Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្អកស្លេស្ម គឺជាដំណើរការធម្មតារបស់ប្រព័ន្ធដង្ហើមដើម្បីជម្រុះចោលសារធាតុរំខានចេញប៉ុន្តែប្រសិនបើលក្ខខណ្ឌនេះបង្កភាពរំខានចំពោះអ្នក អ្នកប្រាកដជាត្រូវការវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនានាដើម្បីកម្ចាត់ភាពរំខានទាំងនោះ។ ជាក់ស្តែង អ្នកអាចអនុវត្តវិធីសាស្ត្រ ៧យ៉ាងដែលរួមបញ្ចូលទាំងឱសថធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួល ដែលមានដូចខាងក្រោម៖ ១. ផ្សើមខ្យល់ ការផ្សើមខ្យល់ជុំវិញបន្ទប់ អាចជួយធ្វើឲ្យស្លេស្មកាត់បន្ថយកម្រាស់ និងមិនអាចកកផ្តុំបាន។ ហេតុនេះអ្នកអាចប្រើប្រាស់ម៉ាស៊ីនបន្សើមខ្យល់ជាប្រចាំក្នុងអំឡុងពេលកើតមានបញ្ហានេះ។ គ្រាន់តែប្រាកដថាអ្នកត្រូវផ្លាស់ប្តូរទឹករៀងរាល់ថ្ងៃ និងសម្អាតម៉ាស៊ីនបន្សើមខ្យល់ឲ្យបានជាប្រចាំផង បើមិនដូច្នោះអ្នកអាចឆ្លងមេរោគតាមខ្យល់មិនស្អាតបែបនោះទៅវិញ។ ២. ពិសាទឹក ទឹកជាសារធាតុចាំបាច់ប្រចាំថ្ងៃ ហើយកាន់តែសំខាន់នៅពេលអ្នកកំពុងមានបញ្ហានេះ។ ការពិសាទឹកក្តៅឧណ្ហៗអាចធ្វើឲ្យស្លេស្មរាវ និងអាចជួយបំបាត់ភាពស្អិតរបស់វាបាន។ ព្យាយាមពិសាទឹកឲ្យបានច្រើន ឬអ្នកក៏អាចពិសាទឹកផ្លែឈើ ឬទឹកក្រូចឆ្មារបានផងដែរ។ ៣. គ្រឿងផ្សំសម្រួលដង្ហើម អ្នកអាចសាកល្បងពិសាអាហារ និងភេសជ្ជៈដែលមានក្រូច ខ្ញី ខ្ទឹម ឬទឹកឃ្មុំលាយជាមួយក្រូចឆ្មារ និងទឹកក្តៅផងដែរ។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងអស់នេះពិតជាមានប្រសិទ្ធភាពចំពោះការព្យាបាលក្អកស្ងួត ផ្តាសាយ ជាពិសេសក្អកស្លេស្មនេះតែម្តង។ ម៉្យាងគ្រឿងផ្សំដែលមានសារធាតុហឹរ ក៏ជួយសម្រួលផ្លូវដង្ហើម និងលំហូរស្លេស្មបានផងដែរ។ ៤. ខ្ពុរទឹកអំបិល ទឹកក្តៅឧណ្ហៗ លាយជាមួយអំបិលមានមុខងារសម្លាប់មេរោគ និងសម្រួលដង្ហើមត្រង់បំពង់កបានយ៉ាងប្រសើរ។ ដោយដំបូង អ្នកត្រូវលាយអំបិលប្រមាណ ១/២ ទៅ ២/៣ស្លាបព្រា ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ រួចកូរឲ្យរលាយសព្វ និងអាចយកទៅច្រោះបន្ថែមទៀតក៏បាន។ ចាប់ផ្តើមខ្ពុរដោយងើយកទៅលើ រយៈពេល៣០ ទៅ ៦០វិនាទី រួចខ្ជាក់ចេញ និងខ្ពុរទឹកស្អាតបន្តជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមត្រូវការ។ ៥. ប្រេងអឺកាលីបទីស (Eucalyptus oil) ប្រេងអឺកាលីបទីស ជាប្រភេទប្រេងដែលត្រូវបានយកមកប្រើប្រាស់យ៉ាងពេញនិយមសម្រាប់សម្រួលផ្លូវដង្ហើម។ ជាក់ស្តែង នាពេលបច្ចុប្បន្នប្រេងនេះតែងមានវត្តមាននៅក្នុងប្រេងខ្យល់ ប្រេងកូឡាជាដើម ប៉ុន្តែអ្នកក៏អាចស្វែងរកប្រភេទប្រេងនេះសុទ្ធនៅតាមទីផ្សារផងដែរ។ ប្រេងនេះមានប្រសិទ្ធភាពជួយកាត់ផ្តាច់ស្លេស្មមិនឲ្យជាប់គ្នា ជាហេតុធ្វើឲ្យអ្នកងាយស្រួលខាកស្តោះចេញមកក្រៅ។ អ្នកអាចលាបរឹតប្រេងនេះត្រង់តំបន់ក និងផ្នែកខាងក្រោយក ៣ដងក្នុងមួយថ្ងៃ។ ៦. តែទឹកឃ្មុំ យោងតាមការសិក្សាជាច្រើនបានដឹងថា ទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការបន្ថយអាការៈក្អក។ ការសិក្សាទៅលើការព្យាបាលអាការៈក្អកពេលយប់លើកុមារដោយធ្វើការប្រៀបធៀបរវាងទឹកឃ្មុំខ្មៅនិងថ្នាំបំបាត់ក្អកប្រភេទ Dextromethorphan។ អ្នកស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំអាចបំបាត់អាការៈក្អកគួរឲ្យកត់សម្គាល់បើប្រៀបទៅលើប្រសិទ្ធភាពនៃ Dextromethorphan។ បើទោះបីជាគុណប្រយោជន៍នៃទឹកឃ្មុំល្អជាង Dextromethorphan តែបន្តិចបន្តួចក៏ពិតមែន ក៏ម្តាយឪពុកភាគច្រើនជ្រើសរើសប្រើប្រាស់ទឹកឃ្មុំជាជាងថ្នាំ។ វិធីប្រើទឹកឃ្មុំសម្រាប់ព្យាបាលអាការៈក្អក គឺអ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហៗឬទឹកតែ។ ផឹកទឹកឃ្មុំនេះម្តង ទៅពីរដងក្នុងមួយថ្ងៃ ប៉ុន្តែមិនត្រូវឲ្យទឹកឃ្មុំទៅក្មេងអាយុក្រោម ១ឆ្នាំហូបទេ។ ៧. ខ្ញី ខ្ញីអាចបំបាត់ទាំងក្អកស្ងួត និងក្អកស្លេស្ម ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនឹងភាពរលាកបាន។ វាក៏អាចបំបាត់អាការៈចង្អោរ និងការឈឺចាប់។ ការសិក្សាមួយ បានណែនាំថា សារធាតុប្រឆាំងរលាកមួយចំនួននៅក្នុងខ្ញីអាចសម្អាតភ្នាសនៅតាមបំពង់ខ្យល់ដែលអាចកាត់បន្ថយអាការៈក្អកបាន។ ដាក់បន្ទះខ្ញីស្រស់ប្រហែល២០ទៅ៤០ក្រាម ឆុងជាមួយទឹកក្តៅមួយកែវ។ ទុកប្រហែលប៉ុន្មាននាទីមុនផឹក។ អ្នកអាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។ គួរកត់សម្គាល់ថា តែខ្ញីអាចបណ្តាលឲ្យមានបញ្ហាក្រហាយក្រពះ។ ប្រសិនបើអ្នកបានសាកល្បងធម្មជាតិខាងលើមិនមានប្រសិទ្ធភាពទេនោះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានឲ្យបានកាន់តែច្បាស់ស្វែងរកមូលហេតុពិតប្រាកដ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាពេលបច្ចុប្បន្ន ជំងឺប្រគ្រីវ (លើសជាតិអាស៊ីត) បានកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកង្វល់ត្រូវធ្វើការដោះស្រាយសម្រាប់បញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការយល់ដឹងអំពីជំងឺព្រមទាំងការចាត់វិធានការការពារខ្លួនពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺនេះ។   ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣ លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ។   និយមន័យ និងប្រភេទ ជំងឺប្រគ្រីវ ជាប្រភេទជំងឺរលាកសន្លាក់ស្រួចស្រាវកម្រិតខ្លាំងដែលបណ្តាលមកពីការលើសជាតិអាស៊ីត (អាស៊ីតអ៊ុយរិច) ដែលបានចូលទៅក្នុងសន្លាក់បង្កើតបានជាគ្រាប់គ្រីស្តាល់ (Crystal) ដ៏តូចៗយ៉ាងច្រើន។ ជាទូទៅ ការរលាកសន្លាក់នេះតែងស្តែងឡើងដំបូង និងញឹកញាប់ជាងគេនៅសន្លាក់មេជើង។ ជំងឺនេះត្រូវបានបែងចែកជា ២ ប្រភេទគឺ៖ - ប្រភេទទី ១៖ បណ្តាលមកពីកត្តាតំណពូជ - ប្រភេទទី ២៖ ជាផលវិបាកនៃជំងឺដទៃទៀត ដូចជាបណ្តាលមកពីជំងឺខ្សោយតម្រងនោមជាដើម។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ ជំងឺនេះទាក់ទងទៅនឹងការប្រែប្រួល ឬខូចខាតនៃដំណើរការមេតាបូលីសក្នុងរាងកាយ ប៉ុន្តែកត្តាចម្បងបណ្តាលមកពីកត្តាតំណពូជ។ ក្រៅពីនេះរបបអាហារ និងរបៀបរបបនៃការរស់នៅ ក៏ជាកត្តាសំខាន់ដែលបានរួមចំណែកបង្កឲ្យមានការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដែរ។ ក្នុងនោះបុគ្គលដែលប្រឈមនឹងជំងឺនេះមានដូចជា៖ - បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺប្រគ្រីវ ឬមានជំងឺមេតាបូលីសផ្សេងៗ ដែលមានដូចជា ជំងឺលើសខ្លាញ់ ឬជំងឺទឹកនោមផ្អែម - បុគ្គលដែលតែងទទួលទានសាច់ និងសុរាច្រើន។ គួរបញ្ជាក់ថា គ្រប់ប្រភេទអាហារទាំងអស់សុទ្ធតែអាចបងើ្កតជាអាស៊ីតអ៊ុយរិច ជាពិសេសប្រភេទសាច់ក្រហម  សាច់ត្រីសមុទ្រ បន្លែក្រុមអម្បូរសណ្តែកជាដើម។ល។ -  បុគ្គលដែលមានវ័យចន្លោះពី ៣០ ទៅ ៥០ ឆ្នាំជាពិសេសមនុស្សប្រុស ។ រោគសញ្ញា រោគសញ្ញានៃជំងឺប្រគ្រីវមានលក្ខណៈខុសពីសញ្ញាណនៃជំងឺសន្លាក់ផ្សេងទៀតដែលជាទូទៅអ្នកជំងឺមានការឈឺចាប់ខ្លាំងភ្លាមៗ ពិបាកទ្រាំ នៅត្រង់សន្លាក់ដែលមានបញ្ហា ជាពិសេសនៅត្រង់សន្លាក់មេជើងដែលជាទីតាំងសម្គាល់ច្បាស់លាស់មួយ ព្រមទាំងកើតមានឡើងជាញឹកញាប់ផងដែរ។ បន្ថែមពីនេះក៏មានលេចចេញនូវសញ្ញារលាកទងសាច់ដុំ (Tendinitis) ជារឿយៗផងដែរ។ គួរបញ្ជាក់ថា អាការៈរលាកបែបនេះ អាចស្តែងចេញជាអាការៈខាងក្រៅតាមរយៈ ភាពហើម ក្រហម ក្តៅ និងមានការឈឺចាប់ខ្លាំងស្ទើរទ្រាំពុំបាន។ យន្តការជំងឺ តាមរយៈអង់ស៊ីមរបស់រាងកាយយើងម៉្យាងឈ្មោះXanthine oxidase បានបំប្លែងសារធាតុ ពូរីន (Purine) ដែលមាននៅក្នុងអាហារឲ្យក្លាយទៅជាអាសុីតអ៊ុយរិច នៅដំណាក់កាលចុងក្រោយនៃមេតាបូលីស។ នៅពេលបរិមាណអាស៊ីតអ៊ុយរិចកើនឡើងច្រើននៅក្នុងចរន្តឈាម នោះវានឹងបន្តចូលទៅក្នុងជាលិកាផ្សេងៗទៀត ជាពិសេសជាលិកាសន្លាក់ក្រោមទម្រង់ជា Sodium urate ស្តែងចេញជាគ្រាប់គ្រីស្តាល់ដ៏តូចល្អិត (Microcrystalline)។ លក្ខខណ្ឌនេះបណ្តាលឲ្យកោសិកាការពារសន្លាក់នៅក្នុងរាងកាយ ចាប់ផ្តើមធ្វើការកម្ទេច និងបំផ្លាញគ្រាប់គ្រីស្តាល់ដែលបានកកើតឡើង។ ដំណើរការបែបនេះវាធ្វើឲ្យលេចចេញនូវការរលាកសន្លាក់ដ៏ស្រួចស្រាវនេះឡើង។ ហេតុនេះអ្នកជំងឺនឹងចាប់ផ្តើមទទួលដឹងពីអាការៈឈឺចាប់ខ្លាំងភ្លាមៗ និងមិនអាចទ្រាំបានក្នុងរយៈពេលត្រឹម ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ ក្នុងករណីតំណពូជបម្រែបម្រួលហ្សែនទាក់ទងការបំប្លែងអាស៊ីតអ៊ុយរិចកើនឡើង នេះមានន័យថាសមត្ថភាពក្នុងការបង្កើតជាតិអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ប៉ុន្តែសមត្ថភាពក្នុងការបញ្ចេញចោលតាមទឹកនោមថយចុះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងលើសពីប្រក្រតីនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។  ការធ្វើរោគវិនិច្ឆ័យ ថ្វីត្បិតជំងឺនេះមានលក្ខណៈស្រួចស្រាវ និងមានលក្ខណៈខ្លាំងក្លា ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជំងឺមិនមានភាពលំបាក ឬស្មុគស្មាញនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ៖ • ស្ថានភាពនៃលក្ខណៈសន្លាក់ខាងក្រៅ (សញ្ញាណសម្គាល់សំខាន់គឺការហើម ក្រហម ក្ដៅ និងឈឺចាប់នៅត្រង់សន្លាក់) • ការបូមឈាមពិនិត្យរកកម្រិតលើសនៃអាស៊ីតអ៊ុយរិច ព្រមទាំងការបូមយកទឹកសន្លាក់ ដើម្បីពិនិត្យរកគ្រីស្តាល់ដ៏តូចៗ។ ប៉ុន្តែការលើសអាស៊ីតក្នុងឈាមតែមួយមុខមិនអាចកំណត់បានជាជំងឺប្រគ្រីវបានឡើយ បើគ្មានរោគសញ្ញារលាករួមផ្សំទេ។  ការព្យាបាល ជំងឺប្រគ្រីវមិនអាចព្យាបាលឲ្យជាដាច់នោះទេ  ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងយ៉ាងប្រសើរ និងមានប្រសិទ្ធភាព តាមរយៈវិធីសាស្រ្ត ២យ៉ាង៖ - វិធីសាស្រ្តប្រើប្រាស់ថ្នាំ គោលបំណងប្រើប្រាស់ថ្នាំគឺដើម្បីសម្រាលការឈឺចាប់ គ្រប់គ្រងកម្រិតអាស៊ីតដែលលើស ព្រមទាំងគ្រប់គ្រងមុខងារសន្លាក់ផងដែរ។ បន្ថែមពីនេះការព្យាបាលអាចរួមផ្សំជាមួយការព្យាបាលជំងឺមេតាបូលីសផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសខ្លាញ់ជំងឺធាត់ និងកត្តាប្រឈមផ្សេងទៀត។ ការព្យាបាលអាចប្រើរយៈពេលខ្លី ឬវែង ទៅតាមស្ថានភាពជំងឺ។  -  វិធីសាស្រ្តមិនប្រើប្រាស់ថ្នាំ សំដៅដល់ការអប់រំអ្នកជំងឺស្តីអំពីការគ្រប់គ្រងរបបអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណបន្ថែម។ ក្នុងនោះអ្នកជំងឺត្រូវប្រកាន់ខ្ជាប់ការទទួលទានអាហារសមស្រប ដូចជា ត្រីទឹកសាប បន្លែ ប៉ុន្តែត្រូវប្រយ័ត្នពពួកក្រុមសណ្ដែកព្រមទាំងហាមឃាត់ការទទួលទានសុរា ជាពិសេសស្រាបៀរ។ បន្ថែមពីនេះ អ្នកជំងឺត្រូវបញ្ចុះទម្ងន់ ករណីអ្នកជំងឺមានបញ្ហាលើសទម្ងន់បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។   គួរកត់ចំណាំផងដែរថា នៅពេលបុគ្គលម្នាក់កំពុងមានជំងឺខូចខាតមេតាបូលីសណាមួយ បុគ្គលនោះនឹងប្រឈមការកើតជំងឺមេតាបូលីសផ្សេងបន្ថែមទៀត។ ជាក់ស្ដែង ករណីបុគ្គលមានជំងឺប្រគ្រីវ នោះក្រុមគ្រូពេទ្យត្រូវបន្តស្វែងរកសញ្ញាណផ្សេងទៀតដែលអាចកើតមាន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិខ្លាញ់ ឬបើមានជំងឺលើសជាតិខ្លាញ់ ក៏ត្រូវបន្តតាមដានរុករកជំងឺប្រគ្រីវ  និងទឹកនោមផ្អែមផងដែរ។   ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសរីរាង្គជាច្រើនទៀត ហើយបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងជាងគេនោះគឺ ការវិវឌ្ឍទៅរកការខ្សោយតម្រងនោម។ នៅពេលតម្រងនោមខ្សោយគ្មានសមត្ថភាពក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិច នោះសភាពជំងឺនឹងប្រែជាធ្ងន់ធ្ងរឡើងៗ។ យន្តការនៃជំងឺដែលអាចបំផ្លាញតម្រងនោមបានមាន ៣យ៉ាងសំខាន់ៗគឺ៖ • ការបំផ្លាញដោយផ្ទាល់ ដោយសារគ្រាប់គ្រីស្តាល់មានសភាពរឹង និងមានទំហំធំជាងរន្ធចម្រោះតម្រងនោម ដែលអាចធ្វើឲ្យតម្រងនោមពិបាកច្រោះនិងទទួលរងការប៉ះទង្គិចជាប្រចាំ • ការកកើតបានជាក្រួសក្នុងតម្រងនោម និងផ្លូវទឹកនោម ដែលមានទំហំកាន់តែធំ រាំងស្ទះផ្លូវបញ្ចេញទឹកនោមទាំងស្រុង ហើយអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានផងដែរ ប៉ុន្តែលក្ខខណ្ឌនេះត្រូវការរយៈពេលយូរ • និងបង្កើនឱកាសបង្កជាជំងឺទឹកនោមប្រៃ និងជំងឺតម្រងនោមផ្សេងៗទៀត។ លើសពីនេះទៀត អ្នកជំងឺនឹងប្រឈមជាមួយការខូចសន្លាក់ដែលបណ្តាលឲ្យពួកគាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងការងារប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ចំណុចសំខាន់មួយទៀតដែលមិនអាចត្រូវបានមើលរំលងនោះគឺ ការបាត់បង់សោភ័ណភាពខាងក្រៅ ដោយហេតុថានៅតាមសន្លាក់នានាដែលតែងបង្កជាការឈឺចាប់ញឹកញាប់ នឹងកកើតជាដុំពកធំៗ ឬតូចស្ទើរតែពេញរាងកាយ។   វិធីសាស្រ្តការពារ ក៏ដូចជាជំងឺមេតាបូលីសផ្សេងទៀតដែរ ដើម្បីការពារខ្លួន ពីជំងឺនេះយើងទាំងអស់គ្នាត្រូវ៖ • ឧស្សាហ៍តាមដាន និងពិនិត្យសុខភាពជាប្រចាំជាពិសេសចំពោះអ្នកដែលមានសាច់ញាតិ និងក្រុមគ្រួសារដែលមានជំងឺនេះ និងក្នុងករណីអ្នកដែលកំពុងមានជំងឺប្រចាំកាយប្រភេទជំងឺមេតាបូលីសដូចដែលបានរៀបរាប់ខាងលើ • បន្ថែមពីនេះ ការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ ដោយកាត់បន្ថយអាហារប្រភេទសាច់ (សាច់ក្រហម ត្រីទឹកប្រៃ) សុរា ស្រាបៀរ បន្លែ ក្រុមសណ្តែក បន្ថយទម្ងន់ បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់គ្រូពេទ្យផងដែរ។   ជំងឺប្រគ្រីវមិនមែនជាជំងឺដែលពិបាកព្យាបាលនោះទេប៉ុន្តែតម្រូវឲ្យអ្នកជំងឺមានការយល់ដឹងឲ្យបានច្រើនអំពីជំងឺនេះ និងតម្រូវឲ្យមកទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ហើយកាន់តែឆាប់កាន់តែប្រសើរ ជាមួយគ្រូពេទ្យឯកទេស។ «ការពារប្រសើរជាងព្យាបាល» បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

ចែករំលែក

កន្លងមកយើងតែងតែដឹងថា សណ្តែកសៀងគឺជាអាហារដែលត្រូវបានដឹងថាស័ក្តិសមបំផុតចំពោះអ្នកមិនបរិភោគសាច់សត្វ តែអត្ថប្រយោជន៍ដ៏ពិសេសរបស់វាមិនបញ្ឈប់ត្រឹមនេះឡើយ ដោយការស្រាវជ្រាវជាច្រើនបានបង្ហាញនូវភស្តុតាងថ្មីៗជាច្រើនទាក់ទងនឹងឥទ្ធិពលរបស់វាចំពោះសុខភាពរបស់ស្ត្រីអស់រដូវ។ ក្រៅពីមីក្រូ និងម៉ាក្រូសារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់មានផ្ទុកក្នុងសណ្តែកសៀង វាក៏ត្រូវបានរកឃើញផងដែរថាមានផ្ទុកនូវបរិមាណនៃ Isoflavones ក្នុងបរិមាណខ្ពស់ជាងគេបើធៀបនឹងរុក្ខជាតិដទៃ ដែលសារធាតុនេះហើយដែលទទួលខុសត្រូវជាចម្បងក្នុងមុខងារសម្រួលដល់អាការៈ និងបញ្ហាដែលអាចកើតមានចំពោះស្ត្រីអស់រដូវ។ យ៉ាងណាមិញសុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavones ជាពិសេសក្នុងកម្រិតខ្ពស់នៅតែត្រូវបានយកមកសិក្សា និងវិភាគជាបន្តបន្ទាប់។ ហេតុអ្វី Isoflavones មានឥទ្ធិពលលើសុខភាព? ជាមួយនឹងរចនាសម្ព័ន្ធគីមីដែលស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនដែលអនុញ្ញាតឲ្យវាអាចទៅភ្ជាប់ជាមួយសរីរាង្គទទួលនៃអ័រម៉ូនអឺស្ត្រូហ្សែនរបស់រាងកាយបានធ្វើឲ្យ Isoflavones ត្រូវបានចាត់ទុកថាជាអឺស្ត្រូហ្សែនរបស់រុក្ខជាតិដែលអាចបញ្ចេញនូវឥទ្ធិពលដូចនឹងអ័រម៉ូននៃរាងកាយតែក្នុងកម្រិតទាបជាង ឬរារាំងឥទ្ធិពលនៃអ័រម៉ូនទៅវិញដែលសកម្មភាពទាំងពីរនេះ ត្រូវបានពន្យល់ដោយសមត្ថភាពក្នុងការជ្រើសរើសសកម្មភាពទៅតាមជាលិការបស់វា។ ក្រៅពីនោះ Isoflavones ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដ៏មានអានុភាពចំពោះសុខភាពផងដែរ។ តើ Isoflavones ផ្តល់នូវឥទ្ធិពលចំពោះសុខភាពយ៉ាងដូចម្តេចខ្លះ? ១. ចំពោះអាការៈរបស់ស្ត្រីអស់រដូវ នៅក្នុងឆ្នាំ ២០១៥ ការសិក្សាមួយត្រូវបានធ្វើឡើងដោយជោគជ័យជាមួយនឹងលទ្ធផលបញ្ជាក់ថា Isoflavones គឺជាជម្រើសទី១ដែលគួរសាកល្បងក្នុងការសម្រាលអាការៈរបស់ស្ត្រីអស់រដូវ ដោយក្នុងនោះមានភស្តុតាងបង្ហាញពីការថយចុះនៃភាពញឹកញាប់ក៏ដូចជាភាពធ្ងន់ធ្ងរនៃភាពក្តៅក្រហល់ក្រហាយចំពោះស្ត្រីអស់រដូវដែលបានបរិភោគនូវអាហារសណ្តែកសៀងជាប្រចាំ។ Isoflavones ត្រូវបានស្នើសុំឲ្យក្លាយជាជម្រើសនៃការព្យាបាលប្រកបដោយសុវត្ថិភាពមួយបន្ទាប់ពីការព្យាបាលដោយអ័រម៉ូន។ ដោយឡែក ក្នុងឆ្នាំ ២០១១ ការសិក្សាដែលបានចុះផ្សាយក្នុង Cochrane library ក៏បានរកឃើញថាមានការថយចុះនៃភាពរសាត់នៃឆ្អឹង ដែលអាចកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងផងដែរចំពោះស្ត្រីអស់រដូវ។ ២. ប្រព័ន្ធសរសៃឈាមបេះដូង នៅក្នុងឆ្នាំ ២០០០ គណៈកម្មាធិការទាក់ទងនឹងសារធាតុចិញ្ចឹមរបស់សមាគមបេះដូងអាមេរិក បានផ្សព្វផ្សាយទៅកាន់អ្នកវិជ្ជាជីវៈថែទាំសុខភាពទាំងអស់អំពីឥទ្ធិពលការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងរបស់សណ្តែកសៀង។ ការសិក្សាពីរនៅក្នុងឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavones សណ្តែកសៀង អាចជួយជំរុញមុខងារនៃជញ្ជាំងសរសៃឈាមចំពោះស្ត្រីអស់រដូវ។ ក្រៅពីនោះ ការសិក្សាផ្សេងៗទៀតក៏ចូលរួមគាំទ្រសមត្ថភាពនៃ Isoflavones ក្នុងការធ្វើឲ្យបញ្ហាកករឹងនៃសរសៃអាទែររបស់ស្ត្រីអស់រដូវមានភាពប្រសើរឡើងផងដែរ។ ៣. បញ្ហាលើសទម្ងន់ បញ្ហាធាត់លើសទម្ងន់មិនមែនត្រឹមតែជាបញ្ហាដែលស្ត្រីអស់រដូវភាគច្រើនអាចជួបប្រទះទេ តែវាក៏ជាបញ្ហាដែលឲ្យសញ្ញាក្រហមទូទាំងពិភពលោកផងដែរ។ Isoflavones បញ្ចេញមុខងារក្នុងការសម្របសម្រួលមេតាបូលីស និងតុល្យភាពនៅក្នុងរាងកាយ ដែលអាចជួយការពារ និងព្យាបាលបញ្ហាធាត់លើសទម្ងន់បានប្រកបដោយអានុភាព។ ៤. បញ្ហាផ្លូវចិត្ត បញ្ហាធ្លាក់ទឹកចិត្តគឺជាបញ្ហាកើតឡើងដោយអាចធ្វើឲ្យមានការថយចុះនៃគុណភាពជីវិត បង្កើនឱកាសនៃការពិការ និងមរណៈ។ អត្រាខ្ពស់នៃការកើតមានបញ្ហាធ្លាក់ទឹកចិត្តចំពោះស្ត្រីដែលខ្ពស់ជាងបុរសត្រូវបានដឹងថាជាប់ទាក់ទងនឹងអ័រម៉ូនបន្តពូជ។ ភស្តុតាងនាពេលថ្មីៗនេះបានបង្ហាញថា Isoflavones អាចមានមុខងារជាភ្នាក់ងារប្រឆាំងនឹងការធ្លាក់ទឹកចិត្តដោយការសិក្សាបានធ្វើការវាយតម្លៃប្រៀបធៀបជាមួយនឹងឱសថប្រឆាំងការធ្លាក់ទឹកចិត្តដូចជា Zoloft (50មិល្លីក្រាម/ថ្ងៃ) និង Prozoc (10 មិល្លីក្រាម/ថ្ងៃ)។ លើសពីនេះ ការប្រើរួមផ្សំគ្នារវាង Isoflavones និងZoloft ក៏បង្ហាញនូវការថយចុះកាន់តែប្រសើរនៃអាការៈជំងឺបើធៀបនឹងការប្រើប្រាស់ដោយឡែកពីគ្នាផងដែរ។ ក្រៅពីឥទ្ធិពលលើបញ្ហាធ្លាក់ទឹកចិត្ត Isoflavones ក៏អាចជំនួយដល់មុខងារនៃការគិត រៀនសូត្រ ក៏ដូចជាចងចាំផងដែរចំពោះស្ត្រីអស់រដូវ។ ៥. ស្បែកជ្រីវជ្រួញ តាមរយៈការពិសោធន៍ជាច្រើនបានបង្ហាញថា Isoflavones អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបាន ដែលប្រសិទ្ធភាពនេះកើតឡើងគួរឲ្យចាប់អារម្មណ៍បំផុតគឺលើផ្ទៃមុខ។ ក្រៅពីនោះ Isoflavones ក៏មានអត្ថប្រយោជន៍ចំពោះបញ្ហាពណ៌លើស្បែក រួមទាំងសម្រស់មួយតួខ្លួនផងដែរ។ ៦. ជំងឺមហារីក ការប្រើប្រាស់ Isoflavones ក្នុងកម្រិតខ្ពស់ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក។ សកម្មភាពការពារនៅក្នុងដំណាក់កាលលូតលាស់នៃកោសិកាមហារីក អាចពន្យល់បានពីអត្ថប្រយោជន៍របស់វាក្នុងការកាត់បន្ថយការប្រឈម ក៏ដូចជាការកើតឡើងវិញនៃជំងឺមហារីកសុដន់ផងដែរបើតាមការវាយតម្លៃលើទន្និន័យសិក្សាលើស្ត្រីជនជាតិអាស៊ីដែលបរិភោគសណ្តែកសៀងតាំងពីកុមារភាព។ មានការសិក្សាមួយចំនួនក៏លើកឡើងអំពីសកម្មភាពនៃ Isoflavones ប្រឆាំងនឹងជំងឺមហារីកស្រទាប់ស្បូនមហារីកពោះវៀនធំ ក៏ដូចជាមហារីកក្រពះ និងមហារីកសួត។ ៧. ការឆ្លងរោគ Isoflavones ត្រូវបានសំយោគឡើងដោយធម្មជាតិនៅក្នុងរុក្ខជាតិដើម្បីដើរតួជាអ្នកការពារពីការឆ្លងរោគផ្សិត បាក់តេរី ក៏ដូចជាផ្តល់នូវសកម្មភាពប្រឆាំងនឹងពពួកមីក្រុបផងដែរ។ ៨. ស្ត្រេសអុកស៊ីតកម្ម សកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មរបស់ Isoflavonesអាចធ្វើការការពារពីការវិវឌ្ឍទៅជាជំងឺមហារីកបាន បើយោងទៅតាមការសិក្សានៅក្នុងមន្ទីរពិសោធន៍ដោយសិក្សាលើប្រភេទម្យ៉ាងនៃ Isoflavones គឺGenistein។ យន្តការនៃការការពារនេះត្រូវបានបកស្រាយដោយសមត្ថភាពក្នុងការជំរុញសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់អង់សុីមមួយចំនួនរបស់Genistein។ គួរបញ្ជាក់ថា សមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់ Isoflavones ត្រូវបានបង្ហាញថាប្រហាក់ប្រហែលនឹងវីតាមីន អឺ។ តើ Isoflavones ផ្តល់សុវត្ថិភាពក្នុងការប្រើប្រាស់ឬទេ? នៅក្នុងឆ្នាំ ២០១៥ ការជជែកវែកញែក EFSA បានសរុបថា ការប្រើប្រាស់ Isoflavones ក្នុងកម្រិត ៣៥-១៥០ មិល្លីក្រាម/ថ្ងៃ រហូតដល់ ២ឆ្នាំកន្លះពីអាហារ ឬឱសថបំប៉នមិនអាចផ្តល់នូវផលប៉ះពាល់ទៅលើកោសិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក៏ក្រពេញទីរ៉ូអុីតឡើយ។ តាមរយៈការសិក្សាមួយដែលធ្វើឡើងរយៈពេល ១២ខែ ក៏បានឲ្យដឹងដែរថា ពុំមានភាពអាក្រក់ឡើងនៃស្ថានភាពជាលិកា Fibroglandular នៅក្នុងអ្នកជំងឺមហារីកសុដន់ដែលទទួលការព្យាបាលដោយឱសថប្រឆាំងមហារីក ឬស្ត្រីដែលមានកត្តាប្រឈមខ្ពស់នឹងជំងឺមហារីកឡើយ។ ផ្ទុយពីនេះមានការសង្កេតឃើញថាការប្រើប្រាស់Isoflavones ឬអាហារសណ្តែកសៀងចំពោះអ្នកជំងឺមហារីកសុដន់ ធ្វើឲ្យមានការថយចុះនូវអត្រាមរណៈ និងការកើតឡើងវិញផងដែរចំពោះអ្នកជំងឺមហារីកសុដន់ប្រភេទ ER(+) និង ER(-)។ ម្យ៉ាងទៀត គេសង្កេតឃើញថាពុំមានការហាមឃាត់ណាមួយចំពោះការប្រើប្រាស់ Isoflavones ចំពោះស្ត្រីដែលកំពុងព្យាបាលដោយ Tamoxifen ឬ Anastrozole ឡើយ ហើយថែមទាំងរកឃើញនូវការប្រសើរឡើងនៃការព្យាបាលវិញថែមទៀតផង។ ថ្មីៗនេះ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង ក៏បានសរុបថា Isoflavones ពិតជាមិនអាចបង្កទៅជាជំងឺមហារីកសុដន់ ឬស្រទាប់ស្បូនទេ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ប្រាកដណាស់អ្នកពិតជាចង់ជួយពួកគេឲ្យចៀសផុតពីឃាតករលាក់មុខនេះ ប៉ុន្តែពេលខ្លះអ្នកមិនដឹងថាគួរត្រូវនិយាយអ្វីទៅកាន់ពួកគេនោះឡើយ។ ហេតុនេះប្រសិនបើអ្នកមិនប្រាកដថាត្រូវនិយាយអ្វី សូមព្យាយាមប្រើឃ្លាទាំងនេះដើម្បីបង្ហាញការគាំទ្ររបស់អ្នកដល់ពួកគេ៖ ខ្ញុំគឺនៅទីនេះដើម្បីអ្នក ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃ មានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។ នេះមិនមែនជាកំហុសអ្នកទេ អនុញ្ញាតឲ្យមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងថា ពួកគេមិនគួរត្រូវបានស្តីបន្ទោសឡើយ ព្រោះការពិតជំងឺបាក់ទឹកចិត្តមិនមែនជាជម្រើស។ វាមិនមែនជាជំងឺដែលត្រូវបានចម្លងដូចជំងឺផ្តាសាយឡើយ ផ្ទុយមកវិញមនុស្សភាគច្រើនដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថាពួកគេបានធ្វើអ្វីមួយខុសឆ្គងដែលបណ្តាលឲ្យមានជំងឺនេះ។ ការប្រាស្រ័យទាក់ទងដោយក្ដីស្រលាញ់ដែលកើតចេញការយល់ដឹងរបស់អ្នកចំពោះបញ្ហានេះពិតជាអាចជួយពួកគេកាត់បន្ថយការស្តីបន្ទោសខ្លួនឯង និងអាចឈានដល់ការបំបាត់អារម្មណ៍ខុសឆ្គងមួយនេះផងដែរ។ ខ្ញុំពិតជាចង់ទៅជាមួយអ្នក ជំងឺបាក់ទឹកចិត្តអាចបណ្តាលឲ្យអស់កម្លាំង ល្ហិតល្ហៃយល់ថាខ្លួនគ្មានតម្លៃ មានកំហុសឆ្គង និងពិបាកផ្ចង់អារម្មណ៍។ រោគសញ្ញាទាំងនេះជ្រៀតជ្រែកទៅដល់ទម្លាប់ប្រចាំថ្ងៃនៃផែនការព្យាបាលរបស់ពួកគេ ដូចជាការណាត់ជួបវេជ្ជបណ្ឌិត ការប្រើប្រាស់ថ្នាំ ធ្វើលំហាត់ប្រាណ ឬផែនការនៃការព្យាបាលជាដើម។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តក៏អាចធ្វើឲ្យអ្នកជំងឺផ្ទាល់មានអារម្មណ៍ថាបានដាក់បន្ទុកលើមនុស្សដែលពួកគេស្រលាញ់ផងដែរ។ ហេតុនេះដំណោះស្រាយដែលអ្នកអាចជួយមនុស្សជាទីស្រលាញ់អ្នកបានគឺ ណាត់ជួបគ្រូពេទ្យ និងកំដរពួកគាត់ទៅជាមួយគ្នា។ ការធ្វើបែបនេះកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅមិននៅដាច់តែឯង និងយល់ថាមានមនុស្សកំពុងយកចិត្តទុកដាក់ចំពោះពួកគេពិតប្រាកដមែន។ តើខ្ញុំអាចជួយអ្នកបានតាមវិធីណា? វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថាតើ អ្នកអាចជួយពួកគេបានអ្វីខ្លះ។ ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថាអ្នកចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។ មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ ជួនកាល ភាពស្ងៀមស្ងាត់ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។ បន្ថែមពីនេះ អ្នកក៏ត្រូវចៀសវាងសម្តីនិងសំណួរមួយចំនួនដូចជា៖  1. តើអ្នកមិនយល់ថា អ្នកជាមនុស្សដែលសំណាងយ៉ាងណាទេ?  2. ហេតុអ្វីអ្នកចូលចិត្តគិតរឿងតូចតាច ឲ្យក្លាយជារឿងធំម្ល៉េះ?  3. តើអ្នកមានអារម្មណ៍គ្រាន់បើហើយឬនៅ?  4. តើមានបញ្ហាអ្វីចំពោះអ្នក?  5. តើអ្នកចាំបាច់ព្រួយបារម្ភអ្វីខ្លាំងយ៉ាងនេះ? អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការចងចាំ ជាសមត្ថភាពមួយរបស់ខួរក្បាល ប៉ុន្តែនៅពេលអាការៈភ្លេចភ្លាំង ឬការខ្សោយចងចាំចាប់ផ្តើមស្តែងចេញឡើង នោះការរុករកមូលហេតុជាច្រើននឹងត្រូវធ្វើឡើង ដើម្បីប្រាកដថាវាបណ្តាលមកពីការថយចុះសមត្ថភាពរបស់ខួរក្បាល ឬបញ្ហាដទៃផ្សេងទៀត។ សំណួរ៖ ខ្ញុំបាទធ្លាប់ឮថាមនុស្សយើងមានទំហំខួរក្បាលប្រហាក់ប្រហែលគ្នា តែហេតុអ្វីបានជាមានការចងចាំខុសគ្នា? ដូចជាពេលនេះជាដើមខ្ញុំធ្វើអ្វី ឬទុកដាក់អ្វីមួយតែងតែឆាប់ភ្លេចជានិច្ច។ ប្រសិនបើគេងយប់ជ្រៅ ឬងើបពីគេងលឿនពេកដឹងតែឈឺក្បាល និងគិតអ្វីក៏មិនចេញដែរ។ ខ្ញុំមិនធ្លាប់មានការប៉ះទង្គិចក្បាលទេ ហើយក៏មិនមានជំងឺប្រចាំកាយអ្វីឡើយ។ តើមានវិធីសាស្ត្រដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបានខ្លះ? ហើយការភ្លេចភ្លាំងនេះអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖ ទំហំខួរក្បាលមានពីរ គឺទាក់ទងនឹងមាឌ និងសមត្ថភាពនៃការផ្ទុកទិន្នន័យ បើនិយាយពីសម្បកខាងក្រៅរបស់ខួរក្បាលជាមធ្យមខួរក្បាលរបស់មនុស្សមានទម្ងន់ពី១,៤ ទៅ១,៦គីឡូក្រាម ដែលប្រើប្រាស់អុកស៊ីសែនពី ៣០ ទៅ៤០ភាគរយនៃដងខ្លួន។ និយាយពីការផ្ទុកទិន្នន័យតាមការសិក្សារបស់ក្រុមហ៊ុនទូរស័ព្ទដៃ SAMSUNG សមត្ថភាពខួរក្បាលអាចផ្ទុកបានពី ១៥ ទៅ៣០ Terabyte (1 Terabyte = 1,024GB)។ បញ្ហាទំហំខួរក្បាលធំ ឬតូចប្រៀបដូចកុំព្យូទ័រដែរ គឺអាស្រ័យលើរបៀបដាក់បញ្ចូលទិន្នន័យ ប្រសិនបើការទុកដាក់បានត្រឹមត្រូវនោះការយកចេញមកវិញគឺមានភាពងាយស្រួល។ ដូចគ្នានឹងការចងចាំដែរ បើយើងរៀបចំទុកដាក់ឲ្យមានរបៀបទាំងការធ្វើការងារ និងផ្នត់គំនិតសណ្តាប់ធ្នាប់នៅក្នុងខួរក្បាលដែលអាចធ្វើឲ្យការគិតចងចាំមានភាពរហ័សរហួន និងមិនមានការភ្លេចភ្លាំង។ ម្យ៉ាងទៀតដោយសារតែមនុស្សភាគច្រើនពឹងផ្អែកលើប្រព័ន្ធអង្គចងចាំ (Memory) ខាងក្រៅច្រើនដូចជា ទូរស័ព្ទ ឬកុំព្យូទ័រជាដើម (ហៅថា «អង្គចងចាំខាងក្រៅ» External Memory) ដែលធ្វើឲ្យខួរក្បាលបន្ថយការហ្វឹកហាត់ការចងចាំជាហេតុនាំឲ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះក្នុងស័ករាជប្រព័ន្ធព័ត៌មានវិទ្យា។ មួយវិញទៀតខួរក្បាលជាសរីរាង្គមានជីវិតដែលត្រូវការសារធាតុចិញ្ចឹម និងសម្រាកឲ្យបានគ្រប់គ្រាន់។ ដូចនេះ ការគេងយប់ជ្រៅធ្វើឲ្យខួរក្បាលមានភាពនឿយហត់ ធ្វើឲ្យសមត្ថភាពចងចាំថយចុះ និងបង្កឲ្យមានការឈឺក្បាលផងដែរ។ ជារួមយើងគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រព្រឹត្តនៃការរស់នៅធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងរក្សាសុខភាពផ្លូវចិត្តឲ្យមានលំនឹងព្រោះអាចធ្វើឲ្យការចងចាំមានភាពប្រសើរឡើង និងមិនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនោះទេ។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ដោយហេតុថា សម្រស់ស្បែកមុខ ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យមិនថាបុរស និងស្រ្តី នោះការថែទាំជាប្រចាំជារឿងដែលមិនគួរត្រូវបានមើលរំលង។  ស្បែកមុខ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការបង្ហាញពីទំនុកចិត្តក្នុងជីវិតប្រចាំថ្ងៃ ដែលជាមូលហេតុនាំឲ្យបុគ្គលមួយចំនួនហ៊ានចំណាយប្រាក់និងថវិកាជាច្រើនដើម្បីទទួលបានការថែទាំពីអ្នកជំនាញសើស្បែក។ យ៉ាងណាមិញ ក្រៅពីការស្វែងរកសេវាកម្មថែរក្សាស្បែកមុខពីខាងក្រៅ ការសម្អាត និងថែទាំជាប្រចាំថ្ងៃដោយខ្លួនឯងក៏ត្រូវបានរាប់បញ្ចូលផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែជាទីគាប់ចិត្តដែលអ្នកនឹងអាចអនុវត្តបានតាមរយៈការណែនាំពីវិធីសាស្រ្តខាងក្រោម៖  - លាងសម្អាតផ្ទៃមុខ រឿងដំបូងបង្អស់ដែលគួរធ្វើនៅពេលថែរក្សាស្បែកមុខគឺការទម្លាប់លាងសម្អាតផ្ទៃមុខ ជាមួយហ្វូមលាងមុខ ឬផលិតផលដែលស័ក្តិសមទៅនឹងស្បែកមុខរបស់អ្នកដែលវាជាវិធីសាស្រ្តដំបូងគេក្នុងការកម្ចាត់ចោលនូវភាពកង្វក់ ដូចជាធូលីដី កម្ទេចកំទី ជាតិខ្លាញ់ និងគ្រឿងសម្អាងដែលតោងជាប់នៅលើផ្ទៃមុខ។ អ្នកគួរធ្វើការសម្អាតមុខ ២ដងក្នុងមួយថ្ងៃ ជាមួយទឹកធម្មតារួចជូតមុខថ្នមៗជាមួយសំឡី ឬកន្សែងស្អាត ហើយចៀសវាងប្រើប្រាស់ទឹកក្តៅដែលនាំឲ្យស្បែកមុខប្រែជាស្ងួតទៅវិញ។ - ប្រើប្រាស់ទឹកថូនឺ បុគ្គលមួយចំនួនហាក់មើលរំលងពីសារៈសំខាន់នៃការជូតមុខបន្ថែមដោយទឹកថូនឺដោយគិតថាការលាងសម្អាតដោយហ្វូមគឺមានភាពគ្រប់គ្រាន់។ តាមពិតការប្រើប្រាស់ទឹកថូនឺបន្ទាប់ពីលាងសម្អាតផ្ទៃមុខ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែទាំស្បែកមុខដោយវាអាចបង្កើនភាពតឹងណែន ផ្ចិតរន្ធញើសនិងមានសមត្ថភាពក្នុងការសម្អាតធូលីតូចៗផ្សេងទៀតនៅលើផ្ទៃមុខដែលហ្វូមលាងមុខមិនអាចធ្វើការសម្អាតបាន។ - ផ្តល់សំណើមស្បែកមុខ ការផ្តល់សំណើមដល់ស្បែកមុខ ត្រូវបានរាប់បញ្ចូលជាវិធីសាស្រ្តមួយដែលគួរត្រូវបានធ្វើឡើងជាប្រចាំផងដែរសម្រាប់ជួយទៅចិញ្ចឹម និងផ្តល់ភាពទន់រលោងដល់ស្បែកមុខ ពីព្រោះស្បែកមុខអាចងាយរងប្រតិកម្មពីខាងក្រៅធ្វើឲ្យស្ងួត ជាពិសេសនៅពេលវ័យកាន់តែចាស់។ អ្នកគួរមានទម្លាប់លាបផលិតផលផ្តល់សំណើមបន្ថែមបន្ទាប់ពីសម្អាតមុខរួចដែលអាចជាប្រភេទក្រែម ឬសេរ៉ូមនៅរៀងរាល់ពេលព្រឹក និងមុនពេលចូលគេង។ ម៉្យាងទៀត អ្នកក៏អាចជ្រើសរើសវិធីសាស្រ្តធម្មជាតិដូចជាប្រេងដូង ទឹកដោះគោ ឬផ្លែឈើសម្រាប់ផ្តល់សំណើមដល់ស្បែកផងដែរ។ - ការពារពីពន្លឺព្រះអាទិត្យ ការពារមុខរបស់អ្នកពីព្រះអាទិត្យដោយប្រើឡេការពារកម្តៅជារៀងរាល់ថ្ងៃ ពីព្រោះកម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឲ្យស្បែកឡើងខ្មៅស្រអាប់ពិសេសបង្កឲ្យស្បែកមានស្នាមជ្រីវជ្រួញផងដែរ។ អ្នកគ្រាន់តែប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិតការពារយ៉ាងហោចណាស់ SPF ១៥ឡើងទៅ នៅមុនពេលចេញទៅខាងក្រៅ ហើយស្របពេលជាមួយគ្នាអ្នកក៏គួរតែការពារស្បែកដោយស្លៀកសម្លៀកបំពាក់ជិតៗ ឬពាក់មួកជាដើម។ - ម៉ាស្សាមុខ ការឧស្សាហ៍ធ្វើម៉ាសថែទាំស្បែកមុខបែបធម្មជាតិយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយក្នុងការបណ្តុះកោសិកាស្បែកមុខ ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ។ លោកអ្នកគ្រាន់តែការធ្វើម៉ាស្សាតាមវិធីសាស្រ្តធម្មជាតិងាយៗ ដោយអាចជ្រើសរើសផ្លែចេកទុំ ល្ហុងទុំ ស៊ុត ទឹកឃ្មុំ ប្រទាល កន្ទុយក្រពើនិងទឹកដោះគោជាដើម។ - ស្រ្កាប់ស្បែកមុខ ដើម្បីឲ្យផ្ទៃមុខកាន់តែមានភាពស្រស់ថ្លា និងម៉ត់រលោង អ្នកក៏គួរតែជ្រើសរើសវិធីសាស្រ្តខាត់ស្បែកមុខបែបធម្មជាតិដែលវាមានប្រសិទ្ធភាពទៅកម្ចាត់ជាតិពុលនិងកោសិកាស្បែកចាស់ៗចោល។ អ្នកអាចប្រើប្រាស់ល្បាយស្ករស និងទឹកឃ្មុំ ដើម្បីធ្វើការស្រ្កាប់ទៅលើផ្ទៃមុខ ដោយធ្វើការញីថ្នមៗរយៈពេល ៥នាទី រួចទុកចោល ៣នាទីមុនពេលលាងទឹកសម្អាតចេញ ហើយអាចអនុវត្តបានម្តង ទៅពីរដងក្នុងមួយអាទិត្យ។ - របបអាហារត្រឹមត្រូវ អាហារ ក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកថែរក្សាសម្រស់ផងដែរ ប្រសិនរបបអាហារនោះមានផ្ទុកនូវសារជាតិចិញ្ចឹម ឬជីវជាតិបំប៉នជាប្រូតេអុីន កាបូអុីដ្រាត វីតាមីន និងសារជាតិរ៉ែ ដែលអាចរកបាននៅក្នុងពពួកបន្លែ និងផ្លែឈើជាដើម។ លើសពីនេះ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៧ទៅ៨កែវក្នុងមួយថ្ងៃដើម្បីរក្សាសំណើមនៅលើស្បែកមុខ ដើម្បីអាចកម្ចាត់ជាតិខ្លាញ់ បណ្តេញជាតិពុលនៅក្នុងខ្លួនពិសេសជួយឲ្យស្បែកមុខមានសុខភាពល្អ។ ការថែទាំស្បែក និងផ្ទៃមុខមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ទំនុកចិត្ត ធ្វើឲ្យសម្រស់កាន់តែស្អាត ក្មេងជាងវ័យ ព្រមទាំងអាចជួយការពារបញ្ហាស្បែកបានថែមទៀតផង។ ចាប់ផ្តើមថែទាំស្បែកមុខរបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅ ដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាល អំពីព័ត៌មានស្តីពីការជ្រើសរើសមន្ត្រីរាជការចំនួន ១៣០០នាក់ដើម្បីដាក់ឲ្យចូលបម្រើការតាមអង្គភាពនានានៃក្របខណ្ឌសុខាភិបាល។ ការប្រឡងប្រជែង នឹងត្រូវធ្វើឡើងរយៈពេល ២ម៉ោងដោយមានវិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ដាក់ពាក់ចូលប្រឡងឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេស ហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឲ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ជាការពិតរសជាតិហឹរពីម្ទេសមិនត្រឹមតែធ្វើឲ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយតែសារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេសក៏នាំមកជាមួយនូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដោយរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ជំនួយដល់ដំណើរការនៃសរីរាង្គរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងធ្វើឲ្យអាយុវែងទៀតផង។ ខាងក្រោមគឺជាការបកស្រាយអំពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ម្ទេស ដែលអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ - ជំងឺបេះដូង ជាក់ស្តែង ជំងឺបេះដូងនៅតែជាមូលហេតុឈានមុខគេនៃការស្លាប់របស់មនុស្សទាំងបុរស និងស្រ្តីនៅក្នុងប្រទេសអាមេរិក។ បរិមាណដ៏ច្រើននៃ Capsaicinនៅក្នុងផ្លែម្ទេសអាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូងដោយផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សជាច្រើន។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin អាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។ - ជំងឺរលាកពោះវៀន ជំងឺរលាកពោះវៀនជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សាមួយដែលបានចុះផ្សាយឆ្នាំ ២០១៤ លើគេហទំព័រទស្សនាវដ្តី Neurogastroenterology និង Motility បានរកឃើញថា ការបរិភោគអាហាររសជាតិហឹរអាចមានប្រសិទ្ធភាពព្យាបាលចំពោះអ្នកដែលមានជំងឺរលាកពោះវៀនក្នុងរយៈពេល ៦សប្តាហ៍។ លើសពីនេះទៀតវាក៏អាចជួយកាត់បន្ថយការដុតក្បាលពោះក្រោយពេលសម្រាល ដោយគ្រាន់តែបរិភោគ ៣ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។ - ប្រឆាំងជំងឺមហារីក ការសិក្សាធំមួយនៅឆ្នាំ ២០០៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Journal Cancer បានបង្ហាញថាការបរិភោគសារធាតុ Capsaicin អាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីករបស់ក្រពេញប្រូស្តាត។ អាហារហឹរក៏ត្រូវបានគេដឹងថា វាអាចជួយបង្កើនប្រព័ន្ធភាពសុំារបស់រាងកាយ និងកាត់បន្ថយការឈឺចាប់ដែលប្រឆាំងនឹងការរលាក ការពុលដោយសារធូលី ឬផ្សែងផងដែរ។ កាន់តែពិសេសទៀតនោះវាអាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារហឹរបានតិចតួច។ - ជួយដល់ប្រព័ន្ធរំលាយអាហារ ពិតណាស់មនុស្សមួយចំនួនប្រហែលជាគិតថា ការទទួលទានផ្លែម្ទេសនឹងធ្វើឲ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានឲ្យដឹងថាការបរិភោគ Capsaicin ដែលមានក្នុងផ្លែម្ទេសអាចជួយការពារអ្នកមិនឲ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់ ពិសេសជួយបង្កើនការរំលាយអាហារកាន់តែប្រសើរ ព្រមទាំងអាចសម្លាប់បាក់តេរីដែលលោកអ្នកមិនបានបញ្ចេញចោលអស់យ៉ាងមានប្រសិទ្ធភាពទៀតផង។ - ជួ​យសម្រកទម្ងន់ ដោយសារម្ទេសមានផ្ទុកនូវសារធាតុ Capsaicin ដែលជំរុញការធ្វើមេតាបូលីសនៅក្នុងខ្លួន ពិសេសអាចធ្វើឲ្យកាត់បន្ថយចំណង់អាហារនិងជួយដុតកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឲ្យវាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់។ ជាក់ស្តែង ការសិក្សាឆ្នាំ ២០០៥​ នៅក្នុងទស្សនាវដ្តី International Journal of Obesity បានបង្ហាញថា ការទទួលទានម្ទេសអាចជួយទប់ស្កាត់ការឡើងទម្ងន់ និងដុតកាល់ឡូរីចេញពីរាងកាយ ។ - ជួយឲ្យអាយុវែង យោងតាមការសិក្សានៅសាកលវិទ្យាល័យ Harvardបានបង្ហាញថា ការទទួលទានអាហារហឹរជារៀងរាល់ថ្ងៃ ឬញឹកញាប់នោះ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១៤ ភាគរយបើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវទទួលទានអាហារហឹរ (តែម្តងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ)។ លើសពីនេះការសិក្សាទៅលើបុរស និងស្ត្រីជាង ៤ម៉ឺននាក់នៅក្នុងប្រទេសចិនដែលបានទទួលទានអាហារហឹរ ៦ ទៅ៧ដងក្នុងមួយសប្តាហ៍ បានបង្ហាញថាអាចជួយឲ្យពួកគេរស់រានបានយូរជាងអ្នកមិនបរិភោគផងដែរ។  បើទោះបីជាម្ទេសមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយក៏ផ្លែម្ទេសនៅតែអាចបង្កឲ្យមានផលប៉ះពាល់ផងដែរប្រសិនបើបរិភោគក្នុងកម្រិតច្រើនលើសលប់ដូចនេះអ្នកគួរតែមានភាពឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃអាហារដែលអ្នកបរិភោគឲ្យស្ថិតក្នុងកម្រិតសមស្របជានិច្ចទើបជាការប្រសើរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បច្ចុប្បន្ន នៅពេលប្រជាជនមានវ័យកាន់តែកើនឡើង(អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) ជាពិសេសចំពោះស្រ្តី នោះការប្រឈមទៅនឹងជំងឺផ្សេងៗនឹងស្ថិតនៅក្នុងអត្រាខ្ពស់ ដោយជំងឺសឹកសន្លាក់ឆ្អឹង ក៏ត្រូវបានសង្កេតឃើញកើតមានឡើងផងដែរនៅក្នុងវ័យនេះ។ និយមន័យ ការសឹកសន្លាក់ឆ្អឹង គឺជាជំងឺកើតឡើងបណ្តាលមកពីការសឹកផ្ទៃសន្លាក់ឆ្អឹងខ្ចីដែលមានភ្នាសពណ៌ស សម្រាប់ការពារសន្លាក់ពីការប៉ះទង្គិចជាមួយនឹងឆ្អឹង។ នៅពេល សន្លាក់ឆ្អឹងខ្ចីបានសឹក នោះជាហេតុធ្វើឲ្យសន្លាក់អាចកកិតគ្នាជាមួយឆ្អឹងដែលមានសរសៃប្រសាទ ទើបបង្កឲ្យមានការឈឺចាប់។ ជាក់ស្ដែងការកកិត ឬសឹកនោះអាចកើតមានឡើងរយៈពេលយូរឆ្នាំដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់សន្លាក់យូរ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យសឹកសន្លាក់ឆ្អឹងមានដូចជា៖ • ធាត់លើសទម្ងន់ • ការប្រើប្រាស់លើសកម្រិត (Over Use) • ការប៉ះទង្គិច (បាក់បែក ឬគ្រេចធ្វើឲ្យផ្ទៃសន្លាក់មិនស្មើ ឬសរសៃពួរយារ) • ការប្រើប្រាស់ប្រភេទថ្នាំសរសៃដូចជាពពួក ក័រទីកូអុីត(Corticosteroid) ជាដើម។ល។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាសឹកសន្លាក់ឆ្អឹងរួមមាន៖ • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) • ស្រ្តីអស់រដូវ • អ្នកធាត់ • អ្នកលេងកីឡា • ឧស្សាហ៍ប៉ះទង្គិច • អ្នកធ្វើការធ្ងន់ៗ ដូចជា កម្មករសំណង់។ រោគសញ្ញា និងយន្តការ អ្នកជំងឺសឹកសន្លាក់ឆ្អឹងមានរោគសញ្ញាសំខាន់បីធំៗដូចជា មានការឈឺចាប់នៅត្រង់សន្លាក់ រឹងសន្លាក់ ហើមសន្លាក់ និងប្តូររូបរាងជង្គង់ទៅជាគៀវ ឬថយមុខងារសន្លាក់(សន្លាក់លែងត្រង់)។ ចំពោះយន្តការរបស់ជំងឺសឹកសន្លាក់ឆ្អឹង ពោលគឺកើតឡើងនៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹកឆ្អឹង  និងឆ្អឹងត្រូវកកិតគ្នាដែលជាហេតុធ្វើឲ្យហើម និងឈឺចាប់នៅត្រង់តំបន់នោះ។ ដោយហេតុថាការកកិតបន្តក្នុងរយៈពេលយូរនោះ ទើបធ្វើឲ្យសន្លាក់នឹងបាត់បង់ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជាសឹករុំារ៉ៃ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺសឹកសន្លាក់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ លើសពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅវិភាគដោយចង់ដឹងថាមានជាតិរលាកដើម្បីទាត់ចោលការរលាកសន្លាក់និងការថតដោយប្រើឧបករណ៍វិទ្យុសកម្ម CT Scan ឬ X-ray ផងដែរ។ ការព្យាបាល សឹកសន្លាក់ឆ្អឹងត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទៅតាមដំណាក់កាល ឬកម្រិតនៃការសឹករបស់សន្លាក់ផ្ទាល់៖ • ដំណាក់កាលទី១ និងទី២៖ ផ្ទៃសឹកមានបរិមាណតិចតួចតែប៉ុណ្ណោះ មិនទាន់ដល់ ៣០ភាគរយនោះទេ ដោយការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំដែលជួយជំរុញការបញ្ចេញទឹករំអិលរបស់សន្លាក់តាមរយៈការលេប ឬចាក់ជែលសិប្បនិម្មិតរបស់ទឹកសន្លាក់ ដើម្បីឲ្យមានលក្ខណៈរអិល ហើយការព្យាបាលបែបនេះមានប្រសិទ្ធភាពខ្ពស់។ • ដំណាក់កាលទី៣៖ ផ្ទៃសឹកមានបរិមាណប្រហែល៥០ភាគរយ ដោយការព្យាបាលគឺត្រូវប្រើប្រាស់ថ្នាំជំនួយ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចជាបន្ថយការធ្វើចលនា បញ្ចុះទម្ងន់ និងបន្ថយការលេងកីឡាជាដើម។ • ដំណាក់កាលទី៤៖ ជាដំណាក់កាលមួយដែលធ្ងន់ធ្ងរ ហើយការព្យាបាលគឺតម្រូវឲ្យធ្វើការផ្លាស់ប្តូរសន្លាក់ទៅជាសន្លាក់សិប្បនិមិ្មតវិញ។ ផលវិបាក និងការការពារ ភាគច្រើន អ្នកជំងឺសឹកសន្លាក់ឆ្អឹងដែលមកទទួលបានការព្យាបាលទាន់ពេលវេលានោះ អ្នកជំងឺអាចជាសះស្បើយ និងបន្តការប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ ស្ថានភាពជំងឺអាចបង្កជាផលវិបាកដូចជា ខូចផ្ទៃសន្លាក់រហូតដល់ ពិការភាពដោយសារឈឺចាប់ ជាពិសេសអាចបណ្តាលឲ្យគាំងសន្លាក់តែម្តង។ ជាទូទៅ ដើម្បីការពារពីការសឹកសន្លាក់ឆ្អឹងចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការសឹកសន្លាក់រួមមាន៖ • ការពារធាត់ • ឧស្សាហ៍ត្រួតពិនិត្យកំហាប់ឆ្អឹង • ត្រួតពិនិត្យសុខភាពទូទៅ • ជ្រើសរើសកីឡាដែលមិនប៉ះពាល់ដល់សន្លាក់ • ចៀសវាងការធ្វើចលនាច្រើនពេក • ចៀសវាងការប្រើប្រាស់ថ្នាំសរសៃ (Corticosteroid) និងថ្នាំផ្លូវចិត្ត • ចៀសវាងការប៉ះទង្គិច ប្រសិនបើមានការប៉ះទង្គិចត្រូវទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។ គួរបញ្ជាក់ផងដែរ រាល់ការប៉ះទង្គិច មានការឈឺចាប់ការហើម ប្រែប្រួលទ្រង់ទ្រាយរបស់ជង្គង់ និងមានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀតអ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលដើម្បីធានាឲ្យបានប្រសិទ្ធភាពចៀសវាងទទួលបានការព្យាបាលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាព ចំណាយពេលវេលា និងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស បាក់បែកឆ្អឹង និងសន្លាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ត្បិតតែ ខែមេសាជាខែដែលប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាខែដែលមានថ្ងៃឈប់សម្រាកច្រើនក៏ដោយក៏កំណើននៃការចូលអានអត្ថបទសុខភាពបន្តកើនឡើងជាលំដាប់ដូចខែផ្សេងៗទៀតដែរ។ ជាក់ស្តែង អត្ថបទ ៣ ដែលទទួលបានការអានច្រើនជាងគេប្រចាំខែមេសាគឺ៖ 1. ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្ត្រ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់យ៉ាងក្បោះក្បាយថាជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាម ភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមច្រើនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ ជាក់ស្តែងវាជាជំងឺដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០នាក់ និងអាចកើតមានឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺរស់នៅជាមួយការព្យាបាលអស់មួយជីវិត។ យល់កាន់តែច្បាស់អំពីមូលហេតុ និងវិធីព្យាបាលតាមរយៈ៖ https://healthtime.tips/library/article/1911  2.ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល? “អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់? ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល?” នៅតែជាភាពស្រពិចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញ ហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ នេះបើយោងតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមតាមរយៈ៖ https://healthtime.tips/library/article/1909 3. អ្វីទៅជាប្រូតេអុីនកូឡាជែន? នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិរបស់ស្បែក ដែលបណ្តាលឲ្យបាត់បង់ភាពតឹងណែន នាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? តើគួរប្រើប្រាស់ក្នុងកម្រិតណាល្អ? អាចមានផលវិបាកអ្វីខ្លះ...? ចម្លើយទាំងអស់នេះនឹងត្រូវបានលាតត្រដាងយ៉ាងលម្អិតក្នុង៖ https://healthtime.tips/library/article/1910 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តម្រូវការឱសថបំប៉នពពួកវីតាមីន និងជាតិរ៉ែ ហាក់មានការកើនឡើងចំពោះស្រ្តីដែលកំពុងពពោះ ដែលក្នុងនោះប្រភេទឱសថបំប៉នដែលរួមបញ្ចូលដោយFolic Acid និងDHA ត្រូវបានប្រើប្រាស់ជាចម្បងក្នុងពេលបច្ចុប្បន្នសម្រាប់ការលូតលាស់ជាពិសេសរបស់ទារក។ លក្ខណៈឱសថបំប៉ន សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេនេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ សកម្មភាពឱសថបំប៉ន ឱសថបំប៉នប្រភេទនេះមានប្រសិទ្ធភាពអាស្រ័យទៅនឹងសកម្មភាពរបស់សារធាតុសកម្មនីមួយៗរួមមាន៖ - Folic Acid មានតួនាទីជាចម្បងសម្រាប់គាំទ្រការលូតលាស់ខួរក្បាលរបស់ទារក និងការចងភ្ជាប់នៃសរសៃប្រសាទបង្កើតឲ្យបានជាឆ្អឹងខ្នងដែលជាផ្នែកដំបូងបង្អស់នៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជាក់ស្តែង ការលូតលាស់ឆ្អឹងខ្នងរបស់ទារកចាប់ផ្តើមនៅចន្លោះ ១៤ និង ២៨ថ្ងៃនៃការពពោះ - DHA មានមុខងារមួយចំនួនក្នុងការធានាឲ្យការពពោះមានសុខភាពល្អ។ ជាក់ស្តែង ការកើនឡើងកម្រិត DHA អាចធ្វើឲ្យការពពោះដំណើរការបានល្អ សម្របសម្រួលទម្ងន់របស់ទារក និងកាត់បន្ថយហានិភ័យនៃការសម្រាលកូនមុនខែ។ DHA ត្រូវបានទទួលស្គាល់មិនត្រឹមតែអាចសម្រួលទៅដល់ការលូតលាស់ខួរក្បាលទារកនោះទេ វាក៏រួមចំណែកជាជំនួយនៃសមត្ថភាពនៃការគិត គំហើញ និងការធ្វើចលនារបស់ទារកផងដែរ។ កម្រិត និងរបៀបប្រើប្រាស់ ការប្រើប្រាស់ជាទូទៅគឺអាចម្តង ១ ទៅ ២គ្រាប់ក្នុងមួយថ្ងៃដែលប្រែប្រួលអាស្រ័យទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ ចំណែកឱសថក្នុងទម្រង់ជាគ្រាប់ទំពារ ការប្រើប្រាស់គឺត្រូវទំពារឲ្យម៉ត់ល្អមុនពេលលេប។ ដើម្បីទទួលបានប្រសិទ្ធភាពពីឱសថ អ្នកត្រូវប្រើប្រាស់ឲ្យបានទៀងទាត់ និងចៀសវាងលេបហួសកម្រិតពីការណែនាំ។ ជាទូទៅ ការប្រើប្រាស់ឱសថបំប៉នខាងលើអាចចាប់ផ្តើមតាំងពីការពពោះនៅខែដំបូង ពីព្រោះវាជារយៈពេលលូតលាស់នៃឆ្អឹងខ្នងរបស់ទារក ចំណែកការប្រើប្រាស់បន្តអាចប្រែប្រួលទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន រោគសញ្ញាជាផលរំខាននៃឱសថបំប៉ននេះអាចមានដូចជា ទល់លាមក រាក ឬវិបត្តិក្រពះផ្សេងៗ ដែលអាចកើតមានជាបណ្តោះអាសន្ន និងបាត់ទៅវិញនៅពេលរាងកាយអាចទទួលយកសារធាតុនៅក្នុងឱសថ។ យ៉ាងណាមិញ ក្នុងករណីអាការៈខាងលើបន្តមានជាប់លាប់ នោះត្រូវទាមទាររាយការណ៍ទៅកាន់គ្រូពេទ្យ ឬឱសថការី។ ចំណែកប្រតិកម្មអាល្លែកហ្ស៊ីបណ្តាលមកពីឱសថ អាចមានភាពកម្រ តែអ្នកត្រូវសង្កេតមើលផងដែរប្រសិនមានរោគសញ្ញាដូចជា កន្ទួលរមាស់ ហើម (នៅមុខ អណ្តាត ឬបំពង់ក)អាការៈធីងធោងធ្ងន់ធ្ងរ និងពិបាកដកដង្ហើមជាដើម។ បម្រុងប្រយ័ត្ន ដោយហេតុថាការប្រើប្រាស់ឱសថបំប៉ននេះអាចនៅមានកម្រិត និងទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌណាមួយតួយ៉ាង៖ - ហាមប្រើប្រាស់ក្នុងករណីអ្នកមានប្រតិកម្មជាមួយសារធាតុសកម្មនៅក្នុងឱសថ - ប្រាប់ទៅកាន់គ្រូពេទ្យ ឬឱសថការី ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត ឬកំពុងទទួលការព្យាបាលជំងឺដូចជាជំងឺពាក់ព័ន្ធនឹងវិបត្តិឈាម បញ្ហាតម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម។ អន្តរកម្មឱសថ អន្តរកម្មរវាងឱសថអាចនឹងកើតមានឡើង ដែលធ្វើឲ្យផលរំខានកាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកគួរ៖ - ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថសម្រាប់ព្យាបាលជំងឺផ្សេង - ចៀសវាងប្រើប្រាស់វីតាមីន ឬឱសថបំប៉នដទៃទៀតក្នុងពេលតែមួយដោយមិនបានទទួលការណែនាំពីគ្រូពេទ្យ - ស្តាប់ការណែនាំពីវេជ្ជបណ្ឌិត សម្រាប់រយៈពេលនិងកម្រិតក្នុងការប្រើប្រាស់ - ចៀសវាងប្រើប្រាស់ក្នុងពេលតែមួយជាមួយ ឱសថប្រឆាំងការប្រកាច់ដូចជា Phenytoin ជាដើម។ គួរបញ្ជាក់ផងដែរ ឱសថបំប៉នប្រភេទនេះអាចរកបាននៅលើទីផ្សារមានឈ្មោះ Nature’s Bounty Prenatal, Nature Made និងPregnacare®។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្រ្តាក់ញាប់គួរគិតដល់បញ្ហាអ្វីខ្លះ? ឬឲ្យតែអារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្ត្រាក់ សុទ្ធតែជាជំងឺបេះដូងមែនទេ? ដើម្បីស្រាយចម្ងល់នូវសំណួរទាំងអស់នេះ អត្ថបទខាងក្រោមនេះអាចជាចម្លើយសម្រាប់មិត្តអ្នកអានបាន……… សំណួរ៖ ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ជាទូទៅ ទាក់ទងនឹងទម្ងន់ និងកម្ពស់របស់ប្អូនមិនមានបញ្ហាលើសទម្ងន់ទេ ហើយរោគសញ្ញាដូចបានរៀបរាប់ខាងលើគឺមិនពាក់ព័ន្ធនឹងជំងឺបេះដូងនោះដែរ។ ផ្ទុយទៅវិញ ប្អូននៅក្មេងអាយុត្រឹមតែ២២ឆ្នាំ ការកើតជំងឺស្ទះសរសៃឈាមបេះដូងពិតជាករណីកម្រណាស់។ ដោយឡែក អាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្រ្តាក់ញាប់នោះ គឺគ្រាន់តែជាអាការៈឈឺផ្នែកខាងក្រៅ (Non Cardiac Chest Pain) ដែលបណ្តាលមកពីការឡើងជាតិអាស៊ីតនៅបំពង់អាហារ សាច់ដុំនៅដោះកន្ត្រាក់ ឬធ្វើសកម្មភាពខុសទំនងជាដើម។ ម៉្យាងវិញទៀតអាការៈបែបនេះក៏អាចបណ្តាលមកពីគ្រោះថ្នាក់ដួលខ្ទប់ទ្រូងកាលពី១ឆ្នាំមុនផងដែរ។ រីឯអាការៈភ័យស្លន់ស្លោវិញ វាអាចទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់ប្អូនច្រើនជាង។ ដូចបានជម្រាបខាងលើនេះ ប្អូនគួរតែទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យទូទៅ និងវេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រ ដើម្បីប្រឹក្សាអំពីផ្លូវចិត្តធ្វើឲ្យផ្លូវចិត្តមានសភាពនឹងនរ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top