Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០២ ការប្រជុំលើកដំបូងដែលមានការចូលរួមពីសំណាក់គ្រូពេទ្យឯកទេសផ្នែកឆ្អឹងបាក់បែកមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យនរោត្តមសីហនុ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យកុមារជាតិ បានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលសមាគមដែលមានសមាជិកចំនួន០៧រូប។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីចងសម្ព័ន្ធភាពជាមួយសមាគមបារាំង ( SOFCOT) ហើយទិសដៅនៃការចងសម្ព័ន្ធភាព គឺដើម្បីបម្រើផលប្រយោជន៍វិជ្ជាជីវៈ ពង្រីកចំណេះដឹង ទទួលបាននូវការឧបត្ថម្ភពីសមាគមសម្ព័ន្ធភាពជាអាទិ៍ ឯកសារ សម្ភារៈ និងអាហារូបករណ៍។ល។ គួរបញ្ជាក់ផងដែរថា សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់ ជាសមាគមបម្រើផ្នែកបច្ចេកទេសសុទ្ធសាធ ដោយមិនរកប្រាក់កម្រៃ។ គោលបំណងសំខាន់មួយទៀត គឺប្រមូលចងក្រងនូវក្រុមអ្នកបច្ចេកទេស ធ្វើការពិភាក្សា និងប្តូរយោបល់​ ដើម្បីភាពរីកចម្រើន។ ផលលំបាកនៅក្នុងដំណើរការសមាគម សម្រាប់ដំណើរការកន្លងមក ឧបសគ្គដែលបានសមាគមជួបប្រទះរួមមានដូចជា បញ្ហាកង្វះហិរញ្ញវត្ថុ ព្រោះតាំងពីដំបូងមក ការបង់ចូលសមាគម គឺត្រឹមតែ២០,០០០៛ (៥$) ក្នុងមួយឆ្នាំ។ បើទោះជាយើងមានដៃគូសមាគមក្រៅប្រទេសដែលបានជួយផ្នែកឯកសារ និងសម្ភារៈ ដូចជា ៖ សមាគម  ( SOFCOT) អង្គការ World Orthopaedic Concern UK ដែលកន្លងមកបានជួយឧបត្ថម្ភថ្លៃធ្វើដំណើររបស់គ្រូពេទ្យតាមបណ្តាខេត្តក្នុងការចូលរួមប្រជុំ អង្គការ Orthopaedic Out Reach Australia ដែលបានជួយសម្ភារៈ បរិក្ខារមួយចំនួនធំ ដល់បណ្តាមន្ទីរពេទ្យដែលមានសមាជិកសមាគមកំពុងបម្រើការ, Sign Nail Organization, AO Foundation,ដៃសម្ព័ន្ធនានាក្រៅប្រទេស និងក្រុមហ៊ុនឯកជននានា ឧបត្ថម្ភក្នុងការរៀបចំការបណ្តុះបណ្តាលនានា តែសមាគមនៅតែត្រូវការការចំណាយរដ្ឋបាលនានា ដែលតម្រូវឲ្យធ្វើការប្រើប្រាស់ប្រាក់បដិភាគចូលរួមរបស់សមាជិក ដែលនាំឲ្យប្រាក់បម្រុងសម្រាប់តម្កល់មានកម្រិតទាប។ សមិទ្ធផលរបស់សមាគម ទោះជាមានឧបសគ្គដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែសមាគមនៅតែទទួលបានភាពជោគជ័យដ៏ធំធេងដូចខាងក្រោម៖ ក.  ចំនួនសមាជិកនៃសមាគម ៖ កាលពីដំបូង យើងមានចំនួនច្រើនជាងនេះ តែរយៈណពេល៥ឆ្នាំចុងក្រោយរហូតដល់២០១៦នេះ យើងមានសមាជិក៧៩នាក់ ដែល៩៩%ជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា និងជំងឺឆ្អឹង។ ខណៈពេលដំបូងនោះ លោកគ្រូពេទ្យវះកាត់ជាច្រើនបានចូលក្នុងសមាគមនេះដែរ តែបន្តិចម្តងៗសមាគមបានធ្វើការកម្រិតសមាជិកមកនៅត្រឹមតែ៧៩នាក់ ដែលត្រូវធ្វើការផ្ទាល់លើការវះកាត់ឆ្អឹង និងចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបន្ត។ សម្រាប់អស់លោកជាច្រើនដែលធ្វើផ្នែកវះកាត់ទូទៅ មានភារកិច្ចផ្នែកបណ្តុះបណ្តាលតាមផ្នែករបស់ពួកគាត់ ហេតុដូច្នេះហើយ លោកក៏សម្រេចឈប់។ ខ. យើងមានការបណ្តុះបណ្តាលសមត្ថភាពសមាជិកជាប្រចាំ តាមរយៈការបណ្តុះបណ្តាលទាំងក្រៅ និង ក្នុងប្រទេស។ បន្ថែមពីលើនេះផងដែរ យើងក៏មានការប្រជុំប្រចាំខែ ការប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការសមាគម ​វគ្គបណ្តុះបណ្តាលខ្លីៗលើជំនាញឯកទេសបន្ថែម ការបញ្ជូនសមាជិកទៅធ្វើទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស ការជួយឧបត្ថម្ភទាំងសម្ភារៈ និងឯកសារ រួមទាំងការពិគ្រោះយោបល់ជាប្រចាំរវាងសមាជិក និងជួរគណៈកម្មការ កិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលបានជួយទាំងបច្ចេកទេស និងសម្ភារៈលើជំនាញ និងតម្រូវការនៃការព្យាបាលឆ្អឹងបាក់បែក ។ល។ គ. ការទាក់ទាញបានម្ចាស់ជំនួយនានាដែលបានផ្តល់ជាសម្ភារៈ ម៉ាស៊ីនទំនើបៗ ជំនួយផ្នែក បច្ចេកទេស ក្នុងការព្យាបាលជំងឺឆ្អឹងបាក់បែក។ ឃ. ភាពម្ចាស់ការរបស់សមាគមក្នុងដំណើរការខ្លួនឯង ផ្នែកបច្ចេកទេស ង. បានដាក់ឲ្យមានដំណើរការចុះឈ្មោះសមាគមទៅក្រសួងមហាផ្ទៃ ច. មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ដោយសារយើងមានកិច្ចសហការល្អជាមួយនឹងដៃគូក្នុងស្រុក និងដៃគូអន្តជាតិ ទាំងក្នុងតំបន់អាស៊ាន និងសកលលោក។ ឆ. សមាគមមានរចនាសម្ព័ន្ធ និងគោលនយោបាយច្បាស់លាស់  ហើយបានដើរតួនាទីជាសេនាធិការឲ្យមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងការបណ្តុះបណ្តាលបច្ចេកទេសលើការព្យាបាលជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា ក៏ដូចជាជំនួយផ្នែករដ្ឋបាលផងដែរ។ ថ្វីត្បិតថា ហិរញ្ញវត្ថុមានកម្រិតតិច តែសមាគមយើងធ្វើសកម្មភាពច្រើនផ្នែកបច្ចេកទេស ដោយយើងមានរៀបចំនូវសិក្ខាសាលា ដោយច្រើនធ្វើជាមួយដៃគូបរទេស។ ជាក់ស្តែង យើងមានកម្មវិធីជួបគ្នារាល់ថ្ងៃសុក្រនៃសប្តាហ៍ទី៣រៀងរាល់ខែនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកៀនឃ្លាំង និងមណ្ឌលនៃក្តីសង្ឈឹម ដោយមានការដាក់វេនគ្នាមួយខែម្តង។ លើសពីនេះទៅទៀត យើងក៏មានការអញ្ជើញចូលរួមពីសំណាក់គ្រូពេទ្យឯកទេសពីតាមខេត្តផងដែរ មិនតែត្រឹមប៉ុណ្ណោះ យើងក៏បានអញ្ចើញនិស្សិតសិក្សាឯកទេសវះកាត់ចូលរួម ដើម្បីធ្វើការរៀនសូត្រទៀតផង។ ត្រលប់មកលក្ខខណ្ឌចូលជាសមាជិកនៃសមាគមវិញ​ គឺរួមមានដូចខាងក្រោម ៖ · ជាគ្រូពេទ្យជាតិ ឬអន្តរជាតិដែលបានចុះបញ្ជីក្នុងគណៈគ្រូពេទ្យកម្ពុជា · ត្រូវបានណែនាំខ្លួនដោយសមាជិកសកម្មពីររូបរបស់សមាគម · ត្រូវចូលរួមរាល់ការបណ្តុះបណ្តាលបច្ចេកទេសបន្ត ជាចុងក្រោយនេះ សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់  ក៏សូមផ្តាំផ្ញើជូនដល់ជនរួមជាតិទាំងមូលដែលមានបញ្ហាឆ្អឹងបាក់បែក និងជំងឺឆ្អឹង សូមប្រញាប់រួសរាន់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដើម្បីកាត់បន្ថយពិការភាព ចំណេញពេលវេលា និងសុវត្ថិភាព ព្រោះថាក្នុងនាមជាគ្រូពេទ្យនៃសមាគមវះកាត់ឆ្អឹងយើងមានការខិតខំប្រឹងប្រែងពង្រឹងទាំងបច្ចេកទេស និងសម្ភារៈ ដើម្បីបម្រើជូនប្រជាជនកម្ពុជាយើងនូវផ្នែកសេវាកម្ម គុណភាព និងសុវត្ថិភាពដូចប្រទេសជិតខាងយើង និងអន្តរជាតិដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

សេចក្តីផ្តើម ៖ ការគ្រេចថ្លោះគឺជាការរងរបួសនៅលើរាងកាយដែលកើតមានញឹកញាប់ជាងគេ ភាគច្រើនបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃ។ គួរឲ្យកត់សំគាល់ផងដែរ ករណីមធ្យមនិងធ្ងន់ធ្ងរចំពោះអ្នកដែលជួបប្រទះនឹងការគ្រេចថ្លោះ ត្រូវចំនាយពេលយ៉ាងយូរទើបអាចជាសះស្បើយឡើងវិញ។ ជាលទ្ធផល ការគ្រេចថ្លោះជះឥទ្ធិពលលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាដ៏សំខាន់មួយដែលប៉ះពាល់ទៅដល់ការប្រកបមុខរបរ និងការសិក្សា។ គោលបំណង ៖ ការសិក្សាបឋមទៅលើការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ ឆ្នាំ២០១៥ ធ្វើឡើងក្នុងគោលបំនងបង្ហាញអោយឃើញអំពី ទំនាក់ទំនងរវាងស្ថានភាពនៃការគ្រេចថ្លោះរបស់ប្រជាជនកម្ពុជាទៅនឹង ភេទ អាយុ មុខរបរ និងសកម្មភាពប្រចាំថ្ងៃ, ការវាយតំលៃទៅលើបច្ចុប្បន្នភាពនៃការព្យាបាលការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ និងធ្វើការពិចារណាឡើងវិញទៅលើមធ្យោបាយផ្សេងៗដើម្បីលើកកំពស់ស្ថានភាព ការគ្រេចថ្លោះនាពេលបច្ចុប្បន្ន។ វិធីសាស្រ្ត ៖ កម្រងសំណួររៀបចំឡើងទៅតាមសៀវភៅមគ្គុទេសនក៍របស់អង្គការសុខភាពពិភពលោក [1] ត្រូវបានសួរទៅកាន់អ្នកចូលរួមដែលជាប្រជាជនទូទៅចំនួន៣៨៦នាក់ នៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។ បន្ទាប់មក ទិន្នន័យដែលទទួលបានត្រូវបានយកមកវិភាគតាមលក្ខណៈស្ថិតិវិទ្យាដោយសិក្សាអំពីទំនាក់ទំនងរវាងការគ្រេចថ្លោះ ជាមួយនឹងអាកប្បកិរិយាក្នុងការប្រកបរបរ, ភេទ, អាយុ, Body Mass Index, សកម្មភាពប្រចាំថ្ងៃ និងសុខភាពផ្លូវកាយ។ លទ្ធផល ៖ ទិន្នន័យបង្ហាញថាមានអ្នកចូលរួម២៣១(៥៩.៨៤%)នាក់ ធ្លាប់មានការគ្រេចថ្លោះ (Figure1)។ ក្នុងនោះដែរ អាត្រានៃការគ្រេចថ្លោះចំពោះបុរសមាន ៦៨.៩២% ដែលខ្ពស់ជាងស្ត្រីដែលអាត្រាមានតែ៥៤.២០% (Figure2)។ រីឯក្រុមអាយុដែលរងការគ្រេចថ្លោះច្រើនជាងគេគឺនៅចន្លោះពី២០-២៥ឆ្នាំ (Figure3)។ ផ្នែកនៃរាងកាយដែលងាយនឹងរងការគ្រេចថ្លោះជាងគេគឺកជើង (Figure4)។ ក្នុងចំនោម២៣១ករណីនៃអ្នកគ្រេចថ្លោះ មាន១៧១ (៧៤.០៣%) ព្យាបាលដោយខ្លួនឯង, ៥៥ (២៣.៨១%) ទៅទិញថ្នាំនៅឱសថស្ថាន, ១០ (៤.៣៣%) ទៅពិគ្រោះជាមួយគ្រូពេទ្យ (Figure5)។ រីឯការជ្រើសរើសវិធីព្យាបាលដោយប្រើឱសថសម័យ យើងសង្កេតឃើញមានចំនួន ១៨៧ (៨០.៩៥%) នៃអ្នកចូលរួមសរុប ដែលភាគច្រើន អ្នកជម្ងឺប្រើប្រាស់ទំរង់លាបរឹត (Figure6)។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ Nonsteroidal anti-inflammatory drugs គឺជាការព្យាបាលដែលឱសថការីជ្រើសរើសប្រើញឹកញាប់ជាងគេសំរាប់ការព្យាបាលការគ្រេចថ្លោះ (Figure7)។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកចូលរួមចំនួន៦៥ (២៨.១៤%) បានជ្រើសរើសវិធីព្យាបាលដោយមិនប្រើឱសថសម័យដូចជា ធ្វើលំហាត់ប្រាណ ស្អំទឹកកក អបឈើ និងប្រើប្រាស់រុក្ខជាតិឱសថ (Figure8)។ សេចក្តីសន្និដ្ឋាន ៖ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញឲ្យឃើញថា មិនត្រឹមតែអ្នកលេងកីឡាទេដែលប្រឈមនឹងការគ្រេចថ្លោះ តែវាក៏កើតឡើងជាញឹកញាប់ចំពោះប្រជាជនទូទៅផងដែរ។ តាមរយៈលទ្ធផលនៃទំនាក់ទំនងតាមស្ថិតិវិទ្យា រវាងការគ្រេចថ្លោះ និងភេទ, ការហាត់ប្រាណ, និងការធ្វើការងារ បានស្តែងអោយឃើញថាការគ្រេចថ្លោះគឺជាបញ្ហាមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រជាជនកម្ពុជាទូទៅ។ ពាក្យគន្លឹះ ៖ Cross-sectional study, ការគ្រេចថ្លោះ, Prevalence ឯកសារយោង៖ [1]. D. Sethi…et al. Guidelines for conducting community survey on injuries and violence. Geneva: WHO; 2004. សិក្សាដោយ ៖  យុវនិស្សិត ខន ស្រ៊ឺ, តាំង ស៊ីវទៀង, នៅ សុវណ្ណី, អ៊ិត សុភារ៉ែន (និស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) ដកស្រង់ចេញពី ៖ ព្រឹត្តិ​បត្រព័ត៌មាននៃសមាគមឱសថការីកម្ពុជា

ចែករំលែក

ជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) គឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)។ កោសិកាទាំងនេះ គឺជាប្រភេទមួយនៃកោសិកាឈាមស។ ជាធម្មតាពួកវា គឺជាអ្នកផលិតអង់ទីករ (Immunoglobulin) ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ក្នុងករណីជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma)នេះ ពពួកកោសិកា cancerous plasma cells ទាំងនេះកើតកូនចៅយ៉ាងឆាប់រហ័សនៅក្នុងខួរឆ្អឹង និងលុកលុយស្រទាប់ឆ្អឹង ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា៖ - ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ - កើនឡើងខុសប្រក្រតីនៃបរិមាណ immunoglobulins នៅក្នុងឈាម អាចបណ្តាលអោយឈាមអ្នកជំងឺ ក្លាយទៅជាខាប់ស្អិត និងងាយមានកំណកក្នុងសសៃឈាម - កម្រិតនៃអង់ទីករល្អៗផ្សេងទៀតបានធ្លាក់ចុះធ្វើឱ្យអ្នកជំងឺងាយកើតរោគឆ្លងផ្សេងៗ ដូចជារលាកសួត រលាកប្លោកនោមជាដើម ។ល។ - កម្រិតកាល់ស្យូមក្នុងឈាមកើនខ្ពស់ដែលអាចនាំឱ្យខ្សោះជាតិទឹក ទល់លាមក ចង្អោរ និងក្អួត បាត់បង់ចំណង់អាហារ និងវង្វេងស្មារតី - ស្លេកស្លាំង អស់កម្លាំងគួរឱ្យកត់សម្គាល់ ដោយសារខ្វះគ្រាប់ឈាមក្រហម - ងាយមានស្នាមជាំក្រហមលើស្បែក ដោយសារកោសិកាឈាមផ្លាកែតធ្លាក់ចុះខ្លាំង - ខ្សោយមុខងារតម្រងនោម ។ល។ ជំងឺមហារីកឈាមក្នុងឆ្អឹងប្រភេទនេះ អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង។ ក) កត្តាហានិភ័យដែលអាចអោយកើតជំងឺនេះរួមមានការប៉ះពាល់ទៅនឹង៖ - ឧស្ម័នបង់ហ្សែន - ថ្នាំសម្លាប់សត្វល្អិត ។ល។ ខ) ការធ្វើរោគវិនិច្ឆ័យ៖ គ្រូពេទ្យឯកទេសជំងឺឈាមរបស់លោកអ្នកនឹងបញ្ជាឱ្យ៖     ១) ធ្វើតេស្តឈាមដើម្បីរកមើល៖ - ខ្វះឈាមក្រហម - កម្រិតខ្ពស់នៃប្រូតេអ៊ីន - បរិមាណ immunoglobulin ក្នុងឈាម - វាស់មុខងារតំរងនោម ។ល។     ២) ធ្វើតេស្តទឹកនោមដើម្បីរកជាតិប្រូតេអ៊ីន (Bence Jones Proteines)     ៣) ថតកាំរស្មី X នៃឆ្អឹងលលាដ៍ក្បាល ឆ្អឹងទ្រូង ឆ្អឹងដៃ ឆ្អឹងកំភ្លៅ និងឆ្អឹងត្រគៀក ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនិងពិនិត្យរកមើលសញ្ញាស៊ីឆ្អឹង ឆ្អឹងស្ពោត ឬ ឆ្អឹងបាក់ ។ល។     ៤) វិភាគខួរឆ្អឹងដោយប្រើមីក្រូទស្សន និង Flowcytometry ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងពីកម្រិតខ្ពស់ខុសប្រក្រតីនៃកោសិកា cancerous plasma cells។ គ) ចំណាត់ថ្នាក់នៃជំងឺ៖ ជំងឺមហារីកឈាមក្នុងឆ្អឹង ចែកជា ៣ដំណាក់កាល៖ - ដំណាក់កាលទី១ ៖ កោសិកាមហារីកតិចតួចប៉ុណ្ណោះ ដែលបានរីករាលដាលក្នុងរាងកាយអ្នកជំងឺ ដូចនេះវាមិនទាន់មានរោគសញ្ញានៃជំងឺនោះទេ។ - ដំណាក់កាលទី ២ ៖ ចំនួនមធ្យមនៃកោសិកាមហារីកបានរីករាលដាលក្នុងរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺអាចមានរោគសញ្ញាខ្លះៗរួមមាន ឈឺឆ្អឹងតិចតួច អស់កំលាំងម្តងម្កាល។ - ដំណាក់កាលទី៣ ៖ មួយចំនួនធំនៃកោសិកាមហារីកបានរីករាលដាលពេញរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺមានរោគសញ្ញាច្រើនរួមគ្នាដូចជា ឈឺឆ្អឹងឆ្អែង ស្លេកស្លាំង អស់កំលាំង កម្រិតខ្ពស់នៃប្រូតេអ៊ីន និងកាល់ស្យូមនៅក្នុងឈាម និងអាចមានខ្សោយតំរងនោម ។ល។ ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកនៅក្នុងឆ្អឹងរួមមានការបញ្ចូលគ្នារវាង៖ - ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីក (cancerous plasma cells) ដែលស្ថិតក្នុងដំណាក់កាលទី២ និងទី៣។ - ការព្យាបាលដោយប្តូរខួរឆ្អឹងផលិតឈាមថ្មី (Stem Cell Transplantation) សំរាប់រាល់ករណីមហារីកឈាមក្នុងឆ្អឹង ដែលវិវត្តន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និងកំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។ - ការចាក់ថ្នាំ Bisphosphonates តាមសសៃឈាមវ៉ែនម្តងក្នុងមួយខែ ដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង និងពន្យាការរស់រានមានជីវិត។ - ការចាក់ថ្នាំ Immunoglobulins ចូលទៅក្នុងសរសៃឈាមវ៉ែនដើម្បីការពារការឆ្លងមេរោគធ្ងន់ធ្ងរ។ - ការព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយអោយសម្លាប់កោសិកាមហារីក។ - ការព្យាបាលបំបាត់ការឈឺចាប់ក្នុងឆ្អឹងដោយថ្នាំ Morphine ឬ កាំរស្មីវិទ្យុសកម្ម ។ល។ ង) ការព្យាករណ៍ ៖  ករណីភាគច្រើន ជំងឺនេះវិវត្តន៍យឺតៗពី២ទៅ៥ឆ្នាំ បន្ទាប់មកវាមានរោគសញ្ញាកាន់តែអាក្រក់ឡើងៗយ៉ាងឆាប់រហ័ស ប្រសិនមិនមានការព្យាបាល។ ប្រហែលមួយភាគបីនៃអ្នកជំងឺមហារីកឈាមប្រភេទនេះ រស់នៅបានលើសពី៥ឆ្នាំ ប្រសិនទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួន។ អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូងៗ ហើយទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប គឺអាចរស់នៅបានយូរជាងនេះ។ បើមានករណីលាប់ឡើងវិញនៃជំងឺនេះ ក៏នៅមានថ្នាំនិងវិធីព្យាបាលបន្តទៀតដែរ។ បើលោកអ្នកមានឈឺឆ្អឹងរ៉ាំរ៉ៃ ឬឆ្អឹងស្ពោត ឬឆ្អឹងផុយងាយបាក់ គួរគិតដល់ជំងឺដ៏កាចសាហាវនេះ ហើយគួរប្រញាប់ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគអោយប្រាកដថា ការឈឺឆ្អឹងរបស់លោកអ្នកមានទាក់ទងនឹងមហារីកឈាមប្រភេទនេះ រឺអត់ និងដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ។ Photo Credit : Calmette Hospital Page

ចែករំលែក

នាងខ្ញុំឈ្មោះ ស៊ីផុន អាយុ ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់ខ្ញុំតែងតែរមួលក្រពើមិនថាពេលហាត់ប្រាណ ឬពេលកំពុងគេងលក់ហើយក៏ដោយ។ ខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតទេតែខ្ញុំមានទម្ងន់ជាង៦០គីឡួ។ តើវាអាចជាមូលហេតុដែរឬទេ? តើអាការៈនេះមានទាក់ទងនឹងជំងឺអ្វីធ្ងន់ធ្ងរដែរឬទេ? ចម្លើយ ៖ប្រសិនបើអ្នកបានធ្វើការបញ្ជាក់ពីកម្ពស់របស់អុ្នកទៀតវានឹងកាន់តែប្រសើរ។ យោងតាមការរៀបរាប់លើនេះវាមិនបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្វីដែលត្រូវគិតដំបូងគេគឺវីតាមីន ដូចជាប្រភេទកាល់ស្យូម វីតាមីនក្រុមបេ ឬ11បេ១២ និងជាតិដែកព្រោះថាកង្វះជាតិណាមួយក៏បណ្តាលឲ្យសាច់ដុំមានការចុកស្រពន់ ឬរមួលក្រពើដែរ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះអាយុ ២០ឆ្នាំរស់នៅភ្នំពេញ។ ខ្ញុំមិនពេញចិត្តនឹងកម្ពស់ខ្លួនឯងសោះខ្ញុំចង់ខ្ពស់ជាងនេះបន្តិចទៀត។ តើខ្ញុំនៅអាចលូតកម្ពស់បន្ថែមទេបើខ្ញុំប្រើថ្នាំពន្លូតកម្ពស់ និងហាត់ប្រាណឲ្យបានច្រើន? តើមានវិធីអ្វីផ្សេងទៀតក្រៅពីនេះទេ? ចម្លើយ ៖ ជាក់ស្តែងវ័យលូតលាស់នៅមានដល់អាយុ២៥ឆ្នាំ ឬលើសបន្តិចបន្តួច។ ក្នុងករណីប្អូន គឺប្អូនគ្រាន់តែប្រាប់អំពីអាយុ ហើយគ្រាន់តែបញ្ជាក់ពីភាពមិនសប្បាយចិត្តដោយមិនបានប្រាប់ពីកម្ពស់នោះទេ។ ជាទូទៅគ្រូពេទ្យតែងតែផ្ទៀងផ្ទាត់ជាមួយការថតកាំរស្មី x ទៀតដើម្បីពិនិត្យមើលផ្ទៃលូតលាស់របស់ឆ្អឹងថាតើប្អូននៅលូតលាស់ច្រើនទៀតឬអត់។ វិធីដែលប្អូនអាចធ្វើបាន គឺការលេងកីឡាដែលជាជម្រើសល្អមួយដែលជួយឲ្យឆ្អឹងមានការលូតលាស់ល្អ ហើយការប្រើថ្នាំគួរតែប្រើក្នុងករណីដែលបានធ្វើការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ចំណែកឯជម្រើសមួយទៀតដែលមានការពេញនិយមនៅប្រទេសរីកចម្រើននោះ គឺការវះកាត់ពន្លូតកម្ពស់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

ចែករំលែក

នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងមានការឈឺចាប់ភ្លាមៗ នៅពេលដែលពាក់ស្បែកជើងកែង។ គេគ្រប់គ្នានិយាយថា មកពីឆ្អឹងខ្ញុំមានបញ្ហាតាំងពីកំណើត។ តើនេះជាការពិតទេ? តើអាចធ្វើការកែខៃដោយវិធីណាមួយឬទេ? ចម្លើយ៖ ចំពោះស្ថានភាពរបស់ប្អូន ត្រង់ដែលគេនិយាយថាវាបណ្តាលមកពីឆ្អឹងជើង ក៏ជាបញ្ហាមួយត្រូវគិតដែរ។ ដូច្នេះហើយ ប្អូនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឯកទេស និងធ្វើការថតដោយកាំរស្មីX ដើម្បីធ្វើការពិនិត្យមើលទម្រង់ឆ្អឹងជើងជាមុនសិន បើទម្រង់ឆ្អឹងជើងសំប៉ែត គ្រូពេទ្យនឹងផ្តល់ដំបូន្មានឲ្យកាត់ស្បែកជើងតម្រូវទៅនឹងទម្រង់ជើង នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត ប្អូនត្រូវគិតគូរដល់បាតស្បែកជើង ធ្វើយ៉ាងណាកុំឲ្យរឹងពេក ហើយកែងទៀតសោតក៏មិនគួរខ្ពស់ពេកដែរ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

ចែករំលែក

សំណួរ ៖ ខ្ញុំបាទឈ្មោះ អាយុ១៩ឆ្នាំ រស់នៅភ្នំពេញ។ ខ្ញុំចូលចិត្តលេងបាល់ទាត់ ហើយខ្ញុំដួលជាញឹកញាប់ តែមិនធ្ងន់ធ្ងរទេ។ ពេលនេះខ្ញុំមានអារម្មណ៍ថារត់មិនបានយូរ និងឆាប់ឈឺជើងពិសេសត្រង់ជង្គង់។ តើនេះបណ្តាលមកពីអ្វីខ្លះដែរ? ចម្លើយ៖ នេះជាបញ្ហាធំដែលតែងជួបប្រទះនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ។ ជាទូទៅ មុនពេលលេងកីឡាគេតែងជួបប្រឹក្សាជាមួយគ្រូពេទ្យ ពីប្រភេទកីឡាដែលត្រូវលេង និងពេលមានបញ្ហាតែងតែទៅប្រឹក្សាជាមួយគ្រូពេទ្យវិញ។ បញ្ហារបស់ប្អូនមិនធំដុំទេ គ្រាន់តែគ្រេចនៅត្រង់ជង្គង់ញឹកញាប់ និងមិនបានធ្វើការព្យាបាល។ ជាធម្មតា មានវិធីងាយៗដែលប្អូនធ្វើបាន គឺគ្រាន់តែសម្រាកជង្គង់ពី១សប្តាហ៍បើក្នុងករណីស្រាល និង៣សប្តាហ៍ប្រសិនបើករណីធ្ងន់ធ្ងរ ដោយធ្វើការពាក់ទ្រនាប់ជង្គង់ជាការស្រេច។ យ៉ាងណាមិញ បើមិនធ្វើការព្យាបាលវាទេ វាអាចបណ្តាលឲ្យឈឺជង្គង់ និងប្រើការមិនបានដូចប្រក្រតី។ ជង្គង់របស់យើងមានលំនឹងដោយសារខ្សែពីរខាងក្រៅ ពីរខាងក្នុង និងខ្សែមួយខាងមុខ។ ហេតុដូចនេះហើយ ប្រសិនបើខ្សែណាមួយដាច់ ឬធូរនោះ នឹងធ្វើឲ្យជង្គង់បាត់លំនឹង ឬយោល ហើយការយោល ឬបាត់លំនឹងបណ្តាលឲ្យកកិតឆ្អឹងខ្ចី។ យូរៗទៅវានឹងក្លាយជាសឹក កាលណាឆ្អឹងខ្ចីសឹក វានឹងធ្វើឲ្យចលនាឆ្អឹងនិងឆ្អឹងប៉ះគ្នា (គ្មានឆ្អឹងខ្ចី) ជាហេតុបណ្តាលឲ្យឈឺ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត លឹម តាំង សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឯកទេសវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក  

ចែករំលែក

កន្លងមកដោយសារតែជំងឺរលាកសន្លាក់ឆ្អឹង (ជំងឺសឹកសន្លាក់ឆ្អឹង)គឺជាកង្វល់របស់អ្នកជំងឺជាច្រើនក៏ប៉ុន្តែជឿជាក់ថាមិនមានប៉ុន្មានអ្នកទេដែលបានយល់ច្បាស់និងយកចិត្តទុកដាក់លើជំងឺនេះដោយយល់ច្រឡំថាវាជាជំងឺធម្មតារបស់មនុស្សចាស់ប៉ុណ្ណោះដែលតាមពិតមានរឿងជាច្រើនដែលអ្នកអាចនឹងមិនទាន់បានដឹងនៅឡើយ។ ហេតុនេះលោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសសន្លាក់ឆ្អឹង សាច់ដុំ និងជានាយផ្នែកខាងជំងឺសន្លាក់ឆ្អឹង សាច់ដុំ ទឹកនោមផ្អែម តម្រងនោម និងជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏ជាសាស្ត្រាចារ្យផ្នែកសន្លាក់ឆ្អឹងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឆ្លៀតឱកាសចូលរួមចែករំលែកក៏ដូចជាលាតត្រដាងការពិតទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះតែម្តង។ និយមន័យ ទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះលោកសាស្ត្រាចារ្យបានរៀបរាប់ថាវាជាជំងឺដែលកើតមានជាញឹកញាប់ពិសេសចំពោះមនុស្សចាប់ពីវ័យកណ្តាលទៅដោយវាទាក់ទង នឹងការសឹករេចរឹលនៃសន្លាក់ ដោយសារការប្រើប្រាស់នាពេលកន្លងមក។ យ៉ាងណាមិញចំពោះបុគ្គលដែលមានវ័យក្មេងក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរប៉ុន្តែជាទូទៅច្រើនទាក់ទងតំណពូជ ឬភាពមិនធម្មតានៃសន្លាក់ឆ្អឹង ឧទាហរណ៍ដូចជា ភាពស្តើងពេកនៃទ្រនាប់សន្លាក់ភាពកោង ឬវៀចនៃឆ្អឹងក្បាលឆ្អឹងនិងប្រហោងសន្លាក់មានទម្រង់មិនស៊ីគ្នាជាមួយនឹងសន្លាក់ដែលជាទូទៅកើតឡើងត្រង់តំបន់អាងត្រគាក។ មូលហេតុបង្កជំងឺ ជំងឺរលាកសន្លាក់ឆ្អឹងកកើតឡើងទាក់ទងនឹងវ័យរបស់អ្នកជំងឺ។ ជាទូទៅសន្លាក់ឆ្អឹងរបស់មនុស្សមានការលូតលាស់ល្អពីក្មេងមកដល់ពេលពេញវ័យ តែហួសពីនោះទៅសន្លាក់នឹងចាប់ផ្តើមទ្រុឌទ្រោម និងសឹករេចរឹលបន្តិចម្តងៗរហូតដល់វ័យប្រហែល៤០ទៅ៥០ឆ្នាំអ្នកជំងឺនឹងអាចចាប់ផ្តើមមានជំងឺនេះតែម្តង។ ដោយឡែកកតា្តជម្រុញផ្សេងៗទៀតដូចជាការលើសទម្ងន់ ការធ្វើការងារធ្ងន់ ឬធ្វើការច្រើន ប្រវត្តិធ្លាប់រងគ្រោះថ្នាក់ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ ការមានជំងឺសន្លាក់រ៉ាំរ៉ៃ ឬរលាកសន្លាក់ដោយមេរោគផ្សេងៗទៀតកាន់តែធ្វើឲ្យអ្នកជំងឺងាយប្រឈមមុខនឹងជំងឺនេះផងដែរ។ រោគសញ្ញានៃជំងឺ បើតាមលោកវេជ្ជបណ្ឌិតបានឲ្យដឹងថាជាទូទៅជំងឺនេះបង្ហាញនូវអាការៈដូចជាការឈឺចាប់នៅពេលដើរនិងពេលឈរ ការហើមសន្លាក់ មានអារម្មណ៍តឹងត្រង់សន្លាក់ ពិបាកបត់ ពិបាកលា និងអាចឈានដល់មានសម្លេងពេលធ្វើចលនាត្រង់សន្លាក់ទៀតផង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើការសន្និដ្ឋានថាជាជំងឺរលាកសន្លាក់ឆ្អឹង សំខាន់គឺត្រូវសួរនាំលម្អិតពីរោគសញ្ញារបស់អ្នកជំងឺដែលអាចឲ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងរហ័ស។ ម្យ៉ាងទៀត គេអាចធ្វើការថតវិទ្យុសាស្ត្រ និងពិនិត្យឈាមបន្ថែមផងដែរតែជាទូទៅការប្រមូលព័ត៌មានពីរោគសញ្ញារួមជាមួយការថតវិទ្យុសាស្ត្រ គឺគ្រប់គ្រាន់ក្នុងការសន្និដ្ឋានបានហើយ។ ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង លោកវេជ្ជបណ្ឌិត លី ជាតិតា បានបញ្ជាក់ថាចំពោះការព្យាបាលគឺអាស្រ័យនឹងមូលហេតុដែលបង្កជំងឺផ្ទាល់។ ជាក់ស្តែង ករណីដែលអ្នកជំងឺកំពុងមានអាការៈឈឺចាប់ខ្លាំងត្រូវឲ្យគាត់សម្រាកមួយរយៈពីការងារ ឬគួរផ្លាស់ប្តូរការងារតែម្តង ប្រសិនបើនោះជាការងារប្រភេទប្រើកម្លាំងធ្ងន់ធ្ងរ។ ដោយឡែក ករណីអ្នកជំងឺលើសទម្ងន់ទាមទារឲ្យគាត់ធ្វើការបន្ថយទម្ងន់ជាចាំបាច់។ ម្យ៉ាងទៀត ត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស និងត្រឹមត្រូវករណីដែលមានជំងឺសន្លាក់ឆ្អឹងផ្សេងៗក៏ដូចជាមានគ្រោះថ្នាក់ ឬប៉ះទង្គិចនានាត្រង់សន្លាក់ឆ្អឹងដើម្បីចៀសវាងការវិវឌ្ឍឈានទៅរកការរលាកសន្លាក់ឆ្អឹង និងកាត់បន្ថយផលវិបាកនៃជំងឺ។ ផ្ទុយទៅវិញ បើមិនទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវនោះទេអ្នកជំងឺអាចនឹងចៀសមិនផុតពីការកកើតនៃជំងឺរលាកសន្លាក់ឆ្អឹងទេដោយហេតុថាជាធម្មជាតិមនុស្សគ្រប់រូបគឺមានឱកាសប្រឈម នឹងជំងឺនេះស្រាប់ទៅហើយបូកផ្សំជាមួយកត្តាជម្រុញខាងលើ នឹងរិតតែងាយឲ្យកកើតជាជំងឺរលាកសន្លាក់ឆ្អឹងនេះឡើង។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាសម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាក់ឆ្អឹងពីកំណើតត្រូវឆាប់ទៅពិនិត្យក៏ដូចជាព្យាបាលជាមួយអ្នកជំនាញពីវ័យក្មេងតែម្តងដោយមិនត្រូវរងចាំដល់ពេលពេញវ័យ ឬដល់ពេលលេចចេញជារោគសញ្ញាច្បាស់ ហើយទើបស្វែងរកការព្យាបាលនោះទេព្រោះដំណាក់នេះគឺការព្យាបាលមិនសូវទទួលបានលទ្ធផល និងអាចបណ្តាលឲ្យមានផលអវិជ្ជមានដល់ការរស់នៅរបស់អ្នកជំងឺទៅថ្ងៃក្រោយ។ ទន្ទឹមនឹងនេះក៏មានការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដូចជាថ្នាំបំបាត់ការឈឺចាប់បំបាត់ការរលាក និងថ្នាំជំនួយដល់ការលូតលាស់កោសិកាសន្លាក់ឆ្អឹង និងឆ្អឹងខ្ចីដើម្បីឲ្យវាបំពេញតួនាទីបានល្អឡើងវិញ។ លើសពីនេះទៀត ករណីដែលអ្នកជំងឺមានឆ្អឹងស្ពោត ឬពុកតម្រូវឲ្យមានការព្យាបាលឆ្អឹងបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធភាពនៃការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនេះ។ ជម្រើសចុងក្រោយ គឺធ្វើការវះកាត់ប្តូរសន្លាក់ឆ្អឹងក្នុងករណីដែលការព្យាបាលដោយប្រើប្រាស់ថ្នាំមិនទទួលបានជោគជ័យ។ ការការពារ ឬកាត់បន្ថយការប្រឈមមុខនឹងជំងឺ ដូចដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ពីខាងលើរួចមកហើយថា ប្រសិនបើអ្នកជំងឺធាត់ពេក ត្រូវតែបន្ថយទម្ងន់មកវិញព្រោះវាមិនត្រឹមតែកាត់បន្ថយអត្រាប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹងទេ ថែមទាំងជួយបន្ថយឱកាសប្រឈមនឹងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាដើម។ រួមជាមួយគ្នានេះដែរ អ្នកដែលមានជំងឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬមិនរ៉ាំរ៉ៃក្តី ដោយគ្រោះថ្នាក់ ឬមូលហេតុផ្សេងៗទៀត គប្បីរកការព្យាបាលឲ្យបានត្រឹមត្រូវចៀសវាងបណ្តោយឲ្យមានការខូចខាតនៃសន្លាក់ឆ្អឹងដែលពិបាកក្នុងការកែកុន រីឯការព្យាបាលទៀតសោត ក៏មិនសូវបានលទ្ធផលដែរ។ ផលវិបាកនៃជំងឺ ត្រឹមចំណុចនេះលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីមិនមានការព្យាបាលត្រឹមត្រូវនោះជំងឺនឹងវិវឌ្ឍកាន់តែធ្ងន់ធ្ងរបើទោះបីជាវាមិនប៉ះពាល់ផ្ទាល់ដល់ជីវិតក៏ដោយតែវារំខានដល់ការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកជំងឺយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះ ក៏ប៉ះពាល់ផងដែរដល់ក្រុមគ្រួសារ និងជីវភាពរស់នៅក្នុងសង្គមទៀតផង។ មុននឹងបញ្ចប់លោកវេជ្ជបណ្ឌិត លី ជាតិតា បានផ្ញើជាសារខ្លះៗក្នុងអត្តន័យសំណូមពរដល់សាធារណជន និងអ្នកជំងឺទាំងអស់សូមទទួលការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមិនថាករណីមានជំងឺសន្លាក់ប្រភេទណាមួយទេដើម្បីចៀសផុតពីផលវិបាកទៅថ្ងៃក្រោយពិសេសគឺឱកាសបង្កទៅជាជំងឺមួយផ្សេងទៀត។ លើសពីនេះ សូមកុំព្រងើយកន្តើយនឹងជំងឺប្រភេទនេះទោះវាមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយតែពិតណាស់វានឹងបង្កផលលំបាកជាច្រើនដោយប្រយោលដល់ការរស់នៅ។ ដូចគ្នាផងដែរ សូមថែរក្សាសុខភាពទូទៅរបស់អ្នកដោយផ្លាស់ប្តូរការហូបចុកក៏ដូចជាការរស់នៅឲ្យបានសមរម្យពោលគឺចៀសវាងអាហារមិនត្រឹមត្រូវ បញ្ឈប់ការជក់បារី ផឹកស្រា និងចាប់ផ្តើមរបបអាហារដែលមានអត្ថប្រយោជន៍ដូចជាបន្លែ ផ្លែឈើត្រី គ្រាប់ធញ្ញជាតិដែលមិនត្រឹមតែជួយដល់សុខភាពសន្លាក់ឆ្អឹងទេថែមទាំងសុខភាពទូទៅផងដែរ។ «ការមានសុខភាពល្អគឺហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង» នេះជាអនុសាសន៍ដ៏មានតម្លៃរបស់លោកវេជ្ជបណ្ឌិត លី ជាតិតា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top