- Feb 18, 2017 |
- 9 ឆ្នាំមុន |
- 12.7K មើល
ដំបូន្មានបញ្ហាស្បែកមុខដែលវេជ្ជបណ្ឌិតចង់ឲ្យអ្នកដឹង
ដំបូន្មានជាច្រើនជុំវិញបញ្ហាស្បែកមុខរបស់អ្នក ប៉ុន្តែតើដំបូន្មានទាំងនោះគួរឲ្យទុកចិត្តដែរឬទេ? តើអ្នកបានសាកល្បងហើយឬនៅ? ខ្លាចទេក្នុងការសាកល្បង? ខ្លាចតែមិនអាចជួយបាន ថែមទាំងបង្កបញ្ហាបន្ថែមមែនទេ? ហេតុនេះហើយ ទើបដំបូន្មានពីអ្នកជំនាញច្បាស់លាស់ក៏ដូចជាវេជ្ជបណ្ឌិតសើស្បែកផ្ទាល់ គឺជាអ្វីដែលអ្នកត្រូវការបំផុត ជាពិសេសគឺសម្រាប់បញ្ហាស្បែកមុខតែម្តង។ ពីលោកវេជ្ជបណ្ឌិត អែម សំអុល ឯកទេសផ្នែកជំងឺសើសែ្បក នៅគ្លីនិកសើស្បែក BC Skin Clinic and Laserដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ជំនាញឯកទេសពីប្រទេសថៃតាមរយៈអាហារូបករណ៍របស់អង្គការចៃកា ព្រមជាមួយនឹងបទពិសោធន៍ក្នុងការសិក្សាទៅលើជំនាញកែសម្ផស្សដោយគ្មានការឈឺចាប់ដែលហៅថា“ Noninvasive aesthetic medicine ” ពីប្រទេសសិង្ហបុរី និងជប៉ុន ដំបូន្មានជាច្រើនទៅលើបញ្ហាស្បែកមុខនឹងត្រូវបានបង្ហាញដូចខាង ក្រោម៖ ការកំណត់វិធីសាស្ត្រដោះស្រាយបញ្ហាស្បែកមុខ វិធីសាស្រ្តក្នុងការថែរក្សាស្បែកមុខត្រូវបានចែកចេញជា២របៀបធំៗគឺតាមបែបវេជ្ជសាស្រ្ដ និងតាមបែបធម្មជាតិ ដែលត្រូវបានធ្វើឡើងទៅតាមបញ្ហាមុខ និងប្រភេទស្បែកមុខ ហើយខាងក្រោមនេះជាករណីខ្លះៗនៃបញ្ហាមុខ រួមជាមួយនឹងវិធីសាស្ត្រដោះស្រាយជាក់លាក់របស់វា។ 1.ចំពោះស្បែកមុខដែលសម្បូរខ្លាញ់ ឬមុន ( ភាគច្រើនកើតមានចំពោះយុវវ័យ ) •ការថែរក្សាតាមបែបធម្មជាតិត្រូវផ្អែកទៅលើកត្តាមួយចំនួនដូចជាចំណីអាហារ និងអនាម័យ ដោយត្រូវធ្វើការកាត់បន្ថយនូវការទទួលទានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ព្រោះ ខ្លាញ់ទាំងនោះនឹងត្រូវបានបញ្ជូនមកគល់រោមកាន់តែច្រើន ដែលបណ្ដាលឲ្យកើតមុន។ ក្រៅពីនោះ យើងត្រូវធ្វើការសម្អាតស្បែកមុខយ៉ាងហោចឲ្យបាន២ដងក្នុងមួយថ្ងៃដើម្បីជម្រះខ្លាញ់ ឬភាពកខ្វក់លើស្បែកមុខ ចៀសវាងការកកើតមុនដែលបណ្ដាលមកពីការផលិតខ្លាញ់ច្រើន ឬក៏បណ្ដាលមកពីការរលាកគល់រោមដែលនាំឲ្យមានជាមុនខ្ទុះ។ •បែរទៅរកការថែទាំតាមបែបវេជ្ជសាស្រ្ដវិញ បុគ្គលដែលមានស្បែកមុខខ្លាញ់ ឬកើតមុនអាចប្រើប្រាស់ផលិតផលថែរក្សាស្បែកមួយចំនួនដូចជាហ្វូមលាងសម្អាតមុខ រួមជាមួយនឹងថ្នាំលាបព្យាបានមុននិងបណ្ដុះកោសិកា ដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់ខ្លួន ក៏ដូចជាស្របទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ ដើម្បីចៀសវាងការប្រើប្រាស់ផលិតផលខុសដែលនាំឲ្យកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីលើការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខនានា ការប្រើប្រាស់ម៉ាស៊ីន ឬការម៉ាស្សាទៅលើស្បែកមុខអាចបង្កើននូវប្រសិទ្ធភាពថែមមួយកម្រិតទៀត ដោយការប្រើប្រាស់ត្រូវបានកំណត់អាស្រ័យទៅតាមប្រភេទនៃស្បែកនីមួយៗ។ 2.ស្បែកដែលមានបញ្ហាជាំ ( អាចកើតមានលើមនុស្សគ្រប់វ័យ ) •ការថែទាំតាមបែបធម្មជាតិតម្រូវឲ្យអ្នកជំងឺត្រូវចៀសវាងពីការរងនូវកម្ដៅថ្ងៃតាមដែលអាចធ្វើទៅបាន ជាពិសេសនៅចន្លោះរវាងម៉ោង៩ព្រឹករហូតដល់ម៉ោង៤រសៀល ព្រោះថាវាអាចធ្វើឲ្យស្បែកមានភាពខ្មៅស្រអាប់ ឬជាំបានដោយងាយ។ ត្រូវចងចាំថាកម្តៅថ្ងៃធ្វើឲ្យស្បែក ជាំ ឡើងអាចម៍រុយ ឆាប់ចាស់និងជ្រីវជ្រួញ ។ •ការព្យាបាលតាមបែបវេជ្ជសាស្រ្ត ត្រូវលាបថ្នាំទៅលើស្បែកដែលជាំទៅតាមវេជ្ជបញ្ជា និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំមុនពេលចេញត្រូវកម្តៅថ្ងៃ។ ដោយឡែក ការព្យាបាលមុខជាំមានការលំបាក ហើយត្រូវការពេលវេលាយូរ។ 3.ភាពជ្រីវជ្រួញ ឬយារធ្លាក់ ( កើតមានទៅលើមនុស្សវ័យកណ្តាល និងវ័យចំណាស់ ) ការថែទាំតាមបែបវេជ្ជសាស្រ្ដមួយចំនួនអាចនឹងត្រូវបានណែនាំដូចជា៖ -លាបឡេ ឬក្រែមដែលផ្តល់សំណើម និងបណ្តុះកោសិកាដល់ស្បែកជាប្រចាំ -ចាក់ Botox ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅត្រង់ប្រជុំចិញ្ចើម ថ្ងាស និងជុំវិញរង្វង់ភ្នែក -ចាក់Fillerដើម្បីបំពេញកន្លែងដែលផត ឬខូង ជាពិសេសត្រង់ថ្ពាល់ - ចាក់វីតាមីនបំប៉នស្បែកមុខ និងក ( Meso-therapy) therapy ) -ចាក់ថ្នាំរំលាយខ្លាញ់នៅក្បំក ។-ល-។ -ការទាញបន្តឹងស្បែកមុខដោយប្រើអំបោះរលាយ ឬអាចឈានទៅរកការវះកាត់ដើម្បីទាញបន្តឹងស្បែកមុខ។ ការថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ដមានផលប៉ះពាល់ដែរឬទេ? ហើយស្បែកប្រភេទណាដែលត្រូវបានហាមឃាត់មិនឲ្យប្រើ? មិនមានប្រភេទស្បែកណាមួយដែលត្រូវហាមប្រាមមិនឲ្យប្រើប្រាស់នោះទេ ប៉ុន្តែរាល់ការជ្រើសយកវិធីសាស្ត្រណាមួយយកមកប្រើប្រាស់ត្រូវការការវិភាគ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ពីគ្រូពេទ្យជំនាញជាមុនសិន។ ដោយឡែកចំពោះផលរំខានអាចកើតមានដោយកត្តា៣គឺ កំហុសជំនាញវិជ្ជាជីវៈ ផលិតផលក្លែងក្លាយ និងកត្តាអ្នកជំងឺផ្ទាល់ដោយសរីរាង្គរបស់អ្នកជំងឺមិនអាចទទួលយកនូវថ្នាំដែលបានប្រើប្រាស់បើទោះបីជាបានធ្វើការពិនិត្យត្រឹមត្រូវក៏ដោយ។ នៅក្នុងករណីនេះគ្រូពេទ្យនឹងធ្វើការផ្លាស់ប្ដូរការព្យាបាល និងលុបបំបាត់ផលរំខានដល់អ្នកជំងឺទៅតាមស្ថានភាពជាក់ស្តែងដែលកើតមានឡើង។ ដំបូន្មានមួយទៀតរបស់លោកវេជ្ជបណ្ឌិតទាក់ទងនឹងបញ្ហាខាងលើគឺ ការបញ្ឈប់ការប្រើឡេលាយ ដោយងាកមកប្រើផលិតផលសុទ្ធដែលបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវជំនួសវិញ ដោយសារឡេលាយទាំងនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ វាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះវាអាចជ្រាបតាមស្បែកទៅបំផ្លាញសរីរាង្គខាងក្នុងដូចជាថ្លើម និងតម្រងនោមជាដើម។
ចែករំលែក
