
- Feb 04, 2017 |
- 8 ឆ្នាំមុន |
- 5.2K មើល
ផ្លាស់ប្តូរជីវិតរបស់អ្នកតាមរយៈការជិះកង់
ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី… តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន… ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។ ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ ដើមដៃ ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។ ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់ និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។ ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់ ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។ ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។ ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ ការពារបញ្ហាគាំងបេះដូង ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។ ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។ ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។ ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ ចោរក៏មិនសូវចង់បាន ងាយស្រួលជិះ មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…
ចែករំលែក