Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

1.កាត់បន្ថយពិការភាព តាមរយៈការយល់ដឹងពីបញ្ហាឈឺចង្កេះ លោកវេជ្ជបណ្ឌិត កង សំអូន ជំនាញជំងឺសន្លាក់ឆ្អឹងពីប្រទេសអូស្រ្តាលី បានធ្វើការបំភ្លឺនូវចំណុចធំៗ២ អំពីបញ្ហានេះ  ដែលទីមួយ គឺ«ប្រហែលជាប្រមាណ៩០%នៃអាការៈឈឺចង្កេះ គឺជាស្ថានភាពឈឺចាប់បែបធម្មតាដែលបណ្ដាលមកពីការក្រិចឬ ថ្លោះបន្តិចបន្តួចទៅលើផ្នែកណាមួយនៃសរីរៈចង្កេះ» និងទីពីរ គឺ«អាការៈឈឺចង្កេះដែលមានស្ថានភាពធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់គុណភាពជីវិតលោកអ្នក ឬអាចវិវឌ្ឍន៏ដល់ពិការភាព»…   2. ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង យោងតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក បានឲ្យដឹងថា «ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១ ហើយវាអាចកើតលើមនុស្សមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ»។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា  «ជំងឺពក កជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក…» 3. និស្សិតឆ្មបម្នាក់សំណូមពរថា«សូមកុំយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់អី…» តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»?  តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប  និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផ្កាខាត់ណាពណ៌បៃតង  (Broccoli)   ជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអំបូរ   Cruciferousមានប្រភពមកពីប្រទេស អុីតាលី។ វាផ្ទុកនូវ សារធាតុចិញ្ចឹមល្អៗដែលផ្តល់ប្រយោជន៍ជាអនេកដល់រាងកាយរបស់យើងព្រមជាមួយនឹងកាល់ឡូរីទាបបំផុត។ ៥ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដែលមិនគួរមើលរំលងរបស់ផ្កាខាត់ណាពណ៌បៃតង។ ១. ប្រឆាំងនឹងជំងឺមហារីក សារធាតុគីមីម្យ៉ាងដែលធ្វើឲ្យបន្លែនេះមានរសជាតិល្វីងមានឈ្មោះថា Sulforaphane ជាសារធាតុ ដែលអាចបង្អាក់សកម្មភាពរបស់អង់ស៊ីម Histone deacetylase (HDAC) មានតួនាទីក្នុងការផលិតកោសិកាមហារីក។ ការសិក្សាថ្មីៗនេះបានបង្ហាញថាសារធាតុ Sulforaphane អាចពន្យារ ឬក៏បញ្ឈប់ជំងឺមហារីកមួយចំនួនដូចជាមហារីកស្បែក បំពង់អាហារ ក្រពេញប្រូស្តាតជាដើម។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវវីតាមីនបេ៩ (Folate)ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាដែលនាំឲ្យកើតជំងឺមហារីកសុដន់។ ការស្រូបយកវីតាមីនបេ ៩ បានគ្រប់គ្រាន់តាមរយៈចំណីអាហារអាចធានាបាននូវការការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ក្រពះលំពែង និងមហារីកមាត់ស្បូនផងដែរ។ ២.  ជួយដល់សុខភាពឆ្អឹង ផ្កាខាត់ណាពណ៌បៃតងដែលចិតរួចត្រឹមតែមួយពែងអាចផ្តល់នូវវីតាមីនកា (Vitamin K) ៩២មីក្រូកាម និងកាល់ស្យូម(Calcium) ៤៣ មីលីក្រាមដែលអាចបំពេញតម្រូវការរបស់រាងកាយជាប្រចាំថ្ងៃ។ ដោយហេតុថា វីតាមីនកា មានតួនាទីការពារនិង ប្រឆាំងនូវការពុកផុយរបស់ឆ្អឹង រីឯកាល់ស្យូមគឺជាសារធាតុរ៉ែមួយប្រភេទដែលអាចជួយការពារ និងថែមទាំងធ្វើឲ្យឆ្អឹងលូតលាស់បានល្អទៀតផង។ ៣.  ធ្វើឲ្យក្មេងជាងវ័យ នៅក្នុងផ្កាខាត់ណាពណ៌បៃតងចិតរួចត្រឹមតែមួយពែងផ្តល់នូវវីតាមីនសេ (VitaminC)ដល់ទៅ៨១មីលីក្រាមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតសារធាតុកូឡាជែន (Collagen) ជាអ្នកទ្រទ្រង់ដ៏សំខាន់របស់ស្បែកនិងអាចជួយការពារស្បែកប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យជាតិពុលផ្សេងៗនិងកាត់បន្ថយភាពជ្រីវជ្រួញ។លើសពីនេះវាក៏មានផ្ទុកនូវវីតាមីន(AនិងE)ដែលជាតួឯកសំខាន់ផងដែរក្នុងការធ្វើឲ្យស្បែកមានសុខភាពល្អ។ ៤.  រំលាយអាហារ និងបន្សាបជាតិពុល ផ្កាខាត់ណាពណ៌បៃតងពិតជាសម្បូរនូវជាតិកាកសរសៃ (Fiber) ដែលអាចការពារពីការទល់លាមកធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អហើយនិងជួយជំរុញដល់រាងកាយរបស់យើងឲ្យបញ្ចេញនូវសារជាតិពុលផ្សេងៗទៅតាមទឹកនោមនិងលាមក។     ៥.  ការពារពីជំងឺរ៉ាំរ៉ៃ តាមរយៈកម្មវិធីមួយរបស់សាកលវិទ្យាល័យ Kentucky នៃចក្រភពអង់គ្លេសបានបង្ហាញថាការ ស្រូបយកជាតិកាកសរសៃ (Fiber) តាមរយៈ ចំណីអាហារបានច្រើនអាចកាត់បន្ថយការវិវឌ្ឍនៃជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង ទឹកនោមផ្អែម ដាច់សរសៃឈាមក្នុងខួរក្បាល លើសជាតិខ្លាញ់ លើសឈាម  និងជំងឺក្រពះពោះវៀន។Fiber អាចជួយបញ្ចុះសម្ពាធឈាម និងកម្រិត- កូឡេស្តេរ៉ុល និងជំរុញឲ្យអាំងស៊ុយលីន ធ្វើការបានល្អហើយថែមទាំងជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ សរុបរួមមកផ្កាខាត់ណាពណ៌បៃតងពិតជា  ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើង។ ដូចនេះយើងគួរគប្បីទទួលទានវាឲ្យបានច្រើន ហើយណែនាំ និងចែករំលែកចំណេះដឹងមួយនេះដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនអ្នក ជាកត្តាមួយដែលនាំប្រជាជនយើងមានសុខភាពល្អគ្រប់ៗគ្នា។ ឯកសារយោង 1.    http://www.medicalnewstoday.com/articles/266765.php 2.    https://en.wikipedia.org/wiki/Broccoli អត្ថបទដោយ ៖ មួង ពេជ្រចិន្តា និស្សិតផ្នែកឱសថសាស្រ្ដឆ្នាំទី៣ នៃសាកលវិទ្យាល័យ ន័រតុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»?  តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប  និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ… មូលហេតុដែលសម្រេចចិត្តយកជំនាញឆ្មប ដោយសារការស្រលាញ់តាំងពីក្មេង ជាពិសេសចង់ជួយស្ត្រីមានផ្ទៃមានពោះឲ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជួយពួកគាត់ឲ្យយល់ពីសេវាសុខាភិបាលនាពេលបច្ចប្បន្ន ដើម្បីកុំឲ្យមានជំនឿលើធ្មបបុរាណ និងអបិយជំនឿរច្រើនពេក។  លក្ខណៈពិសេសនៃការសិក្សាផ្នែកឆ្មប វាមានភាពខុសប្លែកពីជំនាញផ្សេងដោយសារឆ្មប គឺត្រូវស្ថិតនៅក្បែរស្ត្រីជាម្តាយច្រើនជាងអ្នកផ្សេងបន្ទាប់ពីគ្រួសាររបស់ពួកគាត់ ជាពិសេសនៅពេលសម្រាល ។ នៅពេលដែលមានបញ្ហា ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមករកឆ្មបមុនគេ ដើម្បីជួយឲ្យធូរស្រាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។  លក្ខណៈសម្បតិ្ដដែលនិស្សិតឆ្មបគួរមាន ដើម្បីទទួលបានជោគជ័យ មិនខុសគ្នាពីមុខវិជ្ជាផ្សេងប៉ុន្មាននោះទេ តែអ្វីដែលចាំបាច់នោះគឺ ត្រូវមានភាពអំណត់អត់ធ្មត់។ ក្រៅពីការប្រឹងប្រែងរៀនសូត្រ និងបំពេញកិច្ចការងារ និស្សិតឆ្មបត្រូវអត់ទ្រាំ ព្រោះពេលខ្លះ មិនបានគេងគ្រប់គ្រាន់ទេនៅពេលយប់បើសិនជាចំវេនយាម។ ម្យ៉ាងទៀត បើថ្ងៃខ្លះ ត្រូវជួបជាមួយនឹងអ្នកជំងឺអុកឡុកទៀត គឺរឹតតែត្រូវទ្រាំ។ ឧបសគ្គចម្បងនៃការសិក្សាជំនាញនេះ  -ត្រូវច្បាស់ថាខ្លួនឯងអាចជួយស្ត្រីមានផ្ទៃពោះម្នាក់នោះពីគ្រោះថ្នាក់ដែរឬទេ ? បើសិនជាអាច គឺ ជួយដោយវិធីណា?  -បន្ទាប់ពីសម្រាលកូនហើយ តើផ្លូវចិត្តស្ត្រីបានប្រសើរឡើងវិញហើយឬនៅ ?  សំណួរទាំងនេះហើយដែលតែងតែផុសនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយវាក៏ជាឧបសគ្គដែរ ហើយខ្ញុំអាចជំនះវាបានដោយការខំប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យនោះឯង  ដោយព្យាយាមត្រងត្រាប់ស្តាប់ និងសង្កេតមើលពីសកម្មភាពរបស់បុគ្គលិកទាំងនោះថាតើមានអ្វីខ្លះដែលគួរប្រព្រឹត្តតាម ហើយអ្វីខ្លះដែលមិនគួរ? ការងារដែលនិស្សិតឆ្មបអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចធ្វើការតាមគ្លីនិកឯកជន ក្រុមហ៊ុន និងអង្គការផ្សេងៗជាច្រើន ហើយបើសិនជាអាចប្រលងក្របខ័ណ្ឌចូលបម្រើការងាររដ្ឋកាន់តែប្រសើរ ។  ឆ្នាំដែលសប្បាយ និងពិបាកជាងគេ ឆ្នាំសិក្សាដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺគ្មានទេ ព្រោះគ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ដោយសារមានមិត្តភក្ដិ រួមថ្នាក់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនដែលឈ្លោះគ្នានោះទេ។ ចំណែកឆ្នាំដែលពិបាកបំផុត គឺឆ្នាំដំបូង ដែលត្រូវរៀនពាក្យបច្ចេកទេសថ្មីៗជាច្រើនដែលមិនធ្លាប់ស្គាល់ ឬលឺពីមុនមក ជាពិសេសវាជាភាសាបរទេសទៀតផង។ ឈានចូលដល់ឆ្នាំទី៤ គឺរឹតតែពិបាក ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ រួមមាន ត្រូវទៅស្ដារនៅពេទ្យផង ធ្វើសារណាផង ត្រៀមប្រលងចេញផង  ហើយសំនួរមិនតិចទេ ថែមទាំងមានប្រលង អនុវត្តជំនាញតិចនិកទៀតផង… អត្ថន័យនៃការងារជាឆ្មប ការងារ ឬអាជីពនេះពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ  ព្រោះវាបានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើនទាក់ទងនឹងស្ត្រី មិនថាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទនោះទេ ដែលសុទ្ធតែមានសារសំខាន់សម្រាប់ជីវិតរបស់មនុស្សទូទៅ។ ហើយខ្ញុំក៏អាចដឹងថាស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវការអ្វី? ចូលចិត្តអ្វី? ហើយអ្វីដែលល្អសម្រាប់គាត់?។ ខ្លះៗអំពីឆ្មប «ឆ្មប ចូលចិត្តប្រើពាក្យសម្តីអសុរោះ» ទាក់ទងនឹងសម្ដីអសុរោះ វាអាចជាការពិត ហើយក៏អាចជារឿងមិនពិតដែរ ព្រោះសម្ដីមិនល្អភាគច្រើនលេចលឺពីឆ្មបចាស់ៗ ដោយសារតែពួកគាត់ហត់ពេក មានអ្នកជំងឺច្រើន មិនបានគេងគ្រប់គ្រាន់ ឬដោយសារកត្តាចរិតលក្ខណៈរបស់បុគ្គលជាដើម ។ ដោយឡែក ក៏នៅមានឆ្មបមួយចំនួនដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានវិជ្ជាជីវៈជាគ្រូពេទ្យម្នាក់ដែរ ហើយយើងមិនអាចយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់នោះទេ។  «ការងារឆ្មប គ្រាន់តែបង្កើតកូនឲ្យគេតែប៉ុណ្ណោះ» មិនពិតនោះទេ ពួកគាត់មានតួនាទីថែទាំស្ត្រី អប់រំចាប់តាំងពីមិនទាន់មានផ្ទៃពោះរហូតដល់សម្រាលរួច ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ដោយត្រូវធ្វើការអប់រំអំពីចំណុចគួរយល់ដឹងជាច្រើនរួមមានដូចជា របបអាហារ បែបបទនៃការរស់នៅ សុខភាពផ្លូវភេទ ផ្លូវចិត្ត និងរឿងជាច្រើនទៀត។  សំណូមពរ និងសារជូនដល់មិត្តអ្នកអាន -អ្នកអាចស្អប់ចំពោះអ្នកដែលប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យដាក់អ្នក តែសូមកុំស្អប់ ឬរិះគន់មនុស្ស ឬពេទ្យដែលល្អ សូមមេត្តាប្រើគំនិតបែបត្រិះរិះវិនិច្ឆ័យដោយប្រើវិចារណញាណខ្លូនឯង។  ពិតជាសូមចិត្តកុំចេះតែហៃអើតាមគ្នា ឃើញគេជេរ  ក៏ជេរតាមគេ ហើយខ្ញុំសូមអ្នកគិតថា «គ្រប់ការងារទាំងអស់មិនថាវិស័យណានោះទេ គឺតែងតែមានមនុស្សល្អ និងអាក្រក់ជានិច្ច» ។  -បើបងប្អូនសិស្សនិស្សិតដែលមានបំណងចង់ចូលរៀនមុខជំនាញនោះ  ឬមុខជំនាញផ្សេងក៏ដោយ សូមបងប្អូនពិចារណាថា «តើប្អូនស្រលាញ់ដោយខ្លូនឯង ឬឪពុកម្ដាយបង្ខំ?»។ បើប្អូនស្រលាញ់ជំនាញនេះ គឺត្រូវប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តនៅមន្ទីរពេទ្យឲ្យបានខ្ជាប់ខ្ជួន ព្រោះការរៀនជំនាញនេះ បើមិនទៅធ្វើ គឺមិនចេះនោះទេ។ ជាចុងបញ្ចប់ សូមជួយប្រើប្រាស់ភាសា កាយវិការ និងឥវិយាបថឲ្យល្អ ដើម្បីឲ្យអ្នកជំងឺ ក៏ដូចជាស្ត្រីមានផ្ទៃពោះមានការទុកចិត្តមកលើយើង និងលុបបំបាត់ពាក្យថា«ពេទ្យឆ្មប សម្ដីមិនល្អ»។ល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរបេងជាជំងឺឆ្លង និងបង្កដោយមេរោគឈ្មោះ mycobacterium tuberculosis (complex)។ ក្នុងប្រទេសកម្ពុជាផងដែរ ជាប្រទេសដែលមានអត្រាកើតជំងឺនេះខ្ពស់នៅទ្បើយ គឺលើសពី 300នាក់ ក្នុងចំណោមប្រជាជន100 000នាក់ក្នុង1 ឆ្នាំ។ ការចម្លងរោគរបស់ជំងឺរបេង ជំងឺរបេងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើមស្រូបយកកំហាកមានផ្ទុកមេរោគរបេង ដែលក្អកចេញពីអ្នកជំងឺរបេងសួត។ រោគសញ្ញារបស់ជំងឺរបេង  អ្នកជំងឺរបេងសួតអាចមានរោគសញ្ញារ៉ាំរ៉ៃច្រើនអាទិត្យទៅរហូតដល់រាប់ខែដូចជា៖  •ក្អកមានកំហាក  •ក្ដៅខ្លួនស្រៀវស្រាញ  •បែកញើសពេលយប់  •ឬចុះស្គមរីងរៃជាដើម មេរោគរបេងភាគច្រើនងាយបង្កលើមនុស្សមួយចំនួនដូចជាៈ •អ្នកមានជំងឺរីងរៃប្រចាំកាយ •អ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ •អ្នកមានជីវភាពរស់នៅខ្សត់ខ្សោយ ការប្រឈមរបស់អ្នកជំងឺទឹកនោមផ្អែម គេបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យក្នុងការប្រឈមនឹងជំងឺរបេង 3 ទៅ 6 ដងលើសមនុស្សមិនមានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយអ្នកជំងឺទឹកនោមផ្អែមគួរមានការប្រុងប្រយ័ត្ន និងស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យក្នុងករណីសង្ស័យ(ក្អកមានកំហាក រ៉ាំរ៉ៃក្ដៅខ្លួនស្រៀវស្រាញ បែកញើសពេលយប់ ចុះស្គមរីងរៃ)។ ការការពារចៀសផុតពីការឆ្លងជំងឺរបេង  វិធីសាស្រ្តការពារសាមញ្ញគឺ ឲ្យអ្នកជំងឺរបេងសួតដែលពុំទាន់បានទទួលការព្យាបាលត្រឹមត្រូវ និងគ្រប់គ្រាន់ រស់នៅក្នុងបន្ទប់ដាច់ដោយឡែក និង ប្រើប្រាស់ mask ឬកន្សែងខ្ទប់មាត់ពេលក្អក ហើយអ្នកដែលនៅជុំវិញក៏ចាំបាច់ត្រូវប្រើប្រាស់mask ដើម្បីការពារផងដែរ។ លើសពីនេះសំរាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺ និងកាត់បន្ថយផងដែរនូវហានិភ័យក្នុងការបង្កឲ្យមានជំងឺរបេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សាកល្បងចំណាយពេលត្រឹម ១នាទី ក្រឡេកមើលក្រចកដៃ ឬក្រចកជើងរបស់អ្នក តើវាមើលទៅមានសុខភាពល្អ ឬអត់? តើអ្នកមានឃើញស្នាមឆ្នូត អុជៗ លើក្រចកមានពណ៌ ឬរូបរាងខុសពីធម្មតា? យ៉ាងហោចណាស់ លក្ខខណ្ឌដែលបានរៀបរាប់ខាងលើអាចត្រូវបានកាត់បន្ថយ ឬបំបាត់តាមរយៈការថែរក្សាត្រឹមត្រូវ។ តាមរយៈហេលស៍ថាម ថ្ងៃនេះនឹងបង្ហាញលោកអ្នកអំពីចំណុចនានាជុំវិញក្រចកមានសុខភាពល្អ៖ ក្រចកបែបណាទើបអាចនិយាយបានថាគ្មានបញ្ហា? ម្នាក់ៗហាក់ពុំសូវចាប់អារម្មណ៍ គិតត្រឹមតែថាក្រចកស វែង គ្មានដីគឺគ្មានបញ្ហាហើយ។ យ៉ាងណាមិញ ពាក្យថាក្រចកមួយម៉ាត់គឺផ្គុំដោយស្រទាប់ជាតិប្រូតេអ៊ីនស្តើង ហៅថាគេរ៉ាទីន លូតលាស់ពីទីតាំងខាងក្រោមក្រចក ក្រោមសាច់គែមក្រចក ហើយក្រចកដែលមានសុខភាពល្អគឺរលោង គ្មានខូង មានទម្រង់ជាពណ៌ធម្មជាតិ មានស្ថេរភាព និងគ្មានចំណុចខុសប្រក្រតី។ ម៉្យាងទៀតអ្នកត្រូវតែគ្មាននូវសញ្ញាដូចខាងក្រោម៖ • ក្រចកមានការប្តូរពណ៌ខុសធម្មតា ដូចជាទៅជាស្លេក ឬខ្មៅ នៅក្នុង ឬក្រោមនៃក្រចក • ប្តូររូបរាងក្រចក ដូចជារាងទឹករលក • ក្រចកស្តើង ឬក្រាស់ជាងធម្មតា • ក្រចកហាក់មិនជាប់ជាមួយស្បែកជុំវិញ • មានឈាមជុំវិញក្រចក • ហើម ឬឈឺចាប់ជុំវិញក្រចក។ ៥ ចំណុចដែលលោកអ្នកមិនគួរភ្លេច ដើម្បីថែរក្សាក្រចកឲ្យល្អបំផុត៖ • រក្សាអនាម័យជាប្រចាំ៖ បាក់តេរី ឬមីក្រុបមួយចំនួននឹងជ្រាបចូលតាមរយៈក្រចកក្នុងរាល់ពេលអ្នកកាត់ក្រចកឬសាច់ជុំវិញក្រចកដូចនេះអ្នកត្រូវប្រាកដថាបានសម្លាប់មេរោគលើកន្ត្រៃមុននឹងប្រើ។ ម៉្យាងការរក្សាឲ្យដៃរបស់អ្នកស្ងួតជានិច្ចក៏ជាវិធីសាស្រ្តមួយអាចការពារពីការលូតលាស់របស់បាក់តេរី នៅផ្នែកខាងក្រោមក្រចកដៃរបស់អ្នកបានដែរ។ អ្វីដែលអ្នកមិនគួរភ្លេចនោះគឺការពាក់ស្រោមដៃជាប្រចាំ នៅពេលអាកាសធាតុត្រជាក់ខ្លាំង ក្តៅខ្លាំង ពេលលាងចាន បោកសម្លៀកបំពាក់ ឬករណីដែលក្រចកអ្នកត្រូវប៉ះជាមួយសារធាតុគីមីដោយផ្ទាល់។ • កាត់តម្រឹម និងលាបថ្នាំក្រចក៖ វាពិតជាចាំបាច់ណាស់ពិសេសសម្រាប់លោកអ្នកដែលមានក្រចកទន់ ព្រោះវាងាយបាក់កាលណាវាវែង ហើយការលាបថ្នាំក្រចកជាប្រចាំអាចធ្វើឲ្យក្រចកអ្នករឹងបានមួយកម្រិតផងដែរ។  សូមបញ្ជាក់ថា ការកាត់តម្រឹមក្រចក ក៏ត្រូវបានណែនាំសម្រាប់គ្រប់សភាពក្រចកផងដែរ មិនថាក្រចករឹង ឬទន់នោះទេ។ • ផ្តល់សំណើម៖ មិនត្រឹមតែស្បែកទេដែលត្រូវការសំណើមក្រចករបស់អ្នកក៏ដូចគ្នា ដូចនេះពេលអ្នកលាបឡូសិនដៃរបស់អ្នក កុំភ្លេចលាបលើក្រចក និងសាច់ក្នុងក្រចកផងដែរដើម្បីឲ្យក្រចកដៃអ្នកមើលទៅភ្លឺរលោងស្រស់ស្អាត។ បន្ថែមពីនេះលោកអ្នកក៏គួរតែការពារវាផងដែរដើម្បីឲ្យក្រចករឹងល្អ និងចៀសពីបញ្ហាខាងលើបានមួយកម្រិតទៀត។ • របបអាហារត្រឹមត្រូវ៖ ពិតជាសំខាន់ខ្លាំងណាស់ដែលគ្រូពេទ្យមួយចំនួនបានណែនាំឲ្យញ៉ាំអាហារដែលសម្បូរដោយវីតាមីននិងអាហារបំប៉នដូចជាបីយ៉ូទីន វីតាមីនអ៊ី និងខ្លាញ់ត្រីជាប្រចាំ។ ពិសេសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូចជាសណ្តែកសាច់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួនរួមផ្សំ និងបន្លែបៃតងនឹងជួយឲ្យក្រចកអ្នករឹងមាំនិងមានអនាម័យស្អាត។ • រក្សាឲ្យក្រចកបានសម្រាក៖ ទោះបីការលាបក្រចកធ្វើឲ្យក្រចកអ្នកស្រស់ស្អាត និងរឹងល្អយ៉ាងណាក៏ដោយ វាតែងតែមានកម្រិតក្នុងការប្រើប្រាស់ដែរ។ សូម្បីតែលោកអ្នកត្រូវការសម្រាក ដូច្នេះអ្នកត្រូវទុកពេលឲ្យក្រចកអ្នកបានសម្រាក ដើម្បីធ្វើការជួសជុល  យ៉ាងហោចណាស់ក៏មួយអាទិត្យ រួមជាមួយនឹងការថែរក្សាខាងលើលោកអ្នកក៏ត្រូវទាមទារឲ្យបញ្ឈប់ទម្លាប់មិនល្អមួយចំនួនទៀតដូចជា៖ • ខាំក្រចកដៃ ឬសាច់គល់ក្រចក៖ ទម្លាប់ទាំងនេះអាចបំផ្លាញបន្ទះក្រចកអ្នកទាំងមូលរឹតតែអាចប៉ះពាល់ដល់ធ្មេញរបស់អ្នកទៀតផង។ ម៉្យាងក្នុងទឹកមាត់មានអង់ស៊ីមដែលធ្វើឲ្យក្រចកអ្នកខ្សោយ ទន់ និងងាយបាក់។ ទោះបីការប៉ះពាល់តិចតួចក៏ដោយ ក៏វាជាហេតុអាចឲ្យបាក់តេរី ឬពពួកផ្សិតជ្រៀតចូលបាននិងបង្កជាជំងឺផ្សេងៗ។ • ហាមប្រើទឹកលាងក្រចកញឹកញាប់ពេក៖ លោកអ្នកគួរព្យាយាមកាត់បន្ថយការប្រើទឹកលាងក្រចក ឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន ហើយគួរកុំឲ្យវាប៉ះផ្ទាល់ជាមួយសាច់គែមក្រចកពេលអ្នកលាង។ គួរជ្រើសរើសប្រភេទទឹកលាងក្រចកដែលគ្មានផ្ទុកអាសេតូន (Aceton-free) ព្រោះវាធ្វើឲ្យក្រចកអ្នកកាន់តែស្ងួត។ • ហាមប្រើផលិតផលរក្សាក្រចកដែលមានផ្ទុកToluene or Formaldehyde៖ ដោយសារសារធាតុទាំងនោះធ្វើឲ្យមានគ្រោះថ្នាក់ដល់សាច់ក្រចក រួមទាំងរាងកាយរបស់អ្នកផងដែរទោះក្នុងបរិមាណតិចតួចក៏ដោយដូចនេះអ្នកត្រូវពិនិត្យមើលឲ្យច្បាស់មុននឹងជ្រើសរើសផលិតផលទាំងនោះ។ • កុំកាត់ក្រចកដល់គល់ពេក៖ ទោះបីមានការណែនាំឲ្យកាត់ក្រចកជាប្រចាំក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមិនកាត់រហូតដល់គល់ រឹតតែមិនត្រូវកាត់សាច់គែមក្រចក ព្រោះទម្លាប់នេះអាចបង្ករោគផ្សេងៗដោយងាយ តាមរយៈការឆ្លងមេរោគ។ • កុំប្រើប្រាស់ក្រចកខុសបច្ចេកទេស៖ យ៉ាងណាក៏ដោយ ហាមដាច់ខាតការដែលអ្នកជំនួសឧបករណ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីទប់កោស កាត់ ឆ្កឹះ ឬកេះ ព្រោះវាអាចបំផ្លាញក្រចករបស់អ្នក ទាំងដោយផ្ទាល់ និងមិនផ្ទាល់ រួមទាំងបង្ករោគដោយមិនដឹងខ្លួន។ បើទោះជាក្រចករបស់អ្នកមានគ្រប់លក្ខខណ្ឌក្រចកមានសុខភាពល្អដូចបានរៀបរាប់ខាងលើហើយក៏ដោយ…សំខាន់គឺអ្នកត្រូវធ្វើការថែរក្សាវាឲ្យស្ថិតនៅក្នុងស្ថានភាពនេះរហូតទៅ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖ ·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើតប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។ ·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។ ·ជាឱសថសម្រាប់បេះដូង ៖ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។  ·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។ ·ជំនួយដល់អាការៈឈឺក្បាល ៖ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។ ·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។ ·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។ ·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។ ·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈវិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។ ·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។ ·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេងនឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។ ·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១៧-២០ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ត្រាលី ដើម្បីពិនិត្យ ព្យាបាលជូនស្ត្រីដែលមានជំងឺ ឬ បញ្ហាដូចមានរាយខាងក្រោមនេះ ៖ -ពិគ្រោះ និងពិនិត្យជំងឺស្រុតសរីរាង្គ -វះកាត់ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម និងស្រុតទ្វារលាមក -វះកាត់ជំងឺហៀរទឹកនោមតាមទ្វារមាស -វះកាត់ជំងឺហៀរលាមកតាមទ្វារមាស -វះកាត់ជំងឺមិនមានទ្វារមាសពីកំណើត -វះកាត់ជំងឺខ្សោយសាច់ដុំបង្ហូរនោម ដូចលេចទឹកនោមនៅពេលសើច រឺក្អក ចំពោះស្ត្រីដែលមានបញ្ហាដូចខាងលើនេះសូមមេត្តាមកទទួលការព្យាបាលដោយឥតគិតថ្លៃ នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជាយើង អាស្រ័យហេតុនេះ សូមប្រជាពលរដ្ធទាំងអស់ជ្រាបជាព័ត៌មាន។  កាលបរិច្ឆេទ ៖ ទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧  ទីតាំង ៖ នៅអាគារផ្នែករោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  លេខទំនាក់ទំនង ៖  012 666 226 /093 522 225 /012 410 344 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសការងាររបស់ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ (Sunrise Japan Hospital Phnom Penh) បានឲ្យដឹងថា មន្ទីរពេទ្យកំពុងត្រូវការបុគ្គលិកជាច្រើនរូបដែលមានឆន្ទៈមុតមាំក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ក្នុងមុខតំណែងដូចខាងក្រោម ៖ 1.    Physical Therapist (1 position) 2.    Ambulance Crew (2 positons) 3.    Medical Doctor (1 positon) 4.    Radio Technician (1 positon) 5.    Customer service (4 positons) 6.    Nurse (12 positons) សម្រាប់អ្នកមានចំណាប់អារម្មណ៍ សូមធ្វើការផ្ញើទៅកាន់ jobs@time-media.com  នូវឯកសារសំខាន់៣រួមមាន៖ 1.    Cover letter 2.    CV 3.    Certificates លោកអ្នកក៏អាចអានអំពីលក្ខខណ្ឌត្រូវការរបស់មន្ទីរពេទ្យនៅក្នុងសេចក្តីប្រកាសរបស់មន្ទីរពេទ្យផ្ទាល់ សេចក្តីប្រកាសការងារ... សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងផ្នែកធនធានមនុស្ស ទូរស័ព្ទលេខ ៖ 023 432 669 គេហទំព័រ ៖ www.sunrise-hs.com ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅចូលរួមអនុវត្តវិធានការបង្ការជំងឺ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីបញ្ហាសុខភាពដូចជា ឈឺពោះ ក្អួត រាករួស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យស្អាត ឬមានគ្រោះថ្នាក់ចរាចរដោយការបើកបរធ្វេសប្រហែស ឬការដួលសន្លប់ក្នុងពេលដើរកំសាន្ត។  ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើណែនាំនូវវិធានការសាមញ្ញាការពារសុខភាពដែលមានដូចខាងក្រោម ៖ ១ ការពុលចំណីអាហារ ៖  បណ្តាលមកពីការបរិភោគចំណីអាហារមិនស្អាត ចម្អិនមិនបានឆ្អិនល្អ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។ ដើម្បីចៀសផុតពីការពុលចំណីអាហារនេះ ដែលភាគច្រើនបណ្តាលមកពីការៀបចំទុកដាក់អាហារមិនមានអនាម័យ ឬចម្អិនមិនបានល្អ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺគ្រប់គ្នាៗចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដោយ៖ -អនុវត្តអនាម័យចំណីអាហារល្អ  -លាងសម្អាតចំណីអាហារ និងសម្ភារៈសម្រាប់ចម្អិនឲ្យបានត្រឹមត្រូវមុនពេលចម្អិន ឬមុនពេលបរិភោគ  -រក្សាសុវត្ថិភាពចំណីអាហារជានិច្ចដោយរក្សាទុកដាក់ត្រឹមត្រូវ និងចម្អិនអាហារឲ្យបានឆ្អិនល្អ  -កុំពិសារសាច់ឆៅ ឬអាហារដែលមិនឆ្អិនល្អ ឬអាហារដែលទុកយូរ  -ពិសាទឹកឆ្អិន ឬទឹកស្អាត ឬទឹកបរិសុទ្ធ -លាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងឲ្យបានញឹកញាប់ -បន្ទោរបង់នៅតាមកន្លែងដែលមានបង្គន់អនាម័យ -ចោលសំរាមក្នុងធុងសំរាម។ ២ ការពិសាគ្រឿងស្រវឹង ៖  ចំពោះមនុស្សពេញវ័យទាំងអស់ សូម៖ -ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅក្នុងកម្រិតតិចតួច -ហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន  -បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់បើកបរ -កុំពិសាគ្រឿងស្រាដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ  -ករណីមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យព្យាបាល និងជួយសង្គ្រោះជាបន្ទាន់នៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ឬទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ៣ ការប្រជ្រៀតគ្នា និងការដួលសន្លប់ ៖  ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលចូលរួម ឬដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យខាងលើ សូម៖ -កុំឈរ ឬអង្គុយប្រជ្រៀតក្នា ដែលធ្វើឲ្យមានសភាពថប់ណែន(ត្រូវទុកកន្លែងឲ្យទូលាយបន្តិច ឬឲ្យមានខ្យល់ចេញចូលបាន) -ប្រសិនបើមានអាការៈសុខភាពមិនប្រក្រតី ដូចជាវិលមុខ ស្រវាំងភ្នែក ស្អាបច្រើនដង បែកញើសខុសធម្មតា ឬថប់ៗ សូមអង្គុយចុះ ហើយឆាប់រកភ្នាក់ងារសន្តិសុខ ឬបុគ្គលិកសុខាភិបាល ដើម្បីទទួលបាននូវការព្យាបាលបានទាន់ពេលនៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ដែលមានទីតាំងនៅជិតពិធី។ ដើម្បីការពារអ្នក និងក្រុមគ្រួសារ សូមប្រជាពលរដ្ឋទាំងអស់អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ហើយក្រសួងសុខាភិបាលក៏សូមជូនពរឲ្យមានសុខភាពល្អ សប្បាយរីករាយ ក្នុងដំណើរកំសាន្តទៅទីជិតឆ្ងាយ។ សម្រាប់ព័ត៌មានបន្ថែម ៖ លោកវេជ្ជ. លី សូវ៉ាន់ ០១២ ៨២៥ ៤២៤ ប្រភព ៖ គេហទំព័រផ្លូវការនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជួបដំបូង ក៏ចាំមុខមាត់ រូបរាង និងសំឡេងរបស់គេច្បាស់បែបនេះទៅហើយ…និយាយតាមត្រង់ចុះថា មិនធ្លាប់បែបនេះពីមុនមកនោះទេ ប៉ុន្តែសំឡេងរបស់គេហ្នឹងដូចជាធ្លាប់លឺនៅទីណាទេ… កំពុងគិតៗ សិស្សប្អូនក៏ចូលមកតែម្តង មិនទាន់បាននិយាយអីផង ពួកគេក៏ចាប់ផ្តើមបង្អាប់បាត់ទៅហើយ «លោកគ្រូ! ញញឹមញញែមខ្លាំងម្ល៉េះ? ហើយមុនហ្នឹង ឃើញចែស្អាតណាដើរចេញពីបន្ទប់ទៅ? ក្រែងថ្ងៃនេះ មិនពិនិត្យជំងឺណាហី?» «អ្នកជំងឺជូនម៉ាក់មកច្រឡំបន្ទប់ហ្នឹងណា…» «ចែហ្នឹង ដូចជាធ្លាប់ឃើញនៅណាទេ ដឹងតែធ្លាប់ជួបមុនហ្នឹង» «មែនក៏អី? នៅណា?» «នុះ!នុះ! ហើយឡើងចង់ដឹងចឹងហ្មង លោកគ្រូ?» «បានហើយ!!!តោះ! ចូលសាច់ការណ៍យើងវិញ…» «និយាយត្រូវចំណុចតិចតួច ក៏ធ្វើចឹងទៀតហើយ…» --------------------- ក្មេងៗឡើងមិនយល់ចិត្តចាស់អីបន្តិចសោះចឹងហ្មង? គ្រូពេទ្យក៏មានបេះដូង ចង់មានស្នេហាដែរតើ… ក្រោយពីបញ្ចប់ការងារ ក៏ប្រញាប់ត្រឡប់ទៅផ្ទះព្រោះជាថ្ងៃខួបកំណើតក្មួយស្រីសំណព្វចិត្តផង។ បើខកខានហ្នឹង ដឹងតាងរ មិនព្រមនិយាយរកនរណាទៀតហើយ…សំណាងហើយ! ទៅដល់់ទាន់ពេលកាត់នំនោះ ហើយគ្រាន់តែឃើញដៃកាន់តុក្កតាចូលទៅ ស្រីតូចPanda ក៏រត់មកទាញយកពីដៃដោយមិនខ្លាចចិត្តតែម្តង តែក៏មិនភ្លេចអរគុណលោកពូគួរឲ្យស្រលាញ់ម្នាក់នេះឡើយ… កម្មវិធីសប្បាយៗក៏បានបញ្ចប់ដោយរីករាយ!!!ដល់ម៉ោងPersonal spaceម្តងហើយ…ជាទូទៅ យប់ដែលមិនយាមបែបនេះ តែងតែហៅក្លើទៅPub ស្តាប់ចម្រៀងលេងហើយ តែថ្ងៃនេះមិនទៅ ក៏ព្រោះតែចាំស្តាប់កម្មវិធីពិសេសរបស់crush XD។ តែក៏បានត្រឹមតែស្តាប់សំឡេងដ៏ពិរោះ និងមានទឹកដមហ្នឹងឯង ព្រោះថាគេម្នាក់ហ្នឹងlive វីដេអូដែរ តែមិនចេញមុខ គឺមានតែផ្ទាំងbackgroundប្លែកៗ (តែសុទ្ធតែមានសិល្បៈ និងអត្ថន័យ …លឺថាជាស្នាដៃរបស់គេទៀតផង)… ស្តាប់តែសំឡេង ក៏អាចលង់ស្នេហ៍ដែរណា៎!!! មិនមែនលំៗទេ…ទម្រាំបានជួបមុខទៀត មិនដឹងយ៉ាងណាទេ…ហើយថ្ងៃនេះ អីក៏សំណាងម្ល៉េះទេ…គេលេងស្ទីលsurprising game(លក្ខណៈដូចsurprising quizនៅសាលាចឹងណា៎) ចៃដន្យអី សួរប៉ះអ្វីចេះល្មម ហើយក៏ត្រូវបានរង្វាន់ទៀត!!! និស្ស័យឲ្យច្បាស់ក្រឡែត…ថ្ងៃសៅរ៍នេះ ពេលទៅបើករង្វាន់ សង្ឃឹមថានឹងបានជួបគ្នាទៅចុះ… «បើមាននិស្ស័យ គង់មានថ្ងៃបានជួបគ្នា ;)» ចាំអង្កាល់ ចាំផុស? ហើយគ្រាន់តែប៉ុណ្ណឹងសោះ សិស្សប្អូនដែលដឹងរឿងខ្លះៗនោះ ក៏ចាប់ផ្តើមលើកទ័ពមកcommentពេញហ្នឹង…ក្មេងៗចិត្តបានពេកហើយ!!!អត់ទុកពេលឲ្យបងនេះ បានរំសាយអារម្មណ៍ឲ្យសុខស្រួលអីបន្តិចសោះ។ ផុសលើកក្រោយ ទាល់តែexceptចេញឲ្យអស់បានបានមើលទៅ សង្ឃឹមថានឹងបានជួបcrushលើកដំបូងឆាប់ៗនេះទៅចុះ…  អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ១)

ចែករំលែក

អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ  ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក    ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។ អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ?    ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ? 1.ជំងឺផ្តាសាយ៖ អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។ ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖ •បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។ •សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។ 2.ការមករដូវ៖ វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។   ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖ •ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។ •ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។ •ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់  ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ 3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖ ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។ អ្វីដែលគួរធ្វើគឺ៖ •គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។ •បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។ 4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖ អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។ ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។ អ្វីគួរធ្វើ៖ •ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។ •ញ៉ាំបន្លែ  និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។ មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សុខភាពល្អ អ្នកណាក៏ប្រាថ្នាចង់បាន ឯការហាត់ប្រាណវិញ នរណាៗក៏ប្រាថ្នាថានឹងធ្វើមើលតែរាងក៏ដឹងដែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានព្រលឹងទៅៗហើយ…ប៉ុន្តែ ថាទៅក្លឹបហាត់ប្រាណក៏ខ្ជិល ទិញឧបករណ៍មកហាត់ប្រាណខ្លួនឯងនៅផ្ទះក៏ត្រូវមានច្រើនមុខ ពេលខ្លះ ពិបាកដែរក្នុងការទិញឲ្យគ្រប់តាមតម្រូវការ។ ចុះបើមិនបាច់ទិញក៏មាន ហើយហាត់ប្រាណនៅផ្ទះអារម្មណ៍ដូចនៅក្លឹបហាត់ប្រាណវិញនោះ អស្ចារ្យយ៉ាងណាទៅ…តាមដាន អំពីឧបករណ៍ហាត់ប្រាណដែលអ្នកអាចបង្កើតដោយខ្លួនឯងបាន (DIY)៖ • សម្ភារៈជំនួសការធាក់កង់ កង់ដែលឈប់ប្រើទៅហើយ កុំទុកចោលនាំតែចង្អៀតផ្ទះធ្វើអ្វី យកមកច្នៃជាកង់ដែលនៅនឹងមួយកន្លែងសម្រាប់ធាក់ហាត់ប្រាណនៅផ្ទះមិនជាការល្អទេឬ? គ្រាន់តែដាក់កង់ក្រោយកុំប៉ះដល់ដី និងកំណត់ល្បឿនដូចកង់ធាក់ក្នុងក្លឹបហាត់ប្រាណទៅបានហើយ។ ការពិតទៅវាមានលក្ខណៈមិនសូវទំនើបប៉ុន្តែលោកអ្នកអាចប្រើវាបាន ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតផង។ • សម្ភារៈសម្រាប់ទាញ អ្នកធ្លាប់តែប្រើកន្សែងពោះគោសម្រាប់ជូតខ្លួន តែអ្នកដឹងទេថា វាក៏អាចជួយអ្នកក្នុងការហាត់ប្រាណបានដែរ។ ជាដំបូងអ្នកគ្រាន់តែកាន់វាជាមួយដៃទាំងពីរ ដើម្បីទប់លំនឹងដងខ្លួន បន្ទាប់មកធ្វើចលនាងើបចុះឡើងៗដូចអ្នកធ្លាប់ហាត់នៅក្នុងក្លឹបហាត់ប្រាណដូច្នេះដែរ។ • សម្ភារៈសម្រាប់គង ឬទប់លំនឹង កោអី ឬគ្រែរបស់អ្នក មិនត្រឹមតែសម្រាប់គេងនោះទេ វាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដោយមិនដឹងខ្លួន តាមរយៈការប្រើធ្វើជាឧបករណ៍សម្រាប់ធ្វើចលនាផ្សេងៗ ដូចជាពត់ដៃ ជើង ឬគងដៃ ជើង និងបត់បែនខ្លួនជាមួយវាជាដើម។ រីឯជញ្ជាំងផ្ទះវិញ អ្នកគ្រាន់តែឈរផ្កាប់មុខជាមួយវា ឬគេងផ្ទប់ជើងឡើងស្របតាមជញ្ជាំង ក៏ជាផ្នែកជួយដល់ចលនាឈាមរត់ដែរ។ • សម្ភារៈជំនួសម៉ាស៊ីនរត់ ផ្ទះនរណាក៏មានកាំជណ្តើរដែរ សាកប្រើវាធ្វើជាឧបករណ៍ហាត់ប្រាណរបស់អ្នកម្តងទៅមើល។  ងាយៗ អ្នកអាចរត់ ឬលោតតាមកាំជណ្តើរឡើងចុះ តែ២ ឬ៣ដង ក៏បែកញើសបាត់ទៅហើយ។   • សម្ភារៈជំនួសខ្សែលោត ខ្សែចងដែលអ្នកប្រើសម្រាប់ចងរបស់របរ មានទម្ងន់ធ្ងន់បន្តិច អ្នកក៏អាចយកវាមកជំនួសការទិញខ្សែលោតបាន គ្រាន់តែកាត់ខ្សែឲ្យល្មមនឹងកម្ពស់របស់អ្នក ដែលអាចលោតបានជាការស្រេច។ • សម្ភារៈជំនួសខ្សែយឺត ឬខ្សែទាញ វាជាប្រភេទឧបករណ៍ដែលសាមញ្ញ និងមានភាពងាយស្រួលក្នុងការអនុវត្ត ដោយលោកអ្នកអាចជ្រើសរើសយកខ្សែយឺតដូចជាកៅស៊ូរឹត ឬប្រភេទកៅស៊ូផ្សេងទៀតដែលផ្តល់ភាពយឺតបាន។ លោកអ្នកអាចប្រើវាដោយគ្រាន់តែដាក់២ ទៅ៣ជាន់ ដើម្បីកុំឲ្យងាយនឹងដាច់ អញ្ចឹង អ្នកអាចប្រើបានហើយ។ • សម្ភារៈដែលអាចជំនួសដុំដែក ការធ្វើលំហាត់ប្រាណនានាគួបផ្សំជាមួយការកាន់ដុំដែក គឺធ្វើឲ្យលំហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាពល្អ។ អ្នកអាចប្រើរបស់របរមួយចំនួនដើម្បីជំនួសវាបានដូចជា ដុំឥដ្ឋ សៀវភៅ ដបទឹកសុទ្ធចំនុះ ១លីត្រ ឬ២លីត្រ ឬច្នៃបាវខ្សាច់ដែលល្មមនឹងកាន់បាន។ ម្យ៉ាងទៀត អ្នកអាចជំនួសដោយដុំស៊ីម៉ង់ដែលអ្នកអាចកំណត់ទម្ងន់ដោយខ្លួនឯងបានក៏ជាការប្រសើរដែរ។ ឃើញទេ នៅផ្ទះអ្នកប្រាកដជាមានសម្ភារៈទាំងអស់នេះ សាកល្បងច្នៃហាត់ជាមួយគ្រួសាររបស់អ្នកល៎មើល មិនត្រឹមតែអាចសន្សំសំចៃថវិកាថែមទាំងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារថែមទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top