
- Feb 25, 2019 |
- 6 ឆ្នាំមុន |
- 13.9K មើល
ក្អកស្ងួតស្តែងឡើងយ៉ាងដូចម្តេច?
ជាទូទៅ នៅពេលអ្នកទៅជួបគ្រូពេទ្យដើម្បីព្យាបាលអាការៈក្អក ក្រុមគ្រូពេទ្យតែងសួរអ្នកថាតើជាប្រភេទក្អកស្លេស្ម ឬក្អកស្ងួតដោយហេតុថាមូលហេតុបង្កនិងវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ដែលជួនកាល អ្នកអាចពិបាកញែករវាងការក្អកទាំងពីរនេះណាស់។ ដូច្នេះអត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកឲ្យដឹងថា អ្នកបាន និងកំពុងក្អកស្ងួត ដើម្បីអ្នកអាចធ្វើការបែងចែកខ្លួនឯងបាន។ ក្អកស្ងួតគឺជាប្រភេទក្អកមិនបញ្ចេញស្លេស្ម ដែលវាអាចមានលក្ខណៈរមាស់ ឬដូចមានអ្វីម៉្យាងដែលនៅជាប់បំពង់ក។ ជាញឹកញាប់អាការៈនេះអាចបង្កមកពីមេរោគដូចជា ជំងឺផ្តាសាយ ឬពេលខ្លះក៏អាចបង្កមកពីបញ្ហាអាល្លែកហ្ស៊ី ឬបញ្ហាបំពង់កផងដែរ។ * មូលហេតុនៃក្អកស្ងួត បន្ថែមពីមូលហេតុដែលបានរៀបរាប់ខាងលើ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ៖ - ជំងឺហឺត - ជំងឺច្រាលទឹកក្រពះ (Gastro-esophageal reflux) - ការជក់បារី - អាល្លែកហ្ស៊ីច្រមុះដែលបណ្តាលមកពីសារធាតុ ឬវត្ថុដែលអ្នកធ្លាប់អាល្លែកហ្ស៊ីជាមួយ មានដូចជា លម្អងធូលី ឬរោមសត្វជាដើម - ការរលាកបំពង់សំឡេង - ក្អកមាន់ ដែលជាប្រភេទជំងឺបង្កមកពីបាក់តេរី - រោគសញ្ញានៃការស្ទះផ្លូវដង្ហើមអំឡុងពេលគេង (Obstructive sleep apnea) - ទម្លាប់ក្អក ដែលជាទូទៅកើតឡើងតែនៅពេលថ្ងៃ ប៉ុន្តែមិនមែនបង្កមកពីមេរោគ ឬបាក់តេរីនោះទេ ហើយភាគច្រើនកើតឡើងចំពោះក្មេងៗ - ការដកដង្ហើមចូលនូវពពួកសារធាតុចម្លែកផ្សេងទៀតដោយចៃដន្យ ដែលអាចជាអាហារ ឬទឹក - ជំងឺសួតមួយចំនួន - អាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំលើសឈាមប្រភេទ ACE inhibitor (Angiotensin Converting Enzyme inhibitors)។ ក្រៅពីហេតុផលដែលតែងកើតឡើងជាញឹកញាប់ខាងលើ អាការៈនេះក៏អាចបង្កមកពីជំងឺបេះដូង ជំងឺស្ទះទងសួត (Pulmonary embolism) ឬជំងឺមហារីកសួតជាដើម។ គួរបញ្ជាក់ថា អាការៈនេះអាចកាន់តែធ្ងន់ធ្ងរនៅពេលដែល៖ - ការដកដង្ហើមជាមួយខ្យល់ស្ងួត ឬត្រជាក់ខ្លាំង - ខ្យល់កង្វក់ដែលអាចមានជាធូលី ផ្សែង - ស្រូបផ្សែងបារីដោយផ្ទាល់ ឬមិនផ្ទាល់ - ការប្រើប្រាស់សំឡេងច្រើន និងខ្លាំងពេក - ការផ្លាស់ប្តូរសីតុណ្ហភាព។ * វិធីសាស្ត្រព្យាបាល ក្អកស្ងួតដែលបណ្តាលមកពីការឆ្លងមេរោគ ដូចជាជំងឺផ្តាសាយ ជាធម្មតាអាចធូរស្រាលដោយខ្លួនឯងបានក្នុងរយៈពេល១ឬ២ សប្តាហ៍។ ការព្យាបាលបែបធម្មជាតិ រួមជាមួយការប្រើថ្នាំក្អកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង ដែលក្នុងនោះអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖ ការព្យាបាលបែបធម្មជាតិ - ផឹកទឹកឲ្យបានច្រើន - លាយទឹកឃ្មុំជាមួយក្រូចឆ្មារ ដោយប្រើទឹកក្តៅជាមួយទឹកឃ្មុំ ១ទៅ២ស្លាបព្រានិងបន្ថែមក្រូចឆ្មារបន្តិច - ខ្ពុរមាត់ជាមួយទឹកអំបិល ករណីអ្នកមានបញ្ហាក្អកស្ងួតមកពី ផ្តាសាយ ឬឈឺក។ ការព្យាបាលដោយប្រើថ្នាំ - ប្រើប្រាស់ថ្នាំបន្ថយការក្អកក្នុងរយៈពេលខ្លី ដែលមានសារធាតុសកម្មដូចជា Pholcodine, Dextromethorphan, Codeine, Dihydrocodeine, និង Pentoxyverine។ ថ្នាំប្រភេទនេះភាគច្រើនអាចរកទិញបាននៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា ប៉ុន្តែអ្នកត្រូវទទួលការណែនាំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវពីឱសថការីជាមុនរាល់ពេលប្រើប្រាស់ - ជួនកាលអ្នកក៏អាចត្រូវបានប្រើប្រាស់ប្រភេទថ្នាំដែលមានការបូកបញ្ចូលគ្នារវាង ថ្នាំផ្តាសាយ អាល្លែកហ្ស៊ី និងថ្នាំក្អក ករណីមូលហេតុបណ្តាលមកពីជំងឺផ្តាសាយ ឬអាល្លែកហ្ស៊ី - ការប្រើប្រាស់ប្រភេទស្រៃ្ពយ៍បាញ់ច្រមុះ ឬមាត់ដែលមានសារធាតុសកម្មដូចជា ទឹកអំបិល (Saline nasal spray ) ឬ ថ្នាំប្រឆាំងរលាក (Corticosteroid nasal spray) - ការប្រើប្រាស់ថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះ ក៏ត្រូវបានអនុវត្តចំពោះអ្នកមានបញ្ហាច្រាលទឹកក្រពះផងដែរ។ * សញ្ញាណដែលអ្នកគួរជួបគ្រូពេទ្យជាបន្ទាន់ - ក្អកមានឈាម - ពិបាកដកដង្ហើម ឬថប់ - ក្អករាល់ពេលយប់ ឬមានលាយឡំក្តៅខ្លួន - ជាអ្នកជក់បារីជាប់ជាប្រចាំ - មានលាយឡំជាមួយការឈឺក្បាល ឈឺត្រចៀក ក្អួត កន្ទួលរមាស់ ស្រកទម្ងន់ ឬឈឺសាច់ដុំពេញខ្លួន - ក្មេងអាយុក្រោម៦ខែ - ក្អកលើសពី ១០ថ្ងៃដោយមិនមានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ - ឬអ្នកមានជំងឺលើសឈាម ជំងឺបេះដូង ក្រពះ ពោះវៀន ឬជំងឺផ្លូវដង្ហើម។ គួរបញ្ជាក់ថា អ្នកគួរប្រាប់គ្រូពេទ្យរបស់អ្នក ករណីអ្នកមានបញ្ហាក្អកធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំលើសឈាមដើម្បីធ្វើការផ្លាស់ប្តូរប្រភេទថ្នាំផ្សេងទៀតដែលអាចសមស្របជាងនេះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក