Menu

អត្ថបទ

និន្នាការថ្មីៗនៃការធ្វើដំណើរកម្សាន្ត

ដឹងទេថានិន្នាការនៃការធ្វើដំណើរកម្សាន្តបានដើរដល់ណាហើយ?   ជាទូទៅគេចូលចិត្តទៅណា? ដើរលេងលក្ខណៈបែបណា? យករបស់បែបណាខ្លះជាប់ខ្លួន? ជាពិសេស ផ្នត់គំនិតទៅលើការធ្វើដំណើរកម្សាន្តមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ? ពោរពេញដោយបទពិសោធន៍ និងចំណាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្ត កញ្ញា ស្រុង ចាន់រតនា (ណាណា) នាយកផ្នែកទីផ្សារនៃហាងCentral Mall ដែលជាហាងលក់ផលិតផលសុទ្ធ និងនាំចូលផ្តាច់មុខលើផលិតផលម៉ាកយីហោល្បីៗជាច្រើន និងផ្តោតលើការធ្វើដំណើរផ្ទាល់តែម្តងនោះ នឹងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអំពីនិន្នាការ ឬក៏ទំនោរនៃការធ្វើដំណើរដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ សឹងតែគ្រប់គ្នាចូលចិត្តដើរលេងជាងមុន… និយាយដល់ការដើរលេង អ្នកណាមិនញញឹម?ដូចគ្នានឹងកញ្ញា ណាណា ដែលញញឹមបណ្តើរ និយាយបណ្តើរថា «និន្នាការនៃការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ហាក់បង្វែរមករកការធ្វើដំណើរកម្សាន្តយ៉ាងគួរឲ្យកត់សម្គាល់ នេះអាចមកពីការចេះបារម្ភអំពីសុខភាពផ្លូវកាយ  និងផ្លូវចិត្តរបស់ខ្លួន វឌ្ឍនភាពនៃតំបន់ទេសចរណ៍ ក៏ដូចជាការជម្រុញផ្លូវចិត្តតាមរយៈរូបភាពផ្សេងៗ មិនថាពីបុគ្គលជោគជ័យ ឬសង្គមជុំវិញខ្លួន និងប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយជាដើម»។ ភាគច្រើនចូលចិត្តដើរលេងលក្ខណៈ… «ដំណើរកំសាន្តមានច្រើនប្រភេទដូចជាការដើរលេងស្ពាយសាកាដូ បែបលំហែកាយ បែបផ្សងព្រេង   និងការដើរលេងលក្ខណៈការងារជាដើម។ ដោយឡែក     ប្រជាជននៅកម្ពុជាយើងភាគច្រើន និយមចូលចិត្តដំណើរកម្សាន្តបែបកូនកាត់ គឺបែបលំហែ និងការផ្សងព្រេង ដោយយើងឃើញមានជាការបោះតង់ត្រឹម២ ទៅ៣យប់ នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា។ ចំណែកដំណើរកម្សាន្តរបស់នារីៗវិញ   ច្រើនតែជាការទិញទំនិញ  (shopping)ជាពិសេស គឺនៅក្រៅប្រទេស»។ និយាយដល់សកម្មភាពពេញនិយមវិញគឺ… «ភាគច្រើនឃើញថា មិនថាគេ មិនថាខ្ញុំគឺចូលចិត្តសាកអ្វីដែលថ្មីៗ ជាពិសេសគឺទៅភ្លក្សម្ហូបដែលល្បីតាមតំបន់ ហើយដែលខានមិនបាននោះ គឺការផ្តិតយករូបភាពស្អាតៗ ឬការថតជាវីដេអូបន្តផ្ទាល់ ឬមិនផ្ទាល់ចែកចាយទៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជាសកម្មភាពទៅតាមតំបន់តែម្តងដូចជាតំបន់ដងព្រែកត្រូវជិះទូកKayakជាដើម» ។ កន្លែងទេសចរណ៍ដែលពេញនិយម… «៣តំបន់រួមមាន តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់ធម្មជាតិគឺជាគោលដៅទេសចរណ៍ដែលកំពុងមានសក្តានុភាព ដោយតំបន់អភិវឌ្ឍជាកន្លែងដែលគ្រប់គ្នាចង់ទៅដល់មុនគេ និងចង់ដឹងអំពីការផ្លាស់ប្តូររបស់វា ហើយតំបន់អភិរក្ស គឺជាកន្លែងដែលបង្កប់ដោយប្រវត្តិសាស្រ្ត អាថ៌កំបាំង និងភាពអស្ចារ្យដ៏គួរឲ្យចង់ស្វែងយល់ និង ចុងក្រោយគឺតំបន់ធម្មជាតិដែលមានភាពទាក់ទាញដោយអ្វីៗដែលកើតឡើងដោយខ្លួនឯង»។ ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏ពេញនិយម… «ទីកន្លែងដែលចង់ទៅ ពេលវេលាដែលត្រូវទៅ រយៈពេលចំណាយនៅទីនោះ កញ្ចប់ថវិកាគួរមាន និងជាពិសេស គឺការរៀបចំសម្ភារៈដោយឆ្លាតវៃសម្រាប់ការធ្វើដំណើរតែម្តង សុទ្ធតែជាអ្វីដែលយើងត្រូវគិតដល់នៅពេលរៀបចំដំណើរកម្សាន្តណាមួយ»។ ជាក់ស្តែង ចំពោះការត្រៀមសម្ភារៈចម្បងៗត្រូវគិតលើគន្លឹះមួយចំនួនដែលអ្នកមិនសូវចាប់អារម្មណ៍ដូចជា៖ វ៉ាលិស វ៉ាលិសមានសារសំខាន់ខ្លាំងណាស់ចំពោះដំណើរកម្សាន្ត ដោយវាជាអ្នកផ្ទុកនូវសម្ភារៈតូចធំដែលអ្នកត្រូវការជាចាំបាច់ ដោយធានាថាសម្ភារៈទាំងនោះមានសុវត្ថិភាព និងរក្សាបាននូវគុណភាព។ ដូចនេះ គុណភាពវ៉ាលិសផ្ទាល់ គឺជាអ្វីដែលត្រូវគិតដល់មុនគេ ដោយសារពេលធ្វើដំណើរ វ៉ាលិសរបស់អ្នកចៀសមិនផុតពីការប៉ះទង្គិចដោយការបោះបោកបន្តិចបន្តួច ជាពិសេសប្រសិនអ្នកធ្វើដំណើរឆ្ងាយៗ ដែលអាចនាំផលប៉ះពាល់ដល់សម្ភារៈនៅខាងក្នុង។ ក្រៅពីនោះ វ៉ាលិសដែលល្អនឹងធ្វើឲ្យអ្នកមានទំនុកចិត្ត មិនថាធ្វើដំណើរទៅទីណា និងផ្តល់ឲ្យអ្នកនូវរូបភាពជាអ្នកអាជីព មិនផ្តល់ការរំខានពេលធ្វើដំណើរដូចជាបែកបាក់ លឺសម្លេងខូចរូត ឬដៃអូសជាដើម ជាពិសេស គឺវាផ្តល់នូវការសន្សំសំចៃទៅវិញ ពីព្រោះវាធន់ និងអាចប្រើប្រាស់បានយូរជាវ៉ាលិសធម្មតាបានដល់៣ ទៅ៥ដង   និងមានការធានារយៈពេលច្រើនឆ្នាំទៀតផង។ ស្បែកជើង ការធ្វើដំណើរកម្សាន្តនីមួយៗ  គឺត្រូវការដើរ ហើយដើរច្រើនទៀតផង ឬក៏អ្នកអាចចំណាយពេលមួយថ្ងៃពេញពាក់វា  ដូចនេះស្បែកជើងរបស់អ្នកត្រូវតែប្រាកដថាអាចផ្តល់ផាសុកភាពដល់ជើងរបស់អ្នក មិនឲ្យក្លិនរំខាន មិនឲ្យឈឺ ឬពិបាកដើរ និងផ្តល់ភាពរហ័សរហួន ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល   និងមិនសូវនឿយហត់។ សម្លៀកបំពាក់ សម្លៀកបំពាក់មិនសូវចោទជាបញ្ហានោះទេ ចំពោះការដើរលេងធម្មតា។   ផ្ទុយទៅវិញ ដំណើរកម្សាន្តបែបផ្សងព្រេង ទាមទារនូវសម្លៀកបំពាក់ដែលមានលក្ខណៈពិសេសជាមួយនឹងគុណភាពល្អ  ដើម្បីធានាថាការពាក់រយៈពេលយូរ   នឹងមិនផ្តល់ភាពស្អុះស្អាប់ ឬស្កៀបរមាស់ ហើយជាទូទៅគួរប្រើជាសាច់ក្រណាត់ដែលអាចធន់នឹងទឹក ឬការប្រឡាក់ផ្សេងៗ។ សម្ភារៈបន្ទាប់បន្សំ វាអាចខុសគ្នាទៅតាមប្រភេទដំណើរកម្សាន្តសកម្មភាព និងតំបន់ដែលគ្រោងនឹងទៅ។ ឧទាហរណ៍ ក្នុងករណីប្រភេទដំណើរកម្សាន្តបោះតង់ អ្នកគួរមានតង់ ពិល កូនភួយ  និងខ្នើយជាដើម។ «និយាយរួមទៅ អ្នកធ្វើដំណើរសម័យថ្មីគួរតែដឹងពីការនិយមថ្មីៗ ហើយបើធ្វើដំណើរកម្សាន្ត គឺត្រូវធ្វើដំណើរជាមួយនឹងគុណភាព ទើបគេហៅថាជាអ្នកដើរលេងអាជីព!» បញ្ចប់ដោយខ្លី តែមានន័យពីកញ្ញា ណាណា...

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
ហេតុអ្វីគួរក្រេបទឹកឃ្មុំនៅម៉ាឡេស៊ី?

រដូវកាលនេះ អ្នកមានគម្រោងរៀបអាពិពាហ៍ពិពាហ៍ដូចជាច្រើនគួរសមដែរ ហើយចុះដល់វេនអ្នកឬនៅ? មិនថាដល់ ឬមិនទាន់ដល់...សាកស្រមៃលេងៗទៅមើលថាដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកគួរតែមានរូបភាពបែបណា?   អីយ៉ា…កំពុងតែលួចញញឹមផ្អែមល្ហែមតែឯងហើយទេដឹង? អញ្ចឹង...កុំឲ្យថាមានតែរូបភាពស្រមៃ ឥឡូវ ហេលស៍ថាម តាមរយៈបងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីជាថ្មីម្តងទៀត នឹងនាំយករូបភាពពិតៗអំពីដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង   មកជូនអ្នកទាំងអស់គ្នា ដោយជឿជាក់ថាវានឹងជាពេលវេលាមួយដ៏មានតម្លៃបំផុត និងមិនអាចបំភ្លេចបានសម្រាប់គូស្វាមីភរិយាថ្មី  ហើយក៏ជាអ្វីដែលអ្នកចង់បានផងដែរ។ ជាការពិត   ប្រទេសម៉ាឡេស៊ី   គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ដំណើរកម្សាន្តសឹងគ្រប់ប្រភេទ មិនថាលក្ខណៈគ្រួសារ     ផ្សងព្រេង ឬទិញទំនិញ  ហើយក៏ជាពិសេសគឺ លក្ខណៈដំណើរក្រេបទឹកឃ្មុំតែម្តង។ ហេតុអ្វី? តាមដានការបកស្រាយរបស់បងស្រី  សៅ រដ្ឋា   ទាំងអស់គ្នា… ហេតុផល ៣យ៉ាងធំៗដែលម៉ាឡេស៊ីជាជម្រើសដ៏ល្អគឺ៖ កត្តាពេលវេលា សំខាន់បំផុតសម្រាប់ដំណើរបែបក្រេបទឹកឃ្មុំដែលគូស្វាមីភរិយាថ្មីរមែងយកចិត្តទុកដាក់បំផុត។ ដោយប្រទេសម៉ាឡេស៊ីនៅមិនឆ្ងាយពីកម្ពុជា ដូចនេះ អ្នកគ្រាន់តែចំណាយពេលប្រហែល ២ម៉ោងប៉ុណ្ណោះតាមរយៈការធ្វើដំណើរតាមយន្តហោះ មានន័យថាអ្នកមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ និងអាចសល់ពេលវេលាច្រើនសម្រាប់គម្រោងដំណើរកម្សាន្តរបស់អ្នក។ ម្យ៉ាងទៀត អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាល់ពេក ក៏មិនអស់កម្លាំងពេកដោយការធ្វើដំណើរផងដែរ  ដូចនេះ  ប្រាកដណាស់ថាអ្នកនឹងមាន ពេលវេលាល្អៗយ៉ាងច្រើនជាមួយគ្នា។ ការចំណាយសមរម្យ មិនត្រឹមតែអាចមានឱកាសទទួលបានតម្លៃពិសេសសម្រាប់ការកក់ជើងយន្តហោះជាមុននៅក្នុងលក្ខខណ្ឌណាមួយ ប្រទេសម៉ាឡេស៊ីក៏ជាកន្លែងមួយដែលអ្នកអាចសន្សំសំចៃលើការទិញទំនិញបានដល់ទៅ៣ដងក្នុងមួយឆ្នាំនៅក្នុងរដូវកាលបញ្ចុះតម្លៃ ដែលព្រឹត្តិការណ៍បញ្ចុះតម្លៃនីមួយៗមានរយៈពេលមិនតិចជាងមួយខែឡើយ។  រីឯនៅតំបន់កោះឡាំងកាវីដែលជាកោះត្រូវបានលើកលែងពន្ធ   ធ្វើឲ្យអ្នកអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ កាន់តែសន្សំសំចៃជាមួយនឹងការកើនឡើងនៃតម្លៃរបស់រូបិយវត្ថុ (រីងហ្គីត) និងតម្លៃដែលពុំសូវប្រែប្រួលនៃទំនិញផងដែរ។ តំបន់ទេសចរណ៍សម្បូរបែប ទីកន្លែងប្រណិតៗ រួមទាំងសកម្មភាពជាច្រើននៅប្រទេសម៉ាឡេស៊ី ពិតជាស័ក្តិសមយ៉ាងខ្លាំងចំពោះការធ្វើដំណើរកម្សាន្តជាលក្ខណៈ Couples។ ក្នុងនោះ កោះឡាំងកាវី (Langkawi) គឺជាកោះដ៏ល្បី និងជាប្រជុំកោះតូចៗចំនួន៩៩ ក៏ជាកន្លែងមិនគួរខកខាននៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់គូស្វាមីភរិយាដែរ   ដោយមិនត្រឹមតែទេសភាពស្អាតៗនៃកោះ និងសមុទ្រតែក៏ដោយសារបរិយាកាសដ៏ស្រទន់ និងរ៉ូមែនទិកសម្រាប់អ្នកទាំងពីរផងដែរ។     រីឯកាមើរូនហាយលែន (Cameron highland)    ជាតំបន់ខ្ពង់រាបដែលមានលក្ខណៈស្ងប់ស្ងាត់ សម្បូរទៅដោយដើមកោងកាង និងទេសភាពដ៏ទាក់ទាញ    ផ្តល់នូវបរិយាកាសបែបឯកជន លាយឡំនឹងធម្មជាតិ អាចឲ្យគូស្វាមីភរិយាថ្មីថ្មោងផ្តិតនូវរូបភាពដ៏ស្រស់ស្អាតជាមួយគ្នា។ ដោយឡែក សម្រាប់គូដែលចូលចិត្តភាពទាន់សម័យ និងរ៉ូមែនទិកក្នុងពេលតែមួយនោះ មិនគួរមើលរំលងទីក្រុងកូឡាឡាំពួរ (KL central)ឡើយ ពីព្រោះវាជាទីក្រុងដ៏សម្បូរបែប និងពោរពេញដោយកន្លែងពេញនិយមជាច្រើនសម្រាប់Couples  រួមជាមួយនឹងសកម្មភាពប្លែកៗបែបស៊ីវិល័យ ក៏ដូចជាបែបរ៉ូមែនទិក ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារទំនើបៗជាដើម។   ជាក់ស្តែង   ការញ៉ាំអាហារពេលល្ងាចដែលអ្នកមិនអាចបំភ្លេចបាននៅលើប៉មកូឡាឡាំពួរ(Memara-KL Tower)  អមដោយបរិយាកាស និងទេសភាពនៃទីក្រុងកូឡាឡាំពួរលម្អដោយភ្លើងពណ៌នៅពេលរាត្រី ដែលធ្វើឲ្យអ្នកពិតជាមិនចង់ឲ្យពេលវេលារំកិលទៅមុខ។ ក្រៅពីនោះ តំបន់សមុទ្របាតទូ (Batu)  និងទីក្រុងប្រវតិ្តសាស្ត្រម៉ាឡាកា(Malacca)     ដែលជាទីក្រុងចំណាស់    និងមានការរក្សានូវទ្រង់ទ្រាយនៃអគារ     និងភូមិនាសម័យកាលដ៏យូរលង់  ក៏ជាទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ   ដោយអ្នកនឹងទទួលបានអារម្មណ៍ដូចជាស្ថិតក្នុងសម័យកាលមួយផ្សេងទៀតជាមួយមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមានទំនោរនៃការរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានយូរអង្វែងទៀតផង។ ដើម្បីឲ្យដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកជាពេលវេលាដ៏គួរឲ្យចងចាំ   អ្នកក៏គួរគិតដល់សកម្មភាពមួយចំនួនដែលអ្នកអាចចំណាយជាមួយគ្នាបានដូចជាការគេងមើលទេសភាពកោះស្អាតៗពីសណ្ឋាគារនៅកោះឡាំងកាវី  ការញ៉ាំអាហារពេលល្ងាចនៅលើនាវា និងគយគន់ទេសភាពនាពេលថ្ងៃរាបលិច ជិះអូប័រស្រូបយកខ្យល់អាកាស ជិះទៅកាន់កោះផ្សេងៗនៅតំបន់កោះឡាំងកាវី មើលថ្ងៃលិចនៅមាត់សមុទ្រ ជាមួយស្នាមថើបដ៏ផ្អែមល្ហែម និងការជិះយន្តហោះជុំវិញកោះ ដែលជាសេវាកម្មលក្ខណៈ VIP   សម្រាប់អ្នកទេសចរ   ពិសេសគូស្វាមីភរិយាដែលចង់ទទួលនូវបទពិសោធន៍នៃការធ្វើដំណើរដ៏ប្លែក   និងមិនធ្លាប់មាន    ការជិះមើលទេសភាពនៅក្នុងទីក្រុងកូឡាឡាំពួរ និងការដើរទិញទំនិញនៅមជ្ឈមណ្ឌលលក់ទំនិញជាច្រើន ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តគ្នា ពិសេសដើម្បីប្រមូលនូវវត្ថុអនុស្សាវរីយន៍សម្រាប់តំណាងឲ្យពេលវេលាដ៏ពិសេសនេះផងដែរ។   ដំណើរក្រេបទឹកឃ្មុំគឺជារឿងរបស់មនុស្សពីរនាក់ ដូចនេះ អ្នកក៏ត្រូវប្រាកដផងដែរថា    តើប្រភេទទីកន្លែង ឬសកម្មភាពបែបណាដែលអ្នកទាំងពីរពេញចិត្តដូចគ្នាកុំតម្រូវតែចិត្តខ្លួនឯងណា…

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
ស្លៀកពាក់ឲ្យសមនឹងដំណើរកំសាន្តរបស់អ្នក

ដោយសារពីអត្ថបទមុន យើងបានណែនាំខ្លះៗរួចមកហើយអំពីប្រភេទ និងត្រេននៃការធ្វើដំណើរនៅពេលបច្ចុប្បន្ន ប៉ុន្តែការស្លៀកពាក់យ៉ាងណាឲ្យស័ក្តិសមទៅនឹងដំណើរកម្សាន្តនីមួយៗ គឺជារឿងមួយផ្សេងទៀត។ ជាការពិត ពេលទៅដើរលេងម្តងៗ ដែលខ្វល់ជាងគេគឺសម្លៀកបំពាក់ហ្នឹងហើយ មិនមែនតែដើម្បីថតរូបហ្គោលឲ្យបានស្អាតៗនោះទេ តែក៏ដើម្បីបង្កើនទំនុកចិត្ត ទទួលបានផាសុកភាព   និងជាពិសេសគឺភាពស័ក្តិសមផងដែរ។ តែនិយាយដល់រឿងជ្រើសរើសការស្លៀកពាក់ ក៏ធ្វើឲ្យឈឺក្បាលមិនតិចដែរ ហើយក៏មិនអាចលេងសើចបានដូចគ្នា ដូចនេះ កុំប្រាប់ណា៎ថាអ្នកស្លៀកពាក់ស្ទាយដដែលៗ មិនថាទៅដើរលេងបែបណាក៏ដោយ?កុំលេងសើច… ដំណើរកម្សាន្តនៅតំបន់សមុទ្រ ជាមួយនឹងអាកាសធាតុល្អៗ  ខ្យល់ត្រជាក់រួមជាមួយទេសភាពនៃសមុទ្រ  នារីៗអាចជ្រើសរើសយកអាវវាលដៃ រលុងឬរឹបមិនមែនជាបញ្ហាហើយ ស្លៀកជាមួយនឹងខោខ្លី និងអាវស្បៃពីក្រៅ។ ឯបុរសអាចលេងអាវវាលក្លៀក ជាមួយនឹងអាវសាច់ក្រណាត់ពីក្រៅ ស្លៀកជាមួយនឹងខោខ្លីត្រឹមជង្គង់។ សម្លៀកបំពាក់ទាំងនេះ មិនត្រឹមផ្តល់ផាសុកភាព ស័ក្តិសមនឹងបរិយាកាស តែក៏អាចងាយសម្រាប់ការលេងទឹកផងដែរ។ យ៉ាងណាក៏កុំភ្លេចឲ្យសោះនូវសម្ភារៈមួយចំនួនដូចជាវ៉ែនតាខ្មៅធំៗ មួកស្អាតៗ និងស្បែកជើងផ្ទាត់សម្រាប់ការដើរលេងនៅលើខ្សាច់។ ដំណើរកម្សាន្តបែបកីឡា សំដៅដល់ដំណើរកម្សាន្តដោយជិះកង់ ឬក៏ឡើងភ្នំជាដើម។ អ្នកប្រាកដជាធ្លាប់ឃើញអ្នកដែលធ្វើដំណើរកម្សាន្តប្រភេទនេះក្នុងឈុតសម្លៀកបំពាក់បែបកីឡារាងជិតៗបន្តិច ហើយក៏ភាគច្រើនជាប្រភេទក្រណាត់ដែលមិនជ្រាបទឹក ដែលវាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការពារពីកម្តៅថ្ងៃ ការពារការប្រឡាក់ឬសើម ហើយក៏ជួយរក្សាជាតិទឹកនៅក្នុងខ្លួនបានល្អផងដែរ។ ចំពោះមិត្តនារីៗ អ្នកគួរត្រៀមអាវកាក់សម្រាប់ហាត់កីឡា ពីព្រោះអាវកាក់ដែលអ្នកពាក់រាល់ថ្ងៃមិនផ្តល់ផាសុកភាពគ្រប់គ្រាន់ដល់អ្នកសម្រាប់សកម្មភាពទាំងនេះឡើយ។    ដោយឡែក ការជិះកង់ ឬការឡើងភ្នំទាមទារឲ្យអ្នកត្រៀមផងដែរនូវសម្ភារៈ ព្រមទាំងស្បៀងផ្ទាល់ខ្លួនមួយចំនួន តែក៏មិនអាចយកជាប់ខ្លួនច្រើនពេកដែរ ដូចនេះ អ្នកត្រូវការសាក់កាដូមាំមួយសម្រាប់ដាក់របស់ដែលសំខាន់ៗប៉ុណ្ណោះ។ ដំណើរកម្សាន្តបែបផ្សងព្រេង (Backpacking) វាមិនខុសពីដំណើរកម្សាន្តបែបកីឡា ដោយសារតែអ្នកដំណើរត្រូវដើរច្រើនជាមួយនឹងសាក់កាដូរបស់ខ្លួនទៅកន្លែងជាច្រើន។ ដំណើរកម្សាន្តប្រភេទនេះជារឿយៗត្រូវចំណាយរយៈពេលយូរ ដូចនេះអ្វីដែលអ្នកត្រូវត្រៀមក៏មានច្រើនដែរ និងគ្រប់បែបយ៉ាង។ អ្នកត្រូវមានប្រភេទសម្លៀកបំ-ពាក់លក្ខណៈដើរលេងបែបលំហែ បែបកីឡា និងបែបគេងយប់អាស្រ័យនឹងកាលៈទេសៈ  និងកន្លែងដែលអ្នកទៅដល់។ ក្រៅពីនោះ អ្នកមិនត្រូវភ្លេចអាវ និងខោការពារភ្លៀង ព្រមទាំងស្បែកជើងដ៏រឹងមាំមួយគូផងដែរ។ ដំណើរកម្សាន្តបែប Business អ្វីដែលចាំបាច់ក្នុងដំណើរកម្សាន្តប្រភេទនេះ គឺត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ។ អ្នកត្រូវត្រៀមសម្លៀកបំពាក់ផ្លូវការសម្រាប់ចូលរួមប្រជុំ ឬការពិភាក្សាផ្សេងៗតាមជំនាញរបស់អ្នក ក៏ដូចជាសម្លៀកបំពាក់បែបសាមញ្ញតែថ្លៃថ្នូរទុកសម្រាប់ការចុះអង្កេតទីផ្សារ  ឬទស្សនកិច្ចកន្លែងសាធារណៈណាមួយ។ និយាយរួមវាមិនសូវខុសពីសម្លៀកបំពាក់ទៅធ្វើការឡើយ គ្រាន់តែពេលខ្លះអ្នកក៏អាចលេងស្ទាយបែបលំហែទៅតាមទីកន្លែងដែលអ្នកចុះបេសកកម្មផងដែរ។ ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សា ភាគច្រើនដំណើរទស្សនកិច្ចបែបនេះធ្វើឡើងជាមួយនឹងក្រុមហ៊ុន ឬសាលានានា។ ជួនកាលខាងស្ថាប័ន   មានជាសម្លៀកបំពាក់រួមសម្រាប់អ្នកទស្សនា ប៉ុន្តែពេលខ្លះស្ថាប័នមិនកំណត់។ ដូចនេះក្នុងសកម្មភាពនេះ អ្នកមិនចាំបាច់លេងខ្លួនពេកទេ ទាំងបុរសនិងសុភាពនារី អ្នកអាចពាក់អាវយឺត ជាមួយនឹងខោខូវប៊ូយ ឬសំពត់ បូកនឹងស្បែកជើងប៉ាតាឬផ្សេងៗតាមចំណង់ចំណូលចិត្ត។   ប៉ុន្តែអ្វីដែលសំខាន់ត្រូវដឹងថាអ្នកនៅមានអ្វីធ្វើពេញមួយថ្ងៃ   ដូចនេះការស្លៀកសម្លៀកបំពាក់ត្រូវមានភាពងាយស្រួលក្នុងការបត់បែន។ ដំណើរកម្សាន្តក្នុងក្រុង អាចចាត់ទុកថាជាការដើរលេងធម្មតាដូចជាទៅមើលកុន ដើរផ្សារទំនើប ទិញទំនិញ ទៅញ៉ាំអាហារ រួចថតរូបបង្ហោះក្នុង Facebook អីជាដើម។ ដូចនេះការស្លៀកពាក់គឺនិយាយបានថាហ្រ្វីស្ទាយ(មិនប្រកាន់) ដែលអ្នកអាចស្លៀកពាក់អ្វីតាមរសនិយមរបស់អ្នក ប៉ុន្តែត្រូវប្រាកដថាវាក៏ ទាន់សម័យផងដែរ។ នារីៗជាមួយនឹងរ៉ូបខ្លីៗលើជង្គង់បន្តិច ស្ពាយកូនកាបូប និងពាក់ស្បែកជើងកែងបន្តិច ឬក៏ស្បែកជើងប៉ាតា ជាស្ទាយសាមញ្ញតែពេញនិយម និងមានភាពទាក់ទាញមែនទែន។ ចំណែកបុរសៗវិញ គ្រាន់តែអាវយឺត ឬអាវក្រណាត់កឌុប ពាក់ជាមួយនឹងខោខូវប៊ូយ បូកនឹងស្បែកជើងប៉ាតា ឬស្បែកជើងស្បែកប្រាកដជាអ៊ែម។ ដំណើរកម្សាន្តមានច្រើនប្រភេទ ស្ទាយនៃការស្លៀកពាក់ក៏មានច្រើនបែប ប៉ុន្តែភាពស័ក្តិសមគ្នា (a good matching) មិនមែនកើតឡើងបានគ្រប់ពេលទេ ហើយអ្នកពិតជាត្រូវបន្ស៊ីវាឲ្យល្អទើបមិនបាក់កាលីប។   តែទោះយ៉ាងណា មនុស្សម្នាក់ៗសុទ្ធតែមានអត្តសញ្ញាណផ្ទាល់ខ្លួនដែរ ដូចនេះអ្នកអាចបញ្ចូលស្ទាយជាគោលរបស់អ្នកទៅក្នុងប្រភេទនៃការស្លៀកពាក់នីមួយៗរបស់អ្នកបានដូចគ្នា។

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
កន្លែងថតOutdoor លេងៗនៅម្តុំក្រុង

សព្វថ្ងៃហ្នឹងអ្នកណាមិនដឹងថា រូបថតបែប Outdoor ពេញនិយមបំផុតហើយ។ តែថាថតនៅកន្លែងណាល្អជារឿងមួយ អញ្ចឹងមើលថាកន្លែងទាំងអស់នេះយ៉ាងម៉េចដែរ? មុខព្រះបរមរាជវាំង ល្អបំផុតគឺព្រឹកពីម៉ោង ៧  ទៅ ៩គឺថាមិនសូវមានមនុស្សច្រើន ហើយវាក៏ជាពេលដែលសត្វព្រាបហោះទៅមកច្រើនផងដែរ។   សារមន្ទីរជាតិ ពិសេសគឺផ្លូវទៅកាន់សារមន្ទីរ សម្បូរដើមឈើធំៗផ្តល់រូបភាពធម្មជាតិលាយឡំនឹងសម័យកាលមួយ ដែលល្អ បំផុតសម្រាប់រូបថតបែប roadside  ។ កាំកូស៊ីធី ផ្លូវស្អាត ដើមឈើច្រើន ហើយដែលពិសេសគឺខ្យល់អាកាសល្អ អំណោយផលសម្រាប់ការថតបែបស៊ីអារម្មណ៍នៅពេលដែលខ្យល់បក់មកតែម្តង។ ក៏មានស្មៅវែងៗដុះ បង្កើតទិដ្ឋភាពយ៉ាងស្រទន់ពេលថ្ងៃលិច។ វិហារចិននៅតាខ្មៅ ជិះឆ្លងតែស្ពានតាខ្មៅតិចទៅដល់ហើយ វិហារចិនជាប់ទន្លេមានទេសភាពពេញភ្នែកតែម្តង។ វិហារចិនលក្ខណៈបុរាណ ទីធ្លាស្អាត ដើមឈើក៏ធំៗ ខ្យល់ក៏ខ្យល់ ល្អបំផុតសម្រាប់ការថតបែបសន្តិភាព និងស្ងប់ស្ងាត់។ សួនផ្កានៅតាខ្មៅ ជិះហួសភ្នំពេញតែបន្តិចទៅ បានឃើញសួនផ្កាចម្រុះពណ៌ស្អាតមែនទែន អមទេសភាពជុំវិញបែបជាយក្រុងកាន់តែពិសេស អ្វីដែលសំខាន់ផ្កាតំណាងឲ្យនារីៗ និងភាពស្រស់ស្រាយផងដែរ។ Credit :   កញ្ញា សាន សោភា

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
ទៅលេងកោះដែលយើងប្រាថា្ន

និយាយដល់រឿងទៅលេងកោះ  អ្នកណាៗក៏រំជើបរំជួល ទាំងជាកន្លែងស្ងប់ស្ងាត់ល្មម ទេសភាពស្អាត មានឆ្នេរខ្សាច់ មានសមុទ្រ ផ្ទះបែបប្រជាជននៅកោះ កៅអីតូចៗនៅតាមឆ្នេរ ដើមដូងតំរៀបជួរ ហើយក៏ទូកចម្រុះពណ៌នៅលើផ្ទៃសមុទ្រ… អាចនឹកឃើញដល់ភ្នក់ភ្លើងពេលយប់ សម្លេងទឹកសមុទ្រ ក្លិនទឹកសមុទ្រ តន្ត្រីតិចៗពីបារបារាំង ឬក៏ហ្គីតា  អូគូឡេឡេអីហ្នឹង ជាមួយ cocktail ត្រជាក់់ៗ…និយាយរួមគឺ កន្លែងដ្រាម៉ាតែម្តង។ ដូចនេះឱកាសល្អៗបែបវិស្សមកាលតូចជាដើមនេះ បើរៀបចំគម្រោងទៅលេងនៅតំបន់កោះប្រាកដជាល្អ។ តាមរយៈលោក ទេស តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Island Speed Ferry Cambodia ហេលស៍ថាម បាននាំមកជូននូវព័ត៌មានមួយចំនួនអំពីដំណើរកម្សាន្តដ៏អស្ចារ្យនេះ   ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែប្រាកដចិត្តថា  កោះគឺជាទិសដៅទេសចរណ៍បន្ទាប់របស់អ្នក។ ហេតុអ្វីការទៅលេងកោះជាជម្រើសល្អ? ឱកាសល្អ ឧទាហរណ៍ ម្តុំខែកុម្ភៈនេះផ្ទាល់ អាកាសធាតុ គឺពិតជាអំណោយផលក្នុងការទៅកម្សាន្តនៅតំបន់សំខាន់ៗជាច្រើននៅកម្ពុជា ហើយក្នុងនោះក៏រួមបញ្ចូលទាំងតំបន់កោះផងដែរ។ ដោយឡែក នៅរដូវនេះ ឱកាសនៃការភ្លៀងដូចជាមិនសូវមានដែរ ដូចនេះវាជាឱកាសល្អសម្រាប់ការចុះហែលទឹកដែលមានសីតុណ្ហភាពល្មម និងថ្លាល្អ ពិសេសគឺនៅកោះរ៉ុង និងកោះរ៉ុងសន្លឹមតែម្តង។      មានអារម្មណ៍ល្អ បទពិសោធន៍ជិះទូកធំៗប្រភេទ Ferryទៅកាន់ទីកន្លែងដ៏ស្រស់ស្អាត  មើលទឹកសមុទ្រដ៏ថ្លាឆ្លុះជាមួយនឹងផ្ទៃមេឃទូលំទូលាយ  ខ្យល់អាកាសត្រជាក់ និងបរិសុទ្ធ  ក៏ដូចជាកោះតូចធំស្អាតៗដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន ដែលកោះទាំងនេះជាកន្លែងដ៏កក់ក្តៅសម្រាប់ការសម្រាកលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងជាមួយនឹង សកម្មភាព     និងទិដ្ឋភាពដែលបានរៀបរាប់ពីខាងលើ។     តែក៏កុំភ្លេចស្រែកឲ្យខ្លាំងៗទៅកាន់សមុទ្រ ព្រោះអ្នកមិនមានឱកាសធ្វើបែបនេះទេពេលនៅទីក្រុង ហើយជឿថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អមិនខាន។ សម្រាប់អ្នកចូលចិត្តចូលតួ ពិតជាត្រូវចិត្តជាមួយនឹងបរិយាកាសនៅតំបន់កោះ ព្រោះគ្រាន់តែអង្គុយលេង ឬដើរតាមឆ្នេរដោយជើងទទេក៏អាចឲ្យពួកគេចូលទៅដល់ពិភពមួយទៀតបានដែរ។ មានផាសុកភាព និងសុវត្ថិភាព ក្រៅពីការធ្វើដំណើរតាមទូកធំៗ និងទំនើបៗដែលអាចផ្តល់ឲ្យអ្នកទេសចរនូវផាសុកភាព ក៏ដូចជាសុវត្ថិភាពនោះ   បច្ចុប្បន្នក៏មានផងដែរនូវប៉ុស្តិ៍យាម ២៤ម៉ោងរបស់ក្រុមសមត្ថកិច្ចនៅតាមកោះនីមួយៗ ដើម្បីផ្តល់ជូនអ្នកមកលេងកម្សាន្ត ក៏ដូចជាប្រជាជនផ្ទាល់ដែលនៅលើកោះនូវភាពកក់ក្តៅ និងសុវត្ថិភាពដែលអាចជឿទុកចិត្តបាន។ ដូចនេះ អ្នកទេសចរជាច្រើនបានស្នាក់នៅកម្សាន្តនៅទីនោះឆ្លងយប់ដោយមិនមានការបារម្ភណាមួយឡើយ។ កោះស្អាតៗណាខ្លះដែលអ្នកមិនគួរមើលរំលង? មានកោះ៤ ដែលគួរជាទីទាក់ទាញបំផុតសម្រាប់អ្នកទេសចរ ដែលក្នុងនោះមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត និង កោះឋានសួគ៌។ លក្ខណៈពិសេសជារួមនៃកោះទាំងអស់គឺផ្កាថ្ម ឆ្នេរដ៏ស្អាត     និងទេសភាពនៃព្រៃកោងកាងជាដើម។ ចំពោះអ្នកចូលចិត្តភាពអ៊ូអរ   និងកម្សាន្តបែបលក្ខណៈបារបារាំង នោះកោះរ៉ុង គឺស័ក្តិសមនឹងអ្នកបំផុត ពីព្រោះទីកន្លែងនោះសម្បូរអ្នកទេសចរបែប Backpackers ភោជនីយដ្ឋាន និងមានកម្មវិធីកម្សាន្តច្រើន។ ផ្ទុយទៅវិញ បើអ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងទេសភាពបែបធម្មជាតិ អ្នកគួរទៅកោះរ៉ុងសន្លឹម។ ចំពោះឆ្នេរសុខសាន្ត វាស្ថិតនៅផ្នែកមួយនៃកោះរ៉ុង  ប៉ុន្តែលក្ខណៈពិសេសរបស់ទីតាំងនោះគឺមានឆ្នេរខ្សាច់ម៉ត់ជាមួយនឹងប្រវែងដល់ទៅ ៧ គីឡូម៉ែត្រ។ រីឯអ្នកចូលចិត្តភាពឯកជន អ្នកគួរទៅកម្សាន្តនៅកោះឋានសួគ៌ដែលមិនត្រឹមស្រស់ស្អាតដូចឋានសួគ៌ អ្វីដែល ពិសេសគឺព្រៃទឹកសាប និងចំការដូងដែលដាំជាជួរ។    ខ្លះៗអំពីមធ្យោបាយធ្វើដំណើរទៅលេងកោះ ដោយការធ្វើដំណើរតាមទូកជាមួយនឹងក្រុមហ៊ុនទូកដែលដឹកអ្នកទេសចរទៅលេងកោះនានានោះ កោះរ៉ុង ដែលមានចម្ងាយមិនសូវឆ្ងាយពីក្រុងព្រះសីហនុប៉ុន្មាន អ្នកនឹងត្រូវចំណាយពេល ១ម៉ោងក្នុងការធ្វើដំណើរ ចំណែកកោះរ៉ុងសន្លឹមវិញត្រូវចំណាយរយៈពេល ៤៥ នាទី ស្របពេលដែលឆ្នេរសុខសាន្ត និងកោះឋានសួគ៌ ត្រូវចំណាយពេលរាងយូរបន្តិចគឺ ១ម៉ោង១៥នាទីចំពោះឆ្នេរសុខសាន្ត និង ប្រហែល ១ម៉ោង៣០នាទីចំពោះកោះឋានសួគ៌។ បើតាម Island Speed Ferry Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរតាមទូក ពេលវេលានៃការចេញដំណើរពីក្រុងព្រះសីហនុទៅកោះរ៉ុងផ្ទាល់គឺមាន ៣ពេលក្នុង១ថ្ងៃ ដែលក្នុងនោះមានម៉ោង ៩ព្រឹក ១២ថ្ងៃត្រង់ និង ៣រសៀល។ បន្ទាប់ពីបានស្តាប់ពីដំណើរកម្សាន្តតាមកោះហើយ មានអារម្មណ៍ថាចង់ទៅខ្លាំងណាស់មែនទេ?  នៅចាំដល់ណាទៀត មិនចាំបាច់ទៅណាឆ្ងាយនិងមិនចំណាយច្រើន...    ទៅលេងកោះទាំងអស់គ្នា!!!

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
រីករាយដំណើរកំសាន្តបែបសន្សំសំចៃ ទៅកាន់ម៉ាឡេស៊ី

រដូវកាលចុងឆ្នាំ រដូវកាលធ្វើដំណើរកំសាន្តទៀតហើយ!   មានគិតថាទៅ   Count down   នៅម៉ាឡេស៊ីទេ? គួរតែឆ្ងល់ដែរថាហេតុអ្វី ម៉ាឡេស៊ីជាកន្លែងដែល ហេលស៍ថាមណែនាំ? តាមដានកិច្ចសម្ភាសន៍ផ្តល់ដោយ «បងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា» បន្តិចទៅ នឹងដឹងហើយ! តែថាទៅលើកនេះមិនមែនទៅធម្មតាទេ…   គឺទៅបែបលក្ខណៈសេដ្ឋកិច្ច ចំណាយតិច ហើយសប្បាយ! ហេតុអ្វីម៉ាឡេស៊ីស័ក្តិសមបំផុតសម្រាប់ដំណើរកំសាន្តនៅក្នុងឆ្នាំនេះ? អ្វីដែលពិសេសគឺ សម្រាប់ឆ្នាំនេះផ្ទាល់   ដោយសារតែរូបិយវត្ថុនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ១ដុល្លាអាមេរិកអាចប្តូរបានដល់ទៅប្រហែល ៤រីងហ្គីត(Ringgit)   ជាមួយតម្លៃទំនិញនៅដដែល ធ្វើឲ្យការចំណាយផ្សេងៗ  និងការទិញទំនិញរបស់អ្នកកាន់តែចំណេញជាងឆ្នាំមុនៗ។ ដូចនេះ មិនថាឱកាសដំណើរកំសាន្ត   ឱកាសទិញទំនិញ  និងឱកាសសន្សំសំចៃ គឺមកក្នុងពេលតែមួយ។ ក្នុងនោះផងដែរ តំបន់ទិញទំនិញពេញនិយម និងតម្លៃសមរម្យជាងគេគឺនៅតំបន់    សូងៃវាំង(Sungei Wang Plaza)ដែល នៅ KL central  ផ្ទាល់តែម្តង ដោយសារវាមានមជ្ឈមណ្ឌលលក់ទំនិញច្រើននៅជិតៗគ្នាពី៦ ទៅ៧ និងតំបន់ Mid Valley- City ដែលមានមជ្ឈមណ្ឌលលក់ធំមួយ ជាមួយនឹងកន្លែងលក់ទំនិញតូចៗនៅក្បែរមួយចំនួនទៀត  តែវាមានតម្លៃថ្លៃជាង Sungei Wang ។ ការសន្សំសំចៃទៅលើសំបុត្រយន្តហោះ មានជម្រើសជើងយន្តហោះ  ២  ដែលធ្វើការហោះហើរផ្ទាល់ពីកម្ពុជាទៅទីក្រុងកូឡាឡាំពួរ(KL) គឺ AirAsia និង Malaysia Airline ។ ដោយគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះឲ្យបានមុនក្នុងរយៈយូរ(ជាទូទៅប្រហែលជា៦ខែ) តាម AirAsia អ្នកអាចទិញបានសំបុត្រយន្តហោះក្នុងតម្លៃមួយដ៏មិនគួរឲ្យជឿគឺចាប់ពី៣៥ដុល្លាសម្រាប់oneway ។ ចំពោះ Malaysia Airline អាចមានតម្លៃថ្លៃជាងបន្តិចគឺចាប់ពី១០៧ដុល្លាសម្រាប់ one way  ក៏ប៉ុន្តែតម្លៃនេះនឹងមិនសូវមានការប្រែប្រួលឡើយបើទោះជាអ្នកទិញកៀកពេលចេញដំណើរក៏ដោយ។ គំរូដំណើរកំសាន្តបែបផ្សងព្រេង (back packing)ដោយសន្សំសំចៃមួយ  ទៅកាន់ម៉ាឡេស៊ី ជាឧទាហរណ៍សម្រាប់អ្នកចូលចិត្ត Back packing ដែលចង់ចំណាយពេល ៥ថ្ងៃនៅម៉ាឡេស៊ី៖ •នៅម៉ាឡេស៊ី មានព្រលានយន្តហោះពីរដែលនៅជិតគ្នា ដែលKLIH2ជាទីតាំងដែល AirAsia ចុះចត •បន្ទាប់មក អាចជិះ shuttle bus ដែលចាកចេញពីចំណតរៀងរាល់១៥នាទីម្តង ពីព្រលានយន្តហោះទៅទីក្រុង កូឡាឡាំពួរ (KL central) ដោយចំណាយពេលប្រហែល៣០នាទី និងតម្លៃប្រហែលជា១០ Ringgits ប៉ុណ្ណោះ •ពេលទៅដល់ KL central អាចជិះតាក់ស៊ីបន្តទៅកាន់កន្លែងស្នាក់នៅដែលមានតម្លៃចាប់ពី ១០០ Ringgits   (ប្រហែល២៥ដុល្លា និងអាចធានាបាននូវភាពស្អាត និងអនាម័យ។ •ចំពោះការធ្វើដំណើរនៅ KL central ផ្ទាល់ មាន Hop-On Hop-Off bus ជាប្រភេទឡានក្រុងគ្មានដំបូល ដែលយើងអាចចំណាយត្រឹមតែ៣៥ Ringgits  ដោយសំបុត្រជិះនេះមានប្រសិទ្ធភាពមួយថ្ងៃពេញ  មិនថាអ្នកចុះ  ឬឡើងប៉ុន្មានដងក៏ដោយ ។ ឡាននេះនឹងឈប់នៅតំបន់ចំនួន២២ (រៀងរាល់៣០នាទីនឹងមានឡានមួយមកដល់ចំណត) ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ   ដូចនេះ អ្នកដំណើរអាចមើលតាមផែនទី   និងចុះនៅកន្លែងដែលខ្លួនចាប់អារម្មណ៍។  ការធ្វើដំណើរនេះអាចប្រើពេលប្រហែល១ទៅ២ថ្ងៃទៅតាមការចូលចិត្តរបស់អ្នកទេសចរ។ •ចំពោះការញ៉ាំនៅ KL central អ្នកទេសចរអាចជ្រើសរើសញ៉ាំនៅតាមមជ្ឈមណ្ឌលទិញទំនិញតែម្តង ដែលតែងតែមាន food court ជាមួយនឹងតម្លៃសមរម្យ។ •ភ្ញៀវទេសចរអាចបន្តទៅកាន់ភ្នំ ហ្កេនធីង(Genting)     ដែលជាតំបន់ដ៏ល្បីសម្រាប់អ្នកទេសចរ (ពិសេសលក្ខណៈគ្រួសារ) ដោយជិះឡានក្រុងប្រហែល១ម៉ោងពីកូឡាឡាំពួរ ។ ប្រសិនបើជាដំណើរកំសាន្តបែបម្នាក់ឯង ឬផ្សងព្រេង កន្លែងដែលស័ក្តិសមគួរតែជា តំបន់សមុទ្រ ឡាំងកាវី(Langkawi) ដែលត្រូវធ្វើដំណើរតាមយន្តហោះ រយៈពេល៤៥នាទី ឬក៏ជិះកាណូត (តែតម្រូវឲ្យតជើងពីការជិះឡានមកទីក្រុងកេដាស(Kedah) ជាមុន ទើបបន្តជិះកាណូតមកឡាំងកាវី ដែលពេលវេលាសរុប គឺប្រហែលជា៧ទៅ៨ម៉ោង)។ Langkawi ជាទីប្រជុំកោះ ដែលមានសរុប៩៩កោះ ហើយបានជាប់ចំណាត់ថ្នាក់ជា World UNESCO មួយនៅម៉ាឡេស៊ី ។ គួរឲ្យដឹងផងដែរថា Langkawi   ជាកោះដែលមាន Dutyfree (មិនមានចំណាយពន្ធទៅលទំនិញ)ហើយក៏មានរឿងជាច្រើនទាក់ទងនឹងកោះនេះផងដែរ។ •រីឯតំបន់អាហារដែលល្បីគឺប៉េណាំង(Penangដែលនៅក្បែរគ្នានឹង   Langkawi  ហើយពេញនិយមចំពោះម្ហូបលក្ខណៈចិន    និងអាហារសមុទ្រជាដើម ។ •ចុងក្រោយគឺតំបន់ទេសចរណ៍នៅព្រំដែនដែលហៅថា ជោហ៊ោ(Johor) ដែលមានកន្លែងកំសាន្តដ៏ល្បីគឺ LEGOLAND (ប្រហែលនឹង Disneyland)  ដោយអាចចំណាយពេលធ្វើដំណើរប្រហែល៤ម៉ោងពីកូឡាឡាំពួរ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងទេសចរណ៍ប្រទេសម៉ាឡេស៊ី  អ្នកទេសចរ ឬមានគម្រោងចង់ទៅកំសាន្តនៅទីនោះ អាចធ្វើការទាក់ទងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជាដែលមានទីតាំងផ្ទាល់នៅស្ថានទូតម៉ាឡេស៊ី។

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
១ ថ្ងៃនៅកំពត

ការររស់នៅទីក្រុងភ្នំពេញ ថ្វីបើមានការកំសាន្តបែបទំនើប និងមិនខ្វះកន្លែងសម្រាប់ហូបចុក តែមនុស្សជាច្រើន ក៏នៅតែមានអារម្មណ៍ធុញថប់ ហើយក៏ចង់ប្តូរបរិយាកាសងាកទៅរកការសម្រាកកំសាន្តបែបស្ងប់ស្ងាត់ និង បែបធម្មជាតិម្តងម្កាលផងដែរ។ ចុះអ្នកវិញ ធ្លាប់មានអារម្មណ៍បែបនេះទេ៎? បើនឹកឃើញដល់ធម្មជាតិ…អ្នកមិនគួរមើលរំលងខេត្តកំពតឡើយ ព្រោះថាខេត្តនេះសម្បូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ដូចជាទឹកឈូ ភ្នំ និងព្រែកជាដើម។ ថ្ងៃនេះ Health Time សូមណែនាំឲ្យលោកអ្នកស្គាល់រមណីយដ្ឋានមួយចំនួនដែលលោកអ្នកអាចទៅកំសាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ នាពេលចុងសប្តាហ៍… ជិះរ៉កកាត់ព្រែក៖ នៅចម្ងាយប្រមាណជា ១០គីឡូម៉ែតពីទីរួមខេត្តកំពត លោកអ្នកអាចទទួលនូវការកំសាន្តដោយជិះរ៉កកម្ពស់ប្រមាណជា ១៥ម៉ែត្រកាត់ព្រែកកំពតពីត្រើយម្ខាងទៅត្រើយម្ខាង ដោយគ្រាន់តែចំណាយប្រាក់៣០,០០០ រៀលប៉ុណ្ណោះសម្រាប់ការជិះម្តង។ ចំណាំ៖   ការជិះរ៉កស្ថិតនៅឧទ្យានដងព្រែក ដែលលោកអ្នកគ្រាន់តែជិះតាមផ្លូវទឹកឈូទៅហួសខ្លោងទ្វារវត្តស្នំប្រាំពីរ មួយផ្លូវត្រូវបត់ស្តាំ ជិះប្រមាណជា ១០នាទី    អ្នកនឹងឃើញមនុស្សម្នាជាច្រើនកំពុងសើចក្អាកក្អាយនឹងការកំសាន្តនៅទីនោះ។  ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៣១ ២៣០ ០៣៣៣ ជិះទូក ឬ Kayak ក្រៅពីការជិះរ៉កកំសាន្ត លោកអ្នកមិនចាំបាច់ជិះទៅណាទៀតទេ គឺលោកអ្នកអាចកំសាន្តមួយបែបទៀតនៅឧទ្យានដងព្រែកនោះតែម្តង គឺការជិះទូកកំសាន្ត និង kayak ដែលលោកអ្នកចំណាយត្រឹមតែ ២០,០០០រៀលតែប៉ុណ្ណោះសម្រាប់ទូកលក្ខណៈគ្រួសារ ដែលជិះបាន៣នាក់ និង ទូកសម្រាប់ម្នាក់ដែលមានតម្លៃត្រឹមតែ ៨,០០០ រៀល ហើយតម្លៃនេះ លោកអ្នកអាចជិះដោយពុំមាន កំណត់ម៉ោងនោះទេ។ បរិភោគអាហារលើទូកតាមដងស្ទឹងកំពត ពេលល្ងាច អ្នកប្រហែលជាអស់កម្លាំងហើយ ដូច្នេះលោកអ្នកគួរសម្រាកស្រស់ស្រូបអាហារលើទូក២ជាន់ ដែលលោកអ្នកអាចទិញអាហារពីក្រៅមុនឡើងទូក ឬកុម្ម៉ង់អាហារលើទូកក៏បាន។ ការជិះទូកចាប់ផ្តើមពីម៉ោង៤ល្ងាច និងមានការចេញទូកបន្តបន្ទាប់ តែលោកអ្នកគួរឡើងទូកម៉ោង ៤ ឬ ៤:៣០ ដើម្បីអាចទស្សនាទេសភាពដងស្ទឹងកំពតបានច្បាស់ គយគន់មេអំបៅ និងសត្វអំពិលអំពែកទៀតផង។ អ្វីដែលមិនគួរឲ្យជឿនោះ គឺតម្លៃក្នុងការជិះទូករយៈពេល ២ម៉ោង៣០នាទីត្រឹមតែ ១០,០០០រៀលតែប៉ុណ្ណោះ និងមានជូនទឹកក្រូចមួយកំប៉ុងដោយឥតគិតថ្លៃទៀតផង។ យ៉ាងណាមិញ…បើលោកអ្នកមានពេលគ្រប់គ្រាន់ កំពតត្រូវការពេលប្រមាណជា៤ទៅ៥ថ្ងៃសម្រាប់កំសាន្ត ព្រោះខេត្តនេះមានទីកំសាន្តជាច្រើនកន្លែងទៀត ដូចជាចំការម្រេច ទឹកឈូ ល្អាងភ្នំ ភ្នំបូកគោជាដើម។ រមណីយដ្ឋានបែបធម្មជាតិជាច្រើនកំពុងរង់ចាំវត្តមានរបស់លោកអ្នក… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ
សកម្មភាពទាំង៥សម្រាប់ចុងសប្តាហ៍នៅភ្នំពេញ

ធ្វើការងារ ក៏ដូចជារៀន៥ថ្ងៃជាប់គ្នាហើយ…ម្នាក់ៗប្រាកដជាទន្ទឹងរង់ចាំឲ្យដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត…ក្នុងករណីដែលមិនមានពេលគ្រប់គ្រាន់ទៅដើរកម្សាន្តនៅក្រៅក្រុង ឬក្រៅប្រទេសនោះ យើងខ្ញុំក៏សូមធ្វើការណែនាំនូវសកម្មភាព៥យ៉ាងសម្រាប់កំដរថ្ងៃចុងសប្តាហ៍របស់អ្នក ដោយមិនចាំបាច់ទៅណាឆ្ងាយដូចគ្នា ប៉ុន្តែគិតថាវានឹងក្លាយជាថ្ងៃចុងសប្តាហ៍ដែលអ្នកចង់បាន។ មើលថ្ងៃរះនៅស្តាតអូឡាំពិក ការចាប់ផ្តើមថ្ងៃថ្មីពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគេងយូរពេក  អ្នកនឹងរំលងអាហារពេលព្រឹក ហើយប្រហែលជាអាចមានអារម្មណ៍ខ្ជិលពេញមួយថ្ងៃតែម្តង។  អញ្ចឹង...ថ្ងៃចុងសប្តាហ៍នេះ សាកក្រោកពីព្រលឹម  ស្លៀកពាក់បែបកីឡាទៅស្តាតអូឡាំពិក រត់លេងបន្តិចឲ្យចេញញើស ហើយមើលពីភាពស្រស់ស្រាយរបស់អ្នកនៅជុំវិញដែលខ្លះកំពុងរត់ ខ្លះក៏រាំ និងហាត់កីឡាផ្សេងៗ អ្នកនឹងមានអារម្មណ៍ប្លែក និងស្វាហាប់ខុសពីធម្មតា។  ស្របពេលដែលព្រះអាទិត្យកំពុងរះ អ្នកក៏អាចឆ្លៀតស្រូបយកកម្តៅព្រះអាទិត្យពេលព្រលឹមដែលមានអត្ថប្រយោជន៍ដល់សុខភាព និងកុំភ្លេចផ្តិតយករូបភាពស្អាតៗដែលធ្វើឲ្យស្រឡះចិត្តផងដែរ។  អ្វីដែលមិនគួរមើលរំលងនោះ គឺអាហារសុខភាពជាច្រើនប្រភេទនៅទីនោះ ដូចជា បបរល្ង  តៅហ៊ូ  ទឹកសណ្តែក និងទឹកផ្លែឈើកិនស្រស់ៗជាដើម។  ម៉ោង៧កន្លះ ឬ៨ព្រឹក សមល្មមឲ្យអ្នកត្រឡប់ទៅផ្ទះវិញ ងូតទឹក ទទួលទានអាហារពេលព្រឹក និងចាប់ផ្តើមថ្ងៃចុងសប្តាហ៍ដ៏ល្អរបស់អ្នកបន្តទៀត។ ធ្វើម្ហូបញុំាដោយខ្លួនឯង ឬសម្រាប់គ្រួសារ ភាពមមាញឹកនឹងការសិក្សា និងការងារអាចធ្វើឲ្យអ្នកខ្វះភាពស្និទ្ធស្នាលក្នុងគ្រួសារ។ សាកល្បងធ្វើម្ហូបសម្រាប់ខ្លួនឯង ឬសម្រាប់គ្រួសារអ្នកម្តងមើល៎…អ្នកអាចនឹងមានអារម្មណ៍ប្លែក និងសប្បាយ បើទោះបីជាអ្នកមិនសូវពូកែធ្វើម្ហូបក៏ដោយ។ ហើយរសជាតិអាហារនៅចុងសប្តាហ៍នេះ អាចភ្លក្សនៅផ្ទះជុំគ្នាក៏បាន ឬក៏រៀបចំទៅពិកនិកនៅក្បែរៗក្រុងក៏កាន់តែល្អ។ អង្គុយលេងនៅហាងកាហ្វេ អង្គុយញុំាកាហ្វេនៅថ្ងៃចុងសប្តាហ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ អ្នកអាចទៅហាងកាហ្វេដែលមានសភាពអ៊ូអរដូចជាBrown ឬStarbucks មើលគេឯង ឬជួបជុំមិត្តភក្តិជជែកកំសាន្តបំបាត់ស្ត្រេស តែកុំច្រឡំថាទៅចុចទូរស័ព្ទណា៎!!!  មួយបែបទៀត គឺសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ ដែលហាងកាហ្វេបែបធម្មជាតិ គឺជាជម្រើសល្អបំផុតដូចជាកាហ្វេEM ឬThe Museum Caféជាដើម។ ដោយគ្រាន់តែអង្គុយអានសៀវភៅដែលអ្នកចូលចិត្ត និងស្តាប់ភ្លេងកំដរតិចៗក៏គ្រប់គ្រាន់ក្នុងការទទួលបានអារម្មណ៍ល្អៗបានហើយ។ សាកល្បងអ្វីដែលថ្មី ព្យាយាមសាកល្បងអ្វីដែលថ្មីខ្លះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាងមុនដូចជា ជិះកង់កំសាន្ត លេងប៊ូលីង ហាត់យោគៈ ឡើងជញ្ជាំង (Mountain Climbing) ជិះស្គី ឬជិះស្គីទឹកកកជាដើម។ ថ្ងៃចុងសប្តាហ៍ ជាថ្ងៃដែលអ្នកអាចសន្សំបទពិសោធន៍ថ្មីៗ និងស្វែងរកចំណូលចិត្ត ឬទេពកោសល្យដែលមិនធ្លាប់ដឹងសម្រាប់ជីវិត…ដូចនេះ មិនថាអ្នកធ្លាប់ ឬមិនធ្លាប់ ពូកែ ឬក៏អត់ ចូលចិត្ត ឬមិនចូលចិត្ត សាកល្បងទៅ…បានដឹង! អង្គុយស្តាប់ភ្លេង និងមើលគេរាំ ការស្តាប់ភ្លេង ជាវិធីបំបាត់ស្ត្រេសដ៏មានប្រសិទ្ធភាពមួយ។ អ្នកអាចអង្គុយស្តាប់ភ្លេង និងមើលគេរាំនៅតាមទីសាធារណៈដូចជា សួនច្បារ ឬមាត់ទន្លេ ហើយក៏អាចញុំាចំណីតាមផ្លូវកំដរមាត់ ដែលនឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កាលពីវ័យកុមារផងដែរ។ អាចនិយាយថាថ្ងៃចុងសប្តាហ៍បែបនេះ ជាការចំណាយពេលវេលាដ៏ល្អសម្រាប់ខ្លួនឯងផ្ទាល់ បន្ទាប់មកគឺសម្រាប់ក្រុមគ្រួសារ ហើយក៏សម្រាប់មិត្តភក្តិក៏ដូចជាមនុស្សជាទីស្រឡាញ់ផងដែរ ហើយនេះជាអ្វីដែលធ្វើឲ្យចុងសប្តាហ៍ដ៏ខ្លីរបស់អ្នកមានតម្លៃបំផុត... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កំសាន្ត ដំណើរកំសាន្ត​ និងទេសចរ