Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាមួយវត្តមានត្រឹមតែ ៣ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ កំពុងបន្តបេសកកម្មផ្តល់ជូនសេវាកម្មផ្នែកសុខាភិបាលដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោម និងកំពុងត្រូវបានគេទទួលស្គាល់ពីគុណភាព ប្រសិទ្ធភាព និងជាទំនុកចិត្តទៅតាមស្តង់ដារបស់ប្រទេសជប៉ុនសម្រាប់អ្នកជំងឺទាំងអស់។ ខ្លះៗអំពីជប៉ុន ឡាយហ្វ៍ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ជាមន្ទីរសម្រាកព្យាបាលបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការសម្រេចចិត្តដែលទទួលបានពីបទពិសោធន៍កើតមានឡើងចំពោះអ្នកម្តាយផ្ទាល់របស់ អគ្គនាយិកា ខេង  កណ្ណិការ ដែលអ្នកម្តាយរបស់ លោកជំទាវត្រូវតម្រូវឲ្យធ្វើការលាងឈាម ដោយសារតែជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៥ តាំងពីឆ្នាំ ២០០២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញនៅមន្ទីរពេទ្យកាលម៉ែត និងមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម។ ជាមួយប្រវត្តិដែលកើតឡើងចំពោះក្រុមគ្រួសារនេះហើយ ទើបលោកជំទាវ ចាប់ផ្តើមស្វែងរកដៃគូសហការក្នុងការជួយជីវិតរបស់អ្នកម្តាយផ្ទាល់ និងប្រជាជនផ្សេងទៀត។ ចំណែកការសម្រេចចិត្តក្នុងការដាក់ឈ្មោះថា ជប៉ុន ឡាយហ្វ៍ គឺក្នុងគោលបំណងចង់បង្ហាញពីទំនាក់ទំនង និងជាតំណាងសម្រាប់ដៃគូជប៉ុន ម៉្យាងទៀតពាក្យថាឡាយហ្វ៍សំដៅលើជីវិតដែលមានភាពអស្ចារ្យលើសពីជីវិតធម្មតា ជាមួយនឹងក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ ដើម្បីទទួលបានគុណភាពនៃជីវិត និងជីវភាពធូរធារដូចទៅនឹងប្រជាជនជប៉ុនដែលមានភាពល្បីល្បាញខាងផ្នែកសុខភាព។ ក្រៅពីការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជប៉ុន មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ក៏មានការចូលរួមពីភាគីផ្សេងទៀតដូចជា សិង្ហបុរី ចិន ថៃ និងភូមា ដែលមានចំណែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពហុព្យាបាល បន្ថែមពីនោះដៃគូទាំងអស់ក៏ជាប្រភពមិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលគុណភាពធនធានមនុស្ស នៅក្នុងមន្ទីរពហុព្យាបាលទៅតាមជំនាញ និងមុខងារតួនាទីនីមួយៗឲ្យបានច្បាស់លាស់ ព្រមទាំងផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណ:សំខាន់ៗដូចជា ត្រូវរួសរាយរាក់ទាក់ មានភាពអត់ធ្មត់ យកចិត្តទុកដាក់ទៅលើអ្នកជំងឺ  គ្រូពេទ្យមានជំនាញច្បាស់លាស់  និងមានឯកទេសពិតប្រាកដ រួមគ្នាថែរក្សាសុខភាព និងរក្សាការសម្ងាត់ និងឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ។ ចក្ខុវិស័យចម្បង ចក្ខុវិស័យរបស់មន្ទីរពហុព្យាបាល គឺចង់ឃើញអ្នកជំងឺនៅប្រទេសកម្ពុជាមានសុខភាពល្អដូចអ្នកជំងឺនៅប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើសេវាកម្មលាងឈាម និងធានាឲ្យបាននូវលទ្ធភាពការងាររបស់អ្នកជំងឺដូចទៅនឹងប្រជាជនទូទៅ។ បន្ថែមពីនោះ មន្ទីរពហុព្យាបាលគឺមានកាតព្វកិច្ចរក្សាឲ្យបាននូវស្តង់ដា ទៅតាមប្រទេសជប៉ុនឲ្យបាន ១០០ភាគរយ ដោយអនុវត្តជាបុគ្គលគឺ អ្នកជំងឺម្នាក់ត្រូវបានទទួលសេវាកម្ម ដោយប្រើប្រាស់ម៉ាស៊ីនមួយ គ្រែមួយ សម្លៀកបំពាក់មួយឈុត កម្រាលពូកខ្នើយមួយឈុត ទូដាក់ស្បែក ជើងមួយ និងទូសម្លៀកបំពាក់មួយ រួមទាំងគិលានុបដ្ឋាកថែទាំដាច់ដោយឡែករៀងៗខ្លួន។ ចំណែកសម្ភារប្រើប្រាស់ និងម៉ាស៊ីនត្រូវបាននាំចូលមកពីប្រទេសជប៉ុន ដោយផ្ទាល់រួមមាន ម៉ាស៊ីនលាងឈាមថ្មីទំនើប និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ឆ្នាំ២០១៨ រួមមានម៉ាក JMS  Blood Line, JMS AVF, JMS Truss, JMS Hemo set, Original Solution. A & B Original, Dialyzer High Flux JMS។ ក្រៅពីផ្តល់សេវាព្យាបាលដ៏មានទំនុកចិត្ត មន្ទីរពហុព្យាបាល ក៏មានការជួយពីសម្បុរសធម៌ប្រទេសជប៉ុន និងជំនួយឧបត្ថម្ភពីដៃគូជប៉ុន ក្នុងគោលដៅជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។ អំពីសេវាកម្ម មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍   រួមមានសេវាកម្មដូចជា៖    ១. ពិគ្រោះជំងឺទូទៅ  ២. ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ  ៣. ឱសថស្ថាន                                              ៤. ពិនិត្យអេកូសាស្រ្ត        ៥. មន្ទីរពិសោធន៍    ៦. សង្គ្រោះបន្ទាន់    ៧. វះកាត់    ៨. លាងឈាម    ៩. សម្រាកព្យាបាល។     ដើម្បីធានាបាននូវគុណភាពរបស់  មន្ទីរពហុព្យាបាលអ្នកគ្រប់គ្រងនិងបុគ្គលគ្រប់ស្រទាប់ថ្នាក់នឹងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ សាមគ្គីភាពផ្ទៃក្នុងគោរពវិន័យ និងពង្រឹងសមត្ថភាព”។ ការសម្រេចបាននូវសមិទ្ធិផល ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ និងក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ក៏ដូចជាអភិវឌ្ឍមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានតម្លើងនូវសម្ភារដែលរួមមាន គ្រែអ្នកជំងឺចំនួន ២០ និងម៉ាស៊ីនលាងឈាមចំនួន ១០ រួមទាំងការបន្ថែមបុគ្គលិកសរុប ៤០នាក់។ ថ្មីៗនេះ មន្ទីរពហុព្យាបាលក៏បាននាំចូលម៉ាស៊ីនវិភាគរាងកាយដើម្បីការពារ និងរក្សាសុខភាពផងដែរ។ នៅពីក្រោយភាពជោគជ័យ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  ក៏បានជួបផលវិបាកមួយចំនួន  ដូចជា ការពង្រឹងស្តង់ដាគុណភាព  ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំណែនាំអ្នកជំងឺឲ្យទទួលយកស្តង់ដាដែលថ្មី ។   ការរំពឹងទុកនាពេលអនាគត ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅតែជាចក្ខុវិស័យដ៏ចម្បងក្នុងការបន្តដំណើរការរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ បន្ថែមពីនោះដើម្បីបំពេញតម្រូវការឲ្យបានកាន់តែសម្បូរបែបយើងនឹងបំពាក់ឧបករណ៍ទំនើបទាន់សម័យសម្រាប់ប្រើប្រាស់ និងខិតខំស្វែងរកដៃគូជំនួយផ្សេងទៀតដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងការទទួលបានការព្យាបាល និងសេវាកម្មថែទាំសុខភាព។ គ្រប់ដំណើរការទាំងអស់របស់ មន្ទីរពហុព្យាបាល យើងក៏មិនអាចភ្លេចបានពីការគាំទ្រទាំងគ្រប់ផ្នែក និងសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម និងមន្ទីរពេទ្យកាល់ម៉ែតព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារ។ ម៉្យាងទៀតការថែរក្សាសុខភាព តាមរយៈការហូបចំណីអាហារ ភេសជ្ជៈដែលមានអនាម័យ និងប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗគួរអនុវត្តឡើងដើម្បីធានាបានសុខភាពល្អ និងសុភមង្គល។ បកស្រាយដោយ៖ អគ្គនាយិកា ខេង  កណ្ណិការ ប្រចាំមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  និងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ឱសថបំបាត់ការឈឺចាប់ ជាប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់ជាច្រើន ក្នុងមុខងារសម្របសម្រួលលើប្រព័ន្ធប្រសាទដើម្បីបំបាត់ការឈឺចាប់។ ជាទូទៅការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ មានច្រើនប្រភេទដូចជា ឱសថ Paracetamol ដែលបានប្រើប្រាស់ជាញឹកញាប់ និងប្រភេទ Opioid ដែលជាប្រភេទមួយផ្តល់នូវប្រសិទ្ធភាពជាងគេ។  ថ្មីៗនេះមានការរកឃើញឱសថបំបាត់ការឈឺចាប់ថ្មីដែលជាប្រភេទ Opioid មានឥទ្ធិពលខ្លាំងក្លា ១ពាន់ដង បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ប្រភេទ Morphine និង ១០ដងខ្លាំងជាងប្រភេទ Fentanyl នេះបើយោងតាមការអនុម័តដោយ FDA (Food and Drug Administration)។ ឱសថបំបាត់ការឈឺចាប់ថ្មីនេះ ត្រូវបានគេហៅថា Dsuvia និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងច្បាប់យ៉ាងកំហិត និងក្រោមចំនួនកំណត់មួយដោយអាចផ្តល់ឲ្យតែនៅក្នុង មន្ទីរពេទ្យ មជ្ឈមណ្ឌលវះកាត់និង បន្ទប់សង្គ្រោះបន្ទាន់។ ស្នងការនៃ FDA លោក Scott Gottlieb បានបរិយាយថា ឱសថប្រភេទ Dsuvia ត្រូវប្រើប្រាស់ដោយស្ថិតនៅក្រោមការតាមដានដ៏តឹងរឹងច្បាស់លាស់ និងចាំបាច់។លោក Scott Gottlieb បានបន្តទៀតថា Dsuvia ពុំអនុញ្ញាតឲ្យដាក់លក់តាម ឱសថស្ថាន ឬ ប្រើបា្រស់តាមផ្ទះនោះទេ។ ប្រភេទឱសថនេះ ត្រូវបានផលិតឲ្យប្រើប្រាស់តែម្តង (Single Use) និងមិនអនុញ្ញាតឲ្យប្រើប្រាស់លើសពី ៧២ ម៉ោងឡើយ។ ចំណែកផលវិបាកនៃឱសថនេះអាចធ្វើឲ្យមាន ការបាក់កម្លាំងខ្លាំង មានបញ្ហាផ្លូវដង្ហើម សន្លប់ និង អាចបណ្តាលឲ្យស្លាប់បាន។ ជាក់ស្តែង ឱសថនេះត្រូវបានដាក់ឲ្យប្រើប្រាស់ចំពោះកងទ័ពដោយយកចិត្តទុកដាក់ ដែលជាការសម្រេចរបស់ FDA ក្នុងការផ្តល់ជូនសេវាពិសេសមួយសម្រាប់ការប្រយុទ្ធក្នុងសមរភូមិ។ នៅពីក្រោយប្រសិទ្ធភាពដ៏ប្រសើររបស់ Dsuvia ក៏នៅមានផលវិបាកជាច្រើនដែលពុំអាចជួយដល់អ្នកជំងឺធម្មតាបាន តែសង្ឃឹមថា  អ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងរកឱសថបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំង និងពុំមានផលវិបាកផ្សេងៗ។  ប្រភពយោង៖ https://www.usatoday.com/story/news/nation-now/2018/11/05/fda-approves-opioid-painkiller-stronger-than-morphine-fentanyl/1889389002/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ដោយសង្កេតឃើញពីកង្វះខាតនៃការផ្តល់ជូនព័ត៌មាន និងចំណេះដឹងផ្នែកសុខភាពក្នុងសង្គមបច្ចុប្បន្ន ក្រុមហ៊ុន ទស្សនាវដ្ដីហេលស៍ថាម ក៏ចាប់ផ្តើមការចេញផ្សាយទស្សនាវដ្ដីផ្នែកចំណេះដឹងសុខភាពដែលជាទីទុកចិត្តតាមរយៈបទសម្ភាសន៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតជាច្រើនផ្នែក បន្ថែមពីនោះក៏ការមានការរៀបរៀងជាអត្ថបទចំណេះដឹងសុខភាពទូទៅដទៃទៀតដែលទទួលបានពីដៃគូសហការ និងសំណាក់ក្រុមអ្នកនិពន្ធ។ ថ្មីៗនេះដែរ ដើម្បីជាការបំពេញតម្រូវការបន្ថែម ដែលមិនត្រឹមតែផ្តល់ជូនទៅកាន់ប្រជាជនទូទៅនោះទេ ថែមទាំងសម្រាប់អ្នកនៅក្នុងវិជ្ជាជីវៈសុខាភិបាលផងដែរ ហេលស៍ថាម ក៏បានបន្តចេញផ្សាយសៀវភៅមួយទៀតឈ្មោះថា មគ្គុទេ្ទសក៍ជំងឺ។  មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្ដុំទៅដោយជំងឺជិត ១០០ ប្រភេទដែលជាការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្ដោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នាផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលជាការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញទៅកាន់បញ្ហាសុខភាពរបស់អ្នកអានផ្ទាល់។ ចំណុចសំខាន់ដែលគួរចាប់អារម្មណ៍ផ្សេងទៀត សម្រាប់ការចងក្រងសៀវភៅមគ្គុទ្ទេសក៍នេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់ការផ្តល់ជូនដល់សាធារណជន ក៏ដូចជាអ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើនចំណេះដឹង និងលើកកម្ពស់ ការអប់រំសារៈសំខាន់ផ្នែកសុខាភិបាលក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនតែប៉ុណ្ណោះ ក៏ដើម្បីជាផ្នែកមួយក្នុងការបន្តបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរឲ្យបានកាន់តែច្រើនថែមទៀតផង។  ដើម្បីដាក់ចេញផ្សាយជាផ្លូវការនូវសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ក្រុមហ៊ុន ហេលស៍ថាម ខប នឹងរៀបចំកម្មវិធីសម្ពោធសៀវភៅ នាថ្ងៃទី ២៣ ខែមីនាឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងសំខាន់បីគឺ៖ • ដើម្បីដាក់សម្ពោធជាផ្លូវការសៀវភៅមគ្គុទ្ទេសក៍ជំងឺ របស់ក្រុមហ៊ុនហេលស៍ថាម និងការតាំងលក់សៀវភៅ ដើម្បីយកថវិកានៃការលក់សៀវភៅ១០% ដើម្បីបង្កើតកម្មវិធីសប្បុរធម៌នាពេលខាងមុខនេះ • ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺឡើង • ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅ ដល់សាធារណជន។ សម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ នាពេលខាងមុខនេះ ក៏នឹងមានរបៀបវារៈសំខាន់ៗក្នុងកម្មវិធីរួមមាន៖ • សន្ទរកថាសង្ខេប ពីសំណាក់នាយក ក្រុមហ៊ុន ហេលស៍ថាម ខប • ពិធីសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ជាផ្លូវការ • ពិធីថ្លែងអំណរគុណ ដល់ដៃគូសហការ និងវេជ្ជបណ្ឌិតជាទីប្រឹក្សា របស់សៀវភៅ មគ្គុទ្ទេសក៍ជំងឺ • សម្រាក និងសកម្មភាពទំនាក់ទំនងទៅវិញទៅមករបស់ភ្ញៀវកិត្តិយស • សន្និសីទសារព័ត៌មានជុំវិញការចងក្រងសៀវភៅ • ការសម្ដែងពីក្រុមនិស្សិតសុខាភិបាល • បិទកម្មិធី និងការថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម។ កម្មវិធីនឹងរំពឹងទុកមានការចូលរួមពីសំណាក់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនសហការនិង ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល សិស្សនិស្សិតសុខាភិបាល អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល រួមទាំងសាធារណជន ដែលជាសក្ខីភាពសម្រាប់ការផ្សព្វផ្សាយជាផ្លូវការនៃសៀវភៅ មគ្គុទ្ទេសក៍ជំងឺ។ គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខប ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ពីសេវាកម្មសម្រាប់តម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ ហើយសម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្ដើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាតដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុខ។  សម្រាប់ការចូលរួម៖  • ស្វាគមន៍ចំពោះគ្រប់សាធារណជនទាំងអស់ • ពេលវេលា និងទីតាំង ៖ ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) • ចុះឈ្មោះតាមរយៈ ៖https://docs.google.com/forms/d/e/1FAIpQLScp5E9NxppMoV3ta1i9aV3Pa0SRAirVZ5981TstpFuXSo7SIA/viewform ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អ្នកដឹងទេ? កង្វះគ្រាប់ឈាមក្រហមប្រៀបបាននឹងកង្វះយាន្តជំនិះសម្រាប់ដឹកជញ្ជូនក្នុងការផ្គត់ផ្គង់អាហារ និងខ្យល់អុកស៊ីសែនចិញ្ចឹមរាងកាយទាំងមូល។ ហេតុនេះ ដើម្បីបន្តការរស់រានមានជីវិតរបស់កោសិកាក៏ដូចជារាងកាយទាំងមូល ការព្យាបាលមូលហេតុបង្កដែលបណ្តាលឲ្យកង្វះគ្រាប់ឈាមជាប្រការចាំបាច់បំផុត។ កង្វះគ្រាប់ឈាមក្រហមជាអ្វី ? កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ។ ដំណាក់កាល និងប្រភេទ បញ្ហាកង្វះឈាមក្រហម មិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះ ដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម(Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemiatolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ មូលហេតុដែលបង្កឲ្យមានបញ្ហានេះត្រូវបានបែងចែកជា ២ប្រភេទគឺ ការថយចុះនៃការផលិតគ្រាប់ឈាម និងការកើនឡើងការបំផ្លាញគ្រាប់ឈាម។ ជាក់ស្តែង កត្តាដែលបណ្តាលឲ្យមានការថយចុះនៃការផលិតគ្រាប់ឈាមមានដូចជា៖ - ថយចុះការរំញោចឲ្យមានការផលិតគ្រាប់ឈាមតាមរយៈអ័រម៉ូនរបស់តម្រងនោមដែលមានឈ្មោះថា Erythropoietin - របបអាហារមិនសម្បូរទៅដោយ ជាតិដែក វីតាមីនបេ ១២ ឬហ្វូឡាត - មានជំងឺក្រពេញទីរ៉ូអុីត (កង្វះការផលិតអ័រម៉ូនទីរ៉ូអ៊ីត)។ ចំណែក មូលហេតុធំៗនៅពីក្រោយបញ្ហាកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត និងតែងកើតមានឡើងជាញឹកញាប់នៅកម្ពុជាព្រមទាំងជាមូលហេតុទាក់ទងនឹងការកើនឡើងការបំផ្លាញគ្រាប់ឈាមនោះគឺ៖  - មហារីកក្រពះ - មហារីកពោះវៀន - មហារីកស្បូន - មហារីកមាត់ស្បូន - មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma) - ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ - ដុំសាច់ក្នុងស្បូន - មហារីកឈាម - ជំងឺបែកគ្រាប់ឈាម។ បន្ថែមពីនេះ ស្ត្រីមានផ្ទៃពោះ តាឡាស់សេមី (Thalassemia) ព្រូន តេនញ៉ាសត្វល្អិតក្នុងពោះវៀន និងជំងឺឆ្លងផ្សេងៗ ក៏សុទ្ធតែជាមូលហេតុដែលនាំឲ្យកង្វះគ្រាប់ឈាមក្រហមផងដែរ។ រោគសញ្ញា និងផលប៉ះពាល់ អ្នកជំងឺដែលកំពុងមានបញ្ហាកង្វះគ្រាប់ឈាមតែងស្តែងឡើងនូវអាការៈគួរឲ្យកត់សម្គាល់មួយចំនួនដូចជា៖ - ស្លេកស្លាំង - អស់កម្លាំង - ញ័រទ្រូង - ចង្វាក់បេះដូងដើរមិនទៀងទាត់ - ឆាប់ហត់ ជាពិសេសក្នុងអំឡុងពេលធ្វើការ - ឧស្សាហ៍ក្តៅខ្លួន - ត្រជាក់ចុងដៃចុងជើង - ឈឺក្បាល និងវិលមុខជាដើម។ អាការៈទាំងនេះអាចផ្តល់ជាផលរំខានដល់ការងារនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំង។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ដើម្បីកំណត់អត្តសញ្ញាណថា តើអ្នកជំងឺពិតជាកំពុងកើតមានបញ្ហានេះ ឬយ៉ាងណា ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការសាកសួរអំពីប្រវត្តិគ្រួសារ រោគសញ្ញាជាក់ស្តែង បូករួមជាមួយការធ្វើតេស្តឈាម ឬតេស្តខួរឆ្អឹងខ្នង (ប្រសិនបើចាំបាច់)។ ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ ការព្យាបាល ដោយហេតុថា មូលហេតុបង្កឲ្យមានបញ្ហានេះមានច្រើនប្រភេទណាស់ ដូចនេះការស្វែងរកឫសគល់នៃបញ្ហារួមបញ្ចូលជាមួយការប្រើប្រាស់វិធីសាស្រ្តព្យាបាលឲ្យបានត្រឹមត្រូវ គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពដែលមិនអាចត្រូវបានមើលរំលង។ ល្គឹកណា ដើមចមនៃជំងឺនៅតែមាន នោះបញ្ហាកង្វះឈាមក្រហមក៏មិនអាចធូរស្រាលបានឡើយ។ ឧទាហរណ៍៖ - បើអ្នកជំងឺខ្វះជាតិដែក ការព្យាបាលគឺឲ្យជាតិដែក - បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះ ពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើនតែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយខ្លួនឯងព្រោះមានជំនឿថាអាចប៉ូវគ្រាប់ឈាមវិញបាន។ ប៉ុន្តែ បញ្ហាខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើនដូចដែលបានរៀបរាប់ខាងលើ។ ជាក់ស្តែង ភាពស្លេកស្លាំងអាចព្យាបាលជា ឬមិនជាក៏ទៅតាមមូលហេតុដែលបង្ក។ គួរចងចាំថា ការព្យាបាលមូលហេតុដែលបង្កឲ្យខ្វះឈាមក្រហមជាការចាំបាច់  ការបញ្ចូលឈាមគ្រាន់តែជាការព្យាបាលសង្គ្រោះជីវិតបន្ទាន់ប៉ុណ្ណោះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ កង្វះគ្រាប់ឈាមក្រហមអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា៖ - ខាតបង់ការងារប្រចាំថ្ងៃ  ដោយសារអាការៈហេវហត់ខ្លាំង - កូនអាចកើតមិនគ្រប់ខែ ចំពោះស្ត្រីមានផ្ទៃពោះ - អាចវិវឌ្ឍជាជំងឺខ្សោយបេះដូង ដោយសារភាពរ៉ាំរ៉ៃនៃចង្វាក់បេះដូងដើរមិនទៀងទាត់ - និងអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ វិធីសាស្រ្តការពារ លើកលែងតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះ ដែលយើងអាចការពារជំងឺកង្វះឈាមក្រហមបាន ក្រៅពីនេះត្រូវការទទួលទាននូវរបបអាហារសុខភាព សម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខ ព្រមទាំងរក្សាឲ្យបាននូវទម្លាប់ពិនិត្យសុខភាពឲ្យបានជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យជាប្រការដែលចាំបាច់ និងសំខាន់បំផុតក្នុងការការពារ និងព្យាបាលជំងឺឲ្យទាន់ពេលវេលាព្រមទាំងមានប្រសិទ្ធភាពខ្ពស់។ “ការលេបថ្នាំជាតិដែក និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តីអាចជាការផ្តល់ឱកាសឲ្យជំងឺវិវឌ្ឍរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព។” បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការបង្ករោគនៅតម្រងនោម ជាការរលាកដែលបណ្តាលមកពីមេរោគនៅបំពង់បង្ហួរនោម ដែលជាទូទៅស្ត្រីមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងឡើងចន្លោះសប្តាហ៍ទី៦ និងសប្តាហ៍ទី២៤។ ការកើនឡើងនូវភាពប្រឈមនេះមួយផ្នែកដោយសារការផ្លាស់ប្តូររូបរាងតម្រងនោម ព្រោះស្បូនរបស់ស្ត្រីចាប់ផ្តើមរីកធំ ហើយធ្ងន់ប៉ះលើប្លោកនោម កាត់បន្ថយលំហូរទឹកនោម ជាហេតុបណ្តាលឲ្យមានការបង្ករោគ។ ក្នុងករណីម្តាយមានការបង្ករោគនៅតម្រងនោម នោះទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ រីឯម្តាយមានការពិបាកក្នុងការព្យាបាលដោយសារការប្រើប្រាស់ថ្នាំក្នុងរយៈពេលមានផ្ទៃពោះមានកម្រិត ហើយប្រសិនបើម្តាយធ្វើការការពារបានត្រឹមត្រូវ នោះការបង្កគ្រោះថ្នាក់ដល់ទារកនឹងត្រូវបានកាត់បន្ថយ។ ដូច្នេះ គន្លឹះមួយចំនួនខាងក្រោមនឹងជួយឲ្យអនាគតអ្នកម្តាយជំនាន់ថ្មី ឬអ្នកម្តាយគ្រប់រូប អាចកាត់បន្ថយនូវហានិភ័យ ក៏ដូចជាការពារខ្លួនពីការបង្ករោគទាំងនោះ៖ • ពិសាទឹក ៦ទៅ៨កែវក្នុងមួយថ្ងៃ ប្រសិនបើអាចអ្នកគួរពិសា បន្ថែមនូវទឹកក្រែនបឺរីច្របាច់ស្រស់ដែលមិនដាក់ស្ករឲ្យបានជាប្រចាំ • ទទួលទានវីតាមីន C (២៥០ ទៅ៥០០មីលីក្រាម) បេតាការូទែន (២៥០០០ ទៅ ៥០០០០ IU ក្នុងមួយថ្ងៃ) និងស័ង្កសី (៣០ទៅ៥០មីលីក្រាម) ដើម្បីប្រឆាំងជំងឺ • មុនពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ អ្នកគួរសម្អាតជាមួយផលិតផលសម្លាប់មេរោគនៅចានបង្គន់ និងកម្រាលឥដ្ឋជុំវិញបង្គន់ជាមុនសិនដែលអាចមានជាស្ព្រៃយ៍បាញ់  ឬក្រដាសសើមសម្លាប់មេរោគជាដើម • បង្កើតទម្លាប់បត់ជើងតូចភ្លាមៗ រាល់ពេលឈឺបត់ជើង និងបត់ជើងឲ្យអស់ • ត្រូវបត់ជើងតូចរាល់មុនពេល និងក្រោយពេលរួមភេទ • បន្ទាប់ពីបត់ជើងតូច ត្រូវជូតដោយក្រដាសសើមថ្នមៗឲ្យស្អាត និងស្ងួត តែត្រូវប្រាកដថាជូតពីមុខទៅក្រោយ • ឧស្សាហ៍ផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ហាមស្លៀកខោរឹប និងតឹងពេក • កុំត្រាំក្នុងអាងហែលទឹកច្រើនជាង៣០នាទី ឬ២ដងក្នុងមួយថ្ងៃ • ចៀសវាងការបរិភោគអាហារកំប៉ុង ស្រា បារី កាហ្វេ • មិនត្រូវប្រើប្រាស់សាប៊ូដែលកាត់ខ្លាំង សាប៊ូដុសខ្លួន ក្រែមប្រឆាំងមេរោគត្រង់តំបន់ផ្លូវទឹកនោម។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រញាប់ជួបជាមួយគ្រូពេទ្យ និងធ្វើការព្យាបាលឲ្យបានលឿនបំផុត ប្រសិនបើអ្នកនៅតែមានឱកាសឆ្លងមេរោគនៅត្រង់ប្លោកនោម ដែលអ្នកអាចដឹងបានតាមរយៈសញ្ញាមួយចំនួនខាងក្រោម៖ • ឈឺចាប់រាល់ពេលបត់ជើង • បត់ជើងតូចញឹកញាប់ជាងមុន និង/ឬមានអារម្មណ៍ថាមិនអស់ • មានអារម្មណ៍ថាចង់បត់ជើងតូចភ្លាមៗរាល់ពេលឈឺបត់ជើង • មានឈាម ឬខ្ទុះក្នុងទឹកនោម • ឈឺចាប់ត្រង់តំបន់ពោះផ្នែកខាងក្រោម • ឈឺចាប់រាល់ពេលធ្វើការរួមភេទ • គ្រុនញាក់ ក្តៅខ្លួន បែកញើស ចង្អោរ ក្អួត • បរិមាណទឹកនោមខុសធម្មតា អាចតិច ឬច្រើនជាងមុន • ទឹកនោមមានសភាពល្អក់ មានក្លិនអាក្រក់ ឬក្លិនឆ្អេះជាងមុន • មានអារម្មណ៍ឈឺ តឹង និងធ្ងន់ត្រង់តំបន់ប្លោកនោម។ “ការពារប្រសើរជាងព្យាបាល” ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បន្ទាប់ពីអ្នកបានសម្រាលកូនរួច អ្នកអាចប្រហែលអស់កម្លាំង ឬមានអារម្មណ៍ថាគ្មានពេលវេលាដើម្បីឲ្យខ្លួនឯង ញ៉ាំរបស់ដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ។ ស្ត្រីភាគច្រើនឡើងទម្ងន់ជាមធ្យមចន្លោះពី ៥ទៅ១៨គីឡូក្រាមអំឡុងពេលមានផ្ទៃពោះ ហើយបន្ទាប់ពីកូនត្រូវបានសម្រាលរួចអ្នកម្តាយគ្រប់រូបតែងមានកង្វល់អំពីទម្ងន់របស់ខ្លួន។ គម្រោងនៃការធ្វើលំហាត់ប្រាណ រួមជាមួយរបបអាហារសុខភាពនឹងជួយអ្នកបង្កើនមេតាបូលីស និងដុតបំផ្លាញកាល់ឡូរី។ ការបំបៅដោះកូន និងការស្រកទម្ងន់ កម្រិតនៃការស្រកទម្ងន់គឺស្ថិតនៅចន្លោះកន្លះទៅមួយគីឡូក្រាមក្នុងមួយសប្តាហ៍ អំឡុងពេលនៃការបំបៅដោះកូនរបស់អ្នក។ ការស្រកទម្ងន់បន្ថែមកាន់តែលឿនតាមរយៈរបបអាហារអាចមានន័យថាអ្នកមិនបានផ្តល់នូវសារធាតុបំប៉នគ្រប់គ្រាន់ទៅកាន់កូនអ្នកឡើយ។ ការបំបៅដោះ គឺមិនគ្រាន់តែល្អសម្រាប់កូនតូចរបស់អ្នកទេ វាក៏អាចជួយអ្នកឲ្យស្រកទម្ងន់ដែលកើនឡើងអំឡុងពេលមានផ្ទៃពោះ ព្រោះរាងកាយរបស់អ្នកប្រើសារធាតុខ្លាញ់និងថាមពលទៅផ្តល់អាហារដល់កូនរបស់អ្នក។ ម៉្យាង អ្នកប្រហែលអាចរកឃើញថាអ្នកមិនស្រកទម្ងន់រហូតទាល់តែអ្នកឈប់បំបៅដោះកូន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលបំបៅកូនដោយទឹកដោះ ហោចណាស់ ៣ខែដំបូងហាក់ដូចជាស្រកទម្ងន់ដែលបានឡើងពេលកំពុងមានទម្ងន់លឿនជាងស្ត្រីដែលមិនបំបៅកូនដោយទឹកដោះ។ ការបំបៅដោះកូនអាចធ្វើឲ្យអ្នកឃ្លានដូច្នេះអ្នកគួរទទួលទានបន្លែបន្ថែម ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលល្អបំផុត និងគួរព្យាយាមចៀសវាងប្រភេទអាហារកំប៉ុងដែលសម្បូរដោយខ្លាញ់ និងស្ករ រួមជាមួយនឹងការទទួលទានទឹកធម្មតាឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ក្រៅពីនេះ អ្នកចាំបាច់ត្រូវគោរពតាមគន្លឹះសំខាន់ដូចខាងក្រោម៖ • ទទួលទានអាហារស្រស់ និងសម្បូរដោយសរសៃគ្រប់ប្រភេទដូចជា បន្លែ ប្រូតេអ៊ីន និងប្រភេទគ្រាប់ធញ្ញជាតិ • ញ៉ាំក្នុងបរិមាណតិចតែសមរម្យ ដោយទម្លាប់ប្រើចានតូចល្មម និងអង្គុយញ៉ាំយឺតៗ • ករណីអ្នកឃ្លានខ្លាំង អ្នកគួរជ្រើសរើសអាហារសុខភាពជាជាង អាហារសម្រន់កំប៉ុង ឬអាហារកែច្នៃ • មិនគួររក្សាប្រភេទអាហារកញ្ចប់ដែលមិនសូវសម្បូរសារធាតុចិញ្ចឹមដាក់ក្នុងផ្ទះរបស់អ្នកឡើយ • ចាប់ផ្តើមហាត់ប្រាណដោយការដើរជាមួយកូនតូចរបស់អ្នក ឬ/និងអាចចាប់ផ្តើមថ្នាក់ហាត់ប្រាណសារជាថ្មី។ ការស្វែងរកជំនួយ អ្នកត្រូវត្រៀមខ្លួនជានិច្ច ប្រសិនអ្នកលើសទម្ងន់មុនពេលអ្នកចាប់ផ្តើមមានផ្ទៃពោះ អ្នកប្រហែលត្រូវប្រឹក្សាជាមួយគ្រូពេទ្យអំពីវិធីសាស្ត្រនានាដែលអាចសម្រកទម្ងន់របស់អ្នកបានអំឡុងពេលនេះ។ ក្រៅអំពីការត្រៀមខ្លួន អ្នកគួររៀបគម្រោងរបបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម ប៉ុន្តែត្រូវធ្វើឡើងតាមសម្រួលករណីសម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ។ វាពិតជាមិនសូវល្អចំពោះសុខភាពអ្នកជាម្តាយនោះទេបើអ្នកស្រកទម្ងន់ខ្លាំងពេក ឬស្រកទម្ងន់លឿនពេក។ ខ្លួនអ្នកត្រូវការថាមពលក្នុងការរក្សាខ្លួនឯង និងគ្រួសារក៏ដូចជាកូនតូចរបស់អ្នក។ អ្វីដែលអ្នកមិនត្រូវភ្លេច ប្រសិនបើអ្នកបារម្ភខ្លាំងអំពីទម្ងន់របស់អ្នកក្រោយសម្រាល យកល្អអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ហានិភ័យសុខភាព ព្រមទាំងរោគសញ្ញារំខានជាច្រើនដែលអាចកើតមានឡើងនៅអំឡុងពេលវ័យអស់រដូវរបស់ស្ត្រី ជាទូទៅត្រូវបានការពារក៏ដូចជាព្យាបាលជាចម្បងដោយសារធាតុអ័រម៉ូនជំនួស (HRT)។ ស្របពេលជាមួយគ្នា Isoflavones ក្នុងសណ្តែកសៀងជាសារធាតុដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសារការផ្តល់នូវប្រសិទ្ធភាពសម្របសម្រួលអាការៈរបស់ស្ត្រីអស់រដូវ ក៏ដូចជាការការពារការប្រឈមទៅនឹងជំងឺពុកឆ្អឹង និងជំងឺសរសៃឈាមបេះដូង ជាពិសេសវាមានភាពប្រសើរជាង HRT បើប្រៀបធៀបលើផលរំខានពីការព្យាបាលរបស់វា ដោយសារលក្ខណៈជម្រើសសកម្មភាពលើប្រភេទជាលិកាជាក់លាក់របស់វា។  ជាលទ្ធផល ការបន្ថែម isoflavonesពីសណ្តែកសៀងក្នុងរបបអាហារ បានបង្ហាញនូវអត្ថប្រយោជន៍បែបគ្លីនិកជាច្រើន បើយោងតាមការសិក្សា ដោយក្នុងនោះរួមមាន៖ អាការៈក្តៅក្រហល់ក្រហាយក្នុងខ្លួន អាការៈនេះកើតមានជាពិសេសនៅពេលយប់ ដោយរួមមកជាមួយនឹងការបែកញើស ដែលធ្វើឲ្យស្ត្រីអស់រដូវដែលរងគ្រោះ ត្រូវការការព្យាបាលដើម្បីកាត់បន្ថយភាពរំខាននេះ។ ការបរិភោគអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀងត្រូវបានដឹងថាអាចកាត់បន្ថយអាការៈនេះបានយ៉ាងប្រសើរ។ Isoflavones ក៏ត្រូវបង្ហាញដោយជោគជ័យផងដែរថាអាចការពារអាការៈក្តៅក្រហល់ក្រហាយនេះបានតាំងពីដំណាក់កាលជិតអស់រដូវ។  ការរសាត់ឆ្អឹង បញ្ហាពុកឆ្អឹង និងថយចុះនៃដង់ស៊ីតេឆ្អឹង គឺជាបញ្ហាទូទៅដែលកើតមានក្នុងចំណោមស្ត្រីអស់រដូវ ហើយវាគឺជាមូលហេតុនៃភាពពិបាកបត់បែន និងការឈឺចាប់នៃសន្លាក់។ ពុំមានការការពារណាអាចជំនួសទម្លាប់បរិភោគអាហារត្រឹមត្រូវ ព្រមទាំងការរក្សានូវសន្ទស្សន៍ម៉ាស់រាងកាយ (BMI) បានឡើយចំពោះបញ្ហារសាត់ឆ្អឹង ដោយក្នុងនោះអាហារសម្បូរដោយ Isoflavone​ត្រូវបានចាត់ទុកថាជាដំណោះស្រាយការពារដ៏ល្អចំពោះស្ត្រីអស់រដូវ។ បម្រែបម្រួលមេតាបូលីស បេះដូង និង BMI  ភស្តុតាងពីការសិក្សាថ្មីៗនេះ បានបង្ហាញថា ហានិភ័យនៃបញ្ហាមេតាបូលីស និងជំងឺលើសទម្ងន់ ក៏ដូចជាការរើឡើងវិញរបស់វាមានការកើនឡើងដល់ទៅ ៣ដងចំពោះស្ត្រីអស់រដូវបើធៀបនឹងស្ត្រីមិនទាន់អស់រដូវ ដែលជាលទ្ធផលនាំមកនូវផលវិបាកជាការវិវឌ្ឍជាជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង ការលើសជាតិខ្លាញ់ ការស៊ាំនឹងអាំងស៊ុយលីននិងលើសសម្ពាធឈាម។ ជំងឺមហារីក ទំនាក់ទំនងរវាងការប្រឈមនឹងជំងឺមហារីកសុដន់ និងការការពាររបស់វាដោយប្រើប្រាស់សារធាតុអង់ទីអុកស៊ីតកម្មត្រូវបានលើកយកមកសិក្សា និងអង្កេតយ៉ាងទូលំទូលាយ។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថាអឺស្ត្រូសែនពីធម្មជាតិ (Isoflavones) អាចចាត់ទុកបានថាមានអត្ថប្រយោជន៍ការពារជំងឺមហារីកបាន។ បម្រែបម្រួលស្បែក ការថយចុះនៃកម្រាស់ស្បែក ដោយសារការរួមនៃស្រទាប់ស្បែក និងខ្លាញ់ ភាពស្ងួត ជ្រីវជ្រួញ និងការកើនឡើងនៃដំបៅរាលដាល គឺជាបញ្ហាដែលកើនឡើងជាមួយនឹងអាយុ ហើយជាអកុសលក៏កាន់តែមានការវិវឌ្ឍកាន់តែឆាប់រហ័សផងដែរនៅពេលស្ត្រីចូលដល់ដំណាក់កាលអស់រដូវ ដោយសារតែបម្រែបម្រួលនៃអ័រម៉ូនអឺស្ត្រូសែន។ Genistein aglycone ជាទម្រង់មួយនៃ Isoflavones ដែលបរិមាណដ៏ច្រើនរបស់វាឃើញមានក្នុងសណ្តែកសៀងផ្អាប់ត្រូវបានចាត់ទុកថាមានតួនាទីការពារបញ្ហាបម្រែបម្រួលស្បែកទាក់ទងនឹងវ័យអស់រដូវដោយមិនផ្តល់នូវផលវិបាកទាក់ទងនឹងអឺស្ត្រូសែនលើជាលិកាបន្តពូជឡើយ។ ជំងឺធ្លាក់ទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តត្រូវបានដឹងថាជាបញ្ហាដ៏ចម្បងមួយក្នុងចំណោមជំងឺទាំង ១១ ដែលស្ត្រីអស់រដូវអាចប្រឈមខ្លាំង។ ការសិក្សាមួយបានណែនាំថា Isoflavones អាចបង្កើនសារប្រយោជន៍ចំពោះអ្នកជំងឺបាក់ទឹកចិត្តបាន។ ជាពិសេស ការរួមផ្សំជាមួយនឹងឱសថ Sertraline ឬ  Fluoxetine ជាមួយ Isoflavones បានបង្ហាញនូវភាពប្រសើរឡើងផ្នែកអារម្មណ៍អ្នកជំងឺជាជាងការព្យាបាលដោយឡែកនៃឱសថមួយៗ ឬ Isoflavones តែឯង។ ការរួមនៃស្រទាប់ជាលិការំអិលយោនី ស្បែក និងស្រទាប់រំអិល នឹងបាត់បង់សំណើមនៅពេលវ័យកាន់តែចាស់ជាពិសេសនៅវ័យអស់រដូវដែលភាពស្ងួតនេះអាចធ្វើឲ្យងាយប្រឈមនឹងភាពរលាក។ បញ្ហារួមនៃយោនីក៏កាន់តែកើនឡើងផងដែរចំពោះស្ត្រីអស់រដូវ។ ការប្រើប្រាស់ Isoflavones ៦០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលមួយខែបានបង្ហាញលទ្ធផលលើការធ្វើតេស្ត Pap Smear ថាធ្វើឲ្យភាពរួមនៃយោនីមានការធូរស្រាល និងផ្តល់ឲ្យអ្នកជំងឺមានអារម្មណ៍ប្រសើរឡើងផងដែរ។  ស្របពេលជាមួយគ្នា ការធ្វើតេស្តឈាម និងទឹកនោម ក៏មិនបានបង្ហាញនូវផលរំខានទាក់ទងនឹងការបញ្ចេញនៃអ័រម៉ូនទៅលើថ្លើមនិងតម្រងនោមឡើយ។ Isoflavones ពីសណ្តែកសៀង បានក្លាយទៅជាជម្រើសមួយទៀតនៃការព្យាបាលចំពោះស្ត្រីអស់រដូវ ដោយសារតែឥទ្ធិពល និងសារប្រយោជន៍ដ៏មានតម្លៃរបស់វា។ ជាមួយការព្យាបាលរួមនឹងវិធីសាស្ត្រជាក់លាក់ Isoflavones ក៏ផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនគុណភាពជីវិតចំពោះស្ត្រីអស់រដូវផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកមានដឹងទេថា សូម្បីតែសរីរាង្គសួតរបស់អ្នកក៏ត្រូវការលំហាត់ប្រាណដើម្បីសុខភាពដែរ? ដោយហេតុថាសួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែនពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្ដឈាម និងបញ្ចេញនូវឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ ដូចនេះ ហេលស៍ថាម ប្រូ សូមណែនាំនូវលំហាត់ប្រាណដែលជួយដល់សុខភាពសួតរបស់អ្នកឲ្យកាន់តែប្រសើរ និងរឹងមាំ៖ • Aerobic៖ ការធ្វើលំហាត់ប្រាណតាមបែប Aerobic អាចធ្វើបានច្រើនវិធីសាស្រ្ត ឬច្រើនរបៀបដើម្បីបង្កើនសមត្ថភាពរបស់កោសិកាសួតនិងបេះដូងរបស់អ្នកសម្រាប់ការស្រូបយកអុកស៊ីសែន និងជួយសម្រួលដល់ការដកដង្ហើមផងដែរ ដោយហេតុថាវាអាចជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ ផ្ទុយទៅវិញ វាក៏ជួយកាត់បន្ថយនូវភាពអស់កម្លាំង បង្កើនភាពរឹងមាំ ជួយជំរុញ ឬពង្រឹងកោសិកាសួត និងបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយការគ្រប់គ្រងទម្ងន់ បង្កើនកាល់ឡូរីដែលរាងកាយប្រើប្រាស់។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេលត្រឹមតែ ២០នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ គួរបញ្ជាក់ថាការធ្វើលំហាត់ប្រាណតាមបែប Aerobic រួមមានការដើរ ការជិះកង់ និងការរត់ជាដើម។ • Abdominal Breathing៖ ថ្វីត្បិតការធ្វើលំហាត់ប្រាណបែបនេះស្តាប់ទៅសាមញ្ញ តែវាអាចជួយបង្កើនសមត្ថភាព និងពង្រឹងសរីរាង្គសួតឲ្យមានសុខភាពល្អ មិនចាញ់ការធ្វើលំហាត់ប្រាណផ្សេងទៀតឡើយ។ លើសពីនេះ វាក៏ជួយដល់លំហូរឈាមក្នុងរាងកាយ និងសម្រួលក្នុងការដកដង្ហើមផងដែរ។ អ្នកគ្រាន់តែគេងនៅលើកម្រាលរាបស្មើ ដោយយកដៃម្ខាងដាក់លើពោះដៃម្ខាងដាក់លើដើមទ្រូង យកខ្នើយដាក់ទ្រនៅចំជង្គង់របស់អ្នករួចធ្វើការដកដង្ហើមចូលឲ្យវែងរយៈពេល៧វិនាទី បន្ទាប់មកធ្វើការដកដង្ហើមចេញយឺតៗ ធ្វើបែបនេះសារចុះសារឡើងឲ្យបាន១០ដង។ ត្រឹមតែ ៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពសួត និងបេះដូងរបស់អ្នកកាន់តែល្អ និងគ្មានជំងឺ។ • Rib Stretch៖ អ្នកធ្លាប់សាកល្បងធ្វើលំហាត់ប្រាណបែបនេះហើយឬនៅ? វាពិតជាប្លែក ហើយថែមទាំងអាចជួយកាត់បន្ថយនូវភាពតានតឹង ស្ត្រេស ជាពិសេសជួយពង្រឹងសមត្ថភាពសួត និងបេះដូងរបស់អ្នកឲ្យមានសុខភាពល្អផងដែរ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណបែបនេះត្រូវធ្វើការជ្រើសរើសទីតាំង ឬទីកន្លែងដែលមានទេសភាពស្រស់បំព្រងស្ងប់ស្ងាត់ អាកាសធាតុល្អ រួមជាមួយវាលស្មៅខៀវខ្ចី នោះនឹងធ្វើឲ្យអ្នកកាន់តែធ្វើបានយ៉ាងមានប្រសិទ្ធភាព។ ជំហានដំបូង អ្នកត្រូវឈរដោយលាដៃសន្ធឹងឲ្យស្របនឹងដងខ្លួន និងរក្សាខ្នងឲ្យត្រង់ ឬយកដៃទាំងពីរសង្កត់នៅលើឆ្អឹងជំនីរទាំងសងខាង បន្ទាប់មកធ្វើការដកដង្ហើមចូលរយៈពេល ១០ ទៅ១៥វិនាទី ទើបដកដង្ហើមចេញយឺតៗមកវិញ។ អ្នកគ្រាន់តែយកដៃទាំងពីរមកច្រត់លើចង្កេះរបស់អ្នកហើយធ្វើការបង្វិលទៅស្តាំបន្តិច ទៅឆ្វេង ៤ ទៅ៥ដងដើម្បីសម្រួលដល់លំហូរឈាម និងដកដង្ហើមបានកាន់តែប្រសើរ។ អ្នកអាចអនុវត្តលំហាត់ប្រាណបែបនេះពីរ ទៅបីដងក្នុងមួយថ្ងៃ ដោយធ្វើមួយដង រយៈពេល ២ ទៅ៥នាទីជាការស្រេច។ • ការហែលទឹក៖ សកម្មភាពលំហាត់ប្រាណមួយដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬស្រ្តីក្មេង ឬចាស់នោះទេ សុទ្ធតែអាចធ្វើបានទាំងអស់។ ការធ្វើលំហាត់ប្រាណហែលទឹកមានសារប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរបស់អ្នក ពិសេសសុខភាពសួត និងបេះដូង ដោយអាចជួយលើកកម្ពស់ការដកដង្ហើមឲ្យបានធូរស្រាល ពីព្រោះសកម្មភាពនៃការហែលទឹកបានរួមបញ្ចូលការបន្សាំនៃការប្រើប្រាស់អុកស៊ីសែនពេលរាងកាយស្ថិតនៅក្រោមទឹក។ ម៉្យាងវិញទៀត វាក៏ជួយរក្សាបរិមាណខ្យល់នៅក្នុងសួត កាត់បន្ថយភាពតានតឹង លើកកម្ពស់ដំណើរឈាមរត់ឲ្យប្រសើរឡើង ព្រមទាំងធ្វើឲ្យអ្នកទទួលបានអារម្មណ៍រីករាយផងដែរ។ គួរកត់សម្គាល់ដែរថា ការថែរក្សាសុខភាពសួតឲ្យបានល្អ មិនស្ថិតនៅលើការទទួលទានអាហារដែលមានសារធាតុបំប៉នតែមួយមុខនោះទេ ប៉ុន្តែត្រូវគួបផ្សំជាមួយការធ្វើលំហាត់ប្រាណផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកកំពុងគិតរៀបចំផែនការណ៍ដើម្បីបើកគ្លីនិក/មន្ទីរពេទ្យមែនទេ?ចុះតើអ្នកបានគិតដល់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុដែលជាជំនាញដ៏សំខាន់ និងមិនអាចមើលរំលងបានហើយឬនៅ?  ការរៀបចំបើកបម្រើគ្លីនិក ឬមន្ទីរពេទ្យណាមួយ មិនអាចពឹងផ្អែកតែលើជំនាញបច្ចេកទេសក្នុងការផ្តល់សេវាកម្មព្យាបាលសម្រាប់អ្នកជំងឺតែប៉ុណ្ណោះទេ ការធានាឲ្យបាននូវភាពរលូន និងគុណភាពនៃដំណើរការទាំងអស់ក៏ត្រូវចូលរួមចំណែកពីផ្នែកផ្សេងៗផងដែរ ដូចជាចំណេះដឹងផ្នែកទីផ្សារ លក់ ការគ្រប់គ្រងធនធានមនុស្ស និងជាពិសេសចំណេះដឹងហិរញ្ញវត្ថុដែលជាផ្នែកចម្បងមួយសម្រាប់បន្តការរស់រានមានជីវិតរបស់គ្លីនិក ឬមន្ទីរពេទ្យនីមួយៗ។  ដោយមើលឃើញអំពីតម្រូវការបន្ថែម និងចាំបាច់របស់អ្នកប្រកបរបរវិជ្ជាជីវសុខាភិបាលទាំងឡាយទាក់ទងនឹងចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្លីនិក/មន្ទីរពេទ្យ ហេលស៍ថាមក៏បានបង្កើតវគ្គសិក្សាខ្លីមួយឈ្មោះថា “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់អំពី៖ • ការបង្កើតគម្រោងហិរញ្ញវត្ថុសម្រាប់ មន្ទីរពេទ្យ/គ្លីនិក  • ការរៀបចំរចនាសម័្ពន្ធចំណូល និងចំណាយ • ការអភិវឌ្ឍលើផ្នែកតម្លៃឲ្យសមស្របនឹងគុណភាពសេវាកម្ម • របៀបពង្រីកមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យគ្លីនិក/មន្ទីរពេទ្យមានស្ថេរភាព ក្នុងរយៈពេល ២ថ្ងៃពេញ ដោយចាប់ពីថ្ងៃ សៅរ៍ ទី ១៦ ដល់ ថ្ងៃ អាទិត្យ ទី ១៧ ខែ មីនា ឆ្នាំ ២០១៩ នេះអ្នកចូលរួមនឹងទទួលបានការសិក្សាស្វែងយល់ពីសំណាក់វាគ្មិនកិត្តិយស ដែលនឹងធ្វើការចែករំលែកចំណេះដឹងរួមមាន៖ • ថ្ងៃទីមួយ នឹងមានការចូលរួមចែករំលែកចំណេះដឹង និងបង្រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុចំពោះអ្នកមិនមែនជាអ្នកហិរញ្ញវត្ថុពីសំណាក់ លោក យន ម៉ាលឹមឆេង ដែលជាមន្រ្តីជំនាញជាន់ខ្ពស់ទទួលបន្ទុកថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាបុគ្គលដែលជោគជ័យក្នុងមុខជំនួញ និងមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងស្ថាប័នរដ្ឋ។  • ថ្ងៃទីពីរ ក៏មានការចូលរួមដោយវាគ្មិនកិត្តិយសពីររូបបន្ថែមទៀតគឺ វេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និងសាស្ត្រាចារ្យ ទន្តបណ្ឌិត សុខ ជា នាយកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា សម្រាប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ផ្ទាល់លើផ្នែកហិរញ្ញវត្ថុសម្រាប់គ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាបន្ត និងធ្វើការអនុវត្តលើមេរៀនអំពីហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាលនេះផងដែរ។   វគ្គសិក្សាខ្លីនេះគឺជាសកម្មភាពសិក្សាបន្ថែម និងអនុវត្តផ្ទាល់ ដើម្បីជួយបំពេញតម្រូវដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងគ្លីនិក ឬមន្ទីរពេទ្យ។ លើសពីនេះការសិក្សានឹងអាចឲ្យអ្នកគ្រប់គ្រងត្រៀមខ្លួនបានជាមុន សម្រាប់ប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕ «បើគ្រាន់តែមានផែនការគឺគ្មានន័យអ្វីទេ។ ការរៀបចំផែនការហើយយើងអាចសម្រេចបាននោះគឺជាអ្វីគ្រប់យ៉ាង។» សម្រាប់ការចូលរួម៖  វគ្គសិក្សាខ្លីពិសេស៖ ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ កាលបរិច្ឆេទ៖ សៅរ៍ ១៦ មីនា ២០១៩ និង ១៧ មីនា ២០១៩ (ពីរថ្ងៃ) វេលាម៉ោង៖ 08:00 ព្រឹក ដល់ម៉ោង 05:00 ល្ងាច ទីតាំង៖ បន្ទប់តូក្យូលេខ៩ នៅ មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  តំលៃសំបុត្រ៖ ១០០ ដុល្លារ  សម្រាប់ពត៌មានបន្ថែម និងទំនាក់ទំនងជាវសំបុត្រ៖ 077 888 075 ផ្តល់ជូនអាហារសម្រន់ និងអាហារថ្ងៃត្រង់  * បញ្ចុះតម្លៃ១៥% សម្រាប់សមាជិកសហគមន៍Healthtime Pro  ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្លាកស្នាមមុនជាផលវិបាកមួយដែលគួរឲ្យរំខានបន្ទាប់ពីបញ្ហាមុនបានកើតឡើងរួចរាល់ មិនត្រឹមតែផ្តល់ផលរំខានទៅលើផ្នែកសម្រស់ខាងក្រៅប៉ុណ្ណោះទេ វាក៏អាចបង្កជាបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះបើអ្នកចង់ដឹងអំពីវិធីសាស្ត្របំបាត់ស្លាកស្នាមនេះ សូមស្វែងយល់លម្អិតពីអាថ៌កំបាំងនៃដំណោះស្រាយទាំងនេះជាមួយវេជ្ជបណ្ឌិតឯកទេសស្បែកខាងក្រោម។ ប្រភេទនៃស្នាមមុន ស្លាកស្នាមមុនមានលក្ខណៈខុសៗគ្នាអាស្រ័យទៅតាមប្រភេទមុនដែលបានកើតឡើងលើមុខរបស់បុគ្គលម្នាក់ៗ ដែលមានច្រើនប្រភេទដូចជាពណ៌ក្រហម ពណ៌ក្រម៉ៅ ពណ៌ស បើសិនក្នុងអំឡុងពេលព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ លក្ខណៈស្នាមទាំងនេះអាចជាសះស្បើយដោយខ្លួនឯងបានគ្រាន់តែចំណាយពេលយូរបន្តិច ចំណែកមុនដែលបណ្តាលមកពីមុនដែលមានការរលាក ការកខ្ទុះ អាប់សែ ឬគីសក្រោយជាសះស្បើយនឹងផ្តល់ជាស្លាកស្នាមដែលមិនអាចជាសះដោយខ្លួនឯង មានជាស្នាមពកផ្លែ និងខូងរូង ដែលជាទូទៅត្រូវចែកចេញជា២ប្រភេទធំៗគឺ Hypertrophic Acne Scar ឬ Keloid និង Atrophic ឬ Depressed Acne Scar ។ Hypertrophic Acne Scar ឬ Keloid ជាប្រភេទស្លាកស្នាមដែលជាដុំពកនៃជាលិកា ដោយសាររាងកាយផលិតកូឡាជែនច្រើនពេក ឬអាចហៅម៉្យាងទៀតថា ស្នាមផ្លែ  Atrophic or Depressed Acne Scar ជាប្រភេទស្លាកស្នាមខូងផតចូលក្នុងស្បែកដោយសារមានការបាត់បង់កូឡាជែន ដែលវាត្រូវបានចែកជា ៣ទម្រង់រួមមាន៖  • Ice Pick Scars ជាទម្រង់ស្លាកស្នាមតូច ជ្រៅអាចស៊ីចូលដល់ស្រទាប់ទី ២នៃស្បែក សភាពស្បែកមើលទៅហាក់ដូចជាត្រូវបានរបស់មុតស្រួចចាក់ចូលទៅជ្រៅ រូបរាងនៃស្នាមនេះអាចប្រៀបបានដូចជាអក្សរ V។  • Boxcar Scars មានរាងមូល ឬរាងក្រពើ ផត ខូងចុះក្រោមក្នុងជម្រៅមធ្យម រាក់ជាង Ice Pick Scars តែមានទំហំធំជាង Ice Pick Scars រូបរាងនៃស្នាមនេះអាចប្រៀបបានដូចជាអក្សរ U ប្រហាក់ប្រហែលនឹងស្លាកស្នាមក្រោយកើតអ៊ុតស្វាយ។  • Rolling Scars មានសភាពដូចទឹករលក មិនស្មើសាច់ មានទំហំតូចជាង ២មីលីម៉ែត្រ និងមានជម្រៅរាក់ស្រដៀង Boxcar Scars។ ប្រភេទបច្ចេកទេសបំបាត់ស្នាម រហូតដល់ពេលបច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលត្រូវបានយកមកព្យាបាលបំបាត់ស្លាកស្នាមស្របតាមប្រភេទនីមួយៗ៖  • Hypertrophic Acne Scar៖ តម្រូវឲ្យប្រើប្រាស់វិធីសាស្ត្រ ២រួមបញ្ចូលគ្នារវាងការប្រើសារធាតុរាវនីត្រូជែន (Nitrogen) និងការចាក់ថ្នាំ ទ្រីយ៉ាមស៊ីណូឡូន (Triamcinolone) ទៅលើស្នាមផ្លែ ឬការចាក់ថ្នាំ Triamcinolone និងបិតជែលស៊ីលីកូន (Silicone) ឬការចាក់ថ្នាំ Triamcinolone និងការបញ្ចាំងកាំរស្មីឡេសឺរៀងរាល់បួនសប្តាហ៍ម្តង ឬការរួមគ្នានៃការបញ្ចាំងកាំរស្មីឡេសឺប្រភេទ Vascular Specific Laser និងការបិតជែល ស៊ីលីកូន។ ក្រៅពីនេះ គេអាចធ្វើការវះកាត់ស្នាមផ្លែនេះតែម្តង រួចទើបធ្វើការចាក់ថ្នាំ Triamcinolone បន្ត។  • Atrophic Acne Scar៖ គ្រូពេទ្យអាចប្រើប្រាស់វិធីសាស្ត្រជួសជុលដោយសារធាតុគីមី ដូចជាលាបអាស៊ីត Trichloroacetic កំហាប់ ៦៥ ទៅ១០០% (TCA CROSS) ឬប្រើប្រាស់វិធីសាស្ត្រចាក់ម្ជុលក្រោមស្លាកស្នាម (Subcision) បូករួមជាមួយការបញ្ចាំងកាំរស្មីឡេសឺទៅលើស្នាមខូងដើម្បីភ្ញោចការផលិតកូឡាជែនឡើងវិញ ទៅតាមប្រភេទស្នាម៖ Ice Pick Scars៖ ត្រូវប្រើប្រាស់វិធីសាស្រ្ត TCA CROSS Technique ដោយលាបអាស៊ីត Trichloroacetic កំហាប់ ៦៥ ទៅ១០០% ចូលក្នុងស្នាមជ្រៅនោះ ឬអាចប្រើប្រាស់វិធីសាស្ត្រ PunchExcision។ Boxcar Scars៖ ប្រើប្រាស់វិធីសាស្ត្រ CROSS Technique ដោយលាប Trichloroacetic Acid លើស្នាមតូចៗ បូកជាមួយការប្រើឡេសឺប្រភេទ Ablative Laser Resurfacing, fractional laser, dermal fillers ឬRadiofrequency ។ Rolling Scars៖ អាចប្រើប្រាស់វិធីសាស្ត្រ ដោយម្ជុលកាត់ផ្តាច់កូឡាជែនឲ្យបង្កើតបំពេញជំនួសនូវកូឡាជែនថ្មីឡើងវិញ (Subcision) ឬ Dermal fillers ជាការចាក់បំពេញនូវ Hyaluronic ភ្លាមលើស្នាមខូងផត ជួនប្រើ Radiofrequency (RF), Fractional Laser ។ បុគ្គលដែលគួរទទួលយកការព្យាបាល ប្រសិនអ្នកធ្លាប់កើតមុនរលាក មុនខ្ទុះ មុនពកធំៗ ដែលបណ្តាលឲ្យមានស្លាកស្នាមប្រភេទខូងខ្លាំង ឬស្នាមផ្លែ ព្រមទាំងត្រូវប្រាកដថាបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទ Isotretinoin ដែលជាថ្នាំបំបាត់មុនក្នុងរយៈពេល ៦ខែមិនមែនជាស្រ្តីមានផ្ទៃពោះ និងមិនមានប្រវត្តិកើតជំងឺរើម។ គុណសម្បត្តិ និងគុណវិបត្តិនៃការបំបាត់ស្នាម ក្រោយទទួលបានការព្យាបាល ស្បែកមុខរបស់អ្នកនឹងត្រឡប់មកសភាពស្មើស្រស់ស្អាត ម៉ត់ រលោងដូចធម្មតាវិញ ថែមទាំងបង្កើននូវទំនុកចិត្តលើខ្លួនឯងភាពសប្បាយចិត្តដែលជាលទ្ធផលអ្នកអាចកម្ចាត់បាននូវភាពតានតឹងដែលធ្លាប់កើតឡើង។ ការព្យាបាលនេះមិនបានបង្កជាផលវិបាកធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយបើក្នុងករណីទទួលបានការព្យាបាលតាមក្បួនបច្ចេកទេសត្រឹមត្រូវ គ្រាន់តែផ្តល់ផលរំខានដូចជា អាចធ្វើឲ្យក្រហមស្បែក ជួនស្នាមស និងឈឺចាប់បន្តិចបន្តួច ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេលកំណត់មួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ ការប្រឈមនឹងការឆ្លងរោគ (Infection) និងភាពធ្ងន់ធ្ងរនៃស្លាកស្នាមនឹងអាចកើតមានឡើងផងដែរ។ គួរចងចាំថា ជំងឺមុនមិនមែនជាជំងឺដែលត្រូវព្យាបាលដោយខ្លួនឯងនោះទេអ្នកត្រូវមកទទួលការពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតជំនាញសើស្បែកព្រោះថាបើការព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលា នឹងនាំមកនូវស្លាកស្នាមដែលពិបាកព្យាបាលជាពិសេស អ្នកដែលមានបញ្ហាស្លាកស្នាមខូង និងផ្លែដាច់ខាតត្រូវតែមកទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញ និងទីកន្លែងព្យាបាលដែលមានឧបករណ៍ទំនើបៗគ្រប់គ្រាន់ក្នុងការព្យាបាលក្នុងន័យដើម្បីចំណេញទាំងថវិកា ពេលវេលា ព្រមទាំងទទួលបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ “ព្យាបាលកាន់តែឆាប់ កាន់តែមានប្រសើរ” បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស ឯកទេសជំងឺសើស្បែក កាមរោគ និងឡេសឺនាយរងផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជំងឺបាយភ្នែក ធ្វើឲ្យមានការពិបាកក្នុងការមើល តែងកើតលើភ្នែកម្ខាង ឬសងខាង ពិសេសមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម អ្នកជក់បារី ហើយជាទូទៅមានតែការវះកាត់ប៉ុណ្ណោះដែលជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងត្រូវបានណែនាំពីគ្រូពេទ្យឯកទេស។ យោងតាម Fred Hollow Foundation ប្រជាជនប្រហែលជាង ៣២.៤ លាននាក់នៅលើពិភពលោកកំពុងជួបភាពពិការភ្នែកដែលភាគច្រើនដោយសារជំងឺបាយភ្នែក។  ដោយឡែកថ្មីៗនេះ អ្នកវិទ្យាសាស្ត្រកំពុងសិក្សាលើការស្រាវជ្រាវថ្មីមួយនៅសហរដ្ឋអាមេរិក ដោយបង្កើតថ្នាំបន្តក់ភ្នែកផ្ទាល់តែម្តងសម្រាប់ការព្យាបាលជំងឺបាយភ្នែក ដោយថ្នាំនោះអាចមានលទ្ធភាពរំលាយវាបាន ព្រោះតែការវះកាត់មានតម្លៃថ្លៃ។ ដោយការសិក្សានេះ កំពុងបន្តស្រាវជ្រាវដើម្បីចៀសវាងផលវិបាកផ្សេងៗ ហើយគំហើញថ្មីនឹងចំណាយច្រើនបន្តិចក្នុងការផ្សាយចេញជាផ្លូវការ។ ក្នុងការសិក្សានោះដែរអ្នកវិទ្យាសាស្ត្របានធ្វើតេស្តនៅលើសត្វទន្សាយ លទ្ធផលទទួលបានក្នុងចំណោម ១៣ករណី មាន ២ករណីមានការប្រែប្រួលពីជំងឺបាយភ្នែកធ្ងន់ធ្ងរ ទៅជាធូរស្រាលបន្ទាប់ពីការពិសោធន៍មួយអាទិត្យដំបូងហើយអ្នកវិទ្យាសាស្រ្តទទួលបានលទ្ធផលដូចគ្នាក្នុងការពិសោធន៍ជាមួយនឹងសត្វឆ្កែផងដែរ។ ប្រសិនការស្រាវជ្រាវនេះជោគជ័យលើមនុស្ស វានឹងចេញលក់លើទីផ្សារ ហើយអាចជួយដល់អ្នកជំងឺបាយភ្នែកជាច្រើនក្នុងពិភពលោក។ ឯកសារយោង៖ - https://futurism.com/goodbye-surgery-scientists-just-made-eye-drops-that-dissolve-cataracts-2?fbclid=IwAR3JyUstCt-Tj5Lav3Fy9D2My9vt_DAu1pIZdIjpMXX9zMm8zg-kE9gDsyk - https://nei.nih.gov/health/cataract/cataract_facts ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជំងឺមហារីក ជាជំងឺមិនឆ្លងចម្បងទី២ដែលសម្លាប់ប្រជាជនកម្ពុជា ព្រោះថាទម្រាំដឹងថាខ្លួនមានជំងឺដ៏កាចសាហាវនេះភាគច្រើននៃអ្នកជំងឺគឺហួសពេលក្នុងការព្យាបាលឲ្យជាសះស្បើយទៅហើយ។ អ្នកជំងឺនៅដំណាក់កាលចុងក្រោយនេះទទួលរងការឈឺចាប់យ៉ាងខ្លាំង ដែលពិបាក និងមិនអាចពិពណ៌នាបានអំពីទំហំនៃការឈឺចាប់ឲ្យអ្នកដទៃ ឬមនុស្សជាទីស្រឡាញ់របស់ពួកគាត់បានដឹងឡើយ។ នៅពេលដែលការព្យាបាលមិនអាចជាសះស្បើយបាន ការថែទាំបំបាត់ការឈឺចាប់ និងការថែទាំសម្រន់គឺមានសារសំខាន់ណាស់សម្រាប់អ្នកជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយដោយផ្តល់ឲ្យពួកគាត់រស់នៅប្រកបដោយគុណភាព និងមានភាពសុខស្រួល។ និយមន័យការថែទាំសម្រន់ ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឍជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។ ផលប្រយោជន៍នៃការថែទាំសម្រន់ ការថែទាំសម្រន់ពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺ និងគ្រួសាររបស់គាត់ដែលក្នុងនោះមានដូចជា៖ • ផ្នែករាងកាយ៖ ជួយកាត់បន្ថយការឈឺចាប់ខ្លាំងពិបាកក្នុងការដកដង្ហើម ពិបាកបន្ទោបង់ និងរោគសញ្ញារំខានផ្សេងទៀតដែលអាចកើតឡើងពីជំងឺមហារីកផ្ទាល់ ឬការឈឺចាប់អំឡុងពេលព្យាបាល (ចាក់ថ្នាំគីមី ឬបាញ់កាំរស្មី) • ផ្នែកអារម្មណ៍៖ អាចជួយអ្នកជំងឺឲ្យរួចផុតពីជំងឺផ្លូវចិត្តដូចជា ជំងឺបាក់ទឹកចិត្ត (Depression) ឬជំងឺថប់បារម្ភ (Anxiety) ជាដើម • ផ្នែកសង្គម៖ អាចទទួលបានការលើកទឹកចិត្តពីក្រុមគ្រូពេទ្យជំនាញ ក្រុមគ្រួសារមិត្តភក្តិ និងអ្នករាប់អានទាំងអស់ឡើងវិញ • កាត់បន្ថយការចំណាយថវិកាពីការព្យាបាលដែលគ្មានប្រយោជន៍ចំពោះអ្នកជំងឺពីព្រោះក្នុងដំណាក់ចុងក្រោយនេះពុំអាចមានការព្យាបាលណាធ្វើឲ្យពួកគាត់បានជាសះស្បើយឡើយ • រក្សាបាននូវពេលវេលាចុងក្រោយដ៏មានតម្លៃដើម្បីឲ្យអ្នកជំងឺបំពេញការងារដែលគាត់ចង់ធ្វើជាពិសេសការចំណាយពេលវេលាជាមួយគ្រួសារជាទីស្រឡាញ់របស់គាត់។  ដើម្បីផ្តល់ជូនអ្នកជំងឺនូវការថែទាំដ៏ប្រសើរ គឺតម្រូវឲ្យមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេស និងក្រុមការងារដែលមានជំនាញជាច្រើនទៀតដូចជា៖ • វេជ្ជបណ្ឌិតឯកទេសថែទាំសម្រន់៖ ធ្វើការពិនិត្យពិគ្រោះ ចេញវេជ្ជបញ្ជាផ្តល់ថ្នាំ និងតាមដានស្ថានភាពជំងឺ • គិលានុបដ្ឋាក៖ ចូលរួមជាមួយវេជ្ជបណ្ឌិតក្នុងអំឡុងពេលពិគ្រោះជំងឺ ផ្តល់ថ្នាំទៅតាមវេជ្ជបញ្ជា និងពន្យល់ការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវដល់អ្នកជំងឺ ឬក្រុមគ្រួសារ • អ្នកធ្វើការសង្គម៖ ផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្តដល់អ្នកជំងឺឬ/និងក្រុមគ្រួសារអ្នកជំងឺដែលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ • ឱសថការី៖ គ្រប់គ្រងស្តុកថ្នាំ តាមដានការប្រើប្រាស់ថ្នាំប្រចាំថ្ងៃ ធ្វើរបាយការណ៍ប្រើប្រាស់ថ្នាំប្រចាំខែ។   បញ្ហាប្រឈមផ្សេងៗ គួរបញ្ជាក់ផងដែរថា មានការលំបាកមួយចំនួនដែលកំពុងប្រឈមប្រចាំថ្ងៃរបស់ក្រុមការងារបច្ចេកទេសវេជ្ជសាស្រ្តនៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែនដែលមានដូចជា៖ • ពិបាកក្នុងការតាមដាន និងថែទាំអ្នកជំងឺជាប្រចាំ ព្រោះអ្នកជំងឺភាគច្រើននៅតាមទីជនបទដាច់ស្រយាលហើយដែលមិនមែនជាតំបន់គ្របដណ្តប់របស់អង្គការ DSF • ពិបាកក្នុងការទាក់ទង ដើម្បីមកពិគ្រោះជំងឺ និងទទួលថ្នាំ ឬតាមដានព័ត៌មានផ្សេងៗ • កង្វះថវិការបស់អ្នកជំងឺដើម្បីធ្វើដំណើរមកពិគ្រោះជំងឺ និងទទួលថ្នាំ នៅទីក្រុងភ្នំពេញ • ធនធានមនុស្សសម្រាប់បម្រើការងារនេះនៅមានកម្រិតនៅឡើយ • ដោយថវិកាមានកំណត់ជាមូលហេតុអង្គការ DSFមិនអាចពង្រីកសកម្មភាពថែទាំសម្រន់ដល់ផ្ទះអ្នកជំងឺឲ្យបានគ្រប់ខេត្ត ក្រុង។ សម្រាប់អ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ សូមកុំអស់សង្ឃឹមទោះបីជំងឺមិនអាចព្យាបាលឲ្យជាសះស្បើយក៏ដោយ ប៉ុន្តែនៅមានការថែទាំសម្រន់ដែលអាចផ្តល់ឲ្យក្នុងរយៈពេលចុងក្រោយដោយភាពសុខស្រួល។ ចំពោះក្រុមគ្រួសារអ្នកជំងឺ ត្រូវយកចិត្តទុកដាក់ និងមើលថែអ្នកជំងឺឲ្យបានល្អ ដើម្បីធានាឲ្យបាននូវទំនាក់ទំនង និងភាពស្និទ្ធស្នាល។ សម្រាប់ប្រជាជនគ្រប់រូបគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីអាចដឹងពីស្ថានភាពជំងឺរបស់ខ្លួនបានឆាប់ និងទទួលបានការព្យាបាលទាន់ពេលវេលា។ "ការថែទាំសម្រន់ផ្តោតសំខាន់លើ គុណភាពជីវិតជាជាងបរិមាណជីវិត" អង្គការ DSF បង្កើតនៅឆ្នាំ១៩៩៦ ជាអង្គការតែមួយគត់ដែលធ្វើសកម្មភាពផ្តល់ការថែទាំសម្រន់ដល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងពេលបច្ចុប្បន្ន។ប្រសិនបើអ្នកបានស្គាល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាន ហើយកំពុងរស់នៅជាមួយការឈឺចាប់ដោយសារជំងឺរបស់គាត់ និងអស់សង្ឃឹមក្នុងជីវិត សូមទាក់ទងមកកាន់អង្គការបំបាត់ការឈឺចាប់គ្មានព្រំដែនតាមរយៈលេខទូរស័ព្ទ ០២៣ ២១៤ ៩៥៤ ដើម្បីទទួលបានការថែទាំសម្រន់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក
Top