- Mar 15, 2018 |
- 7 ឆ្នាំមុន |
- 6.2K មើល
វិធីប្រើប្រាស់វីតាមីនចម្រុះប្រកបដោយប្រសិទ្ធភាពខ្ពស់
អ្នក ឬគ្រួសាររបស់អ្នកអាចជាមនុស្សម្នាក់ដែលកំពុងប្រើប្រាស់ប្រភេទវីតាមីនចម្រុះ ដើម្បីទទួលបានការទ្រទ្រង់សុខភាពបានកាន់តែល្អប្រសើរ ហើយក៏អាចជាមនុស្សម្នាក់ដែលកំពុងខ្ជះខ្ជាយប្រសិទ្ធភាពរបស់វីតាមីនបំប៉នផងដែរ ប្រសិនបើអ្នកមិនបានដឹងពីការប្រើប្រាស់ត្រឹមត្រូវនៃវីតាមីនចម្រុះទាំងនោះ។គួររំឭកថាវីតាមីនចម្រុះ ឬ Multivitamin គឺជាការរួមបញ្ចូលគ្នានៃពពួកវីតាមីនជាច្រើនមុខ ដែលជាទូទៅ យើងអាចទទួលបានតាមរយៈចំណីអាហារ និងប្រភពធម្មជាតិមួយចំនួន ក៏ដូចជាឱសថបំប៉នដែលមាននៅក្នុងឱសថស្ថានផងដែរ។ វីតាមីនចម្រុះ ត្រូវបានប្រើចំពោះអ្នកខ្វះវីតាមីនច្រើនមុខដែលកង្វះទាំងនោះបណ្តាលមកពីការបង្កជំងឺមួយចំនួន ការមានផ្ទៃពោះ កង្វះ ឬអតុល្យភាពអាហារូបត្ថម្ភ ជំងឺដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងកត្តាបង្កផ្សេងៗទៀត។ វិធីប្រើប្រាស់ គេប្រើ Multivitamin ដោយលេបតាមមាត់នៅអំឡុងពេល ឬក្រោយបរិភោគអាហារហើយភ្លាមជាមួយទឹកមួយកែវពេញដែលមានសីតុណ្ហភាពធម្មតា ឬទម្រង់ខ្លះអាចដាក់រំលាយក្នុងទឹកសម្រាប់ទទួលទានតែម្តង។ ជាទូទៅ គេប្រើប្រាស់វានៅពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពល្អ។ គួរបញ្ជាក់ថា ឱសថវីតាមីនចម្រុះនេះមិនត្រូវបានប្រើប្រាស់ជំនួសអាហារប្រចាំថ្ងៃឡើយ។ ម្យ៉ាងទៀត រាល់ពេលដែលប្រើប្រាស់ multivitaminអ្នកត្រូវគោរពតាមការណែនាំរបស់ថ្នាំ និងការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការីជានិច្ច។ ដូចនេះ មុនពេលប្រើអ្នកត្រូវរៀបរាប់អំពីស្ថានភាពជំងឺប្រចាំថ្ងៃ ប្រវត្តិជំងឺ និងការប្រតិកម្មជាមួយសារធាតុណាមួយដល់វេជ្ជបណ្ឌិត និងឱសថការីរបស់អ្នក។ ក្នុងករណីខ្លះ អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើថ្នាំ multivitamin ទេ ឬ ករណីខ្លះទៀត អ្នកត្រូវប្រើថ្នាំmultivitamin ក្នុងកម្រិតកំណត់មួយជាក់លាក់ និងដោយប្រុងប្រយ័ត្ន។ ចំពោះស្ត្រីមានផ្ទៃពោះកម្រិតនៃការប្រើប្រាស់ថ្នាំអាចខុសពីកម្រិតអ្នកប្រើប្រាស់ធម្មតា ហើយត្រូវគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិតជាដាច់ខាត។ ការប្រុងប្រយ័ត្ន •មិនត្រូវប្រើប្រាស់ឱសថនេះលើសពីកម្រិតប្រើរបៀបប្រើ និងរយៈពេលប្រើប្រាស់ដែលបានណែនាំទ្បើយ •ចៀសវាងការប្រើប្រាស់ឱសថនេះជាមួយមុខឱសថដទៃទៀតដោយមិនមានការណែនាំពីវេជ្ជបណ្ឌិត •ចៀសវាងការប្រើប្រាស់ឱសថនេះជាមួយទឹកដោះគោ កាហ្វេ ស្រា ... •ការប្រើប្រាស់ផលិតផលវីតាមីនដែលមានលក្ខណៈស្រដៀងគ្នាក្នុងពេលតែមួយ អាចធ្វើឲ្យលើសកម្រិត និង អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ •ក្នុងករណី គិតថាអ្នកបានប្រើប្រាស់ឱសថ multivitamin ច្រើនហួសកំណត់ អ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់ •ត្រូវប្រុងប្រយ័ត្នចំពោះស្ត្រីមានផ្ទៃពោះ (ត្រូវគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិតដាច់ខាត) •ហាមឃាត់ដាច់ខាតចំពោះកូនក្មេងដែលទើបនឹងកើតក្នុងការប្រើប្រាស់វីតាមីនចម្រុះកម្រិតខ្ពស់។ អន្តរកម្មឱសថ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឱសថ multivitamin ជាមួយឱសថដែលប្រើប្រាស់រាល់ថ្ងៃដូចជាពពួកកាល់ស្យូម ឬឱសថបំបាត់ការឈឺចាប់ដែលមានជាតិកាល់ស្យូម ព្រោះជាតិកាល់ស្យូមអាចធ្វើឲ្យសារធាតុ multivitamin មានលក្ខណៈពិបាកក្នុងការស្រូបចូលទៅក្នុងសារពាង្គកាយ។ មិនតែប៉ុណ្ណោះ ឱសថ multivitamin អាចមានអន្តរកម្មឱសថជាមួយពពួកឱសថផ្សេងៗទៀតដូចជា៖ ថ្នាំផ្សះ (Antibiotics ) ថ្នាំបំបាត់ការឈឺចាប់ (Antacid)ថ្នាំបញ្ចុះទឹកនោម (Diuretic) និងថ្នាំទាក់ទងនឹងបេះដូង ឬសម្ពាធឈាមជាដើម។ ដូច្នេះ ការប្រើប្រាស់វីតាមីនចម្រុះ អាចផ្តល់ឲ្យអ្នកនូវប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពបាន ប្រសិនបើអ្នកប្រើប្រាស់បានត្រឹមត្រូវប៉ុណ្ណោះ ហើយអ្នកត្រូវប្រាកដផងដែរថា អ្នកបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់នូវឱសថបំប៉ននេះ និងចៀសវាងផ្តល់វីតាមីនបំប៉នរបស់អ្នកផ្ទាល់ទៅកាន់អ្នកដទៃ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
