Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គ្រប់ការទទួលទានតែងផ្តល់ឲ្យអ្នកនូវផលវិជ្ជមាន និងផលអវិជ្ជមាន អាស្រ័យលើបរិមាណ និងគុណភាពខុសៗពីគ្នា។  តួយ៉ាងដូចជា ការទទួលទានគ្រឿងស្រវឹង ពិសេសក្នុងបរិមាណច្រើនដែលវាអាចផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ភ្លាមៗ និងផលប៉ះពាល់យូរអង្វែងដែលអ្នកអាចកំពុងមើលរំលង… ផលប៉ះពាល់ភ្លាមៗ •  បន្ទាប់ពីញ៉ាំបានពីរបីកែវរួចមក អ្នកទទួលទានអាចមានអារម្មណ៍ធូរស្បើយកាត់បន្ថយការប្រមូលអារម្មណ៍ និងពន្យឺតប្រតិកម្មឆ្លើយតប •  ក្រោយមក អ្នកផឹកអាចមានការទប់ទល់ថយចុះ មានជំនឿចិត្ត មានអាកប្បកិរិយាឆ្គាំឆ្គង និយាយឡុលៗ និងមានការរំជួលចិត្ត (ដូចជា កើតទុក្ខ សប្បាយ ឬក្រេវក្រោធ) •  បើបន្តទទួលទានទៀត នឹងនាំទៅរកការចង្អោរក្អួត និងរហូតដល់គេងមិនលក់ •  ករណីទទួលទានច្រើនជាងនេះទៀត អាចបណ្តាលឲ្យសន្លប់ ឬស្លាប់ក៏មាន •  ប្រសិនអ្នកនោះនៅតែផឹកបន្ត គេនឹងមានការច្របូកច្របល់ ស្រវាំងភ្នែក  និងសមត្ថភាពបញ្ជាសាច់ដុំចុះខ្សោយ។ ផលប៉ះពាល់យូរអង្វែង ការទទួលទានគ្រឿងស្រវឹងច្រើន និងរយៈពេលយូរ អាចបំផ្លាញសរីរាង្គជាច្រើនដូចជាការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល បេះដូង និងថ្លើម។ លើសពីនេះ ប្រសិនបើអ្នកផឹកមិនមានអាហារគ្រប់គ្រាន់ក្នុងក្រពះទេនោះ ការទទួលទានគ្រឿងស្រវឹង អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកាន់តែខ្លាំង រួមមាន៖ •  មហារីកមាត់ បបូរមាត់ បំពង់ក បំពង់អាហារ ថ្លើម  •  ខូចខាតប្រព័ន្ធប្រសាទខួរក្បាល ដូចជា បាត់បង់ការចងចាំ វង្វេងវង្វាន់  •  សម្ពាធឈាមកើនឡើង ជីពចរមិនទៀងទាត់បេះដូងរីក   •  ចុះខ្សោយ ជាលិកាសាច់ដុំ  •  បែកញើសត្រជាក់ ស្នាមក្រហម និងជាំនៅលើស្បែក  •  រលាកក្រពះ ឈាមក្នុងក្រពះ និងដំបៅក្រពះ •  ការរីកធំនៃថ្លើម ជំងឺរលាកថ្លើម និងក្រិនថ្លើម  •   រលាកលំពែង  •   ស្កៀប និងបាត់បង់ញាណនៅប្រអប់ដៃ និងប្រអប់ជើង  •   សម្រាប់បុរស ធ្វើឲ្យអសមត្ថភាពផ្លូវភេទការរួញតូចនៃពងស្វាស កាត់បន្ថយ និងខូចខាតដល់មេជីវិត  •   សម្រាប់ស្ត្រី ប្រឈមមុខនឹងរោគស្ត្រី។ ការស៊ាំ និងការញៀនគ្រឿងស្រវឹង  មនុស្សដែលទទួលទានគ្រឿងស្រវឹងច្រើន តែងតែមានភាពស៊ាំនឹងគ្រឿងស្រវឹង ដែលជាលទ្ធផល អ្នកខ្លះអាចទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនដោយមិនស្រវឹង ប៉ុន្តែការប៉ះពាល់សុខភាពនៅតែមាន។ អ្នកទទួលទានគ្រឿងស្រវឹងច្រើនជាទៀងទាត់អាចញៀនផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរ។ ជាក់ស្តែងអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវចិត្ត  យល់ថាការទទួលទានគ្រឿងស្រវឹង  មានសារសំខាន់ជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់ពួកគេ។ ចំណែកអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវកាយ យល់ថារាងកាយរបស់គេដំណើរការបានលុះត្រាតែមានជាតិគ្រឿងស្រវឹង។ អាការៈញៀនគ្រឿងស្រវឹង     បើសិនមនុស្សម្នាក់ មានការញៀនគ្រឿងស្រវឹងផ្លូវកាយ ហើយស្រាប់តែឈប់ផឹកគ្រឿងស្រវឹងភ្លាមៗ អ្នកនោះ នឹងលេចចេញនូវអាការៈញៀនដែលរួមមាន បាត់បង់ការឃ្លាន ចង្អោរ ថប់បារម្ភគេងមិនលក់ ឆាប់ច្រឡោតខឹង វង្វេងវង្វាន់ ញ័រនិងបែកញើសត្រជាក់។ ក្នុងករណីធ្ងន់ធ្ងរ អាការៈញៀនគ្រឿងស្រវឹង អាចបណ្តាលឲ្យកន្ត្រាក់ ប្រកាច់ រមួលសាច់ដុំ ក្អួត ភ័ន្តវិញ្ញាណ វិបល្លាស និងអាចរហូតដល់ស្លាប់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ក្នុងវីដេអូខាងក្រោមនេះ អ្នកនឹងជួយអ្នកឲ្យស្វែងយល់បន្ថែម ពីជំងឺឫសដូងបាត។ ការព្យាបាល​ជំងឺឫសដូងបាត នៅគ្លីនិក តូច យ៉ាន​! បើលោក លោកស្រី មានជំងឺឬសដូងបាត សូមកុំបារម្ភ ! សូមអញ្ជើញមកកាន់គ្លីនិក តូច យ៉ានយើងខ្ញុំ មានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាត ធានាព្យាបាលជាគ្រប់ប្រភេទ និងគ្រប់ដំណាក់កាលនៃជំងឺឫសដូងបាត ទោះបីដុះ ៥០ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាមក្តី ។ - ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប - ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ - ធានាព្យាបាលជាគ្រប់ប្រភេទ​ជំងឺឫសដូងបាតទោះបីដុះ៥០ឬ៦០ឆ្នាំហើយក្តី ឬ កំពុងទុំ ហូរឈាម ក្តី ។ - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ - ព្យាបាលរួចមាន ប័ណ្ណធានារាប់រងជូនអ្នកជំងឺ ធានាជូនមួយជីវិត។ - បើមានអ្នកជំងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ - ក្នុងរយៈពេលព្យាបាលអ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារ បានដូចធម្មតា មិនបាច់សម្រាកពេទ្យ។  - ពិនិត្យ, ពិគ្រោះ, ថត ជំងឺឬសដូងបាតជូនតលៃ $៥ក្នុងមួយនាក់។ - ចំពោះអ្នកនៅបណ្ដាខេត្ត,ក្រុងឆ្ងាយពុំមានកន្លែងស្នាក់នៅ គ្លីនិក មាន កន្លែងឲ្យស្នាក់នៅ ចាក់ថ្នាំរយៈពេល ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ។ លោក លោកស្រី ទូរស័ព្ទពិភាក្សាពិគ្រោះជំងឺ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈទូរស័ព្ទលេខTel: 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ និង សាខាទាំង ៥ នៅទីក្រុង ភ្នំពេញ ។ សូមអគុណ!

ចែករំលែក

ឳពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនរបស់ខ្លួនក្លាហាន ដើម្បីឲ្យពួកគេហ៊ានប្រឈមមុខគ្រប់រឿងដែលកើតឡើង រឹតតែចេះសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។ អ្នកជាអាណា-ព្យាបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនកូនៗរបស់អ្នកចាប់តាំងពីពួកគេនៅជាក្មេងតូចៗ ដែល៧វិធីខាងក្រោម ពិតជាអាចជួយលោកអ្នកបាន៖ ធ្វើជាបុគ្គលគំរូសម្រាប់ពួកគេ ប្រសិនអ្នកចង់ឲ្យកូនៗរបស់អ្នកក្លាយជាមនុស្សក្លាហាន អ៊ីចឹងអ្នកក៏ត្រូវក្លាហានដូចគ្នា ឬអាចនិយាយបានថាអ្នកជាបុគ្គលដំបូងដែលកូនៗរបស់អ្នកនឹងយកជាគំរូ។ ចូរសាកល្បងធ្វើនូវអ្វីដែលអ្នកមិនធ្លាប់ធ្វើ ហើយមានអារម្មណ៍ថាភ័យខ្លាច ជាមួយកូនៗរបស់អ្នក ដើម្បីឲ្យពួកគេឃើញថាទោះបីវាជារឿងដែលអ្នកខ្លាចក៏អ្នកនៅតែក្លាហានហ៊ានធ្វើវា។ ឧទាហរណ៍ អ្នកមិនចេះរាំ តែអ្នកក៏ហ៊ានរាំនៅទីសាធារណៈ ឬអ្នកមិនចេះជិះស្គី តែអ្នក ក៏ហ៊ានជិះ ដោយធ្វើវាជាមួយកូនរបស់អ្នក។ រៀបរាប់ពីវីរជនក្នុងសង្គម នៅពេលគិតលើបុគ្គល ដែលមានសេចក្តីអង់អាចក្លាហាន គ្រប់គ្នាតែងតែនឹកទៅដល់កងទ័ព អ្នកពន្លត់អគ្គីភ័យ ឬប៉ូលីសជាដើម។ ជាការពិត ពួកគេសុទ្ធតែ អាចផ្តល់ជាគំរូ ឬជាឧទាហរណ៍នៃភាពក្លាហាន ដល់កូនៗរបស់លោកអ្នកបាន។ លើសពីនេះ លោកអ្នកក៏អាចសរសេរជាពាក្យស្លោក ឬសុភាសិតមួយចំនួនអំពីភាពក្លាហានចេញពីបុគ្គលទាំងនោះ ដោយបិតវានៅកន្លែងដែលកូនៗរបស់អ្នកងាយនឹងមើលឃើញ។ ជំរុញឲ្យមានការចូលរួមប្រកួតប្រជែង រាល់ការប្រកួតប្រជែងតែងតែមានឧបសគ្គជានិច្ច ដូច្នេះ ការជម្នះឧបសគ្គទាំងនោះបាននឹងធ្វើឲ្យក្មេងរឹតតែមានទំនុកចិត្តលើខ្លួនឯង។ ក្រៅពីនេះ ពួកគេក៏ត្រូវរៀនទទួលនូវលទ្ធផលវិជ្ជមាន និងអវិជ្ជមានទាំងនោះឲ្យបាន ប្រសិនបើពួកគេបរាជ័យ វានឹងក្លាយជាមេរៀនមួយដែលធ្វើឲ្យក្មេងរឹតតែមានភាពរឹងមាំជាងមុន និងបង្កើនការខិតខំប្រឹងប្រែងបន្ថែម តែបើគេទទួលបានជោគជ័យ នោះវាជាសមិទ្ធផលដែលធ្វើឲ្យពួកគេមានសេចក្តីក្លាហានរឹតតែខ្លាំងឡើងៗ។ ឲ្យពួកគេសាកល្បងអ្វីដែលថ្មី ក្នុងនាមជាឪពុកម្តាយតែងការពារកូនរបស់ខ្លួនគ្រប់ពេល ទោះជាយ៉ាងណា អ្នកគួរតែឲ្យពួកគេប្រឈមជាមួយអ្វីមួយដែលថ្មី ទោះបើពួកគេអាចនឹងមានការភ័យខ្លាចក៏ដោយ។ លោកអ្នកអាចចាប់ផ្តើមទៅតាមដំណាក់កាល ម្តងមួយៗដោយព្យាយាមសាកល្បងអាហារថ្មី ឬលេង កីឡាដែលពួកគេមិនធ្លាប់បានលេង ជាដើម។ លើកទឹកចិត្ត និងសរសើរ ទោះបីជោគជ័យ ឬបរាជ័យ ម្តងឬច្រើនដងយ៉ាងណាក៏ដោយអ្នកជាឳពុកម្តាយ ឬអាណាព្យាបាលគឺជាបុគ្គលសំខាន់បំផុត ដែលពួកគេត្រូវការពាក្យលើកទឹកចិត្តនិងសរសើរ។ សម្តីរបស់អ្នកក្នុងពេលនោះ ប្រៀបបាននឹងអាវុធដ៏មុតស្រួច ក្រើនរំលឹកឲ្យកូនរបស់អ្នកជាប្រចាំឲ្យមានភាពក្លាហាន ជម្នះនូវគ្រប់ឧបសគ្គពេញមួយជីវិត។ បង្រៀនកូនឲ្យដឹងថា ធ្វើខុសមិនមែនជារឿងគួរឲ្យខ្លាចទេ ជាក់ស្តែង ក្មេងៗនៅសាលាភាគច្រើន​តែងតែមិនហ៊ានឆ្លើយសំណួររបស់គ្រូ ដោយសារតែពួកគេគ្មានភាពក្លាហាននឹងឆ្លើយ ឬខ្លាចថា ចម្លើយរបស់ពួកគេអាចខុសជាដើម។ ដូចនេះ វាពិតជាសំខាន់ណាស់ក្នុងការដែលធ្វើឲ្យកូនៗរបស់-អ្នកក្លាហានក្នុងការនិយាយ ពិសេស អ្នកត្រូវឲ្យពួកគេដឹងថានិយាយខុសមិនមែនជារឿងដែលត្រូវខ្លាចនោះទេ។ ប្រាប់អំពីរឿងរ៉ាវប្រថុយ និងគ្រោះថ្នាក់ដែលអ្នកជួបប្រទះ ការចែករំលែកនូវបទពិសោធន៍មិនល្អនានាទៅដល់កូនៗរបស់អ្នក គឺជាវិធីសាស្រ្តមួយបង្ហាញអំពីការជម្នះលើរឿងដែលមិនស្ថិតក្នុងការរំពឹងទុក ពោលគឺអ្វីដែលកើតឡើងទាំងនឹកស្មានមិនដល់។ យុទ្ធសាស្ត្រនេះ ជួយឲ្យកូនៗរបស់អ្នកមានភាព ក្លាហានហ៊ានប្រឈមជាមួយនឹងគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ និងអាចដោះស្រាយវាប្រកបដោយ​ទំនុកចិត្ត។ គ្មានអ្វីដែលប្រសើរជាងការដែលលោកអ្នកបានបណ្តុះនូវភាពក្លាហានដល់កូន តាំងពីកុមារភាព​នោះឡើយ…….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សរីរាង្គត្រចៀកហាក់មិនសូវបង្កជាការប្រឈមនឹងជំងឺមួយចំនួនសម្រាប់មនុស្សទូទៅ ដែលជាហេតុធ្វើឲ្យកង្វះនូវការថែទាំឲ្យបានដិតដល់ ប៉ុន្តែនៅរាល់ពេលអាការៈលេចឡើងដូចជាការរលាក បណ្តាលឲ្យឈឺចាប់ នោះត្រូវទាមទារឲ្យមានការស្វែងរកការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតដែលមានជំនាញផ្នែកត្រចៀក ច្រមុះ បំពង់ក។ អ្វីគួរដឹង? ភាគច្រើននៃរោគសញ្ញាឈឺត្រចៀក តែងកើតមានលើស្រទាប់ខាងក្រៅនៃត្រចៀក (នៅចន្លោះក្រដាសត្រចៀក និងផ្នែកខាងក្រៅ) ឬកណ្តាល (ផ្នែកនៅខាងក្រោយនៃក្រដាសត្រចៀក)  ដោយគេអាចបែងចែកដូចជា៖ •  នៅស្រទាប់ខាងក្រៅ៖ អាចជាការរលាកត្រចៀកខាងក្រៅ ការរលាកមានលក្ខណៈឈឺ ឬជំងឺគ្រុនផ្តាសាយ • នៅស្រទាប់កណ្តាល៖ ជាការរលាកត្រចៀកស្រួចស្រាវមានខ្ទុះ (ចំពោះកុមារ) និងការរលាកកើតមានឡើងដោយសារសម្ពាធ (ចំពោះមនុស្សពេញវ័យ)។ យ៉ាងណាមិញ  ចំពោះរោគសញ្ញាឈឺត្រចៀកមួយចំនួន  ជាពិសេសជំងឺដែលមានសភាពរ៉ាំរ៉ៃអាចមិនជាប់ទាក់ទងនឹងសរីរាង្គត្រចៀកនោះទេ ដោយសារសរីរាង្គត្រចៀកត្រូវបានរុំព័ទ្ធទៅដោយសរសៃជាច្រើន ដូចនេះការឈឺអាចបណ្តាលមកពីតំបន់ដែលឆ្ងាយតួយ៉ាងដូចជា៖ • បណ្តាលមកពីធ្មេញ៖ ធ្មេញពុក ការប៉ះពាល់លើធ្មេញព្រៃ និងបញ្ហាសន្លាក់មាត់ធ្មេញ •  ឈឺមាត់ •  បញ្ហាបំពង់កជាដើម។ រាល់ជំងឺត្រចៀកដែលរ៉ាំរ៉ៃគួរតែទទួលបានការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក ដោយហេតុថាវាក៏អាចមានហានិភ័យទៅនឹងជំងឺមហារីកផងដែរ ដូចជា មហារីក Amygdale ឬ មហារីកក្រោមអណ្តាត។ អ្វីគួរផ្តល់ឲ្យ? អំឡុងពេលមានជំងឺ អ្នកអាចណែនាំឲ្យអ្នកជំងឺប្រើប្រាស់នូវឱសថបំបាត់ការឈឺចាប់ដែលមាន ២ ថ្នាក់៖ 1. ថ្នាក់ទី ១៖ រួមបញ្ចូលទាំងឱសថពពួក Paracétamol  និងក្នុងក្រុម Anti-Inflammatoire Non Stéroidien (AINS) ដូចជា៖ •  Doliprane (Théraplix)៖ ប្រើ ២គ្រាប់ឬក្រោមទម្រង់កញ្ចប់ ៥០០mg ដោយការប្រើប្រាស់គឺ ៣ដងក្នុងមួយថ្ងៃ  សម្រាប់មនុស្សពេញវ័យ •  Efferalgan (UPSA)៖ ក្នុងទម្រង់ជាឱសថគ្រាប់ដាក់ទឹកពុះ ៥០០mg ដោយប្រើម្តង ២គ្រាប់៣ដងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ •   Efferalgan (UPSA)៖ ជាឱសថក្នុងទម្រង់ម្សៅ ប្រើចំពោះកុមារក្នុងកម្រិត ១៥mg/kg រៀងរាល់ ៦ម៉ោងម្តង •  Ibuprofène (ក្នុងក្រុម AINS)៖ ប្រើក្នុងកម្រិត ២០០mg។ 2. ថ្នាក់ទី ២៖ ជាប្រភេទឱសថដែលមានការបញ្ចូលគ្នារវាងឱសថ Paracétamol (៤០០mg) និង Codéine (២០mg) ក្នុងគ្រាប់ថ្នាំតែមួយ ដោយការប្រើប្រាស់គឺ ម្តង ២គ្រាប់ ៣ដងក្នុងមួយថ្ងៃ និងមិនឲ្យលើស ៦គ្រាប់ក្នុងមួយថ្ងៃ ដែលរួមមានឱសថដូចជា៖ •   Paracétamol Codéine (GNR) •   Oralgan Codéine (Pierre Fabre) •   Prontalgine (Bœhringer)។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

«សុខភាពផ្លូវចិត្តពិតជាសំខាន់សម្រាប់បុគ្គលគ្រប់រូប មិនថាសម្រាប់ជាតិសាសន៍ណានោះឡើយ» នេះបើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។ លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺ ជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។ តើមានកត្តាអ្វីខ្លះ ដែលមានទំនាក់ទំនងជិតសិ្នទ្ធទៅនឹងសុខភាពផ្លូវចិត្ត? •    កត្តាសង្គមសាស្ត្រ៖ សំដៅដល់សង្គមខ្នាតតូចនិងធំ រួមមានការប្រាស្រ័យទាក់ទងរវាងមនុស្សចាប់ពី២នាក់ឡើងទៅ សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ដរាបណាបុគ្គលម្នាក់ៗមានទំនាក់ទំនងល្អ ចេះចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក៏មិនមានទំនាស់ ឬហិង្សាក្នុងគ្រួសារហើយមានការរស់នៅចុះសម្រុងគ្នា ចំណែកឯប្រទេសជាតិ ក៏មិនសូវមានបញ្ហាសោកនាដកម្ម(សង្គ្រាម គ្រោះធម្មជាតិ…) ផ្សេងៗទេនោះ ការប៉ះទង្គិចបញ្ហាផ្លូវចិត្តក៏មិនសូវកើតមានដែរ។ •    កត្តាគីមីសាស្ត្រ៖ ការប្រើប្រាស់សារធាតុគីមីមួយចំនួន ស្របច្បាប់ និងមិនស្របច្បាប់ ដែលអាចបណ្តាលឲ្យមានការប៉ះទង្គិចដល់សុខភាពខួរក្បាល និងមិនអាចគ្រប់គ្រងស្មារតីបានល្អ  ដូចជាការសេពគ្រឿងញៀន អាភៀន ឬការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ជាដើម។ •    កត្តាចិត្តសាស្ត្រ៖ ប្រសិនបើបុគ្គលម្នាក់ទទួលបានការចិញ្ចឹមបីបាច់ផ្នែកចិត្តសាស្ត្រ ក៏ដូចជាការគាំទ្រផ្លូវចិត្តបានល្អនោះ ពេលដែលចម្រើនវ័យទៅគឺប្រាកដជាមានភាពរឹងមាំ ហើយក៏មិនងាយaប្រឈម ឬទទួលការប៉ះទង្គិចពីកត្តាផ្សេងនោះដែរ។ តើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត មានការប្រឈមទៅនឹងអ្វីខ្លះដែរ? •    បុគ្គល៖ ការគេង និងញ៉ាំមិនសូវបាន ជាហេតុនាំឲ្យមានបញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ហើយជាទូទៅ ក៏លែងចង់បំពេញកិច្ចការងារអ្វី ហើយជាលទ្ធផលក៏ត្រូវបាត់បង់ឱកាស និងចំណូលសេដ្ឋកិច្ច ជួនកាលអាចបង្កជាប្រតិកម្មទាន់ហន់ រួមមានការធ្វើអត្តឃាត ឬធ្វើមនុស្សឃាតទៀតផង។ •    គ្រួសារ៖ បាត់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាត់បង់សុភមង្គល ព្រមទាំងបង្កើននូវបន្ទុកដល់សមាជិកដទៃ។ •    សង្គម៖ បញ្ហាអសន្តិសុខ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។ល។ តើការគិត និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ? មនុស្សភាគច្រើនបានយល់ច្រឡំថា ផ្លូវចិត្ត គឺពាក់ព័ន្ធនឹងបេះដូង តែតាមការពិត វាមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល (ប្រព័ន្ធប្រសាទកណ្តាល)។ ហេតុនេះហើយ ពេលខួរក្បាលមានបញ្ហា ការគិតក៏នឹងមានបញ្ហាដែរ ហើយផ្លូវចិត្តក៏មានការប៉ះទង្គិចផងដែរ។ រីឯអារម្មណ៍វិញ វាក៏មានឥទ្ធិពលលើខួរក្បាលផងដែរ។ តើផលវិបាកនៃការគិតច្រើន រួមមានអ្វីខ្លះ? វាអាស្រ័យទៅលើបែបផែននៃការគិត បើសិនជាបុគ្គលម្នាក់មានស្មារតីល្អ ចេះគិតបានត្រូវ គិតបែបវិជ្ជមាននោះ វាក៏មិនមានផលវិបាកអ្វីដែរ។ផ្ទុយទៅវិញ បើម្នាក់នោះគិតច្រើនហើយផ្តោតតែលើភាពអវិជ្ជមាននោះ ផលវិបាកនឹងកើតមានច្រើន ដែលអាចជាបញ្ហាផ្លូវចិត្ត ហើយនាំឲ្យមានផលប៉ះពាល់ដូចដែលបានរៀបរាប់ខាងលើ។   តើបុគ្គលមួយរូបគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ ដើម្បីមានសមត្ថភាពក្នុងការគ្រប់គ្រងការគិត និងថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបាន? •    មានអារម្មណ៍ល្អចំពោះខ្លួនឯង៖ គ្រប់ពេលវេលា ចេះធ្វើឲ្យខ្លួនឯងសប្បាយ •    មានអារម្មណ៍ល្អចំពោះអ្នកដទៃ៖ មើលគេក្នុងផ្លូវល្អ មានទំនាក់ទំនងល្អ សាមគ្គីគ្នាកសាងនិងរួមរស់ជាមួយគ្នា តាមផ្លូវយុត្តិធម៌ •    មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា៖ ចេះប្រឈម ទប់ទល់ និងដោះស្រាយបញ្ហាដោយខ្លួនឯង ឬសុំជំនួយពីអ្នកដទៃ។ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែម អំពីការថែទាំសុខភាពផ្លូវចិត្តឬទេ? ត្រូវចាំថា«សុខភាពបរិបូរពេញលេញ គឺសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមគ្នាតែម្តង» ហើយត្រូវតែចេះទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯងមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនឯងមាន។ រាល់ពេលមានបញ្ហាផ្លូវចិត្ត ដំបូងត្រូវចេះជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត តាមរយៈការអប់រំសុខភាពផ្លូវចិត្ត ដូចជាការធ្វើសមាធិ ឬស្តាប់ព្រះធម៌តាមបែបព្រះពុទ្ធសាសនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរចេះប្រើប្រាស់ពេលវេលាដោយបែងចែកពេលវេលាសម្រាកកាយចិត្ត ដោយការធ្វើលំហាត់កីឡា ឬដើរកម្សាន្ត។ ក្នុងករណីមិនអាចជួយខ្លួនឯងបាន អ្នកក៏ត្រូវទទួលជំនួយពីគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត តាមរយៈការពិគ្រោះ និងព្យាបាលតាមបែបចិត្តសាស្ត្រ ដែលរួមមានទាំងសេវារដ្ឋ និងឯកជន។ បកស្រាយដោយ​៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានបញ្ហាសុខភាពកម្រិតស្រាលមួយចំនួនដែលអាចនឹងកើតមានឡើងចំពោះកូនអ្នកហើយអ្នកក៏អាចជួយសម្រាល និងដោះស្រាយវាបានជាមួយនឹងវិធីងាយៗ ដោយការប្រើប្រាស់របស់ដែលមានស្រាប់នៅក្នុងផ្ទះរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលត្រូវបានឆ្លងកាត់ការពិសោធន៍ ហើយបញ្ជាក់ថាមានសុវត្ថិភាពចំពោះសុខភាពក្មេង ដោយមិនបង្កជាផលរំខានដល់សុខភាពឡើយ… ទឹកឃ្មុំ និងក្រូចឆ្មារ សម្រាប់បញ្ហាស្អកក ទឹកឃ្មុំ១ស្លាបព្រាពេញអាចជួយសម្រួលដល់អាការៈក្អករបស់ក្មេង ហើយប្រសិទ្ធភាពក៏ប្រហែលនឹងថ្នាំបំបាត់ក្អកមួយចំនួនផងដែរ។ អ្នកអាចលាយទឹកឃ្មុំ១ស្លាបព្រាជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រា ហើយដាក់កម្តៅឲ្យក្តៅឧណ្ហៗ។ បន្ទាប់មក អ្នកអាចទុកឲ្យត្រជាក់បន្តិច រួចសឹមឲ្យកូនរបស់អ្នកលេបម្តង១ស្លាបព្រា។ បញ្ជាក់៖ ក្មេងក្រោមអាយុ១ឆ្នាំ មិនគួរទទួលទានទឹកឃ្មុំឡើយ។ ប្រដាប់ផ្លុំពពុះសាប៊ូ សម្រាប់បញ្ហាថប់អារម្មណ៍ ការដកដង្ហើមវែងៗ ហើយយឺតៗ នឹងជួយឲ្យកូនរបស់ អ្នកមានអារម្មណ៍ថាធូរស្បើយ ជាពិសេសពេលដែលគេមានបញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ឬថប់អារម្មណ៍ ជាដើម។ បើសិនអ្នកមានប្រដាប់ផ្លុំពពុះសាប៊ូនៅផ្ទះស្រាប់ ជំនួសឲ្យការប្រាប់ពួកគេធ្វើសមាធិ ឬលំហាត់ប្រាណតាមចលនាដង្ហើមនោះ អ្នកអាចឲ្យគេផ្លុំវាលេងដោយប្រាប់ថាផ្លុំឲ្យបានធំ (ដែលតម្រូវឲ្យផ្លុំយឺតៗនិងយូរ)។ ទឹកកក ឬជែល សម្រាប់អាការៈឈឺក្បាល អាចប្រើប្រាស់ទឹកកកដុំដែលមានស្រាប់ក្នុងទូទឹកកកហើយរុំដោយក្រណាត់ស្អាត និងក្រាស់ល្មម ស្អំលើក្បាលពួកគេ ដោយអ្នកត្រូវប្រាកដថា មិនស្អំទឹកកកផ្ទាល់លើស្បែកក្បាលរបស់គេឡើយ។ ម្យ៉ាងទៀតបើអ្នកមានជែលបិតលើក្បាលសម្រាប់ក្មេងទៀតនោះក៏រឹតតែប្រសើរ ដោយអ្នកអាចរកបាននៅតាមឱសថ​ស្ថាននានា ហើយជាការល្អបំផុត បើអ្នកមានវាខ្លះៗ សម្រាប់ប្រចាំការនៅក្នុងផ្ទះ។ តែខ្ញីស្រស់ៗ សម្រាប់អាការៈពុលឡាន ខ្ញីមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកន្ត្រាក់របស់ក្រពះ ដែលជាហេតុបង្កឲ្យមានអារម្មណ៍ថាវិលមុខ និងចង្អោរ។ សម្រាប់ក្មេងដែលមានអាយុស្មើ ឬលើសពី២ឆ្នាំ អ្នកអាចដាក់ចំណិតខ្ញីស្រស់ៗ ក្នុងទឹកពុះ ហើយទុកក្នុងរយៈពេលប្រមាណ៤ទៅ៥នាទី រួចសឹមទុកឲ្យត្រជាក់បន្តិច មុននឹងឲ្យក្មេងញ៉ាំ។ អ្នកគួរតែឲ្យគេញ៉ាំប្រមាណជាកន្លះម៉ោងមុនធ្វើដំណើរតាមឡាន។ ត្រសក់ សម្រាប់អាការៈហើមតិចតួច ចំណិតត្រសក់ត្រជាក់ៗអាចជួយសម្រួលដល់បញ្ហាស្បែកឡើងក្តៅ និងហើម បានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចដាក់ចំណិតត្រសក់នៅត្រង់កន្លែងដែលមានបញ្ហាហើមនោះ  ហើយអ្នកក៏អាចធ្វើការឆ្លាស់ចំណិតថ្មីទៀត ប្រសិនបើអ្នកមានអារម្មណ៍ថាចំណិតត្រសក់នោះឡើងកម្តៅតិចៗហើយ។ ម្សៅដុតនំ (Baking Soda) សម្រាប់បញ្ហាសត្វល្អិតទិច ឬខាំ អ្នកអាចលាយម្សៅ Baking Soda នោះ ជាមួយនឹងបរិមាណទឹកល្មម ដើម្បីឲ្យលាយទៅបានជាល្បាយខាប់ និងអន្តាយៗ​បន្តិច ហើយលាបនៅត្រង់កន្លែងដែលសត្វល្អិតទិចឬខាំនោះ ហើយទុកវាឲ្យស្ងួត។ ការធ្វើបែបនេះ វានឹងជួយកាត់បន្ថយការឡើងកន្ទួល និងហើមដោយសារ សត្វល្អិតនោះមិនខាន។ យ៉ាងណាមិញ ក្នុងករណីកូនរបស់អ្នកមានបញ្ហា សុខភាពធ្ងន់ធ្ងរ ឬអាការៈមិនធូរស្រាល អ្នកគួរប្រញាប់នាំគេទៅជួបពិនិត្យ និងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដោយកុំពន្យារពេលទុកយូរ ឡើយ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

យើងម្នាក់ៗបាន និងកំពុងចំណាយពេលមួយភាគបីនៃរយៈពេលពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។   ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើនជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអីុម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។ អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំឭកខ្លួនអ្នកអំពីដំណើរការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការ-ងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសាអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃនោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។   អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់រង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់ឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្រ្តក្នុងការតាមដានការវិវឌ្ឍនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន។ យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង  នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះ​​ខាងលើនេះ​​ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការចិញ្ចឹមបីបាច់ថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថាអ្នកនឹងអាចមើលថែទាំពួកគេបានល្អ ឲ្យមានសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយអំពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗ។ តើអ្នកដឹងទេថា…ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏ដូចជាបំពេញសកម្មភាពមួយចំនួនរយៈពេលប្រមាណ៦០នាទីក្នុងមួយថ្ងៃ ដល់កូនៗរបស់អ្នក គឺអាចការពារពួកគេពីបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ?   បើសិនជាអាច លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំ នៃសុខភាព និងជីវិតរបស់កូនជាទីស្រឡាញ់របស់អ្នក…   បង្កើតនូវទម្លាប់ធ្វើអ្វីដែលសកម្ម ត្រឹមតែ៦០នាទី ក្នុងរយៈពេល២៤ម៉ោង (មួយថ្ងៃ)ក៏ល្មមគ្រប់គ្រាន់សម្រាប់ឲ្យអ្នក និងកូនរបស់អ្នកបំពេញនូវសកម្មភាពខ្លះដែលបង្កនូវភាពសកម្មនៅក្នុងក្រុមគ្រួសារ។ ក្នុងនោះ អ្នកអាចសាកល្បងនូវហ្គេមមួយចំនួនដូចខាងក្រោម ៖ - បោះប៉េងប៉ោងលេងទៅវិញទៅមក - ផ្លុំពពុះសាប៊ូ ដែលអាចឲ្យកូនរបស់អ្នករត់ចាប់លេង - លេងបាល់ទាត់ ឬលេងបោះបាល់ - ដើរកម្សាន្តនៅសួនច្បារ ឬទីធ្លាណាមួយ។ លើកទឹកចិត្តពួកគេក្នុងការបំពេញសកម្មភាព មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញអំពីការផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបំពេញសកម្មភាពដែលជួយឲ្យសុខភាពរឹងមាំ។ ជាក់ស្តែងបន្ថែមពីលើការចុះឈ្មោះឲ្យពួកគេក្នុងក្លឹបកីឡា ឬថ្នាក់រៀនអ្វីនោះ អ្នកក៏គួរតែចំណាយពេលខ្លះទៅចូលរួមមើលពួកគេ ឬលើកទឹកចិត្តពេលមានការប្រកួតមិនថាមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចគាំទ្រដល់ពួកគេ ដោយការត្រៀមនូវសម្លៀកបំពាក់ត្រឹមត្រូវសមស្របទៅនឹងសកម្មភាព ឬធ្វើការរៀបចំអាហារ ឬភេសជ្ជៈដែលជួយទ្រទ្រង់ដល់សកម្មភាពទាំងនោះផងដែរ។ កាត់បន្ថយ ឬកម្រិតពេលសម្លឹងអេក្រង់ ពេលសម្លឹងអេក្រង់ ជាពិសេសការមើលទូរទស្សន៍និងលេងអុីនធើណែត សុទ្ធតែបង្អាក់ពួកគេពីការធ្វើសកម្មភាព ហេតុនេះហើយ អ្នកត្រូវតែមានការដាក់កម្រិត និងកំណត់ពេលវេលា (អ្នកជំនាញណែនាំថា គួរតែចំណាយពេលតិចជាង២ម៉ោង សម្រាប់កុមារដែលមានអាយុ២ឆ្នាំ ឬលើសពីនេះ)ដែលពួកគេគួរតែចំណាយក្នុងការសម្លឹងមើលអេក្រង់។ បើសិនជាអាច អ្នកគួរតែចៀសវាងការដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅក្នុងបន្ទប់របស់ពួកគេហើយដាក់នៅបន្ទប់ទទួលភ្ញៀវ ឬ កន្លែងណាដែលអ្នកអាចឃ្លាំមើលពួកគេបាន។ បន្ថែមពីលើនេះ អ្នកក៏គួរតែមានគម្រោងក្នុងការធ្វើសកម្មភាពផ្សេងៗដើម្បីជំនួសឲ្យការចំណាយពេលអង្គុយចុច និងសម្លឹងមើលតែអេក្រង់។   បង្កើតទម្លាប់ក្នុងការរៀបចំអាហារដែលល្អសម្រាប់សុខភាព វាអាចជាទង្វើតូចតាចដែលអ្នកធ្វើជាប្រចាំក្នុងការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារ ក្នុងនោះមានដូចជា ការចម្អិនអាហារដោយប្រើប្រេងអូលីវជំនួសឲ្យប៊័រ  ការកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែមជាពិសេសនៅពេលយប់ ជំនួសឲ្យការរៀបចំនូវភេសជ្ជៈកំប៉ុង អ្នកគួររៀបចំទឹកធម្មតា ទឹកដោះគោមានជាតិខ្លាញ់ទាប(Low-fat milk) ទឹកផ្លែឈើស្រស់ និងប្រើប្រាស់បន្លែក្នុងអាហារឲ្យបានច្រើន។ល។ ប្រុងប្រយ័ត្នជាមួយរបៀបរបបក្នុងការទុកដាក់អាហារ អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា ទម្លាប់មួយចំនួនជាពិសេសការទុកដាក់ចំណីអាហារនៅក្នុងផ្ទះរបស់អ្នកក៏មានឥទ្ធិពលលើសុខភាពរបស់ពួកគេដែរ។ ជាក់ស្តែង ជាជាងការដាក់នូវប្រអប់នំ ឬចំណីកញ្ចប់ អ្នកគួរត្រៀមនូវផ្លែឈើ ឬអាហារដែលចម្អិននៅផ្ទះសម្រាប់ពួកគេវិញ។ គន្លឹះមួយទៀត គឺការប្រើប្រាស់ចានដែលមានទំហំតូចល្មមនិងប្រើជាប្រចាំ ដើម្បីកម្រិតនូវបរិមាណនៃការទទួលទានរបស់ពួកគេ។   ធ្វើជាគំរូដល់កូនរបស់អ្នក ដូចដែលដឹងស្រាប់ហើយថា លោកអ្នកជាគំរូទីមួយ និងជិតស្និទ្ធជាងគេសម្រាប់បុត្រធីតារបស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ល្អអ្វីនោះ ពួកគេក៏នឹងងាយអនុវត្តតាមផងដែរ។ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ក្នុងការចាត់ទុកសុខភាពជាអាទិភាព តាមរយៈសកម្មភាពប្រចាំថ្ងៃនៅចំពោះមុខពួកគេ ហើយពន្យល់ប្រាប់ ក៏ដូចជារំលឹកជារឿយៗអំពីអត្ថប្រយោជន៍របស់វា។ ថ្វីត្បិតថា វាត្រូវការពេលវេលាខ្លះក៏ដោយ ពួកគេនឹងសង្កេតឃើញ និងអនុវត្តតាមបន្តិចម្តងៗជាមិនខាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការប្រើប្រាស់ឱសថសម្រាប់បំបាត់ជំងឺរាកអាចធ្វើទៅបាន និងមានប្រសិទ្ធភាព ប្រសិនបានដឹងពីមូលហេតុដែលបង្កឲ្យមានជំងឺនោះឡើង យ៉ាងណាមិញ ត្រូវប្រុងប្រយ័ត្នដោយសារការសន្និដ្ឋានអាចមានភាពមិនត្រឹមត្រូវ។ គួរដឹងអ្វីខ្លះ ពីជំងឺរាក? ជំងឺរាកស្រួចស្រាវ អាចកើតមានឡើងភ្លាមៗ ដែលឱសថការីអាចធ្វើការព្យាបាលបាន ចំណែក ចំពោះជំងឺរាកដែលអូសបន្លាយច្រើនជាង  ៤សប្តាហ៍ អាចចាត់ចូលជាជំងឺរាករ៉ាំរ៉ៃ បង្កឡើងដោយមូលហេតុច្រើនរួមបញ្ចូលគ្នា   នាំឲ្យការព្យាបាលក៏ត្រូវប្រព្រឹត្តឡើងទៅតាមស្ថានភាពនីមួយៗ ជាមួយនឹងការប្រើប្រាស់ឱសថខុសៗគ្នាផងដែរ។ ឱសថមួយចំនួនទៀតក៏អាចបណ្តាលឲ្យមានជំងឺរាកផងដែរដូចជា៖ •Colchicine •Digitaline •ឱសថពាសក្រពះ (Pansements digestifs) ក្នុងកម្រិតខ្ពស់ •Benfluorex •ថ្នាំផ្សះ។ ភាគច្រើននៃជំងឺរាកស្រួចស្រាវចំពោះមនុស្សពេញវ័យបណ្តាលមកពីការចម្លងដោយពពួកវីរុស Rotavirus និងពពួក Colibacilles Salmonelles Staphylocoques ចំណែកក្នុងករណីកម្រអាចបណ្តាលមកពី Shigelles ដែលការឆ្លងមានលក្ខណៈពេញមួយគ្រួសារ ឬចម្លងតាមភោជនីយដ្ឋាន។ បន្ថែមពីនោះ ជំងឺរាកក៏អាចលេចឡើង បន្ទាប់ពីមានដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានបញ្ហាខ្វះខាតអនាម័យផងដែរ។ អ្វីគួរណែនាំ? ការតមអាហារហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការធ្វើឲ្យរោគសញ្ញាធូរស្បើយនោះទេ   ដោយឡែក អ្នកត្រូវឲ្យអ្នកជំងឺបន្តញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក  មានដូចជា  ទឹកឆ្អិនធម្មតា ទឹកតែ ទឹកដែលចម្រាញ់ពីបន្លែនានា (ដែលមានរួមបញ្ចូលនូវទឹក និងសារធាតុរ៉ែ) ឬកូកាកូឡា ដែលធ្វើការយ៉ាងល្អសម្រាប់ប្រឆាំងនឹងអាការៈរាក។ សម្រាប់ការណែនាំផ្សេងទៀតអាចមានដូចជា៖ • អាចប្រើប្រាស់ឱសថពពួក Lopéramide ដែលមានសមត្ថភាពទៅបន្ថយលំហូរនៃចលនាពោះវៀនដែលមានឈ្មោះដូចជា Lodiarid (Clément), Imossel (JP Martin), Dyspagon (Pirre Fabre) ឬ Peracel (Monot)។ សម្រាប់ការប្រើប្រាស់ គឺអាចលេប ២គ្រាប់ក្នុងមួយថ្ងៃ ហាមលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែ ឱសថនេះមិនអាចប្រើប្រាស់ចំពោះកុមារអាយុក្រោម ៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះទេ។ • ក្នុងករណីអ្នកដឹងពីមូលហេតុពិតប្រាកដក្នុងការបង្កជាបញ្ហារាកនេះ ថាទាក់ទងនឹងបាក់តេរី​អាចណែនាំឲ្យប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកពពួក Nifuroxazide ដែលអាចមានឈ្មោះ Bifix (Roche-Nicholas)។ សម្រាប់ការប្រើប្រាស់គឺអាចលេប ៤គ្រាប់ក្នុងមួយថ្ងៃ ដែលប្រើតែក្នុងរយៈពេល៣ថ្ងៃ។ ប្រភពយោង៖ Le vademecum de la médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការពុលអាហារ ដែលប្រជាជនមួយចំនួននិយមហៅថា ការទាស់ចំណី ឬពុលចំណី គឺជាការទទួលទានអាហារដែលមានប្រឡាក់ដោយមេរោគ មិនស្អាត ហើយបង្កឲ្យទៅជាការក្អួត រាករូស ឬចុកពោះក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ។ ចំពោះបញ្ហានេះ ពុំមានការសិក្សាណាមួយជាក់លាក់អំពីកម្រិតនៃការកើតឡើងនៅឡើយទេ ប៉ុន្តែក្នុងការអនុវត្តវិជ្ជាជីវៈពេទ្យបច្ចុប្បន្ន ឃើញថាវាប្រឈមជារៀងរាល់ថ្ងៃ។ ជាក់ស្តែងប្រភេទអាហារដែលប្រឈមជាមួយការពុលជាងគេ គឺប្រភេទអាហារតាមដងផ្លូវ ខ្វះនូវអនាម័យ មិនមានការការពារត្រឹមត្រូវពីធូលីដី និងប្រភេទអាហារដែលមិនបានសម្អាតជាដើម។   បុគ្គលងាយប្រឈមជាមួយការពុលអាហារជាងគេ គឺអ្នកដែលរស់នៅប្រមូលផ្តុំគ្នា ពិសេសកម្មករ កម្មការនីរោងចក្រ មនុស្សវ័យចំណាស់ និងក្មេងតូចៗ ដែលប្រព័ន្ធភាពស៊ាំការពារខ្លួនមានកម្រិត។ មួយវិញទៀត គឺអ្នកមានជំងឺប្រចាំកាយមួយចំនួន ដូចជាទឹកនោមផ្អែម ក្រិនថ្លើម ឬអ្នកជំងឺអេដស៍ធ្ងន់ធ្ងរព្រោះប្រព័ន្ធការពារខ្លួនរបស់ពួកគាត់ខ្សោយស្រាប់។   រោគសញ្ញា និងយន្តការនៃការពុលអាហារ ភាគច្រើនរោគសញ្ញាដែលស្តែងឡើងពីការពុលអាហារត្រូវបានបែងចែកជា២ប្រភេទ៖ • Cholera Syndromes ឬ Watery Diarrhea ៖ ជាអាការៈរាកសុទ្ធតែទឹកច្រើនៗតែម្តង • Dysenteric Syndromes ៖ ជាអាការៈរាកតិចៗ តែមានលាយសម្បោរ និងលាយឈាម។   លើសពីនេះ អ្នកជំងឺអាចមានអាការៈចុកពោះ និងក្អួត ចង្អោរ ជាដើម។   នៅពេលអ្នកជំងឺញ៉ាំចំណីអាហារដែលមានប្រឡាក់ដោយមេរោគចូល ដែលមេរោគមួយចំនួនមានសកម្មភាពបញ្ចេញជាតិពុលចូលទៅក្នុងពោះវៀនហើយបណ្តាលឲ្យរាកជាទឹក។ រីឯមេរោគមួយចំនួនទៀត មានសមត្ថភាពឲ្យមានរបួសនៅពោះវៀនជាហេតុបង្កឲ្យទៅជាការរាក មានលាយសម្បោរឬលាយឈាម។   ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ជាទូទៅ ការធ្វើរោគវិនិច្ឆ័យនៃការពុលអាហារ ពឹងផ្អែកទៅលើរោគសញ្ញាដែលអ្នកជំងឺបានរៀបរាប់ខាងលើ និងការសាកសួររបស់គ្រូពេទ្យពីព័ត៌មានទាក់ទងនឹងការទទួលទានអាហារដែលខ្វះអនាម័យ។   ចំពោះការព្យាបាលមិនមានការពិបាកនោះទេ ករណីស្រាល មិនមានភាពធ្ងន់ធ្ងរ អ្នកជំងឺអាចត្រឹមសម្រាកនៅផ្ទះ និងប្រើប្រាស់ប្រភេទថ្នាំ ដែលអាចទិញនៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Spasfon ឬ Smecta និងបន្ថែមការញ៉ាំទឹកឲ្យបានច្រើន ឬញ៉ាំទឹកអូរ៉ាលីត្រ ដើម្បីបង្គ្រប់ជាតិទឹកនៅក្នុងខ្លួនតាមការណែនាំរបស់ឱសថការី។ ករណីធ្ងន់ធ្ងរ អ្នកជំងឺខ្សោះជាតិទឹកខ្លាំងភ្លាមៗ ឬការប្រើប្រាស់ថ្នាំដូចជម្រាបជូនខាងលើពុំមានប្រសិទ្ធភាព ចាំបាច់ត្រូវមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ព្រោះអ្នកជំងឺត្រូវការការផ្តល់ជាតិទឹកបន្ថែមដោយការដាក់សេរ៉ូម ឬប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែមពីគ្រូពេទ្យ។   ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកអាចឲ្យទៅជាការខ្សោះជាតិទឹកធ្ងន់ធ្ងរ រហូតដល់ Shock និងមួយវិញទៀត អាចរហូតដល់មានការបង្ករោគធ្ងន់ធ្ងរនៅពោះវៀន។   វិធីសាស្ត្រការពារខ្លួន ដើម្បីចៀសវាងការពុលអាហារ ត្រូវផ្តោតសំខាន់លើ២ចំណុច៖ • ការធ្វើញ៉ាំខ្លួនឯង និងការធ្វើលក់ឲ្យគេញ៉ាំ៖ រក្សាអនាម័យ លាងសម្អាតដៃជាប្រចាំ ពិសេសត្រូវសម្អាតដៃមុននឹងចម្អិនអាហារជានិច្ច។ ចំពោះសាច់បន្លែ ត្រូវលាងសម្អាតឲ្យស្អាតមុនចម្អិន និងរក្សាម្ហូបអាហារកុំឲ្យមានធូលីដីហុយចូល ឬរុយរោមជាដើម។ • អ្នកញ៉ាំ៖ ត្រូវមានអនាម័យលាងដៃឲ្យស្អាតមុននឹងទទួលទានអាហារ ប្រសិនទទួលទានអាហារនៅខាងក្រៅ ត្រូវមើលថាអាហារនោះត្រូវបានរក្សាទុកក្នុងស្ថានភាពមួយសមរម្យឬអត់ គ្មានធូលីដីហុយចូល និងមានការថែរក្សាបានត្រឹមត្រូវជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេស ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

បើយោងតាមអង្គការសុខភាពពិភពលោក(WHO)បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន។  អាំងស៊ុយលីន គឺជាអ័រម៉ូនមួយដែលមានតួនាទីគ្រប់គ្រងជាតិស្ករនៅក្នុងឈាម(ដោយជាតិស្ករទាំងនោះបានមកតាមរយះនៅពេលសរីរាង្គកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង)។ ជាតិស្ករនេះត្រូវបានហៅថាគ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។  អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅ ដូចជាបាយ ដំឡូង នំបុ័ង ឬអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡីជាដើម។ ដូចនេះអាហារមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាងដែលអាចបង្កហានិភ័យចំពោះអ្នកជំងឺបានដែរ រួមមាន ៖ អាហារមានជាតិស្ករខ្ពស់៖ សូដា បង្អែម និងអាហារដទៃទៀត អាចបង្កើតកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងលឿន។ ទឹកផ្លែឈើ៖ ផ្លែឈើ ដែលមិនសម្បូរជាតិសរសៃត្រូវបានគេចាត់ទុកថាមានជាតិកាបូអ៊ីដ្រាតតិច ហើយបង្កផលប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកចង់បានភេសជ្ជៈស្រស់ ហើយជួយរក្សាកម្រិតជាតិស្ករឲ្យថេរ នោះគឺក្រូចឆ្មា។ ទឹកដោះគោ៖ ផលិតផលទឹកដោះគោ មួយចំនួន អាចបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ចូលទៅក្នុងខ្លួនរបស់អ្នក និងបង្កើនហានិភ័យនៃជំងឺបេះដូង។ អាហារសម្បូរខ្លាញ់៖ អាហារ ដែលមានជាតិខ្លាញ់ ដូចជាប្រហិតចៀន និងដំឡូងចៀនជាដើម បង្កហានិភ័យខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវា ជួយបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងឆាប់រហ័ស។ ជាចុងក្រោយសង្ឃឹមថាអ្នកជំងឺទឹកនោមផ្អែកគាត់នឹងអាចជៀសវាង ឬតមនៅរបបអាហារខាងលើនេះបានដើម្បីរក្សាសុខភាពខ្លួនឯង ដើម្បីក្រុមគ្រួសារ នឹង ដើម្បីប្រទេសជាតិ។ រៀបចំអត្ថបទដោយ៖ សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ     

ចែករំលែក

តើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ? ការពិតទៅ វាជារឿងធម្មតា ដែលអ្នកទើបតែផ្តាច់បារី ចេះតែមានអារម្មណ៍ចង់ជក់ម្តងៗ ព្រោះអ្នកមិនអាចចៀសផុតពីការលាប់ទ្បើងវិញ ដោយសារការញៀនជាតិនីកូទីនក្នុងបារីបានឡើយ។ ករណីនេះ អ្នកចាំបាច់ត្រូវរៀបចំផែនការ និងប្រុងស្មារតី ក្នុងការយកឈ្នះការជក់បារីទ្បើងវិញ  និងជួយឲ្យអាចផ្តាច់បានអស់មួយជីវិតតាមការអនុវត្ត៣ចំណុចខាងក្រោម៖ ពង្រឹងកម្លាំងចិត្ត សកម្មភាពមួយចំនួន ដែលជួយធ្វើឲ្យចិត្តរបស់អ្នកមានភាពរឹងមាំ រួមមាន៖ • ដំណើរការមួយជំហានម្ដងៗ • ផ្តាច់ការញៀនជាតិនីកូទីន • អនុវត្តការគិតដូចអ្នកមិនជក់បារី • មានអារម្មណ៍ល្អអំពីការរស់នៅថ្មី • តាំងចិត្តដោះស្រាយរាល់ឧបសគ្គ។   សកម្មភាពត្រូវធ្វើ ពេលលាប់ទ្បើងវិញ ប្រសិនបើអ្នកដឹងខ្លួនឯងថា អ្នកកំពុងលាប់ឡើងវិញនោះ អ្នកចាំបាច់ត្រូវ៖ • រក្សាការជំរុញ និងលើកទឹកចិត្តដល់ខ្លួនឯង • មានអាកប្បកិរិយាវិជ្ជមានជានិច្ច • រំឭកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ • រៀបចំផែនការសកម្មភាពទ្បើងវិញដដែលៗ៖ ចៀសវាង - ផ្លាស់ប្តូរ  - ពន្យារពេល។   ពេលក្លាយខ្លួនជាអ្នកផ្តាច់បារីបាន១០០% ទោះអ្នកបានផ្តាច់រួចហើយក៏ដោយ​ អ្នកចាំបាច់ត្រូវមានទម្លាប់៖ • ថែរក្សាការប្តេជ្ញាចិត្ត និងលើកទឹកចិត្ត • ប្រើប្រាស់ជំនាញដែលបានរៀន ដើម្បីស្ថិតនៅជាអ្នកមិនជក់បារី • ស្វែងរកឲ្យឃើញនូវលទ្ធភាពវិជ្ជមានដ៏ពេញលេញរបស់អ្នក ដើម្បីឲ្យអនាគតស្ថិតក្នុងដៃរបស់អ្នក • ត្រូវគិតថា អ្នកបានក្លាយខ្លួនជាអ្នកមិនជក់បារី គឺអ្នកបានសម្រេចនូវកិច្ចការ និងការផ្លាស់ប្តូរដ៏មហាអស្ចារ្យ នៅក្នុងជីវិតរបស់អ្នក។   បកស្រាយដោយ៖  វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top