Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

«នៅក្នុងប្រទេសកម្ពុជាយើង ស្រ្តីប្រមាណ១,៥០០នាក់បានកើតជំងឺនេះជារៀងរាល់ឆ្នាំ និងប្រមាណ ៦០%បានបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ»  នេះបើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត និងអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនតាំងពីឆ្នាំ២០១៣។  ដោយសារតែជំងឺនេះ ជាកង្វល់ដ៏គួរព្រួយបារម្ភមួយនៃបញ្ហាសុខភាពស្រ្តីមិនថាតែនៅកម្ពុជា និងទូទាំងពិភពលោក យើងខ្ញុំក៏សូមនាំមកជូនអត្ថបទសំណួរ-ចម្លើយទាក់ទិននឹងជំងឺនេះ ដែលចម្លើយខាងក្រោមជាការបកស្រាយផ្ទាល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយគ្នា… សំណួរ ៖ ដូចម្តេចដែលហៅថា«ជំងឺមហារីកមាត់ស្បូន»? ចម្លើយ ៖ ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការលូតលាស់ឥតឈប់ឈររបស់កោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូន។ សំណួរ ៖ តើជំងឺនេះលេចឡើងជាមួយនឹងរោគសញ្ញាអ្វីខ្លះ? ចម្លើយ ៖ រោគសញ្ញាសំខាន់នៃជំងឺមហារីកមាត់ស្បូន គឺការធ្លាក់ឈាមដោយឯកឯង ក្រៅពីឈាមរដូវ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា៖ ការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងពេល ឬ ក្រោយពេលរួមភេទ ។ សំណួរ ៖ តើស្រ្តីណាខ្លះដែលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺមួយនេះ? ចម្លើយ ៖ ស្រ្តីដែលងាយប្រឈមនឹងជំងឺមហារីកមាត់ស្បួនមានដូចជា ៖ •ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូរបស់គាត់មានដៃគូរួមភេទច្រើន • ស្ត្រីដែលមានជំងឺអេដស៍ ឬជំងឺកាមរោគផ្សេងៗទៀត • ស្ត្រីដែលមានកូនច្រើន (មានផ្ទៃពោះដំបូងនៅអាយុក្មេងជាង ១៨ឆ្នាំ) • ស្ត្រីដែលមិនបានធ្វើការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV • ស្រ្តីដែលមិនធ្លាប់តាមដានកោសិកាមាត់ស្បូន (pap smear) •ស្ត្រីដែលមិនធ្លាប់ធ្វើតេស្តរកមេរោគ HPV (HPV DNA test) សំណួរ ៖ តើជំងឺនេះបង្កឡើងដោយសារអ្វីខ្លះ? ចម្លើយ ៖ មូលហេតុនៃជំងឺមហារីកមាត់ស្បូនមានតែមួយគត់គឺ ការផ្ទុកវីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូនរយៈពេលយូរ (ជាទូទៅលើសពី ៥ ឆ្នាំ)។ សំណួរ ៖ តើការធ្វើរោគវិនិច្ឆ័យជំងឺនេះប្រព្រឹត្តទៅដូចម្តេចដែរ? ចម្លើយ ៖ ជំងឺមួយនេះអាចធ្វើការរោគវិនិច្ឆ័យបានតាមរយៈវិធីមួយចំនួនដូចខាងក្រោម ៖ •វេជ្ជបណ្ឌិតធ្វើការពិនិត្យមាត់ស្បូនដោយប្រើសារធាតុជូរ ឬឆ្លុះមាត់ស្បូនដោយប្រើកែវពង្រីក (colposcopy) •ប្រសិនបើគ្មានដំបៅនៅនឹងមាត់ស្បូនទេ វេជ្ជបណ្ឌិតនឹងធ្វើការបៀកយកកោសិកាមាត់ស្បូនយកទៅវិភាគ (pap smear) ដើម្បីស្វែងរកកោសិកាដែលមិនប្រក្រតីដែលត្រៀមវិវឌ្ឍទៅជាកោសិកាមហារីក •ប្រសិនបើមានដំបៅគួរឲ្យសង្ស័យនៅនឹងមាត់ស្បូន វេជ្ជបណ្ឌិតនឹងធ្វើការដុតដំបៅមាត់ស្បូនដែលគួរឲ្យសង្ស័យនោះ (cryotherapy) ឬធ្វើការច្រឹបយកសាច់មាត់ស្បូនយកទៅវិភាគ (cervical biopsies)ដើម្បីរុករកកោសិកាមហារីក។ សំណួរ ៖  តើមានការព្យាបាលទេសម្រាប់ជំងឺមួយនេះ? បើមាន តើព្យាបាលដោយវិធីណា? ក្រោយពីព្យាបាលជាហើយ តើជំងឺនេះមានបន្សល់ទុកនូវផលវិបាកអ្វីខ្លះដល់អ្នកជំងឺទេ? ចម្លើយ ៖ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យរកឃើញកោសិកាមាត់ស្បូនមិនប្រក្រតីនៅដំណាក់កាលត្រៀមមហារីក(Pre-cancerous) ការព្យាបាលដោយកាត់យកតែមួយផ្នែកនៃមាត់ស្បូនចេញអាចព្យាបាលជំងឺនេះជាដាច់។ ដោយឡែក ប្រសិនបើកោសិកានោះក្លាយជាកោសិកាមហារីកដែលរាលដាលទៅហើយ ការព្យាបាល គឺផ្អែកទៅលើដំណាក់កាលនៃជំងឺ ឬ ផ្អែកលើការរាលដាលនៃកោសិកាមហារីកនោះផ្ទាល់។ ការព្យាបាលទាំងនោះរួមមាន៖  ១. ការវះកាត់យកស្បូនទាំងមូលព្រមទាំងដៃស្បូនទាំងសងខាងចេញ ២. ការព្យាបាលដោយថ្នាំគីមី ៣. ការព្យាបាលដោយថាមពលវិទ្យុសកម្ម។ ថ្វីត្បិតការព្យាបាលទាំង៣វិធីសាស្រ្តខាងលើនេះមានប្រសិទ្ធភាពខ្ពស់ ការព្យាបាលពុំអាចជាដាច់នោះទេ គឺគ្រាន់តែអាចពន្យារជីវិតរបស់អ្នកជំងឺបានមួយរយៈប៉ុណ្ណោះ យូរ ឬឆាប់អាស្រ័យលើដំណាក់កាលនៃមហារីក។  សំណួរ៖ ងាកទៅរកការបង្ការជំងឺនេះវិញ យើងឃើញមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ តើវ៉ាក់សាំងនេះអាចការពារស្ត្រីគ្រប់រូបឲ្យរួចផុតពីការកើតជំងឺនេះបានដល់កម្រិតណា? ចម្លើយ៖ វីរុស HPV ដែលកាចសាហាវ (high-risk HPV) ដែលនាំឲ្យកើតជំងឺមហារីកនេះមានជាង១០ប្រភេទ។ វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV មាន២ប្រភេទ គឺឈ្មោះ Gardasil និង Cervarix។ វ៉ាក់សាំងទាំង២ប្រភេទនេះ អាចការពារមេរោគ HPV ដែលកាចសាហាវជាងគេ (high-risk HPV) បានចំនួន២ប្រភេទដូចគ្នា គឺប្រភេទទី ១៦ និងប្រភេទទី១៨ (HPV16 and HPV18) ដែលមេរោគទាំង២ប្រភេទនេះ បង្កឲ្យកើត៧០% នៃជំងឺមហារីកមាត់ស្បូន។   សរុបមក វ៉ាក់សាំងពុំអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០%ទេ។ យ៉ាងណាមិញ កុមារីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅអាចធ្វើការចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនៅពេលពួកគាត់ចាប់ផ្តើមសកម្មភាពផ្លូវភេទ ពួកគាត់ត្រូវមកធ្វើការពិនិត្យកោសិកាមាត់ស្បូន (pap smear) និងធ្វើតេស្តរកមេរោគ HPV (HPV DNA Test) ឲ្យបានទៀងទាត់ ដើម្បីអាចបង្ការ៣០%ទៀតនៃជំងឺមហារីកមាត់ស្បូន។ សំណួរ៖ មានការនិយាយតគ្នាថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ អាចចាក់បានចំពោះតែស្រ្តីដែលមិនទាន់រៀបការប៉ុណ្ណោះ  តើនេះជាការពិតដែរឬទេ? បើនេះជាការពិត តើស្ត្រីដែលរៀបការហើយអាចបង្ការខ្លួនគាត់ពីជំងឺនេះបានដោយរបៀបណា?  ចម្លើយ៖ កុមារីចាប់ពីអាយុ៩ឆ្នាំឡើង អាចធ្វើការចាក់វ៉ាក់សាំងនេះបាន ទោះបីជាគាត់មិនទាន់ពេញវ័យក៏ដោយ (មិនទាន់មានឈាមរដូវ)។ ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធិភាពខ្ពស់បំផុត នៅពេលស្រ្តីមិនទាន់ឆ្លងកាត់ការរួមភេទ។ ដោយឡែក ស្រ្តីដែលរៀបការរួចអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែប្រសិទ្ធិភាពនៃការបង្ការជំងឺមហារីកមានការថយចុះ។  ការបង្ការដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ស្រ្តីដែលរៀបការរួច គឺការពិនិត្យកោសិកាមាត់ស្បូនរៀងរាល់២ ឬ៣ឆ្នាំម្តង និងការធ្វើតេស្តរកមេរោគ HPV ឲ្យបាន៣ ឬ៥ឆ្នាំម្តង។ សំណួរ៖ តើមានសកម្មភាពអ្វីខ្លះពីសំណាក់រដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាលផ្ទាល់ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូននេះ? ចម្លើយ៖ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការដៃគូសំខាន់ៗមួយចំនួនទៀត បាន និងកំពុងធ្វើការសិក្សាសាកល្បងមួយ(pilot study) សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនដោយប្រើប្រាស់សារធាតុជូរ (VIA test) នៅខេត្តកំពង់ចាម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានដាក់បញ្ចូលជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីជាតិប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់ស្បូន។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏កំពុងធ្វើគម្រោងស្នើសុំជំនួយផ្នែកវ៉ាក់សាំងពីអង្គការ GAVI ដែលផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍលើពិភពលោក។ គួរបញ្ជាក់ផងដែរ សម្រាប់ឆ្នាំ២០១៧នេះ ក៏មានផងដែរនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្ត្រីដែលរៀបការរួច (អាយុចាប់ពី៣០ដល់៥០ឆ្នាំ) រយៈពេលមួយខែ ចាប់ពីថ្ងៃទី០៨ កុម្ភៈ ដល់ថ្ងៃទី០៨ មិនា នៅឯមន្ទីរពេទ្យកាល់ម៉ែត។  បញ្ជាក់ ៖ សូមធ្វើការចុះឈ្មោះជាមុនតាមទូរស័ព្ទលេខ 085 22 12 92

ចែករំលែក

នាទីចុងក្រោយនៃ វីដេអូនេះ ធ្វើអោយអ្នករំជួលចិត្ត។ ជ្រុះទូរស័ព្ទនៅទីសាធារណៈ (social experiment) Talent: Mr. Robert Luke Camera by Mr. Tim Thai Corporate producing: Mr. Sophat Gibbon Keo Video directed and edited by Mr. Tan Kimsour

ចែករំលែក

នាងខ្ញុំជាអាជីវករមួយរូប ដែលតែងតែរួសរាយរាក់ទាក់ និងមានភាពស្និទ្ធស្នាលជាមួយម៉ូយជានិច្ច។ ថ្ងៃមួយ មានអតិថិជនថ្មីជាច្រើនបានចូលមកទិញឥវ៉ាន់របស់ខ្ញុំ ប៉ុន្តែស្របពេលជាមួយគ្នានោះ មានម៉ូយម្នាក់បានមកដល់ ហើយខ្ញុំក៏លក់ជូនអតិថិជនតាមលេខរៀងនៃការមកដល់របស់គាត់។ ពេលនោះ អតិថិជនចាស់ជាម៉ូយក៏មានការអាក់អន់ចិត្ត និងរអ៊ូថា​«មិនព្រមលក់ឲ្យគ្នាឯងមុនទេ!!!»។  ខ្ញុំហាក់ដូចជានៅស្ទាក់ស្ទើរថាតើទង្វើរបស់ខ្ញុំត្រឹមត្រូវឬអត់? បើមានករណីបែបនេះកើតឡើងទៀត តើគួរធ្វើយ៉ាងដូចម្តេច? តើមានវិធីណាដែលអាចបំពេញចិត្តរបស់អតិថិជនទាំង២ប្រភេទបានទេ៎?

ចែករំលែក

ខ្ញុំគិតថា គំនិតផ្តួចផ្តើមអាជីវកម្មមានមិនតិចនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាយើង ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមបុគ្គលជាច្រើនដែលមានគំនិតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ... បើគិតមកដល់ពេលនេះ ខ្ញុំក៏បានស្វែងយល់ច្រើនគ្រាន់បើដែរហើយ អំពីការត្រៀមខ្លួនក្លាយជាម្ចាស់អាជីវកម្មមួយរូប ដោយបានព្យាយាមអានសៀវភៅទាំងភាសាជាតិ និងអង់គ្លេសពីអ្នកជោគជ័យនៅលើពិភពលោក ព្រមទាំងចូលរួមសិក្ខាសាលាអប់រំជាបន្តបន្ទាប់ ហើយក៏ប្រឹក្សាជាមួយមនុស្សជាច្រើនដែរ... ខ្ញុំផ្ទាល់ពិតជាចង់បង្កើតនូវស្លាកយីហោមួយដែលថ្មីណាស់ តែមានមនុស្សមួយចំនួនដែលខ្ញុំស្គាល់បានលើកឡើងថា «វានឹងត្រូវការពេលយូរមែនទែន...ហើយបើមានដើមទុនច្រើនក្រែលដែរ ម៉េចមិនទិញសិទ្ធអាជីវកម្ម(Franchise)មកពីក្រៅទៅ?»។ ស្តាប់ហើយ...ក៏មានអារម្មណ៍ស្ទាក់ស្ទើរ... តើអាចផ្តល់យោបល់ខ្លះដល់ខ្ញុំបានទេ៎? តើគួរតែទិញសិទ្ធអាជីវកម្មពីស្លាកយីហោដែលមានស្រាប់? ឬបង្កើតស្លាកយីហោថ្មី?

ចែករំលែក

  បន្ទាប់ពីឆ្លងកាត់នូវការធ្វើបទសម្ភាសន៍ដោយជោគជ័យមក បេក្ខភាពនឹងឈានដល់ដំណាក់កាលនៃការសាកល្បងសមត្ថភាព (Probation) ដែលជាដំណាក់កាល មួយដែលក្រុមហ៊ុននឹងធ្វើការពិចារណា និងវាយតម្លៃសមត្ថភាពការងាររបស់បេក្ខភាព បន្ថែមពីលើអ្វីដែលគេបានបង្ហាញនៅក្នុង CV និងរៀបរាប់ក្នុងពេលសម្ភាសន៍។  ចង់ដឹងទេថា «តើគួរធ្វើបែបណាខ្លះ ដើម្បីធានាបាននូវការពេញចិត្តពីថ្នាក់លើ ហើយអាចក្លាយខ្លួនជាបុគ្គលិកពេញសិទ្ធិ?» ដើម្បីដោះស្រាយនូវចម្ងល់ទាំងនេះ ហេលស៍ថាម ក៏បានអញ្ជើញតំណាងកិត្តិយសពីក្រុមហ៊ុន ខេម អេច អ (CAMHR) គឺលោក វ៉ែន ប៊ុនលី ដែលជានាយកពាណិជ្ជកម្ម មានបទពិសោធន៍ ជាង ១០ឆ្នាំមកហើយក្នុងផ្នែកធនធានមនុស្ស។ រយៈពេលនៃការសាកល្បងការងារ សម្រាប់ក្រុមហ៊ុនយើងខ្ញុំក៏មិនខុសគ្នាជាមួយក្រុមហ៊ុនដទៃទៀតដែរ គឺជាទូទៅរយៈពេលសាកល្បងការងារ(Probation)មានរយៈពេល៣ខែ ដែលមានលក្ខណៈដូចនឹងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកជាច្រើនផងដែរ។ ចំពោះបុគ្គលិកដែលត្រូវបានផ្តល់ឱកាសឲ្យឆ្លងកាត់រយៈពេលសាកល្បងការងារ គឺមើលទៅលើ៥ចំណុចធំៗដែលបេក្ខភាពត្រូវមានជាចាំបាច់ដែលមានដូចជា៖  -ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន -ត្រូវមានលក្ខណៈសម្បត្តិដែលសមស្របជាមួយលក្ខខណ្ឌការងារ  និងបរិស្ថានការងារ -ត្រូវមានអាកប្បកិរិយាល្អគួបផ្សំនឹងបទពិសោធន៍ការងារខ្លះៗពីមុនមក -ឧស្សាហ៍ព្យាយាមក្នុងការងារដែលប្រធានបានប្រគល់ឲ្យធ្វើ និងអាចធ្វើការងារជាក្រុមបាន -មានចំណង់ចំណូលចិត្ត ឬចូលចិត្តការងារ ព្រមទាំងមានភាពអត់ធ្មត់នឹងការងារ ដែលជាតួនាទីដែលមេប្រគល់ជូន។ គួរបញ្ជាក់ផងដែរថា ចំណុចខាងលើនេះនឹងត្រូវបានបន្តធ្វើការវាយតម្លៃដោយប្រធានផ្នែកនីមួយៗរបស់គេ បន្ទាប់ពីបេក្ខភាពជាប់ចូលទៅក្នុងដំណាក់កាលសាកល្បងការងារ។ ទង្វើដែលគួរធ្វើ និងមិនគួរធ្វើ ជាការពិតណាស់ យើងឃើញបុគ្គលិកមួយចំនួនព្យាយាមបង្ហាញសមត្ថភាពរបស់គាត់លើសព្រំដែន នៅពេលចាប់ផ្ដើមការងារដំបូង ដើម្បីបង្ហាញឲ្យនិយោជកឃើញ ប៉ុន្តែទង្វើនេះធ្វើឲ្យគាត់ពិបាកធ្វើការងារជាក្រុមជាមួយបុគ្គលិកដែលចូលមុនៗ ដូច្នេះ បុគ្គលិកដែលជាប់ក្នុងរយៈពេលសាកល្បងការងារគួរយល់ដឹងពីចំណុចមួយចំនួនដូចខាងក្រោមនេះ  ៖ ទង្វើគួរប្រតិបត្តិ -គួរសម្របខ្លួនធ្វើការងារជាក្រុម -រៀនយល់ពីអត្តចរិតរបស់មិត្តរួមការងារ -ស្វែងយល់ពីច្បាប់ការងារ និងគោរពច្បាប់ការងារដែលក្រុមហ៊ុនចែង -ព្យាយាមបង្ហើយរាល់ការងារដែលប្រធានក្រុម និងក្រុមហ៊ុនដាក់ឲ្យធ្វើដោយមិនរអ៊ូរទាំឡើយ ទង្វើមិនគួរប្រតិបត្តិ -ធ្វើហួសសិទ្ធិដែលខ្លួនមាន ដោយព្យាយាមបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួន -មានអំនួតជ្រុលលើខ្លួនឯង និងចាត់ទុកអ្នកដទៃអន់ជាងខ្លួន -រិះគន់ទៅលើច្បាប់ការងារ ឬបរិស្ថានការងាររបស់ក្រុមហ៊ុន ដោយមិននាំមកនៅការស្ថាបនា។ តើការប្រឹងប្រែងអួតជារឿងល្អដែរឬទេ? អ្នកខ្លះហាក់ដូចជាខំអួតបង្ហាញនូវសមត្ថភាពឲ្យនិយោជកឃើញនៅក្នុងរយៈពេល Probation ដើម្បីងាយនឹងបានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ សកម្មភាពនេះបើចំពោះក្រុមហ៊ុនតូច គេអាចនឹងបែងចែកការងាររបស់គាត់ទៅទំនាក់ទំនងនៅខាងក្រៅ វាប្រហែលជាគ្មានបញ្ហាទេ តែប្រសិនបើធ្វើការងារជាក្រុម វាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកផ្សេងដែលនៅជុំវិញខ្លួន។ ទោះបីជាអាចបំពេញនូវពាក្យអំនួតរបស់ខ្លួនបានក៏ដោយ តែវាធ្វើឲ្យមានការបាក់ទឹកចិត្តទៅលើបុគ្គលិកចាស់ដែលគេមិនអាចធ្វើបាន។  ចំណុចដែលត្រូវធ្វើការវាយតម្លៃ ក្នុងរយៈពេលProbationនេះផងដែរ ផ្នែកធនធានមនុស្សនឹងធ្វើការវាយតម្លៃលើចំណុចខ្លះចំពោះការបំពេញការងាររបស់បុគ្គលិកដែលមានដូចជា៖ -ការងារដែលដាក់ឲ្យ អាចធ្វើបានប៉ុណ្ណា? ទោះបីជាបានត្រឹមតែ៣០-៤០%ក៏មិនមានបញ្ហាដែរ ព្រោះវាអាចជាការងារដែលមានលក្ខណៈថ្មី សម្រាប់បុគ្គលិកដែលទើបតែចូលដំណាក់កាលសាកល្បង -មើលទៅលើវប្បធម៌ទូទៅ ដែលយើងមើលទៅលើសមត្ថភាពរបស់គាត់អាចទទួលយកនូវការងារដែលយើងដាក់ទៅ ឬក៏អត់ -មើលទៅលើចំណង់ក្នុងការធ្វើការងារនៅពេលដែលដាក់ការងារឲ្យធ្វើ ថាតើមានសកម្មភាពតបតមកវិញយ៉ាងណា។ លក្ខណៈសម្បត្តិ ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិ ចំពោះឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិវិញ លុះត្រាតែបុគ្គលិកមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម ៖ -ភាពស្មោះត្រង់ជាមួយក្រុមហ៊ុន -មានឥរិយាបថល្អ -មានចំណេះដឹង និងព្យាយាមរៀនពីការងារដែលដាក់ឲ្យធ្វើ -មានបុគ្គលិកលក្ខណៈល្អ ដែលអាចធ្វើការងារជាក្រុមបាន និងចង់បានការលើកស្ទួយពីក្រុមហ៊ុននៅថ្ងៃក្រោយ -មានបទពិសោធន៍ការងារខ្លះ និងចង់រៀនបន្ថែមពីក្រុមហ៊ុន។ ចំណុចខុសគ្នារវាងបុគ្គលិក Probation និងបុគ្គលិកពេញសិទ្ធិ -បុគ្គលិកពេញសិទ្ធ៖ មានកិច្ចសន្យាការងារច្បាស់លាស់ ទទួលបានការអនុញ្ញាតមួយចំនួន និងមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។  -បុគ្គលិក Probation ៖ ជាបុគ្គលិកបណ្ដោះអាសន្ន គ្មានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ មានការចរចារលើប្រាក់ខែបន្ទាប់ពីចប់Probation និងមិនអាចចូលរួមធ្វើការងារមួយចំនួន ព្រោះខាងក្រុមហ៊ុនមិនទាន់អាចទុកចិត្តបាន។ អនុសាសន៍ ជាចុងក្រោយ លោកក៏សូមផ្ដាំផ្ញើដល់អ្នកដែលទើបតែចូលធ្វើការ ឬអ្នកដែលទើបតែជាប់ការងារថ្មី  អ្នកគួរតែសម្របខ្លួនជាមួយបរិយាកាសការងារ ក៏ដូចជាមិត្តរួមការងារ ហើយចៀសវាងការព្យាយាមផ្តល់ជាដំបូន្មាន ឬបង្គាប់បញ្ជាទៅដល់បុគ្គលិកចាស់ ដែលវានាំឲ្យមានភាពលំបាក ឬទើសទាល់ក្នុងដំណាក់កាលសាកល្បងការងារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

នាងខ្ញុំឈ្មោះ ម៉ម គឹមអេង ជានិស្សិតឯកទេសសោភ័ណសល្យសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ដោយសារនាងខ្ញុំស្ថិតក្នុងគ្រួសារដែលមានជីវភាពមធ្យម ដូចនេះ ការទទួលបានអាហារូបករណ៍ឥតបង់ថៃ្ល ជាឱកាសមួយធ្វើឲ្យនាងខ្ញុំអាចចូលសិក្សាក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន។ មួយវិញទៀត ដោយក្តីស្រឡាញ់តាំងពីកេ្មង ព្រមទាំងមានការលើកទឹកចិត្តពីក្រុមគ្រួសារ នាងខ្ញុំក៏សម្រេចចិត្តជ្រើសរើសមុខវិជ្ជាវេជ្ជសាស្រ្តនេះតែម្តង។ ជាទូទៅ បន្ទាប់ពីការសិក្សា អស់រយ:ពេល៦ឆ្នាំ បញ្ចប់បរិញ្ញាបត្រវេជ្ជសាស្រ្ត និសិ្សតទាំងអស់មានផ្លូវពីរដែលត្រូវជ្រើសរើសទីមួយ គឺបន្ត២ឆ្នាំទៀត ដើម្បីក្លាយជាវេជ្ជបណ្ឌិតទូទៅ និងទីពីរ គឺប្រឡងប្រជែងជាមួយនិសិ្សតដទៃទៀតដើម្បីបានចូលរៀនថ្នាក់ជំនាញឯកទេសរយ:ពេល៤ឆ្នាំ ។ ទាក់ទងនឹងជំនាញឯកទេសសោភ័ណសល្យសាស្រ្ត (វះកាត់កែលម្អ) Plastic surgery មានមនុស្សជាច្រើនយល់ច្រឡំថា វាគ្រាន់តែជាការវះកាត់កែសម្ផស្សតែប៉ុណ្ណោះ។ ប៉ុន្តែតាមពិតទៅ Plastic surgery នេះ ចូលរួមចំណែកយ៉ាងធំដូចជា ភាពមិនគ្រប់លក្ខណ:ពីកំណើតនៅលើមុខ មាត់ ឬក្រអូមមាត់ឆែប ពិការភាពអវ:យវ: គ្រោះថ្នាក់ដែលធ្វើឲ្យមានភាពមិនប្រក្រតី ឬរលាកលើរូបរាងកាយ និងរួមចំណែកជាមួយនឹងការវះកាត់ដុំមហារីកផងដែរ។ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ ការសិក្សាផ្នែកនេះ មានការលំបាកច្រើនដូចនិស្សិតឯកទេសដទៃទៀតដែរ ទាំងការយាម ការឈរវះកាត់រយ:ពេលយូរ ព្រមទាំងប្រឈមនឹងការឆ្លងរោគកម្រិតខ្ពស់។ បញ្ហាមួយទៀត គឺការចំណាយ ព្រោះថ្នាក់ឯកទេសមិនមានការផ្តល់អាហារូបករណ៍ទៀតនោះទេ ដូច្នេះ ការសិក្សារយៈពេលយូរ និស្សិតត្រូវការថវិកាបង់ថៃ្លសិក្សា រួមទាំងការចាយវាយផេ្សងៗទៀតច្រើន។ ការសិក្សាផ្នែកវះកាត់កែលំអនេះ បែងចែកជាពីរដំណាក់កាលគឺ ក្នុងរយៈពេល២ឆ្នាំដំបូង និស្សិតត្រូវធ្វើកម្មសិក្សាវះកាត់ទូទៅ និង២ឆ្នាំបន្ទាប់គឺ ធ្វើកម្មសិក្សាវះកាត់ឯកទេស។ ទោះជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ នាងខ្ញុំមិនដែលគិតថានឹងបោះបង់វានោះទេ ព្រោះនាងខ្ញុំតែងតែទទួលបានការលើកទឹកចិត្តពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជានិច្ច។ ជាការពិត​ ជំនាញនេះជាជំនាញដែលខ្ញុំស្រលាញ់ ហើយខ្ញុំអាចជាសមាជិកម្នាក់គត់ ដែលជាទីពំនាក់ពេលក្រុមគ្រួសារ ឬបងប្អូនឈឺ។ ដើម្បីចូលរួមជួយដល់កិច្ចការសង្គម ក្រៅពីការសិក្សានៅសាលា នាងខ្ញុំមានតែកម្លាំងកាយ ចិត្ត និងជំនាញ ចុះជួយវះកាត់ព្យាបាលដល់ប្រជាជននៅតាមខេត្ត ដោយឥតគិតថ្លៃ និងស្វែងរកថវិកាពីសប្បុរសជន ដើម្បីជួយអ្នកជំងឺក្រីក្រ។ សម្រាប់គម្រោងនាថៃ្ងអនាគត នាងខ្ញុំមានបំណងចង់បើកគ្លីនិកផ្ទាល់ខ្លួន ដើម្បីជីវភាពគ្រួសារ និងប្រសិនបើមានលទ្ធភាព ខ្ញុំចង់បង្កើតជាអង្គការចាស់ជរាមួយ ព្រោះថាសព្វថៃ្ងនេះមានតែអង្គការកុមារកំព្រា និងមន្ទីរពេទ្យប៉ុណ្ណោះដែលព្យាបាលមិនគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រ។ ជាចុងក្រោយ នាងខ្ញុំសូមផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា «ប្អូនគួរតែសម្រេចចិត្តជ្រើសរើសនូវអ្វីដែលខ្លួនស្រឡាញ់ ហើយជាអ្វីដែលប្អូនអាចធ្វើបាន ព្រោះថាប្អូនត្រូវប្រកបរបរនេះអស់មួយជីវិត។ រីឯការរៀនភាសាបន្ថែម ទាំងភាសាអង់គេ្លស និងភាសាបារាំង សុទ្ធតែចាំបាច់សម្រាប់ការសិក្សាស្រាវជ្រាវ ក៏ដូចជាដើម្បីសិក្សាបន្តនៅក្រៅប្រទេសនានាផងដែរ។ មិនតែប៉ុណ្ណោះ ត្រូវមានការអត់ធ្មត់ តស៊ូ និងលះបង់ប្រកបដោយសីលធម៌​ទើបយើងអាចឆ្លងរួចនូវការលំបាកទាំងនេះបាន។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វិបត្តិមិត្តអ្នកអាន៖ ខ្ញំុទើបតែរៀនចប់ បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យក្នុងស្រុកមួយ។ ឪពុកម្តាយ ខ្ញំុជាអ្នកលក់ដូរនៅផ្សារអូរឬស្សី​ គាត់ចង់ឲ្យខ្ញំុធ្វើការនៅធនាគារ កំុឲ្យហត់ដូចពួកគាត់​ តែខ្ញំុមិនចង់ធ្វើការទេ ព្រេាះខ្ញំុគិតថា រកសីុរកលុយបានច្រើនជាង ម៉្យាងមិនចាំបាច់ត្រូវមាត់គេ ចង់សម្រាកពេលណាក៏បាន។ ខ្ញំុចង់បើកហាងលក់អាហារនិងកាហ្វេមួយកន្លែង នៅក្បែផ្សារអូរឬស្សីព្រេាះមានមនុស្សច្រើនណាស់នៅទីនេាះ លក់ដូចប៉ា ម៉ាក់ខ្ញំុក៏សឹងតែរកពេលសម្រាកគ្មានផង។ ខ្ញំុចង់ដឹងថាតើខ្ញំុគួរទៅធ្វើការ ឬរកសីុ?

ចែករំលែក

ដើម្បីជាការចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា Park Café រួមសហការជាមួយនឹង Educational Development Institute បានរៀបចំនូវវេទិកាស្តីអំពីការផ្តើមអាជីវកម្ម ដោយផ្តោតសំខាន់លើប្រធានគួរឲ្យចាប់អារម្មណ៍ផ្សេងៗ និងបានបែងចែកប្រធានបទទាំងនោះទៅតាមខែនីមួយៗក្នុងរយៈពេលមួយឆ្នាំពេញតែម្តង។ ក្នុងនោះផងដែរ សិក្ខាសាលាលើកទី១ប្រចាំឆ្នាំ២០១៧នេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ គឺ នៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥:៣០ ដល់ម៉ោង០៨ :០០ ល្ងាច ជាមួយនឹងវត្តមាននៃវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ ប្រធានបទពិភាក្សាសម្រាប់សិក្ខាសាលាលើកនេះ រួមមាន៖ -វិធីសាស្រ្តក្នុងការផ្តើមអាជីវកម្ម -យុទ្ធសាស្រ្តក្នុងការរៀបចំគម្រោងអាជីវកម្ម -និន្នាករទីផ្សារ និងទីផ្សារបច្ចុប្បន្ន -យុទ្ធសាស្រ្តក្នុងការស្វែងរកឥណទានសម្រាប់ផ្តើមអាជីវកម្ម -ជួបជាមួយអ្នកជំនាញផ្តល់ឥណទាន ទាំងនេះសុទ្ធតែជាគន្លឹះដ៏មានគុណប្រយោជន៍សម្រាប់សហគ្រិន អនាគតសហគ្រិន និងអ្នកមានគំនិតផ្តើមអាជីវកម្មថ្មីនាពេលអនាគត ជាពិសេស គឺ ចាប់ផ្តើមដោយទទួលបានការផ្តល់ជូននូវឥណទាន។ តម្លៃសំបុត្រសម្រាប់ចូលរួម គឺត្រឹមតែ ១៥ដុល្លាប៉ុណ្ណោះ និងមានរាប់បញ្ចូលនូវអាហារសម្រន់ជាលក្ខណៈ Cocktails Reception ផងដែរ…សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012​ 232 823 ​/ 077​ 67​6 423 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top