Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និស្សិតផ្នែកណាក៏ដោយ តែងតែមានការព្រួយបារម្ភជានិច្ចចំពោះមុខរបរនាពេលអនាគរបស់ខ្លួន ដោយអ្នកខ្លះក៏បានស្វះស្វែងរកការងារបណ្តើរៗ តែក៏មានការព្រួយបារម្ភថាតើគួរត្រៀមខ្លួនបែបណាខ្លះ? ដើម្បីជាការផ្តល់ជូនមិត្តអ្នកអាន ជាពិសេសមិត្តនិស្សិតដែលត្រៀមខ្លួននឹងដាក់ពាក្យបម្រើការងារក្នុងជំនាញណាមួយនោះ ហេលស៍ថាមក៏បានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងកញ្ញា សារិន ជាធារី ដែលជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ដែលបានផ្តល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញអស់រយៈពេលជាច្រើនឆ្នាំ។  ជាមួយនឹងបទពិសោធន៍ការងារទាំងផ្នែកជាជំនួយការរបស់ទន្តបណ្ឌិត ការងាររក្សាអនាម័យមាត់ធ្មេញរបស់អតិថិជន រួមនិងជំនាញក្នុងការប្រាស្រ័យទាក់ទង និង បម្រើសេវាកម្មជូនអតិថិជន ព្រមជាមួយនឹងភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការងារផងនោះ កញ្ញា សារិន ជាធារី បានចូលកាន់នូវតំណែងនេះដោយប្រកាន់ខ្ជាប់នូវគោល ជំហរមួយចំនួនដែលមានអត្ថន័យខ្លឹមសារដោយសង្ខេបដូចខាងក្រោម៖ សំណួរ ៖   បេក្ខភាពបែបណាដែលផ្នែកធនធានមនុស្សត្រូវការ? ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់លើភាពស្មោះត្រង់ចំពោះការងាររបស់ខ្លួនដោយភាពស្មោះត្រង់នេះសំដៅលើភាពស្មោះត្រង់ចំពោះខ្លួនឯង និងទឹកចិត្តស្រលាញ់ការងារ ក៏ដូចជាថែទាំរបស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឲ្យដូចជារបស់ខ្លួន ។ ម្យ៉ាងទៀត គឺចាំបាច់ណាស់ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងមានភាពបត់បែនទៅតាមកាលៈទេសៈ។ ចំណុចសំខាន់មួយទៀតនោះ គឺត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ សំណួរ ៖ ក្នុងចំណោមបេក្ខភាពជាច្រើនរូប តើបេក្ខភាពប្រភេទណាដែលមានភាពលេចធ្លោជាងគេ? ចម្លើយ ៖ ទីមួយ គឺយើងសម្លឹងមើលទៅលើចំណេះដឹង និងជំនាញរបស់ពួកគេ ថាតើបេក្ខភាពរូបនោះចេះធ្វើអ្វីហើយអាចបំពេញការងារផ្នែកណាបានដោយមិនផ្តោតតែទៅលើសញ្ញាបត្ររបស់ពួកគេតែប៉ុណ្ណោះទេ ព្រោះថាមានជំនាញខ្លះអាចនឹងត្រូវបណ្តុះបណ្តាលបានប្រសិនបើបេក្ខភាពនោះមានឆន្ទៈក្នុងការធ្វើវា។ បន្ទាប់មក ទើបយើងសម្លឹងទៅលើប្រវត្តិរូបផ្សេងៗទៀតតាមក្រោយ។ សំណួរ ៖ បេក្ខភាពដែលមានបទពិសោធន៍ពិតជាមានអាទិភាពជាងបេក្ខភាពដែលគ្មានបទពិសោធន៍មែនទេ? ចម្លើយ ៖ ជាទូទៅ គឺការប្រកាសជ្រើសរើសបុគ្គលិកតែងតែបញ្ជាក់ថាផ្តល់អាទិភាពចំពោះអ្នកដែលមានបទពិសោធន៍ ប៉ុន្តែតាមភាពជាក់ស្តែង ក្នុងពេលធ្វើបទសម្ភាសន៍ គឺយើងអាចធ្វើការស្ទាបស្ទង់បានខ្លះៗតាមរយៈចិត្តសាស្រ្តថាតើបេក្ខភាពនោះមានឆន្ទៈក្នុងការងារឬទេ? នោះបេក្ខភាពគ្មានបទពិសោធន៍ គឺនៅតែមានឱកាសដូចគ្នាប្រសិនបើពួកគេពិតជាមានឆន្ទៈខ្ពស់មែន។ សំណួរ ៖ តើបុគ្គលិកមួយរូប គួរប្រកាន់ខ្ជាប់ និងចៀសវាងនូវអាកប្បកិរិយា បែបណាខ្លះ? ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់ទៅលើអត្តចរិត និងអាកប្បកិរិយា ព្រោះបុគ្គលមួយរូបដែលមានចំណេះដឹងជ្រៅជ្រះមិនប្រាកដថាបានទទួលការគោរពពីអ្នកដទៃនោះឡើយប្រសិនបើគេមានឫកពាមិនគួរជាទីរាប់អាននោះ។ ជាក់ស្តែង ភាសាអង់គ្លេស ពាក្យថា ASK  គឺមានន័យថា A=Attitude, S=Skill, K=Knowledge ដែលនេះសបញ្ជាក់ឲ្យឃើញថាអាកប្បកិរិយាពិតជាសំខាន់លើសគេពិតមែន។ បុគ្គលិកចាំបាច់ត្រូវមានការរៀបចំខ្លួនទាំងការនិយាយស្តីរួសរាយរាក់ទាក់ជាមួយនឹងអតិថិជន និង អនាម័យសព្វទាំងខ្លួនប្រាណ។  ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺការទំនាក់ទំនងដោយមិននិយាយស្តី(non-verbal communication) ដោយត្រូវប្រើប្រាស់កាយវិការឲ្យបានសមរម្យ។ បុគ្គលិកក៏មិនគួរប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះអតិថិជនណាដែលមិនមានការយល់ច្បាស់ពីអ្វីដែលយើងកំពុងព្យាយាមពន្យល់ ឬនិយាយក៏ដោយ។ សំណួរ ៖ តើផ្នែកធនធានមនុស្សធ្វើការវាយតម្លៃលើការងាររបស់បុគ្គលិកតាមរយៈកត្តាអ្វីខ្លះ? ចម្លើយ ៖ ដើម្បីសម្រេចនូវរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ យើងសម្លឹងមើលដំបូងទៅលើការគ្រប់គ្រងពេលវេលារបស់បុគ្គលិកថាតើគាត់គោពពេលវេលា និងស្គាល់តម្លៃការងាររបស់ខ្លួនដែរឬទេ។ បន្ទាប់មក គឺយើងមើលទៅការតុបតែងខ្លួនផ្ទាល់របស់ពួកគេ តាមរយៈការរៀបចំនូវឯកសណ្ឋាន អនាម័យក្លិនខ្លួនជាដើម។ ចំណុចសំខាន់មួយទៀត គឺការទំនាក់ទំនងរវាងបុគ្គលិកទៅវិញទៅមក ព្រមជាមួយនឹងទំនាក់ទំនងជាមួយអតិថិជនផងដែរ។ សំណួរ ៖ សម្រាប់បុគ្គលិកបម្រើការងារថ្មី តើផ្នែកធនធានមនុស្សនឹងចំណាយពេលប៉ុន្មាន ដើម្បីដឹងថាបុគ្គលិកនោះជាធនធានដែលខ្លួនត្រូវការ? ចម្លើយ ៖ រយៈពេល គឺអាស្រ័យលើប្រភេទការងារជាក់ស្តែង ម៉ាស្ទ័រឃែរទុកពេលឲ្យបុគ្គលិកផ្នែកទទួលភ្ញៀវ៦ខែ ហើយរយៈពេលដូចគ្នាផងដែរចំពោះបុគ្គលិកជាជំនួយការទន្តបណ្ឌិត។ ដោយសារតែការងារខ្លះមានការបត់បែនច្រើន និងមានភាពលំបាក ក៏ដូចជាឆ្លងកាត់នូវការបណ្តុះបណ្តាលបន្ថែម នោះរយៈពេលនេះគឺសមល្មមនឹងអាចឲ្យយើងមើលដឹងថាតើបុគ្គលិកនោះមានការរីកចម្រើន ឬទំនួលខុសត្រូវបែបណាចំពោះការងារ។ សំណួរ ៖ ផ្នែកធនធានមនុស្សនឹងមានវិធីសាស្រ្តបែបណា ចំពោះបុគ្គលិកដែលបំពេញកាតព្វកិច្ចរបស់ខ្លួនមិនបានខ្ជាប់ខ្ជួន? ចម្លើយ ៖ ជំហានដំបូង យើងនឹងធ្វើការណែនាំដល់ពួកគាត់ជាមុនសិន រួចហើយឲ្យពួកគាត់និយាយពីផលលំបាកដែលគាត់កំពុងជួបប្រទះ ហើយក្នុងនាមយើងជាអ្នកគ្រប់គ្រងត្រូវស្វែងរកដំណោះស្រាយជូនពួកគាត់។ ផ្ទុយទៅវិញ ករណីដែលបុគ្គលខ្លះនៅតែបន្តប្រព្រឹត្តនូវកំហុសដដែលៗទៀតនោះ យើងមានវិធានការមួយ គឺឲ្យពួកគេសរសេរនូវកំណត់ហេតុពិចារណាលើកំហុសដែលបានប្រព្រឹត្តកន្លងមក ឬផលលំបាកដែលពួកគេកំពុងជួបប្រទះ។ កំហុសត្រង់នេះសំដៅលើកំហុស ៣ប្រភេទគឺ កំហុសទូទៅ កំហុសវិជ្ជាជីវៈ និង កំហុសធ្ងន់ធ្ងរ។ សំណួរ ៖ សម្រាប់និស្សិតដែលត្រៀមដាក់ពាក្យបម្រើការងារ តើពួកគេគួរត្រៀមខ្លួនបែបណាខ្លះ? ចម្លើយ ៖  តាមយោបល់របស់ខ្ញុំជាមួយនឹងបទពិសោធន៍កន្លងមក និស្សិតមិនគួរចាំដល់ពេលដល់បញ្ចប់ការសិក្សាទើបធ្វើការស្វែងរកការងារធ្វើនោះទេ។ ផ្ទុយទៅវិញ គាត់គួរឆ្លៀតពេលខ្លះក្នុងឆ្នាំទី៣ ឬទី៤ ស្វះស្វែងរកការងារ ឬការចុះកម្មសិក្សា (Internship) ដែលត្រូវនឹងជំនាញរបស់ខ្លួនជាបណ្តើរៗ បើទោះជាគ្មានបទពិសោធន៍ក៏ពិតមែនតែពួកគាត់អាចប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងឆន្ទៈមុតមាំក្នុងការអនុវត្តនូវទ្រឹស្តីដែលបានសិក្សានៅសាលាយកមកអនុវត្តនៅកន្លែងការងារ នោះឱកាសប្រាកដជាមិននៅឆ្ងាយពីពួកគេឡើយ។ សំណួរ ៖ តើកញ្ញាមានពាក្យពេចន៍អ្វីខ្លះជាចុងក្រោយ សម្រាប់មិត្តអ្នកអាន ពិសេសនិស្សិតដែលត្រៀមដាក់ពាក្យប្រើការងារ? ចម្លើយ ៖ ខ្ញុំសូមឲ្យពួកគាត់ព្យាយាមដើរតួខ្លួនជាម្ចាស់ក្រុមហ៊ុន ឬកន្លែងការងារដែលខ្លួនដាក់ជាមុនសិន ដែលត្រង់នេះ គឺសំដៅដល់ការគិតទៅដល់អារម្មណ៍ជាម្ចាស់ក្រុមហ៊ុនថាតើខ្លួនឯងចង់បាននូវបុគ្គលិកបែបណាមកបម្រើការងារ។ ការគិតបែបនេះ នឹងជួយឲ្យអ្នកព្យាយាមសម្រប និងរៀបចំខ្លួនទៅតាមតម្រូវការនោះជាខ្លួនឯងពិតៗ ដោយចៀសវាងដាច់ខាតនូវការសម្តែង ដើម្បីទទួលបានចំណាប់អារម្មណ៍តែដំបូងប្រសិនបើធ្វើបែបនេះ ការឈរជើងរបស់អ្នកនៅកន្លែងមួយនោះក៏មិនបានយូរដែរ។

ចែករំលែក

មានសមិទ្ធិផលមួយបានលេចឡើងមកជាមួយនឹងភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងគួរជាទីមោទនៈជាខ្លាំង នោះគឺជាសៀវភៅជីវគីមីវិទ្យាមួយក្បាលដែលជាស្នាដៃដំបូងរបស់កូនខ្មែរតែម្តង។ ជុំវិញភាពជោគជ័យនេះ ក្រុមនិស្សិតដែលជាស្ថាបនិកវ័យក្មេងរបស់សៀវភៅនេះផ្ទាល់ក៏បានផ្តល់នូវបទសម្ភាសន៍ជាមួយហេលស៍ថាម ដើម្បីបកស្រាយនូវចម្ងល់ផ្សេងៗទាក់ទងនឹងសមិទ្ធិផលរបស់ខ្លួនផងដែរ។   តាមការបកស្រាយរបស់យុវនិសិ្សត ពេញ សាក់ក្តូ ផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យសុខាភិបាល បានឲ្យដឹងថា សៀវភៅមួយក្បាលនេះត្រូវបានបង្កើតឡើងក្រោមការខិតខំរបស់ក្រុមដែលមានសមាជិកបីនាក់ដែលមានរូបប្អូនផ្ទាល់ និងមិត្តភក្តិស្និតស្នាលបំផុត២នាក់ទៀតគឺ យុវនិស្សិត យ៉ែង សុវត្ថិនា និង ឆាយ ឆៃយ៉ា។  ដោយមានគំនិតចង់ចងក្រងសៀវភៅមួយដែលមានប្រយោជន៍ចំពោះនិស្សិតពេទ្យទាំងអស់ សាក់ក្តូ បានស្រុះស្រួលគ្នាជាមួយមិត្តភក្តិទាំង២នាក់ បន្ទាប់មកពួកគេក៏ចាប់ផ្តើមអនុវត្តការងារនេះដោយមិនបង្អង់យូរ ក្រោយពីបញ្ចប់ការប្រលងតែម្តង។  «ជាក់ស្តែង ផែនការនៃការសរសេរសៀវភៅនេះត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីពាក់កណ្តាលឆ្នាំ ២០១៥។  ដោយឡែក នេះជាស្នាដៃដំបូងរបស់ពួកយើង ហើយក្រៅពីការសហការរបស់យើងទាំង៣នាក់ ពួកយើងក៏ទទួលបានការគាំទ្រជាពិសេសពី លោកឪពុក អ្នកម្តាយរបស់ពួកយើងផ្ទាល់ ព្រមទាំងមានការជួយជ្រោមជ្រែងពីសំណាក់សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ក្នុងការជួយកែសម្រួល និងផ្តល់ជាគំនិតក្នុងការរៀបរៀងសៀវភៅនេះតែម្តង។ មិនតែប៉ុណ្ណោះ ក៏មានការសហការពី មិត្តភក្តិ រៀមច្បង សិស្សប្អូន ព្រមទាំងខាងបុគ្គលិករបស់គ្រឹះស្ថានបោះពុម្ពផងដែរក្នុងការសម្រេចបានជាសៀវភៅនេះឡើងដោយជោគជ័យ»។   ទាក់ទងនឹងកត្តាចម្បងដែលជម្រុញឲ្យក្រុមរបស់យើងចងក្រងនូវសៀវភៅនេះឡើង គឺដោយសារពួកយើងផ្ទាល់ធ្លាប់ជួបប្រទះនូវការលំបាកក្នុងការសិក្សា ជាពិសេសចំពោះការអានឯកសារជាភាសាបរទេស ព្រោះចំណេះដឹងភាសាបរទេសដូចជា បារាំង អង់គ្លេស គឺនៅមានកម្រិត។  ដូច្នេះ យើងយល់ថាប្រសិនបើមានសៀវភៅជាភាសាខ្មែរសម្រាប់អានបន្ថែម និស្សិតនឹងកាន់តែមានភាពងាយស្រួលយល់ និងឆាប់ចាប់បាននូវអ្វីដែលគ្រូពន្យល់នៅកំឡុងពេលសិក្សា។ ម្យ៉ាងទៀត ព្រមជាមួយការមើលឃើញពីកង្វះខាតនូវឯកសារវិទ្យាសាស្ត្រជាភាសាខ្មែរ ទើបពួកយើងសម្រេចរៀបរៀងសៀវភៅជីវគីមីវិទ្យាជាភាសាខ្មែរមួយក្បាលនេះឡើងក្នុងគោលបំណងលើកកម្ពស់ភាសាជាតិ ព្រមទាំងដើម្បីជួយសម្រួលដល់ការសិក្សារបស់មិត្តអ្នកអានទូទៅ ជាពិសេសមិត្តនិស្សិតទាំងអស់ទាំងនេះជាការលើកឡើងរបស់សាក់ក្តូ ។   សាក់ក្តូ បានបន្តទៀតថា «នៅក្នុងការរៀបរៀងជាសៀវភៅនេះឡើង ពួកយើងបានជួបផលលំបាកខ្លះៗ ដោយក្នុងនោះពួកយើងត្រូវចំណាយពេលជាច្រើនដោយត្រូវជួបគ្នាស្ទើររៀងរាល់ថ្ងៃក្នុងបណ្ណាល័យដើម្បីជួបជុំពិភាក្សាគ្នា និងសសេរ ប៉ុន្តែក្នុងនាមជានិស្សិតឱសថសាស្ត្រ ដែលត្រូវសិក្សាជាច្រើនម៉ោងក្នុងមួយថ្ងៃ ដូចនេះ ពួកយើងមិនសូវមានពេលគ្រប់គ្រាន់សម្រាប់សិក្សាមេរៀនដទៃបន្ថែមឡើយ។  ម្យ៉ាង ពួកយើងត្រូវការអាន និងស្រាវជ្រាវឯកសារជាច្រើនមុននឹងបញ្ជូលអត្ថន័យសម្រេចចូលទៅក្នុងសៀវភៅ ហើយស្របពេលជាមួយគ្នានេះ យើងក៏ជួបបញ្ហាស្មុគស្មាញនិងស្ត្រេសជាច្រើនក្នុងការសរសេរអត្ថបទនីមួយៗ ដោយយើងត្រូវរិះរកវិធីធ្វើយ៉ាងណាដើម្បីពន្យល់ឲ្យអ្នកអានដែលគ្មានមូលដ្ឋានគ្រឹះពីមុនក៏អាចអានយល់។ ដោយឡែក ដោយសារនេះជាលើកទីមួយរបស់យើង ឯពួកយើងក៏មិនសូវដឹងព័ត៌មាន ដូចនេះពាក់ព័ន្ធទៅនឹងការបោះពុម្ព ក៏ជាការលំបាកមួយរបស់យើងផងដែរ។ ទោះបីជាយ៉ាងនេះក្តី យើងនៅតែខិតខំ អត់ធ្មត់ និងព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបានស្នាដៃមួយដែលពោរពេញដោយគុណភាពសម្រាប់អ្នកអាន។   គួររំលឹកថា សៀវភៅជីវគីមីវិទ្យានេះ ត្រូវបានចងក្រងឡើងជាខេមរៈភាសា រួមជាមួយការសម្រិតសម្រាំងយ៉ាងល្អ និងលម្អិតចេញពីឯកសារយោងជាច្រើនមិនតិចជាង ២០ ឯកសារ ជាភាសាអង់គ្លេស-បារាំង ដែលគេកំពុងតែប្រើប្រាស់ក្នុងការសិក្សាទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ។  លើសពីនេះ លក្ខណៈពិសេសរបស់សៀវភៅនេះមួយទៀត គឺមានការពន្យល់ពាក្យបច្ចេកទេស ការបន្ថែមព័ត៌មានសំខាន់ៗ និងមានការពន្យល់រូបភាពដែលមានលក្ខណៈស្តង់ដារដូចជាសៀវភៅបរទេស។ ហេតុនេះជឿជាក់ថាសៀវភៅនេះនឹងធ្វើឲ្យមិត្តអ្នកអានមានភាពងាយស្រួលនៅក្នុងការអានឆាប់យល់។   ងាកមកមើលអត្ថប្រយោជន៍នៃសៀវភៅវិញ និស្សិតរបស់យើងបានរៀបរាប់ថា សៀវភៅជីវគីមីវិទ្យានេះជាបណ្តុំចំណេះដឹងសម្រាប់បំភ្លឺដល់មិត្តអ្នកអានដែលមានបំណងចង់ស្វែងយល់បន្ថែមទៅលើចំណេះដឹងទូទៅសេនេទិច ជាពិសេសសម្រាប់សិស្សានុសិស្ស និងនិស្សិតក្នុងវិស័យជីវគីមី និងនិស្សិតក្នុងវិស័យសុខាភិបាល ។  សៀវភៅនេះក៏មានផងដែរនូវមេរៀនសំខាន់ៗដូចជា កំណកំណើតដំបូងនៃជីវិត ការចម្លងក្រម ការបកប្រែក្រម ស្វ័យតំឡើងទ្វេ DNA មុយតាស្យុង និងការជួសជុល DNA ដែលនឹងផ្តល់ជាមូលដ្ធានគ្រឹះដ៏រឹងមាំ ក៏ដូចជា ចំណេះដឹងបន្ថែមក្នុងការសិក្សាលើមុខវិជ្ជាដែលទាក់ទងផ្សេងៗទៀតក្នុងវិស័យសុខាភិបាលតែម្តង។   ក្រោយពីសមិទ្ធិផលដំបូងនេះត្រូវបានលេចឡើងដោយជោគជ័យ ក្រុមស្ថាបនិកវ័យក្មេងយើង ក៏កំពុងតែមានគម្រោងក្នុងការចងក្រងនូវសៀវភៅជីវគីមីវិទ្យាភាគ២ ក្នុងពេលឆាប់ៗខាងមុខដោយគ្រោងបញ្ចប់ក្នុងរយៈពេល ១ឆ្នាំ។ សៀវភៅថ្មីនេះផងដែរនឹងមានលក្ខណៈពិសេសជាងមុន និងគួរឲ្យចាប់អារម្មណ៍ ដោយវានឹងលម្អិតទៅលើ ជីវម៉ូលេគុល ដូចជាស្ករ ខ្លាញ់ ប្រូតេអ៊ីន ព្រមទាំងមេតាបូលីសនៃជីវម៉ូលេគុល។  យុវនិសិត្សឆ្នើមទាំងបីបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថាសៀវភៅមួយក្បាលនេះពិតជានឹងផ្តល់នូវចំណេះដឹងពិតប្រាកដ និងពិស្តារផ្នែកវិទ្យាសាស្រ្តសេនេទិច រួមទាំងឆ្លើយតបរាល់នូវចម្ងល់ដែលតែងតែជួបប្រទះក្នុងកំឡុងពេលសិក្សាសម្រាប់សិស្ស និស្សិតទាំងអស់គ្នា។ ស្របពេលជាមួយគ្នានេះ ពួកគាត់ក៏បានសំណូមពរដល់មិត្តអ្នកអានទាំងអស់ឲ្យគាំទ្រស្នាដៃនិពន្ធរបស់កូនខ្មែរ ដើម្បីលើកស្ទួយឲ្យមានការលូតលាស់ទៅមុខទៀតនូវសមិទ្ធិផលល្អៗរបស់កម្ពុជាយើង ហើយក៏លើកទឹកចិត្តដល់សិស្សនិស្សិត ឲ្យស្រលាញ់ការអាន ការស្រាវជ្រាវ ដែលទាំងនេះជាគន្លឹះនៃការទទួលបាននូវចំណេះដឹងថ្មីៗ និងពង្រីកគំនិត ជាពិសេស សូមឲ្យចូលរួមបង្កើតអ្វីថ្មីៗដែលជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ ជាការបន្ថែមចុងក្រោយ យុវនិស្សិតរបស់យើងក៏សម្តែងការថ្លែងអំណរគុណដល់ហេលស៍ថាមដែលបានផ្តល់ឱកាសក្នុងការបង្ហាញពីស្នាដៃរបស់កូនខ្មែរដើម្បីខ្មែរ ក៏ដូចជាថ្លែងអំណរគុណដល់ការគាំទ្ររបស់មិត្តអ្នកអាន ព្រមទាំងសូមជូនពរទាំងអស់គ្នាឲ្យទទួលបានតែសេចក្តីសុខ និងជោគជ័យស្របតាមការខិតខំប្រឹងប្រែងផងដែរ។   ចំពោះគំរូដ៏ល្អ និងឆន្ទៈដ៏មុតមាំ របស់និស្សិតវ័យក្មេងរបស់យើង ជាសញ្ញាណបញ្ជាក់ថាតទៅមុខកម្ពុជានឹងពោរពេញទៅដោយធនធានមនុស្សសំខាន់ៗ និងសមិទ្ធិផលវិសេសៗជាច្រើនយ៉ាងពិតប្រាកដ។

ចែករំលែក

Entrepreneurship starts since when you are in school, intern, work, how well are you doing?  Some people are not doing their best while they are in school, intern, in workplace and saying that they will do well when they start their own start up, how could that be possible if you never tried your best in things you do? Workplace is a great place to try your best, and you will realize a lot of things you have tried your best do not bring the result you want, but at least when you want to start up, you experienced more than you didn't try your best in work. Work with responsibilities and feeling of ownership, and start building your personal profile from today.

ចែករំលែក

លោក រ៉ូ គីមឆាយ ជានិស្សិតឯកទេស ថ្លើម ក្រពះ ពោះវៀន ឆ្នាំទី១ជំនាន់ទី ៦ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ មូលហេតុដែលនាំឲ្យលោក ជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។  ដើម្បីក្លាយខ្លួនជានិសិ្សតឯកទេសមួយនេះ គីមឆាយបានរៀបរាប់ថា“សំខាន់គឺការអត់ធ្មត់និងឧស្សាហ៍ព្យាយាមព្រោះថាការសិក្សាមានការលំបាក និងមានរយៈពេលយូររហូតដល់៤ឆ្នាំ បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រ៦ឆ្នាំសរុបមកគឺ ១០ឆ្នាំ។ មួយវិញទៀត និស្សិត គួររៀនភាសាបារាំង និងអង់គ្លេសឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម”។  និយាយពីការលំបាកដែលលោកបានជួបក្នុងការសិក្សាមាន ការត្រូវចំណាយថវិកា កម្លាំង និងពេលវេលាច្រើន។ ក្រៅពីរៀននៅសាលាគីមឆាយ ត្រូវយកទ្រឹស្តីដែលរៀនរួចមកផ្សារភ្ជាប់ការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យ ក្រោមការជួយណែនាំពីសិស្សច្បង និងវេជ្ជបណ្ឌិតជំនាញៗ ហើយត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗនិងមានប្រសិទ្ធភាពខ្ពស់។  លោកបានប្រាប់ផងដែរថា បញ្ហាក្រពះពោះវៀននេះមានជួបប្រទះច្រើនណាស់ នៅកម្ពុជាយើងពិសេសគឺជំងឺរលាកក្រពះនិងរលាកថ្លើម។ ឯការយល់ដឹងពីការថែទាំសុខភាពប្រដាប់រំលាយអាហារ នៅមានលក្ខណៈតិចតួចនៅឡើយ ហើយសេវាថែទាំសុខភាពក្រពះពោះវៀន ក៏នៅមិនទាន់មានគ្រប់គ្រាន់ដែរ។  ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់អ្នកមានបព្ហាថ្លើម ក្រពះ ឬពោះវៀន ថាពួកគាត់ គួរឆាប់មកជួបគ្រូពេទ្យជំនាញ ព្រោះថាជំងឺខ្លះអាចនឹងប៉ះពាល់ដល់ជីវិត ឬក៏មានផលវិបាករ៉ាំរ៉ៃប្រសិនបើមកជួបគ្រូពេទ្យមិនទាន់ពេលវេលា។

ចែករំលែក

ជាជំនាន់ថ្មីនៃគ្រូពេទ្យឯកទេសថ្លើម ក្រពះ ពោះវៀន លោក គឹម សុធារ៉ា ក៏បានផ្តល់កិត្តិយសបើកបង្ហាញនូវបទពិសោធន៍ ក៏ដូចជាចំណាប់អារម្មណ៍របស់លោកលើការសិក្សា និងការងារនៅក្នុងវិស័យមួយនេះ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម... ចំពោះមូលហេតុនៃការជ្រើសរើសយកជំនាញមួយនេះ  គឺព្រោះតែលោកយល់ឃើញថា បញ្ហាក្រពះ ពោះវៀន ថ្លើមនៅតែកើតមានច្រើនលើប្រជាជនកម្ពុជាបច្ចុប្បន្ នដោយសារការផ្តល់សេវាថែទាំសុខភាពលើជំនាញនេះមិនទាន់ទូលំទូលាយ ឯការយល់ដឹងរបស់ប្រជាជនទូទៅលើបញ្ហានេះនៅមានកម្រិតនៅឡើយ។ បន្ថែមពីនេះទៀត លោកមានការចាប់អារម្មណ៍ និងចូលចិត្តលើការប្រើប្រាស់ឧបករណ៍អង់ដូស្កុប (Fibroscopy and coloscopy) លើជំនាញនេះផងដែរ។ សុធារ៉ា ក៏បានប្រាប់ផងដែរថា ក្នុងនាមជានិស្សិតឯកទេសមួយរូប ជាពិសេសជំនាញថ្លើម ក្រពះ ពោះវៀននេះ ទៀតសោត និស្សិតគ្រប់រូបត្រូវមានចំណេះដឹងគ្រប់គ្រាន់ មានក្រមសីលធម៌ល្អ និងមានទំនួលខុសត្រូវជាចម្បង។ និយាយពីការលំបាកវិញ លោកបានរៀបរាប់ថា «ការលំបាកពិតជាមានលើការសិក្សាវិជ្ជាជីវៈពេទ្យ មិនថាខ្ញុំ ឬសិស្សប្អូន ក៏ដូចជារៀមច្បងទេ ព្រោះថានិស្សិតទាំងអស់ត្រូវចំណាយពេលវេលាយ៉ាងច្រើនទៅលើការសិក្សា និងស្រាវជ្រាវ រួមជាមួយនិងការចុះកម្មសិក្សានៅមន្ទីរពេទ្យ»។ លោកបានបន្ថែមទៀតថា ដើម្បីឈានទៅរកភាពជោគជ័យលើវិស័យនេះ ក៏ដូចជាការចាប់យកឯកទេសថើ្លម ក្រពះ ពោះវៀន និស្សិតម្នាក់ៗត្រូវមានការខិតខំ ប្រឹងប្រែងនិងព្យាយាមខ្ពស់បន្ថែមទៀត ព្រោះថាការជ្រើសរើសនិស្សិតឯកទេសលើជំនាញនេះមានចំនួនតិច ណាស់ (៣នាក់ក្នុងមួយជំនាន់)។ ក្រៅពីការសិក្សា សុធារ៉ា ក៏បានលើកឡើងផងដែរថា «មន្ទីរពេទ្យ គឺជាកន្លែងមួយដ៏ល្អក្នុងការផ្តល់ចំណេះដឹងបន្ថែមសម្រាប់និស្សិតក្រេបជញ្ជក់យកបទពិសោធន៍គួបផ្សំជាមួយចំណេះដឹងដែលបានរៀនពីសាលា»។ ក្នុងនោះទៀតសោត គ្រូពេទ្្យ និងរៀមច្បងក៏ជាកត្តាមួយសំខាន់ក្នុងការចូលរួមណែនាំ បង្ហាញ និងប្រាប់ពីគន្លឹះផ្សេងៗដែលយើងត្រូវអនុវត្តដែរ។ ពេលសាកសួរពីអនាគតនៃការងារ សុធារ៉ា បានប្រាប់ថា «ខ្លួនមានបំណងធ្វើការនៅតាមខេត្ត ព្រោះខ្លួន យល់ឃើញថា ចំណេះដឹងស្តីពីការថែទាំសុខភាពថ្លើម ក្រពះ ពោះវៀន នៅមានកម្រិត ឯសេវាថែទាំសុខភាពលើបញ្ហានេះ អាចចាត់ទុកថាល្អនៅរាជធានីភ្នំពេញ ប៉ុន្តែនៅតាមបណ្តាលខេត្ត គឺមិនទាន់បានទូលំទូលាយនៅឡើយទេ»។ ជាចុងក្រោយ សុធារ៉ា ក៏ចង់ផ្តែផ្តាំដល់ប្រជាជនទាំងអស់ដែលមានបញ្ហាថ្លើម ក្រពះ ពោះវៀនឲ្យទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេស ព្រោះថាការប្រើប្រាស់ថ្នាំមួយចំនួនដោយខ្លួនឯង អាចបង្កឲ្យមានគ្រោះថ្នាក់។ ឧទាហរណ៍ដូចជា ដំបៅក្រពះ ក្អួតឈាម ជាដើម។ ក្នុងនេះដែរ មហារីកពោះវៀន បានកើតមានឡើងច្រើនបន្ទាប់ពីមហារីកមាត់ស្បូន និងមហារីកសួតក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ដូចនេះ សូមប្រជាជនដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពក្រពះ ពោះវៀន ដោយម៉ាស៊ីនអង់ដូស្កុបយ៉ាងតិចមួយឆ្នាំម្តង។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ពីទឹកដីកំណើតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក ទូច ខាន់ណារ៉ា  និស្សិតផ្នែកមហារីកវិទ្យានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានការយល់ឃើញថា «គ្រួពេទ្យជា អាជីពមួយដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តែសម្រាប់ខ្ញុំ ខ្ញុំចង់ចេះចង់ដឹងបន្តិចបន្តួចពីមុខវិទ្យាវេជ្ជសាស្ត្រ ក្នុងបំណងជួយព្យាបាលសាច់ញាតិតែប៉ុណ្ណោះ និងមនុស្សផងទាំងឡាយរួមទាំងមានឱកាសទទួលបានអាហារូបករណ៍របស់ក្រសួង ខ្ញុំក៏សម្រេចបន្តរៀនមុខវិជ្ជានេះ។ ប៉ុន្តែ មហិច្ឆតាខណៈពេលកំពុងរៀន ណាមួយខ្ញុំចូលចិត្តរបកគំហើញថ្មីៗ ព្រមទាំងយល់ឃើញពីកង្វះខាតគ្រូពេទ្យខាងផ្នែកមហារីកនេះផង និងចង់ចូលរួមក្នុងការអភិវឌ្ឍខាងវិស័យមហារីក ស្របពេលដែលអត្រាអ្នកជំងឺកាន់តែកើនឡើង ទើបខ្ញុំសម្រេចបន្តឯកទេសផ្នែកមហារីកវិទ្យា។» មិនខុសពីសិស្សដទៃទៀតទេ ការសិក្សារមែងមានការលំបាកដូចជា ត្រូវខិតខំរៀនមេរៀនក្នុងសាលា ការស្រាវជ្រាវផ្សេងៗ ការចុះកម្មសិក្សា ឯការប្រលងវាយតម្លៃសិក្សា ក៏ជាចលកររាំងស្ទះការសិក្សាដែរ។ ទោះមានឈ្មោះជាសិស្សអាហារូបករណ៏រយៈពេល៦ឆ្នាំមែន តែក្នុងឆ្នាំសិក្សាដែលខ្ញុំប្រលងយកថ្នាក់ឯកទេសនោះ អាហារូបករណ៏ត្រូវបាត់បង់ ហើយការចំនាយត្រូវធ្លាក់មកលើគ្រួសាររបស់ខ្ញុំទាំងស្រុង។ ចំណេះដឹងទូទៅ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប។ ជាអនាគតគ្រូពេទ្យមួយរូបត្រូវស្គាល់ពីអ្នកជំងឺ និងប្រើប្រាស់ភាសាឥរិយាបថទៅតាមលក្ខខណ្ឌរបស់អ្នកជំងឺ។ ម្យ៉ាងវិញទៀត អ្នកជំងឺមហារីករមែងទទួលរងការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ខ្ញុំយល់ឃើញថាការចេះបញ្ចុះបញ្ចូល ការលួងលោមអ្នកជំងឺរឿងមួយសំខាន់ ហេតុនេះ ការអាន និងស្វែងយល់ពីចិត្តសាស្ត្ររបស់មនុស្ស គឺជាផ្នែកមួយសម្រួលដល់ទំនាក់ទំនង។ លើសពីនេះ ភាសាបរទេសបានដើរតួនាទីយ៉ាងសំខាន់ជួយក្នុងការបង្កើនចំនេះដឹងក្នុងជំនាញនេះ ព្រោះការសិក្សាស្រាវជ្រាវរបកគំហើញថ្មីៗក្នុងវិស័យមហារីក ប្រាកដណាស់ គឺមិនទាន់អាចប្រព្រឹត្តិទៅបានទេក្នុងពេលបច្ចុប្បន្ន ដោយសារបច្ចេកទេសក្នុងប្រទេសកម្ពុជានៅមានកម្រិត ជាហេតុដែលត្រូវការការសិក្សា និងអនុវត្តតាម guideline របស់បរទេស។ បច្ចេកទេសកំព្យូរទ័រក៏ជាអ្វីដែលខ្ញុំមិនអាចខ្វះបានដែរ ព្រោះវាសម្រួលដល់ការសិក្សាមិនថាមហារីកវិទ្យា ឬមុខវិជ្ជាដ៏ទៃនោះទេ។ មនុស្សម្នាក់ៗមិនមាននរណាចេះអស់នោះទេ ដើម្បីបង្កើនចំណេះដឹងការជជែកគ្នាពិភាក្សាជាមួយមិត្តភក្តិ ឬសហភាតរៈក៏ជាផ្នែកមួយដែរ។ គេនិយាយ យើងស្តាប់ យើងចេះយើងតប អ្វីដែលយើងមិនដឹងត្រូវចាំ និងកត់ទុក។ សំណួររដែលចោទសួរពីការបម្រើការនៅតាមខេត្ត ឬទីក្រុងភ្នំពេញវា គឺជាបញ្ហាដោយសារមុខវិជ្ជាមហារីកត្រូវការការចូលរួមពីដៃគូរ(Multidiscip-linary) មានគ្រូពេទ្យវះកាត់ មន្ទីរពិសោធន៏ស្តង់ដារ គ្រូពេទ្យរូបភាពវេជ្ជសាស្ត្រ។ល។ តែផ្នែកមួយចំនួននៅមានភាពរអាក់រអួល និងខ្វះខាតគ្រូពេទ្យនៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំចង់ទៅធ្វើការតាមខេត្ តតែខ្ញុំត្រូវការជាសហភាតរៈជាដៃគូជាចាំបាច់។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថាការយល់ដឹងខាងផ្នែកជំងឺមហារីកពីសំណាក់មហាជន និងគ្រូពេទ្យមួយចំនួនមានភាពល្អប្រសើរ។ មានមនុស្សមួយចំនួនយល់ថា ហេតុអ្វីបានជាមានគ្រូពេទ្យ ឬសិស្សយកមុខវិជ្ជានេះ និងព្យាបាលមហារីក ទោះអ្នកជំងឺស្ថិតក្នុងដំណាក់ចុងក្រោយ? នេះ គឺដើម្បីកាត់បន្ថយការឈឺចាប់ ធ្វើឲ្យមានភាពប្រសើរនៃការរស់នៅជាមួយជំងឺមហារីក និងភាពមនុស្សធម៌របស់គ្រូពេទ្យ មិនចង់ឃើញអ្នកជំងឺលំបាកវេទនាទើបញ៉ាំងឲ្យមានវត្តមានគ្រូពេទ្យឯកទេសមហារីក(Oncologist, hematologist, radiotherapist)។ មិនតែប៉ណ្ណោះ ជំងឺមហារីកមានលក្ខណៈខុសពីជំងឺដទៃ ទោះមនុស្សពីរនាក់មានមហារីកដូចគ្នា តែការវិវត្តការព្យាករណ៍ គឺខុសគ្នា ព្រោះជំងឺមហារីកមានប្រភពពីហ្សែន(Genes: DNA) ហើយមនុស្សម្នាក់ៗមានហ្សែនខុសគ្នា។  ហេតុដូច្នេះ ខ្ញុំស្នើដល់មិត្តអ្នកអានកុំមានការយល់ច្រលំ និងធ្វើការប្រៀបធៀបជំងឺនេះពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយបន្តធ្វើការវាយតម្លៃដល់ការព្យាបាល។ ក្រៅពីនេះ ការព្យាបាលជំងឺមហារីកត្រូវចំណាយថវិកាច្រើន ហេតុនេះ សូមមហាជនមានការយោគយល់ ព្រោះបច្ចុប្បន្នមិនមានការឧបត្ថម្ភពីអង្គការ ឬស្ថាប័នណាមួយ គួបផ្សំ និងតម្លៃថ្នាំអន្តរជាតិមានតម្លៃខ្ពស់។ ជាងនេះទៅទៀត ក្រមសីលធ៌មរបស់មនុស្សម្នាក់ៗ គឺមានតម្លៃណាស់ ខ្ញុំសង្ឃឹមថា មហាជននឹងមានភាពឈ្លាសវៃចេះទាញយកព័ត៌មានពិតមកពិចារណាប្រកបដោយសម្បជញ្ញៈ ធ្វើការរិះគន់ដោយចំណេះដឹង និងសីលធម៌។ សម្រាប់សិស្សនិស្សិត ត្រូវខិតខំរៀនសូត្រពង្រីក និងពង្រឹងចំណេះដងឲ្យស្របទៅតាមបរិបទបរទេស ចេះកែប្រែរបស់ចាស់ទទួលយកចំណេះដឹងថ្មីៗ កាន់ឥរិយាបថទន់ភ្លន់ និងមានក្រមសិលធម៌វិជ្ជាជីវៈ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ត្រូវគិតគូរលើចំណុចអ្វីខ្លះមុនធ្វើអាជីវកម្មមួយ? -គិតទៅលើConcept៖ អ្នកធ្វើអាជីវកម្មត្រូវមើលទៅលើបញ្ហា និងគិតពីវិធីសាស្ត្រដោះស្រាយបញ្ហាទាំង នោះ ហើយត្រូវធ្វើអោយconcept នោះត្រូវមានភាពខុសពីគេ និងប្លែកពីគេ -វិធីសាស្ត្រធ្វើ ៖ ចំណុចនេះអ្នកត្រូវគិតអំពោះរបៀបដែលអ្នកនឹងធ្វើវា មានធនធានអ្វីខ្លះ ស្វែងរកអ្នក ដទៃមកបំពេញចំណុចខ្វះខាត -សាកលភាវូបនីយកម្ម៖ ថាតើអាជីវកម្មរបស់យើងអាចឈានចូលទៅក្នុងកម្រិតអន្តរជាតិបានដែរឬទេ ក្រោយពីមានគំនិតមួយល្អហើយ ដើម្បីឲ្យដំណើរការទទួលបានជោគជ័យតើត្រូវមានកត្តាអ្វីខ្លះទៀតចូលរួម? -ខ្លួនឯង៖ ត្រូវសួរខ្លួនឯងថាតើយើងស្រលាញ់ការងារនេះដែរឬទេ កើតចេញពីចិត្តដែរឬទេ -គ្រួសារ៖ គ្រួសារជាកត្តាលើកទឹកចិត្តដ៏សំខាន់បំផុត ពីព្រោះថាពេលធ្វើការងារអ្វីមួយអាចនឹងមានការ បាក់ទឹកចិត្តដូចនេះកម្លាំងចិត្តអាចធ្វើឲ្យយើងបន្តទៅមុខទៀត -ជំនាញដែលត្រូវការ៖ នេះជាកត្តាសំខាន់ដែលអាជីវករត្រូវដឹង។ ត្រូវស្វែងយល់ពីជំនាញដែលអ្នកខ្វះខាត រួចស្វែងរកមនុស្សមកជួយបំពេញ។​ កត្តាដែលគួរចៀសវាង អ្វីដែលសំខាន់និងត្រូវចៀសវាងគឺ ការកូពីអាជីវកម្មរបស់អ្នកដទៃ ពីព្រោះទោះបីជាយ៉ាងណាក៏យើងមិនអាចធ្វើឲ្យ ដូចគេបេះបិតនោះដែរ។ ធ្វើយ៉ាងនេះ អាជីវកម្មរបស់លោកអ្នកគឺមិនមានភាពខុសគ្នាពីអ្នកដទៃឡើយ។ ចំណុចដ៏ សំខាន់មួយ ទៀតនោះ​គឺចៀសវាងការកេងប្រវ័ញ្ជនៅក្នុងក្រុម។ ក្នុងនាមជាម្ចាស់អាជីវកម្មគួរ កុំផ្តោតសំខាន់ទៅលើ ការចំណេញខ្លាំងពេក ត្រូវបែងចែក ផលប្រយោជន៍ចំពោះក្រុមការងារដែលទទួលបន្ទុកច្រើនដែលធ្វើឲ្យការងារ រីចម្រើន។​ អនុសាសន៍ ក្នុងនាមជាអាជីវករ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអតិថិជន និងផ្តោតសំខាន់ទៅលើតម្រូវការរបស់ពួកគាត់។ ស្តាប់ពីការផ្តល់យោបល់ និងការរិះគន់ ពីព្រោះថាពាក្យរិះគន់ជាពាក្យបោះព្រីយ៉ុង។ ម្យ៉ាងវិញទៀត អាជីវករត្រូវ រកពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង ដោយត្រូវដើរច្រើន ស្វែងយល់ពីស្ថានភាពខុសៗគ្នា ជាពិសេសត្រូវចូលរួមសិក្ខា សាលាផ្សេងៗដើម្បីបង្កើនទំនាក់ទំនងសង្គម និងរៀនពីអ្វីថ្មី។

ចែករំលែក

បើនិយាយពីការងារផ្នែកអ្នកទីផ្សារ ឬអ្នកទំនាក់ទំនងសាធារណៈចៀសមិនផុតពីការសហការផ្ទាល់ជាមួយអតិថិជន ដែលតម្រូវឲ្យពួកគេមានគន្លឹះពិសេសក្នុងការធ្វើឲ្យទំនាក់ទំនងជោគជ័យទៅតាមគម្រោងដែលបានកំណត់។ យល់ច្បាស់ឬនៅ ថាធ្វើដូចម្តេចទើបអាចយកឈ្នះចិត្តរបស់អតិថិជន? បើមិនទាន់ច្បាស់អាចស្វែងយល់អត្ថបទខាងក្រោមដោយ Konexgens បានធ្វើបទសម្ភាសន៍ជាមួយ លោក ង៉ោ ម៉េងហ៊ួង ដែលជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Hauwei ពីយុទ្ធសាស្រ្តមួយចំនួនពីការទំនាក់ទំនងជាមួយអតិថិជន គួរបញ្ជាក់ផងដែរលោកជាអតីតសិស្សគំរូខាងផ្នែកសារព័ត៌មាននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍រួមជាមួយបទពិសោធន៍ការងារជាច្រើនឆ្នាំនៅតាមបណ្តា ក្រុមហ៊ុននានាជាច្រើន។ ការរៀបចំមុនពេលការណាត់ជួប •    ជាចម្បងគួរមានការសិក្សាពីព័ត៌មានឬសេវាកម្មរបស់ក្រុមហ៊ុនដែលចង់ណាត់ជួបជាមុនដែលវាជាជំនួយក្នុងការពិភាក្សា។ •    ការរៀបចំខ្លួនក៏ជាចំណុចទាក់ទាញផងដែរ ដូចជាការស្លៀកពាក់ឲ្យបានសមរម្យជាដើម។ •    កំណត់ពីទីតាំងនៃការណាត់ជួប ដែលអាចមានការប្រែប្រួលទៅតាមស្ថានភាព តួយ៉ាង សម្រាប់ការណាត់ជួបជាលក្ខណៈផ្លូវការអាចធ្វើឡើងក្នុងការិយាល័យរបស់ក្រុមហ៊ុន ឬទីតាំងរបស់អតិថិជនផ្ទាល់ចំណែកឯការណាត់ជួបមិនផ្លូវការ សម្រាប់បង្កើនចំណងមិត្តភាពវិញ អាចធ្វើឡើងក្នុងទីតាំងសាធារណៈមួយចំនួនដូចជា ហាងកាហ្វេ ឬការរៀបចំជា អាហារសាមគ្គី។ វិធីសាស្រ្តក្នុងការយកឈ្នះចិត្តអតិថិជន •    ជំនួបដំបូង៖ ផ្លាស់ប្តូរទំនាក់ទំនងចំពោះអ្នក និងអតិថិជនដែលអាចធ្វើឡើងតាមរយៈការដោះដូរនូវប័ណ្ឌសម្គាល់ខ្លួននិងការណែនាំខ្លួនដើម្បីបង្កើននូវភាពស្និទ្ធស្នាលរវាងគ្នាទៅវិញទៅមកមុននឹងឈានចូលទៅការចចារពីគម្រោងរបស់អ្នក។ •    ការចចារ៖ វាស្តែងចេញឡើងតាមរយៈការរៀបរាប់ពីគោលបំណងរបស់អ្នកចំពោះ អតិថិជន ដោយធ្វើយ៉ាងណានិយាយចាក់ឲ្យចំបេះដូង និងផ្តល់ព័ត៌មានពិតពីសេវាកម្មឬផលិតផលរបស់អ្នកដោយគួរមានជាការរៀបចំឯកសារសម្រាប់ធ្វើ បទបង្ហាញ ឲ្យបានកាន់តែក្បោះក្បាញ និងទាក់ទាញ ចៀសវាងការបង្ហាញនិយាយតែមាត់ដោយគ្មានភ័ស្តុតាងជាក់លាក់។ •    ការបិទបញ្ចប់៖ ការសម្រេចចិត្តទទួលយក ឬយ៉ាងណារបស់អតិថិជនជាចំណុចសខាន់នៃការណាត់ជួប ប៉ុន្តែអ្នកត្រូវមានការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបាននឹងនរចៀសវាងបង្ហាញការមិនពេញចិត្ត ក្នុងករណីអតិថិជនមិនយល់ព្រមពី ព្រោះថាយើងនៅតែមានឱកាសធ្វើការជាមួយគ្នានៅថ្ងៃខាងមុខទៀត។ អ្វីដែលគួរប្រកាន់ខ្ជាប់ និងចៀសវាង អ្វីគួរប្រកាន់ខ្ជាប់៖ •    គោរពពេលវេលាឲ្យបានត្រឹមត្រូវ យកល្អត្រូវរង់ចាំយ៉ាងតិចមួយម៉ោងនៃការណាត់ជួប •    និយាយឲ្យមានប្រយោជន៍ រួមជាមួួយស្នាមញញឹម និងការយកចិត្តទុកដាក់ •    ប្រើវិធីសាស្រ្តពន្យល់ឲ្យបានច្រើន។ អ្វីគួរចៀសវាង៖ •    ចៀសវាងប្រើពាក្យសម្តី និងអាកប្បកិរិយាដែលមិនសមរម្យ •    មិនគួរបញ្ចេញអត្តចរិកគាបសង្កត់ •    មិនត្រូវបង្ហាញអាការៈខឹងនៅពេលមានការរិះគន់។ អនុសាសន៍សម្រាប់អ្នកអាន ជាការពិតពិភពការងារតែងចៀសមិនផុតពីបញ្ហា ការបាក់ទឹកចិត្ត ឬភាពនឿយហត់ ប៉ុន្តែវាគ្រាន់តែជាឧបសគ្គមួយគ្រា មិនមែនជាការបរាជ័យមួយជីវិត។ គួរតែបណ្តុះភាពរឹុងបឹុង ជំុរុញខ្លួនឯងទៅមុខឲ្យកាន់តែរីកចម្រើននាពេលខាងមុខ។  

ចែករំលែក

កញ្ញា ម៉ុញ សេងហ៊ាង មូលហេតុដែលកញ្ញាជ្រើសរើសយកមុខជំនាញមួយនេះ ព្រោះកញ្ញាស្រលាញ់មុខជំនាញមួយនេះ និងមានបំណងអប់រំ ផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ហាសុខភាពរបស់ស្រ្តី ជូនដល់ស្ត្រីគ្រប់រូបហើយដោយសារកញ្ញាឃើញមានកង្វះខាតគ្រូពេទ្យឯកទេសនេះនៅតាមបណ្តាខេត្ត។ កញ្ញាក៏បានបញ្ជាក់ផងដែរថា ការសិក្សាឯកទេសសម្ភព និងរោគស្រ្តីនេះ ទាមទារឲ្យនិស្សិតត្រូវមានកាយសម្បទាគ្រប់គ្រាន់ សុខភាពមាំមួន អាចអត់ធន់នឹងការលំបាកបាន និងមានចរិតឧស្សាហ៍ព្យាយាម។ កញ្ញាក៏បានលើកឡើងការលំបាកដែលកញ្ញាជួបក្នុងការសិក្សាដូចជា មេរៀនត្រូវរៀនមានច្រើន ដែលជាហេតុធ្វើ ឲ្យកញ្ញាត្រូវចំណាយពេលច្រើនក្នុងការយល់មេរៀន ប៉ុន្តែកញ្ញាត្រូវទទួលការហ្វឹកហាត់នៅតាមមន្ទីរពេទ្យ ហើយត្រូវយាមនៅពេលយប់ថែមទៀត ធ្វើឲ្យពេលវេលារំលឹកមេរៀនកាន់តែខ្លី និងមិនសូវមានពេលសម្រាកគ្រប់គ្រាន់។ ក្រៅពីការសិក្សា កញ្ញាបានចូលរួមក្នុងសកម្មភាពផ្សេងៗទៀតដើម្បីបង្កើនចំណេះដឹងជំនាញរោគស្រ្តីនេះដូចជា ការស្ម័គ្រចិត្តចុះទៅតាមមូលដ្ឋានជាមួយអង្គការនានា ក្នុងការអប់រំក្មេងស្រីដែលទើបពេញវ័យឲ្យយល់ថា ត្រូវធ្វើអ្វីខ្លះដើម្បីថែទាំសុខភាព ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនឲ្យដឹងពីការរក្សាអនាម័យ និងអាហារបំប៉នដែលគាត់ត្រូវបរិភោគ ហើយក៏បានស្រង់យកយោបល់របស់ប្រជាជនដូចជាការលំបាករបស់គាត់ និងស្វែងយល់ពីកម្រិតចំណេះដឹងរបស់គាត់ ពីបញ្ហារោគស្រ្តី។ ចំពោះចំណេះដឹងរបស់ប្រជាជនយើងទាក់ទងនឹងរោគស្រ្តីនេះ កញ្ញាយល់ថាប្រជាជននៅទីក្រុង និងទីប្រជុំជនមានការយល់ដឹងច្រើននិង ចេះថែទាំសុខភាពនិងអនាម័យផ្ទាល់ខ្លួនបានល្អ ប៉ុន្តែស្រ្តីនៅតាមជនបទវិញ ចំណេះដឹងរបស់គាត់នៅមានកម្រិតនៅឡើយ ហើយពួកគាត់ដូចជាមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវភេទរបស់ខ្លួនទោះជាមានមណ្ឌលសុខភាពគ្រប់គ្រាន់ក៏ដោយ និងមិនសូវចាប់អារម្មណ៍ចូលរួមនៅពេលដែលក្រុមអ្នកជំនាញចុះទៅអប់រំពួកគាត់។ ងាកទៅលើសមាហរណកម្មអាស៊ាន  សេងហ៊ាង  យល់ថាវានឹងជួយក្នុងការលើកកម្ពស់ ការផ្តល់សេវាកម្មសុខភាពរោគស្ត្រី រួមជាមួយការទទួលបានចំណេះដឹងបន្ថែមដោយមានការចែករំលែកចំណេះដឹងជាមួយគ្រូពេទ្យបរទេស។ ជាចុងក្រោយ កញ្ញាសូមផ្តាំផ្ញើស្រ្តីគ្រប់រូប សូមកុំបន្តការខ្មាសអៀនទៀតគួរតែទៅទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវប្រសិនបើមានបញ្ហា និងរាល់ការអប់រំពីសុខភាពផ្លូវភេទ សូមឲ្យបងប្អូនទាំងអស់ចូលរួមឲ្យបានច្រើនដើម្បីយល់ដឹងពីការថែទាំសុខភាព និងវិធីបង្ការរោគ៕ លោកស្រី រ៉ាវុឌ្ឍ សោភារចនា មូលហេតុដែលលោកស្រីជ្រើសរើសយកមុខជំនាញមួយនេះ ដោយសារតែចំណូលចិត្តផ្ទាល់ខ្លួន គួបផ្សំនឹងការកង្វះខាតគ្រូពេទ្យផ្នែកនេះនៅតាមបណ្តាខេត្តនានា។ ដូចនេះ លោកស្រីយល់ថា ពេលលោកស្រីបញ្ចប់ការសិក្សាជំនាញនេះហើយ លោកស្រីអាចទៅបម្រើការ និងផ្តល់សេវាផ្នែករោគស្ត្រីនេះជូនដល់ប្រជាជននៅតាមខេត្ត។ ការសិក្សាផ្នែកសម្ភព និងរោគស្រ្តីតម្រូវឲ្យនិស្សិតសិក្សារយៈពេល ៣ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វេជ្ជសាស្រ្តទូទៅដែលមានរយៈពេល ៦ឆ្នាំ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានិស្សិតឯកទេសសម្ផព និងរោគស្រ្តីមួយរូប លោកស្រីត្រូវមានការអត់ធ្មត់ខ្ពស់ដោយសារការងារក្នុងពេលចុះកម្មសិក្សាភាគច្រើនដូចជាការសម្រាល ឬវះ-កាត់ជាដើមច្រើនធ្វើនៅពេលយប់ ដែលធ្វើឲ្យលោកស្រីត្រូវស៊ូទ្រាំនឹងការមិនបានគេង។ មួយវិញទៀត និស្សិតត្រូវមានការព្យាយាមខ្ពស់ទាំងចំណេះដឹង និងចំណេះធ្វើព្រោះជំនាញនេះបូកបញ្ចូលរួមគ្នាទាំងការព្យាបាលដោយប្រើឱសថ និងការព្យាបាលដោយវះកាត់។ រីឯការលំបាកដែលលោកស្រីបានជួបក្នុងការសិក្សាកន្លងមកមានដូចជាការខ្វះខាតឯកសារសម្រាប់ការសិក្សានិងសម្រាប់ស្រាវជ្រាវដោយប្រភពឯកសារនៅមានកម្រិតនិងការពិបាកជ្រើសរើសប្រភពឯកសារណាមួយ ដែលជឿទុកចិត្តបាន។ លោកស្រីបានបង្ហាញផងដែរថា លោកស្រីស្វែងរកឯកសារនៅតាមប្រព័ន្ធអ៊ីនធលើណេត   ហើយបានសាកសួរយោបល់ពីលោកគ្រូអ្នកគ្រូរបស់លោកស្រីដើម្បីប្រាកដថា ព័ត៌មានដែលលោកស្រីស្វែងរកបានពិតជាត្រឹមត្រូវអាចជឿទុកចិត្តបាន។ ថែមពីលើនេះទៀត លោកស្រីក៏បានឆ្លៀតពេលទំនេរ ទៅបណ្ណាល័យរបស់សាកលវិទ្យាល័យដើម្បីស្វែងរកបន្ថែមនូវសៀវភៅដែលទាក់ទងទៅនឹងការសិក្សារបស់លោកស្រី។ លោកស្រី រចនាក៏បានប្រាប់ហេលស៍ថាមយើងផងដែរថា ចំពោះឯកទេសផ្នែកសម្ភព និងរោគស្រ្តីនេះ លោកស្រីចូលចិត្តផ្នែកសម្ភពជាង ព្រោះថាពេលដែលការសម្រាលកូនទទួល បានជោគជ័យដោយទារក និងម្តាយសុទ្ធតែមានសុខភាពល្អ ហើយឃើញគ្រួសាររបស់អ្នកជំងឺមានភាពរីករាយ និងទទួលបានសុភមង្គល នោះលោកស្រីក៏សប្បាយរីករាយជាមួយគ្នាផងដែរ។ ក្រៅពីការសិក្សា លោកស្រីបានចូលរួមសកម្មភាពសង្គមមួយចំនួនដូចជាចុះទៅតាមមូលដ្ឋាន នៅតាមខេត្តឆ្ងាយៗ ដើម្បីទៅណែនាំប្រជាជនពីចំណេះដឹងទាក់ទងនឹងបញ្ហាសម្ផព និងរោគស្ត្រី។ ថែមលើនេះ លោកស្រីក៏បានស្វែងរកចំណេះបន្ថែមតាមរយៈការចូលរួមសិក្ខាសាលានានា។ ទាក់ទងទៅលើចំណេះដឹងរបស់ប្រជាជនចំពោះបញ្ហាសម្ផព និងរោគស្ត្រី​ លោកស្រីយល់ថា ទោះបីប្រជាជនបច្ចុប្បន្នបានទៅសម្រាលនៅតាមមណ្ឌល សុខភាពក៏ដោយតែពួកគាត់នៅតែមានទម្លាប់ជឿតាមគ្នាមិនសូវជឿការណែនាំរបស់គ្រូពេទ្យ ប្រកាន់នូវគំនិតបុរាណ ឯការរក្សាអនាម័យ ក៏នៅមិនទាន់បានល្អត្រឹមត្រូវនៅឡើយ។ មួយវិញទៀត ការផ្សព្វផ្សាយទាក់ទងទៅនឹងសេវាថែទាំសុខភាពរបស់ស្រ្តីក៏មិនទាន់បានទូលំទូលាយនៅឡើយ ទោះជាមានការផ្សព្វផ្សាយពីការពន្យាកំណើតនៅតាមទូរទស្សន៍ក៏ដោយ ។ ប៉ុន្តែបើយើងក្រឡេកមើលប្រជាជននៅតាមខេត្តឆ្ងាយៗវិញ ពួកគាត់ចាប់អារម្មណ៍លើការទស្សនារឿងភាគដែលចាក់ផ្សាយ ជៀសជាងការទស្សនា ការផ្សព្វផ្សាយរបស់រដ្ឋាភិបាល។ ជាចុងក្រោយ លោកស្រី សោភារចនា សូមសំណូមពរដល់ប្រជាជនខ្មែរយើងឲ្យមានការជឿជាក់លើគ្រូពេទ្យខ្មែរ ទទួលយកការពន្យល់របស់គ្រូពេទ្យ ព្រមទាំងកែប្រែទម្លាប់ជឿតាមគ្នា។ លោកស្រីក៏បានស្នើរសុំដល់ក្រសួងសុខាភិបាលសូមឲ្យមានការផ្សព្វផ្សាយទូលំទូលាយជាងនេះលើការផ្តល់ចំណេះដឹងទាក់ទងនឹងផ្នែកសម្ភព និងរោគស្រ្តី៕ កញ្ញា ម៉ាកហ៊ាង សុវណ្ណា ដោយសារតែមានការខ្វះខាតច្រើនទៅលើគ្រូពេទ្យជំនាញនេះ និងសព្វថ្ងៃ ពេទ្យផ្តល់សេវាកម្មនេះភាគច្រើនជាឆ្មបដូចនេះការផ្តល់សេវាកម្ម ក៏មិនទាន់មានភាពស៊ីជម្រៅខ្លាំងនៅឡើយ។ ផ្ទុយទៅវិញ ជំងឺរោគស្រ្តីមួយចំនួនទាមទារ ឲ្យមានការព្យាបាលពីគ្រូពេទ្យឯកទេស ដូចនេះហើយកញ្ញាបានសម្រេចចិត្តជ្រើសរើសយកឯកទេសនេះ ក្នុងបំណងបំពេញតម្រូវការការផ្តល់សេវាសុខភាពសាធារណៈ។ សុវណ្ណា ក៏បានបង្ហាញផងដែរថា ក្នុងនាមជានិស្សិតឯកទេសសម្ភព និងរោគស្ត្រី និស្សិតគ្រប់រូបត្រូវមានទាំងកម្លាំងកាយនិងកម្លាំងចិត្ត រួមផ្សំជាមួយនិងការគាំទ្រពីក្រុមគ្រួសារ និងញាតិមិត្តដែលនៅជុំវិញខ្លួនទាំងអស់ ព្រោះថាការសិក្សាឯកទេសវេជ្ជសាស្រ្តសម្ផព និងរោគស្ត្រីនេះមានការមមាញឹកខ្លាំង ព្រោះត្រូវសិក្សាទាំងផ្នែកទ្រឹស្តីនិងអនុវត្តនៅតាមមន្ទីរពេទ្យ ហើយត្រូវចំណាយពេលយូរក្នុងការសិក្សានិងត្រូវការចំណាយថវិកាក៏ច្រើនថែមទៀត។ កញ្ញាក៏បានប្រាប់ផងដែរនូវការលំបាកដែលកញ្ញាបានជួបក្នុងការសិក្សាមានដូចជា ការប្រលងម្តងៗ មានមុខវិជ្ជាច្រើនដែលជាហេតុត្រូវឲ្យកញ្ញាត្រូវរំលឹកមេរៀនច្រើនក្នុងពេលតែមួយ  ឯការអនុវត្តនៅតាមមន្ទីរពេទ្យវិញ ដើម្បីមានការងារអនុវត្តច្រើនកញ្ញាត្រូវមានទំនាក់ទំនងល្អជាមួយនឹងគ្រូពេទ្យនិងឆ្មបនៅទីនោះ ហើយក៏គ្មានពេលទំនេរអាចជួយសម្រាលបន្ទុកគ្រួសារដែរ។ ម្យ៉ាងទៀត កញ្ញាបានបន្ថែមទៀតថា កញ្ញាត្រូវព្យាយាមយកឲ្យបាននូវលទ្ធផលល្អទាំងផ្នែកទ្រឹស្តី និងការអនុវត្តទើបអាចទទួលបានជោគជ័យក្នុងវិជ្ជាជីវៈមួយនេះ។ ដោយឯកទេសនេះមាន២ផ្នែកគឺ ផ្នែកសម្ភព និងផ្នែករោគស្រ្តី សុវណ្ណាបានប្រាប់ថាខ្លួនចូលចិត្តទាំងអស់ គ្រាន់តែពេញចិត្តផ្នែកសម្ភពជាង ព្រោះថាអ្នកជំងឺផ្នែកនេះមានច្រើន ហើយករណីធ្ងន់ក៏មានច្រើនផងដែរ។ ដូចនេះ កញ្ញាយល់ថាខ្លួនអាចជួយសង្គ្រោះម្តាយនិងទារកដែលមានគ្រោះថ្នាក់បានច្រើន ហើយក៏បានចូលរួមក្នុងចំណែកតូចមួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈផងដែរ។ ក្រៅពីការសិក្សា សុវណ្ណាបានចូលរួមក្នុងសកម្មភាពមួយចំនួនដូចជា ការចុះបេសកម្ម ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំងក្នុងបំណងជួយផ្សព្វផ្សាយនិងផ្តល់ចំណេះដឹងពីសុខភាពរបស់ស្រ្តីដល់ប្រជាជនខ្មែរ ហើយនៅពេលទំនេរ កញ្ញាក៏នៅតែទៅមន្ទីរពេទ្យដើម្បីធ្វើការហាត់ការរបស់ខ្លួនបើទោះជាគ្មានការចាត់តាំងពីសាកលវិទ្យាល័យក៏ដោយ។ ចំពោះសមាហរណកម្មអាស៊ាន សុវណ្ណា យល់ថាជារឿងល្អសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ព្រោះថាការរួមគ្នានៃប្រទេសទាំង១០ អាចឲ្យគ្រូពេទ្យមានឱកាសច្រើនក្នុងការចែករំលែកបទពិសោធជាមួយនឹងការឆ្លៀតឱកាសអភិវឌ្ឍខ្លួនរបស់កម្ពុជាលើសេវាកម្មសុខភាពស្រ្តីនេះ ដោយសារតែសព្វថ្ងៃនេះវិធីសាស្ត្រដែលអនុវត្ត នៅតាមមន្ទីរពេទ្យនៅមិនទាន់មានភាពទាន់សម័យខ្លាំងនៅឡើយ រួមជាមួយឧបករណ៍ប្រើប្រាស់ក៏នៅប្រើឧបករណ៍ចាស់ៗផងដែរ។ នៅពេលសាកសួរពីការយល់ដឹងរបស់ប្រជាជនទាក់ទងនឹងបញ្ហារោគស្រ្តីនេះ សុវណ្ណា បាននិយាយថា ចំពោះប្រជាជននៅក្នុងទីក្រុងភ្នំពេញ មានការយល់ដឹងច្រើន ដោយឃើញមានការមកពិគ្រោះជំងឺនៅពេលដែលជំងឺរបស់ពួកគាត់នៅដំណាក់កាលស្រាលនៅឡើយ ផ្ទុយពីប្រជាជននៅតាមជនបទ ដែលបងប្អូនស្រ្តីខ្លះមិនដែលធ្វើការត្រួតពិនិត្យលើសុខភាពផ្លូវភេទរបស់គាត់ទាល់តែសោះ។ ជាចុងក្រោយ កញ្ញាក៏សូមផ្តាំដល់មិត្តអ្នកអានដែលជាស្ត្រីគ្រប់រូបគួតែឧស្សាហណ៍ទៅពិនិត្យសុខភាពរបស់ខ្លួននៅតាមមន្ទីរពេទ្យ ហើយការពិនិត្យសុខភាពមិនចំណាយថវិកាច្រើនទេ។ កញ្ញា ឆេង ហាក់ងង់ កញ្ញាបានជ្រើសរើសមុខវិជ្ជាមួយនេះ ដោយសារតែខ្លួនមានទឹកចិត្តស្រលាញ់ចូលចិត្តតាំងពីកុមារភាពមក ហើយម្យ៉ាងទៀតខ្លួនយល់ឃើញថា  ផ្នែកមួយនេះមានជាប់ទាក់ទងនឹងជំងឺរបស់ស្រ្តី ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការរួមចំណែកបង្កនូវភាពងាយស្រួលដល់អ្នកជំងឺក្នុងការពិគ្រោះយោបល់ ព្រោះពួកគេនឹងមានភាពអៀនខ្មាសច្រើនក្នុងការជួបពិគ្រោះជាមួយនឹងគ្រូពេទ្យប្រុស។ ការសិក្សាផ្នែកសម្ភព និងរោគស្រ្តីនេះដែរ ក៏មិនមានលក្ខណៈខុសគ្នាអ្វីច្រើនអំពីការសិក្សាផ្នែកផ្សេង នៃវិស័យសុខាភិបាលដែរ គឺចាំបាច់ត្រូវទាមទារឲ្យនិស្សិតជាមនុស្ស ដែលពូកែព្យាយាមរៀនសូត្រហើយអ្វីដែលសំខាន់នោះ គឺត្រូវមានភាពវ័យឆ្លាត រហ័សរហួន និងសុខភាពមាំមួន ព្រោះវាក៏មានជាប់ពាក់ព័ន្ធនឹងការវះកាត់ផងដែរ។ ម្យ៉ាងវិញទៀត ការងារផ្នែកសម្ភពមិនកំណត់ពេលវេលាធ្វើការច្បាស់លាស់នោះទេ ជួនកាលមានទាំងពាក់កណ្តាលយប់ក៏មាន ដូច្នេះហើយបញ្ហាដំណេកជាបញ្ហាធំបំផុតសម្រាប់និស្សិតផ្នែកនេះ។ យប់ខ្លះត្រូវធ្វើការបង្កើតកូនពេលយប់ ហើយត្រូវជាប់វេនយាមទៀតរួចត្រូវទៅរៀនពេលព្រឹកទៀត ដែលជាហេតុធ្វើឲ្យអត់ងងុយជាប្រចាំ។ ដើម្បីប៉ះប៉ូវសងនូវការគេងមិនគ្រប់ មានតែការទទួលទានអាហារឲ្យបានទៀងពេល និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ព្រោះថាក្នុងនាមគ្រូពេទ្យមួយរូបត្រូវប្រាកដថាខ្លួនមានភាពរឹងមាំ និងផ្តល់នូវទំនុកចិត្តដល់អ្នកជំងឺជានិច្ច។ ចំពោះរយៈពេលនៃការសិក្សាវិញ និស្សិតត្រូវចំណាយពេលសរុបចំនួន៩ឆ្នាំដោយមានការសិក្សាថ្នាក់វេជ្ជសាស្រ្តទូទៅរយៈពេល ៦ឆ្នាំសិនទើបសាកវិទ្យាល័យធ្វើការជ្រើសរើសនិស្សិតចូលរៀនថា្នក់ឯកទេសដែលមានរយៈពេលសិក្សាចំនួន ៣ឆ្នាំ។ហាក់ងង់បានប្រាប់ ហេលស៍ថាម ថា ខ្លួនចូលចិត្តគ្រប់មុខវិជ្ជាទាំងអស់ដែលខ្លួនបាន និងកំពុងរៀន ព្រោះតែចិត្តស្រលាញ់តាំងពីតូចមក។ ពេលទំនេរពីកិច្ចការងារ ដើម្បីបន្ថែមចំណេះដឹងដល់ខ្លួនឯងពីលើអ្វីដែលខ្លួនបានសិក្សានៅក្នុងសាលា កញ្ញាមានទម្លាប់អាននូវទស្សនាវដ្តីដែលទាក់ទងនឹងសុខភាព។ ចំពោះកញ្ញាផ្ទាល់ យល់ឃើញថាប្រជាជនកម្ពុជាដែលនៅតាមទីប្រជុំជនក៏ដូចជាទីរួមខេត្តមានការយល់ដឹងច្រើនគ្រាន់អំពីបញ្ហារោគស្រ្តី ប៉ុន្តែសម្រាប់អ្នកដែលនៅដាច់ស្រយាល ចំណេះដឹងរបស់ពួកគេហាក់នៅមានកម្រិត    ហើយភាគច្រើនបានទុកឲ្យជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាចុងក្រោយ ក្នុងនាមជានិស្សិតផ្នែកសម្ភព និងរោគស្រ្តីមួយរូប កញ្ញាសូមធ្វើការសំណូមពរដល់ស្រ្តីកម្ពុជាទាំងអស់ដែលជួបប្រទះនឹងបញ្ហា ក៏ដូចជាភាពមិនប្រក្រតីផ្សេងៗ សូមកុំមានភាពខ្មាស-អៀនជាមួយនឹងគ្រូពេទ្យ ព្រោះថាជំងឺទាំងនោះនឹងមានការវិវឌ្ឍន៍ទៅមុខរហូត ដរាបណាមិនមានវិធីទប់ស្កាត់ការរីករាលដាល ឬព្យាបាលទេ វានឹងវិវឌ្ឍទៅកាន់កម្រិតមួយដែលកាន់តែធ្ងន់ ហើយមានភាពលំបាកក្នុងការព្យាបាលក៏ដូចជាសង្រ្គោះ។ កញ្ញា ថុល វណ្ណនីដា   កញ្ញាបានរៀបរាប់ប្រាប់ ហេលស៍ថាម ថាកាលកំណើតរបស់កញ្ញា ម្តាយរបស់កញ្ញាបានជួបនឹងបញ្ហាពិបាកសម្រាលដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទាំងម្តាយនិងទារក ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងជួយសង្គ្រោះ របស់វេជ្ជបណ្ឌិតផ្នែកសម្ផព និងរោគស្រ្តីទើបម្តាយកញ្ញាអាចសម្រាលកញ្ញាបានដោយសុវត្ថិភាព។ នេះជាមូលហេតុចម្បងដែលកញ្ញាចាប់យកឯកទេសនេះ ជាអាជីពរបស់ខ្លួន។ ឯមូលហេតុដទៃទៀតដែលធ្វើឲ្យកញ្ញាជ្រើសរើសយកអាជីពនេះ គឺដោយសារតែចំណូលចិត្តផ្ទាល់ខ្លួនរួមជាមួយ នឹងឱកាសនិងសកម្មភាពដែលកញ្ញាបានជួយស្រី្តមានផ្ទៃពោះជាច្រើននៅពេលចុះហ្វឹកហាត់នៅតាមមន្ទីរពេទ្យ។ កញ្ញាបានបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិរបស់និស្សិតផែ្នកនេះ គឺត្រូវមានការតស៊ូ ព្យាយាម អំណត់ក្នុងការតាមដានរាល់ស្ថានភាពរបស់ស្រ្តីមានផ្ទៃពោះ និងត្រូវត្រៀមខ្លួនទុកជាមុន ហើយព្រមទទួលយកភាពលំបាកក្នុងការសិក្សា ទាំងទ្រឹស្តីនិងការអនុវត្ត។ មួយវិញទៀត និស្សិតផ្នែកនេះត្រូវរៀនចេះសន្សំចំណេះគ្រប់មុខវិជ្ជា ព្រោះថាចំណេះដឹងទាំងអស់មានការបន្ថែមថ្មីៗ ជាច្រើនហើយបច្ចេកវិទ្យា និងវិធីសាស្ត្រនៃការព្យាបាលក៏ចេះតែរីកចំរើនទៅមុខផងដែរ។ កញ្ញាក៏បាននិយាយថា ចំណេះដឹងផ្នែកភាសាបារាំងជាឧបសគ្គមួយរបស់កញ្ញា ព្រោះការសិក្សាជំនាញនេះត្រូវធ្វើឡើងដោយប្រើប្រាស់ភាសាបារាំងទាំងមេរៀននៅក្នុងថ្នាក់ និងឯកសារសម្រាប់ស្រាវជ្រាវបន្ថែម។ មួយវិញទៀត ការខ្វះបទពិសោធក្នុងជំនាញនេះ និងការត្រូវចូលប្រឡូកក្នុងសង្គមការងារដោយសារនិស្សិតឯកទេសត្រូវធ្វើការនៅតាមមន្ទីរពេទ្យដូចជាបុគ្គលិកពេទ្យដែរនោះ ធ្វើឲ្យកញ្ញានៅមិនទាន់អាចសម្របខ្លួនទៅតាមរបត់ជីវិតមួយនេះបាននៅឡើយ។ ដើម្បីជំនះឧបសគ្គទាំងនេះបាន កញ្ញាបានឆ្លៀតយកពេលទំនេររបស់កញ្ញាទៅរៀនភាសាបារាំងបន្ថែម និងខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងគ្នាជាមួយបុគ្គលិកដទៃទៀត។ ក្រៅពីការសិក្សា កញ្ញាបានអានទស្សាវដ្តី កាសែត ស្តាប់វិទ្យុ មើលទូរទស្សន៍ និងប្រើប្រាស់អ៊ីនធឺណេតដើម្បីទទួលបានពត៌មានដែលទាក់ទងទៅនឹងជំនាញរបស់ខ្លួន។ កញ្ញាយល់ឃើញថា ប្រជាជនខ្មែរយើង នៅមិនទាន់យល់ច្បាស់ពីចំណេះដឹងផ្នែកសម្ផព និងរោគស្រ្តីនេះនៅឡើយទេ ជាពិសេសប្រជាជននៅតាមទីជនបទ ប៉ុន្តែពួកគាត់អាចទទួលបានសេវាកម្មល្អប្រសិនបើគាត់មករកសេវាថែទាំសុខភាពនៅតាមមណ្ឌលសុខភាព។ ជាចុងក្រោយ កញ្ញាសូមសំណូមពរឲ្យមានការលើកកម្ពស់កម្រិតវប្បធម៌រួម នឹងចំណេះដឹងផ្នែករោគស្ត្រីរបស់ប្រជាជនទាំងប្រជាជននៅតាមទីក្រុង និងប្រជាជននៅទីជនបទ។

ចែករំលែក

ក្រុមហ៊ុន RMA Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នមានបុគ្គលិករហូតដល់ទៅ ១៦០០នាក់។ RMACambodia បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ទៅ ៤០សាខាសម្រាប់សេវាកម្មចំណីអាហារ ហើយក៏មានសាខាជាច្រើនទៀតសម្រាប់សេវាកម្មរថយន្ត។ លោក ងន សាំង អគ្គនាយកនៃ RMA Group Cambodia បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកបានទទួលអាហារូបករណ៍ទៅសិក្សាថា្នក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថាន-បច្ចេកវិទ្យាអាស៊ីនៅប្រទេសថៃ ហើយលោកក៏បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យហាវើត សហរដ្ឋអាមេរិក។ លោកបានចូលបម្រើការនៅក្នុង RMA Group តាំងពីឆ្នាំ ១៩៩៨ និងចាប់ផ្តើមពីមុខតំណែងជាអនុប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកលោកបានទទួលតំណែងជានាយកផ្នែកហិរញ្ញវត្ថុ។ បន្ទាប់មកទៀត តំណែងរបស់លោកបានបន្តផ្លាស់ប្តូរ ទៅជាអគ្គនាយករង និងប្រធានផ្នែកហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន លោកបានទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ កត្តាដែលធ្វើឲ្យលោកទទួលបានជោគជ័យដូចបច្ចុប្បន្នមាន ៣កត្តា។ ទី១ គឺស្មោះត្រង់នឹងការងារ ពោលគឺមានទំនួលខុសត្រូវក្នុងការងារ អាចបំពេញការងារបានចប់សព្វគ្រប់ ដោយមិនចាំបាច់មានការត្រួតពិនិត្យ ឬតាមដាន ឬបញ្ជាពីថ្នាក់លើ។ ទី២ ការប្រឹងប្រែងក្នុងការងារ គឺត្រូវចេះរកវិធីសាស្ត្រដោះស្រាយរាល់ការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងជោគជ័យដោយមិនបោះបង់ការងាររបស់ខ្លួនពាក់កណ្តាលទី និង ទី ៣ភាពវៃឆ្លាតគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលមា្នក់ៗ ដោយបុគ្គលខ្លះមានភាពឆ្លាតពីកំណើតឯអ្នកខ្លះទៀតត្រូវបង្កើតសមត្ថភាពនេះដោយខ្លួនឯង ដោយព្យាយាមអានសៀវភៅដែលទាក់ទងទៅនឹងការគ្រប់គ្រង អានសៀវភៅដែលបោះពុម្ពដោយអ្នកគ្រប់គ្រងល្បីៗក្នុងសកលលោក ជាមួយនឹងការរៀនពីបទពិសោធការងារកន្លងមក។ ចំពោះការគ្រប់គ្រងវិញ លោកយល់ថាដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប លុះត្រាតែបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងាររបស់ខ្លួនដោយឯករាជ្យ ហើយដើម្បីធ្វើបែបនេះបានអ្នកគ្រប់គ្រងត្រូវបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនឲ្យយល់ច្បាស់ពីការងារ និងមានភាពស្ទាត់ជំនាញក្នុងការងារដោយមិនបារម្ភថាអ្នកក្រោមឱវាទមានសមត្ថភាពពូកែជាងខ្លួននោះទេ។ មួយវិញទៀត អ្នកគ្រប់គ្រងល្អមួយរូប ជាអ្នកដែលចេះគោរព ឲ្យតម្លៃ និងមានសហការល្អជាមួយបុគ្គលិករបស់ខ្លួន។ លោកបាននិយាយថា “Train the people well that they can do their job or they can lead to do other job, but treat them well for them not to leave us ” (បង្ហាត់បង្រៀនមនុស្សឲ្យចេះធ្វើការ ឬពួកគាត់អាចបង្កើតការងារដោយខ្លួនឯងបាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ ដើម្បីកុំឲ្យពួកគាត់ចាកចេញពីយើង)។ កត្តាមួយទៀតគឺការមានលំដាប់លំដោយច្បាស់លាស់នៃដំណើរក្នុងការបំពេញការងារ ពោល គឺដឹងច្បាស់ថាត្រូវធ្វើអ្វីមុនអ្វីត្រូវធ្វើក្រោយ។ កត្តាចុងក្រោយ គឺត្រូវមានរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឲ្យបានច្បាស់លាស់នាំឲ្យមានភាពងាយស្រួលក្នុងការទាក់ទងបុគ្គលិកក្នុងក្រុមហ៊ុនគ្រប់កម្រិតថា្នក់និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងជាមួយអ្នកផ្គត់ផ្គង់។ មូលហេតុដែលលោកសម្រេចចិត្តជ្រើសរើសយកអាជីវកម្មចំណីអាហារដែលទិញសិទ្ធិធ្វើអាជីវកម្មដូចជា The Pizza Company, Swensen’s, BBQ Chicken, Dairy Queen, Costa Coffee, Foreign Correspondents Club of Cambodia(FCC) restaurants and hotel ដោយសារលោកយល់ឃើញថា យើងគួររៀនពីប្រទេសជិតខាង ដើម្បីអភិវឌ្ឍខ្លួនឯងព្រោះយើងឃើញថាអាជីវកម្មប្រភេទនេះទទួលបានការជោគជ័យច្រើននៅតាមបណ្តាប្រទេសនានា។   មួយវិញទៀត យោងតាមកំណើនប្រជាជនកម្ពុជារួមជាមួយការរីកចំរើនយ៉ាងឆាប់រហ័សនូវចំណេះដឹង និងការគិតគូរខ្ពស់ទៅលើសុខភាពរបស់ប្រជាជន អាជីវកម្មអាហារបែបនេះឆ្លើយតបទៅនឹងរាល់តម្រូវការរបស់ប្រជាជនគឺគុណភាព និងសុវត្ថិភាព។ ទោះបីជាអាជីវកម្មនេះ មានការទាមទារខ្ពស់ក្នុងការរក្សាឲ្យបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាជន តែក្រុមហ៊ុន RMAមិនបានជួបប្រទះនូវការលំបាកណាគួរកត់សម្គាល់ទេដោយសារមុននឹងចាប់ផ្តើមផ្តល់សេវាជូនអតិថិជន បុគ្គលិកគ្រប់រូបបានទទួលការហ្វឹកហាត់ដោយម្ចាស់ម៉ាកផលិតផលផ្ទាល់។ ក្នុងការគ្រប់គ្រងបុគ្គលិកដល់ទៅ ១៦០០នាក់ពិតជាមានការការលំបាកកើតឡើងចំពោះលោក ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ការគ្រប់គ្រងដោយមានគោលការណ៍ច្បាស់លាស់មានការកំណត់សង្វាក់ដំណើរការ របស់ការងារបានច្បាស់លាស់ និងបុគ្គលិកស្គាល់ច្បាស់ពីការងាររបស់ខ្លួន ព្រមទាំងមានទទួលខុសត្រូវលើការងារអាចសម្រួលក្នុងការងារគ្រប់គ្រងរបស់លោកបានច្រើន។ ក្រៅពីនេះ ក្រុមហ៊ុនរបស់លោកក៏បានលើកទឹកចិត្តដល់បុគ្គលិកដោយការផ្តល់ជាប្រាក់លើកទឹកចិត្ត លើការបំពេញការងារបានល្អ ការបញ្ជូនបុគ្គលិកទៅសិក្សានៅក្រៅប្រទេស ការជួលគ្រូជំនាញមកបង្រៀនដើម្បីបង្កើនចំណេះដឹងដល់ពួកគាត់ និងការផ្តល់ធានារ៉ាប់រងសុខភាពជាដើម។ លោកងន សាំងក៏បានបញ្ជាក់ផងដែរថា តួនាទីជាអ្នកគ្រប់គ្រងគឺជៀសមិនផុតទេពីការជួបរឿងលំបាកស្មុគស្មាញ ហើយលោកបាននិយាយថាអារម្មណ៍ស្មុគស្មាញនេះនឹងមិនអាចធូស្បើយឡើយបើលោកមិនអាចដោះស្រាយបញ្ហានៅចំពោះមុខបាន។ ក្រៅពីការងារដ៏មមាញឹក លោក ងន សាំង ក៏មិនភ្លេចផងដែរនូវការថែទាំសុខភាពរបស់លោក។ លោកតែងតែធ្វើកីឡាជាប្រចាំនៅពេលព្រឹកដូចជាការជិះកង់ រត់តិចៗឬដើរជាដើម ឯពេលល្ងាចលោកតែងឆ្លៀតលេងកីឡាបាល់ទាត់។ រីឯអាហារវិញ លោកបរិភោគអាហារគ្រប់ប្រភេទ ប៉ុន្តែលោកបានបញ្ជាក់ថា បរិមាណអាហារដែលលោកបរិភោគត្រូវសមាមាត្រទៅនឹងសកម្មភាពដែលលោកបានធ្វើ ដោយលោកបានប្រើប្រាស់កម្មវិធីគណនាពីបរិមាណថាមពលដែលលោកបានពីអាហារជាមួយ នឹងថាមពលដែល លោកបានប្រើប្រាស់លើសកម្មភាពរបស់លោក៕

ចែករំលែក

នៅក្នុងសម័យមួយ ដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន គំនិតថ្មីៗតែងតែមានលេចឡើងក្នុងការសម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង វាប្រហែលជាមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសអភិវឌ្ឍ ប៉ុន្តែវា ជារឿងថ្មីមួយសម្រាប់និស្សិតប្រទេសកម្ពុជាក្នុងការប្រើប្រាស់កាតនិស្សិតសម្រាប់ទូទាត់ចំណាយតូចៗផ្សេងៗនៅ ក្នុងស្ថាប័នដែលពួកគេកំពុងសិក្សា។ លោក ងួន ម័រ សព្វថ្ងៃជាអនុប្រធានមជ្ឍមណ្ឌលបច្ចេកវិទ្យាពត៌មាននៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាស្ថាបនិក Amber ប្រព័ន្ធទូទាត់លុយតាមបច្ចេកវិទ្យា។ លោកធ្លាប់បានបញ្ចប់ បរិញ្ញាប័ត្ររូបវិទ្យានិងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ ថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យា នៅប្រទេសរ៉ូមានី និង​ ភូមិន្ទភ្នំពេញ។ លោកនឹងចែករំលែកបទពិសោធការធ្វើអាជីវិកម្ម និងយុទ្ធសាស្ត្រក្នុងការ បង្កើតអាជីវកម្មមួយឲ្យដំណើរការល្អ។   តើAmberជាអ្វី? វាជាសេវាកម្មឬប្រព័ន្ធទូទាត់សាច់ប្រាក់តូចៗ សម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័ននានា។ ប្រព័ន្ធនេះអាចប្រើប្រាស់បាន ទៅលើសេវាកម្មចំណតយានយន្ត សេវាកម្មទិញឥវ៉ាន់ ស្រង់អវត្តមាន និង សកម្មភាពផ្សេងៗទៀតរបស់សកម្មភាព និស្សិត​និងបុគ្គលិកនៅក្នុងស្ថាប័ននោះ។ ហេតុអ្វីបានជាAmber? ពីព្រោះការប្រើប្រាស់សេវាកម្មអាចដោះស្រាយនូវបញ្ហាមួយចំនួនដែលអាចបង្កភាពងាយស្រួលច្រើនដល់និស្សិត និងបុគ្គលិក ដូចជាសម្រួលពេលវេលា សម្រួលសាច់ប្រាក់ និងបន្ទុកការងារ។  ជាក់ស្តែងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញខាតពេលវេលាជាច្រើនពេលដែលយកម៉ូតូឬកង់ផ្ញើរ ដោយសារតែមានការចង្អៀតស្ទះ បណ្តាលមកពីការតម្រង់ជួរ និង ភាពយឺតយ៉ាវក្នុងការអាប់លុយ។​ ម្យ៉ាងវិញទៀត សាច់ប្រាក់ដែលប្រមូលបានសុទ្ធ តែក្រដាស១០០រៀលដែលក្នុងមួយខែៗមានទំហំដល់១ម៉ែត្រគូបសរុប។ ដូចនេះក្រុមការងារត្រូវបញ្ជូនប្រាក់ទាំង នោះទៅធនាគារដើម្បីដូរជាក្រដាសធំបើកប្រាក់ខែជូនបុគ្គលិក។​ ដំណើរការនេះមានភាពស្មុគស្មាញ ដូចនេះ Amberជាដំណោះស្រាយមួយដ៏ល្អ។   Amberមានសារសំខាន់អ្វីខ្លះដល់អ្នកប្រើប្រាស់? ចំពោះនិស្សិត ៖ មានភាពងាយស្រួល មិនចាំយូរក្នុងការពិបាកអាប់លុយសន្សំពិន្ទុ ចំពោះម្ចាស់អាជីវកម្ម ៖ គ្មានការលំបាកក្នុងការអាប់លុយ មានភាពច្បាស់លាស់ មានរបាយការហិរញ្ញវត្ថុ ចំពោះស្ថាប័ន ៖ មានភាពជឿនលឿន អនាម័យជាង សុវត្ថិភាព សេវាកម្មល្អ   កត្តាអ្វីខ្លះដែលត្រូវគិតដល់? ដោយសារវាប្រើបច្ចេកវិទ្យាដូចនេះត្រូវការប្រព័ន្ធអ៊ីនធើណេតជាចាំបាច់ និងកាត(ត្រូវការណែនាំអ្នកប្រើប្រាស់ឲ្យ យល់ច្បាស់)   ផលលំបាក ហានិភ័យ និងដំណោះស្រាយ ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដូចនេះការយល់ដឹងពីបច្ចេកវិទ្យានៅមានកម្រិតជាពិសេសម្ចាស់អាជីវកម្មផ្ទាល់ខ្លួនតែម្តង។ ដូចជាការអញ្ជើញពួកគាត់មកទទួលការបង្រៀន ប៉ុន្តែមានបញ្ហាដោយមកមិនបានគ្រប់ គ្នានិងទទួលពត៌មានមិនបានដិតដល់។ ចំណុចមួយទៀត គឺទៅលើបុគ្គលិកតាមស្ថាប័ន ការប្រើប្រាស់កាតគឺទាមទារ អោយមានការបញ្ចូលលុយ ដូចនេះមានការងារបន្ថែមទៅលើបុគ្គលិក។ សម្រាប់ព័ត៌មាន សូមរង់ចាំតាមដានទាំងអស់គ្នាណា៎...

ចែករំលែក

លោក សេង ឡុង  មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀតដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។ ការសិក្សាមុខជំនាញមួយណាក៏រមែងតែងមានឧបសគ្គដូចគ្នា គ្រាន់តែស្ថិតនៅក្នុងរូបភាព និងកម្រិតផ្សេងៗពីគ្នា។ សម្រាប់ការសិក្សារបស់ខ្ញុំផ្ទាល់កន្លងមក ក៏បានជួបប្រទះនឹងការលំបាកច្រើនផងដែរ។ ដោយហេតុថាវាជាឯកទេសមួយដែលពិបាក ហើយក៏មិនសូវជាសម្បូរមេរៀនសម្រាប់ការស្រាវជ្រាវនោះទេ ដូចនេះហើយ ការសិក្សាក៏មិនបានទូលំទូលាយដូចផ្នែកមួយចំនួនដែរ។ ចំណែកឯឧបករណ៍ទៀតសោត ក៏មិនសម្បូរបែបដូចគេដែរ។ ម្យ៉ាងវិញទៀត ការតាមដានការវះកាត់របស់លោកគ្រូក៏មិនងាយស្រួលដែរ  ព្រោះការវះកាត់ភាគច្រើនជាការវះកាត់តូចៗ (micro surgery) និងធ្វើការវះនៅកន្លែងដែលតូចចង្អៀត។ ក្រៅពីមូលហេតុខាងលើនេះហើយ ក៏នៅមានមូលហេតុមួយចំនួនទៀតផងដែរ ដែលពិបាកនឹងនិយាយ។ ដោយសារតែឧបសគ្គដែលបានជួបប្រទះកន្លងមក ពីដំបូងខ្ញុំក៏ធ្លាប់មានបំណងបោះបង់ឯកទេសនេះដែរ ព្រោះកាលពីរៀនឆ្នាំដំបូង ខ្ញុំអត់ចេះអ្វីសោះ (ពិបាកក្នុងការតាមដានការវះកាត់) និងរឿងមួយចំនួនដែលខ្ញុំពិបាកនឹងនិយាយនោះ ធ្វើឲ្យខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង តែមួយរយៈពេលក្រោយមក ខ្ញុំក៏អាចសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះ។ ខ្ញុំបានព្យាយាមមើលមេរៀន និងអនុវត្តនៅមន្ទីរពេទ្យ ដោយមានការលើកទឹកចិត្តពីលោកគ្រូមួយចំនួន ព្រមជាមួយនឹងការជ្រោមជ្រែងពីក្រុមគ្រួសាររបស់ខ្ញុំផងនោះ ធ្វើឲ្យខ្ញុំមានទឹកចិត្តតស៊ូរហូតបានដូចសព្វថ្ងៃនេះ។ ក្រៅពីការសិក្សានៅសាលា ខ្ញុំបានចូលរួមក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយដល់សង្គម និងធ្វើការស្វែងយល់អំពីជំងឺជាច្រើនដែលខ្ញុំបានជួប រហូតដល់សព្វថ្ងៃខ្ញុំក៏ជាសមាជិកសកម្មម្នាក់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ផងដែរ។ នៅថ្ងៃខាងមុខនេះ ខ្ញុំនឹងព្យាយាមអភិវឌ្ឍឯកទេសនេះឲ្យរីកចម្រើន ជាពិសេសនៅមន្ទីពេទ្យព្រះកុសុមៈផ្ទាល់តែម្តង។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗដែលចង់បានឯកទេសនេះថា «ធ្វើអ្វីក៏មានឧបសគ្គដែរ បើយើងពិតជាស្រឡាញ់ឯកទេសនេះ យើងត្រូវតែតស៊ូ ហើយចាំថា  គេធ្វើបាន យើងក៏អាចធ្វើបានដែរ»។ លោក យិន សាស្រ្តា  ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។ ត្រលប់មកការលំបាកក្នុងការសិក្សាវិញ អ្វីដែលខ្ញុំបាទធ្លាប់បានជួបប្រទះកន្លងមកមានដូចជា រយៈពេលនៃការសិក្សា គឺមានរយៈពេលវែង។ ពុំនោះទៀតសោត ការសិក្សាឯកទេសនេះក៏តម្រូវឲ្យមានទេពកោសល្យក្នុងការវះកាត់ ព្រោះការវះកាត់មិនមែនជាការវះកាត់ធម្មតាដូចជាការវះកាត់ផ្សេងៗនោះទេ ប៉ុន្តែជាការវះកាត់តូចៗ (micro surgery)។ ជាក់ស្តែង ការវះកាត់ត្រចៀកដែលមានខ្នាតនៃសរីរាង្គគិតជាមីលីម៉ែត្រ ជាមូលហេតុតម្រូវឲ្យមានការអត់ធ្មត់ច្រើន ព្រោះថាការវះកាត់ចាំបាច់ត្រូវប្រើប្រាស់ Endoscope  និង Microscope ដើម្បីពង្រីកមើលឲ្យច្បាស់។  ទាំងនេះបង្កនូវភាពស្មុគស្មាញច្រើនហើយអ្វីដែលរឹតតែពិបាកទៀតនោះ គឺក្រោយពីការវះកាត់ អ្នកជំងឺអាចត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងពិការភាពថែមទៀត។ ក្រៅពីនេះ មានករណីខ្លះដែលតម្រូវឲ្យមានការតាមដាន និងសង្គ្រោះជីវិតក្នុងករណីបន្ទាន់ផងដែរ ជាពិសេសនៅចំថ្ងៃដែលត្រូវប្រចាំការ។ ការរៀន និងការអនុវត្តមានរយៈពេលស្មើគ្នា ប៉ុន្តែសម្រាប់ម៉ោងទ្រឹស្តី គឺមានការលំបាកច្រើនបន្តិច ដោយហេតុថាគ្រូនឹងផ្តល់ជាប្រធានបទសម្រាប់ឲ្យនិស្សិតធ្វើការស្រាវជ្រាវរកប្រភពឯកសារដោយខ្លួនឯង រួចធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀនផ្ទាល់តែម្តង ហើយគ្រូនឹងធ្វើការវាយតម្លៃ កែសម្រួល ព្រមទាំងបន្ថែមនូវចំណុចដែលខ្វះខាត។ ពេលដំបូងដែលមិនទាន់ស៊ាំទៅនឹងការលំបាកទាំងនោះ ខ្ញុំក៏មានទឹកចិត្តអស់សង្ឃឹម និងចង់បោះបង់ចោលដែរ តែក្រោយមក ខ្ញុំក៏ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន ព្រមទាំងព្យាយាមប្រាប់ខ្លួនឯងថា «បើធ្វើអ្វីមួយ ហើយត្រូវលូកឲ្យកប់»។ កម្លាំងជម្រុញទឹកចិត្តដ៏ខ្លាំងក្លាមួយទៀត គឺមកពីខាងក្រុមគ្រួសារ ជាពិសេសឪពុកម្តាយដែលខិតខំចំណាយពេលវេលា និងថវិកាឲ្យខ្ញុំបានរៀនរហូតដល់សព្វថ្ងៃ ហេតុនេះហើយត្រូវតែខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។   រាល់ការសិក្សាផ្នែកណាក៏ដោយ ដែលពាក់ព័ន្ធនឹងវិជ្ជាពេទ្យ គឺត្រូវការនូវការអត់ធ្មត់ខ្លាំងមែនទែន រាប់បញ្ចូលទាំងចំណេះវិជ្ជា ចំណេះដឹងទូទៅ ការប្រាស្រ័យទាក់ទងគ្នា នៅក្នុងកន្លែងធ្វើការ និងជាមួយមិត្តភក្តិ ឬលោកគ្រូអ្នកគ្រូដែលតម្រូវឲ្យមានភាពវ័យឆ្លាតក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ចំាបាច់ត្រូវមានឆន្ទៈ និងឧត្តមគតិច្បាស់លាស់ ប្រសិនបើចង់រៀនផ្នែកពេទ្យ ត្រូវតែសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន ដោយកុំរួញរាហើយប្រាប់ខ្លួនឯងថា «ជីវិតជាការតស៊ូ»។ ចំណេះដឹងផ្នែកភាសាបរទេស ក៏ជាយានសម្រាប់ចូលសិក្សាឯកទេស មិនថាតែឯកទេសមួយនេះឡើយ ហើយភាសាដែលសំខាន់ជាងគេ គឺភាសាអង់គ្លេស និងបារាំង ដែលជាភាសាគោលឲ្យយើងអាចពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត ព្រោះថាមានប្រភពព័ត៌មានជាច្រើនណាស់ដែលអាចស្វែងរកបាន។ បន្ថែមពីលើចំណេះដឹងពីសាលា និស្សិតគួរឆ្លៀតពេលចូលរួមកម្មវិធីសិក្ខាសាលាតាមសាលា ឬសណ្ឋាគារផ្សេងៗ ដែលមានការធ្វើបទបង្ហាញពីអ្នកជំនាញ។ និស្សិតក៏គួររួមចំណែកក្នុងការងារស្ម័គ្រចិត្តដោយធ្វើការព្យាបាលតាមសហគមន៍ផ្សេងៗ។   ក្តីប្រាថ្នាទៅអនាគតរបស់ខ្ញុំ គឺបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសបារាំង ហើយនៅពេលដែលត្រលប់មកមាតុប្រទេសវិញ ខ្ញុំមានបំណងទៅធ្វើការបម្រើជូនប្រជាជននៅខេត្តដាច់ស្រយាលក្នុងប្រទេសយើង ដូចជាខេត្តព្រះវិហារជាដើម ព្រមទាំងបើកបន្ទប់ពិគ្រោះជំងឺផ្ទាល់ខ្លួន និងបង្រៀនដល់និស្សិតជំនាន់ក្រោយផងដែរ។ ជូនចំពោះនិស្សិតជំនាន់ក្រោយទាំងអស់គ្នា សំខាន់ប្អូនត្រូវប្រាកដក្នុងចិត្តថាខ្លួនឯងពិតជាស្រលាញ់នូវមុខជំនាញមួយហ្នឹងពិតប្រាកដមែន។ ក្រោយពីប្រាកដប្រជាហើយ ប្អូនចាំបាច់មានចំណេះដឹងជាមូលដ្ឋាននៃផ្នែកវេជ្ជសាស្រ្ត និងផ្នែកត្រចៀក-ច្រមុះ-បំពង់ក ជាពិសេសការវះកាត់។ អ្វីដែលមិនអាចអត់បាន គឺចំណេះផ្នែកភាសាបរទេស។ លើសពីនេះទៀត ប្អូនក៏គួរតែមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូអ្នកគ្រូ ដើម្បីងាយស្រួលក្នុងការធ្វើការសាកសួរបន្ថែមផងដែរ។ ជាចុងក្រោយ ប្អូនត្រូវរំលឹកខ្លួនឯងថា«ធ្វើអ្វីក៏ដោយ ត្រូវមានការព្យាយាម ព្រមជាមួយភាពអំណត់អត់ធន់ និងឆន្ទៈខ្ពស់»។

ចែករំលែក
Top