
- Apr 20, 2020 |
- 4 ឆ្នាំមុន |
- 8K មើល
ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន
ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិនបានពរពោះដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើវិធីសាស្រ្តពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។ ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017) សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus
ចែករំលែក