-
Aug 22, 2019
|
-
5 ឆ្នាំមុន
|
-
3.9K មើល
វេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន នៅមិនទាន់អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយនៅឡើយទេ ដោយការព្យាបាលអាចមានប្រសិទ្ធភាពត្រឹមគ្រប់គ្រងនិងសម្រួលនូវរោគសញ្ញាតែប៉ុណ្ណោះតាមរយៈការប្រើប្រាស់ឱសថរួមផ្សំគ្នាមួយចំនួន។ ជាក់ស្ដែង Allopurinol ជាសារធាតុសកម្មឱសថដ៏ចម្បងមួយ ដែលមិនអាចខ្វះបានសម្រាប់ការព្យាបាលសព្វថ្ងៃនេះ។
លក្ខណៈរបស់ឱសថ
Allopurinol គឺជាឱសថស្ថិតនៅក្នុងប្រភេទ Xanthine oxidase inhibitor ដែលមានសមត្ថភាពចម្បងទៅបន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ជាមួយសមត្ថភាពកាត់បន្ថយជាតិអាស៊ីតនេះហើយ ទើបAllopurinol ត្រូវបានប្រើប្រាស់សម្រាប់ស្ថានភាពជំងឺដូចជា៖
• ជំងឺសន្លាក់
• ក្រួសក្នុងតម្រងនោម
• ការប្រមូលផ្ដុំអាស៊ីតអ៊ុយរិចក្នុងរាងកាយបណ្តាលមកពីការទទួលទានភេសជ្ជៈ សាច់ ឬគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម។
សកម្មភាពឱសថ
ជាមួយចំណាត់ថ្នាក់នៅក្នុងប្រភេទ Xanthine oxidase inhibitor នោះមានន័យថាឱសថមានសមត្ថភាពទៅបញ្ឈប់មុខងាររបស់អង់សុីម Xanthine oxidase។ ជាទូទៅ អង់ស៊ីម Xanthine oxidase មានតួនាទីរ៉ាប់រងក្នុងការបំប្លែងអង់ស៊ីមពីរទៀតគឺ Hypoxanthine និងXanthineឲ្យក្លាយទៅជាអាស៊ីតអ៊ុយរិច។ នៅពេលរាងកាយត្រូវបានប្រមូលផ្ដុំដោយសារធាតុអាស៊ីតអ៊ុយរិចជាច្រើនជាពិសេសនៅតាមសន្លាក់ នោះវានឹងបង្កឲ្យមានការឈឺចាប់ទើបឱសថAllopurinol ត្រូវបានតម្រូវឲ្យប្រើប្រាស់ក្នុងគោលបំណងកាត់បន្ថយការកកផ្ដុំនៃអាស៊ីតអ៊ុយរិចទាំងនោះ។
របៀប និងកម្រិតប្រើប្រាស់
• ឱសថតម្រូវឲ្យប្រើប្រាស់មួយថ្ងៃម្តង ឬអាចប្រែប្រួលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ គួរលេបបន្ទាប់ពីញ៉ាំអាហាររួច ដើម្បីកាត់បន្ថយការប៉ះពាល់លើក្រពះនិងត្រូវញ៉ាំទឹកឲ្យបានច្រើន
• ការផ្លាស់ប្ដូរកម្រិតដូសរបស់ឱសថ អាចធ្វើឡើងទៅតាមលទ្ធផលបានមកពីប្រសិទ្ធភាពនៃការព្យាបាល ដូចនេះអ្នកត្រូវប្រើប្រាស់ឲ្យបានទៀងពេលនិងជាប្រចាំ
• ជាក់ស្ដែងការព្យាបាលជំងឺសន្លាក់៖ ឱសថអាចចាប់ផ្តើមបង្ហាញពីប្រសិទ្ធភាពក្នុងអំឡុងពេល ២ ទៅ ៣អាទិត្យឡើងទៅ។ ក្រៅពីការប្រើប្រាស់ Allopurinol អ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថផ្សេងទៀតផងដែរ សម្រាប់បំបាត់ការឈឺចុកចាប់ដូចជា Colchicine, Ibuprofen ឬIndomethacin ជាដើម។
ផលរំខានឱសថ
Allopurinol អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង និងងងុយ ចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែររួមមាន៖
• ស្បែកឡើងក្រហម
• រាក
• ចង្អោរ ក្អួត
• ឈឺពោះ
• ស្រកទម្ងន់។ល។
អន្តរកម្មឱសថ
ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើន ឬបន្ថយប្រសិទ្ធភាពរបស់ឱសថណាមួយ។ ជាក់ស្ដែងAllopurinol អាចនឹងមានអន្តរកម្មជាមួយឱសថពង្រាវឈាម Warfarin ឱសថ Chlorpropamide និងឱសថ Didanosine ជាដើម។ ដូច្នេះ ដើម្បីចៀសផុតពីហានិភ័យបណ្តាលមកពីអន្តរកម្មឱសថនានា អ្នកគួររក្សាទុកកំណត់ត្រាឱសថដែលកំពុងប្រើប្រាស់ ដើម្បីធ្វើការពិភាក្សា និងទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតជាមុនសិន។
បម្រុងប្រយ័ត្ន
គួរចៀសវាង ឬត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថប្រសិនអ្នក៖
• អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថ
• មានប្រវត្តិជំងឺ ថ្លើម តម្រងនោម ទឹកនោមផ្អែមឬសម្ពាធឈាមឡើងខ្ពស់
• ជាស្រ្តីកំពុងមានផ្ទៃពោះ ឬអំឡុងបំបៅដោះកូន។
សម្រាប់ឱសថ Allopurinol ដែលសង្កេតឃើញមាននៅក្នុងទីផ្សារបច្ចុប្បន្នរួមមានឈ្មោះ Allopurinol Sandoz®, Zyloprim® និងZyloric។ល។
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក