
- Dec 01, 2019 |
- 5 ឆ្នាំមុន |
- 3.9K មើល
ខ្ញុំមានអាការៈក្អួត
អាការៈក្អួត ត្រូវបានបែងចែកជាទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ។ ការក្អួតស្រួចស្រាវ អាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជំងឺនៅនឹងពោះស្រួចស្រាវ ដូចជាជំងឺនៅសរីរាង្គណាមួយស្រួចស្រាវ (ការក្អួតដោយសាររេផ្លិច)។ វាក៏អាចជាការភ្ញោចរបស់ធាតុគីមីទៅលើ Vestibulaire ឬខួរក្បាល។ ការក្អួតស្រួចស្រាវ កម្រនឹងមានភាពជាក់លាក់ណាស់៖ • ករណីក្អួតនៅពេលព្រឹក មានសារធាតុរាវពណ៌លឿងនិងមានជាតិរំអិលបន្តិច អាចជាឥទ្ធិពលនៃអាល់កុល ការពុល ឬមិនធន់នឹងសារធាតុណាមួយដូចជាឱសថ ឬថ្នាំជក់ និងប្រសិនបើញឹកញាប់អាចជាការមានផ្ទៃពោះ។ • ករណីក្អួតក្រោយហូបអាហារយឺតម្តងហើយម្តងទៀត ហើយកំអួតត្រូវបានរំលាយបានខ្លះៗ អាចជាការស្ទះនៅក្រពះពោះវៀន។ • ករណីក្អួតក្នុងពេលហូបអាហារ ឬភ្លាមៗបន្ទាប់ពីបរិភោគរួច អាចជាបញ្ហានៃប្រព័ន្ធសរសៃប្រសាទ។ • ករណីក្អួតនៅពេលល្ងាច ចង្អោរជាប់ ហើមពោះមានអារម្មណ៍ថាឆ្អែត និងចុកពោះនៅពេលថ្ងៃ អាចជាការស្ទះសរីរាង្គប្រព័ន្ធអាហារមិនពេញលេញ។ • ករណីក្អួតលាយជាមួយនឹងវិលមុខ អាចទាក់ទងនឹងបញ្ហាត្រចៀកខាងក្នុង។ • ករណីក្អួត ហើយឈឺក្បាល អាចជាជំងឺប្រកាំង។ • ករណីក្អួត មានក្តៅខ្លួន បញ្ហាចាំងជាមួយពន្លឺអាចជាជំងឺរលាកស្រោមខួរ។ ក្អួតរ៉ាំរ៉ៃ ជាការក្អួតលើសពី៧ថ្ងៃឡើងទៅៗមូលហេតុនៃការក្អួតនេះ អាចបណ្តាលមកពី៖ • នៅនឹងបំពង់អាហារផ្នែកខាងលើដូចជា o ដំបៅក្រពះពោះវៀន o មហារីកក្រពះពោះវៀន o មហារីកលំពែងរាលទៅពោះវៀន o ការសង្កត់របស់គីស្តទៅលើលំពែង o បញ្ហារុញអាហារទៅក្រោមយឺតរបស់ក្រពះ o ក្រោយការវះកាត់ក្រពះ។ • នៅនឹងពោះវៀនតូច និងពោះវៀនធំ អាចជា o ជំងឺមហារីកក្រពេញ o Maladie de Cronh o ការប្រើថ្នាំប្រឆាំងរលាកប្រភេទ AINS o បញ្ហាស្អិតពោះវៀន o បញ្ហាក្លនលូន o ជំងឺរមួលពោះវៀន o បញ្ហាពោះវៀនស៊កបញ្ចូលគ្នា។ • ទាក់ទងនឹងផ្នែកចិត្តសាស្ត្រ o បញ្ហាបាត់ចំណង់អាហារដោយសារផ្លូវចិត្ត o បញ្ហារុញចំណីអាហារ (boulimie)។ • ទាក់ទងនឹងប្រព័ន្ធប្រសាទកណ្តាល o បញ្ហាឡើងសម្ពាធក្នុងខួរក្បាល o ជំងឺឆ្កួតជ្រូក។ • ទាក់ទងនឹងការប្រើឱសថ ឬពុលអ្វីម្យ៉ាង។ ក្អួតដោយសារមានផ្ទៃពោះ៖ • នៅត្រីមាសទី១ ជារោគសញ្ញានៃការមានផ្ទៃពោះ • នៅត្រីមាសទី៣ អាចជាជំងឺទាក់ទងនឹងការខ្សោយថ្លើម (Stéatose aiguë gravidique) ឬបម្រុងក្រឡាភ្លើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ