Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ស្ថានីយវិទ្យុផ្កាឈូកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(CJBI) បានរៀបចំសិក្ខាសាលាស្តីពីសុខភាពក្រោមប្រធានបទ «ការពុលចំណីអាហារ និងវិធានការការពារ» នៅសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ជាក់ស្តែង សិក្ខាសាលាស្តីពីសុខភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង  និងកាត់បន្ថយគ្រោះថ្នាក់ដោយចំណីអាហារ ព្រមទាំងការពុលចំណីអាហារ និងវិធានការការពារ។ សិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់១១ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹងដោយវាគ្មិនកិត្តិយសចំនួន ៤រូបគឺ លោកបណ្ឌិត អ៊ុយ ដារិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្មនៃវិទ្យាស្ថានស្តង់ដារ និងឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសម្អាងក្រសួងសុខាភិបាល និងមានផងដែរនូវវត្តមានរបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូសុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ សិក្ខាសាលាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ  លោកលោកស្រី ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណ ៤០០នាក់ផងដែរ។ នាឱកាសនេះ លោកឱសថការី អាំង ហុកស្រ៊ុន បានមានប្រសាសន៍ថា «ការពុលអាហារគឺជាការបរិភោគចំណីអាហារដែលមានលាយឡំជាមួយភាពកខ្វក់ ពពួកមេរោគ ឬជាតិតុកស៊ីនគ្រប់ចំនួនដែលអាចធ្វើឲ្យអ្នកបរិភោគចំណីអាហារនោះមានជំងឺបាន។ លើសពីនេះ លោកបានបង្ហាញផងដែរថា ការផ្ទុះការពុលចំណីអាហារនៅកម្ពុជាមានលក្ខណៈប្រែប្រួលក្នុងមួយឆ្នាំៗ ដោយក្នុងឆ្នាំ ២០១៥ មានការពុលចំណីអាហារ ៣៣ដង អ្នកជំងឺ ១៩៥៧នាក់ សម្រាកពេទ្យ ១៩២៨នាក់ ស្លាប់ ២៩នាក់ ចំណែកឆ្នាំ ២០១៦ មានការពុលចំណីអាហារ ១៩ដង អ្នកជំងឺ ៧០៣នាក់ សម្រាកពេទ្យ ៦៦០នាក់ ស្លាប់ ១៥នាក់។ ដោយឡែក ក្នុងឆ្នាំ ២០១៧ មានការពុលចំណីអាហារ ២៨ដង អ្នកជំងឺ ៨២៨នាក់ សម្រាកពេទ្យ ៨១៦នាក់ ស្លាប់ ០៤នាក់ និងឆ្នាំ ២០១៨ ការពុលចំណីអាហារមាន ១៣ដង អ្នកជំងឺ ២០៣នាក់ សម្រាកពេទ្យ ១៩៦នាក់ និងស្លាប់ ១២នាក់»។ គួរបញ្ជាក់ផងដែរ បន្ទាប់ពីធ្វើបទបង្ហាញទៅលើប្រធានបទទាក់ទងខុសៗគ្នារបស់វាគ្មិនកិត្តិយសយ៉ាងក្បោះក្បាយ និងយ៉ាងស៊ីជម្រៅរួចក៏មាននូវវេទិកាសំណួរ-ចម្លើយ ព្រមទាំងបញ្ចប់ជាមួយនឹងការថតរូបអនុស្សាវរីយ៍ពីសំណាក់វាគ្មិន និងអ្នកចូលរួមទាំងអស់ប្រកបដោយភាពសប្បាយរីករាយ។

ចែករំលែក

ក្អក ជារោគសញ្ញាមួយបញ្ជាក់ថារាងកាយរបស់អ្នកមានភាពខុសប្រក្រតីលើផ្លូវដង្ហើម ដែលវាអាចបង្កឡើងដោយពពួក វីរុស បាក់តេរី ធូលីដី ឬសារធាតុផ្សេងៗទៀត។ យោងតាមប្រសាសន៍នៃគ្រូពេទ្យជំនាញរបស់សហរដ្ឋអាមេរិកម្នាក់ បានធ្វើការប៉ាន់ប្រមាណថាអ្នកជំងឺដែលបានមកទទួលការព្យាបាលបញ្ហាក្អកនេះមានប្រមាណ ៣០លាននាក់ក្នុងមួយឆ្នាំ ដែលចំនួននេះត្រូវបានកើនឡើងជាលំដាប់។ អាការៈក្អកម្តងម្កាលជាសញ្ញាធម្មតា ដែលជួយបញ្ចេញសារធាតុមិនល្អពីសួតរបស់អ្នក ការពារពីការបង្ករោគផ្សេងៗ និងជំងឺផ្តាសាយ។ ទោះជាយ៉ាងណាក៏ដោយ ការក្អកជាអចិន្ត្រៃយ៍ ចាប់ពីមួយសប្តាហ៍ឡើងទៅអាចជាលទ្ធផលនៃបញ្ហាសុខភាពណាមួយ  រួមមាន៖ • ជំងឺហឺត៖ ភាគច្រើនការក្អកដោយសារអ្នកមានជំងឺហឺតគឺតែងកើតមានឡើងតាមរដូវកាល និងនៅពេលអ្នកប៉ះជាមួយនឹងខ្យល់ត្រជាក់។ • រលាកបំពង់អាហារ៖ លំហូរនៃអាស៊ីតក្រពះដែលតែងច្រាលឡើងតាមបំពង់អាហារដោយសារអ្នកចង្អោរ ឬក្អួត នឹងបង្កឲ្យរលាក ធ្វើឲ្យអ្នកក្អក។ • ជំងឺក្អកមាន់៖ កើតមានជាពិសេសចំពោះកូនក្មេងដោយសារការរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ប៉ុន្តែវាត្រូវបានការពារដោយការចាក់វ៉ាក់សាំង។ • ជំងឺរបេង៖ មានការបង្ករោគធ្ងន់ធ្ងរប៉ះពាល់ដល់សួតរបស់អ្នក ដែលធ្វើឲ្យអ្នកក្អកខ្លាំង ក្នុងរយៈពេលយូរ លើសពី៣សប្តាហ៍។ • ជំងឺរលាកទងសួត៖ កាលណាទងសួតរលាក វាអាចឡើងស្លេស្ម ធ្វើឲ្យបំពង់ខ្យល់ឆ្លងកាត់ កាន់តែរួមតូចជាងធម្មតាបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម ឈឺទ្រូង ហត់ ក្តៅខ្លួន ក្អក។ • ជំងឺរលាកប្រហោងច្រមុះ៖ តឹងច្រមុះ ហៀរសំបោរធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហ៊ឺងត្រចៀក ឬរលាកក្នុងត្រចៀកតែម្តង។ ក្រៅពីជំងឺខាងលើ ការក្អករបស់អ្នកអាចដោយសារតែការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបញ្ចុះសម្ពាធឈាមក្រុមIEC មហារីកកូនកណ្តុរ មហារីកសួត និងរបេងកូនកណ្តុរជាដើម។ សូមកុំគិតថា ការក្អករបស់អ្នកជាសញ្ញាធម្មតាបើអ្នកហាក់កើតឡើងញឹកញាប់ ឬមានរយៈពេលយូរ ព្រោះតែហេតុការណ៍នៃជំងឺជាច្រើនកំពុងនៅពីក្រោយអ្នកដោយមិនដឹងខ្លួន ដូច្នេះការប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត ជាអ្វីដែលអ្នកគួរធ្វើនៅពេលនេះ។   ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

នរណាមាន Crush ខ្លះលើកដៃតិចមើល៎! Crush សំដៅលើអ្នកដែលយើងលួចមានចិត្ត ឬលួចស្រលាញ់ តែសុំសរសេរជាភាសាអង់គ្លេសអ៊ីចឹងស្រួលយល់ជាង។ ដូចដឹងស្រាប់ហើយថា ថ្ងៃ១៤ កុម្ភៈ Valantine’s Day ឬខ្មែរយើងនិយមហៅបុណ្យសង្សារនោះជិតមកដល់ហើយ ក៏មានអ្នកមួយចំនួន គេមានគូគេស្រាប់ ឯអ្នកមួយចំនួនក៏មិនមាន រីឯមួយចំណែកផ្សេងទៀតក៏ Crush លើគេ។ ជាមួយគ្នានេះ អ្នកមាន Crush ធ្លាប់គិតចង់សារភាពខ្លះអត់? ហើយមានដេញពេលាបានថ្ងៃល្អនៅ? ចុះបើរើសយកថ្ងៃពិសេស ដូចថ្ងៃបុណ្យសង្សារអ៊ីចឹងយ៉ាងម៉េចវិញទៅ? យ៉ាងណាៗ យើងមានមតិពីរសម្រាប់អ្នកជ្រើសរើសដោយខ្លួនឯងសាកមើល។ ១. វាយស្លាប់ក៏មិនសារភាពដែរ ខំលាក់យូរហើយ ឲ្យសារភាពយ៉ាងម៉េចភ្លាមៗចឹង? ខ្លាចថាសារភាពហើយ គេអត់ខ្វល់ទៅគិតម៉េចទៅ? ណាមួយ គិតថាថ្ងៃ១៤ កុម្ភៈហ្នឹងដូចមិនសមនឹងប្រាប់ទេ... គិតៗទៅ ប្រសិនបើពេលវេលាស័កិ្ដសមមកដល់ ចាំនិយាយប្រាប់ Crush ហើយ មិនចាំបាច់យកពេលល្អ ឬថ្ងៃពិសេសអ៊ីចឹងៗអីទេ។ ណាមួយ គេខាងនោះមិនដឹងគិតយ៉ាងណាទេ បើសុខៗមកសារភាពចំថ្ងៃបុណ្យសង្សារនោះ ខ្លាចថាយើងគិតអីមិនល្អលើគេ ឬគេមិនទទួលយកយើងផងក៏ថាបាន។ ម៉េចក៏ដោយ យើងមិនទាន់ហ៊ានប្រថុយប្រាប់គេទេ ចាំមើលស្ថានការណ៍តទៀតសិន ព្រោះថាប្រសិនបើឱកាសមកដល់ មិនចាំបាច់ថ្ងៃពិសេសអ្វីនោះទេ គ្រប់យ៉ាងវានឹងទៅតាមដំណើររបស់វាហើយ។ ២. ចាំកាលទៀត ថ្ងៃល្អមកដល់ហើយ ទិវានៃក្ដីស្រលាញ់ជាឱកាសដ៏ល្អមួយដើម្បីសារភាព ប្រសិនបើអ្នកឆ្លាត តែត្រូវប្រាកដចិត្តផងថា Crush អ្នកមិនទាន់មានម្ចាស់ទេណា! កុំចេះតែហ៊ាន! អ្នកប្រហែលជាមានការភ័យខ្លាចនិងការព្រួយបារម្ភខ្លះៗ អំពីការសារភាព ក្តីស្រលាញ់របស់អ្នកទៅកាន់គេប៉ុន្តែការចាប់ផ្តើមអ្វីថ្មីគឺកើតឡើងដោយសារភាពក្លាហាន។ ម៉្យាងទៀត វាជាថ្ងៃដែលពោរពេញទៅដោយបេះដូងនៃក្តីស្រលាញ់ និងការបើកចំហមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកដូចនេះវា ស័កិ្តសមបំផុតសម្រាប់ប្រាប់ទៅកាន់ Crush ថាអ្នកមានចិត្តលើគេ។ វាមិនមែនជារឿងអីធំដុំ ឬលំបាកខ្លាំងណាស់ទេដោយគ្រាន់តែប្រាប់គេពីរឿងដែលយើងបានលាក់ក្នុងចិត្តនោះ គ្រាន់តែអ្នកបង្ហាញភាពក្លាហានទៅ។ ទាន់មានឱកាសល្អជិតមកដល់ គួរតែឆាប់ប្រាប់គេភ្លាមទៅប្រយ័ត្នមានអ្នកកាត់មុខកាត់មាត់ណា៎! ឱកាសមិនមែនមានគ្រប់ពេលទេ ហើយឱកាសល្អរិតតែពិបាករកថែមទៀត អ៊ីចឹងខំលាក់ទុកម្នាក់ឯងអីទៀត! ស្រួលមិនស្រួល គេ Crush យើងវិញដែរអីទៅ មិនឡូយ! មិនទាន់អស់ទេ៎! ប្រសិនបើអ្នកមានបំណងចង់សារភាពប្រាប់ Crush ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ យើងមានវិធីខ្លះៗ ដើម្បីជួយអ្នកបានខ្លះ ប្រសិនបើមានប្រសិទ្ធភាព Crush ព្រមក្លាយជាសង្សារ មកប្រាប់ Blogger វិញផងណា។ តោះ! អានសាកមើល៎... • ប្រើបទចម្រៀងបង្ហាញពីចិត្ត៖ កុំទាន់អាលថាហួសសម័យ! សតវត្សទី ២១ហើយមែន តែនៅមានប្រសិទ្ធភាពដែរ។ យកចិត្តទុកដាក់ចំពោះទំនុកចម្រៀង និងជ្រើសរើសយកបទចម្រៀងដែលពាក់ព័ន្ធនឹងអ្នកទាំងពីរ ហើយមានភ្លេងមានទំនុកច្រៀងយ៉ាងជ្រាលជ្រៅបែបចាក់ដោត! ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិតនិងទេពកោសល្យ អ្នកអាចសាកល្បងច្រៀងចម្រៀងផ្ទាល់ខ្លួនរបស់អ្នក។ • និយាយចំៗតែម្តង៖ មិនពិបាករៀបចំយូរ ឬគិតច្រើនទេ សាកនិយាយប្រាប់គេត្រង់ៗតែម្តងទៅ វាមិនទៅពិបាកខ្លាំងទេ។ អ្នកអាចណាត់ជួបគេនៅកន្លែងណាមួយដែលអាចនិយាយគ្នាបាន ហើយសារភាពទល់មុខគ្នា២នាក់ហ្នឹងទៅ។ • បង្កើតភាពភ្ញាក់ផ្អើលសម្រាប់គេ៖ ឲ្យគេនូវអំណោយតូចៗ ហើយយកវាទៅដាក់ក្នុងថង់កាបូបនៅកន្លែងធ្វើការ ឬនៅខាងក្រៅផ្ទះរបស់គេ។ វិធីនេះអាចនឹងនាំស្នាមញញឹមដល់គេ ហើយភ្ជាប់ជាមួយសំបុត្រ ឬផុសកាតសរសេរផ្ទាល់ដៃអ្នកផងដើម្បីបង្ហាញគេថា គេសំខាន់សម្រាប់អ្នក។ • ផ្ញើសារ៖ ប្រសិនបើអ្នកមិនហ៊ាននិយាយផ្ទាល់ អ្នកអាចប្រើប្រាស់សារទូរស័ព្ទ ឬសារ Facebook ជាដើម។ អ្នកអាចសរសេររៀបរាប់ពីចិត្តអ្នកឲ្យគេដឹងតាមសារដែលអ្នកផ្ញើ ប៉ុន្តែត្រូវប្រាកដចិត្តថាគេនឹងអានគ្រប់យ៉ាងដែលអ្នកបានសរសេរ ដូចជារង់ចាំគេតបសិនដើម្បីប្រាកដចិត្តថាគេបានឃើញនិងអានសាររបស់យើង ហើយព្យាយាមកុំសរសេរវែងៗខ្លាំងពេក ចៀសវាងគេធុញ។ សង្ឃឹមថាអ្នកមាន Crush គ្រប់រូបបានអាននូវអត្ថបទមួយនេះ នឹងសម្រេចចិត្តថាគួរធ្វើយ៉ាងណាជាមួយ Crushរបស់អ្នកឲ្យសមស្របតាមកាលៈទេសៈ។  បើមិនទាន់ហ៊ានសារភាព អ្នកគួរសួរខ្លួនឯងថា «ហេតុអ្វី?» តើអ្នកមានហេតុផលអ្វីសមស្រប ចំពោះការដែលមិនសារភាពហើយសម្រាប់អ្នកមានបំណងនឹងប្រាប់ តើគួរជ្រើសរើសវិធីណា ដើម្បីឲ្យគេបើកភ្លើងខៀវ។ ហើយសម្រាប់អ្នកមានគូហើយ សូមចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នកឲ្យមានសុភមង្គលណា៎! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ខួរក្បាលជាសរីរាង្គសំខាន់បំផុតដែលមាននាទីរក្សាឲ្យបាននូវតុល្យភាពគ្រប់ដំណើរការទាំងអស់ដែលមាននៅក្នុងរាងកាយ។ក្នុងករណីដែលមានដុំសាច់ក្នុងខួរក្បាលនោះវានឹងផ្តល់ជាផលរំខានដល់តួនាទីរបស់ខួរក្បាល ហើយផលវិបាកទាំងនោះអាចនឹងមានភាពខុសៗគ្នាអាស្រ័យទីតាំងដែលដុំសាច់នោះស្ថិតនៅ។ អ្វីជាដុំសាច់ដុះក្នុងខួរក្បាល? ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាលដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន  ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាលហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល និងកោសិកានៅជុំវិញខួរក្បាលតែម្តង។ បើយោងតាមអង្គការសុខភាពពិភពលោក បានបែងចែកកម្រិតភាពកាចរបស់ដុំសាច់ខួរក្បាលជា ៤កម្រិតដែលកម្រិត ១ និង២ ជាកម្រិតទាប មិនសូវមានគ្រោះថ្នាក់ ចំណែកកម្រិត៣ និង៤ ជាកម្រិតគ្រោះថ្នាក់ និងកាច។ អត្រានៃការកើនឡើង បើយោងតាមការសិក្សារបស់ប្រទេសជឿនលឿនមួយចំនួន បានបង្ហាញថាជារៀងរាល់ឆ្នាំ មនុស្សប្រហែល២៥នាក់ក្នុងចំណោមមនុស្ស ១០ ម៉ឺននាក់អាចប្រឈមនឹងការកើតមានជំងឺដុំសាច់ខួរក្បាលនេះ។ ដោយឡែកនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានការសិក្សាណាមួយបញ្ជាក់ពីទិន្នន័យពិតប្រាកដនៃអត្រាការកើតជំងឺ ក៏ដូចជាកម្រិតនៃការកើនឡើងនៃជំងឺនេះនៅឡើយទេ។ ប៉ុន្តែបើយោងតាមទិន្នន័យដែលមានក្នុងគ្លីនិកក្តីសង្ឃឹមនៃយេរ៉េម៉ាក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ (២០១៧ និង ២០១៨) បានបង្ហាញថា កម្ពុជាប្រហែលជាមានអត្រានៃការកើនឡើងស្រដៀងគ្នានឹងបណ្តាប្រទេសជឿនលឿនទាំងឡាយនៅលើសកលលោកដែរដោយហេតុថាមានអ្នកជំងឺប្រមាណ ៥២ នាក់បានទទួលការវះកាត់ដើម្បីព្យាបាលជំងឺ ក្នុងចំណោមអ្នកជំងឺ ១០០នាក់ដែលបានមកពិនិត្យជំងឺទាក់ទងដុំសាច់ក្នុងខួរក្បាល។ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺអត្រានៃការកើនឡើងនេះអាចប្រហែលមកពីមានការជឿនលឿននូវបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់កម្ពុជានាពេលបច្ចុប្បន្នដែលមានទាំងការរីកចម្រើននូវឧបករណ៍ ឬម៉ាស៊ីនទំនើបៗដែលអាចរកឃើញដុំសាច់នេះបានល្អជាងមុន(CT Scan  ឬ MRI)  ព្រមទាំងការកើនឡើងនូវចំនួនធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងការវិភាគ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺផងដែរ។ នេះមានន័យថា តាមការពិតកាលពីមុនក៏មាននូវជំងឺនេះដែរ ប៉ុន្តែដោយសារពុំមានបច្ចេកវិទ្យាទំនើប និងធនធានមនុស្សគ្រប់គ្រាន់ជាហេតុធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ទាំងមិនបានដឹងមូលហេតុច្បាស់លាស់។ មូលហេតុចម្បង និងបុគ្គលប្រឈម នាពេលបច្ចុប្បន្ន គេមិនទាន់អាចពន្យល់បានឡើយអំពីមូលហេតុចម្បងៗដែលនាំឲ្យកើតជំងឺនេះប៉ុន្តែ គេអាចរកឃើញកត្តាប្រឈមមួយចំនួនដែលចូលរួមបង្កឲ្យកើតជំងឺ ដែលរួមមានដូចខាងក្រោម៖ - ប្រវត្តិគ្រួសារ៖ ប្រហែលជា ៥% នៃអ្នកជំងឺមានដុំសាច់ខួរក្បាល មានប្រវត្តិគ្រួសារដែលមានដុំសាច់ខួរក្បាលដែរ។ - អាយុ ភេទ សញ្ជាតិ៖ គេសង្កេតឃើញថាបុគ្គលក្មេង និងចាស់ខ្លាំង មានភាពប្រឈមនឹងការកើតជំងឺនេះជាងបុគ្គលវ័យកណ្តាល ចំណែកមនុស្សប្រុសប្រឈមនឹងការកើតជំងឺនេះជាងមនុស្សស្រី តែមនុស្សស្រីប្រឈមនឹងការកើតដុំសាច់ប្រភេទ Meningioma ដែលជាប្រភេទកាចច្រើនជាងបុរសវិញ ហើយជនជាតិស្បែកស ប្រឈមនឹងការកើតដុំសាច់ប្រភេទ Glioma ច្រើនជាងជនជាតិស្បែកខ្មៅ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា បុគ្គលប្រភេទណា វ័យណាក៏អាចកើតមានជំងឺនេះដែរ គ្រាន់តែមានបុគ្គលមួយចំនួនខាងលើនេះមានភាពប្រឈមខ្ពស់ជាងគេប៉ុណ្ណោះ។ - ការប៉ះពាល់សារធាតុវិទ្យុសកម្ម និងសាធាតុគីមីដោយមិនមានការការពារត្រឹមត្រូវ៖ មានដូចជាការប្រើប្រាស់ថ្នាំកសិកម្មថ្នាំសម្លាប់សត្វល្អិត សារធាតុគីមីដែលចេញពីរោងចក្រកៅស៊ូ ជ័រ ជាដើម។ - ការជក់បារី៖ ថ្វីត្បិតតែមិនទាន់មានការរកឃើញដោយផ្ទាល់ពីមូលហេតុនៃការកើតដុំសាច់ខួរក្បាលតែអ្នកជក់បារីអាចមានកត្តាប្រឈមខ្លះផងដែរ។ យន្តការ និងរោគសញ្ញា ជាធម្មតា រោគសញ្ញាដែលស្តែងចេញនៅពេលមានដុំសាច់ក្នុងខួរក្បាលអាចមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅលើទំហំ ទីតាំង និងការលូតលាស់របស់ដុំសាច់នោះដែលវាអាចផ្តល់ជាសម្ពាធលើផ្នែកណាមួយ ឬប្រព័ន្ធប្រសាទណាមួយនៃខួរក្បាល ហើយសញ្ញាទាំងនោះរួមមាន៖ - ឈឺក្បាលដែលខុសពីធម្មតា ឈឺខ្លាំង ជាពិសេសពេលព្រឹក និងពេលធ្វើការងារខ្លាំងក្លា ឬធ្ងន់ធ្ងរ - ចង្អោរ ក្អួត - បញ្ហាទាក់ទងគំហើញដូចជា ស្រវាំងភ្នែក មើលឃើញរូបភាពបែកជា២ បាត់បង់គំហើញមួយចំហៀង - បាត់បង់ញាណដឹង មានដូចជា ធ្លាក់មុខ ស្ពឹកមុខមួយចំហៀង ទន់ ឬខ្សោយអវយវៈណាមួយជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើចលនា - បាត់បង់ការចងចាំ បាត់បង់ការស្ដាប់ ពិបាកនិយាយ និងពិបាកក្នុងការផ្ចង់អារម្មណ៍ - វង្វេងវង្វាន់ ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថ - បាត់បង់ស្មាតី លែងដឹងខ្លួន និងករណីខ្លះអាចមានប្រកាច់ទៀតផង។ យន្តការនៃការវិវឌ្ឍជំងឺអាស្រ័យទៅលើលក្ខណៈនៃដុំសាច់ អាចប្រែជាដុំសាច់ស្លូត ឬដុំសាច់កាច និងកម្រិតធ្ងន់ធ្ងរនៃការប៉ះពាល់ទៅលើកោសិកាប្រព័ន្ធប្រសាទផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ អ្នកជំងឺតម្រូវឲ្យមកជួបគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ ឬគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ ដើម្បីធ្វើការពិនិត្យផ្នែកប្រព័ន្ធប្រសាទ  និងធ្វើការវិភាគរូបភាពអមវេជ្ជសាស្ត្រដូចជា ស៊ីធីស្កែន (CT Scan) ឬអឹមអអាយ (MRI) រួចទើបបន្តធ្វើការច្រឹបដុំសាច់ដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់ថាវាជាដុំសាច់ស្លូត ឬកាច។ ការព្យាបាល និងការត្រៀមខ្លួន ការព្យាបាលអាចត្រូវបានធ្វើឡើងតាមវិធីសាស្ត្រច្រើនយ៉ាង អាស្រ័យទៅតាមលក្ខណៈដុំសាច់នោះ ថាតើជាប្រភេទដុំសាច់កាច ឬស្លូត ទំហំ និងការលូតលាស់របស់វា ដែលអាចបង្កជាសម្ពាធសង្កត់លើផ្នែកណាខ្លះនៃខួរក្បាល ឬសរសៃប្រសាទប្រភេទណា។ ការព្យាបាលរួមមានជាការតាមដាន ប្រើប្រាស់ថ្នាំ ការវះកាត់យកដុំសាច់ចេញ ការព្យាបាលដោយកាំរស្មីការព្យាបាលដោយចាក់ថ្នាំគីមី ឬជាការព្យាបាលដែលរួមបញ្ចូលនូវវិធីសាស្ត្រទាំងអស់នេះតែម្តង។គួរបន្ថែមថា ការព្យាបាលនេះនឹងត្រូវបានចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឯកទេសជាច្រើនផ្នែក ដែលក្នុងនោះមានដូចជា៖ - គ្រូពេទ្យផ្នែកប្រព័ន្ធប្រសាទ - គ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទ - គ្រូពេទ្យផ្នែកដាក់ថ្នាំសណ្តំ - គ្រូពេទ្យផ្នែកជំងឺមហារីក - គ្រូពេទ្យផ្នែកចាក់ថ្នាំគីមី - គ្រូពេទ្យផ្នែកបាញ់កាំរស្មី - គ្រូពេទ្យផ្នែកចលនា។ គួរបញ្ជាក់ថា មុនវះកាត់ និងក្រោយវះកាត់ អ្នកជំងឺត្រូវពិនិត្យសុខភាពទូទៅ អត់អាហាររយៈពេល៦ម៉ោងមុនពេលវះកាត់ និងតម្រូវឲ្យមានការសុំឈាមជាមុន ប្រសិនបើជាការវះកាត់ធំដែលអាចហូរឈាមច្រើន។ ផលវិបាក ក្នុងករណីដែលអ្នកជំងឺមិនបានមកទទួលបានការព្យាបាលត្រឹមត្រូវ ឬមិនទាន់ពេលវេលានោះអ្នកជំងឺ អាចប្រឈមនឹងការខូចខាតកោសិកាខួរក្បាលកាន់តែខ្លាំង មិនអាចសង្គ្រោះបាន និងអាចបណ្តាលឲ្យស្លាប់។ ប៉ុន្តែ កម្រិតធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះក៏អាស្រ័យទៅតាមលក្ខណៈនៃដុំសាច់ខួរក្បាលកាច ឬស្លូត និងកម្រិតសង្កត់ទៅលើកោសិកាខួរក្បាលផងដែរ។ វិធីសាស្ត្រការពារខ្លួន ដោយហេតុថានាពេលបច្ចុប្បន្នពុំទាន់រកឃើញមូលហេតុជាក់លាក់ដែលបង្កឲ្យមានជំងឺនេះនៅឡើយ ហេតុដូចនេះវិធីការពារខ្លួនជាក់លាក់ក៏មិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែអាចធ្វើការការពារខ្លួនពីកត្តាជំរុញមួយចំនួនដូចជា៖ - ស្លៀកសម្លៀកបំពាក់បិទជិត ពាក់ម៉ាស់ ស្រោមដៃស្រោមជើង រាល់ពេលធ្វើការងារជាមួយសារធាតុគីមីទាំងឡាយដែលចេញពីថ្នាំកសិកម្ម រោងចក្រកៅស៊ូ ឬវិទ្យុសកម្មជាដើម។ល។ - បញ្ឈប់ការជក់បារី។ ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ ឬគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ ដើម្បីធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលយកនូវការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ គួររំឭកថាករណីដែលអ្នកជំងឺពន្យារពេលមកទទួលការព្យាបាលដែលត្រឹមត្រូវ នោះប្រសិទ្ធភាពនៃការព្យាបាលអាចថយចុះ ហើយការព្យាបាលអាចកាន់តែស្មុគស្មាញឬពិបាកក្នុងការព្យាបាល ចំណាយពេលយូរ និងចំណាយថវិកាច្រើន។ផ្ទុយមកវិញ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលនៅដំណាក់កាលដំបូងនោះលទ្ធផលនៃការព្យាបាលក៏កាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ក្នុងខែមករា ឆ្នាំ២០១៩កន្លងមក​នេះ ក្រុមការងារហេលស៍ ថាម ប្រូ សហការជាមួយ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ បានប្រារព្ធកម្មវិធី “Check-up Tour” ដោយមានការផ្តល់ជូន​ការវាស់ដឺក្រេភ្នែក ពិនិត្យ និងពិគ្រោះអំពីបញ្ហាសុខភាពភ្នែក ដោយឥតគិតថ្លៃ។ កម្មវិធីប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យចំនួន២​ គឺសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាពភ្នែក សិស្សនិស្សិតដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ ​កម្មវិធី​ប្រព្រឹត្តទៅបានយ៉ាងរលូន​ ក្រោមការឧបត្ថម្ភដោយ ផលិតផល កូស៊ីល​។ គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ ហេលស៍ថាម ប្រូ​ សហការជាមួយគ្លីនិក/មន្ទីរពេទ្យជាដៃគូ បាននឹងកំពុងបង្កើតនូវកម្មវិធីមួយ “Check-up Tour” នេះឡើងក្នុងគោលបំណងធំៗ ចំនួន៣៖​ អាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន​ ជួយកាត់បន្ថយហានិភ័យនៃការវិឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ទទួលបានព័ត៌មានថ្មីៗអំពីសុខភាព ក្រៅពីនេះ ហេលស៍​ ថាម ប្រូ ក៏ធ្លាប់បានចូលរួមផ្តល់ការពិនិត្យសុខភាពជាច្រើនទៀតក្នុងឆ្នាំ២០១៨ ដោយមានការសហការជាមួ​យគ្លីនិក/មន្ទីរពេទ្យ និងក្រុម​ហ៊ុននានាជាច្រើនផងដែរ។ ដូចជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia។ ក្រោមការគាំទ្រដោយ​ សមាគមគ្រូពេទ្យបេះដូងកម្ពុជា(CHA) ផ្តល់ជូន​ការពិនិត្យសុខភាព​បេះដូង ដើម្បីលើកកម្ពស់ការថែទាំ និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ ហេលស៍​ ថាម ប្រូ សូមសន្យាថានឹងរៀបចំនូ​វការពិនិត្យសុខភាព ដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង នៅតាមសាកលវិទ្យាល័យ និងទីសាធារណៈនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ កុំភ្លេចតាមដានទាំងអស់គ្នាណ៎ា​ នៅលើគេហទំព័រហេ្វសបុករបស់ហេលស៍ថាម​ Healthtime Pro និងHealthogo ដើម្បីអាចចូលរួមទទួលបានការពិនិត្យសុខភាព និងចំណេះដឹងទាក់ទងនឹងសុខភាពនានា។ “កុំចាំដល់ថ្ងៃឈឺ ទើបចាប់ផ្តើមយកចិត្តទុកដាក់នឹងសុខភាព” ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អ្នកនឹងមិនចម្លែកទេនៅពេលមានការណែនាំលំហាត់ប្រាណ និងកីឡា ក៏ដូចជាអាហារដើម្បីសម្រកទម្ងន់ក៏ប៉ុន្តែអ្នកប្រហែលមិនស្មានទេថាអ្នកក៏អាច ស្រកគីឡូផងដែរ នៅពេលដែលអ្នកគេងលក់។ មានមនុស្សភាគច្រើនបានយល់ច្រឡំថា ការគេងច្រើនធ្វើឲ្យអ្នកស្ពឹក មិន​សូវមានសកម្មភាពដើម្បីដុតរំលាយខ្លាញ់ និងធ្វើឲ្យធាត់ តែផ្ទុយទៅវិញអ្នកដែលគេងមិនបានគ្រប់គ្រាន់ មិនត្រឹមមិនអាចសម្រកទម្ងន់បានសម្រេច តែថែមទាំងមានឱកាសឡើងទម្ងន់ ព្រមជាមួយនឹងការកើនឡើងនូវទម្លាប់អាក្រក់ផ្សេងទៀតដែលមិនល្អចំពោះការរក្សារាង និងសុខភាពទាំងស្រុងផងដែរ។ ហេតុនេះអ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ការគេងពិតជារួមចំណែកយ៉ាងសំខាន់ និងមិនអាចភ្លេចបញ្ចូលទៅក្នុងគម្រោងសម្រកទម្ងន់បានឡើយ ប្រសិនបើចង់ទទួលបានលទ្ធផលពិតប្រាកដទៅលើអ្វីដែលអ្នកបានខំប្រឹងដោយមិនបាច់ចំណាយកម្លាំងច្រើន។ មូលហេតុ ៤យ៉ាង ដែលការគេងជួយឲ្យអ្នកស្រកទម្ងន់បាន៖ ១. កាត់បន្ថយការស្រេកឃ្លាន និងធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ មូលហេតុគឺនៅពេលដែលអ្នកមិនបានគេងលក់ស្រួលនៅពេលយប់វាអាចបង្កឲ្យមានអតុល្យភាព អ័រម៉ូនដែលក្នុងនោះរួមមាន ការកើនឡើងនូវអ័រម៉ូន Ghrelin ដែលអាចធ្វើឲ្យអ្នកឃ្លានទោះបីជាពេលដែលអ្នកមិនត្រូវការក៏ដោយ និងការថយចុះនៃអ័រម៉ូន Leptin ដែលធ្វើឲ្យញ៉ាំមិនដឹងឆ្អែត។ ក្រៅពីនោះអ័រម៉ូនលូតលាស់ ក៏មិនអាចធ្វើការជួសជុល និងកសាងកោសិកាបានល្អនៅពេលយប់ដែលមានន័យថាអ្នកមិនអាចកសាងសាច់ដុំដើម្បីជំរុញការដុតកាល់ឡូរីបានល្អឡើយ។ ម្យ៉ាងទៀត ការគេងមិនឆ្អែតធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេស cortisol ដែលទៅភ្ញោចដល់ការឃ្លានជាពិសេសពពួកកាបូហាយដ្រេតទៀតផង។ ហេតុការណ៍ទាំងនេះ នឹងមិនកើតមានឡើយ នៅពេលអ្នកបានគេងលក់ស្រួលដែលមានន័យថាអ្នកនឹងមិនធ្វើសកម្មភាពដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់ ឬធាត់ឡើងដោយមិនដឹងខ្លួនឡើយ។ ២. ធ្វើឲ្យអ្នកចាប់ទម្លាប់ល្អផ្សេងទៀតយ៉ាងងាយស្រួល ប្រសិនបើខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់អ្នកប្រហែលមិនអាចធ្វើការសម្រេចចិត្តបានល្អឡើយ។ រីឯមជ្ឈមណ្ឌលនៅខួរក្បាលដែលមានមុខងារសម្រាប់ផ្តល់រង្វាន់ឲ្យខ្លួនឯងនឹងមានសកម្មភាពឡើងដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ខណៈនេះជាពេលដែលអ្នកផ្តល់ឲ្យខ្លួនឯងនូវអាហារដែលអ្នកចូលចិត្ត និងពិបាកទប់ខ្លួនឯងមិនឲ្យញ៉ាំលើសចំណុះ។ ម្យ៉ាងទៀត ដោយសារអ្នកអស់កម្លាំងព្រោះមិនបានគេង អ្នកក៏នឹងរំលងទម្លាប់ហាត់ប្រាណផងដែរ។ ផ្ទុយមកវិញ ការគេងគ្រប់គ្រាន់ជាគន្លឹះដែលនាំឲ្យអ្នកប្រកាន់បាននូវទម្លាប់ល្អៗមួយចំនួនចំពោះការសម្រកទម្ងន់ ដែលក្នុងនោះ អ្នកនឹងចាប់ផ្តើមញ៉ាំអាហារសុខភាព ធ្វើការហាត់ប្រាណដោយមិនបង្អង់ព្រមទាំងអាចធ្វើឲ្យអ្នកញ៉ាំមានរបៀប (មិនញ៉ាំផ្តេសផ្តាស និងខុសពេលវេលា)។ ៣. ជួយដុតរំលាយកាល់ឡូរីបានកាន់តែច្រើន តាមរយៈការបង្កើនសាច់ដុំ និងមេតាបូលីសនៅពេលអ្នកកំពុងគេង ខ្លួនអ្នកនឹងអាចដុតបំផ្លាញកាល់ឡូរីបានកាន់តែប្រសើរ ប្រសិនបើអ្នកបានគេងគ្រប់គ្រាន់ និងមានកម្លាំងនៅអំឡុងពេលថ្ងៃ ហើយអ្នកនឹងកាន់តែភ្ញាក់ផ្អើល ពីព្រោះកាល់ឡូរីដែលដុតបាននៅពេលគេង គឺ ៥% លើសពីអ្នកដែលមិនសូវបានគេងនិងសមត្ថភាពដុតកាល់ឡូរី ក្រោយអាហារគឺ២០% ខ្ពស់ជាងអ្នកមិនគេងបានគ្រប់គ្រាន់។មានន័យថា ទោះអ្នកបរិភោគអាហារដូចគ្នា បរិមាណដូចគ្នា តែការដុតបំផ្លាញកាល់ឡូរីគឺអាស្រ័យនឹងការគេងរបស់អ្នកទៅវិញទេ។ ៤. ការគេងអាចជួយឲ្យអាំងស៊ុយលីនដំណើរការល្អ អ័រម៉ូនអាំងស៊ុយលីនអាចដឹកនាំស្ករពីក្នុងឈាមទៅក្នុងកោសិកាប្រើប្រាស់ជាថាមពល។ ការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ត្រឹមតែ ២ ទៅ ៣ យប់ អាចធ្វើឲ្យកោសិកាធន់នឹងឥទ្ធិពលរបស់អាំងស៊ុយលីនដល់ទៅ ៣០ ទៅ ៤០% ដែលមានន័យថា កោសិកាមិនអាចទទួលបានស្ករយកមកប្រើប្រាស់ ធ្វើឲ្យសល់ជាតិស្ករនៅក្នុងឈាមច្រើនរួចជំរុញឲ្យមានការផលិតអាំងស៊ុយលីនកាន់តែច្រើនដែលជាហេតុនាំឲ្យអ្នកឃ្លាន ព្រមទាំងបញ្ជារាងកាយឲ្យស្តុកខ្លាញ់ទុកកាន់តែច្រើន ដែលនេះជាកត្តាបង្កការប្រឈមនឹងការលើសទម្ងន់ និងជំងឺទឹកនោមផ្អែម។ គន្លឹះសម្រាប់បង្កើតការគេងដែលមាន គុណភាព និងបង្កើនការស្រកទម្ងន់៖ ១. ចៀសវាងពិសាស្រា ឬជាតិអាល់កុល ៣ម៉ោងមុនចូលគេង ដោយវាអាចរំខានដល់ការដុតបំផ្លាញកាល់ឡូរី ២. ចៀសវាងធ្វើលំហាត់ប្រាណមុនចូលគេង ៣. ញ៉ាំអាហារពេលល្ងាចក្នុងបរិមាណតិច ៤. កំណត់ម៉ោងចូលគេង និងក្រោកឲ្យបានទៀងទាត់ ៥. បិទភ្លើង និងឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេង ៦. សីតុណ្ហភាពក្នុងបន្ទប់ត្រជាក់ល្មម ឬការគេងដោយមិនពាក់សម្លៀកបំពាក់ដើម្បីឲ្យរាងកាយត្រជាក់អាចជំរុញការដុតកាល់ឡូរីកាន់តែច្រើន ៧. ករណីពិបាកគេងអាចបង្កើតទម្លាប់សម្រាប់ការគេងលក់ស្រួលដូចជា ធ្វើសមាធិ ងូតទឹកក្តៅ ឬសរសេរកំណត់ហេតុជាដើម។ ថ្វីត្បិតថាការគេងអាចជួយបង្កើតលទ្ធផលនៃការសម្រកទម្ងន់ក៏ប៉ុន្តែប្រសិនបើអ្នកត្រូវការស្រកទម្ងន់ភ្លាមៗ ការគេងមិនមែនជាចម្លើយត្រូវនឹងអ្នកឡើយ។ តែទោះយ៉ាងនេះក្តី ប្រសិនបើអ្នកអនុវត្តការគេងបានប្រសើរជាប្រចាំ វាមិនត្រឹមជាចំណែកសម្រាប់ការរក្សាទម្ងន់ តែក៏ល្អចំពោះសុខភាពទាំងស្រុងផងដែរ។ម្យ៉ាងទៀត ដើម្បីស្រកទម្ងន់ អ្នកមិនអាចគេងច្រើនជំនួសឲ្យការបរិភោគអាហារត្រឹមត្រូវ និងហាត់ប្រាណនោះឡើយ។ ត្រូវចាំផងដែរថា អ្នកត្រូវផ្តោតលើគុណភាពនៃការគេងស្របជាមួយនឹងរយៈពេលនៃការគេង។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន១១ ឈ្មោះ ១-កាក់មាស”KAK MEAS” ២-Moringacam ៣-ឱសថបូរាណសញ្ញាប្រទាលអមតះ ៤-CHEAT SUNTO ៥-ឱសថបុរាណសញ្ញាភ្នំគូលែន ជំនួយសុខភាពផ្លូវភេទ ៦-ហនុមានជំនួយសុខភាព ៧-SUNTO Shop ៨-CHEAT SUNTO Kh ៩-ProHealth ១០-Sokun Theary Pich (ពេជ្រ សុគន្ធារី) និង១១-8អេស ស៊ុបពើហ្វូត អន្ទង់ស-8S Superfood Tongkat Ali បានកំពុងផ្សព្វផ្សាយឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ”អន្ទង់ស” ផលិតនៅព្រះរាជាណាចក្រកម្ពុជា គ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ ”អន្ទង់ស” ត្រូវមកទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីសុំចុះបញ្ជិកាឱសថបុរាណ ដោយមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ និងត្រូវសុំច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល បើមិនដូច្នោះទេក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ” អន្ទង់ស” គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។ មូលហេតុ និងកត្តាប្រឈម បច្ចុប្បន្ននេះ មហារីកកូនកណ្តុរមិនទាន់ត្រូវបានរកឃើញមូលហេតុពិតប្រាកដណាមួយនៅឡើយទេ ប៉ុន្តែ វាត្រូវបានគេសម្គាល់ឃើញថា ភាគច្រើនអាចកើតឡើងចំពោះបុគ្គលដែលមានប្រព័ន្ធភាពស៊ាំថយចុះ រួមមានអ្នកជំងឺផ្ទុកមេរោគអេដស៍ (HIV) អ្នកដែលប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធភាពស៊ាំ ឬនៅលើអ្នកដែលមានផ្ទុកមេរោគអែបស្តែនបា (Epstein-Barr Virus) ឬមេរោគ HTLV 1 (Human T-Lymphotropic Virus) ជាដើម។  រោគសញ្ញា  អ្នកជំងឺមហារីកកូនកណ្តុរមានរោគសញ្ញាសំខាន់ៗដូចជា ការរីកធំនៃកូនកណ្តុរនៅក ក្លៀក ក្រលៀន ពោះ ឬអណ្តើក រួមជាមួយអាការៈក្តៅខ្លួន ស្រកទម្ងន់ និងបែកញើសពេលយប់ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរោគសញ្ញានៃជំងឺរបេងកូនកណ្តុរ។  ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យគ្រូពេទ្យនឹងធ្វើការច្រឹបសាច់ត្រង់កូនកណ្តុរដែលរីកធំនោះដើម្បីពិនិត្យ ក្នុងគោលបំណងបញ្ជាក់ថាវាពិតជាជំងឺមហារីកកូនកណ្តុរ។ ម៉្យាងទៀតការពិនិត្យខាងលើនឹងជួយសម្រួលឲ្យគ្រូពេទ្យជ្រើសរើសប្រភេទនៃកាព្យាបាល និងដឹងអំពីការវិវឌ្ឍរបស់ជំងឺទៅថ្ងៃមុខ។ ការព្យាបាល ប្រសិនអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រភេទ Lymphoma​ នោះ ការព្យាបាលនឹងធ្វើតាមវិធីសាស្ត្រ២យ៉ាងដាច់ដោយឡែក ឬរួមបញ្ចូលគ្នា៖ • ការប្រើប្រាស់ថ្នាំគីមី ដែលខុសៗគ្នាអាស្រ័យទៅតាមប្រភេទរបស់ Lymphoma ដំណាក់កាលនៃជំងឺ និងភាពធ្ងន់ធ្ងររបស់ជំងឺ។ ប្រសិនបើជំងឺ Non-Hodgkin Lymphoma ប្រភេទបេ (B) នោះការព្យាបាលនឹងត្រូវរួមបញ្ចូលគ្នារវាងការប្រើប្រាស់ថ្នាំគីមី និងអង់ទីករប្រឆាំងប្រូតេអ៊ីនCD20 (ប្រូតេអ៊ីនម្យ៉ាងនៅលើភ្នាសកោសិកាមហារីក) ដែលធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលកើនឡើងខ្ពស់ជាងការប្រើប្រាស់ថ្នាំគីមីតែឯង។ • ការបញ្ចាំងកាំរស្មី។ ការតាមដានបន្ទាប់ពីការព្យាបាល ៣០%-៤០% នៃអ្នកជំងឺដែលបានទទួលការព្យាបាលអាចនឹងលាប់មកវិញភាគច្រើនក្នុងអំឡុង ២-៣ឆ្នាំដំបូងក្រោយការព្យាបាល។ ដូច្នេះ អ្នកជំងឺត្រូវតាមដានឲ្យបានជាប់ជាប្រចាំជាមួយគ្រូពេទ្យតាមពេលកំណត់៖ • រយៈពេល ២-៣ឆ្នាំដំបូងបន្ទាប់ពីការព្យាបាល អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៣-៤ខែម្តង • រយៈពេល ៤-៥ឆ្នាំបន្ទាប់ អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៦ខែម្តង • រយៈពេល ៥ឆ្នាំឡើងទៅ អ្នកជំងឺត្រូវធ្វើការតាមដានរៀងរាល់ ១ឆ្នាំម្តង ចំពោះការតាមដានរួមមានការពិនិត្យដោយគ្រូពេទ្យការធ្វើតេស្តឈាម ការថតសួត ការថតអេកូពោះ និងការស្កែនជាដើម។   ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា  អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត  ក្នុងរយៈពេល ៣-៦ខែ   ករណីជាមហារីកប្រភេទកាចសាហាវខ្លាំង។ វិធីសាស្រ្តការពារ ពុំមានវិធីសាស្ត្រណាអាចកំណត់ជាក់លាក់ដើម្បីការពារខ្លួនឲ្យចៀសផុតពីមហារីកកូនកណ្តុរនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់យកនូវគោលការណ៍ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតគួរតែត្រូវបានអនុវត្តជាប្រចាំ។ បន្ថែមពីនេះបុគ្គលគ្រប់រូបគួរពិនិត្យសុខភាពឲ្យបានជាប់ជាប្រចាំតាមក្បួនវេជ្ជសាស្ត្រដើម្បីតាមដាន និងស្វែងរកជំងឺឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ប្រសិនបើមានសញ្ញារីកធំនៃកូនកណ្ដុរសូមមកពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ចៀសវាងការប្រើប្រាស់ថ្នាំសាកល្បង  (ដូចជាថ្នាំរបេងជាដើម)។ ជំងឺមហារីកកូនកណ្តុរមិនមែនជាជំងឺតពូជនោះទេ ហើយអ្នកជំងឺក៏មិនបាច់ត្រូវតមអាហារក្នុងអំឡុងពេលព្យាបាលដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។ ជាញឹកញាប់ គេតែងមានការភ័ន្តច្រទ្បំថា សុរាជាសារជាតិដែលនាំឲ្យមានការភ្ញោច តែតាមពិតទៅសកម្មភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែលឥទ្ធិពលទាំងនោះមានដូចជា កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ស្រាកស្រាន្ត និងសប្បាយរីករាយ។ ហេតុផលទាំងនេះហើយដែលនាំឲ្យមនុស្សភាគច្រើនពិសាសុរាជាលក្ខណៈទូទៅក្នុងឱកាសណាមួយម្តងម្កាល។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឲ្យមានការចុះខ្សោយដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើកោសិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ ជាលទ្ធផល វានឹងនាំឲ្យមានការបញ្ឈប់មុខងារខួរក្បាលមួយចំនួនដូចជា  ការថយចុះនៃចលនាញាណថយចុះនៃការវិនិច្ឆ័យរហ័ស ធ្លាក់ចុះនៃភាពមានលំនឹង លំបាកជាងពេលមុន និងរំញោចយឺតៗ។ ជាទូទៅ សុរាមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជាទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។ ការស្រូប ការបញ្ចេញ និងការបំប្លែងសុរានៅក្នុងសរីរាង្គ • សុរាត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងចរន្តឈាម តាមរយៈក្រពះ ២០% និងពោះវៀន ៨០% • បន្ទាប់មកវានឹងអាចជ្រៀតចូលទៅដល់ខួរក្បាលក្នុងរយៈពេល ៥នាទីក្រោយ • វានឹងត្រូវបានរងមេតាបូលីសនៅត្រង់ថ្លើមពី៩០ទៅ ៩៥% រួចត្រូវបានបញ្ចេញចោលវិញតាមរយៈទឹកនោម ញើស និងដង្ហើម។ មាត្រដ្ឋានសម្រាប់ការផឹក ការប្រើមាត្រដ្ឋានសម្រាប់ផឹកត្រូវបានគេតាក់តែងទ្បើងដើម្បីជួយដល់អ្នកពិសាសុរាឲ្យចេះតាមដាននូវបរិមាណសុរាដែលគាត់នឹងត្រូវពិសា ហើយក៏ជាមាត្រដ្ឋានសម្រាប់ធ្វើលំហាត់ក្នុងការកាត់បន្ថយនូវបរិមាណសុរាដែលពួកគេពិសាលើសលប់កន្លងមក។ ប្រភេទសុរាមានច្រើនផ្សេងៗគ្នា ដូច្នេះ កម្រិតនៃកំហាប់សុរាសុទ្ធមានផ្សេងៗគ្នាដែរ៖ • កម្រិតមាត្រដ្ឋានដែលត្រូវផឹកមានប្រហែល ១៤ក្រាមនៃជាតិសុរាសុទ្ធខាងក្រោមនេះគឺជាបរិមាណសុរាដែលមានសមភាពទៅនឹងកម្រិតស្តង់ដា -    មួយដប  ឬមួយកំប៉ុងបៀរ = ៣៥០ ម.ល (៥%) -    ស្រាក្រហម = ១៥០ ម.ល (១២%) -    ស្រាខ្លាំង = ៤០ម.ល (៤៥%) -    ទឹកត្នោតជូរ =  ៣០០ ម.ល  (៣%)។ ផលប៉ះពាល់សុរាមកលើសុខភាពរយៈពេលខ្លី • ពិសាក្នុងកម្រិតតិចនាំឲ្យមានការសម្រាក សប្បាយ និយាយច្រើន កើនឡើងនូវសកម្មភាព និងថយចុះនូវការទប់ចិត្ត។ • ពិសាក្នុងកម្រិតខ្ពស់នាំឲ្យមានការថយចុះនូវការសម្របសម្រួលក្នុងការគ្រប់គ្រងចលនារាងកាយ និងសាច់ដុំ បាត់បង់លំនឹង រំញោច  កាត់បន្ថយសមត្ថភាពដោះស្រាយ កាត់បន្ថយប្រតិកម្មឆ្លើយតប និយាយត្រដិត ថយចុះការផ្ចង់អារម្មណ៍ បាត់បង់ភាពម្ចាស់ការ បាត់បង់សតិ បាត់បង់នូវភាពមានសីលធម៌ បាត់បង់ការចងចាំរយៈពេលខ្លី ងងុយដេក ស្រវាំងភ្នែក ធ្លាក់ទឹកចិត្ត បង្កើនអាកប្បកិរិយា គ្រោះថ្នាក់ កាចឃោរឃៅ ធីងធោង ចង្អោរ ក្អួត ឈឺពោះវៀន សន្លប់ ឬរហូតដល់ស្លាប់។ ផលប៉ះពាល់សុរាមកលើសុខភាពក្នុងរយៈពេលវែង • ចុះខ្សោយសមត្ថភាពផ្លូវភេទ មានបញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ • ធ្លាក់ទឹកចិត្ត ថប់បារម្ភ • មានបញ្ហាគ្រួសារ និងការទំនាក់ទំនង • ថយចុះការយកចិត្តទុកដាក់បំពេញកិច្ចការ • មានបញ្ហាផ្នែកច្បាប់ និងសេដ្ឋកិច្ច • ខូចខាតដល់សរីរៈមួយចំនួនជាបណ្តោះអាសន្ន និងអាចជារៀងរហូត • ខូចខួរក្បាលនាំឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍ • តម្រូវការកម្រិតថ្នាំកាន់តែច្រើនដើម្បីទទួលបាននូវប្រសិទ្ធភាពដែលខ្លួនចង់បាន • ញៀន “សម្អាងដោយមានចំណង់ប្រើខ្លាំង” មានបញ្ហាសុខភាព និងសង្គម ខកខានការបំពេញតួនាទីជាទម្លាប់ ពិបាកកាត់បន្ថយការទទួលទានសុរា។ ជំងឺទាំងឡាយដែលកើតចេញពីការពិសាសុរាច្រើនក្នុងរយៈពេលយូរ • ការពិសាសុរាច្រើន និងរយៈពេលវែងអាចឲ្យមានជំងឺថ្លើមបីប្រភេទគឺ ខ្លាញ់រុំថ្លើម (Fatty liver) រលាកថ្លើម (១០ ទៅ ៣៥%) និងក្រិនថ្លើម (១០ ទៅ២០%) • ជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាមមួយចំនួន • ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ដែលមានជំងឺរលាកក្រពះ ដំបៅក្រពះ រលាកពោះវៀនធំ រលាកបំពង់អាហារ រលាកលំពែងជាដើម • ជំងឺខួរក្បាលដែលមានទំនាក់ទំនងនឹងបញ្ហាថ្លើមអាចជាមូលហេតុនាំឲ្យមានបម្រែបម្រួលការគេង បម្រែបម្រួលអារម្មណ៍ បម្រែបម្រួលអាកប្បកិរិយា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់លើញាណធ្ងន់ធ្ងរ ការប្រុងប្រយ័ត្នមានរយៈពេលខ្លី បញ្ហាលើលំនឹង ករណីធ្ងន់ធ្ងរនាំឲ្យសន្លប់ ខ្លះអាចឲ្យស្លាប់ • បាត់បង់សារជាតិ Thiamine (វីតាមីន B1) ជាសារជាតិចម្បងសម្រាប់ទ្រទ្រង់គ្រប់ពពួកជាលិការាប់បញ្ចូលទាំងជាលិកាខួរក្បាល • ការថយចុះនូវសម្រូបសារជាតិបំប៉ន វីតាមីន​​​​ និងសារជាតិរ៉ែមួយចំនួនទៀត។ រហូតដល់ទៅ ៨០% នៃអ្នកពិសាសុរាក្នុងរយៈពេលខ្លីមួយនៃជីវិតរបស់គាត់ និងក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់នឹងអាចកើតមានជំងឺមួយឈ្មោះថា  Wernicke’s encephalopathy តែបើក្នុងរយៈពេលវែង និងក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង អ្នកជំងឺនឹងអាចកើតជាជំងឺមួយឈ្មោះផ្សេងទៀតគឺ Korsakoff’s psychosis។ គួរបញ្ជាក់ផងដែរថា ប្រមាណជា ៨០ ទៅ ៩០% នៃអ្នកមានជំងឺ Wernicke’s encephalopathy នឹងអាចវិវឌ្ឍទៅជាមានជំងឺ Korsakoff’s psychosis។ គួរបន្ថែមថា ស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ និងទារក អាចរងគ្រោះថ្នាក់ដែលបណ្តាលមកពីសុរាច្រើនជាង និងធ្ងន់ធ្ងរជាងបុរស។ ហេតុនេះហើយទើប អ្នកវេជ្ជសាស្រ្តក្នុងលោកជាច្រើននាពេលថ្មីៗនេះបានអះអាងថា ការពិសាសុរាក្នុងពេលមានគភ៌ត្រូវតែចៀសវាងជាដាច់ខាត ព្រោះវានឹងអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក ថ្វីបើពិសាក្នុងកម្រិតតិចតួចក៏ដោយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ឈឺក្បាលអាចជាសញ្ញាធម្មតានៃបុគ្គលគិតច្រើនមួយចំនួន ប៉ុន្តែប្រសិនឈឺផ្នែកខាងក្រោយដែលសង្ស័យថាជាផលប៉ះពាល់ខួរក្បាលនោះ ករណីរបស់អ្នកប្រហែលដូចនឹងករណីខាងក្រោម... សំណួរ៖ ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៦២គីឡូក្រាម មានមុខរបរជានិស្សិត។ ខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ ពិសេសនៅផ្នែកខាងក្រោយ និងគេងមិនសូវលក់។ អាការៈនេះកើតឡើងតាំងពីក្មេងៗមកម្លេះ ប៉ុន្តែ ខ្ញុំមិនដែលទទួលបានការព្យាបាលណាមួយទេ ម៉្យាង ខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយអ្វីដែរ។ តើការឈឺក្បាលផ្នែកខាងក្រោយបែបនេះជាសញ្ញាណនៃជំងឺអ្វី? តើត្រូវព្យាបាលដោយវិធីណាខ្លះ? ចម្លើយ៖ ចំពោះអាការៈនេះ ប្រសិនបើប្អូនឈឺពីក្មេង កើតនៅទីតាំងដដែល និងមិនមានអាការៈប្រែប្រួលទេ ចំណុចនេះមិនមែនជាបញ្ហាចោទនោះទេ។ ការគេងមិនសូវលក់អាចជះឥទ្ធិពលលើការឈឺក្បាល ហេតុនេះគួរតែរកឲ្យឃើញប្រភពនៃការគេងមិនលក់នេះ ដើម្បីដោះស្រាយការគេងមិនលក់របស់ប្អូន ដែលនាំឲ្យធូរស្រាលដល់ការឈឺក្បាលរបស់ប្អូនផងដែរ។ ម្យ៉ាងទៀត ផ្នែកខាងក្រោយរបស់ខួរក្បាលគឺពាក់ព័ន្ធនឹងគំហើញ បើមានការប៉ះពាល់លើផ្នែកខួរក្បាល គឺអាចមានបញ្ហាដល់ភ្នែក ដូចជាព្រិលភ្នែកផ្នែកខាងឆ្វេង ឬស្តាំជាដើម។ ដូចនេះ ករណីរបស់ប្អូន អាចទាក់ទងនឹងការគេងមិនលក់ មិនទាក់ទងនឹងខួរក្បាលផ្នែកខាងក្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតគឺជារឿងសំខាន់ ព្រោះអាចជួយប្អូនស្រាយនូវបញ្ហាកំពុងមាន និងទទួលបានការពន្យល់ច្បាស់លាស់។ គួរបញ្ជាក់ផងដែរថា ការជួបវេជ្ជបណ្ឌិតមិនសំខាន់តែលើការផ្តល់ថ្នាំតែមួយមុខទេ តែសំខាន់លើដំបូន្មានដែលត្រូវយកទៅប្រើប្រាស់ និងអនុសាសន៍ផ្សេងៗដែលអាចរាប់បញ្ចូលទាំងមាន ឬគ្មានថ្នាំ ឬទាំងពីរ  ដែលអាចឲ្យប្អូនជាពីជំងឺឈឺក្បាលនេះបានដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមាគមអ្នកចែកចាយឱសថកម្ពុជាបានរៀបចំនូវកម្មវិធីសមាជលើកទី២ ក្រោមប្រធានបទ «ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ កម្មវិធីសមាជរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី ប្រធានសមាគម លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លោក ហៀន គឹមសៀត តំណាងក្រសួងសុខាភិបាល និងលោក ហេង វិចិត្រ អគ្គលេខាធិការសមាគម និងឯកឧត្តម លោកជំទាវ លោកវេជ្ជបណ្ឌិត ឱសថការី លោក លោកស្រីដែលជាសមាជិកនៃសមាគមអ្នកចែកចាយឱសថកម្ពុជាទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយឱសថប្រមាណជាង ១៣០នាក់ផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី នាឱកាសនោះបានលើកឡើងថា «សមាគមអ្នកចែកចាយឱសថកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនអ្នកចែកចាយឱសថកម្ពុជាមួយចំនួនក្នុងទស្សនៈវិស័យ និងទិសដៅដូចគ្នា ឬជួបហេតុការណ៍ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាបនិកទាំងអស់ធ្វើការជួបជុំគ្នាជាច្រើនដងដើម្បីរៀបចំរចនាសម្ព័ន្ធ និងការសម្របសម្រួលឲ្យចេញជារូបរាងឡើង ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច ហើយជាលទ្ធផលត្រូវបានទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ លោកក៏បានលើកឡើងបន្ថែមទៀតថា គោលបំណងនៃការបង្កើតសមាគមអ្នកចែកចាយឱសថកម្ពុជាគឺដើម្បីចែករំលែកព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាលទៅកាន់សមាជិក។»  ដោយឡែក លោក ហេង វិចិត្រ បានលើកឡើងបន្ថែមទៀតថា «កម្មវិធីសមាជ សមាគមអ្នកចែកចាយឱសថកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងធ្វើការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនានាដើម្បីគាំពារផ្នែកច្បាប់ទៅលើការនាំចូលនាំចេញឱសថ ក្នុងករណីមានបញ្ហាបច្ចេកទេសផ្សេងៗ។ ជួយសម្របសម្រួលរវាងសមាជិកមួយទៅសមាជិកមួយទៀត ឧបត្ថម្ភគាំពារទាំងស្មារតី និងសម្ភារៈដល់សមាជិក ពាំនាំពាក្យរបស់អ្នកចែកចាយឱសថរបស់សមាជិកជូនទៅក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងគោលបំណងសហការគ្នា និងលើកកម្ពស់ក្នុងការប្រើប្រាស់ឱសថ ព្រមទាំងជួបប្រជុំគ្នានូវបញ្ហាប្រឈមនានារបស់សមាជិក ដែលពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាឱសថ ធ្វើការទំនាក់ទំនងជាមួយសមាគមឱសថដែលពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជាដៃគូរ និងធ្វើការផ្សព្វផ្សាយការប្រើប្រាស់ឱសថតាមរយៈការពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីឲ្យអ្នកចែកចាយ អ្នកប្រើប្រាស់យល់ដឹងពីឱសថ។» គួរបញ្ជាក់ម្តងទៀតថា បន្ទាប់ពីការធ្វើបទបង្ហាញពីវាគ្មិនកិតិយជាច្រើនរូប កម្មវិធីសមាជនេះបានបញ្ចប់ជាមួយនឹងវេទិកាសំណួរចម្លើយ ពីអ្នកចូលរួមទាំងអស់យ៉ាងសកម្ម និងប្រកបដោយលទ្ធផលល្អយ៉ាងគាប់ប្រសើរផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មានទង្វើខ្លះដែលអ្នកអាចនឹងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃដោយមិនដឹងខ្លួនថា បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួនឯងឡើយ... បើសិនជាអាចសូមចៀសវាងនូវសកម្មភាពខាងក្រោមនេះ ដើម្បីធានាបានមួយផ្នែកថា អ្នកមិនបាន ឬកំពុងតែផ្តល់ផលអវិជ្ជមានដល់សម្រស់របស់អ្នក៖ ការដុសសម្អាតធ្មេញភ្លាម ក្រោយទទួលទានកាហ្វេ ថ្វីត្បិតថា ជាតិអាស៊ីត និងស្ករនៅក្នុងកាហ្វេ សូដា និងទឹកផ្លែឈើនឹងកម្ទេចចោលស្រទាប់ក្រៅបង្អស់របស់ធ្មេញ ដែលហៅថា «កាចាធ្មេញ» ប៉ុន្តែ អ្នកមិនគួរដុសសម្អាតវាចេញភ្លាមៗនោះទេ។ នៅពេលដុសធ្មេញភ្លាមៗក្រោយទទួលទានអាហារ ឬភេសជ្ជៈមានជាតិអាស៊ីតនោះ វានឹងកម្ទេចចោលនូវកាចាដែលទន់ខ្សោយ ហេតុនេះហើយ អ្នកគួរតែធ្វើការខ្ពុរសម្អាតជាមួយនឹងទឹកស្អាតជាមុនសិន ហើយរង់ចាំប្រមាណជា១ម៉ោងសឹមធ្វើការដុសសម្អាតធ្មេញរបស់អ្នក។ ការញ៉ាំភេសជ្ជៈមានជាតិអាល់កុលដោយមិនញ៉ាំទឹក ជាតិអាស៊ីត និងតានីន (Tannin) ដែលមាននៅក្នុងស្រានឹងបំផ្លាញកាចាធ្មេញ ហើយធ្វើឲ្យធ្មេញងាយនឹងឡើងពណ៌ទៀតផង។ ជាតិអាល់កុលក៏នឹងធ្វើឲ្យមាត់ស្ងួត ដែលមានន័យថាបរិមាណទឹកមាត់នឹងថយចុះ ហើយក៏មានភាពលំបាកក្នុងការកម្ចាត់ចោលនូវជាតិអាស៊ីត និងបាក់តេរី។ ដើម្បីការពារបញ្ហានេះ អ្នកអាចធ្វើការសម្អាតមាត់ដោយទឹកស្អាតក្រោយពេលទទួលទានភេសជ្ជៈទាំងនោះ។ ការចុះហែលទឹកទាំងសក់នៅស្ងួត នៅក្នុងអាងហែលទឹក ជាទូទៅមានសារធាតុ​ដែលបំផ្លាញដល់សុខភាពសក់។ អ្នកអាចប្រៀបធៀបសក់របស់អ្នកដូចជា ប៉ុងស្ងួត ពេលដែលវាប៉ះជាមួយនឹងទឹកខាងក្រៅស្រាប់មុននឹងប៉ះជាមួយ​នឹងទឹកក្នុងអាងហែលទឹកនោះ វានឹងមិនសូវសើមជោកជាមួយនឹងទឹកក្នុងអាងក្រោយពេលអ្នកចុះងូតនោះទេ។ យ៉ាងណាមិញ ក្រោយពេលដែលងើបចេញពីអាងអ្នកគួរតែធ្វើការលាងសម្អាតជាមួយនឹងសាប៊ូភ្លាមៗ។ បើសិនជាអាច អ្នកគួរប្រើប្រាស់មួកហែលទឹកសម្រាប់ការពារសក់របស់អ្នកពីការទទឹកក្នុងពេលហែលផងដែរ។ ការកក់សាប៊ូច្រើនពេក ឬតិចពេក សាប៊ូកក់សក់ជម្រះចោលនូវសារធាតុប្រេងពីធម្មជាតិនៃស្បែកក្បាលរបស់អ្នក។ បើអ្នកប្រើប្រាស់វាញឹកញាប់ពេកនោះ ​វានឹងធ្វើឲ្យសក់របស់អ្នកស្ទក់ (មិនរស់រវើក) និងស្ងួត ហើយអំឡុងពេលដែលអ្នកគួរកក់នោះ គឺអាស្រ័យលើប្រភេទសក់របស់​អ្នក។ សម្រាប់សក់ស្លូត និងត្រង់នោះ អ្នកគួរកក់រៀងរាល់ថ្ងៃ ប្រសិនបើមានឡើងជាតិប្រេង និងក្អែលលើស្បែកក្បាលប៉ុន្តែជាទូទៅ អ្នកជំនាញ​ណែនាំឲ្យកក់សក់ក្នុងរយៈពេល២ទៅ៣ថ្ងៃ រីឯអ្នកដែលមានសក់រួញ និងក្រាស់នោះ អ្នកអាចកក់វាក្នុងរយៈពេល៣ទៅ៤ថ្ងៃម្តង។ អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសាប៊ូ និងផលិតផលថែរក្សាសក់របស់អ្នកផងដែរ ដោយជ្រើសរើសឲ្យត្រូវនឹងប្រភេទសក់របស់អ្នក។ ការមិនប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ (Conditioner)   អ្នកប្រហែលជាបារម្ភថាវានឹងធ្វើឲ្យសក់របស់អ្នកបាត់បង់ទម្ងន់ ហើយជួនកាលអ្នកក៏មិនសូវមានពេលសម្រាប់ធ្វើវា ប៉ុន្តែបើអ្នកមិនប្រើប្រាស់វាទេ សក់របស់អ្នកក៏ប្រឈមនឹងការបាត់បង់សំណើម (សក់ប្រែជាស្ងួត) និងភាពរស់រវើកផងដែរ។ ដើម្បីឲ្យសរសៃសក់របស់អ្នកមើលទៅភ្លឺរលោង មានជីវិត និងសុខភាពល្អនោះ អ្នកគួរតែប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ប្រភេទ Lightweight (រាវ មិនសូវស្អិត) រាល់ពេលកក់សក់ម្តងៗ ដោយដាក់វានៅចុងសក់ (មិនមែនគល់សក់) ហើយប្រើម្រាមដៃច្បូតថ្នមៗ។ ការមិនផ្លាស់ប្តូរផ្លែឡាមកោររោម ឬពុកមាត់ ជួនកាល អ្នកត្រូវប្រើប្រាស់វា ដើម្បីកោរនៅត្រង់កន្លែងដដែលជាច្រើនដង ហើយជាទូទៅវាក៏នឹងបង្កជាស្នាមមុតតូចៗនៅលើស្បែក ដែលអាចបង្កជាដុំពក ស្នាមកន្ទួល ឬបញ្ហាស្បែកផ្សេងៗផងដែរ។ ហេតុដូចនេះហើយ អ្នកមិនគួរប្រើប្រាស់វាច្រើនដងពេកឡើយ ដើម្បីចៀសវាងនូវបញ្ហាស្បែកទាំងនោះ។ ការត្រដុសខ្លាំងៗលើស្បែកមុខ អ្នកមិនចាំបាច់ធ្វើការជូតសម្អាត ដោយការត្រដុសឬជូតខ្លាំងៗលើស្បែកមុខជាមួយនឹងក្រណាត់ ឬកន្សែងនោះទេ អ្វីដែលស្បែកមុខអ្នកត្រូវការ គឺការប្រើប្រាស់នូវហ្វូមលាងសម្អាតមុខដែលត្រឹមត្រូវនឹងប្រភេទស្បែកមុខ ជាមួយនឹងការម៉ាស្សាថ្នមៗដោយប្រើម្រាមដៃ និងការលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់តិចៗពី១ទៅ២ដងក្នុងមួយថ្ងៃ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខច្រើនពេក ក្រៅពីហ្វូមលាងសម្អាតមុខ អ្នកជំនាញផ្នែកស្បែកបានណែនាំថា ផលិតផលដែលចាំបាច់មានតែផលិតផលផ្តល់សំណើមដល់ស្បែក និងក្រែមការពារកម្តៅថ្ងៃប៉ុណ្ណោះ។ ប្រសិនបើមិនចាំបាច់ទេ អ្នកមិនគួរប្រើប្រាស់ផលិតផលច្រើនពេកនោះទេ បើសិនជាស្បែកមុខរបស់អ្នកមិនមានបញ្ហាដូចជាបញ្ហាមុនជាដើម ដែលអ្នកត្រូវការពិនិត្យ និងពិភាក្សាជាមួយនឹងអ្នកជំនាញ ជាពិសេសវេជ្ជបណ្ឌិតឯកទេសស្បែក ដើម្បីដឹងថាផលិតផលណាត្រឹមត្រូវ និងស័ក្តិសមសម្រាប់សភាពស្បែករបស់អ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top