- Jun 19, 2017 |
- 8 ឆ្នាំមុន |
- 5.9K មើល
វីតាមីនចម្រុះមានប្រយោជន៍ឬទេ ចំពោះអ្នកព្យាយាមនិងត្រៀមយកបុត្រ?
វិធីសាស្ត្រជាច្រើនត្រូវបានណែនាំសម្រាប់អ្នកពិបាកមានកូន ឬអ្នកកំពុងរៀបគម្រោងយកកូន ហើយក្នុងនោះអ្នកមុខជាបានឮអំពីវីតាមីនបំប៉នផងដែរ។ តើវាពិតជាមានប្រយោជន៍មែនឬទេ? ដោយសារការបង្កើតនូវរបបអាហារមាននូវគ្រប់យ៉ាងដែលរាងកាយត្រូវការឲ្យបានគ្រប់ពេលអាចនឹងមានការពិបាក ដូចនេះហើយទើបអាហារ ឬវីតាមីនបំប៉ន ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយអ្នកជំនាញសុខភាព ក្នុងការបំពេញនូវចន្លោះខ្វះខាត និងប្រាកដថា ស្ត្រីអាចទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនមានកូន ឬក៏កែខៃនូវបញ្ហាមិនមានកូនដោយសារកង្វះសារធាតុណាមួយ។ សារសំខាន់នៃសារធាតុចិញ្ចឹមចំពោះលទ្ធភាពក្នុងការមានកូន និងការមានទម្ងន់តាមការសិក្សាមួយពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Harvard ដែលបានសិក្សាលើស្ត្រីចំនួន ១៨០០០ នាក់ បានបង្ហាញអំពីការកើនឡើងនៃឱកាសក្នុងការមានកូន ចំពោះស្ត្រីដែលបានប្រើប្រាស់វីតាមីនចម្រុះ។ ជាមួយនឹង តួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យមានការបង្កកំណើតនេះ ធ្វើឲ្យកង្វះនូវសារជាតិចិញ្ចឹមអាចមានទំនាក់ទំនងនឹងបញ្ហាលើដំណើរអូវុល អតុល្យភាពអ័រម៉ូន ភាពខ្សោយ នៃមេជីវិត ចំនួនស្ពែមរបស់បុរសមិនគ្រប់គ្រាន់ និងបញ្ហាជាច្រើនទៀតដែលជាការរាំងស្ទះដល់ការមានកូន។ ដោយឡែក ប្រសិនសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ក៏មិនអាចធ្វើឲ្យការមានផ្ទៃពោះប្រកបដោយសុខភាពបានឡើយ បើទោះបីជាលទ្ធភាពនៃការមានកូនមិនមានបញ្ហាក៏ដោយ។ វីតាមីនចម្រុះជំនួយការបង្កកំណើត និងការមាន ផ្ទៃពោះគួរមានសមាសធាតុទាំងនេះ៖ • វីតាមីន B9 ឬអាស៊ីតហ្វូលិក (យកល្អប្រើក្រោមទម្រង់ methylated folate)៖ ចាំបាច់បំផុតសម្រាប់ការមានផ្ទៃពោះ ដែលវាអាចជួយការពារ បញ្ហាការបិទមិនជិតនៃឆ្អឹងខ្នងរបស់ទារក (Spina fibrida) បញ្ហាបេះដូង ព្រមទាំងការលូតលាស់ផ្សេងៗផងដែរ។ គួរបញ្ជាក់ថា អាស៊ីតហ្វូលិក ត្រូវបានណែនាំឲ្យញ៉ាំមុនពេលគ្រោងយកកូនមួយខែ។ វាមានសារសំខាន់ផងដែរ សម្រាប់លទ្ធភាពនៃការមានកូន ទាំងចំពោះបុរស (ជួយរក្សាគុណភាព និងចំនួនស្ពែម) និងស្ត្រី (ការពារការរលូត)។ • វីតាមីន D៖ សម្រាប់ជួយបង្កើនអ័រម៉ូនដែលមានឥទ្ធិពលលើដំណើរអូវុល និងតុល្យភាពអ័រម៉ូន។ ការសិក្សារបស់សាកលវិទ្យាល័យ Yale បានបង្ហាញថា មានតែស្ត្រី ៧%ប៉ុណ្ណោះ នៃស្ត្រីដែលមិនមានកូន មានកម្រិតវីតាមីនដេក្នុងខ្លួនធម្មតា។ • វីតាមីន E៖ ត្រូវបានដឹងថាអាចជួយបង្កើនសុខភាពស្ពែមរបស់បុរស។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ផងដែរ ក្នុងការការពារភាពខូចខាត នៃDNA របស់ស្ពែម និងអូវុល។ • វីតាមីន C៖ ជំរុញកម្រិតអ័រម៉ូន និងបង្កើនលទ្ធភាពបង្កកំណើតចំពោះស្ត្រី។ រីឯចំពោះបុរស វាអាចបង្កើនគុណភាពស្ពែម ការពារការខូតខាតនៃ DNA និងការកកផ្តុំរបស់ស្ពែម។ • វីតាមីន B6៖ គឺជាអ្នកសម្របសម្រួលអ័រម៉ូន និងជួយអន្តរាគមនៅក្នុងបញ្ហាដែលកើតមានក្នុងវគ្គនៃវដ្តរដូវ ដែលអាចជាបញ្ហានៃការមិនមានកូន ឬការរលូតកូន។ • វីតាមីន B12៖ ជួយជំរុញការផលិតស្ពែម បង្កើនគុណភាពរបស់វា និងជំរុញការបង្កើតជាស្រទាប់ស្បូនឲ្យសមស្របសម្រាប់ឲ្យមេជីវិតញីធ្វើការកាច់សម្បុក កាត់បន្ថយការរលូតកូនផងដែរ។ កង្វះ B12 អាចធ្វើឲ្យដំណើរអូវុលមិនទៀងទាត់ ឬឈានដល់ការបាត់ដំណើរការនេះតែម្តង។ • ជាតិដែក (Iron)៖ កង្វះជាតិដែកអាចឲ្យស្ត្រីប្រឈមនឹងការរាំងដំណើរអូវុល និងសុខភាពមេជីវិតញីខ្សោយ ដែលរាំងស្ទះដល់ការមានផ្ទៃពោះ។ តាមការសិក្សា ស្ត្រីដែលមានបញ្ហាលើដំណើរការនេះ 40%នឹងអាចមានផ្ទៃពោះវិញ ក្រោយពេលបំពេញជាតិដែកបានគ្រប់គ្រាន់។ • សេលេនីញ៉ូម (Selenium)៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយមេជីវិតញី និងឈ្មោល ពីការខូតខាតដែលនាំទៅដល់ការរលូតកូន និងកំហុសកំណលើទារក ព្រមទាំងជួយបង្កើនការផលិតស្ពែម។ • ស័ង្កសី (Zinc)៖ ជាសមាសធាតុដែលធ្វើការជាមួយអង់ស៊ីមក្នុងខ្លួនជាង 300ប្រភេទ ដើម្បីធ្វើឲ្យមុខងារនៃដំណើរការផ្សេងៗប្រព្រឹត្តិទៅបានល្អ។ កង្វះនៃសារធាតុនេះ នាំឲ្យមានអតុល្យភាពអ័រម៉ូន និងប្រព័ន្ធបន្តពូជមិនដំណើរការល្អ ហើយអាចមានទំនាក់ទំនងនឹងការរលូតកូនផងដែរ។ • អាស៊ីតខ្លាញ់អូមេហ្កាបី៖ ជួយសម្រួលវដ្តរដូវរបស់ស្ត្រីដើម្បីជំរុញការបង្កកំណើត។ អូមេហ្កាបីក៏អាចជួយឲ្យអារម្មណ៍ល្អ ព្រមទាំងបង្កើនលទ្ធភាព ក្នុងការបង្កកំណើតដូចគ្នា (ស្ត្រេសអាចជាអ្នករារាំងដល់ការមានកូន)។ វាក៏ត្រូវបានប្រើដើម្បីកាត់បន្ថយការប្រឈមនឹងការរលូតកូន ការសម្រាលមុនខែ ព្រមទាំងជួយដល់សុខភាពខួរក្បាល ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារកផងដែរ។ មានសមាសធាតុសំខាន់ជាច្រើនទៀត ដែលមានមុខងារផ្សេងៗ ដើម្បីជាជំនួយចំពោះការលំបាកក្នុងការមានកូន ក៏ដូចជាដើម្បីរក្សាសុខភាពកូន និងម្តាយ ពេលមានផ្ទៃពោះ។ ដោយឡែក របបអាហារ និងការរស់នៅ តែងជាកត្តាពាក់ព័ន្ធនឹងលទ្ធភាពនៃការមានកូន ដែលចាំបាច់ឲ្យមានការពិគ្រោះ នឹងអ្នកជំនាញជានិច្ច មុនពេលសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រណាមួយ រួមទាំងវីតាមីនចម្រុះផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក
