
- Oct 21, 2019 |
- 5 ឆ្នាំមុន |
- 8.7K មើល
មណ្ឌលសុខភាពនៅកម្ពុជា
មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។ តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ? ១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖ • ការថែទាំមុនពេលសម្រាល • ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍ • ការថែទាំក្រោយសម្រាល • ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី • អាហារូបត្ថម្ភ • ការថែទាំទារកទើបនឹងកើត • ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន • សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក) • ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។ ២. សេវាផ្នែកជំងឺឆ្លង • ជំងឺកាមរោគ • ជំងឺអេដស៍ • ជំងឺរបេង • ជំងឺឃ្លង់ • ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម • ជំងឺផ្តាសាយបក្សី។ ៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត • ជំងឺលើសឈាម • ជំងឺទឹកនោមផ្អែម • ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន • សុខភាពផ្លូវចិត្ត • សុខភាពមាត់ធ្មេញ • ការថែទាំភ្នែក • ការវះកាត់ និងការថែទាំរបួស។ ៤. ការផ្តល់សេវាទៅសហគមន៍ • ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ • ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ • ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល • ការផ្តល់សេវាពន្យារកំណើត • ការស្រាវជ្រាវជំងឺរបេង • ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស • ការថែទាំមុនសម្រាល និងក្រោយសម្រាល • ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ • ការអប់រំ និងលើកកម្ពស់សុខភាព។ ៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។ តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ? នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។ គោលការណ៍ណែនាំប្រតិបត្តិការ សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។ តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា? គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក