Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេបន្ទាប់ពីអាហារពេលព្រឹករួច ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ តើយើងត្រូវទទួលទានកាហ្វេរបៀបណាដើម្បីទទួលបានសុខភាពល្អ? ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមសូមធ្វើការណែនាំដូចខាងក្រោម៖ មិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងក្រទទួលទានកាហ្វេពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់ យើងផងដែរ។ មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នក វាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។ ជ្រើសរើសម៉ាកដែលមានគុណភាព ដូចជាអាហារដទៃទៀតដែរ គុណភាពនៃផលិតផល គឺអាស្រ័យទៅលើសង្វាក់ផលិតកម្ម និងការដាំដុះរបស់វា។ គ្រាប់កាហ្វេត្រូវបានបាញ់ដោយថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមិនគួរជ្រើសរើសយកមកប្រើឡើយ។ដោយសារតែមូលហេតុនេះហើយ យើងគួរតែជ្រើសរើសយកកាហ្វេសរីរាង្គនៅពេលដែលស័កិ្ដសម។ មិនត្រូវប្រើប្រាស់ជាតិផ្អែមសិប្បនិមិ្មត ការដាក់ជាតិផ្អែមសិប្បនិម្មិតចូលក្នុងកាហ្វេអ្នកជំនួសស្ករ វាមើលទៅដូចជាគំនិតល្អដោយសារតែវាគ្មានកាឡូរី។ ប៉ុន្តែមានអំណះអំណាងមួយចំនួនមិនគាំទ្រគំនិតនេះទេ។ ក្នុងការស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងជាតិផ្អែមសិប្បនិមិ្មតអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន។ ចៀសវាងផលិតផលមានខ្លាញ់ទាប និងក្រែមសិប្បនិមិ្មត ផលិតផលដែលមានជាតិខ្លាញ់ទាប និងក្រែមសិប្បនិមិ្មតដែលអ្នកប្រើប្រាស់មិនមែនបានមកពីធម្មជាតិ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាបង្ហាញថាផលិតផលដែលមានជាតិខ្លាញ់អាចកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតជំងឺធាត់។ បន្ថែមកាកាវចូលទៅក្នុងកាហ្វេរបស់អ្នក កាកាវមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានសារប្រយោជន៍សម្រាប់សុខភាព វាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូង។

ចែករំលែក

នៅលើមហាវិថីព្រះសីហនុ (ក្បែរអគារ៤២ជាន់) អគារដ៏ខ្ពស់ស្កឹមស្កៃ ឃីត ស៊ីធី (Kids City) ដែលមានការរចនាឡើងយ៉ាងប្លែកភ្នែកជាទីកន្លែងកំសាន្តតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានផ្តល់ជូនសកម្មភាពសប្បាយៗ និងប្លែកៗជាច្រើនសម្រាប់កុមារ លេងកំសាន្តតែក៏ដូចជាចែករំលែកនូវភាពរំភើបរីករាយជាមួយនិងសមាជិកក្រុមគ្រួសាររបស់ខ្លួន បើទោះថ្វីត្បិតថាឈ្មោះមានន័យជាភាសាខ្មែរថាទីក្រុងកុមារក៏ដោយ។ បម្រើការអស់រយៈពេលកន្លងមក ឃីត ស៊ីធី មានបម្រើនូវសេវាកម្មយ៉ាងដិតដល់ជូនដល់អតិថិជន ជាពិសេសគឺការការពារសុវត្ថិភាព និងយកចិត្តទុកដាក់មើលថែទាំដល់បុត្រធីតារបស់លោកអ្នកដែលបានចូលរួមលេងកំសាន្តនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបមួយនេះ។   សកម្មភាពកំសាន្តដែល ឃីត ស៊ីធី ផ្តល់ជូនសុទ្ធសឹងតែជាសកម្មភាពដែលមានគុណប្រយោជន៍យ៉ាងថ្លៃថ្លាដល់កុមារា កុមារី និងយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការលេងនូវល្បែងក៏ដូចជាសាកល្បងនូវអ្វីដែលថ្មី ដើម្បីជាការកំសាន្ត ពង្រឹងសុខភាព និងពង្រីកចំណេះដឹងរបស់ខ្លួន។ ក្នុងនោះផងដែរ  យើងឃើញមានសកម្មភាពធំៗបែបសប្បាយ និងប្រកបដោយសុវត្ថិភាពដូចជា៖ • កីឡាឡើងជញ្ជាំង (Clip  ‘N  Climb) ជាមួយនឹងជញ្ជាំងដល់26 លោកអ្នកអាចរីករាយនឹងការហាត់ឡើង • កីឡាបាញ់ឡាស៊ែ (Laser Tag) ទីធ្លាដ៏សំបូរបែប ដែលរចនាឡើងជាពិសេសសម្រាប់កីឡាប្រភេទនេះ ហើយលោកអ្នកអាចធ្វើការប្រកួតជាមួយនឹងមិត្តភក្តិ ឬអ្នកចូលរូមលេងដទៃទៀតបានដល់ទៅចំនួន30នាក់។ រយៈពេលប្រកួតម្តងៗ គឺ មានប្រមាណត្រឹម២៥នាទី • កីឡាប្រណាំងឡាន (Go Karts) និងឡានបុកគ្នា (Bumper  Cars) កំសាន្តសប្បាយជាមួយនឹងការបញ្ជាលើឡានដែលមានពណ៌ជាច្រើនសម្រាប់ជាជម្រើសរបស់លោកអ្នក • កន្លែងកំសាន្តសម្រាប់ក្មេងតូចៗ (Toddler Town) ត្រូវបានតុបតែង និងរចនាឡើងសម្រាប់បុត្រធីតារបស់លោកអ្នក ក្នុងជំហរបង្កើតនូវវប្បធម៌បណ្តុះនូវការចង់ដឹង និងបញ្ញាស្មារតី • កន្លែងកំសាន្តសម្រាប់កុមារ (Playground) ទីកន្លែងកំសាន្តសម្រាប់កុមារាកុមារីដែលត្រូវបានរៀបចំឡើងជាច្រើនជាន់ថ្នាក់ និងអាចផ្ទុកក្មេងបានរហូតដល់ទៅ300នាក់ • សាលវិទ្យាសាស្រ្ត (Science Gallery) និងសាលស្រាវជ្រាវ (Science Discovery) ជាកន្លែងដោះស្រាយនូវរាល់ចម្ងល់ទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃពិភពលោក និងសកលលោក ក្រៅពីសកម្មភាពកំសាន្តសប្បាយខាងលើ ឃីត ស៊ីធី ក៏មានផ្តល់នូវសេវាកម្មរៀបចំនូវកម្មវិធីពិសេស គឺការបណ្តុះបណ្តាល និងការរឹតចំណងក្នុងក្រុមការងារផងដែរ។ បន្ថែមពីលើនេះ លោកអ្នកក៏អាចរៀបចំជាពិធីខួបកំណើតនៅទីនេះផងដែរ។ សម្រាប់ថ្ងៃធម្មតា (ច័ន្ទ-សុក្រ) ឃីតស៊ីធី បើកបម្រើសេវាកម្មចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៨ល្ងាច ចំណែកឯថ្ងៃចុងសប្តាហ៍ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៨ល្ងាចដូចគ្នា។ សេវាកម្មល្អ សុវត្ថិភាពខ្ពស់ ឧបករណ៍មានស្តង់ដារ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងប្រកបដោយក្រមសីលធម៌ ព្រមជាមួយនឹងតម្លៃសមរម្យ និងអ្វីដែលសំខាន់ គឺការរៀបនូវសេវាកម្មប្រកបដោយការច្នៃប្រឌិត ជំនាញ និងការប្តេជ្ញាចិត្ត ជាគុណភាពដែលមិនអាចកាត់ថ្លៃបានរបស់ ឃីត ស៊ីធី។ ចង់ឲ្យបុត្រធីតា ប្អូនៗ ឬក្មូយៗ ក៏ដូចជាខ្លួនលោកអ្នកផ្ទាល់ កំសាន្តជាមួយសកម្មភាពសប្បាយៗក្នុងពេលសម្រាកពីការសិក្សា និងការងារ សូមអញ្ជើញមកកាន់ ឃីត ស៊ីធី ដែលមានអាស័យដ្ឋានផ្ទះលេខ 162A មហាវិថីព្រះសីហនុ។

ចែករំលែក

មនុស្សយើងម្នាក់ៗ កើតមករមែងតែងតែមានរូបរាងកាយខុសប្លែកពីគ្នាដោយអ្នកខ្លះ មានមាឌធំហើយខ្លះទៀតមាឌតូច បើនិយាយអំពីពណ៌សម្បុរវិញ មានសម្បុរសណ្តែកបាយ ឬសម្បុរស ឬលឿង ឬក្រហមជួនកាលខ្មៅ។ យ៉ាងណាមិញ ពណ៌នៃធ្មេញក៏មិនខុសគ្នាផងដែរដោយអ្នកខ្លះមានធ្មេញប្រកបដោយពណ៌សស្អាត រីឯខ្លះវិញទៀតធ្មេញមានពណ៌លឿង ឬពណ៌លឿងត្នោត  ឬពណ៌លឿងក្រហម ឬពណ៌សប្រផេះជាដើម។ មុននឹងដឹងអំពីបុព្វហេតុនៃការប្រែពណ៌ធ្មេញ យើងត្រូវដឹងអំពីពណ៌ធ្មេញធម្មជាតិជាមុនសិន តាមធម្មតា ពណ៌នៃធ្មេញធម្មជាតិយើងមានការលេចចេញឡើងនូវពណ៌លឿងស្រាលតិចៗ ហើយអាចមានការវិវឌ្ឍក្លាយជាពណ៌លឿងក្នុងកម្រិតមួយខ្លាំងបាន ហើយមូលហេតុនៃការប្រែពណ៌នៃធ្មេញ មានមូលហេតុដូចជា៖ -ប្រភេទអាហារនិងភេសជ្ជៈ(Food& Beverages)៖ រាល់អាហារនិងភេសជ្ជៈទាំងឡាយណា ដែលមានពណ៌ដិតខ្លាំង ហើយមានផ្ទុកនូវកម្រិតជាតិអាស៊ីត។ ឧទាហរណ៍ ទឹកប៉េងបោះ(ទឹកជ្រលក់)ទឹកតែ ឬកាហ្វេ ជាដើម។ -ការប្រើប្រាស់ប្រភេទថ្នាំជក់ឬការជក់បារី(Tobacco use)៖ ការប្រែពណ៌ធ្មេញតាមរយៈការជក់បារី គឺធ្មេញមានពណ៌លឿង។ -ការប្រើប្រាស់ប្រភេទថ្នាំសម្រាប់ព្យាបាលជំងឺ(Medication)៖ ឧទាហរណ៍ស្ត្រីមានផ្ទៃពោះ ឬកុមារ ដែលស្ថិតក្នុងអាយុនៃការកកើតវិវត្តធ្មេញស្រុក បានកើតជំងឺ ហើយបានប្រើប្រាស់នូវប្រភេទថ្នាំតេត្រាស៊ីក្លីន(Tetracycline) សម្រាប់ព្យាបាល ពេលជំងឺបានជាសះស្បើយ     តែផលវិបាកនៃឱសថប្រភេទនេះ បានធ្វើអោយមានផលប៉ះពាល់ដល់ពណ៌របស់ធ្មេញ(ពណ៌លឿងដូចពណ៌នៃថ្នាំ)ដោយសារគាត់ពុំដឹង។ -ការប្រើប្រាស់លើសកំរិតនៃសារធាតុភ្លុយអរ(F-)(Excessive of F-use)៖ ឧទាហរណ៍ នៅលើផ្ទៃធ្មេញមានពណ៌អុជពណ៌សៗ ក្នុងកម្រិតស្រាល ឬធ្ងន់ គឺវាទាក់ទងនឹងបិរិមាណនៃការប្រើប្រាស់សារធាតុភ្លុយអរនោះ។ -អាយុ(Aging)៖   នៅពេលមនុស្សយើង មានអាយុកាន់តែច្រើនឡើងៗសំណឹកនៃធ្មេញក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់ផងដែរ ការបាត់ស្រទាប់កាចាធ្មេញ(Enamel)ច្រើន ជាហេតុធ្វើឲ្យស្រទាប់ភ្លុកធ្មេញ(Dentin)លេចចេញឡើង ហើយធ្វើឲ្យពណ៌ធ្មេញមានពណ៌លឿង ដោយសារស្រទាប់នេះមានពណ៌លឿង។ -ដំណាក់ការកកើតធ្មេញ(Tooth Formation Defects) ៖ ចំពោះករណីនេះ វាអាចមានការប៉ះពាល់ដល់កាចាធ្មេញ(Amelogenesis imperfecta) និងភ្លុកធ្មេញ (Dentinogenesis imperfecta) ទាំងនេះមកពីសេនេទិច(តំណពូជ) ក៏ធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ បើសិនជាកើតមានលើកាចាធ្មេញ វាអាចមានពណ៌លឿង(Yellow) ឬពណ៌ត្នោត(Brown)  តែបើកើតលើភ្លុកធ្មេញវិញវាផ្តល់ពណ៌លឿងស្រាល(Yellowish) ឬពណ៌ខ្មៅប្រផេះ(Gray) ឬពណ៌ត្នោតបែកស្វាយ(Brownisd-violet)។ -ការខ្វះអនាម័យសុខភាពមាត់ធ្មេញ(Poor oral hygiene)៖ បើសិនជាការដុសសម្អាតធ្មេញពុំបានស្អាតល្អទេ ការជាប់ពណ៌កាន់ជាប់ទៅនឹងផ្ទៃធ្មេញ អាចបង្កឲ្យមានភាពប៉ះពាល់ដល់ពណ៌ធ្មេញ ដោយសារក្នុងប្រអប់មាត់មនុស្សយើងមានពពួកបាក់តេរី ដែលធ្វើឲ្យមានការកកើតនូវសមាសធាតុគីមីហើយសមាសធាតុមួយចំនួនអាចធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ -ធ្មេញពុក(Tooth Decay)៖ កាលណាធ្មេញត្រូវបានទទួលរងនូវរោគពុកធ្មេញ ធ្មេញនោះប្រាកដជាមានការប្រែពណ៌(ស្នាមពណ៌ខ្មៅ) កើតមាននៅលើផ្ទៃធ្មេញមួយផ្នែក ដែលអាចមានទំហំតូចឬក៏ធំតាមរយៈពេលនៃការទុកចោលឥតធ្វើការព្យាបាលបិទប៉ះ។ -ធ្មេញងាប់(Tooth died)៖ ក្នុងករណីនេះធ្មេញនឹងបាត់ពណ៌ធម្មជាតិរបស់ខ្លួនទាំងស្រុង ព្រមទាំងលេចចេញនូវពណ៌មួយផ្សេងទៀត(ជាពិសេសពណ៌ខ្មៅ) បើសិនជាមានការប្រៀបធៀបនឹងពណ៌នៃធ្មេញនៅក្បែរនឹងវា។ -ការបិទប៉ះធ្មេញដោយ (Silver amalgam )៖ ការបិទប៉ះប្រភេទនេះធ្វើឲ្យធ្មេញក្លាយជាមានពណ៌ខ្មៅ ដោយសារតែពណ៌នៃលោហធាតុរបស់សំលោហៈ។ មុននឹងបញ្ចប់នូវសំណេរនៃការសង្ខេបត្រួសៗ ខាងលើចំពោះការប្រែពណ៌ធ្មេញ ក្នុងនាមខ្ញុំបាទជាទន្តបណ្ឌិតព្យាបាលមាត់ធ្មេញ សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ដូចពាក្យ ស្លោកមួយឃ្លាបានលើឡើងថា «សុខភាពប្រសើរជាងទ្រព្យ»។ ដូចនេះ ការពិនិត្យសុខភាពទូទៅឬសុខភាពមាត់ធ្មេញ ពីរដងឬមួយដងក្នុង១ឆ្នាំ ដើម្បីគេចផុតពីជំងឺរាតត្បាតផ្សេងៗ។ ដកស្រង់ចេញពីបទសម្ភាសន៍ជាមួយ ៖ លោកទន្តបណ្ឌិត សុខ ពិសៀង ដែលបម្រើការជាទន្តពេទ្យព្យាបាលសុខភាពមាត់ធ្មេញនៅ គ្លីនីកទន្តសាស្រ្តថបវ័ន្ត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការតុបតែងមុខសម្រាប់មនុស្សស្រីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបាននូវភាពកាន់តែស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ផ្ទុយទៅវិញ មនុស្សស្រីមួយចំនួនបែរជាធ្វើការតុបតែងមុខខុសទំនងជាហេតុធ្វើឲ្យអ្នកដទៃមើលទៅបែរជាចាស់ជាងធម្មតា និងមិនសមរម្យ។ ដូចនេះ ដើម្បីចូលរួមចំណែកកែប្រែរូបសម្ផស្សឲ្យកាន់តែស្រស់ស្អាតបន្ទាប់ពីតុបតែងមុខយើង សូមលើកយកពីកំហុសឆ្គងមួយចំនួនដែលតែងតែកើតឡើងពេលតុបតែងមុខមកបង្ហាញដល់មិត្តស្រ្តីទាំងអស់គ្នា៖ ១.ការលាបម្សៅបិទបាំងស្នាមក្រាស់ពេក មនុស្សស្រីមួយចំនួនដើម្បីទទួលបាននូវភាពស្អាតប្លែកខុសពីធម្មតាបែរជាគិតថាការលាបម្សៅបិទបាំងស្នាមឲ្យក្រាស់អាចជួយលើកសម្រស់ផ្ទៃមុខបាន ប៉ុន្តែនេះជាកំហុសឆ្គងមួយទៅវិញ ប្រសិនបើលោកអ្នកជ្រើសរើសពណ៌មិនសមស្របនឹងស្បែក និងលាបក្រាស់ពេកនោះវានឹងបង្ហាញនូវស្នាមជ្រួញលើផ្ទៃមុខហើយមើលទៅកាន់តែចាស់។ ដូចនេះ អ្នកជំនាញនិយាយថាគួរតែជ្រើសរើសម្សៅប្រភេទទឹកដែលមានសារធាតុភ្លឺៗព្រោះពេលលាបទៅស្បែករបស់លោកអ្នកមើលទៅដូចធម្មជាតិ និងមានសុខភាពល្អ។ ២. ការលាបម៉ាស្ការាក្រាស់នៅរោមភ្នែកខាងក្រោម ប្រើប្រាស់ម៉ាស្ការាលាបទៅលើរោមភ្នែកផ្នែកខាងក្រោមជាពិសេសផ្នែកខាងចុងភ្នែកពិតជាធ្វើឲ្យលោកអ្នកមានភាពទាក់ទាញ។ ប៉ុនែ្តផ្ទុយទៅវិញ ប្រសិនបើអ្នកលាបក្រាស់ពេកនោះអ្នកនឹងអាចធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ទៅលើស្នាមជ្រីវជ្រួញជុំវិញភ្នែកទៅវិញមិនថាស្នាមជ្រួញទាំងនោះមានបន្តិចបន្តួចក៏ដោយ។ ៣. ការជ្រើសរើសពណ៌ក្រែមលាបមាត់ គ្រាន់តែក្រែមលាបមាត់ក៏អាចធ្វើឲ្យអ្នកមានភាពស្រស់ស្អាតដែរ តែអ្នកត្រូវដឹងពីទម្រង់បបូរមាត់របស់អ្នកស័កិ្តសមនឹងពណ៌អ្វីជាមុនសិន។ បើមិនជាអ្នកមានទម្រង់បបូរមាត់រាងតូចរៀវ ដូច្នេះលោកអ្នកគួរចៀសវាងពណ៌ដិតខ្លាំងព្រោះពេលមើលទៅទម្រង់បបូរមាត់កាន់តែតូចហើយពេលខ្លះការគូសគែមបបូរមាត់ក៏អាចជួយអ្នកបានដែរ។ ៤. ការលាបស្រមោលភ្នែក លោកអ្នកមិនគួរលាបពណ៌ពេញត្របកភ្នែកទាំងស្រុងទេព្រោះការធ្វើបែបនេះនឹងឲ្យអ្នកមើលទៅកាន់តែចាស់។ អ្វីដែលត្រឹមត្រូវ លោកអ្នកគួរតែតប់ម្សៅពណ៌ស្រាលទៅផ្នែកខាងចុងភ្នែកបានហើយ។ ៥. ការគូសគំនូសភ្នែកខាងក្រោម ប្រើប្រាស់ខ្មៅដៃគំនូសភ្នែកពណ៌ខ្មៅគូសទៅលើភ្នែកផ្នែកខាងក្រោមដិតខ្លាំងពេក នឹងធ្វើឲ្យភ្នែកលោកអ្នកមើលទៅកាន់តែតូចជាងមុន។ ដូចនេះ លោកអ្នកគួរតែងាកមកជ្រើសរើសពណ៌ស្រាលជាងនេះបន្តិចនោះអ្នកនឹងទទួលបានភ្នែកធំដ៏ស្រស់ស្អាត។ ៦. ការផាត់ម្សៅពណ៌ក្រហមនៅថ្ពាល់ អ្នកគួរតែបោះបង់ម្សៅពណ៌ក្រម៉ៅៗទៅហើយគួរតែងាកមកប្រើពណ៌ស្រាលៗដូចជាពណ៌ផ្កាឈូកខ្ចីជាដើម ហើយគប្បីផាត់នៅផ្នែកខាងលើថ្ពាល់ មិនមែននៅចំកណ្តាលថ្ពាល់នោះទេ។ លើសពីនេះ អ្នកក៏អាចតប់ម្សៅពណ៌ក្រហមស្រាលៗនៅឆ្អឹងថ្ពាល់ខាងលើប៉ុន្តែកុំទៅជិតតំបន់ជុំវិញច្រមុះពេក។ ការធ្វើបែបនេះនឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកក្មេងជាងវ័យ និងស្រស់បំព្រង។ ៧. គូសចិញ្ចើមក្រាស់់ពេក មនុស្សស្រីមួយចំនួនគូសចិញ្ចើមពណ៌ដិតខ្លាំង និងគូសធំជាងចិញ្ចើមធម្មជាតិធ្វើឲ្យមុខរបស់អ្នកមើលទៅមិនស្អាតបាត និងចាស់ ដូចនេះ យល់ល្អ អ្នកគួរតែជ្រើសរើសពណ៌ឲ្យស្រាលជាងចិញ្ចើមធម្មជាតិរបស់អ្នក។ ៨. ខ្មៅដៃគូសបបូរមាត់ ការប្រើប្រាស់ខ្មៅដៃគូសបបូរមាត់ពិតជាមានប្រយោជន៍ច្រើនក្នុងការតុបតែងមុខពីព្រោះវាអាចធ្វើឲ្យមាត់របស់អ្នកមានទម្រង់ស្អាត និងលេចធ្លោ តែទោះបីជាយ៉ាងណា អ្នកគួរតែប្រុងប្រយ័ត្នក្នុងការគូស ចូរកុំព្យាយាមគូសគែម ឬផ្នែកកណ្តាលនៃបបូរមាត់ឲ្យធំជាងបបូរមាត់ធម្មជាតិ បើមិនដូច្នោះទេអ្នកដទៃនឹងចាប់អារម្មណ៍ព្រមទាំងអាចមើលឃើញពុកមាត់អ្នកទៀតផង។ ៩. លាបម្សៅក្រាស់ពេក ម្សៅផាត់អាចបំពេញចន្លោះខ្វះខាតនៅលើផ្ទៃមុខបានប្រសិនបើអ្នកប្រើវាក្នុងបរិមាណសមស្រប ផ្ទុយទៅវិញ បើអ្នកលាបវាច្រើនហួសហេតុនោះ មុខអ្នកច្បាស់ជាមានបញ្ហាហេតុដូចនេះអ្នកគប្បីចៀសវាងផាត់ម្សៅខ្លាំងនៅជុំវិញភ្នែកព្រោះការធ្វើបែបនេះនឹងលេចចេញនូវស្នាមជ្រីវជ្រួញ និងធ្វើឲ្យផ្ទៃមុខមើលទៅមានសភាពស្ងួតផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

លោកអ្នកប្រាកដជាធ្លាប់លឺថានៅពេលចាស់ទៅ ឆ្អឹងនឹងចុះខ្សោយ ឧស្សាហ៍ឈឺ និងពិបាកធ្វើចលនាចុះឡើងហើយមែនទេ? តែផ្ទុយទៅវិញ មនុស្សមួយចំនួនមានសុខភាពឆ្អឹងចាប់ផ្តើមចុះខ្សោយឆាប់រហ័សជាងមនុស្សធម្មតាហើយក៏បង្កទៅជាការឈឺចាប់ និងមិនងាយធ្វើការបត់បែនផ្សេងៗជាដើម។ ដូច្នេះ យើងខ្ញុំនឹងបង្ហាញដើមចមដែលមនុស្សមួយភាគធំបានធ្វេសប្រហែស និងមិនបានដឹងថាទង្វើទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពឆ្អឹងរបស់ពួកគេទេ។ ១. ការបរិភោគអំបិលច្រើនហួសកំណត់ នៅពេលដែលអ្នកបរិភោគអំបិលកាន់តែច្រើននោះសារធាតុកាល់ស្យូមនៅក្នុងខ្លួននឹងកាត់បន្ថយ ដូច្នេះ ឆ្អឹងអាចនឹងមិនមានសភាពរឹងមាំ។ អាហារដែលសម្បូរសារជាតិអំបិលលើសចំនួនកំណត់មានដូចជា នំបុ័ង ហ្វ្រូម៉ា ដំឡូងកញ្ចប់ជាដើម។ យ៉ាងណាមិញ លោកអ្នកមិនចាំបាច់ឈប់ញុំាអាហារដែលមានជាតិប្រៃទាំងស្រុងនោះទេតែគួរតែពិសាក្នុងចំនួនតិចជាង២៣០០មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ។ ២. ការចំណាយពេលច្រើននៅក្នុងផ្ទះ លោកអ្នកគួរតែចេញទៅក្រៅឲ្យបានច្រើនបន្តិច ពីព្រោះខ្លួនរបស់អ្នកត្រូវការបង្កើតវីតាមីនដេក្រោមឥទ្ធិពលពន្លឺព្រះអាទិត្យ។ ជាការពិតណាស់ លោកអ្នកគ្រាន់តែចំណាយ១០-១៥នាទីជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវចំណាយពេលច្រើននៅក្រោមពន្លឺថ្ងៃពេកទេព្រោះវាអាចត្រឡប់ទៅជាឲ្យលោកអ្នកជួបបញ្ហាស្បែកទៅវិញ។ ៣. របបអាហារ នៅពេលខ្លះអាយុ-ពណ៌ស្បែករបស់អ្នក និងកន្លែងដែលអ្នករស់នៅអាចឲ្យលោកអ្នកមានការលំបាកស្រូបយកវីតាមីនដេពីព្រះអាទិត្យដូច្នេះរបបអាហារក៏អាចជួយលោកអ្នកបានមួយផ្នែកដែរតួយ៉ាងដូចជា គ្រាប់ធញ្ញជាតិ ទឹកដោះគោ គ្រាប់អាល់ម៉ុន សណ្តែកសៀង និងអាហារមិនសូវសម្បូរសារធាតុខ្លាញ់។ ក្រៅពីនេះ លោកអ្នកក៏អាចរកអាហារជំនួយបន្ថែមពីគ្រូពេទ្យផងដែរ។ ៤. ការសេពគ្រឿងស្រវឹង នៅពេលដែលអ្នកដើរលំហែនៅខាងក្រៅជាមួយមិត្តភកិ្តតែងតែមានការផឹកគ្រឿងស្រវឹងតិចឬច្រើន ដូចនេះលោកអ្នកគួរតែកំណត់ចំនួនដែលត្រូវផឹកឲ្យបានសមស្រប និងត្រឹមត្រូវដូចជាមនុស្សស្រីមិនគួរផឹកលើសពីមួយកែវទេ ឯមនុស្សប្រុសវិញក៏មិនគួរផឹកលើសពី២កែវដែរពីព្រោះសុរាអាចរារាំងខ្លួនប្រាណអ្នកក្នុងការស្រូបយកសារធាតុកាល់ស្យូម។ ៥. ផឹកភេសជ្ជៈមិនត្រឹមត្រូវ ការផឹកភេសជ្ជៈកំប៉ុងដែលមានផ្ទុកជាតិសូដាច្រើនពេកធ្វើឲ្យឆ្អឹងមានការខូចខាតបើផ្អែកតាមរយៈការសិក្សាស្រាវជ្រាវមួយចំនួន។ មិនតែប៉ុណ្ណោះ ជាតិកាហ្វេអ៊ីន និងផូស្វ័រក៏អាចបង្កបញ្ហាដែរ ដូច្នេះលោកអ្នកគួរតែផ្លាស់ប្តូរទម្លាប់ដោយងាកមកទទួលទានទឹកដោះគោ ឬភេសជ្ជៈមានផ្ទុកសារធាតុកាល់ស្យូមវិញល្អជាង។ ៦. ផ្សែងបារី រៀងរាល់ពេលដែលអ្នកដកដង្ហើមដោយមានស្រូបនូវផ្សែងបារីនោះខ្លួនប្រាណរបស់លោកអ្នកនឹងមិនអាចផលិតជាលិកាឆ្អឹងថ្មីបានឆាប់រហ័សទេ ហើយប្រសិនបើជាលោកអ្នកជក់បារីកាន់តែយូរផលអវិជ្ជមាននឹងកាន់តែកើនឡើង។ ហេតុដូចនេះ លោកអ្នកគួរតែបញ្ឈប់ការជក់បារី ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ឆ្អឹងដែលអាចនឹងកើតមានឡើងទោះបីជាមានភាពលំបាកបន្តិចក៏ដោយ។ ៧. ការប្រើប្រាស់ថ្នាំ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំក្នុងរយៈពេលយូរពេកនោះអ្នកអាចប្រឈមមុខបញ្ហាឆ្អឹងជាមិនខាន។ ថ្នាំមួយចំនួនអាចមានផលប៉ះពាល់ដល់សុខភាពឆ្អឹងដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ហើយ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ៨. មានទម្ងន់ស្រាល ជាធម្មតា មនុស្សដែលមានទម្ងន់ស្រាលជាងមនុស្សធម្មតាដែលមានវ័យស្របាលគ្នាអាចមានការប្រឈមខ្ពស់ក្នុងការបាក់បែកឆ្អឹងដូច្នេះ ប្រសិនបើលោកអ្នកមានឆ្អឹងតូចលោកអ្នកគួរតែធ្វើលំហាត់ប្រាណមួយចំនួន និងជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិភាក្សាថាតើអ្នកគួរបន្ថែមឬញុំាអាហារដែលមានសារធាតុកាល់ស្យូមដែរឬទេ។ ៩. ត្រូវមានបម្រុងប្រយ័ត្នជានិច្ច នៅពេលក្មេងៗដួល ជាការពិត ឆ្អឹងខ្ចីនឹងងាយដុះលូតលាស់ឡើងវិញ ប៉ុន្តែបើមនុស្សចាស់ដួលវិញឆ្អឹងមិនងាយនឹងដុះមកវិញទេហើយទាមទាររយៈពេលយូរដើម្បីជាសះស្បើយ។  ហេតុដូចនេះ លោកអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចជាពេលឡើងកាំជណ្តើរ ជាន់លើកៅអីដើម្បីឈោងយករបស់ខ្ពស់ជាដើម។

ចែករំលែក

សំណួរ៖ ខ្ញុំបាទឈ្មោះ វិសិដ្ឋ អាយុ២២ឆ្នាំម កពីរាជធានីភ្នំពេញ។ ចាប់ពីខ្ញុំមានអាយុ១២ឆ្នាំមក តែងមានអាការៈវិលមុខ នៅពេលដែលអង្គុយឱនមុខចុះក្រោម តែវាបាត់ទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ ចាស់ៗនៅម្តុំផ្ទះខ្ញុំតែងនិយាយថា វាជាជំងឺឬសដូងវិល។ តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះបញ្ហានេះ? ចម្លើយ៖ អាការៈនេះគឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យប្អូនមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។ ចំពោះពាក្យនិយាយថា មានជំងឺឬសដូងវិលជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ក៏ប៉ុន្តែការសិក្សាបានបង្ហាញថា មានជំងឺឬសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។ ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬក៏ជំងឺពិតប្រាកដនោះ ប្អូនគួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ តាមករណីរបស់ប្អូន ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង (ដោយសារតែអាការៈរបស់ប្អូនបានធូស្រាលនៅពេលប្អូនសម្រាក)។ ទោះយ៉ាងណាក៏ដោយ ប្អូនគួរតែទទួលបានការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ជំងឺរលាកទងសួតតូច ជាជំងឺកើតមានលើកុមារដែលមានអាយុមិនលើសពី២ឆ្នាំ ហើយភាគច្រើនបង្កឡើងដោយពពួក Respiratory syncytial virus និងមួយចំនួនទៀតបង្កឡើងដោយមេរោគដទៃទៀតដូចជា Adenovirus  ជាដើម។  ជាទូទៅ ៧០%ទៅ៨០%នៃកុមារដែលតែងឃើញមានការចម្លងនូវជំងឺនេះ គឺមានអាយុក្រោមមួយឆ្នាំ និងជាពិសេស ចំពោះទារកដែលមានអាយុជុំវិញ៦ខែ។ របៀបចម្លងរោគ ដោយហេតុថាវាជាជំងឺប្រព័ន្ធផ្លូវដង្ហើម មេរោគត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើម ទឹកមាត់ ឬសមាសធាតុផ្សេងៗដែលមាននៅក្នុងផ្លូវដង្ហើម។ កត្តាប្រឈម អាកាសធាតុត្រជាក់ ជាកត្តាចម្បងដែលនាំឲ្យកុមារងាយប្រឈមទៅនឹងការចម្លងជំងឺរលាកទងសួតតូចនេះ ហើយជំងឺនេះនឹងធ្វើការវិវឌ្ឍពីស្រាលទៅធ្ងន់ក្នុងករណីដែលមានលក្ខខណ្ឌអនុញ្ញាតដូចជា ក្មេងកើតមិនគ្រប់ខែ ក្មេងកើតមិនគ្រប់ទម្ងន់ ក្មេងដែលមានប្រព័ន្ធការពារចុះខ្សោយ ឬក្មេងដែលកង្វះអាហារូបត្ថម្ភជាដើម។ រោគសញ្ញា ជំងឺនេះត្រូវបានចែកចេញជា២ទម្រង់ គឺទម្រង់ស្រាល និងធ្ងន់ ដែលជាធម្មតាវាស្ដែងឡើងនូវរោគសញ្ញាសំខាន់៤ គឺ ក្ដៅខ្លួន  ហៀរសំបោរក្អក ហើយបន្ទាប់មកចាប់ផ្ដើមដង្ហក់ដែលឃើញមានជាការទាញទុចដើមទ្រូង(Chest retraction)។ ក្នុងករណីដែលវាវិវឌ្ឍទៅជាស្ថានភាពធ្ងន់ធ្ងរ ក្រៅពីរោគសញ្ញាទាំង៤នេះ គេឃើញមានការឡើងស្វាយរួមបញ្ចូលផងដែរ ដែលភាគច្រើនកើតមានលើអ្នកជំងឺដែលស្ថិតក្នុងការប្រឈមខ្ពស់ដូចដែលបានរៀបរាប់ខាងលើ។ ការធ្វើរោគវិនិច្ឆ័យ ត្បិតតែវាជាជំងឺប្រព័ន្ធផ្លូវដង្ហើមក៏ពិតមែន ប៉ុន្តែការធ្វើរោគវិនិច្ឆ័យមិនត្រូវបានរំពឹងលើការថតកាំរស្មីអ៊ិចលើសួតនោះទេ លើកលែងតែក្នុងករណីដែលមានផលវិបាកប៉ុណ្ណោះដោយវាត្រូវបានពឹងផ្អែកទៅតាមរោគសញ្ញាចម្បងទាំង ៤ខាងលើ កត្តាអាយុរបស់អ្នកជំងឺរួមផ្សំជាមួយការពិនិត្យទៅលើសួតដែលមានដូចជា៖ •ការស្ដាប់៖ ឃើញមានការថយចុះនៃសំឡេងដង្ហើមរបស់សួត និងឮជាសំឡេងបែបដកដង្ហើមតឹងៗ (Wheezing ឬ Rhonchi)ដែលជាសញ្ញាបញ្ជាក់ថាមានការប៉ះពាល់ដល់ទងសួត ឬទងសួតតូច។ ប៉ុន្តែ នៅពេលដែលមានផលវិបាកឈានដល់ការរលាកលើសាច់សួតទៅជារលាកកូនថង់សួត(Alveolitis)ឬ Bronchopneumonia វានឹងប្ដូរទៅជាសំឡេងដូចអំបិលផ្ទុះ (Crackle) វិញ។ •ការគោះ៖ ដោយសារតែមានការស្ទះនៅនឹងទងសួតតូច វាបណ្ដាលឲ្យមានជាជំងឺដែលធ្វើឲ្យមានកង្វះអុកស៊ីសែនដោយសារតែការខូចខាតថង់តូចៗនៃសួត (Emphysema)ដែលនាំឲ្យពេលគោះឮសូរជា Hypersonority  ឬ Tympanic នៅនឹងបាតសួត។ ប្រសិនបើជំងឺនេះបានធ្វើឲ្យសាច់វិវឌ្ឍទៅជាជំងឺ Atele-ctasis ការគោះនឹងឮសូរជា Dullness ។   ការព្យាបាល ជាទូទៅ ជំងឺនេះនឹងធូរស្បើយក្នុងរយៈពេល៤ទៅ៥ថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលរោគសញ្ញាដូចជា៖ -ប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ (Antipyreticdrug) ជាពពួកបារ៉ាសេតាមុល (Paracetamol)(15មក/គីឡូក្រាម) ដោយមិនលើសពី៤ដងក្នុងមួយថ្ងៃ ដើម្បីបន្ថយកម្ដៅ។ ម្យ៉ាងទៀត ត្រូវចៀសវាងការប្រើប្រាស់អាស្ពីរីន(Aspirin) ទៅលើក្មេងដែលវាអាចបណ្ដាលឲ្យមានអន្តរកម្ម (interaction) ហើយបង្កទៅជា Reye’s syndrome (ជាជំងឺកម្រតែកាចសាហាវដែលស្ដែងឡើងជាការហើមខួរក្បាល និងថ្លើម) -លាងសម្អាតច្រមុះដោយប្រើប្រាស់សេរ៉ូមប្រៃ (Hypertonic សេរ៉ូម) -ការប្រើប្រាស់ឱសថពង្រីកទងសួតដូចជាពពួកថ្នាំពង្រីកសរសៃទងសួត (Bronchodilator)មិនត្រូវបានណែនាំឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុតិចជាង៦ខែទេ ដោយគេជ្រើសយកការប្រើប្រាស់ Ventoline ឬ Epinephrine ជំនួសវិញ -យើងត្រូវធ្វើការបង្រ្គប់ជាតិទឹកដែលបានបាត់បង់ទៅលើក្មេងតាមការផឹក ឬដាក់សេរ៉ូម ក្នុងករណីដែលក្មេងមិនអាចផឹកបាន -ថ្នាំប្រឆាំងនឹងវីរុស (Antiviral drug) ពពួកImmunoglobulin និង អង់ទីប៊ីយ៉ូទិកត្រូវនឹងប្រភេទមេរោគ(Adaptable antibi-otic)ដែលត្រូវបានធ្វើការប្រើប្រាស់នៅតែក្នុងទម្រង់ធ្ងន់ធ្ងរ ឬមានការលេចចេញនូវផលលំបាកតែប៉ុណ្ណោះ។ ផលវិបាក ក្នុងករណីដែលអ្នកជំងឺមានកត្តាប្រឈមដែលនាំឲ្យជំងឺនេះវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរទៅជាជំងឺមួយចំនួនដូចជា៖ •Atelectasis •Bronchoalveolitis •Bronchopneumonia •ក្នុងករណីកម្រមួយចំនួន វាក៏ឈានដល់ការវិវឌ្ឍទៅជាជំងឺរលាកស្រោមសួត ខ្យល់ក្នុងស្រោមសួត ឬទឹកក្នុងថង់សួត ផងដែរ។   ដោយរួមផ្សំនឹងកត្តាសុខភាពដទៃទៀត គេសង្កេតឃើញការកើតឡើងវិញនៃជំងឺហឺតទៅក្មេងដែលធ្លាប់កើតជំងឺរលាកទងសួតតូចនេះ។ វិធីបង្ការ ពុំទាន់មានវ៉ាក់សាំងណាដែលអាចបង្ការការចម្លងជំងឺនេះនៅឡើយទេ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងដោយការថែរក្សាអនាម័យក្នុងការរស់នៅដូចជា ការលាងសម្អាតដៃឲ្យបានស្អាតជាដើម បន្ថែមពីលើការថែរក្សាអនាម័យកុមារគួរទទួលបានការចាក់ថ្នាំបង្ការមួយចំនួនដូចជា Anti-influenzavaccine(អាយុលើសពី៦ខែ) Pneumo-coccal vaccine(PCV) និង Hemophlousinfluenza B vaccine (Hib)ដែលមានស្រាប់ក្នុងកម្មវិធីថ្នាំបង្ការជាតិ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ុំ សុខុម សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានវិទ្យាសាស្រ្ត និងសុខាភិបាលខេមរភូមិន្ទ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះ អាយុ១៦ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំមានបញ្ហាមករដូវមិនទៀងទាត់ និយាយរូម២ខែបានមកម្តងហើយពេលមកម្តងៗខ្ញុំឈឺពោះខ្លាំងស្ទើរទ្រាំពុំបាន ដែលមានរយៈពេលពី៤ទៅ៥ថ្ងៃទើបបាត់។ តើនាងខ្ញុំមានជំងឺអ្វីដែរ?​ តើនាងខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖​ ការមករដូវមិនទៀងទាត់ អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលក្នុងនោះដំណើរការមិនទាន់ពេញលេញល្អរបស់ក្រពេញបន្តពូជ ក៏ជាមូលហេតុដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងទាត់។ អាការៈបែបនេះតែងតែជួបប្រទះលើស្ត្រីដែលនៅក្មេងទើបនឹងពេញវ័យ។មូលហេតុដែលបណ្តាលឲ្យមានការឈឺចាប់ពេលមករដូវមាន៖ ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាមរដូវ មានគីសអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និង​ការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះករណីរបស់ក្មួយ ក្មួយគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស និងធ្វើការពិនិត្យអេកូសាស្រ្ត។ បើពិនិត្យទៅឃើញថាសរីរាង្គបន្តពូជរបស់ក្មួយគ្មានបញ្ហាទេនោះ ក្មួយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ពេលមករដូវតែប៉ុណ្ណោះ។ រដូវនឹងទៀងទាត់វិញពេលពេញវ័យពេញលេញ។ការឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូន។ បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហួត​ សេង ឯកទេសសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

ជំនឿមួយចំនួន ដែលមនុស្សភាគច្រើនសឹងតែជឿថា គឺការពិត ដោយសារការដឹងតៗគ្នា ឬធ្វើតាមគ្នារហូតមកតែមិនប្រាកដថាជំនឿទាំងនោះសុទ្ធតែត្រឹមត្រូវ និងគួរឲ្យជឿជាក់នោះទេ។ ដូច្នេះ ហេលស៍ថាមសូមលើកយកការបកស្រាយខ្លះៗមកជូនលោកអ្នកដូចខាងក្រោម៖   ការញុំាការ៉ុតអាចជួយបង្កើនគំហើញរបស់អ្នក? ការពិត៖  ការ៉ុតជាប្រភេទបន្លែដែលសម្បូរវីតាមីនអេ ( Vitamin A) ច្រើនជាងគេ ដែលវីតាមីននេះ គឺសំខាន់សម្រាប់ភ្នែករបស់អ្នក ប៉ុន្តែអ្នកក៏អាចរកប្រភពវីតាមីនអេពីបន្លែផ្សេងៗទៀតបានដែរដូចជាដំឡូងផ្អែម  ផ្លែប៉េស(Apricot)ជាដើម។ តែសំខាន់អ្នកក៏ត្រូវបរិភោគវីតាមីនផ្សេងៗទៀតដើម្បីឲ្យមានលំនឹងផងដែរ។ គំហើញមិនល្អ (ម៉្ញូប) ជាជំងឺតំណពូជ? ការពិត៖  យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ប៉ោក ធន ជំនឿនេះអាចត្រឹមត្រូវដល់ទៅ៩០% ពីព្រោះតាមការស្រាវជ្រាវគេអាចសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្សែន តែមិនទាន់ដឹងថាក្រូម៉ូសូមមួយណាប្រាកដទេ។ ត្រង់នេះសូមបញ្ជាក់ថាករណីនេះមិនសំដៅដល់ឪពុកម្តាយដែលម៉្ញូបនឹងធ្វើឲ្យកូនម៉្ញូបទេហើយពេលខ្លះឪពុកម្តាយមិនម៉្ញូបក៏អាចមានកូនម៉្ញូបដែរ ពេលខ្លះក៏អាចបណ្តាលមកពីជីដូនជីតាផងដែរ។ (Credit to Dr. Pok Torn) ពណ៌បៃតងអាចឲ្យគំហើញកាន់តែល្អ? ការពិត៖ ការសំឡឹងមើលពណ៌ស្រស់ៗ និងភ្លឺពេកអាចធ្វើឲ្យភ្នែកអ្នកឆាប់នឿយហត់ តែចំពោះពណ៌បៃតងអាចស្រូបនូវកាំរស្មីUV នៃពន្លឺដែលបញ្ចេញថាមពលខ្លាំង មិនតែប៉ុណ្ណោះវាអាចជួយកាត់បន្ថយនូវឥទ្ធិពលពន្លឺទាំងនោះ ថែមទាំងជួយលុបបំបាត់ភាពនឿយហត់របស់ភ្នែកទៀតផង តែមិនមែនជួយឲ្យគំហើញកាន់តែល្អនោះទេ។ ការសំឡឹងមើលទេសភាពពណ៌បៃតងកាន់តែឆ្ងាយធ្វើឲ្យភ្នែកអ្នកកាន់តែមានផាសុកភាព។ ហាត់ប្រាណពេលព្រឹកល្អជាងពេលល្ងាច? ការពិត៖ ការទៅហាត់ប្រាណពេលព្រឹក ឬល្ងាចគឺអាស្រ័យលើពេលវេលាថាតើយើងទំនេរពេលណា។ ប៉ុន្តែយល់ល្អគឺពេលល្ងាចព្រោះភាគច្រើនយើងត្រូវធ្វើការរកស៊ី រៀនសូត្រ មិនមានពេលគ្រប់គ្រាន់ធ្វើលំហាត់ប្រាណនៅពេលព្រឹកដូច្នេះពេលល្ងាចជាពេលដែលល្អបំផុត។ (Credit to Pro-Fitness) ពាក់វ៉ែនតាកាន់តែឡើងដឺក្រេ? ការពិត៖ វ៉ែនតាមាននាទីជួយឲ្យអ្នកមើលឃើញកាន់តែច្បាស់ ដូច្នេះអ្នកតែងតែចង់ពាក់គ្រប់ពេលវេលាជ ដើម្បីផ្តល់ភាពងាយស្រួល តែប្រសិនបើអ្នកមិនបានពាក់វ៉ែនតាស្របពេលខំប្រឹងប្រើភ្នែកមើលអ្វីមួយខ្លាំងពេក នោះអ្នកនឹងអាចមានហានិភ័យធ្វើឲ្យដឺក្រេភ្នែកកាន់តែអាក្រក់ឡើង។ ប្រើលេនអាចឲ្យខូចភ្នែក? ការពិត៖  ការពាក់លេនគឺមានសុវត្ថិភាពគ្រប់គ្រាន់ ប៉ុន្តែការពាក់មិនបានត្រឹមត្រូវទេទើបធ្វើឲ្យខូចភ្នែកដូចជា ការពាក់យូរពេក មិនមានអនាម័យក្នុងការពាក់ និងរបៀបទុកដាក់មិនបានត្រឹមត្រូវតាមក្បួនខ្នាត។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អ្នកបើកបរពេលយប់មួយចំនួនតែងតែត្អូញត្អែរថា ខ្លួនពិបាកមើលផ្លូវ ឬស្លាកសញ្ញាចរាចរណ៍។ តើអ្នកដឹងទេថានេះជារោគសញ្ញារបស់ជំងឺអ្វី? តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ នេះជារោគសញ្ញានៃជំងឺម៉្ញូបពេលយប់ (Nocturnal myopia or night myopia)។ និយមន័យ ជំងឺម៉្ញូបពេលយប់ (Noctunal myopia or nightmyopia) គឺជាប្រភេទម៉្ញូបម្យ៉ាងដែលអ្នកជំងឺអាចមើលឃើញធម្មតានៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់តែមិនអាចមើលឃើញរូបភាពនៅក្នុងទីតាំង ដែលមានពន្លឺមិនគ្រប់គ្រាន់ឬងងឹតដែលអ្នកមានភ្នែកធម្មតាអាចមើលឃើញបាន។ ជំងឺនេះភាគច្រើនកើតលើក្មេងជំទង់ និងមនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំ ដែលមានទម្លាប់ក្នុងការសម្លឹងមើលវត្ថុក្នុងទីងងឹតនិងរយៈពេលយូរ។ មូលហេតុ ម៉្ញូបពេលយប់មិនបង្កឡើងពីតំណពូជទេ តែវាកើតឡើងដោយសារលក្ខខណ្ឌនៃការងាររបស់បុគ្គលនោះផ្ទាល់ដូចជាគាត់ជាអ្នកបើកបរឡានពេលយប់។ យន្តការនៃការកើតជំងឺនេះ គឺដោយសារអ្នកជំងឺប្រឹងសម្លឹងទីតាំងឆ្ងាយនៅទីងងឹតរយៈពេលយូរដែលជាហេតុធ្វើឲ្យកូនក្រមុំភ្នែករីកធំនាំឲ្យភ្នែកស្រវាំងហើយសាច់ដុំខាងក្នុងភ្នែកទាញរូបភាពទៅជិតដែលកំនុំរូបភាពមិនត្រូវនឹងរ៉េទីន។ រោគសញ្ញា អ្នកដែលមានម៉្ញូបបែបនេះអាចដឹងថាខ្លួនឯងម៉្ញូបបានតាមការប្រៀបធៀបគំហើញរបស់ខ្លួនជាមួយនឹងអ្នកនៅជិតខ្លួន។ ឧទារហណ៍ពេលបើកបរឡានពេលងងឹតគាត់មិនអាចមើលឃើញស្លាកសញ្ញាចរាចរណ៍បាន ផ្ទុយទៅវិញអ្នកដែលអង្គុយនៅជិតគាត់បែរជាមើលឃើញទៅវិញ។ ចំពោះអ្នកដែលកុំពុងប្រើប្រាស់វ៉ែនតាអាចដោះវ៉ែនតាហើយប្រៀបធៀបគំហើញរបស់ខ្លួននៅពេលថ្ងៃ និងពេលយប់ ប្រសិនបើមានលក្ខណៈខុសគ្នានោះអ្នកអាចនឹងមានម៉្ញូបពេលយប់មួយទៀតហើយ។ ប្រសិនបើការងាររបស់អ្នកត្រូវធ្វើនៅទីងងឹតដូចជាអ្នកបើកបរពេលយប់ នោះអ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យលើជំងឺនេះ គឺទាមទារដឹងពីប្រវត្តិរបស់អ្នកជំងឺលើការងាររបស់គាត់ប្រចាំថ្ងៃ និងការត្អូញត្អែររបស់អ្នកជំងឺពីការពិបាកមើលនៅទីងងឹត។ វិធីសាស្ត្រសម្រាប់ពិនិត្យរកម៉្ញូបពេលយប់នេះ គឺប្រើ Retinoscope ដែលជាតេស្តវាស់គំហើញនៅទីងងឹត។ ការព្យាបាល ជំងឺនេះនឹងបាត់ទៅវិញនៅពេលអ្នកជំងឺឈានដល់វ័យ៤០ឆ្នាំដោយសារតែសាច់ដុំរបស់ភ្នែកនឹងឈប់ប្រឹងខ្លាំងដូចមុនទៀត។ ដូចនេះហើយ ការព្យាបាលជំងឺនេះក្នុងពេលកំពុងកើតមានគឺគ្រាន់តែកែគំហើញរបស់អ្នកជំងឺឲ្យមកធម្មតាវិញតាមរយៈការប្រើប្រាស់វ៉ែនតានៅពេលយប់ ឬនៅទីកន្លែងងងឹត។ មួយវិញទៀតអ្នកជំងឺអាច នឹងមិនចាំបាច់ពាក់វ៉ែនតាប្រសិនបើគាត់អាចផ្លាស់ប្តូរការងាររបស់គាត់បាន។ ផលវិបាក ការមិនបានមកព្យាបាលជំងឺនេះមិនមានផលប៉ះពាល់ណាមួយលើភ្នែករបស់អ្នកជំងឺទេ ប៉ុន្តែវាអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការងារដែលធ្វើនៅទីងងឹតដោយសារតែគំហើញរបស់អ្នកជំងឺមិនអាចមើលឃើញច្បាស់។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតសូមផ្តាំដល់មាតាបិតាទាំងអស់គួរនាំកូនមកពិនិត្យភ្នែកមុនពេលចូលរៀនដើម្បីឲ្យគំហើញរបស់ក្មេងបានគ្រប់គ្រាន់។ ម្យ៉ាងទៀតសូមកុំទាន់ឲ្យកូនៗរបស់លោកអ្នកប្រើប្រាស់ iPad ឬ Smartphone នៅពេលដែលពួកគេនៅវ័យក្មេងពេកយ៉ាងហោចណាស់ក៏រង់ចាំដល់ពួកគេមានអាយុ៦ឆ្នាំសិនដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

មិនដឹងថាមានមិត្តអ្នកអានប៉ុន្មាននាក់ដែលបានទស្សនាស្នាដៃនិពន្ធថ្មីសម្រាប់ដើមឆ្នាំ២០១៧នេះ ពីអ្នកនិពន្ធជើងចាស់ប្រកបដោយទេពកោសល្យ និងមានកិត្តិនាមល្បីល្បាញនោះ លោកស្រី ពាន់ ភួងបុប្ផា គឺរឿង«ទឹកចិត្តម្តាយសម័យថ្មី»… ជាខ្សែរឿងមួយដែលបានបង្ហាញពីរឿងរ៉ាវជីវិតនៃអ្នកម្តាយ៣រូបដែលស្ថិតនៅក្នុងឋានៈខុសគ្នា តែអ្វីដែលដូចគ្នា គឺទឹកចិត្តស្រលាញ់ដ៏មហិមារបស់ពួកគាត់ដែលមានចំពោះកូនៗរបស់ខ្លួន ដោយខិតខំប្រឹងប្រែងរាល់ថ្ងៃពីព្រលឹមទល់ព្រលប់ មិនគិតគូរពីខ្លួនឯង គឺដើម្បីតែចង់ឲ្យកូនល្អ ខ្ពង់ខ្ពស់ និងរស់នៅដោយសុខស្រួល។ មិនថាត្រូវលះបង់អ្វី ក៏មិនដែលរអ៊ូរទាំ ឬរួញរាឡើយ… មានពាក្យពេចន៍ដ៏មានខ្លឹមសារខ្លះ ដែលលោកអ្នកគួរតែយល់ដឹង និងពិចារណា… «នៅពេលដែលមានកូន អ្នកនឹងយល់អារម្មណ៍ជាម្តាយ» គ្មានអ្វីច្បាស់លាស់ និងពិតប្រាកដជាងការឆ្លងកាត់ដោយផ្ទាល់ឡើយ…ធ្លាប់តែឃើញគេជាម្តាយ មានតួនាទីច្រើនរាប់មិនអស់ទាំងក្នុងផ្ទះ និងក្រៅផ្ទះ ហើយក៏មាអារម្មណ៍ថាហត់នឿយ និងខ្វាយខ្វលច្រើនណាស់។ ដូចដែលបានលើកឡើងខាងដើមដែរ គឺទាល់តែយើងក្លាយជាម្តាយរបស់គេ ទើបអាចយល់ពីទឹកចិត្ត និងទំនួសខុសត្រូវជាច្រើនរបស់ម្តាយ។ «ធ្វើជាម្តាយគេ មិនថាក្នុងឋានៈណានោះទេ គឺសុទ្ធតែលំបាកដូចគ្នា» ព្រោះថា…មនុស្សគ្រប់រូបសុទ្ធតែអាចជាអ្នកបង្កើតកំហុស ហើយអ្នកដឹងទេថា មានមនុស្សស្រីម្នាក់ដែលតែងតែបារម្ភ និងមើលថែទាំអ្នកគ្រប់កាលៈទេសៈ។ មិនថាគាត់មានប្រាក់ច្រើន ឬតិចនោះទេ បើកូនប្រុស ឬស្រីមានបញ្ហា គាត់ក៏មិនអាចនៅសោយសុខ ឬសប្បាយចិត្តឡើយ… «អាក្រក់ ឬល្អ កូននៅតែជាកូន» មិនប្រកាន់ថា កូនបានធ្វើអ្វីខុស កូនបានខុសឆ្គងខ្លាំងប៉ុណ្ណា ម្តាយក៏មិនដែលប្រកាន់ទោសលើកូនឡើយ គឺមានតែចិត្តស្រលាញ់ និងបារម្ភទ្វេដង…គាត់ខំអត់ទ្រាំ ខាំមាត់សង្កត់ចិត្ត ស្តីបន្ទោសឲ្យអ្នកដទៃ ក៏មិនដែលនឹកគិតចង់បោះបង់កូនរបស់ខ្លួនទេ បើទោះជាកូនជាអ្នកធ្វើអ្វីខុសឆ្គងក៏ដោយ។ «ពេលឃើញកូនឈឺ ម៉ែឈឺជាងកូនទៅទៀត» រាល់ពេលដែលមានគេធ្វើបានផ្លូវកាយ ឬចិត្តរបស់កូន តាមរយៈការប្រើហិង្សាជាពាក្យសម្តី ឬកម្លាំងកាយ ម្តាយពិតជាមានអារម្មណ៍ឈឺចាប់ ពឺតផ្សាជាពន់ពេក គឺឈឺលើសកូនទៅទៀត។ ដើម្បីកូន ម្តាយក៏ហ៊ានធ្វើរឿងគ្រប់យ៉ាង ដើម្បីការពារសុវត្ថិភាពរបស់កូន ទោះបីជាកូនធំហើយក៏ដោយ…. «ម៉ែជាអ្នកខុស ឲ្យម៉ែសុំទោស…» កូនមិនដែលធ្វើខុសនោះទេ…ម្តាយក៏តែងតែបន្ទោសខ្លួនឯងជាញឹកញាប់ដែលមិនអាចមើលថែ និងចិញ្ចឹមកូនបានល្អ ទើបបានជាកូនធ្វើអាចធ្វើរឿងខុសឆ្គង។ មិនថារឿងតូច ឬធំ គាត់ក៏មិនព្រមស្តីបន្ទោសលើកូនឡើយ គឺអ្វីគ្រប់យ៉ាង គាត់ព្រមទទួលយកទាំងអស់… «ទុកដាក់កូនចៅ គឺរៀបចំសុភមង្គលគ្រួសារ មិនមែនធ្វើជំនួញទេ» ជីវិតគូ មែនមែនជារឿងលេងសើចនោះទេ…ទោះបីជាយ៉ាងណាក៏ដោយ ម្តាយរបស់អ្នកបានពន្លឺថ្ងៃមុនអ្នក ហើយក៏បានជួប និងស្គាល់មនុស្សច្រើនជាងអ្នក ហេតុនេះហើយ ការសម្លឹងមើល និងជ្រើសរើសយកកូនប្រសាររបស់គាត់  ត្រូវតែធ្វើឡើងដោយធានាថាកូននឹងមានក្តីសុខក្នុងជីវិតអាពាហ៍ពិពាហ៍… តាមការពិតទៅ នៅមានគតិរឿងជាច្រើនទៀត ដែលត្រូវបានបង្ហាញ និងបង្កប់នៅក្នុងរឿងអប់រំមួយនេះ…ប្រសិនបើមានឱកាស គួរតែឆ្លៀតទៅទស្សនាណា៎!!! ហើយត្រូវចាំថា«ម្តាយជានារីតែម្នាក់គត់ ដែលនឹងបារម្ភ ស្រលាញ់ និងមើលថែអ្នកគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់គាត់…»

ចែករំលែក
Top