Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Rethth យោងតាមការ​ស្នើសុំ​យ៉ាងទទូចទៅដល់​ភាគី​ ខាង​សហគមន៍​ អឺរ៉ុប​ ដើម្បី​បានដាក់​ឈ្មោះ​ផ្លែ​ស្វាយ​ ជា​ផលិតផល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ ដែលបានដាក់លក់នៅលើទី​ផ្សារ​ សហគមន៍​ អឺរ៉ុប​ នៅពេលនេះភាគីអ្នកទទួលទិញ​នៅ​សហគមន៍​ អឺរ៉ុប​បាន​យល់ព្រម​ដាក់​ឈ្មោះ​ថា​ Mangue au Cambodge ។ ដូច​ច្នេះ​ហើយចាប់ពីថ្ងៃនេះ​តទៅសូមបង​ប្អូន​ខ្មែរ​យើង​ ដែល​និយម​គាំទ្រ​ផលិត​ផល​ផ្លែស្វាយ​របស់ខ្មែរ​យើង​ ពេលចូល​ទៅក្នុងទី​ផ្សារ​នឹង​បាន​ឃើញ​ផលិតផល​របស់​ជាតិ​យើងហើយ​ ។ សូមចូលរួម​អបអរសាទរ​ នេះជា​មោទនភាព​ ជាតិ​យើងទាំង​អស់គ្នា​ ។

ចែករំលែក

ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ។ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ សញ្ញារោគដូច្នេះក្រៅពីបញ្ហាក្រពះវាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជា ផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង។ ដូចនេះហើយ មានតែគ្រូពេទ្យទេដែលអាចវិភាគបែងចែករោគទាំងនេះបាន។ យើងខ្ញុំសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្ត្រាចារ្យ តាន់ តេកស្រេង លើប្រធានបទជំងឺក្រពះ។ •ឈឺក្រពះ និយាយពីបញ្ហាក្រពះចំពោះគ្រូពេទ្យអាការៈនេះពុំសំដៅលើជំងឺអ្វីមួយរបស់ក្រពះឡើយ។ •រលាកក្រពះ រលាកក្រពះមានន័យថាស្រទាប់ភ្នាស (the mucosa  lining) មានរលាក (inflammation) ហើយមូលហេតុរបស់វាមានច្រើនដែលគ្រូពេទ្យគឺជាអ្នកត្រូវស្រាវជ្រាវរក។ •ដំបៅក្រពះ ដំបៅក្រពះ (ulcer) បង្ហាញខ្លួនដូចដំបៅ។ Helicobacter pylori (Hp) ក៏ជាមូលហេតុបង្កដំបៅនេះដែរក្នុងអត្រាមួយខ្ពស់។ មូលហេតុចម្បងមួយទៀត គឺការប្រើថ្នាំឈឺសន្លាក់ប្រភេទ AINS។ ក្រៅពីនោះមានស្រា បារី។ល។ Hp ត្រូវបានគេសិក្សា និងស្គាល់ច្រើនជាងប្រភេទមីក្រុបផ្សេងៗទៀត។ វានៅតែក្នុងក្រពះទេហើយវាឲ្យរលាកក្រពះតាមបែបផែនដោយឡែកមួយដែលយូរទៅអាចបង្កដំបៅ(ulcer) ឫឈានដល់មហារីកតែម្តង ដោយសារវាបញ្ចេញជាតិពុលម៉្យាង។ រលាកក្រពះដោយសារ Hp និងមូលហេតុផ្សេងទៀតអាចដឹងបានដោយការច្រិបស្រទាប់ភ្នាសក្រពះយកទៅវិភាគ។ •មហារីកក្រពះ គ្រូពេទ្យត្រូវគិតដល់ជំងឺនេះមុនជំងឺផ្សេងៗទៀត ព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ តើមហារីកក្រពះបណ្តាលពីអ្វី? មកដល់សព្វថ្ងៃនេះគេនៅមិនទាន់ច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺមួយនេះប៉ុន្តែក្នុងចំណោមមូលហេតុច្រើនដែលគេសង្ស័យហើយមានអំណះអំណាងរឹងមាំជាងគេនោះ គឺការមានវត្តមានមេរោគឈ្មោះ helicobacter  pylori (Hp) ក្នុងក្រពះ។ Hp គ្រាន់តែជាមីក្រុបមួយប្រភេទប៉ុណ្ណោះរបស់ក្រុមមីក្រុប Helicobacter។ សព្វថ្ងៃគេរកឃើញមានរហូតដល់ជាង ៣០ ប្រភេទនៃក្រុមមីក្រុបនេះដែលគេឲ្យឈ្មោះថាNPHS (Non Pylori Helicobacter Species)។ វាបោះទីតាំងរស់នៅខុសៗគ្នាក្នុងខ្លួនមនុស្សខ្លះនៅពោះវៀនតូច-ធំ ផ្លូវប្រម៉ាត់ ឬថ្លើម ។ល។ បច្ចុប្បន្ន គេកំពុងសិក្សារកបែបបទបង្ករោគរបស់ពួកវាទាំងនេះ។ ក្នុងន័យទប់ស្កាត់ការពារមហារីកក្រពះគ្រូពេទ្យឯកទេសផ្នែកផ្លូវអាហារគ្រប់ប្រទេសសំណូមពរធ្វើការសុងឆ្លុះក្រពះ(gastroscopy) ព្រោះចំណេញច្រើនចំណុច គឺ៖ •    បានឃើញរូបភាពស្រទាប់ភ្នាសក្រពះផ្ទាល់។ •    បានយកសាច់ភ្នាសក្រពះទៅវិភាគរកមេរោគHp ផង និងសិក្សាពីភាពធ្ងន់ស្រាលនៃរលាកផង។ •    បានឃើញផ្ទាល់នូវចលនាលឿន ឫយឺតនៃបំពង់អាហារ ឫវត្តមានទឹកប្រម៉ាត់នៅក្នុងក្រពះ។ (ឧទា. ច្រាលទឹកប្រម៉ាត់)។   កត់ចំណាំ៖ កុំប្រើឱសថ១ចំនួនពិសេសប្រភេទថ្នាំផ្សះមុនពេលឆ្លុះសុងព្រោះធ្វើបែបនេះអាចបិទបាំងនិងធ្វើឲ្យពិបាករក Hp។ ជាចុងក្រោយលោកសាស្ត្រចារ្យក៏បានផ្តាំផ្ញើផងដែរថា ប្រជាជនគួរបញ្ឈប់ទម្លាប់អវិជ្ជមានដែលប្រើប្រាស់ឱសថមុនឆ្លុះសុងដូចជាអ្នកខ្លះកំពុងលេបថ្នាំហើយពេលទៅលេងបរទេសក៏ឆ្លៀតឆ្លុះសុង។ ការធ្វើបែបនេះនាំឲ្យខាតថវិកាដោយសារលទ្ធផល ដែលទទួលបានមិនពេញលក្ខណ:បច្ចេកទេសហើយ ពេលនៅឈឺទៀតធ្វើឲ្យគ្រូពេទ្យលំបាកនឹងសម្រេចថាធ្វើការឆ្លុះសុងម្តងទៀតឬយ៉ាងណា។ ម្យ៉ាងទៀត សូមកុំរួញរាក្នុងការឆ្លុះសុងក្រពះបើអ្នកមានអាយុលើសពី៤៥ ឆ្នាំ។ បកស្រាយដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យ ថ្លើម ក្រពះ ពោះវៀន កម្ពុជា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ចែករំលែក

វិស័យបច្ចេកវិទ្យានៅកម្ពុជាថ្វីត្បិតថាមិនទាន់មានការរីកចម្រើនដល់កម្រិតកំពូលមួយដូចជាប្រទេសដទៃក៏ពិតមែន តែយើងក៏អាចឃើញពីភាពរីកលូតលាស់ជាជំហានៗគួរឲ្យកត់សម្គាល់ផងដែរ។ មានស្ថាប័នជាច្រើនដែលកំពុង និងបន្តរួមចំណែកជួយឲ្យកាន់តែមានភាពប្រសើរឡើងទៀតនូវវិស័យមួយនេះ ក្នុងនោះផងដែរ ហេលស៍ថាម ក៏មានឱកាសជួបផ្ទាល់ជាមួយនឹងសហស្ថាបនិក Codingate គឺ លោក សុខ សុភមង្គល ដែលជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកព័ត៌មានវិទ្យាប្រចាំឆ្នាំ ២០១៦។ ប្រវត្តិនៃការស្ថាបនាCodingate បុរសសង្ហាខ្មែរអង្គររូបនេះ មានទឹកដីកំណើតមកពីខេត្តសៀមរាបដែលធ្លាប់បានទទួលអាហារូបករណ៍ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាទៅសិក្សានៅសាធារណរដ្ឋឆេកកាលពីឆ្នាំ២០០៩។ ក្នុងពេលបម្រើការងារក្នុងអង្គការប្រព័ន្ធទិន្នន័យកម្ពុជាហៅថា DDD (Digital Divide Data) លោកក៏បានជួបនឹងក្រុមនិស្សិតផ្នែកITមួយក្រុមដែលមានទឹកចិត្តតស៊ូ និងភាពមុតមាំក្នុងការទទួលបានជោគជ័យនៅក្នុងជីវិត តែខ្វះខាតនូវសម្ភារៈសិក្សា គឺកុំព្យូទ័រ។ ពួកគេទាំងនោះហើយជាកម្លាំងជម្រុញទឹកចិត្តមួយឲ្យលោកមានបំណងក្នុងការជួយជ្រោមជ្រែងដល់ពួកគេ ដោយសន្យាថានឹងព្យាយាមដោះស្រាយបញ្ហានោះឲ្យបាន។ ជាមួយនឹងដៃគូពាណិជ្ជកម្មរបស់ខ្លួន លោកសុភមង្គលក៏បានព្យាយាមធ្វើការជាមួយនឹងគម្រោងមួយចំនួន ហើយជាលទ្ធផលក៏បានទទួលឧបករណ៍សិក្សាសម្រាប់ពួកគេគ្រប់គ្នា រួមផ្សំនឹងការប្រឹងប្រែងអភិវឌ្ឍខ្លួនរបស់និស្សិតម្នាក់ៗផង ខណៈនោះក៏បានក្លាយជាពេលដែល Codingate ចាប់បដិសន្ធិតែម្តង។ គោលដៅក្នុងការបង្កើត Codingate Codingate ត្រូវបានបង្កើតឡើងក្នុងគោលដៅអភិវឌ្ឍយុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យាតាមរយៈការសម្លឹងមើលឃើញនូវចន្លោះគម្លាតដ៏ធំមួយ ដែលបច្ចេកវិទ្យានៅក្នុងប្រទេសភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេស ហើយសមិទ្ធផលដែលបានបង្កើតឡើងនៅក្នុងប្រទេស គឺត្រូវនាំចេញទៅក្រៅវិញ។ ប៉ុន្តែ Codingate កំពុងតែព្យាយាមទទួលធ្វើគម្រោងនៅក្រៅប្រទេសដែលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មានប្រមាណដល់ទៅជាង១៣០គម្រោង ដើម្បីស្វែងរក និងសន្សំទុនធ្វើការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។ មូលហេតុនៅពីក្រោយការស្ថាបនា មូលហេតុចម្បង គឺបញ្ហាអនក្ខរភាពដែលអាចនឹងផ្តល់នូវផលប៉ះពាល់មិនតែចំពោះបុគ្គលជាអនក្ខរជននោះទេគឺចំពោះសង្គម និងប្រទេសជាតិតែម្តង ហើយលោកមានការចាប់អារម្មណ៍ខ្លាំងទៅលើការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្តែង Codingateមិនផ្តោតសំខាន់លើប្រាក់ចំណូលនោះឡើយ តែជាការបង្កើតនូវអ្វីដែលថ្មីជាសមិទ្ធផល និងមោទនភាពរបស់ប្រទេសជាតិ ក៏ដូចជាជួយឲ្យអតិថិជនប្រើប្រាស់នូវបច្ចេកវិទ្យាជាមួយនឹងផលប្រយោជន៍ពេញលេញ ដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។ មិនថានៅក្នុងកាលៈទេសៈបែបណាក៏ដោយលោកនៅតែប្រកាន់ខ្ជាប់នូវគោលជំហររឹងមាំក្នុងការស្វែងរក និងបង្កើតឱកាសការងារជូនដល់យុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍថ្មីនៅក្នុងវិស័យដដែលនេះផងដែរ។ លក្ខន្តិកៈនៃការចូលជាសមាជិក ដើម្បីអាចក្លាយខ្លួនជាសមាជិករបស់ Codingate ជាចម្បង បុគ្គលមួយរូបត្រូវស្គាល់ពីខ្លួនឯងថាតើមានភាពខ្លាំង និងភាពខ្សោយអ្វីខ្លះ? ព្រោះថាក្រោយពីចូលជាសមាជិកហើយ Codingate នឹងផ្តល់នូវឱកាសការងារមួយដែលជួយពង្រឹងចំណុចខ្លាំងរបស់សមាជិកឲ្យកាន់តែខ្លាំង និងហ្វឹកហាត់ ដើម្បីលុបបំបាត់នូវចំណុចខ្សោយវិញ។ អ្វីដែលចាំបាច់មួយទៀត គឺការប្តេជ្ញាចិត្តខ្ពស់ និងចំណង់ចំណូលចិត្តខ្លាំងក្នុងការបង្កើតនូវអ្វីដែលថ្មី និងមានគុណប្រយោជន៍។ គួរបញ្ជាក់ផងដែរ សមាជិកភាគច្រើនរបស់ Codingate មានការគិតបែបសម័យថ្មី ព្រោះថាការធ្វើការងារជាមួយនឹងបច្ចេកវិទ្យា គឺដើម្បីដោះស្រាយនូវបញ្ហា និងផ្លាស់ប្តូរនូវផ្នត់គំនិត និងទម្លាប់នៃការរស់នៅមួយចំនួន។​ ជាក់ស្តែង មានបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតនូវភាពកក់ក្តៅ និងជិតស្និទ្ធនៅក្នុងក្រុមគ្រួសារជាពិសេសរវាងឳពុកម្តាយ និងកូន តាមរយៈការប្រើប្រាស់នូវកម្មវិធីនៅក្នុងទូរស័ព្ទដៃ។ គុណប្រយោជន៍នៃការបង្កើតបច្ចេកវិទ្យាថ្មី វាពិតជាមានគុណប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ រួមមានការបញ្ជូននូវព័ត៌មានថ្មីៗទៅបានរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ដោយសារតែមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយនឹងការងារផ្នែកនេះ លោកក៏បានណែនាំផងដែរអំពី Information and Communication Technology (ICT) ដែលអ្វីដែលត្រូវគិតដល់មុនគេគឺអ្នកបង្កើត ដែលចាំបាច់ត្រូវមានការយល់ដឹងអំពីឥរិយាបថរបស់អ្នកប្រើប្រាស់គោលដៅ ដោយមានការពិចារណា និងគិតគូរល្អិតល្អន់ទៅលើការងារគ្រប់ផ្នែក រួមមានការរចនាបែបបទនៃការបង្ហាញព័ត៌មានជាដើម។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ ថ្វីត្បិតតែទើបដំណើរការមិនបានយូរប៉ុន្មាន តែ Codingate ក៏បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ដែរ មិនថានៅក្នុងប្រទេសកម្ពុជាផ្ទាល់ ឬនៅក្រៅប្រទេសនោះទេ ភាពជោគជ័យនេះត្រូវបានលោកសុភមង្គលជាសហស្ថាបនិកផ្ទាល់បង្ហើបប្រាប់ដល់ក្រុមការងារយើងផងដែរថា ជាចម្បង គឺបណ្តាលមកពីការគាំទ្រ និងទុកចិត្តពីអតិថិជនដោយសារតែឆន្ទៈច្បាស់លាស់ក្នុងការបំពេញការងារមិនថាតូច ឬធំនោះឡើយ។ ភាពខ្លាំងមួយទៀត ជាសិល្បៈនៃការទំនាក់ទំនងទាំងនៅក្នុងក្រុមហ៊ុនផ្ទាល់ និងជាមួយនឹងដៃគូក៏ដូចជាអតិថិជន ដោយមិនលាក់លៀមនូវបែបផែននៃការធ្វើការងាររបស់ក្រុមហ៊ុនលោកឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងមានខ្សែបណ្តាញច្រើននៅទូទាំងប្រទេសក៏ជាហេតុផលមួយ ដែលនាំឲ្យមានអតិថិជនជាបន្តបន្ទាប់រហូត។ ជាក់ស្តែង តាំងពីពេលចាប់ផ្តើមមក Codingateមិនធ្លាប់បានចំណាយប្រាក់ច្រើនទៅលើ Marketing ឡើយដោយជាទូទៅ​ គឺមានការណែនាំតៗគ្នាពីអតិថិជនមួយទៅកាន់អតិថិជនមួយច្រើនជាង។ ទន្ទឹមនឹងគ្នានេះផងដែរ ទំនាក់ទំនងការបរទេសជាមួយនឹងដៃគូពាណិជ្ជកម្ម ក៏ជាកត្តាមួយសំខាន់ផងដែរ ដោយតាំងពីចាប់ផ្តើមដំបូង គឺមានការគាំទ្រពីដៃគូសហការនៅប្រទេសញូហ្សេលេនដែលតែងតែជួយជ្រោមជ្រែងជាពិសេសផ្នែកចំណេះដឹង។ សារជូនដល់មិត្តអ្នកអាន មុននឹងបញ្ចប់កិច្ចសម្ភាសន៍ លោកក៏មានសារជាការលើកទឹកចិត្តចំពោះយុវជនខ្មែរឲ្យចាប់ផ្តើមធ្វើការស្វែងយល់ពីបច្ចេកវិទ្យា ដើម្បីប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាផ្សេងៗ ព្រោះថា បច្ចេកវិទ្យាជាចំណុចមួយនៃការបង្កើននូវល្បឿនសម្រាប់អភិវឌ្ឍខ្លួនឯង ក្រុមហ៊ុន សហគមន៍ ក៏ដូចជាប្រទេសជាតិផ្ទាល់តែម្តង ។ ជាការពិតណាស់  ការប្រើប្រាស់នូវបច្ចេកវិទ្យាបានត្រឹមត្រូវនឹងផ្តល់នូវតម្លៃព្រមទាំងផលវិជ្ជមានជាច្រើនក្នុងជីវិតរស់នៅ។ ដូចគ្នាផងដែរ លោកក៏ជម្រុញទឹកចិត្តចំពោះអ្នកដែលមានគំនិតច្នៃប្រឌិត ក៏ដូចជាអ្នកដែលមានគំនិតផ្តួចផ្តើមក្នុងការបង្កើត ឬច្នៃនូវអ្វីដែលថ្មី ដើម្បីភាពប្រសើរឡើង។

ចែករំលែក

ប្រាថ្នាចង់បានសក់ស្រស់ស្អាត ក្រាស់រឹងមាំ និងទន់រលោងមែនទេ? ប៉ុន្តែបែរជាជួបបញ្ហាសក់ស្តើង មិនភ្លឺរលើបរលោង ហើយស្រួយទៅវិញ ដូច្នេះតើគួរធ្វើដូចម្តេចទៅ? ឈប់ខ្វល់ខ្វាយទៀតទៅ...ព្រួញមួយបាញ់បានចាបដល់ទៅពីរ បានទាំងញុំាអាហារឆ្ងាញ់ៗ ហើយថែមទាំងអាចជួយសុខភាពសក់ថែមទៀតផង។ ចូរតាមដានជាមួយអាហារ៦ប្រភេទដែលអាចជួយបំប៉នសក់របស់លោកអ្នកបានមួយផ្នែក ជាមួយហេលស៍ថាមទាំងអស់គ្នា...                                 ចង់បានសក់ភ្លឺរលោង? ប្រភេទសាច់ត្រីដូចជា ត្រីសាម៉ុន ត្រីសាឌីន និងប្រភេទត្រីផ្សេងទៀតមានផ្ទុកនូវប្រភេទខ្លាញ់ត្រីអូមេហ្គា៣ ដែលសារធាតុនេះមានតួនាទីសំខាន់ទៅបើកគល់ឫសសក់ជួយឲ្យសក់ដុះលូតលាស់បានល្អ និងមានភាពភ្លឺរលោង។ ដោយសារតែខ្លួនរបស់យើងមិនអាចបង្កើតនូវខ្លាញ់ប្រភេទនេះបានទើបទាមទារឲ្យបរិភោគតាមចំណីអាហារ ឬថ្នាំជំនួយផ្សេងៗវិញ។ មានបញ្ហាសក់ជ្រុះ?     សារជាតិដែកមាននាទីការពារកុំឲ្យសក់ជ្រុះព្រោះវាចូលរួមយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីហែ្សនទៅចិញ្ចឹមឫសសក់។ តួយ៉ាង លោកអ្នកអាចរកសារជាតិដ៏ល្អបែបនេះបាននៅក្នុងអាហារ និងបន្លែមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស្ពៃ សាច់គោ និងបន្លែបៃតងផងដែរ។ មានបញ្ហាសក់ស្ងួត និងមិនភ្លឺរលោង? ចង់បានសក់មានសំណើម និងភ្លឺ? ដំឡូងផ្អែម មានផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ដែលហៅថា Beta carotene វានឹងត្រូវបានបំលែងទៅជាវីតាមីនអេបន្ទាប់ពីទទួលទានចូល ហើយវីតាមីនប្រភេទនេះ មាននាទីការពារសក់កុំឲ្យសក់ស្ងួត និងមានសភាពស្រអាប់។ ក្នុងនោះផងដែរ វានឹងទៅជម្រុញក្រពេញសេបូម (ក្រពេញខ្លាញ់) នៅស្បែកក្បាលឲ្យបញ្ចេញសារធាតុប្រេងនៅលើសក់ ។ លោកអ្នកក៏អាចរកសារធាតុប្រភេទនេះនៅក្នុងបន្លែមួយចំនួនដូចជាការ៉ុត ល្ពៅ ស្វាយជាដើម។ ចង់បានសក់រឹងមាំ និងមានសុខភាពល្អ? សារធាតុរ៉ែស័ង្កសីដែលមាននៅក្នុងអាហារសមុទ្រដូចជាក្តាម បង្កង អ័យស្ទ័រ និងសាច់គោ បានចូលរួមធ្វើឲ្យសក់មានសភាពរឹងមាំ ហើយសុខភាពល្អ សូម្បីតែរោមភ្នែកក៏ឲ្យដុះលូតលាស់លឿន និងការពារមិនឲ្យជ្រុះដែរ។ បញ្ហាសក់ផុយស្រួយ? Walnut ជាប្រភពនៃវីតាមីនB7(Biotin) ដែលមានតួនាទីជួយពង្រឹងសក់របស់អ្នកឲ្យមានភាពរឹងមាំ កាត់បន្ថយសក់ជ្រុះ និងឲ្យសក់ដុះលូតលាស់លឿនថែមទៀងផង។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវវីតាមីន E ការពារការពុកផុយស្រួយនៃសរសៃសក់ដែលជាក្តីកង្វល់របស់លោកអ្នករាល់ពេលសិតសក់។ មានបញ្ហាសក់បែកចុង? តែបៃតងត្រូវបានគេជឿជាក់ថាជាប្រភេទតែដែលមានសមត្ថភាពអាចព្យាបាលសក់បែកចុងយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានផ្ទុកនូវសារធាតុវីតាមីនB5។ បន្ថែមពីនេះ វាក៏ជួយឲ្យសក់ទន់ និងមានដំណុះសក់ល្អ ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ លោកអ្នកអាចទទួលលទ្ធផលគាប់ប្រសើរនេះតាមរយៈការផឹកតែបៃតងផ្ទាល់ជារៀងរាល់ថ្ងៃ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន Health Time Corporation បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយសមាគមគ្រូពេទ្យឯកទេសចំនួន ៧ ដូចជា សមាគមគ្រូពេទ្យសើស្បែកកម្ពុជា សមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា សមាគមសម្ភពរោគស្ត្រីកម្ពុជា សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា សមាគមទន្តពេទ្យកម្ពុជា សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅទីតាំងសណ្ឋាគារសាន់វ៉េ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលយកគំនិតនិងយោបល់បន្ថែមពីសំណាក់សមាគមគ្រូពេទ្យឯកទេសទាំង៧ ដើម្បី Health Time Corporation ធ្វើការពង្រឹងសមត្ថភាពគុណភាពរបស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើក្នុងការបន្តចូលរួមចំណែកផ្តល់ជូននូវចំណេះដឹងស្តីពីផ្នែកសុខាភិបាលជូនដល់សាធារណជនឲ្យបានកាន់តែមាន​ប្រសិទ្ធភាព។ សបញ្ជាក់ផងដែរថា Health Time Corporation បានចូលរួមផ្សព្វផ្សាយចំណេះដឹងស្តីពីសុខភាពដល់សាធារណជនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្រុមហ៊ុនបានធ្វើការបោះពុម្ពផ្សាយនូវទស្សនាវដ្តីសុខភាពចំនួនបីមុខគឺ Health Time Student Kit, Health Time Pro, Health Time Pub ព្រមទាំងចេញផ្សាយអត្ថបទតាមរយៈគេហទំព័រ www.healthtime.tips។

ចែករំលែក

លោកអ្នកប្រហែលជាធ្លាប់បានលឺខ្លះៗហើយអំពីការប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូនរបស់ស្រ្តីនៅជុំវិញពិភពលោក រួមទាំងស្រ្តីកម្ពុជាផងដែរ…  យើងក៏ឃើញមានផងដែរនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្រ្តីដែលរៀបការរួច (អាយុចាប់ពី៣០ ដល់៥០ឆ្នាំ) ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យកាល់ម៉ែត។  ជាដំណឹងល្អមួយទៀតសម្រាប់ប្រជាជន ជាពិសេសស្រ្តីកម្ពុជា គឺនឹងមានការផ្សាយផ្ទាល់អំពី«វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»  •នៅទីណា?  ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  Calmette Hospital •ថ្ងៃណា? ថ្ងៃអង្គារ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧  •ម៉ោងប៉ុន្មាន? ម៉ោង ១២: ៣០ នាទី រសៀល •នរណាជាវាគ្មិន? លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែករោគវិនិច្ឆ័យជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសអូស្រ្តាលី និង បណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសប៊ែលហ្សិក។ សូមជួយផ្សព្វផ្សាយដំណឹងដ៏ល្អបន្តផង… លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺនេះជាមួយនឹងអត្ថបទសម្ភាសន៍ផ្ទាល់របស់ហេលស៍ថាម និងលោកស្រីវេជ្ជបណ្ឌិតតាមរយៈ Q&A on Cervical Cancer

ចែករំលែក

កាលពីអាទិត្យមុនបានណែនាំនូវស្នៀតខ្លះៗសម្រាប់អ្នកមានបំណងសារភាពស្នេហ៍ហើយ បើមានមិត្តអ្នកអានណាមិនទាន់បានអាននោះ អានចូលតាមតំណនេះ ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់ លឺពាក្យថាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬValentine's Day មនុស្សភាគច្រើនប្រហែលជានឹកគិតដល់ពេលវេលាផ្អែមល្អែមរវាងគូស្នេហ៍មិនខាន...តែក៏នៅមានអ្នកដែលមិនទាន់មានចំណងស្នេហាហ្នឹងគេដែរ (ចង់ធីបគេទុកចោលម៉េចបាន)...ថ្ងៃ១៤ កុម្ភៈ គឺសម្រាប់ទាំងអស់គ្នា មិនថាមានគូ ឬគ្មានគូនោះឡើយ...ហេតុនេះ ទើបពួកយើងសូមបង្ហាញនូវសកម្មភាពផ្សេងៗសម្រាប់អ្នកមិនទាន់រកម្ចាស់ចិត្តឃើញ នឹងអាលបានenjoyថ្ងៃពិសេសនេះហ្នឹងគេដែរ... តាមការពិតទៅ វាជាពេលវេលាដ៏ល្អក្នុងការផ្តល់នូវការចងចាំល្អៗ និងសេចក្តីស្រឡាញ់ដល់ខ្លួនឯង ក៏ដូចជាពេលវេលាដែលអ្នកអាចសិក្សាពីឯករាជ្យភាពរបស់អ្នកថាឈានដល់កម្រិតណាផងដែរ។ អញ្ចឹងសាកសកម្មភាពទាំងនេះហើយនៅ? 1.ទៅកន្លែងផ្តល់ចំណេះដឹង(មិនមែនឌឺទេណា!) ដូចជាសារមន្ទីរ  បណ្ណាល័យ ឬក្លិបសិក្សា បើសិនអ្នកជាមនុស្សចូលចិត្តរៀនសូត្រ ឬរីករាយនឹងការអាន ហើយនេះជាការផ្តល់ឲ្យខ្លួនឯងនូវចំណេះដឹងបន្ថែម ដែលអាចចាត់ទុកថាជាកាដូដ៏ល្អ និងមានប្រយោជន៍សម្រាប់អនាគត។ ដើម្បីឲ្យវាពិសេសបន្តិច អ្នកអាចឆ្លៀតកម្សាន្តខ្លះ ដូចជាថតរូបលេង ឬអានសៀវភៅថ្មីជាដើម។ 2.ចូលរួមកម្មវិធីកម្សាន្តពិសេសៗ សកម្មភាព និងកម្មវិធីកម្សាន្តមួយចំនួនដែលតែងតែធ្វើឡើងនៅថ្ងៃនោះដូចជា កម្មវិធីរត់ប្រណាំងដូចជា Couple Run (អាចរត់ជាមួយមិត្តភក្តិ ឬបងប្អូន) កម្មវិធីប្រគុំតន្ត្រី ឬពិព័រណ៍ជាដើម ដើម្បីកំដរថ្ងៃនេះឲ្យមានន័យ។ 3.ដាំដើមឈើ សកម្មភាពតូចមួយ តែជាការបង្ហាញនូវក្តីស្រឡាញ់ដ៏ធំធេងចំពោះពិភពលោកទាំងមូល ដែលជាចំណែកកាត់បន្ថយគ្រោះធម្មជាតិ និងបង្កើនភាពស្រស់ស្រាយឲ្យពិភពលោកទៀតផង។ 4.ដើរទិញឥវ៉ាន់ (មិនមាននរណាជូន ទិញជូនខ្លួនឯង) នឹកមើលថាតើមានអ្វីដែលអ្នកចង់បាន តែមិនទាន់បានទិញ? នេះជាឱកាសល្អក្នុងការយកលេសទិញឲ្យខ្លួនឯង ដោយមិនបាច់មានអារម្មណ៍មិនល្អលើការចំណាយ។ អ្នកក៏អាចឆ្លៀតទិញកាដូចជូនអ្នកមានគុណគ្រួសារ និងមិត្តជាទីស្រឡាញ់បានផងដែរ ដើម្បីចែករំលែកសេចក្តីសុខទៅគ្នាទៅវិញទៅមក និងបង្កើនភាពស្និទស្នាល។ 5.ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសិលា វគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសិលាល្អៗមួយចំនួនក៏អាចធ្វើឡើងនៅថ្ងៃនោះផងដែរ។ ដូចនេះ បើវាជាឱកាសអភិវឌ្ឍខ្លួនអ្នក បង្កើនទំនាក់ទំនង និងជាកិច្ចការដ៏មានន័យសម្រាប់ថ្ងៃនោះ ហេតុអ្វីក៏អាចឲ្យវារំលងហួសនោះ? 6.ចែករំលែកក្តីស្រឡាញ់ ចែករំលែកអាយុជីវិត ចូលរួមបរិច្ចាគឈាម ជាសកម្មភាពដ៏ប្រពៃដែលអ្នកគួរតែធ្វើ បើសិនជាអ្នកអាចធ្វើបាន ព្រោះអ្នកអាចចូលរួមជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃដែលល្អជាងសាងចេតិយ៧ជាន់ទៅទៀត ហើយជាទូទៅយុទ្ធនាការបរិច្ចាគឈាមក៏ច្រើនធ្វើនៅថ្ងៃនោះ ដែលអ្នកអាចជួបមនុស្សជាច្រើន និងអាចរីករាយជាមួយនឹងសកម្មភាពនានានៅក្នុងកម្មវិធីផងដែរ។ ដូចនេះ ទោះបីអ្នកគ្មានគូ សូម Double Check ទៅលើផែនការនៅថ្ងៃនៃក្តីស្រឡាញ់ម្តងទៀត ដើម្បី make sure ( ប្រាកដ) ថាអ្នកអាចធ្វើឲ្យថ្ងៃពិសេសក្នុងឆ្នាំនេះ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីខុសពីឆ្នាំមុនៗ ជាមួយនឹងរឿងល្អៗដែលអ្នកមិនធ្លាប់បានធ្វើ...

ចែករំលែក

ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី… តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ    ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន… ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។ ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។ ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។ ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។ ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។ ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។ ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។  ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។ ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…

ចែករំលែក

អ្នកធ្លាប់ស្រមៃចង់ទៅរៀននៅបរទេសដែរឬទេ? មានសិស្សនិស្សិតមិនតិចទេដែលតែងតែសង្ឃឹមថាខ្លួននឹងបានទៅបន្តការសិក្សានៅឯក្រៅប្រទេស ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់អាចសម្រេចក្ដីប្រាថ្នារបស់ខ្លួនបានទៅ?  ក្នុងអត្ថបទខាងក្រោមនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងនិសិ្សតអាហារូបករណ៍ដ៏ឆ្នើមមួយរូបគឺលោក ហេង វិបុល ហើយលោកក៏ជាអតីតសិស្សពូកែមេដាយមាសគណិតវិទ្យា និងទទួលបាននិទ្ទេស A លំដាប់ទី១ផងដែរ។ បើលោកអ្នកចង់ដឹងអំពីការចែករំលែកបទពិសោធន៍នៃការសិក្សាទាំងអស់នេះសូមអានអត្ថបទរបស់យើងខាងក្រោម.... ប្រវត្តិនៃការសិក្សា ជាអតីតសិស្សនៃអនុវិទ្យាល័យចតុមុខ និងបានបន្តទៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅថ្នាក់ទី១០ លោក ហេង វិបុល ក៏បានទទួលមេដាយមាសសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ថែមទាំងជាសិស្សនិទ្ទេស Aកម្រិតទី១ ក្នុងការប្រលងសញ្ញាបត្រចំណេះដឹងទូទៅទុតិយភូមិផងដែរ។  បន្ទាប់ពីបានបញ្ចប់វិទ្យាល័យ លោកបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដ សុខាភិបាលតែលោកសិក្សាបានតែរយៈពេល៣ឆ្នាំប៉ុណ្ណោះលោកក៏បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកផ្នែកគីមីវិទ្យា និងជីវវិទ្យានៃសាកលវិទ្យាល័យ Grambling State University ។  បន្ទាប់ពីសិក្សាអស់រយៈពេល២ឆ្នាំ លោកក៏បានផ្លាស់ប្ដូរទៅសាកលវិទ្យាល័យ Yale University ដោយរៀនមុខវិជ្ជា Molecular Biophysics in Biochemistry ដែលផ្ដោតសំខាន់ទៅលើការសិក្សាពីភាគល្អិតដោយបង្កើតជាទ្រឹស្ដីជីវរូបវិទ្យា និងជីវគីមីវិទ្យា។  ដើម្បីចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ដនៅសហរដ្ឋអាមេរិក គេតម្រូវឲ្យនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដ៤ឆ្នាំជាមុនសិនទើបអាចដាក់ពាក្យចូលរៀនបាន។ ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅទីនោះមានរយៈពេល៤ឆ្នាំដែលមានលក្ខណៈខុសប្លែកពីប្រទេសកម្ពុជា ដោយឡែកចំពោះរូបលោកផ្ទាល់ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្រ្ដដែលត្រូវបន្តការសិក្សារហូតទៅដល់៨ឆ្នាំបន្ថែមទៀតដោយសព្វថ្ងៃនេះលោកនៅជានិសិ្សតឆ្នាំទី២នៅឡើយ និងបណ្ឌិតផ្នែកស្រាវជ្រាវប្រសាទសាស្រ្ត(ឆ្នាំ២០១៦)។ គន្លឹះក្នុងការទទួលបានអាហារូបករណ៍ ក្នុងការសិក្សាយើងគួរតែខិតខំសិក្សានៅក្នុងថ្នាក់ឲ្យបានពូកែ និងដើម្បីមានលទ្ធភាពនឹងប្រលងជាសិស្សពូកែដោយបច្ចុប្បន្នមានសិស្សពូកែគណិតវិទ្យា រូបវិទ្យា និងអក្សសាស្រ្ដខ្មែរ ក្រៅពីនោះ ការដែលទទួលបាននិទ្ទេសល្អនៅពេលប្រលងសញ្ញាបត្រទុតិយភូមិក៏ជាគុណសម្បត្តិមួយផងដែរ។  ចំណុចដែលសំខាន់នៅពេលដែលចង់ដាក់ពាក្យទៅសិក្សានៅ ក្រៅប្រទេស គឺយើងត្រូវពង្រឹងផ្នែកភាសាឲ្យបានល្អជាក់ស្ដែងនៅពេលដែលលោកប្រលងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកគឺគេតម្រូវឲ្យធ្វើតេស្ដភាសាអង់គ្លេស SAT ដែលជាតេស្ដភាសាស្តង់ដាអន្តរជាតិដែលមិនត្រឹមតែនិស្សិតបរទេសនោះទេសូម្បីតែសិស្សជនជាតិអាមេរិកផ្ទាល់ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យក៏តម្រូវឲ្យឆ្លងកាត់តេស្ដនេះផងដែរ។  ក្រៅពីការសិក្សា យើងក៏គួរតែចូលរួមចំណែកក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តមួយចំនួន ដែលវាអាចជួយជម្រុញ ឬបន្ថែមសក្ដានុពលទៅលើប្រវត្តិរូបសង្ខេប(CV)របស់យើង។ វិធីសាស្រ្តក្លាយជាសិស្សពូកែ ពេលរៀនថ្នាក់វិទ្យាល័យក្រៅពីសិក្សានៅសាលារដ្ឋ លោកបានចំណាយពេលទំនេរបស់លោកទៅសិក្សាថ្នាក់ក្រៅម៉ោងបន្ថែមនៅសាលារៀនគួរជ័យថាវី ដោយសារតែលោកជាអតីតសិស្សពូកែគណិតវិទ្យាតាំងពីថ្នាក់ទី៩ដូច្នេះលោករៀនគួរគណិតវិទ្យាបន្ថែមច្រើនដោយខិតខំប្រឹងប្រែងសិក្សាពីលំហាត់ និងស្វែងយល់ពីទ្រឹស្ដីផ្សេងៗដើម្បីពង្រឹងសម្ថភាពទៅប្រលងសិស្សពូកែនៅថ្នាក់ទី១២។  ក្រៅពីនោះ លោកបានជួយក្នុងការងារសង្គមមួយចំនួនដូចជា ចុះជួយធ្វើការងារបរិស្ថាន ជួយបង្រៀនក្មេងកំព្រា និងឆ្លៀតពេលរៀនភាសាបន្ថែម។ ជាក់ស្ដែងសព្វថ្ងៃនេះលោកអាចនិយាយបានរហូតដល់ទៅ៤ភាសាដូចជា ខ្មែរ ចិន បារាំង និងអង់គ្លេស។  ភាពលំបាកក្នុងការសិក្សានៅបរទេស មិនមានអ្វីដែលជាបញ្ហាចោទប៉ុន្មានទេដោយសារតែលោកបានត្រៀមខ្លួនរួចរាល់ហើយក៏មានន័យថាលោកមានសមត្ថភាពគ្រប់គ្រាន់ទៅប្រកួតប្រជែងជាមួយនឹងជាតិសាសន៍គេផងដែរ ប៉ុន្តែដោយសារតែកម្មវិធីសិក្សានៅប្រទេសកម្ពុជាមានកង្វះខាតមួយចំនួនផ្នែកប្រវត្តិសាស្រ្ដអក្សរសិល្ប៍របស់សហរដ្ឋអាមេរិក (History and  Literature) របៀបនៃការសរសេរជាភាសារអង់គ្លេសក៏ មានលក្ខណៈខុសគ្នាមួយចំនួន សូម្បីតែថ្នាក់តន្រី្ដ ឬសិល្បៈក៏តម្រូវឲ្យសិក្សាដែរ។ កង្វះខាតទាំងអស់នេះវាតម្រូវឲ្យលោកត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យការសិក្សារបស់លោកដើរទន្ទឹមនឹងគេព្រោះតែនេះជាចំណេះដឹងទូទៅរបស់សិស្សវិទ្យាល័យនៅឯសហរដ្ឋអាមេរិក។  ចំណុចសំខាន់មួយទៀតដែលកម្មវិធីសិក្សារបស់ជាតិយើងខ្វះខាតនោះ គឺការធ្វើពិសោធន៍ផ្ទាល់ដែលនៅពេលដែលរៀនថ្នាក់វិទ្យាល័យយើងគ្រាន់តែចេះទ្រឹស្ដីដូចជានៅក្នុងមេរៀនរូបវិទ្យា និងគីមីវិទ្យាប៉ុន្តែយើងពុំបានអនុវត្តផ្ទាល់នោះទេ តែផ្ទុយទៅវិញ សាស្រ្ដាចារ្យនៅទីនោះបែរជាយល់ថាយើងមានចំណេះដឹងផ្នែកនេះរួចទៅហើយ ដូច្នេះត្រង់ចំណុចនេះយើងត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ឬសុំឲ្យសិស្សច្បងពន្យល់ និងបង្រៀនបន្ថែមដើម្បីតាមឲ្យទាន់កម្មវិធីសិក្សា។ បរិយាកាសសិក្សានៅក្រៅប្រទេស នៅពេលទៅដល់ទីនោះដំបូងនិស្សិតទាំងអស់តម្រូវឲ្យចូលរួមក្នុងវគ្គ International Orientation Program ដែលធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ស្គាល់គ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូន និងណែនាំនិស្សិតជំនាន់ថ្មីឲ្យស្គាល់ពីបរិវេណសាលារៀនដូចជាបណ្ណាល័យ អាហារដ្ឋាន ក៏ដូចជាសាលសិក្សាជាដើម។  ក្រៅពីការរៀនហើយ នៅទីនោះយើងត្រូវតែសម្របខ្លួនជាមួយនឹងបរិយាកាសវប្បធម៌ដ៏សម្បូរបែប ការទំនាក់ទំនង និងរបៀបលើកដាក់សម្លេងរបស់ជនជាតិគេដើម្បីសម្រួលក្នុងជីវភាពក៏ដូចជាការចូលក្នុងសង្គមផងដែរ។ ដោយសារតែសាកលវិទ្យាល័យដែលលោកបាន និងកំពុងតែសិក្សាគឺជាសាកលវិទ្យាល័យអន្តរជាតិដែលអាចធ្វើឲ្យលោកស្គាល់ និងយល់ដឹងពីវប្បធម៌បរទេសជាច្រើនដោយពុំមានការរើសអើងគ្នាឡើយហើយក្នុងនោះក្រៅពីការសិក្សាហើយសាកលវិទ្យាល័យក៏បានរៀបចំឲ្យនិស្សិតចូលរួមជាមួយនឹងសមាគម ឬអង្គការនានា និងចូលរួមសកម្មភាពសង្គមទៀតផង។  នៅពេលដែលចូលដល់រដូវវិស្សមកាលម្ដងៗ មាននិស្សិតមួយចំនួនបានចេញទៅរកការងារក្រៅម៉ោងធ្វើចំពោះរូបលោកក៏មិនខុសគ្នាផងដែរដោយរូបលោកព្យាយាមទៅបម្រើការងារជូនមន្ទីរពិសោធន៍នានាក្នុងគោលបំណងងាយនឹងទទួលបានឱកាសណាមួយដាក់ពាក្យចូលរៀនផ្នែកវេជ្ជសាស្ដ្រ។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏មានពាក្យពេចន៍ខ្លះចែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកដែលមានបំណងទៅសិក្សានៅប្រទេសក្រៅដែរថា «ជីវភាពដែលរស់នៅក្រៅប្រទេសតែម្នាក់ឯងដំបូង គឺមិនងាយស្រួលនោះឡើយ ដូច្នេះយើងគួរតែមានភាពម្ចាស់ការលើខ្លួនឯងចេះរបៀបរៀបចំគម្រោងផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ រៀនរស់នៅដោយឯករាជ្យ ហើយត្រូវរៀនទម្លាប់ក្នុងការរស់នៅ និងវប្បធម៌របស់គេដែលវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរស់នៅឯបរទេស។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។ ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។ តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។  បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។ តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។ តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា     អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។ តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។ ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។

ចែករំលែក

«កុមារណាក៏អាចជាកុមារឆ្លាតបានដែរ» ដរាបណាគាត់រៀនបានត្រឹមត្រូវតាមអ្វីដែលគ្រូ បង្រៀន បូកផ្សំនឹងឳពុកម្តាយដែលជឿជាក់លើកូន លើកទឹកចិត្តដល់កូន ព្រមទាំងផ្តល់ពេលវេលាឲ្យ កូនសិក្សានៅផ្ទះ។ ជាមួយនឹងកម្មវិធីសិក្សាដោយប្រើប្រាស់ក្បាច់គិតលេខបុរាណចិន (Abacus)ជាមូលដ្ឋាន ដែលប្លែកពីស្ថាប័នដទៃ UCMAS Cambodia បាន និងកំពុងបង្ហាត់បង្រៀនកុមារជាច្រើននាក់ ហើយKonexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយនឹងកញ្ញា ហេង រចនា ដែលជានាយកគ្រប់គ្រងផ្ទាល់ ដែល កញ្ញាក៏បានបញ្ជាក់ថា យូស៊ីម៉ាស់(UCMAS) ត្រូវបានបង្កើតដោយបណ្ឌិតសាស្ត្រាចារ្យលោកឌីណូ វង្ស(Prof.Dr. Dino Wong)ជាជនជាតិចិនម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងអភិវឌ្ឍខួរក្បាលកុមារជាទូទៅហើយពិសេសគឺកុមារដែលមានអាយុចាប់ពី៤-១២ឆ្នាំ ឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ខួរក្បាលទាំងឆ្វេង និង ស្តាំឲ្យមានថាមពលខ្លាំង។ ជំនាញក្នុងស្ថាប័ន ជំនាញពិសេសរបស់ស្ថាប័នរបស់យើង គឺបង្រៀនឲ្យកុមារពូកែចងចាំ ផ្តោតអារម្មណ៍ សង្កេត ពូកែស្តាប់ ច្នៃប្រឌិត និង ដោះស្រាយបញ្ហាដោយមានភាពជឿជាក់ខ្ពស់ ដែលជាមូលដ្ឋានគ្រឹះនៃការស្រឡាញ់ការសិក្សា និងទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជីវិតរបស់គាត់។  ជាពិសេស កម្មវិធីនេះជួយឲ្យពួកគេ «គណនាលេខយ៉ាងលឿនដោយប្រើប្រាស់ខួរក្បាលលឿនជាងម៉ាស៊ីនគិតលេខ»។ពេលដែលកុមាររៀនចប់ទាំង១០កម្រិត ពួកគេអាចគិតលេខ បូក ដក គុណ ចែក ប្រភាគ ប្ញសការេពីខ្ទង់រាយដល់ខ្ទង់លាន ក្នុងរយៈពេលតិចជាង១នាទី។ អំពីការបង្រៀន •អាយុចូលរៀនរបស់កុមារ      តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការអភិវឌ្ឍខួរក្បាលប្រកបដោយភាពជោគជ័យ និងជម្រុញឲ្យមានសក្តានុពលរបស់ខួរក្បាលកុមារ គឺកើតឡើងក្នុងអំឡុង១២ទៅ១៣ឆ្នាំរបស់កុមារ ហើយមូលហតុដែលយើងទទួលសិស្សពីអាយុ៤ឆ្នាំ ពីព្រោះពួកគាត់ធំល្មមក្នុងការបង្រៀន និង ចេះនិយាយទំនាក់ទំនងគ្នាបានក្នុងថ្នាក់រៀន។ •ជំនាញនៃការបង្រៀន កម្មវិធីUCMAS គឺចង់អភិវឌ្ឍខួរក្បាលកុមារតាមរយៈសកម្មភាពនៅក្នុងថ្នាក់តាមរយៈគ្រូប្រចាំថ្នាក់ ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ពីប្រទេសម៉ាឡេស៊ី។ បច្ចេកទេសក្នុងការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់របស់យើង គឺផ្អែកលើបែបបទគរុកោសល្យ ដោយអ្នកជំនាញផ្នែកអភិវឌ្ឍកុមារ និងទទួលស្គាល់ពីសមាគមអប់រំកុមារតូចរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាកូនសិស្សរបស់យើងទទួលបានផលប្រយោជន៍ និងជោគជ័យនៅក្នុងកម្មវិធីយើងនេះ។ •លក្ខណៈពិសេសនៃកម្មវិធីសិក្សា ការអប់រំមានលក្ខណ:ល្អប្លែកពីគេ ដោយពួកយើងបង្កើនការគិតរបស់កុមារទាំងមូលតាមរយៈ៖ ១.ការគិតក្នុងរូបភាព ៖  សិស្សបង្កើនសមត្ថភាពចងចាំតាមរយៈការស្រមៃដោយផ្ទុកតួលេខក្នុងខួរក្បាលរបស់គេ នៅពេលដែលគេកំពុងរៀនក្បាច់គិតលេខចិន (Abacus)។ ២.បង្រៀនកុមារឲ្យមានភាពរហ័សក្នុងភាពឆ្លាតវៃ ៖  តាមរយៈការស្តាប់ និង ការមើលកាត(FlashCard)។  ៣.បង្រៀនកុមារឲ្យគិតលឿន និងធ្វើលឿន ៖ ការបណ្តុះបណ្តាលទាក់ទងនឹងល្បឿនជួយដល់សិស្សឲ្យស្តាប់យ៉ាងយកចិត្តទុកដាក់ និងឆ្លើយតបទៅនឹងសំណួរយ៉ាងរហ័ស សម្លៀងការយកចិត្តទុកដាក់ និង ការផ្តោតអារម្មណ៍ឲ្យល្អប្រសើរ។ ៤.បង្រៀនកុមារឲ្យពូកែវិទ្យាសាស្រ្តពិត ការគណនាលេខ  និង គណិតវិទ្យា ៖  ការគណនាគ្រាប់Bead របស់ Abacus ជួយឲ្យសិស្សមានចំណង់ចំណូលចិត្តរៀនគណិតវិទ្យាដូចជា៖  ប្រព័ន្ធ គោល១០ ទំនាក់ទំនងលេខ ការកំណត់ខ្ទង់របស់លេខ ការខ្ចី និង ការត្រាទុក ការបូកផ្សំ និង កន្សោមលេខ។ សកម្មភាពក្រៅម៉ោងសិក្សា មានអាណាព្យាបាលមួយចំនួនគិតថាកាលណាកូនរៀនច្រើន ខ្លាចកូនមានបញ្ហាខួរក្បាល ឬក៏ទប់ទល់មិនបាន។ ប៉ុន្តែបើយើងក្រឡេកមើលទៅប្រទេសជឿនលឿន គេមានកម្មវិធីបន្ថែមច្រើនណាស់ ដូចជាកម្មវិធី កីឡា គូររូប របាំ កម្មវិធីបំប៉នគណិត ។ល។ ពួកគេរៀនច្រើនម៉ោងជាងយើងទៀត មិនដែលឃើញកុមារណាមានបញ្ហាដោយសារការរៀនច្រើននោះទេ ប៉ុន្តែមានតែភាពឆ្លាតវៃជាងមុន និងសមត្ថភាពខ្ពស់ក្នុងការសិក្សា និង ការងារនាពេលអនាគត។  ដូច្នេះ  នេះ គឺជាឱកាសមួយសម្រាប់ប្រទេសរបស់យើងក្នុងការបង្កើតធនធានមនុស្សវិទ្យាសាស្ត្រចាប់ពីពេលនេះតទៅ។កុមារណាដែលពូកែលេខ និងវិទ្យាសាស្រ្តពិត ជាទូទៅគឺជាមនុស្សឆ្លាតគ្រប់មុខវិជ្ជា។ សារជូនដល់មិត្តអ្នកអាន ប្រសិនបើអស់លោកអ្នកចង់បង្កើនសមត្ថភាពការគិតរបស់កូន គួរសាកល្បងបញ្ជូនកូនឲ្យសិក្សាកម្មវិធី UCMAS ដែលមានប្រជាប្រិយភាពនៅលើពិភពលោកសរុបមាន៦៣ប្រទេស និងត្រូវបានទទួលស្គាល់ពី ISO, កំណត់ត្រាពិភពលោក, UKAS, សមាគមអប់រំកុមារតូចពីសហរដ្ឋអាមេរិក។ ម្យ៉ាងទៀត កម្មវិធីនេះត្រូវបានសិក្សាស្រាវជ្រាវក្នុងសាកលវិទ្យាល័យជាច្រើននៅលើពិភពលោកថា ជាកម្មវិធីមួយដែលជួយកុមារមានភាពឈ្លាសវៃ និងពូកែទាំងលេខនព្វន្ត ចំណោទ គណិត និងរៀនមុខវិជ្ជាដទៃទៀតក៏ពួកគាត់រៀនពូកែដែរ។

ចែករំលែក

ស្រកទម្ងន់ជោគជ័យក៏អាស្រ័យនឹងភាពឆ្លាតរបស់អ្នកដែរ  មិនមែនគ្រប់សកម្មភាពសុទ្ធតែមានប្រយោជន៍   តែក៏មិនមែនគ្រប់ចំណុចសុទ្ធតែត្រូវចៀសវាងនោះទេ អញ្ចឹង  តើចំណុចណាខ្លះដែលអ្នកគួរធ្វើ    និងណាខ្លះមិនគួរធ្វើ? Dos 1.ញ៉ាំអាហារឲ្យបានទៀងទាត់៖    វាពិតជាមានសារសំខាន់បំផុត   ដែលជួយដល់ការសម្រកទម្ងន់។ ទោះជាអំឡុងពេលតមអាហារក៏ដោយ ក៏មិនត្រូវ អត់អាហារមួយពេលណាមួយឡើយ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី   ប៉ុន្តែក្នុងបរិមាណសមរម្យ។ 2.ព្យាយាមធ្វើអាហារដោយខ្លួនឯង៖  ទោះជាអាហារដែលធ្វើខ្លួនឯង    ពេលខ្លះរសជាតិពិបាកទទួលយកបន្តិច តែយ៉ាងហោចណាស់អ្នកក៏ដឹងថាក្នុងម្ហូបរបស់អ្នកមានគ្រឿងផ្សំអ្វីខ្លះ ហើយក៏អាចដឹងថាវាល្អសម្រាប់អ្នកឬក៏អត់ដែរ។ 3.គួរធ្វើចលនា បន្ទាប់ពីញ៉ាំអាហារ៖  ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម    ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។ 4.ញ៉ាំទឹកឲ្យបានច្រើន៖  មិនមែន ពេលនឹកឃើញទើបញ៉ាំឲ្យច្រើនទេ តែគួរញ៉ាំ ម្តងបន្តិចតែញឹកញាប់។  5.បិទរូប Idol របស់អ្នក៖  យករូប Idol ដែលអ្នកចង់បានរូបរាងដូចគាត់ មកធ្វើជាការលើកទឹកចិត្ត។ ប្រៀបដូចជាការដាស់ញាណកុំឲ្យភ្លេចនូវអ្វីដែលអ្នកកំពុងធ្វើ។  6.ធ្វើបញ្ជីសម្រាប់ទៅផ្សារ៖  កំណត់អ្វីដែលត្រូវទិញឲ្យច្បាស់ ចៀសវាងការទិញរបស់ដែលញ៉ាំទៅឡើងគីឡូ ដូចជានំកញ្ចប់ ឬប័រសណ្តែកជាដើម។   ពេលទៅផ្សារត្រូវធ្វើតាមបញ្ជីអាហារ ដើម្បីគ្រប់គ្រងលើការញ៉ាំរបស់ខ្លួន។ 7.អានស្លាកសញ្ញាលើកញ្ចប់អាហារ៖  គួរព្យាយាមមើលស្លាកសញ្ញាអាហាររូបត្ថម្ភ ដែលដាក់បង្ហាញលើកញ្ចប់ដើម្បីជ្រើសរើស   អាហារដែលមានជាតិស្ករ និងខ្លាញ់ទាប។ 8. សម្ភារៈផ្ទះបាយ អ្នកគួរប្រើប្រាស់របស់របរក្នុងផ្ទះបាយដែលជួយជម្រុញទឹកចិត្តអ្នក  ដូចជាប្រើចាន ឬឆ្នាំងតូច ខ្យូតៗ ដែលអាចឲ្យអ្នកញ៉ាំអាហារតិចជាងមុន។ Dont’s 1.កុំរំលងអាហារពេលព្រឹក៖    ការមិនញ៉ាំអាហារពេលព្រឹក មិនអាចជួយអ្នកឲ្យស្រកទម្ងន់បានទេ។ បើអ្នកធ្វើដូចនេះ  អ្នកនឹងបាត់បង់អាហារូបត្ថម្ភដ៏សំខាន់ ដើម្បីទ្រទ្រង់អ្នកសម្រាប់ថ្ងៃថ្មី និងធ្វើឲ្យអ្នកញ៉ាំអាហារសម្រន់ច្រើនជាងធម្មតា   ទប់ទល់នឹងការឃ្លាន។ 2.កុំធ្វើលំហាត់ប្រាណធ្ងន់ធ្ងរពេក៖  ការហាត់ប្រាណបានរួមចំណែកក្នុងការសម្រកទម្ងន់ តែកុំធ្វើវាឲ្យខ្លាំងក្លាពេក  ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង និងអាចធ្វើឲ្យមានបម្រែបម្រួលដល់ការញ៉ាំអាហាររបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរកំណត់មិនឲ្យលើសពី ៣០នាទី និង៣ ទៅ៥ថ្ងៃទេក្នុងមួយសប្តាហ៍។  3.កុំស្តុកទុកអាហារកញ្ចប់នៅក្នុងផ្ទះ៖   ស្បៀងអាហារសម្រាប់ញ៉ាំនៅផ្ទះ មិនគួរជាប្រភេទសូកូឡា នំស្រួយ ឬភេសជ្ជៈដែលមានឧស្ម័នច្រើន ព្រោះវាជាឧបសគ្គក្នុងការសម្រកទម្ងន់របស់អ្នក។ ជំនួសឲ្យអាហារទាំងនោះអ្នកគួររក្សាទុកអាហារដែលមានសុខុមាលភាពដូចជា ផ្លែឈើ នំធ្វើពីស្រូវសាលី ឬគ្រាប់ធញ្ញជាតិផ្សេងៗ និងទឹកផ្លែឈើដែលគ្មានជាតិហ្គាស សម្រាប់ញ៉ាំលេង។ 4.កុំញ៉ាំពេលមើលទូរទស្សន៍ ឬកំពុងធ្វើការ៖  ការធ្វើសកម្មភាពអ្វីមួយបណ្តើរ ញ៉ាំបណ្តើរ មិនមែនជាទង្វើត្រឹមត្រូវទេ   ព្រោះអ្នកមិនបានយកចិត្តទុកដាក់លើការញ៉ាំហើយអាចឈានដល់ការញ៉ាំលើសបរិមាណកំណត់។  5.កុំមើលរូបភាពអាហារក្នុងFacebook៖   កុំសូវLike page អាហារច្រើនពេក និងមើលរូបភាពអាហារពិសេសនៅពេលយប់ ព្រោះវាអាចភ្ញោចការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យអ្នកឃ្លានបាន។ 6.កុំចូលគេងយប់ជ្រៅពេក៖   ការចូលគេងយប់ជ្រៅ ហើយចាំគេងសងពេលថ្ងៃ   បានបង្កើនការឃ្លានអាហារ ធ្វើឲ្យអ្នកញ៉ាំអាហារ ច្រើនជាងធម្មតានិងងាយឡើងទម្ងន់ទៀតផង។   ការគេងមិនបានគ្រប់គ្រាន់  ធ្វើឲ្យខ្លួនអ្នកត្រូវការជាតិស្ករ និងខ្លាញ់ច្រើនជាងមុន។ 7.កុំទៅហាត់ប្រាណតែឯង៖   គួរតែទៅហាត់ប្រាណជាមួយមិត្ត ឬបង្កើនមិត្តភាពឲ្យបានច្រើននៅកន្លែងហាត់ប្រាណ   ដើម្បីមានគ្នាជជែកលេង កុំឲ្យអផ្សុក និងអាចជួយដាស់តឿនគ្នា កុំឲ្យភ្លេចពេលទៅហាត់ប្រាណ។ 8.កុំខ្លាចនឹងនិយាយពាក្យថា «ទេ»៖  ការជួបមិត្តភក្តិញ៉ាំអាហារជុំគ្នាតែងតែមាន  តែកុំឲ្យញឹកញាប់ពេកអី។  អ្នកអាចរកលេសអីផ្សេងៗ ឬប្រាប់ថាអ្នកកំពុងសម្រកទម្ងន់ ដើម្បីបដិសេធចំពោះការជួបជុំនានា។ ជាចុងក្រោយ នៅតែចំណុចមួយទៀតទេ   គឺថាអ្នកចង់ធ្វើវា ឬក៏អត់...កុំបានតែអាន ឬស្តាប់ហើយ ក៏មិនចេញជាសកម្មភាពអ្វីសោះនោះ...ហើយដើម្បីសម្រេចគោលបំណងធំ បានអ្នកមិនគួរមើលរំលងចំណុចតូចៗខាងលើនេះទេ...

ចែករំលែក
Top