Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រដ្ឋបាលចំណីអាហារ និងឱសថរបស់អាមេរិក (FDA) បានបន្ថែមឲ្យមានការប្រើប្រាស់ឱសថ Regorafenib សម្រាប់អ្នកជំងឺមហារីកថ្លើម (Hepatocellular carcinoma) ដែលត្រូវបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការបង្កើនឲ្យមានការប្រើប្រាស់ ឱសថ Regorafenib នេះ គឺជាការសម្រេចដំបូងរបស់ FDA សម្រាប់អ្នកជំងឺមហារីកថ្លើម ក្នុងរយៈពេលជិត១០ឆ្នាំនេះ។ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA។   គួរបញ្ជាក់ផងដែរ Regorafenib គឺជាឱសថប្រភេទថ្នាំគ្រាប់ ដែលមានសកម្មភាពរារាំងការរីកលូតលាស់របស់កោសិកាមហារីក (Antiangiogenic)។ វាត្រូវបានគេប្រើប្រាស់រួចមកហើយ ចំពោះជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ និងដុំសាច់ដែលមានក្នុងក្រពះ ពោះវៀន ដែលជាប្រភេទ មិនអាចធ្វើការវះកាត់យកចេញបាន និងមានភាពស៊ាំទៅនឹងថ្នាំ Imatinib និង Sunitinib។   ទិន្នន័យការសិក្សាលើជំងឺមហារីកថ្លើម   ការយល់ស្របឲ្យមានការប្រើប្រាស់ឱសថនេះសម្រាប់ជំងឺមហារីកថ្លើម គឺពឹងផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវដំណាក់កាលទី៣ ដែលរួមបញ្ចូលចំនួនអ្នកជំងឺ សរុបទាំងអស់ ៥៧៣នាក់ ក្នុងនោះ មានជំងឺមហារីកថ្លើម ហើយបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការរស់រានមានជីវិតជាមធ្យមសរុប គឺ១០.៦ខែ សម្រាប់អ្នកដែលបានព្យាបាលដោយថ្នាំ Regorafenib បើប្រៀបទៅនឹងក្រុមប្រើប្រាស់ថ្នាំ គ្មានសារធាតុសកម្ម (Placebo) ដែលសង្កេតឃើញមានតែ ៧.៨ ខែ។ លទ្ធផលខាងលើ បង្ហាញឲ្យឃើញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការស្លាប់។   បន្ថែមពីនេះ ការគ្រប់គ្រងស្ថានភាពជំងឺ គឺកើនឡើងគួរឲ្យកត់សម្គាល់ចំពោះការប្រើប្រាស់ថ្នាំ Regorafenib ក្នុងអត្រា ៦៥.២% ប្រៀបធៀបទៅនឹង ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo)ចំនួន ៣៦.១%។   ក្រៅពីប្រសិទ្ធភាពដូចដែលបានរៀបរាប់ខាងលើ គេក៏សង្កេតឃើញមានផងដែរនូវផលរំខាននានា របស់ឱសថដែលអាចកើតលើអ្នកជំងឺ ក្នុងអត្រា៧៩.៧% ដែលបានប្រើប្រាស់ Regorafenib ប្រៀបទៅនឹងឱសថគ្មានសារធាតុសកម្ម (៥៨.៥%)។ ផលរំខានទាំងនោះមានដូចជា ការឡើងសម្ពាធឈាម (១៥.២% Vs ៤.៧%) ប្រតិកម្មលើស្បែកដៃ និងជើង (១២.៨% Vs ០.៥%) ការអស់កម្លាំង (៩.១% Vs ៤.៧%) និងជំងឺរាក (៣.២% Vs ០.០%)។   ការរុករកសម្រាប់បង្កើនការព្យាបាលលើជំងឺមហារីកថ្លើមនេះ ពិតជាមានអត្ថប្រយោជន៍ អាចជាជំនួយ និងជាកម្លាំងចិត្តឲ្យមានការបង្កើតនូវថ្នាំផ្សេងៗ សម្រាប់ព្យាបាលជំងឺដែលកម្រដទៃទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជារៀងរាល់ថ្ងៃ អ្នក និងក្រុមគ្រួសារ បានបរិភោគអាហារចម្រុះច្រើនមុខ ដែលចៀសមិនផុតពីការបន្សំគ្នានូវមុខអាហារក្នុងពេលតែមួយឡើយ។ ប្រសិនវា មិនអាចជាអាហារដែលល្អក្នុងការញ៉ាំជាមួយគ្នា យ៉ាងហោចណាស់ វាគួរតែមិនមែនជាប្រភេទបន្សំអាហារដែលមិនល្អដល់រាងកាយផងដែរ។ ហេលស៍ថាម បានជម្រាបរួចមកហើយអំពីមុខអាហារដែលអ្នកគួរបរិភោគរួមជាមួយគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។ពេលនេះអ្នកនឹងបានដឹងអំពីការរួមផ្សំអាហារ ដែលមិនត្រឹម មិនមានអត្ថប្រយោជន៍ ថែមទាំងអាចមានផលមិនល្អដល់រាងកាយ និងចាំបាច់ គួរតែត្រូវបានចៀសវាង ហើយជាក់ស្តែង វាអាចជាអាហារដែលអ្នកកំពុងបន្សំគ្នាជារៀងរាល់ថ្ងៃទៀតផង។  ១. អាល់កុល និងអាហារផ្សេងៗ ការបរិភោគសារធាតុអាល់កុល ជាមួយនឹងអាហារ អាចធ្វើឲ្យមានការរារាំងរាងកាយ ពីការស្រូបយកសារធាតុចិញ្ចឹមពីអាហារ។ ជាពិសេស អាល់កុល ជាមួយនឹងកាហ្វេអ៊ីន (ញ៉ាំបន្តបន្ទាប់គ្នា) អាចធ្វើឲ្យអ្នកមិនអាចប៉ាន់ស្មានពីកម្រិតស្រវឹងរបស់អ្នក និងអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។  ២. កាល់ស្យូម និងជាតិរ៉ែផ្សេងៗ ការបរិភោគកាល់ស្យូមជាមួយសារធាតុរ៉ែដទៃទៀតដូចជា ជាតិដែកស័ង្កសីឬម៉ាញ៉េស្យូម អាចរារាំងនូវការស្រូបយកសារធាតុចិញ្ចឹម។ ដោយឡែក កាល់ស្យូម គួរតែត្រូវបានបរិភោគនៅមុនចូលគេង ដើម្បីទទួលបានការស្រូបល្អ ជួយឲ្យអ្នកគេងបានស្រួល និងធ្វើឲ្យសាច់ដុំបានសម្រាក។   ៣. ដំឡូងបារាំងចៀន និងអាល់កុល ខ្លាញ់ក្នុងបឺហ្កឺ ផ្សំនឹងស្ករក្នុងដំឡូងបារាំងអាចបង្កើតបានជា Cytokine ដែលអាចសម្លាប់កោសិកា បង្កើនល្បឿននៃភាពចាស់ និងធ្វើឲ្យមាន បញ្ហាមេតាបូលីស។ អ្នកគួរជ្រើសយកបឺហ្កឺមិនសូវមានខ្លាញ់ជាមួយបន្លែ ឬសាឡាដវិញ។ ដោយឡែក អាល់កុល ធ្វើឲ្យខ្លាញ់សល់ក្នុងខ្លួនច្រើនឡើង ពិបាករំលាយអាហារ និងហល់យូរបន្ទាប់ពីញ៉ាំ។   ៤. ត្រសក់ផ្អែម ទឹកដោះគោ និងអាហារផ្សេងទៀត ដោយសារត្រសក់ផ្អែមជាអាហារងាយរំលាយ ស្របពេលដែលទឹកដោះគោមិនងាយត្រូវបានរំលាយ អាហារទាំងពីរនេះរួមបញ្ជូលគ្នា នឹងអាចបង្កឲ្យមាន បញ្ហាមិនរំលាយអាហារ។ ក្រៅពីនោះ ត្រសក់ផ្អែមមានជាតិទឹក និងស្ករច្រើន ដូចនេះយកល្អគួរបរិភោគវានៅពោះទទេ ឬញ៉ាំវាដាច់ដោយឡែក។ ៥. តែ និងទឹកដោះគោ ជាពិសេសគឺតែខ្មៅ ដែលសម្បូរពពួកប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយភាពរលាកដោយជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺបេះដូង និងទឹកនោមផ្អែម។ ប្រូតេអ៊ីន ក្នុងទឹកដោះគោ អាចរារាំងការស្រូបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្ទុយទៅវិញ កាហ្វេអ៊ីនក្នុងតែ អាចបន្ថយការស្រូបនៃកាល់ស្យូមទៅវិញ។   ៦. ផ្លែឈើ និងអាហារផ្សេងៗ ផ្លែឈើនឹងក្លាយទៅជាពិបាករំលាយ និងនៅក្នុងពោះវៀនបានយូរជាងធម្មតា នៅពេលដែលញ៉ាំជាមួយអាហារផ្សេងទៀត។ ការនៅយូរក្នុងប្រព័ន្ធរំលាយអាហារ របស់ផ្លែឈើ ធ្វើឲ្យវាអាចបំលែងជាសារធាតុមេ។ យកល្អគួរញ៉ាំផ្លែឈើពី កន្លះម៉ោង ឬមួយម៉ោងមុនអាហារ ឬ៣ម៉ោងក្រោយអាហារ។   ៧. ប្រូតេអ៊ីនពីសាច់ និងម្សៅក្នុងបន្លែ ឬធញ្ញជាតិ ការបរិភោគរួមគ្នា អាចធ្វើឲ្យប្រូតេអ៊ីនទៅជាពុកខូច រីឯកាបូហាយដ្រេតនៃម្សៅក្លាយទៅជាសារធាតុមេ ជាលទ្ធផលវាបង្កើតបានជាខ្យល់នៅក្នុងពោះ។ មនុស្សភាគច្រើនហាក់ទម្លាប់នឹងការរួមបន្សំនេះ (មានអត្ថប្រយោជន៍ផងដែរក្នុងករណីខ្លះ) ប៉ុន្តែបើមិនអាចចៀសបាន គួរបន្ថែមបន្លែគ្មានជាតិម្សៅជាមួយ ដើម្បីកាត់បន្ថយផលមិនល្អ។   ៨. អាហារ និងសារធាតុរាវ ដូចជាការញ៉ាំទឹក ទឹកក្រូច ឬទឹកតែជាមួយ ឬបន្ទាប់ពីអាហារ។ សារធាតុរាវ ត្រូវការពេលវេលាដើម្បីស្រូបចូលក្នុងខ្លួន ដែលអំឡុងពេលនោះវាអាចទៅពង្រាវ អង់ស៊ីមសម្រាប់រំលាយអាហារ។ ដូចនេះ អ្នកគួរបរិភោគសារធាតុរាវ នៅយ៉ាងហោចណាស់ ១០នាទីមុនញ៉ាំ និងរង់ចាំរហូតដល់១ម៉ោងយ៉ាងតិច ក្រោយបរិភោគអាហារ។ ៩. អាហារសម្បូរប្រូតេអ៊ីនដូចគ្នា សាច់ និងស៊ុត ឬសាច់ច្រើនប្រភេទជាមួយគ្នា ជាឧទាហរណ៍នៃអាហារសម្បូរប្រូតេអ៊ីន ដែលត្រូវការពេលវេលាយូរក្នុងការរំលាយ ដូចនេះ ការបន្សំរបស់វា ធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រើប្រាស់ថាមពលច្រើន និងទៅជាខ្សោយ។ បើមិនអាចចៀសបាន អ្នកគួរបន្ថែម បន្លែសម្បូរជាតិទឹក ដូចជា ខ្ទឹមបារាំង ប្រូខូលី ឬស្ពៃជាមួយផងដែរ។   ១០. យ៉ាអួ ឬផលិតផលពីទឹកដោះគោ និងផ្លែឈើ ជាពិសេស គឺផ្លែឈើដែលមានជាតិជូរ ឬផ្លែចេក (ក្លាយជាជូរក្រោយពេលរំលាយ) ដោយសារវាធ្វើឲ្យការរំលាយអាហារថយចុះ បាក់តេរីល្អប្រែប្រួល បង្កើតជាជាតិពុល និងបញ្ហាឡើងស្លេស្ម ផ្តាសាយ ក្អក រមាស់ អាល្លែកហ្ស៊ី ព្រមទាំងបញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀត។ អ្នកគួររើសយ៉ាអួ នៅសីតុណ្ហភាពធម្មតា និងមិនបន្ថែម រសជាតិ។  ការរួមផ្សំអាហារដែលមិនសមរម្យ អាចនឹងមិនផ្តល់លទ្ធផលមិនល្អឲ្យអ្នកបានដឹងភ្លាមឡើយ តែការបន្តសកម្មភាពនេះជាប្រចាំ អាចធ្វើឲ្យអ្នក ទទួលរង ឥទ្ធិពលអាក្រក់ ដោយមិនដឹងខ្លួន។ ដូចនេះ លទ្ធផលល្អ ឬអាក្រក់អាស្រ័យនឹងការសន្សំការយកចិត្តទុកដាក់របស់អ្នកផ្ទាល់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ៥៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ខ្ញុំបានទទួលការព្យាបាលជំងឺមហារីកសុដន់រួចមកហើយ ម្យ៉ាងទៀត ជំងឺមហារីកក៏មិនបង្កជាបញ្ហាអ្វីទៀតនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតនៅតែឲ្យខ្ញុំបន្តធ្វើការពិនិត្យជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការពិនិត្យបន្តទៀត បើខ្ញុំបានធូរស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរួចទៅហើយ? ចម្លើយ ៖ មហារីក ជាជំងឺធ្ងន់ធ្ងរ ដែលអ្នកជំងឺមានដុំសាច់ប្រភេទកាច ស្ថិតនៅក្រោមការពិនិត្យតាមដានពីសំណាក់អ្នកឯកទេសក្នុងរយៈពេលយូរ ជាពិសេសកំឡុងពេល ៥ឆ្នាំបន្ទាប់ពីការព្យាបាលបានបញ្ចប់។ ការតាមដាននោះ គឺដើម្បីអាចធានាបាននូវគ្មានការលាប់ឡើងវិញនៃជំងឺ ដោយភាគច្រើនការប្រឈមនៃការរើឡើងវិញពាក់ព័ន្ធទៅលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ពេលវេលា និងប្រសិទ្ធភាពនៃការព្យាបាល។   មានហេតុផល ៣យ៉ាងដែល អ្នកគួរតែទៅទទួលបានការតាមដាន បន្ទាប់ពីការព្យាបាល ដើម្បី៖ • រកមើលការត្រឡប់ឡើងវិញនៃជំងឺ ឬតើវាអាចរាលដាលដល់សុដន់ម្ខាងទៀតដែរ ឬយ៉ាងណា • រកមើលផលវិបាក និងបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលនៃការព្យាបាល • អ្នកជំនាញអាចមានឱកាសផ្តល់នូវការប្រឹក្សាជាកម្លាំងចិត្តដល់អ្នកជំងឺ ពីព្រោះស្រ្តីអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលមួយ ឬពីរឆ្នាំ បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសុដន់។   កំឡុងពេលតាមដាន អ្នកជំនាញនឹងធ្វើការពិនិត្យដោយ៖ • សួរពីសញ្ញា និងរោគសញ្ញានានា • ពិនិត្យដោយការស្ទាបផ្ទាល់ • ធ្វើតេស្តឈាមសម្រាប់វិភាគផ្សេងៗ ក៏ដូចជាការធ្វើ mammography, ultrasonography និងការថតឆ្លុះដោយ CT-scan  ឬ MRI-scan ដើម្បីកំណត់ពីប្រសិទ្ធភាពនៃការព្យាបាល និងរកមើលការរើឡើងវិញនៃជំងឺមហារីក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារ និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ កូនខ្ញុំទិញទឹកដោះគោម្សៅសម្រាប់មនុស្សចាស់ឲ្យខ្ញុំផឹក ប៉ុន្តែឲ្យតែខ្ញុំផឹកទឹកដោះគោនោះម្តងៗស្រាប់តែរាកតែម្តង។ តើនេះបណ្តាលមកពីហេតុអ្វីដែរ?   ចម្លើយ ៖ ករណីនេះបណ្តាលមកពីការមិនត្រូវធាតុចំពោះសារធាតុណាមួយ។ ប្រសិនបើលោករាកតែពេលផឹកទឹកដោះគោមួយប្រភេទនេះទេ នោះប្រហែលជាលោកមានប្រតិកម្មជាមួយធាតុផ្សំណាមួយរបស់ផលិតផលមួយនេះហើយ។ ដូចនេះ លោកគ្រាន់តែចៀសវាងមិនផឹកទឹកដោះគោប្រភេទនេះទៅបានហើយ។  ប៉ុន្តែប្រសិនបើ លោករាករាល់ពេលផឹកទឹកដោះគោគ្រប់ប្រភេទ នោះបញ្ជាក់ថាលោកមានប្រតិកម្មជាមួយឡាក់តូសហើយ។ ដូចនេះ លោកត្រូវចៀសវាងពីការផឹកទឹកដោះគោ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ៦០ឆ្នាំ ទម្ងន់៧០គីឡូក្រាមកម្ពស់១ម៉ែត្រ៦៧ ជាអតីតបុគ្គលិកបម្រើរាជការ សព្វថ្ងៃចូលនិវត្តន៍ហើយ។ ខ្ញុំមានឡើងនូវដុំសាច់តូចមួយរឹងនៅលើមុខ ទំហំប្រហែលមុនធំៗ មិនមានមុខ មិនរមាស់ ហើយក៏មិនឈឺដែរ។ ខ្ញុំបានសាកល្បងញេចដោយខ្លួនឯង តែញេចមិនចេញហើយវាបែរជារីកកាន់តែធំ។ ខ្ញុំមានដុះដុំសាច់នេះរយៈពេលជាង៣ខែមកហើយ។ ពេលនេះ ក៏កំពុងប្រើប្រាស់ថ្នាំលាបជាទឹក ដែលផ្តល់ឲ្យគ្រូពេទ្យដែលវិនិច្ឆ័យថាជាជំងឺឫស ក៏ប៉ុន្តែប្រើជាង២អាទិត្យទៅហើយ ពុំឃើញមានការប្រែប្រួលសោះ។ តើនេះបណ្តាលមកពីអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាបន្តទៀត?   ចម្លើយ៖ តាមរយៈការរៀបរាប់របស់លោក វាពិតជាមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់។ ចង់សួរទៅវិញថា តើដុំនោះមានពណ៌អ្វី? បើសិនជាមានពណ៌លឿង ហើយខូងកណ្តាលនោះ លោកប្រហែលជាអាច មានក្រពេញញើសរីកធំ(Sebaceous hyperplaria) ។  បើដុំនោះមានពណ៌ប្រផះ និងមានផ្ទៃគ្រើម នោះអាចនាំឲ្យយើងធ្វើរោគវិនិច្ឆ័យថា ជាជំងឺឫស ឬអាចជា (Seborrheic keratosis) ។  តែបើដុំនោះមានពណ៌ខ្មៅ សូមលោកអញ្ជើញទៅពិនិត្យនៅមន្ទីរពេទ្យឯកទេស ដើម្បីឲ្យប្រាកដថា ដុំនោះមិនមែនជាមហារីកស្បែក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ៤៦ឆ្នាំ ទម្ងន់៦៨គីឡូក្រាម កម្ពស់១ម៉ែត្រ៧៤ មានមុខរបរជាអ្នករកស៊ី។ មួយរយៈនេះ ខ្ញុំមានអាការៈរមាស់មុខឆៀបៗ ជាពិសេសនៅពេលយប់ ប្រហែលជាង២សប្តាហ៍មកហើយ។ ខ្ញុំគ្មានអាការៈរួមផ្សំអ្វីផ្សេងទៀតទេ។ ម៉្យាងទៀត ខ្ញុំក៏បានប្រើប្រាស់ថ្នាំទម្លាក់សត្វល្អិតហើយដែរ។ ខ្ញុំក៏គ្មានប្រវត្តិមានជំងឺធ្ងន់ធ្ងរណាមួយឡើយ ក្រៅពីជំងឺរលាកសួត ដែលបានជាសះស្បើយរយៈពេលជាង១៥ឆ្នាំមកហើយ។ តើអាការៈនេះទាក់ទងនឹងជំងឺណាមួយដែរឬទេ? តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះបញ្ហានេះ?   ចម្លើយ ៖ តាមការរៀបរាប់ គឺលោកធ្លាប់មានជំងឺសួតពីមុនមក។ បញ្ហាលើសួតភាគច្រើនតែងតែអាចមានសញ្ញាលើស្បែក ដែលស្ថិតក្នុងចង្កោមរោគសញ្ញាមួយដែលគេឲ្យឈ្មោះថា atopic dermatitis និង seborrheic dermatitis ។ ជំងឺប្រភេទនេះអាចនាំឲ្យមានអាការៈរមាស់ដល់មុខ ជាពិសេសលើចិញ្ចើម ជុំវិញច្រមុះ និងលើតំបន់ពុកមាត់ ពុកចង្កា។ លើសពីនេះ ក៏មានរមាស់ផងដែរនៅត្រចៀក និងស្បែកក្បាល។ ប៉ុន្តែ លោកគួរទៅពិនិត្យមើលជាតិស្ករក្នុងឈាម ដែលអាចជាសញ្ញារួមផ្សំនៃការកើនឡើងជាតិស្ករ។ បន្ថែមពីនេះលោកមិនគួរពិសាបារី ស្រា ឬកាហ្វេ ឬសារជាតិហឹរច្រើនពេកទេ។ ចំពោះការព្យាបាលលោកអាចប្រើប្រាស់ថ្នាំលាបប្រភេទក្រែមប្រឆាំងនឹងផ្សិត ដូចជា ketoconazole miconazole និង econazole ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តមណ្ឌលគិរី។ ខ្ញុំមានកូនប្រុសម្នាក់អាយុ២ខួប។ គាត់មិនដឹងជាហេតុអ្វីបានជាមិនទាន់ចេះហៅ ប៉ាឬម៉ាក់សោះ តែគាត់យំមានសំឡេង។ តើពេលណាគាត់អាចនិយាយបាន? តើខ្ញុំត្រូវធ្វើដូចម្តេច?   ចម្លើយ ៖ ជាទូទៅ ក្មេងអាយុ២ឆ្នាំអាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា  តើកូននេះមានការលូតលាស់យឺតឬក៏អត់ ដូចជា ក្រចេះញញឹម ក្រចេះវារឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេឬអត់។  ម្យ៉ាងទៀត ត្រូវសិក្សាលើប្រវត្តិជុំវិញការសម្រាល និងស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃជីវិតថា តើមានឈឺធ្ងន់ឬអត់។ ប៉ុន្តែប្រសិនបើរកមិនឃើញថា មានអ្វីខុសធម្មតាទេ ហើយការលូតលាស់របស់គាត់ល្អទៀតនោះ ការយឺតយ៉ាវតិចតួចរបស់គាត់ ដែលនៅមិនទាន់និយាយបានអាចជារឿងធម្មតា។ ប៉ុន្តែបើគាត់លូតលាស់យឺតជាងបងប្អូនដទៃតាំងពីតូច នោះគាត់អាចមានបញ្ហាទាក់ទងនឹងការលូតលាស់យឺតផ្នែកផ្លូវកាយនិងផ្លូវចិត្ត ដែលជារឿងត្រូវស្រាវជ្រាវរកមើលមូលហេតុ ឬអាចដោយសារគាត់ធ្លាប់មានជំងឺធ្ងន់ធ្ងរពីតូចដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដូចជារលាកស្រោមខួររលាកខួរក្បាល។  ការរីកលូតលាស់យឺតផ្នែកបញ្ញាអាចជាផលវិបាកនៃជំងឺទាំងនោះ។   ដូចនេះ ដើម្បីឲ្យច្បាស់ក្នុងការវាយតម្លៃពីផលប៉ះពាល់ប៉ុណ្ណានៅពេលកូនលោកស្រីធំ និងគាត់អាចនិយាយបាននៅពេលណា មានតែការមកជួបគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃនិងចាត់វិធានការជួយកូន លោកស្រី។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ៖ នាងខ្ញុំមានចម្ងល់មួយ សូមជម្រាបសួរអ្នកគ្រូពេទ្យថា ហេតុអ្វីបានជានៅរាល់អំឡុងពេលមានរដូវម្តងៗ នាងខ្ញុំតែងមានអាការៈឈឺក្បាល(១-២ ថ្ងៃជាប់គ្នាក៏មាន)។ តើវាបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយនាងខ្ញុំត្រូវដោះស្រាយយ៉ាងណាដែរ ដើម្បីចៀសវាងបញ្ហានេះ?   ចម្លើយ៖ អាការៈឈឺក្បាលនៅពេលមានរដូវនេះ គឺបណ្តាលមកពីប្អូនមានការចុះថយនៃអ័រម៉ូនអឺស្ត្រូសែន។ ចំពោះដំណោះស្រាយរបស់វា ជាទូទៅ បើប្អូនធ្លាប់លេបថ្នាំបំបាត់ការឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលបាន សូមបន្តប្រើថ្នាំនោះជាធម្មតាចុះ ប៉ុន្តែបើសិនជាមិនបាត់ទេ គឺចាំបាច់ត្រូវមកជួបវេជ្ជបណ្ឌិតជំនាញរោគស្រ្តី ដើម្បីឲ្យគាត់ពិនិត្យឲ្យបានត្រឹមត្រូវពីអាការៈរោគនេះ។ ខ្ញុំសូមបញ្ជាក់ថាជួនកាល ករណីខ្លះ កាលណាប្អូនប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ វាអាចបណ្តាលឲ្យមានផលវិបាកដល់សុខភាព។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិតឯកទេស គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភពនៅមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក និងអង្កេតប្រជាសាស្ត្រ ជំងឺកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជាមានការធ្លាក់ចុះជាងពីមុន តែចំនួននៃកុមារមានបញ្ហានេះ នៅតែត្រូវបានគេចាត់ទុកថានៅខ្ពស់នៅឡើយ ដោយជាមធ្យម ក្មេងដែលត្រូវសម្រាកនៅពេទ្យកុមារជាតិដោយសារជំងឺ Marasmus និង Kwashiorkor មានប្រមាណពី៨០​ ដល់១០០នាក់ក្នុងមួយឆ្នាំ។ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមាន ការកើនឡើងក៏ដោយ តែមាតាកម្ពុជាយើងនៅខ្វះខាតចំណេះដឹងក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានត្រឹមត្រូវ មាតាខ្លះមិនបានបំបៅដោះកូនដោយទឹកដោះម្តាយ និងពុំបានផ្តល់អាហារបន្ថែមឲ្យបានគ្រប់គ្រាន់ ចាប់ពីកូនមានអាយុ៦ខែឡើងទៅ។   ជំងឺ Marasmus  Marasmus គឺជាជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលបណ្តាលមកពីខ្វះថាមពលសឹងតែគ្រប់មុខ ធ្វើឲ្យទម្ងន់របស់គាត់តិចជាង៦០%នៃទម្ងន់រំពឹងទុកធម្មតា ធៀបទៅនឹងអាយុ៖ • ទម្ងន់/អាយុ < -2 DS ជា Marasmus កម្រិតល្មម • ទម្ងន់/អាយុ < -3 DS ជា Marasmus ធ្ងន់ធ្ងរ។ Marasmus កើតឡើងពីកង្វះថាមពលធ្ងន់ធ្ងរស្ទើរគ្រប់ប្រភេទប្រភពថាមពល (ប្រូតេអ៊ីន លីពីត​ ជាតិស្ករ)។ ការខ្វះប្រភពថាមពលទាំងនេះ បណ្តាលមកពី៖ • ការបង្ករោគដោយវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលធ្វើឲ្យកុមារញ៉ាំអាហារបានតិចជាងធម្មតា • ជំងឺរាករ៉ាំរ៉ៃ ដូចជាជំងឺរាកមួល ឬមានព្រូន ឬដង្កូវនៅក្នុងពោះ ដែលធ្វើឲ្យកុមារញ៉ាំតិច បាត់បង់អាហារទៅឲ្យពពួកព្រូន ឬពោះវៀនស្រូបមិនបានល្អ។   ក្មេងដែលមានជំងឺ Marasmus មានរូបរាងស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង បាត់សាច់ដុំ និងខ្លាញ់ ជាពិសេសសាច់ដុំដើមដៃនិងសាច់ដុំគូថ សាច់ត្រជាក់ខ្លាំង តែអាចក្តៅខ្លួន ប្រសិនបើមានការបង្ករោគដោយពពួកមេរោគ បាត់បង់ជាតិទឹក និងស្លេកស្លាំង។ មានសញ្ញាទាក់ទងនឹងភ្នែក ដែលកើតឡើងដោយសារ តែខ្វះវីតាមីនអា។ ករណីធ្ងន់ធ្ងរ កុមារអាចនឹងឈានដល់ Shock (សម្ពាធឈាមធ្លាក់ចុះ ជីពចរខ្សោយ បេះដូងដើរញាប់) ពោះឡើងប៉ោង ដែលសញ្ញាទាំងនេះ អាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។   ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺ Marasmus មានដូចជា៖ • ដំបូងបំផុតគឺសាកសួរពីប្រវត្តិរបស់អ្នកជំងឺ លើរបៀបនៃការចិញ្ចឹមកូន និងរបៀបហូបចុករបស់គាត់ ដូចជាមិនបានបំបៅដោះកូន ឬបំបៅក្នុងរយៈពេលខ្លី ផ្តល់អាហារមិនមានសាច់ មិនមានជីជាតិគ្រប់គ្រាន់ ដូចជាបបរស ឬឲ្យកូនញ៉ាំតិចតួចពេក។ • ការពិនិត្យមើលការលេចឡើងនូវរោគសញ្ញាស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង ដូចទៅនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ • ក្រៅពីនេះ គ្រូពេទ្យនឹងធ្វើផលធៀបរវាងទម្ងន់ និងអាយុរបស់ក្មេង។ បើផលធៀបនេះ ទាបជាងឬស្មើនឹង -2DS ជាបញ្ហា Marasmus កម្រិតល្មម តែបើផលធៀបនេះ ទាបជាងឬស្មើ -3DS នោះជា Marasmus ធ្ងន់ធ្ងរ។   ជំងឺ Kwashiorkor Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់ ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។   Kwashiorkor ជាភាសារបស់ Ghana មានន័យថា ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmus ត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។   ការធ្វើរោគវិនិច្ឆ័យជំងឺ Kwashiorkor នឹងធ្វើឡើងដូចជា៖ • ដំបូងបំផុត គ្រូពេទ្យនឹងសួររកប្រវត្តិចិញ្ចឹមក្មេង៖ អ្នកជំងឺមានការលូតលាស់ធម្មតាដូចក្មេងដទៃ តែតាំងពីម្តាយមានផ្ទៃពោះកូនបន្ទាប់ គាត់បាត់ ការយកចិត្តទុកដាក់ពីម្តាយ ទាំងការឲ្យអាហារមិនគ្រប់គ្រាន់ ត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ • បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យរោគសញ្ញាគ្លីនិកលើខ្លួនកុមារដូចជា ស្គមស្គាំង ហើមដៃជើង និងពោះប៉ោង ព្រមទាំងពិនិត្យលើផលធៀបទម្ងន់ និងអាយុ របស់កុមារនោះ។ បើផលធៀបនេះទាបជាងឬស្មើនឹង -2DS ជា Kwashiorkor កម្រិតល្មម តែបើផលធៀបនេះ ទាបជាង ឬស្មើ -3DS នោះជា Kwashiorkor ធ្ងន់ធ្ងរ។   ការព្យាបាល Marasmus និង Kwashiorkor បើទោះជំងឺទាំងពីរនេះ កើតឡើងដោយសារមូលហេតុផ្សេងគ្នាក៏ដោយ ការព្យាបាលជំងឺទាំងពីរនេះគឺធ្វើឡើងក្នុងលក្ខណៈដូចគ្នា ប៉ុន្តែទៅតាមទម្រង់នៃជំងឺ៖ • ករណីទម្រង់ស្រាល៖ ណែនាំម្តាយពីការចិញ្ចឹមទារក ដោយឲ្យបំបៅកូននឹងទឹកដោះឲ្យបានច្រើន។ ករណីកូនមានអាយុច្រើនជាង៦ខែ ត្រូវបន្ថែម អាហារបំប៉នចម្រុះ ដូចជាបន្លែ ផ្លែឈើ និងសាច់ឲ្យបានគ្រប់គ្រាន់។ • ករណីទម្រង់ធ្ងន់ធ្ងរ៖ ត្រូវឲ្យកុមារសម្រាកពេទ្យ និងធ្វើការព្យាបាលកង្វះអាហារូបត្ថម្ភដោយផ្តល់អាហារពិសេស (F75, F100) និងការព្យាបាលផលវិបាក ដូចជា ការបង្ករោគ បាត់បង់ជាតិទឹក ឬខ្វះវីតាមីនអាជាដើម។   បើទោះបីជា Marasmus និង Kwashiorkor ស្ថិតក្នុងទម្រង់កង្វះអាហារូបត្ថម្ភដូចគ្នាក៏ដោយ តែKwashiorkor មានលក្ខណៈ ធ្ងន់ធ្ងរជាង។ ការផ្តល់អាហារឲ្យកុមារ ត្រូវធ្វើឡើងបន្តិចម្តងៗ ព្រោះកុមារមិនអាចទទួលយកអាហារច្រើនភ្លាមៗបានទេ។   ក្រៅពីនេះ គ្រូពេទ្យនឹងអនុវត្តគោលការណ៍ទាំង១០ របស់អង្គការសុខភាពពិភពលោក គឺព្យាបាលលើ៖ ១.  ការខ្វះជាតិស្ករ ២.  កម្តៅត្រជាក់ខ្លាំង ៣.  ការបាត់បង់ជាតិទឹក ៤.   ការខ្វះអេឡិចត្រូលីត ៥.   ការបង្ករោគ ៦.   ការខ្វះអាហារូបត្ថម្ភ ៧.   ការប្រុងប្រយ័ត្នលើការផ្តល់អាហារ ៨.   ការតាមដាន ៩.   ការជម្រុញការលូតលាស់ផ្នែកផ្លូវចិត្ត ១០. ការតាមដានការវិវឌ្ឍរបស់កុមារ។   វិធីបង្ការ Marasmus និង Kwashiorkor​ មាតាគ្រប់រូបគួរបំបៅកូន ដោយទឹកដោះតែមួយមុខគត់ ហើយនៅពេលដែលកូនបានអាយុ៦ខែ មាតាត្រូវបន្ថែមអាហារចម្រុះ ដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ បើទោះជាមាតាត្រូវទៅធ្វើការនៅក្រៅផ្ទះ គួរច្របាច់ទឹកដោះទុកឲ្យកូនបៅ ព្រោះទឹកដោះម្តាយ ជាអាហារដែលល្អបំផុត សម្រាប់កូន ឯការបំបៅទឹកដោះគោ គឺធ្វើឡើងប្រសិនបើ មាតាមានបញ្ហាសុខភាព ឬលក្ខខណ្ឌណាមួយ មិនអាចបំបៅដោះកូនបាន ហើយការបំបៅទឹកដោះគោ មាតាត្រូវចេះពីរបៀបឆុង ជ្រើសរើសទឹកដាំពុះ និងអនាម័យដបទឹកដោះគោផងដែរ។  ក្រៅពីនេះ មាតាគ្រប់រូបត្រូវនាំកូនទៅទទួលយកវ៉ាក់សាំងការពារជំងឺ ឲ្យបានគ្រប់មុខ ដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗដែលអាចបង្ការបាន។ អត្ថបទដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិដែលមានប្រភពមកពីបន្លែ ជាពិសេសគឺ«សណ្តែកសៀង» បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ហើយសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានដូចជា ៖ •រោគសញ្ញាក្រោយពេលអស់រដូវ  •ជំងឺពុកឆ្អឹង  •បញ្ហាសុខភាពសរសៃឈាមបេះដូង •ជំងឺទឹកនោមផ្អែម •ជំងឺមហារីក  •សុខភាពស្បែក។ វាមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen  និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។   សកម្មភាពប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។ បកស្រាយដោយ ៖ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព  និងរោគស្រ្តីនៃគ្លីនិកលុច្ស ស្វែងយល់ពីបន្ថែម ការព្យាបាលដោយធម្មជាតិដ៏អសា្ចរ្យាពីសណ្តែកសៀង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

+ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និង ផ្នែកអារម្មណ៍ផងដែរ ។ + ជម្ងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និង មូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និង ពិនិត្យរុករកឫសគុលដែលបង្ករអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ, ការធ្វើអេកូពោះ, ការធ្វើតេសឈាម ជាដើម ......។ + មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា:  - ជម្ងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជម្ងឺមហារីកពោះវៀនធំ)  - ជម្ងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)  - ជម្ងឺខ្សោយក្រពេញមេអំបៅ នៅបំពុងក (Hypothyroidism)  - ជម្ងឺរលាកពោះវៀនធំរាំរៃ  - គេប្រើប្រាស់ថ្នាំពេទ្យមួយចំនួន (Morphine or Amitriptyline.....)  - និង មានជំងឺប្រចាំរាងកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និង ជម្ងឺដែលបណ្តាលអោយខូច ឫ ខ្សោយនៃប្រពន្ធ័បញ្ជារបស់ចលនារបស់ពោះវៀនធំ ។ល។ + កត្តាដែលរួមផ្សំផ្សេងៗក៏មានដូចជា :  - ការគិតច្រើន ឬ Stress និង ពិបាកចិត្តច្រើន សំពាធការងារ និង ការរស់នៅប្រចាំថ្ងៃ  - ការបរិភោគអាហារមិនបានត្រឹមត្រូវ (ខ្វះជាតិសរសៃរ Fiber និង ការហូបទឹកមិនបានគ្រប់គ្រាន់ ......)  - មិនបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ .....។ + ផលវិបាកនៃជម្ងឺទល់លាមក :  - អាចបង្កទៅជាជម្ងឺឫសដូងបាទ ដែលអាចបង្កអោយមានការឈឺចុកចាប់ ឆ្លាក់ឈាម...  - អាចអោយមានការដាច់រហែកភ្នាសរបស់បាទ និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់  - បើសិនជាមានការទល់លាមកនេះមានការរាំរ៉ៃយូរវាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជម្ងឺមហារីកពោះវៀនធំផងដែរ ។ ជាការផ្ដាំផ្ញើរចុងក្រោយនេះ គឺយើងទាំងអស់គ្នាអាចជៀសវាង និង កាត់បន្ថយបញ្ហាមួយនេះបានដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និង គិតពិបាកចិត្តច្រើន, របបអាហារត្រឹមត្រូវ និង ធ្វើលំហាត់ប្រាណបានទៀតទាត់ .......) ។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី 2 ថ្ងៃឡើងទៅ, មានការស្រកចុះទម្ងន់លឿន និង ខុសពីធម្មតា, មានការស្លេកស្លាំង, មានការធ្លាក់ឈាមពេលបន្ទោរបង់ និង មានការឈឺចុកចាប់ក្នុងពោះរាំរ៉ៃ ។ល។ ដូចនេះបើសិនជាមានបញ្ហារទាំងអស់ដូចបានរាបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការ ពិគ្រោះ និង ពិនិត្យ​ជាមួយ​វេជ្ជ​បណ្ឌិតឯកទេសជំនាញ គឺជាការល្អ និង ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និង គ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។ ជាពិសេសគឺសំខាន់បំផុតសំរាប់អ្នកជម្ងឺមានវយ័ចាស់ អាយុលើសពី 45ឆ្នាំ ឡើងទៅ ។ គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត អាស័យដ្ធាន​​​៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំ និងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសំរាប់ពត៌មានបន្ថែម : Tel : 066/ 070/ 017- 553317 សូមអគុណ

ចែករំលែក

ក្នុងពេលមានផ្ទៃពោះ ស្ត្រីទទួលរងនូវបម្រែបម្រួលជាច្រើន ចាប់តាំងពីកូនចាប់បដិសន្ធិ រហូតដល់កូនចាប់កំណើត។ ពេលចាប់បដិសន្ធិ ម្តាយមានអាការៈ ចាញ់កូន ដែលធ្វើឲ្យពួកគាត់ត្រូវក្អួតចង្អោរ ហើយពេលខ្លះ មិនអាចញ៉ាំអាហារទៀតផង។ ប៉ុន្តែ វាមិនត្រឹមតែបែបនេះទេ មាតាត្រូវឡើងទម្ងន់ខ្លួនដោយសារតែ ទារកចេះតែលូតលាស់ធំទៅៗ ដែលនេះធ្វើឲ្យស្រ្តីជួបប្រទះនឹងបញ្ហាជាច្រើនដូចខាងក្រោមនេះ៖ ឈឺចង្កេះ រូបភាពដែលយើងតែងតែមើលឃើញចំពោះស្រ្តីមានផ្ទៃពោះ គឺការដាក់ដៃនៅពីក្រោយខ្នង តប់តិចៗដើម្បីកាត់បន្ថយការឈឺចាប់។ ដោយសារតែការកើនឡើង នៃសម្ពាធនៅលើឆ្អឹងខ្នងពីការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ និងទីតាំងរបស់ទារក ធ្វើឲ្យស្ត្រីមានអារម្មណ៍ថាមិនសុខស្រួល។ ការឈឺចាប់ អាចនឹងកាន់តែខ្លាំង ដោយសារតែការសង្កត់កាន់តែខ្លាំង ព្រោះទារកចេះតែបន្តលូតលាស់។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ក្នុងពេលនេះធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់។   ជំងឺស្ពឹកស្រពន់ ផលរំខាននៃការមានផ្ទៃពោះ គឺការហើមដៃជើង និងជាលិកាទន់ក្នុងខ្លួន។ ការកើនឡើងនូវសារធាតុរាវក្នុងកដៃអាចបណ្តាលឲ្យឈឺ ឬស្ពឹកស្រពន់។ បញ្ហានេះ ត្រូវបានគេស្គាល់ថា ជាជំងឺស្ពឹកស្រពន់ អាចជាជំងឺតពូជ និងការរើឡើងវិញពេលមានផ្ទៃពោះលើកក្រោយ។ ការប៉ះទង្គិច ស្ថានភាពដ៏គួរឲ្យខ្លាចសម្រាប់ស្រ្តីមានផ្ទៃពោះ គឺបណ្តាលមកពីការប្រែប្រួលទីប្រជុំទម្ងន់របស់ដងខ្លួន ហើយការបាត់បង់នូវការសម្របសម្រួលដំណើរការរាងកាយ ដោយសារទារកនៅតែបន្តលូតលាស់។ កត្តានេះផ្តល់ការប្រឈមខ្ពស់ទៅនឹងការដួល អាចធ្វើឲ្យបាក់ គ្រេច និងរបួស ដែលនេះត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ និងគ្រូពេទ្យសម្ភព។   បញ្ហាជើង រាល់ការឡើងទម្ងន់លើរាងកាយ គឺជាការបង្កើនសម្ពាធទៅលើសន្លាក់ រួមបញ្ចូលទាំងជើងផងដែរ។ សម្ពាធនេះ រួមជាមួយនឹងការឡើងហើម អាចបណ្តាលឲ្យសន្លាក់កជើង និងបាតជើង រួមនឹងសរសៃពួនៅជើង​ រលាក ហើយឈឺ។ ប្រសិនបើអ្នកមានការសង្ស័យថា​ មានបញ្ហាទាំងនេះ អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ តាមរយៈការធ្វើលំហាត់ប្រាណតិចៗ ដូចជា យោគៈ អាចជួយអ្នកបន្ថយការឈឺសន្លាក់ និងភាពមិនសុខស្រួលក្នុងពេលមានផ្ទៃពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top