
- Dec 20, 2019 |
- 5 ឆ្នាំមុន |
- 16.9K មើល
តើអ្វីដែលបណ្ដាលឲ្យមានជំងឺបូសនៅលើស្បែក?
ជំងឺបូសអាចកើតឡើងលើមនុស្សគ្រប់វ័យ និងនៅគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស ដោយដំបូងឡើយវាអាចចាប់ផ្តើមត្រឹមការរលាក ឬស្ទះគល់រន្ធតូចៗរួចបន្តស៊ីទៅខាងក្នុងហើយបង្កជាដុំតូចមួយមានខ្ទុះ។ និយមន័យ ជំងឺបូស ដោយពាក្យបច្ចេកទេសហៅថា Carbuncle គឺជាជំងឺសើស្បែកមួយប្រភេទដែលបង្កឡើងពីការស្ទះរន្ធជាហេតុបណ្តាលឲ្យឡើងក្រហម ឈឺចាប់ ហើមប៉ោង និងមានខ្ទុះ ព្រមទាំងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានផងដែរ។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើនៃស្បែកដូចជា ភ្លៅ កញ្ចឹងក កំប៉េះគូទ និងក្លៀកជាដើម។ ដោយឡែក ជំងឺបូសកើតឡើងដោយសារពពួកបាក់តេរីដែលបង្កទៅជាខ្ទុះនៅស្បែកម៉្យាងដែលគេហៅថា Staphylococcus។ មូលហេតុចម្បង និងកត្តាជំរុញ មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖ • ការដាច់រលាត់ស្បែក ឬមានរបួសតាមគល់រន្ធរោមដែលធ្វើឲ្យពពួកមេរោគជ្រៀតចូលបាន • កង្វះអនាម័យខ្លួនប្រាណដោយការប៉ះផ្ទាល់ជាមួយមជ្ឈដ្ឋានដែលមានមេរោគ • កង្វះអាហារូបត្ថម្ភ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖ • អ្នកជំងឺទឹកនោមផ្អែម • អ្នកមានប្រព័ន្ធភាពសុំាចុះខ្សោយ • ការប៉ះពាល់សារធាតុគីមី។ រោគសញ្ញា ជាទូទៅជំងឺនេះស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា៖ • មានកន្ទួលក្រហមរឹង • ហើមប៉ោង • ឈឺចាប់ និងមានខ្ទុះជាដើម។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យទៅលើជំងឺនេះគឺគ្រូពេទ្យពិនិត្យទៅលើរោគសញ្ញាគ្លីនិកដូចដែលបានរៀបរាប់ខាងលើ និងការបូមខ្ទុះយកទៅពិនិត្យបន្ថែម។ វិធីសាស្រ្តព្យាបាល គ្រប់លក្ខខណ្ឌនៃជំងឺបូស គួរតែទទួលការព្យាបាលសមស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់ជំងឺ។ ជាក់ស្តែង ប្រសិនបើបូសមានលក្ខណៈឡើងប៉ោងរឹងក្រាស់នោះ ការព្យាបាលគឺត្រូវយកសំឡីស្អាតមកផ្សើមជាមួយសេរ៉ូមប្រៃ រួចយកមកបិតនៅលើបូសដើម្បីឲ្យបូសស្តើង និងងាយចេញមុខ។ ការធ្វើបែបនេះ គឺដើម្បីងាយស្រួលក្នុងការវះយកខ្ទុះចេញឲ្យអស់។ បន្ទាប់ពីធ្វើការវះកាត់យកខ្ទុះចេញអស់ គ្រូពេទ្យត្រូវឲ្យថ្នាំផ្សះដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ឬទាន់ពេលវេលានោះទេ វានឹងបណ្តាលឲ្យមានការស៊ីចូលទៅក្នុងស្បែកកាន់តែជ្រៅទៅៗរហូតចូលទៅសាច់ដុំ ឬសរសៃប្រសាទដែលធ្វើឲ្យខូច ឬស្វិតសាច់ដុំ និងសរសៃប្រសាទជាដើម។ គួរបញ្ជាក់ផងដែរថា ជំងឺសើស្បែកនេះមិនបណ្តាលឲ្យមានការកើតជំងឺសើស្បែកផ្សេងៗទៀតបាននោះទេ។ វិធីសាស្រ្តការពារ នាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នេះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖ • ត្រូវរក្សាអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ • ចៀសវាងការសម្អាតខ្លួនប្រាណជាមួយសាប៊ូដែលមានសារធាតុកាត់ច្រើនហួសពេក • ត្រូវសម្អាតសម្ភារប្រើប្រាស់ ដូចជាខ្នើយ ភួយ កន្សែង និងកម្រាលពូកជាដើម។ មិនថាអ្នកមានជំងឺបូស ឬមានបញ្ហាស្បែកទូទៅនោះទេ ឲ្យតែពាក់ព័ន្ធនឹងស្បែកគួរចាំបាច់តែទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសទៀតនោះ ត្រូវធ្វើការសម្អាត និងមានអនាម័យខ្លួនប្រាណជានិច្ច។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ