រោះវាអាចប៉ះពាល់ដល់វដ្តរដូវស្រ្តី និងមិនធានា១០០% ចំពោះការមិនមានកូននោះទេ ប្រសិនបើការប្រើប្រាស់ថ្នាំនេះមិនមាន ប្រសិទ្ធភាព នោះអាចបង្កឲ្យកើតមាននូវកូនក្រៅស្បូនទៀតផង។ ការត្រៀមខ្លួនមុនពេលប្រើប្រាស់វិធីសាស្រ្តពន្យារកំណើត៖ មិនមានវិធីសាស្រ្តពិសេសណាមួយដើម្បីឲ្យស្រ្តីត្រៀមខ្លួនមុនពេលប្រើប្រាស់វិធីពន្យារកំណើតនោះទេ។ ការប្រើប្រាស់វិធីពន្យារកំណើតបានលុះត្រាតែ ស្រ្តីប្រាកដថាខ្លួនមិនមានផ្ទៃពោះ មុនពេលដែលចាប់ផ្តើមប្រើប្រាស់ការលេបថ្នាំ ឬដាក់កង។  បញ្ហាប្រឈមក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត៖ o វិធីសាស្រ្តអ័រម៉ូន (hormones methods)៖ ការប្រើប្រាស់ពពួកថ្នាំអ័រម៉ូន អាចធ្វើឲ្យមានការប្រែប្រួលនូវវដ្តរដូវរបស់ស្រ្តី ប្រែប្រួលអារម្មណ៍ ឡើងគីឡូ ឡើងមុនលើមុខ ឈឺក្បាល។ លើសពីនេះទៅទៀត វាអាចបណ្តាលឲ្យស្រ្តីមួយចំនួនមានបញ្ហាបាត់រដូវរយៈពេលជាច្រើនខែនៅពេល បញ្ឈប់ការប្រើប្រាស់ថ្នាំចាក់ និងការដាក់កងក្នុងដៃ។ o វិធីសាស្រ្តរាំងស្ទះ (barrier methods)៖ ការប្រើប្រាស់ស្រោមអនាម័យស្រ្តី (diaphragm) ចំពោះស្រ្តីត្រូវប្រាកដថាវាពិតជាត្រឹមត្រូវព្រោះ ស្រ្តីមួយចំនួនអាចនឹងជួបបញ្ហារលាកផ្លូវនោមនៅពេលដែលប្រើប្រាស់វា។ o វិធីសាស្រ្តសម្លាប់មេជីវិត (spermicide methods)៖ ស្រ្តី និងបុរសមូយចំនួនអាចមានអាល្លែកហ្ស៊ីជាមួយថ្នាំ (nonoxynyl-9) ដែលអាច រីករាលដាលទៅស្បែក។ o វិធីសាស្ត្រដាក់កងក្នុងស្បូន (IUD)៖ ការដាក់កងនេះមានន័យថាយករបស់ខាងក្រៅទៅដាក់នៅក្នុងស្បូនរបស់ស្រ្តី ដែលបណ្តាលឲ្យស្បូនមាន ប្រតិកម្មចង់យកវាចេញក្រៅ។ ដូច្នេះ ស្រ្តីដែលប្រើប្រាស់មធ្យោបាយនេះអាចមានការមកឈាមរដូវច្រើន និងឈឺចាប់ខ្លាំងនៅកន្លែងដែល ដាក់កងនោះ។ o ការគ្រៀវ (sterilizations)៖ ស្រ្តីមួយចំនួនអាចនឹងជួបបញ្ហាមករដូវមិនស្រួល បន្ទាប់ពីការគ្រៀវ។ បញ្ហានេះគេមិនទាន់ដឹងនៅឡើយទេ ថាអាចមកពីខ្សែចងរបស់ដៃស្បូននោះទេ។ មិនមានវិធីសាស្រ្តពន្យារកំណើតណាដែលល្អឥតខ្ចះនោះទេ។  គ្រប់វិធីសាស្ត្រខាងលើ គួរតែត្រូវបានឆ្លងកាត់ការពន្យល់ណែនាំរបស់អ្នកជំនាញត្រឹមត្រូវ ពីព្រោះអត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់របស់ វិធីសាស្រ្តនីមួយៗនឹងត្រូវបានសម្របសម្រួលទៅតាមលក្ខខណ្ឌផ្សេងៗទាក់ទងនឹងស្ត្រីម្នាក់ៗ ក៏ដូចជាផែនការគ្រួសាររបស់ពួកគេផងដែរ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អាការៈគេងមិនលក់ត្រូវបានទទួលស្គាល់ថាជាបញ្ហាចោទមួយរបស់មនុស្សសឹងតែគ្រប់វ័យ ហើយផ្តល់នូវផលរំខានជាច្រើនដល់ជីវិតរស់នៅ សុខភាព ការសិក្សារ ការងារ អារម្មណ៍ជាដើម ដែលជាមូលហេតុនៃហានិភ័យផ្សេងៗទៀត។ មានមូលហេតុជាច្រើននៅពីក្រោយបញ្ហានេះដែលក្នុងនោះ មួយចំនួនមិនមានអ្វីគួរឲ្យបារម្ភ តែខ្លះទៀតក៏អាចទាក់ទងនឹង បញ្ហាធ្ងន់ធ្ងរផងដែរ។ ចំពោះបញ្ហានេះ ការព្យាបាលដំបូង រួមមាន ការផ្លាស់ប្តូរបរិយាកាសឬរបៀបរស់នៅ ការព្យាបាលមូលហេតុបង្កបញ្ហានេះ និងចុងក្រោយគឺការប្រើប្រាស់ថ្នាំងងុយគេងផងដែរ។ និយាយអំពីថ្នាំងងុយគេង ភាគច្រើនយើងនឹងនឹកទៅដល់ថ្នាំងងុយគេង ប្រភេទញៀន ឬប្រភេទដែលត្រូវការវេជ្ជបញ្ជាយ៉ាងតឹងរឹង ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ជាច្រើនរបស់វា។ ដោយឡែក ថ្នាំសម្រាប់ជាជំនួយក្នុងការគេងក៏មានផងដែរនូវប្រភេទថ្នាំដែលមិនទាមទារវេជ្ជបញ្ជាដោយអ្នកអាចប្រើប្រាស់បានក្រោមការណែនាំនិងតាមដានរបស់ឱសថការីត្រឹមត្រូវ ក្នុងករណីគេងមិនលក់មានលក្ខណៈស្រាល និងកើតមានម្តងម្កាល ខណៈពេលដែលការព្យាយាមមធ្យោបាយផ្សេងៗគ្មានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាសារធាតុសកម្មនៅក្នុងឱសថប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា សំខាន់ៗដែល​ត្រូវបាននិយមប្រើប្រាស់សម្រាប់ជាជំនួយក្នុងការគេង៖ •Diphenhydramine/Dimenhydrinate: ជាថ្នាំប្រភេទ antihistamine ដែលមានសកម្មភាពទប់ស្កាត់សកម្មភាពរបស់ histamine នៅនឹងរេសិបទ័រ histaminergic-H1 ហើយក៏ជា anticholinergic ផងដែរ។ សារធាតុទាំងនេះ ត្រូវបានទទួលស្គាល់ថាប្រើប្រាស់សម្រាប់ ប្រឆាំងការអាល្លែកហ្ស៊ី និងការពុលឡានផងដែរ។ ជាទូទៅឱសថនេះផ្តល់ប្រសិទ្ធភាពសម្រាប់ការងងុយគេងនៅកម្រិត 50មក្រ តែភាគច្រើន យើងអាចទទួលបានប្រសិទ្ធភាព​នេះនៅកម្រិតត្រឹម 25មក្រ ប៉ុណ្ណោះ ដោយការប្រើ 30ទៅ 60 នាទីមុនពេលចូលគេង តែមិនត្រូវប្រើលើសពី 7 ទៅ 10ថ្ងៃទេ ដរាបណាគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ សារធាតុទាំងនេះមានក្រោមពាណិជ្ជនាមដូចជា Benadryl, Nautamine, Dramamine, Antimo ANAK ជាដើម។ •Doxylamine succinate: ក៏ជាពពួក antihistamine មួយផងដែរ តែប្រសិទ្ធភាពរបស់វាផ្តោតទៅលើការទប់ស្កាត់ការក្អួត និងជា ជំនួយសម្រាប់ការគេងតែម្តង។ ដោយឡែក ឱសថនេះក៏មានការប្រើប្រាស់ចំពោះ ការអាល្លែកហ្ស៊ី និងផ្តាសាយផងដែរ។ ចំពោះការប្រើប្រាស់ សម្រាប់ការងងុយគេងត្រូវបានប្រើក្នុងកម្រិតពី 7,5 ឬយ៉ាងច្រើន 25 មក្រ ចំពោះមនុស្ស ពេញវ័យ និងក្មេងអាយុចាប់ពី១២ឆ្នាំ 30នាទីមុន ចូលគេង។ ផលិតផលឱសថដែលពេញនិយមគឺ Unisom SleepTabs (25 mg), Donormil ជាដើម។ •Melatonine​: ជាប្រភេទ អ័រម៉ូនដែលសំយោគនៅក្នុងក្រពេញ Pineal ស្ថិតនៅក្នុងខួរក្បាល និងមាននាទីទទួលខុសត្រូវ ឬក៏គ្រប់គ្រង​វដ្តនៃដំណេក និងការភ្ញាក់។​ ជាធម្មតា melatonine ចាប់ផ្តើមកើនឡើងនៅនៅពេលព្រលប់ទៅដល់យប់ជ្រៅ និងរក្សាកម្រិតខ្ពស់នេះ ពេញមួយយប់ រួចទើបធ្លាក់ចុះមកវិញនៅពេលព្រឹកព្រហាម។ ពន្លឺគឺជាកត្តាចំបងមួយដែលនាំឲ្យការផលិត melatonine ក្នុងខ្លួនថយចុះ ដូចនេះវាត្រូវបានប្រើប្រាស់ក្នុងបញ្ហាដំណេកដោយសារការផ្លាស់ប្តូរពេលវេលាឬ jet-lag, ការគេងមិនលក់,គ្រប់គ្រងការគេងចំពោះអ្នកដែល ធ្វើការវេនយប់ជាដើម។ សារធាតុនេះអាចមានក្នុងបរិមាណតិចតួចផងដែរក្នុង សាច់ បន្លែ ផ្លែឈើ និងធញ្ញជាតិមួយចំនួន។ ដោយឡែក អ្នកក៏អាចរកវាបានយ៉ាងងាយក្រោមទម្រង់ជាឱសថបំប៉នក្នុងកម្រិតពី 1ទៅ 5មក្រ។ •Herbal combination products: សារធាតុមួយចំនួនដែលមានក្នុងរុក្ខជាតិឱសថត្រូវបានទទួលស្គាល់ពីប្រសិទ្ធិភាពក្នុងការជួយឲ្យ ងងុយគេង និងរំងាប់អារម្មណ៍ និងត្រូវបានចម្រាញ់រួមគ្នាចេញជាឱសថ។ ក្នុងនោះរួមមានផលិតផលមួយចំនួនលើទីផ្សារដូចជា Alluna Sleep, Hyland's Insomnia, Nature Made Sleep Natural Sleep Aid, Rapid Sleep PM, Schiff Knock-Out, Sleep MD Tablets ជាដើម។ •​​​Antihistamine–analgesic combination products: ចំពោះប្រភេទឱសថដែលមានការរួមផ្សំរវាងសារធាតុឱសថបំបាត់ការ ឈឺចាប់ និងពពួកប្រឆាំងនឹង histamine ដែលផ្តល់នូវឥទ្ធិពលងងុយគេង។ ប៉ុន្តែ ឱសថប្រភេទនេះត្រូវបានប្រើប្រាស់តែក្នុងករណីដែល មូលហេតុនៃការគេងមិនលក់នោះទាក់ទងនឹងការឈឺចាប់ប៉ុណ្ណោះ។ ឱសថដែលមានលើទីផ្សារមានដូចជា Advil PM (ibuprofen 200 mg/diphenhydramine citrate 38mg), Tylenol PM Simply Sleep (acetaminophen 500mg/diphenyhydramine HCl 25mg) ជាដើម។ យ៉ាងណាមិញ ការប្រើប្រាស់ឱសថទាំងនេះ ក៏ត្រូវមានការប្រុងប្រយ័ត្ន និងស្ថិតក្រោមការវាយតម្លៃ និងតាមដានរបស់ឱសថការីយ៉ាងម៉ត់ចត់ ដោយឆ្លងកាត់ការសាកសួរអំពីអាការៈ និងព័ត៌មានទាក់ទងផ្សេងៗ មុននឹងសម្រេចចិត្តពីឱសថការីក្នុងការផ្តល់ឱសថដល់ពួកគាត់ ជាពិសេស ក៏មានការណែនាំអំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងប្រាប់ពីផលរំខានផ្សេងៗទាក់ទងនឹងឱសថនេះជាកំហិតផងដែរ។ ក្នុងអំឡុងពេល ប្រើប្រាស់ឱសថទាំងនេះ ត្រូវប្រុងប្រយ័ត្ននូវសកម្មភាពមួយចំនួនដូចជា ការពិសារគ្រឿងស្រវឹង ការប្រើប្រាស់យានយន្ត ការប្រើប្រាស់ឱសថដែល មានសារធាតុប្រឆាំងអាល្លែកហ្ស៊ី ឬថ្នាំផ្តាសាយមួយចំនួនដែលមានសារធាតុទាំងអស់នោះជាដើម។​ ត្រូវចងចាំម្តងទៀតថា ឱសថប្រភេទនេះ អាចប្រើប្រាស់តែក្នុងរយៈពេលមួយខ្លី​ប៉ុណ្ណោះ ដូចនេះក្នុងករណីអាការៈនៅតែមិនធូរស្រាល ឬក៏កាន់តែធ្ងន់ធ្ងរត្រូវបញ្ឈប់ការ ប្រើប្រាស់ និងទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលទើបតែបានចេញថ្មីៗនេះ អំពីការជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងចំនួន៧១០នាក់ ហេតុនេះហើយ ទើបយើងខ្ញុំសូមនាំមកជូននូវវិញ្ញាសាប្រឡងដែលបានចេញកាលពីឆ្នាំ២០១៦ ដែលលោកអ្នកអាចទាញយកដោយមិនគិតថ្លៃ។ ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ខំប្រឹងឡើងណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រសួងកំពុងត្រូវការជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាលចំនួន ៧១០នាក់ ដែលជាជំណឹងដ៏ល្អមួយសម្រាប់បេក្ខជន និងបេក្ខនារីដែលបានទន្ទឹងរង់ចាំឱកាសដ៏វិសេសវិសាលនេះ។ សម្រាប់លក្ខខណ្ឌផ្សេងៗ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅលើសេចក្តីក្រដាសខាងលើ... កាលបរិច្ឆេទសំខាន់ៗ ៖ ផុតកំណត់ដាក់ពាក្យ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ៥ល្ងាច ថ្ងៃប្រឡង ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២:៣០ រសៀល វិញ្ញាសាប្រឡង ៖ វិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ច្បាប់ បទបញ្ញត្តិនានា គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល (រយៈពេល២ម៉ោង) មណ្ឌលប្រឡង ៖ ក្រសួងនឹងធ្វើការបញ្ជាក់តាមក្រោយ លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍ពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? ប្រភព ៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top