Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើនរណាខ្លះនៅនិយមជាមួយនឹងការផាត់មុខក្រាស់ៗទៀត??? គ្រាន់តែទៅធ្វើការ ចូលរួមពិធីជប់លៀង ខួបកំណើត ឬជាការជួបជុំមិត្តភក្តិចាំបាច់អីត្រូវទៅឲ្យគេផាត់ដូចទៅលេងហ៊ីនោះ សាមញ្ញៗតែស្រស់ស្អាត ក៏ព្រោះថាគ្រប់គ្នាចូលចិត្តធម្មជាតិនោះអី... អ្វីជា Nude Makeup? Nude Makeup គឺជាការផាត់មុខស្រាលៗ ដែលមើលទៅសឹងតែមិនសម្គាល់ថាបានផាត់មុខ ហើយការផាត់មុខបែបនេះមិនត្រឹមតែចំណេញពេលវេលា  ថែមទាំងបង្កើនចំណាប់អារម្មណ៍ទៀតផង។ គួរតែផាត់នៅពេលណា? Nude Makeup គឺស័ក្តិសមចំពោះរាល់កម្មវិធី ព្រោះវាពេញនិយមសម្រាប់សម័យបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកធ្វើការ អ្នកចូលចិត្តផាត់មុខរាល់ពេលចេញទៅខាងក្រៅ ចូលរួមកម្មវិធីរាត្រីស្រមោលសឬការជួបជុំផ្សេងៗ ហើយក៏អាចផាត់ពេល first date Prom និងGirl night out ជាមួយនឹងមិត្តភក្តិបានផងដែរ។ តើគេផាត់ដោយរបៀបណា? គ្រាន់តែផាត់៣ចំណុច ដែលផ្តល់នូវភាពទាក់ទាញបំផុតនៅលើផ្ទៃមុខអ្នកដោយ៖ មុខ៖ ជាចំណុចដែលត្រូវចាប់ផ្តើម ដំបូងត្រូវផ្តល់សំណើមឲ្យផ្ទៃមុខរបស់អ្នកជាមុនសិន រួចប្រើប្រាស់ ប្រភេទម្សៅទ្រនាប់ដែលស្រដៀងទៅនឹងស្បែករបស់អ្នកជាងគេ ដោយធ្វើការលាបវាមិនច្រើនពេកក៏មិនតិចពេក តប់លើមុខឲ្យសព្វ និងអាចបង្ហួសបន្តិចដល់ផ្នែកកផងដែរ។ ចំណុចដែលគួរចាប់អារម្មណ៍ អ្នកអាចបន្ថែមម្សៅបន្តិចនៅគែមជុំវិញច្រមុះ និងផ្នែកខាងចុងភ្នែក ហើយប្រសិនបើអ្នកចង់បិទបាំង ស្លាកស្នាមលើមុខ អ្នកអាចតប់ម្សៅពណ៌លឿងស្រាលលើចំណុចទាំងនោះ។ ចំពោះថ្ពាល់ អ្នកអាចផាត់ ពណ៌ដែលស្រាលៗតិចៗ ឬមិនបាច់ផាត់ក៏បាន។ ភ្នែក៖ ជាផ្នែកបន្ទាប់ ហើយក៏ជាចំណុចដែលទាក់ទាញបំផុត ដូច្នេះ ការតុបតែងភ្នែកពិតជាមាន សារសំខាន់។ ចំពោះចិញ្ចើមគួរតែជ្រើសពណ៌រាងត្នោតដែលមើលទៅធម្មជាតិបំផុត បន្ទាប់មក ប្រើច្រាសដើម្បីសិតចិញ្ចើមក្រោយពីគូសរួច។ រីឯ eyelinerត្រូវគូសនៅផ្នែកខាងលើតូចល្មមពណ៌ត្នោត ខ្មៅ ឬអាចជាពណ៌ប្រផេះ។ បន្ទាប់មកអ្នកអាចផាត់ស្រមោលភ្នែកស្រាលៗ ដោយប្រើពណ៌ត្នោត ឬពណ៌ស្រដៀងនឹងស្បែករបស់អ្នក រួចក៏លាបម៉ាសការ៉ាតិចៗបន្ទាប់ពីពត់រោមភ្នែកហើយជាការស្រេច។ បបូរមាត់៖ គប្បីយកពណ៌ដែលស្រដៀងនឹងបបូរមាត់ស្រាប់ដដែល ឬអាចជាពណ៌ផ្កាឈូកស្រាល ហើយលាបក្រែមប្រភេទទឹករលោងៗពីលើតែម្តង ចៀសវាងជ្រើសរើសពណ៌ដិតខ្លាំងពេក។ ទាំងអស់ខាងលើនេះគ្រាន់តែជាគន្លឹះខ្លះៗតែប៉ុណ្ណោះ   អ្នកអាចបន្ថែមស្ទាយខ្លួនឯងតាមចិត្តរបស់អ្នក   ហើយក៏ដឹងថាកើតមកមានសម្រស់ពីធម្មជាតិស្រាប់ ចុះគ្រាន់តែបន្ថែមបន្តិច មានទៅទាស់អី… គឺឲ្យធម្មជាតិកាន់តែស្រស់ស្អាតហ្នឹង..  

ចែករំលែក

ការឡើងមុនជារឿងទូទៅរបស់យុវវ័យ តែពេលឡើងមុនម្ដងៗវាឈឺហើយខ្មាស់គេទៀត ក៏ព្រោះតែមើលទៅមិនស្អាតផូរផង់ដូចគេ។  ទាំងនេះជាកង្វល់របស់អ្នកមែនទេ? បើអញ្ជឹងចង់ដឹងពីរបៀបងាយៗដែលអាចជួយបំបាត់មុន ឬការពារមិនឲ្យឡើងមុនដែរឬអត់? តោះ! មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា ហេលស៍ថាម  មានអាថ៌កំបាំងខ្លះចង់ចែករំលែក... អាថ៌កំបាំងទី១៖  លំហាត់ប្រាណ មានដឹងឬអត់ថាការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយកាត់បន្ថយការកើតមុនបានណា ព្រោះថានៅពេលដែលហាត់ប្រាណវានាំឲ្យមានការបញ្ចេញនូវសារធាតុម្យ៉ាងដែលអាចជួយកាត់បន្ថយស្រេ្តស  ក៏ដូចជាជួយកាត់បន្ថយការបញ្ចេញខ្លាញ់ទៅលើស្បែក   មិនតែប៉ុណ្ណោះនៅពេលដែលបែកញើសវាក៏ដូចជាធ្វើការលាងសម្អាតនូវកោសិកាស្បែកដែលងាប់ផងដែរ។ គួរព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដើម្បីបំបាត់មុនដែលមិនត្រឹមតែលើមុខទេនៅលើទ្រូងនិងខ្នងក៏បាត់ដែរ។         អាថ៌កំបាំងទី២៖ សម្អាតទូរស័ព្ទដៃ ទូរស័ព្ទទំនើបៗរបស់អ្នកក៏មានជាប់នូវសារធាតុកខ្វក់មួយចំនួនដែលយើងមើលមិនឃើញ ហើយវាក៏អាចធ្វើឲ្យយើងកើតមុនបានផងដែរនៅពេលដែលយកវាមកប្រើប្រាស់ដូច្នេះគួរធ្វើការជូតសម្អាតវាជាប្រចាំដើម្បីជម្រះនូវញើស  ម្សៅ ឬធូលីដែលស្អិតជាប់ទៅនឹងទូរស័ព្ទដែលអាចបង្កជាមេរោគ។   អាថ៌កំបាំងទី៣៖   ផ្លាស់ប្ដូរស្រោមខ្នើយ ការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ វាមិនត្រឹមតែជាការថែរក្សាអនាម័យទូទៅនោះទេ តែវាក៏អាចជួយកាត់បន្ថយមុនដែរ។ ជាធម្មតាមនុស្សត្រូវការគេង៧ទៅ៨ម៉ោង នេះជាពេលវេលាមុខរបស់អ្នកត្រូវប៉ះនឹងខ្នើយហើយមិនត្រឹមតែមុខទេ  សក់និងស្បែកក៏ប៉ះដូចគ្នាដែរ ដែលធ្វើឲ្យមានជាប់ញើស ឬផលិតផលបំប៉នសក់ផ្សេងៗទៅនឹងខ្នើយហើយក្លាយជាមេរោគ ដូចនេះយើងត្រូវធ្វើការផ្លាស់ប្ដូរវា២ទៅ៣ថ្ងៃម្ដងដើម្បីកុំឲ្យកើតមុន។ អាថ៌កំបាំងទី៤៖  ទឹកកក សម្រាប់មុនណាដែលមិនទាន់ក្លាយជាខ្ទុះនៅលើស្បែក ការស្អំទឹកកកអាចនឹងជួយកាត់បន្ថយការហើម និងជួយផ្ចិតក្រពេញខ្លាញ់ឲ្យរួមតូចតាមរយៈបន្ថយនូវការបញ្ចេញជាតិខ្លាញ់លើផ្ទៃមុខ និងការយាយីពីបាក់តេរី។ យើងត្រូវយកក្រណាត់មករុំដុំទឹកកករួចយកវាដាក់ទៅដាក់លើកន្លែងដែលមានមុន២ទៅ៣វិនាទី ហើយធ្វើបែបនេះរាល់២ទៅ៣នាទីម្ដង អ្នកនឹងឃើញប្រសិទ្ធភាពក្នុងថ្ងៃទី១ឬទី២បន្ទាប់។ យ៉ាងម៉េចដែរ មានជាប់ចិត្តនឹងអាថ៌កំបាំងមួយណាទេ? បើជាប់ចិត្តហើយសូមព្យាយាមធ្វើវាឲ្យក្លាយជាទម្លាប់ដើម្បីទទួលបានស្បែកស្អាតនិងគ្មានមុនជារៀងរាល់ថ្ងៃ។

ចែករំលែក

អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។ ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖ •    ជំងឺមហារីកឈាមស្រួចស្រាវ •    ជំងឺមហារីកកូនកណ្តុរ •    ជំងឺមហារីកខួរក្បាល •    ជំងឺមហារីកប្រព័ន្ធប្រសាទ •    ជំងឺមហារីកតម្រងនោម •    ជំងឺមហារីកថ្លើម •    ជំងឺមហារីកឆ្អឹង •    ជំងឺមហារីកភ្នែក         លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។         មូលហេតុ មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖ •    កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន •    ការបង្ករោគដោយវីរុស (HIV, Epstein-Barr  Virus) •    សារជាតិវិទ្យុសកម្ម។         រោគសញ្ញា រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖ +    មហារីកឈាមស្រួចស្រាវ -    អាចកើតលើកុមារគ្រប់វ័យ -    ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ -    សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ -    ស្លេកស្លាំង -    អណ្តើក ថ្លើម កូនកណ្តុររីកធំ។ +    មហារីកតម្រងនោម -    ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ -    ជួនកាលនោមឈាម  ឬ  លើសសម្ពាធឈាម។     ការព្យាបាល តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០%  ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០%  ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖ •    ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក •    ការព្យាបាលដោយកាំរស្មីបែបទំនើប •    ការព្យាបាលដោយការវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២។ ខ្ញុំធ្លាប់ឃើញចាស់ៗច្របាច់ក្រូចឆ្មារចូលក្នុងភ្នែករបស់ទារកដែលទើបនឹងកើត។ ពួកគាត់និយាយថា វាអាចជួយឲ្យក្មេងនោះមិនឧស្សាហ៍ឈឺភ្នែកដូចអ្នកដទៃ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ចម្លើយ៖ ទម្លាប់ដែលបានរៀបរាប់ខាងលើ ជាការយល់ខុស។ ជាធម្មតា ភ្នែករបស់ក្មេងដែលទើបនឹងកើត មិនអាចបន្តក់ទឹកក្រូចឆ្មារចូលបានទេ ព្រោះនៅក្នុងក្រូចឆ្មារមានជាតិអាស៊ីត។ ដូចនេះ ពេលដាក់ចូលទៅក្នុងភ្នែក អាចឲ្យរលាកកញ្ចក់ភ្នែក ឬភ្នាសភ្នែក ដែលអាចធ្វើឲ្យក្មេងពិការភ្នែកបាន។ តាមពិតទៅ ក្មេងដែលទើបនឹងកើតមក ភ្នែករបស់គាត់ល្អស្អាត គ្មានបញ្ហាអ្វីទេ លើកលែងតែក្មេងដែលមានជំងឺតំណពូជប៉ុណ្ណោះ។ ប៉ុន្តែ ឆ្មបអាចនឹងប្រើថ្នាំបន្តក់ពពួកថ្នាំអង់ទីប៊ីយ៉ូទិចដើម្បីចៀសវាងការបង្ករោគ ក្នុងករណីដែលទារកអាចនឹងឆ្លងមេរោគពីម្តាយនៅពេលសម្រាលដូចជា ពពួកបាក់តេរី ឬមេរោគប្រមេះ។  តាមការសំណូមពររបស់គ្រូពេទ្យភ្នែក យើងបានធ្វើការណែនាំដល់ឆ្មបលើការពិនិត្យមើលលក្ខណៈភ្នែករបស់កុមារដូចជាមើលទៅលើភាពពេញលេញរបស់ភ្នែក ត្របកភ្នែក គ្រាប់ភ្នែក និងប្រស្រីភ្នែក។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ប្រវត្តិរូប និងការសិក្សា ខ្ញុំបាទឈ្មោះ ឡោ សូយទ្រី ជាកូនទី២នៃក្រុមគ្រួសារ និងជានិស្សិតឆ្នាំទី១ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក ជំនាន់ទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ ក៏ដូចជាជ្រើសរើសមុខជំនាញមួយសម្រាប់សិក្សា គឺមិនមែនជារឿងចៃដន្យនោះទេវាជាការពិតណាស់ដែលថាវា   បណ្តាលមកពីមូលហេតុមួយណាជាក់លាក់។ មូលហេតុសម្រេចជ្រើសរើសឯកទេសនេះ សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។ ភាពលំបាកក្នុងការសិក្សា ការសិក្សាផ្នែកណាឬការបំពេញការងារផ្នែកណារមែងតែងមានឧបសគ្គប្លែកៗពីគ្នាជារឿយៗទៅតាមស្ថានភាពនៃសិស្សនិស្សិតផ្ទាល់លក្ខខណ្ឌរបស់សាលារៀន រួមផ្សំជាមួយនឹងកត្តា   ផ្សេងៗទៀតជាច្រើន។ ក្នុងនោះផងដែរ សម្រាប់ការសិក្សាដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ភាពលំបាកជាចម្បងគេ គឺចំនួនមេរៀនដែលត្រូវសិក្សាដែលមានចំនួនច្រើន។ លុះដល់ពេលត្រូវប្រលងម្តងៗ ក៏តម្រូវឲ្យចំណាយពេលវេលាច្រើនក្នុងការធ្វើការរំលឹកនូវមេរៀនទាំងនោះឡើងវិញ ដែលជាក់ស្តែង គឺមិនមែនជាកិច្ចការមួយងាយស្រួលនោះទេ។ ក្រៅពីការសិក្សានៅសាលារៀនក្នុងពេលថ្ងៃហើយ ក៏ត្រូវចុះកម្ម-សិក្សាតាំងពីពេលព្រឹកព្រលឹមផងដែរ។ បើទោះជាមានឧបសគ្គយ៉ាងនេះក្តីខ្ញុំបាទក៏មិនធ្លាប់នឹកគិតថានឹងចង់បោះបង់វាចោល ហើយតែងតែមានការខិតខំប្រឹងប្រែងតស៊ូជានិច្ច ក៏ព្រោះតែជម្រើសយកជំនាញមួយនេះ គឺកើតឡើង ពីទឹកចិត្តស្រលាញ់ការងារផ្នែកនេះរបស់ខ្ញុំបាទផ្ទាល់តាំងពីកុមាររួចមកហើយ។ គន្លឹះនៃការសិក្សា ខ្ញុំក៏ដូចជានិស្សិតផ្សេងៗដែរ ចាំបាច់ត្រូវអានសៀវភៅឲ្យបានច្រើន និងចៀសវាងដាច់ខាតនូវការទុកឲ្យមេរៀននៅគរច្រើនពេក ជាពិសេសហាមការពន្យារដល់ថ្ងៃប្រលងទើបធ្វើការរំលឹកតែម្តង។ អ្វីដែលអ្នកគួរធ្វើ គឺគួរតែចាប់ផ្តើមមើលវាតាំងតែពីដើមមកជាបន្តបន្ទាប់ហូរហែ។ បន្ថែមពីលើការសិក្សានៅសាលារៀនហើយ និស្សិតផ្នែកនេះគួរតែចុះកម្មសិក្សាឲ្យបានច្រើន ព្រោះថាការសិក្សាចាំបាច់ណាស់ត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ ជាក់ស្តែង ការស្វែងយល់ពីជំងឺមួយនៅក្នុងសៀវភៅមិនប្រាកដថាច្បាស់លាស់ដូចអ្វីដែលនិស្សិតអាចនឹងជួបប្រទះក្នុងពេលចុះកម្មសិក្សាផ្ទាល់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការចុះកម្មសិក្សានេះទៀតសោត ប្រៀបបានជាឱកាសដ៏ល្អមួយសម្រាប់ឲ្យនិស្សិតបានធ្វើការសិក្សារៀនសូត្រពីនិស្សិតរៀមច្បងក៏ដូចជា សាស្រ្តាចារ្យដែលពោរពេញដោយបទពិសោធន៍ផងដែរ។ បំណងប្រាថ្នានៃអនាគត ចំពោះខ្ញុំបាទផ្ទាល់ គម្រោងនាថ្ងៃអនាគតរបស់ខ្ញុំ គឺមានបំណងបើកគ្លីនិកដោយខ្លួនឯងមួយ និងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យបានល្បាញល្បី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់សង្គមជាតិ ជាពិសេសគឺជួយដល់ប្រជាជនកម្ពុជាយើងបានកាន់តែច្រើនកាន់តែប្រសើរ។ សារជូនមិត្តអ្នកអាន ខ្ញុំបាទក៏មានពាក្យពេចន៍មួយចំនួនចែករំលែកជូនសិស្សប្អូនដែលមានបំណងសិក្សាផ្នែកនេះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រៀមទាំងកម្លាំងកាយ និងចិត្តរួចជាស្រេច ព្រោះថាការសិក្សាផ្នែកនេះងាយនឹងប្រឈមជាមួយការជួបប្រទះឈាមច្រើន ដែលទាមទារនូវការរៀបរយស្មារតីខ្ពស់ជានិច្ច។

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពត។ រាល់ព្រឹក ពេលខ្ញុំដុសធ្មេញ ខ្ញុំតែងតែមានអារម្មណ៍ចង់ក្អួតជានិច្ច ហើយអាការៈនេះកើតមានប្រមាណ ៦ខែ។ តើនេះជាបញ្ហាអ្វីដែរ? ចម្លើយ ៖ ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

វាជារឿងមួយធម្មតាដែលមិនអាចចៀសបាននៅពេលដែលអ្នកមានជម្លោះជាមួយនឹងនរណាម្នាក់​ ប៉ុន្តែអ្វី ដែលសំខាន់ថាតើយើងគួរដោះស្រាយបញ្ហានោះដោយរបៀបណា? នៅក្នុងវិស័យការងារ ក៏ដូចជាវិស័យអាជីវកម្ម ទំនាស់ភាគច្រើនកើតឡើងពីការបែងចែកផលប្រយោជន៍មិនស្មើគ្នា ការមិនទុកចិត្តគ្នា ផ្នត់គំនិតមិនចុះសម្រុងគ្នា បញ្ហាអាកប្បកិរិយាជាដើម ដូចនេះភាគីទាំងសងខាងតែងតែប្រកាន់ខ្ជាប់ជំហររបស់ខ្លួនជានិច្ច។ អាស្រ័យហេតុនេះ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ហេលស៍ថាម​ នឹងណែនាំវិធីសាស្ត្រខ្លះក្នុងការនិយាយឬចរចាឲ្យមានប្រសិទ្ធភាព។ យុទ្ធសាស្ត្រ «ប្រសិនបើ…..នឹង…..»     គោលបំណង៖ ដើម្បីបង្កើនទំនុកចិត្តរវាងដៃគូសហការ ជាពិសេសសម្រាប់ដៃគូដែលមានភាពប្រុងប្រយ័ត្ន ខ្ពស់។ យុទ្ធសាស្ត្រផ្តោតលើចំណុចសំខាន់២ គឺ បង្កើនកំណើន និងកំណត់ភាពថយចុះ ដែលមានហានិភ័យតិច។  «ប្រសិនបើ» គឺសំដៅទៅលើគោលបំណងឬអ្វីដែលដៃគូរបស់អ្នកចង់បាន​ ឬសំណូមពរ របស់គាត់នៅក្នុង អាជីវកម្ម ចំពោះ «នឹង» សំដៅទៅលើអ្វីដែលគាត់បានទទួលពីអ្នក។ នៅក្នុង «នឹង» អ្នកអាចនិយាយបង្កប់នូវ ការទាមទាររបស់អ្នកចំពោះសំណើរបស់គាត់ ប៉ុន្តែត្រូវចងចាំថាត្រូវបូកបញ្ចូលអ្វីដែលគាត់អាចទទួលបានអំពីសំណើ របស់គាត់។ យុទ្ធសាស្ត្រ «ពន្លើស​»     គោលបំណងគឺដើម្បីបង្កើតឱកាសនិងកំណើនឲ្យកាន់តែធំ កាន់តែល្អ។ វាកើតឡើងជាទូទៅក្នុងស្ថានភាព ដែលអតិថិជនទទួលបានវត្ថុនៅក្នុងតម្លៃមួយ ឬ មិនទទួលបានអ្វីទាល់តែសោះ។ ដោយសារតែច្បាប់នៃការផ្ទុយគ្នា អាចធ្វើឲ្យមនុស្សមើលឃើញតម្លៃប្រៀបធៀបរវាងបរិមាណមួយទៅនឹង ០ គឺខុសគ្នាខ្លាំង។ នៅក្នុងយុទ្ធសាស្ត្រនេះ អតិថិជននឹងមានអារម្មណ៍ថាពួកគាត់នឹងអាចបាត់បង់ប្រសិនបើមិនធ្វើការសម្រេចចិត្ត។ ដូចនេះអ្នកអាចប្រើប្រាស់ វិធីសាស្ត្រនេះដើម្បីបំភាន់អារម្មណ៍របស់ដៃគូសហការ។​ យុទ្ធសាស្ត្រ «សមរភូមិប្រយុទ្ធរុស្ស៊ី»     យុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់នៅពេលដែលអ្នកចង់ឲ្យដៃគូសហការជ្រើសរើសជម្រើសគោលដៅរបស់ អ្នក។ ក្នុងវិធីសាស្ត្រនេះ អ្នកផ្តល់ជម្រើស២ដល់អតិថិជនឬដៃគូសហការ ដោយជម្រើសទី១គឺជាជម្រើសដែលអ្នក ចង់ឲ្យដៃគូរអ្នករើស និងជម្រើសទី២គឺមានស្ថានភាពអាក្រក់ជាងជម្រើសទី១ ឬ អន់ជាង។ គោលបំណងគឺដើម្បីឲ្យ អតិថិជន ជ្រើសរើសយកវត្ថុដែលអ្នកចង់បានដោយសមហេតុផល ដោយពួកគាត់ប្រាកដជាជ្រើសយកជម្រើសល្អ ក្នុងចំណោមជម្រើសអន់។ ត្រូវចងចាំថា អ្នកអាចផ្តល់ជម្រើសជាច្រើន តែដោយរក្សាជម្រើសដែលអ្នកចង់ឲ្យ អតិថិជនជ្រើសនៅល្អជាងគេ។ យុទ្ធសាស្ត្រ «ជំហានតូចៗ ដូចញ៉ាំសាឡាមី»     ពេលខ្លះប្រហែលជាគោលបំណង ឬអ្វីដែលអ្នកចង់សម្រេចពីដៃគូរសហការគឺធំពេក ដែលអ្នកគិតថាគេអាច នឹងបដិសេធប្រសិនបើអ្នកណែនាំគម្រោងម្តងទាំងអស់។ នៅក្នុងស្ថានភាពនេះ អ្នកអាចប្រើយុទ្ធសាស្ត្រដូចការញ៉ាំ សាឡាមីដោយកាត់ជាចំណិតៗ។ អ្នកច្រៀកគម្រោងរបស់អ្នកជាផ្នែកៗ រួចនិយាយជាមួយនឹងដៃគូរដោយមិនប្រាប់ ពីគម្រោងសរុប។ ធ្វើដូចនេះអតិថិជននឹងគិតថាអ្វីដែលលើកឡើងគឺសមល្មម ដែលមិនធំពេក។ អ្នកធ្វើដូចនេះម្តង មួយៗដោយពង្វក់ដៃគូឲ្យភ្លេចអំពីទំហំទាំងមូលនៃគម្រោងនោះ។

ចែករំលែក

ឲ្យតែលឺពាក្យថាអាហារូបករណ៍ គឺដឹងតែមានអារម្មណ៍ថាភ័យៗ! អរៗ! ចង់ទៅណាស់ឃើញគេ ទៅព្រោងព្រាត មិនដឹងថាពេលណាដល់ពេលខ្លួនឯងបានជាប់ទៅម្តងនោះទេបើសុទ្ធតែអ្នកខ្លាំង។ យោងទៅតាមបងស្រី គា ច័ន្ទនិមលជាអតីតសិស្សជាប់អាហារូបករណ៍សហរដ្ឋអាមេរិក បានមានប្រសាសន៍ថាការជាប់អាហារូបករណ៍អ្នកណាៗក៏អាចធ្វើបានឲ្យតែមានការតាំងចិត្ត និងអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលមានចំណុចសំខាន់២ដែលអ្នកដែលចង់ដាក់អាហារូបករណ៍ត្រូវមានក្នុងខ្លួន៖ ការប្តេជ្ញាចិត្ត     មុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយ ជាទូទៅអ្នកត្រូវមានការតាំងចិត្តនិងការប្តេជ្ញាចិត្តច្បាស់លាស់ ចេញពីក្នុងខ្លួនរបស់អ្នកដើម្បីឲ្យអ្នកការងារកំពុងនឹងធ្វើសម្រេចបាននូវភាពជោគជ័យ។ វាមានលក្ខណៈ ដូចគ្នាទៅនឹងការដាក់អាហារូបករណ៍ដូចគ្នា ដែលត្រូវការការតាំងចិត្តខ្ពស់ព្រោះការដាក់ អាហារូបករណ៍ទាមទារភាពក្លាហាន និងភាព អំណត់អត់ធន់។ អ្នកត្រូវចងចាំថាមានបេក្ខជនជាច្រើន កំពុងតែដាក់ដូចអ្នកដែរ ដូចនេះអ្នកត្រូវប្រាកដក្នុងចិត្ត និង មានភាពជឿជាក់ជាមួយខ្លួនឯងថានឹងយក អាហារូបករណ៍នោះអោយបាន។ ការសរសេរច្បាស់លាស់  សម្រាប់អ្នកដែលចង់បានអាហារូបករណ៍និងធ្លាប់ដាក់អាហារូបករណ៍ប្រាកដជាដឹងថាមានការ សរសេរជាលក្ខណៈតែងសេចក្តីដើម្បីបរិយាយខ្លួនឯងដែលជាចំណុចសំខាន់ក្នុងការទាញយកអាហា រូបករណ៍នោះមកជិតនឹងអ្នក។ ការសរសេរត្រូវមានគម្រោងច្បាស់លាស់ដើម្បីអោយអ្នកដែលផ្តល់មាន អារម្មណ៍ថាចង់ផ្តល់អាហារូបករណ៍នោះមកអ្នក។ អ្វីដែលសំខាន់អ្នកត្រូវរើសយកបញ្ហានៅក្នុង ប្រធានបទនោះរួចរកដំណោះស្រាយដែលសមរម្យចំពោះបញ្ហានោះ។ ដើម្បីកុំឲ្យមានភាពខុសឆ្គងច្រើន អ្នកអាចនឹងសួរយោបល់អំពីអ្នកដែលមានបទពិសោធន៍អំពីអាហាររូបករណ៍ ឬសិស្សច្បងដែលធ្លាប់ ជាប់រួចមកហើយដើម្បីពិនិត្យនិងកាត់បន្ថយកំហុសរបស់ខ្លួន។ អ្វីគួរចៀសវាង     មានប្អូនៗមួយចំនួនបានសុំយោបល់ ជាពិសេសសំណេររបស់សិស្សច្បងដើម្បីយកជាយោបល់ ប៉ុន្តែមាន ប្អូនៗមួយចំនួន បានចម្លងយកគំនិតទៅសរសេរ។ ដែលសកម្មភាពទាំងនេះអាចធ្វើឲ្យអ្នកមិន ត្រូវបានជ្រើសរើសដោយស្វ៍យប្រវត្តិ ពីព្រោះអ្នកជ្រើសរើសអាចដឹងថាសំណេរទាំងនេះមិនបានសរសេរ ចេញពីចិត្តរបស់អ្នកឡើយ។ អនុសាសន៍ ការដាក់អាហារូបករណ៍មិនប្រកាន់ថាតើអ្នកគឺជានរណា មកពីណា ឲ្យតែមានភាពតស៊ូព្យាយាម ក្នុងការដាក់ និងមិនបោះបង់ចោលសេចក្តីស្រមៃរបស់អ្នកនោះអ្នកនឹងជាប់។ ការប្រលងប្រជែងតែង មានធ្លាក់មានជាប់ ដូចនេះអ្វីដែលសំខាន់ដួលគឺចេះងើបឡើងមកវិញដើម្បីបន្តដំណើរទៅមុខទៀត។

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។ រាល់ពេលជិតដល់ម៉ោងបាយម្តងៗ ខ្ញុំចេះតែក្រហាយត្រង់ចុងដង្ហើម តែពេលបានញ៉ាំបាយរួចស្រាប់តែបាត់ទៅវិញ។ តើនេះមកពីមូលហេតុអ្វីដែរ?ហើយត្រូវព្យាបាលដូចម្តេចដែរ? ចម្លើយ៖ ចំពោះករណីរបស់ប្អូន គេហៅថាការឈឺដោយសារឃ្លាន (painful hunger) ដែលវាជាសញ្ញាទាក់ទងនឹងក្រពះ។ វាអាចបណ្តាលមកពីជំងឺរលាកក្រពះ ដំបៅក្រពះឬក្រពះខ្សោយ។ វាអាចបាត់ទៅវិញនៅពេលប្អូនបរិភោគអាហារ ឬអាចបាត់ពេលប្អូនប្រើថ្នាំក្រពះប្រភេទកញ្ចប់សម្រាប់បឺត នោះបញ្ជាក់ច្បាស់ថាប្អូនមានបញ្ហាក្រពះហើយ។ ហេតុដូចនេះហើយ ចូរប្អូនមកជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះនិងព្យាបាល។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងបញ្ហាបំពង់ក គឺថាតែងតែមានស្លេស្មនៅជាប់បំពង់កជានិច្ច ទោះបីខ្ញុំមិនមានអាការៈក្អក ឬឈឺបំពង់កក៏ដោយ ហើយពេលខ្លះមានស្លេស្មច្រើនទៀតផង បន្ទាប់ពីខ្ញុំបានញុំាអាហារមានរសជាតិផ្អែមៗរួច។ តើនេះបណ្តាលមកពីបញ្ហាអ្វី? ចម្លើយ៖ ជាទូទៅ វាច្រើនទាក់ទងនឹងការអាលែ្លកហ្ស៊ីទៅនឹងអាហារដែលយើងបរិភោគដូចជាអាហារផ្អែម ហិរ ប្រៃ ផ្អាប់ ទឹកកកជាដើម។ ជាក់ស្តែង ករណីរបស់ប្អូនគឺទាក់ទងទៅនឹងការអាល្លែកហ្ស៊ីនឹងអាហារផ្អែម ដែលនាំឲ្យមានការបញ្ចេញស្លេស្ម (mucus) ចេញមកច្រើន ដោយស្រទាប់ជាលិកាសើម(mucusa layer) របស់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះប្អូនគ្រាន់តែចៀសវាងនូវអាហាររសជាតិផ្អែម ឬសារធាតុដែលជាមូលហេតុនៃអាល្លែកហ្ស៊ីនោះតែម្តង។ ម្យ៉ាងទៀត ការអាល្លែកហ្ស៊ី ក៏អាចបណ្តាលឲ្យមានការកកើតនូវគ្រាប់សាច់លើជញ្ជាំងបំពង់ក ដែលហៅថា Pharyngranulation ដែលជាមូលហេតុនៃការបញ្ចេញស្លេស្មប្រចាំ ស្ងួតបំពង់ក និងក្អកផងដែរ ដែលក្នុងករណីនេះទាមទារឲ្យមកជួបវេជ្ជបណ្ឌិតផ្នែក ENT ដើម្បីធ្វើការបំបែកគ្រាប់សាច់នោះចេញ(Cauterisation)។ សូមជម្រាបផងថា ករណីប្រើប្រាស់ថ្នាំដើម្បីការពារអាលែ្លកហ្ស៊ីទុកជាមុន ពពួកantihistamine អាចធ្វើទៅបាន ប៉ុន្តែមិនអាចការពារបាន100%នោះទេ ដូចនេះបើដឹងថាមានអាល្លែកហ្ស៊ីជាមួយរបស់ណាមួយនោះយើងត្រូវឈប់បរិភោគឬ ក៏ឈប់ប្រើប្រាស់របស់ទាំងនោះ យើងអាចចៀសផុតពីជំងឺទាំងនោះបាន។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ជំងឺទឹកនោមផ្អែម មានច្រើនប្រភេទ តែប្រភេទដែល  ច្រើនជាងគេគឺ ជំងឺទឹកនោមផ្អែមប្រភេទ២(៩០%ទៅ៩៥%នៃករណីជំងឺទឹកនោមផ្អែមសរុប) និងជំងឺទឹកនោមផ្អែមប្រភេទ១(៥%ទៅ១០%នៃករណីជំងឺទឹកនោមផ្អែមសរុប)។ ក្រៅពីនេះ មានប្រភេទជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ(Gestational diabetes) និងជំងឺទឹកនោមផ្អែមដែលបង្កឡើងដោយបញ្ហាផ្សេងៗទៀត(Secondary diabetes)។ ជំងឺទឹកនោមផ្អែមនេះផងដែរ ច្រើនកើតមានលើមនុស្សធំ ប៉ុន្តែក៏មានជំងឺទឹកនោមផ្អែមដែលកើតឡើងលើកុមារផងដែរ។ អត្ថបទនេះ នឹងបកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ។ និយមន័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។ មូលហេតុ គ្មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទនេះ ត្រូវបានបង្ហាញនៅឡើយទេ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ភាគច្រើនប្រព័ន្ធភាពស៊ាំការពាររាងកាយ នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលជាធម្មតាសម្លាប់បាក់តេរី និងវីរុសបង្ករោគ ច្រឡំបំផ្លាញកោសិកាអាំងស៊ុយលីន អ័រម៉ូនផលិតនៅហ្នឹងលំពែង។ ហ្សែនក៏អាចដើរតួនាទីក្នុងដំណើរការនេះ និងប៉ះពាល់ទៅលើវីរុសជាច្រើនដែលអាចបង្កជាជំងឺនេះ។ កត្តាដែលជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ រួមមាន៖ •កត្តាហ្សែន ប្រវត្តិគ្រួសារ •កត្តាបរិស្ថានជុំវិញ •ការប៉ះពាល់ជាមួយពពួកវីរុសដូចជា Epstein-Barr virus, coxsackie virus, rubella or cytomegalovirus •កង្វះបរិមាណវីតាមីនD •កត្តារបបអាហារមួយចំនួនរួមមានទឹកដែលមានផ្ទុកនីត្រាត។ រោគសញ្ញា រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ លេចឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ ដែលខុសពីរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈស្ងប់ស្ងាត់នៅដំណាក់កាលដំបូងហើយលេចចេញនៅដំណាក់កាលធ្ងន់ទៅហើយក្នុងរយៈពេល៥ទៅ១០ឆ្នាំ។ នេះជាហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មកជួបនឹងគ្រូពេទ្យក្នុងដំណាក់កាលដំបូង។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានដូចជា៖ •បទជើងតូចញឹក •ស្រេកទឹក •ញ៉ាំច្រើន •ស្រកទម្ងន់ •ស្រវាំងភ្នែក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អាចធ្វើបានតាម៤ប្រភេទ៖ ១. ពិនិត្យរកជាតិស្ករក្នុងឈាមពេលពោះទទេ(ពោះទទេរយៈពេលយ៉ាងតិច៨ម៉ោង)៖ ជាតិស្ករច្រើនជាង ១២៦ម.ក្រ/ដ.ល ២. ពិនិត្យរក HbA1c មានច្រើនជាងឬស្មើ ៦.៥% ៣. ពិនិត្យរកជាតិស្ករដោយចៃដន្យ៖ ជាតិស្ករធំជាង ២០០ម.ក្រ/ដ.ល បូករួមជាមួយនឹងរោគសញ្ញា ៤. ពិនិត្យជាតិស្ករ ២ម៉ោងក្រោយឲ្យអ្នកជំងឺបរិភោគជាតិស្ករ ៧៥ក្រាម៖ ជាតិស្ករច្រើនជាង ២០០ម.ក្រ/ដ.ល។ ការធ្វើតេស្តនេះ ប្រើតែក្នុងការសិក្សា ស្រាវជ្រាវតែប៉ុណ្ណោះ។ ការព្យាបាល ការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ត្រូវធ្វើការព្យាបាលនិងតាមដានអស់មួយជីវិត។ ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានតែដោយឱសថប្រភេទចាក់ប៉ុណ្ណោះ។ ដូចនេះ ករណីដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម តែមិនមានឱសថអាំងស៊ុយលីនប្រភេទចាក់សម្រាប់ព្យាបាលទេនោះ អ្នកជំងឺគឺមិនអាចបន្តអាយុបានយូរទេ។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានរហូតដល់ជាតិស្ករចុះដល់កម្រិត ពោលគឺ៖ •ជាតិស្ករមុនអាហារ ត្រូវស្ថិតនៅចន្លោះ ៩០ម.ក្រ/ដ.ល ទៅ ១៣០ម.ក្រ/ដ.ល •ជាតិស្ករ២ម៉ោងក្រោយអាហារ ត្រូវទាបជាងឬស្មើ ១៨០ម.ក្រ/ដ.ល •HbA1c តិចជាង ៧%។ វិធានការព្យាបាល •ចាក់អាំងស៊ុយលីនពី២ទៅ៥ដងក្នុងមួយថ្ងៃ •គ្រប់គ្រងរបបអាហារពិសេសអាហារផ្អែម •ធ្វើលំហាត់ប្រាណជាប្រចាំ លើកលែងតែក្មេងតូច •តាមដានកម្រិតជាតិស្ករមុននិងក្រោយអាហារជាប្រចាំ។ ផលវិបាក ករណីអ្នកជំងឺមិនបានអនុវត្តតាមវិធានការនៃការព្យាបាលឲ្យបានខ្ជាប់ខ្ជួន ផលវិបាកភ្លាមៗដែលជួបញឹកញាប់បំផុតគឺការឡើងជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងដែលអាចធ្វើឲ្យអ្នកជំងឺសន្លប់។ ឯផលវិបាករ៉ាំរ៉ៃ បញ្ញាដែលប្រឈមចម្បងគេនោះគឺខូចតម្រងនោម ដែលអាចឈានទៅដល់ការលាងឈាមឬផ្សាំតម្រងនោមក្នុងដំណាក់កាលចុងក្រោយ។ ក្រៅពីនេះ មានខូចខាតដល់៖ •ភ្នែក •ប្រព័ន្ធប្រសាទបញ្ជា •សរសៃឈាមធំៗ៖ ស្ទះត្បៀតសរសៃឈាមបេះដូង ស្ទះត្បៀតសរសៃឈាមដែលអាចធ្វើឲ្យមានដំបៅរលួយនៅជើង ឬស្ទះត្បៀតសរសៃឈាមខួរក្បាល(Stroke)។ សរុបមក អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ នោះផលវិបាកនៃជំងឺនេះនឹងអាចចៀសវាងបានទាំងស្រុង ឬកើតក្នុងរយៈពេលយូរទៀតមិនមែនកើតភ្លាមៗទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើប្រិយមិត្តអ្នកអានជាមិត្តនារីក៏ដូចជាសុភាពបុរសទាំងឡាយប្រាថ្នាចង់បានសក់ដែលរឹងមាំ ភ្លឺរលើបរលោង និងស្រស់ស្អាតដែរឬទេ? ប្រសិនបើចម្លើយរបស់អ្នក គឺយល់ព្រមនោះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសរសៃសក់របស់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសសូម្បីតែទង្វើប្រចាំថ្ងៃមួយចំនួន រួមមានទាំងការកក់សក់ ឬការធ្វើម៉ូតសក់ផ្សេងៗផងដែរ។ មានសកម្មភាពខ្លះបង្កភាពផលប៉ះពាល់ដល់សុខភាពសក់របស់អ្នក ដែលអ្នកអាចនឹងមិនដឹង ឬមិនចាប់អារម្មណ៍។ តាមដានជាមួយហេលស៍ថាមទាំងអស់គ្នា ដើម្បីចង់ដឹងថាតើមានចំណុចខុសឆ្គងអ្វី ដែលលោកអ្នកបានធ្វើដែរឬទេ? ១ មិនសិតសក់ មុនពេលកក់សក់   សក់របស់យើងខ្សោយជាងគេ ពេលដែលវាសើម ដោយសារតែពេលសក់សើម គឺងាយនឹងជំពាក់។ ហេតុនេះហើយ ដើម្បីចៀសវាងការប្រទាក់ឆ្វាក់សក់នោះ អ្នកគួរតែសិតសក់ជាមុនសិន។ ប្រសិនបើអ្នកចង់សិតសក់នៅពេលងូតទឹកនោះ អ្នកត្រូវប្រើប្រាស់សាប៊ូបន្ទន់សក់(conditioner) ហើយធ្វើការច្បូតសរសៃសក់ដោយប្រើម្រាមដៃសិន បន្ទាប់មកប្រើក្រាស់សិតសក់ដែលមានធ្មេញធំ មុននឹងធ្វើការលាងសំអាត។ ២ សិតតែផ្នែកចុងសក់ អ្នកប្រហែលជាលឺគេនិយាយថាការសិតសក់ច្រើនពេអាចនឹងបំផ្លាញសុខភាពសក់ ប៉ុន្តែជាតិប្រេងពីធម្មជាតិដែលនៅនឹងស្បែកក្បាលរបស់អ្នក ជាសាប៊ូបន្ទន់ដែលល្អជាងគេបំផុត។ ដូច្នេះហើយ អ្នកគួរប្រើប្រាស់ក្រាស់សិតសក់ដែលធ្មេញឈើ ធ្វើការសិតពីគល់សក់ដល់ផ្នែកខាងចុងសក់ ដើម្បីម៉ាស្សាស្បែកក្បាល ក៏ដូចជាសម្រួលដល់ដំណើររត់របស់ឈាម និងការលូតលាស់របស់សក់។ ៣ មិនសូវសម្អាតសក់ សក់ភាគច្រើននឹងភាពល្អប្រសើរអ្វីទេពីការសំអាតសក់ជារៀងរាល់ថ្ងៃ។ ការសម្អាតសក់ញឹកញាប់ និងខ្លាំងពេក នឹងជម្រះជាតិប្រេងដែលមានគុណប្រយោជន៍របស់ស្បែកក្បាលរបស់អ្នក ហើយធ្វើឲ្យសក់ស្រអាប់ និងមើលទៅមិនរស់រវើកដូចសក់ធម្មជាតិ។ ធ្វើការកក់ ឬលាងសម្អាតសក់ឲ្យបានញឹកញាប់ ប៉ុន្តែប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលថែរក្សាសក់ច្រើនពេកនោះទេ អ្នកអាចគ្រាន់តែលាងសក់ជាមួយនឹងទឹកធម្មតា ឬ ប្រើសាប៊ូអប់ធម្មតាក៏បាន។ ៤ កំហុសក្នុងការបន្ទន់សក់ អ្នកក៏ប្រហែលជាធ្លាប់លឺគេនិយាយថា ការបន្ទន់ផ្នែកខាងចុងសក់នឹងជួយការពារបង្ការភាពច្បត់ ប៉ុន្តែសម្រាប់មិត្តនារីដែលមានសក់ស្តើង គេគួរតែបន្ទន់សក់តាំងពីគល់ផងដែរ ព្រោះសក់របស់ពួកគេងាយប្រឈមនឹងការជ្រុះ ឬខូចទម្រង់ជាងគេ។ តែការបន្ទន់ជ្រុលពេក ក៏មិនជាទង្វើមួយល្អដែរ ដូច្នេះហើយ អ្នកគួរប្រើប្រាស់វាក្នុងបរិមាណមួយគ្រប់គ្រាន់បានហើយ។ អ្វីដែលអ្នកត្រូវចងចាំមួយទៀតនោះ គឺត្រូវតែលាងសម្អាតវារហូតដល់ជ្រះអស់ និង សាប៊ូអប់ឲ្យបានញឹកញាប់ផងដែរ។ ៥ ត្រដុស ឬជូតសក់ជាមួយនឹងកន្សែងខ្លាំងៗពេក ការត្រដុសសក់ខ្លាំងពេកជាមួយនឹងកន្សែង អាចនឹងធ្វើឲ្យស្បែកក្បាលឡើងគគ្រាត ហើយសក់ទៀតសោតក៏ស្រអាប់ រួញ ឬកណ្តាញ់ ហើយងាយនឹងជ្រុះក៏ដូចជាខូចខាត។ ហេតុនេះហើយ អ្នកគួរតែធ្វើការផ្តិតសក់តិចៗជាមួយនឹងកន្សែងហើយយកម្រាមដៃគ្រវីសរសៃសក់ថ្នមៗ។ បើទោះជាវាត្រូវការពេលយូរបានស្ងួត តែវានឹងពង្រឹងសុខភាពសក់របស់អ្នក។ ៦ មិនបានប្រើប្រាស់ផលិតផលការពារកម្តៅ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កម្តៅជាកត្តាទីមួយដែលបង្កជាផលប៉ះពាល់ដល់សក់។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រស់នៅដោយគ្មានការផ្លំសក់ ការរមូរសក់ ឬការកៀបបសក់ទេនោះ អ្នកចាំបាច់ត្រូវប្រើប្រាស់ផលិតផលការពារកម្តៅ ដើម្បីជារនាំងការពារសរសៃសក់ និងធ្វើឲ្យស្បែកក្បាលទន់ល្មើយ។ មុននឹងចាប់ទាញម៉ាស៊ីនមកផ្លំសក់ អ្នកគួរទុកពេលឲ្យសក់ប្រែជានៅសើមតិចៗសិន (ប្រើម្រាមដៃគ្រវីសក់តិចៗ ដើម្បីឲ្យឆាប់ស្ងួត) ហើយប្រើប្រាស់កម្រិតក្តៅល្មម(warm) ជាជាងការប្រើប្រាស់នៅកម្រិតក្តៅខ្លាំង(hot)។ ៧ ប្រើប្រាស់ម៉ាស៊ីនកៀប ទាំងសក់មិនទាន់ស្ងួតសព្វ សក់សើម និងម៉ាស៊ីនកៀបមិនត្រូវធាតុគ្នានោះទេ។ ម៉ាស៊ីនកៀបរួញ ឬកៀបត្រង់ នឹងបង្កើតកម្តៅដល់គល់នៃសរសៃសក់ ហើយធ្វើឲ្យវាចុះខ្សោយ ហើយងាយរងការខូចខាត។ សក់ត្រូវតែស្ងួតទាំងស្រុង មុននឹងប្រើប្រាស់ម៉ាស៊ីនកៀបផ្សេងៗ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ។ ៨ ប្រើប្រាស់ស្ព្រាយ៍បាញ់សក់ មុននឹងចាប់ម៉ូត តើលោកអ្នកធ្លាប់លឺសម្លេង«ឈីកឈីក» (ដូចពេលខ្លាញ់ស្រក់ចុះក្នុងភ្លើង ពេលអាំងសាច់) ដែរឬទេ? ជាតិអាល់កុលនៅក្នុងស្រ្ពាយ៍បាញ់សក់នឹងមានប្រតិកម្មដូចគ្នាជាមួយនឹងកម្តៅ។ ដូចនេះហើយ អ្នកត្រូវតែប្រើប្រាស់វា បន្ទាប់ពីកៀបសក់រួច។ ៩ ម៉ូតសក់ដែលត្រូវធ្វើការសាប់សក់ ដើម្បីកម្មវិធីជប់លៀងខ្លះ អ្នកប្រហែលជាធ្វើម៉ូតសក់ស្អាតៗប្លែកៗ ដែលតម្រូវឲ្យមានការសាប់សក់ ដើម្បីឲ្យមើលទៅប៉ោងស្អាត ឬក្រាស់។ ប៉ុន្តែការធ្វើបែបនេះញឹកញាប់ពេក  នឹងបំផ្លាញដល់ស្បែកក្បាលស្រទាប់ខាងលើ ហើយសក់ទៀតសោតក៏ប្រឈមនឹងការជ្រុះ និងខូចផងដែរ។ ១០ គិតថាអាចស្រោចស្រង់សក់ដែលបែកចុងបាន មិត្តនារីខ្លះប្រហែលជាគិតថាមានវិធីដែលអាចជួយស្រោចស្រង់សក់របស់ខ្លួនដែលបានបែកចុងរួចទៅហើយ តែវាមិនមែនជាការពិតទេ។ វិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហានេះបាន គឺការបង្ការកុំឲ្យសក់របស់អ្នកបែកចុង តាមរយៈការចៀសវាងការកក់សក់ញឹកញាប់ពេក ការជូត ឬញីសក់ខ្លាំងៗពេក ប្រើប្រាស់ម៉ាស៊ីនកៀបមិនត្រឹមត្រូវ ជាដើម។ ម្យ៉ាងទៀតអ្នកក៏អាចធ្វើការកាត់សក់នោះចេញក៏បាន។ ដើម្បីបិទបាំងរូបភាពបែបចុងជាបណ្តោះអាសាន្ន អ្នកអាចប្រើប្រាស់ផលិតផលដែលមានផ្ទុកនូវក្រមួនឃ្មុំ ឬជាតិសេរ៉ូមដែលមានប្រេងargan ដើម្បីបន្ទន់សក់បែបចុងនោះ។

ចែករំលែក
Top