Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅចូលរួមអនុវត្តវិធានការបង្ការជំងឺ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីបញ្ហាសុខភាពដូចជា ឈឺពោះ ក្អួត រាករួស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យស្អាត ឬមានគ្រោះថ្នាក់ចរាចរដោយការបើកបរធ្វេសប្រហែស ឬការដួលសន្លប់ក្នុងពេលដើរកំសាន្ត។  ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើណែនាំនូវវិធានការសាមញ្ញាការពារសុខភាពដែលមានដូចខាងក្រោម ៖ ១ ការពុលចំណីអាហារ ៖  បណ្តាលមកពីការបរិភោគចំណីអាហារមិនស្អាត ចម្អិនមិនបានឆ្អិនល្អ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។ ដើម្បីចៀសផុតពីការពុលចំណីអាហារនេះ ដែលភាគច្រើនបណ្តាលមកពីការៀបចំទុកដាក់អាហារមិនមានអនាម័យ ឬចម្អិនមិនបានល្អ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺគ្រប់គ្នាៗចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដោយ៖ -អនុវត្តអនាម័យចំណីអាហារល្អ  -លាងសម្អាតចំណីអាហារ និងសម្ភារៈសម្រាប់ចម្អិនឲ្យបានត្រឹមត្រូវមុនពេលចម្អិន ឬមុនពេលបរិភោគ  -រក្សាសុវត្ថិភាពចំណីអាហារជានិច្ចដោយរក្សាទុកដាក់ត្រឹមត្រូវ និងចម្អិនអាហារឲ្យបានឆ្អិនល្អ  -កុំពិសារសាច់ឆៅ ឬអាហារដែលមិនឆ្អិនល្អ ឬអាហារដែលទុកយូរ  -ពិសាទឹកឆ្អិន ឬទឹកស្អាត ឬទឹកបរិសុទ្ធ -លាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងឲ្យបានញឹកញាប់ -បន្ទោរបង់នៅតាមកន្លែងដែលមានបង្គន់អនាម័យ -ចោលសំរាមក្នុងធុងសំរាម។ ២ ការពិសាគ្រឿងស្រវឹង ៖  ចំពោះមនុស្សពេញវ័យទាំងអស់ សូម៖ -ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅក្នុងកម្រិតតិចតួច -ហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន  -បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់បើកបរ -កុំពិសាគ្រឿងស្រាដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ  -ករណីមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យព្យាបាល និងជួយសង្គ្រោះជាបន្ទាន់នៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ឬទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ៣ ការប្រជ្រៀតគ្នា និងការដួលសន្លប់ ៖  ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលចូលរួម ឬដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យខាងលើ សូម៖ -កុំឈរ ឬអង្គុយប្រជ្រៀតក្នា ដែលធ្វើឲ្យមានសភាពថប់ណែន(ត្រូវទុកកន្លែងឲ្យទូលាយបន្តិច ឬឲ្យមានខ្យល់ចេញចូលបាន) -ប្រសិនបើមានអាការៈសុខភាពមិនប្រក្រតី ដូចជាវិលមុខ ស្រវាំងភ្នែក ស្អាបច្រើនដង បែកញើសខុសធម្មតា ឬថប់ៗ សូមអង្គុយចុះ ហើយឆាប់រកភ្នាក់ងារសន្តិសុខ ឬបុគ្គលិកសុខាភិបាល ដើម្បីទទួលបាននូវការព្យាបាលបានទាន់ពេលនៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ដែលមានទីតាំងនៅជិតពិធី។ ដើម្បីការពារអ្នក និងក្រុមគ្រួសារ សូមប្រជាពលរដ្ឋទាំងអស់អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ហើយក្រសួងសុខាភិបាលក៏សូមជូនពរឲ្យមានសុខភាពល្អ សប្បាយរីករាយ ក្នុងដំណើរកំសាន្តទៅទីជិតឆ្ងាយ។ សម្រាប់ព័ត៌មានបន្ថែម ៖ លោកវេជ្ជ. លី សូវ៉ាន់ ០១២ ៨២៥ ៤២៤ ប្រភព ៖ គេហទំព័រផ្លូវការនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជួបដំបូង ក៏ចាំមុខមាត់ រូបរាង និងសំឡេងរបស់គេច្បាស់បែបនេះទៅហើយ…និយាយតាមត្រង់ចុះថា មិនធ្លាប់បែបនេះពីមុនមកនោះទេ ប៉ុន្តែសំឡេងរបស់គេហ្នឹងដូចជាធ្លាប់លឺនៅទីណាទេ… កំពុងគិតៗ សិស្សប្អូនក៏ចូលមកតែម្តង មិនទាន់បាននិយាយអីផង ពួកគេក៏ចាប់ផ្តើមបង្អាប់បាត់ទៅហើយ «លោកគ្រូ! ញញឹមញញែមខ្លាំងម្ល៉េះ? ហើយមុនហ្នឹង ឃើញចែស្អាតណាដើរចេញពីបន្ទប់ទៅ? ក្រែងថ្ងៃនេះ មិនពិនិត្យជំងឺណាហី?» «អ្នកជំងឺជូនម៉ាក់មកច្រឡំបន្ទប់ហ្នឹងណា…» «ចែហ្នឹង ដូចជាធ្លាប់ឃើញនៅណាទេ ដឹងតែធ្លាប់ជួបមុនហ្នឹង» «មែនក៏អី? នៅណា?» «នុះ!នុះ! ហើយឡើងចង់ដឹងចឹងហ្មង លោកគ្រូ?» «បានហើយ!!!តោះ! ចូលសាច់ការណ៍យើងវិញ…» «និយាយត្រូវចំណុចតិចតួច ក៏ធ្វើចឹងទៀតហើយ…» --------------------- ក្មេងៗឡើងមិនយល់ចិត្តចាស់អីបន្តិចសោះចឹងហ្មង? គ្រូពេទ្យក៏មានបេះដូង ចង់មានស្នេហាដែរតើ… ក្រោយពីបញ្ចប់ការងារ ក៏ប្រញាប់ត្រឡប់ទៅផ្ទះព្រោះជាថ្ងៃខួបកំណើតក្មួយស្រីសំណព្វចិត្តផង។ បើខកខានហ្នឹង ដឹងតាងរ មិនព្រមនិយាយរកនរណាទៀតហើយ…សំណាងហើយ! ទៅដល់់ទាន់ពេលកាត់នំនោះ ហើយគ្រាន់តែឃើញដៃកាន់តុក្កតាចូលទៅ ស្រីតូចPanda ក៏រត់មកទាញយកពីដៃដោយមិនខ្លាចចិត្តតែម្តង តែក៏មិនភ្លេចអរគុណលោកពូគួរឲ្យស្រលាញ់ម្នាក់នេះឡើយ… កម្មវិធីសប្បាយៗក៏បានបញ្ចប់ដោយរីករាយ!!!ដល់ម៉ោងPersonal spaceម្តងហើយ…ជាទូទៅ យប់ដែលមិនយាមបែបនេះ តែងតែហៅក្លើទៅPub ស្តាប់ចម្រៀងលេងហើយ តែថ្ងៃនេះមិនទៅ ក៏ព្រោះតែចាំស្តាប់កម្មវិធីពិសេសរបស់crush XD។ តែក៏បានត្រឹមតែស្តាប់សំឡេងដ៏ពិរោះ និងមានទឹកដមហ្នឹងឯង ព្រោះថាគេម្នាក់ហ្នឹងlive វីដេអូដែរ តែមិនចេញមុខ គឺមានតែផ្ទាំងbackgroundប្លែកៗ (តែសុទ្ធតែមានសិល្បៈ និងអត្ថន័យ …លឺថាជាស្នាដៃរបស់គេទៀតផង)… ស្តាប់តែសំឡេង ក៏អាចលង់ស្នេហ៍ដែរណា៎!!! មិនមែនលំៗទេ…ទម្រាំបានជួបមុខទៀត មិនដឹងយ៉ាងណាទេ…ហើយថ្ងៃនេះ អីក៏សំណាងម្ល៉េះទេ…គេលេងស្ទីលsurprising game(លក្ខណៈដូចsurprising quizនៅសាលាចឹងណា៎) ចៃដន្យអី សួរប៉ះអ្វីចេះល្មម ហើយក៏ត្រូវបានរង្វាន់ទៀត!!! និស្ស័យឲ្យច្បាស់ក្រឡែត…ថ្ងៃសៅរ៍នេះ ពេលទៅបើករង្វាន់ សង្ឃឹមថានឹងបានជួបគ្នាទៅចុះ… «បើមាននិស្ស័យ គង់មានថ្ងៃបានជួបគ្នា ;)» ចាំអង្កាល់ ចាំផុស? ហើយគ្រាន់តែប៉ុណ្ណឹងសោះ សិស្សប្អូនដែលដឹងរឿងខ្លះៗនោះ ក៏ចាប់ផ្តើមលើកទ័ពមកcommentពេញហ្នឹង…ក្មេងៗចិត្តបានពេកហើយ!!!អត់ទុកពេលឲ្យបងនេះ បានរំសាយអារម្មណ៍ឲ្យសុខស្រួលអីបន្តិចសោះ។ ផុសលើកក្រោយ ទាល់តែexceptចេញឲ្យអស់បានបានមើលទៅ សង្ឃឹមថានឹងបានជួបcrushលើកដំបូងឆាប់ៗនេះទៅចុះ…  អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ១)

ចែករំលែក

អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ  ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក    ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។ អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ?    ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ? 1.ជំងឺផ្តាសាយ៖ អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។ ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖ •បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។ •សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។ 2.ការមករដូវ៖ វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។   ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖ •ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។ •ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។ •ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់  ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ 3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖ ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។ អ្វីដែលគួរធ្វើគឺ៖ •គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។ •បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។ 4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖ អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។ ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។ អ្វីគួរធ្វើ៖ •ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។ •ញ៉ាំបន្លែ  និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។ មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សុខភាពល្អ អ្នកណាក៏ប្រាថ្នាចង់បាន ឯការហាត់ប្រាណវិញ នរណាៗក៏ប្រាថ្នាថានឹងធ្វើមើលតែរាងក៏ដឹងដែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានព្រលឹងទៅៗហើយ…ប៉ុន្តែ ថាទៅក្លឹបហាត់ប្រាណក៏ខ្ជិល ទិញឧបករណ៍មកហាត់ប្រាណខ្លួនឯងនៅផ្ទះក៏ត្រូវមានច្រើនមុខ ពេលខ្លះ ពិបាកដែរក្នុងការទិញឲ្យគ្រប់តាមតម្រូវការ។ ចុះបើមិនបាច់ទិញក៏មាន ហើយហាត់ប្រាណនៅផ្ទះអារម្មណ៍ដូចនៅក្លឹបហាត់ប្រាណវិញនោះ អស្ចារ្យយ៉ាងណាទៅ…តាមដាន អំពីឧបករណ៍ហាត់ប្រាណដែលអ្នកអាចបង្កើតដោយខ្លួនឯងបាន (DIY)៖ • សម្ភារៈជំនួសការធាក់កង់ កង់ដែលឈប់ប្រើទៅហើយ កុំទុកចោលនាំតែចង្អៀតផ្ទះធ្វើអ្វី យកមកច្នៃជាកង់ដែលនៅនឹងមួយកន្លែងសម្រាប់ធាក់ហាត់ប្រាណនៅផ្ទះមិនជាការល្អទេឬ? គ្រាន់តែដាក់កង់ក្រោយកុំប៉ះដល់ដី និងកំណត់ល្បឿនដូចកង់ធាក់ក្នុងក្លឹបហាត់ប្រាណទៅបានហើយ។ ការពិតទៅវាមានលក្ខណៈមិនសូវទំនើបប៉ុន្តែលោកអ្នកអាចប្រើវាបាន ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតផង។ • សម្ភារៈសម្រាប់ទាញ អ្នកធ្លាប់តែប្រើកន្សែងពោះគោសម្រាប់ជូតខ្លួន តែអ្នកដឹងទេថា វាក៏អាចជួយអ្នកក្នុងការហាត់ប្រាណបានដែរ។ ជាដំបូងអ្នកគ្រាន់តែកាន់វាជាមួយដៃទាំងពីរ ដើម្បីទប់លំនឹងដងខ្លួន បន្ទាប់មកធ្វើចលនាងើបចុះឡើងៗដូចអ្នកធ្លាប់ហាត់នៅក្នុងក្លឹបហាត់ប្រាណដូច្នេះដែរ។ • សម្ភារៈសម្រាប់គង ឬទប់លំនឹង កោអី ឬគ្រែរបស់អ្នក មិនត្រឹមតែសម្រាប់គេងនោះទេ វាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដោយមិនដឹងខ្លួន តាមរយៈការប្រើធ្វើជាឧបករណ៍សម្រាប់ធ្វើចលនាផ្សេងៗ ដូចជាពត់ដៃ ជើង ឬគងដៃ ជើង និងបត់បែនខ្លួនជាមួយវាជាដើម។ រីឯជញ្ជាំងផ្ទះវិញ អ្នកគ្រាន់តែឈរផ្កាប់មុខជាមួយវា ឬគេងផ្ទប់ជើងឡើងស្របតាមជញ្ជាំង ក៏ជាផ្នែកជួយដល់ចលនាឈាមរត់ដែរ។ • សម្ភារៈជំនួសម៉ាស៊ីនរត់ ផ្ទះនរណាក៏មានកាំជណ្តើរដែរ សាកប្រើវាធ្វើជាឧបករណ៍ហាត់ប្រាណរបស់អ្នកម្តងទៅមើល។  ងាយៗ អ្នកអាចរត់ ឬលោតតាមកាំជណ្តើរឡើងចុះ តែ២ ឬ៣ដង ក៏បែកញើសបាត់ទៅហើយ។   • សម្ភារៈជំនួសខ្សែលោត ខ្សែចងដែលអ្នកប្រើសម្រាប់ចងរបស់របរ មានទម្ងន់ធ្ងន់បន្តិច អ្នកក៏អាចយកវាមកជំនួសការទិញខ្សែលោតបាន គ្រាន់តែកាត់ខ្សែឲ្យល្មមនឹងកម្ពស់របស់អ្នក ដែលអាចលោតបានជាការស្រេច។ • សម្ភារៈជំនួសខ្សែយឺត ឬខ្សែទាញ វាជាប្រភេទឧបករណ៍ដែលសាមញ្ញ និងមានភាពងាយស្រួលក្នុងការអនុវត្ត ដោយលោកអ្នកអាចជ្រើសរើសយកខ្សែយឺតដូចជាកៅស៊ូរឹត ឬប្រភេទកៅស៊ូផ្សេងទៀតដែលផ្តល់ភាពយឺតបាន។ លោកអ្នកអាចប្រើវាដោយគ្រាន់តែដាក់២ ទៅ៣ជាន់ ដើម្បីកុំឲ្យងាយនឹងដាច់ អញ្ចឹង អ្នកអាចប្រើបានហើយ។ • សម្ភារៈដែលអាចជំនួសដុំដែក ការធ្វើលំហាត់ប្រាណនានាគួបផ្សំជាមួយការកាន់ដុំដែក គឺធ្វើឲ្យលំហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាពល្អ។ អ្នកអាចប្រើរបស់របរមួយចំនួនដើម្បីជំនួសវាបានដូចជា ដុំឥដ្ឋ សៀវភៅ ដបទឹកសុទ្ធចំនុះ ១លីត្រ ឬ២លីត្រ ឬច្នៃបាវខ្សាច់ដែលល្មមនឹងកាន់បាន។ ម្យ៉ាងទៀត អ្នកអាចជំនួសដោយដុំស៊ីម៉ង់ដែលអ្នកអាចកំណត់ទម្ងន់ដោយខ្លួនឯងបានក៏ជាការប្រសើរដែរ។ ឃើញទេ នៅផ្ទះអ្នកប្រាកដជាមានសម្ភារៈទាំងអស់នេះ សាកល្បងច្នៃហាត់ជាមួយគ្រួសាររបស់អ្នកល៎មើល មិនត្រឹមតែអាចសន្សំសំចៃថវិកាថែមទាំងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារថែមទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឈឺចង្កេះ(Low Back Pain) គឺជាអាការៈមួយដែលមនុស្សយើងបានឆ្លងកាត់ គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ តើយើងគួរធ្វើការសនិ្នដ្ឋាន និងវាយតម្លៃបែបណាទើបអាចដឹងថាខ្លួនយើងឈឺបែបធម្មតា ឬឈឺជាជំងឺធ្ងន់ធ្ងរដែលអាចប្រឈម នឹងពិការភាពនោះ?  ការបំភ្លឺនូវចំណុចធំៗពីរខាងក្រោមនេះអាចជួយដោះស្រាយ និងតម្រង់ទិសលោកអ្នកឲ្យជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញទាន់ពេលវេលាបាន៖  ១-ប្រហែលជាប្រមាណ៩០%នៃអាការៈឈឺចង្កេះ គឺជាស្ថានភាពឈឺចាប់បែបធម្មតាដែលបណ្ដាលមកពីការក្រិចឬ ថ្លោះបន្តិចបន្តួចទៅលើផ្នែកណាមួយនៃសរីរៈចង្កេះដូចជាសាច់ដុំ សរៃសរពួរតូចៗ ឆ្អឹងកងចង្កេះ កៅស៊ូឆ្អឹងកង Mechanical injury (strain and sprain) to muscles, ligaments, bones and vertebral disks)។ ស្ថានភាពឈឺចង្កេះប្រភេទនេះភាគច្រើនគឺអាចបាត់ដោយខ្លួនឯងហើយក្នុងករណីខ្លះទៀតអាចអូសបន្លាយបន្តរ៉ាំរ៉ៃផងដែរ៖  -៥០% អាចធូរស្បើយក្នុងរយៈពេល ១សប្តាហ៍  -៩០% អាចធូរស្បើយក្នុងរយៈពេល ៨សប្តាហ៍  -៥% អាចវិវឌ្ឍន៍រ៉ាំរៃ។ ២-អាការៈឈឺចង្កេះដែលមានស្ថានភាពធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់គុណភាពជីវិតលោកអ្នក ឬអាចវិវឌ្ឍន៏ដល់ពិការភាពនោះគឺ៖  -ជំងឺគាបសង្កត់កៅស៊ូឆ្អឹងខ្នង (Herniated vertebral disk) -ជំងឺគាបខួរឆ្អឹងខ្នង (spinal stenosis)  -ជំងឺគាបកញ្ចុំសរសៃប្រសាទឆ្អឹងចង្កេះ (cauda equina syndrome)  -ជំងឺរលាកសន្លាក់ឆ្អឹងខ្នងរ៉ាំរ៉ៃ ( Inflammatory spondyloarthropathy)  -ជំងឺមេរោគឆ្អឹងកងដូចជារបេងឆ្អឹងខ្នងជាដើម (spinal infection)  -ជំងឺពុកបាក់ឆ្អឹងកងខ្នង (vertebral fracture)  -ជំងឺមហារីកឆ្អឹង (bone cancer)  -ជំងឺសរីរាង្គផ្សេងៗដូចជា៖ មហារីកលំពែង មហារីកប្រព័ន្ធផ្លូវទឹកនោម ជំងឺរីកសរសៃឈាមអាអ័កផ្នែកពោះជាដើម។ referred visceral pain, Ex: pancreatic cancer, GU cancer, abdominal aorta aneurism. មាន១១ចំណុចសំខាន់ៗ ដែលមិនត្រូវមើលរំលងចំពោះការប្រឈមនឹងបញ្ហាខាងលើ និងគួរស្វែងយល់បន្ថែម៖ 1.ធ្លាប់មានប្រវត្តិជំងឺមហារីកក្នុងអតីតកាល 2.អាយុក្រោម២០ឆ្នាំ ឬក៏លើសពី៥០ឆ្នាំ 3.ក្ដៅខ្លួនលើសពី៣៧,៨០C ឬមានបែកញើសពេលយប់ខុសពីធម្មតា 4.ឈឺចង្កេះទាំងយប់ទាំងថ្ងែជាប់ជាប្រចាំ 5.ស្រក់ទំងន់ដោយគ្មានមូលហេតុ 6.របួសចង្កេះធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ 7.ធ្លាប់ ឬក៏កំពុងមានជំងឺពុកឆ្អឹង(មនុស្សប្រុសអាយុលើសពី៥០ឆ្នាំ ឯស្រ្តីលើសពី៦០ឆ្នាំ) 8.ធ្លាប់ ឬកំពុងប្រើប្រាស់ថ្នាំប្រភេទរំលាយឈាម ឬថ្នាំសរសៃស្តេរូអ៊ីត(anticoagulants and corticosteroids) 9.ឈឺចង្កេះលើសពីមួយខែ 10.មានសញ្ញាស្ពឹក ឈឺ ឬទន់ជើងម្ខាងណាមួយ 11.ស្ពឹកអាងត្រគាគ ពិបាកបត់ជើងតូចធំ ឬបាត់បង់កំលាំងជើងទាំងសងខាង។ តាមរយៈការបកស្រាយក្នុងអត្ថបទខាងលើនេះ សង្ឃឹមថាអាចផ្តល់ជូនមិត្តអ្នកអានក្នុងវាយតម្លៃបឋមនៃស្ថានភាពជំងឺឈឺចង្កេះ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យទាន់ពេលវេលាដើម្បីចូលរួមកាត់បន្ថយពិការភាពសំរាប់ ប្រជាជនកម្ពុជាយើង។ បកស្រាយដោយ ៖ លោវេជ្ជបណ្ឌិត កង​ សំអូន ជំនាញជំងឺសន្លាក់ឆ្អឹងពីប្រទេសអូស្រ្តាលី។ សព្វថ្ងែបំរើការនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌុលនៃក្ដីសង្ឃឹម។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងលេខទូរស័ព្ទ ០៩២ ៤២៩ ៥២៩ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​   

ចែករំលែក

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារ និងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។  ១.និយមន័យ ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque) ។ ២.រោគសញ្ញា រោគសញ្ញាដែលគេសង្កេតឃើញជាញឹកញាប់បំផុតគឺ៖ •ការហើមអញ្ចាញធ្មេញ មានសភាពប៉ោង និងហូរឈាមនៅតាមអញ្ចាញធ្មេញ •ជូនកាល មានការឈឺចាប់នៅពេលអ្នកជំងឺទំពារពីលើអញ្ចាញធ្មេញដែលរលាកនោះ •មានការហូរឈាមនៅពេលអ្នកជំងឺសម្អាតធ្មេញជាប្រចាំថ្ងៃ (ការដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត) •មានបញ្ហាធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ ៣.មូលហេតុ មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញនេះមានដូចខាងក្រោម៖ •មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque) •ការសម្អាតធ្មេញមិនបានត្រឹមត្រូវ •ការរលាកលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus) (ដោយសារតែសារធាតុ Enzyme Toxin ដូចជា Lipopolysaccharide ឬ Lipoteichoic Acid ដែលបណ្តាលឲ្យមានការរលាកកាន់តែខ្លាំងនៅលើអញ្ចាញធ្មេញ) ។ •មូលហេតុបណ្តាលមកពីធ្មេញផ្ទាល់៖ ដោយសារធ្មេញមានភាពចង្អៀត (Crowding) ដែលមានការលំបាកក្នុងការសម្អាត។ ៤.កាធ្វើរោគវិនិច្ឆ័យ •ការធុំក្លិនមាត់ ដោយសារការហូរឈាម និងទំពារពីលើអញ្ចាញធ្មេញដែលរលាក •ជាទូទៅ គេពិនិត្យឃើញមានសំអេក ឬកំណកំបោរ (Plaque ឬ Tartar) នៅជុំវិញជើងធ្មេញ •ការត្អួញត្អែរពីសំណាក់អ្នកជំងឺផ្ទាល់តែម្តង ៥.ការធ្វើចំណាត់ថ្នាក់នៃជំងឺរលាកអញ្ចាញធ្មេញ 1. ទាក់ទង នឹងការរលាកអញ្ចាញ (Dental Plaque-included gingivitis disease) - ការរលាកដោយសារប្រពន្ធ័ឈាមរត់មិនដិតដល់ (Gingivitis disease modified by systemic factors) - ការរលាកដោយសារការប្រើប្រាស់ថ្នាំ (Gingivitis disease modified by medications) - ការរលាកដោយសារកង្វះអាហារូបត្ថម្ភ (Gingivitis disease modified by malnutrition)     2. ការមិនបានសំអាតធ្មេញ បញ្ចូល ឬតំបន់កន្លែងរលាក(Non-Plaque-Included gingivitis lesion) -ការរលាកដោយសារពពួកបាក់តេរី (Gingivitis disease of specific bacterial origin)  - ការរលាកដោយសារពពួកវីរុស (Gingivitis disease of viral origin)  - ការរលាកដោយសារពពួកផ្សិត (Gingivitis of fungal origin)  - ការរលាកដោយសារតំណពូជ (Gingivitis genetic origin)  - ការរលាកដែលស្តែងចេញពីប្រព័ន្ធរបត់ឈាមរត់ (Gingivitis manifestations of system conditions)  - ការប៉ះទង្គិច (Traumatic lesions)  - ប្រតិកម្មរាងកាយជាមួយសារធាតុផ្សេងៗ (Foreign body reaction)  - Nonspecified  ៦. ការព្យាបាល 1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖ •ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale) •ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning) •ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) 2.ការព្យាបាលដោយវះកាត់៖ •ការបកអញ្ចាញ (Flap design) •ការតអញ្ញាញ (Soft tissue grafts) •ការតឆ្អឹង (Bone grafts) •បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration)  •បណ្តុះដោយ (enamel matrix Enamel matrix derivative application  ) ៧. ផលវិបាកនៃជំងឺនេះ  ប្រសិនបើមិនបានទទួលបានការព្យាបាលបានត្រឹមត្រូវនោះទេ វាអាចវិវត្តន៍ទៅជាការរលាកជាលិកាជុំវិញធ្មេញ ( Periodontitis) ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អញ្ចាញឆ្អឹងទ្រទ្រង់ធ្មេញ កោសិកា និងធ្មេញ (អង្គើ) វាមានដូចជា៖ •ការរលាកជាលិកាជុំវិញធ្មេញ រ៉ាំរៃ (Chronic periodontitis: Pocket and gum) •ការរលាកជាលិកាជុំវិញធ្មេញ កាចសាហាវ (Aggressive periodontitis: rapid gum recession and bone lost)  •ការរលាកអញ្ចាញ ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម បេះដូង និងប្រព័ន្ធដកដង្ហើម (Periodontitis as a manifestation of system disease: Necrotizing periodontal disease) ៨. វិធីសាស្ត្រការពារ វិធីការពារកុំឲ្យមាន (Gingivitis and Periodontitis): •ដុសធ្មេញឲ្យបានត្រឹមត្រូវ និងស្អាតល្អ •ទៅជួបទន្តបណ្ឌិតជារៀងរាល់ ៦ខែម្តង ដើម្បីសម្អាត និងត្រួតពិនិត្យ បកស្រាយដោយ  ៖ លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 

ចែករំលែក

ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។ និយមន័យ ជំងឺពក ក ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ មូលហេតុបង្ក ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិអ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖ •តំណពូជ  •ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម •ពពួកជំងឺមួយចំនួនដូចជា Hashimoto's disease ឬGrave's disease ជាដើម •ការរីកធំនៃក្រពេញទីរ៉ូអ៊ីត ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម •ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កឲ្យមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចងចាំថាមូលចម្បងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។ រោគសញ្ញារបស់ជំងឺពក ក  រោគសញ្ញារបស់ជំងឺនេះមិនមានភាពដូចៗគ្នាទាំងអស់ទេ៖ •អ្នកជំងឺខ្លះមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងក •អ្នកជំងឺខ្លះមានអារម្មណ៏ពិបាកលេបចំណីអាហារ •អ្នកជំងឺខ្លះពិបាកដកដង្ហើម ឬស្អក  •មួយចំនួនធំ គឺមានដុំនៅហ្នឹងក ផ្នែកខាងក្រោម និងខាងមុខតែម្តង។ រោគវិនិច្ឆ័យ ដើម្បីកំណត់រោគវិនិច្ឆ័យច្បាស់លាស់ ចាំបាច់ត្រូវពិនិត្យបន្ថែមដោយ៖ •អេកូសាស្ត្រលើផ្នែក ក •ពិនិត្យមើល អ័រម៉ូននៃក្រពេញទីរ៉ូអ៊ីត •Antibody test •Thyroid scan •FNA (biopsy)។ ការព្យាបាល ចំពោះការព្យាបាល យើងសិក្សាទៅលើប្រភេទ ទំហំ និង ការវិវឌ្ឍរបស់ជំងឺនេះ៖ •បើពកមានទំហំតូច យើងទុកតាមដានសិន បើសិនជាដុំមិនបង្ហាញលក្ខណៈថាជាដុំមហារីក •បើជាពកប្រភេទស្មើសាច់ (diffuse)យើងតាមដានដោយប្រើប្រាស់ថ្នាំ •បើជាពកប្រភេទ ដុំ (nodule) ហើយធំ យើងវះកាត់យកចេញព្រោះវាអាច សង្កត់ទៅលើបំពង់ខ្យល់ បំពង់អាហារ និងប៉ះពាល់ដល់រូបសម្រស់អ្នកជំងឺ •ករណីជាដុំមហារីក ឬមានប្រវត្តិគ្រួសារកើតជំងឺពកកជាដុំមហារីក ក៏ត្រូវវះយកចេញដែរ។ ផលវិបាកនៃជំងឺពក ក ជំងឺពក ក ផ្តល់ផលវិបាកទៅតាមការវិវឌ្ឍរបស់វា៖ •បើដុំពករីកធំ វាអាចសង្កត់លើបំពង់អាហារ ធ្វើឲ្យពិបាកលេបអាហារ និងសង្កត់លើបំពង់ខ្យល់ធ្វើឲ្យលំបាកដកដង្ហើម ម្យ៉ាងទៀតប៉ះដល់រូបសម្បត្តិអ្នកជំងឺ។ •បម្រែបម្រួលអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យអ្នកជំងឺលេចចេញរោគសញ្ញាផ្សេងៗ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ​ ការវិវឌ្ឍនៃជំងឺ ឬការកកើតជាដុំមហារីក ជាបញ្ហាធំបំផុតសម្រាប់អ្នកជំងឺពក ក។  ការការពារ ដើម្បីចៀសវាងពីជំងឺនេះ យើងគប្បីនាំគ្នា៖ •ប្រើប្រាស់អំបិលអ៊ីយ៉ូតគ្រប់ៗគ្នា  •ហូបអាហារសមុទ្រ បានញឹកញាប់ ឬហូបបន្លែ ផ្លែឈើ ដែលដុះតាមឆ្នេរ ឲ្យបានច្រើន  •កាត់បន្ថយហូបអាហារណាដែលធ្វើឲ្យជាតិអ៊ីយ៉ូតក្នុងខ្លួនថយចុះ។ សំណូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវឌ្ឍរហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀត ប្រជាជនទាំងអស់ត្រូវទម្លាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតឲ្យបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះ សូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ បកស្រាយដោយ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា ប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល ក នៃមន្ទីរពេទ្យ ព្រះអង្គឌួង និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 

ចែករំលែក

ជាដំណឹងល្អសម្រាប់ប្រជាជនខ្មែរដែលមានជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកដទៃទៀត ជាពិសេសអ្នកដែលមានប័ណ្ណក្រីក្រ និងអ្នកដែលមានប័ណ្ណសមាគមចក្ខុខ្មែរ…  លោកអ្នកអាចអញ្ចើញមកធ្វើការពិនិត្យ និងព្យាបាលឥតគិតថ្លៃដោយសមាគមចក្ខុខ្មែរទីតាំងនៅមន្ទីរពេទ្យព្រះអង្គឌួងបានចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧… ដើម្បីធ្វើការចុះឈ្មោះ អ្នកជំងឺអាចផ្ញើឈ្មោះ និងលេខទូរស័ព្ទទៅកាន់ទំព័រហ្វេសប៊ុក Khmer Sight Foundation ឬក៏ធ្វើការហៅទូរស័ព្ទមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៧៧ ៤៨៣៨, ០៧០ ៩៣៩ ២៧២, ០៩៩ ៨៧៩ ៩៥៧…  ប្រភព ៖ ទំព័រហ្វេសប៊ុក Khmer Sight Foundation

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៧ – រៀងរាល់ខែតុលា មាន​ព្រឹត្តិការណ៍ជាច្រើន​ទូទាំងពិភពលោក​ដើម្បីប្រារព្វ​ខែសម្រាប់​ការ​លើកកំពស់​ការយល់ដឹងអំពី​ជំងឺមហារីក ដែល​ជា​យុទ្ធនាការសុខភាព​ជាអន្តរជាតិ​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ជំងឺនេះ និង​ដើម្បីអង្គាសថវិកា​សម្រាប់​ការ​ស្រាវជ្រាវ ការ​បង្កា និង​ការ​ព្យាបាល។ នៅ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​រៀបចំ​ព្រឹត្តិការណ៍ “Fit for Hope” ដើម្បីជួយគាំទ្រ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម (“SHCH”) ក្នុង​កិច្ចខំប្រឹងប្រែងរបស់ខ្លួន​លើ​ការ​លើក​កំពស់​ការយល់ដឹង និង​ព្យាបាលជំងឺមហារីកសុដន់។ SHCH ជាមន្ទីរ​ពេទ្យ​សប្បុរសធម៌មួយ មាន​កម្មវិធីជំងឺមហារីកសុដន់យូរជាងគេបំផុតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើង​នៅ​ Central Park Sports Complex នៅ​ទីតាំងបឹងកក់ និង​បាន​បើកចូលរួម​ដោយ​សេរី ដោយ​មាន​ផ្តល់ជូន​នូវ​ការ​ពិនិត្យ និងការ​អប់រំអំពីជំងឺមហារីកសុដន់ ពី​អ្នកជំនាញ​មក​ពី ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម។ ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការ​ចូលរួម​ពី​សាធារណៈជន​ប្រមាណ ១៥០០នាក់ ដែល​បានចូលរួម​រីករាយ​​ហាត់យោគៈ និង​រាំហ្សូមបា សកម្មភាព​កម្សាន្ត​បែប​ក្រុមគ្រួសារ និង​ម្ហូបអាហារសុខភាព​ជា​ច្រើន។ នៅ​ល្ងាច​នោះ​ផង​ដែរ ក៏​មាន​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ ដែល​មាន​ការ​សម្តែង​ដោយតារាចម្រៀង ពេជ្រ សោភា ទេព បូព្រឹក្ស ចិត្ត​ កញ្ចនា និងក្រុម SmallWorld SmallBand។ មហារីកសុដន់ គឺ​ជាជំងឺ​មហារីកដែល​មាន​កើត​​ឡើងច្រើន​បំផុត​ចំពោះ​ស្ត្រី​ទូទាំងពិភពលោក។ នៅ​កម្ពុជា អ្នក​កើត​ជំងឺ​នេះ​មាន​អត្រា​រស់រានមានជីវិត​ទាប ដោយ​សារ​តែ​កង្វះ​ការ​យល់​ដឹង​ និង​ព័ត៌មាន​អំពីការពិនិត្យ​ និង​ការធ្វើរោគវិនិច្ឆ័យតាំង​ពីដំណាក់​កាល​ដំបូង ព្រមទាំង​កង្វះការ​ព្យាបាលផងដែរ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ ប្រធាន​ផ្នែក​វះកាត់នៃ SHCH បាន​មាន​ប្រសាសន៍​ថា “អ្នក​ជំងឺ​ជា​ច្រើន​បាន​ឈាន​ដល់​ដំណាក់កាលធ្ងន់ធ្ងររួច​ទៅ​ហើយ​នៅ​ពេល​ដែលគាត់​មក​កាន់មន្ទីរពេទ្យ​យើង ដែលជាកត្តា​ធ្វើ​ឲ្យ​ការ​ព្យាបាល​​លំបាកនឹង​ទទួល​ជោគជ័យ។” ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញនៅ​ក្នុង​ព្រឹត្តិការណ៍ “Fit for Hope” បាន​ពិនិត្យរោគសញ្ញាជំងឺមហារីកជូន​ដល់​ស្ត្រីចំនួន ១៧៤នាក់ ដោយ​មាន​ផ្តល់​នូវការ​បង្ហាត់​បង្ហាញពួក​គាត់​ឲ្យ​ចេះពិនិត្យរោគសញ្ញា​​ដោយ​ខ្លួន​ឯង និងចេះកាត់​បន្ថយហានិភ័យពីជំងឺនេះ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ បាន​បន្តថា “ស្ត្រី​កម្ពុជាជាច្រើន នៅ​តែមាន​ការ​ស្ទាក់ស្ទើរក្នុង​ការពិភាក្សាអំពីក្តីបារម្ភ​ផ្នែក​សុខភាព​របស់​ខ្លួន មិនថា​ជាមួយក្រុម​គ្រួសាររបស់​គាត់ ឬ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ឡើយ។ យើងសង្ឃឹមថា ព្រឹត្តិការណ៍មួយនេះ​បាន​លើកទឹកចិត្តពួកគាត់​ឲ្យ​មាន​ភាព​ក្លាហាន ហើយ​ទទួល​បាន​នូវ​ចំណេះដឹង និង​ការ​គាំទ្រពី​គ្រួសារ​របស់​គាត់។” ការចែក​រំលែក​ព័ត៌មាននៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មានសារៈសំខាន់​យ៉ាងខ្លាំង។ ភ្នាក់ងារ​មិត្ត​អប់រំមិត្ត ប្រាំពីរនាក់ពីមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃ​ក្តី​សង្ឃឹម ដែល​ជា​អ្នក​ជាសះស្បើយ​ពី​ជំងឺ​មហារីកសុដន់ បាន​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួនចាប់តាំងពី​ឃើញរោគសញ្ញាដំបូង រហូត​ដល់​ពេល​វះកាត់ និង​ការ​ព្យាបាល​ជា​បន្តបន្ទាប់។ ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​លើកឡើងថា “ប្រសិន​បើ​បទពិសោធន៍របស់​ខ្ញុំអាចជួយស្ត្រីម្នាក់​ទៀតឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការ​ទទួល​យកការ​ពិនិត្យ​មហារីកសុដន់ ​ខ្ញុំ​រីករាយនឹង​ជួយគាត់។” ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការឧបត្ថម្ភគាំទ្រចំនួន US $១០០០០ សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលថវិកាទាំងនេះនឹង​ប្រើប្រាស់សម្រាប់​កម្មវិធី​អប់រំ និង​ព្យាបាល​ជំងឺមហារីកសុដន់។ លោកវេជ្ជបណ្ឌិត ព្រាប លៃ មាន​ប្រសាសន៍ថា​ព្រឹត្តិការណ៍នេះ​ល្អលើស​ការ​រំពឹង​ទុក​របស់​គាត់។ “ជាមួយ​នឹង​ការ​ឧបត្ថម្ភគាំទ្រនេះ យើង​អាចជួយដល់ស្ត្រី ១០០០នាក់ ក្នុង​ការធ្វើរោគវិនិច្ឆ័យដោយ​ថតកាំរស្មីអ៊ិច/អេកូ ឬអាច​ផ្តល់ព័ត៌មាន​អប់រំអំពីមហារីកសុដន់ទៅកាន់ប្រជាពលរដ្ឋច្រើនជាង ៤០០ ០០០នាក់។” លោក​វេជ្ជបណ្ឌិត ក៏​មាន​សេចក្តី​រីករាយ ដែល​ក្រុម​ការ​ងារ​របស់​គាត់អាច​ជួយចែក​រំលែក​ការ​យល់​ដឹង​ដល់​ក្រុមគ្រួសារ​ជាច្រើន និងអាចជម្រាបប្រជាពលរដ្ឋទាំងឮក្មេង​ទាំង​ចាស់​អំពី​ជំងឺមហារីកសុដន់។ “ទាល់តែមាន​ការ​យល់ដឹង និង​ព័ត៌មាន​ច្រើន ទើបយើងអាច​កាត់​បន្ថយ​ចំនួនអ្នកកើតជំងឺនេះ និងបង្កើនអត្រាជោគជ័យនៃការព្យាបាលជំងឺនេះបាន។” អេ អាយ អេ ខេមបូឌា កន្លងមក​បាន​ផ្តល់​ការ​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន​ អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍ថា “​នៅ​ពេល​ដែល​យើង​ឃើញមនុស្សរាប់រយ​អ្នកមកចូលរួម ខ្លះធ្វើដំណើរពីខេត្តមកតាំងពីយប់ ដើម្បីទទួល​បាន​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ យើង​ដឹងថា​វាមាន​សារៈសំខាន់​ប៉ុណ្ណាសម្រាប់​យើង​ក្នុង​ការ​បន្ត​ផ្តល់​ការ​ជ្រោមជ្រែងដល់​អ្នក​ដែល​ត្រូវការ។ មន្ទីរពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម បាន​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​អប់រំ​សហគមន៍ និងព្យាបាល​ជំងឺ​មហារីកសុដន់។ ដូច្នេះ​យើង​ចង់ចូលរួម​គាំទ្រ​កិច្ច​ខំប្រឹង​ប្រែង​របស់​មន្ទីរពេទ្យ​នេះ។ លោក​ Richard ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​មហារីកទៅលើ​ក្រុម​គ្រួសារទាំងឡាយ ថា “មាន​គ្រួសារ​ជា​ច្រើន ដែល​បាន​រងឥទ្ធិពល​យ៉ាង​ដំណំពី​ជំងឺមហារីកសុដន់ ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ទាំង​នោះ​ពុំ​បាន​ទទួល​ការ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង​ឡើយ។ ពី អេ អាយ អេ យើងចង់​ជួយស្ត្រីកម្ពុជា​ដោយ​ធានាថាពួក​គាត់ ព្រម​ទាំង​ក្រុមគ្រួសាររបស់​គាត់​ ទទួល​បាន​ការ​គាំទ្រផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ ដែល​ពួក​គាត់​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ជំងឺមហារីកសុដន់ និង​បន្តការ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ។” លោក​វេជ្ជបណ្ឌិត ព្រាប លៃ បានមាន​ប្រសាសន៍ចុង​ក្រោយ​ថា “យើង​សូម​អរគុណអ្នក​ចូល​រួម​ទាំង​អស់ចំពោះការឧបត្ថម្ភគាំទ្រ សូម​អរគុណ​ អេ អាយ អេ សម្រាប់​ការ​លើកកំពស់បុព្វហេតុរបស់​យើង និង​សូម​អរគុណ​អ្នកទាំងឡាយ​ដែល​បានចំណាយពេលវេលា និងកម្លាំងជាច្រើន​ដើម្បីធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ។  អំពី អេ អាយ អេ ខេមបូឌា អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។ សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។ អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

ចែករំលែក

តោះ! តាមដានមើលអត្ថបទដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជន និងសិក្សានុសិស្សដែលមានលេខរៀងខ្ពស់ជាងគេប្រចាំសប្ថាហ៍ទី៣ នៃខែតុលានេះ…   អ្នកជំងឺទឹកនោមផ្អែមគួរតែស្គាល់ថា អ្វីជាHbA1C? HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីនដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។កាលណាយើងធ្វើតេស្តHbA1Cនេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ…… គន្លឹះពីរៀមច្បងពិសេសសម្រាប់អ្នកត្រៀមប្រលងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល តាមរយៈបទពិសោធន៍នៃការសិក្សារយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមជាមួយនឹងការចង់ចូលរួមក្នុងការពង្រឹងសិល្បៈនៃការចែករំលែកផងនោះ និស្សិតផ្នែកសុខាភិបាលចំនួន៧រូប បានផ្តល់ធ្វើការឆ្លើយតបនឹងសំណួរដែលក្រុមការងារបានលើកឡើងអំពីវិធីសាស្រ្តក្នុងការត្រៀមខ្លួនប្រលងចូលសាលាពេទ្យ និងចំណាប់អារម្មណ៍របស់ពួកគាត់ ព្រមទាំងសារជូនដល់សិស្សប្អូន… យល់ដឹងពីទិដ្ឋភាពទូទៅនៃជំងឺមហារីកពោះវៀនធំ! ជំងឺមហារីកពោះវៀនធំ (CRC) បង្កឡើងពីកោសិកាពោះវៀនធំ ឬ កោសិកា rectum(ប្រវែង២ទៅ៣អុីញចុងក្រោយនៃពោះវៀនធំមុនដល់ទ្វារធំ)។ អំឡុងពេលមានជំងឺ កោសិកាធម្មតានៃពោះវៀនធំនិងចុងពោះវៀនធំចាប់ផ្តើមមានបម្រែបម្រួលការរាលដាលមានសភាពមិនអាចគ្រប់គ្រងបានហើយមិនងាប់ទៅវិញនោះទេ។ «ជាទូទៅ ស្ថានភាពនៃកោសិកាដែលលូតលាស់នោះស្តែងចេញជាដំណាក់កាលដំបូងbenign(មិនទាន់មហារីក)ហៅថាpolypដែលអាចប្រែប្រួលនៅពេលណាមួយបង្កឲ្យក្លាយជាដុំមហារីក...» នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងនាមក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធផាកកាហ្វេទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាសាខាទី ១១ របស់ខ្លួន។ គួររំលឹកផងដែរថា៖ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាភោជនីយដ្ឋានប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូបក្រោយពីលោកបានប្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្នានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយ សារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម ផលិតផលរបស់ផាកកាហ្វេកាន់តែច្រើនឡើង ដោយសារការអភិវឌ្ឍន៍ខ្លួន និង ធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់១១សាខា។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៣៣០នាក់ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាព ក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទទួលអតិថិជនប្រមាណជាង១.៥លាននាក់ក្នុងឆ្នាំ២០១៦។ កាលពី២០១៦កន្លងទៅនេះ ផាកកាហ្វេបានសម្ពោធន៍សាខាថ្មីចំនួន០៣កន្លែង ដែលក្នុងនោះមានសាខាផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម សាខាផាកកាហ្វេបាក់ទូក និង សាខាផាកកាហ្វេបឹងកេងកងប៉ាស្ទ័រ។ ហើយនៅឆ្នាំ២០១៧ នាខែសីហាកន្លងទៅនេះ ផាកកាហ្វេទើប តែបើកសម្ពោធនូវរចនាបថថ្មីនៃសាខាផាកកាហ្វេសន្ធរម៉ុក ដែលមានការពង្រីកទំហំហាងទ្វេដងជាមួយការឌីសាញ់នូវកញ្ចក់កោងដែរជា Signature ថ្មីរបស់ផាកកាហ្វេ។  ហើយនាពេលថ្មីៗនាខែកញ្ញានេះផាកកាហ្វេបានបើកដំណើរការសាខាលក់សិទិ្ធអាជីវកម្មរបស់ខ្លួនលើកដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះបានបង្ហាញថា អាជីវកម្មអាហារ និងភេសជ្ជៈក្នុងស្រុកកំពុងពង្រីកខ្លួនមិនចាញ់បរទេសឡើយ។  លោក ហេង សេងលី នាយកគ្រប់ គ្រង ក្រុមហ៊ុនផាកកាហ្វេ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញថា ការសម្រេចដាក់លក់សិទ្ធិអាជីវកម្ម (Franchise) ជាលើកដំបូងនៅច្រកចេញ-ចូលរបស់ប្រទេសនេះ គឺជាសញ្ញាវិជ្ជមានមួយល្អសម្រាប់កេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងស្រុកថែមមួយកម្រិតទៀត ហើយសូម អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Sajibumi ដែលបានលើកទឹកចិត្ត និង ជួយគាំទ្រម៉ាកសញ្ញា(Brand) របស់ខ្មែរ។  នាថ្ងៃទី១៩ តុលា ២០១៧ នេះផាកកាហ្វេសាខាទី១១ គឺបានសម្ពោធជាផ្លូវការ ដែលមានទីតាំងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរៀបចំពិធីបែបសាសនាដោយមានការនិមន្តព្រះសង្ឃសូត្រមន្តលើក រាសី និងមានការរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៦៨ អង្គ ដែល មានការចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមគ្រួសារបុគ្គលិកជាច្រើនកុះករ។ អ្វីដែលគួរអោយចាប់អារម្មណ៌និងស្អាតប្លែកភ្នែកនៅសាខាទី១១ របស់ផាកកាហ្វេនេះ គឺការរចនាថ្មីស្រឡាងទាំងស្រុងដោយផ្តោត លើទំរង់អគារបុរាណ ដែលច្របាច់បញ្ចូលរវាងគំនូសប្លង់បែបត្រូពិក ខល ដែលមានក្លោងទ្វាទំរង់ប្រាសាទបុរាណខ្មែរ អមជាមួយដំបូលក្បឿងដែលបង្ហាញពីរចនាបថផ្ទះខ្មែរ និងជាពិសេសអគារទាំងមូលត្រូវបានរចនាជាលក្ខណចំហរ ប្រៀបដូចជាសារមន្ទីរជាមួយគូទឹកវិលពន្ធ័ជុំវិញហាងអមដោយធម្មជាតិយ៉ាងត្រជាក់ភ្នែកផងដែរ បើតាមការបញ្ជាក់ ពីប្រធាន ប្រចាំ សាខានេះគឺមានបំរើជូននូវអាហារពេលព្រឹក ថៃ្ងត្រង់ ល្ងាច ជាពិសេសគឺមានអាហារបែបខ្មែរ ចិន ថៃ និងមានទទួលរៀបចំអាហារជា ក្រុមសម្រាប់ ក្រុមហ៊ុននានាទេសចរណ៌ផង។       នៅពេលអនាគត ផាកកាហ្វេមានចក្ខុវិស័យពង្រឹកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការបើកសាខា បន្ថែមឲ្យបាន ៣១សាខា នៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា នៅឆ្នាំ២០២០។ 

ចែករំលែក

ស្ទីម ឬសូណា និងម៉ាស្សា ដែលអ្នកជំងឺទឹកនោមផ្អែម គួរស្វែងយល់ដោយសារមានសំនួររបស់អ្នកជំងឺជាច្រើនបានសួរមកខ្ញុំក្នុងអំឡុងពេលមកពិនិត្យពិគ្រោះជំងឺម្តងៗ។ ភាគច្រើនពួកគាត់បានសួរថា ” តើស្ទីម ឬសូណា អាចជួយអ្នកជំងឺទឹកនោមផ្អែមជំនួសការហាត់ប្រាណបានដែរឬទេ?” ព្រោះវាចេញញើស និងចេញជាតិពុលដូចហាត់ប្រាណដែរ!។  ចម្លើយ គឺថា ស្ទីម និងសូណា មិនអាចជំនួសការហាត់ប្រាណបានទេ ដោយមានមូលហេតុជាច្រើន។ ការហាត់ប្រាណផ្ដល់ឲ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដូចជាបញ្ចុះជាតិខ្លាញ់ សម្ពាធឈាម ជាតិស្ករ ធ្វើអោយសាច់ដុំនិងឆ្អឹងរឹងមាំម ការពារនូវជំងឺពុកឆ្អឹង កាត់បន្ថយស្ត្រេស ធ្វើឲ្យគុណភាពរស់នៅល្អប្រសើរ រក្សាទំងន់ប្រកបដោយផាសុខភាព។ល។ មុននឹងធ្វើការបកស្រាយសំនួរមួយនេះ ខ្ញុំបាទសូមអភ័យទោសចំពោះអ្នកប្រកបអាជីវកម្ម ស្ទីម សូណានិងម៉ាស្សាព្រោះវាអាចប៉ះពាល់ដល់អ្នកប្រកបរបរមួយនេះហើយខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអាននឹងយល់ហេតុផលក្រោយពីការបកស្រាយចប់។ ស្ទីម ឬសូណា គឺជាបន្ទប់តូចមួយឬអាគារ ត្រូវបានរចនាឡើងដោយទទួលនូវកំដៅស្ងួត(សូណា) ឬសើម(ស្ទីម)អាចមានកំដៅលើសពី៨០អង្សារ-សេនិងអាចមានកន្លែងមួយ ឬច្រើន។ កំដៅខ្ពស់នៅក្នុងស្ទីម និងសូណាអាច: •ជាមូលហេតុបែកញើសច្រើនពេកដែលបណ្តាលឱ្យបាត់បង់ជាតិទឹកដែលធ្វើឱឲ្យបរិមាណឈាមថយចុះ(ឈាមខាប់ជាងមុន) និងបង្កើនអរម៉ូនមួយចំនួនដែលប្រឆាំងនឹងសកម្មភាពអាំងស៊ុយលីនដូចជាអ័រម៉ូនលូតលាស់(growth hormone) គ្លូកាហ្គូន(Glucagone) ដែលជាលទ្ធផលនាំឲ្យជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់។ ម្យ៉ាងទៀតការបែកញើសច្រើន អាចបាត់បង់ជាតិអំបិលខនិជច្រើន ដែលងាយធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែម អស់កម្លាំង ធីងធោងវិលមុខ អាចជាខ្យល់គបណ្តាលឲ្យដួលបាន ដោយហេតុថាជំងឺទឹកនោមផ្អែមបានខូចស្រាប់ទៅហើយនូវប្រព័ន្ធសរសៃប្រសាទអូតូនូមីច(autonomic neuropathy)។  •ធ្វើឲ្យសរសៃឈាមរីកធំពេលនោះបេះដូងក៏ច្របាច់ខ្លាំងជាងមុនដែរ ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមសរីរាង្គផ្សេងៗ បង្កើនល្បឿននៃការស្រូបយកអាំងស៊ុយលីនអាចណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ត្រង់នេះយើងអាចនិយាយបានថាស្ទីម ឬសូណាមិនសូវល្អទេសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលភាគច្រើនមានជំងឺបេះដូងស្រាប់ទៅហើយ។ •ធ្វើឲ្យស្បែកស្ងួត និងបង្កឲ្យមានបញ្ហាស្បែក ដូចជារបួស ឬរលាកពងទឹកជាដើម។ ដូចជាកន្លែងអាងហែលទឹក មុចទឹកផ្កាឈូកនិងសូណាបង្កើនហានិភ័យដោយចម្លងរោគផ្សិតឬមេរោគចម្លងប្រភេទផ្សេងទៀតដែលអាចធ្វើឲ្យមានស្ថានភាពធ្ងន់ធ្ងរដូចជាជំងឺសរសៃប្រសាទចុងដៃចុងជើង(Peripheral Neuropathy)។ដោយសារហេតុផលជាច្រើនស្ទីមនិងសូណាជារឿយៗត្រូវបានគេហាមប្រើជាមួយអ្នកជំងឺទឹកនោមផ្អែមជាពិសេសអ្នកកំពុងព្យាបាលដោយអាំងស៊ុយលីន។ យ៉ាងណាមុិញមានការសិក្សាមួយនៅប្រទេសហ្វាំងឡង់ដែលបានចូលរួមមនុស្ស 2315 នាក់ អាយុវ ពី42-60ឆ្នាំ បានបង្ហាញថាស្ទីមនិងសូណាអាចជួយបន្ថយជាតិកូឡេស្តេរ៉ុលបានខ្លះ ស្ករ សំពាធឈាម នឹងជួយបន្ថយសរសៃឈាមកុំអោយរឹងក្រិន(Reducing atherosclerosis )ធ្វើឲ្យបេះដូងច្របាច់បានល្្អទាំងនេះហើយវាអាចជួយដល់ជំងឺសរសៃឈាមបេះដូងនៃមនុស្សវ័យចំណាស់។ ដើម្បីរីករាយនឹងអត្ថប្រយោជន៍នៃស្ប៉ាឬសូណាលោកអ្នកត្រូវគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អជាមុនសិន។ ចូរផឹកទឹកឲ្យបានគ្រប់គ្រាន់ជួសជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់ជាងធម្មតា និងយកអាហារមានជាតិស្ករ(កាបូអ៊ីដ្រាត)ដែលងាយរលាយ និងបឺតស្រូបលឿនមួយចំនួនតាមខ្លួនដើម្បីបង្ការក្នុងពេលចុះជាតិស្ករបើចាំបាច់។ ពាក់ស្បែកជើងគ្រប់ពេលដើម្បីការពារការរងរបួសនិងឆ្លងមេរោគហើយកុំយកអាំងស៊ុយលីន(Insulin)ចូលបន្ទប់ស្ទីម ឬសូណា ព្រោះអាចខូចគុណភាព។ ម៉ាស្សា(Massage) អ្នកជំងឺទឹកនោមផ្អែមអាចមានការម៉ាស្សាពីពេលមួយទៅពេលមួយបាន។ តាមទិន្នន័យចុងក្រោយបំផុតបង្ហាញថាការម៉ាស្សាអាចជួយបន្ថយរោគសញ្ញានៃជំងឺសរសៃប្រសាទទឹកនោមផ្អែមដូចជាក្រហាយ ស្ពឹកស្រពន់ និងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។ជាតិស្ករក្នុងឈាមចុះខុសប្រក្រតីនៅពេលដែលកន្លែងចាក់ថ្នាំត្រូវម៉ាស្សាព្រោះវាបង្កើនសកម្មភាពអាំងស៊ុយលីន។ វាមានសារៈសំខាន់ណាស់ដើម្បីជូនដំណឹងអ្នកម៉ាស្សាអំពីជំងឺទឹកនោមផ្អែមរបស់លោកអ្នកនិងបញ្ហាសុខភាពផ្សេងទៀត ឬបញ្ហាស្បែក។ ប្រសិនបើលោកអ្នកមានបញ្ហាឈាមដើរមិនល្អជំងឺសរសៃឈាម ឬជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រង ដូចនេះហើយ ការម៉ាស្សាមិនត្រូវបានគេណែនាំនោះទេ។ វាជាការសំខាន់ណាស់ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ពីព្រោះម៉ាស្សាអាចបណ្តាលឲ្យសរសៃឈាមរីកធំ និងបង្កើនការស្រូបយកអាំងស៊ុយលីន។ ដូចដែលបានបកស្រាយខាងលើអ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងយល់បន្ថែមចំពោះចំណុចដែលគួរចៀសវាង(គុណវិបត្តរបស់ស្ទីម រឺ សូណា)។  បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត នៅ គីមសាន បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា- កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត នៅ គីមសាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top