Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សុខុមាលភាពសម្រាប់ជីវិតគឺជាភាពសុខស្រួល សុខភាពរឹងមាំ និងភាពសប្បាយរីករាយ ហើយវាមិនត្រឹមតែសម្រាប់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវារួមទាំងបញ្ញា និងស្មារតីផងដែរ។ អ្នកគួរតែចំណាយពេលខ្លះមកមើលថែទាំខ្លួនឯងឲ្យមានសុខភាពល្អ ទើបអ្នកអាចសម្រេចអ្វីៗបន្តទៀតបាន។ អ្នកទាំងអស់គ្នាប្រហែលជាមានការងាររវល់ជាច្រើនរៀងរាល់ថ្ងៃ ដូចនេះ យើងក៏បានលើកយកសកម្មភាពដែលអ្នកអាចធ្វើបាននៅចុងសប្ដាហ៍ ដើម្បីកែលម្អ និងថែរក្សាសុខុមាលភាព ទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន។ ១. អានសៀវភៅ អ្នកធ្លាប់ឮទេថា ការអានសៀរភៅអាចផ្លាស់ប្តូរជីវិតអ្នកដោយនឹកស្មានមិនដល់? ប្រាកដណាស់ ទម្លាប់នៃការអាន ជាទម្លាប់ដ៏ល្អមួយ ហើយយ៉ាងហោចណាស់អ្នកគួរបង្កើតទម្លាប់ល្អមួយនេះ ក្នុងពេលសម្រាកផងដែរ ប្រសិនបើអ្នករវល់ខ្លាំងក្នុងថ្ងៃធម្មតា។ ការអាននឹងឲ្យអ្នកស្គាល់ និងរៀនចេះនូវអ្វី ដែលអ្នកមិនធ្លាប់ដឹងពីមុន រួមទាំងការហ្វឹកហាត់ខាងខួរក្បាល និងបញ្ញាឲ្យរីកលូតលាស់ផងដែរ។ អានសៀវភៅល្អមួយក្បាល ស្មើនឹងរើសបានគ្រាប់ពេជ្រដ៏មានតម្លៃមួយដុំ។ ២. ចម្អិនអាហារខ្លួនឯង អ្នកប្រហែលជាជាប់រវល់រហូតដល់ញ៉ាំបាយខាងក្រៅសឹងតែរាល់ថ្ងៃ ប្រសិនបើគ្មានអ្នកចម្អិនម្ហូបឲ្យនៅផ្ទះ ប៉ុន្តែអ្នកគួរសាកចំណាយពេល ១ ទៅ ២ម៉ោងយ៉ាងយូរ មកចម្អិនអាហារសម្រាប់ខ្លួនឯង ឬគ្រួសារម្តងវិញម្តង បើទោះបីជាធ្វើកើត ឬមិនកើតក៏ដោយ ក៏គួរតែសាក។ សាកធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំទៅមើល អ្នកនឹងដឹងថាការធ្វើម្ហូប ក៏អាចធ្វើឲ្យអ្នកសប្បាយចិត្តដែរ! ៣. ញ៉ាំអាហារដែលអ្នកចូលចិត្ត គេនិយាយថាអាហារឆ្ងាញ់ អាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងដែរ! ប្រសិនបើអ្នកមិនចេះ ឬមិនចង់ចម្អិនអាហារខ្លួនឯងនៅចុងសប្ដាហ៍ទេ អ្នកអាចជ្រើសរើសភោជនីយដ្ឋាន ឬកន្លែងញ៉ាំអីណាមួយ កម្មង់ម្ហូបដែលអ្នកចូលចិត្ត ឬញ៉ាំអាហារណាដែលល្អ និងបំប៉នសុខភាព ដូចកាលពីថ្ងៃទី១៦ នៅ Ignite Phnom Penh 4 មានវាគ្មិន លោក ជា វុឌ្ឍី បានលើកយកប្រធានបទមួយថា «You are what you eat» មានន័យថា «ញ៉ាំអី បានហ្នឹង» ហើយគាត់បានណែនាំឲ្យយើងចេះ ប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារ ព្រោះវាអាចធ្វើឲ្យសុខភាពយើងប្រសើរ ឬចុះទន់ខ្សោយទៅតាមហ្នឹងដែរ។ ៤. លេងកីឡា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អទេ វាថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។ ឆ្លៀតពេលចុងសប្តាហ៍ ជ្រើសរើសកីឡាណាមួយដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដូចជា លេងបាល់ រត់ ហែលទឹក វាយសីជាដើម ហើយប្រសិនបើធ្វើបានបែបហ្នឹងជារៀងរាល់ថ្ងៃទៀត អ្នកនឹងទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ។ ៥. ងូតទឹកយូរ ជឿ ឬអត់ថាងូតទឹកយូរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ? រាល់ថ្ងៃក្រោកពីគេង ប្រញាប់ទៅរៀន ទៅធ្វើការឲ្យទាន់ម៉ោង ប្រាកដជាងូតទឹកឲ្យតែស្អាតៗទេ តែបានជាចុងសប្តាហ៍ អត់ប្រញាប់ទៅណាផង សាកងូតទឹកឲ្យបានយូរម្តងមើល អ្នកនឹងទទួលបានអារម្មណ៍ប្លែក និងស្រស់ស្រាយជាងធម្មតា។ សាកមើលទៅបានដឹង កុំឲ្យថាគេចេះតែថា! ៦.ដើរលេងកន្លែងធម្មជាតិ អ្នកគួរចំណាយពេលចុងសប្តាហ៍ឲ្យមានន័យ បើជ្រុលជាហត់នឿយទាំងកាយ និងចិត្តមកច្រើនថ្ងៃដែរហើយ។ អ្នកគួរចំណាយពេលដើរលេងខ្លះ បើមិនបានទៅកន្លែងឆ្ងាយៗ ក៏បានទៅកន្លែងជិតៗ ដែលមានធម្មជាតិខ្លះដែរ ដូចជាជិះតាមមាត់ទន្លេ ទៅលេងសួន ឬកន្លែងណាក៏បាន ឲ្យតែមានដើមឈើ ឬទឹកជាដើម ព្រោះវាអាចជួយលុបបំបាត់ភាពនឿយហត់របស់អ្នកបាន។ ៧. ថតរូប ទៅដើរលេងហើយអត់ថតរូបម៉េចបាន! ការថតរូបក៏អាចធ្វើឲ្យអារម្មណ៍ល្អដែរ! វាក៏ជាភស្តុតាងមួយថា អ្នកធ្លាប់ទៅកន្លែងសប្បាយៗ អ្នកធ្លាប់មានក្តីសុខជាមួយពេលវេលាហ្នឹង... ជួនកាលអ្នកអាចញញឹមពេលមើលរូបធ្លាប់ថតដែរ ហើយអាចនឹងចង់ទៅកន្លែងក្នុងរូបហ្នឹងម្តងទៀតផង។ ពេលខ្លះ នៅពេលអ្នកថតរូបបានស្អាតៗច្រើន អ្នកក៏មានរីករាយទៅតាមហ្នឹងក៏មានដែរ។ អញ្ចឹង សាកដើរថតរូបចុងសប្តាហ៍ម្តងមើល៎ បានដឹងថាយ៉ាងណា! ៨. ដើរទិញឥវ៉ាន់ មិនចាំបាច់ថាដើរទិញរបស់ប្រេនៗអីទេ គ្រាន់តែដើរផ្សារទិញរបស់ប្រើប្រាស់ ឬរបស់ញ៉ាំ ក៏អាចធ្វើឲ្យអ្នកបានស្រស់ស្រាយមួយផ្នែកធំផងដែរ។ ចំណាយពេលប្រហែល២ម៉ោងទៅដើរផ្សារ ទិញរបស់ខ្លះៗ និងមើលមនុស្សម្នាគេឯង ក៏អាចលំហែអារម្មណ៍បានដែរ។ ៩. សមាធិ ប្រសិនបើអ្នកចេះសមាធិ វាកាន់តែប្រសើរថែមទៀត។ សមាធិមិនមែនជារឿងងាយស្រួលរៀនទេ តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបានដែរ។ ចំណាយពេលធ្វើសមាធិត្រឹមមួយសប្តាហ៍ម្តង អ្នកនឹងទទួលបានថារាងកាយ និងចលនាដង្ហើមអ្នកប្រសើរឡើង រួមទាំងមានសេចក្តីសុខខាងផ្លូវចិត្តបានស្ងប់ផងដែរ។ អ្នកអាចរៀនសមាធិតាម Youtube ឬកាន់តែល្អស្វែងរកថ្នាក់បង្ហាត់បង្ហាញពីការធ្វើសមាធិពីអ្នកជំនាញតែម្តង បានប្រសិនបើអ្នកមិនទាន់ចេះ។ ១០. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ ពិតណាស់ សកម្មភាពទាំង៩ខាងលើ បើធ្វើម្នាក់ឯង វាដូចជាឯកាពេក តែប្រសិនបើមានអ្នកធ្វើជាមួយវិញ កាន់តែមានន័យ។ អ្នកគួរចំណាយពេលចុងសប្តាហ៍ ឲ្យកាន់តែមានន័យថែមទៀត ដោយធ្វើសកម្មភាពដែលអ្នកចូលចិត្ត ជាមួយមនុស្សជាទីស្រឡាញ់ ដូចជាគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសរបស់អ្នក។ ប្រសិនបើអ្នកស្រ្តេស អ្នកក៏អាចឆ្លៀតពេលបង្ហាញនូវអារម្មណ៍តានតឹងឲ្យគេស្តាប់ វាក៏អាចជួយសម្រាលទុក្ខអ្នកបានយ៉ាងច្រើន ហើយអ្នកក៏មានពេលវេលាល្អៗចំណាយជាមួយមនុស្សដែលអ្នកស្រឡាញ់ទៀតផង។ ជារួមមក ដើម្បីរក្សាសុខុមាលភាពក្នុងជីវិត អ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយ និងចិត្តឲ្យរឹងមាំ ទើបអ្នកអាចបន្តក្តីស្រម៉ៃ និងសុបិន្តរបស់អ្នកទៀតបាន។ ទោះបីអ្នកមិនអាចធ្វើសកម្មភាពទាំងនេះបានជារៀងរាល់ថ្ងៃទាំងអស់បាន ក៏អ្នកអាចធ្វើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្ដាហ៍ដែរ។ ស្រឡាញ់ និងថែរក្សាសុខភាពទាំងអស់គ្នាណា៎!   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

  ជាមួយការអនុវត្តនូវវិធីសាស្រ្តមួយចំនួននោះបញ្ហាឈាមច្រមុះអាចនឹងបំបាត់បានក្នុងរយៈពេលតែ១៥នាទី ដែលមូលហេតុបង្កជំងឺកម្រនឹងមានសភាពធ្ងន់ធ្ងរ។ អ្វីគួរដឹង? ភាគច្រើននៃបញ្ហាឈាមច្រមុះ ជាជំងឺស្រាលផ្ទុយទៅនឹងគំនិតដែលលើកឡើងថាវាជាប់ពាក់ព័ន្ធទៅនឹងជំងឺលើសសម្ពាធឈាម។  ដោយឡែក បញ្ហាឈាមច្រមុះ ដែលបង្កមកពីជំងឺលើសសម្ពាធឈាម គឺកើតឡើងក្នុងករណីជំងឺដែលមិនបានតាមដាន និងមិនប្រើប្រាស់ថ្នាំទៀងទាត់ នាំឲ្យស្ថានភាពជំងឺគ្មានស្ថេរភាពតែប៉ុណ្ណោះ។   អ្វីគួរផ្តល់ឲ្យ? ដើម្បីបញ្ឈប់បញ្ហាឈាមច្រមុះ អ្នកគួរ៖ • ឲ្យអ្នកជំងឺសម្រាក និងអង្គុយឲ្យបានស្រួល • ដាក់សំឡីខ្ទប់ និងយកចេញនូវដុំឈាមកក (Caillots) ចេញ • ខ្ទប់ច្រមុះរយៈពេល ១០ នាទី • ឲ្យអ្នកជំងឺញ៉ាំទឹក និងដាក់ដុំទឹកកកស្អំនៅលើថ្ងាស។ ក្នុងករណីមានបញ្ហាឈាមច្រមុះភ្លាមៗបែបនេះ ការប្រើប្រាស់បង់បិតដំបៅឬឱសថផ្សេងៗអាចនឹងគ្មានប្រសិទ្ធភាពនោះទេ។ ប្រសិនការទប់ឈាមមិនមានប្រសិទ្ធភាព ត្រូវនាំអ្នកជំងឺទៅទទួលការព្យាបាលពីអ្នកមានជំនាញ តាមរយៈការប្រើប្រាស់ឧបករណ៍សម្រាប់ទប់ឈាមដែលមានលក្ខណៈ៖ • អាចជក់ទឹកបាន • រីកមាឌនៅពេលជក់ទឹក • ត្រូវផ្សើមវាជាមួយឱសថ Xylocaine naphtazolée។ ករណីសង្គ្រោះបន្ទាន់ ប្រសិនការហូរឈាមក្នុងលក្ខខណ្ឌច្រើន និងមិនអាចទ្រាំទ្របាន (អ្នកជំងឺមានសភាពស្លេក មិនស្រួលខ្លួន ឬសន្លប់) អ្នកគួរបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបញ្ហាហូរឈាមច្រមុះកើតឡើងញឹកញាប់ពីព្រោះវាអាចជាប់ទាក់ទងទៅនឹង៖ • ជំងឺឈាមក្រកក • ដុំសាច់នៅប្រហោងច្រមុះ • ការចម្លងនៃជំងឺ Naso-sinusienne។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជារៀងរាល់ថ្ងៃ មានអ្នកណាខ្លះដែលចាប់ផ្តើមហាត់ប្រាណដោយមិនធ្វើការកម្តៅសាច់ដុំជាមុន? ហើយអ្នកណាខ្លះដែលធ្វើការកម្តៅសាច់ដុំដែរ ប៉ុន្តែ នៅមិនទាន់ឃើញថាវាមានប្រយោជន៍អ្វីពិសេស? ចំពោះអ្នកហាត់ប្រាណដោយមិនចង់ចំណាយពេលកម្តៅសាច់ដុំជាមុន ជាទូទៅច្រើនតែបញ្ចប់ជាមួយនឹងការឈឺចុកចាប់ ឬរងរបួសនៅផ្នែកណាមួយ ហើយបន្ទាប់មក ក៏ចំណាយពេលជាច្រើនសម្រាកពីការហាត់ប្រាណ។ ដោយឡែក ចំពោះអ្នកដែលកម្តៅសាច់ដុំដែរតែមិនត្រឹមត្រូវ ឬស័ក្តិសមនឹងខ្លួនទេនោះ ក៏មិនមានអ្វីខុសប្លែកដែរ ដែលចុងក្រោយគឺមានតែទន្ទឹងចាំហើយចាំទៀត មើលលទ្ធផលលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ហេតុអ្វីអ្នកត្រូវកម្តៅសាច់ដុំមុនពេលហាត់ប្រាណ? ជាទូទៅ សាច់ដុំដែលមិនសូវបានធ្វើចលនា អាចមានលក្ខណៈតឹង និងពិបាកក្នុងការទាញយឺត ដូចនេះ កាលណាអ្នកធ្វើចលនាសាច់ដុំធ្ងន់ ឬលឿនភ្លាមៗ នោះវាអាចប្រឈមនឹងការដាច់រហែក ដែលបង្កជាផលវិបាកពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យនឹងកម្រិតនៃសម្ពាធ។ អ្នកឯកទេសបង្ហាញថា ការកម្តៅសាច់ដុំ អាចផ្តល់កម្តៅ បន្ធូរសាច់ដុំ និងរៀបចំចិត្តត្រៀមសម្រាប់ការហាត់ប្រាណដ៏ល្អ។ ដូចនេះ ប្រសិនបើអ្នកគ្រាន់តែចំណាយពេលត្រឹម៥ ទៅ ១០នាទី (និងលើសពីនេះ ប្រសិនបើលំហាត់ប្រាណមានលក្ខណៈខ្លាំងក្លា) ក្នុងការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវជាមុន អ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន បន្ថែមពីការខិតខំហាត់ប្រាណដូចជា៖ • ជំរុញចលនាឈាមរត់ ដែលធ្វើឲ្យការបញ្ចេញសកម្មភាពបានយ៉ាងស័ក្តិសម • សាច់ដុំអាចបត់បែនដល់កម្រិតអតិបរមាស្របពេលកាត់បន្ថយការរងរបួសដល់កម្រិតអប្បបរមា • បង្កើននូវចង្វាក់បេះដូងតាមលំដាប់ • ជួយឲ្យមានការដកដង្ហើមតាំងពីចាប់ផ្តើមសកម្មភាព។ កម្តៅសាច់ដុំបែបណាទើបចាត់ទុកថាត្រឹមត្រូវ? ប្រភេទនៃការកម្តៅសាច់ដុំ៖ រាល់ការកម្តៅសាច់ដុំអាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើកម្រិត និងគោលបំណងនៃការហាត់ ដែលក្នុងនោះ ការកម្តៅសាច់ដុំដោយប្រើចលនាប្រកបដោយថាមពលត្រូវបានណែនាំដោយវាអាចជួយភ្ញោចដល់ប្រព័ន្ធប្រសាទ និងសាច់ដុំ ដែលជួយឲ្យសកម្មភាពរបស់អ្នក ប្រព្រឹត្តទៅយ៉ាងល្អបំផុត។ វាជាការកម្តៅសាច់ដុំ ដោយធ្វើការបំលាស់ប្តូរចលនារាងកាយដោយគ្មានការពត់ បត់បែនខ្លួន ឬទ្រទម្ងន់នោះទេ តែជាការធ្វើឲ្យចរន្តឈាមផ្លាស់ប្តូរទៅគ្រប់សាច់ដុំនៃរាងកាយ។ អ្នកអាចជ្រើសរើសយ៉ាងតិច៣ ក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ • លោតខ្សែ ២ ទៅ៣នាទី ឬសម្រាប់អ្នកដំបូងអាចធ្វើត្រឹម ៣០វិនាទីសិន • លោតដោយសន្ធឹងដៃចុះឡើង និងជើងចេញចូល ៥០ដង ឬដំបូងអាចធ្វើត្រឹម ២០ដង (jumping jacks) • ឈរលាតជើង និងបន្ទន់ជង្គង់ចុះឡើង ២០ដង ឬដំបូងអាចធ្វើត្រឹម ១០ដង (Squats) • លោតដោយលើកជង្គង់ទាំង២ ឲ្យផុត ឬម្តងម្ខាង ១០ ទៅ ១៥ដង ( Knee High Jump) • ការដើរ៖ អ្នកអាចធ្វើការដើរ ដោយការលាតសន្ធឹងដៃបណ្តើរៗដើម្បីឲ្យចរន្តឈាមរត់បានល្អមុននឹងចាប់ផ្តើមការរត់ចម្ងាយរយៈពេលយូរ។ ក្នុងនោះ ក៏មានវិធីជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន និងតម្រូវតាមកម្រិតនៃការហាត់ប្រាណ និងសមត្ថភាពរបស់អ្នកជាសន្សឹមៗ។ គន្លឹះខ្លះៗដើម្បីធ្វើការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវ ១.  ចាប់ផ្តើមសន្សឹមៗ៖ ដំបូងត្រូវកម្តៅសាច់ដុំយឺតៗ និងងាយៗ រួចបញ្ចប់ដោយចលនាពិបាក ប្រើកម្លាំង និងរហ័ស ដើម្បីធ្វើឲ្យរាងកាយកើនកម្តៅតាមលំដាប់។ ២. ធ្វើចលនារាងកាយជំនួសការពត់ខ្លួន៖ ការពត់ខ្លួនមិនគ្រប់គ្រាន់ឡើយ ហើយផ្ទុយទៅវិញមានតែធ្វើឲ្យសាច់ដុំលាតសន្ធឹងខ្លាំងជ្រុល និងធ្វើឲ្យសាច់ដុំអស់កម្លាំង នៅពេលហាត់ប្រាណប៉ុណ្ណោះ (តែវាមានប្រយោជន៍ក្នុងការធ្វើក្រោយពេលហាត់ប្រាណ)។ ៣. រមៀលចុះឡើងនៅផ្នែកផ្សេងៗនៃរាងកាយ៖ អាចប្រើជាកូនបាល់ធឺនីស ឬខ្នើយបំពង់ទន់ៗដែលអាចជួយការពារការរងបួស និងធ្វើឲ្យសាច់ដុំធូរ ក៏ដូចជា បង្កើនចរន្តឈាមរត់ផងដែរ។ ៤. កម្តៅសាច់ដុំគ្រប់ផ្នែក៖ ទោះបីជាអ្នកនឹងហាត់ទៅលើតែផ្នែកណាមួយនៃរាងកាយក៏ដោយ អ្នកគួរតែហ្វឹកហាត់គ្រប់ផ្នែកនៃរាងកាយ ពីព្រោះភាពជាប់នៃសន្លាក់ ផ្នែកណាមួយ ក៏អាចមានឥទ្ធិពល លើរាងកាយទាំងមូលបានដែរ។ ៥. ចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗដូចគ្នា រួចបន្តទៅចលនារហ័ស និងខ្លាំងក្លា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើខ្ញុំគួរសម្អាតបរិវេណនោះញឹកញាប់ប៉ុណ្ណា? ហើយប្រើអ្វីដើម្បីសម្អាតទើបស្អាត?តើអ្វីដែលមិនគួរប្រើ និងអ្វីដែលខ្ញុំមិនគួរធ្វើ? ជាការពិតណាស់ ដែលថាសុខភាពទា្វរមាសគឺមានសារសំខាន់ដូចទៅនឹងសុខភាពទូទៅផងដែរ ដូច្នេះ​ អ្វីដែលល្អនោះគឺការសម្អាតទ្វារមាសដោយខ្លួនឯង តាមបែបធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការមានកំហុសទូទៅមួយចំនួនដែលស្រី្តធ្វើជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ចុះ និង​អាចឈានទៅរកជំងឺរលាកទ្វារមាស ដោយសារបាក់តេរី ឬមេរោគផ្សិតទៀតផងដូចជា៖ • ការសម្អាតពីខាងក្រោយមកខាងមុខ អ្នកមិនត្រូវសម្អាតពីខាងក្រោយមកមុខនោះទេ ពីព្រោះ មានមេរោគផ្សេងៗគ្នាដែលនៅបរិវេណរន្ធគូទអាចមានឱកាសចូលទៅក្នុងទ្វារមាសបាន។ តួយ៉ាងដូចជា មេរោគអឺកូលី (E-Coli) អាចចូលទៅដល់រន្ធនោម និងបណ្តាលឲ្យមានជំងឺរលាកតម្រងនោម (UTI) ដែលធ្វើឲ្យអ្នកបត់ជើងតូចមកឈឺ និងក្រហាយ។ ដូច្នេះ អ្នកមិនត្រូវសម្អាតពីក្រោយមកខាងមុខនោះទេ។ • ការប្រើប្រាស់សាប៊ូក្រអូប ខណៈដែលអ្នកតែងតែសម្អាតទ្វារមាស ពេលខ្លះ អ្នកចង់បន្ថែមជំនួយដល់វា មិនថ្វីទេប្រសិនបើអ្នកសម្អាតផ្នែកខាងក្រៅនៃទ្វារមាសរបស់អ្នក នៅពេលដែលអ្នកងូតទឹកនោះ ប៉ុន្តែអ្នកត្រូវប្រាកដថាកុំប្រើប្រាស់សាប៊ូក្រអូប។ សាប៊ូ ឬគ្រឿងសម្អាងផ្សេងទៀតដែលមានក្លិនក្រអូប អាចធ្វើឲ្យទ្វារមាស ដែលមានសុខភាពល្អ ទៅជាខូចខាតបាន។ • ការសម្អាតផ្នែកខាងក្នុង ហាមសម្អាតផ្នែកខាងក្នុងជាដាច់ខាត ព្រោះការសម្អាតផ្នែកខាងក្នុងគឺធ្វើឲ្យកម្រិតជាតិអាស៊ីត (PH)នៅនឹងទ្វារមាសបាត់បង់តុល្យភាព និងបញ្ចេញចោល នូវមេរោគល្អៗ (Lactobacilus) នៅតំបន់នោះ ដែលវាមានតួនាទីថែរក្សាសុខភាពរបស់ទ្វារមាសឲ្យប្រសើរ។ ប្រសិនបើអ្នកជួបបញ្ហាធ្លាក់ស ដែលមានផលរំខាន ហើយអ្នកចង់បំបាត់ក្លិននោះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកពីមូលហេតុពិតរបស់វា។ • ការទទួលទានអាហារដែលគ្មានតុល្យភាព អាហារដែលអ្នកទទួលទានរាល់ថ្ងៃ គឺមានផលប៉ះពាល់ណាស់ដល់សុខភាពទា្វរមាសរបស់អ្នក។ ដូច្នេះ វាសំខាន់ណាស់ដែលអ្នកត្រូវមានអនាម័យក្នុងការទទួលទាន និងតុល្យភាពនូវសារជាតិដែលមានក្នុងចំណីអាហារ។ លើសពីនេះទៀត អ្នកគួរទទួលទានអាហារមួយចំនួនដែលអាចជួយឲ្យសុខភាពទ្វារមាសរបស់អ្នកប្រសើរ ដូចជា ទឹកផ្លែបឺរី ទឹកដោះគោជូរ ខ្ទឹមសស្រស់ និងទឹកផ្លែប៉ោមជាដើម។ សារធាតុទាំងអស់នេះអាចជួយឲ្យទា្វរមាសមានសុខភាពល្អ និងអាចការពារពីការឆ្លង នៃពពួកមេរោគផ្សិតទៀតផង។ បន្ថែមពីលើនេះ ទឹកសណ្តែកក៏អាចជួយអ្នកដែលមានបញ្ហាទ្វារមាសស្ងួតឲ្យមកមានសំណើមវិញបានថែមទៀតផង។ ប្រសិនបើអ្នកមិនចូលចិត្ត ឬពិបាកក្នុងការញ៉ាំ អ្នកអាចប្រើប្រាស់ផលិតផល ១ប្រភេទ ដែលវាជាប្រភេទ ប៊្រីបាយ៉ូទិច។ ប៊្រីបាយ៉ូទិចប្រៀបបានដូចជាទឹក ដែលវាជួយឲ្យទា្វរមាសមានសំណើម និងអាចសម្លាប់មេរោគតាមបែបធម្មជាតិបានទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត មានការសិក្សាមួយ នៅក្នុងឆ្នាំ២០១៣ បានរកឃើញថា ចំពោះអ្នកជំងឺដែលប្រើប៊្រីបាយ៉ូទិចបន្ទាប់ពីថ្នាំផ្សះអត្រានៃការជាពីដំបៅនៅមាត់ស្បូនមានរហូតដល់៧៤% ។ ម៉្យាងវិញទៀត ការប្រើប៊្រីបាយ៉ូទិចនេះផងដែរ គឺវាបង្កើននូវកម្រិតឡាក់តិចអាស៊ីតនៅទ្វារមាសដែល​អាចទប់ការវិវឌ្ឍនៃទា្វរមាសដែលមានដំបៅទៅជាមហារីកបាន។ • ការស្លៀកខោទ្រនាប់តឹងពេក ឬសើម ជាការប្រាកដណាស់ ទ្វារមាសរបស់អ្នកចង់បានភាពស្ងួត និងអាចមានខ្យល់ចេញចូលបាន ប៉ុន្តែ មេរោគមិនចង់បាននោះទេ វាចង់បានភាពក្តៅ និងមានសំណើមទៅវិញ។ ជាក់ស្តែង អ្នកអាចការពារទ្វារមាសរបស់អ្នកបានដោយការទ្រាប់សំឡីអនាម័យ និងចៀសវាងស្លៀករឹបតឹងពេក។ សំខាន់ជាងនេះទៀត អ្នកគួរចៀសឲ្យផុតពីការបែកញើស ការសើម ឬត្រូវប្តូរសម្លៀកបំពាក់ដែលហែលទឹកចេញ កាន់តែឆាប់កាន់តែប្រសើរ ដើម្បីឲ្យតំបន់ពិសេសនោះឆាប់ស្ងួត។ • ការប្រើតាំប៉ុង ឬសំឡីអនាម័យូរពេក និយាយពីការរក្សាតំបន់នោះឲ្យបានល្អ គឺត្រូវប្តូរតាំប៉ុង ឬសំឡីអនាម័យឲ្យបានទៀងទាត់ល្អ ដូច្នេះ វាមិនអាចក្លាយជាកន្លែងដែលមេរោគអាក្រក់រស់នៅនោះទេ។ ការទុកតាំប៉ុង ឬសំឡីអនាម័យមិនល្អនៅតំបន់នោះយូរពេកអាចបណ្តាលឲ្យក្តៅ និងសើម ដែលមេរោគចូលចិត្តរស់នៅបំផុត។ លើសពីនេះ អ្នកមិនត្រូវ ប្រើប្រាស់សំឡីអនាម័យ ដើម្បីគ្រាន់តែការពារការធ្លាក់សតិចតួចធម្មតានោះទេ តែវាអាចធ្វើឲ្យទ្វារមាសឡើងកម្តៅបានផងដែរ។ ប្រសិនបើអ្នកធ្វើតាមការណែនាំទាំងអស់ខាងលើនេះបាន  វាអាចជួយឲ្យអ្នកចៀសវាងផុតពីមេរោគ អាក្រក់ៗមួយចំនួនបាន។ តួយ៉ាង បើមិនបាន ១០០% ក៏ជួយបានខ្លះផងដែរ  ជាពិសេស មេរោគ​ដែលបណ្តាលឲ្យមានការរលាកទ្វារមាសដោយ បាក់តេរី ឬមេរោគផ្សិត និងការរលាកផ្លូវនោម (UTI) ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បន្ទប់ពិគ្រោះជំងឺម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិក ក្បាលថ្នល់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖ •    ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ​ ក្រុមគ្រួសារ និងមិត្តភក្តិ •    ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ •    មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន •    មានគំនិតសុទិដ្ឋិនិយមជានិច្ច •    ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង •    អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖ •    ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី •    មានចិត្តអំណត់ពេលគាត់មានអាការៈញៀន •    ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី •    ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។ ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ   •    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។ ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។ គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស •   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ សម្រាប់នារី •   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ •   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ •   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ •    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា •    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ •    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។ អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន •    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ •    ស្ត្រីមានផ្ទៃពោះ •    អ្នកដែលត្រូវបើកបរ •    អ្នកបញ្ជាម៉ាស៊ីន •    ក្មេងអាយុក្រោម១៨ឆ្នាំ។ វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច •    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន •    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង •    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស •    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន  •    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា •    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ •    កំណត់ល្បឿនទទួលទានដោយខ្លួនឯង •    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ       •    ត្រូវមានគោលការណ៍ខ្លួនឯង •    ធ្វើខ្លួនឲ្យរវល់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅពេលកូនៗរបស់អ្នកចាប់ផ្តើមចូលសាលា វាមិនមែនជារឿងធម្មតាទេដែលពួកគេ មានការលំបាក ក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ហើយពួកគេក៏មិនចូលចិត្តមុខវិជ្ជានេះដែរ។ ប៉ុន្តែ មាតាបិតាទាំងអស់អាចជួយឲ្យពួកគេស្រឡាញ់មុខវិជ្ជានេះ តាមរយៈគន្លឹះខាងក្រោមនេះ ៖ និយាយពីគណិតវិទ្យារាល់ថ្ងៃជាមួយកូនៗរបស់អ្នក ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង តែងតែប្រើប្រាស់គណិតវិទ្យាសម្រាប់ការងារជាច្រើន។ អ្នកអាចចាប់ផ្តើមដោយ និយាយទៅកាន់កូនៗរបស់អ្នកពីសារសំខាន់របស់គណិតវិទ្យា សម្រាប់ការរស់នៅដែលអាចឲ្យពួកគេវាស់វែងបាន និងភាពពិតជាក់ស្តែង។ ឧទាហរណ៍ ៖ ការគណនាពីរង្វាស់រង្វាល់ ឬចំណុះតាមរយៈការចម្អិនចំណីអាហារឬការកំណត់រយៈពេលចម្អិនជាដើម។ ម្យ៉ាងទៀត ការយល់ដឹងពីរូបរាង ទំហំ ឬមាឌរបស់វត្ថុ ក៏មានសារសំខាន់ដែរ ដោយអ្នកអាចប្រាប់ពួកគេពីរបស់របរប្រើប្រាស់ ឬបន្លែផ្លែឈើជាដើម។ ជួយពួកគេដោះស្រាយកិច្ចការសាលា តាមដានរាល់ការធ្វើកិច្ចការសាលា និងពិន្ទុរបស់ពួកគេថានៅមានការខ្វះខាតត្រង់ចំណុចណានៃគណិតវិទ្យាដើម្បីជួយពួកគេបន្ថែម។ អ្នកអាចជួយពួកគេដោះស្រាយលំហាត់គណិតវិទ្យាបានដោយមិនផ្ទាល់ តាមរយៈការបង្កើតឧទាហរណ៍សាមញ្ញៗដែលស្រដៀងនឹងលំហាត់របស់ពួកគេ ចៀសវាងការជួយដោះស្រាយលំហាត់ដោយផ្ទាល់ឲ្យពួកគេ។ ម៉្យាងទៀត អ្នកគួរតែជួបគ្រូបង្រៀនផ្ទាល់របស់កូនអ្នក ដើម្បីតាមដានបន្ថែមពីការសិក្សារបស់ពួកគេ។ បង្កើតតារាងពេលវេលា សម្រាប់ការសិក្សា កូនៗរបស់អ្នកអាចនៅចូលចិត្តលេងច្រើនជាងការសិក្សា តែមាតាបិតាក៏មិនអាចឃុំឃាំងពួកគេពីការលេងច្រើនបានដែរ។ ហេតុនេះហើយ អ្នកគួរតែបង្រៀនពួកគេឲ្យចេះគោរពពេលវេលា ជាពិសេសការរៀនគណិតវិទ្យា ដែលទាមទារឲ្យមានការអត់ធ្មត់ និងអនុវត្តជាប្រចាំ។ ការជួយពួកគេឲ្យមានទម្លាប់ល្អក្នុងការសិក្សា និងមិនធ្វើឲ្យពួកគេធុញនឹងការសិក្សា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា។   លេងហ្គេម ដែលបង្កើនចំណាប់អារម្មណ៍លើគណិតវិទ្យា ការលេងហ្គេម ដូចជាកូនឡុកឡាក់ អាចបង្ហាញប្រាប់ពួកគេ ពីតម្លៃរបស់គណិតវិទ្យាថាពិតជាមានគុណប្រយោជន៍សម្រាប់ពួកគេ ដោយអ្នកអាចសួរពួកគេ ឲ្យប្រាប់ពីចំនួនគ្រាប់ឡុកឡាក់ពេលដែលអ្នកទម្លាក់នៅពេលលេង។ កូនៗរបស់អ្នកនឹងមានសមត្ថភាពប្រាប់ពីចំនួនដោយមិនបាច់រាប់។ សកម្មភាពទាំងនេះ អាចបង្កើតជាបែបបទមូលដ្ឋានដោះស្រាយបញ្ហារបស់ពួកគេ ហើយនឹងជួយពួកគេឲ្យយល់ពីគណិតវិទ្យាកាន់តែស៊ីជម្រៅ។ កុំធ្វើឲ្យពួកគេមានភាពភ័យខ្លាច ចំពោះមុខវិជ្ជានេះ មានឪពុកម្តាយខ្លះ គិតថាពួកគេមិនពូកែមុខវិជ្ជាគណិតវិទ្យា ហើយវាជារឿងដែលមិនគួរឲ្យកូនរបស់អ្នកដឹងរឿងនេះទេ។ ឪពុកម្តាយជាជនគំរូដែលពួកគេយកតម្រាប់តាម ហេតុនេះ ប្រសិនបើអ្នកប្រាប់កូនៗរបស់អ្នកថាអ្នកមិនពូកែគណិតវិទ្យានោះ អាចចាត់ជាសារដល់ពួកគេថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើមិនពូកែគណិតវិទ្យា ហើយពួកគេនឹងមិនមានភាពភ័យខ្លាចនោះដែរ។ គន្លឹះខ្លីៗខាងលើនេះ គួបផ្សំនឹងការខិតខំជួយពីសំណាក់អ្នកជាមាតាបិតានឹងធ្វើឲ្យកូនៗ មិនគេចវេសពីការរៀនគណិតវិទ្យា តែចាប់ផ្តើមចូលចិត្តរៀន និងស្វែងយល់បន្ថែម។ សំខាន់ជាងនេះទៀត ការជួយពួកគេឆ្លងផុតពីការលំបាក នៅពេលពួកគេនៅតូច នឹងជួយពួកគេនៅពេលធំឡើងព្រោះមុខវិជ្ជានេះ សំខាន់ក្នុងចំណោមមុខវិជ្ជាដទៃ និងចូលរួមយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង​ គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ ១. ដាក់ច្រាសដុសធ្មេញរបស់អ្នកនៅមុំ ៤៥ដឺក្រេ នៅលើធ្មេញធៀបនឹងអញ្ចាញធ្មេញ ហើយដុសថ្នមៗតាមចលនាពីមុខទៅក្រោយ ឬពីក្រោយទៅមុខសម្រាប់សម្អាតបាក់តេរី នៅចន្លោះកធ្មេញ និងអញ្ចាញធ្មេញ (ដុសទាំងផ្ទៃខាងក្នុង និងខាងក្រៅសំរាប់ធ្មេញក្រោយ)។ ២. ដាក់ច្រាសដុសធ្មេញ៩០ដឺក្រេ កែងនឹងផ្ទៃនៃធ្មេញទាំងផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុង ហើយដុសស្របតាមអក្សធ្មេញ បើធ្មេញលើដុសមកក្រោម ធ្មេញក្រោមដុសទៅលើ ដោយដុសជាចលនាកន្លះរង្វង់ ចំពោះធ្មេញខាងមុខផ្ទៃខាងក្នុង យើងដុសដោយបញ្ឈរច្រាស ហើយដុសតាមចលនាទាញចេញមកក្រៅ។ ៣. ដុសធ្មេញគ្រប់ផ្នែក គឺផ្ទៃខាងក្រៅ ផ្ទៃខាងក្នុង និងផ្ទៃទំពាររបស់ធ្មេញទាំងអស់។ ៤. បន្ថែមពីការដុសធ្មេញ យើងក៏ត្រូវដុសអណ្ដាតផងដែរ ដើម្បីសម្អាតបាក់តេរី និងរក្សាការដកដង្ហើមឲ្យបានស្រស់ថ្លា។ ៥. យើងក៏ត្រូវប្រើខ្សែអំបោសទាក់ធ្មេញ(dental floss) ដើម្បីសម្អាតកាកសំណល់ចំណីអាហារនៅចន្លោះធ្មេញ ព្រោះថាច្រាសដុសធ្មេញមិនអាចសម្អាតដល់ចន្លោះធ្មេញបានទេ (យ៉ាងតិចប្រើមួយដងក្នុងមួយថ្ងៃ នៅពេលយប់មុន ឬក្រោយដុសធ្មេញ)។ ៦. យើងប្រើទឹកខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ បន្ទាប់ពីដុសធ្មេញហើយ (ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច) ៧. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដងជាមួយទន្តពេទ្យជំនាញដែលនៅជិតលោកអ្នក។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកគិតថាកូនរបស់អ្នកមានការពិបាកក្នុងការចងចាំព័ត៌មានផ្សេងៗ ឬងាយភ្លេច ប្រសិនបើមានសកម្មភាពណាមួយមកកាត់ផ្តាច់មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬការសិក្សារៀនសូត្ររបស់ពួកគេដែរឬទេ? ប្រសិនបើអ្នកជួបបញ្ហាទាំងនេះកើតឡើងលើកូនៗរបស់អ្នក ឬដើម្បីការពារកុំឲ្យបញ្ហាទាំងនេះកើតឡើង សកម្មភាពទាំង៥ខាងក្រោមនេះ ប្រហែលជានឹងអាចជួយបាន៖ ពង្រឹងលើការស្រមើស្រមៃជារូបភាព លើកទឹកចិត្តដល់កូនរបស់អ្នក ឲ្យចេះបង្កើតរូបភាពក្នុងការគិតរបស់គេនៅពេលពួកគេអាន ឬឮអ្វីមួយ។ ចាប់ផ្តើមដោយឲ្យកូនៗរបស់អ្នកស្រមៃមើល ប្រសិនបើយើងចង់រៀបតុញ៉ាំអាហារសម្រាប់ក្រុមមនុស្ស ៥នាក់ តើតុ និងកៅអីគួរមានរូបរាងយ៉ាងណា? បន្ទាប់មក អាចឲ្យពួកគេគូររូបដែលពួកគេបានគិតនោះចូលក្នុងក្រដាស។ នៅពេលកូនរបស់អ្នកមានការស្រមើស្រមៃបានប្រសើរហើយ អ្នកអាចចាប់ផ្តើមឲ្យពួកគេពិពណ៌នារូបភាពក្នុងក្តីស្រមៃរបស់ពួកគេដោយមិនចាំបាច់មានការគូរទៀតទេ។ លើកទឹកចិត្តឲ្យពួកគេចេះសួរសំណួរ ដើម្បីជំនួយដល់ការគិតត្រិះរិះរបស់កុមារ មាតាបិតាគ្រប់រូបគួរតែលើកទឹកចិត្តដល់ពួកគេឲ្យសួរជាសំណួរ និងបញ្ចេញមតិយោបល់លើប្រធានបទណាមួយ។ ការធ្វើបែបនេះ អាចឲ្យអ្នកដឹងពីកម្រិតនៃការយល់លើប្រធានបទ និងការចងចាំរបស់កុមារ ថែមទាំងអាចជួយពួកគេបង្កើនការគិតឲ្យបានល្អ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។ ច្នៃមេរៀន ឬព័ត៌មាន ជាចង្វាក់ភ្លេង ឬចម្រៀង ការជួយកូនៗរបស់អ្នក បង្កើតជាចង្វាក់ភ្លេង កំណាព្យ ឬចម្រៀង ពីមេរៀនដែលពួកគេពិបាកក្នុងការចងចាំ អាចជួយពួកគេឲ្យងាយស្រួលទន្ទេញ និងចាំបានរយៈពេលយូរ។ ដោយហេតុថា ខួរក្បាលរបស់មនុស្សម្នាក់ៗមានលក្ខណៈពិសេស អាចចងចាំបានល្អ ចំពោះចង្វាក់ភ្លេង ឬចម្រៀង ដូចនេះ ការច្នៃមេរៀនតាមចង្វាក់ភ្លេង ឬជាចម្រៀងអាចជួយកូនៗរបស់អ្នកឲ្យចងចាំមេរៀនបានល្អ និង ងាយស្រួលក្នុងការរំឭកឡើងវិញ។ ឲ្យពួកគេបង្រៀនអ្នកវិញ អ្នកអាចលើកទឹកចិត្តឲ្យកូនៗរបស់អ្នកពន្យល់ ឬបង្រៀនអ្វីដែលពួកគេបានសិក្សាពីសាលា ឬព័ត៌មានផ្សេងៗ ដែលពួកគេបានដឹងពីមិត្តភក្តិជាដើម។ អនុញ្ញាតឲ្យពួកគេ បង្កើតជាឧទាហរណ៍ ដោយខ្លួនឯង ឬអាចមានជាសម្ភារៈជាក់ស្តែងជាផ្នែកនៃការបង្រៀន ដើម្បីសម្រួលដល់ការចងចាំ និងការច្នៃប្រឌិតរបស់ពួកគេ។ លេងល្បែងពង្រឹងលើការមើល ដើម្បីឲ្យការមើល គួបផ្សំនឹងការចងចាំរបស់កុមារមានភាពរហ័សរហួន លោកអ្នកអាចឲ្យកុមារស្វែងរកពាក្យនៅក្នុងអត្ថបទ ដោយមានការកំណត់រយៈពេលការលេងផ្គុំរូបភាព ឬការស្វែងរករូបភាពក្នុងទស្សនាវដ្តីជាដើម។ ម្យ៉ាងទៀត ល្បែងមួយចំនួនក៏ជួយដល់ការចងចាំកុមារដែរ ដូចជាការលេងបៀរក្រដាស (Uno) អាចឲ្យកុមារព្យាយាមចាំច្បាប់នៃការលេង និងសន្លឹកបៀរ របស់ពួកគេ។ មាតាបិតាគ្រប់រូបអាចធ្វើសកម្មភាពទាំងនេះជាមួយកូនៗនៅផ្ទះ ព្រោះក្រៅពីជំនួយដល់ការចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេហើយ វាក៏រួមចំណែកបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសាររបស់អ្នក ព្រមទាំងអាចស្វែងយល់ពីតម្រូវការបន្ថែមរបស់កុមារទាំងក្នុងការរៀនសូត្រ និង ការរស់នៅប្រចាំថ្ងៃ។ ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

​ធ្មេញកុមារ ឬជាធ្មេញដែលជាទូទៅត្រូវបានគេស្គាល់ថាជា ធ្មេញទឹកដោះ និងធ្មេញបណ្តោះអាសន្ន គឺជាធ្មេញដំបូងគេក្នុងការលូតលាស់របស់មនុស្ស។ ពួកវាកើតឡើងក្នុងដំណាក់កាលលូតលាស់របស់កុមារ ហើយពួកគេអាចមើលឃើញក្នុងមាត់តាំងពីនៅពេលជាទារកដែលមានអាយុអំឡុងពេល៦ខែ។ ធ្មេញទារកមានសារៈសំខាន់ណាស់ បើសិនជាធ្មេញរបស់ទារកត្រូវបានបាត់បង់ឆាប់ពេកនោះ ធ្មេញដែលនៅសេសសល់អាចរាលចេញ ហើយមិនទុកកន្លែងធ្មេញមនុស្សពេញវ័យចេញបានល្អទេ ហើយបើសិនជាធ្មេញមិនត្រូវបានបង្ការថែទាំទេ វាអាចធ្វើឲ្យបាត់បង់មុខងារទំពារ ចំណាយច្រើន ដើម្បីព្យាបាល ការលូតលាស់ធ្មេញមិនបានល្អ ធ្វើឲ្យឈឺចាប់ ពិបាកក្នុងការសហកាណ៍​ព្យាបាល និងធ្វើឲ្យមានការបង្ករោគ។​ ការពុកធ្មេញ (ហៅថា Caries) គឺជាជំងឺឆ្លងរ៉ាំរ៉ៃទូទៅបំផុតនៃកុមារភាព។ ទម្លាប់មាត់ធ្មេញដែលមានសុខភាពល្អគួរចាប់ផ្តើមពីដំបូង ព្រោះធ្មេញពុកអាចកើតមានភ្លាមៗនៅពេលដែលធ្មេញចូលមក។ ដោយសារតែឪពុកម្ដាយមួយចំនួនបានមើលរំលង ឬមិនសូវបានយកចិត្តទុកដាក់ថែទាំធ្មេញទឹកដោះ និងមិនរកវិធីបង្ការហើយបានគិតថា មិនសូវសំខាន់ ព្រោះធ្មេញស្រុកនឹងដុះមកជំនួស ទើបយើងតែងតែឃើញលទ្ធផលមិនល្អនៅពេលកុមារធំពេញវ័យ​មានធ្មេញមិនល្អ ហើយត្រូវចំណាយច្រើនទាំងពេលវេលា និងថវិកាក្នុងការព្យាបាល។ មូលហេតុដែលងាយធ្វើឲ្យធ្មេញទឹកដោះមានរោគពុកធ្មេញ រោគពុកធ្មេញលូតលាស់ នៅពេលមាត់របស់ទារកត្រូវបានឆ្លងដោយបាក់តេរីផលិតអាសុីត។ ឪពុកម្តាយ និងអ្នកថែទាំអាចចម្លងបាក់តេរីដល់ទារកតាមរយៈទឹកមាត់។ ឧទាហរណ៍ បាក់តេរីត្រូវបានរីករាលដាលតាមរយៈការចែករំលែកទឹកមាត់នៅលើស្លាបព្រា ឬពែងកែវដែលយកមកភ្លក់អាហារ ឬផឹក មុនពេលផ្តល់ចំណីដល់ទារក។ ការពុកធ្មេញបានវិវឌ្ឍឡើងនៅពេលធ្មេញ និងអញ្ចាញធ្មេញរបស់កុមារត្រូវបានប៉ះពាល់ទៅនឹងចំណីអាហារដែលមិនមែនជាទឹកមានរយៈពេលយូរ ឬជាញឹកញាប់ពេញមួយថ្ងៃ។ ស្ករធម្មជាតិឬជាតិស្ករនៅក្នុងសារធាតុរាវ ឬអាហារត្រូវបានផ្លាស់ប្តូរបំលែងទៅជាអាស៊ីតដោយបាក់តេរីនៅក្នុងមាត់។ អាសុីតនេះទៅរំលាយផ្នែកខាងក្រៅរបស់ធ្មេញបង្កឲ្យវាមានរោគពុកធ្មេញ។ មូលហេតុដ៏សាមញ្ញបំផុតដែលកើតឡើងថែមទៀតនោះ គឺនៅពេលឪពុកម្តាយដាក់កូនឲ្យគេងបៅជាមួយទឹកដោះគោ ទឹកផ្លែឈើ(សូម្បីតែនៅពេលលាយជាមួយទឹក) ភេសជ្ជៈកំប៉ុង ទឹកស្ករ ឬភេសជ្ជៈមានជាតិស្ករ វាក៏ងាយនឹងអាចធ្វើឲ្យកើតឡើងរោគពុកធ្មេញ ជាពិសេសនៅពេលដែលកុមារត្រូវបានអនុញ្ញាតឲ្យផឹកភេសជ្ជៈ ទឹកដោះគោជាញឹកញាប់ ពេញមួយថ្ងៃ និងនៅពេលសំរាក ឬនៅពេលគេង។ ការបំបៅដោះកូនច្រើនដោយការបំបៅដោះម្ដាយ វាមិនបណ្តាលឲ្យធ្មេញពុកទេ ហើយម្តាយទាំងអស់ដែលបំបៅកូនដោយទឹកដោះម្តាយ គួរតែដឹង និងតាមដានពីអនាម័យសុដន ថែទាំធ្មេញ វិធីបង្ការ និងមានរបបអាហារល្អៗសម្រាប់កូន។ រោគសញ្ញានៃរោគពុកធ្មេញកុមារ ការពុកធ្មេញដំបូងអាចលេចឡើងជាចំណុចពណ៌សនៅបន្ទាត់ស្ករអញ្ចាញធ្មេញចំពោះធ្មេញមុខ។ ចំណុចទាំងនេះពិបាកនឹងមើលឃើញជាលើកដំបូង សូម្បីតែគ្រូពេទ្យ ឬពេទ្យធ្មេញរបស់កុមារដោយគ្មានឧបករណ៍ត្រឹមត្រូវ។ កុមារដែលមានពុកធ្មេញត្រូវពិនិត្យ និងព្យាបាលឲ្យទាន់ពេលដើម្បីបញ្ឈប់ការរាលដាលពីការរីករាលដាល និងដើម្បីការពារការខូចខាតបន្ថែមទៀត។ តើធ្វើដូចម្តេច ដើម្បីការពារធ្មេញពុកនៅវ័យជាទារក? សូមអនុវត្តតាមជំហានដូចខាងក្រោម ដើម្បីការពារការពុកធ្មេញ ៖ ថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អ មុនពេលទារករបស់អ្នកកើតមក។ វាមានសារៈសំខាន់ និងត្រឹមត្រូវក្នុងការពិនិត្យមើលជាមួយពេទ្យធ្មេញសម្រាប់ការថែទាំមាត់ធ្មេញនៅពេលអ្នកមានផ្ទៃពោះ មិនថាអ្នកជ្រើសរើសបំបៅកូនដោយទឹកដោះ ឬទឹកដោះគោ វាជាការសំខាន់ណាស់ក្នុងការថែរក្សាធ្មេញទារកឲ្យបានល្អ។ ទារកដែលកើតដល់អាយុ 12 ខែ ៖ គួររក្សាមាត់ធ្មេញរបស់ទារកឲ្យស្អាតដោយជូតសំអាតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ជូតសម្អាតទារកឲ្យស្អាត។ នៅពេលដែលអ្នកឃើញធ្មេញលើកដំបូងដុះសូមដុសធ្មេញដោយប្រើច្រាសដុសធ្មេញទារកទន់ និងថ្នាំដុសធ្មេញ(សម្រាប់ទារក) នៃថ្នាំដុសធ្មេញដែលមានជាតិហ្វ្លុយអូរីត។ នៅអាយុ12 ទៅ 36 ខែ ៖ ដុសធ្មេញកូនរបស់អ្នក 2 ដងក្នុងមួយថ្ងៃរយៈពេល 2 នាទី។ ប្រើប្រាស់ថ្នាំដុសធ្មេញមានជាតិហ្វ្លុយអូរាយ ហូតដល់ថ្ងៃខួបកំណើតទីបីរបស់កូនអ្នក។ ពេលវេលាល្អបំផុតដើម្បីដុសធ្មេញ គឺបន្ទាប់ពីអាហារពេលព្រឹកនិងមុនពេលចូលគេង។ មិនត្រូវឲ្យកូនរបស់អ្នកចូលគេងជាមួយការបៀមដបទឹកដោះគោ ឬអាហារឡើយ វាមិនត្រឹមតែធ្វើឲ្យធ្មេញរបស់កូនមានជាតិស្ករជាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យកូនរបស់អ្នកប្រឈមនឹងការឆ្លងមេរោគត្រចៀក និងស្លាក់។ កុំប្រើដបទឹកដោះគោ ឬដបជ័រ ដើម្បីឲ្យអ្នកដើរលេងជាមួយ ឬផឹកក្នុងរយៈយូរឡើយ ប្រសិនបើកូនរបស់អ្នកចង់មានដប ឬពែងលេង នៅពេលញាំចំណីអាហារយើងអាចដាក់បំពេញវាដោយត្រឹមតែទឹកប៉ុណ្ណោះបានហើយ។ បង្រៀនកូនរបស់អ្នកឲ្យផឹកពីរកែវធម្មតាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមអាយុចាប់ពី 12 ទៅ 15 ខែ។ ការផឹកពីរកែវនិងធ្វើឲ្យសារធាតុរាវប្រមូលផ្តុំជុំវិញធ្មេញ ជួយលាងសំអាតធ្មេញ តែមិនត្រូវឲ្យយកកែវទៅដេកផឹកជាមួយទេ។ ប្រសិនបើកូនរបស់អ្នកត្រូវមានដបទឹកដោះគោ ឬទឹកដោះគោប្រើសម្រាប់រយៈពេលវែង សូមដាក់បំពេញវាដោយទឹកតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលជិះរថយន្ដ សូមផ្តល់តែទឹក ប្រសិនបើកូនរបស់អ្នកស្រេកទឹក។ កំណត់បរិមាណនៃអាហារផ្អែម ឬស្អិតដែលកូនរបស់អ្នកញ៉ាំដូចជាស្ករគ្រាប់ ស្ករពីនំផ្អែម ផ្លែឈើផ្អែម ឬប្រភេទនំខេក។ ស្ករ គឺអាចមាននៅក្នុងអាហារដូចជា ប្រភេទពពុះ និងបន្ទះបំពងផងដែរ ហើយអាហារទាំងនេះ គឺអាក្រក់ជាពិសេសប្រសិនបើកូនរបស់អ្នកញ៉ាំអាហារច្រើន។ ពួកគេគួរតែត្រូវបានបរិភោគតែនៅពេលញាំអាហារតែប៉ុណ្ណោះ និងបង្រៀនកូនរបស់អ្នកឲ្យប្រើអណ្តាតរបស់គាត់ ដើម្បីសម្អាតអាហារភ្លាមៗចេញពីធ្មេញ។ មិនត្រូវផ្តល់ទឹកសម្រាប់ទារកដែលមានអាយុតិចជាង 6 ខែនោះទេ ប្រសិនបើទឹកត្រូវបានផ្តល់ឲ្យទារកមានអាយុចន្លោះពី 6 ទៅ 12 ខែ ដែលមានបរិមាណ៤អោន(១អោន=២៨ក្រាម)ក្នុងមួយថ្ងៃ ចំពោះកុមារអាយុពី 1 ទៅ 6 ឆ្នាំទឹកដែលត្រូវបានផ្តល់ត្រូវបានកំណត់ត្រឹម 4 ទៅ 6 អោនក្នុងមួយថ្ងៃ។ ធ្វើការណាត់ជួបឲ្យកូនរបស់អ្នកជួបពេទ្យធ្មេញមុនអាយុ 1ឆ្នាំ ប្រសិនបើអ្នកមានការព្រួយបារម្ភពេទ្យធ្មេញអាចពិនិត្យកូនរបស់អ្នកឆាប់ និងស្វែងរកពេទ្យធ្មេញកុមារនៅតំបន់របស់អ្នកនៅ។ ប្រសិនបើគ្មានពេទ្យធ្មេញដែលអាចពិនិត្យមើលកូនរបស់អ្នកត្រឹមអាយុ 1 ឆ្នាំទេ គ្រូពេទ្យកុមាររបស់អ្នកអាចមើលទៅក្នុងមាត់របស់កូនអ្នកបាន ដោយលាបហ្វ្លូអូរាយ និងនិយាយជាមួយអ្នកអំពីរបៀបរក្សាសុខភាពរបស់កូនអ្នក។ រោគពុកធ្មេញអាចបង្ការបានដោយនិយាយជាមួយគ្រូពេទ្ យឬទន្តពេទ្យរបស់កូនអ្នក ប្រសិនបើអ្នកឃើញសញ្ញានៃការពុកនៅក្នុងធ្មេញរបស់កូនអ្នក ឬប្រសិនបើអ្នកមានសំណួរអំពីធ្មេញរបស់កូនអ្នក។ ជាមួយនឹងការថែទាំត្រឹមត្រូវ កូនរបស់អ្នកអាចធំឡើង ដើម្បីឲ្យមានធ្មេញដែលមានសុខភាពល្អពេញមួយជីវិតជាមួយស្នាមញញឹមល្អ។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការអស់រដូវ គឺជាដំណើរធម្មជាតិរបស់ស្ត្រីដែលអាចមានរយៈពេលជាច្រើនឆ្នាំ ដោយនាំមកជាមួយនូវអាការៈរំខានជាច្រើន ការផ្លាស់ប្តូរទាំងសរីរាង្គកាយ និងផ្លូវចិត្ត ក៏ដូចជាហានិភ័យនៃជំងឺមួយចំនួនផងដែរ។ នៅអំឡុងពេលនេះ ស្ត្រីអស់រដូវជាទូទៅអាចត្រូវបានទទួលការព្យាបាលដោយការប្រើប្រាស់ឱសថអ័រម៉ូនជំនួស ដោយក្នុងនោះរួមមានសារធាតុសកម្មជាអឺស្ត្រូសែន ឬការរួមបញ្ចូលនៃអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនដទៃទៀត។ទោះជាការព្យាបាលដោយអ័រម៉ូននេះត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយអស់រយៈពេលលើសពី ៧០ជាងឆ្នាំមកហើយក៏ដោយ ក៏ប៉ុន្តែស្របជាមួយនឹងប្រសិទ្ធភាពក្នុងការព្យាបាលរបស់វា ឥទ្ធិពលអវិជ្ជមានមួយចំនួនរបស់វាក៏ត្រូវបានសង្កេតឃើញផងដែរ ដោយក្នុងនោះរួមមានទាំងការផ្តល់ជាហានិភ័យនៃជំងឺមហារីកទៀតផង។ បច្ចុប្បន្នការព្យាបាលដោយសារធាតុចម្រាញ់ពីរុក្ខជាតិក្រោមទម្រង់ជា Isoflavones ត្រូវបានសង្កេតឃើញថាមានការនិយមប្រើប្រាស់សម្រាប់ឆ្លាស់ជាមួយការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែន ក្នុងការគ្រប់គ្រងរោគសញ្ញានៃការអស់រដូវរបស់ស្ត្រី។   នៅក្នុងអត្ថបទនេះ អ្នកទាំងអស់គ្នានឹងអាចធ្វើការស្វែងយល់បានកាន់តែច្បាស់អំពីការព្យាបាលទាំង ២យ៉ាងគឺ ការព្យាបាលដោយអឺស្ត្រូសែន និងការព្យាបាលដោយ Isoflavones ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលដោយអឺស្ត្រូសែន (HRT) ដោយសារអាការៈរំខាននៃការអស់រដូវកើតមានឡើងពីការថយចុះនៃអ័រម៉ូនអឺស្ត្រូសែនដែលកើតមានទៅតាមអាយុ ដូចនេះ ការព្យាបាលដោយជំនួសមកវិញនូវអ័រម៉ូនសំយោគពីខាងក្រៅ គឺជាវិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ស្ថានភាពនេះ។ ការព្យាបាលនេះត្រូវបានហៅកាត់ថា HRT (Hormone Replacement Therapy) ដែលក្នុងនោះរួមមានពីរប្រភេទគឺ អ័រម៉ូនអឺស្ត្រូសែនសុទ្ធ ឬតែឯង និងការរួមបញ្ចូលរវាងអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនប្រូសេស្តេរ៉ូន។ HRT អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការព្យាបាលរួមមានដូចជា៖ •   ការថយចុះនូវអាការៈរំខាននៃការអស់រដូវ •   ការថយចុះនៃហានិភ័យទៅនឹងបញ្ហាបាក់បែកឆ្អឹងដោយជំងឺស្ពោតឆ្អឹង ជំងឺភ្លេចភ្លាំងនិងវង្វេងវង្វាន់ (Dementia) ព្រមទាំងមហារីកចុងពោះវៀនធំ •   ភាពប្រសើរឡើងនៃប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងការថយចុះនៃជំងឺស្ទះសរសៃឈាមបេះដូង និងអត្រាការស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង។   ទោះយ៉ាងណាក៏ដោយ HRT ក៏អាចនាំមកនូវផលប៉ះពាល់មួយចំនួនផងដែរជាឧទាហរណ៍ឱសថ HRT អាចធ្វើឲ្យការប្រឈមនឹងហានិភ័យនៃឈាមកកក្នុងសរសៃឈាមឡើងទ្វេដង ព្រមទាំងអាចជំរុញការលូតលាស់នៃកោសិកាសុដន់ត្រៀមមហារីក។ ក្រៅពីនោះ HRT ក៏ត្រូវបានដឹងថាអាចបង្កការប្រឈមនឹងជំងឺស្ទះសរសៃឈាមខួរក្បាល ព្រមទាំងជំងឺស្ទះសរសៃឈាមបេះដូងផងដែរ។ ការព្យាបាលដោយសារធាតុ Isoflavones Isoflavones គឺជាប្រភេទអឺស្ត្រូសែនរបស់រុក្ខជាតិ(Phytoestrogens) ដែលមានសកម្មភាពដូចនឹងអឺស្ត្រូសែនក្នុងរាងកាយរបស់យើង។ Isoflavones អាចភ្ជាប់ទៅនឹងសរីរាង្គទទួលរបស់អឺស្ត្រូសែន និងបញ្ចេញសកម្មភាពក្រោមទម្រង់២យ៉ាងគឺ សកម្មភាពអឺស្ត្រូសែន និងសកម្មភាពប្រឆាំងនឹងអឺស្ត្រូសែនដោយអាស្រ័យទៅលើស្ថានភាពអ័រម៉ូនរបស់បុគ្គល ដើម្បីបង្កើតបានជាតុល្យភាពជីវសាស្ត្រក្នុងរាងកាយ។   The North American Menopause Society បានផ្តល់ការណែនាំអំពី Isoflavones ចម្រាញ់ពីសណ្តែកសៀងដែលអាចប្រើប្រាស់ជាការព្យាបាលឆ្លាស់ជាមួយនឹងការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែនបានសម្រាប់អាការៈនៃការអស់រដូវកម្រិតស្រាល។ ស្ត្រីជាច្រើនបានរាយការណ៍អំពីប្រសិទ្ធភាពនៃ Isoflavones ក្នុងការបន្ថយអាការៈក្តៅក្រហល់ក្រហាយ និងបែកញើសពេលយប់ នៅពេលដែលពួកគេបរិភោគជាទៀងទាត់នូវអាហារជាសណ្តែកសៀង។ ក្រៅពីនោះ Isoflavones ក៏អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែររួមមាន៖ •   វាដើរតួយ៉ាងសំខាន់ក្នុងការការពារ ព្រមទាំងទ្រទ្រង់ឆ្អឹងឲ្យបានរឹងមាំ និងសុខភាពល្អ •   វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារប្រព័ន្ធសរសៃឈាមបេះដូងពីអុកស៊ីតកម្មទៅលើ LDL (ខ្លាញ់អាក្រក់)ការប្រមូលផ្តុំនៃកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាមអាទែរដោយបង្កើតជាបន្ទះស្រទាប់ខ្លាញ់ដែលអាចធ្វើឲ្យរាំងស្ទះលំហូរឈាម និងជាលទ្ធផលបង្កឲ្យមានបញ្ហារឹងសរសៃឈាម •   វាអាចទប់ស្កាត់អង់ស៊ីមដែលជំរុញការលូតលាស់នៃដុំសាច់ ការពារការកើតឡើងនូវសរសៃឈាមដែលចិញ្ចឹមដុំសាច់មហារីក និងការពារការកើតឡើងនៃរ៉ាឌីកាល់សេរីដែលប៉ះពាល់លើកោសិកាធម្មតាព្រមទាំងបន្ថយអត្រាប្រឈមនឹងមហារីកសុដន់ដោយទប់ស្កាត់ឥទ្ធិពលអាក្រក់នៃអឺស្ត្រូសែនក្នុងរាងកាយក្នុងការបង្កជាជំងឺមហារីក •   វាអាចកាត់បន្ថយអាការៈគេងមិនលក់ ដែលត្រូវបានបញ្ជាក់ដោយការអង្កេតការវិភាគលក្ខណៈ polysomnographic •   វាអាចបង្កើនការសំយោគវីតាមីនដេ និងជំរុញការភ្ញោចការស្រូបយកកាល់ស្យូមទៅក្នុង ឆ្អឹង ព្រមទាំងរារាំងសកម្មភាពនៃការរសាត់ឆ្អឹងតាមរយៈការបន្ថយកោសិកា osteoclasts ដែលមានន័យថាបន្ថយការប្រឈមនឹងជំងឺពុកឆឹ្អងនៅវ័យអស់រដូវ •   វាអាចបង្កើនកម្រាស់កោសិកា epidermal និង dermal ព្រមទាំងបង្កើតសន្ទស្សន៍ សរសៃឈាមតូចៗ បង្កើនបរិមាណកូឡាជែន និងកោសិកាយឺត ក៏ដូចជាសរសៃឈាមនៅស្រទាប់ dermal ផងដែរ ដែលមានន័យថា វាអាចជួយបន្ថយភាពជ្រីវជ្រួញនៅវ័យអស់រដូវ •   វាអាចជំរុញការលូតលាស់នៃសរសៃសក់ និងការពារការជ្រុះសក់ ដោយបង្កើនការផលិតភ្នាក់ងារ insulin-like growth factor (IGF-I) នៅក្នុងរន្ធឫសសរសៃសក់ •   ការសិក្សាមួយចំនួនបានបញ្ជាក់ផងដែរអំពីតួនាទីដ៏សំខាន់នៅក្នុងអាការៈស្ងួតទ្វារមាស ក្រោយពីអស់រដូវ •   វាមាននាទីជួយដល់ការចងចាំ ការផ្ចង់អារម្មណ៍ មុខងារខួរក្បាលផ្នែកខាងមុខ ក៏ដូចជាមុខងារក្នុងការគិតផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ភ្នែកប្រែពណ៌ជាក្រហម ឬមានអាការៈស្អិតភ្នែកអាចជារោគសញ្ញានៃការរលាកភ្នាសដែលគ្របលើផ្នែកសនៃគ្រាប់ភ្នែក ឬហៅថា Conjonctivite។ ភាគច្រើន ជំងឺនេះមានសភាពស្រាល ដែលអាចដោះស្រាយបានដោយគ្រាន់តែប្រើប្រាស់ជាមួយឱសថលាងភ្នែកមួយចំនួន តែត្រូវប្រយ័ត្នព្រោះការរលាកក៏អាចបណ្តាលមកពីជំងឺផ្សេងទៀតដូចជា ជំងឺទឹកដក់ក្នុងភ្នែក   (Glaucomes) ឬជំងឺរលាកប្រស្រីភ្នែក (Irido-cyclites)។ អ្វីគួរដឹង? ក្នុងករណីភ្នែករបស់អ្នកមានសភាពស្អិតនៅរាល់ពេលក្រោកពីគេងពេលព្រឹកព្រលឹម វាអាចជាសញ្ញានៃជំងឺរលាកភ្នាសភ្នែកតិចតួចដែលបណ្តាលមកពី៖ •    ការចម្លងរោគ ៖ ភាគច្រើនបណ្តាលមកពីពពួកវីរុស •    បញ្ហាអាល្លែកហ្ស៊ី ៖ មានវត្តមានលម្អងផ្កា ឬអាល្លែកហ្ស៊ីជាមួយសត្វឆ្មា ឬឆ្កែ ជាដើម។ អ្វីគួរធ្វើ? ការផ្តល់ដំបូន្មានអាចមានដូចជា៖ •    លាងភ្នែកជាមួយសូលុយស្យុងប្រភេទ L’acide borique មានឈ្មោះ៖ Dacryosérum, Optraex, Sophtal (ជាថ្នាំអំពូលប្រើប្រាស់តែម្តង) •    ប្រើប្រាស់ឱសថលាងភ្នែកពពួក Antiseptique មានដូចជា៖ Désomédine collyre ឬBiocidan ជាដើម •    ប្រើប្រាស់ក្រែមលាបភ្នែកពពួក Antiseptique៖ ប៉ូម៉ាត Maurice 2,5% (Cooper) តែចៀសវាងប្រើប្រាស់ជាមួយភ្នែកដែលពាក់កញ្ចក់ Lens។ ប្រសិនភ្នែកស្តែងចេញមានពណ៌ក្រហម រួមទាំងមានការឈឺចាប់ទៀតនោះ អ្នកគួរប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺភ្នែក។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top