Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាពេលបច្ចុប្បន្ន ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរហាក់មានការកើនឡើងតាមសមាមាត្រខ្ពស់ទៅនឹងវ័យ និងអាយុរបស់មនុស្ស (អាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ) ជាពិសេស ៨០ភាគរយកើតចំពោះស្ត្រីហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ជំងឺរលាកសន្លាក់រុំារ៉ៃ ឬភាសាបចេ្ចកទេសហៅថា Rheumatoid Polyarthritis ជាជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ហើយវាត្រូវបានកំណត់ដោយការរីកសាយភាយ និងការរលាកនៅលើសន្លាក់ ពិសេសជាលិកាស្រោមសន្លាក់ (Tissue synovial)។ ដោយឡែកជំងឺនេះវាអាចបង្កឲ្យមានការខូចរចនាសម្ព័ន្ធនៃសន្លាក់ឆ្អឹងយ៉ាងឆាប់រហ័សផងដែរ។ ជំងឺនេះត្រូវបានចំណាត់ថ្នាក់នៅក្នុងប្រភេទជំងឺ Systemic (System disease) ប្រសិនបើមានលេចចេញជាសញ្ញាផ្សេងក្រៅពីរោគសញ្ញាសន្លាក់ ហើយត្រូវបានចាត់ថ្នាក់ក្នុងជំងឺអូតូអង់ទីករ (Auto-immune diseases) ដោយសារមានវត្តមាន Auto-antibody និង Rheumatoid Factor។ មូលហេតុ និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ (HLA DR4) • កត្តាបម្រែបម្រួលអ័រម៉ូន (Factor Hormonal) • កត្តាបរិយាកាសសង្គម • កត្តាសុខភាពផ្លូវចិត្ត • ភាពបម្រែបម្រួលប្រព័ន្ធភាពស៊ាំ (Immunologic) • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ)។ រោគសញ្ញា ជាទូទៅ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចលេចចេញរោគសញ្ញាដូចជារលាក ហើម ឈឺចុកចាប់នៅតាមផ្ទៃសន្លាក់ប្រអប់ដៃ និងម្រាមដៃ។ ជួនកាលពេលខ្លះអាចជាការប៉ះពាល់ និងការរលាកសន្លាក់នៅទីតាំងផ្សេងទៀតដូចជា ប្រអប់ជើង ជង្គង់ ត្រគាក ស្មា និងឆ្អឹងកងក។ លើសពីនេះក៏មានអាការៈផ្សេងៗក្រៅពីអាការៈខាងលើរួមមាន៖ • អ្នកជំងឺឧស្សាហ៍ឈឺតាមផ្ទៃសន្លាក់ខ្លាំងនៅពេលយប់ • អ្នកជំងឺមានសភាពស្លេកស្លាំង • អស់កម្លាំង (ក្នុងករណីរលាកសន្លាក់រុំារ៉ៃ) • ទ្រុឌទ្រោមសភាពទូទៅតិចតួច ឬច្រើន • ឧស្សាហ៍រឹងគាំងសន្លាក់នៅពេលព្រឹកព្រលឹម • មានដុំពកនៅក្បែរផ្ទៃសន្លាក់ ( Nodule Rheumatoid) • ពេលខ្លះជំងឺនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង សួត ស្រោមសួត តម្រងនោម អណ្តើក ឬកូនកណ្តុរ (Spleno-ganglionnaire) និងរលាកសរសៃឈាមផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសង្កេតអាការៈនៃជំងឺដែលបានរៀបរាប់ខាងលើដោយការកើតដំណាលគ្នាយ៉ាងតិច ៤ដង ក្នុងអំឡុងពេលចាប់ពី ៦សប្តាហ៍ឡើងទៅ (Criteria of American Collect of Rheumatology)។ បន្ថែមពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅពិនិត្យ និងការថតកាំរស្មីអុិច (X-ray) ដើម្បីឲ្យដឹងថាមានពុកឆ្អឹងនៅផ្នែកចុងឆ្អឹង មានសឹកផ្ទៃសន្លាក់ និងខូចខាតទ្រង់ទ្រាយសន្លាក់ឬទេ។ ការព្យាបាល ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរួមមាន៖ • ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ • ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក (Anti-in-flammatory) ឬថ្នាំប្រភេទស្តេរ៉ូអុីត (Steroid) • ការប្រើប្រាស់ថ្នាំប្រភេទ Immuno Supressor • ការព្យាបាលដោយចលនា • ការប្រើឧបករណ៍ជំនួយចលនាសន្លាក់ឆ្អឹង • ការព្យាបាលដោយការវះកាត់។ល។ ផ្ទុយទៅវិញ ក្រៅពីការព្យាបាលខាងលើ អ្នកជំងឺពុំមានការតមចំណីអាហារណាមួយជាពិសេសនោះទេ ប៉ុន្តែចំពោះលំហាត់ប្រាណវិញ អ្នកជំងឺគួរធ្វើលំហាត់ប្រាណណាដែលមានចលនាយឺត និងសាមញ្ញធម្មតាដូចជា ការដើរ ការហាត់យូហ្គា និងសមាធិ។ លើសពីនេះ អ្នកជំងឺមិនគួរជ្រើសរើសការធ្វើលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ទៅដល់មុខងារសន្លាក់ឆ្អឹងទេដូចជាការរត់ លើកទម្ងន់ធ្ងន់ និងការលេងកីឡាបាល់ទាត់ជាដើម។ ផលវិបាក ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះទេជំងឺរលាកសន្លាក់រុំារ៉ៃអាចវិវឌ្ឍទៅរកការខូចទ្រង់ទ្រាយនៃសន្លាក់ឆ្អឹង បាត់បង់មុខងារសន្លាក់ឆ្អឹងតិច ឬច្រើន ពិសេសអាចប្រឈមទៅនឹងពិការភាពសន្លាក់ឆ្អឹងតែម្តង។ ជួនកាលពេលខ្លះ វាបង្កឲ្យមានការឈឺចុកចាប់រុំារ៉ៃ ទ្រុឌទ្រោមសភាពទូទៅ ស្លេកស្លាំង និងការបាក់ទឹកចិត្តផងដែរ។ យ៉ាងណាមិញ ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះឡើយ។ វិធីសាស្រ្តការពារ មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺរលាកសន្លាក់រុំារ៉ៃរួមមាន៖ • ស្ត្រីវ័យចំណាស់ ឬមានអាយុលើស៦០ឆ្នាំ គួរតែមកធ្វើតេស្តស្វែងរកមើលជំងឺរលាកសន្លាក់ឲ្យបានជាមុន • សូមប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ • ការព្យាបាលត្រឹមត្រូវគឺជួយកាត់បន្ថយពិការភាពនៃសន្លាក់ឆ្អឹង និងធ្វើឲ្យការរស់នៅមានភាពប្រសើរ។ ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺរលាកសន្លាក់ឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់អាចធ្វើឲ្យការព្យាបាលបានត្រឹមត្រូវ និងធានាឲ្យបានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព មិនចំណាយពេលវេលានិងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលាក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ដើម្បីលើកទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ លើកកម្ពស់ និងអភិរក្សស៊ីក្លូក្នុងវិស័យទេសចរណ៍ដោយសំដៅការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «អភិរក្សស៊ីក្លូដើម្បីទេសចរណ៍» ដែលប្រារព្ធទៅនាថ្ងៃទី ២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយរៀបចំឡើងនៅសួនច្បារព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាផងដែរ។ នាឱកាសនោះ លោក ថោង ខុន បានថ្លែងក្នុងកម្មពិធីថាស៊ីក្លូមិនត្រឹមតែបានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះពាល់បរិស្ថាន និងអាចបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែវាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តល់បទពិសោធន៍ថ្មីៗនៃទេសចរណ៍ទីក្រុង តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍។ ក្នុងនោះផងដែរ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចំាងពីការលើកទឹកចិត្តគាំទ្រ និងចូលរួមអភិរក្សដល់អ្នកប្រកបរបរស៊ីក្លូ ពិសេសដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្សត្រីចក្រក្រយានកម្ពុជាស៊ីក្លូក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លើសពីនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថាដោយមើលឃើញពីបញ្ហាប្រឈមនេះទើបជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ស៊ីក្លូ និងចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។ គួរបញ្ជាក់ផងដែរថា អ្នកជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៣២ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ២៤ ម៉ឺនរៀល។ ដោយឡែក អ្នកចូលរួមដែលមិនទទួលបានជ័យលាភីក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ភាគច្រើននៃស្រ្តីអស់រដូវតែងឡើងទម្ងន់ដោយមិនដឹងមូលហេតុពិតប្រាកដ។ យ៉ាងណាក៏ដោយនេះមិនមានន័យថាការសម្រកទម្ងន់មិនអាចធ្វើបាននោះទេគ្រាន់តែអ្នកត្រូវស្វែងយល់ពីវិធីសាស្រ្តកែតម្រូវរបៀបរបបនៃការរស់នៅដើម្បីទូទាត់ភាពប្រែប្រួលនៃកម្រិតអ័រម៉ូនដែលបានកើតឡើង។ ១ ថែរក្សាសុខភាពពោះវៀន បាក់តេរីល្អនៅក្នុងពោះវៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឲ្យបាននូវតុល្យភាពរាងកាយ ពិសេសប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ។ ការសិក្សាបានបង្ហាញថាសុខភាពពោះវៀនល្អនឹងជួយសម្រួលកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនដែលប្រែប្រួលឲ្យបានប្រសើរឡើងវិញ ពីព្រោះនៅក្នុងវ័យអស់រដូវ កម្រិតអ័រម៉ូនអឺស្ត្រូហ្សែនក្នុងឈាមបានធ្លាក់ចុះយ៉ាងគំហុក និងអាចកើនឡើងវិញម្តងម្កាល ដែលជាមូលហេតុចម្បងបង្ករោគសញ្ញាក្តៅក្រហល់ក្រហាយ អារម្មណ៍ប្រែប្រួល និងឡើងទម្ងន់ជាដើម។ ដើម្បីទទួលបានពោះវៀនដែលមានសុខភាពល្អ អ្នកគួរ៖ • កាត់បន្ថយអាហារផ្អែមកែច្នៃ តែបង្កើនការបរិភោគអាហារសរសៃ • បរិភោគបន្លែ ផ្លែឈើ ជាពិសេសអាហារប្រភេទPrebiotic ដែលមានដូចជា ខ្ទឹមបារាំង ខ្ទឹមស ស្ពៃ ឬចេក • ទទួលទានប្រភេទអាហារងាយរំលាយ និងបង្កើនបាក់តេរីល្អដែលមានដូចជាទឹកដោះគោជូរ ឬទទួលទានអាហារបំប៉នប្រភេទ Probiotic ដែលមានគុណភាពខ្ពស់ • ពិសាទឹកឲ្យបានច្រើន • កាត់បន្ថយអាហារចៀន គ្រឿងស្រវឹង កាហ្វេ និងGluten។ ២ ធ្វើលំហាត់ប្រាណបែប HIIT(High Intensity Interval Training) អស់រយៈពេលជាច្រើនឆ្នាំ សាច់ដុំ និងមេតាបូលីសរបស់អ្នកបានធ្លាក់ចុះបណ្តើរៗ ខណៈពេលដែលខ្លាញ់ចាប់ផ្តើមកកើតឡើងបន្តិចម្តងៗកជាដុំជុំវិញក្បាលពោះ ដើមដៃ ភ្លៅជាដើម។ ហេតុនេះ HIIT (High Intensity Interval Training) ដែលជាប្រភេទកីឡាប្រើប្រាស់កម្លាំងខ្លាំង អាចជាការរត់ ដើរលឿន ឬលើកដុំទម្ងន់ធ្ងន់ៗ គឺស័ក្តិសមបំផុតសម្រាប់ជួយបង្កើនសាច់ដុំ ព្រមទាំងជំរុញការធ្វើមេតាបូលីសក្នុងរាងកាយដើម្បីដុតបំផា្លញខ្លាញ់ដែលសេសសល់។ អ្នកអាចធ្វើលំហាត់ប្រាណនេះ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ការសិក្សាបានបង្ហាញថា ស្ត្រីដែលបានធ្វើកីឡាប្រភេទនេះជួយបង្កើនដង់ស៊ីតេឆ្អឹង ព្រមទាំងអាចសម្រួលកម្រិតអ័រម៉ូនដែលធ្លាក់ចុះបានទៀតផង។ ៣ គេងឲ្យបានគ្រប់គ្រាន់ ទោះអ្នកស្ថិតក្នុងអាយុណាក៏ដោយ ការគេងមិនគ្រប់គ្រាន់ជាកត្តាចម្បងបណ្តាលឲ្យការស្រកទម្ងន់ប្រព្រឹត្តទៅយ៉ាងលំបាក។ ហេតុនេះ ទម្លាប់នៃការគេងត្រឹមត្រូវដោយចាប់ផ្តើមតាមរយៈការកំណត់ម៉ោងរោទិ៍មុនចូលគេង កម្រិតការប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងទៀតយ៉ាងតិច ១ម៉ោងមុនចូលគេង។ ម៉្យាង អ្នកក៏អាចរៀបចំបន្ទប់គេងឲ្យបានស្អាត ព្រមទាំងមានបរិយាកាសស្រស់ស្រាយ ក្លិនក្រអូបមានខ្យល់ចេញចូលគ្រប់គ្រាន់ដែលអាចបង្កជាលក្ខណៈអំណោយផលដល់ការឆាប់គេងលក់ និងគេងលក់បានស្កប់ស្កល់។ ៤ បោះបង់ស្ករ បន្ថយសារធាតុរំញោច សារធាតុរំញោច ដូចជាកាហ្វេអុីន និងសារធាតុផ្អែមអាចបណ្តាលឲ្យមានបញ្ហាខ្វះជាតិទឹក ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់កម្រិតជាតិស្ករ និងអ័រម៉ូនក្នុងឈាម។ ហេតុនេះ អ្នកគួរចាប់ផ្តើមផ្លាស់ប្តូរការទទួលទានភេសជ្ជៈប្រភេទនេះ ដោយប្តូរមកជាការទទួលទានតែបៃតង ឬទឹកក្រូចស្រស់ច្របាច់ដែលជាប្រភពនៃថាមពល ការរំញោច និងការបង្កើនមេតាបូលីសក្នុងរាងកាយប្រកបដោយសុខភាពល្អ។ ៥ កាត់បន្ថយស្ត្រេស មានការសិក្សាវិទ្យាសាស្ត្រជាច្រើនដែលបានបង្ហាញទំនាក់ទំនងរវាងភាពស្ត្រេស និងការឡើងទម្ងន់។ ដោយសារបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយខ្លាំងពេកបណ្តាលឲ្យស្ត្រីក្រោយអស់រដូវមានភាពប្រឈមខ្ពស់ជាមួយការកើនឡើងភាពស្ត្រេស។ ដើម្បីកាត់បន្ថយភាពស្រេ្តសទាំងនេះ ស្ត្រីទាំងឡាយអាចអនុវត្តការធ្វើកីឡា និងលំហាត់ប្រាណដែលពួកគាត់ពេញចិត្ត អាចជាការធ្វើយូហ្គា ម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រដោយអ្នកជំនាញជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សុខភាពបន្តពូជរបស់ស្ត្រីពិតជាងាយទទួលរងនូវការគំរាមកំហែងខ្លាំងណាស់ ជាពិសេសការចម្លងរោគពីដៃគូ និងទម្លាប់មិនល្អនៃការធ្វើអនាម័យប្រចាំថ្ងៃ។ រោគសញ្ញា និងភាពគ្រោះថ្នាក់ចំពោះសុខភាពបន្តពូជអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្ក។ករណីសិក្សាខាងក្រោមអាចជាឧទាហរណ៍មួយដែលត្រូវបានសង្ស័យថាជាសញ្ញាណនៃការឆ្លងរោគតាមទ្វារមាស។ សំណួរ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី ទម្ងន់៤៨គីឡូក្រាម ធ្វើការនៅស្ថាប័នឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ។ ប្រមាណជាង ២ខែនេះប្អូនមានអាការៈធ្លាក់សខុសប្រក្រតី មានលក្ខណៈឈឺ ក្រហាយ ពិសេសមានក្លិនទៀតផង។ តើអាការៈនេះបណ្តាលមកពីអ្វី? តើអាចបង្កគ្រោះថ្នាក់ដែរឬទេ? ចម្លើយ៖ រោគសញ្ញាទាំងនេះអាចជាសញ្ញាណនៃជំងឺឆ្លងតាមការរួមភេទ (Sexually transmitted diseases)។ វាអាចបណ្តាលឲ្យមានការឈឺចាប់ និងរលាកត្រង់តំបន់អាងត្រគាក។ វិធីសាស្ត្រតែម៉្យាងគត់ដែលអាចបញ្ជាក់ច្បាស់អំពីប្រភេទនៃការចម្លងនោះគឺអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជជាមួយក្រុមគ្រូពេទ្យឯកទេសរោគស្រ្តី។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ស្ងួតទ្វារមាស ជាលក្ខខណ្ឌមួយដែលបណ្តាលឲ្យមានការរមាស់ ក្រហាយ ស្ងួត ឈឺចាប់ជាពិសេសក្នុងអំឡុងពេលរួមភេទដែលកត្តាទាំងនេះពិតជាជះឥទ្ធិពលយ៉ាងអវិជ្ជមានទៅលើគុណភាពជីវិត និងទំនាក់ទំនងដៃគូផងដែរ។ ជាទូទៅ ការស្ងួតទ្វារមាសតែងកើតមានឡើងជាញឹកញាប់ ជាក់ស្តែង ៥០% នៃស្ត្រីអស់រដូវ និងស្រ្តីដែលមិនទាន់អស់រដូវមួយចំនួនតូចបានជួបវិបត្តិនេះ។ មូលហេតុនៃស្ងួតទ្វារមាស នៅពេលកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនបានធ្លាក់ចុះ ស្ត្រីនឹងប្រឈមជាមួយភាពស្ងួតនៃទ្វារមាសជាបញ្ហាចម្បង។ អ័រម៉ូននេះ ជាប្រភេទអ័រម៉ូនស្ត្រីម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ធ្វើយ៉ាងណាឲ្យទ្វារមាសមានសុខភាពល្អ តាមរយៈការរក្សាភាពសើម ភាពយឺត និងកម្រិតអាស៊ីតនៅត្រង់តំបន់ទ្វារមាស។ ចំណែកមូលហេតុបង្កផ្សេងទៀតអាចរាប់បញ្ចូលទាំងលក្ខខណ្ឌសុខភាពមួយចំនួន ព្រមទាំងការលាងសម្អាតប្រចាំថ្ងៃដែលមិនត្រឹមត្រូវផងដែរ។ គួរបញ្ជាក់ថា ការថយចុះនូវកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនអាចបណ្តាលមកពីកត្តាច្រើនប្រភេទ ក្នុងនោះរួមមាន៖ • វ័យក្រោយអស់រដូវ • ចន្លោះវ័យជិតអស់រដូវ • ការវះកាត់ចោលនូវសរីរាង្គអូវែ • ការបំបៅកូនដោយទឹកដោះម្តាយ • ក្រោយសម្រាលកូន • ទម្លាប់ជក់បារី • ផលវិបាកបន្ទាប់ពីទទួលការព្យាបាលជំងឺមហារីកអូវែ តាមរយៈការបញ្ចាំងកាំរស្មី និងការប្រើប្រាស់ថ្នាំគីមី • វិបត្តិនៃប្រព័ន្ធការពាររាងកាយ • ការប្រើប្រាស់ឱសថរារាំងតួនាទីអ័រម៉ូនអឺស្ត្រូហ្សែនដែលប្រើសម្រាប់ព្យាបាលជំងឺ Vterine fibroids ឬ Endometriosis • ការលាងសម្អាតទ្វារមាសបែប Douching ដែលជាប្រភេទលាងសម្អាតជ្រៅចូលទៅខាងក្នុង • ការប្រើប្រាស់ឱសថផ្តាសាយ និងអាល្លែកហ្ស៊ី(អាចជះឥទ្ធិពលលើបុគ្គលមួយចំនួនតូច)។ ដំណោះស្រាយ ការព្យាបាលអាចមានជម្រើសច្រើន និងខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្កដែលការព្យាបាលទាំងនោះរួមមាន៖ - ការប្រើប្រាស់ក្រែមលាបអឺស្ត្រូហ្សែន ការព្យាបាលប្រភេទនេះត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេ ក្នុងករណីមូលហេតុបង្កមកពីកង្វះអ័រម៉ូនអឺស្ត្រូហ្សែន។ វិធីសាស្ត្រនេះត្រូវបានណែនាំឲ្យប្រើប្រាស់តាមរយៈការលាបផ្ទាល់ត្រង់តំបន់ទ្វារមាស ដើម្បីបន្ថយអាការៈឈឺចាប់ រមាស់ ក្រហាយទាំងនោះ។ ម៉្យាង ការប្រើប្រាស់អ័រម៉ូនអឺស្រ្តូហ្សែនតាមវិធីសាស្រ្តបែបនេះ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកនានា បើប្រៀបធៀបជាមួយការប្រើប្រាស់ដោយលេប ឬចាក់ជាដើម។ - ការប្រើប្រាស់ទឹករំអិល និងសារធាតុផ្តល់សំណើម ក្នុងករណី បញ្ហាស្ងួតទ្វារមាសនៅមានសភាពស្រាលដែលអាចស្តែងចេញតាមរយៈអាការៈឈឺចាប់រាល់ពេលរួមភេទ ឬមានការឈឺចាប់ រមាស់ ក្រហាយបន្តិចបន្តួច នោះស្ត្រីទាំងឡាយអាចប្រើប្រាស់ទឹករំអិលនៅពេលរួមភេទ ឬប្រើប្រាស់សារធាតុផ្តល់សំណើមប្រចាំថ្ងៃទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។ - អនុវត្តវិធីសាស្រ្តព្យាបាលនៅផ្ទះ ការផ្លាស់ប្តូររបៀបរបបនៃការស់នៅមួយចំនួនពិតជាអាចជួយកាត់បន្ថយអាការៈស្ងួតទ្វារមាសនេះបានដែលវិធីសាស្ត្រទាំងនេះមានដូចជា៖ + ទម្លាប់នៃការរួមភេទទៀងទាត់៖ ចំពោះស្ត្រីដែលមានដៃគូអាចអនុវត្តការរួមភេទឲ្យបានទៀងទាត់ ព្រោះលក្ខខណ្ឌនេះអាចជួយជំរុញលំហូរឈាម និងរំញោចឲ្យមានការផលិតទឹករំអិលកាន់តែច្រើន។ បន្ថែមពីនេះ ដៃគូអាចផ្តើមការឱប ថើប បំបោសអង្អែលជាមុន ដើម្បីជំរុញការបង្កើនទឹករំអិលមុនពេលចាប់ផ្តើមធ្វើការរួមភេទ។ + ប្រើប្រាស់ផលិតផលអនាម័យត្រឹមត្រូវ៖ ស្រ្តីមួយចំនួនធំ ទម្លាប់ប្រើប្រាស់ទឹកអនាម័យដែលមានក្លិនក្រអូបខ្លាំង ឬការប្រើប្រាស់ Douche ជាប្រចាំដែលជាហេតុបណ្តាលឲ្យកម្រិត pH នៃតំបន់ទ្វារមាសប្រែប្រួល។ + អាហារដែលសម្បូរសារធាតុហ្វីតូអឺស្ត្រូហ្សែន (phytoestrogens)៖ Phytoestrogens ជាសារធាតុដែលមានតួនាទីស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនក្នុងរាងកាយ។ សារធាតុនេះត្រូវបានរកឃើញក្នុងរុក្ខជាតិជាច្រើនមានដូចជា សណ្តែកសៀង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងតៅហ៊ូ។ ការសិក្សាវិទ្យាសាស្រ្តក៏បានបង្ហាញផងដែរថា phytoestrogens មានទំនាក់ទំនងក្នុងការធ្វើឲ្យប្រសើរឡើងនូវភាពស្ងួតទ្វារមាស និងអាការៈក្តៅក្រហល់ក្រហាយក្នុងរាងកាយដែលបណ្តាលមកពីការថយចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូហ្សែន។ + ខោទ្រនាប់ធ្វើពីកប្បាស៖ ខោទ្រនាប់ដែលធ្វើអំពីសាច់កប្បាសអាចសម្រួលខ្យល់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យទ្វារមាសដកដង្ហើមបានយ៉ាងប្រសើរ។ ហេតុនេះការបង្ករោគនានាដែលបណ្តាលឲ្យមានបញ្ហាស្ងួតទ្វារមាស ក៏មិនអាចលូតលាស់បានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បុរសស្រ្ដីគ្រប់រូប គួរតែដោះស្រាយបញ្ហាស្បែកជ្រីវជ្រួញ ដែលបណ្ដាលមកពីការវិវឌ្ឍទៅនៃអាយុ។ ទោះជាយ៉ាងណា ក៏នៅមានវិធីសាស្រ្ដដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញ ដោយការព្យាបាលសម្ផស្ស តាមរយៈការចាក់បូថុក(Botox)។ តើអ្វីទៅជាការព្យាបាលសម្ផស្សដោយ Botox? Botox គឺជាភ្នាក់ងារចាក់បញ្ចូល ទៅក្នុងស្បែកមួយប្រភេទ ដែលត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដោយធ្វើឲ្យសាច់ដុំត្រង់ផ្ទៃមុខបានសម្រាក ។ Botox មានផ្ទុកនូវទម្រង់ Toxin ដែលត្រូវបានលាយផ្សំជាមួយសារធាតុដទៃទៀត ប្រកប​ដោយការយកចិត្ដទុកដាក់ខ្ពស់ និងត្រូវបានបង្ហាញថា ការព្យាបាលសម្ផស្សដោយ Botox នេះ មានសុវត្ថិភាពខ្ពស់។ ដោយសារហេតុផលនេះ ទើបរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាត​ឲ្យមានការព្យាបាលដោយប្រើ Botox ដែលផលិតចេញពីសារធាតុ botulinum toxin ដើម្បីកាត់​បន្ថយវិបត្ដិសាច់ដុំត្រង់ភ្នែក និងស្នាមជ្រីវជ្រួញចុងចិញ្ចើម។ ការព្យាបាលពិសេសនេះ ជាញឹកញាប់ត្រូវ​បានប្រើប្រាស់រួមផ្សំជាមួយ វិធីសាស្រ្ដវះកាត់កែសម្ផស្សត្រង់ផ្ទៃមុខដូចជា វះកាត់លើកផ្ទៃមុខ ឬវះ​កាត់​លើកត្របកភ្នែក ដើម្បីបង្កើនអត្ថប្រយោជន៍កែស​ម្ផស្សជាអតិបរមា ។ តើការព្យាបាលសម្ផស្សដោយ Botox មានអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ? -ការព្យាបាលសម្ផស្ស ដោយ Botox គឺជាដំណោះស្រាយ ចំពោះបញ្ហាជ្រីវជ្រួញ ដោយគ្មានការ​វះកាត់។ បុរស ស្រ្ដីភាគច្រើន អាចទទួលបាននូវផ្ទៃមុខម៉ត់រលោង ដោយមិនចាំបាច់ឆ្លងកាត់ ការវះកាត់កែសម្ផស្ស។ ការព្យាបាលសម្ផស្ស​ដោយ Botox បង្កមុខរបួសតូចបំផុត និងអាចដោះស្រាយ​បញ្ហាជ្រីវជ្រួញ នៅបរិវេណថ្ងាស ក និងជុំវិញមាត់។ -ការព្យាបាលសម្ផស្សដោយ Botox ត្រូវបានអ្នកជំនាញបង្ហាញថា មានប្រសិទ្ធភាពលើក​ចិញ្ចើម​ឱ្យខ្ពស់។ មួយរយៈពេលកន្លងទៅ ចិញ្ចើមរបស់អ្នក អាចធ្លាក់។ តាមរយៈការព្យាបាលសម្ផស្ស ដោយ Botox អ្នកអាចលើកចិញ្ចើមរបស់អ្នកឲ្យខ្ពស់ ដែលធ្វើឲ្យមុខរបស់អ្នក ថយការនឿយ​ហត់ ព្រមទាំងផ្ដល់ឲ្យអ្នកនូវរូបសម្រស់កាន់តែក្មេងជាងវ័យ។ -Botox អាចលុបបំបាត់ស្នាមជ្រួញនៅតាមកន្ទុយភ្នែក ជ្រួញនៅចន្លោះចិញ្ចើម និងស្នាមជ្រួញផ្សេងៗទៀត ដែលបណ្តាលមកពីចលនាសាច់ដុំ នៅលើមុខ ជាពិសេសនៅពេលដែលលោកអ្នកសើច ។ -Botox អាចកែទម្រង់មុខមូលរបស់លោកអ្នក ទៅទម្រង់មុខជាអក្សរ V -ការព្យាបាលសម្ផស្សដោយ Botox អាចកាត់បន្ថយស្នាមជ្រួញដោយសារការជ្រួញចិញ្ចើម និងស្នាមជ្រីវជ្រួញដទៃទៀត ដែលបណ្ដាលមកពីការកន្រ្ដាក់សាច់ដុំផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាព។ ភាពឆ្លាតវៃ ក្នុងការជ្រើសរើស សូមជ្រើសរើសម៉ាក ដែលត្រឹមត្រូវ ហើយលោកអ្នក មិនចាំបាច់ប្រើច្រើន unit នោះទេ ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមប្តូរទម្លាប់ ដែលធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកឆាប់ជ្រួញដូចជាការ ចងចិញ្ចើម និងការសម្ដែងទឹកមុខផ្សេងៗ ដែលនាំឲ្យជ្រួញ។ មិនតែប៉ុណ្ណោះ ត្រូវជ្រើសរើសគ្លីនិកដែលមានដុកទ័រ ប្រកបដោយជំនាញច្បាស់លាស់ ដើម្បីចៀសវាងការខូចទម្រង់មុខ ៕

ចែករំលែក

សារធាតុកង្វក់ បញ្ហាស្រេ្តស ភាពតានតឹង បម្រែបម្រួលអ័រម៉ូន ជាតិខ្លាញ់ បាក់តេរី និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើសបណ្តាលឲ្យស្បែកមុខរបស់អ្នកលេចឡើងនូវប្រភេទមុនម៉្យាងហៅថា មុនក្បាលស។ ជាក់ស្ដែង មុនប្រភេទនេះតែងកើតមាននៅលើច្រមុះ ថ្ពាល់ ស្នៀតផ្កា និងថ្ងាសដែលរំខានដល់ការសម្រេចក្ដីប្រាថ្នាក្នុងការមានស្បែកមុខដ៏ស្រស់ស្អាត។ យ៉ាងណាមិញក្រៅពីស្វែងរកសេវានៅតាមគ្លីនិកនានាអ្នកក៏អាចធ្វើការកម្ចាត់មុនទាំងនេះតាមរយៈរូបមន្តខាងក្រោម៖ ទឹកខ្មេះផ្លែប៉ោម ទឹកខ្មេះផ្លែប៉ោម គឺជាធាតុផ្សំធម្មជាតិដ៏អស្ចារ្យមួយប្រភេទដែលត្រូវបានប្រើក្នុងរូបមន្តសម្រាប់ថែរក្សាស្បែកឲ្យភ្លឺរលោង រក្សាសំណើម និងបន្ថយស្នាមជ្រួញ។ បន្ថែមពីនេះ វាក៏មានមុខងារពិសេសក្នុងការព្យាបាលមុនគ្រប់ប្រភេទ មិនថាមុនក្បាលស ឬក្បាលខ្មៅ ដោយសារមានផ្ទុកនូវប្រភេទអាស៊ីតម៉្យាងជួយប្រឆាំងនឹងការរលាក កម្ចាត់បញ្ហាមុន និងបាក់តេរីដែលបង្កឲ្យមានមុន។ លោកអ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោម ២ ទៅ៣ស្លាបព្រាកាហ្វេ និងសំឡីស្អាតមួយដុំ បន្ទាប់យកសំឡីមកដាក់ត្រាំក្នុងទឹកខ្មេះផ្លែប៉ោមដោយបន្ថែមទឹកស្អាតបន្តិច ហើយទុករយៈពេល ៣នាទី រួចបិតនៅលើផ្ទៃមុខ ឬដាក់ផ្ទាល់នៅលើមុនក្បាលសទុកឲ្យស្ងួតរយៈពេល ១៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ដោយអ្នកអាចអនុវត្តចន្លោះពី ២ ទៅ៣ដងក្នុងមួយសប្តាហ៍។ ទឹកឃ្មុំ សមាសធាតុផ្សំធម្មជាតិមួយទៀត ដែលលោកអ្នកប្រើប្រាស់ញឹកញាប់ ទាំងការទទួលទាន និងការថែរក្សាសម្រស់នោះគឺទឹកឃ្មុំ។ វាក៏មានតួនាទីកម្ចាត់ និងព្យាបាលបញ្ហាស្បែកមុខដូចជា មុខអាល្លែកហ្ស៊ី មុខមុន ពិសេសប្រភេទមុនក្បាលស ព្រមទាំងជួយឲ្យស្បែកមុខរលោង និងមានសំណើមផងដែរ។ ក្រៅពីទទួលទាន អ្នកអាចលាបទឹកឃ្មុំទៅលើស្បែកមុខរបស់អ្នកនៅរាល់ពេលព្រឹកព្រលឹម ឬពេលយប់មុនពេលចូលគេង ទុករយៈពេល ២០នាទីរួចលាងសម្អាតចេញជាមួយទឹកត្រជាក់។ ជម្រើសមួយទៀតអ្នកអាចលាយស៊ុតពណ៌សជាមួយទឹកឃ្មុំ ហើយលាបនៅលើស្បែកមុខ ឬលើមុនរបស់អ្នករយៈពេល ១៥នាទីបន្ទាប់មកលាងជម្រះជាមួយទឹកស្អាត និងសាប៊ូដើម្បីបំបាត់ក្លិនរបស់ស៊ុតពណ៌សជាការស្រេច។ អ្នកគ្រាន់តែអនុវត្តវិធីសាស្រ្តធម្មជាតិនេះជារៀងរាល់ថ្ងៃដើម្បីស្បែកមុខគ្មានមុន គ្មានស្នាម និងទន់រលោង។ ស្រ្កាប់ស្ករស ស្រ្កាប់ស្ករសមានអត្ថប្រយោជន៍សម្រាប់ជួយធ្វើឲ្យស្បែកទន់រលោង ស្រស់ថ្លា និងជម្រះនូវកោសិកាស្បែកចាស់ៗចោល ពិសេសកម្ចាត់មុនក្បាលសបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនោះ ស្រ្កាប់ស្ករសមានលក្ខណៈពិសេសម៉្យាងដែលជួយដល់ចលនាឈាមរត់នៅលើផ្ទៃមុខឲ្យប្រសើរឡើង និងធ្វើឲ្យស្បែកមុខដកដង្ហើមបានល្អ។ អ្នកគ្រាន់តែយកស្ករស ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ ឬ៤ដំណក់ ដាក់បញ្ចូលគ្នារួចកូរល្បាយឲ្យសព្វល្អ បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗនៅលើស្បែកមុខដែលមានមុនក្បាលសរយៈពេល ២ទៅ៣នាទីរួចទុកចោលរយៈពេល ៣ទៅ៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្ត២ដងក្នុងមួយសប្តាហ៍សម្រាប់ប្រសិទ្ធភាពកាន់តែល្អ។ ម្សៅសូដា ដោយហេតុថានៅក្នុងម្សៅសូដាមាននូវសារធាតុម៉្យាងដែលមានប្រសិទ្ធភាពសម្អាតកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងពិសេសវាជួយបំបាត់ស្នាម កម្ចាត់មុនក្បាលស និងមុនក្បាលខ្មៅបានថែមទៀតផង។ លើសពីនេះវាអាចរក្សាតុល្យភាព pH និងទប់ស្កាត់ការផលិតជាតិខ្លាញ់ដែលបង្កឲ្យកើតមុនក្បាលស។ លោកអ្នកគ្រាន់តែយកម្សៅសូដា ២ឬ៣ស្លាបព្រាកាហ្វេលាយជាមួយទឹកសមស្រប ហើយធ្វើការកូរល្បាយនោះឲ្យសព្វល្អ បន្ទាប់មកធ្វើការលាប ឬម៉ាស្សាថ្នមៗនៅលើផ្ទៃមុខ និងមុនក្បាលស រួចទុករយៈពេល ១៥ទៅ២០នាទីចាំលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជម្រះជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្រ្តនេះជារៀងរាល់មួយ ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលមុនក្បាលសពីផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ថ្នាំអាស្ពីរីន អាស្ពីរីន មានផ្ទុកនូវសារធាតុអាស៊ីត សាលីស៊ីលិចដែលជួយកម្ចាត់បាក់តេរី កម្ចាត់ចោលកោសិកាចាស់ៗ ប្រឆាំងការរលាក និងព្យាបាលបញ្ហាស្បែកមុខមួយចំនួនដូចជា ស្នាមជ្រីវជ្រួញ ស្បែកស្ងួត មុខឡើងមុនពិសេសមុនក្បាលស។ អ្នកគ្រាន់តែយកថ្នាំអាស្ពីរីន ២ ទៅ៣គ្រាប់កិនឲ្យម៉ត់លាយជាមួយទឹកស្អាតក្នុងបរិមាណសមស្រប ដោយកូរឲ្យសព្វក្លាយជាល្បាយមួយខាប់ល្មម រួចធ្វើការលាបល្បាយនោះទៅលើច្រមុះ និងផ្ទៃមុខដែលមានបញ្ហា ឬកន្លែងមានមុនក្បាលសហើយទុកឲ្យស្ងួតរយៈពេល ៧ ទៅ៨នាទី សឹមលាងសម្អាតជាមួយទឹកត្រជាក់។ លោកអ្នកអាចធ្វើការអនុវត្តចន្លោះ មួយ ទៅពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខគ្មានជ្រួញ មានសំណើម និងបាត់មុនផងដែរ។   ទោះបីគ្រឿងផ្សំ ៥យ៉ាងខាងលើរក្សាឲ្យអ្នកមានផ្ទៃមុខគ្មានមុន និងស្អាតយ៉ាងណាក៏ដោយ អ្នកក៏ត្រូវបន្តថែរក្សាភាពស្អាតនេះឲ្យបានស្ថិតស្ថេរយូរអង្វែងតាមរយៈការអនុវត្តនូវគន្លឹះជាប្រចាំថ្ងៃរួមមាន៖ • លាងសម្អាតផ្ទៃមុខមួយថ្ងៃ២ដង ពេលព្រឹក និងពេលចូលគេងឲ្យបានទៀងទាត់ជាមួយហ្វូមដែលមានជាតិទឹកដោះគោ ឬលាងសម្អាតទឹកក្តៅឧណ្ហៗ • ស្ទីមមុខជាមួយទឹកក្តៅឧណ្ហៗជាប្រចាំ • រក្សាអនាម័យសក់ និងខ្នើយកើយឲ្យបានស្អាត • លាបសេរ៉ូម និងឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF ១៥ ឡើងទៅ • ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៨ ទៅ ១០កែវក្នុងមួយថ្ងៃ • កាត់បន្ថយអាហារមានជាតិខ្លាញ់ និងភេសជ្ជៈ ដែលមានផ្ទុកជាតិអាល់កុល និងកាហ្វេ • បង្កើនការទទួលទានបន្លែ ផ្លែឈើ និងសាច់ដែលមានផ្ទុកនូវវីតាមីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តថ្នាំចាក់ Fragmin (Dalteparin sodium) សម្រាប់ចាក់ក្រោមស្បែក ដើម្បីបន្ថយរោគសញ្ញាដដែលៗនៃការកកស្ទះសរសៃឈាមវ៉ែនចំពោះក្មេងចាប់ពី ១ខែឡើងទៅ។ ការកកស្ទះសរសៃឈាមវ៉ែនអាចរួមបញ្ចូលទាំងសរសៃវ៉ែនជ្រៅនៅជើង និងស្ទះសរសៃឈាមនៅសួត ដែលអាចឲ្យស្លាប់បាន។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៩៤ FDA ក៏បានអនុម័តជាលើកដំបូងនៃ Fragmin ដែលមានលក្ខណៈប្រឆាំងកំណកឈាមសម្រាប់មនុស្សពេញវ័យ។ ប្រសិទ្ធភាពរបស់ Fragmin ចំពោះក្មេងត្រូវបានយោងតាមតេស្តមួយ ដែលធ្វើឡើងចំពោះក្មេងមានជំងឺស្ទះសរសៃឈាមវ៉ែន និងស្ទះសរសៃឈាមសួត ៣៨នាក់។ អ្នកជំងឺត្រូវបានព្យាបាលរយៈពេល ៣ខែ ជាមួយនឹងដូសខុសៗគ្នា អាស្រ័យតាមអាយុ និងទម្ងន់របស់ក្មេង។ នៅពេលការសិក្សាបានបញ្ចប់គេរកឃើញថាអ្នកជំងឺ ២១នាក់ ទទួលបានដំណោះស្រាយប្រកបដោយគុណភាពពីបញ្ហាស្ទះសរសៃឈាមសួត ៧នាក់ផ្សេងទៀតមានការថយចុះការវិវឌ្ឍ ឯអ្នកជំងឺ ២នាក់ពុំមានការប្រែប្រួល គ្មានអ្នកជំងឺណាម្នាក់មានការវិវឌ្ឍកើនឡើងឡើយ ហើយអ្នកជំងឺតែម្នាក់ប៉ុណ្ណោះដែលមានការលាប់ឡើងវិញ។ ផលរំខានជាធម្មតានៃអ្នកជំងឺដែលបានប្រើ Fragmin គឺការហូរឈាម រួមបញ្ចូលទាំងការហូរឈាមពីសរសៃឈាម ការថយចុះប្លាកែត ជាំសាច់ ឬឈឺត្រង់កន្លែងចាក់ និងការកើនឡើងនៃកម្រិតអង់ស៊ីមថ្លើម។ សម្រាប់គ្រូពេទ្យ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំនេះដោយប្រុងប្រយ័ត្ន ដោយសារតែការកើនឡើងនូវហានិភ័យនៃការហូរឈាម និងត្រូវត្រួតពិនិត្យការថយចុះនូវប្លាកែតឲ្យបានដិតដល់ រីឯអ្នកជំងឺត្រូវរាប់គ្រាប់ឈាមនៅមន្ទីរពិសោធន៍ជាទៀងទាត់។ ប្រភពយោង៖ https://www.fda.gov/news-events/press-announcements/fda-approves-first-anticoagulant-blood-thinner-pediatric-patients-treat-potentially-life-threatening អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជំងឺរីកក្រពេញប្រូស្តាត គឺជាការរីកក្រពេញភេទដែលកើតឡើងទៅលើតែបុរសប៉ុណ្ណោះ។ បើយោងទៅតាមការសិក្សា ជំងឺនេះមិនមែនជាជំងឺតំណពូជនោះទេ តែវាកើតឡើងដោយសារមានបម្រែបម្រួលអាយុកាលនៃអ្នកជំងឺដោយអាចប្រទះឃើញជារោគសញ្ញាភាគច្រើនទៅលើបុរសក្នុងវ័យចន្លោះពី ៤៨ ទៅ៥០ឆ្នាំឡើងទៅ។ ទំនាក់ទំនងនៃការរីកក្រពេញប្រូស្ដាត បម្រែបម្រួលនៃអាយុជាកត្តាដែលជំរុញឲ្យមានឥទ្ធិពលដល់ការប្រែប្រួលនៃអ័រម៉ូនភេទរបស់បុរសពី Hydrotestosterone ក្រោមអំពើរបស់អង់ស៊ីមម៉្យាងឈ្មោះ 5-Alpha reductase ក្លាយទៅជា Dihydrotestosterone ដែលជាអ័រម៉ូនមួយទៅភ្ញោចកោសិកានៃក្រពេញប្រូស្តាតឲ្យរីកធំពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងស្ងៀមស្ងាត់ ហើយការកើនទំហំនៃប្រូស្តាតនេះបានធ្វើឲ្យបំពង់បង្ហូរទឹកនោមក៏ដូចជាទឹកកាមដែលរត់ឆ្លងកាត់ទៅជាត្បៀតតូច ឬបិទរន្ធជិតតែម្ដងទើបអ្នកជំងឺស្ដែងចេញជារោគសញ្ញានានា។      មូលហេតុបង្ក និងកត្តាប្រឈម ដោយសារតែការរីកនៃក្រពេញប្រូស្តាតត្រូវបានគេប្រទះឃើញនៅលើតែបុរសដែលមានវ័យចំណាស់ និងបុគ្គលដែលមានសកម្មភាពផ្លូវភេទច្រើននោះអាចសបញ្ជាក់ថាមូលហេតុចម្បង និងតែមួយគត់ដែលបង្កឲ្យមានជំងឺនេះគឺបណ្ដាលមកពីការប្រែប្រួលវ័យដោយក្រពេញនេះត្រូវបានដំណើរការចាប់តាំងតែពីពេញវ័យមកម៉្លេះ ហើយចាប់ផ្ដើមរីកទំហំនៅពេលដែលខិតទៅរកវ័យចំណាស់។ ជាក់ស្ដែងការរីកនៃទំហំរបស់ក្រពេញនេះអាចកើតមានជាទូទៅទៅលើបុរសទាំងអស់ ដោយពុំមានរងឥទ្ធិពលជំរុញផ្សេងទៀតណាមួយឡើយ។ រោគសញ្ញា ជាទូទៅការលេចឡើងនូវរោគសញ្ញាដំបូង អ្នកជំងឺតែងតែមានការធ្វេសប្រហែសមិនបានចាប់អារម្មណ៍ ដោយសារតែវាមិនមានភាពធ្ងន់ធ្ងរដែលជំរុញឲ្យអ្នកជំងឺទៅពិគ្រោះ ឬព្យាបាលភ្លាមឡើយ ក្នុងនោះមានដូចជា៖ • ការបញ្ចេញទឹកនោមខ្សោយ • ការបញ្ចេញទឹកនោមយូរក្រអស់ • នោមញឹក (៤ ទៅ៥ដង) នៅពេលយប់ ដែលស្ដែងបញ្ជាក់ថាប្រូស្តាតចាប់ផ្ដើមរីកទំហំ។ បន្ទាប់ពីការលេចឡើងនូវរោគសញ្ញាខាងលើ ការរីកទំហំនៃក្រពេញប្រូស្តាតកាន់តែវិវឌ្ឍទៅមុខរហូតដល់ដំណាក់កាលមួយដែលធ្វើឲ្យអ្នកជំងឺស្ទះទឹកនោម ឬនោមចេញតក់ៗ និងនោមញឹកខ្លាំង (លើសពី១០ដងក្នុងមួយយប់) ដែលធ្វើឲ្យមានការរំខានដល់ដំណេកជាដើម ទើបអ្នកជំងឺខ្នះខ្នែងស្វែងរកការពិនិត្យ និងព្យាបាល។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ដើម្បីឲ្យការកំណត់រោគវិនិច្ឆ័យមានភាពច្បាស់លាស់យើងត្រូវពឹងផ្អែកទៅលើរោគសញ្ញាគ្លីនិក និងនីតិវិធីអមវេជ្ជសាស្រ្តមួយចំនួន។ ក្រៅពីរោគសញ្ញាដែលអ្នកជំងឺបានត្អូញត្អែរខាងលើ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យផ្ទាល់ទៅលើក្រពេញប្រូស្តាតតាមរយៈការលូកបាត(Rectal Examination) ដែលអាចឲ្យដឹងពីទំហំ រូបរាង និងលក្ខណៈទូទៅនៃក្រពេញនេះ។ វិធីសាស្រ្តលូកបាតនេះអាចឲ្យយើងដឹងថាប្រូស្តាតមានទំហំធំខុសពីធម្មតា និងបាត់ផ្នត់នៅចំកណ្ដាលដែលជាលក្ខណៈទូទៅរបស់វា ហើយក្រៅពីនេះការលូកស្ទាបទៅលើប្រូស្តាតក៏អាចឲ្យយើងទាត់ចោលនូវរោគវិនិច្ឆ័យដែលមានរោគសញ្ញាស្រដៀងគ្នាដូចជា ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ និងការដុះដុំសាច់នៅលើក្រពេញប្រូស្តាតជាដើម។ បន្ថែមពីលើរោគសញ្ញាគ្លីនិកខាងលើអ្នកជំងឺនឹងត្រូវបានស្នើសុំឲ្យទទួលការពិនិត្យអេកូសាស្រ្ត(Ultrasonography) ដែលអាចបញ្ជាក់កាន់តែច្បាស់ពីទំហំជាក់លាក់នៃប្រូសា្តតក៏ដូចជាការរីករាលដាលនៃកោសិកាប្រូស្តាតចូលទៅក្នុងប្លោកនោម។ ការធ្វើតេស្តឈាមក៏ត្រូវបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ ដោយធ្វើការស្នើសុំការពិនិត្យមុខងារតម្រងនោម និងការពិនិត្យរក Prostate specific antigen(PSA) ក្នុងករណីដែលគេសង្ស័យថាជាមហារីកក្រពេញប្រូស្តាត។ វិធីសាស្រ្ដក្នុងការព្យាបាល គោលការណ៍នៃការព្យាបាលជំងឺនេះត្រូវបានចែកចេញជាពីរដែលអាស្រ័យទៅលើរោគសញ្ញា និងទំហំនៃក្រពេញប្រូស្តាត៖ • ការព្យាបាលដោយប្រើប្រាស់ថ្នាំ៖ ធ្វើឡើងនៅពេលដែលទំហំនៃប្រូស្តាតតូចជាង ៤០ក្រាម និងមានផលរំខានតិច ដោយអាចប្រើប្រាស់នូវថ្នាំ ២ប្រភេទគឺថ្នាំដែលធ្វើឲ្យសាច់ដុំនៅជុំវិញកប្លោកនោមរលា និងថ្នាំដែលអាចជួយទប់ស្កាត់ការរីក ឬកើនចំនួននៃកោសិកាក្រពេញប្រូសា្តត (5-alpha reductas inhibitor) ដែលប្រសិទ្ធភាពនៃថ្នាំទាំង ២នេះនឹងជួយកាត់បន្ថយនូវរោគសញ្ញាមួយចំនួនខាងលើ។ • ការព្យាបាលដោយការវះកាត់៖ ជាការព្យាបាលត្រូវបានធ្វើឡើងបន្ទាប់ពីបរាជ័យក្នុងការប្រើប្រាស់ថ្នាំ ឬក្នុងករណីដែលប្រូស្តាតមានទំហំធំជាង ឬស្មើ៤០ក្រាម ហើយមានផលរំខានខ្ពស់ដូចជាស្ទះនោមជាដើម។ មធ្យោបាយក្នុងការវះកាត់ត្រូវបានចែកចេញជាពីរទៀតគឺការវះបើកដើម្បីកាត់យកក្រពេញប្រូស្តាត និងការវះកោសសាច់ប្រូស្តាតពីខាងក្នុង។ ការសម្រេចជ្រើសយកការកោសនៃសាច់ប្រូស្តាតនឹងប្រព្រឹត្តិទៅនៅពេលដែលប្រូសា្តតមានទំហំពី ៥០ ទៅ៦០ក្រាម ឬឈានដល់៩០ក្រាម ដែលវាអាស្រ័យទៅលើល្បឿននិងជំនាញនៃវេជ្ជបណ្ឌិតវះកាត់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីហៅថា” Bipolar” ដែលអាចជួយឃាត់ឈាមបានល្អអំឡុងពេលវះកោស ហើយវិធីសាស្រ្តនេះមានផលវិបាកតិចក្រោយពេលវះ និងអាចជាសះស្បើយឆាប់រហ័ស។ ចំណែកឯការវះបើកកាត់យកប្រូស្តាតទាំងមូលគឺត្រូវបានគេជ្រើសរើសនៅពេលដែលប្រូស្តាតមានទំហំលើសពី ៩០ក្រាមឡើងទៅដែលគេត្រូវវះបើកចូលទៅតាមប្លោកនោមដើម្បីលូកកាត់ប្រូស្តាតនោះចេញ។ ផលវិបាក ការដែលពន្យារ ឬមិនបានទទួលនូវការព្យាបាលបន្ទាប់ពីមានការលេចឡើងនូវរោគសញ្ញានៃជំងឺរីកក្រពេញប្រូស្តាត នោះការវិវឌ្ឍនៃទំហំក្រពេញនឹងកាន់តែរីកធំឡើង ដែលបង្កជាផលវិបាកស្ទះនោមភ្លាមៗ ធ្វើឲ្យមានការឈឺចាប់មិនអាចទ្រាំបាន និងត្រូវធ្វើការវះបើកកាត់យកប្រូស្តាតជាដាច់ខាតដោយពុំអាចប្រើថ្នាំ ឬវះកោសបានឡើយ ព្រោះថាដំណាក់កាលនេះប្រូស្តាតអាចនឹងមានទំហំធំខ្លាំងចាប់ពី ១០០ទៅ១៥០ក្រាម។ ប្រសិនបើអ្នកជំងឺបានទទួលការព្យាបាលទាន់ពេលវេលា នោះគាត់នឹងមិនប្រឈមទៅនឹងផលវិបាកក្នុងការវះកាត់ដូចជា៖ • ការបាត់បង់ឈាមច្រើនអំឡុងពេលវះកាត់ ដែលអាចឈានដល់ការបញ្ចូលឈាម • ការបន្សល់ទុកស្លាកស្នាមនៅក្រោមផ្ចិត និងការវះបើកប្លោកនោម • ចំណាយពេលទៅលើការជាសះស្បើយរហូតទៅដល់ ១០ថ្ងៃ ឬលើសពីនេះដែលផលវិបាកទាំងនេះមិនមានកើតឡើងទៅលើការវះកោសក្រពេញប្រូស្តាតឡើយ។ រាល់ការមានផលរំខានសម្រាប់បុរសទៅលើការបញ្ចេញទឹកនោម ដូចជាពិបាកនោម នោមខ្សោយ នោមយូរ និងនោមញឹកសូមរួសរាន់មកពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលាចំណាយពេលតិច និងមានផលវិបាកទាប។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញពីភាពជោគជ័យនៃការព្យាបាលជំងឺស្ទះផ្លូវដង្ហើមពេលគេង (Sleep Apnea) ដែលធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima។ ជាមួយការប្រើប្រាស់រូបភាព 3D គេអាចវាស់បានពីប្រសិទ្ធភាពនៃឧបករណ៍ដែលមានសមត្ថភាពទៅធ្វើការបើកផ្លូវដង្ហើមតាមរយៈឲ្យអ្នកជំងឺគេងរាបស្មើ ហើយការស្រាវជ្រាវនេះទទួលបានការចូលរួមពីសំណាក់ទន្តពេទ្យ និងវេជ្ជបណ្ឌិត។ លទ្ធផលនៃការព្យាបាលថ្មីនេះរួមមានម៉ាស៊ីន Continuous positive airway pressure (CPAP) ដែលជាម៉ាសម៉្យាងបំពាក់លើអ្នកជំងឺសម្រាប់បញ្ចូលសម្ពាធខ្យល់នៅពេលយប់ និងឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance)។ ប្រភេទឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance) ត្រូវបានបង្កើតឡើងពីផ្នែកសោភ័ណភាពមាត់ធ្មេញនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima ដែលអាចជួយសម្រួលដល់អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាល និងមធ្យម។ ឧបករណ៍នេះមានប្រសិទ្ធភាពក្នុងការរុញឆ្អឹងអញ្ចាញទៅខាងមុខ ដើម្បីបង្កើនទំហំផ្លូវដង្ហើមសម្រាប់សម្រួលដល់ដំណើរការខ្យល់ចេញចូលនៅខាងក្រោយនៃមាត់ ហើយមិនមានការប៉ះពាល់ទៅដល់ធ្មេញ និងប្រែប្រួលលើទម្រង់មុខនោះទេ។ តាមរយៈវេជ្ជបណ្ឌិត Ueda បានបង្ហាញថាឧបករណ៍នេះគឺអាចប្រៀបបានទៅនឹងវ៉ែនតាដែលអ្នកពាក់ដើម្បីមើលឲ្យបានច្បាស់ ដោយជាក់ស្ដែងអ្នកក៏ត្រូវពាក់ឧបករណ៍នេះជាប្រចាំផងដែរ ប្រសិនអ្នកចង់គេងឲ្យបានស្កប់ស្កល់ហើយការសិក្សានេះទៀតសោតបានបង្ហាញពីប្រសិទ្ធភាពនៃការព្យាបាល ដោយយើងសង្ឃឹមថានឹងមានការសហការជាបន្តទៀតរវាងទន្តពេទ្យ និងវេជ្ជបណ្ឌិតសម្រាប់វិធីសាស្រ្តព្យាបាលដទៃទៀត។          គួរបញ្ជាក់ផងដែរ ជំងឺស្ទះផ្លូវដង្ហើម ជាលក្ខខណ្ឌបណ្តាលមកពីសាច់ដុំបំពង់កសម្រាកដែលធ្វើឲ្យរួមតូចនៃផ្លូវដង្ហើមអំឡុងពេលគេង ដែលស្ដែងមានសញ្ញាដូចជា ស្រមុក ឈ្លក់ ឬដង្ហក់ជាដើម។ អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាលទៅមធ្យមតែងមានអាការៈល្ហិតល្ហៃជាប្រចាំ និងបាត់បង់ការប្រមូលផ្តុំអារម្មណ៍ ចំណែកករណីធ្ងន់ធ្ងរអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ឯកសារយោង៖ https://www.eurekalert.org/pub_releases/2019-04/hu-toa041619.php https://www.sciencedaily.com/releases/2019/04/190416093729.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការធុំក្លិនមាត់ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយដោយសារតែក្លិនមាត់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ សំណួរ៖ ខ្ញុំមានអាយុ ៣២ឆ្នាំ ភេទប្រុស រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី ហើយតើព្យាបាលតាមវិធីណា? ចម្លើយ៖ ក្លិនមាត់មិនល្អបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • ការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារនៅលើផ្ទៃនៃគល់អណ្តាតនៅតាមចន្លោះធ្មេញ និងដក់ក្រោមអញ្ចាញធ្មេញ • មានធ្មេញខូចច្រើននៅក្នុងមាត់ • មានធ្មេញដែលដាក់ពីមុនជ្រាបទឹក • មានជំងឺបំពង់ក ឬសួត • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ • ស្រេ្តស និងការធុញថប់ • ការខ្សោះជាតិទឹក • ដំបៅមាត់រុំារ៉ៃ ឬដំបៅអណ្តាត • ជំងឺរលាកប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះ ប្អូនគួរមកជួបពិនិត្យ និងពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងមានផែនការព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩  សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA (Cambodia Association of Travel Agents) ជាសមាគមថ្នាក់ជាតិដែលមានវ័យចំណាស់ជាងគេនៅក្នុងការប្រត្តិបត្តិវិស័យទេសចរណ៍ផ្នែកឯកជនក្នុងព្រះរាជាណាចក្រកម្ពុជាជាងពីរទសវត្សរ៍មកនេះ។ បន្ថែមពីនេះ សមាគមមានសេចក្តីសោមនស្សសូមជម្រាបជូនទៅដល់សាធារណជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្ថាប័នជំនាញ និងវិជ្ជាជីវៈ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្តយុត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធក្នុងការជំរុញពង្រីកគោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យទេសចរណ៍ និងទទួលបានព័ត៌មានដែលមានក្នុងបច្ចុប្បន្នភាពនៃទេសចរណ៍។ ជាក់ស្តែង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានសហការជាមួយក្រសួងទេសចរណ៍ និងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលា​ក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិចកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ក្រោមប្រធានបទអភិរក្សស៊ីក្លូដើម្បីទេសចរណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ដល់២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់នៅសួនព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) រាជធានីភ្នំពេញ។ ដោយឡែក នេះជាលើកទី៣ សម្រាប់ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូដែលការប្រណាំងស៊ីក្លូជាលើកចុងក្រោយតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ  ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមបានបង្ហាញថាកាលពីទសវត្សរ៍ទី៩០ចំនួនស៊ីក្លូមានប្រមាណ ១០០០គ្រឿងឯណោះ ក៏ប៉ុន្តែចំនួនស៊ីក្លូនាពេលបច្ចុប្បន្នមានប្រមាណប្រហែល ៣០០គ្រឿងតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីការបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀតបាន។ យ៉ាងណាមិញ ដោយសារការមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងទើបជំរុញឲ្យមានការព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ ពិសេសជួយបង្កើនប្រាក់ចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំទ្រគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងមានឱកាសចូលរួមទស្សនាការប្រណាំងស៊ីក្លូដ៏កម្រដោយមានការចូលរួមប្រកួតប្រជែងស៊ីក្លូប្រមាណ ១៣៦គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមកម្មវិធីនេះអាចទស្សនា និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀតដូចជា ការជិះស៊ីក្លូកម្សាន្តក្នុងបរិវេណសួនព្រះនាងប្រាជ្ញាបរមី ដោយសបញ្ជាក់ការបង្ហាញពីប្រវត្តិ និងរបៀបនៃការបង្កើតស៊ីក្លូ ព្រមជាមួយការលក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនផងដែរ។ លើសពីនេះ ក៏មានការប្រគំតន្ត្រី Acoustic ផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទយ៉ាងពិសេសថែមទៀតផង។ គួរបញ្ជាក់ជាថ្មីម្តងទៀតថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមដោយសេរីក្នុងព្រឹត្កិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្នុងថ្ងៃទី២២ និង២៣ មិថុនានេះ ឲ្យបានច្រើនកុះករ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top