-
Dec 21, 2017
|
-
6 ឆ្នាំមុន
|
-
7.2K មើល
បច្ចុប្បន្នបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាដ៏ចម្បងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក។ តាមរយៈ Global Report ក្នុងឆ្នាំ២០១៦ មានប្រទេស ៥៧ក្នុងចំនោម ១២៩ ដែលមានប្រជាជន ៤៤% កំពុងរងគ្រោះដោយកង្វះអាហារូបត្ថម្ភ [1] ។ យោងតាមអង្គការចំណីអាហារនិងកសិកម្ម (FAO) ចំនួនអ្នកដែលខ្វះអាហារូបត្ថម្ភមានចំនួនរហូតដល់ ៩២៣លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៧។រីឯនៅប្រទេសកម្ពុជាបច្ចុប្បន្នមានប្រជាជនប្រមាណ ៥លាននាក់ដែលខ្វះអាហារូបត្ថម្ភ ។
តាមរយៈការស្រាវជ្រាវក្នុងឆ្នាំ ២០១៣ របស់ភ្នាក់ងារ CARD WFP និងUNICEF បានបង្ហាញថាបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាបានធ្វើឲ្យខាតថវិកាជាតិចន្លោះពី ២៥០ ទៅ ៤០០ លានដុល្លាជារៀងរាល់ឆ្នាំ [2]។ ការសិក្សាមួយផ្សេងទៀតដែលបានមកពីប្រទេសកំពុងអភិវឌ្ឍចំនួន ៥៣ បានរកឃើញថាមានអត្រាមរណៈកុមាររហូតដល់៥៦%ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ[3]។ទិន្នន័យទាំងនេះបានមបង្ហាញឲ្យឃើញច្បាស់ថា មានមនុស្សជាច្រើនកំពុងរងគ្រោះដោយកង្វះអាហារូបត្ថម្ភ។ តើអ្វីទៅជាជំងឺកង្វះអាហារូបត្ថម្ភ?ហេតុអ្វីវាកើតមានច្រើនម៉្លេះ?ហេតុអ្វីទើបអាចបណ្តាលឲ្យស្លាប់?តើអ្នកណាខ្លះអាចជាជនរងគ្រោះ?តើមានវិធីបង្ការដែរឬទេ?
កង្វះអាហារូបត្ថម្ភគឺមានន័យទូលំទូលាយសំដៅលើការខ្វះឬលើសអាហារូបត្ថម្ភដែលបណ្តាលមកពីអ្នកជំងឺពុំបានបរិភោគគ្រប់គ្រាន់ ឬទទួលទានមិនបានត្រឹមត្រូវ ម្យ៉ាងទៀតអាហារដែលបានទទួលទាននោះខ្វះនូវកាល់ឡូរី និងប្រូតេអ៊ីនសម្រាប់ទ្រទ្រង់និងជួយដល់ការលូតលាស់របស់រាងកាយឬរាងកាយរបស់គេពុំអាចប្រើប្រាស់អាហារដែលគេបរិភោគដោយសារតែមានជំងឺផ្សេងៗ។យ៉ាងណាមិញអ្នកដែលខ្វះអាហារូបត្ថម្ភក៏អាចបណ្តាលមកពីការបរិភោគលើសតម្រូវការដោយសារអាហារដែលគាត់បរិភោគផ្ទុកនូវកាល់ឡូរីខ្ពស់។ខាងក្រោមនេះយើងនឹងនិយាយផ្តោតសំខាន់ទៅលើកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការបរិភោគពុំបានគ្រប់គ្រាន់។
រាងកាយមនុស្សត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់សម្រាប់ការលូតលាស់ និងការពាររាងកាយពីជំងឺផ្សេងៗ។ វីតាមីន និងសារធាតុរ៉ែទាំងនេះត្រូវបានចាត់ទុកជាសារធាតុរូបធាតុតូចបំផុតនៃចំណីអាហារ។ សារធាតុទាំងនេះពុំត្រូវបានផលិតដោយរាងកាយទេតែយើងអាចទទួលវាបានពីចំណីអាហារ។កង្វះអាហារូបត្ថម្ភកើតមានឡើងនៅពេលរាងកាយពុំអាចស្រូបយក ឬពុំទទួលបាននូវបរិមាណគ្រប់គ្រាន់នៃសារធាតុចិញ្ចឹមពីចំណីអាហារ។ កង្វះអាហារូបត្ថម្ភអាចបង្កទៅជាបញ្ហាជាច្រើនចំពោះសុខភាព ដែលបញ្ហាទាំងនោះរួមមាន បញ្ហាលើប្រព័ន្ធរំលាយអាហារ បញ្ហាស្បែក រាងកាយលូតលាស់យឺត ឬក្រិន ឆ្អឹងពុំរឹងមាំ ហើយក៏ឈានដល់មានការចងចាំខ្សោយនិង កើតជំងឺវង្វេងវង្វាន់។ បរិមាណសារធាតុចិញ្ចឹមដែលយើងត្រូវការគឺអាស្រ័យលើអាយុរបស់យើង។ ដូចនេះការបរិភោគអាហារដោយដឹងពីសមាសធាតុផ្សំរបស់វាពិតជាចាំបាច់ណាស់ ប៉ុន្តែពេលខ្លះទោះជាយើងបានបរិភោគនូវសារធាតុទាំងនោះក៏ដោយ ក៏រាងកាយយើងពុំអាចស្រូបយកសារធាតុទាំងនោះបានដែរ នេះគឺដោយសារកត្តាសុខភាពរបស់បុគ្គលម្នាក់ៗ។ វាអាចទៅរួចដែលយើងខ្វះនូវសារធាតុមួយចំនួន ដែលរាងកាយត្រូវការ។ កង្វះសារធាតុចិញ្ចឹមដែលគេច្រើនជួបប្រទះមាន៖
កង្វះជាតិដែក
ជាតិដែកសម្បូរនៅក្នុងស្លឹករុក្ខជាតិបៃតងសាច់ក្រហមនិងស៊ុតស។វាមាននាទីជួយរាងកាយក្នុងការផលិតគោលិកាឈាមក្រហម។ នៅពេលដែលខ្វះវារាងកាយនឹងផលិតគោលិកាឈាមក្រហមតិចតួចប៉ុណ្ណោះហើយគោលិកាដែលបានផលិតនោះមានទំហំតូច ហើយស្លេកស្លាំងជាងគោលិកាឈាមដែលមានសុខភាពល្អ ហើយប្រសិទ្ធភាពរបស់វាក្នុងការបញ្ជូនអុកស៊ីសែន ទៅកាន់ជាលិកាក៏ថយចុះដែរ។ កង្វះជាតិដែកអាចបណ្តាលឲ្យមានជំងឺខ្វះឈាមឈាមមានសកម្មភាពមិនប្រក្រតីដែលបណ្តាលឲ្យអស់កម្លាំង ខ្សោយ និងរោគសញ្ញាផ្សេងៗទៀត។ យោងតាមអង្គការសុខភាពពិភពលោក មានមនុស្ស ៣០%នៅទូទាំងពិភពលោកដែលមានបញ្ហានេះ។
កង្វះវីតាមីន A
វីតាមីន Aជាវីតាមីនស្ថិតក្នុងក្រុមចាំបាច់សម្រាប់សុខភាពភ្នែកនិងមានមុខងារក្នុងសុខភាពបន្តពូជរបស់មនុស្សប្រុស និងស្រី។ តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាកង្វះវីតាមីនA អាចបណ្តាលឲ្យងងឹតភ្នែក ហើយស្រ្តីមានផ្ទៃពោះដែលខ្វះនូវវីតាមីននេះ គឺមានអត្រារលូតកូនខ្ពស់។ Beta-carotene គឺជាសមាសធាតុបង្កនៃវីតាមីន A វាដើរតួជាអ្នកប្រឆាំងរ៉ាឌីកាល់សេរី ដែលវាសម្បូរនៅក្នុងសារធាតុពណ៌ក្រហមទឹកក្រូច លឿង បៃតងចាស់នៃរុក្ខជាតិ។ វាត្រូវបានបំលែងជាវីតាមីន A នៅពេលរាងកាយត្រូវការ។ សម្រាប់ទារក អាហារដែលជាប្រភពនៃវីតាមីន A សម្រាប់ពួកគេគឺទឹកដោះម្តាយ។ សម្រាប់បុគ្គលទូទៅ គឺគួរតែបរិភោគអាហារដែលសម្បូរវីតាមីននេះរួមមាន៖
• ទឹកដោះគោ
• ស៊ុត
• បន្លែបៃតង broccoli ស្ពៃបៃតង
• បន្លែពណ៌ទឹកក្រូច ការ៉ុត ដំឡូងបារាំង ល្ពៅ
• ផ្លែឈើពណ៌ក្រហម លឿង ល្ហុង សូដា ប៉េងប៉ោះ។
កង្វះវីតាមីនB-1
វីតាមីនB-1 គឺជាវីតាមីនដែលសំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទ។វាជួយរាងកាយក្នុងការបំលែងជាតិស្ករទៅជាថាមពលតាមរយៈសកម្មភាពមេតាប៉ូលីស។ កង្វះ B-1អាចបណ្តាលឲ្យស្រកទម្ងន់ និងអស់កម្លាំង អាចបណ្តាលឲ្យមានបញ្ហាប្រព័ន្ធចងចាំដូចជាច្រើនមានអាការៈភាន់ច្រលំនិងការចងចាំខ្សោយ។លើសពីនេះវាក៏អាចបំផ្លាញប្រព័ន្ធប្រសាទ និងសាច់ដុំ ហើយអាចប៉ះពាល់ដល់បេះដូង។ នៅសហរដ្ឋអាមេរិក កង្វះវីតាមីននេះច្រើនកើតញឹកញាប់លើបុគ្គលដែលពិសាជាតិស្រវឹងច្រើន។ ជាតិអាល់កុល ធ្វើឲ្យរាងកាយអសមត្ថភាពក្នុងការស្រូបយកវីតាមីន B-1ស្តុកទុកក្នុងថ្លើម និងបំលែងវាទៅជាទម្រង់ដែលអាចប្រើប្រាស់បាន។ កង្វះវីតាមីននេះគឺជាមូលហេតុចម្បងនៃការកើតមានអាការៈ Wernicke-Korsakoff ជាអាការៈនៃការចងចាំខ្សោយ។ អាហារពេលព្រឹក ដូចជាពពួកគ្រាប់ធញ្ញជាតិ និង ពពួកអាហារធ្វើពីម្សៅគឺសម្បូរដោយវីតាមីន B-1។ ស៊ុត បន្លែ គ្រាប់ធញ្ញជាតិម្សៅស្រូវសាលី និងសាច់ជ្រូក ក៏ជាប្រភពសំខាន់នៃ វីតាមីន B-1 ដែរ។
កង្វះវីតាមីន B-3
វីតាមីន B-3គឺជាវីតាមីនមួយប្រភេទទៀតដែលជួយបំលែងអាហារឲ្យទៅជាថាមពល។កង្វះវីតាមីននេះត្រូវគេហៅថាជំងឺ Pellagra ដែលមានរោគសញ្ញា រាក ការចងចាំខ្សោយ និងមានបញ្ហាស្បែកញឹកញាប់។ ដើម្បីបង្ការជំងឺនេះ អ្នកគួរបរិភោគអាហារដែលសម្បូរ វីតាមីន B-3 នេះ ដែលមានដូចជាប្រូតេអីុនដែលបានមកពីសត្វ និងសណ្តែកដី ឬអាចបរិភោគអាហារបំប៉នដែលមានវីតាមីននេះ។
កង្វះវីតាមីន B-9
វីតាមីន B-9 ឬហៅថា folate មាននាទីជួយរាងកាយក្នុងការផលិតកោសិកាឈាមក្រហមនិងផលិត DNA។ វាក៏ជួយដល់ការលូតលាស់ខួរក្បាល និងការបំពេញមុខងាររបស់ប្រព័ន្ធប្រសាទ។ វីតាមីននេះកើតឡើងដោយការសំយោគ ដែលយើងអាចទទួលបានពីផលិតផលអាហារបំប៉ន។វីតាមីននេះក៏សំខាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដោយដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក។កង្វះវីតាមីននេះអាចបណ្តាលឲ្យទារកពិការពីកំណើត មានបញ្ហាការលូតលាស់ និងកង្វះគ្រាប់ឈាមក្រហម។ អ្នកអាចទទួលបាន folate តាមរយៈអាហារដូចខាងក្រោម៖
• សណ្តែក
• ផ្លែក្រូច
• បន្លែបៃតង
• ទំពាំងបារាំង
• សាច់ជ្រូក សាច់មាន់
• គ្រឿងសមុទ្រ
• ផលិតផលដែលបន្ថែមសារធាតុបំប៉ន
•គ្រាប់ធញ្ញជាតិ។
កង្វះវីតាមីន D
យោងតាមការសិក្សារបស់សាកលវិទ្យាល័យHavardមានមនុស្សប្រមាណ១០០០លាននាក់ទូទាំងពិភពលោកដែលមានបញ្ហាសុខភាពដែលបណ្តាលមកពីកង្វះvitamin D។ អ្នកដែលមានពណ៌ស្បែកស្រគាំគឺមានការប្រឈមនឹងបញ្ហានេះច្រើនជាងគេ។វីតាមីននេះគឺសំខាន់សម្រាប់សុខភាពឆ្អឹងដោយវាជួយឆ្អឹងក្នុងការរក្សាតុល្យភាពកាល់ស្យូមដើម្បីសម្របសម្រួលដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ កង្វះវីតាមីននេះអាចបណ្តាលឲ្យទៅជាក្រិន ឬឆ្អឹងពុំរឹងមាំ។ ជំងឺពុកឆ្អឹងក្រោយពេលអស់រដូវ ក៏អាចបណ្តាលមកពីខ្វះវីតាមីន D ដែលវាធ្វើឲ្យឆ្អឹងទន់ងាយបាក់។ ប្រភពវីតាមីន D សំខាន់គឺពន្លឺព្រះអាទិត្យ និងអាហារមួយចំនួនដូចជា៖
• ប្រេងថ្លើមត្រី
• ខ្លាញ់ត្រី
• ផ្សិត
• ស៊ុតលឿង
• ថ្លើម។
កាំរស្មី Ultraviolet ដែលមាននៅក្នុងពន្លឺព្រះអាទិត្យ ជាប្រភពនៃវីតាមីន D ។ យោងតាម NIH ការប៉ះពន្លឺព្រះអាទិត្យរយៈពេល៥ទៅ៣០នាទីត្រង់មុខស្មាកឬខ្នពីរដងក្នុងមួយសប្តាហ៍គឺអាចផ្តល់ឲ្យអ្នកនូវបរិមាណគ្រប់គ្រាន់នៃវីតាមីន D។
កង្វះកាល់ស្យូម
កាល់ស្យូមជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ ។វាក៏ជួយដល់បេះដូង ប្រព័ន្ធប្រសាទនិងសាច់ដុំឲ្យបំពេញមុខងារសមស្រប។ កង្វះកាល់ស្យូមពុំបណ្តាលឲ្យលេចចេញរោគសញ្ញាអ្វីគួឲ្យកត់សម្គាល់ទេតែវាធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ប្រសិនបើអ្នកពុំមានកាល់ស្យូមគ្រប់គ្រាន់នោះរាងកាយអ្នកនឹងទាញយកកាល់ស្យូមពីឆ្អឹងដែលនឹងបណ្តាលឲ្យឆ្អឹងងាយពុក។ ប្រភពនៃកាល់ស្យូមមាន៖
• ទឹកដោះគោ
• យ៉ាអួរ
• តៅហ៊ូ
• ត្រីល្អិតៗ
• បន្លែបៃតង
• គ្រាប់ធញ្ញជាតិ។
តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្វះអាហារូបត្ថម្ភ?
កត្តាដែលជួបប្រទះញឹកញាប់ជាងគេគឺរបបអាហារមិនត្រឹមត្រូវខ្វះសារធាតុចិញ្ចឹម។រាងកាយអាចធ្វើការស្តុកទុកសារធាតុមួយចំនួន ដូចនេះកង្វះសារធាតុណាមួយនឹងពុំងាយកើតមានទេ លុះត្រាតែខកខានពុំបានទទួលទានវាអស់រយៈពេលយូរ។ក្រៅពីអាហារ ជំងឺ និងលក្ខខណ្ឌសុខភាពមួយចំនួន ក៏ជាមូលហេតុបណ្តាលឲ្យខ្វះអាហារូបត្ថម្ភដែរ រួមមានមហារីកពោះវៀន បាក់តេរីក្នុងពោះវៀន និង ជំងឺប្រព័ន្ធរំលាយអាហារដូចជា Crohn’s និង Celiac ដែលអាចបណ្តាលឲ្យខ្វះជាតិដែក ក្រៅពីនេះការវះកាត់ បង្រួមក្រពះ ដើម្បីសម្រកទម្ងន់ ក៏មានពាក់ព័ន្ធដែរ។
តើរោគសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកខ្វះអាហារូបត្ថម្ភ?
រោគសញ្ញានៃកង្វះអាហារូបត្ថម្ភគឺអាស្រ័យទៅលើសារធាតុណាមួយដែលអ្នកខ្វះ។យ៉ាងណាមិញក៏មានរោគសញ្ញាទូទៅមួយចំនួនដែលយើងអាចកត់សម្គាល់រួមមាន៖
• ស្បែកស្លេកស្លាំង
• ហត់ អស់កម្លាំង
• ខ្សោយ
• ពិបាកដកដង្ហើម
• ឃ្លានខុសធម្មតា
• ជ្រុះសក់
• ធីងធូង
• ទល់លាមក
• ងងុយគេងញឹកញាប់
• បេះដូងដើរញាប់
• ចង់សន្លប់ ឫសន្លប់
• ថប់អារម្មណ៍
• ឈឺសន្លាក់
• រដូវមិនទៀង ឬ រាំងរដូវ
• ការផ្ចង់អារម្មណ៍ខ្សោយ។
អ្នកអាចមានអាការៈទាំងអស់នេះឬមានតែមួយចំនួនក្នុងចំណោមនេះ។ឆ្លងកាត់រយៈពេលយូរអ្នកជំងឺអាចនឹងស៊ាំនឹងអាការៈនេះ ដែលវាជាហេតុធ្វើឲ្យអ្នកជំងឺពុំស្វះស្វែងរកការព្យាបាល។ វាជាការចាំបាច់ដែលអ្នកត្រូវធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ក្នុងករណីអ្នកកើតមាន អាការៈទាំងនេះយូរណាស់មកហើយដូចជា ហត់ អស់កម្លាំង ពិបាកផ្ចង់អារម្មណ៍ ដែលរោគសញ្ញាទាំងនេះអាចជាការចាប់ផ្តើមនៃកង្វះអាហារូបត្ថម្ភ។
ឯកសារយោង៖
1. Global Nutrition Report: Malnutrition Becoming the “New Normal” Across the Globefrom https://www.ifpri.org/news-release/global-nutrition-report-malnutrition-becoming-%E2%80%9Cnew-normal
%E2%80%9D-across-globe
2. The Hidden Problem That Costs Up To US$400 Million Annually (9 July 2014) from https://www.wfp.org/stories/malnutrition-cambodia-hidden-problem-costs-us400-million-annually
3. D.L. Pelletier,E.A Frongillo, Jr, D.G. Schroeder ,J.P.Habicht. The effects of malnutrition on child mortality in developing countries.
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក