
- Jun 04, 2019 |
- 6 ឆ្នាំមុន |
- 4.8K មើល
ពិការភាពជាផលវិបាកនៃការឈឺចង្កេះដែលអ្នកគួរបារម្ភ
ការឈឺចង្កេះ ជាបញ្ហាដែលតែងកើតមានជាញឹកញាប់ចំពោះប្រជាជនស្ទើរគ្រប់វ័យក្នុងអត្រា ៩០%នៃប្រជាជនទាំងអស់បើយោងតាមការសិក្សានានាកន្លងមក។ និយមន័យ ការឈឺចង្កេះ ឬការឈឺឆ្អឹងខ្នងផ្នែកចង្កេះ (Low Back Pain) គឺជាការឈឺចាប់ត្រង់តំបន់ឆ្អឹងខ្នងចង្កេះដែលជាទូទៅចាប់ពីឆ្អឹងកងចង្កេះទី១ ដល់ទី៥ និងបន្តរហូតដល់ឆ្អឹងកងគូទទី ១។ ជំងឺនេះត្រូវបានចែកចេញជា២ ប្រភេទគឺ៖ - ការឈឺចាប់ចង្កេះទូទៅ (Common Low Back Pain)៖ មូលហេតុចម្បងបណ្តាលមកពីការខូចខាតរចនាសម្ព័ន្ធនៃឆ្អឹងខ្នងចង្កេះតែម្តងរួមមានការលៀនឌីស ឬការសឹកឌីសនៃឆ្អឹងខ្នងចង្កេះ និងការវៀចនៃឆ្អឹងខ្នងជាដើម។ - ការឈឺចាប់តាមរោគសញ្ញានៃជំងឺមួយចំនួន (Sym ptomatic Low Back Pain)៖ បណ្តាលមកពីកត្តានៃជំងឺផ្សេងទៀត រួមមានជំងឺរបេង ជំងឺរលាករ៉ាំរ៉ៃ ជំងឺពុកឆ្អឹង ការរាលដាលនៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស (Prostate cancer) មហារីកសុដន់របស់ស្រ្តី មហារីកក្រពេញបំពង់ក (Thyroid cancer) មហារីកសួត ឬដុំកោសិកាមហារីកផ្សេងៗទៀត។ល។ ទាំងអស់នេះគឺជាករណីធ្ងន់ធ្ងរនៃជំងឺឈឺចង្កេះ។ បុគ្គលប្រឈម មានកត្តាហានិភ័យជាច្រើនដែលអាចបណ្តាលឲ្យឈឺចាប់ឆ្អឹងកងខ្នង ដោយអាចរួមបញ្ចូលទាំងអាយុ មុខរបរ របៀបរបបរស់នៅប្រចាំថ្ងៃ ទម្ងន់ កាយវិការខុសឆ្គង ការមានផ្ទៃពោះ ការជក់បារី និងកត្តាសេនេទិច។ - អាយុ៖ វ័យកាន់តែចាស់ ស្ថានភាពឆ្អឹងខ្នងរបស់អ្នកកាន់តែទ្រុឌទ្រោម ដែលអាចប្រឈមនឹងជំងឺសឹកឌីសឆ្អឹងខ្នង (Disc degeneration) ឬ Spinal stenosis។ ជាក់ស្តែង ប្រជាជនវ័យចន្លោះ៣០ ទៅ ៦០ឆ្នាំ ប្រឈមនឹងជំងឺពាក់ព័ន្ធភាពមិនប្រក្រតីនៃឌីសឆ្អឹងខ្នង ចំណែកប្រជាជនវ័យ ៦០ឆ្នាំឡើងប្រឈមនឹងការឈឺចាប់បណ្តាលមកពីការរលាកសន្លាក់ឆ្អឹង ( Osteoarthritis) ។ - មុខរបរ៖ ចំពោះការងារដែលតម្រូវឲ្យមានការលើកវត្ថុ ឬពត់ពែនខ្នងច្រើន អាចបង្កជាហានិភ័យខ្ពស់។ ការងារទាំងនេះអាចមានដូចជា កម្មករលីសែង ឬសំណង់ និងកីឡាករជាដើម។ ក្រៅពីនេះ ការងារដែលតម្រូវឈរច្រើនម៉ោង ដោយមិនមានការឈប់សម្រាក (ជាងកាត់សក់...) ឬការងារដែលតម្រូវឲ្យអង្គុយយូរ (អ្នកធ្វើការជាមួយកុំព្យូទ័រ) ក៏អាចបង្កជាបញ្ហាដែរ។ - របៀបរបបរស់នៅ៖ ការមិនចូលចិត្តធ្វើការហាត់ប្រាណ ឬការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរពេក ឬមិនត្រឹមត្រូវ។ - ទម្ងន់៖ បុគ្គលដែលមានទម្ងន់លើស (តាមរយៈការគណនា Body Mass Index) អាចដាក់សម្ពាធចំពោះឆ្អឹងខ្នងព្រមទាំងសន្លាក់ផ្សេងៗទៀតដូចជា ជង្គង់ជាដើម។ - ការមានផ្ទៃពោះ៖ ស្រ្តីមានផ្ទៃពោះតែងមានបញ្ហាឈឺចាប់ត្រង់ចង្កេះជាញឹកញាប់ ប៉ុន្តែជាទូទៅការឈឺចាប់នេះនឹងបាត់ទៅវិញក្រោយសម្រាល។ - ការប្រើប្រាស់ថ្នាំស្តេរ៉យ (Steroids)៖ ករណីប្រើប្រាស់ជាប្រចាំ និងរយៈពេលយូរអាចបណ្តាលឲ្យឆ្អឹងពុក បន្ទាប់មកឆ្អឹងខ្នងក៏ស្រុត ជាហេតុបណ្តាលឲ្យឈឺចង្កេះ។ - ធ្លាប់មានប្រវត្តិប៉ះទង្គិច៖ ករណីធ្លាប់មានគ្រោះថ្នាក់ដែលប៉ះពាល់ទៅលើឆ្អឹងចង្កេះខ្លាំង ក៏អាចបណ្តាលឲ្យមានការឈឺចាប់នៅពេលបន្ទាប់។ - ការជក់បារី៖ ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថាបុគ្គលជក់បារីអាចប្រឈមនឹងជំងឺឈឺចង្កេះដែលបណ្តាលមកពីការពុកឆ្អឹង ច្រើនជាងបុគ្គលដែលមិនបានជក់បារី។ - កត្តាសេនេទិច៖ តាមរយៈការសិក្សាវិទ្យាសាស្រ្តមួយចំនួនបានបង្ហាញថា ជំងឺទាក់ទងនឹងការខូចខាតឌីសនៃឆ្អឹងខ្នងមានជាប់ពាក់ព័ន្ធនឹងកត្តាសេនេទិចផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបុរសតែងមានបញ្ហាឈឺចង្កេះច្រើនជាងមនុស្សស្រី ប៉ុន្តែក្រោយអស់រដូវ ស្រ្តីអាចប្រឈមនឹងការឈឺចង្កេះច្រើន នេះអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន ជំងឺពុកឆ្អឹង ភាពស្រេ្តស ឬជំងឺថប់បារម្ភ។ រោគសញ្ញា ជាទូទៅ ការឈឺចាប់អាចមានសភាពប្រែប្រួល និងខុសគ្នាអាស្រ័យទៅតាមមូលហេតុពិតប្រាកដដែលបង្កឲ្យមានបញ្ហានេះ។ ក្នុងនោះរោគសញ្ញាមានដូចតទៅ៖ - អាចឈឺចាប់ខ្លាំងភា្លមៗ ឬឈឺងំត្រង់ចង្កេះ និងជួនកាលអាចឈឺចាប់ពីចង្កេះចុះមកក្រោមរហូតដល់បាតជើង ឬខ្នងជើង ឬម្រាមជើងជាដើម - អាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ផ្នែកផ្សេងទៀតនៃរាងកាយ អាស្រ័យទៅតាមប្រភេទសរសៃប្រសាទដែលត្រូវបានប៉ះពាល់ - អាចហើម រឹង ពិបាកឱន ក្រហាយ ស្ពឹកត្រង់តំបន់ចង្កេះ - ជួនកាល ការឈឺចាប់អាចកាន់តែកើនឡើង នៅពេលធ្វើសកម្មភាពលើសកម្រិត និងខុសប្រក្រតីករណី Common Low Back Pain។ ផ្ទុយមកវិញការឈឺចាប់នឹងកាន់តែខ្លាំង នៅពេលអ្នកជំងឺនៅស្ងៀមពេលយប់ ពេលព្រលឹម ឬពេលមានអាកាសធាតុត្រជាក់ ចំពោះ Symptomatic Low Back Pain។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ(Physical Examination) តាមរយៈការបង្គាប់ឲ្យធ្វើចលនាផ្សេងៗ និងកំណត់អំពីកម្រិតនៃភាពឈឺចាប់ពីមាត្រដ្ឋាន ០ ទៅ ១០។ បន្ថែមពីនេះ ការពិនិត្យដោយប្រើប្រាស់ឧបករណ៍អមវេជ្ជសាស្ត្រនានានឹងត្រូវបានធ្វើឡើងផម៉ាស៊ីន X-ray MRI ឬ CT Scan និងវាស់កំហាប់ឆ្អឹង។ ម៉្យាង ការពិនិត្យឈាម និងបច្ចេកទេសអមវេជ្ជសាស្រ្ដផ្សេងទៀតក៏អាចត្រូវបានរាប់បញ្ចូលផងដែរ។ ការព្យាបាល ការព្យាបាលបញ្ហាឈឺចង្កេះជាទូទៅអាស្រ័យនឹងប្រភេទនៃមូលហេតុ ដោយអាចមានជាការវះកាត់ប្រសិនបើជាករណីធ្ងន់ធ្ងរ។ ជោគជ័យនៃការព្យាបាលជំងឺនេះភាគច្រើនលើសលប់ផ្អែកទៅលើការព្យាបាលដោយមិនបាច់ធ្វើការវះកាត់នោះទេ ដែលអាចមានដូចជា ការប្រើប្រាស់ឧបករណ៍ស្អំក្តៅ ឬត្រជាក់ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Analgesic), NSAID, Myorelaxant, Anticonvulsant និងAntidepressant។ ការចាក់ថ្នាំប្រភេទស្តេរ៉យ (Steroid) ចូលក្នុងឆ្អឹងខ្នង ការព្យាបាលដោយចលនា ការធ្វើលំហាត់ប្រាណ សុទ្ធតែជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃជំងឺឈឺចង្កេះនេះអាចមានភាពផ្សេងៗគ្នា ប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ហេតុនេះ ការជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាប្រការដែលចាំបាច់ និងខានពុំបាន ដើម្បីកំណត់អំពីមូលហេតុពិតប្រាកដ និងការព្យាបាលដែលត្រឹមត្រូវមានប្រសិទ្ធភាព និងសុវត្ថិភាព។ វិធានការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ទាក់ទងការឈឺចង្កេះ៖ - ត្រូវប្រុងប្រយ័ត្នរាល់ពេលលើក ឬសែងវត្ថុធ្ងន់ - ជានិច្ចកាល ត្រូវរក្សាដងខ្លួនឲ្យត្រង់ - ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ (កុំអង្គុយយូរពេក ឬឈរច្រើនម៉ោងពេក) - កាត់បន្ថយទម្ងន់ ក្នុងករណីលើសទម្ងន់ - គ្រប់គ្រងរបបអាហារកុំឲ្យលើសទម្ងន់ ជាពិសេសត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាល់ស្យូម - ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ - ហាមជក់បារី និងកាត់បន្ថយការទទួលទានសុរា - ត្រូវប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា - ប្រើប្រាស់ឧបករណ៍ការពារទ្រទ្រង់ចង្កេះ (ក្រណាត់រុំ...) រាល់ពេលធ្វើសកម្មភាពធម្មតា (ឈឺរ៉ាំរ៉ៃ)។ ផលវិបាក ក្នុងករណីខ្លះ ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងភាពពិការ ដោយសារការវិវឌ្ឍទៅរកការគាបសរសៃស្យាទិច (Sciatic Nerve) ដែលជាផលវិបាកដ៏គួរឲ្យព្រួយបារម្ភ ព្រមទាំងជាមូលហេតុចម្បងដែលបណ្តាលឲ្យបាត់បង់ការងារ ឬសកម្មភាពប្រចាំថ្ងៃ។ លើសពីនេះ វាក៏បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីការឈឺចាប់រ៉ាំរ៉ៃផងដែរ។ សូមកុំមើលរំលងការឈឺចង្កេះរ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដដើម្បីទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព។ បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក