
- Jan 27, 2017 |
- 8 ឆ្នាំមុន |
- 4.2K មើល
ពេលអាកាសធាតុត្រជាក់ សុខភាព និងសម្ផស្សយើងចំណេញដល់ម្ល៉ឹង!!!
អ្នកខ្លះមិនសូវចូលចិត្តរដូវរងាទេ ជាពិសេសសម្រាប់ស្រុកយើងដែលមិនសូវស៊ាំនឹងអាកាសធាតុត្រជាក់តែម្តង ហើយច្រើនរអ៊ូរទាំថា មិនងាយស្រួលក្នុងការចេញទៅក្រៅ និងសំខាន់ស្បែកមើលទៅមានសភាពស្ងួត និយាយទៅបាក់សម្រស់តែម្តង។ ប៉ុន្តែការពិតវាមិនដូច្នេះទេ ប្រសិនបើអ្នកចេះទាញយកផលប្រយោជន៍ពីវា ហើយខាងក្រោមនេះគឺជាចំណុចខ្លះៗដែលនឹងធ្វើឲ្យអ្នកចូលចិត្តអាកាសធាតុនារដូវរងានេះ៖ 1. គេងលក់ស្រួល អាកាសធាតុក្តៅស្អុះស្អាប់អាចជាការរំខានដល់ដំណេករបស់អ្នក ធ្វើឲ្យលោកអ្នកគេងមិនលក់ មានអារម្មណ៍ថាអស់កម្លាំងនៅពេលព្រឹកទោះជាអ្នកប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ដែលធ្វើឲ្យស្បែកបែរជាស្ងួតទៅវិញ។ ចំពោះ អាកាសធាតុត្រជាក់វិញធ្វើឲ្យបន្ទប់ត្រជាក់ល្មម ពិសេសនៅប្រទេសយើងផ្ទាល់តែម្តង ដែលអាចឲ្យគេងលក់ស្រួល និងគេងបានគ្រប់គ្រាន់ធ្វើឲ្យមានភាពស្វាហាប់ និងសម្រស់ស្រស់ស្អាត។ គន្លឹះ៖ •កុំភ្លេចពាក់អាវកក់ក្តៅ ដណ្តប់ភួយឲ្យបានគ្រប់គ្រាន់ និងចៀសវាងគេងផ្ទាល់នឹងឥដ្ឋ •ញ៉ាំទឹកល្មម និងចូលបន្ទប់ទឹកឲ្យហើយមុនចូលគេង។ 2. ជាពេលវេលាល្អសម្រាប់រត់ហាត់ប្រាណ ជាការពិត ការរត់នៅក្រោមអាកាសធាតុក្តៅ ហប់ប្រៀបដូចជាបន្ទុកមួយទៅលើរូបរាងកាយធ្វើឲ្យអ្នករត់ពិបាកទ្រាំ ឆាប់ហត់ ប៉ុន្តែបើរត់នៅក្រោមអាកាសធាតុត្រជាក់ធ្វើឲ្យអ្នករត់មានអារម្មណ៍ល្អ មិនឆាប់អស់កម្លាំង ពិសេស គឺអាចដុតកាឡូរីបានកាន់តែលឿនជាងរដូវក្តៅ។ ដូចនេះ អ្នកក៍អាចទទួលបានរូបរាងដ៏ស្រស់ស្អាត និងរឹងមាំផងដែរ។ គន្លឹះ៖ •សម្លៀកបំពាក់កីឡាជិតៗ ជាមួយស្បែកជើង និងស្រោមជើងវែង •ពាក់មួកការពារសន្សើម បើត្រូវរត់នៅខាងក្រៅផ្ទះ។ 3. ថ្ពាល់ក្រហមព្រឿងៗ មិនចាំបាច់ចំណាយពេលផាត់មុខដើម្បីទទួលផ្ទៃមុខក្រហមនោះទេ ព្រោះសីតុណ្ហភាពត្រជាក់ សរសៃឈាមដែលនៅក្រោមស្បែកមានសន្ទុះ ធ្វើឲ្យផ្ទៃមុខមានសភាពក្រហមតិចៗ មើលទៅស្អាតប្លែកបែបធម្មជាតិ និងកាន់តែមានភាពទាក់ទាញ។ គន្លឹះ៖ •លាបឡេផ្តល់សំណើមដល់ស្បែកឲ្យគ្រប់គ្រាន់ និងកុំភ្លេចក្រមួនលាបបបូរមាត់ •អាចទះតិចៗលើផ្ទៃមុខដើម្បីភ្ងោចដល់កោសិកាស្បែកឲ្យមានភាពរស់និងហាប់ណែនផងដែរ។ 4. ផ្ទៃមុខមានភាពស្រស់ស្អាត រាល់ពេលរដូវរងាចូលមកដល់ ដូចជាមិនសូវចង់ងូតទឹកព្រោះងូតទៅចង់ញាក់ តែចង់ប្រាប់ថាទឹកត្រជាក់អាចជួយឲ្យប្រហោងរន្ធរោមរួមតូច មើលទៅម៉ដ្ឋស្អាត។ ម្យ៉ាង វាក៏អាចពន្យារ ព្រមទាំងការពារការកកស្ទះនៃសារធាតុខ្លាញ់នៅលើផ្ទៃមុខក៏ដូចជាកាត់បន្ថយធូលីដីមិនឲ្យចូលរន្ធរោម ជាហេតុធ្វើឲ្យមិនកើតមុន និងមើលទៅមិនឃើញមានខ្លាញ់រងើមផងដែរ។ មិនថាតែផ្ទៃមុខទេ មុននៅខ្នងក៏អាចជួយកាត់បន្ថយបានដូចគ្នា។ គន្លឹះ៖ បើពិបាកទ្រាំនឹងទឹកត្រជាក់អាចងូតទឹកក្តៅសិន ដើម្បីជម្រះសារធាតុកខ្វក់ សឹមបន្តដោយទឹកត្រជាក់វិញ។ 5. សម្រស់កាន់តែក្មេងជាងវ័យ អាកាសធាតុត្រជាក់ជួយពង្រឹងនូវចលនាឈាមរត់ទាំងនៅលើមុខ និងខ្លួនប្រាណ អំណោយផលដល់ការកាត់បន្ថយរលាក ឬហើមនៅលើផ្ទៃមុខ និងភ្នែក មិនតែប៉ុណ្ណោះក៏អាចជួយពន្យារភាពជ្រីវជ្រួញបានដែរ តួយ៉ាងនៅកន្លែងថែរក្សាសម្ផស្សមួយចំនួនតែងប្រើវិធីសាស្រ្តទឹកត្រជាក់សម្រាប់ពង្រឹងស្បែកឲ្យតឹង ភ្លឺរលោងដូចកូនក្មេង។ គន្លឹះ៖ សំខាន់ត្រូវផ្តល់សំណើមដល់ស្បែក និងសាធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ 6. ស្រួលតុបតែងមុខ មិនមានការរំខានពីញើស និងខ្លាញ់លើផ្ទៃមុខ រួមផ្សំនឹងស្បែកម៉ដ្ឋរលោងផង ការតុបតែងមុខរបស់អ្នកនឹងកាន់តែងាយស្រួល និង perfect ថែមទាំងអាចជាប់បានយូរ និងមិនប្រតាកដោយសារញើសទៀតផង។ គន្លឹះ៖ •ត្រូវលាបក្រែមផ្តល់សំណើមមុននឹងមេកអាប់ជានិច្ច ហើយម៉ាស្សាស្បែកបន្តិចមុនផាត់មុខដើម្បីភ្ងោចចរន្តឈាម ចៀសវាងផាត់មុខទាំងស្បែកកំពុងគ្មានភាពរស់ដោយភាពត្រជាក់។ •អាចបន្តក់ប្រេងចិញ្ចឹមស្បែកក្នុងក្រែម ឬម្សៅទ្រនាប់របស់អ្នកបន្តិច ដើម្បីឲ្យមើលទៅរលោងស្អាត។ ដូចនេះ ត្រូវចាំថាអ្នកក៏ត្រូវចេះវិធីថែរក្សាសម្រស់នៅរដូវរងា ដើម្បីធានាថាអ្នកមិនរងឥទ្ធិពលមិនល្អពីអាកាសធាតុនេះ តែជាគុណប្រយោជន៍ល្អៗរបស់វា។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក