Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លំហាត់ប្រាណក្នុងផ្ទះអាចបង្កជាភាពងាយស្រួលសម្រាប់បុគ្គលមួយចំនួនព្រោះការហាត់អាចធ្វើបានគ្រប់ពេលវេលាតាមការចង់បាន យ៉ាងណាមិញការអនុវត្តការហាត់មួយចំនួនអាចជាកំហុសឆ្គង ដោយសារវាអាចធ្វើឡើងមានភាពប្រញាប់ប្រញាល់ ឬការមិនយល់ពីរបៀបក្នុងការរៀបចំខ្លួនសម្រាប់ការហាត់ឲ្យមានប្រសិទ្ធភាពដល់រាងកាយ។ កំហុសឆ្គងទាំងនោះអាចមានសភាពធម្មតា តែវាទាមទារឲ្យមានការស្វែងយល់ដើម្បីអាចឲ្យអ្នកកែប្រែកំហុសទាំងនោះបានទាន់ពេលវេលា។ 1- ហាត់ប្រាណតែមួយផ្នែកនៃរាងកាយ គន្លឹះនៃការទទួលបាននូវសុខភាព និងសម្រស់រាងកាយ ទាមទារឲ្យមានការខិតខំប្រឹងប្រែងក្នុងការធ្វើលំហាត់ប្រាណឲ្យបានគ្រប់ផ្នែកនៃរាងកាយពីព្រោះវាអាចធានាឲ្យមានការដុតបំផ្លាញជាតិខ្លាញ់តាមរយៈការកើនឡើងនៃមេតាបូលីស និងពង្រឹងសាច់ដុំ ជាលិកាបានល្អ។ អ្នកគួរជ្រើសរើសលំហាត់ប្រាណចម្រុះផ្សេងគ្នាដែលអាចរួមបញ្ចូលដោយ ការលើកទម្ងន់ ការដើរ ការទាញសន្ធឹង និង លំហាត់ប្រាណប្រភេទស្រាលមួយចំនួនទៀត។ 2- គ្មានឧបករណ៍ហាត់ប្រាណសមរម្យ កង្វះខាតឧបករណ៍ហាត់ប្រាណមួយចំនួន ក៏អាចជាកំហុសឆ្គងមួយនៃការហាត់ប្រាណនៅក្នុងផ្ទះ។ប្រសិនអ្នកសម្រេចចិត្តជ្រើសរើសការហាត់នៅផ្ទះ អ្នកគួរពិចារណាក្នុងការទិញម៉ាស៊ីនហាត់ប្រាណមួយចំនួនដូចជា ម៉ាស៊ីនដើរ ឬលើកទម្ងន់ជាដើម ដែលឧបករណ៍ទាំងនេះស័ក្តិសមបំផុត និងជាជំនួយបានយ៉ាងល្អដើម្បីភាពជោគជ័យនៃការហាត់ និងបង្កើនសុខភាពរាងកាយ។ 3- ទម្លាប់ហាត់ប្រាណតែមួយបែបច្រើនខែ ពិតណាស់ការហាត់ជាប្រចាំ ជាកត្តានាំឲ្យទទួលបានលទ្ធផលដែអ្នកចង់បាន យ៉ាងណាមិញប្រសិនអ្នកធ្វើលំហាត់ប្រាណច្រើនខែតែមួយបែបជាកំហុសឆ្គងមួយដែលប្រហែលជាអ្នកពុំបានដឹង។ ការហាត់បែបនេះ អាចបណ្តាលឲ្យរាងកាយមានភាពស៊ាំទៅនឹងកម្លាំងនៃការហាត់បង្កឲ្យគ្មានប្រសិទ្ធភាពទៅវិញ យកល្អអ្នកគួរមានជម្រើសហាត់ច្រើន និងផ្លាស់ប្តូររៀងរាល់ខែ ដោយអាចរួមបញ្ចូលនូវការបង្កើនទម្ងន់នៃការលើកឬរយៈពេលនៃការហាត់ជាដើម។ 4- មិនកម្តៅសាច់ដុំមុនពេលហាត់ ការមិនបានរៀបចំរាងកាយ ឬមិនកម្តៅសាច់ដុំមុនពេលហាត់ ជាកត្តាដែលកាត់បន្ថយនូវប្រសិទ្ធភាពនៃលំហាត់ប្រាណ។ អ្នកគួរធ្វើចលនាសាច់ដុំដើម្បីឲ្យចរន្តឈាម និងរាងកាយត្រៀមលក្ខណៈបានល្អក្នុងការហាត់ នោះអ្នកនឹងមានភាពរហ័សរហួនក្នុងដំណើរការហាត់ទាំងមូល។ 5- ហាត់ច្រើនហួសហេតុ ការព្យាយាមបញ្ចេញញើសឲ្យបានច្រើនអំឡុងពេលហាត់ប្រាណ ជាការអនុវត្តយ៉ាងល្អសម្រាប់ការសម្រកទម្ងន់តាមបែបធម្មជាតិ ប៉ុន្តែមុនពេលចាប់ផ្តើម អ្នកគួរដឹងពីកម្រិតថាមពលនៃរាងកាយរបស់អ្នក។ យកល្អអ្នកគួរអនុញ្ញាតឲ្យរាងកាយមានពេលវេលាសម្រាក ចៀសវាងហាត់ច្រើន-ហួសប្រមាណដែលរាងកាយមិនអាចមិនទ្រាំទ្របាន ដោយសារវាមិនត្រឹមតែបំផ្លាញសុខភាពអ្នកនោះទេ ការចំណាយពេលលើការហាត់ក៏គ្មានប្រសិទ្ធភាពផងដែរ។ 6- គេងមិនបានគ្រប់គ្រាន់ ធ្វេសប្រហែស ឬមើលរំលងពីសារសំខាន់នៃការគេង ដោយបណ្តោយខ្លួនមិនទទួលបាននូវដំណេកគ្រប់គ្រាន់ក៏ជាកំហុសឆ្គងមួផងដែរ។ អ្នកគួរគេងឲ្យបាន ៨ម៉ោងរៀងរាល់យប់ដើម្បីជួយសម្រួលនូវរាងកាយ ជំរុញការហាត់ឲ្យកាន់តែមានប្រសិទ្ធភាព ពីព្រោះកាខ្វះខាតវាអាចឲ្យអ្នកឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាព។ ដោយគ្រាន់តែធ្វើការយកចិត្តទុកដាក់បន្តិចទៅលើរបៀបក្នុងការធ្វើលំហាត់ប្រាណ នោះអ្នកប្រាកដជាមិនចំណាយពេលឥតប្រយោជន៍ ថែមទាំងអនុវត្តបាននូវលំហាត់ប្រាណដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សម្រស់ផ្ទៃមុខជាមួយផ្នែកអាចជាប់ទាក់ទិនជាមួយនឹងសុខភាពមាត់ធ្មេញដូច្នេះទើបការព្យាបាលបែបពត់ធ្មេញកំពុងតែមាប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសនៅអាស៊ីអាគ្នេយ៍ ដោយសាប្រជាជននៅតំបន់នេះមានទំនោរច្រើនទៅលើនិន្នាការនៃសម្រស់ដែលអាចនិយាយបានថាការពត់ធ្មេញជាម៉ូតពេញនិយមមួយ។ បើទោះបីនៅតំបន់អាស៊ីអាគ្នេយ៍ ការយល់ដឹងពីការពត់ធ្មេញមានសភាពយឺតជាង ២០ឆ្នាំពីប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក ឬប្រទេសអង់គ្លេសក៏ដោយ ប៉ុន្តែវិធីសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើនៅតែមានប្រសិទ្ធភាព និងលេចធ្លោដូចគ្នា។ និយមន័យការពត់ធ្មេញ (Orthodontic) ការពត់ធ្មេញជាការព្យាបាលកែប្រែទម្រង់ឆ្អឹងថ្គាមធ្មេញនិងទម្រង់មុខដែលមានបញ្ហាខុសប្លែកពីគ្នាតាមរយៈការប្រើប្រាស់វិធីសាស្រ្តព្យាបាលជាក់លាក់មួយដែលស័ក្ដិសមទៅនឹងអ្នកជំងឺរៀងៗខ្លួន។ តែយ៉ាងណាមិញការពត់ធ្មេញគួរតែធ្វើឡើងដោយសារការណែនាំពីគ្រូពេទ្យជំនាញដោយសារនៅលើទីផ្សារបច្ចុប្បន្នក៏មានផងដែរនូវដង្កៀបពត់ (Brace)​ ក្លែងក្លាយដែលអាចបង្កជាបញ្ហានានាចំពោះសុខភាពមាត់ធ្មេញដោយមិនដឹងខ្លួន។ អ្នកណាស័ក្តិសមនឹងការពត់ធ្មេញ? កាលពី ១០ឆ្នាំមុន ការពត់ធ្មេញមិនអាចធ្វើបានគ្រប់មនុស្សទាំងអស់នៅឡើយ ដោយគេសង្កេតឃើញមានក្រុមមនុស្សក្នុងវ័យតែក្រោម ៣៥ឆ្នាំឬ៤០ឆ្នាំប៉ុណ្ណោះដែលអាចទទួលបានការព្យាបាលនេះ។ ប៉ុន្តែនាយុគសម័យបច្ចុប្បន្ននេះគួបផ្សំជាមួយនឹងការវិវឌ្ឍនៃវិស័យបច្ចេកវិទ្យានិងការរីកចម្រើននៃបច្ចេកទេសនិងការយល់ដឹងរបស់អ្នកជំងឺក្នុងការធ្វើការពត់ធ្មេញអាចអនុវត្តបានចំពោះបុគ្គលគ្រប់វ័យទាំងអស់ ដែលអាចឈានដល់អាយុ ៦០ឆ្នាំ។ ជាទូទៅ ការពត់ធ្មេញមានប្រជាប្រិយភាពបំផុតចំពោះក្រុមយុវវ័យដែលស្ថិតក្នុងវ័យចន្លោះ ១៥ឆ្នាំទៅ៣០ឆ្នាំ តែសម្រាប់វ័យដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការពត់ធ្មេញ គឺស្ថិតក្នុងអាយុចន្លោះពី ៧ឆ្នាំទៅ ១៥ឆ្នាំ។   ប្រភេទការព្យាបាលបែបពត់ធ្មេញ ការព្យាបាលបែបពត់ធ្មេញអាចចែកចេញជាបីប្រភេទដូចជា៖ •ប្រភេទLabial ៖ជាការពត់ធ្មេញតាមរយៈការពាក់សរសៃដែកលើធ្មេញផ្នែកខាងក្រៅដែលសង្កេតឃើញភាគច្រើនតែងត្រូវបានជ្រើសរើសពីសំណាក់យុវវ័យ •ប្រភេទLingual ៖ការប្រើប្រាស់គឺពពួកសរសៃដែកបំពាក់នៅផ្នែកធ្មេញខាងក្នុងដែលមានភាពពេញនិយមចំពោះអ្នកមានវ័យចំណាស់ អាចការពារមិនឲ្យឃើញជាសារធារណៈ •ប្រភេទ Aligner ៖ មានសភាពខុសពីពីរប្រភេទខាងលើ ដោយការពត់គឺប្រើប្រាស់ជាប្រភេទប្លាស្ទិកថ្លាដែលអាចដោះចេញបានប្រែប្រួលតាមកាលៈទេសៈរបស់អ្នកប្រើប្រាស់។ ចំណែកភាពខុសគ្នានៃប្រភេទទាំងនោះ គឺប្រភេទ Labial និង Lingual មានសមត្ថភាពអាចកែប្រែ ព្យាបាលទម្រង់មុខ ឬធ្មេញដែលមានបញ្ហាខ្លាំង ដោយឡែកសម្រាប់ប្រភេទ Alignerអាចធ្វើបានសម្រាប់តែការពត់ធ្មេញឲ្យត្រង់តែមួយមុខតែប៉ុណ្ណោះ។ ជារួមការប្រើប្រាស់ប្រភេទណាមួយនៃការពត់ធ្មេញគឺអាស្រ័យលើការចង់បានរបស់អតិថិជនប៉ុន្តែប្រសិនក្រឡេកមើលភាពពេញនិយមបំផុតនៃការប្រើប្រាស់គឺប្រភេទAlignerដែលវាមានសភាពថ្លាអ្នកដទៃមិនអាចមើលដឹងហើយវាមានភាពបត់បែនអាចដោះចេញបាន។ ដំណើរការនៃការពត់ធ្មេញ ដំណើរការទាំងមូលនៃការពត់ធ្មេញទាមទាររយៈពេល ១ឆ្នាំ កន្លះដែលអាចច្រើន ឬតិចជាងនេះ ហើយវាត្រូវបានចែកចេញជា ៤ដំណាក់កាល៖ •ដំណាក់កាលទី១៖ជាជំហានសម្រាប់ធ្វើការតម្រង់ធ្មេញឲ្យបានត្រង់។ ចំពោះរយៈពេលនៃដំណើរការគឺប្រែប្រួលទៅតាមសភាពមាត់ធ្មេញរបស់អតិថិជន  ប៉ុន្តែភាគច្រើនប្រើពេលដល់ទៅ ៣ខែ និងយ៉ាងយូរបំផុតអាចឈានដល់ ៦ខែ •ដំណាក់កាលទី ២៖ សម្រាប់បិតនូវចន្លោះប្រហោងទាំងអស់នៃធ្មេញ ដែលទាមទាររយៈពេល៨ខែក្នុងការធ្វើ •ដំណាក់កាលទី ៣៖ អាចហៅថាជាដំណាក់កាលបញ្ចប់ដែលទាមទារឲ្យមានការពាក់ Braceហើយត្រូវប្រាកដថាវាត្រូវងាំគ្នាជាមួយធ្មេញ ចំណែកការអនុវត្តទាមទាររយៈពេល ៣ខែ •ដំណាក់កាលទី ៤៖ ជាការពាក់សរសៃដែក ឬប្លាស្ទិកថ្លា (Retainer) ដើម្បីរក្សាទម្រង់ធ្មេញដែលបានព្យាបាលរួចរាល់។ ជាទូទៅ ការពាក់អាចមានរយៈពេល ៣ឆ្នាំទៅ៤ឆ្នាំ ចំណែកក្នុងករណីមួយចំនួនអាចតម្រូវឲ្យអ្នកប្រើប្រាស់ពាក់អស់ពេញមួយជីវិត។ ផលរំខាននៃការពត់ធ្មេញ ជាការពិត ដោយសារតែមានវត្តមានសរសៃដែក ឬប្លាស្ទិកក្នុងមាត់ នោះការឈឺចាប់ ឬផលរំខាននានាពិតជាមិនអាចចៀសផុតបានទេ ជាពិសេសក្នុងដំណាក់កាល ២អាទិត្យដំបូង ដែលបង្កឡើងដោយសារតែសម្ពាធ ធ្វើឲ្យធ្មេញមានចលនាពេលទំពារនាំឲ្យមានការឈឺចាប់។ ប៉ុន្តែបន្ទាប់ពីរយៈពេល ២អាទិត្យដំបូង រាងកាយនឹងចាប់ផ្តើមស៊ាំទៅនឹងការពាក់ ដូច្នេះ ភាពរំខានអាចកាត់បន្ថយទៅតាមនោះដែរ។ ការថែរក្សាបន្ទាប់ពីការពត់ធ្មេញ •ចៀសវាងខាំ ឬទំពារអាហាររឹង ដែលជំនួសមកវិញដោយអាហារទន់ ឬមានជាតិទឹក •សម្អាតធ្មេញជាមួយប្រភេទច្រាសដែលមានប្រសិទ្ធភាពសម្រាប់អ្នកពត់ធ្មេញព្រោះវាអាចដុសបានយ៉ាងល្អទោះបីអ្នកពាក់សរសៃដែកក៏ដោយ •ប្រើសរសៃអំបោះសម្អាតធ្មេញ (Floss) •អ្វីដែលសំខាន់់គឺត្រូវមានការប្រុងប្រយ័ត្ន និងតាមដានជានិច្ច ដោយសារអ្នកមានរបស់ដែលនៅក្នុងមាត់ដែលជាសរសៃដែក ឬ ប្លាស្ទិកនោះ។ អ្នកណាគួរចៀសវាងពីការពត់ធ្មេញ? ការពត់ធ្មេញមិនបង្កជាផលវិបាកឬផលរំខានខ្លាំងក្លាដែលរាំងស្ទះដល់ដំណើរការនៃការធ្វើនោះទេប៉ុន្តែក្នុងលក្ខខណ្ឌខ្លះការពត់ធ្មេញមិនគួរត្រូវបានអនុវត្តលើបុគ្គលមួយចំនួនដូចជា៖ •អ្នកមានឆ្អឹងស្ពោតខ្លាំង •ស្រ្តីក្នុងវ័យអស់រដូវ •ស្រ្តីកំឡុងពេលមានផ្ទៃពោះជាដើម។ ដោយសារការពត់ធ្មេញជាការព្យាបាលដែលទាមទារវិធីសាស្រ្តច្រើនក្នុងការធ្វើពីសំណាក់អ្នកឯកទេសដែលមានគុណភាព និង បទពិសោធន៍ច្បាស់លាស់ទើបអ្នកត្រូវយកចិត្តទុកដាក់ជ្រើសរើសរកមន្ទីរព្យាបាលដែលជាទំនុកចិត្ត ដូចជាមន្ទីរព្យាបាលបស្ចិមដែលយើងផ្តោតសំខាន់បំផុតទៅលើស្តង់ដារនិងគុណភាពជាចម្បងទាំងសេវាកម្មនិងធនធានមនុស្ស។ម៉្យាងវិញទៀត បើទោះបីជាមាត់ធ្មេញរបស់អ្នកមើលទៅ ដូចជាមានសុខភាពល្អវាក៏នៅមានបញ្ហាខ្លះដែលអ្នកមិនបានដឹងទើបការពិនិត្យព្យាបាលជាប្រចាំមិនគួរត្រូវបានមើលរំលងនោះទេដើម្បីចាប់បានបញ្ហាឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖​ ទន្តបណ្ឌិត Adith Venugopal ទន្តបណ្ឌិតឯកទេសផ្នែកពត់ធ្មេញនៅមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ(lipoprotein)ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (fat)និងប្រូតេអ៊ីន (protein)។ និយាយឲ្យងាយយល់ គឺសារធាតុខ្លាញ់(fat)មិនអាចនៅស្មេីសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីន(protein) រុំពទ័្ធពីក្រៅ។ វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។ ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វនិងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។    អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់?  កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein (LDL-cholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ ក៏ប៉ុន្តែគុណវិបត្តិរបស់វា គឺវាទៅកកជាប់នៅតាមសរសៃឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(atherosclerosis) និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូង និងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖   • ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង   • ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។ អ្វីទៅជាកូឡេស្តេរ៉ុលល្អ?  កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein (HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសំអាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោសសំអាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។   អ្វីទៅជា ទ្រីគ្លីសេរីដ?  ទ្រីគ្លីសេរីដ (Triglyceride) គឺជាបណ្តុំនៃសារធាតុខ្លាញ់ (fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់ (adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើមនិងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា steatosis ដែលប្រជាជានខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើកម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាមនិងបេះដូងផងដែរ៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង(Diabetes Care Center) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

International Business Club (IBC) ក្រោមការអនុញ្ញាតរបស់វិទ្យាស្ថាន CamEd Business School មានកិត្តិយសនាំមកជូននូវកម្មវិធីប្រកួតប្រជែង Bizplannovation Challengeមកជូនអ្នកទាំងអស់គ្នាដែលមានចំណង់ចំណូលចិត្តខាងបង្កើតគម្រោងអាជីវកម្ម។   កម្មវិធីBizplannovation Challenge ជាវេទិកាប្រកួតប្រជែងមួយដែលមានក្រុមចូលរួមប្រកួតចំនួន៥បន្ទាប់ពីបានឆ្លងកាត់ការជម្រុះយ៉ាងសម្រិតសម្រាំងពីសំណាក់គណៈកម្មការជំនាញលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត លោក គង់ សូលីយ៉ា និងឧកញ៉ា ស្រ៊ាត មុំសុភា ដែលពោរពេញទៅដោយបទពិសោធន៏ជាច្រើនឆ្នាំ ហើយក្រុមទាំង៥នេះបានទទួលការណែនាំពីសំណាក់លោក ឃៀង សុវិមាន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងយកជ័យជំនះ។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជម្រុញឲ្យនិស្សិតតាមបណ្ដាសកលវិទ្យាល័យទាំងឡាយដែលមានផ្នត់គំនិតល្អៗថ្មីៗទាក់ទងនឹងការបង្កើតគម្រោងអាជីវកម្មដែលមានផលវិជ្ជមានមកលើសង្គមនសព្វថ្ងៃឲ្យមានឱកាសក្នុងការថ្លែងសន្ទរកថា ធ្វើបទបង្ហាញក៏ដូចជាបញ្ចេញនូវគំនិតដែលធ្លាប់តែលាក់ទុកក្នុងក្ដីស្រមៃទាំងនោះទៅកាន់គណៈកម្មការនិងទស្សនិកជន។ ហេតុនេះហើយ ទស្សនិកជនដែលបានចូលរួមកម្មវិធីនេះនឹងមានឱកាសស្វែងយល់ និងបង្កើនចំណេះដឹងរបស់ខ្លួនទាក់ទងទៅនឹងការបង្កើតគម្រោងអាជីវកម្មផ្ទាល់ខ្លួនថែមទាំងអាចក្រែបជញ្ជក់នូវគំនិតបែបច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងទាំង៥ក្រុមព្រមទាំងការណែនាំពីគណៈកម្មការទាំង៣ផងដែរ។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងទទួលបានការចែករំលែកនូវបទពិសោធន៏ក៏ដូចជាឧបសគ្គពីគណៈកម្មការគ្រប់រូបដែលធ្លាប់ជួបប្រទះលើវិថីជំនួញរបស់គាត់ជាមួយនឹងគោលការណ៏រួមទាំងវិធីសាស្រ្តក្នុងការគ្រប់គ្រងមុខជំនួញធ្វើយ៉ាងណាឲ្យមានភាពជោគជ័យក្រោមប្រធានបទ ៖ -$500 start-up ដោយ លោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត -Runner up ដោយ លោក គង់ សូលីយ៉ា -Female Entrepreneur ដោយ លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា ចំពោះតម្លៃសំបុត្រក្នុងការចូលរួម៖  •សម្រាប់តម្លៃធម្មតា -១៤០០០រៀល/១សំបុត្រ  -១២០០០រៀល/២សំបុត្រឡើងទៅ ប្រញាប់ឡើង! កុំបណ្ដោយឲ្យឱកាសដ៏មានតម្លៃនិងមានប្រយោជន៏នេះកន្លងផុតឲ្យសោះ... ចូលរួមទំាងអស់គ្នា! ជួបគ្នានៅថ្ងៃ ៖ អាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៖ ១ថ្ងៃត្រង់ - ៥ល្ងាច ទីតាំង ៖ Cambodia-Japan Cooperation Center (CJCC) សម្រាប់ពត៌មានបន្ថែម ៖ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 60 60 44 / 092 220 764 / 015 488 599 / 093 584 990 / 098 862 880 ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដោយសារតែភាពសម្បូរបែបនៃការរស់នៅបច្ចុប្បន្ន ចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជំងឺនេះទៀតសោត ក៏អាចបណ្តាលឲ្យសរីរាង្គមួយចំនួន ក្នុងនោះសរីរាង្គភ្នែកក៏អាចទទួលរងផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមផងដែរ។វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក  ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ និយមន័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាម ធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗ ជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖ •Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។ •Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។ •Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។ ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុ បញ្ហាភ្នែកដែលកើតលើអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ •កត្តាជាតិស្ករក្នុងឈាម •កត្តាជាតិខ្លាញ់ក្នុងឈាម •កត្តាលើសសម្ពាធឈាម។ អ្នកជំងឺដែលមិនអាចគ្រប់គ្រងកត្តាទាំងបីនេះឲ្យបានល្អទេនោះ ផលវិបាកដែលកើតលើភ្នែកនឹងលេចឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំក្រោយជំងឺទឹកនោមផ្អែម។ តាមការសិក្សា គេបានរកឃើញថាអ្នកជំងឺទឹកនោមផ្អែម ១៨ទៅ២០នាក់ក្នុង១០០ នាក់មានលេចចេញនូវផលវិបាកនៅនឹងភ្នែក។ រោគសញ្ញា ក្នុងកម្រិត Mild NPDR និង Moderate NPDR អ្នកជំងឺមិនមានលេចចេញនូវរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំងឺនឹងចាប់ផ្តើមសម្គាល់ថាមានអាការៈខុសប្រក្រតីនៅពេលខ្លួនឯងឈានដល់ដំណាក់កាល Severe NPDR (Non Proliferative Diabetic Retinopathy)ទៅហើយដូចជា៖ •ស្រវាំងភ្នែក •ឃើញរូបភាពវៀច •អាចមានឈាមនៅនឹងភ្នែក។ រោគវិនិច្ឆ័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ •ការឆ្លុះមើលបាតភ្នែក •Fundus photography ការថតបាតភ្នែកដើម្បីដឹងថាមានសរសៃតូចៗបែកឬអត់ •OCT (Optical coherence tomography) ការស្កែនបាតភ្នែកដើម្បីដឹងថាមានបាតភ្នែកហើម  ឬត្បៀតសរសៃឈាមឬយ៉ាងណា។ ការព្យាបាល •អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់ គឺយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ •ចំពោះអ្នកដែលរកឃើញថាមានផលវិបាកភ្នែកកម្រិត Mild NPDR និង Moderate NPDR ត្រូវពិនិត្យភ្នែកឲ្យបានកាន់តែញឹកញាប់គឺអាច៣ខែទៅ៦ខែម្តង។ •ចំពោះអ្នកមានបញ្ហាកម្រិត Severe NPDR ត្រូវទទួលការព្យាបាលដោយ -ដំបូង បាញ់កាំរស្មី ដើម្បីទប់ការវិវឌ្ឍរបស់បញ្ហាភ្នែក ព្រោះសរសៃឈាមតូចៗនៅភ្នែកត្រូវបានត្បៀត ដូចនេះគេត្រូវបាញ់កាំរស្មីជុំវិញដើម្បីឲ្យសរសៃឈាមទៅចិញ្ចឹមតែMacular។ ចំនួននៃការបាញ់កាំរស្មីគឺប្រែប្រួលទៅតាមការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ។ -ករណីមានហើម ឬមានដុះសរសៃឈាមថ្មី ក្រៅពីបាញ់កាំរស្មី គេប្រើប្រាស់ថ្នាំចាក់ប្រភេទ anti-VEGF (Avastin) ដើម្បីបញ្ឈប់ការលូតលាស់របស់សរសៃឈាមថ្មីដែលមិនល្អនោះ។ -ករណីមានឈាមនៅក្នុងបាតភ្នែក គឺគេធ្វើការវះកាត់លាងឈាមចេញនិងបាញ់កាំរស្មី។ វិធីការពារ ដើម្បីការពារ អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការតាមដានកត្តាទាំងបីឲ្យបានទៀងទាត់ •HbA1c •កម្រិតជាតិខ្លាញ់ក្នុងឈាម •រក្សាសម្ពាធឈាមឲ្យបានល្អ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការហាត់ប្រាណត្រូវបានដឹងថាមានប្រយោជន៍ជួយការពារការឈានទៅដល់ការមានផលវិបាកពីជំងឺទឹកនោមផ្អែម។   ប៉ុន្តែសម្រាប់អ្នកកំពុងមានផលវិបាកហើយនោះគួរធ្វើយ៉ាងដូចម្តេច? ការហាត់ប្រាណបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់សុខភាពប្រចាំថ្ងៃរបស់អ្នកជំងឺទឹកនោមផ្អែមទៅហើយ តែការប្រុងប្រយ័ត្នមួយចំនួននៅតែគួរធ្វើឡើង ជាពិសេសប្រសិនបើអ្នកជំងឺកំពុងរងផលវិបាកពីជំងឺទឹកនោមផ្អែម។  គួរបញ្ជាក់ថា ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺជាឥទ្ធិពលអាក្រក់រយៈពេលខ្លី និងរយៈពេលវែងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ពោលគឺការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ។   ខាងក្រោមជាផលវិបាកនៃជំងឺទឹកនោមផ្អែមដែលអាចកើតជាញឹកញាប់ជាមួយនឹងការប្រុងប្រយ័ត្នក្នុងការហាត់ប្រាណដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពចំពោះសុខភាព៖ 1. ផលវិបាកលើប្រអប់ជើង ប្រសិនជើងរបស់អ្នកកំពុងមានបញ្ហា អ្នកត្រូវទៅ ពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការផ្លាស់ប្តូរក្នុងគម្រោងហាត់ប្រាណរបស់អ្នក។ ជាទូទៅលំហាត់ប្រាណដែលសមស្របគឺ លំហាត់ដែលប្រើប្រាស់ដៃ  ឬជាលក្ខណៈអង្គុយហាត់ដោយមិនផ្តល់សម្ពាធខ្លាំងដល់ជើង និងគួរចៀសវាងការហែលទឹក។ ដោយសារការហាត់ប្រាណភាគច្រើនត្រូវធ្វើឡើងជាលក្ខណៈឈរ ដូចនេះទោះជាអ្នកពុំទាន់មានបញ្ហាជើណាមួយ ក៏វាសំខាន់ណាស់ក្នុងការធានាថាជើងរបស់អ្នកពុំទទួលរងផលប៉ះពាល់ពីសកម្មភាពណាមួយឡើយតាមរយៈ៖ •ត្រួតពិនិត្យប្រអប់ជើងជាប្រចាំទាំងមុន និងក្រោយហាត់ប្រាណ ដើម្បីរកសញ្ញានៃការប្រេះ ឬការខូចខាតណាមួយនៅលើស្បែកដោយសារសម្ពាធ   ឬការប៉ះទង្គិចដោយមិនបានដឹងខ្លួន •ជួបជាមួយនឹងវេជ្ជបណ្ឌិតដើម្បីទទួលការណែនាំអំពីការថែទាំប្រអប់ជើង •ជ្រើសរើសស្បែកជើងដែលស័ក្តិសមនឹងសកម្មភាពហាត់ប្រាណ  និងជើងអ្នកផ្ទាល់ •ពាក់ស្រោមជើងប្រភេទកប្បាស និងអាចជ្រៀបបាន។ 2. ផលវិបាកលើសុខភាពបេះដូង និងសម្ពាធឈាម  អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីកំណត់កម្មវិធីហាត់ប្រាណដែលស័ក្តិសមនឹងខ្លួន ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែមលើសពី ៥ឆ្នាំ ពីព្រោះទឹកនោមផ្អែមជាកត្តប្រឈមដ៏ខ្លាំងក្លានៃជំងឺបេះដូង។  ជាទូទៅអ្នកជំងឺទឹកនោមផ្អែមជាមួយនឹងផលវិបាកលើបេះដូង ឬសម្ពាធឈាម នឹងត្រូវណែនាំឲ្យចៀសវាងសកម្មភាពដែលប្រើប្រាស់កម្លាំង ឬប្រឹងខ្លាំងលើករបស់ធ្ងន់ និងហាត់ក្នុងបរិយាកាសក្តៅ ឬត្រជាក់ខ្លាំង។ ជំនួសមកវិញ អ្នកជំងឺអាចធ្វើការដើរ ពត់ខ្លួន ឬលើករបស់ល្មមៗ ធ្វើការងារផ្ទះស្រាលៗ ធ្វើសួន ឬស្ទួចត្រីជាដើម។ 3. ផលវិបាកលើសុខភាពភ្នែក ប្រសិនបើអ្នកកំពុងមានផលវិបាកលើភ្នែកដោយសារទឹកនោមផ្អែម  តែនៅមានគំហើញ  អ្នកគួរចៀសវាងសកម្មភាពដែលអាចបង្កើនការប្រឈមនឹងការដាច់ស្រទាប់ និងហូរឈាមបាតភ្នែក ដែលក្នុងនោះរួមមាន កីឡាវាយសី អារ៉ូបិចកម្រិតខ្លាំង រត់ត្រឹកៗ ព្រមទាំងការធ្វើចលនាពេញរាងកាយ ឬសកម្មភាពលឿនៗនៅផ្នែកក្បាជាដើម។  អ្នកក៏ត្រូវចៀសវាងការហាត់ដែលបង្កើនសម្ពាធនៅផ្នែកក្បាផងដែរដូចជាការឱនក្បាលចុះទាបជាងបេះដូង ឬលំហាត់យោគៈមួយចំនួន។ ក្រៅពីនោះ ការលើកវត្ថុធ្ងន់ៗ ព្រមទាំងការហាត់ដែលទាមទារនូវការទប់ដង្ហើមក៏អាចជាមូលហេតុនៃការហូរឈាមនៅបាតភ្នែកផងដែរ។  ផ្ទុយទៅវិញ អ្នកអាចជ្រើសរើសការហាត់បែបជិះកង់កម្រិតល្មម ដើរធម្មតា  ឬដើរនៅក្នុងអាងទឹកជាដើម។ 4. ផលវិបាកលើសរសៃប្រសាទជាយ ការខូចខាតលើសរសៃប្រសាទជាយៗ អាចឲ្យអ្នកជំងឺមានអាការៈស្កៀប ឈឺចាប់ខូចទ្រង់ទ្រាយឬក៏បាត់បង់អារម្មណ៍ដឹងនៅនឹងសរីរាង្គចុងៗដូចជាមេជើង ប្រអប់ជើង និងម្រាមដៃ  ដែលជាមូលហេតុនៃការបាត់បង់លំនឹងរាងកាយ បង្កើនឱកាសក្នុងការដួល និងពិបាកដើរ។ ក្នុងករណីនេះ លំហាត់ប្រាណដែលគួរចៀសវាងគឺសកម្ម-ភាពដែលទាមទារការរក្សាលំនឹងច្រើនដូចជាការដើរ រត់ត្រឹកៗរយៈពេលយូរ ការលោតហក់ជាដើម ជាពិសេសពេលជើងកំពុងមានដំបៅ ឬរបួស។ឯជម្រើសល្អគឺ ការធាក់កង់នៅមួយកន្លែង ការហាត់បែបអង្គុយ និងការហែលទឹកនៅកន្លែងដែលមានសីតុណ្ហភាពសមស្រប។ ដោយសារផលវិបាកនេះអាចធ្វើឲ្យអ្នកជំងឺមិនសូវដឹងអារម្មនៅនឹងជើង ដូចនេះ ការត្រួតពិនិត្យជើងឲ្យបានទៀងទាត់គឺជាការចាំបាច់មួយផងដែរ។ 5. ផលវិបាកលើតម្រងនោម ការខូចខាតតម្រងនោម អាចនឹងឈានទៅដល់ការបិទទាំងស្រុងនៃផ្លូវច្រោះតាមតម្រងនោមដែលជាសភាពធ្ងន់ធ្ងររហូតទាមទារឲ្យមានការលាងឈាម។ បញ្ហានេះ ជាមូលហេតុដែលធ្វើឲ្យសមត្ថភាពក្នុងការធ្វើលំហាត់ប្រាណថយចុះដោយសារតែកាកសំណល់ដែប្រមូលផ្តុំក្នុងរាងកាយ។ ដូចនេះ ជម្រើសដែលល្អគឺការហាត់ប្រាណងាយៗ ក្នុងកម្រិតស្រាលទៅមធ្យមជាប្រចាំ  ដោយការដើរ ធ្វើការងារផ្ទះស្រាលៗ ធ្វើសួន ឬហាត់ប្រាណ នៅក្នុងទឹកជាដើម។    គួររំលឹកថា ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាង 2500 mg/dl និងមានវត្តមាននៃ ketone គួរផ្អាកធ្វើការហាត់ប្រាណសិន។ ដូចនេះអ្នកជំងឺតម្រូវឲ្យធ្វើការត្រួតពិនិត្យឈាមជានិច្ចទាំងមុន និងក្រោយពេលហាត់ប្រាណ។ ជំងឺទឹកនោមផ្អែម ព្រមទាំងផលវិបាករបស់វាមួយចំនួន ពិតជាអាចធ្វើឲ្យការហាត់ប្រាណរបស់អ្នកមានកម្រិត តែមិនមានន័យថាអ្នកត្រូវចៀសវាងការហាត់ប្រាណទាំងស្រុងឡើយ។   ផ្ទុយទៅវិញនៅដំណាក់កាលនេះការហាត់ប្រាណរឹតតែមានសារសំខាន់សម្រាប់គ្រប់គ្រងសុខភាព  និងការវិវឌ្ឍនៃជំងឺ។  អ្នកគ្រាន់តែត្រូវចងចាំថា អ្នកគួរពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកជានិច្ចសម្រាប់គម្រោងការហាត់ប្រាណដែលសមស្របនឹងស្ថានភាពរបស់អ្នកផ្ទាល់មិនថាជាបញ្ហាខាងលើ ឬបញ្ហាសុខភាពផ្សេងៗទៀតនោះឡើយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«តើមនុស្សម្នាក់ក្នុងពេលតែមួយ អាចកើតជំងឺទឹកនោមផ្អែមផង ជំងឺទឹកនោមប្រៃផងដែរឬទេ?» ជាសំណួរ ក៏ដូចជាចម្ងល់ដែលត្រូវបានចោទឡើងដោយប្រជាជនជាច្រើន... វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមទេ។» លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះ រយៈពេលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃដូចជា៖ •លើសឈាម •រលាកតម្រងនោមរ៉ាំរ៉ៃ •គីសតម្រងនោម (Cystic kidney)។ ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា ប្រមាណពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។ ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការៈស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ឯដំណាក់កាលចុងក្រោយ គឺលាងឈាម។ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យរកទឹកនោមប្រៃ និងមុខងារតម្រងនោមតើនៅពេលណា? •អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance) •អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។ តើអ្នកជំងឺទឹកនោមផ្អែមមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចម្តេចខ្លះ? •ត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ •ត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ •បញ្ឈប់ការជក់បារី •កាត់បន្ថយការបរិភោគជាតិខ្លាញ់។ អ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូង គួរទទួលទានអាហារូបត្ថម្ភអ្វីខ្លះ? •កាត់បន្ថយចំនួនប្រូតេអុីន (Proteine) ដែលអ្នកបរិភោគ •កាត់បន្ថយចំនួនផូស្វ័រ •កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យ កាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកុមារខ្លះមិនងាយនឹងមានជំងឺតែបែរជាកុមារមួយចំនួនតែងតែទទួលរងនូវជំងឺទូទៅជាញឹកញាប់ ដូចជាជំងឺផ្តាសាយជាដើម។ ជាទូទៅ កុមារដែលងាយទទួលការចម្លងពីជំងឺមួយផ្នែកអាចជាប់ទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំដែលទន់ខ្សោយតែម៉្យាងទៀត វាអាចបណ្តាលមកពីការធ្វេសប្រហែលរបស់អាណាព្យាបាលក្នុងការថែទាំ ក៏ដូចជាហ្វឹកហាត់ទម្លាប់របស់ពួកគេទាក់ទងនឹងការរស់នៅស្អាត។ ជំហានខាងក្រោមដែលនឹងលើកឡើងតាមរយៈអត្ថបទខាងក្រោម អាចជាជំនួយខ្លះៗសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រងកុមារតូចៗពីជំងឺដែលអាចកើតជាញឹកញាប់។ 1- រក្សាអនាម័យដៃ ការលាងដៃជាប្រចាំ និងញឹកញាប់ អាចជួយកាត់បន្ថយការចម្លងនៃមេរោគផ្លូវដង្ហើម និងក្រពះពោះវៀន។ ទម្លាប់ឲ្យកូនរបស់អ្នកលាងដៃ ឬប្រើប្រាស់ទឹកលាងដៃ ជាពិសេសនៅរាល់ពេលចេញពីសាលា បន្ទាប់ពីការរត់លេង និងពេលញ៉ាំអាហារ ដែលការលាងគួរប្រើពេលពី ១៥ ទៅ ២០វិនាទី។ 2- ធ្វើសកម្មភាពជាប្រចាំ ការសិក្សាបានបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំ និងសមរម្យអាចជួយកាត់បន្ថយអត្រានៃជំងឺផ្តាសាយក្នុងកម្រិត ២៥% ទៅ ៥០% ព្រោះលំហាត់ប្រាណបានបង្កើននូវសមត្ថភាពរាងកាយក្នុងការទប់ទល់នឹងការចម្លង។ ដូច្នេះ កុមារត្រូវមានការណែនាំ និងគួរបានលើកទឹកចិត្តពីអាណាព្យាបាលសម្រាប់ហ្វឹកហាត់ខ្លួនឯងឲ្យចាប់យកលំហាត់ប្រាណជាចម្បងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 3- ទទួលដំណេកគ្រប់គ្រាន់ អ្នកត្រូវច្បាស់ថាកូន ឬកុមារតូចៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្លួន ព្រោះការបាត់បង់ដំណេកជួយពន្លឿននូវហានិភ័យក្នុងការឆ្លងជំងឺផ្តាសាយដល់ទៅពីរដងចំពោះកុមារ។ ជាទូទៅ ទារកគួរគេងក្នុងពេលប្រមាណ ១៤ម៉ោងក្នុងមួយថ្ងៃ ចំណែកកុមារដែលឈានចូលវ័យសិក្សាគួរគេងពីចន្លោះ ១១ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។   4- ចៀសវាងប៉ះពាល់ផ្ទាល់លើផ្ទៃមុខ មេរោគគ្រុនផ្តាសាយងាយនឹងឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះភ្នែក និងមាត់ ដូច្នេះ អ្នកគួរទម្លាប់កុមារឲ្យចៀសវាងដាក់ដៃលើតំបន់ផ្ទៃមុខនោះ។ វាអាចមានភាពពិបាកក្នុងការទប់ស្កាត់ ទើបការលាងដៃនៅតែជាវិធីសាស្រ្តដ៏ល្អ។ ម៉្យាងវិញទៀត អ្នកអាចបង្រៀនកុមារដោយមិនត្រូវទម្លាប់ប្រើប្រាស់ទុយោ កែវ ឬច្រាសដុសធ្មេញរួមគ្នានោះទេ។ 5- ញ៉ាំអាហារសុខភាព គួរចាប់ផ្តើមបញ្ចូលរបបអាហារដូចជា បន្លែ ផ្លែឈើ អាហារសម្បូរវីតាមីនសេ (ស្ពៃប្រូខូលី ផ្លែក្រូច) ពពួកវីតាមីនដេ (ត្រីធូណា ទឹកដោះគោ អាហារធញ្ញជាតិ)និងប្រភេទយ៉ាអួទៅក្នុងការញ៉ាំរបស់កុមារ ពីព្រោះវាជាប្រភពយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់ការពាររាងកាយកុមារពីជំងឺទូទៅ។ 6- ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ កុមារតែងត្រូវបានណែនាំ និងតម្រូវឲ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ដូច្នេះ អ្នកពុំគួរមើលរំលងខកខានមិនបាននាំកូនអ្នកទៅទទួលវ៉ាក់សាំងនោះទេ ដោយហេតុថា វាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុមារពីជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឱសថ Verzenio (Abemaciclib) ត្រូវបានសម្រេចឲ្យប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកសុដន់ដំណាក់កាលធ្ងន់ធ្ងរ (Metastatic breast cancer) ចំពោះបុគ្គលពេញវ័យដែលមានអ័រម៉ូនជារ៉េស៊ិបទ័រ  (HR)positive រ៉េស៊ិបទ័រ 2 (HER2)-negative កើតមានឡើងបន្ទាប់ពីជំងឺមានការប្រែប្រួលក្រោយទទួលការព្យាបាលបែបអង់ដូគ្រីន នេះបើតាមសេចក្តីប្រកាសដោយរដ្ឋបាលចំណីអាហារ  និងឱសថសហរដ្ឋអាមេរិក (FDA) នាថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០១៧។ ឱសថ Verzenio ត្រូវបានប្រើប្រាស់រួមក្នុងពេលជាមួយគ្នានៃការព្យាបាលបែបអង់ដូគ្រីនដោយប្រើឱសថ Fulvestrant ឬអាចប្រើប្រាស់ទោលតែមួយមុខបន្ទាប់ពីស្ថានភាពជំងឺមានការរីកលូតលាស់ធ្ងន់ធ្ងរក្រោយការព្យាបាលបែបអង់ដូគ្រីន និងតាមគីមីសាស្រ្ត។ ជាមួយនឹងសមត្ថភាពព្យាបាលជំងឺមហារីកសុដន់ដែលមិនឆ្លើយតបនឹងការព្យាបាលវាបានទៅធ្វើការរារាំងការលូតលាស់នៃម៉ូលេគុល cyclin-dependent kinases 4 និង6 ដែលមានមុខងាររ៉ាប់រងការរីករាលដាលកោសិកាមហារីក។ ប្រសិទ្ធភាព និងសុវត្ថិភាពនៃឱសថ Verzenioស្ថិតនៅក្រោមការស្រាវជ្រាវដោយមានការចូលរួមពីអ្នកជំងឺចំនួន ៦៦៨ នាក់ បានទទួលរងនូវប្រភេទជំងឺមហារីកដែលបានវិវឌ្ឍខ្លួនបន្ទាប់ពីទទួលបានការព្យាបាលតាមបែបអង់ដូគ្រីនបង្កឲ្យមានវត្តមានអ័រម៉ូន HR-positive  និងHER2-negative។ កំឡុងពេលសិក្សានៃការប្រើប្រាស់ឱសថ Verzenio រួមជាមួយ Fulvestrant គេសង្កេតឃើញកោសិកាមហារីកមិនបន្តរីកលូតលាស់ស្ថិតក្នុងកម្រិតជាមធ្យមរយៈពេល ១៦.៤ខែ បើប្រៀបធៀបទៅនឹងអ្នកជំងឺប្រើប្រាស់ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo) និងឱសថ Fulvestrant ដោយមានត្រឹមរយៈពេលតែ ៩.៣ខែ។ ដោយឡែក ការសិក្សាប្រភេទជំងឺដែលបានរាលដាលធ្ងន់ធ្ងរបង្កឲ្យមានអ័រម៉ូន HR-positive និង HER2-negative ក្រោយការព្យាបាលតាមវិធីសាស្រ្តអង់ដូគ្រីន និងតាមគីមីសាស្រ្ត ត្រូវបានធ្វើឡើងលើអ្នកជំងឺចំនួន១៣២ នាក់ ដោយការលូតលាស់នៃកោសិកាមហារីកគិតជាមធ្យមបានថយចុះក្នុងរយៈពេល ៩.៦ខែ បន្ទាប់ពីផ្តល់ការព្យាបាលតែឱសថ Verzenio តែមួយមុខ។ ឱសថក៏បានបង្ហាញផងដែរពីផលប៉ះពាល់មួយចំនួនដូចជា រាក ថយចុះគោលិកាឈាមសនិងគោលិកាឈាមក្រហម ចង្អោរ ក្អួត ឈឺចាប់ផ្នែកពោះអស់កម្លាំង និងឈឺក្បាល  រួមជាមួយសញ្ញាធ្ងន់ធ្ងរផ្សេងទៀតឃើញមាន ប្លាកែតថយចុះ និងបញ្ហាកំណកឈាម (កំណកឈាមសរសៃវ៉ែនជ្រៅ ឬស្ទះសរសៃឈាមសួត) ចំណែកស្រ្តីមានផ្ទៃពោះ គឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ដោយវាអាចប៉ះពាល់ដល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ ឯកសារយោង FDA approves new treatment for certain advanced or metastatic breast cancers [news release]. FDA’s website. https://www.fda.gov/NewsEvents/Newsroom/PressAnnouncements/ucm578071.htm  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាត ហើយស័ក្តិសមនឹងរូបរាង ក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេ ដូចនឹងអ្វីដែលសិល្បការិនីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពជាមួយនឹងសម្រស់គួរឲ្យចង់គយគន់ សមសួននឹងរូបរាងស្រឡូនគួរឲ្យស្រលាញ់ ដែលត្រូវបានមហាជន ជាពិសេសប្រជាជនកម្ពុជាយើងស្គាល់ថាជា«រាជនីក្រមាខ្មែរ» បានលើកឡើងថា «ភាពស្រស់ស្អាត ជាកាដូពីធម្មជាតិសម្រាប់គ្រប់គ្នាទាំងប្រុស និងស្រី ហើយវាក៏ជាប្រយោជន៍មួយ ដែលនរណាៗក៏ចង់បាន ចង់មើល ហើយវាសំដៅលើសុខភាពល្អទាំងក្នុងទាំងក្រៅ ដោយហេតុថា បើមិនមានសុខភាពខាងក្នុងល្អទេ អ្វីដែលបង្ហាញនៅខាងក្រៅក៏មិនអាចស្រស់ស្អាតបានដែរ ហើយសត្រូវនៃភាពស្រស់ស្អាត គឺជាជំងឺ»។ ជាអតីតជ័យលាភី Freshie Girl មួយរូប និងជាអ្នកផ្តួចផ្តើមចលនា«ស្រលាញ់» កញ្ញា មាន សូនីតា ក៏បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវគន្លឹះនៃការថែរក្សាសម្ផស្សរបស់កញ្ញាផ្ទាល់រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃ ការតុបតែងខ្លួន និងកត្តាផ្សេងៗផងដែរ… សំណួរ ៖ អំពីទម្លាប់រស់នៅប្រចាំថ្ងៃ តើមានអ្វីខ្លះជាពិសេសដែលសូនីតាតែងតែធ្វើ ដើម្បីរក្សាសម្ផស្សឲ្យនៅតែស្រស់ស្អាតបែបនេះ? សូនីតា ៖ រាល់ពេលចេញទៅខាងក្រៅ គឺមិនអាចភ្លេចបានឡើយនូវគ្រីមការពារកម្តៅថ្ងៃដែលត្រូវនឹងសភាពស្បែកមុខជាប្រចាំ និងពាក់វ៉ែនតា ដើម្បីការពារសុខភាពភ្នែក ក្នុងករណីដែលមិនមានមួក។  ចំណែកឯពេលយប់វិញ ក្រោយពីលាងសម្អាតមុខ និងទុកមុខឲ្យទំនេរដោយឲ្យអុកហ្ស៊ីសែនចេញចូលហើយ ខ្ញុំតែងតែលាបសេរ៉ូមដែលជាសារធាតុចិញ្ចឹម ដើម្បីឲ្យវាជ្រាបចូលទៅធ្វើឲ្យស្បែកមុខល្អឡើងវិញ  ព្រមទាំងបិទម៉ាស់ ដើម្បីកម្ចាត់កោសិកាចាស់ៗ ឬស្រ្កាប់ ដើម្បីសម្អាតផ្ទៃមុខផងដែរ។ សំណួរ ៖ សម្រាប់ការថែរក្សាសម្ផស្សវិញ រវាងផលិតផលគ្រឿងសម្អាង និងរូបមន្តតាមបែបធម្មជាតិ តើសូនីតាចូលចិត្តមួយណាជាង? ហេតុអ្វី? សូនីតា ៖ បើមានពេលគ្រប់គ្រាន់ រូបមន្តតាមបែបធម្មជាតិប្រាកដជាជម្រើសរបស់ខ្ញុំ បើទោះជាមិនទទួលបានលទ្ធផលភ្លាមៗក៏ដោយ ព្រោះវាមិនជំរុញវ័យ និងមិនឲ្យសភាពស្បែកមានភាពជ្រីវជ្រួញ ឬឆាប់ចាស់លឿន។ អ្វីដែលអាចធ្វើបាននៅផ្ទះគឺ យកពងមាន់  ឬប្រទាលកន្ទុយក្រពើស្រស់មកលាបលើមុខ ឬទឹកឃ្មុំលាយជាមួយស្ករស ឬក្រូចឆ្មារ ដើម្បីកម្ចាត់កោសិកាចាស់ៗចោល។  សំណួរ ៖ តើមានអាហារអ្វីជាពិសេស ដែលសូនីតាតែងតែញ៉ាំ ឬចៀសវាងឬទេ? សូនីតា ៖ របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រោះថាអ្វីដែលយើងញ៉ាំចូលទៅ វានឹងទៅចិញ្ចឹមសារពាង្គកាយរបស់យើងទាំងមូល  ជាក់ស្តែងណាស់ គឺពី៦០ ទៅ៧០% ដែលនឹងមានឥទ្ធិពលលើសុខភាពស្បែក។ សម្រាប់ខ្ញុំ ពេលព្រលឹម ខ្ញុំតែងញ៉ាំទឹកផ្លែឈើ ព្រោះវាច្រើនចូលមកក្នុងស្បែកយើងបានល្អ នៅពេលយើងមិនទាន់ញ៉ាំអី។ ពេលថ្ងៃ គឺឧស្សាហ៍ញ៉ាំត្រី និងប្រើប្រេងអូលីវជំនួសប្រេងឆាក្នុងការចម្អិនអាហារ លុះដល់ពេលល្ងាច អាហារដែលខ្ញុំញ៉ាំ មានតែត្រី ឬបន្លែជាលក្ខណៈសាឡាដ។  ក្រៅពីអាហារ ទឹកពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវានឹងជ្រាបចូលគ្រប់កោសិកានៃសារពាង្គកាយរបស់យើង។ ខ្ញុំឧស្សាហ៍ញ៉ាំកាហ្វេដែលធ្វើឲ្យបាត់បង់ជាតិទឹកច្រើន ហេតុនេះហើយ ខ្ញុំត្រូវការទឹកបន្ថែម ដើម្បីឲ្យស្បែកមើលទៅថ្លា ដោយចាំបាច់ត្រូវជ្រើសរើសទឹកដែលល្អសម្រាប់សុខភាពរាងកាយ។  សំណួរ ៖ ចំពោះភេសជ្ជៈ តើកញ្ញាតែងតែញ៉ាំអ្វី ឬចៀសវាងអ្វីជាពិសេសដែរឬទេ? សូនីតា ៖ ខ្ញុំមិនសូវញ៉ាំភេសជ្ជៈកំប៉ុងនោះទេ ហើយញ៉ាំទឹកធម្មជាតិជាប្រចាំរួមមាន ទឹកប្រទាលកន្ទុយក្រពើ ក្រូចច្របាច់ ទឹកការ៉ុត ទឹកប៉ោម ដែលធ្វើដោយខ្លួនឯង(ដោយផ្លាស់ប្តូរប្រភេទផ្លែឈើជាញឹកញាប់) លើកលែងតែពេលខ្លះ ហត់អស់កម្លាំង ឬមិនអាចចៀសវាងបាន។  សំណួរ ៖ តើ «ការហាត់ប្រាណ» មានទំនាក់ទំនងជាមួយនឹង«សម្ផស្ស»ដែរឬទេ? ហើយតើកញ្ញា ចូលចិត្តហាត់ប្រាណប្រភេទណាដែរ? ហេតុអ្វី? សូនីតា ៖ ការហាត់ប្រាណ គឺល្អសម្រាប់ទាំងសុខភាព និងសម្រស់ ព្រោះពេលដែលយើងធ្វើការពីលើក្បាលដល់ចុងជើង នោះស្បែកយើងនឹងរឹងមាំ ហើយសាច់ក៏មិនយារ បូករួមនឹងការទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៀតនោះ សុខភាពនឹងរឹងមាំ ហើយសម្រស់ក៏ស្រស់ស្អាតព្រមគ្នាតែម្តង។  អ្នកហាត់ប្រាណមានភាពរឹងមាំ និងស្វាហាប់ជាង ស្បែកមិនជ្រួញ ឬយារ និងអាចបញ្ចេញស្រ្តេស ហើយពេលដែលប្រើកម្លាំងចេញញើស គឺវាល្អសម្រាប់សុខភាពចិត្ត និងកាយ ព្រមទាំងសម្រស់។   សម្រាប់អ្នកចាប់ផ្តើមដំបូង អាចសាកល្បងជាមួយប្រភេទលំហាត់ប្រាណមួយចំនួនសិន ដើម្បីឲ្យដឹងថាខ្លួនឯងចូលចិត្តអ្វី?ហើយអ្វីដែលស័ក្តិសមនឹងអ្នក? ព្រោះថាយើងម្នាក់ៗសុទ្ធតែមានចំណូលចិត្ត និងតម្រូវការផ្សេងៗពីគ្នា ហើយបើសិនជាអាច គួរតែធ្វើការឆ្លាស់គ្នា ដើម្បីចៀសវាងភាពធុញទ្រាន់។ បើសិនជាធុញ ហើយប្រាកដជាខ្ជិល ហើយក៏មិនចង់ហាត់ ចុងបញ្ចប់ គឺមិនហាត់តែម្តង។ យ៉ាងណាមិញ លំហាត់ប្រាណប្រភេទណាក៏ល្អសម្រាប់សុខភាពដែរឲ្យតែហាត់តាមក្បួនបានត្រឹមត្រូវ។ អ្វីដែលខ្ញុំចូលចិត្តជាងគេ គឺ«យោគៈ (Yoga)» ព្រោះភាពយឺតរបស់វាធ្វើឲ្យកាន់តែអស់កម្លាំង ហើយដៃជើងប្រែជារឹងមាំ ចេះប្រើកម្លាំង ហើយសាច់ដុំក៏លែងទន់ខ្សោយ ព្រមទាំងអាចបញ្ចេញស្រ្តេស និងភាពនឿយហត់ ក៏ដូចជាសម្ពាធការងារពេញមួយថ្ងៃផងដែរ។ សំណួរ ៖ តើមនុស្សម្នាក់គួរតែស្រលាញ់ និងពេញចិត្តនូវអ្វី(សម្ផស្ស)ដែលខ្លួនមានស្រាប់ ឬគួរតែប្រើប្រាស់អ្វីបន្ថែម ដើម្បីកែច្នៃ និងបង្កើននូវភាពទាក់ទាញរបស់ខ្លួន? សូនីតា ៖ អ្នកខ្លះមិនបានស្រលាញ់នូវអ្វីដែលខ្លួនមាននោះទេ ហើយអ្នកខ្លះស្អាតពីធម្មជាតិ អ្នកខ្លះស្អាតបែបកែច្នៃ តែទាំងនោះសុទ្ធតែជាជម្រើសរបស់មនុស្សម្នាក់ៗ។ អ្វីដែលសំខាន់ គឺត្រូវសួរខ្លួនឯងថា«តើអ្នកគិតថា ខ្លួនឯងស្អាតពេលណា? ហើយស្អាតត្រង់ចំណុចណា?» ព្រោះពេលដែលអាចឆ្លើយសំណួរនេះបាន គឺអ្នកប្រាកដជាទុកចិត្តខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង។ សំណួរ ៖ បន្ថែមពីលើទម្លាប់រស់នៅប្រចាំថ្ងៃ  សម្រាប់Trendសម័យថ្មីនេះ ដើម្បីឲ្យមានភាពស្រស់ស្អាត តើសូនីតាយល់ថា ការតុបតែងខ្លួនបែបណាទើបទាន់សម័យ? ហើយស័ក្តិសមបំផុតសម្រាប់យុវវ័យ? សូនីតា ៖ អ្នកដែលអានច្រើន ចេះច្រើន ឃើញច្រើន និងអាចបង្កើនចំណេះក្នុងតុបតែងខ្លួនឲ្យសមស្របនឹងកាលៈទេសៈ ប៉ុន្តែ ទោះជាមនុស្សម្នាក់នោះមានភាពប៉ិនប្រសប់ក្នុងការតុបតែងខ្លួនកម្រិតណាក៏ដោយ ក៏គេនៅតែត្រូវចេះសង្កេតមើលពិភពលោកខាងក្រៅថា គេដើរដល់ណាហើយដែរ? យ៉ាងណាមិញ គួរកុំឲ្យហួសនូវអ្វីដែលជាខ្លួនឯង ហើយត្រូវរំលឹក និងសួរខ្លួនឯងជានិច្ចថា «ធ្វើតាមគេហ្នឹងសមដូចគេដែរអត់?»   សំណួរ ៖ តើសូនីតាមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអាន ជាពិសេសអ្នកដែលចង់បានសម្រស់ស្រស់ស្អាតដូចជាកញ្ញា ដែរឬទេ? សូនីតា ៖ និយាយរួមទៅ អ្នកគ្រប់គ្នាជាអ្នកទទួលខុសត្រូវលើសុខភាព ក៏ដូចជាភាពស្រស់ស្អាតរបស់ខ្លួនអ្នក អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ខ្លួនអ្នកផ្ទាល់នឹងជាអ្នកទទួលលទ្ធផល។ ហេតុដូចនេះហើយ មិនថាអានច្រើនមើលច្រើនប៉ុណ្ណា ក៏ត្រូវអនុវត្តច្រើនជាមួយនឹងការខំប្រឹង ហើយចាំមើលលទ្ធផល។ ជាក់ស្តែង នាងខ្ញុំតែងតែគិតថាចំណេះដឹងសុខភាព និងសម្រស់ពិតជាសំខាន់ ហើយប្រភពមួយដែលគួរឲ្យទុកចិត្តនោះ គឺ Healthogo App ។ ចំពោះអ្នកដែលស្រលាញ់ខ្លួនឯងទាំងអស់គ្នា  «សូមធ្វើអ្វីដើម្បីខ្លួនឯង ព្រោះថាមិនមានអ្នកណាធ្វើវា ដើម្បីអ្នកនោះទេ…ហើយក៏សង្ឃឹមថា នេះអាចជាសារដាស់តឿនដល់អ្នកមិនបានមើលថែសម្រស់ខ្លួនឯង ឬមើលដែរ តែមើលក្នុងន័យផ្សេង សូមឲ្យមានសុខភាពល្អទាំងក្នុង និងខាងក្រៅគ្រប់ៗគ្នា!!!» បើមានចម្ងល់អ្វីបន្ថែម អាចcommentនៅក្រោមអត្ថបទនេះផ្ទាល់ ហើយនាងខ្ញុំរីករាយនឹងធ្វើការឆ្លើយតប ក៏ដូចជាចែករំលែកបន្ថែមទៀត…. ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាករណីពិការភ្នែកដោយសារជំងឺទឹកដក់ក្នុងភ្នែកមានរហូតដល់ទៅជាង ១២.២% ត្រូវនឹងលំដាប់ទី២ ក្នុងចំណោមមូលហេតុនៃភាពពិការភ្នែកបន្ទាប់ពីជំងឺភ្នែកឡើងបាយ។  ព្រមជាមួយនឹងការកើតមានជាញឹកញាប់នេះ សភាពធ្ងន់ធ្ងរនៃជំងឺដែលអាចបណ្តាលឲ្យឈានដល់ការបាត់បង់គំហើញ ធ្វើឲ្យជំងឺទឹកដក់ក្នុងភ្នែកកាន់តែទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ដូចម្តេចដែលហៅថា ជំងឺទឹកដក់ក្នុងភ្នែក? ជាទូទៅ សម្ពាធភ្នែករបស់មនុស្សយើងមានក្រោម២១មីលីម៉ែត្របារ៉ត។ ដោយឡែក ទឹកដក់ក្នុងភ្នែក (Glaucoma)មានន័យថាសម្ពាធនៅក្នុងភ្នែកមានលើសពី ២១ មីលីម៉ែត្របារ៉ត និងមានជំងឺសរសៃអុបទិកឌីសខូចខាត កើនឡើង (Progressive optic neurophathy) ដែលទាំងនេះបង្កឲ្យគំហើញ និងទំហំនៃគំហើញថយចុះ។ ជំងឺទឹកដក់ក្នុងភ្នែក មានមូលហេតុបណ្តាលមកពីអ្វី? ធម្មតា ការផលិតទឹកក្នុងភ្នែករបស់យើង (Aqueous humour) ចាប់ផ្តើមចេញពីគល់ប្រស្រីភ្នែក (Ciliary body) ដែលជាកន្លែងផលិត បន្ទាប់មកវាហូរមកបន្ទប់ផ្នែកខាងក្រោយ រួចបន្តមកបន្ទប់ភ្នែកខាងមុខ  ហើយត្រូវបានស្រូបចេញតាមចម្រោះ Trabecular Meshwork និងបន្តចេញមកតាម បំពង់តូច (Schlemm's canal) ហើយចុងបញ្ចប់ជ្រាបតាមសរសៃវ៉ែន (Episcleral  vein) ដំណើរការនេះបង្កើតជាតុល្យភាពរវាងការផលិតនិងការស្រូបចេញដែលធ្វើឲ្យសម្ពាធទឹកធម្មតាក្នុងភ្នែករបស់យើងមាក្រោម២១មីលីម៉ែត្របារ៉ត។  ដោយឡែក ជំងឺទឹកដក់ក្នុងភ្នែក បណ្តាលមកពីការបាត់តុល្យភាពរវាងការផលិត និងការស្រូបចេញនៃទឹកក្នុងភ្នែក   ដែលកើតឡើងជាពិសេសដោយសារការបិទផ្លូវទឹកនៅកន្លែងស្រូបចេញ(Trabecular Meshwork)  នាំឲ្យទឹកដែលផលិតក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះបណ្តាលឲ្យសម្ពាធកើនរហូតលើសពី ២១ មីលីម៉ែត្របារ៉ត។ កត្តាអ្វីខ្លះអាចនាំឲ្យមានការប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក? ជំងឺនេះចែកចេញជាពីរប្រភេទគឺ ប្រភេទមុំបិទ និងមុំបើក   ដែលអាចកើតមានជាញឹកញាប់លើមនុស្សទាំងពីរភេទ ដោយក្នុងនោះក៏រួមមានកត្តាប្រឈមមួយចំនួនទៀតដូចជា៖ - មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ -  ប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក (អាចបង្កើនការប្រឈមរហូតដល់ ១០%) -  ជំងឺមួយចំនួនដែលអាចបង្កើនការប្រឈមនេះរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមនៅបាតភ្នែក ( CRVO )ដែលអាចបង្កើតជាសរសៃឈាមថ្មីតូចៗពាសលើកន្លែងចម្រោះ ធ្វើឲ្យបិទផ្លូវទឹកចេញ, ភ្នែក Hyperopia (ប្រស្រីភ្នែក ឬបន្ទប់ផ្នែកខាងមុខរាក់ដែលបង្កើតជាមុំបិទ) ភ្នែកម្ញ៉ូបខ្ពស់ (ប្រស្រីភ្នែកជ្រៅឬបន្ទប់ផ្នែកខាងមុខជ្រៅ) ជាដើម - ជំងឺផ្សេងៗទៀតទាក់ទងនឹងការលូតលាស់ខុសប្រក្រតីពីកំណើត  ដែលមានន័យថាអាចមានការវិវឌ្ឍជាជំងឺទឹកដក់ក្នុងភ្នែក តាំង ពីកំណើតផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចផ្តល់ជារោគសញ្ញាអ្វីខ្លះ? យើងអាចបែងចែករោគសញ្ញាទៅតាមប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែកនីមួយៗ៖ ១.ប្រភេទមុំបិទ ជាទូទៅផ្តល់ជារោគសញ្ញាស្រួចស្រាវ (ភ្លាមៗ) និងរ៉ាំរ៉ៃ ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហម - ឈឺចុកចាប់នៅក្នុងភ្នែកខ្លាំង -  គំហើញមានការចុះថយយ៉ាងគំហុក -  ប្រស្រីភ្នែករីកធំ -  កញ្ចក់ភ្នែកហើម -  សម្ពាធទឹកឡើងខ្ពស់ដែលធ្វើឲ្យអ្នកជំងឺឈឺចុកចាប់មួយចំហៀងក្បាល និងមានអាការៈដូចជាក្អួតចង្អោរ ឡេះឡះនៅក្នុងភ្នែកស្ទើរទ្រាំមិនបាន។ គួរបញ្ជាក់ថា ចំពោះទឹកដក់ក្នុងភ្នែកប្រភេទមុំបិទនេះ ច្រើនតែកើតនៅពេលអ្នកជំងឺមានអារម្មណ៍ក្តុកក្តួល សោកសៅ  ឬកើតទុក្ខ ហើយបង្កឲ្យមានការឈឺចាប់  ស្រវាំភ្នែក  និងរោគសញ្ញាផ្សេងទៀត ដែលនាំឲ្យអ្នកជំងឺត្រូវតែស្វែងរកជំនួយពីគ្រូពេទ្យ។ ២.ប្រភេទមុំបើក ជាទូទៅច្រើនឲ្យសញ្ញារ៉ាំរ៉ៃ (កើតបន្តិចម្តងៗ) ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហមតិចតួច   ឬពេលខ្លះភ្នាសភ្នែកសធម្មតា - មានការចុកអួលភ្នែកបន្តិចបន្តួច ដែលធ្វើឲ្យអ្នកជំងឺមិនមានការចាប់អារម្មណ៍ - គំហើញ និងទំហំគំហើញមានការថយចុះបន្តិចម្តងៗដោយមិនដឹងខ្លួន។ ដោយសារតែរោគសញ្ញារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ ទើបអ្នកជំងឺច្រើនតែទៅជួបគ្រូពេទ្យនៅពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចនឹងហួសពេលក្នុងការទប់ស្កាត់ភាពពិការភ្នែកទៅហើយ។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច? តាមរយៈរោគសញ្ញាដែលបានរៀបរាប់ដូចខាងលើ រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យផ្សេងៗទៀតដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ទើបអាចនាំឲ្យឈានដល់ការសន្និដ្ឋានថាជាជំងឺទឹកដក់ក្នុងភ្នែប្រភេទណាមួយ ដោយក្នុងនោះរួមមាន៖ • ការវាស់គំហើញ៖ គំហើញថយចុះ និងទំហំដែនគំហើញរួមតូច • ការវាស់សម្ពាធទឹកក្នុងភ្នែក៖ សម្ពាធទឹកកើនឡើងលើសពី ២១ មីលីម៉ែត្របារ៉ត • ការពិនិត្យសរសៃបាតភ្នែក៖ សរសៃអុបទិក ឌីសពីខួរក្បាលខូងដូចបាតខ្ទះ (ទំហំធំចាប់ពី០.៧%) • ការពិនិត្យប្រភេទមុំ  (បិទ ឬបើក) និងការពិនិត្យដោយឧបករណ៍ផ្សេងៗទៀត។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវព្យាបាលយ៉ាងដូចម្តេច? ការព្យាបាលចំបាច់ត្រូវធ្វើឡើងដើម្បីរក្សាគំហើញដែលនៅសេសសល់ឲ្យនៅគង់វង្ស ជាមួយនឹងគោលបំណងដើម្បីទាញឲ្យសម្ពាធទឹកថយចុះក្រោម ២១ មីលីម៉ែត្របារ៉ត។ ជាទូទៅ ការព្យាបាលមាន ៣ ដំណាក់កាល៖ ១ ការព្យាបាលដោយឱសថ៖ ការប្រើប្រាស់ថ្នាំបន្តក់ដែលមានសកម្មភាពទប់កុំឲ្យផលិតទឹកនៅក្នុងភ្នែកច្រើនពេកនិងប្រភេទមួយទៀតសម្រាប់បង្កើនការស្រូបទឹកចេញពីក្នុងភ្នែកដើម្បីឲ្យសម្ពាធទឹកថយចុះ។ អ្នកជំងឺត្រូវបន្តការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់   និងទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។ ២ ការព្យាបាលដោយកាំរស្មីឡេស័រ៖ - ប្រភេទមុំបិទ៖ កាំរស្មីត្រូវបានបាញ់ដើម្បីឲ្យគល់ប្រស្រីមានប្រហោង (L-PI)។ ក្នុងករណីនេះ កាលណាគល់ប្រស្រីបិទ ទឹកនឹងឡើងទៅតាមប្រហោងនោះទៅសង្កត់ប្រស្រីឲ្យចុះមក និងធ្វើឲ្យមុំបើកមកវិញ។ - ប្រភេទមុំបើក៖ កាំរស្មីត្រូវបានបាញ់ត្រង់កន្លែងចម្រោះ  (Laser Trabeculoplasty)ដើម្បីឲ្យចម្រោះនោះបើក និងធ្វើការឡើងវិញក្នុងការស្រូបទឹកចេញ។ - សរសៃបាតភ្នែក៖ ឡេស័រក៏ត្រូវបានបាញ់ទៅលើសរសៃបាតភ្នែក ជាពិសេសចំពោះអ្នកដែលមានការស្ទះសរសៃបាតភ្នែក(ដោយសារមានការបែកសរសៃឈាម ដែលបន្ទាប់មកនាំឲ្យមានការកកើតជាសរសៃឈាមថ្មីៗទៅពាសនៅត្រង់កន្លែងចម្រោះចេញ និងធ្វើឲ្យស្ទះ)។ ៣ ការព្យាបាលដោយការវះកាត់ (Glaucoma Filtration Surgery)៖ ជាការបង្កើតផ្លូវទឹក (Trabeculectomy) ដើម្បីឲ្យមានផ្លូវចេញ។ នេះជាជម្រើសចុងក្រោយនៃការព្យាបាលដើម្បីទប់ស្កាត់ការឡើងសម្ពាធទឹកក្នុងភ្នែក និងរក្សាគំហើញកុំឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរឬពិការភ្នែកទាំងស្រុង។ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកអស់មួយជីវិត  ដោយសារតែសរសៃបាតភ្នែក និងដែនគំហើញត្រូវបានខូចខាតទាំងស្រុង និងមិនអាចស្តារឡើងវិញបាន។ ដោយឡែក សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ អាចរក្សាគំហើញដែលនៅសេសសល់ឲ្យបានគង់វង្សរយៈពេលយូរ កុំឲ្យវិវឌ្ឍទៅរកការខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ គំហើញដែលបានបាត់បង់ដោយសារជំងឺទឹកដក់ក្នុងភ្នែកហើយក៏មិនអាចស្តារឲ្យមកដូចធម្មតាវិញដែរ។ តើគួរធ្វើការតាមដាន និងការថែទាំយ៉ាងណាខ្លះបន្ទាប់ពីព្យាបាល? ដោយសារជំងឺទឹកដក់ក្នុងភ្នែកទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ដូចនេះ ក្រោយពីបានទទួលការព្យាបាលរួច ក៏តម្រូវឲ្យអ្នកជំងឺធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យភ្នែកផងដែរ (រៀងរាល់មួយទៅពីរខែម្តងទៅតាមការណាត់)។   ជាទូទៅ ការតាមដានរួមមានការពិនិត្យសំខាន់ៗដូចជា  សម្ពាធទឹក  ដែនគំហើញ និងភាពខូងនៃសរសៃបាតភ្នែកអុបទិកឌីស។ការតាមដាននេះធ្វើឡើងដើម្បីប្រាកដថាថ្នាំដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺ ឬត្រូវធ្វើការកែតម្រូវផ្សេងៗ។ ចំពោះការព្យាបាលដោយឡេស័រ  និងវះកាត់ក៏តម្រូវឲ្យមានការតាមដានដូចគ្នា ដើម្បីចៀសវាងការវិវឌ្ឍណាមួយដូចជា ការបិទជិតទៅវិញនៃផ្លូវទឹកដែលបានវះកាត់ ឬបាញ់ឡេស័ររួចហើយ ដែលក្នុងករណីនេះ ការព្យាបាលនឹងឈានដល់ដំណាក់កាលមួយទៀតគឺ Tubing ដែលជាការប្រើប្រាស់ Tube implant ដើម្បីបឺតស្រូបទឹកចេញ។   ដោយឡែក ចំពោះការថែទាំអំឡុងពេល  និងក្រោយពេលព្យាបាលតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការបន្តក់ថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ធ្វើការតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ ភ្នែក  និងអាចប្រើប្រាស់ឱសថជំនួយសរសៃបាតភ្នែកបន្ថែមដើម្បីទប់ស្កាត់ការវិវឌ្ឍ និងការខូចខាតរបស់សរសៃបាតភ្នែកផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចការពារបានតាមរបៀបណា? ការការពារអាចធ្វើទៅបានចំពោះតែជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទប៉ុណ្ណោះ ដោយជាទូទៅការបាញ់កាំរស្មីឡេស័រត្រូវបានប្រើប្រាស់ ដើម្បី ការពារចំពោះអ្នកដែលមានភ្នែក Hyperopi(ប្រស្រីភ្នែករាក់ឬមុំត្បៀត)។ ចំពោះប្រភេទមុំបើកជាទូទៅអាចទាក់ទងនឹងតំណពូជដែលមិនអាចធ្វើការការពារបានឡើយ ក៏ប៉ុន្តែវាអាចទប់ស្កាត់កុំឲ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបានដោយការព្យាបាលតាំងពីដំណាក់កាលដំបូង។   ដូចនេះ ចំពោះអ្នកមានកត្តាប្រឈម   ឬរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ  ឬមិនទាន់មានរោគសញ្ញាដំបូង  ពិសេសអ្នកមានប្រវត្តិគ្រួសារទាក់ទងនឹងជំងឺភ្នែក   គួរមកពិនិត្យភ្នែក ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានរៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្តងដើម្បីទប់ស្កាត់និងចៀសវាងភាពពិការភ្នែកឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត  គង់ ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានដេប៉ាតឺម៉ង់អគារចក្ខុរោគ ព្រមទាំងជានាយកមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនមែនត្រឹមតែស្បែកមុខទេដែលអ្នកត្រូវថែរក្សា អំឡុងនៃរដូវភ្លៀងធ្លាក់ កែវភ្នែករបស់អ្នកក៏ជាផ្នែកដែលមិនគួរមើលរំលងដូចគ្នា ដោយវាផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតពីពន្លឺត្រចង់មុតថ្លានិងគ្មានជំងឺ។ដូចនេះហេលស៍ថាមសូមលើកបង្ហាញនូវចំណុចខ្លះៗដែលអ្នកគួរអនុវត្តដើម្បីរក្សាសម្រស់ភ្នែករបស់អ្នកនៅរដូវភ្លៀងនេះ៖ •កុំញី ឬជូតភ្នែកដោយដៃមិនស្អាត ព្រោះវាអាចនឹងធ្វើឲ្យឆ្លងមេរោគមួយចំនួនទៅក្នុងភ្នែក របស់អ្នក។ ជាការពិតទម្លាប់នេះច្រើនកើតឡើង ចំពោះក្មេង ដូចនេះ មាតាបិតាគ្រប់រូបចាំបាច់ត្រូវ រក្សាក្មេងឲ្យឆ្ងាយពីកន្លែងដក់ទឹក។ •ប្រសិនបើអ្នកទទឹកខ្លួនដោយទឹកភ្លៀងក្នុងពេលធ្វើដំណើរ អ្នកត្រូវចាំថាពេលទៅដល់ផ្ទះ ឬកន្លែងណាមួយ អ្នកគួរលាងភ្នែករបស់អ្នកជាមួយទឹកស្អាត និងជូតសម្អាតជាមួយកន្សែងស្ងួត ជាចាំបាច់។ •ពាក់វ៉ែនតាជាប្រចាំនូវរាល់ពេលចេញក្រៅ ព្រោះការពាក់វ៉ែនតាមិនមែនសម្រាប់តែការពារកម្តៅថ្ងៃនោះទេ។ ក្នុងករណីអ្នកមានទម្លាប់ ចូលចិត្តពាក់លែន អ្នកគួរតែសម្អាតវាជាប្រចាំនិងទៀងទាត់ ដើម្បីចៀសវាងការងាយចម្លង​មេរោគ។ •បើមាននរណាម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហាភ្នែក ត្រូវចៀសវាងនូវការប្រើប្រាស់របស់ផ្ទាល់ខ្លួន ដូចជាកន្សែង ឬកន្សែងដៃ​រួមគ្នាដាច់ខាត។ •បង្កើនភាពស៊ាំការពាររាងកាយ ដោយចៀសវាងការញ៉ាំអាហារខាងក្រៅញឹកញាប់ ហើយបែរមកញ៉ាំអាហារដែលចម្អិនដោយខ្លួនឯងនៅផ្ទះបន្លែស្រស់ធម្មជាតិ និងផ្លែឈើតាមរដូវកាល ជាការប្រសើរបំផុត។ •ករណីមានរមាស់ភ្នែក ដំបូងអ្នកគ្រាន់តែ លាងសម្អាតភ្នែកជាមួយទឹកត្រជាក់ បើមិនមាន ការធូរស្រាល សូមចៀសវាងនូវការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯង។ អ្នកគួរទៅជួបជា-មួយគ្រូពេទ្យដើម្បីឲ្យគាត់ចេញវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការប្រើប្រាស់ថ្នាំ។ •ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូដុំជាប្រចាំ ពិសេសក្នុងរដូវភ្លៀង ព្រោះវាអាច សម្លាប់មេរោគបានរហូតដល់៩៩%។ ក្រៅពីនេះ អ្នកក៏អាចប្រើអាល់កុលលាងបានដូចគ្នា ដែលវាផ្តល់នូវប្រសិទ្ធភាពបានរហ័ស ប៉ុន្តែគ្រាន់តែវាមិនមានប្រសិទ្ធភាពសម្រាប់វីរុសប៉ុណ្ណោះ។ ជានិច្ចកាល ការការពារតែងតែប្រសើរជាងការព្យាបាល ដូចនេះអ្នកចាំបាច់ត្រូវធ្វើតាមការណែនាំខាងលើ នោះអ្នកនឹងទទួលបាននូវការរក្សាសម្រស់ភ្នែកយ៉ាងមានប្រសិទ្ធភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top