Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រតិកម្មស្បែកត្រូវបានគេចាត់ទុកថាជាផលវិបាកមួយដែលទទួលបានពីការមានផ្ទៃពោះដោយសារតែសារពាង្គកាយរបស់មនុស្សស្រីមិនអាចសម្របបានជាមួយនឹងការបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ បញ្ហាទាំងនោះអាចមានដូចជាសង្វារ មុន និងជាំមុខជាដើម។ ១. មុន មនុស្សស្រីមួយចំនួនអាចនឹងសំណាងល្អ ព្រោះមុនរបស់គាត់បានថយចុះនៅពេលគាត់មានផ្ទៃពោះ។ ផ្ទុយទៅវិញ ស្ត្រីមួយចំនួនទៀត បែរជាឡើងមុនកាន់តែច្រើន ហើយសូម្បីតែកន្លែងដែលគាត់មិនធ្លាប់មានមុនសោះក៏អាចមានដែរពេលកំពុងមានផ្ទៃពោះ។ គ្រាប់មុនទាំងនេះ នឹងបាត់ទៅវិញក្រោយសម្រាល ប៉ុន្តែស្នាមខ្មៅដែលបន្សល់ពីគ្រាប់មុននេះ នឹងមិនងាយរលុបទេ ហើយថែមទាំងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តទៀតផង។ ២. ជាំមុខ ការមានផ្ទៃពោះ អាចធ្វើឲ្យមានការកើនឡើងនូវជាតិពណ៌របស់ស្បែកនៅកន្លែងខ្លះនៃរាងកាយ ជាពិសេសផ្ទៃមុខដែលយើងហៅថាជាំមុខ។ ការឡើងពណ៌ក្រម៉ៅនៅលើមុខនេះ ភាគច្រើនកើតឡើងនៅលើថ្ពាល់ ចង្កា និងថ្ងាស។ ការប៉ះពាល់នឹងកម្តៅក៏អាចធ្វើឲ្យការជាំមុខនេះកាន់តែធ្ងន់ធ្ងរឡើងដែរ។ ៣. សង្វារ សង្វារកើតឡើងនៅពេលដែលកូនក្នុងផ្ទៃរបស់អ្នកលូតលាស់លឿនជាងការលូតលាស់របស់ស្បែកពោះអ្នក។ នេះជាមូលហេតុដែលធ្វើឲ្យសរសៃយឺតនៅនឹងផ្ទៃខាងលើរបស់ស្បែកអ្នកប្រេះ និងបណ្តាលឲ្យមានស្នាមដែលហៅថាសង្វារ។

ចែករំលែក

នរណាក៏ដោយតែងតែជួបប្រទះនឹងភាពបរាជ័យ ព្រោះថាដំណើរជីវិតរបស់យើងម្នាក់ៗមិនអាចចៀសផុតពីបញ្ហា ឬឧបសគ្គផ្សេងៗនោះឡើយ ប៉ុន្តែអ្នកមិនត្រូវស្អប់ខ្លួនឯងនោះទេ។ ជាការពិតណាស់ ប្រសិនបើអ្នកចង់ទទួលបានការគោរព និងក្តីស្រលាញ់នោះ អ្នកត្រូវតែជាអ្នកទីមួយដែលត្រូវផ្តល់នូវតម្លៃទាំងពីរនោះដល់ខ្លួនឯង។ បុគ្គលម្នាក់ៗសុទ្ធតែអាចមិនពេញចិត្តនឹងខ្លួនឯងដោយសារមូលហេតុណាមួយ ដូចជា មានរាងមិនស្អាត មិនទទួលបានការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន ឬពេលដែលជួបនឹងភាពបរាជ័យក្នុងដំណាក់កាលណាមួយនៃជីវិតជាដើម។ មិនថាអ្នកតូចចិត្តនឹងខ្លួនឯងដោយសារហេតុផលអ្វីនោះទេ សូមធ្វើការសាកល្បងជាមួយនឹងវិធីទាំង១០ខាងក្រោម ដើម្បីកែប្រែផ្នត់គំនិតរបស់អ្នក ហើយស្រលាញ់ខ្លួនឯងជាងមុន។ ជឿជាក់លើខ្លួនឯង! អ្នកត្រូវតែប្រាកដប្រជាជាមួយនឹងអ្វីគ្រប់យ៉ាងដែលខ្លួនធ្វើដោយមានគោលដៅមួយច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួន។ វាក៏ជាវិធីមួយដែលអាចឲ្យអ្នកឈ្វេងយល់ពីសមត្ថភាពរបស់ខ្លួនផងដែរ ហើយអ្នកក៏អាចធ្វើការផ្លាស់ប្តូររឿងបែបណាក៏ដោយ ដោយខ្លួនឯងដែរ។ សូមព្យាយាមផ្លាស់ប្តូរពីរឿងតូចតាច ម្តងបន្តិចៗរហូតដល់បានក្លាយជារឿងធំមួយ។ ត្រូវតែម៉តចត់ ហើយជឿជាក់ និងស្រលាញ់ខ្លួនឯង។ គោរពខ្លួនឯង! ដើម្បីស្រលាញ់ខ្លួនឯង ដំបូងអ្នកត្រូវគោរពខ្លួនឯងជាមុនសិន។ ក្នុងនាមជាមនុស្សម្នាក់ គឺតែងតែងមានចំណុចល្អ និងអាក្រក់ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកផ្តល់តម្លៃលើខាងណាច្រើនជាង។ ហេតុដូច្នេះហើយ គិតបែបវិជ្ជមាន ហើយទុកចំណុចអាក្រក់មួយឡែកសិន។ ថែរក្សារាង! វាហាក់ដូចជាពិបាកជឿបន្តិច ប៉ុន្តែការដែលមានរាងសមល្មមពិតជាមានប្រយោជន៍ខ្លាំងណាស់។ ប្រសិនបើអ្នករាងធាត់ពេក ឬស្គមពេកនោះ អ្នកនឹងមិនមានទំនុកចិត្តលើការបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃនោះឡើយ។ ចង់ឲ្យឡើងទម្ងន់គឺងាយមែនទែន តែបើសម្រកវិញ គឺជាកិច្ចការមួយពិបាក។ ហើយការអង្គុយនៅលើកៅអីរកនឹកពីវិធីសម្រកទម្ងន់នឹងមិនបានជាប្រយោជន៍អ្វីឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺរៀបចំកាលវិភាគច្បាស់លាស់មួយសម្រាប់ខ្លួនឯង បូករួមជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំមួយ ដើម្បីរង់ចាំមើលលទ្ធផលដែលនឹងទទួលបាន។ ធ្វើបែបហ្នឹង អាចនឹងឲ្យទំនុកចិត្ត និងការគោរពខ្លួនឯងនឹងកើនឡើងផងដែរ។ ជួបជាមួយនឹងមនុស្សថ្មី! អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះនឹងបញ្ហាលំបាកក្នុងជីវិតនោះទេ ទេវតាផ្តល់ឲ្យមនុស្សគ្រប់គ្នានូវចំនួនស្មើគ្នានៃបញ្ហា និងដំណោះស្រាយ ប៉ុន្តែគ្រាន់តែក្នុងពេលខុសគ្នា ដោយអ្នកខ្លះសំណាងក៏រកឃើញដំណោះស្រាយក្នុងពេលខ្លី ហើយខ្លះទៀតត្រូវចំណាយពេលយូរ។ ការជួបជាមួយនឹងមនុស្សថ្មីជួយឲ្យអ្នករកឃើញខ្លួនឯង ហើយមានការលូតលាស់ខាងផ្លូវចិត្តគំនិត។ ព្យាយាមស្វែងរកមនុស្សដែលមានចំណូលចិត្ត និងក្តីស្រមៃដូចអ្នក ហើយធ្វើការចែករំលែកគ្នានូវអារម្មណ៍របស់ខ្លួន។ ខណៈនោះ ពួកគេនឹងគោរពស្រលាញ់អ្នក ហើយអ្នកក៏ដូចគ្នាដែរ អ្នកនឹងគោរពស្រលាញ់ខ្លួនឯងដែរ។ ស្តាប់អ្នកដទៃ តែធ្វើតាមបេះដូងរបស់អ្នក! វាអាចជាការគួរសមមួយក្នុងការស្តាប់គំនិត និងដំបូន្មានរបស់អ្នកដទៃ ប៉ុន្តែអ្នកមិនត្រូវផ្តល់ឱកាសឲ្យនរណាម្នាក់មានឥទ្ធិពលលើជីវិតរបស់អ្នកឡើយ។ ពេលដែលអ្នកអនុញ្ញាតឲ្យនរណាម្នាក់គ្របដណ្តប់លើអ្នក ទំនុកចិត្តរបស់អ្នកនឹងគិតឡើងសារជាថ្មី ហើយក៏លែងខ្លាំងក្លាដូចពីមុនដែរ។ ប្រសិនបើមានមិត្តណាម្នាក់ដែលតែងតែទាញយកប្រយោជន៍ពីអ្នកនោះ អ្នកមិនគួររក្សាចំណងមិត្តភាពនេះទៀតឡើយ។ គួរចំណាយពេលជាមួយមិត្តដែលមិនធ្វើឲ្យអ្នកស្ទាក់ស្ទើរលើទំនុកចិត្តរបស់អ្នក។ បន្តសម្រេចក្តីប្រាថ្នារបស់ខ្លួន! អ្នកត្រូវតែជម្រុញខ្លួនឯងឲ្យបន្តសម្រេចរាល់ក្តីប្រាថ្នារបស់ខ្លួនជាបន្តបន្ទាប់ ហើយវានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត។ ហើយទំនុកចិត្តនោះនឹងទាក់ទាញខ្លួនអ្នកឲ្យងាកមកចាប់អារម្មណ៍នឹងខ្លួនឯងកាន់តែខ្លាំងទៀត។ កំណត់ទិសដៅដែលត្រូវដើរ ហើយដើរឆ្ពោះទៅរកវាជាមួយនឹងការផ្តោតគោលដៅ១០០%។ មិនថាលំបាកយ៉ាងណា កុំបោះបង់ចោល!!! រៀបចំខ្លួនឲ្យបានស្អាត! «កុំវាយតម្លៃមនុស្សតាមរយៈសំបកក្រៅ» ប្រហែលជាអ្នកធ្លាប់បានលឺពាក្យមួយឃ្លានេះ តែសម័យនេះទៅហើយ មនុស្សភាគច្រើនសុទ្ធតែឲ្យតម្លៃលើលក្ខណៈខាងក្រៅដូចជាសម្លៀកបំពាក់ ទម្ងន់ រូបរាងកាយ និងអំណាចទឹកប្រាក់ ជាដើម។ វាមិនជាកិច្ចការអ្វីធំដុំនោះទេ ព្រោះថាការតុបតែងខ្លួនឲ្យបានស្អាតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយអ្នកដទៃទៀតសោតក៏និយាយសរសើរអ្នកផងដែរ។ ប្រាកដណាស់អារម្មណ៍ពេលត្រូវបានគេសរសើរ គឺអារម្មណ៍សប្បាយរីករាយ និងស្រស់ថ្លា។ ស្វែងរកនិមិត្តរូបផ្ទាល់ខ្លួន! និមិត្តរូបនឹងមិនធ្វើឲ្យអ្នកស្រលាញ់ខ្លួនឯងនោះទេ ប៉ុន្តែពួកគេនឹងជាកម្លាំងជម្រុញដោយប្រយោលដែលអាចឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលល្អជាងមុន។ តើអ្នកធ្លាប់មាននិមិត្តរូប ហើយតែងតែកោតសរសើររូបគេ និងស្រម៉ៃថាថ្ងៃណាមួយខ្លួននឹងធ្វើដូចជាគេដែរឬទេ? ពួកគេប្រៀបបានជាកម្លាំងជម្រុញទឹកចិត្តដែលធ្វើឲ្យអ្នករីកលូតលាស់ និងដើរកាន់តែឆ្ងាយនៅក្នុងដំណើរជីវិត ដោយដើរតាមគន្លងរបស់ពួកគេ។ ចាប់ផ្តើមស្រលាញ់ខ្លួនឯង! ប្រើចិត្តគំនិតរបស់អ្នកគិតទៅលើចំណុចខ្លាំង និងចំណុចវិជ្ជមានរបស់ខ្លួនឯង ព្រោះថាសុភមង្គលពិតប្រាកដ និងក្តីស្រលាញ់កតើចេញពីគំនិតបែបនោះ។ ធ្វើជាមនុស្សសុទិដ្ឋិនិយម ហើយត្រូវចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលខ្លួនមាន។ ពេលនោះអ្នកនឹងមិនចាំបាច់ខ្វល់ចិត្តក្នុងការដើររកមនុស្សដែលស្រលាញ់អ្នកឡើយ។ កុំតឹងតែងចំពោះខ្លួនឯងពេក! ការស្រលាញ់ខ្លួនឯងអាចនឹងត្រូវការពេលវេលាខ្លះ ហើយការដែលត្រូវបានគេចូលចិត្ត និងសរសើរក៏ត្រូវការពេលវេលាផងដែរ។ មនុស្សម្នាក់ៗមិនគួររំពឹងទុកច្រើនពេកនោះទេ អ្វីដែលគង់នឹងកើត វាគង់តែនឹងកើតទេ តែប្រសិនបើវាមិនកើត ទោះជាប្រឹងយ៉ាងណាក៏គ្មានន័យដែរ។ រឿងល្អៗប្រាកដជាចូលមកក្នុងជីវិតរបស់អ្នក ប៉ុន្តែវាក៏ត្រូវការពេលវេលាដែរ។ «វិធីខាងលើអាចនឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលតែងតែមានក្តីសុខ និងផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ និងស្រស់ថ្លា។ មិនថានៅទីកន្លែងណា ឬពេលវេលាណានោះទេ ត្រូវច្រានចោលនូវភាពខ្មាសអៀន ហើយបញ្ចេញនូវទំនុកចិត្តលើខ្លួនឯងដែលនឹងនាំមកនូវជោគជ័យសម្រាប់អនាគតរបស់អ្នក!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ...» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានគម្រោងអ្វីខ្លះឬនៅសម្រាប់ថ្ងៃ១៤ កុម្ភៈ ឆ្នាំហ្នឹង? មានកម្មវិធីពិសេសមួយចង់ណែនាំជូនអ្នក... គឺ កម្មវិធី«ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»   បើមានវិបត្តិមិនដឹងថាគួរជូនកាដូអ្វី...ទៅកាន់នរណាខ្លះ... អាចផ្តល់កាដូចេញពីក្នុងបេះដូងផ្ទាល់ ដើម្បីជួយជីវិតមនុស្សដែលជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការចែករំលែកសេចក្តីស្រលាញ់សម្រាប់មនុស្សជាតិផងដែរ... តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ... ចូលរួមនៅទីណា? មជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ថ្ងៃណា? ទិវានៃក្តីស្រលាញ់ (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧) ពេលណា? ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៤:៣០រសៀល តោះ!!! ចូលរួមទាំងអស់គ្នា ដើម្បីចែករំលែកក្តីស្រលាញ់!!! អាវ៎...ភ្លេចប្រាប់ទៅថា អ្នកផ្តល់ឈាមនឹងបានទទួលកាដូ ព្រមទាំងផ្កាកុលាបផងដែរ...

ចែករំលែក

នៅពេលដែលនិយាយដល់ Collagen តើអ្នកនឹងគិតដល់អ្វីមុនគេ? ជាការពិតណាស់ បញ្ហាទាក់ទងសម្រស់នឹងលេចឡើងមកមុនគេ ប៉ុន្តែអ្នកមានដឹងដែរទេថាជាក់ស្តែងការប្រើប្រាស់សារធាតុកូឡាជែនក្រោមរូបភាព ផ្សេងៗគ្នាក្នុងគោលបំណងរក្សាសុខភាពមានលើសពីនេះសន្ធឹកសន្ធាប់  ស្របពេលដែលមានការមន្ទិលសង្ស័យមួយចំនួនទាក់ទងនឹងប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពរបស់សារធាតុនេះផងដែរ។ តើអ្វីទៅជាកូឡាជែន(collagen)? Collagen ជាប្រូតេអ៊ីនដ៏សម្បូរម្យ៉ាងដែលមានលក្ខណៈរឹងមិនរលាយ និងរាងជាសរសៃៗ ដែលត្រូវបានផលិតក្នុងរាងកាយរបស់មនុស្សស្រាប់ ដោយកោសិកាមួយចំនួនពិសេសគឺកោសិកាហ្វីប្រូប្លាស (fibroblast) នៃជាលិកាភា្ជប់ (connectivetissue) ឆ្អឹងសាច់ដុំ ស្បែក សរសៃពួរជាដើម។ វាក៏ជាធាតុផ្សំដ៏សំខាន់របស់សក់ និងក្រចកផងដែរ។ វាត្រូវបានផ្សំឡើងពីអាស៊ីតអាមីនេចម្បង៣ គឺគ្លីស៊ីន(Glycine) ប្រូលីន(Proline) និងអ៊ីត្រូស៊ីប្រូលីន (Hydroxyproline)។  រីឯបំណែករបស់collagen ហៅថា gelatin មានតួនាទីមិនខុសពី collagen ឡើយ។ តើ Collagen មានប្រសិទ្ធភាពយ៉ាងណាខ្លះ? Collagen មាននាទីប្រៀបដូចជាអ្នកទ្រទ្រង់នូវរចនាសម្ព័ន្ធនានានៃសរីរាង្គឲ្យមានភាពរឹងមាំដោយវាធ្វើការភ្ជាប់ជាមួយគ្នាផងដែរនូវសរីរាង្គទាំងអស់នៃរាងកាយទាំងមូល។  លើសពីនេះ Collagen ក៏ត្រូវបានដឹងផងដែរថាអាចជួយជំនួសកោសិកាដែលងាប់ក៏ដូចជាជួសជុលឡើងវិញនូវជាលិកាដែលខូចខាតព្រមទាំងការពារការស្រូបយក និងការរីករាលដាលនៃសារធាតុដែលអាចបង្កជំងឺ មេរោគ និងកោសិកាមហារីកបានទៀតផង។ ដូចនេះហើយបានជា Collagen ត្រូវបាននិយមយកមកប្រើប្រាស់ក្នុងរូបភាពវេជ្ជសាស្ត្រ  និងគ្រឿងសម្អាងយ៉ាងទូលំទូលាយ៖ ១.ប្រើជាបង់សម្រាប់បិទរបួស ជាមួយនឹងឥទ្ធិពលក្នុងការធ្វើឲ្យរបួសឆាប់ជាសះស្បើយ Collagen ក៏ទាក់ទាញផងដែរនូវកោសិកាថ្មីៗឲ្យមកកាន់ទីតាំងរបួសដោយវាបង្កើតជាទម្រង់មួយសម្រាប់កោសិកាថ្មីៗអាចលូតលាស់បានល្អ និងជម្រុញឲ្យមុខរបួសឆាប់ជា។ គួរកត់សម្គាល់ថាបង់ប្រភេទនេះ មិនគួរជ្រើសរើសប្រើប្រាស់សម្រាប់ការរលាកកម្រិតធ្ងន់ដែលមានដំបៅគ្របដណ្តប់ដោយក្រម៉ស្ងួត ឬក៏អ្នកជំងឺដែលមានប្រតិកម្មជាមួយនឹងផលិតផលពីសត្វគោ ឬសត្វសមុទ្រឡើយ។ ២.ប្រើប្រាស់ក្នុងវិស័យកែសម្ផស្ស ការចាក់បំពេញសារធាតុ Collagen ទៅក្នុងស្បែកត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យប្រសើរឡើងនៅត្រង់បរិវេណស្បែកដែលជ្រីវជ្រួញ ក៏ដូចជាសម្លាកផ្សេងៗផងដែរពិសេសគឺប្រហោងមុខដោយសារមុនជាដើម។ គួរបញ្ជាក់ផងដែរថា Collagenនឹងត្រូវបានចាក់បំពេញតែតំបន់ស្បែកផ្នែកខាងលើប៉ុណ្ណោះ និងអាចរក្សាប្រសិទ្ធភាពបានរយៈពេលរហូតដល់ទៅ៦ខែ។ ចំពោះការខូចខាតនៃស្បែកនៅជ្រៅច្រើនបំពេញដោយសារធាតុខ្លាញ់ស៊ីលីកូនឬក៏ប្រើប្រាស់បច្ចេកវិទ្យាអ៊ីមផ្លានតែម្តង។ យ៉ាងណាមិញ ការជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រនេះត្រូវបានប្រុងប្រយ័ត្នខ្លាំងចំពោះអ្នកដែលមានប្រតិកម្ម ឬក៏អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ និងតម្រូវឲ្យមានការធ្វើតេស្តលើស្បែកជាមុនជាចាំបាច់។ ដោយឡែក ការបង្កើនកម្រិត Collagen ក្នុងខ្លួនឡើងវិញដោយការប្រើប្រាស់ Collagen ក្នុងទម្រង់ផ្សេងៗទៀតក៏អាចជួយឲ្យស្បែកមើលទៅមានសភាពតឹងណែន រលោង និងជួយឲ្យកោសិកាថ្មីៗដុះព្រមទាំងជួសជុលនូវកោសិកាចាស់ៗមកធម្មតាទៀតផង។ ក្រៅពីនោះ សុខភាពសក់ក្រចកនិងធ្មេញក៏នឹងប្រសើរឡើង ដោយឥទ្ធិពលនៃCollagen នេះដូចគ្នា។ ៣.វិធីសាស្ត្រតម្រង់ទិសនៃការកកើតថ្មីរបស់កោសិកា(GTR) ក្នុងការវះកាត់មាត់ធ្មេញ, Collagen ដែលមានទម្រង់ជាស្រទាប់របាំង (membrane) ត្រូវបានប្រើក្នុងគោលបំណងជម្រុញការលូតលាស់របស់កោសិកាជាក់លាក់ណាមួយដោយវាក្លាយជារបាំងសម្រាប់បន្ថយល្បឿននៃកោសិកាអេប៉ីតេល្យូម(Epithelium) របស់អញ្ចាញដែលអាចរំកិលទៅដល់ត្រង់មុខរបួសនោះដើម្បីទុកចន្លោះសម្រាប់កោសិកាថ្មីៗ របស់ធ្មេញឲ្យដុះឡើងវិញបានល្អ។ ម្យ៉ាងទៀត ដោយសារ Collagen អាចស្រូបទៅវិញដោយកោសិកា និងត្រូវបានបំផ្លាញទៅវិញដោយឯកឯងដូចនេះអ្នកជំងឺមិនចាំបាច់តម្រូវឲ្យទទួលយកការវះកាត់ម្តងទៀត ដើម្បីដករបាំងCollagen នេះចេញវិញឡើយ។     ៤.Collagen ក្នុងការព្យាបាលរលាកសន្លាក់ឆ្អឹង ដោយយោងទៅលើប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ Collagen ត្រូវបានជ្រើសរើសមកប្រើប្រាស់ក្នុងជំងឺរលាកសន្លាក់ឆ្អឹង។ ប្រសិទ្ធភាពនេះបានមកដោយសារ Collagen ដែលប្រមូលផ្តុំនៅក្នុងឆ្អឹងខ្ចីទៅជួយភ្ញោចកោសិកាដែលនៅក្នុងសន្លាក់ហៅថា Chondrocytes ឲ្យផលិតសារធាតុដែលស្ថិតនៅក្រៅកោសិកា (Extracellular matrix) ដែលធានាមុខងាររបស់ឆ្អឹងខ្ចី។ ដោយឡែក ត្រង់តំបន់សន្លាក់ឆ្អឹងនេះផ្ទាល់ ប្រសិនបើមានកង្វះ Collagen កើតឡើងនឹងធ្វើឲ្យសរសៃពួរក៏ដូចជាសរសៃភា្ជប់ធ្វើចលនាមិនសូវស្រួលនាំឲ្យមានភាពគាំងនិងហើមសន្លាក់និងបញ្ហាដទៃទៀត។ ៥.ជម្រុញមេតាបូលីស និងបង្កើនថាមពល គ្លីស៊ីន (Glycine) ដែលមានក្នុង collagen នឹងជួយក្នុងការស្រូបយកស្ករចូលទៅក្នុងកោសិកា ដើម្បីធ្វើការផលិតថាមពល។ មិនតែប៉ុណ្ណោះ វាក៏ជួយក្នុងការកសាងសាច់ដុំផងដែរដោយវាទៅដុតរំលាយកាឡូរីច្រើនជាងខ្លាញ់នៅក្នុងសាច់ដុំ។ ៦.បណ្តេញជាតិពុលនៅក្នុងខ្លួន គ្លីស៊ីន (Glycine) នឹងទៅកាត់បន្ថយការខូចខាតនៃថ្លើមដោយវាធ្វើការបឺតស្រូបសារធាតុខាងក្រៅផ្សេងៗមិនឲ្យឆ្លងកាត់ថ្លើម។ លើសពីនោះ វាក៏ជួយឲ្យរាងកាយចៀសផុតពីសារធាតុគីមីជាច្រើន  និងកសាងឡើងវិញនូវសុខភាពផ្លូវអាហារផងដែរ។ តើអ្នកអាចបាន Collagen ដោយរបៀបណា? •ការលូតលាស់នៃ Collagen, elastin និងMelanin សុទ្ធតែអាចភ្ញោចតាមរយៈការព្យាបាល ដោយកាំរស្មីឡាស៊ែរដែលប្រើប្រាស់នូវបច្ចេកវិទ្យានៃពន្លឺដែលមានកម្រិតរលកខ្លាំង។ វិធីសាស្ត្រមួយនេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលស្នាមសង្វារ។ •សារធាតុចិញ្ចឹមមួយចំនូនទៀតដែលអាចទ្រទ្រង់ការផលិត ឬស្រូបយកព្រមទាំងបំលែង Collagenឲ្យប្រើការបានរួមមាន៖ •Proline ដែលច្រើនមាននៅក្នុងស៊ុតផ្នែកស សាច់ ឈីស សណ្តែក និងស្ពៃក្តោប •Anthocyanidins ដែលមាននៅក្នុងផ្លែឈើមួយចំនួនដូចជាប្លេកប៊ែរី ប្លូប៊ែរី ឆៀរី និងរ៉ាស់ប៊ែរី •Vitamin C អាចរកបាននៅក្នុងផ្លែក្រូច ស្ត្រូប៊ែរី ម្រេចនិង ផ្កាស្ពៃ •Vitamin A សម្បូរនៅក្នុងអាហារធ្វើពីសាច់សត្វនិង រុក្ខជាតិមួយចំនួនដែលមានផ្ទុក betacarotene •Copper ដែលមាននៅក្នុងខ្យង គ្រាប់ធញ្ញជាតិ សាច់ពណ៌ក្រហម និងនៅក្នុងទឹករ៉ែសម្រាប់បរិភោគមួយចំនួនផងដែរ។ តើ collagen នឹងត្រូវបំផ្លាញឬបាត់បង់នៅពេលណា? ខណៈពេលដែល collagen ត្រូវបានសំយោគនៅក្នុងរាងកាយរបស់មនុស្សដោយធម្មជាតិ វាក៏អាចនឹងបាត់បង់ទៅវិញផងដែរដោយកត្តាទាំងក្នុង និងក្រៅខ្លួនជាច្រើនរួមមាន៖ •វ័យ ការបាត់បង់នៃ Collagen នឹងកើតមានជាបន្តបន្ទាប់ និងកើនឡើងជាពិសេសចាប់ពីអាយុ៤០ ឆ្នាំឡើងទៅហើយចំពោះស្ត្រីក្រោយវ័យអស់រដូវវិញការបាត់បង់របស់វាជាលទ្ធផលធ្វើឲ្យមានបញ្ហាសុខភាពក៏ដូចជាសម្រស់យ៉ាងគួរឲ្យកត់សម្គាល់ដូចជា ស្បែកយារធ្លាក់ លេចឡើងនូវស្នាមជ្រីវជ្រួញ និងភាពចុះទន់ខ្សោយនៃឆ្អឹងខ្ចីនៅនឹងសន្លាក់ផងដែរ។ •ពេលមានបញ្ហាសុខភាពណាមួយ ឬមានភាពតានតឹងអារម្មណ៍    អំឡុងពេលនេះ មិនត្រឹមតែមានការខូចខាត Collagen ទេខ្លួនប្រាណរបស់អ្នកក៏មិនអាចផលិតគ្រប់គ្រាន់នូវអាស៊ីតអាមីនេដោយខ្លួនឯងបានឡើយហើយលើសពីនេះតម្រូវការនៃសារធាតុសំខាន់ៗទាំងនេះក៏មានការកើនឡើងផងដែរដូចនេះជំនួយពីអាហារបំប៉នពីក្រៅពិតជាសំខាន់។ •ការបរិភោគស្ករក្នុងបរិមាណខ្ពស់ អាហារមានកម្រិតជាតិស្ករខ្ពស់អាចបង្កើតឲ្យមានចលនាការមួយដែលស្ករនៅក្នុងឈាមទៅភ្ជាប់ជាមួយប្រូតេអ៊ីនបង្កើតជាផលិតផលថ្មីមួយដែលទៅបំផ្លាញ ប្រូតេអ៊ីនដែលនៅជិតៗដែលក្នុងនោះក៏រួមមានទាំង Collagen ផងដែរជាហេតុធ្វើឲ្យវាមានសភាពស្ងួត ទន់ខ្សោយ និងផុយស្រួយងាយនឹងខូចខាត។ •ការជក់បារី សារធាតុគីមីដែលមាននៅក្នុង បារីអាចទៅបំផ្លាញទាំង Collagenនិង Elastin រីឯសាធាតុនីកូទីនក៏ជះឥទ្ធិពលដល់សរសៃឈាមដែលធ្វើការនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកោសិកាផងដែរ។ •ពន្លឺព្រះអាទិត្យ កាំរស្មីស្វាយអុលត្រាពីព្រះអាទិត្យ អាចធ្វើឲ្យ Collagen បាក់បែកហើយ ថែមទាំងអាចធ្វើឲ្យមានការកកើតនៃ Elastin ជាមួយនឹងលក្ខណៈខុសប្រក្រតីដែលជម្រុញឲ្យមានការផលិតអង់ស៊ីមទៅបំផ្លាញ collagen បន្ថែមទៀត។ •ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ការប្រឆាំងនឹងខ្លួនឯង) ករណីខ្លះនៃភាពមិនធម្មតានៃប្រ-ព័ន្ធភាពស៊ាំ គឺធ្វើឲ្យមានការផលិតអង់ទីករដែលប្រឆាំងផ្ទាល់ នឹងប្រូតេអ៊ីនរបស់ខ្លួនឯងផ្ទាល់ក៏អាចរួមមានទាំង Collagen ផងដែរ។ ការប្រើប្រាស់ Collagen ពីផលិតផលខាងក្រៅអាចមានផលរំខានអ្វីខ្លះ? •ការកើនឡើងខ្ពស់នូវកម្រិតកាល់ស្យូមនៅក្នុងខ្លួន ជាពិសេសសម្រាប់  Collagen ដែលមានប្រភពពីឆ្អឹងខ្ចីរបស់ត្រីឆ្លាម និងខ្យងច្រើនផ្ទុកនូវបរិមាណដ៏ច្រើននៃកាល់ស្យូម ហើយជាក់ស្តែងភាពលើសលប់នេះនឹងបង្ហាញឡើងតាមរយៈអាការៈមួយចំនួនដូចជា ការទល់លាមក ការឈឺឆ្អឹងអស់កម្លាំង ក្អួតចង្អោរ និងមានចង្វាក់បេះដូងមិនប្រ-ក្រតីផងដែរ។ កាន់តែត្រូវប្រុងប្រយ័ត្នក្នុងករណីដែល Collagenត្រូវបានប្រើប្រាស់ជាមួយអាហារបំប៉នផ្សេងទៀតដែលមានផ្ទុកសារធាតុកាល់ស្យូមដូចគ្នា។ •ការមានប្រតិកម្មជាមួយនឹងសារធាតុនៃផលិតផល ដោយសារប្រភពនៃ Collagen ដែលចម្រាញ់ចេញពីសត្វសមុទ្រ ឬស៊ុត ដូចនេះប្រតិកម្មអាចកើតមានឡើងជាពិសេសជាមួយក្មេងៗ។ ដូចនេះ ការធ្វើតេស្តមុនប្រើប្រាស់ពិតជាសំខាន់។ •ផ្តល់នូវរសជាតិនិងក្លិនមិនល្អជាប់នៅក្នុងមាត់ ការប្រើប្រាស់ផលិតផល Collagen ជាមួយទឹកផ្លែឈើដើម្បីបិទបាំងរសជាតិនិងក្លិនមិនល្អរបស់វាអាចនិយមប្រើប្រាស់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផ្លែឈើដែលមានសារធាតុអាស៊ីតដូចជា ក្រូច ប៉ោម ទំពាំងបាយជូ ប៉េងប៉ោះ ដោយសារវាអាចកាត់បន្ថយឥទ្ធិពលរបស់ Collagen បាន។ •ការបាត់បង់ចំណង់អាហារ អាចនឹងកើតមាននៅអំឡុងពេលប្រើប្រាស់វាផងដែរដូចនេះការប្រើប្រាស់ខុសពីគោលបំណងក្នុងការសម្រកទម្ងន់នឹងក្លាយទៅជាផលរំខានទៅវិញ។ ទោះបីផលរំខានទាំងនេះកើតមានក្នុងភាគរយតិចក៏ដោយ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសប្រើប្រាស់ ប្រភេទ Collagen ប្រភេទណាមួយ អ្នកគប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬក៏អ្នកជំនាញសើស្បែកណាមួយ ដើម្បីធានាឲ្យបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចៀសផុតពីផលរំខានក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ។

ចែករំលែក

កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ     •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ?

ចែករំលែក

កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។ សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ... បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន   មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។ សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន   សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។ រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។ កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។ បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ   សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។ ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។ ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។ បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។ បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។ ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។ កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។

ចែករំលែក

ធ្លាប់គិតថាសម្រាប់ឆ្នាំថ្មីនេះចង់កែប្រែខ្លួនឯងខ្លះអត់? ពិតណាស់!!! មនុស្សមួយចំនួនចង់កែប្រែទម្លាប់ ខ្លះចង់កែប្រែអត្តចរិត ខ្លះចង់កែប្រែការរស់នៅ ក្នុងខណៈដែលមនុស្សភាគច្រើនចង់ផ្លាស់រូបរាងរបស់ពួកគេ។ វាជារឿងពិតដែលពិបាកនឹងប្រកែក មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានរាងតូច ស្លីម ស្អាត ដែលអ្នកខ្លះព្យាយាមអត់អាហារ និងហាត់ប្រាណ ប៉ុន្តែសួរថា មនុស្ស ប៉ុន្មាននាក់ដែលជោគជ័យ? ក្នុងខណៈនេះ អេមេដគ្លីនិកចង់បង្ហាញពីវិធីថ្មីដែលអាចជួយឲ្យអ្នកទទួលបានរាងស្អាតសិចស៊ី ដែលក្នុងនោះមានវីធី3យ៉ាងដែលអ្នកអាចជ្រើសរើសបាន។ វិធីទី1៖ សេវាកម្ម Slim Vaser ជាវិធីដែលមានប្រសិទ្ធិភាពបំផុតដែលអាចទទួលលទ្ធផលបានដល់ទៅ 60% បន្ទាប់ពីធ្វើសេវាកម្មរួច។ Slim Vaser គឺការសម្រក រាងដោយការបូមខ្លាញ់ ចេញពីរាងកាយតាមផ្នែកផ្សេងៗ។ ខ្លាញ់ដែលបានបូមចេញមកគឺជាខ្លាញ់ដែលមិនមានអត្ថប្រយោជន៍ដល់រងកាយ។ ការបូមខ្លាញ់នៅអេមេដគ្លីនិកគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតជនជាតិថៃមានជំនាញមកពីបរទេស ព្រមទាំងមានបទពិសោធន៍យូរឆ្នាំ។ ការបូមខ្លាញ់មិនមានភាពឈឺចាប់ ឬផលប៉ះពាល់ដល់សុខភាពនោះទេ និងមានមុខរបួសតូចប៉ុណ្ណោះ។ បន្ទាប់ពីបូមរួចអ្នកអាចដើរលេង ឬធ្វើការបានធម្មតាដោយមិនចាំបាច់សម្រាកដូចការវះកាត់ឡើយ។ វិធីទី2៖ សេវាកម្ម Slim Shape សេវាកម្ម Slim Shape គឺស័ក្តិសមសម្រាប់អ្នកដែលខ្លាចការវះកាត់ និងបូមខ្លាញ់។ វាគឺជាការសម្រករាង និងបន្តឹងតាមផ្នែកផ្សេងៗដូចជាភ្លៅ ដើមដៃ និងក្បាលពោះតាមរយៈការម៉ាស្សាដោយម៉ាស៊ីន។ ការម៉ាស្សាដោយម៉ាស៊ីនមានច្រើនដំណាក់កាលដែលពិតជាអាចជួយឲ្យអ្នកទទួលបានរាងស្អាត ហើយការម៉ាស្សានេះមិនមានភាពឈឺ ចាប់ ឬប៉ះពាល់ដល់សុខភាពទេ។ លោក ខាត់ វៃហាំង និងលោក ជា លាងឈែ តារាសម្តែងដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសយកសេវាកម្ម Slim Shape ពីអេមេដគ្លីនិកផងដែរដោយសារតែភាពមមាញឹកនឹងការងារសិល្បៈ មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។ ពួកគាត់ពិតជាពេញចិត្តនឹងលទ្ធផលដែលទទួលបាន ក៏ព្រោះតែSlimShape អាចជួយថែរក្សារាងពួកគាត់ឲ្យនៅតែស្អាត។ វិធីទី3៖ ផលិតផលសម្រាប់ទទួលទាន ក្រៅអំពីសេវាកម្ម អេមេដគ្លីនិកក៏មានជាផលិតផលសម្រាប់យកទៅទទួលទាននៅផ្ទះផងដែរ។ផលិតផលទាំងនេះពិតជាស័ក្តិសមសម្រាប់អ្នកដែលមានភាពមមាញឹក មិនអាចមកទទួលសេវាកម្ម។ Messo Body Shock ជាផលិតផលថ្មីដែលទើបមកដល់កម្ពុជាតាមរយៈ អេមេដគ្លីនិក។ Messo Body Shock គឺត្រូវបានរកឃើញ និងផលិតនៅ ប្រទេសអេស៉្បាញ។ វាជាប្រភេទកូឡាជែនដែលមានតួនាទីជួយរក្សាទម្ងន់ ទប់ស្កាត់ជាតិខ្លាញ់មិនឲ្យកើនឡើង ហើយអ្នកនឹងទទួលបានលទ្ធផលកាន់ តែល្អបើសិនជាអាចតមអាហារដែលមានកាឡូរីខ្ពស់មួយចំនួន។ ផលិតផលមួយទៀត គឺមានឈ្មោះថា Super Slim ជាប្រភេទអាហារបំប៉ន វាមាន តួនាទីរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួន និងជួយទប់ស្កាត់ការកកនៃ ខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ផលិតផលរបស់អេមេដមិនមែនជាផលិត ផលដែលមានដាក់លក់លើទីផ្សារធម្មតានោះទេ ហើយវាក៏មិនមានផលប៉ះពាល់ដល់សុខភាពដូចជាផលិតផលដែលមិនគួរឲ្យទុកចិត្តមួយចំនួន ផងដែរ។ ផលិតផលរបស់របស់អេមេដគឺសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល។ ទាំងអស់នេះ គឺសុទ្ធតែជាជម្រើសដ៏ល្អដែលអាចជួយឲ្យលោកអ្នកផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់សម្រាប់ឆ្នាំថ្មីបាន។ រូបរាងស្រស់ស្អាតនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានភាពងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ជាងពេលដែលមានរូបរាងធាត់។ សូមមកទទួលយកការផ្លាស់ថ្មីសម្រាប់ខ្លួនឯងនៅទីនេះ អេមេដ គ្លីនិករីករាយនឹងជួយឲ្យអ្នកទទួលបានភាពស្រស់ស្អាតដែលអ្នកតែងប្រាថ្នាចង់បាន។ Happy New You on New Year 2017!!! ទំនាក់ទំនង: Hotline    :     010 270 999/ 092 226 688 Facebook page: Amed Cambodia Line: AMED07 AMEDCambodia Instagram: AMED_Cambodia Email: amedcambodia855@gmail.com

ចែករំលែក

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖ កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។ ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។ បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។ អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។ ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។ ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។ ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។ និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ?

ចែករំលែក

ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី… តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ    ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន… ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។ ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។ ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។ ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។ ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។ ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។ ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។  ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។ ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…

ចែករំលែក

ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។ ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។ តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។  បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។ តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។ តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា     អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។ តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។ ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។

ចែករំលែក

ស្រកទម្ងន់ជោគជ័យក៏អាស្រ័យនឹងភាពឆ្លាតរបស់អ្នកដែរ  មិនមែនគ្រប់សកម្មភាពសុទ្ធតែមានប្រយោជន៍   តែក៏មិនមែនគ្រប់ចំណុចសុទ្ធតែត្រូវចៀសវាងនោះទេ អញ្ចឹង  តើចំណុចណាខ្លះដែលអ្នកគួរធ្វើ    និងណាខ្លះមិនគួរធ្វើ? Dos 1.ញ៉ាំអាហារឲ្យបានទៀងទាត់៖    វាពិតជាមានសារសំខាន់បំផុត   ដែលជួយដល់ការសម្រកទម្ងន់។ ទោះជាអំឡុងពេលតមអាហារក៏ដោយ ក៏មិនត្រូវ អត់អាហារមួយពេលណាមួយឡើយ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី   ប៉ុន្តែក្នុងបរិមាណសមរម្យ។ 2.ព្យាយាមធ្វើអាហារដោយខ្លួនឯង៖  ទោះជាអាហារដែលធ្វើខ្លួនឯង    ពេលខ្លះរសជាតិពិបាកទទួលយកបន្តិច តែយ៉ាងហោចណាស់អ្នកក៏ដឹងថាក្នុងម្ហូបរបស់អ្នកមានគ្រឿងផ្សំអ្វីខ្លះ ហើយក៏អាចដឹងថាវាល្អសម្រាប់អ្នកឬក៏អត់ដែរ។ 3.គួរធ្វើចលនា បន្ទាប់ពីញ៉ាំអាហារ៖  ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម    ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។ 4.ញ៉ាំទឹកឲ្យបានច្រើន៖  មិនមែន ពេលនឹកឃើញទើបញ៉ាំឲ្យច្រើនទេ តែគួរញ៉ាំ ម្តងបន្តិចតែញឹកញាប់។  5.បិទរូប Idol របស់អ្នក៖  យករូប Idol ដែលអ្នកចង់បានរូបរាងដូចគាត់ មកធ្វើជាការលើកទឹកចិត្ត។ ប្រៀបដូចជាការដាស់ញាណកុំឲ្យភ្លេចនូវអ្វីដែលអ្នកកំពុងធ្វើ។  6.ធ្វើបញ្ជីសម្រាប់ទៅផ្សារ៖  កំណត់អ្វីដែលត្រូវទិញឲ្យច្បាស់ ចៀសវាងការទិញរបស់ដែលញ៉ាំទៅឡើងគីឡូ ដូចជានំកញ្ចប់ ឬប័រសណ្តែកជាដើម។   ពេលទៅផ្សារត្រូវធ្វើតាមបញ្ជីអាហារ ដើម្បីគ្រប់គ្រងលើការញ៉ាំរបស់ខ្លួន។ 7.អានស្លាកសញ្ញាលើកញ្ចប់អាហារ៖  គួរព្យាយាមមើលស្លាកសញ្ញាអាហាររូបត្ថម្ភ ដែលដាក់បង្ហាញលើកញ្ចប់ដើម្បីជ្រើសរើស   អាហារដែលមានជាតិស្ករ និងខ្លាញ់ទាប។ 8. សម្ភារៈផ្ទះបាយ អ្នកគួរប្រើប្រាស់របស់របរក្នុងផ្ទះបាយដែលជួយជម្រុញទឹកចិត្តអ្នក  ដូចជាប្រើចាន ឬឆ្នាំងតូច ខ្យូតៗ ដែលអាចឲ្យអ្នកញ៉ាំអាហារតិចជាងមុន។ Dont’s 1.កុំរំលងអាហារពេលព្រឹក៖    ការមិនញ៉ាំអាហារពេលព្រឹក មិនអាចជួយអ្នកឲ្យស្រកទម្ងន់បានទេ។ បើអ្នកធ្វើដូចនេះ  អ្នកនឹងបាត់បង់អាហារូបត្ថម្ភដ៏សំខាន់ ដើម្បីទ្រទ្រង់អ្នកសម្រាប់ថ្ងៃថ្មី និងធ្វើឲ្យអ្នកញ៉ាំអាហារសម្រន់ច្រើនជាងធម្មតា   ទប់ទល់នឹងការឃ្លាន។ 2.កុំធ្វើលំហាត់ប្រាណធ្ងន់ធ្ងរពេក៖  ការហាត់ប្រាណបានរួមចំណែកក្នុងការសម្រកទម្ងន់ តែកុំធ្វើវាឲ្យខ្លាំងក្លាពេក  ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង និងអាចធ្វើឲ្យមានបម្រែបម្រួលដល់ការញ៉ាំអាហាររបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរកំណត់មិនឲ្យលើសពី ៣០នាទី និង៣ ទៅ៥ថ្ងៃទេក្នុងមួយសប្តាហ៍។  3.កុំស្តុកទុកអាហារកញ្ចប់នៅក្នុងផ្ទះ៖   ស្បៀងអាហារសម្រាប់ញ៉ាំនៅផ្ទះ មិនគួរជាប្រភេទសូកូឡា នំស្រួយ ឬភេសជ្ជៈដែលមានឧស្ម័នច្រើន ព្រោះវាជាឧបសគ្គក្នុងការសម្រកទម្ងន់របស់អ្នក។ ជំនួសឲ្យអាហារទាំងនោះអ្នកគួររក្សាទុកអាហារដែលមានសុខុមាលភាពដូចជា ផ្លែឈើ នំធ្វើពីស្រូវសាលី ឬគ្រាប់ធញ្ញជាតិផ្សេងៗ និងទឹកផ្លែឈើដែលគ្មានជាតិហ្គាស សម្រាប់ញ៉ាំលេង។ 4.កុំញ៉ាំពេលមើលទូរទស្សន៍ ឬកំពុងធ្វើការ៖  ការធ្វើសកម្មភាពអ្វីមួយបណ្តើរ ញ៉ាំបណ្តើរ មិនមែនជាទង្វើត្រឹមត្រូវទេ   ព្រោះអ្នកមិនបានយកចិត្តទុកដាក់លើការញ៉ាំហើយអាចឈានដល់ការញ៉ាំលើសបរិមាណកំណត់។  5.កុំមើលរូបភាពអាហារក្នុងFacebook៖   កុំសូវLike page អាហារច្រើនពេក និងមើលរូបភាពអាហារពិសេសនៅពេលយប់ ព្រោះវាអាចភ្ញោចការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យអ្នកឃ្លានបាន។ 6.កុំចូលគេងយប់ជ្រៅពេក៖   ការចូលគេងយប់ជ្រៅ ហើយចាំគេងសងពេលថ្ងៃ   បានបង្កើនការឃ្លានអាហារ ធ្វើឲ្យអ្នកញ៉ាំអាហារ ច្រើនជាងធម្មតានិងងាយឡើងទម្ងន់ទៀតផង។   ការគេងមិនបានគ្រប់គ្រាន់  ធ្វើឲ្យខ្លួនអ្នកត្រូវការជាតិស្ករ និងខ្លាញ់ច្រើនជាងមុន។ 7.កុំទៅហាត់ប្រាណតែឯង៖   គួរតែទៅហាត់ប្រាណជាមួយមិត្ត ឬបង្កើនមិត្តភាពឲ្យបានច្រើននៅកន្លែងហាត់ប្រាណ   ដើម្បីមានគ្នាជជែកលេង កុំឲ្យអផ្សុក និងអាចជួយដាស់តឿនគ្នា កុំឲ្យភ្លេចពេលទៅហាត់ប្រាណ។ 8.កុំខ្លាចនឹងនិយាយពាក្យថា «ទេ»៖  ការជួបមិត្តភក្តិញ៉ាំអាហារជុំគ្នាតែងតែមាន  តែកុំឲ្យញឹកញាប់ពេកអី។  អ្នកអាចរកលេសអីផ្សេងៗ ឬប្រាប់ថាអ្នកកំពុងសម្រកទម្ងន់ ដើម្បីបដិសេធចំពោះការជួបជុំនានា។ ជាចុងក្រោយ នៅតែចំណុចមួយទៀតទេ   គឺថាអ្នកចង់ធ្វើវា ឬក៏អត់...កុំបានតែអាន ឬស្តាប់ហើយ ក៏មិនចេញជាសកម្មភាពអ្វីសោះនោះ...ហើយដើម្បីសម្រេចគោលបំណងធំ បានអ្នកមិនគួរមើលរំលងចំណុចតូចៗខាងលើនេះទេ...

ចែករំលែក

បែបមិនបានដឹងទេថា  ការដែលអ្នកដើរកម្សាន្តម្តងៗ  ពេលខ្លះក៏អាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន? នេះគឺដោយសារតែការដើរលេងរមែងមានការញ៉ាំនេះ ញ៉ាំនោះ ដោយមិនសូវបានចាប់អារម្មណ៍ពីការលើសកាឡូរី ដោយសារតែមានអារម្មណ៍ហត់ផង និងចង់ភ្លក្សរបស់ប្លែកៗមិនចេះឈប់ផង ជាពិសេសមិនងាយគេចផុតទេ ពិធីជប់លៀងពេលយប់ដែលសម្បូរអីញ៉ាំឆ្ងាញ់ៗ ភេសជ្ជៈផ្អែមៗ ឬអាល់កុល ដែលកាន់តែធ្វើឲ្យអ្នកប្រឈមនឹងការឡើងគីឡូ បើមិនច្រើន ក៏តិចដែរ.... អញ្ចឹង...  មិនមានន័យថា   អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ    គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ... ១ ត្រៀមអាហារសម្រន់ អ្នកគួរត្រៀមនូវអាហារសម្រន់ប្រភេទជាផ្លែឈើស្រស់ដូចជា ផ្លែប៉ោម ឬផ្លែចេក ទៅតាមកាបូប ឬកន្រ្តកស្បៀង នៅពេលអ្នកត្រូវដើរកម្សាន្ត។ អត្ថប្រយោជន៍នៃអាហារសម្រន់នេះគឺ  សម្បូរដោយជាតិសរសៃ និងមិនមានកាឡូរីខ្ពស់ ដូចប្រភេទអាហារស្រាប់មួយចំនួន ហើយអាចជួយឲ្យអ្នកមិនសូវឃ្លានតាមតែចិត្តចង់      ព្រមទាំងសម្រួលការបន្ទោរបង់របស់អ្នកទៀតផង។ ២ គេងឲ្យបានគ្រប់គ្រាន់ ពិតណាស់ដែលថាពេលដើរលេងអ្នកបា្រកដជាគេងបានតិច ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនងាយស្រកទម្ងន់នោះទេ បើអ្នកគេងមិនគ្រប់គ្រាន់។ វាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទ្វេដងប៉ុណ្ណោះទេ  ថែមទាំងបង្កើននូវចំណង់អាហារថែមទៀត  ពេលនោះ អ្នកនឹងញ៉ាំកាន់តែច្រើន។     ដូចនេះ  យកល្អអ្នកមិនគួរគ្រោងដំណើរកម្សាន្តដែលប្រញាប់ប្រញាល់ពេកនោះទេ។ ៣ កម្សាន្តបែបដើរ បើបានជាជ្រុលមកដើរលេង  គួរតែដើរឲ្យបានច្រើន ដើរច្រើនកាលណាអ្នកនឹងបានឃើញទេសភាពច្រើនប៉ុណ្ណោះដែរ។ ការដើរអាចជួយដុតបំផ្លាញកាឡូរីដែលលើសបានប្រហែលពី១៣៧ ទៅ២៧៧កាឡូរីក្នុងមួយម៉ោងអាស្រ័យនឹងល្បឿននៃការដើរ និងទម្ងន់របស់អ្នកផ្ទាល់។ ៤ រក្សាការញ៉ាំទឹក ពេលដើរលេង អ្នកប្រាកដណាស់ប្រឈមជាមួយនឹងការប្រែប្រួលអាកាសធាតុ  បរិស្ថាន  រួមនឹងសកម្មភាពដែលធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូចនេះ  អ្នកគួរយកទឹកតាមខ្លួនជាការប្រសើរមិនត្រឹមតែបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឃ្លានបានមួយកម្រិតទៀតផង។ តែប៉ុណ្ណេះ លែងបារម្ភរឿងដើរលេងហើយឡើងគីឡូទៀតហើយ...ដើរម៉ាអស់ដៃហ្មងទៅ៎!!! 

ចែករំលែក
Top