Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺផ្លូវចិត្តមានតាំងពីដើមមកក្នុងប្រទេសកម្ពុជា ប៉ុន្តែវានៅតែជាជំងឹមិនពេញនិយមមួយក្នុងសម័យទំនើបនេះទេ។ គួរកត់សម្គាល់ថា ជំងឺផ្លូវចិត្តនេះ មិនមែនជាជំងឺអរូបី (មន្តអាគម ខ្មោចព្រាយ...)ដូចការនិយាយតគ្នានោះទេ។ វេជ្ជបណ្ឌិតចិត្តសាស្ត្រ បណ្ឌិត ឈឹម សុធារ៉ា ជាវេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រនៃអង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO) និងជាម្ចាស់ពានរង្វាន់ Dr. GUISLAIN 2017 បានចូលរួមបកស្រាយពីព័ត៌មានលម្អិតផ្សេងៗនៃជំងឺផ្លូវចិត្តនៅប្រទេសកម្ពុជា។ អ្វីទៅជាជំងឺផ្លូវចិត្ត? ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ មិនមែនជាជំងឺកើតឡើងដោយសារអរូបីនោះឡើយ។ ដូច្នេះហើយ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យនៃភេទទាំងពីរ និងគ្រប់ស្រទាប់វណ្ណៈ។ នៅក្នុងប្រទេសកម្ពុជា បញ្ហាផ្លូវចិត្តនានាដែលកើតមានច្រើនជាងគេ គឺ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។  តើអ្វីជាភាពខុសគ្នារវាងជំងឺផ្លូវចិត្តនានា និងជំងឺធ្លាក់ទឹកចិត្ត? «ជំងឺធ្លាក់ទឹកចិត្ត» ជាជំងឺមួយក្នុងចំណោមជំងឺផ្លូវចិត្តទាំងឡាយជាច្រើន។ ជាទូទៅ ជំងឺផ្លូវចិត្តនីមួយៗសុទ្ធតែមានរោគសញ្ញាខុសគ្នាៗ ប៉ុន្តែសម្រាប់ជំងឺធ្លាក់ទឹកចិត្ត សំដៅទៅលើ«ការបាត់បង់អ្វីមួយដែលមានតម្លៃ ឬមានអត្ថន័យសំខាន់ក្នុងជីវិតរបស់អ្នកជំងឺនោះ ដូចជា ការបាត់បង់សមាជិកគ្រួសារ បាត់បង់ទំនាក់ទំនង បាត់បង់ឱកាស បាត់បង់ឋានៈ។ល។ ដែលជាហេតុធ្វើឲ្យអ្នកជំងឺមានវិប្បសារី គិតឃើញតែរឿងរ៉ាវដែលកន្លងទៅ មានការតូចចិត្តចំពោះខ្លួនឯង ស្តីបន្ទោសខ្លួនឯង ធ្វើឲ្យអ្នកជំងឺបាត់បង់ក្តីសង្ឃឹម បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយ គិតថាមិនអាចចូលរួមសង្គមជាមួយគេឯងបានតទៀតជាដើម»។  ជំងឺធ្លាក់ទឹកចិត្តក៏អាចបង្កឡើងដោយកត្តាជីវសាស្ត្រដែរ គឺមានន័យថាវាបង្កដោយអតុល្យភាពនៃសារធាតុគីមីឈ្មោះសេរ៉ូតូនីន ឬអាចបណ្តាលមកពីជំងឺផ្លូវកាយណាមួយ ឧទាហរណ៍៖ ជំងឺទាក់ទងក្រពេញទីរ៉ូអ៊ីត ជាដើម។ ក្នុងករណីមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ អ្នកជំងឺអាចមានឮសំលេងដែលគ្មាននរណាម្នាក់អាចឮ ឬគិតថាមានអ្នកនិយាយមានគំនិតអាក្រក់លើខ្លួន ហើយអ្នកជំងឺមានគំនិតចង់ធ្វើអត្តឃាត....។ ជាទូទៅ អ្នកជំងឺធ្លាក់ទឹកចិត្តមានសភាពក្រៀមក្រំ មិនចាប់អារម្មណ៍លើអ្វីៗ ប៉ុន្តែអ្នកជំងឺធ្លាក់ទឹកចិត្តខ្លះ ទឹកមុខរីករាយដដែលយើងហៅថា «ជំងឺធ្លាក់ទឹកចិត្តញញឹម» គឺអ្នកជំងឺមានភាពរីករាយក្នុងសង្គមទំនាក់ទំនង សកម្មភាពការងារ ប៉ុន្តែប្រែជាក្រៀមក្រំ និងអស់កម្លាំងខ្លាំងគ្រប់ពេលនៅម្នាក់ឯងទៅវិញ។ រោគសញ្ញាដែលខ្លួនឯងអាចសង្កេតមាន៖  •បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលធ្លាប់មានចំណាប់អារម្មណ៍ពីមុន •លែងចង់ចូលចំណោមមនុស្សច្រើន  •បាត់បង់ការបរិភោគ ឬការគេង  •ហត់នឿយច្រើន ឆាប់ខឹងនានា។ ការធ្វើរោគវិនិច្ឆ័យទូទៅ មានបីកត្តាធំៗដែលធ្វើឲ្យមានប្រជាជនកម្ពុជាប្រឈមមុខការកើតជំងឹផ្លូវចិត្ត៖ 1.កត្តាជីវសាស្ត្រ ៖ បណ្តាលមកពីភាពមិនប្រក្រតីនៃសារធាតុគីមីហៅថា ណឺរ៉ូត្រែនស្មី ក្នុងកោសិកាខួរក្បាល ជាពិសេសគឺជាតិសេរ៉ូតេនីន អេពីណេហ្រ្វីននិងដូប៉ាមិន។ ការថយចុះនៃសារធាតុសេរ៉ូតេអ៊ីនធ្វើឲ្យមានអារម្មណ៍មិនល្អ អារម្មណ៍មិននឹងនរ គេងមិនលក់ មិនចង់បរិភោគ ក្រៀមក្រំ ជាដើម។ 2.កត្តាចិត្តសាស្ត្រ ៖ ទាក់ទងលើស្មារតីរបស់អ្នកជំងឺផ្ទាល់ដូចជា ភាពមិនពេញចិត្តអ្វីដែលខ្លូនមាន ឆាប់ខឹង តែងតែគិតអវិជ្ជមាន ខ្វល់ខ្វាយច្រើនជាដើម។ 3.កត្តាសង្គម ៖ មានដូចជា ការរស់នៅក្នុងបរិយាកាសសង្គមមិនល្អ ការរស់នៅជាមួយភាពភ័យខ្លាច ឬរស់នៅក្នុងគ្រួសារដែលមានអំពើហឹង្សាជាដើម។ ការធ្វើរោគវិនិច្ឆ័យ ជំងឺផ្លូវចិត្តនេះ មិនទាមទារសំភារៈបរិក្ខារពេទ្យទំនើបៗដូចជំងឺផ្លូវកាយឡើយ ប៉ុន្តែទាមទារនូវគ្រូពេទ្យមានឥរិយាបថល្អ ដែលចេះបង្ហាញនូវការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ចេះយកចិត្តអ្នកជំងឺចេះស្តាប់ និងចំណាយពេលវេលាច្រើនសម្រាប់យល់ពីគាត់។ វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តអាចធ្វើរោគវិនិច្ឆ័យដោយការសង្កេតមើលរាល់អាកប្បកិរិយា និងវាយតម្លៃពីអារម្មណ៍ និងគិតាមរយៈសម្ភាសន៍រាល់បញ្ហាដែលអ្នកជំងឺមាន។ ប្រសិនបើអ្នកជំងឺមិនអាចអាស្រ័យទាក់ទងបាន ឬមិនមានស្មារតីនឹងនរក្នុងការសម្ភាសន៍នោះទេ វេជ្ជបណ្ឌិតឯកទេស នឹងត្រូវធ្វើការសាកសួរព័ត៌មានទាក់ទងនឹងអ្នកជំងឺបានតាមរយៈអ្នកផ្ទះ បងប្អូន ឬអ្នកដែលជិតស្និទ្ធបំផុត។ ការយកចិត្តដាក់ស្តាប់រាល់បញ្ហាដែលអ្នកជំងឺមាន ការចូលរូមចែករំលែករាល់អារម្មណ៍ដែលអ្នកជំងឺមាន ការស្វែងយល់រាល់បញ្ហារបស់គាត់ អាចជួយឲ្យការធ្វើរោគវិនិច្ឆ័យទទួលបានផលល្អ ហើយមានភាពងាយស្រួលក្នុងការព្យាបាល។ ការព្យាបាលជំងឺផ្លូវចិត្ត ក្នុងការព្យាបាលលើជំងឺនេះ ត្រូវការចំណាយពេលយូរ ដែលមានការចូលរួមជាមួយអ្នកជំងឹផ្ទាល់ ក្រុមគ្រួសារ គ្រូពេទ្យ អ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ច។ ប្រសិនបើមិនបានព្យាបាលជំងឺផ្លូវចិត្ត អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការប្រកបការងារ និងទំនាក់ទំនងក្នុងសង្គម។ ដូច្នេះ អ្នកជំងឺត្រូវទទួលការព្យាបាលបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេស ចៀសវាងការទុកឲ្យជំងឺនោះរ៉ាំរ៉ៃ។ ការព្យាបាលដែលល្អបំផុតរួមមាន៖  •ការជួយរកដំណោះស្រាយសម្រាប់បញ្ហាដែលគាត់មាន  •ការផ្តល់ប្រឹក្សាល្អៗសម្រាប់គាត់  •ការលើកទឹកចិត្ត •ការណែនាំឲ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗ •ការព្យាបាលដោយប្រើប្រាស់ថ្នាំលេប៖ គឺអាចឲ្យមានតុល្យភាពនៃសារធាតុគីមីនៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យបាត់រោគសញ្ញានៃជំងឺ តែចាំបាច់អ្នកជំងឺត្រូវទទួលការផ្តល់ប្រឹក្សាផងដែរ។ ចំពោះវេជ្ជបណ្ឌិតទូទៅវិញ អាចមានភាពលំបាកក្នុងការធ្វើរោគវិនិច្ឆ័យបញ្ជាក់ថា អ្នកជំងឺមានបញ្ហាផ្លូវចិត្ត ឬយ៉ាងណា ដូច្នេះវិធីសាស្ត្រសម្រាប់ជួយគាត់ក្នុងការធ្វើរោគវិនិច្ឆ័យ គឺការប្រើប្រាស់កម្រងសំណួរក្នុងពេលធ្វើបទសម្ភាសន៍ (Check list)។ ការបង្ការជំងឺផ្លូវចិត្ត យ៉ាងណាមិញ ការបង្ការលើបញ្ហាផ្លូវចិត្ត គឺការស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាទាំងនោះ។ មានចំណុចបីធំៗដែលជាវិធីសាស្ត្រដែលល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត គឺយើងត្រូវធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃផ្នែកក្នុងការរស់នៅប្រចាំថ្ងៃ៖ •ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះខ្លួនឯង៖ ត្រូវមានការពេញចិត្តនូវអ្វីដែលខ្លួនឯងមានហើយ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងក្នុងស្ថានភាពនានាប្រចាំថ្ងៃ។ •ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះមនុស្សជុំវិញខ្លួន៖ ចេះឲ្យតម្លៃលើអ្នកដទៃលើអ្វីដែលគេមាន ត្រូវចេះស្រឡាញ់ និងសាទរនូវអ្វីដែលអ្នកដទៃមាន ឬធ្វើបាន មិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះអ្នកជុំវិញខ្លួន...។ •ត្រូវតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់យើង៖ មិនត្រូវដាក់សម្ពាធសម្រាប់ខ្លួនឯង ឬក្រុមគ្រួសារពេកទេ ឬមិនត្រូវកំណត់គោលដៅក្នុងជីវិតរបស់ខ្លួនឲ្យហួសហេតុពេកទេ ត្រូវមានតុល្យភាពរវាងការងារ ការសម្រាក និងត្រូវចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងជីវិតប្រចាំថ្ងៃជាដើម។ នៅពេលមនុស្សគ្រប់គ្នាអាចធ្វើឲ្យបីចំណុចខាងលើមានតុល្យភាព ពេលនោះគាត់មិនសូវមានជួបបញ្ហាផ្លូវចិត្តនោះទេ។ ប្រជាជនគ្រប់រូបគួរគប្បីស្វែងយល់បន្ថែមលើចំណុចផ្សេងទៀត៖ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីមួយ៖ គឺមានការពារចំពោះជំងឺផ្លូវចិត្តមុនពេលជំងឺនេះកើតឡើង។ សកម្មភាពនេះ គឺការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពផ្លូវចិត្តដល់ប្រជាជនក្នុងសហគមន៍។ ការយល់ដឹងពីបញ្ហាផ្លូវចិត្ត វានឹងឲ្យយើងអាចស្វែងរកការព្យាបាលបានទាន់ពេល រកការជួយពីអ្នកចិត្តសាស្ត្រ ដើម្បីដោះសា្រយបញ្ហាដែលយើងមានកុំឲ្យវាកាន់តែធ្ងន់។ ការផ្លាស់ប្តូរ ការគិតអវិជ្ជមានមកគិតវិជ្ជមានវិញ គឺជាកត្តាមួយសម្រាប់ជួយយើងក្នុងការការពារជំងឺផ្លូវចិត្តដែរ។ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីពីរ៖ ស្វែងរកការព្យាបាលជំងឺផ្លូវចិត្តដែលកើតមានរួចហើយ។ ក្នុងករណីនេះ គឺវេជ្ជបណ្ឌិតឯកទេសមានតួនាទីជួយព្យាបាលជំងឺឲ្យបានជាសះស្បើយ។ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា វានឹងនាំឲ្យយើងអាចកាត់បន្ថយពេលវេលា និងថវិកា។ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីបី៖ គឺជាសកម្មភាពចុងក្រោយនៃការបង្ការជំងឺផ្លូវចិត្តកុំឲ្យកាន់តែរ៉ាំរ៉ៃ និងការស្តារលទ្ធភាពពលកម្មរបស់អ្នកជំងឺ ដើម្បីឲ្យគាត់ត្រឡប់មកជាសភាពដូចមុនពេលឈឺវិញ។ តើជំងឺផ្លូវចិត្តបានជះឥទ្ធិពលអាក្រក់អ្វីខ្លះ? ជំងឺផ្លូវចិត្តក៏បានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយរបស់អ្នកផងដែរ ជាពិសេសអ្នកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ។ ជំងឺផ្លូវកាយដែលស្តែងចេញពីភាពរ៉ាំរ៉ៃនៃជំងឺផ្លូវចិត្តរួមមាន៖  •ជំងឺក្រពះពោះវៀន  •ជំងឺវិបត្តិសរសៃឈាមបេះដូង  •ជំងឺប្រពន្ធ័ប្រសាទជាដើម។  ជាការយល់ខុសមួយ ដែលប្រជាជនមួយចំនួនមានគឺ គេនៅតែគិតជំងឺផ្លូវចិត្តជាជំងឺសួរពូជ ដែលជាហេតុនាំឲ្យមានការរើសអើងនៅក្នុងសង្គមផងដែរ។ តាមការពិតមានតែជំងឺផ្លូវចិត្តមួយភាគតូចប៉ុណ្ណោះ ដែលអាចមានលក្ខណៈសួរពូជ។ ជំងឹផ្លូវចិត្តភាគច្រើន គឺជាជំងឺដែលព្យាបាលជាបាន ប្រសិនបើយើងព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ការរើសអើងនេះ វាបានបង្កជាផលវិបាកជាច្រើនសម្រាប់ជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ ហើយវាជាកត្តាមួយដែលមិនឲ្យក្រុមគ្រួសារ ឬអ្នកជំងឺមិនព្រមទទួលការព្យាបាលដែរ។ ក្រៅពីវេជ្ជបណ្ឌិតឯកទេស តើអ្នកអាចជួយអ្នកជំងឺបានយ៉ាងណា?  ប្រសិនបើក្នុងគ្រួសារមានអ្នកជំងឺនេះ ឬអ្នកជិតខ្លួន អ្នកគួរអប់រំចិត្តរបស់គាត់ គាំទ្រគាត់ លើកទឹកចិត្តតាមរយៈសកម្មភាពផ្សេងៗទៀត ដើម្បីឲ្យអ្នកជំងឺបានបញ្ចេញរាល់អារម្មណ៍ រាល់បញ្ហា នោះអាចធ្វើឲ្យស្ថានភាពរបស់អ្នកជំងឺក្លាយជាល្អប្រសើរបាន។ ចំពោះការស្តីបន្ទោសលើអ្នកជំងឺ គឺមិនបានធ្វើឲ្យអ្នកជំងឺមានភាពប្រសើរនោះទេ ផ្ទុយទៅវិញធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែដុនដាបនឹងជំងឺ។ ក្រៅពីនេះ មិនត្រឹមតែអ្នកជំងឺទេ សូម្បីតែអ្នកផ្ទាល់គួរគប្បីមានកាលវិភាគច្បាស់លាស់មួយសម្រាប់ការងារ ការសម្រាក លំហាត់ប្រាណ ដំណើរកម្សាន្តជាដើម។    ប្រសាសន៍របស់វេជ្ជបណ្ឌិតឯកទេស  ជំងឺផ្លូវចិត្ត ក៏ដូចជាជំងឺវេជ្ជសាស្ត្រផ្សេងទៀតដែរ ដូច្នេះអ្នកមិនគួររើសអើងចំពោះអ្នកជំងឺផ្លូវចិត្តឡើយ។ សូមប្រជាជនទាំងអស់គួរស្វែងយល់ឲ្យបានដិតដល់ចំពោះបញ្ហានេះ។ ជំងឹផ្លូវចិត្ត ក៏មិនមែនជាជំងឺឆ្លងឡើយ តែវាទាមទារឲ្យបុគ្គលគ្រប់រូបចេះតាមដាន និងថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនជាប្រចាំ តាមរយៈសកម្មភាពដែលបានរៀបរាប់ខាងលើ។ ចំពោះអ្នកជំងឺវិញ សកម្មភាពដែលល្អនោះគឺ ការចេះបញ្ចេញអារម្មណ៍ ឬបញ្ហាដែលខ្លួនមានទៅអ្នកដទៃ ជាពិសេសអ្នកជិតស្និទ្ធដែលចេះស្តាប់ និងចេះយល់ពីបញ្ហារបស់យើង។ សូមកុំខ្មាសអៀនចំពោះការបញ្ចេញអារម្មណ៍របស់អ្នក ងើយគួរតែគិតពីចំណុចវិជ្ជមានឲ្យបានច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។  បកស្រាយដោយ៖ បណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រ នាយកប្រតិបត្តិនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជាទូទៅ ស្បែករបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ខ្លះមានស្បែកស្ងួត ខ្លះមានស្បែកខ្លាញ់ និងខ្លះទៀតមានស្បែកធម្មតា។ដូច្នេះចំពោះការថែបំប៉នស្បែកក៏មានលក្ខណៈខុសគ្នាដែលហើយខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាស្បែកនីមួយៗ ។ ស្បែកមុខធម្មតា​៖ មនុស្សមួយចំនួនដែលមានស្បែកមុខធម្មតា គឺច្រើនមានជាតិខ្លាញ់ស្រោបស្ដើងៗនៅលើបរិវេណស្បែកថ្ងាស់ និងច្រមុះ ហើយមានបរិមាណច្រើនជាងនៅត្រង់ថ្ងាស។ ស្របពេលគ្នានោះ ដែរស្បែកនៅត្រង់ជុំវិញកែវភ្នែកនិងនៅត្រង់ចំណុចថ្ពាល់ចុះមកដល់ក ហាក់មានសភាពស្ងួតជាងបរិវេណដទៃទៀត។ រីឯការប្រើប្រាស់ម៉យជឺរ៉ាយសឺវិញគួរលាបតែចំពោះបរិវេណថ្ពាល់ និងស្បែកនៅជុំវិញភ្នែក ដើម្បីការពារការតើតនៃស្នាមជ្រីវជ្រួញ។ ស្បែកមុខខ្លាញ់៖ សម្រាប់ស្បែកមុខប្រភេទនេះច្រើនឡើងខ្លាញ់នៅត្រង់ថ្ងាស់ និងចង្កា ច្រមុះស្បែកហើយស្បែកប្រភេទនេះក៏មិនងាយកើតមានស្នាមជ្រីវជ្រួញជាងអ្នកមានស្បែកស្ងួតផងដែរ និងការសម្អាតស្បែកក៏មានលក្ខណៈពិបាកជាងទៀតផងពីព្រោះមានហេតុផលថា ខ្លាញ់ពីក្រពេញខ្លាញ់ធ្វើការខុសធម្មតា។ ការធ្វើការសម្អាតគួរជ្រើសរើសការប្រើសាប៊ូខ្សោយៗ ឬក៏ប្រើជេលថ្លាៗ លុបលាងមុខ តែហាមប្រើញឹកញាប់ពេក។​​ ក្នុងករណីដែលស្បែកមុខឡើងខ្លាញ់ខ្លាងពេកគួរប្រើក្រដាសអនាម័យផ្ដិតសម្អាតជំនួស។ ចំពោះគ្រឿងសម្អាងវិញគួរប្រើប្រភេទ oil free ដើម្បីការពារផ្ទៃមុខកុំឲ្យមើលទៅខ្លាញ់ខ្លាំងពេក។ ស្បែកមុខស្ងួត៖ សម្រាប់អ្នកមានលក្ខណៈស្បែកមុខបែបនេះងាយនិងប្រឈមកើតស្នាមជ្រីវជ្រួញជាងប្រភេទស្បែកដទៃទៀត ដោយសារតែមិនអាចរក្សាទុកនៅភាពសំណើមបាន។ ចំពោះការថែទាំដេលត្រឹមត្រួវគួរលុបលាងមុខនៅពេលព្រឹកដោយប្រើទឹកទទេ ​នៅពេលល្ងាចដែលត្រូវលាងគ្រឿងសម្អាងចេញនោះ គួរជ្រើរើសប្រើក្រែមលាងមុខដែលមានចំណែកផ្សំរបស់ម៉យជឺរ៉ាយសឺ។​នៅមុនពេលចូលដំណេកគួរប្រើក្រែមបំប៉នស្បែក ដើម្បីជួយបង្កើនភាព សំណើមដល់ស្បែកមុខ។ ប៉ុន្តែចំណុចល្អរបស់អ្នកមានស្បែកមុខ​គឺរន្ធរោមច្រើនមើលឃើញរាបហាប់ស្មើ​ ហើយថែមទាំងមិនសូវកើតមានបញ្ហាផ្ទៃមុខឡើងខ្លាញ់ព្រមទាំងមិនសូវឡើងមុនលើផ្ទៃមុខទៀតផង៕  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ពងបែកមាត់ជាដំបៅតូចហើយឈឺមាននៅក្នុងមាត់ អណ្ដាត និងបំពង់ក។ រោគសញ្ញារបស់វាគឺ ដំបៅខូងតូច និងឈឺ។  មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានបងបែកមាត់នេះ​ដូចជា របួសក្នុងមាត់ ញ៉ាំអាហារជូរ ឬហិរ  ខ្វះវីតាមីន បម្រែបម្រួល អ័រម៉ូន ស្ត្រេស ឬជំងឺកើតដោយស្វ័យប្រព័ន្ធភាពសុំាខ្លួនឯង។ពងបែកមាត់ ខុសពីពងបែកដោយសារក្ដៅខ្លួន​ បើទោះជាពួកវាងាយច្រឡំគ្នាក៏ដោយ។ ពងបែកដោយសារក្ដៅខ្លួនជាពពួកកន្ទួលមានទឹកនៅក្នុងនិងឈឺ។ ពួកវាកើតឡើងដោយវីវុស និងអាចឆ្លងបានយ៉ាងងាយ ។ ពងបែកប្រភេទនេះលេចឡើងនៅខាងក្រៅមាត់ ជាទូទៅនៅក្រោមអណ្ដាត ជុំវិញបបួរមាត់ ឬក្រោមចង្កា ឯពងបែកមាត់វិញកើតនៅក្នុងមាត់។ពងបែកមាត់ភាគច្រើន​​មិនទាមទារឲ្យមានការព្យាបាលទេ  ហើយវានិងជាដោយខ្លួនឯង។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានក្ដៅខ្លួន ឬកើត៣សប្ថាហ៍ហើយ ឬអ្នកពិបាកលេប។ ដើម្បីបន្ថយការឈឺ និងឆាប់ជាការព្យាបាល និងមធ្យាបាយដោះស្រាយសម្រាប់ពងបែកមាត់ប្រភេទនេះ រួមមានការប្រើប្រាស់ថ្នាំលាប  ថ្នាំខ្ពុលមាត់ និងថ្នាំបំបាត់ការឈឺចាប់ ដែលមិនត្រួវការមានវេជ្ជបញ្ជា។ បើទោះជាមិនមានការព្យាបាលឲ្យជាដាច់ ហើយពងបែកនេះមានជារឿយៗ អ្នកនៅតែកាត់បន្ថយការឈឺចាប់បានដោយ ៖ ១. ជៀសវាងញុំអាហារដែលរលាកមាត់ រួមទាំងផ្លែឈើជូរ បន្លែមានជាតិជូរនិងអាហារហិរ ២.ជៀសវាងការរលាកដោយស្ករកៅស៊ូ ៣.ដុសធ្មេញជាមួយច្រាស់ទន់ប​ន្ទាប់ពីញុំាអាហាររួច  និងប្រើអំបោះរុះធ្មេញ(Flossing)រៀងរាល់ថ្ងៃ។ ធ្វើបែបនេះអាចរក្សាមាត់អ្នក មិនឲ្យមានសំណល់អាហារដែលអាចធ្វើឲ្យឈឺបាន។    អ្នកគួរទាក់ទងទៅគ្រូពេទ្យធ្មេញរបស់អ្នកនិយាយអំពីពងបែកមាត់អ្នក ប្រសិនបើ៖ . ដំបៅធំជាងធម្មតា .ដំបៅនៅតែរាលដាល . ឈឺដល់ទៅ៣សប្ដាហ៍ឬយូរជាងនេះ . មិនអាចទ្រាំនឹងការឈឺចាប់ទោះជាតមអាហារ និងលេបថ្នាំ  បំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាហើយក៏ដោយ  .ពិបាកផឹកទឹកឲ្យបានគ្រប់គ្រាន់ .ក្ដៅខ្លួនខ្លាំង នៅពេលមានពងបែកមាត់។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅក្រោមការរៀបចំឡើងពីក្លឹបធុរកិច្ចអន្តរជាតិ ឬ International Business Club ហៅកាត់ថា I.B.C កម្មវិធីប្រកួតប្រជែងពីគម្រោងអាជីវកម្ម “BizPlannovation Challenge2017” ដែលបានប្រារព្ធនៅថ្ងៃទី១២ខែវិចិ្ឆកាឆ្នាំ២០១៧កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ប្រព្រឹត្តិទៅបានយ៉ាងរលូន។ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពវ័យក្មេងក្នុងប្រទេសកម្ពុជា “BizPlannovation Challenge2017”បានសម្រិតសម្រាងយកក្រុមជើងខ្លាំង (BizWarriors) ទាំង៥ក្រុមដើម្បីធ្វើការប្រកួតប្រជែងពីគម្រោងអាជីវកម្មដែលមានភាពច្នៃប្រឌិត និងផ្តល់ផលវិជ្ជមានដល់សង្គម។ ក្នុងនោះមានក្រុម ៖  ១. The Triple ក្រោមប្រធានបទ Green Community Healthcare Center  ២. The Explorer ក្រោមប្រធានបទ Travelling App  ៣. Omega ក្រោមប្រធានបទ Organic Food Store  ៤. Victory ក្រោមប្រធានបទ  E-Journey App  ៥. Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App មិនតែប៉ុណ្ណោះ កម្មវិធី “BizPlannovation Challenge 2017” ក៏មានគួបផ្សំនូវ Panel Discussion ពី លោក គង់ សូលីយ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Joonaak Delivery Co,Ltd, ឧកញ៉ាចិត្រ សេរីសុភ័ក្រ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនLuxury Smile, Monsne Group Co, Ltd និង Maya Cosmics Cambodia, អ្នកស្រី ជា សុខលាង (Johnan) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Eco Great Mekong Solutions ព្រមទាំង លោក សុខ សុភមង្គល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Codingate។ ពួកគាត់ទាំង៤រួបមិនត្រឹមតែជាវាគ្មិនប៉ុណ្ណោះទេ ថែមទាំងជាគណកម្មការ ដើម្បីដាក់ពិន្ទុយ៉ាងសុក្រិត្យទៅដល់ BizWarriors ផងដែរ។  ចុងបញ្ចប់នៃកម្មវិធី យើងក៏បានរកឃើញនូវក្រុមដែលបានទទួលជ័យជំនះដែលរួមមាន ៖ -ជ័យលាភីលេខ៣ គឺក្រុម Victory ក្រោមប្រធានបទ  E-Journey App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់១,០០០,០០០៛   -ជ័យលាភីលេខ២ បានទៅលើក្រុម The Explorer ក្រោមប្រធានបទ Travelling App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ១,៥០០,០០០៛  -ជ័យលាភីលេខ១ បានទៅក្រុម Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់២,០០០,០០០៛ និងពាន “BizPlannovation Challenge 2017”។ International Business Club សូមថ្លែងអំណរគុណទៅកាន់ BizWarriors ដែលមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួនព្រមទាំងគណៈកម្មការទាំង៤រូប និងភ្ញៀវកិតិ្តយសទាំងអស់ដែលចំណាយទាំងថវិកា និងពេលវេលាចូលរួម។ International Business Club នឹងពាំនាំនូវអ្វីដែលថ្មីជូនលោកអ្នកនៅកម្មវិធីក្រោយៗទៀត!!! ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ករណីកប់ត្រចៀកក្រាញនេះ គឺជាបញ្ហាដែលធ្វើឲ្យមនុស្សមានការឈឺចាប់ខ្លាំង។ តើមានដំណោះស្រាយបែបណា នៅពេលដែលមានបញ្ហាកប់ត្រចៀកក្រាញនេះ? ខាងក្រោមនេះជាដំណោះស្រាយ៖ ១.ត្រាំជើងរបស់អ្នកជាមួយទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស២ដងក្នុងមួយថ្ងៃរយៈពេល១៥ទៅ៣០នាទី។ ទឹកក្ដៅឧណ្ហៗជួយឲ្យមានភាពប្រសើរឡើង។វិធីនេះវាអាចធ្វើឲ្យក្រចកទន់តែវាពិតជាមានប្រយោជន៍ណាស់ក្នុងការការពារការឆ្លងមេរោគទៅជើង។ចំពោះលទ្ធផលដែលល្អបំផុតគឺត្រូវបានណែនាំឲ្យប្រើប្រាស់សាប៊ូប្រឆាំងនិងបាត់តេរី។ ២.បន្ទាប់ពីត្រាំជើងអ្នកជាមួយ Feet Bath រួចហើយត្រូវកាត់ក្រចកជើងរបស់អ្នក ហើយជូនជើងរបស់អ្នកឲ្យស្ងួតជាមួយកន្សែង។ ប្រសិនបើអ្នកចង់ជៀសវាងការកប់ក្រចកក្នុងសាច់ អ្នកគួរកាត់ក្រចករាងមូល។ ៣.អ្នកអាចបង្ហើបក្រចកមេជើងរបស់អ្នកដោយប្រើម្ជុលដែករឹងដែលគ្មានមេរោគខណៈពេលដែលធ្វើការញាត់សំឡីចោលទៅក្នុងចន្លោះនោះ។ធ្វើវាឲ្យប្រុងប្រយ័ត្នហើយកុំប្រញាប់ពេក។ធ្វើបែបនេះដើម្បីការពារការឆ្លងមេរោគទៅក្នុងជើង​របស់អ្នកហើយដើម្បីការពារការឈឺចាប់ អ្នកគួរដាក់សំឡីកប្បាសទោក្រោមក្រចកដែលកប់នោះ។ ៤.ប្រសិនបើពណ៌មេជើងអ្នកចាប់ផ្ដើមប្រែពណ៌ពីពណ៌ក្រហមទៅជាពណ៌ខៀវខ្មៅមានន័យថាជើងរបស់អ្នកឆ្លងមេរោគហើយ អ្នកគួរតែព្យាបាលដោយ ប្រើថ្នាំដែលមាន វេជ្ជបញ្ជាគ្រូពេទ្យត្រឹមត្រួវ។ ៥.ពេលដែលអ្នកនៅផ្ទះ គួរជៀសវាងការពាក់ស្រោមជើង​និងស្បែកជើង។ ជើររបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ ៦.ផ្លាស់ប្ដូរសំឡីដែលញាត់នៅក្នុងក្រចកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃខណៈដែលស្ថានភាពក្រចកជើងរបស់អ្នកមិនទាន់ប្រសើរឡើង។អ្នកគួរតែព្យាយាមថែរក្សាអនាម័យក្រចកជើងរបស់អ្នកឲ្យបានខ្ពស់រយៈ២សប្តាហ៍នេះទំរាំក្រចកជើងថ្មីដុះមកវិញ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ប្រសិនបើភ្នែករបស់អ្នករមាស់ និងឡើងក្រហម ហូរទឹកភ្នែក ឬរលាក អ្នកប្រហែលជាអាល្លែកហ្ស៊ីភ្នែកហើយ។ មនុស្សភាគច្រើនគិតលើការព្យាបាលរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ តែព្រងើយកន្តើយនឹងភ្នែករមាស់​​ ក្រហម និងហូរទឹកភ្នែករបស់គាត់ ។  ខាងក្រោមនេះ ជាការណែនាំពីវិធីសាស្ត្រជួយបន្ថយជំងឺអាល្លែកហ្ស៊ីភ្នែក៖ ១. ស្អំរបស់ត្រជាក់លើភ្នែករបស់អ្នក ២.ដាក់ទឹកបន្តក់ភ្នែកក្នុងទូរទឹកកកឲ្យត្រជាក់សិនមុននឹងប្រើវា។អ្នកគួរប្រើទឹកបន្តក់ភ្នែកដែលមិនមានសារធាតុរក្សាគុណភាព។​ ៣.ជៀសវាងប្រើប្រាសថ្នាំបំបាត់ភ្នែកក្រហមជាប្រចាំ​ ព្រោះវាអាចធ្វើឲ្យភ្នែករបសអ្នកកាន់តែក្រហម នៅពេលកើតឡើងវិញ។ ៤.កុំប្រើក្រដាស់អនាម័យ ដុំសំឡី សំឡីលាងដំបៅ ឬរបស់ផ្សេងទៀត ទៅជូតទឹកភ្នែក។ ប្រើប្រាស់ទឹកបន្តក់ភ្នែក ដើម្បីលាងភ្នែកចេញ។ ៥.ពាក់វ៉ែនតាការពារកម្ដៅថ្ងៃដែលកោងអាចបិទជិតភ្នែកមិនឲ្យប៉ះនឹងធូលីដីឬកម្ទេចកម្ទីផ្សេងទៀតដែលមិនល្អចំពោះភ្នែក។ ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្បើយ អ្នកត្រូវទៅជួបអ្នកជំនាញភ្នែក ព្រោះវាអាចជាបញ្ហារលាកភ្នែក។​ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ការបណ្តុះមេរោគ ជាវិធីសាស្ត្រមន្ទីរពិសោធន៍ ដើម្បីរកមេរោគដែលបង្ករោគដល់អ្នកជំងឺ។ វាជាការរំលេចមេរោគចេញពីវត្ថុវិភាគផ្សេងៗដូចជា ឈាម ទឹកនោម ខ្ទុះ កំហាក ។ល។ នៅពេលដែលអ្នកជំងឺមានរោគសញ្ញាដែលបណ្ដាលមកពីជំងឺឆ្លងដូចជា គ្រុនក្ដៅ គ្រុនញាក់ ករខ្ទុះ បូស ។ល។ វេជ្ជបណ្ឌិតតែងតែយកវត្ថុវិភាគតាមកន្លែងសង្ស័យនោះទៅបណ្ដុះមេរោគ។  ឧទាហរណ៍៖  - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងសួត គេយកស្លេស កំហាកទៅបណ្តុះ។ - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅបង្ហូរនោម គេយកទឹកនោមទៅបណ្តុះ។ - បើអ្នកជំងឺមានអាការៈកើតបូស គេយកខ្ទុំទៅបណ្ដុះ។ - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងឈាម គេយកឈាមទៅបណ្តុះ។ សូមបញ្ជាក់ផងដែរថា ករណីភាគច្រើននៃជំងឺបង្កដោយមេរោគតាមសរីរាង្គនានា(Infection)មេរោគអាចជាយថាហេតុឆ្លងចូលក្នុងឈាមហើយអ្នកជំងឺលេចចេញអាការៈគ្រុនញាក់។ដូចនេះហើយបានជាគេយកឈាមទៅបណ្ដុះពេលអ្នកជំងឺគ្រុន ឬញាក់។ តើការការបណ្តុះមេរោគសារៈសំខាន់ឬទេ? វិធីនេះមានសារៈសំខាន់ណាស់ក្នុង៖ - ការធ្វើរោគវិនិច្ឆ័យ - ជំនួយការព្យាបាលឲ្យមានប្រសិទ្ធភាព និង សន្សំសំចៃទាំងពេលវេលា និង ថវិកា - កំណត់វិធានការការពារ បង្ការការឆ្លងរោគ។ តើពេលណាបានលទ្ធផលពីការបណ្ដុះ? វាអាស្រ័យលើប្រភេទវត្ថុវិភាគ និង មេរោគ។ តាមធម្មតា លទ្ធផលអាចបានរវាងថ្ងៃទី ៣-៥។ ដោយទ្បែក លទ្ធផលបណ្តុះមេរោគរបេងត្រូវចាំ២-៣ខែ។  តែទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតតែងតែចាប់ផ្តើមការព្យាបាល ដោយមិនរង់ចាំនាំឲ្យយឺតយ៉ាវដល់អ្នកជំងឺទេ ក៏ព្រោះថា ការធ្វើរោគវិនិច្ឆ័យដំបូង អាចពឹងផ្អែកលើ ការសាកសួរ ពិនិត្យរាងកាយ និងការវិភាគជំនួយ (វិភាគឈាម ថតកាំរស្មីX ពិនិត្យអេកូ...)។ ម៉្យាងវិញទៀត មិនមែនរាល់ការបណ្តុះមេរោគសុទ្ធតែរំលេចចេញនូវមេរោគទេ គឺវាអាស្រ័យនឹងកត្តាផ្សេងៗដូចជា៖ កំហាប់ឬបរិមាណមេរោគក្នុងវត្ថុវិភាគ ចំនួនវត្ថុវិភាគ យកវត្ថុវិភាគទៅបណ្តុះមុនឬក្រោយប្រើថ្នាំ។ល។ អនុសាសន៍៖ សូមប្រឹក្សា និង សាកសួរព័ត៌មានជាមួយវេជ្ជបណ្ឌិត ពិសេសវេជ្ជបណ្ឌិតឯកទេសជំងឺឆ្លង បកស្រាយដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និង នាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច) ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងលេខ ៩៦៧អបស/ឱអបស ជម្រាបជូនដល់ អគ្គនាយកគ្រឹះស្ថានផលិតឱសថ និងឧបករណ៍បរិក្ខារពេទ្យអគ្គនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ-គ្រឿងសម្អាង ម្ចាស់គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន-រង) និងម្ចាស់អគារលក់ឱសថបូរាណ តំណាងការិយាល័យរោងចក្រផលិតឱសថនៅក្រៅប្រទេស និងអាជីវករប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ស្តីពី «ករណីផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថសម័យ និងឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព  ឱសថបូរាណប្រតិករ ឧបករណ៍បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ជាពិសេសផលិតផលបម្រើឲ្យផ្លូវភេទ ព្យាបាលជំងឺមហារីក ជំងឺលើសឈាម តាមរយៈគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។ ក្នុងសេចក្តីជូនដំណឹងនេះ បានបង្ហាញថា «យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ការផ្សព្វផ្សាយឱសថ ឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព ប្រតិករឧបករណ៍បរិក្ខារពេទ្យ ឱសថបូរាណ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទអាចប្រព្រឹត្តទៅបានត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។ ដូច្នេះហើយ ក្រសួងសុខាភិបាលបានណែនាំឲ្យធ្វើការបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលដូចបានជម្រាបជូនខាងលើតាមរយៈប្រព័ន្ធបណ្តាញគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) ឬប្រព័ន្ធផ្សេងៗទៀត។ ប៉ុន្តែករណីមានការរឹងរូសមិនធ្វើតាមការណែនាំនេះ ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មុននឹងធ្វើការបកស្រាយ ខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះ អាចនឹងមិនពិរោះស្ដាប់ តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។  ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទ ប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាចដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដូចជាមេរោគផ្សិតទៅលើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ ហេតុដូច្នេះ បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។ ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរស ដោយមិនគិតពីអាយុ និងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។ នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ  •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម  •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ  •ជក់បារី  •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន(Androgen-ជាអ័រម៉ូនភេទបុរស)  •ជំងឺសរសៃឈាមបេះដូង មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម(Atherosclerosis) និងលិង្គត្រូវបានចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត  ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសរសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។  ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាម និងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។ បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជា ភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទ និងស្វែងរកការព្យាបាលដ៏សមស្រប។ ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafil(Levitra®), Tadalafil(Cialis®) នឹងត្រូវចេញវេជ្ជបញ្ជា។ មានវិធីជាច្រើន ដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតា ទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ ចិត្តវិទូ ឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ៖ បញ្ឈប់ការជក់បារី រក្សាទម្ងន់ឲ្យបានល្អ ធ្វើលំហាត់ប្រាណ ជៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង(Stress)៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ចែករំលែក

ការព្យាបាលជំងឺមហារីកភាគច្រើនតែងតែមានជាមួយនឹងបញ្ហាគ្លីនិក (clinical problem) ដែលបញ្ហានេះកើតមានជាញឹកញាប់ បណ្តាលមកពីភាពយឺតយ៉ាវក្នុងការកំណត់រោគវិនិច្ឆ័យ (លើសពី៧០%នៃអ្នកជំងឺមហារីកស្ថិតក្នុងដំណាក់កាលទី៣និង៤ រួមជាមួយនិងផលវិបាកដូចជា tumour intoxication syndrome) និងផលរំខានធ្ងន់ធ្ងរដែលបណ្តាលមកពីការព្យាបាលជាពិសេសលើអ្នកជំងឺ malignant pleural និងperitoneal effusions ជាដើម។ ដើម្បីព្យាបាលគាំពារលើករណីទាំងនេះ ឱសថ Megluminesodium succinate គឺត្រូវបានប្រើប្រាស់ ។ •Meglumine sodium succinate (solution for infusion 1.5%) គឺជាសូលុយស្យុងសម្រាប់ចាក់បញ្ចូលតាមសរសៃឈាមដែលមានតុល្យភាពមួយ ផ្សំឡើងដោយ succinic acid និងអេឡិចត្រូលីតជាច្រើន មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល ប្រឆាំងទៅនឹងការរលាក អុកស៊ីតកម្ម និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodiumsuccinate solution ផ្តល់ផលវិជ្ជមានលើដំណើរការអុកស៊ីហ្សែនក្នុងកោសិកា កាត់បន្ថយការកកើតរ៉ាឌីកាល់សេរីនិងស្តារឡើងវិញនូវសក្តានុពលថាមពលនៃកោសិកា ដោយជំរុញសកម្មភាពដំណើរការអង់ស៊ីមរបស់ Krebs cycle(aerobic intracellular processes) ។ឱសថនេះជួយកោសិកាក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់និងស្ករ តាមរយៈធ្វើឲ្យប្រសើរឡើងនូវតុល្យភាពអាស៊ីត បាស និងកម្រិតអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodium succinate solution កាត់បន្ថយកម្រិតនៃ medium-sized molecules និង malonic dialdehyde លើសពីកម្រិតធម្មតា ដែលជួយបំបាត់ endogenous "metabolic" intoxication syndrome ធ្វើឲ្យធម្មតាមកវិញនូវកម្រិតប្រព័ន្ធការពាររាងកាយក្នុងចរន្តឈាម និងប្រភាគនៃសមាសធាតុផ្សំរបស់ប្រព័ន្ធការពាររាងកាយទាំងនោះ។ ដូច្នេះឱសថ Meglumine sodium succinate solution ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទាំងឡាយដែលកើតលើអ្នកជំងឺមហារីក តួយ៉ាងដូចជាការបង្ករោគដោយបាក់តេរីឱកាសនិយមជាដើម។ •Meglumine sodium succinate solution អាចមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដោយវាជាឱសថកែសម្រួលលើការឆ្លើយតបជីវសាស្ត្រដើម្បីបង្កើន natural killer's cytotoxic activity ។ •Meglumine sodium succinate solution មានប្រសិទ្ធភាពបញ្ចុះទឹកនោមកម្រិតស្រាល។ ក្នុងអំឡុងពេលនៃការបញ្ចូល Meglumine sodium succinate solution តាមសរសៃឈាមវ៉ែន ឱសថនេះត្រូវបានប្រើប្រាស់យ៉ាងលឿននិងគ្មានការប្រមូលផ្តុំនៅក្នុងខ្លួនអ្នកជំងឺឡើយ។ •Meglumine sodium succinate solution ត្រូវបានប្រើលើមនុស្សធំ និងកុមារដែលមានអាយុលើសពី១ឆ្នាំ។ ជាឱសថបន្សាបជាតិពុលនិងប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែក្នុងឈាមលើអ្នកជំងឺពុលស្រួចស្រាវដែលមានប្រភពមកពីខាងក្នុងនិងខាងក្រៅរាងកាយរបស់អ្នកជំងឺដោយមូលហេតុផ្សេងៗគ្នា។ •Meglumine sodium succinate solution ត្រូវបានប្រើក្នុងការព្យាបាលជំងឺផ្សេងៗទៀតដែរដូចជា៖ កង្វះអុកស៊ីហ្សែនបណ្តាលមកពីមូលហេតុផ្សេងៗរួមមាន ខ្សោយពហុសរីរាង្គ (polyorganic insufficiency) ស្ទះថង់ទឹកប្រមាត់ (cholestasis) រលាកថ្លើមបង្កដោយវីរុស និងជាតិពុល (toxic and viral hepatitis) និង shock ដែលបណ្តាលមកពីកត្តាផ្សេងៗ។ •ការប្រើប្រាស់ឱសថ Meglumine sodium succinate solution លើជំងឺមហារីកគួរតែត្រូវបានកំណត់ដោយប្រសិទ្ធភាពរបស់ឱសថនេះទៅលើកត្តាពាក់ព័ន្ធទាំងឡាយ ដែលជាមូលហេតុបង្កឲ្យមានផលវិបាកដោយដុំសាច់មហារីក (malignant tumours) ដូចជាការពុល ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ កត្តាទាំងនេះនាំឲ្យអ្នកជំងឺមានស្ថានភាពដុនដាប និងធ្ងន់ធ្ងរ រួមជាមួយវិបត្តិមេតាបូលីស និងការផ្លាស់ប្តូរថាមពលនៅក្នុងកោសិកានៃរាងកាយ។ •Meglumine sodium succinate solution គឺជាឱសថបន្សាបជាតិពុល ប្រើលើអ្នកជំងឺមហារីកដែលមានការពុលធ្ងន់ធ្ងរនៅអំឡុងពេលមានជំងឺខាន់លឿងដោយសារស្ទះបំពង់ទឹកប្រមាត់ (mechanical (obstructive) jaundice)ដុំសាច់មហារីកនៅតំបន់បំពង់បង្ហូរទឹកប្រមាត់ (malignant tumors of the hepatobiliary tract) រលាកស្រោមពោះ (peritonitis) រលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដោយវីរុស(acute and chronic viral hepatitis)ក៏ដូចជាដំណើររាលដាលទៅកន្លែងផ្សេងនៃដុំសាច់មហារីក (metastatic processes) និងអំឡុងពេលពុលបណ្តាលមកពីការព្យាបាលដោយវិទ្យុសាស្ត្រ និងគីមីសាស្ត្រ។ •Meglumine sodium succinate solution គឺជាឱសថប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម ត្រូវបានប្រើលើអ្នកជំងឺមហារីកដែលកង្វះអុកស៊ីហ្សែនក្នុងសាច់ដុំបេះដូង (myocardial hypoxia) រីងរៃ (cachexia) សម្រាប់រៀបចំអ្នកជំងឺមុនធ្វើការវះកាត់ និងព្យាបាលថែទាំក្រោយវះកាត់។ សម្ភារៈ និងវិធីសាស្ត្រ នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ការប្រើ Meglumine sodium succinate solution ចាក់តាមសសៃឈាមវ៉ែនក្នុងកម្រិត សម្រាប់មនុស្សធំគឺ ១០ម.ល/គ.ក ក្នុង១ថ្ងៃ(៤០០ម.ល១-២ដង ក្នុង១ថ្ងៃ កម្រិតប្រើអតិបរិមាគឺ ៨០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា៣.០-៤.៥ម.ល ក្នុង១នាទី ។ សម្រាប់កុមារកម្រិត Meglumine sodium succinate solution គឺ៦-១០ម.ល/គ.ក ក្នុង១ថ្ងៃ (កម្រិតប្រើអតិបរមា គឺ ៤០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា ៣.០-៤.០ម.ល ក្នុង១នាទី។ អស់រយៈពេលជាង ៧ឆ្នាំ(២០១០-២០១៧) អ្នកជំងឺ៤៣១នាក់បានទទួលការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ អ្នកជំងឺ ៧៤នាក់ (១៧.៤%) ក្នុងចំណោមពួកគេខាងលើបានព្យាបាលជាមួយឱសថ Meglumine sodium succinate solution ដោយអ្នកជំងឺមហារីកទាំងនោះបានទទួលការព្យាបាលមូលហេតុបង្ក និងព្យាបាលគាំពារផងដែរ។ ប្រភេទជំងឺមហារីកដែលជួបប្រទះញឹកញាប់ជាងគេគឺ មហារីកកោសិកាថ្លើម (hepatocellular carcinoma) (អ្នកជំងឺ២១នាក់, ២៨.៤%) និងមហារីកពោះវៀនធំ (colorectal cancer) (អ្នកជំងឺ១៤នាក់, ១៨.៩%)។ ប្រភេទជំងឺមហារីកផ្សេងទៀតមានដូចជា មហារីកច្រមុបំពង់ក(nasopharyngeal carcinoma) មហារីកដោះ (breast cancer) មហារីកលំពែង រួមជាមួយជំងឺខាន់លឿងដោយសារការស្ទះបំពង់ទឹកប្រមាត់ (pancreatic cancer with mechanical jaundice) មហារីកឈាម (non-Hodgkin'slymphoma)មហារីកមាត់ស្បូន (cervical cancer) មហារីកសួត (lung cancer) មហារីកក្រពះ (gastric cancer) ។ល។ អ្នកជំងឺទាំងអស់នោះបានទទួលការព្យាបាលជាមួយ Meglumine sodium succinate solution ក្រៅពីការព្យាបាលជាក់លាក់។ ជំងឺដែលព្យាបាលជាមួយឱសថ Meglumine sodium succinate solution ១.  ការពុល និងដើម្បីធ្វើឲ្យប្រសើរនូវដំណើរការមេតាបូលីសលើអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ (អ្នកជំងឺ៥០នាក់, ៦៧.៦%)។ អ្នកជំងឺ៤៩នាក់ក្នុងចំណោម ៥០នាក់ទទួលបានថាមពលជាវិជ្ជមានក្រោយពេលចាប់ផ្តើមព្យាបាលជាមួយឱសថ Meglumine sodium succinate solution(រោគសញ្ញានៃការពុលត្រូវបានកាត់បន្ថយក្នុងរយៈពេល ២ទៅ៣ថ្ងៃ)។ ២.  ការពុលក្រោយពេលព្យាបាលដោយគីមីសាស្ត្រ (អ្នកជំងឺ១៤នាក់, ១៨.៩%) រួមទាំងការពុលសរីរាង្គថ្លើម។ អ្នកជំងឺទាំងអស់នោះទទួលបានថាមពលជាវិជ្ជមានក្រោយពេព្យាបាលជាមួយឱសថ Meglumine sodium succinate solution (ក្អួត និងចង្អោរត្រូវបានបាត់និងកាត់បន្ថយ កាត់បន្ថយភាខ្សោយ និងបង្កើនការឃ្លានអាហារនៅថ្ងៃបន្ទាប់ក្រោយពេលព្យាបាល បន្ថយកម្រិតនៃ ALAT និងASAT)។ ៣.  ការព្យាបាលប្រឆាំងទៅនឹងកង្វះអុកសីុហ្សែនក្នុងឈាម និងបន្សាបជាតិពុលក្រោយវះកាត់ លើអ្នកជំងឺរលាកស្រោមពោះធ្ងន់ធ្ងរដែលបណ្តាលមកពីការធ្លាយពោះវៀនធំនៃអ្នកជំងឺមហារីកពោះវៀនធំ - អ្នកជំងឺ ២នាក់ (២.៧%)។ រោគសញ្ញានៃការពុលលើអ្នកជំងឺទាំង ២ខាងលើត្រូវបានកាត់បន្ថយក្នុងរយៈពេល៣ថ្ងៃក្រោយវះកាត់ហើយអ្នកជំងឺក៏មិនមានរោគសញ្ញានៃការបាត់បង់ចលនារបស់ពោះវៀនធ្ងន់ធ្ងរក្រោយពីវះកាត់ដែរ។ ៤.    ការព្យាបាលគាំពារក្នុងអំឡុងពេលព្យាបាលជំងឺច្រើនមុខ (ពុលនិងរលាកថ្លើមដែលបង្កដោយសារធាតុពុល(poisoning and toxic hepatitis) ការពុលចំណីអាហារ (food-born intoxic-ations)រលាកពោះវៀនស្រួចស្រាវ (acute intestinali-nfections) រលាកសួតស្រួចស្រាវ (acute pneumonia) ចំពោះអ្នកជំងឺ៨នាក់ (១០.៨%)។ អ្នកជំងឺ ៦នាក់ក្នុងចំណោម ៨នាក់មានភាពប្រសើរឡើងនៅថ្ងៃបន្ទាប់ក្រោយពេលចាប់ផ្តើមព្យាបាល (បានកាត់បន្ថយរោគសញ្ញានៃការពុល)អ្នកជំងឺម្នាក់ដែលរលាកសួតទាំងសងខាងស្រួចស្រាវធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីចាប់ផ្តើមការព្យាបាលដោយយកចិត្តទុកដាក់ស្ថានភាពអ្នកជំងឺម្នាក់ដែលពុលជាមួយឱសថប៉ារ៉ាសេតាម៉ុលធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១៤ថ្ងៃប៉ុណ្ណោះ (បង្កើនការឃ្លានអាហារ មានកម្លាំង កម្រិតអង់ស៊ីម aminotransferrase ត្រូវបានកាត់បន្ថយ)។ រយៈពេលព្យាបាលជាមួយឱសថ  Meglumine sodium succinate solution គឺ ១-១០ថ្ងៃ។ ផលរំខាននៃ Meglumine sodium succinate solution មាន៣ករណីផងដែរដូចជា បេះដូងដើរញាប់ ១ករណី (បាត់ទៅវិញដោយខ្លួនឯងក្រោយពេលបន្ថយល្បឿនបង្ហូរ) គ្រុនក្តៅកម្រិតទាប (៣៧.២អង្សាសេ) ១ករណី (បាត់ទៅវិញដោយគ្មានការព្យាបាល) គ្រុនក្តៅកម្រិតខ្ពស់ (៣៩.០ អង្សាសេ)១ករណី (បាត់ទៅវិញក្រោយពេលបញ្ឈប់ជាបន្ទាន់ និងការប្រើឱសថប៉ារ៉ាសេតាម៉ុលចាក់ ១០០០ម.ក្រ)។ ចំពោះអ្នកជំងឺចុងក្រោយមិនត្រូវបានប្រើប្រាស់ Meglumine sodium succinate solution ទៀតនោះទេ។ ការព្យាបាលគាំពារជាមួយ Meglumine sodium succinate solution មានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដែលមានរោគសញ្ញានៃការពុលដោយដុំសាច់មហារីក (tumour intoxicationsyndrome) រួមបញ្ចូលទាំងប្រភេទជំងឺមហារីកដែលអាចជាសះស្បើយ និងមិនជាសះស្បើយ និងផលរំខានដោយការព្យាបាលជាមួយគីមីសាស្ត្រ ដើម្បីបន្សាបជាតិពុលរួមទាំងការព្យាបាលប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«ពាន់តាឡី» ឬ ឈ្មោះវិទ្យាសាស្ត្រ “Lophopetalum wallichii Kurz” គឺជាពូជរុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារCelastraceaeដែលនិយមយកមកប្រើប្រាស់ជាឱសថព្យាបាលជំងឺមួយចំនួនដូចជា ជំងឺលាប់ ជំងឺងាប់សរសៃប្រសាទ ជំងឺទាស់ជំងឺថ្នក់ឈាមបំពង់កាម និង អាការៈឈឺចាប់​សាច់ដុំ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសម្បកពាន់តាឡី។ សម្បកស្ងួតនៃរុក្ខជាតិពាន់តាឡីត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាករុក្ខជាតិ (កូដៈ UPFPT-​110066) ដែលតំកល់ទុកនៅក្នុង “មន្ទីរសំណាករុក្ខជាតិសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សម្បកពាន់តាឡី ត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថរុក្ខជាតិ និងធ្វើក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថរុក្ខជាតិលើសម្បកពាន់តាឡី កំណត់ឃើញថា «សម្បកពាន់តាឡីមានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Cardiac Glycosides, Terpenoids, Resins និង Saponins។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសម្បកពាន់តាឡីនៅជំហានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Chloroform:Ethanol (1:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 8 អង្គធាតុឱសថ»។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសំបកពាន់តាឡីនេះបញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងពាន់តាឡីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីរុក្ខជាតិពាន់តាឡីរបស់កម្ពុជា។ អត្ថបទស្រាវជ្រាវដោយ ៖ ក្រុមស្រាវជ្រាវជានិស្សិត និងសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ វ៉ា សិរីនិច, អោម ពេជ្រមុនី, ភុយ ម៉ីលី, លាន ស្រីនិច, វន សៀកលីម, កែវ សំអែល និង ជា ស៊ីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧- everjobs.com.kh,ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជាបានប្រមូលផ្ដុំទិន្នន័យក្នុងអំឡុងខែកក្កដា សីហា និងកញ្ញា ហើយបានបង្ហាញពីជំនាញការងារមួយចំនួនដែលត្រូវបានជ្រើសរើសច្រើននៅក្នុងទីផ្សារការងារនៃព្រះរាជាណាចក្រកម្ពុជា។   ក្រោយពីការតាមដានមើលឱកាសការងារជាង៥០០០មុខតំណែងដែលបានចេញផ្សាយនៅលើវែបសាយការងារក្នុងរយៈពេលបីខែកន្លងមកនេះ everjobsអាចកំណត់បានប្រភេទការងារ៥ប្រភេទដែលមានតម្រូវការខ្ពស់នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០១៧នេះ។ ក្នុងអំឡុងពេលនេះ ជំនាញផ្នែកលក់បានជំនួសឱ្យផ្នែកគណនេយ្យ និងបានក្លាយទៅជាប្រភេទការងារចំណាត់ថ្នាក់លេខ១ជាមួយនឹងឱកាសការងារច្រើនបំផុតដែលអមទៅដោយជំនាញផ្នែកគណនេយ្យបដិសណ្ឋារកិច្ចទីផ្សារនិងរដ្ឋបាល។ ការរីកចម្រើននៃ"ជំនាញរដ្ឋបាល"ដែលជំនាញមួយនៃប្រភេទការងារកំពុងពេញនិយមនៅក្នុងតីផ្សារការងារគឺពិតជាការចាប់ផ្ដើមថ្មីដ៏ល្អប្រសើរសម្រាប់ទីផ្សារការងារលើបណ្តាញអ៊ីនធើណេតនៅកម្ពុជា។  ទោះបីជាជំនាញផ្នែកលក់មានចំនួនតម្រូវការការងារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាពិតមែនប៉ុន្តែពាក្យគន្លឹះដែលបានស្វែងរកនៅលើវែបសាយeverjobs.com.khបានបង្ហាញថាអ្នកស្វែងរកការងារធ្វើភាគច្រើនហាក់ដូចជាពេញចិត្តតួនាទីការងារផ្សេងៗទៀតដូចជា បច្ចេកវិទ្យាពត៌មានវិទ្យា និងការបង្រៀនជាដើម។ លើសពីនេះទៅទៀតeverjobsបានឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីការងារៗកំពូលដែលមានដូចជាស្ថាបត្យករ អ្នកបើកបរ និងអ្នករចនា។  ជំនាញផ្នែកធនាគារ ដែលជាវិស័យការងារដែលមានការពេញនិយមនៅកម្ពុជាក្នុងត្រីមាសទី២នេះបានកើនឡើងលើសត្រីមាសនេះលើវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅដែលជាវិស័យដែលមានតម្រូវការការងារលំដាប់ទី១នេះបើយោងទៅតាមទិន្នន័យពី everjobs។ យោងទៅតាមរបាយការណ៍របស់ក្រុមប្រឹក្សាដំណើរកំសាន្តនិងទេសចរណ៍ពិភពលោក (WTTC) "ខណពេលដែលមនុស្សនៃជំនាន់សហស្សវត្សរ៍កំពុងតែបន្តធ្វើដំណើរ ការផ្តោតការយកចិត្តទុកដាក់ គឺកាន់តែច្រើនឡើងទៅលើបទពិសោធន៍"ពិតប្រាកដ"នៅក្នុងស្រុក។និន្នាការនេះបូករួមជាមួយនឹងការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបគឺមានមូលហេតុសំខាន់ៗមួយចំនួនដែលជំរុញដល់កំណើននៃឧស្សាហកម្មទេសចរណ៍របស់ប្រទេកម្ពុជា។គិតត្រឹមឆ្នាំ២០២៧ដំណើរកំសាន្តនិងវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារចំនួន ១ ៧២០ ០០០មុខតំណែងដែលការកើនឡើងមានចំនួន៤.៨%ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។ "យោងទៅតាមលោក Niels van Kloosterអ្នកគ្រប់គ្រងeverjobsប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "វាពិតជាមានការគួរឱ្យចាប់អារម្មណ៍ណាស់ដែលឧស្សាហកម្មការងារថ្មីៗជាច្រើនកំពុងនឹងរីកលូតលាស់លឿនជាងវិស័យធនាគារពីជំនាន់មុនហើយដូចទៅនឹងការរំពឹងទុកមែនវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មការងារនៅក្នុងលំដាប់កំពូលនៅកម្ពុជា។ " គាតក៏បានបន្ថែមទៀតថាវាក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ជាច្រើនទៀតនៅក្នុងវិស័យការងារដែលទាមទារគំនិតច្នៃប្រឌិតដូចជាការរចនា និងផ្នែកទីផ្សារផងដែរ។ អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃចំនួន៦៥០០នាក់,ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន៣០,០០០ពាក្យស្នើរសុំការងារនិង៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជាហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនណេះដឹង និងបទពិសោធន៍របស់ពួកគេ។   អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃបានដំនើរការនៅក្នុងប្រទេសកម្ពុជាប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រងនិងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើ-ណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។   អំពី APACIG ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com)គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ីហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។   ទំនាកទំនង៖ Divotsna (Business Development Manager) ទូរស័ព្ទលេខ ៖ +៨៥៥ ៩៦ ២៤៧ ៤៨១៥ អ៊ីម៉ែល ៖ divotsna@everjobs.com.kh ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top