Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សុខភាពរបស់ស្រ្តីទូទៅ ពិសេសស្រ្តីក្រោយសម្រាលអាចនឹងមានសភាពទ្រុឌទ្រោមនិងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុទាមទារឲ្យមានការគិតគូរយ៉ាងដិតដល់និងច្បាស់លាស់បំផុតមុនពេលស្រ្តីអាចទទួលបានការព្យាបាលបញ្ហាសុខភាពផ្សេងទៀត។ ចុះចំណែកសុខភាពមាត់ធ្មេញវិញទាមទារឲ្យមានការប្រុងប្រយ័ត្នដែរឬទេ? ករណីខាងក្រោមអាចជាការបកស្រាយសម្រាប់គ្រប់ស្រ្តីទាំងអស់ដែលទើបនឹងសម្រាលបុត្ររួច។ សំណួរ៖ ខ្ញុំមានអាយុ ៣៥ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៥៨ ទម្ងន់៥១គីឡូក្រាម ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាងដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ តើក្រោយសម្រាលរយៈពេលប៉ុន្មានខែទើបខ្ញុំអាចធ្វើធ្មេញបាន? ចម្លើយ៖ មិនមានផលប៉ះពាល់ណាមួយទាក់ទងរវាងការព្យាបាលធ្មេញទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំលេបក្រោយពេលព្យាបាលធ្មេញគឺមានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាននៅពេលបំបៅ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្របពេលការប្រើប្រាស់អុីនធើណែត និងបណ្ដាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្នកាន់តែកើនឡើងយ៉ាងគំហុកគេសង្កេតឃើញមានការផ្សព្វផ្សាយនូវព័ត៌មាន សេវាកម្ម និងតម្រូវការជាច្រើនតាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្សេងៗគ្នា។ ជាក់ស្ដែងដោយសារភាពទំនើបកម្មនេះហើយបានជួយសម្រួលឲ្យមានភាពងាយស្រួលក្នុងជីវភាពរស់នៅ និងចំណេញពេលវេលាបានច្រើនក្នុងការទទួលបានព័ត៌មានថ្មីៗ និងកាន់តែឆាប់រហ័ស។ ដោយឡែក សម្រាប់ផ្នែកចំណេះដឹងសុខភាពក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនជាច្រើនផងដែរ ដោយគេសង្កេតឃើញមានការចែករំលែកអត្ថបទសុខភាព និងគន្លឹះសុខភាពប្លែកៗជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីដើរឲ្យទាន់សម័យកាល និងអាចបំពេញតម្រូវការផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ហេលស៍ថាម ខប បានផ្ដួចផ្ដើម និងរៀបចំកម្មវិធី Live show មួយឈ្មោះថា “តោះនិយាយពីសុខភាព ឬ Healthtime Talk” រដូវកាលទីមួយដែលចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០ ក្នុងគោលបំណងចង់ពង្រឹង បង្កើនការចូលរួម និងផ្ដល់ការអប់រំផ្នែកសុខភាពពីសំណាក់អ្នកឯកទេសសុខាភិបាលទៅកាន់សាធារណជន និងបណ្តាអ្នកលេងហ្វេសប៊ុកទាំងអស់។ “តោះនិយាយពីសុខភាព ឬ Healthtime Talk” ជាកម្មវិធីផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុក Healthogo មានរយៈពេល ៦០នាទីដែលនឹងរៀបចំឡើង ៣ដងក្នុងមួយខែ ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍ទី១ ទី២ និងទី៤។ ជាក់ស្ដែង ក្នុងកម្មវិធីរាល់សប្ដាហ៍ទី ១នឹងពាំនាំនូវកិច្ចពិភាក្សាអំពីបញ្ហាសុខភាពយ៉ាងស៊ីជម្រៅ និងផ្តោតលើហានិភ័យប្រឈមទៅនឹងជំងឺ ដោយមានការចូលរួមបកស្រាយពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗ។  សម្រាប់រាល់សប្ដាហ៍ទី ២ គឺជាកម្មវិធីឆ្លើយសំណួរទាក់ទងនឹងប្រធានបន្តពីសប្តាហន៍ទី១ ដើម្បីបើកឱកាសដល់អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីប្រធានបទ និងឈ្នះរង្វាន់តាមរយៈការឆ្លើយសំណួរ។ ។ ចំណែក កម្មវិធីផ្សាយផ្ទាល់នៅរាល់សប្ដាហ៍ទី ៤ គឺជាកិច្ចពិភាក្សាស្ដីពីគន្លឹះសុខភាពដែលផ្តោតលើ ការបរិភោគ លំហាត់ប្រាណ និងការរស់នៅប្រចាំថ្ងៃ សម្រាប់ការពារខ្លួនពីជំងឺនានា ដោយមានការចូលរួមបកស្រាយពីអ្នកជំនាញសុខភាព រួមទាំងសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗផងដែរ។។ ជារួម បន្ទាប់ពីទស្សនាកម្មវិធីផ្សាយផ្ទាល់ “តោះនិយាយពីសុខភាព ឬ Healthtime Talk” នឹងផ្ដល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកទស្សនា ក៏ដូចជាសាធារណជនទាំងអស់រួមមាន ការសិក្សាស្វែងយល់ពីបញ្ហា និងគន្លឹះសុខភាពយ៉ាងសម្បូរបែប ការទទួលបានឱកាសក្នុងការសាកសួរពីបញ្ហាសុខភាពទៅកាន់វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខភាពដោយផ្ទាល់ និងភ្លាមៗ ជាពិសេសគឺការបង្កើនការទំនាក់ទំនងរវាងអ្នកទស្សនា ក៏ដូចជាអ្នកជំនាញសុខភាពទាំងអស់កាន់តែប្រសើរឡើងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាមន្ទិលសង្ស័យនានាទាក់ទងនឹងសុខភាព និងការរស់នៅតែម្តង។ ក្នុងនោះ កម្មវិធីរបស់យើងទទួលបានការគាំទ្រពីសំណាក់ផលិតផលស្ករបៀម កុកស៊ីល ផលិតផល CoPlaster និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព និងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធនឹងសុខភាព សុខមាលភាពផ្សេងទៀតផងដែរ។ គួរបញ្ជាក់ដែរថាក្នុងរដូវកាលទីមួយនេះ ការផ្សាយផ្ទាល់នឹងធ្វើឡើងពាក់ព័ន្ធទៅនឹងសុខភាពម្ដាយ និងទារក សុខភាពស្រ្តីនិងសុខភាពផ្នែកបេះដូងដោយមានការចូលរួមពីសំណាក់វាគ្មិនដែលជាសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសដ៏មានបទពិសោធន៍ទៅតាមជំងឺនីមួយៗដូចជា៖ • វេជ្ជបណ្ឌិត ហេង វីរដ្ឋ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និង ជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកស្រីវេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត • សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកវេជ្ជបណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប បណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត វន ម៉ាលីស វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ក្រៅពីនោះ ក៏នៅមានការចូលរួមពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាបន្តបន្ទាប់ផងដែរ។  បានទាំងចំណេះដឹង បទពិសោធន៍ ព្រមទាំងមានឱកាសបានសាកល្បងការយល់ដឹង និងទទួលបានកាដូទៀត ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណានៅរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅលើទំព័រហ្វេសប៊ុក Healthogo នៅវេលាម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។ សម្រាប់ព័ត៌មានបន្ថែម និងសម្រាប់ការផ្សព្វផ្សាយអាចទាក់ទងតាមរយៈ៖ 077 888 076/ 010 381 103 ឬ clinic.community@time-media.com។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សក់ទន់រលោងជាផ្នែកទាក់ទាញមួយធ្វើឲ្យសម្រស់របស់អ្នកកើនឡើងទ្វេដង បើធៀបជាមួយផ្នែកផ្សេងៗនៃរាងកាយ ដែលពេលខ្លះវាទាមទារឲ្យមានការថែរក្សាស្ទើរស្មើនឹងផ្ទៃមុខរបស់អ្នក។ លើសពីនេះ ការមានទម្លាប់ល្អ និងចៀសវាងទម្លាប់អាក្រក់មួយចំនួនត្រូវបានណែនាំឲ្យអនុវត្តស្របគ្នាដើម្បីទទួលបានលទ្ធផលនៃការដែលមានសក់ស្អាតដូចការរំពឹងទុក។ តើអ្នកដឹងទេថាទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់របស់អ្នកទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ ជាកំហុសឆ្គងមួយចំនួន រួមចំណែកធ្វើឲ្យសក់ខូច ដែលអ្នកអាចនឹងកំពុង ឬធ្លាប់បានធ្វើ៖ កក់សក់ច្រើនដង៖ ការកក់សក់ញឹកញាប់អាចបិទសំណើមធម្មជាតិនៃសក់របស់អ្នកនិងធ្វើឲ្យសក់ប្រែទៅជាស្ងួតខ្លាំង ជាហេតុងាយនឹងធ្វើឲ្យបែកចុង។ អ្នកត្រូវប្រាកដថាបានកក់សាប៊ូសម្អាតសក់ ៣ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលច្រើនលើសក់ អ្នកគួរលាងសម្អាតសក់របស់អ្នករៀងរាល់ ២ថ្ងៃម្តង ដោយធ្វើការជ្រើសរើសសាប៊ូឲ្យបានសមស្របតាមប្រភេទសក់របស់អ្នក។ អបសក់ដល់ស្បែកក្បាល៖ ការប្រើសាប៊ូអបសក់រហូតដល់ស្បែកក្បាល និងទុកវាយូរពេក អាចបណ្តាលឲ្យស្ទះគល់សក់ និងចូលរួមបង្អាក់ការលូតលាស់នៃសក់។ ដូចនេះអ្នកគួរអបតែលើសរសៃសក់ពិសេសផ្តោតលើចុងសក់ ហើយរក្សាវាទុកយូរបំផុតត្រឹម ១ទៅ២នាទីប៉ុណ្ណោះ ទើបអ្នកអាចទទួលបានគុណប្រយោជន៍ដ៏ស័ក្តិសម។ សិតសក់ខុសពេល៖ ព្យាយាមកុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច ព្រោះការសិតសក់ទាំងដែលនៅសើមជាមូលហេតុចម្បងធ្វើឲ្យសក់ខូច កណ្តាញ់និងសំពោង។ អ្នកអាចទុកសក់របស់អ្នកឲ្យស្ងួតដោយជូតសម្ងួតជាមួយកន្សែងរួចយកម្រាមដៃទៅសិតជំនួស ឬសិតដោយប្រើក្រាស់ដែលមានធ្មេញធំៗ និងទន់ល្អ ទើបជាការប្រសើរ។ ងូតទឹកក្តៅញឹកញាប់ពេក៖ មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅជាប្រចាំ ថែមទាំងលាងជម្រះសក់ក្បាល ក្នុងហេតុផលមួយចំនួននិងទម្លាប់ដែលមិនអាចអត់បាន។ ដោយភ្លេចថា ទឹកក្តៅអាចធ្វើឲ្យប្រែពណ៌សក់ និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ បើតាមការណែនាំរបស់អ្នកជំនាញដើម្បីរក្សាការផលិតប្រេងធម្មជាតិនៃស្បែកក្បាលគួរលាងសម្អាតសក់ ឬងូតទឹកក្តៅឧណ្ហៗ ត្រឹម២ដងក្នុងមួយសប្តាហ៍ជាការប្រសើរ។  ប្រើម៉ាស៊ីនសម្ងួត-គាប-រមូរ-កឹប សក់ជាប្រចាំ៖ តាមការស្រាវជ្រាវនៅឆ្នាំ២០១១បានរាយការណ៍ថាការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ជាមូលហេតុចម្បងបំផ្លាញសក់ផ្នែកខាងលើ ជាងការធ្វើឲ្យសក់ស្ងួតបែបធម្មជាតិ។ ជាការពិត ការប្រើប្រាស់ម៉ាសុីនផ្លុំសក់ក្នុងប្រវែង ១៥សង់ទីម៉ែត្រពីសរសៃសក់ជាមួយចលនាទៅមកបន្តបន្ទាប់ អាចបំផ្លាញសក់ក្នុងកម្រិតតិចតួច។ ក្រៅពីនេះ ការធ្វើម៉ូតសក់ដូចជា គាប ឬរមូរសក់អាចជំរុញឲ្យសក់ងាយជ្រុះបានបើអ្នកអនុវត្តវាញឹកញាប់ហួសពេក ឬរាល់ថ្ងៃ។ បើអាចអ្នកគួរធ្វើវាត្រឹមតែ ៣ដងក្នុងមួយសប្តាហ៍ និងប្រើកម្តៅតិចៗទើបជាការល្អ ដើម្បីអាចកាត់បន្ថយបញ្ហាបែកចុងបានផងដែរ។ និយមហែលទឹកក្នុងអាងជាប្រចាំ៖ នៅឆ្នាំ ២០០០មានការសិក្សាមួយ បង្ហាញពីការស្រាវជ្រាវពិនិត្យទៅលើអ្នកជំនាញហែលទឹក៦៧នាក់ និងអ្នកមិនចេះហែលទឹក ៥៤នាក់ ហើយរកឃើញថា ៦១%នៃអ្នកចេះហែលទឹក និងចូលចិត្តហែលទឹកក្នុងអាងញឹកញាប់ប្រឈមជាមួយការប្ដូរពណ៌សក់ បើធៀបនឹងអ្នកមិនហែលទឹក។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តការហែលទឹក ពិសេសក្នុងអាងហែលទឹក ទោះញឹកញាប់ ឬមិនញឹកញាប់ក្តីអ្នកគួរពាក់មួកការពារកុំឲ្យទឹកប៉ះសក់របស់អ្នកបាន។ ម៉្យាងអ្នកត្រូវប្រាកដថា បានងូតទឹកសម្អាតខ្លួន និងសក់ បន្ទាប់ពីអ្នកហែលទឹករួចភ្លាមៗដោយមិនត្រូវទុកឲ្យសក់របស់អ្នកដែលប៉ះជាមួយទឹកក្នុងអាងនោះស្ងួតខ្លួនឯងដោយមិនបានលាងសម្អាតឡើយ។ ផ្តល់អាហារឲ្យសក់មិនបានគ្រប់គ្រាន់៖ សក់របស់អ្នកត្រូវការបំផុតនូវសារធាតុចិញ្ចឹមសមស្របទាំងការទទួលទាននូវប្រភេទអាហារមានប្រូតេអុីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ ម៉្យាងទៀត ការផ្តល់ឲ្យដោយផ្ទាល់ពីការប្រើប្រេង ឬអាហារបំប៉នលើសរសៃសក់ផ្ទាល់ ក៏ជាភាពចាំបាច់មួយ ក្នុងគោលបំណងបង្កើនការការពារនិងរក្សាភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ព្រោះតែភាពរំខាននៃការមករដូវប៉ុន្មានថ្ងៃសឹងតែធ្វើឲ្យអ្នកមិនចង់ធ្វើអ្វីទាល់តែសោះមែនទេ? យ៉ាងណាមិញសូមកុំភ្លេចថាអំឡុងពេលនេះរាងកាយអ្នកបែរជាត្រូវការការថែរក្សាយ៉ាងដិតដល់ជាងថ្ងៃធម្មតាទៅវិញ។  ជាធម្មតា ស្រ្តីភាគច្រើនតែងជួបប្រទះរោគសញ្ញាដូចជា ឈឺចុកចាប់រមួលក្នុងពោះ អស់កម្លាំង ឈឺក្បាលនិងមានអារម្មណ៍មិនសូវល្អនៅមុនពេល និងអំឡុងពេលមករដូវ តែអ្នកប្រហែលមិនដឹងទេថា របបអាហារ និងលំហាត់ប្រាណមួយចំនួនអាចចូលរួមចំណែកក្នុងការសម្រាលភាពរំខានទាំងនោះ។ អាហារដែលស្រ្តីគួរទទួលទានអំឡុងពេលមករដូវ - អាស៊ីតខ្លាញ់អូមេហ្គា-៣ អ័រម៉ូនក្នុងរាងកាយម៉្យាងដែលមានឈ្មោះថា Prostaglandin ត្រូវគេដឹងថាជាដើមហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំធ្វើឲ្យឈឺចាប់ពេលមករដូវ។ ដូច្នេះមធ្យោបាយមួយដើម្បីបិទប្រសិទ្ធភាព Prostaglandin គឺដោយប្រើប្រាស់អាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលមានច្រើនក្នុងពពួកត្រីសម្បូរខ្លាញ់ ត្រីសាម៉ុង ត្រីធូណា និងបណ្តាសណ្តែកដែលមានជាតិប្រេងជាដើម។ លោកអ្នកអាចញ៉ាំជាតិខ្លាញ់អូមេហ្គា-៣ ក្នុងកម្រិត ១ក្រាម ដោយញ៉ាំ ២ ទៅ៣ដងក្នុងមួយថ្ងៃ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី European Journal of Clinical បានរកឃើញថាស្ត្រីដែលទទួលទានរបបអាហាររបស់ខ្លួនសម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា-៣ ហាក់គ្មានអាការៈឈឺចាប់ខ្លាំងពេលមករដូវនោះទេ។   - អាហារសម្បូរជាតិដែក អ្នកគួរទទួលទានអាហារដែលមានសារជាតិដែកឲ្យបានច្រើន ព្រោះនៅពេលមករដូវធ្វើឲ្យអ្នកបាត់បង់ឈាម ស្លេកស្លាំងដែលជាហេតុបង្កឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ ឬអាចប្រឈមទៅនឹងការកើតជំងឺផ្សេងបានយ៉ាងងាយ។ ជាក់ស្ដែងអ្នកអាចទទួលបានសារជាតិដែកឡើងវិញតាមរយៈអាហារដែលមាននៅក្នុង ថ្លើមសត្វ ស៊ុតលឿង និងបន្លែពណ៌បៃតងចាស់ ដើម្បីឲ្យរាងកាយបង្កើតគ្រាប់ឈាមក្រហមថ្មីៗ និងគួរទទួលទានបន្លែ ផ្លែឈើដែលមានវីតាមីន C ច្រើនដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និងប៉េងប៉ោះជាដើម ព្រោះវីតាមីន C នឹងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមនិងសារធាតុដែកចូលទៅក្នុងរាងកាយបានយ៉ាងល្អប្រសើរ ដោយអាចបញ្ចៀសបញ្ហាផ្សេងៗ ឬសម្រាលអាការៈឈឺចាប់អំឡុងពេលមករដូវ។ - សាច់ក្រហម ប្រភេទសាច់ក្រហមមានសារសំខាន់ណាស់សម្រាប់ជួយបង្កើនកម្តៅ និងសីតុណ្ហភាពក្នុងរាងកាយបានយ៉ាងល្អអំឡុងពេលមករដូវ។ ដោយហេតុថាសាច់ក្រហមមានផ្ទុកទៅដោយប្រូតេអុីន វីតាមីនB12 និងសារជាតិដែកគ្រប់គ្រាន់សម្រាប់បំប៉នរាងកាយរបស់អ្នកពេលដែលបាត់បង់ឈាមអំឡុងពេលមករដូវ។ ផ្ទុយទៅវិញអ្នកត្រូវចៀសវាងការញ៉ាំអាហារដែលមានជាតិហឹរ ប្រៃ និងមានជាតិខ្លាញ់ពីព្រោះអាហារប្រភេទនេះអាចឲ្យអ្នកមានការឈឺចាប់កាន់តែខ្លាំង។ - ម៉ាញ៉េស្យូម អំឡុងពេលមករដូវធ្វើឲ្យស្រ្តីបាត់បង់ឈាមច្រើនហើយកម្រិតម៉ាញ៉េស្យូមមានការធ្លាក់ចុះដែលជាហេតុបណ្តាលឲ្យស្រ្តីអស់កម្លាំង ស្លេកស្លាំង ព្រមទាំងមានការឈឺចាប់។ យ៉ាងណាមិញ ការជ្រើសរើសរបបអាហារដែលមានផ្ទុកនូវជាតិម៉ាញ៉េស្យូមសម្រាប់អំឡុងពេលមករដូវពិតជាមានសារសំខាន់ណាស់នេះបើយោងតាមការសិក្សារបស់ The U.S. Department of Health and Human Services Office on Women’s Health ដោយបានបង្ហាញថាការទទួលទានជាតិម៉ាញ៉េស្យូមត្រឹមតែ ៤០០មិល្លីក្រាមក្នុងមួយថ្ងៃអំឡុងពេលមករដូវអាចជួយកាត់បន្ថយភាពឈឺចាប់ និងបំបាត់ភាពតានតឹងដោយវាទៅបញ្ចេញអ័រម៉ូន Serotonin  ពិសេសវាជួយគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយដែលអាចប្រឆាំងនឹងអុកស៊ីតកម្មបានយ៉ាងល្អផងដែរ។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកជាតិម៉ាញ៉េស្យូមបានដូចជា ផ្លែចេកទុំ ប័រសណ្តែក គ្រាប់ស្វាយចន្ទី អាល់ម៉ុន អង្ករសម្រូប គ្រាប់ផ្កាឈូករ័ត្ន ទឹកដោះគោ និងសូកូឡាខ្មៅ។ លំហាត់ប្រាណអំឡុងពេលមករដូវ កុំឲ្យវដ្តរដូវរំខានដល់លំហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកដោយអ្នកអាចជ្រើសរើសរបៀបហាត់ប្រាណទៅតាមអារម្មណ៍របស់អ្នក ជាពិសេសប្រភេទលំហាត់ប្រាណស្រាលៗដែលមានដូចជា៖ - លំហាត់ប្រាណបែប Aerobic ស្រាលៗ ការធ្វើលំហាត់ប្រាណនេះអាចធ្វើបានច្រើនវិធីសាស្រ្តឬច្រើនរបៀបដើម្បីបង្កើនចលនាសាច់ដុំក្បាលពោះបន្ថយអាការៈមួយចំនួនដូចជា ឈឺចង្កេះ ឈឺពោះពិសេសអាចជួយដល់ចលនាឈាម និងលំហូរឈាមអំឡុងពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព ដោយហេតុថា វាជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ បន្ថែមពីនេះវាជួយកាត់បន្ថយការអស់កម្លាំង បំបាត់ការឈឺចុកចាប់ ឈឺខ្នង ជំរុញ ឬពង្រឹងកោសិកាបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយគ្រប់គ្រងទម្ងន់ផងដែរ។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេល ៣០នាទីដើម្បីទទួលបានលទ្ធផលល្អ។ គួរបញ្ជាក់ផងដែរថាការធ្វើលំហាត់ប្រាណតាមបែប Aerobics រួមមានការដើរ ឬការរត់ត្រឹកៗជាដើម។ - យូហ្គា អំឡុងពេលមករដូវអាចធ្វើឲ្យសាច់ដុំប្រែប្រួល ដែលបង្កឲ្យមានការឈឺចាប់និងផលរំខានដល់ការរស់នៅរបស់ស្រ្តី។ ជាក់ស្តែង ការហាត់ប្រាណបែបយូហ្គាអាចជួយដោះស្រាយបញ្ហា ឬអាការៈមួយចំនួនក្នុងអំឡុងពេលមករដូវបានដូចជា បំបាត់ភាពតានតឹងកាត់បន្ថយការឈឺចាប់នៅសាច់ដុំជួយឲ្យមានលំហូរឈាមល្អ ពិសេសជួយឲ្យចង្វាក់បេះដូងដើរបានល្អប្រសើរផងដែរ។ - លំហាត់ប្រាណបែប Pilates ជាលំហាត់ប្រាណម៉្យាងមានលក្ខណៈទន់ភ្លន់ និងមានភាពសាមញ្ញសម្រាប់មនុស្សគ្រប់វ័យ ស្រ្តីមានផ្ទៃពោះ ឬក្រោយពេលសម្រាល ពិសេសស្រ្តីអំឡុងពេលមករដូវ ព្រោះវាអាចជួយកាត់បន្ថយការឈឺចាប់កាត់បន្ថយភាពតានតឹង ពិសេសជួយដល់មេតាបូលីសក្នុងរាងកាយឲ្យដំណើរការបានល្អ។ Pilates ជាប្រភេទលំហាត់ប្រាណបែបស្រាល និងមានច្រើនវិធីសាស្រ្ត ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើចលនាបានពេញរាងកាយ។ អ្នកអាចធ្វើលំហាត់ប្រាណបែបនេះបាននៅក្នុងផ្ទះ ឬកន្លែងហាត់ប្រាណ ប៉ុន្តែត្រូវមានកន្ទេលហាត់ប្រាណមួយ ឬវីដេអូដែលបង្ហាញពីក្បាច់នៃលំហាត់ប្រាណបែបនេះទើបជាការងាយស្រួល។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក អាចនឹងត្រូវវាស់វែងបានតាមរយៈឧបករណ៍ថ្មីមួយ នេះបើយោងតាមការសិក្សាស្រាវជ្រាវពី Journal Microsystems & Nanoengineering។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាមួយភាពជាក់លាក់ដល់ទៅ ៩៥.៩% ក្នុងការរាប់កោសិកាមហារីកនៅរាល់ពេលឆ្លងកាត់ជាមួយអេឡិចត្រូត។ ប្រធានផ្នែកនិពន្ធ លោក Mehdi Javanmard ដែលមានតួនាទីជាសាស្រ្តាចារ្យជំនួយប្រចាំ Department of Electrical and Computer Engineering នៅឯ Ruters University-New Brunswick បានឲ្យដឹងថា “ពួកយើងបានបង្កើតឧបករណ៍នេះឡើង ដែលអាចសន្និដ្ឋានបានថាតើអ្នកជំងឺអាចឆ្លើយតបជាវិជ្ជមានទៅលើវិធីសាស្រ្តព្យាបាលជំងឺមហារីក ឬយ៉ាងណា”។ បន្ថែមពីនោះបច្ចេកវិទ្យានេះជាការបញ្ចូលគ្នានៃ Artificial intelligence និង Biosensors ព្រមទាំងរួមផ្សំទៅដោយបរិមាណតិចតួចនៃសារធាតុរាវដែលមានសមត្ថភាពចាប់បានពីភាពប្រែប្រួល ឬភាពស៊ាំរបស់កោសិកាមហារីកអំឡុងពេលព្យាបាលដោយថ្នាំគីមី។ ក្រុមការងារ Ruters បានធ្វើតេស្តជាដំបូងតាមរយៈការប្រើប្រាស់សំណាកកោសិកាមហារីកដែលបានព្យាបាលជាមួយកំហាប់ថ្នាំផ្សេងៗគ្នា។ ជាលទ្ធផលឧបករណ៍នេះអាចចាប់បានកោសិកាមហារីកដែលនៅរស់ ដោយមើលទៅលើភាពប្រែប្រួលនៃចរន្តអេឡិចត្រូតរាល់ពេលឆ្លងកាត់ប្រហោងដ៏តូចនៃសារធាតុរាវ។ ចំណែកជំហានបន្ទាប់ ការធ្វើតេស្តនឹងធ្វើឡើងទៅលើសំណាកដុំមហារីករបស់អ្នកជំងឺផ្ទាល់ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃថ្នាំព្យាបាលណាមួយមុនពេលអ្នកជំងឺអាចចាប់ផ្ដើមទទួលបានការព្យាបាល។  ជាមួយលទ្ធផលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីនេះនឹងអាចបង្កើនអន្តរាគមន៍បន្ថែមសម្រាប់អ្នកជំងឺមហារីក ក៏ដូចជាគ្រប់គ្រងនិងកំណត់ស្ថានភាពជំងឺឲ្យបានកាន់តែប្រសើរឡើង។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/07/190716150007.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផាត់មុខ លាបក្រែម ម្សៅ ឡេ ... នរណាមិនចង់ស្អាត មិនចង់ល្អ មិនចង់លើកតម្កើងសម្រស់ឲ្យកាន់តែស្រស់ស្អាតក្មេងជាងវ័យ និងគួរឲ្យទាក់ទាញនោះ? មនុស្សចាស់ក្មេង ស្រីប្រុសតែងតែចង់សាកល្បងចំណាយថវិកាប្រើផលិតផលជំនួយទៅតាមធនធានមិនថាគេមិនថាខ្ញុំនោះទេ។ ប៉ុន្តែតើគួរជ្រើសរើសផលិតផលបែបណាឲ្យសម និងត្រូវតាមប្រភេទស្បែកមុខ? ខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជំហានសំខាន់ៗនៃការថែរក្សាស្បែកនិងប្រភេទផលិតផលដែលត្រូវប្រើទៅតាមស្បែកមុខរបស់អ្នក។ ពេលណាអ្នកគួរលាងសម្អាតស្បែកមុខ? អ្នកអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត ដោយការលុបលាងមុខច្រើនដងពេក។ ដូច្នេះការលាងសម្អាតមុខ (ដោយហ្វូមលាងមុខ) ត្រឹមតែម្តង ទៅពីរដងក្នុងមួយថ្ងៃគឺចាត់ទុកថាគ្រប់គ្រាន់ហើយ។ នាពេលព្រឹកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ប្រើកន្សែងពោះគោទន់ៗដើម្បីផ្ដិតជាតិទឹកចេញឲ្យស្ងួត។ នៅពេលយប់លាងសម្អាតជាមួយហ្វូម ឬទឹកសម្អាតស្បែកមុខដែលអាចជួយកម្ចាត់រាល់មេរោគ និងគ្រឿងសម្អាងបានយ៉ាងល្អ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ លេងកីឡា អ្នកអាចលាងសម្អាតម្តងទៀត បន្ទាប់ពីបញ្ចប់សកម្មភាពទាំងនោះដោយហ្វូមលាងមុខប្រភេទស្រាល។ ជាក់ស្ដែងការលាងសម្អាត និងប្រើប្រាស់ផលិតផលណាមួយលើស្បែកមុខ ក៏អាចប្រែប្រួលទៅតាមសភាពស្បែករបស់បុគ្គលម្នាក់ៗផងដែរ ដែលរួមមាន៖ ស្បែកមុខធម្មតា (Normal Skin) អ្នកដែលមានស្បែកមុខស្អាតគ្មានមុន គ្មានជាតិខ្លាញ់ពិតជាគិតថាមិនចាំបាច់ប្រើប្រាស់ផលិតផលសម្រាប់ការពារស្បែកនោះទេប៉ុន្តែការគិតបែបនេះគឺខុសហើយ។ ជាក់ស្តែង អ្នកគួរតែជ្រើសរើសការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងសម្រាប់ការពារបន្ថែមដើម្បីការពារស្បែកមុខពីការកើតមុនធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងរហូត។ សម្រាប់ករណីផ្ទៃមុខរបស់អ្នកមានសភាពធម្មតាបែបនេះ អ្នកគួរជ្រើសរើសផលិតផលដែលសមស្របនឹងស្បែកដូចជា ហ្វូម ឬជែលលាងសម្អាតមុខដែលមានផ្ទុកទឹកដោះគោ ថូនឺរដែលគ្មានផ្ទុកជាតិអាល់កុល (អេតាណុល) ក្រែមការពារសំណើម SPF ៤០ឡើង និងសេរ៉ូមជំនួយស្បែកប្រឆំាងអុកស៊ីតកម្មដែលផ្ទុកដោយសារធាតុវីតាមីន C ។ ស្បែកមុខស្ងួត (Dry Skin) ថែទាំស្បែកឲ្យសមស្របសម្រាប់អ្នកដែលមានមុខស្ងួត  ពួកគេតែងតែគិតថាតើគួរតែប្រើប្រាស់ផលិតផលអ្វី ដើម្បីឲ្យស័ក្តិសមជាមួយនឹងសាច់មុខរបស់ពួកគេ។ គន្លឹះសំខាន់ក្នុងការថែទាំស្បែកមុខដែលមានរន្ធរោមធំ ស្ថិតនៅលើការរក្សាអនាម័យ មិនឲ្យមានភាពកខ្វក់សេសសល់ក្នុងរន្ធរោមរួមទាំងការបន្ថែមជាតិសំណើមក្នុងកម្រិតដែលសមស្រប សុទ្ធតែអាចជួយឲ្យរន្ធរោមមើលទៅតូចជាងមុនបាន។ ជាពិសេសអាចជ្រើសរើសប្រើផលិតផលសម្អាតស្បែកមុខដែលមានសមាសធាតុផ្សំពីអាស៊ីតគ្លីកូលិក និងសាលីស៊ីលិក ផលិតផលបែបជែល ព្រោះជែលមិនត្រឹមតែជួយសម្អាតស្បែកមុខប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយចិញ្ចឹមស្បែកមុខអ្នកទៀតផង។ លើសពីនេះវាជួយផ្ដល់ឲ្យស្បែកមុខអ្នកមានសំណើម និងមិនបណ្តាលឲ្យរលាក ហើយវាស័ក្តិសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ដូចជាស្បែកស្ងួត ស្បែកដែលមានជាតិខ្លាញ់ និងស្បែកឆាប់ប្រតិកម្ម។ បន្ថែមពីនេះ អ្នកត្រូវធ្វើការលាងសម្អាតឲ្យបានទៀងទាត់ មួយថ្ងៃ ២ដង ពេលព្រឹក និងយប់ ប្រើទឹករ៉ែសម្រាប់សម្អាតផ្ទៃមុខ សេរ៉ូមដែលមានសារធាតុ Retinol និងកម្ចាត់កោសិកាស្បែកចាស់ៗចេញជាដើម។ ស្បែកមុខខ្លាញ់ (Oily Skin) ស្បែកមានជាតិប្រេងមើលទៅមានសភាពរលើប មានខ្លាញ់ច្រើន ហើយក៏អាចមានរន្ធញើសធំៗដែរ ពិសេសនៅតំបន់អក្សរធី (T)។ អ្នកគួរប្រើហ្វូមលាងសម្អាតមុខដែលគ្មានជាតិប្រេង លាងសម្អាតដោយប្រើទឹកឲ្យច្រើន (ទឹកក្តៅឧណ្ហៗ)។ បន្ថែមពីនោះ អ្នកក៏អាចប្រើថូនឺរលាបមុខជាមួយសេរ៉ូមដែលមានសារធាតុ Retinol បន្ទាប់ពីសម្អាតមុខរួច ព្រោះវាអាចជួយកាត់បន្ថយជាតិប្រេង ប៉ុន្តែក៏ត្រូវប្រយ័ត្នដែរ ព្រោះស្បែករបស់អ្នកអាចនឹងមានអាការៈរមាស់បាន។ ស្បែកងាយរងប្រតិកម្ម (Sensitive Skin) ស្បែកងាយប្រតិកម្ម អាចនឹងឆាប់មានការឈឺចាប់រោល ឬរមាស់ បន្ទាប់ពីអ្នកបានប្រើផលិតផលផ្សេងៗព្រមទាំងមានលក្ខណៈស្តើង ហើយក្រហមឃើញសរសៃ។ ស្បែកបែបនេះគួរតែសម្អាតថ្នមៗ ជាមួយទឹកក្តៅតិចៗ ហើយត្រូវចាំជានិច្ចថារាល់ពេលធ្វើឲ្យស្ងួតគឺត្រូវផ្តិតមិនមែនជូតនោះទេ។ ការខាត់ស្បែកអាចធ្វើឲ្យស្បែករមាស់ ដូច្នេះគួរព្យាយាមកុំប្រើផលិតផលណាដែលមានជាតិអាល់កុល សាប៊ូ អាស៊ីត ឬក្លិន ហើយងាកមករកមើលផលិតផលណាដែលផ្សំពីប្រទាលកន្ទុយក្រពើ ជែលសម្អាតមុខ ឡេលាបមុខដែលមាន SPF៣០ឡើង ឬតែបៃតងវិញប្រសើរជាង។ សារធាតុផ្សំនៅក្នុងផលិតផលដែលអ្នកប្រើកាន់តែតិច គឺកាន់តែល្អសម្រាប់ស្បែករបស់អ្នក។ គួរបញ្ជាក់ផងដែរថា ការផ្តល់សំណើមប្រហែលជាអាចការពារស្បែកអ្នកបានមួយរយៈពីកម្តៅថ្ងៃ ប៉ុន្តែស្បែករបស់អ្នកអាចទ្រាំទ្រជាមួយកម្តៅថ្ងៃបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បើលើសពីនេះវាពិតជាបំផ្លាញស្បែកអ្នកមិនខាន។ មិនថាអ្នកនៅក្មេង ឬជាមនុស្សចាស់នោះទេ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកប្រហែលជាធ្លាប់ទទួលបានបទពិសោធន៍នូវការលេចចេញពងបែក ឬរមាស់នៅដៃយ៉ាងហោចណាស់ក៏ម្តងដែរ តែមិនបានចាប់អារម្មណ៍ដោយសារវាបាត់ទៅវិញ។ ពេលខ្លះ អ្នកអាចប្រហែលមិនត្រឹមកើតលើម្រាមដៃទេ វារាលដាលរហូតដល់កំភួនដៃដែលករណីនេះស្រដៀងនឹងករណីខាងក្រោម។ សំណួរ៖ ម្តាយនាងខ្ញុំ អាយុ ៥៦ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦០ ទម្ងន់ ៦៤គីឡូក្រាមមុខរបរជាអ្នកលក់ដូរនៅផ្សារ។ មុនដំបូងម្រាមដៃរបស់គាត់ឡើងពងបែកតូចៗ រួមជាមួយអាការៈឈឺចាប់ និងរមាស់ផងដែរប៉ុន្តែឥលូវវារីករាលដាលឡើងដល់កំភួនដៃ។ តើអាការៈនេះបង្កឡើងពីបញ្ហាអ្វីឲ្យពិតប្រាកដ? ហើយអាចព្យាបាលបានដែរឬទេ? ចម្លើយ៖ ករណីនេះអាចនឹងមានសំណួរសួរបន្ថែមថា តើនៅពេលគាត់លេចចេញរោគសញ្ញាពងបែកតូចៗនៅលើកំភួនដៃនោះ មានរយៈពេលប៉ុន្មានថ្ងៃ? មុនពេលលេចចេញតើគាត់មានអាការៈអ្វីខ្លះ? ឧទាហរណ៍ដូចជា ក្តៅខ្លួន ឈឺមួយចំហៀងខ្លួន ឬរមាស់ឈឺនៅតំបន់ដែលលេចចេញ ឬកើតមានរ៉ាំរ៉ៃយូរហើយ ដែលទាំងអស់នេះជាលក្ខណៈពិសេសរបស់ជំងឺមួយចំនួន។ ប្រសិនបើគាត់មាននូវសញ្ញាក្តៅខ្លួន ឈឺនៅលើពងបែកនោះទៀតមានន័យថាគាត់កើតជំងឺរើម ដែលតម្រូវឲ្យធ្វើការព្យាបាលដោយថ្នាំរើមភ្លាមៗ ដោយហេតុថាបើរើមកើតយូរហើយ ការព្យាបាលដោយថ្នាំរើមពុំផ្តល់នូវប្រសិទ្ធភាពឡើយ។ ដោយឡែក បើគាត់មានការរោលដោយការងាររបស់គាត់ដែលជាអ្នកលក់ដូរឲ្យមានជាពងបែក ឬរមាស់ នោះគឺមិនមែនជារើមនោះទេ វាជាតាអក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រហែលជាមានពេលខ្លះ អ្នកអង្គុយច្រណែននឹងអ្នកដែលប្រឹងតមអាហារផង ហាត់ប្រាណផង ដើម្បីឲ្យតែស្រកទម្ងន់ ស្របពេលដែលខ្លួនអ្នកវិញបន់ឲ្យតែឡើងទម្ងន់ខ្លះហើយបើសិនជាអាច សឹងតែចង់សុំឲ្យគេរំលែកទម្ងន់ខ្លះមកឲ្យខ្លួនទៀត។ មិនថាប្រឹងញ៉ាំយ៉ាងណាក៏នៅតែមិនព្រមកើនទម្ងន់នឹងគេសោះមែនទេ៎? ការពិតទៅ អាចនឹងមានទង្វើខ្លះដែលអ្នកគិតខុសថានឹងផ្តល់នូវផលដែលអ្នកប្រាថ្នា ឬក៏អ្នកគិតត្រូវហើយ តែធ្វើមិនទាន់បានត្រឹមត្រូវ ទើបលទ្ធផលនៅតែមិនគាប់ប្រសើរ។ ទោះបីជាការឡើងទម្ងន់ជារឿងមួយសំខាន់ តែសុខភាពក៏នៅតែសំខាន់ជាងដែរ ហើយដើម្បីកុំឲ្យនៅតែអន់ចិត្តនឹងទម្ងន់មិនសូវច្រើនរបស់ខ្លួនឯងទៀតនោះ អ្នកអាចសិក្សាអំពីទង្វើគួរ និងមិនគួរធ្វើជាមួយគ្នាខាងក្រោមនេះបាន… គួរ៖ • ញ៉ាំអាហារសម្រន់ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមរួមមានប្រភេទសណ្តែកដីចម្រុះ ផ្លែឈើស្រស់ ដូចជាចេក ម្នាស់។ល។ • ញ៉ាំអាហារតូចៗឲ្យបានយ៉ាងតិច៣ដង ក្នុងមួយថ្ងៃ។ • ទទួលទានអាហារដែលផ្តល់នូវថាមពល រួមមាន បាយសម្រូប ដំឡូង បន្លែបៃតង ស៊ុត ផលិតផលទឹកដោះគោ ដែលសម្បូរទៅដោយកាបូអុីដ្រាតនិងប្រូតេអុីន ។ • ទទួលទានទឹកឲ្យបានច្រើន និងជាប្រចាំ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងបញ្ចេញចោលនូវសារធាតុពុលពីក្នុងខ្លួនមកវិញ ។ • រៀបចំគម្រោងនៃការធ្វើលំហាត់ប្រាណ ឲ្យបានសមស្របទៅនឹងគម្រោងនៃការឡើងទម្ងន់របស់អ្នក ក៏ដូចជារបបអាហារដែលមានបរិមាណកាល់ឡូរីនិងប្រូតេអីុនខ្ពស់។ មិនគួរ៖ • ញ៉ាំអាហារកំប៉ុង ឬអាហារដែលរក្សាទុកបានយូរ ព្រមទាំងអាហារបែប Fast Food ដូចជា ប៊័រហ្គឺ ប្រភេទអាហារបំពង។ល។ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យរាងកាយអ្នកស្តុកទុកជាតិខ្លាញ់មិនល្អច្រើននៅក្នុងរាងកាយ។ • ព្យាយាមញ៉ាំអាហារមានបរិមាណច្រើនក្នុងមួយពេលៗ ហើយញ៉ាំតិចដង។ • ប្រឹងញ៉ាំអាហារដែលមានជាតិផ្អែមច្រើនពេក ជាពិសេសអាហារដែលប្រើប្រាស់ស្ករសិប្បនិម្មិត ព្រោះវាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់សុខភាពរាងកាយរបស់អ្នក។ • ទទួលទានទឹក នៅមុន និងក្នុងអំឡុងពេលញ៉ាំអាហារ ព្រោះវានឹងធ្វើឲ្យឆាប់មានអារម្មណ៍ថាឆ្អែតហើយក៏អាចប៉ះពាល់ដល់ដំណើរការរំលាយអាហារផងដែរ។ • ធ្វើលំហាត់ប្រាណប្រភេទដែលបង្កើនចលនាចង្វាក់បេះដូង (Cardio exercises) ព្រោះជាទូទៅ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់ ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យើងដឹងហើយថាធ្មេញ មានសារសំខាន់ណាស់សម្រាប់កុមារក្នុងការទំពា និងខាំអាហាររឹងៗ។ លើសពីនេះទៅទៀត វាក៏ជាចំណែកមួយដែលជួយសម្រួលក្នុងការនិយាយ និងបញ្ចេញសំឡេងរបស់កុមារផងដែរ។ ហេតុនេះហើយការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូចគឺជាចំណុចមួយចាំបាច់ដែលលោកអ្នកគួរយកចិត្តទុកដាក់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពធ្មេញរបស់ពួកគេឲ្យមានភាពរឹងមាំនិងចៀសវាងពីការខូចខាតបានចាប់តាំងពីកូនអ្នកនៅតូចៗ៖ បន្ថយការញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំង ការញ៉ាំអាហារមួយចំនួនដែលមានផ្ទុកជាតិស្ករខ្ពស់អាចបណ្តាលឲ្យកុមារប្រឈមមុខនឹងជំងឺពុកធ្មេញ។ ជាតិស្ករដែលកុមារញ៉ាំចូលនឹងប៉ះជាមួយបាក់តេរីដែលនៅជាប់នឹងធ្មេញរបស់ពួកគេ បង្កើតបានជាអាស៊ីតដែលអាចធ្វើឲ្យធ្មេញកុមារងាយពុក ប្រហោង និងបណ្តាលឲ្យមានការឈឺចាប់។ តាមការសិក្សារបស់ The American Academy of Pediatric និងក្រុមគ្រូពេទ្យជំនាញផ្នែកកុមារ បានបញ្ជាក់ថាកុមារដែលមានអាយុក្រោម ១ឆ្នាំគួរចៀសវាងការញ៉ាំអាហារផ្អែមខ្លាំង ដែលក្នុងនោះរួមមាន ភេសជ្ជ: ទឹកផ្លែឈើកំប៉ុងដែលមានជាតិផ្អែម ស្ករគ្រាប់ ស្ករ សូកូឡា។ល។ លើសពីនេះទៅទៀត លោកអ្នកគួរចៀសវាងទម្លាប់ក្នុងការដាក់ឲ្យកូនតូចៗញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើដោយប្រើដបក្បាលដោះមុនពេលចូលគេង​ព្រោះទម្លាប់ទាំងនេះនឹងផ្តល់ផលអាក្រក់ដល់សុខភាពមាត់ធ្មេញរបស់ពួកគេ។ បង្រៀនកូនឲ្យចេះដុសសម្អាតធ្មេញឲ្យបានទៀងទាត់ ការចាប់ផ្តើមបង្រៀនកូនៗឲ្យចេះដុសធ្មេញ ជាការងារមួយដែលអ្នកគួរតែធ្វើដើម្បីធានាបាននូវសុខភាពមាត់ធ្មេញល្អសម្រាប់កុមារ។ លោកអ្នកអាចចាប់ផ្តើមធ្វើការសម្អាតធ្មេញឲ្យពួកគេ ទោះបីជាធ្មេញរបស់គេមិនទាន់ដុះក៏ដោយ ដោយធ្វើការដុសសម្អាតអញ្ចាញធ្មេញជាមួយក្រណាត់ទន់ស្អាតបន្ទាប់មកត្រូវបង្ហាត់ឲ្យពួកគេធ្វើការសម្អាតធ្មេញជាប្រចាំ យ៉ាងតិចឲ្យបាន ២ដងក្នុងមួយថ្ងៃពេលធ្មេញរបស់ពួកគេចាប់ផ្តើមដុះ។ ចំពោះបរិមាណថ្នាំដុសធ្មេញដែលត្រូវប្រើមានការប្រែប្រួលទៅតាមអាយុរបស់កុមារ។ លោកអ្នកគួរប្រើថ្នាំដុសធ្មេញក្នុងបរិមាណមួយតិចតួច (ទំហំប៉ុនគ្រាប់បាយ) សម្រាប់ក្មេងដែលមានអាយុតិចជាង៣ឆ្នាំ និង ទំហំប៉ុនគ្រាប់សណ្តែកដី សម្រាប់ក្មេងដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ កុមារតូចៗគួរតែទទួលបានជំនួយពីប៉ាម៉ាក់ក្នុងពេលសម្អាតបន្ទាប់មកលោកអ្នកអាចសាកល្បងឲ្យពួកគេដុសសម្អាតដោយខ្លួនឯងពេលដែលក្មេងកាន់តែធំ។ ការជ្រើសរើសប្រភេទថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ ដោយសារតែនៅលើទីផ្សារមានផលិតផលថ្នាំដុសធ្មេញច្រើនប្រភេទ លោកអ្នកអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលសមស្របទៅនឹងកូនតូចៗ។ ជាទូទៅ ទន្តបណ្ឌិតបានណែនាំឲ្យជ្រើសរើសពពួកថ្នាំដុសធ្មេញដែលសម្បូរជាតិភ្លុយអរ៉ៃ និងទទួលទានអាហារណាដែលសម្បូរជាតិនេះផងដែរ (ឩ.ទឹកទំពាំងបាយជូរ ទំពាំងបាយជូរក្រៀម...) ព្រោះថាសារធាតុទាំងនេះមានសារសំខាន់ជួយឲ្យធ្មេញកុមារមានភាពរឹងមាំ។ លើសពីនេះទៅទៀត លោកអ្នកអាចស្វែងរកថ្នាំជំនួយដែលមានផ្ទុកសារធាតុនេះនៅតាមឱសថស្ថាននានាដែលនៅជិតលោកអ្នកបន្ទាប់ពីទទួលបានការណែនាំពីទន្តបណ្ឌិត។ ធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ការណាត់ជួបជាមួយទន្តបណ្ឌិតក៏ជាផ្នែកសំខាន់មួយក្នុងការតាមដានសុខភាពមាត់ធ្មេញរបស់កុមារ។ ការណាត់ជួបលើកដំបូងគួរតែធ្វើឡើងនៅពេលដែលធ្មេញដំបូងរបស់គេចាប់ផ្តើមដុះចេញ និងត្រូវចាំបាច់ធ្វើការណាត់ជួបឲ្យបានទៀងទាត់ ដើម្បីឲ្យគ្រូពេទ្យធ្វើការតាមដាន និងពិនិត្យមើលថា តើធ្មេញរបស់កូនអ្នកដុះលូតលាស់បានត្រឹមត្រូវឬទេ? មួយវិញទៀតក្នុងករណីមានការពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ (ឩ. ការដុះធ្មេញមុន ឬក្រោយការកំណត់ធ្មេញពុក ឬប្រហោង...) នោះកូនៗរបស់លោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា។ ការថែទាំសុខភាពមាត់ធ្មេញកុមារមានសារសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលទៅលើការលូតលាស់របស់ពួកគេទៅថ្ងៃក្រោយ។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺមាត់ធ្មេញរបស់កូនៗផងដែរ។ ហេតុនេះហើយលោកប៉ាអ្នកម៉ាក់ទាំងឡាយអាចសាកល្បងវិធីសាស្ត្រទាំងអស់នេះ ដើម្បីឲ្យធ្មេញរបស់កូនតូចមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។ ឯកសារយោង៖ Journal of American Dental Association (JADA) អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខេត្តកោះកុង គឺជាតំបន់ដែលត្រូវបានគ្របដណ្តប់ដោយជួរភ្នំដ៏ធំសម្បើមដែលហៅថាជួរភ្នំក្រវាញ។ ព្រៃឈើដែលគ្របដណ្តប់នៅទីនោះគឺព្រៃត្រូពិចជ្រៅដែលជាតំបន់ព្រៃឈើចម្រុះដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃនេះត្រូវបានកាន់កាប់ដោយអ្នកស្រុកដែលរស់នៅក្នុងតំបន់ ហើយអ្នកស្រុកតែងតែប្រមូលរុក្ខជាតិឱសថយកមកប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរកឲ្យឃើញនូវវិធីដែលគ្រូឱសថបុរាណប្រើប្រាស់ រុក្ខជាតិឱសថក្នុងការព្យាបាលជំងឺនៅខេត្ដកោះកុង ប្រទេសកម្ពុជា។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុង ខែមេសា ឆ្នាំ ២០១៨។ បញ្ជីសំណួរបែប Semi-structure ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការប្រមូលទិន្នន័យ។ បញ្ជីសំណួរត្រូវបានប្រើដើម្បីសម្ភាសន៍គ្រូឱសថបុរាណដែលប្រើរុក្ខជាតិឱសថដើម្បីព្យាបាលជំងឺចំនួន បីនាក់។ ឈ្មោះរុក្ខជាតិ ជំងឺដែលព្យាបាល ផ្នែករុក្ខជាតិ របៀបនៃការរៀបចំ និងការប្រើប្រាស់ត្រូវបានវិភាគដោយប្រើកម្មវិធី Microsoft Excel 2016។ ហ្វ្រេកង់ស៍ និងភាគរយត្រូវបានកំណត់ជាឧបករណ៍ស្ថិតិ។ លទ្ធផលនៃការអង្កេតបានបង្ហាញថា គ្រូឱសថបុរាណបានប្រើប្រាស់រុក្ខជាតិឱសថចំនួន ៤១ ប្រភេទ ក្នុងការព្យាបាលជំងឺ។ រុក្ខជាតិឱសថទាំងនោះត្រូវបានបែងចែកជា ២៥ គ្រួសារដែលភាគច្រើនរុក្ខជាតិឱសថគឺស្ថិតនៅក្នុងគ្រួសារ Fabaceae (9.76%; n=4), Rubiaceae (9.76%; n=4), Acanthaceae (7.32%; n=3) និង Asteraceae (7.32%; n=3)។ ផ្នែកដែលប្រើញឹកញាប់បំផុតគឺរុក្ខជាតិទាំងមូល (26.83%; n=11), សម្បក (14.63%; n=6), ផ្នែកលើដី (12.20%; n=5) និង ដើម (12.20%; n=5)។ រុក្ខជាតិឱសថ ត្រូវបានគេរៀបចំដោយប្រើវិធីសាស្រ្តស្ងោរ(92.68%; n=38) ប៉ុន្តែវិធីសាស្រ្តនៃការឆុងមានត្រឹមតែ 7.32% (n=3) ប៉ុណ្ណោះ។ ភាគច្រើនអ្នកស្រុកប្រើប្រាស់តាមមាត់ (87.80%; n=36)។ រុក្ខជាតិឱសថទាំងអស់ត្រូវបានប្រើដើម្បីព្យាបាលជំងឺផ្សេងៗ ដូចជា ជំងឺចាស់វង្វេង (3.57%; n=2), ជំងឺទាចទឹក (8.93%; n=5), ជំងឺឆ្កួតជ្រូក (3.57%; n=2), ស្ទះសរសៃឈាមបេះដូង (7.14%; n=4), ជំងឺរលាកក្រពះ (7.14%; n=4), ជំងឺមហារីកក្រពះ (5.36%; n=3), ជំងឺឫសដូងបាត (8.93%; n=5), ជំងឺមហារីកថ្លើម (5.36%; n=3), ជំងឺរលាកថ្លើមប្រភេទ B (8.93%; n=5), ជំងឺសួត (7.14%; n=4), ជំងឺគ្រុនចាញ់ (7.14%; n=4), ដុះសាច់ច្រមុះ (5.36%; n=3), រំលូតកូន (7.14%; n=4), ជំងឺរលាកទងសួត (5.36%; n=3), ជំងឺមហារីកបំពង់ក (5.36%; n=3) និងជំងឺក្រួសក្នុងតម្រងនោម (3.57%;n=2)។ ការសិក្សាស្រាវជ្រាវនេះផ្តល់នូវព័ត៌មានសំខាន់អំពីការប្រើប្រាស់រុក្ខជាតិឱសថ ដោយគ្រូឱសថបុរាណដែលរស់នៅតាមតំបន់ក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ សម្រាប់អ្នកវិទ្យាសាស្ត្រទាំងឡាយណាដែលចង់ធ្វើការសិក្សាស្រាវជ្រាវបន្តទៅលើរុក្ខជាតិដែលបានអង្កេតខាងលើនេះ សូមផ្តោតទៅលើការពិសោធន៍រកឲ្យឃើញនូវគីមីឱសថ ដែលបង្កប់នៅក្នុងរុក្ខជាតិឱសថទាំងនោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨២ អ្នកនិពន្ធដែលជានិស្សិតនិងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា​​៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទ សីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង ស្រី ពេជ ជា ស៊ីន 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០១៩ – ដោយមានការរៀបចំពីសំណាក់លោក Anthony Tan នាយកប្រតិបត្តិនៃ DrMap កម្ពុជានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានជាផ្លូវការលើកដំបូងរបស់ខ្លួន ដែលរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខុមាលភាពដ៏ទំនើបរបស់ខ្លួននៅឯ អាគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោក Anthony Tan បានមានប្រសាសន៍ថា “គោលបំណងនៃកម្មវិធីសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះគឺដើម្បីបង្ហាញអំពីក្រុមវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសពិសេសរបស់យើង និងជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ"។ ដោយមើលឃើញថា ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុនតែងតែធ្វើដំណើរទៅក្រៅប្រទេសដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះពួកគាត់អាចទទួលបានសេវាកម្មប្រកបដោយគុណភាពកម្រិតដូចនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្មវេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាពនិងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវាកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអុីយ៉ុងអវិជ្ជមាន និងកាំរស្មីអុីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកម្អែលខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។ គោលបំណងសំខាន់បំផុតរបស់យើង គឺដើម្បីផ្ដល់សេវាកម្មថែទាំវេជ្ជសាស្រ្តឈានមុខគេស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងដើម្បីពាំនាំមកនូវសេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តសិង្ហបុរីពេញលេញជូនដល់ប្រទេសកម្ពុជាផងដែរ។” វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទ និងជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC ដែលគ្រប់គ្រងទៅលើផ្នែកក្រមសីលធម៌ និងបទដ្ឋានវេជ្ជសាស្រ្តបានគូសបញ្ជាក់ថា “ការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងនឹងជួយឲ្យពួកគាត់ទទួលបានសុខុមាលភាពដ៏ល្អមិនត្រឹមតែជាបុព្វសិទ្ធិមួយប៉ុណ្ណោះទេប៉ុន្តែក្រុមការងារទាំងអស់របស់យើងនៅ SGMC បានចាត់ទុកការផ្ដល់សេវាកម្មរបស់យើងជូនអតិថិជនជាទំនួលខុសត្រូវមួយផងដែរ”។  បន្ថែមពីនោះ ចំពោះសន្និសីទសារព័ត៌មាននេះក៏បានបង្ហាញពីព័ត៌មានពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការពិនិត្យជំងឺមហារីកស្បូនដោយវេជ្ជបណ្ឌិតក្នុងប្រទេស Setheka Yin និងការពន្យល់អំពីការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV (hydration therapy) ព្រមទាំងអំពីអត្ថប្រយោជន៍នៃវិធីព្យាបាលនេះចំពោះសុខភាព និងសុខមាលភាពរយៈពេលវែងពីសំណាក់វេជ្ជបណ្ឌិតអន្តរជាតិរបស់យើងគឺ វេជ្ជបណ្ឌិត Jason Phan និងវេជ្ជបណ្ឌិត Alison Gordon មកពីសហរដ្ឋអាមេរិក។  ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ SGMC នឹងបើកបម្រើសាធារណជនសម្រាប់សេវាកម្មវេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ សេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តបន្ថែមនឹងត្រូវធ្វើឡើងជាដំណាក់កាលដើម្បីធានាថា ការថែទាំអ្នកជំងឺទទួលបាននូវលទ្ធផលល្អប្រសើរ និងជាទីពេញចិត្ត។ នៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា កញ្ចប់សេវាកម្មសុខុមាលភាព និងសេវាកម្មព្យាបាលពេញលេញរបស់ SGMC នឹងមានផ្ដល់ជូនសម្រាប់សហគមន៍ទាំងមូលនៅក្នុងប្រទេសកម្ពុជា។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ផ្នែកទំនាក់ទំនងសាធារណៈទៅវិញទៅមក hello@twowaypr.com, www.twowaypr.com                2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ចែករំលែក
Top