- Jul 05, 2017 |
- 8 ឆ្នាំមុន |
- 4.6K មើល
គ្រូពេទ្យគ្រាន់តែពិនិត្យភ្នែកអ្នក ក៏អាចដឹងថា…
នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ 4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។ 6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួមជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។ លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក
