Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជីវិតរបស់ស្ត្រីពេលចូលទៅដល់វ័យអស់រដូវ គឺជារបត់នៃជីវិតដ៏ធំមួយ ដែលធ្វើឲ្យគុណភាពក្នុងការរស់នៅរបស់ស្ត្រីក្លាយជាការបារម្ភ និងរំខានអស់រយៈពេលរហូតដល់ជាច្រើនខែ ឬច្រើនឆ្នាំ។ ស្វែងយល់អំពីការផ្លាស់ប្តូរ មិនត្រឹមតែបាត់បង់នូវលទ្ធភាពក្នុងការបន្តពូជប៉ុណ្ណោះទេការផ្លាស់ប្តូរផ្នែករាងកាយជាច្រើនក៏នឹងអាចកើតមានឡើងផងដែរនៅអំឡុងពេលអស់រដូវរបស់ស្ត្រីដោយក្នុងនោះរួមមានដូចជាការកើនឡើងនូវសម្ពាធឈាម បម្រែបម្រួលកម្រិតកូឡេស្តេរ៉ុល និងភាពខ្សោយនៃសុខភាពឆ្អឹងដែលទាំងអស់នេះបណ្តាលមកពីការធ្លាក់ចុះនៃអ័រម៉ូនអឺស្ត្រូហ្សែន។ កម្រិតធ្ងន់ធ្ងរនៃរោគសញ្ញាដែលកើតមានឡើងអាចមានការខុសគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត ដោយក្នុងនោះរោគសញ្ញាព្រមានដំបូងៗអាចរួមមានដូចជា ការកើនទម្ងន់ ភាពក្តៅស្អុះស្អាប់ បែកញើសយប់ ភាពឆេវឆាវខុសប្រក្រតី ពិបាកផ្តោតអារម្មណ៍ ឈឺក្បាលញឹកញាប់ជាងធម្មតា ឈឺសន្លាក់ និងការធ្លាក់ឈាមរដូវច្រើន។ រយៈពេលយូរទៅការធ្លាក់ចុះនៃអឺស្ត្រូហ្សែនអាចបង្កើននូវហានិភ័យនៃជំងឺធ្ងន់ធ្ងរផងដែរ ជាពិសេស ជំងឺបេះដូង និងភាពខ្សោយនៃឆ្អឹង។ លើសពីនេះ ជំងឺមហារីកក្រពេញអូវែក៏ត្រូវបានដឹងថាជាជំងឺដែលកើតឡើងមានញឹកញាប់ចំពោះស្ត្រីដែលមានវ័យជុំវិញ៥០ឆ្នាំផងដែរ។ ស្វែងយល់អំពីការព្យាបាល ការព្យាបាលដោយអ័រម៉ូន (HRT) ត្រូវបាននិយមប្រើប្រាស់ដោយស្ត្រីជាច្រើនក្នុងទិសដៅគ្រប់គ្រងឲ្យបាននូវរោគសញ្ញារំខានផ្សេងៗអំឡុងពេលអស់រដូវ។ ទោះយ៉ាងណាក៏ដោយមិនមែនស្ត្រីទាំងអស់សុទ្ធតែអាចទទួលយកការព្យាបាលដោយអ័រម៉ូននេះបាននោះទេ ដោយសារលក្ខខណ្ឌទាក់ទងនឹងបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ពួកគេ ស្របពេលដែលស្ត្រីមួយចំនួនទៀតក៏មិនចង់ទទួលការព្យាបាលនេះដែរ ដោយពួកគេងាកមកជ្រើសរើសការផ្លាស់ប្តូររបបអាហារ និងរបៀបរបបរស់នៅក្នុងការសម្រាលអាការៈរំខានទាំងនោះជំនួសវិញ។ ស្វែងយល់អំពីជម្រើសនៃការទ្រទ្រង់ដោយសារធាតុបំប៉នពីរុក្ខជាតិ 1. សារធាតុចម្រាញ់ពីតែបៃតងតែបៃតងសម្បូរទៅដោយ EGCG ដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្លាំងជាងវីតាមីន អឺ ២៥ដង និងខ្លាំងជាងវីតាមីន សេ រហូតដល់ទៅ១០០ដងឯណោះ។ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែបៃតងត្រូវបានរកឃើញថាមានឥទ្ធិពលល្អលើជំងឺរ៉ាំរ៉ៃជាច្រើន រួមមានដូចជា មហារីកសរសៃឈាមបេះដូង និងភាពខូចខាតនៃសរសៃប្រសាទ។ សកម្មភាពជាច្រើនរបស់តែបៃតងត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ទៅលើអត្ថប្រយោជន៍នៃការការពារ និង/ឬ ព្យាបាល ដំបៅបង្កឡើងដោយមេរោគ HPV។ លើសពីនោះវាក៏ត្រូវបានបង្ហាញថាមានសារៈសំខាន់ក្នុងការព្យាបាល និងការពារជំងឺខូចខាតកោសិកា កស្បូន និងជំងឺឫសនៅប្រដាប់បន្តពូជផងដែរ។ ដោយឡែកគេសង្កេតឃើញផងដែរថា តែបៃតងអាចចូលរួមក្នុងការសម្របសម្រួលសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសចំពោះស្ត្រីអស់រដូវ។ 2. Isoflavones ពីសណ្តែកសៀង Isoflavones ត្រូវបានចាត់ទុកជាអឺស្ត្រូហ្សែនពីរុក្ខជាតិដែលជាទម្រង់នៃការព្យាបាលមួយទទួលបានការនិយមប្រើប្រាស់ក្នុងការសម្រាលអាការៈនៃការអស់រដូវ ក្រៅពីការព្យាបាលដោយអ័រម៉ូន។ សាធាតុនេះមានលក្ខណៈសម្បត្តិក្នុងការការពារ ជាមួយនឹងសកម្មភាពប្រឆាំងវីរុស ផ្សិត បាក់តេរី អុកស៊ីតកម្ម បម្រែបម្រួលហ្សែន ការរីករាតត្បាតនៃជំងឺ ការរលាក ក៏ដូចជាសកម្មភាពការពារពីអឺស្ត្រូហ្សែនផងដែរ។ តាមរយៈការប្រើប្រាស់តាមមាត់ Isoflavones នឹងត្រូវបានបំបែកដោយអង់ស៊ីមផ្លូវអាហារទៅជាសារធាតុបំលែងផ្សេងៗទៀតដែលជាចម្បងទទួលខុសត្រូវក្នុងការបញ្ចេញឥទ្ធិពលអឺស្ត្រូហ្សែន។ 3. Lycopene Lycopene មានសកម្មភាពជាច្រើនក្នុងការប្រឆាំងនឹងមហារីក ដែលក្នុងនោះមានទំនាក់ទំនងនឹងឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក និងឥទ្ធិពលសម្របសម្រួលប្រព័ន្ធការពាររាងកាយ ព្រមទាំងឥទ្ធិពលលើហ្សែន ARE (Antioxidant Response Element)។ Lycopene អាចរារាំងការរីករាតត្បាតនៃកោសិកាមហារីក ធ្វើឲ្យមានការស្លាប់ទៅវិញដោយឯកឯងនៃកោសិកា ព្រមទាំងការពារការកើតឡើងនៃសរសៃឈាមទៅចិញ្ចឹមកោសិកាមហារីក។ Lycopene អាចបន្ថយការរសាត់ឆ្អឹងដែលជាលទ្ធផលជួយកាត់បន្ថយហានិភ័យទៅនឹងជំងឺពុកឆ្អឹង។ លើសពីនេះ Lycopene ក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវែក្នុងចំណោមស្ត្រីអស់រដូវបានទៀតផង តាមរយៈការការពារកោសិកាផ្នែកខាងលើពីការរងអុកស៊ីតកម្ម ក៏ដូចជាការពារពីការប្រែប្រួលមិនប្រក្រតីនៃកោសិកាអូវែផងដែរ។ ដូចគ្នាដែរ សកម្មភាពរារាំងការលូតលាស់នៃមហារីកសុដន់ ស្រទាប់ស្បូន សួត ព្រមទាំងកោសិកាឈាម ស  ធ្វើឲ្យ Lycopene មានសារប្រយោជន៍កាន់តែប្រសើរចំពោះជំងឺមហារីក។ 4. វីតាមីន សេ វីតាមីន សេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ចំពោះមនុស្ស ប៉ុន្តែវាត្រូវបានរកឃើញថា មានបរិមាណថយចុះចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាក់ស្តែង វីតាមីន សេ ដើរតួជាអ្នកសម្របសម្រួលនៃប្រតិកម្មបំបែកនៃកូឡេស្តេរ៉ុល ទៅជាទឹកអាស៊ីតប្រមាត់ ហើយថែមទាំងជាសារធាតុចាំបាច់សម្រាប់ការផលិតជាកូឡាជែនក្នុងរាងកាយ ក៏ដូចជាការសំយោគជា Hydroxyproline និង Hydroxylysine ព្រមទាំងអាចជួយរក្សាទ្រទ្រង់សុខភាពឆ្អឹងបានផងដែរ។ តាមរយៈការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញផងដែរថាវីតាមីនសេ មានឥទ្ធិពលសម្លាប់កោសិកាមហារីកបានជាច្រើនប្រភេទ។ កាន់តែពិសេស វីតាមីន សេ អាចជំរុញឲ្យស្បែកការពារខ្លួនបានពីការបាត់បង់ជាតិទឹក និងភាពស្ងួតដែលច្រើនកើតមានឡើងចំពោះស្ត្រីអស់រដូវ និងជាមូលហេតុបណ្តាលឲ្យមានភាពជ្រីវជ្រួញកាន់តែខ្លាំង។ 5. កាល់ស្យូមកាបូណាត កាល់ស្យូម គឺជាសារធាតុសំខាន់ក្នុងការជួសជុលកូឡាជែនក្រោមទម្រង់ជា Calcium phosphate ហើយវាជាសារធាតុចាំបាច់សម្រាប់ភាពរឹងមាំនៃឆ្អឹង។ សម្រាប់ស្ត្រីដែលមានម៉ាស់ឆ្អឹងក្នុងកម្រិតធម្មតា ក៏គួរប្រើប្រាស់កាល់ស្យូមផងដែរដើម្បីចៀសវាងការបាត់បង់ឆ្អឹងដែលអាចផាត់ចោលបាន។ លើសពីនេះ ការទទួលទានកាល់ស្យូមបន្ថែមអាចជួយធ្វើឲ្យប្រសើរឡើងនូវបរិមាណនៃសារធាតុរ៉ែរបស់ឆ្អឹង និងដង់ស៊ីតេឆ្អឹង ព្រមទាំងបន្ថយហានិភ័យនៃការបែកបាក់ឆ្អឹងអំឡុងពេលអស់រដូវផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ក្រៅពីសេរីភាព  និងសិទ្ធិនៃការទទួលបានសេវាថែទាំព្យាបាល អតិថិជនក៏មានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងការអប់រំសុខភាពដោយស្មើភាពមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។ តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? អតិថិជនមានសិទ្ធិទទួលព័ត៌មានអំពី៖ • ម៉ោងពេលធ្វើការចរាចរអតិថិជន • តម្លៃសេវា របៀបរបបនៃការបង់ថ្លៃ • ការលើកលែងបង់ថ្លៃ។ - មានសិទ្ធិទទួលព័ត៌មានអំពី៖ • ស្ថានភាពសុខភាព • រោគវិនិច្ឆ័យសភាពជំងឺ ការវិវឌ្ឍនៃការព្យាបាល និងតើត្រូវធ្វើអ្វីខ្លះនៅពេលមានអាសន្ន • វិធានការនានាព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិ។ - អតិថិជនមានសិទិ្ធជ្រើសរើសអ្នកតំណាងរបស់ ពួកគេក្នុងការទទួលព័ត៌មាន - អតិថិជនត្រូវមានលទ្ធភាពទទួលបាននូវមតិយោបល់ និងព័ត៌មានបន្ថែម - នៅពេលចូលមកសម្រាកនៅមូលដ្ឋានសុខាភិបាលអតិថិជនគប្បីដឹងអំពី៖ • អត្តសញ្ញាណ ស្ថានភាពអាជីពរបស់អ្នកផ្តល់សេវា • ច្បាប់ បទបញ្ជានានា និងការថែទាំព្យាបាល។ - អតិថិជនមានសិទ្ធិក្នុង៖ • ការស្នើសុំនូវឯកសារសង្ខេបអំពីរោគវិនិច្ឆ័យ ការថែទាំព្យាបាល និងលទ្ធផលនៃការវិភាគអមវេជ្ជសាស្រ្ត (ឧ.តើហ្វីលអាចផ្តល់ឲ្យបាន ឬអត់? ឧ.អំពីគ្រោះថ្នាក់ចរាចរណ៍ តើអាចប្រឈមមុខក្នុងការប្ដឹងផ្ដល់ ឬជួនកាលគេសុំក្នុងលក្ខណៈ ធម្មតាតែគេយកទៅប្តឹង) • ការទទួលបាននូវការអប់រំសុខភាព (ការកាពារ និងការលើកកម្ពស់សុខភាព)។ តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលត្រូវ៖ • ផ្តល់ព័ត៌មានអំពីសេវាថែទាំព្យាបាល ពេលម៉ោងធ្វើការ និងតារាងតម្លៃសេវាឲ្យឃើញជាសាធារណៈ • អនុវត្តប្រព័ន្ធបង់ថ្លៃដែលមានតម្លាភាព ស្របតាមបញ្ញត្តិហិរញ្ញប្បទានសុខាភិបាល។ - អ្នកផ្តល់សេវាសុខភាពត្រូវប្រាកដថា រាល់អតិថិជនទាំងអស់ដែលចូលមកសម្រាកពេទ្យ ត្រូវដឹងអំពី៖ • បុគ្គលិកពេទ្យដែលមើលថែទាំ • តើត្រូវធ្វើដូចម្តេចនៅពេលមានអាសន្ន • ការប្រើប្រាស់ បង្គន់ ទឹក ភ្លើង និងការហូបចុក • បទបញ្ជា និងសារាចរនានា របៀបនៃការបង់ថ្លៃ។ - អ្នកផ្តល់សេវាសុខភាពត្រូវធានាថា រាល់អតិថិជនទាំងអស់មុនចាកចេញពីមូលដ្ឋានសុខាភិបាលបានដឹងអំពី៖ • ស្ថានភាពសុខភាព វិធានការព្យាបាល និងការពារ • ត្រូវធ្វើដូចម្តេចនៅពេលដែលជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើពាក្យសាមញ្ញ ងាយស្រួលយល់ និងស្តាប់ • ផ្តល់ឱកាសដល់អតិថិជន ក្នុងការបញ្ជាក់បំភ្លឺនូវបញ្ហាអ្វីមួយដែលគេចង់ដឹង • មានអ្នកបកប្រែភាសា។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើប្រាស់គ្រប់ឱកាសទាំងអស់ក្នុងការបញ្ជូនព័ត៌មានសុខភាព • ធានាថារាល់សម្ភារសម្រាប់អប់រំសុខភាព ធ្វើ  យ៉ាងណាចែកចាយឲ្យបានដល់ដៃអតិថិជនគ្រប់រូប។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - ការទទួលខុសត្រូវមាន៖ • អតិថិជនមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តនូវរាល់វិធានការការពារ និងលើកកម្ពស់សុខភាពដែលបានផ្តល់ដោយអ្នកផ្តល់សេវាសុខភាព • អតិថិជន ឬអ្នកតំណាងទទួលខុសត្រូវក្នុងការសាកសួរទៅអ្នកផ្តល់សេវាសុខភាពដើម្បីបញ្ជាក់បំភ្លឺឲ្យបានយល់ច្បាស់នូវការណែនាំ ឬព័ត៌មានផ្សេងៗ។ បកស្រាយដោយ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អ្នកកំពុងជួបបញ្ហាលំបាកក្នុងការឡើងទម្ងន់មែនឬទេ? ញុំាច្រើនដែរហាត់ប្រាណក៏ទៀងទាត់ ប៉ុន្តែរាងកាយមិនឡើងទម្ងន់ដូចចិត្តមែនទេ? បើដូច្នោះ គួរមើលឡើងវិញលើមុខអាហារដែលបរិភោគរាល់ថ្ងៃតើមានបញ្ចូលនូវប្រភេទអាហារខាងក្រោមហើយឬនៅ មុនបន្តរអ៊ូរទាំពីការមិនឡើងសាច់ដូចបំណងនេះ? សាច់ពណ៌ក្រហម សាច់ពណ៌ក្រហម គឺជាអាហារប្រូតេអុីនមួយប្រភេទដែលជួយក្នុងការបង្កើតសាច់ដុំនៅក្នុងរាងកាយរបស់យើងបាន។ ទន្ទឹមនឹងនេះ សាច់ក្រហមមានផ្ទុកទៅដោយសារធាតុ Creatine និង Leucine ដែលជាអាស៊ីតអាមីណេជួយជំរុញការសំយោគប្រូតេអុីននៅក្នុងសាច់ដុំ និងផ្តល់កាល់ឡូរីខ្ពស់សម្រាប់ការឡើងទម្ងន់របស់អ្នកផងដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវមួយទៅលើស្រ្តីវ័យចំណាស់ ១០០នាក់ដែលបរិភោគសាច់ក្រហម ១៧០ក្រាមជាមួយរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយនឹងការហាត់ប្រាណ៦ថ្ងៃក្នុងមួយសប្តាហ៍រយៈពេល ៦ខែ បានបង្ហាញឲ្យឃើញពីការឡើងទម្ងន់ដល់ទៅ ១៨ភាគរយ។ ទឹកដោះគោ ទឹកដោះគោមិនត្រឹមតែជួយការលូតលាស់ផ្នែកខួរក្បាល និងផ្នែកសម្រស់ប៉ុណ្ណោះទេ តែវាក៏មានតួនាទីជួយបន្ថែមកាល់ឡូរីសម្រាប់ការលូតលាស់សាច់ដុំព្រមទាំងអាចធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាពដោយហេតុថា ទឹកដោះគោសម្បូរនូវសារជាតិបំប៉នជាច្រើនដូចជា ប្រូតេអុីន ជាតិស្ករ ជាតិខ្លាញ់ កាល់ស្យូម វីតាមីន និងសារជាតិរ៉ែ។ បន្ថែមពីនេះវាក៏មានផ្ទុកដោយប្រូតេអុីនពិសេសសម្រាប់ការបង្កើតសាច់ដុំនៅលើរាងកាយ ដែលអាចជួយឲ្យឡើងទម្ងន់បានទៀតផង។ បើយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការញុំាទឹកដោះគោ ១ទៅ២កែវ ជាមួយអាហារសម្រន់ ឬបន្ទាប់ពីលំហាត់ប្រាណអាចផ្តល់ថាមពលប្រមាណជាង ៣០០កាល់ឡូរី ដែលអាចជួយជំរុញក្នុងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងសុខភាពល្អ។ ផ្លែប័រ ផ្លែប័រជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់បំផុត និងជាអាហារដ៏ល្អសម្រាប់អ្នកដែលចង់ឡើងទម្ងន់ធ្វើជារបបអាហារដើម្បីសុខភាព។ ជាមួយនឹងកម្រិតជាតិកាល់ឡូរីខ្ពស់ ៣២២កាល់ឡូរី  អត្រាជាតិខ្លាញ់ប្រមាណ ២៩ក្រាម កម្រិតអាហារូបត្ថម្ភខ្ពស់ ជាតិសរសៃ ១៧ក្រាម  ជាពិសេសរួមមាននូវវត្តមាននៃអាស៊ីតអូលេអុិចដែលអាចជួយកាត់បន្ថយការរលាក និងប្រឆាំងនឹងជំងឺមហារីកបានផងនោះ អ្នកពិតជាអាចទទួលបានការឡើងទម្ងន់ប្រកបដោយសុខភាព និងប្រសិទ្ធភាព ។ ប័រសណ្តែក មិនបាច់រំលឹកពីរសជាតិទេ អ្នកសុទ្ធតែបានដឹងហើយថាប័រអាចជួយឲ្យម្ហូបសឹងតែគ្រប់មុខឆ្ងាញ់ជាងមុន។ លើសពីនេះ អ្នកអាចញុំាប័រសណ្តែកដើម្បីបង្កើនទម្ងន់ផងដែរ ដោយសារប័រសណ្តែកមួយស្លាបព្រាមានផ្ទុកនូវជាតិកាល់ឡូរីខ្ពស់ប្រមាណ ២០០កាល់ឡូរី ជាតិខ្លាញ់ ១៦ក្រាម និងប្រូតេអុីន ៨ក្រាម ដែលជាហេតុជួយឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។ ដោយឡែក យោងតាមការសិក្សាមួយបានបង្ហាញថា ប័រដែលចម្រាញ់ចេញពីសណ្តែកជួយដល់ការលូតលាស់របស់ឆ្អឹង កោសិកាសាច់ដុំ ព្រមទាំងជួយឲ្យអ្នកឡើងទម្ងន់បានប្រកបដោយសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ សាកល្បងបញ្ចូលមុខអាហារទាំងនោះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ស្របពេលជាមួយការរក្សាទម្លាប់ហាត់ប្រាណប្រភេទលើកទម្ងន់ជាទៀងទាត់ ក៏ដូចជាការគេងសម្រាកគ្រប់គ្រាន់ផងដែរ ហើយបន្ទាប់ពីនោះ ទោះបីអ្នកមិនចង់ឡើងទម្ងន់ក៏មិនបានដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន ៣ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែ មីនា នេះ ដែលរួមមានដូចខាងក្រោម… ១-ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ យោងតាម វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) បានឲ្យនិយមន័យ ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឃជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។ ចង់ដឹងបន្ថែមពីបញ្ហានេះសូមចូល៖ http://healthtime.tips/library/article/1884 ២-ថ្នាំជាតិដែកមិនសុទ្ធតែអាចព្យាបាលជំងឺខ្វះឈាមក្រហមទេ កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត។ បញ្ហាកង្វះឈាមក្រហមមិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម (Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemia tolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។ អាចអានបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1892 ៣-ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក តាមការមានប្រសាសន៍របស់វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។ គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖ • ធ្វើឲ្យជំងឺមហារីកជាសះស្បើយ • ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និងពន្យារអាយុជីវិតរបស់អ្នកជំងឺ • បន្ថយការឈឺចាប់។ ស្វែងយល់កាន់តែច្បាស់តាមរយៈ៖ http://healthtime.tips/library/article/1876 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សេចក្តីជូនដំណឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៥ គឺ ១-នីតា ២-សន្លាក់ និងសរសៃ ៣-ស្តេចថ្នាំសរសៃ ខ្មែរសុរិន្ទ ៤-Ameerah Online Shop 016 322 551/089 966 695 ៥-ថ្នាំខ្មែរសូរន្ទរ៍ បានកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបុរាណឈ្មោះឱសថខ្មែរសុរិន្ទជាច្រើនប្រភេទផលិតនៅប្រទេសថៃ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព គ្មានការអនុញ្ញាត និងផ្សព្វផ្សាយដោយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ព្យាបាលសរសៃ និងសន្លាក់រុំារ៉ៃ ដើរមិនរួចយូរឆ្នាំ ពូកែលេខមួយឈឺចង្កេះ ឈឺជង្គង់ ឈឺខ្នង ឈឺស្មា ឈឺក្រញាំដៃឈឺសាច់ដុំ កប់សរសៃ រមួលក្រពើ ចុក ហើមអាការៈជិតស្លាប់មួយចំហៀងខ្លួន។ល។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ ឬចែកចាយផលិតផលឱសថបុរាណខាងលើ បើមិនដូច្នោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបានជួបប្រទះឃើញជនណាកំពុងលក់ចែកចាយ ផលិតផលឱសថបុរាណខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជំងឺហេម៉ូហ្វីលា សម្រាប់ប្រជាជនកម្ពុជាហាក់បីដូចជាកម្របានឮ និងស្គាល់ពីប្រភេទជំងឺនេះណាស់។ វាត្រូវបានគេហៅថាជាជំងឺឈាមក្រកក បណ្តាលមកពីតំណពូជប្រមាណ ៧០ភាគរយ និងកើតឡើងដោយឯកឯងប្រមាណ ៣០ភាគរយប៉ុណ្ណោះ។ ជាក់ស្តែងវាជាជំងឺមួយដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០០នាក់ និងអាចកើតឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងចាត់ទុកជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺត្រូវរស់នៅជាមួយការព្យាបាលអស់មួយជីវិតផងដែរ។ និយមន័យ ជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាមភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមលឿនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ តួយ៉ាង ជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទគឺ ហេម៉ូហ្វីលា A មាននៅលើអ្នកជំងឺដែលមិនមានសារធាតុ ឬកង្វះកត្តាឈាមកកទី VIII (Clotting Factor ៨) និងហេម៉ូហ្វីលា B មាននៅលើអ្នកជំងឺដែលមិនមានសារធាតុ ឬកង្វះកត្តាឈាមកកទី IX (Clotting Factor ៩)។ យ៉ាងណាមិញ ជំងឺឈាមក្រកក ឬហេម៉ូហ្វីលាមាន ៣កម្រិតពីស្រាលទៅធ្ងន់ទៅតាមបរិមាណកត្តាឈាមកកទី VIII និងទីIX ដែលជាធម្មតាវាត្រូវមានក្នុងកម្រិតពី ៥០ ទៅ ១៥០ភាគរយនៅក្នុងឈាម ដើម្បីអាចបំពេញមុខងារបាន៖ - ជំងឺហេម៉ូហ្វីលាកម្រិតស្រាល៖ មានតែ ៥ ទៅ៣០ភាគរយនៃកម្រិតបរិមាណរបស់កត្តាឈាមកក។ ជាធម្មតាមិនស្តែងចេញជារោគសញ្ញាអ្វីនោះទេដោយមិនមានជាបញ្ហានៃការហូរឈាមឡើយ។ អ្នកជំងឺអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតា បន្ទាប់ពីការវះកាត់ ការប៉ះទង្គិច ឬស្នាមរបួសធ្ងន់ធ្ងរ - ជំងឺហេម៉ូហ្វីលាកម្រិតមធ្យម៖ មានតែ ១ ទៅ៥ភាគរយនៃកម្រិតបរិមាណរបស់កត្តាឈាមកក។ ជាទូទៅការហូរឈាមអាចស្តែងមានឡើងបន្ទាប់ពីមានអាយុ ១០ឆ្នាំឡើងទៅ។ អ្នកជំងឺអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតា បន្ទាប់ពីការប៉ះទង្គិចមានស្នាមរបួសធ្ងន់ធ្ងរ ឬដកធ្មេញ ព្រមទាំងមានហូរឈាមម្តងម្កាលដោយគ្មានហេតុផលច្បាស់លាស់ ដូចជារោគសញ្ញាជាំ និងហើមសាច់ដុំ សន្លាក់ឈឺចាប់ - ជំងឺហេម៉ូហ្វីលាកម្រិតធ្ងន់៖ មានតិចជាង ១ភាគរយនៃកម្រិតបរិមាណធម្មតារបស់កត្តាឈាមកក។ ការហូរឈាមស្តែងចេញចាប់តាំងពីអាយុ ៤ ទៅ៦ខែឡើងទៅ ដោយគ្រាន់តែប៉ះទង្គិចបន្តិចបន្តួចឬដោយឯកឯង។ អ្នកជំងឺមានហូរឈាម ចេញជាំជារឿយៗ ឬអាចហូរឈាមម្តង ឬពីរដងក្នុងមួយសប្តាហ៍នៅក្នុងសាច់ដុំ ឬតាមសន្លាក់ជង្គង់សន្លាក់កែងដៃ បណ្តាលឲ្យហើម ឈឺចាប់ជាខ្លាំង។  មូលហេតុ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានអ្នកវិទ្យាសាស្រ្តបានដឹងអំពីមូលហេតុ ឬកត្តាជំរុញពិតប្រាកដណាមួយនៃការកើតជំងឺហេម៉ូហ្វីលានេះឡើយ។ ប៉ុន្តែវាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនដូចជា កត្តាតំណពូជ ៧០ភាគរយ មានន័យថាអាចឆ្លងពីឪពុកម្តាយទៅកូនតាមរយៈហ្សែន។ ហ្សែនប្រភេទនេះគឺមានសមត្ថភាពបង្អាក់ការសំយោគកត្តាឈាមកកទី VIII និងទី IX ហើយវានឹងបញ្ជូនព័ត៌មានកំណត់ការលូតលាស់របស់ទារករហូតដល់ពេញវ័យ។ ម៉្យាងទៀតជំងឺឈាមក្រកកអាចកើតឡើងដោយខ្លួនឯងដល់ទៅ ៣០ភាគរយ ដោយសារការផ្លាស់ប្តូរហ្សែនផ្ទាល់របស់សាមីខ្លួន។ ដោយហេតុថាជំងឺនេះកើតឡើងតាមរយៈហ្សែន នោះបុគ្គលដែលមានប្រវត្តិគ្រួសារមានផ្ទុក ឬកើតជំងឺឈាមក្រកកសុទ្ធតែមានហានិភ័យខ្ពស់ក្នុងការប្រឈមទៅនឹងការកកើតជំងឺ។  យន្តការនៃជំងឺ ជាក់ស្តែងជំងឺហេម៉ូហ្វីលា កើតមានឡើងទាក់ទងនឹងក្រូម៉ូសូមភេទ X ដែលមានន័យថាបើក្រូម៉ូសូមភេទ X មានផ្ទុកហ្សែនមានជំងឺនោះមានន័យថាបុគ្គលមានជំងឺឈាមក្រកក។ ដោយសារយន្តការបែបនេះហើយទើបបុរសដែលមានក្រូម៉ូសូមភេទ X តែមួយតែងតែមានជំងឺឈាមក្រកក ស្តែងចេញជារោគសញ្ញាហូរឈាម ចំណែកឯស្រ្តីដែលមានក្រូម៉ូសូមភេទ X ចំនួនពីរ គ្រាន់តែផ្ទុកហ្សែនជំងឺតែប៉ុណ្ណោះមិនមានរោគសញ្ញាហូរឈាមឡើយ។ ករណីដែលឪពុកមានជំងឺឈាមក្រកក ប៉ុន្តែម្តាយគ្មានជំងឺនោះកូនប្រុសទាំងអស់នឹងគ្មានជំងឺនេះទេ ចំណែកឯកូនស្រីទំាងអស់គ្រាន់តែមានផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាប៉ុន្តែមិនបណ្តាលឲ្យកើតជំងឺឈាមក្រកកទេ។ ប្រសិនបើម្តាយជាអ្នកផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាវិញ កូនប្រុសរបស់គាត់អាចមានជំងឺឈាមក្រកក ៥០ភាគរយ និងកូនស្រី ៥០ភាគរយអាចជាអ្នកផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាបន្ត។ រោគសញ្ញា រោគសញ្ញានៃជំងឺហេម៉ូហ្វីលាទាំង ២ប្រភេទ អាចស្តែងឡើងដូចគ្នារួមមាន៖ - មានជំាធំៗនៅលើសារពាង្គកាយ - ការហូរឈាមក្នុងសាច់ដុំ សន្លាក់ ពិសេសហើមនៅលើសន្លាក់ជង្គង់ សន្លាក់កែងដៃ និងកជើង ធ្វើឲ្យពិបាកក្នុងការធ្វើចលនា ឈឺចាប់ - ការហូរឈាមយូរជាងធម្មតា បន្ទាប់ពីមុតអ្វីមួយពេលដកធ្មេញ ឬពេលវះកាត់ - ការហូរឈាមយូរជាងធម្មតា បន្ទាប់ពីគ្រោះថ្នាក់និងប៉ះទង្គិច ជាពិសេសក្នុងពេលមានរបួសស្នាមនៅសួត ពោះ និងក្បាល - ហូរឈាមភ្លាមៗដោយឯកឯងនៅក្នុងខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ដូចជាឈាមច្រមុះ និងឈាមតាមអញ្ចាញធ្មេញជាដើម។ ការធ្វើរោគវិនិច័្ឆយ ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើគោលការណ៍ ២យ៉ាងដូចជា៖ - ផ្អែកលើរោគសញ្ញា៖ សាកសួរពីប្រវត្តិគ្រួសារដែលធ្លាប់មានជំងឺ ហេម៉ូហ្វីលា - ផ្អែកលើតេស្តមន្ទីរពិសោធន៍៖ គ្រូពេទ្យធ្វើការបូមឈាមរបស់អ្នកជំងឺទៅពិនិត្យដើម្បីបញ្ជាក់ពីស្ថានភាព ឬកំណត់រកប្រភេទនៃជំងឺហេម៉ូហ្វីលាដែលជាតេស្តអាចបញ្ជាក់កាន់តែច្បាស់ថាជាជំងឺឈាមក្រកកមែន ឬយ៉ាងណា ហើយប្រភេទអ្វី។ ការព្យាបាល នាពេលបច្ចុប្បន្ន ជំងឺឈាមក្រកកនេះមិនអាចត្រូវព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែការព្យាបាលជំងឺឈាមក្រកកត្រូវព្យាបាលអស់មួយជីវិត។ ការព្យាបាលត្រូវធ្វើឡើងដោយធានាឲ្យអ្នកជំងឺឈាមក្រកកអាចមានជីវិតរស់នៅ និងមានសកម្មភាពដូច ឬប្រហាក់ប្រហែលនឹងមនុស្សធម្មតាផងដែរ ដោយគ្មានការហូរឈាម ចៀសវាងពិការភាព ឬបាត់បង់ជីវិត។ ដោយឡែក វិធីសាស្រ្តក្នុងការព្យាបាលអ្នកជំងឺឈាមក្រកកមាន ២យ៉ាងរួមមាន៖ - វិធីសាស្រ្តទី១៖ កត្តាឈាមកក ទីVIII និងទីIX ត្រូវបានគេចាក់បញ្ចូលទៅក្នុងប្រព័ន្ធឈាមដើម្បីបង្គ្រប់វិញនូវការបាត់បង់នូវសារធាតុប្រូតេអ៊ីនកំណកឈាម។ ការព្យាបាលភ្លាមៗនឹងជួយកាត់បន្ថយការឈឺចាប់ និងការខូចខាតសន្លាក់សាច់ដុំ និងសរីរាង្គផ្សេងៗទៀត។ ប្រសិនបើការហូរឈាមត្រូវបានព្យាបាលទាន់ពេលវេលានោះ ការហូរឈាមត្រូវបានបញ្ឈប់ ហើយការប្រើប្រាស់សារធាតុ ឬកត្តាឈាមកកក៏អស់តិច។ ជាក់ស្តែង ថ្នាំសម្រាប់បង្រ្គប់កត្តាឈាមកកនេះមាននៅក្នុងប្រទេសកម្ពុជាហើយ តែវាមានតម្លៃថ្លៃ។ - វិធីសាស្រ្តទី២៖ គេអាចប្រើប្រាស់ប្លាស្មាស្រស់ដែលរក្សាឲ្យកក បន្ទាប់មកចាក់បញ្ចូលទៅក្នុងខ្លួនរបស់អ្នកជំងឺដើម្បីបំបាត់ការហូរឈាម មិនថាអ្នកជំងឺហេម៉ូហ្វីលាប្រភេទ A ឬ Bឡើយ។ យ៉ាងណាមិញ វិធីសាស្រ្តបែបនេះ ត្រូវបានគេឈប់ប្រើប្រាស់ទៅហើយសម្រាប់ប្រទេសជឿនលឿន ដោយសារវាអាចប្រឈមទៅនឹងការឆ្លងមេរោគ។  ក្រៅពីវិធីសាស្រ្តខាងលើ ក៏មានវិធីសាស្ត្រចម្បងបន្ទាប់បន្សំមួយចំនួនទៀតក្នុងការព្យាបាលជំងឺឈាមក្រកករួមមាន៖ - ការស្អំទឹកកក៖ ដើម្បីបញ្ចៀសការហូរឈាម ហើមសាច់ដុំ ឬសន្លាក់ និងបន្ថយនូវការឈឺចាប់ រួមជាមួយការផ្អាកធ្វើចលនា និងរុំដោយបង់យឺតផងជាការ ល្អ - ការព្យាបាលដោយចលនា៖ ដើម្បីកុំឲ្យសន្លាក់រឹងគាំង ឬខូច និងជួយរាងកាយអ្នកជំងឺមិនឲ្យឈឺចាប់ ពិសេសមិនឲ្យរាងកាយពិការ។ បើគ្មានការព្យាបាលទេអ្នកជំងឺឈាមក្រកកកម្រិតធ្ងន់អាចជួបការលំបាកក្នុងការទៅសាលារៀន ឬធ្វើការជាប្រក្រតី ហើយពួកគេអាចនឹងក្លាយជាមនុស្សបាត់បង់កាយសម្បទា ពិបាកក្នុងការធ្វើដំណើរ ការធ្វើចលនា ឬអាចស្លាប់ក្នុងវ័យក្មេងក៏មាន។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបាន ឬយឺតយ៉ាវក្នុងការទទួលបានការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងមានផលវិបាកធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកជំងឺស្តែងចេញមានអាការៈហើម ជាំនៅលើសារពាង្គកាយ ឬបង្កឲ្យមានការហូរឈាមនៅតាមសន្លាក់ និងធ្វើឲ្យមានការឈឺចាប់ខ្លាំងបំផុត ពិសេសអាចបណ្តាលឲ្យសន្លាក់ខូច និងរឹងជាប់គាំង។ នៅពេលមានការប៉ះទង្គិច ឬគ្រោះថ្នាក់លើសរីរាង្គរបស់អ្នកជំងឺ វាអាចឲ្យអ្នកជំងឺក្លាយជាពិការ ឬរហូតដល់បាត់បង់ជីវិតយ៉ាងរហ័សក៏មានផងដែរ បើមានការប៉ះទង្គិចក្បាល។ វិធីសាស្រ្តការពារ ជំងឺហេម៉ូហ្វីលាមិនឆ្លងតាមការហូបអាហារ ការរួមភេទ និងទំនាក់ទំនងផ្សេងៗទេ។ ដើម្បីការពារចម្លងតពូជនៃជំងឺហេម៉ូហ្វីលា អ្នកគួរអនុវត្តវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ - ចំពោះអ្នកដែលមានប្រវត្តិគ្រួសារមានជំងឺឈាមក្រកកត្រូវទៅពិនិត្យសុខភាពតើអ្នកជាអ្នកផ្ទុកឬទេ? - ចំពោះស្រ្តីមានផ្ទៃពោះជាអ្នកផ្ទុកត្រូវមកពិនិត្យកូនក្នុងផ្ទៃថាតើកូននោះមានជំងឺហេម៉ូហ្វីលាឬទេ? - អ្នកជំងឺនេះ ត្រូវចៀសវាងការប្រើប្រាស់ថ្នាំអាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វែន - ចៀសវាងការប្រើម្ជុលចាក់ក្នុងសាច់ដុំ - ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបើមានសញ្ញាការហូរឈាមខុសប្រក្រតី ។ សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកធ្លាប់មានប្រវត្តិកើតជំងឺ នេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀតអ្នកគួរស្វែងរកការព្យាបាលនៅកន្លែងណា ដែលអាចមានលទ្ធផលដែលមានប្រសិទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាលជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិតចំណាយពេលវេលា និងថវិកាច្រើន។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្រ្ត នៅមន្ទីរពេទ្យកុមារជាតិ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិនៅក្នុងស្បែកធ្វើឲ្យស្បែកបាត់បង់ភាពតឹងណែន ដែលជាហេតុនាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? កូឡាជែន ជាប្រភេទប្រូតេអុីនម៉្យាងដែលជាសរសៃរឹង មិនរលាយក្នុងទឹក និងរ៉ាប់រងក្នុងកម្រិត ១ភាគ៣នៃចំនួនប្រូតេអុីននៅក្នុងរាងកាយទាំងអស់។ ភាគច្រើន កូឡាជែន ជាម៉ូលេគុលដែលភ្ជាប់គ្នាបង្កើតបានជាសរសៃស្តើង និងវែង សម្រាប់បំពេញតួនាទីជាជាលិកាគាំទ្រ ដែលលក្ខខណ្ឌនេះធ្វើឲ្យស្បែកមានភាពតឹងណែន និងភ្លឺរលោង។ កូឡាជែន ត្រូវបានសង្កេតឃើញមាន ១៦ប្រភេទខុសៗគ្នា ដែលក្នុងនោះ ចំនួន ៨០ទៅ៩០ ភាគរយជាកូឡាជែន ប្រភេទ ១ ២ និង៣។ ជាមួយប្រភេទខុសៗគ្នានៃកូឡាជែន នោះការបំពេញមុខងារក៏ខុសប្លែកគ្នាទៅតាមកោសិការបស់រាងកាយតួយ៉ាងចំពោះកូឡាជែនប្រភេទ ១ និង៣មានប្រសិទ្ធភាពទៅលើស្បែក សាច់ដុំ ឆ្អឹង និងការលូតលាស់នៃសក់ និងក្រចក ចំណែក កូឡាជែនប្រភេទ ២ ដែលជាការរួមផ្សំដោយជាតិទឹកមានមុខងារសម្រាប់ការភ្ជាប់គ្នានៃសន្លាក់។ ដោយសារក្នុងលក្ខខណ្ឌបែបនេះ ទើបឱសថបំប៉នកូឡាជែន ត្រូវបានផលិតឡើងទៅតាមប្រភេទ និងតម្រូវការនីមួយៗ។ ការប្រើប្រាស់កូឡាជែន នៅក្នុងស្រទាប់កណ្តាលនៃស្បែក កូឡាជែនមានមុខងារក្នុងការជំនួស និងជួសជុលកោសិកាចាស់ៗឡើងវិញ ដែលអាចបំបាត់ចោលនូវភាពជ្រីវជ្រួញ និងសង្កេតឃើញមានការប្រើប្រាស់ផងដែរទៅលើស្រ្តីអស់រដូវ ដែលវាអាចជួយសម្រួលដល់ការចុះខ្សោយនៃសន្លាក់។ បន្ថែមពីនោះ កូឡាជែនក៏ត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពទៅលើ៖ • សុខភាពភ្នែក • ការការពារពីបញ្ហាបេះដូងនានា • បន្ថែមថាមពលសម្រាប់ធ្វើលំហាត់ប្រាណ • ធ្វើឲ្យឆ្អឹងរឹងមាំជាដើម។ ចំណែកការប្រើប្រាស់ប្រូតេអុីនកូឡាជែនគឺអាចម្តងជារៀងរាល់ថ្ងៃ ដែលកម្រិតក្នុងមួយថ្ងៃមិនឲ្យលើសពី ៥ក្រាម។ សកម្មភាពឱសថ ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់កូឡាជែនក្នុងទម្រង់តាមការលេប មានប្រសិទ្ធភាពជាងការលាបក្រោមទម្រង់ជាក្រែមទៅលើស្បែក ដោយសារឱសថបំប៉នកូឡាជែននឹងអាចស្រូបចូលតាមរយៈប្រព័ន្ធរំលាយអាហារដូចទៅនឹងការបរិភោគអាហារជាប្រចាំថ្ងៃ។ ជាក់ស្តែង ប្រូតេអុីនកូឡាជែនមានសមត្ថភាពទៅភ្ញោចកោសិកា Fibroblast នៅក្នុងរាងកាយ ដែលជាកោសិការ៉ាប់រងក្នុងការបញ្ចេញកូឡាជែនធម្មជាតិ ដែលជាសារធាតុចាំបាច់សម្រាប់ស្បែក និងជាលិកាភ្ជាប់។ ផលរំខាន រោគសញ្ញានៃផលរំខាននានាអាចនឹងកើតមានឡើងតែមានភាពកម្រអំឡុងពេលប្រើប្រាស់យ៉ាងណាមិញអ្នកគួរសង្កេតមើលប្រសិនរោគសញ្ញាទាំងនោះនៅបន្តអូសបន្លាយរយៈពេលយូរដែលមានដូចជា៖ • ចង្អោរ • ច្រាលទឹកអាស៊ីតក្រពះ • រាក ឬទល់លាមក • ប្រតិកម្មស្បែក • ឈឺក្បាល ឬធីងធោង។ បម្រុងប្រយ័ត្ន មុនពេលប្រើប្រាស់ឱសថបំប៉នកូឡាជែន ​ត្រូវរាយការណ៍ដល់វេជ្ជបណ្ឌិតពីឱសថផ្សេងៗ (វីតាមីន ផលិតផលបំប៉ន) ដែលអ្នកកំពុងប្រើប្រាស់ ឬមានជំងឺប្រចាំកាយ ពីព្រោះក្នុងលក្ខខណ្ឌមួយចំនួនអាចឲ្យអ្នកប្រឈមកាន់តែខ្លាំងពីផលរំខានរបស់ឱសថកូឡាជែន។ ម៉្យាងទៀត ក៏មានការលើកឡើងពីការប្រុងប្រយ័ត្នផងដែរចំពោះ ស្រ្តីមានផ្ទៃពោះ កំពុងត្រៀមមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន។ គួរបញ្ជាក់ផងដែរ  ឱសថបំប៉នកូឡាជែនដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា Colla-plus 3, Nature’s Way, Nature Bounty Collagen ជាដើម។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

“អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់ ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល” នៅតែជាភាពស្រពេចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ ដែលអ្នកអាចស្វែងយល់បន្ថែមតាមរយៈករណីខាងក្រោម៖ សំណួរ៖ ខ្ញុំមានការឈឺក្បាលតាំងពីអាយុ ១៣ឆ្នាំហើយសក់ខ្ញុំជ្រុះខ្លាំងណាស់រយៈពេល ១ឆ្នាំនេះ។ នាងខ្ញុំឧស្សាហ៍ឈឺក្បាល ថែមទាំងឈឺប្រកាំងទៀតផង។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ឱសថប៉ារ៉ាសេតាម៉ុល តែឥឡូវការព្យាបាលហាក់គ្មានប្រសិទ្ធភាព។ តើគួរធ្វើដូចម្តេចចំពោះបញ្ហាសក់ជ្រុះនេះ? ចម្លើយ៖ បើមានបញ្ហាទាក់ទងនឹងខួរក្បាល និងសរសៃប្រសាទ នោះការឈឺក្បាលអាចធ្វើឲ្យរង្គោះសក់ ហើយបើទាក់ទងនឹងផ្នែកសើស្បែកវិញសារធាតុពុលមួយចំនួនពីសាប៊ូកក់សក់ក៏ធ្វើឲ្យរង្គោះសក់បានដែរ។ ផ្ទុយមកវិញការគិតច្រើនពីបញ្ហាជ្រុះសក់ក៏ធ្វើឲ្យអ្នកមានការឈឺក្បាលដែរ ហេតុនេះគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសរសៃប្រសាទខួរក្បាល ដើម្បីដោះស្រាយកង្វល់ទាំងអស់ខាងលើចំណែកការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលមិនមែនជាជម្រើសសំខាន់នោះទេ។ បញ្ហាក្នុងករណីខាងលើនេះមិនទាន់ធ្ងន់ធ្ងរឡើយ តែគួរជួបពិភាក្សាជាមួយនឹងគ្រូពេទ្យផ្នែកខួរក្បាល និងគ្រូពេទ្យសើស្បែក ព្រោះយើងមិនអាចសន្និដ្ឋានបានថាតើអាការៈឈឺក្បាលនេះកើតមុនជ្រុះសក់ ឬជ្រុះសក់ហើយទើបបណ្តាលឲ្យឈឺក្បាល? បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បុរសស្រ្ដីភាគច្រើននាពេលបច្ចុប្បន្ន ស្រឡាញ់ការសាក់រូបផ្សេងៗនៅបរិវេណស្បែក ដែលខ្លួនចង់បានដូចជា រូបមេអំបៅ រូបបេះដូង ឬរូបនិមិត្ដសញ្ញាពិសេសផ្សេងៗ ដើម្បីឲ្យមើលទៅមានភាពទាក់ទាញ ។ ប៉ុន្ដែពេលខ្លះ កាលៈទេសៈតម្រូវឲ្យបុរសស្រ្ដី ត្រូវសម្រេចចិត្ដលុបនូវស្នាមសាក់ទាំងនោះចេញដូចជា លុបសាក់មុនពេលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដើម្បីឲ្យស្របទៅនឹងវប្បធម៌ប្រទេសដទៃ ឬលុបស្នាមសាក់មុនពិធីមង្គលការជាដើម ។ ក្ដីបារម្ភក្នុងការលុបស្នាមសាក់ទាំងនោះ នឹងត្រូវបញ្ចប់ ដោយគ្រាន់តែលោកអ្នកអញ្ជើញមកទទួលការលុប និងព្យាបាលនៅគ្លីនិកកែសម្ផស្សហ្វេសឡាញ ។ ហ្វេសឡាញ បាននាំមកនូវម៉ាស៊ីនឡាស៊ែលុបស្នាមសាក់ PicosSure ទំនើបទាន់សម័យ ដែលអាចលុបបំបាត់ស្នាមសាក់បានយ៉ាងងាយមិនបន្សល់ស្លាកស្នាម ដោយមានការឈឺចាប់ និងស្នាមក្រហមតិចតួច ។ ការលុបស្នាមសាក់ តែងមានគុណសម្បត្ដិ និងគុណវិបត្ដិ ប៉ុន្ដែហ្វេសឡាញ មាននូវអ្នកជំនាញ ដែលជួយលោក អ្នក ក្នុងការកាត់បន្ថយបញ្ហាស្បែកឱ្យនៅតិចតួចបំផុត ។ អ្នកជំនាញរបស់ហ្វេសឡាញ សូមធ្វើការចែករំលែកចំណេះដឹងស្ដីពីតំហែទាំស្បែក ក្រោយការលុបសាក់ដូចខាងក្រោមនេះ ៖ គុណសម្បត្តិ ៖ លុបរូបសាក់ ដែលលោកអ្នកមិនពេញចិត្តបានសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់ បញ្ហាប្រឈម ៖ ផ្លែ ស្នាម ឈឺ  តម្រូវការក្នុងការលុប ៖ អ្នកជំនាញត្រូវការប្រើពេលក្នុងការលុប អាស្រ័យទៅលើរយៈពេលនៃការសាក់លើស្បែក និងទឹកថ្នាំ ដែលបានសាក់។ ហើយអ្នកជំនាញ នឹងប្រើផលិតផលបំបាត់រលាក លាបទៅលើស្បែករបស់អ្នកជំងឺ ។  ភាពពិសេសរបស់ម៉ាស៊ីន ៖ ម៉ាស៊ីនឡាស៊ែរ Picosure មានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមសាក់ ដែលមិនបង្កឲ្យមានស្លាកស្នាមនោះទេ ។ អ្នកជំនាញនឹងដាក់ថ្នាំស្ពឹក ប្រើម៉ាស៊ីនខ្យល់ត្រជាក់ ដើម្បីជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងធ្វើការតាមដាន និងផ្ដល់តំហែទាំក្រោយការព្យាបាល។ តំហែទាំក្រោយការបាញ់ឡាស៊ែបំបាត់ស្នាមសាក់ និងការរំពឹងទុកដែលអាចកើតមាន ៖  Ø ភាពតានតឹង មានអារម្មណ៍ក្តៅ ក្រហាយស្បែក ដែលកើតមានឡើងប្រហែលមួយម៉ោង Ø ការហើម និងក្រហមលើស្បែកតិចៗ Ø ស្បែកអាចស្រអាប់ប្រហែល ៣ ទៅ ១០ ថ្ងៃក្រោយការព្យាបាល ប៉ុន្ដែវានឹងបាត់ទៅវិញដោយខ្លួនឯង ប្រការគួរចៀសវាង ៖ Ø មិនត្រូវនៅក្រោមពន្លឺថ្ងៃ ក្នុងករណីមិនអាចចៀសបានត្រូវពាក់មួក ឬអាវក្រៅ ប្រការដែលត្រូវធ្វើ ៖  Ø សម្អាតកន្លែងព្យាបាលដោយសាប៊ូ ដែលគ្មានជាតិកាត់ Ø កុំត្រដុស ឬកេះខ្វាច ឬកោរ ប្រសិនបើមានក្រម៉ Ø លាបក្រែមផ្តល់សំណើម Bioplacenton សម្រាប់ស្បែកប្រតិកម្ម បើចាំបាច់ Ø ប្រសិនបើមានរមាស់សូមលាប Triderm Len’oil Ø កុំត្រាំទឹកត្រង់កន្លែងដែលព្យាបាល ។ លោកអ្នកអាចស្វែងរកសេវាលុបសាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនឡាស៊ែរ Picosure នៅ គ្លីនិកហ្វេសឡាញ ដែលមាន -អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ -ទូរសព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh) -អ៊ីម៉ែល ៖ sales@facelinecambodia.com ៕

ចែករំលែក

សម្រស់លើផ្ទៃមុខ គឺជាកត្ដាដ៏សំខាន់សម្រាប់បុរសស្រ្ដី ដូច្នេះ យើងត្រូវរិះរកវិធីសាស្រ្ដព្យាបាលមួយដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យមុខរបស់យើងស្អាតស្រស់ថ្លា និងក្មេងជាងវ័យ ។ ការមានផ្ទៃមុខស្រស់ស្អាត នាំឲ្យយើងមានទំនុកចិត្ដក្នុងការទំនាក់ទំនង មានអារម្មណ៍ស្រស់ស្រាយ និងទទួលបានភាពទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្ស នៅពេលយើងចូលរួមកម្មវិធីពិសេសៗ ឬទៅណាមកណាម្ដងៗ ហើយភាពស្រស់ស្អាតនេះ ក៏ធ្វើឲ្យជីវិតរបស់យើងមានសុភមង្គលផងដែរ ។ ការទទួលការថែទាំ និងការព្យាបាលពុំត្រឹមត្រូវស្របតាមមាត្រដ្ឋាន មិនត្រឹមតែធ្វើឲ្យលោកអ្នក ខាតថវិកា និងពេលវេលាប៉ុណ្ណោះទេ វាថែមទាំងនាំឲ្យលោកអ្នក មានបញ្ហាស្បែកមុខ មុខឡើងមុន ស្បែកមុខយារធ្លាក់ មុខស្ងួតជ្រុល ឬឡើងខ្លាំញ់ជ្រុលទៀតផង។ លោកអ្នកគួរតែស្វែងយល់ពីការថែទាំ និងព្យាបាលស្បែកមុខស្របតាមបច្ចេកទេសព្យាបាល ដោយមានការប្រើប្រាស់ម៉ាស៊ីន និងផលិតផលបូកបញ្ជូលគ្នា ដើម្បីជួយឲ្យស្បែកមុខរបស់លោកអ្នកភ្លឺថ្លាក្មេងជាងវ័យ តាមរយៈការទទួលការថែទាំយ៉ាងល្អ និងត្រឹមត្រូវទៅលើការបំបាត់មុន បំបាត់ស្នាម ជម្រុះកោសិកាចាស់ៗ ដែលធ្វើឲ្យស្បែកមុខភ្លឺថ្លា បន្តឹងស្បែកមុខឲ្យតឹងណែន បំបាត់ភាពជ្រីវជ្រូញ និងជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។ គ្លីនិកហ្វេសឡាញ ផ្តល់ជូនការថែទាំស្បែកមុខស្របតាមបច្ចេកវិទ្យាទាន់សម័យ ដែលលោកអ្នកអាចជឿទុកចិត្ដបាន ។ លោកអ្នកអាចទទួលការព្យាបាលស្បែកដោយម៉ាស៊ីនទំនើបទាន់សម័យដូចជា Micro-peeling, Micro-needling, Oxygen Cleanse, Aqua Peel, Oxyjet & ATP, Maintaining facial ។ ភាពពិសេសរបស់គ្លីនិកហ្វេសឡាញ គឺតែងតែផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញ និងអ្នកឯកទេសថែរក្សាសម្រស់ជាមុនសិន មុននឹងណែនាំអតិថិជនឲ្យប្រើប្រាស់សេវាកម្មណាមួយ ។ លោកអ្នកអាចអញ្ជើញមក និងទំនាក់ទំនង គ្លីនិកហ្វេសឡាញ តាមរយៈ -អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ -ទូរស័ព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh) -អ៊ីម៉ែល ៖ sales@facelinecambodia.com ៕

ចែករំលែក

នាពេលបច្ចុប្បន្ន មនុស្សជាច្រើនបានកំពុងព្យាយាមសម្រកទម្ងន់ ដើម្បីទទួលបានរាងកាយតូចច្រឡឹងដូចជាតារាម៉ូឌែល ដោយពួកគេយល់ថាកាន់តែស្គមកាន់តែស្អាត។ ហេតុនេះការបង្អត់អាហារជាជម្រើសទីមួយដែលពួកគេគិតដល់! ប៉ុន្តែសតិអារម្មណ៍ដែលតែងស្រមៃដល់ការសម្រកទម្ងន់នេះបានធ្វើឲ្យពួកគេមានបញ្ហាផ្លូវចិត្តមួយប្រភេទឈ្មោះថា Eating Disorders។ Eating Disorders គឺជាជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់អារម្មណ៍ដែលអ្នកមានចំពោះអាហារ និងរបៀបដែលអ្នកមានគិតអំពីរាងកាយរបស់អ្នកផ្ទាល់។ វានឹងបង្កជាបញ្ហាធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ និងចិត្ត ព្រមទាំងអាចជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ ការងារ ទំនាក់ទំនងគ្រួសារ សង្គម និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ជាទូទៅអ្នកដែលកំពុងមានបញ្ហាជាមួយ Eating Disorders  តែងទទួលបាននូវអារម្មណ៍អវិជ្ជមានដូចខាងក្រោម៖ • ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងពិបាកក្នុង  ការដោះស្រាយបញ្ហាដែលកំពុងប្រឈម • អន្ទះអន្ទែង រសេះរសោះ • មានអារម្មណ៍ខ្មាសអៀន ខុសឆ្គង ឬបរាជ័យ ក្នុងកិច្ចការងារ • កាន់តែមានការប្រុងប្រយ័ត្ន ដោយយល់ថាអ្នក ដទៃកំពុងមើល និងតាមដានខ្លួន • ភ័យខ្លាច និងបាត់បង់ទំនុកចិត្ត • គិតច្រើន និងខ្វល់ខ្វាយជានិច្ច • យល់ថាឯកា  គ្មានទីកន្លែងណាដែលស័ក្តិសម។ លទ្ធផលផ្លូវចិត្តទាំងអស់នេះសុទ្ធតែបណ្តាលមកពីភាពប្រែប្រួល និងការខូចខាតសុខភាពរាងកាយ ដែលមានជាការប្រែប្រួលអ័រម៉ូន និងភាពមិនប្រក្រតីនៃដំណើរការរបស់សរីរាង្គផ្សេងៗ។ សូមសាកល្បងឆ្លើយនឹងសំណួរ ៩ ខាងក្រោម ដើម្បីបញ្ជាក់ថាតើអ្នកកំពុងមានបញ្ហានេះ ឬយ៉ាងណា៖ 1. តើអ្នកតែងតែគិតអំពីចំណីអាហារដែលត្រូវញ៉ាំ ការតមអាហារ និងទម្ងន់មែនទេ? 2. តើអ្នកឧស្សាហ៍បង្អត់អាហារខ្លួនឯង បើទោះជាឃ្លានក៏ដោយ? 3. តើអ្នកតែងបន្ទោសខ្លួនឯង និងស្តាយក្រោយជានិច្ច បន្ទាប់ញ៉ាំអាហាររួច (ដោយគិតថាអ្នកមិនគួរញ៉ាំល្អជាង)? 4. រាល់ពេលអ្នកញ៉ាំអាហារម្តងៗ តើអ្នកមិនអាចគ្រប់គ្រងបរិមាណដែលអ្នកគួរញ៉ាំបានមែនទេ? 5. តើអ្នកមានអារម្មណ៍សប្បាយរីករាយ នៅពេលអ្នកមិនបានញ៉ាំអាហារឬ? 6. តើអ្នកតែងមានអារម្មណ៍ស្មុគស្មាញ និងពិបាកចិត្ត ប្រសិនបើអ្នកមិនបានស្រកដល់ទម្ងន់ដែលអ្នកចង់បាន? 7. តើវដ្តរដូវរបស់អ្នកតែងមកមិនទៀង និងខកខានជានិច្ចមែនទេ (ចំពោះស្ត្រី)? 8. តើអ្នកតែងព្យាយាមប្រើប្រាស់វិធីសាស្ត្រជម្រុះអាហារដែលអ្នកបានបរិភោគរួចចោល ដោយអាចមានជាវិធីសាស្រ្តក្អួតចេញ ប្រើថ្នាំធ្វើឲ្យរាក ថ្នាំបញ្ចុះទឹកនោម ឬលាមក? 9. តើអ្នកបានសង្កេតឃើញថាខ្លួនឯងមានសញ្ញានៃការមិនបានទទួលសារជាតិចិញ្ចឹមពីអាហារគ្រប់គ្រាន់ ដែលអាចមានជា   ជ្រុះសក់ ស្បែកស្ងួត អស់កម្លាំង វិលមុខមែនឬទេ? ប្រសិនបើអ្នកបានកំពុងតែមានសញ្ញាទាំងនេះ សូមពិភាក្សាជាមួយអ្នកជំនាញ និងក្រុមគ្រូពេទ្យឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ ថ្វីត្បិតការសម្រកទម្ងន់គឺជាគោលដៅដែលអ្នកចង់បាន ប៉ុន្តែសុំកុំបណ្តោយឲ្យបញ្ហានេះគ្រប់គ្រងលើរូបអ្នកវិញឲ្យសោះ! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការប្រើថ្នាំពន្យារកំណើតមិនមែនមានន័យថាស្ត្រីមិនចង់មានគភ៌នោះទេ ជាក់ស្តែង ការពន្យារកំណើតគ្រាន់តែជាមធ្យោបាយទាំងឡាយណាដែលធ្វើឡើងដើម្បីការពារស្រ្តីពីការពពោះក្នុងរយៈពេលណាមួយតែប៉ុណ្ណោះ។ នៅពេលស្រ្តីសម្រេចចិត្តមានផ្ទៃពោះ នោះចម្ងល់ជាច្រើននឹងត្រូវចោទមានឡើង ដែលមិនត្រឹមតែការបញ្ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតនោះទេ កត្តាផ្សេងទៀតដូចជាអាយុ និងសុខភាពទូទៅក៏ត្រូវបានរាប់បញ្ចូលផងដែរ។ សកម្មភាពថ្នាំពន្យារកំណើត ថ្នាំពន្យារកំណើត ជាប្រភេទឱសថរួមផ្សំដោយពពួកអ័រម៉ូនដែលត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់ពន្យារពេលក្នុងការមានផ្ទៃពោះ ដោយឱសថមានសកម្មភាព និងគោលដៅជាច្រើនរួមមាន៖ • រក្សាកម្រិតអ័រម៉ូន • ការបញ្ឈប់កម្រិតអ័រម៉ូនអឺស្រ្តូហ្សែនដែលបណ្តាលឲ្យបញ្ចេញពងអូវ៉ុល • ធ្វើឲ្យភ្នាសស្បូនឡើងក្រាស់ ដែលរារាំងមេជីវិតឈ្មោល។ ការវិវឌ្ឍបន្ទាប់ពីឈប់ពន្យារកំណើត យោងតាមការសិក្សាពី The United Kingdom’s National Health Service (NHS) បានបង្ហាញថាបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើតភ្លាមស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់រយៈពេលលើសពី ៣ខែ ទើបវដ្តរដូវអាចត្រលប់មកធម្មតាវិញ ដោយរដូវលើកដំបូងអាចមានសភាពមិនប្រក្រតី និងខុសប្លែកពីឈាមរដូវទូទៅ។ ដូច្នេះ ភាពមិនទៀងទាត់នៃការមករដូវបន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតអាចបង្អាក់ក្នុងការមានផ្ទៃពោះភ្លាមៗបាន។ ការសិក្សាលើឱកាសមានផ្ទៃពោះ ការសិក្សាលើស្រ្តីចំនួន ៣៧២៧ នាក់ ក្នុងចន្លោះអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ ពីការសិក្សាស្រាវជ្រាវនៅប្រទេសដាណឺម៉ាក បានបង្ហាញថាការប្រើប្រាស់ថ្នាំពន្យារកំណើត អាចនាំឲ្យមានការពន្យារពេលនៃការមានផ្ទៃពោះឡើងវិញពី ២ ទៅ៦ខែ បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត បើធៀបជាមួយការអនុវត្តវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។ បន្ថែមពីនោះ កត្តាអាយុរបស់ស្រ្តីដែលចាប់ផ្តើមប្រើប្រាស់ថ្នាំពន្យារកំណើតក៏ត្រូវបានយកមកសិក្សាផងដែរដោយលទ្ធផលបានបង្ហាញថាស្រ្តីចាប់ផ្តើមពន្យារកំណើតដោយថ្នាំនៅអាយុក្មេងជាង ២១ឆ្នាំ អាចពិបាកក្នុងការមានផ្ទៃពោះឡើងវិញជាងស្រ្តីដែលពន្យារកំណើតបន្ទាប់ពីអាយុ ២១ឆ្នាំ។ កត្តារំខានក្នុងការមានផ្ទៃពោះ ក្រៅពីកត្តាស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក៏នៅមានកត្តារួមផ្សំផ្សេងទៀតដែលអាចប៉ះពាល់ដល់លទ្ធភាពនៃការមានគភ៌ បន្ទាប់ពីឈប់ប្រើថ្នាំពន្យារកំណើតផងដែររួមមាន៖ • សុខភាពទូទៅរបស់ស្ត្រី៖ កត្តាមួយចំនួនដូចជាបញ្ហាក្រពេញទីរ៉ូអុីត ជំងឺក្រពេញ Pituitary ឬជំងឺសរសៃប្រសាទ (PCOS) ស្ត្រីដែលធាត់ ឬស្គមពេក • សុខភាពបន្តពូជរបស់ស្ត្រី៖ ស្ត្រីដែលមានប្រវត្តិឆ្លងមេរោគឆ្អឹងត្រគាក បញ្ហារារាំងបំពង់ស្បូន ឬជំងឺ Endometriosis • សុខភាពបន្តពូជរបស់បុរស៖ កម្រិតមេជីវិតឈ្មោលទាប • ការរួមភេទ៖ ការរួមភេទមិនទៀងទាត់រៀងរាល់ ២ទៅ ៣ថ្ងៃម្តង អាចជាកត្តារារាំងដល់ការមានផ្ទៃពោះ • អាយុរបស់ស្រ្តី៖ អត្រានៃការមានផ្ទៃពោះថយចុះបន្ទាប់ពីស្រ្តីឈានដល់អាយុ៣៥ឆ្នាំ។ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការមានផ្ទៃពោះ ជារឿងចាំបាច់ និងមានប្រសិទ្ធភាព ដោយអ្នកនឹងអាចតម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តនានារហូតទាល់តែអ្នកមានវដ្តរដូវជាធម្មតាឡើងវិញមុននឹងមានផ្ទៃពោះ។ ការរង់ចាំប៉ុន្មានខែបន្ទាប់ ដើម្បីឲ្យឈាមរដូវត្រលប់មកទៀងទាត់ឡើងវិញនឹងធ្វើឲ្យមានភាពជាក់លាក់ក្នុងការមានគភ៌។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top