-
Feb 21, 2017
|
-
7 ឆ្នាំមុន
|
-
115.4K មើល
បន្ទាប់ពីប្រលងជាប់បាក់ឌុបនៅឆ្នាំ២០០៨ លោក ហ៊ុយ ស៊ីវអ៊ឺ បានទទួលអាហារូបករណ៍រយៈពេល៥ឆ្នាំថ្នាក់វិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូ។ បន្ទាប់ពីសិក្សាបាន២ឆ្នាំ លោកបានប្រលងជាប់ ចូលសិក្សានៅសាលា Ecole Polytechnique ដែលជាសាលាវិស្វកម្មដ៏ល្បីល្បាញនៅប្រទេសបារាំង។
បន្ទាប់ពីការតស៊ូរយៈពេល៣ឆ្នាំលោកបានបញ្ចប់ថ្នាក់វិស្វករជំនាញថាមពលនៃសតវត្សទី២១ ដែលផ្តោតសំខាន់ទៅលើថាមពលកកើតឡើងវិញមានដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី ថាមពលដើរដោយកម្លាំងខ្យល់ ។ល។ ការសិក្សាក៏បានផ្តោតទៅលើប្រភេទថាមពលមួយទៀតគឺថាមពលបរមាណូ ឬ នុយក្លេអ៊ែរ។
ដោយចាប់អារម្មណ៍ទៅលើថាមពលប្រភេទនេះលោកក៏បានសម្រេចចិត្តរៀនជំនាញវិស្វកម្មនុយក្លេអ៊ែរដោយចំណាយរយៈពេល១ឆ្នាំកន្លះនៅសាលាEcole des Mines de Paris។ សព្វថ្ងៃលោកជាវិស្វករផ្នែកសិក្សាគម្រោងថាមពលនៅប្រទេសបារំាងមួយរូបផងដែរ។
ហេលស៍ថាម ៖ ហេតុអ្វីបានជាចង់សិក្សាផ្នែកថាមពលនុយក្លេអ៊ែរ?
ស៊ីវអ៊ឺ ៖ ការពិតទៅ អគ្គិសនី និងថាមពល ជាមុខវិជ្ជាដែលខ្ញុំចូលចិត្តតាំងពីតូចមកម៉្លេះ។ បើសិនជាយើងរំលឹកទៅដល់ការសិក្សានៅសាលាតិចណូ ខ្ញុំក៏បានជ្រើសរើសជំនាញថាមពលដូចគ្នាដែរប៉ុន្តែដោយសារត្រូវទៅសិក្សានៅប្រទេសបារំាងខ្ញុំក៏ផ្អាកការសិក្សានៅសាលាតិចណូសិន។
អំឡុងពេលសិក្សានៅសាលា Ecole Polytechnique ខ្ញុំបានជ្រើសរើសមេរៀនថាមពលនុយក្លេអ៊ែរ ដើម្បីបកស្រាយចម្ងល់របស់ខ្លួនពីព្រោះថាកាលពីរៀននៅវិទ្យាល័យខ្ញុំធ្លាប់លឺពាក្យប្រតិកម្មនុយក្លេអ៊ែខ្លះៗដែរហើយក៏តែងចង់ស្វែងយល់ពីវា រហូតដល់មានពួកម៉ាកខ្លះចេះតែនិយាយចំអកលេងថា «សង្ស័យតែពេលធំទៅ ខ្ញុំទៅរៀនផ្នែកហ្នឹងទេ... ឥលូវដូចពាក្យគេនិយាយ មែន !!!»
ទន្ទឹមនឹងគ្នានេះដែរ ខ្ញុំតែងតែសាកសួរខ្លួនឯងថា «ហេតុអ្វីបានជាប្រទេសអភិវឌ្ឍជាច្រើនជ្រើសរើសយកថាមពលប្រភេទនេះបើទោះបីវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ?» តួយ៉ាងប្រទេសបារំាងដែលជាប្រទេស ប្រើប្រាស់នុយក្លេអ៊ែរហូតដល់៨០ភាគរយដើម្បីផលិតអគ្គិសនីរបស់ខ្លួន និងប្រទេសអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ជាដើម។ តើកម្ពុជាអាចពិចារណាលើថាមពលប្រភេទនេះទេ? ដោយចិត្តចង់ស្វែងយល់បន្តខ្ញុំបានសម្រេចរៀនបន្តនៅសាលាមួយទៀតគឺ Ecole des Mines de Paris ដើម្បីក្លាយខ្លួនជាវិស្វករជំនាញថាមពលនុយក្លេអ៊ែរ។
សម្រាប់សិស្សនិស្សិតដែលមានបំណងចង់រៀនផ្នែកថាមពលខ្ញុំគិតថាប្រទេសយើងក៏មានសាលាដែលមានគុណភាពដែរ តែប្រសិនបើជាថាមពលនុយក្លេអ៊ែរ បើសិនជាមានឱកាសនិងលទ្ធភាពគួរតែបន្តការសិក្សានៅបរទេស ជាពិសេសក្នុងប្រទេសដែលប្រើប្រាស់ថាមពលប្រភេទនេះពីព្រោះប្រទេសយើងនៅខ្វះខាតធនធានផ្នែកនេះនៅឡើយ។
ហេលស៍ថាម ៖ តើការសិក្សាផ្នែកនេះត្រូវចំណាយពេលប៉ុន្មានឆ្នាំដែរ?
ស៊ីវអ៊ឺ ៖ សម្រាប់ការសិក្សានៅសាលារបស់ខ្ញុំដែលជា Grande Ecole នៅប្រទេសបារំាងយើងត្រូវសិក្សាថ្នាក់មូលដ្ឋានរយៈពេល២ឆ្នាំសិនហើយ១ឆ្នាំទៅ១ឆ្នាំកន្លះទៀតសម្រាប់ជំនាញដែលចង់បាន។ មុននឹងចាប់ផ្តើមនៅសាលានេះសិស្សម្នាក់ៗសុទ្ធតែបានរៀនត្រៀមរយៈពេលពីរឆ្នាំរួចជាស្រេច (ដូចនឹងករណីខ្ញុំបានរៀនពីរឆ្នាំនៅស្រុកខ្មែរមុននឹងចូលរៀនសាលានេះ)។
ប៉ុន្តែសម្រាប់នៅប្រទេសនិយាយភាសាអង់គ្លេសរយៈពេលនៃការសិក្សា គឺដូចនៅប្រទេសកម្ពុជាដែរ គឺបរិញ្ញាបត្រត្រូវការរយៈពេល៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ និងបណ្ឌិតប្រើប្រាស់រយៈពេលពី៣ទៅ៥ឆ្នាំ។ ដូច្នេះ សញ្ញាបត្រវិស្វករនៅប្រទេសបារាំងដូចគ្នាទៅនឹងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។
ហេលស៍ថាម ៖ ក្នុងការសិក្សាផ្នែកថាមពលនេះតើមានមុខវិជ្ជាសំខាន់ៗអ្វីខ្លះ?
ស៊ីវអ៊ឺ ៖ សម្រាប់មុខវិជ្ជាសំខាន់ៗរួមមានដូចជា ៖ Neutronics, Nuclear Physics, Thermo-hydaulics, Particle Physics, Gerneral about Nuclear plant, Energy and Environment, Research projects, ...
ហេលស៍ថាម ៖ ក្នុងចំណោមមុខវិជ្ជាទាំងនោះតើមានមុខវិជ្ជាណាខ្លះដែលមានភាពលំបាកជាងគេ? ហេតុអ្វី?
ស៊ីវអ៊ឺ ៖ មុខវិជ្ជា ២ដែលខ្ញុំគិតថាពិបាកជាងគេ គឺ Neutronics និង Thermo-hydraulics ព្រោះមានភាពស្មុគស្មាញពិបាកយល់ ប៉ុន្តែខ្ញុំក៏ចូលចិត្តមុខវិជ្ជាទាំង២ជាងគេដែរ ដោយសារតែអាចសិក្សាពីអាថ៌កំបាំងបែបវិទ្យាសាស្រ្តពីក្រោយថាមពលនុយក្លែអ៊ែ។
ហេលស៍ថាម ៖ តើឆ្នាំមួយណា ជាឆ្នាំដែលរវល់ ពិបាក ឬមមាញឹកជាងគេ? ហេតុអ្វី?
ស៊ីវអ៊ឺ ៖ ពីរឆ្នាំដំបូងដែលមកដល់ប្រទេសបារាំង ការសិក្សាមានភាពលំបាកខ្លាំងដោយសារកត្តាមួយចំនួន ៖
•មិនទាន់អាចទម្លាប់នឹងភាសាបារាំងពីព្រោះគ្រប់មេរៀនទំាងអស់សុទ្ធតែជាភាសាបារាំង
•លក្ខណៈខុសគ្នានៃប្រព័ន្ធសិក្សាក៏ជាកត្តាចម្បងដែលធ្វើឲ្យយើងពិបាកនឹងតាមទាន់មេរៀន
•មេរៀនពិបាកស្មុគស្មាញហើយច្រើនមុខ (ពីរឆ្នាំមូលដ្ឋាន)
•វប្បធម៌មានលក្ខណៈខុសគ្នា និងត្រូវឃ្លាតឆ្ងាយពីគ្រួសារជាដើម។
ហេលស៍ថាម ៖ តើការងារអ្វីខ្លះដែលនិស្សិតជំនាញនេះអាចធ្វើបានក្រោយបញ្ចប់ការសិក្សា?
ស៊ីវអ៊ឺ ៖ អ្វីដែលជាឧបសគ្គគឺថានៅប្រទេសកម្ពុជាហាក់ដូចជាមិនទាន់មានការចាប់អារម្មណ៍ខ្លាំងទៅលើវិស័យថាមពលនុយក្លេអ៊ែរដូច្នេះវាធ្វើឲ្យនិស្សិតភាគច្រើនដែលចង់រៀនត្រូវផ្លាស់ប្តូរចិត្តវិញ។ ប៉ុន្តែតាមការពិតទៅការអភិវឌ្ឍផ្នែកនុយក្លេអ៊ែរក៏អាចបង្វែរទៅរកវិស័យផ្សេងដូចជា វិស័យពេទ្យ វិស័យឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និងជាពិសេសសន្តិសុខប្រទេសជាតិទាក់ទងនឹងកាកសំនល់នុយក្លេអ៊ែរ និងការរីកសាយភាយនៃប្រូក្រាមអាវុធនុយក្លេអ៊ែរ។
ហេលស៍ថាម ៖ ការសិក្សានៅបរទេសមានភាពខុសប្លែកពីការសិក្សានៅកម្ពុជាយ៉ាងណាខ្លះ?
ស៊ីវអ៊ឺ ៖ ក្នុងជំនាញនេះវាច្បាស់ណាស់ដែលថានៅបរទេសគេមានបទពិសោធន៍ និង ការអប់រំប្រកបដោយគុណភាពជាងប្រទេសកម្ពុជាយើង។ ប៉ុន្តែចំណុចមួយគួរតែជាមោទនភាពនោះគឺនិស្សិតកម្ពុជាយើងទៅបន្តការសិក្សានៅក្រៅប្រទេសប្រកបដោយភាពជោគជ័យដូច្នេះប្រព័ន្ធសិក្សានៅប្រទេសយើងក៏មិនមែនអន់ពេកដែរ។
ម្យ៉ាងទៀតការសិក្សានៅបរទេសអាចឲ្យយើងមានឱកាសស្វែងយល់ពីពិភពខាងក្រៅតែក៏មិនមែនសុទ្ធតែល្អទំាងអស់នោះដែរ ពីព្រោះយើងក៏ខ្វះខាតពីស្ថានភាពជាក់ស្តែងនៅប្រទេសរបស់ខ្លួនរួចទៅហើយ។
ហេលស៍ថាម ៖ តើលោកបានប្រទះនឹងឧបសគ្គអ្វីខ្លះ? ហើយបានជម្នះដោយវិធីអ្វីខ្លះដែរ?
ស៊ីវអ៊ឺ ៖ ការខិតខំប្រឹងប្រែង និងស៊ូទ្រំាប្រាកដណាស់គឺផ្តល់នូវលទ្ធផលវិជ្ជមានដែលអាចឲ្យយើងជម្នះបាននូវឧបសគ្គគ្រប់យ៉ាងហើយខ្ញុំផ្ទាល់តែងតែមានការតស៊ូជានិច្ចដើម្បីក្តីសុបិនរបស់ខ្លួន និងរីករាយនឹងទទួលយកលទ្ធផលទំាងអស់នៃជម្រើសដែលខ្លួនបានជ្រើសយក ។
ហេលស៍ថាម ៖ តើលោកមានពាក្យពេចន៍អ្វីខ្លះសម្រាប់ធ្វើការចែកជូនដល់និស្សិតជំនាន់ក្រោយដែលមានបំណងដើរតាមគន្លងនៃការសិក្សាដូចជាលោក?
ស៊ីវអ៊ឺ ៖ មិនថាក្នុងកាលៈទេសៈណាគឺត្រូវតែតស៊ូកុំខ្លាចរអានឹងភាពបរាជ័យ ពីព្រោះបើយើងកាន់តែខ្លាចវា វាកាន់តែមករកយើង។
កុំបាក់ទឹកចិត្តសម្រាប់អ្នកដែលប្រលងធ្លាក់ពេលដែលដាក់ពាក្យសុំទៅសិក្សានៅក្រៅប្រទេសដោយហេតុថាមិនមែនអ្នកដែលបានទៅរៀនក្រៅប្រទេសទាំងអស់សុទ្ធតែមានសមត្ថភាពជាងអ្នកដែលរៀននៅក្នុងមាតុប្រទេសទេ។ បើសិនជាមានឱកាសគួរតែរៀនអ្វីដែលយើងប្រាថ្នាដើម្បីចៀសវាងនូវការស្តាយក្រោយនៅពេលអនាគត។
«ប្រសិនបើអ្នកមានបំណងចង់រៀន ឬក៏ចង់ពិភាក្សាលើការសិក្សាជំនាញមួយនេះខ្ញុំរីករាយនឹងស្វាគមន៍អ្នកទំាងអស់គ្នាតាមរយៈទំព័ររបស់ខ្ញុំផ្ទាល់គឺ huyseaver.wordpress.com ។»
ចែករំលែក