
- Feb 09, 2017 |
- 8 ឆ្នាំមុន |
- 3.4K មើល
ស្វែងយល់ពីEuroCham Cambodia និងវប្បធម៌ជំនួញបែបអឺរ៉ុប
Konexgensខណៈនេះ សូមធ្វើការណែនាំនូវEuroChamCambodia តាមរយៈអត្ថបទសម្ភាសជាមួយនឹងក្រុមការងារផ្នែកគ្រប់គ្រង និងនាយកប្រតិបត្តិផ្ទាល់…. ខ្លះៗអំពីEuroCham Cambodia European Chamber of Commerce (សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា) គឺជាបណ្តាញនៃជំនួញនៃប្រទេសលោកខាងលិចដែលធំជាងគេបង្អស់នៅកម្ពុជា ដែលមានសមាជិកចំនួន២៥០ បើគិតដល់ត្រឹមខែធ្នូឆ្នាំ២០១៦នេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្នុងគោលបំណងជួយជម្រុញជំនួញសហភាពអឺរ៉ុបនៅ ក្នុងប្រទេសកម្ពុជា ជួយក្រុមហ៊ុនអឺរ៉ុបចូលក្នុងប្រ-ទេសកម្ពុជា និងបង្កើតបណ្តាញទំនាក់ទំនងរវាងបណ្តាសមាជិកតាមរយៈកម្មវិធីផ្សេងៗ។ លក្ខខណ្ឌនៃការចូលជាសមាជិក ក្រុមហ៊ុនដែលអាចគ្រប់តាមលក្ខខណ្ឌសុទ្ធតែអាចចុះឈ្មោះជាសមាជិករបស់EuroCham ទោះបីជាមានតែក្រុមហ៊ុនសហភាពអឺរ៉ុប (ឬក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងសហគមន៍អឺរ៉ុប)ទើបមានសិទ្ធិបោះឆ្នោត។ យ៉ាងណាមិញ ភាគច្រើននៃសមាជិករបស់យើង គឺក្រុមហ៊ុនខ្មែរ។ ចំណុចពិសេសនៃសមាជិកភាព • សមាជិកមានទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ពួកយើងផ្តល់ធនធាន ដល់ពួកគេ ដើម្បីរៀបចំគណៈកម្មការតាមវិស័យនីមួយៗ ដូចនេះ ពួកគាត់អាចធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលអនុសាសន៍ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា។ • នៅពេលដែលបានក្លាយជាសមាជិករបស់យើងហើយ ពួកគេអាចនឹងពង្រីកវិសាលភាពឲ្យបានធំឡើងនៅក្នុងប្រទេសកម្ពុជា។ ពួកគេអាចបង្កើតវីដេអូផ្សព្វផ្សាយបង្ហាញនៅក្នុងគេហទំព័របណ្តាញសង្គមហ្វេសប៊ុក បង្ហោះការងារនៅក្នុងគេហទំព័រផ្សេងៗ និងបង្ហោះព្រឹត្តិការណ៍ ឬកម្មវីធីពិសេសៗ ហើយតាមរយៈវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយបែបនេះ យើងប្រាកដថាព័ត៌មាននឹងបានទៅដល់អតិថិជនជាច្រើន។ • សមាជិកភាពអាចអនុញ្ញាតឲ្យក្រុមហ៊ុនចូលទៅក្នុងបណ្តាញដូចជា នាយកប្រតិបត្តិ មន្ត្រីរដ្ឋាភិបាល អ្នកការទូត និងអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា។ សមាជិករបស់យើងបានចូលទៅកៀកនឹងរដ្ឋមន្ត្រីដែលមានអំណាចមួយចំនួននៅក្នុងវេទិកាកម្មវិធីផ្សេងៗ ដែលអាចឲ្យពួកគេបង្កើតនូវទំនាក់ទំនងជំនួញដ៏មានតម្លៃជាច្រើន នៅក្នុងកម្មវិធីបង្កើតបណ្តាញទំនាក់ទំនង(Networking events) ដ៏មានប្រជាប្រិយភាពរបស់ យើង។ • សមាជិកក៏ទទួលបានការបញ្ចុះតម្លៃទៅលើកម្មវិធីដែលមានដល់ទៅជាង៤០ ដែលត្រូវបានរៀបចឡើងជារៀងរាល់ឆ្នាំ។ ចំណុចវិជ្ជមានលើវិស័យជំនួញនៅក្នុងប្រទេសកម្ពុជាពីEuroCham Cambodia ឧទាហរណ៍ជាក់ស្តែងមួយ គឺសកម្មភាពដែលយើងកំពុងតែធ្វើជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នទៅលើកូដពន្ធ។ អគ្គនាយកដ្ឋានពន្ធដារអនុម័តច្បាប់តាមប្រព័ន្ធចាស់គឺយកពន្ធ ១% ទៅលើប្រាក់ចំណូល មិនមែនប្រាក់ចំណេញទេ។ សកម្មភាពនេះមើលទៅដូចជាសមហេតុផលនៅក្នុងស្ថានភាពជាច្រើន ប៉ុន្តែចំពោះការរកស៊ីដែលប្រតិបត្តិនៅក្នុងកម្រិតទាបពន្ធនោះគឺយកឡើងទៅដល់៥០%នៃប្រាក់ចំណេញរបស់គាត់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ពួកយើងបានពិភាក្សាជាមួយនឹងនាយកដ្ឋានពន្ធដារដោយមានការឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល(ប្រធាននាយកដ្ឋានពន្ធដារ) មានប្រសាសន៍នៅក្នុងកម្មវិធីវេទិកាពន្ធរបស់EuroChamថា«លោកនឹងពិចារណាឡើងវិញចំពោះបទបញ្ញត្តិពន្ធនេះ»។ បន្ទាប់ពីបានស្គាល់ពីEuroChamហើយ ដល់វេលាទៅក្រលេកមើលពី«ចំណុចគួរយល់ដឹងពីវប្បធម៌ការងារ និងជំនួញបែបអឺរ៉ុប»វិញម្តង… គុណប្រយោជន៍នៃការយល់ដឹងពីវប្បធម៌សម្រាប់សមាជិក EuroCham វាពិតជាមានសារ សំខាន់ណាស់ ដោយហេតុថាប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុបមានការគិតខុសគ្នា ដូចនេះ ដើម្បីឲ្យទំនាក់ទំនងមានភាពរលូន ដំបូង គឺត្រូវស្វែងយល់អំពីមនុស្សដែលនៅចំពោះមុខ ហើយត្រូវចាំក្នុងចិត្តថានានាភាពនៃវប្បធម៌នឹងអាចកើតមានឡើង ហើយការយល់ដឹងពីភាពខុសគ្នានោះ នឹងជួយបង្ការជម្លោះ និងការយល់ច្រឡំផ្សេងៗ ។ អត្ថប្រយោជន៍នៃការយល់ដឹងពីវប្បធម៌ចំពោះសហគ្រិន វាបណ្តុះនូវទំនុកចិត្ត និង ការជឿជាក់ទៅលើដៃគូសហការបរទេសរបស់អ្នក ដែលជាកាតាលីករជម្រុញដំណើរការចរចា ដែលអាចឲ្យអ្នករៀនពីវិធីដោះស្រាយជាមួយនឹងជនជាតិអឺរ៉ុបទៅថ្ងៃអនគត។ គន្លឹះគួរយល់ដឹងពីការជួបលើកដំបូងជាមួយនឹងក្រុមហ៊ុនអឺរ៉ុប • ចៀសវាងការនិយាយតែអំពីខ្លួនឯង • ត្រូវបញ្ចុះបញ្ចូលអ្នកដែលនៅចំពោះមុខអ្នកអំពីអ្វីដែលអ្នកអាចផ្តល់ដល់ក្រុមហ៊ុនពួកគេ ព្រមទាំង វិធីសាស្ត្រក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ដោយធ្វើការស្វែងយល់អំពីដៃគូរបស់អ្នក និងអ្វីដែលពួកគេរំពឹងទុក • ត្រូវបងា្ហញនូវភាពស្មោះត្រង់ ដោយកុំព្យាយាមលាក់បាំង ហើយខំប្រឹងសម្របតាមគ្រប់ពេល • ក្នុងករណីមានកិច្ចប្រជុំសំខាន់ ឬការណាត់ជួបសំខាន់ អ្នកគួរធ្វើការសិក្សាស្រាវជ្រាវតាមប្រភព ផ្សេងៗឲ្យបានច្រើន ដើម្បីត្រៀមខ្លួនរួចជាស្រេច។ ខ្លឹមៗដែលគួរយល់ដឹងអំពីជំនួញបែបអឺរ៉ុប ត្រូវតែនិយាយចំៗដោយមិនបញ្ឆិតបញ្ឆៀងនៅពេលដែលនិយាយជាមួយជនជាតិអឺរ៉ុប។ ជនជាតិកម្ពុជាតែងមានវប្បធម៌ទុកមុខមាត់ឲ្យគ្នា ដែលមិនចាំបាច់អនុវត្តចំពោះជនជាតិអឺរ៉ុបឡើយ។ ជនជាតិអឺរ៉ុបឲ្យតម្លៃទៅលើភាពស្មោះត្រង់ និងបញ្ហាជាក់ស្តែង ជាងការរក្សាមុខមាត់ និងភាពភ័យខ្លាចខ្មាសគេ។ ទោះបីជាអ្នកមិនដឹងអំពីអ្វីមួយក៏ដោយ ចូរទទួលស្គាល់ការពិត ហើយបង្ហាញវាដោយភាពស្មោះត្រង់ ។ មេរៀនជំនួញពីក្រុមហ៊ុនអឺរ៉ុបដែលមិនគួរមើលរំលង មានតែការអនុលោមតាមច្បាប់ និង ភាពមានវិជ្ជាជីវៈដែលអាចឲ្យអោយដំណើរនៃអ្វីគ្រប់យ៉ាងមានស្ថិរភាព។ ម្យ៉ាងទៀត ត្រូវតែគិតដល់គុណប្រយោជន៍រយៈពេលយូរ។ គន្លឹះបង្កើនចំណងមិត្តភាព និងសម្ព័ន្ធភាពរវាងក្រុមហ៊ុនអឺរ៉ុប និង ក្រុមហ៊ុនកម្ពុជា អ្វីដែលសំខាន់ជាងគេ គឺ «ការរៀបចំល្អ» ដែលអាចនាំឲ្យមានចំណាប់អារម្មណ៍ពីដៃគូសហការកាន់តែច្រើន ដោយហេតុថា ក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនអន្តរជាតិផ្សេងៗសុទ្ធតែឲ្យតម្លៃទៅលើចំណុចនេះយ៉ាងខ្លាំង។
ចែករំលែក