- Mar 09, 2017 |
- 9 ឆ្នាំមុន |
- 4.6K មើល
ហេតុអ្វីខ្ញុំតុបតែងមុខហើយនៅតែមិនស្អាត
ការតុបតែងមុខសម្រាប់មនុស្សស្រីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបាននូវភាពកាន់តែស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ផ្ទុយទៅវិញ មនុស្សស្រីមួយចំនួនបែរជាធ្វើការតុបតែងមុខខុសទំនងជាហេតុធ្វើឲ្យអ្នកដទៃមើលទៅបែរជាចាស់ជាងធម្មតា និងមិនសមរម្យ។ ដូចនេះ ដើម្បីចូលរួមចំណែកកែប្រែរូបសម្ផស្សឲ្យកាន់តែស្រស់ស្អាតបន្ទាប់ពីតុបតែងមុខយើង សូមលើកយកពីកំហុសឆ្គងមួយចំនួនដែលតែងតែកើតឡើងពេលតុបតែងមុខមកបង្ហាញដល់មិត្តស្រ្តីទាំងអស់គ្នា៖ ១.ការលាបម្សៅបិទបាំងស្នាមក្រាស់ពេក មនុស្សស្រីមួយចំនួនដើម្បីទទួលបាននូវភាពស្អាតប្លែកខុសពីធម្មតាបែរជាគិតថាការលាបម្សៅបិទបាំងស្នាមឲ្យក្រាស់អាចជួយលើកសម្រស់ផ្ទៃមុខបាន ប៉ុន្តែនេះជាកំហុសឆ្គងមួយទៅវិញ ប្រសិនបើលោកអ្នកជ្រើសរើសពណ៌មិនសមស្របនឹងស្បែក និងលាបក្រាស់ពេកនោះវានឹងបង្ហាញនូវស្នាមជ្រួញលើផ្ទៃមុខហើយមើលទៅកាន់តែចាស់។ ដូចនេះ អ្នកជំនាញនិយាយថាគួរតែជ្រើសរើសម្សៅប្រភេទទឹកដែលមានសារធាតុភ្លឺៗព្រោះពេលលាបទៅស្បែករបស់លោកអ្នកមើលទៅដូចធម្មជាតិ និងមានសុខភាពល្អ។ ២. ការលាបម៉ាស្ការាក្រាស់នៅរោមភ្នែកខាងក្រោម ប្រើប្រាស់ម៉ាស្ការាលាបទៅលើរោមភ្នែកផ្នែកខាងក្រោមជាពិសេសផ្នែកខាងចុងភ្នែកពិតជាធ្វើឲ្យលោកអ្នកមានភាពទាក់ទាញ។ ប៉ុនែ្តផ្ទុយទៅវិញ ប្រសិនបើអ្នកលាបក្រាស់ពេកនោះអ្នកនឹងអាចធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ទៅលើស្នាមជ្រីវជ្រួញជុំវិញភ្នែកទៅវិញមិនថាស្នាមជ្រួញទាំងនោះមានបន្តិចបន្តួចក៏ដោយ។ ៣. ការជ្រើសរើសពណ៌ក្រែមលាបមាត់ គ្រាន់តែក្រែមលាបមាត់ក៏អាចធ្វើឲ្យអ្នកមានភាពស្រស់ស្អាតដែរ តែអ្នកត្រូវដឹងពីទម្រង់បបូរមាត់របស់អ្នកស័កិ្តសមនឹងពណ៌អ្វីជាមុនសិន។ បើមិនជាអ្នកមានទម្រង់បបូរមាត់រាងតូចរៀវ ដូច្នេះលោកអ្នកគួរចៀសវាងពណ៌ដិតខ្លាំងព្រោះពេលមើលទៅទម្រង់បបូរមាត់កាន់តែតូចហើយពេលខ្លះការគូសគែមបបូរមាត់ក៏អាចជួយអ្នកបានដែរ។ ៤. ការលាបស្រមោលភ្នែក លោកអ្នកមិនគួរលាបពណ៌ពេញត្របកភ្នែកទាំងស្រុងទេព្រោះការធ្វើបែបនេះនឹងឲ្យអ្នកមើលទៅកាន់តែចាស់។ អ្វីដែលត្រឹមត្រូវ លោកអ្នកគួរតែតប់ម្សៅពណ៌ស្រាលទៅផ្នែកខាងចុងភ្នែកបានហើយ។ ៥. ការគូសគំនូសភ្នែកខាងក្រោម ប្រើប្រាស់ខ្មៅដៃគំនូសភ្នែកពណ៌ខ្មៅគូសទៅលើភ្នែកផ្នែកខាងក្រោមដិតខ្លាំងពេក នឹងធ្វើឲ្យភ្នែកលោកអ្នកមើលទៅកាន់តែតូចជាងមុន។ ដូចនេះ លោកអ្នកគួរតែងាកមកជ្រើសរើសពណ៌ស្រាលជាងនេះបន្តិចនោះអ្នកនឹងទទួលបានភ្នែកធំដ៏ស្រស់ស្អាត។ ៦. ការផាត់ម្សៅពណ៌ក្រហមនៅថ្ពាល់ អ្នកគួរតែបោះបង់ម្សៅពណ៌ក្រម៉ៅៗទៅហើយគួរតែងាកមកប្រើពណ៌ស្រាលៗដូចជាពណ៌ផ្កាឈូកខ្ចីជាដើម ហើយគប្បីផាត់នៅផ្នែកខាងលើថ្ពាល់ មិនមែននៅចំកណ្តាលថ្ពាល់នោះទេ។ លើសពីនេះ អ្នកក៏អាចតប់ម្សៅពណ៌ក្រហមស្រាលៗនៅឆ្អឹងថ្ពាល់ខាងលើប៉ុន្តែកុំទៅជិតតំបន់ជុំវិញច្រមុះពេក។ ការធ្វើបែបនេះនឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកក្មេងជាងវ័យ និងស្រស់បំព្រង។ ៧. គូសចិញ្ចើមក្រាស់់ពេក មនុស្សស្រីមួយចំនួនគូសចិញ្ចើមពណ៌ដិតខ្លាំង និងគូសធំជាងចិញ្ចើមធម្មជាតិធ្វើឲ្យមុខរបស់អ្នកមើលទៅមិនស្អាតបាត និងចាស់ ដូចនេះ យល់ល្អ អ្នកគួរតែជ្រើសរើសពណ៌ឲ្យស្រាលជាងចិញ្ចើមធម្មជាតិរបស់អ្នក។ ៨. ខ្មៅដៃគូសបបូរមាត់ ការប្រើប្រាស់ខ្មៅដៃគូសបបូរមាត់ពិតជាមានប្រយោជន៍ច្រើនក្នុងការតុបតែងមុខពីព្រោះវាអាចធ្វើឲ្យមាត់របស់អ្នកមានទម្រង់ស្អាត និងលេចធ្លោ តែទោះបីជាយ៉ាងណា អ្នកគួរតែប្រុងប្រយ័ត្នក្នុងការគូស ចូរកុំព្យាយាមគូសគែម ឬផ្នែកកណ្តាលនៃបបូរមាត់ឲ្យធំជាងបបូរមាត់ធម្មជាតិ បើមិនដូច្នោះទេអ្នកដទៃនឹងចាប់អារម្មណ៍ព្រមទាំងអាចមើលឃើញពុកមាត់អ្នកទៀតផង។ ៩. លាបម្សៅក្រាស់ពេក ម្សៅផាត់អាចបំពេញចន្លោះខ្វះខាតនៅលើផ្ទៃមុខបានប្រសិនបើអ្នកប្រើវាក្នុងបរិមាណសមស្រប ផ្ទុយទៅវិញ បើអ្នកលាបវាច្រើនហួសហេតុនោះ មុខអ្នកច្បាស់ជាមានបញ្ហាហេតុដូចនេះអ្នកគប្បីចៀសវាងផាត់ម្សៅខ្លាំងនៅជុំវិញភ្នែកព្រោះការធ្វើបែបនេះនឹងលេចចេញនូវស្នាមជ្រីវជ្រួញ និងធ្វើឲ្យផ្ទៃមុខមើលទៅមានសភាពស្ងួតផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
