Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពទូទៅទេ វាក៏អាចជាជំនួយដល់សាច់ដុំភ្នែក និងធ្វើឲ្យភ្នែកមានសភាពសម្រាកទៀតផងតាមរយៈប្រភេទលំហាត់ជាក់លាក់នៅលើភ្នែកដែលក្នុងនោះ ក៏រួមមានទាំងរបៀបម៉ាស្សា ក៏ដូចជាសម្រាកមួយចំនួនផងដែរ។ ក៏ប៉ុន្តែ...អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ប្រាណនេះ ប្រសិនបើភ្នែកអ្នកមានជំងឺផ្សេងៗទៀត... ពង្រឹងត្របកភ្នែក អ្នកអាចពង្រឹងសាច់ដុំនៅជុំវិញភ្នែករបស់អ្នកឲ្យរឹងមាំបានដូចនឹងសាច់ដុំដទៃទៀតដែរ។ វាចាប់ផ្តើមដោយការបិទត្របកភ្នែកពាក់កណ្តាលព្រឹមៗ។ ពេលនោះអ្នកនឹងកត់សម្គាល់ថាត្របកភ្នែករបស់អ្នកនឹងញ័រតិចៗដោយការប្រឹង។ •    ដូច្នេះដើម្បីកុំឲ្យមានសភាពញ័រនេះ អ្នកគ្រាន់តែសម្លឹងមើលវត្ថុដែលនៅឆ្ងាយជាការស្រេច. •    ធ្វើភ្នែកព្រឹមៗបែបនេះរយៈពេល ១០ទៅ១៥វិនាទី រួចបិទភ្នែកតិចៗ។ ដកដង្ហើមវែងៗ ដើម្បីបង្កើនអុកស៊ីហ្សែននៅក្នុងឈាម។ នៅពេលអ្នកដកដង្ហើមចូល ខ្យល់ដែលពោរពេញទៅដោយអុកស៊ីហ្សែននឹងចូលតាមច្រមុះរបស់អ្នក។ ដកដង្ហើមចេញ ហើយធ្វើដូចនេះរយៈពេល១នាទី ឬក៏ច្រើន។ ម៉ាស្សាភ្នែក ម៉ាស្សា គឺជាការព្យាបាលដែលគេនិយមប្រើ ដើម្បីសម្រួលភាពតានតឹង និងសម្ពាធផ្សេងៗ ពីព្រោះវាជួយឲ្យឈាមរត់ស្រួល។ ការ ម៉ាស្សាចាប់ផ្តើមពីត្របកខាងលើចំនួន១០វិនាទី រួចត្របកខាងក្រោមជាបន្តបន្ទាប់។ •    ប្រើម្រាមដៃដំបូងទាំង៣សង្កត់ថ្នមៗ និងមានចលនាជារង្វង់ •    សង្កត់តិចៗនៅលើក្រពេញឡាគ្រីមាល(Lacrimal gland) ដែលជាក្រពេញបញ្ចេញទឹកភ្នែកច្រើនជាងគេ ដើម្បីធ្វើឲ្យមានទឹកភ្នែកចេញ និងមានសំណើមនៅក្នុងភ្នែក ហើយធ្វើឲ្យភ្នែកដែលមានភាពនឿយហត់បានសភាពសម្រាក។ •    នៅពេលម៉ាស្សាត្របកភ្នែកខាងក្រោម ត្រូវម៉ាស្សានៅម្តុំឆ្អឹងឡាគ្រីមាល(Lacrimal bone) ដែលនៅជិតភ្នែកផ្នែកខាងក្នុង។ ព្រិចភ្នែក ការព្រិចភ្នែកធ្វើឲ្យភ្នែកបានសម្រាក ដោយសារការព្រិចភ្នែកនេះធ្វើឲ្យភ្នែកសើម និងបញ្ចេញជាតិពុលតាមទឹកភ្នែក។ អ្នកគួរព្រិចភ្នែក៤វិនាទីម្តង ដើម្បីការពារភាពស្អិតស្ងួតរបស់គ្រាប់ភ្នែក។ សម្រាក អ្នកគួរតែសម្រាកភ្នែករបស់អ្នកនៅពេលអ្នកធ្វើការច្រើន ជាពិសេសពេលប្រើប្រាស់កុំព្យូទ័រ។ •    វិធីសាស្រ្ត 20-20-20៖ រៀងរាល់២០នាទី អ្នកគួរតែមើលរបស់ដែលនៅទីឆ្ងាយចម្ងាយប្រហែលជាង ២០ហ្វីត(20 feet) រយៈពេល២០វិនាទី។ •    ប្រសិនបើអ្នករវល់ពេក អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីរំលឹកពេលដែលភ្នែកត្រូវសម្រាក។ •    អ្នកអាចបើកភ្នែកឲ្យអស់ និងបន្ទាប់មកបិទភ្នែកឲ្យអស់ម្តងម្កាល ព្រោះការសិក្សាថ្មីៗបានបញ្ជាក់ថា សកម្មភាពបែបនេះកាត់បន្ថយការស្រវាំងភ្នែក ព្រិលភ្នែក ភ្នែកមានសភាពនឿយហត់ និងភ្នែកស្ងួត។ សម្រាកភ្នែកដោយប្រើបាតដៃ ការធ្វើឲ្យភ្នែកសម្រាក គឺធ្វើឡើយដោយគ្រាន់តែប្រើបាតដៃរបស់អ្នកដាក់លើភ្នែក២ ឬ៣នាទី។ •    អង្គុយនៅលើកៅអីដែលមានខ្នងត្រង់។ ដាក់កែងដៃនៅលើតុ ឬក៏ដាក់ក្រណាត់កល់ ដើម្បីកុំឲ្យឈឺកែងដៃ។ ត្រដុសបាតដៃអ្នកឲ្យមានកំដៅ រួចយកមកខ្ទប់លើភ្នែកទាំងសងខាង។ ដកដង្ហើមមួយៗធម្មតា និងសម្រាករយៈពេល ៥ទៅ១០នាទី។ អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីកំណាត់នាទី។ •    ប្រសិនបើអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីម៉ោងរោទ៍នោះ រយៈពេលនេះ គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។តែអ្នកអាចបន្ថែមនាទី ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់។ ភ្នែកក៏ចេះនឿយហត់ដែរ...ហើយសុខភាពភ្នែកក៏រឹតតែត្រូវការថែទាំដូចផ្នែកដទៃដូចគ្នា...ចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីនេត្រាដ៏មានតម្លៃទាំងគូរបស់អ្នក...បើសាកហើយមានប្រសិទ្ធភាព ជួយចែករំលែកបន្តផង  

ចែករំលែក

ការតាមទាក់ទងមនុស្សដែលយើងលួចស្រឡាញ់ដោយចំហ ជាការលំបាកសម្រាប់មនុស្សទូទៅ ជាពិសេសចំពោះមនុស្សដែលអៀនច្រើន ប៉ុន្តែមិនមែនមានន័យថា អ្នកមិនត្រូវធ្វើអ្វីសោះ ហើយរង់ចាំគេមកចាប់អារម្មណ៍នោះទេ។  មានវិធីសាស្ត្រខ្លះដែលគួរសាកល្បង ដើម្បីកុំឲ្យស្តាយនៅពេលក្រោយ។ ការប្រើក្រសែភ្នែកជាវិធីមួយដែលអាចជួយលាក់លៀមសកម្មភាពខ្លះៗពីមហាជន តែអាចបង្ហាញចំពោះបុគ្គលម្នាក់ផ្ទាល់ ហើយវាក៏ជាវិធីសាស្រ្តមួយដែលល្អបំផុតសម្រាប់អ្នកដែលខ្វះភាពក្លាហានក្នុងការបង្ហាញក្តីស្រឡាញ់ចំពោះគេដោយបើកចំហ។ ប៉ុន្តែការប្រើប្រាស់ក្រសែភ្នែកបែបណាទើបមានប្រសិទ្ធភាព? ការចាប់ផ្តើមដំបូងនៃការប្រើក្រសែភ្នែក ចំពោះមនុស្សដែលអៀនប្រៀន ជាទូទៅមានការពិបាកក្នុងការសម្លឹងមើលភ្នែករបស់មនុស្សម្នាក់ដែលគេស្រឡាញ់ និងមនុស្សទូទៅចំភ្នែក។ ហេតុដូច្នេះជំហានដំបូង គឺការហ្វឹកហាត់សម្លឹងមើលភ្នែកអ្នកដទៃចំៗជាមុនសិន។ ការប្រើក្រសែភ្នែកបែបទាក់ទាញ ការបង្កើតក្រសែភ្នែក ដើម្បីទាក់ទាញអ្នកដទៃពិតជាសំខាន់។ ប្រសិនបើការប្រើប្រាស់មិនបានល្អ នោះអ្នកអាចធ្វើឲ្យគេ និងអ្នកដទៃមានអារម្មណ៍ភ័យខ្លាចទៅវិញ។ ដូច្នេះ អ្នកត្រូវប្រាកដថាភ្នែករបស់អ្នកមានសុខភាពល្អគ្រប់គ្រាន់ក្នុងការផ្តល់នូវពន្លឺស្រទន់ ជាមួយនឹងក្រសែភ្នែកដែលមានភាពកក់ក្តៅ រួសរាយ និងកុំភ្លេចបូកផ្សំនឹងស្នាមញញឹមចេញពីចិត្តដែលបង្ហាញតាមរយៈមាត់ក៏ ដូចជាភ្នែកទាំងគូរបស់អ្នកផងដែរ។ តាមរយៈខ្សែភ្នែកអាចដឹងថាCrushក៏ពេញចិត្តនឹងយើងដែរ? ប្រសិនបើអ្នកសម្លឹងមើលមនុស្សម្នាក់លើសពី១ ឬ២វិនាទី គេក៏ក្រលេកមើលមកអ្នកវិញនោះ នេះជាសញ្ញាវិជ្ជមានមួយបញ្ជាក់ថាគេក៏ចាប់អារម្មណ៍អ្នកវិញដែរ។ នៅពេលអ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់នោះបានហើយ អ្នកគួរតែចាប់ផ្តើមធ្វើសកម្មភាព  ដូចជាចាប់ផ្តើមការសន្ទនាពីរឿងកំប្លែងៗ ឬក៏ញាក់មុខមាត់តិចៗ ដើម្បីធ្វើឲ្យគេសើច នោះគេនឹងចាប់អារម្មណ៍លើអ្នកជាងអ្នកដទៃ។ ប្រសិនបើអ្នកនៅតែមិនមានអ្វីបញ្ជាក់ គេប្រាកដជាគិតថាអ្នកមិនមានអារម្មណ៍ចំពោះខ្លួនឡើយ ឬក៏អាចគិតថាអ្នកមិនមានទំនុកចិត្តលើខ្លួនឯង។ វិធីសាស្ត្របង្កើនក្រសែភ្នែកប្រកបដោយជំនឿចិត្ត ដើម្បីចៀសវាងការប្រើក្រសែភ្នែកដែលអាចធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច អ្នកអាចព្យាយាមអនុវត្តនូវក្រសែភ្នែកដែលទាក់ទាញ រួសរាយរាក់ទាក់ និងមានជំនឿចិត្តលើខ្លួនឯង។ ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗដែលអាចជួយអ្នកបាន៖ •    នៅតាមដងផ្លូវ ពេលអ្នកធ្វើដំណើរហួសអ្នកថ្មើរជើងផ្សេងទៀត អ្នកអាចព្យាយាមងាកទៅមើលគេ រួចកត់សម្គាល់ពីពណ៌ភ្នែករបស់គេ។ •    អនុវត្តការសម្លឹងមើលភ្នែកចំៗ ទៅកាន់អ្នកគិតលុយ អ្នកបម្រើការតាមភោជនីយដ្ឋាននានា និងអ្នកលក់ ដោយសារពួកគាត់មិនមានជាបញ្ហាអ្វីនៅពេលយើងសម្លឹងមើលឡើយ។ ប្រហែលជាធ្លាប់បានលឺហើយថា «សម្លឹងមុខមិនស្គាល់ចិត្ត តែបើសម្លឹងភ្នែកស្គាល់ដល់បេះដូង»... ជឿ ឬមិនជឿក៏ស្រេចតែលើអ្នក...ប៉ុន្តែត្រូវចងចាំផងដែរថា «អ្នកអាចបិទបាំងអារម្មណ៍ក្នុងចិត្តបានដោយប្តូរទឹកមុខ តែមិនអាចលាក់បាំងនឹងកែវភ្នែកនោះទេ»។ មិនថាcrushជាមនុស្សប្រភេទណានោះទេ សំខាន់ យើងមានតិចនិកក្នុងការផ្តល់ជាសញ្ញាខ្លះដល់គេ ហើយវិធីងាយៗហ្វ្រីៗដែលងាយនឹងអនុវត្តបាននោះ គឺប្រើប្រាស់ក្រសែភ្នែកហ្នឹងហើយ...  

ចែករំលែក

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។ ការធ្វើរោគវិនិច្ឆ័យ ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor  វិញ។ មូលហេតុ -ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។ -ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។ -កង្វះអាហារូបត្ថម្ភ។ ការព្យាបាល -បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។ -ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។ -ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។ -ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។ យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។ ផលវិបាក វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ -វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ -គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

និយមន័យ ភាពធាត់របស់កុមារ គឺអាស្រ័យទៅលើទំនាក់ទំនងរវាងទម្ងន់ និងគ្រោះថ្នាក់ (ជំងឺ) ដែលអាចកើតមានឡើង ទាំងរយៈពេលខ្លី និងវែង ចំពោះកុមារ។ ករណីគ្រោះថ្នាក់រយៈពេលខ្លី ពុំសូវជួបប្រទះនោះទេនៅវ័យកុមារ និងជំទង់ ប៉ុន្តែច្រើនប្រឈមមុខក្នុងពេលពេញវ័យតែម្តង។ ដូចនេះ និយមន័យអាចខុសគ្នា ទៅតាមការសិក្សានីមួយៗដែលជាទូទៅ៖ •បញ្ហាលើសទម្ងន់ (Overweight) របស់កុមារគឺ ការលើសនូវទម្ងន់២០% (ចាប់ពី៩៧ percentile) លើសពីកម្ពស់រំពឹងទុក។ •ជំងឺធាត់ហួស (Obesity) របស់កុមារ គឺការលើសនូវទម្ងន់៥០% លើសពីកម្ពស់រំពឹងទុក។ ការឲ្យនិយមន័យនេះ គឺគិតទៅលើរូបមន្តមួយ ហៅថាសន្ទស្សន៍ទម្ងន់ BMI (Body Mass Index)ដោយធ្វើការចែកទម្ងន់(គិតជាគីឡូក្រាម) និងកម្ពស់(គិតជាម៉ែត្រ)លើកជាការេ ។ ប៉ុន្តែរូបមន្តនេះ មិនត្រូវបានអនុវត្ត ចំពោះក្មេងក្រោមអាយុ២ឆ្នាំនោះទេ។ បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យនិយមន័យថា គឺជាការប្រមូលផ្តុំមិនធម្មតា ឬលើសជាតិខ្លាញ់ ដែលអាចផ្តល់គ្រោះថ្នាក់ដល់សុខភាព។ មូលហេតុ និងកត្តាជម្រុញ ការលើសទម្ងន់ និងជំងឺធាត់ហួស ចំពោះកុមារអាចមានមូលហេតុ និងកត្តាជម្រុញជាច្រើនរួមមាន៖ •កត្តាចំណីអាហារ៖ ក្មេងៗចូលចិត្តបរិភោគអាហារសម្បូរដោយខ្លាញ់ ហើយមានកាឡូរីខ្ពស់ ព្រោះតែងាយស្រួលក្នុងការទិញ និងមានរសជាតិឆ្ងាញ់ (fast food)។ •កត្តាអសកម្មភាព៖ កុមារគ្មានការនិយមលេងកម្សាន្ត ហាត់កីឡា នេះក៏ព្រោះតែមានការកើនឡើងនូវបច្ចេកវិទ្យាថ្មីៗ។ •កត្តាតំណពូជ៖ តាមការសិក្សាមួយបានបង្ហាញថា ឳពុកម្តាយធាត់ទាំងពីរនាក់ អាចមានហានិភ័យខ្ពស់ដល់កូន រហូតដល់៨០% បើធាត់តែម្នាក់ក្នុងចំណោមពួកគាត់ អត្រាហានិភ័យអាចនៅត្រឹម៤០% ប៉ុន្តែអាចមានហានិភ័យត្រឹម៧% ទោះជាគ្មាននរណាម្នាក់ធាត់ក៏ដោយ។ ម៉្យាងទៀត ជំងឺក្រូម៉ូសូមទី២១ រួមនឹង ជំងឺ Turner Syndrome ក៏ជាជំងឺតពូជ ដែលអាចឲ្យក្មេងប្រឈមនឹងធាត់ហួសនេះដែរ។ •ការប្រើប្រាស់ថ្នាំ៖ ភាគច្រើនគឺពពួកអាំងស៊ុយលីន ថ្នាំពន្យារកំណើត និងពពួក Cortisol។ •ជំងឺអង់ដូគ្រីន៖ កង្វះអ័រម៉ូនទីរ៉ូអ៊ីត ឬកង្វះអ័រម៉ូនលូតលាស់ (Growth Hormone)។ •កត្តាចិត្តសាស្រ្ត៖ កុមារមួយចំនួនចូលចិត្តញ៉ាំរាល់ពេលដែលពួកគេធុញទ្រាន់ និងតានតឹងក្នុងអារម្មណ៍។ •កត្តាបរិយាកាស៖ ការផ្សព្វផ្សាយអំពីចំណីអាហារដែលប៉ះពាល់ដល់សុខភាពក្រោមរូបភាពផ្សេងៗ។ •កត្តាសង្គម និងវប្បធម៌៖ ទម្លាប់ក្នុងការបរិភោគក្នុងគ្រួសារ ក៏ដូចជាឳពុកម្តាយជាដើម។ រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ កុមារម្នាក់អាចកំណត់បានថាលើសទម្ងន់ តាមការគណនាសន្ទស្សន៍ទម្ងន់ (BMI) ដោយយកទម្ងន់(គិតជាគីឡូក្រាម)ចែកជាមួយកម្ពស់(គិតជាម៉ែត្រ)លើកជាការេ។ ជាលទ្ធផល ទទួលបាន៖ •ខ្វះទម្ងន់៖  < ១៨,៥ •ធម្មតា៖ ១៨,៥-២៥ •លើសទម្ងន់៖  ២៥-៣០ •ធាត់ហួស៖  > ៣០ ការព្យាបាល វាពិតជាមានការលំបាកក្នុងការព្យាបាលក្មេងដែលមានបញ្ហានេះ ព្រោះវាតម្រូវឲ្យមានការចូលរួមជាក្រុម ពីគ្រូពេទ្យជំនាញជាច្រើន រួមមាន គ្រូពេទ្យផ្នែករោគកុមារ អ្នកឯកទេសខាងចំណីអាហារ និងគ្រូពេទ្យឯកទេសចិត្តសាស្រ្ត ទាំងគ្រួសារ និងកុមារផ្ទាល់។ គោលការណ៍សំខាន់ក្នុងការព្យាបាលរួមមាន៖ •ការអប់រំ និងលើកទឹកចិត្តពីគ្រួសារ  សាលារៀន ព្រមទាំងគ្រូពេទ្យ •ការផ្លាស់ប្តូររបបចំណីអាហារ •ការបង្កើតសកម្មភាពដូចជារត់លេង ឬហាត់ប្រាណ •ឳពុកម្តាយត្រូវដើរជាគម្រូ •ការប្រើប្រាស់ថ្នាំ ជាប្រភេទថ្នាំលេប ដែលមានការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ •ការវះកាត់ខ្លាញ់ ពិសេសខ្លាញ់ក្បាលពោះ លុះត្រាតែនៅក្នុងករណីមានផលវិបាកណាមួយកើតឡើងដែលតម្រូវការឲ្យមានការវះកាត់ទើបបានប្រើវិធីនេះ។ ផលវិបាក ករណីមិនទទួលយកការព្យាបាលឲ្យទាន់ពេលវេលាទេនោះ កុមារអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ •បញ្ហាបេះដូង និងសរសៃឈាម៖ លើសឈាមកើនឡើងពពួកខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល •ប្រឈមនឹងជំងឺសួត៖ ជំងឺហឺត ជំងឺស្ទះផ្លូវដង្ហើមស្លាប់ ឬដេកស្លាប់ (sleep apnea) •ប្រឈមនឹងជំងឺតម្រងនោម៖ រលាកតម្រងនោម •ប្រឈមនឹងជំងឺក្រពះពោះវៀន ថ្លើម៖ ងាយហើមពោះ ក្រួសក្នុងថង់ទឹកប្រម៉ាត់ ច្រាលទឹកក្រពះ ខ្លាញ់រុំថ្លើមទៅជាក្រិនថ្លើម •ប្រឈមនឹងជំងឺអង់ដូគ្រីន៖ ជំងឺទឹកនោមផ្អែមប្រភេទ២ •ប្រឈមនឹងជំងឺស្បែក៖ ដុះផ្សិត និងប្រេះស្រកា •វិបត្តិសាច់ដុំ និងឆ្អឹង៖ ងាយបាក់ឆ្អឹង និងពុកឆ្អឹង •ប្រឈមនឹងបញ្ហាផ្លូវចិត្ត៖ ធ្លាក់ទឹកចិត្ត ថយចុះគុណភាពជីវិត លែងចង់ទៅរៀន ឯកកា ដកខ្លួនពីសង្គម •ជំងឺមហារីក៖ មហារីកសុដន់ មហារីកមាត់ស្បូន និងមហារីកថ្លើម។ ការបង្ការ នេះមិនមែនជាជំងឺឆ្លងទេ ហើយវាអាចការពារបានដោយវិធីមួយចំនួន៖ • កុមារខ្លួនឯងផ្ទាល់៖  ត្រូវកំណត់ការបរិភោគអាហារណាដែលសម្បូរដោយជាតិខ្លាញ់ និងស្ករ បង្កើនការបរិភោគបន្លែ និងសកម្មភាពកីឡាឲ្យបានច្រើន រួមទាំងផ្លាស់ប្តូររបៀបក្នុងការរស់នៅដូចជា កាត់បន្ថយការជិះយានជំនិះ ឬអង្គុយមួយកន្លែងលេងហ្គេមជាដើម។ •សាលារៀន ៖ ត្រូវផ្តល់ឲ្យនូវរបបអាហារសុខភាពអប់រំ ព្រមទាំងបង្ហាញនូវផលប៉ះពាល់ដល់ក្មេង ពីការបរិភោគមិនល្អមួយចំនួន។ •គ្រួសារ ៖ ត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ក្នុងការញ៉ាំ និងការរស់នៅ។ គ្មានអព្ភូតហេតុធ្វើឲ្យស្គមនោះទេ គឺមានតែការធ្វើឲ្យមានតុល្យភាពរវាងការញ៉ាំ និងការលេងកីឡាប៉ុណ្ណោះ ទើបអាចរក្សានូវទម្ងន់បានល្អ... ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកដឹងដែរឬទេថាមាត់ធ្មេញរបស់អ្នកមានបញ្ហាអ្វីខ្លះ? សុខភាពមាត់ធ្មេញរបស់អ្នក និងក្រុមគ្រួសារអ្នកពិតជាសំខាន់ណាស់… ធ្មេញសស្អាត គឺ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ពីព្រោះទន្តបណ្ឌិត នាក់ ភក្ដី ផ្នែកជំនាញទូទៅ នៅពេទ្យធ្មេញ 24–80 បានឲ្យដឹងថាធ្មេញដែលសស្អាតអាចជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេងជាងវ័យ និងបង្កើនភាពទាក់ទាញពីក្រសែភ្នែកមនុស្សជុំវិញខ្លួនថែមទៀតផង។ ប្រសិនបើលោកអ្នកចង់ឲ្យមាត់ធ្មេញមានសុខភាពល្អ ធ្មេញសស្អាតគ្រាន់តែអនុវត្តតាមវិធីសាស្រ្តងាយៗ ដូចតទៅ ៖ ត្រូវដុសធ្មេញរៀងរាល់ក្រោយទទួលទានអាហាររួច ការដុសសម្អាតធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លុយអរជួយឲ្យធ្មេញរឹងមាំ សម្អាតកម្ទេចចំណីអាហារដែលដក់ជាប់ធ្មេញ កម្ចាត់បាក់តេរី និងជួយឲ្យលោកអ្នកមានខ្យល់ដង្ហើមស្រស់ថ្លា(មិនធុំក្លិនមាត់)។ បន្ថែមពីលើនេះទៀត គឺការដុសសម្អាតគល់អណ្តាត។ ប្រើអំបោះទាក់ធ្មេញ សម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ វាជួយកម្ចាត់បាក់តេរី ទាញយកកម្ទេចចំណីជាប់នៅចន្លោះធ្មេញដែលច្រាសដុសធ្មេញមួយចំនួនមិនអាចដុសបានស្អាត។ ប្រើទឹកខ្ពុរមាត់ មុននឹងអ្នកសម្រេចចិត្តទិញផលិតផលសម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផលបញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុប ដើម្បីធានានូវសុវត្ថិភាព និងប្រសិទ្ធិភាព។ ការប្រើប្រាស់ទឹកខ្ពុរមាត់គួរជ្រើសរើសផលិតផលដែលគ្មានជាតិអាល់កុលនោះ បញ្ហាក្លិនមាត់របស់អ្នកនឹង អាចកាតបន្ថយបានច្រើន។ តាមដានសុខភាពមាត់ធ្មេញ សូមមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តង ដើម្បីឲ្យទន្តបណ្ឌិតពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញ និងទទួលបានការព្យាបាលទាន់ពេលវេលា។ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ប្រសិនបើ អ្នកសង្កេតឃើញថាមានចេញឈាមនៅពេលអ្នកដុសធ្មេញ អញ្ចាញធ្មេញហើមប៉ោង ឬហូរខ្ទុះនៅអញ្ចាញធ្មេញ ស្រៀវធ្មេញរាល់ពេលទទួលភេសជ្ជៈត្រជាក់ ឬក្តៅខ្លាំង។ របបអាហារ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អប្រសើរ អ្នកគួរជៀសវាងអាហារ ដូចជា អាហារបំពង កាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង អាហារមានជាតិអាស៊ីតខ្ពស់ និងប្រភេទអាហារកញ្ចប់។ អ្នកគួរតែញ៉ាំអាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន។ កុំជក់បារី អាហារមួយចំនួនអាចជួយកម្ចាត់បាក់តេរី និងធ្វើឲ្យធ្មេញរបស់អ្នកស ភ្លឺ រលោងដោយធម្មជាតិ។ អ្នកគួរតែកាត់បន្ថយការជក់បារី ព្រោះសារធាតុគីមីដែលមានក្នុងបារីបានធ្វើឲ្យធ្មេញខូចខាតយ៉ាងខ្លាំង និងមានខ្យល់ ដង្ហើមមិនល្អ។ ការព្យាបាល នៅពេទ្យធ្មេញ 24–80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន ដូចខាងក្រោម៖ -ផ្នែកសោភ័ណភាពធ្មេញ ៖ គឺការព្យាបាលគ្នេញដែលប្រែពណ៌ មានស្នាមប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អគឺអាចត្រូវបានសង្រ្គោះដោយពុំចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។ វិធីព្យាបាលពីរយ៉ាងដែលពេញនិយមជាងគេ គឺការធ្វើធ្មេញឲ្យស និងការបិទបន្ទះធ្មេញដែលហៅថា «ធ្មេញវីនៀ» (Veneers)។ ការធ្វើធ្មេញឲ្យស គឺជាវិធីដ៏សាមញ្ញហើយរហ័ស ដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។ -ផ្នែកទន្តសាស្ត្រស្ថាបនាធ្មេញឡើងវិញ ៖ គឺជាការប៉ះឡើងវិញ ឬជាការដាក់ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លោកអ្នកដែលបាត់បង់។ -ផ្នែកពត់តម្រង់ធ្មេញ ៖ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24–80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគម្រោងព្យាបាលដ៏ប្រសើរមួយសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។ ពួកគាត់នឹងផ្តល់ស្នាមញញឹមដែលអ្នកចង់បានដោយប្រើបច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាល ផ្តល់នូវជម្រើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក (ពណ៌សដូចធ្មេញ) ឧបករណ៍ដោះដាក់ ដើម្បីពត់តម្រង់ធ្មេញ ព្រមទាំងឧបករណ៍ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាពដើមវិញ ក្រោយពេលពត់ធ្មេញរួច។ ពីព្រោះស្នាមញញឹម ជាមន្តស្នេហ៍ដែលនរណាក៏អាចបញ្ចេញបាន បើសុខភាពមាត់ធ្មេញស្រស់ស្អាត និងរឹងមាំ...ដូចនេះហើយ កុំព្រងើយកន្តើយក្នុងការថែទាំវាជាប្រចាំណា៎!!! ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top