Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មានប៉ុន្មាននាក់ដែលអាចscrollកាត់newsfeedនៅលើហ្វេសប៊ុកដោយមិនឃើញpostពី Sarahah? ដឹងតែមិនសូវមានច្រើននោះទេ…   ហើយក៏ប្រហែលជាមានច្រើនដែរ ដែលបាន និងកំពុងប្រើប្រាស់វា… ហើយវាពិតជាគួរឲ្យទំនងលេងមែន ក៏ប៉ុន្តែ តើបានដឹងពីប្រវត្តិរបស់វាហើយឬនៅ? តោះ! ស្វែងយល់ជាមួយគ្នា…   Sarahah ជាភាសាអារ៉ាប់ ដែលមានន័យថា «ភាពស្មោះត្រង់» ជាកម្មវិធីទូរស័ព្ទដែលកំពុងពេញនិយមមួយនៅក្នុងស្រទាប់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវវ័យ។ វាជាកម្មវិធីមួយដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវសារអនាមិកពីអ្នកប្រើប្រាស់ដទៃទៀតយ៉ាងងាយស្រួល។ Sarahah មានដើមកំណើតនៅប្រទេស Saudi Arabia ដែលត្រូវបានផ្តួចផ្តើមដោយ Zain al-Abidin Tawfiq ដែលជំហានដំបូងគ្រាន់តែជាគេហទំព័រសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនដើម្បីទទួលបានមតិយោបល់ពីបុគ្គលិកបម្រើការងារទៅកាន់ថ្នាក់លើតែប៉ុណ្ណោះ លុះក្រោយមកទើបត្រូវបានអភិវឌ្ឍខ្លួនមកសម្រាប់ប្រើប្រាស់ទូទៅបែបនេះ។   ពាក្យពេចន៍ខ្លះដែលមិនហ៊ាននិយាយ ទីបំផុតក៏អាចផ្ញើជូនទៅគេ…ហើយក៏ជាឱកាសដែលអាចដឹងពីមតិយោបល់ និងចំណាប់អារម្មណ៍របស់អ្នកដទៃមកលើខ្លួន។   ស្របពេលដែលវាកំពុងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដោយមនុស្សភាគច្រើនបានគិតថា វាជាវិធីមួយដ៏ល្អប្រសើរសម្រាប់ការបញ្ចេញនូវមតិយោបល់ ក៏ដូចជាផ្ញើសារក្នុងចិត្តទៅកាន់នរណាម្នាក់ដោយមិនចង់បង្ហាញពីអត្តសញ្ញាណ វាក៏អាចជាអាវុធមួយចាក់ដោតបេះដូងនៃអ្នកប្រើប្រាស់ដែលបានទទួលមតិយោបល់អវិជ្ជមាន ការរិះគន់ គម្រាមកំហែងរហូតមិនអាចទទួលបានផងដែរ។ អ្នកអាចស្រមៃមើលថា ក្នុងចំណោមសារជាច្រើនដែលអ្នកបានទទួល ក្នុងនោះមានសារដែលនិយាយពីចំណុចអវិជ្ជមានរបស់អ្នក ប្រមាថអ្នក បន្ទាបតម្លៃ និងពាក្យពេចន៍អសុរោះជាបន្តបន្ទាប់ តើអ្នកនឹងមានអារម្មណ៍បែបណា?   នេះមិនមែនជាកម្មវិធីទី១នោះទេដែលមានមុខងារបែបនេះទេ យើងក៏ឃើញការបង្កើត App ស្រដៀងគ្នាពីមុនមក ដែលភាគច្រើនបានបរាជ័យព្រោះតែវាបានក្លាយជាឧបករណ៍ដែលជះឥទ្ធិពលអវិជ្ជមានទៅលើអ្នកប្រើប្រាស់ ដូចជាករណីបាក់ទឹកចិត្តខ្លាំង និងខ្លះដល់ថ្នាក់ការធ្វើអត្តឃាតទៀតផង ដែលជាផ្នែកមួយនៃ cyberbullying។ តែទេាះជាយ៉ាងក៏ដោយ លោកអ្នកអាចសាកល្បងប្រើសម្រាប់កំសាន្តរយៈពេលខ្លី និងលើកទឹកចិត្តខ្លួនឯងស្របពេលដែលទទួលពាក្យសរសើរផ្សេងៗ ក៏ប៉ុន្តែប្រសិនបើមានការផ្ញើរសារអវិជ្ជមាន ការរិះគន់ គម្រាមកំហែង អ្នកគួរតែបំភ្លេចវាចោល លុបApp ហើយរស់នៅក្នុងភាពបើកចំហវិញ ដោយកំុព្យាយាមស្វែងរកមុខអ្នកដែលផ្ញើរសារនេាះមកអ្នកអី ព្រេាះវាធ្វើឲ្យអ្នកខាតពេលវេលា បាក់ទឹកចិត្ត ឬឈានទៅដល់ការគិតខ្លី។   ក្មេងអាយុក្រោម ១៧ ឆ្នាំ មិនគួរប្រើ Sarahah ទេ!   រូបភាព៖ អាចជាការតាមដានពីអនាមិក ហើយអ្នកនឹងមានភាពភ័យខ្លាចបន្តិចម្តងៗ...

ចែករំលែក

ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងបណ្តាលមកពីបាក់តេរីមួយប្រភេទដែលអាចឆ្លងរាលដាលទៅក្នុងរាង្គកាយរបស់មនុស្ស និងប៉ះពាល់ដល់សរីរាង្គជាច្រើននៅក្នុងខ្លួនមនុស្ស។ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។           ដើម្បីជាគន្លឹះក្នុងការការពារ និងព្យាបាលជំងឺនេះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ជាកិត្តិយសចូលរួមបកស្រាយពីស្ថានភាពទូទៅនៃជំងឺគ្រុនពោះវៀនដូចខាងក្រោម៖ អ្វីទៅជាជំងឺគ្រុនពោះវៀន? ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដែលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។ ការឆ្លងរាលដាល និងការរាតត្បាត ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖ -ផ្ទាល់ ៖  គឺដោយសារដៃអ្នកជំងឺមិនស្អាតដែលមានមេរោគ -មិនផ្ទាល់ ៖ គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។ រោគសញ្ញា រោគសញ្ញានៃជំងឺគ្រុនពោះវៀនមានដូចជា៖ -អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ -ឈឺក្បាល -អណ្តាតអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ -ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ -មិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច -មានគ្រាប់ឈាមសចុះ។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។ ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖ -Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។ -Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។ -Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើង ដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។ ផលវិបាក  ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖ -អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច -អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច -អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខួរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។ ការព្យាបាល ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ បើយើងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន។ វិធីព្យាបាលនោះរួមមានដូចជា៖ -ត្រូវឲ្យអ្នកជំងឺបរិភោគអាហាររាវ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ -ត្រូវប្រើថ្នាំ អង់ទីប៉ូទិក ដែលស្រុកខ្មែរយើងនិយមប្រើឱសថ Antibiotic នេះ ពីរប្រភេទ គឺ Flouroquinolones (Ofloxacine) និង Cephalosphorine de 3rd generation ដែលថ្នាំទាំងពីរប្រភេទនេះ អាចប្រើពី ៧ ទៅ១០ថ្ងៃ ដើម្បីព្យាបាលជំងឺនេះឲ្យជាសះស្បើយ។ ការការពារ ដើម្បីចៀសផុតពីជំងឺគ្រុនពោះវៀន គឺមនុស្សយើងត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាងគឺ៖ -ត្រូវហូបចុកឲ្យបានស្អាត និងមានអនាម័យមានន័យថា ត្រូវសម្អាតដៃមុនញ៉ាំបាយ ហើយចំណីអាហារនិងទឹក ដែលមិនស្អាតយើងកុំបរិភោគ -គួរចាក់វ៉ាក់សាំងការពារ ដែលអាចចាក់ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ។ អនុសាសន៍របស់លោកវេជ្ជបណ្ឌិតជំនាញ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា «ប្រសិនបើយើងសង្ស័យថាខ្លួនឯងកើតជំងឺគ្រុនពោះវៀន យើងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា»៕

ចែករំលែក

នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរលាកក្រពះនេះជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកក្នុងការបំពេញការងារ។ ជំងឺតនេះពិតជាបង្កក្តីរំខានដល់ការប្រព្រឹត្តទៅនៃជីវិតប្រចាំថ្ងៃដូចជា ការរកទទួលការសិក្សា ឬបំពេញកាតព្វកិច្ចផ្សេងៗ ដូច្នេះការរក្សារាងកាយឲ្យមានសុខភាពល្អគឺជាប្រការអាទិភាពដែលយើងចាំបាច់ដោះស្រាយដើម្បីញ៉ាំងជីវិតឲ្យចៀសផុតពីជំងឺនេះ។ ដើម្បីឆ្លើយតបនឹងបញ្ហារលាកក្រពះរ៉ាំរ៉ៃនេះ និងជាការផ្តល់ជាគំនិតយោបល់ដល់ប្រជាពលរដ្ឋទូទៅស្តីស្ថានភាពទូទៅនៃបញ្ហារលាកក្រពះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពទ្យ ព្រះកុសុមៈ ផ្តល់បទសម្ភាសសន៍បកស្រាយប្រធានបទមួយតាក់ទងទៅនឹង ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដូចខាងក្រោម៖ ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដែលហៅថា «ជំងឺរលាកក្រពះរ៉ាំរ៉ៃ» គឺជាការរលាករទៅលើភ្នាសក្រពះ ក្នុងកម្រិតរ៉ាំរ៉ៃ ដែលភាសាបារាំងហៅថា (Inflammation chronique de la muqueuse gastrique)។ មូលហេតុបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ ជំងឺនេះបង្កឡើងដោយ ៖ -បាក់តេរី (Helicobacter Pylori) -ការប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចុកចាប់ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin ឬ AINS) -ម៉្យាងទៀត ការរលាកក្រពះរ៉ាំរ៉ៃនេះ អាចកើតពីកត្តាពូជក្នុងកម្រិត ២០% ដែលយើងហៅថា (Gastrite Chronique atrophique auto-immune) ។ ការរលាកក្រពះរ៉ាំរ៉ៃភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមានជំងឺនេះ អាចជួបបញ្ហាមួយចំនួនដូចជា៖ -ឈឺចុកចុងដង្ហើម (របៀបក្រហាយ នៅមួយកន្លែង ឬចាក់មកឆ្អឹងខ្នង ឬស្មាខាងស្តាំ) -ហើមពោះ ឬពិបាករំលាយអាហារ ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ ឬមានលាមកពណ៌ខ្មៅ។ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសគ្រូពេទ្យឯកទេស ប្រសិនបើអ្នកមានលាមកខ្មៅ ក្អួតមានឈាម ឬមានអាការៈឈឺក្រពះយូរអង្វែង។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យ ជួបវេជ្ជបណ្ឌិតឯកទេសក្រពះ និងពោះវៀន ដើម្បីឆ្លុះក្រពះ និងយកសាច់ក្រពះទៅវិភាគ។ ការវិវឌ្ឍរបស់អ្នកជំងឺ ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាជំងឺមហារីកក្រពះ។ វិធីព្យាបាល ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ត្រូវព្យាបាលតាមវិធីផ្សេងៗដូចជា៖ -ការហូបចុកឲ្យមានអនាម័យ និងទៀងទាត់ពេលវេលា -ឈប់ប្រើថ្នាំ Aspirin ឬ AINS -តមបារី ស្រា កាហ្វេ អាហារហឹរ និងអាហារផ្អាប់ -ប្រើថ្នាំ PPI + Antibiotic រយៈពេល ១០-១៤ថ្ងៃ ក្នុងករណីរលាកក្រពះរ៉ាំរ៉ៃដោយ​ HP (Hhelicobacter Pylori) -ការព្យាបាលតាមរោគសញ្ញា (បើជាតិអាស៊ីដឡើង យើងត្រូវប្រើ Pancement, Anti Acid។ -បើឈឺចុកចាប់យើងត្រូវប្រើថ្នាំបំបាត់ការចុកចាប់។ រលាកក្រពះរ៉ាំរ៉ៃ ជាជំងឺពិបាកធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដូច្នេះអ្នកជំងឺត្រូវមកជួបគ្រូពេទយឯកទេស ក្រពះ និងពោះវៀនជាការចាំបាច់៕

ចែករំលែក

ធ្មេចបើកៗ ស្រាប់តែដល់សប្តាហ៍ទី៤នៃខែសីហាបាត់ទៅហើយ…ហើយក៏ជាសប្តាហ៍ដែលសិស្សវិទ្យាល័យទើបតែបានបញ្ចប់ការប្រលងបាក់ឌុបដែលជាដំណាក់កាលមួយដ៏សំខាន់មួយនៃជីវិតសិក្សាផងដែរ។ ដោយហេតុថា​ ប្រាកដជាមានសិស្សខ្លះដែលមានបំណងចូលសិក្សាផ្នែកសុខាភិបាល ទើបយើងខ្ញុំបានត្រៀមរៀបចំនូវអត្ថបទជាការចែករំលែកបទពិសោធន៍នៃរៀមច្បងដែលកំពុង និងបានបញ្ចប់ការិក្សា សម្រាប់ជាគន្លឹះខ្លះៗសម្រាប់អ្នកជំនាន់ក្រោយ​ ហើយអត្ថបទទាំងនោះក៏បានក្លាយជាអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេសម្រាប់សប្តាហ៍នេះផងដែរ។  ក្នុងនោះ រួមមានដូចខាងក្រោមនេះ ៖ សេង រស្មី «និស្សិតពេទ្យគួរកុំបែកអារម្មណ៍ពេលឃើញគេរៀនចប់មានការងារធ្វើ តែខ្លួនមិនទាន់ចេះមើលជំងឺ»  និស្សិតពេទ្យមួយរូបណា ដែលមិនធ្លាប់គិតដល់រឿងនេះ?​ប្រហែលជាមិនសូវមានទេ…ម្នាក់ៗប្រាកដជាធ្លាប់មានអារម្មណ៍តូចចិត្តនឹងខ្លួនឯងមិនយូរក៏ឆាប់ដែរ…លក្ខណៈថា ស្របពេលដែលមិត្តភក្តិធ្លាប់រៀន ឬធ្លាប់ស្គាល់ គេរៀនមុខវិជ្ជាផ្សេងដល់ចប់ រកការងារបានធ្វើ ឬសឹងតែថា អ្នកខ្លះបានរៀបការបង្កើតគ្រួសារហើយ តែខ្លួនឯងបែរជាកំពុងតែរៀន ហើយមេរៀនទៀតសោតក៏មិនងាយដូចគេ…ប៉ុន្តែ ងាកមកគិតបែបវិជ្ជមានវិញទើបប្រសើរ… អ្នកត្រៀមប្រលងពេទ្យ គួររៀនអនុវត្តលំហាត់ក្នុងសៀវភៅពុម្ពលើមុខវិជ្ជាទាំង៣ឲ្យបានច្រើន  ការណែនាំខ្លឹមៗពីការត្រៀមលក្ខណៈសម្រាប់ការប្រលងចូលរៀនពេទ្យ និងគន្លឹះនៃការសិក្សាមុខវិជ្ជាគោលទាំង៣នៃវិទ្យាសាស្រ្តពិត ដែលនឹងជាវិញ្ញាសាចេញពេលប្រលង ពីសំណាក់និស្សិតសិក្សាផ្នែកទន្តវទនសាស្រ្តមួយរូបពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះផងដែរ គាត់ក៏បានបង្ហើបផងដែរថា ក្រៅពីរៀនគួរត្រៀម បេក្ខភាពក៏គួរ… និស្សិតឱសថសាស្រ្តbelike គ្រាន់តែCetirizine, Amoxicillin...ពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមីច្រើនបន្តិចហ្នឹង...  សម្រាប់ការសិក្សាផ្នែកឱសថសាស្រ្ត ក៏មានការចែករំលែកពីនិស្សិតដែលទើបបានបញ្ចប់ការសិក្សាថ្មីៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បង្ហាញពីគន្លឹះនៃការសិក្សា២មុខវិជ្ជាក្នុងពេលតែមួយ ជាពិសេសពេលដែលត្រូវប្រលងជាន់ថ្ងៃគ្នាផងដែរ។ ចង់ដឹងមានអ្វីខ្លះ ដែលគួរសិក្សាពីគាត់ កុំភ្លេចចុចអានណា៎… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដើម្បីក្លាយជាគ្រូពេទ្យម្នាក់ គឺពិតជាលំបាកខ្លាំងណាស់ ហើយការងារទៀតសោតគឺមានភាពតានតឹង ការធ្វើការក៏ច្រើនម៉ោង រីឯការសិក្សានៅសាលាពេទ្យក៏មិនស្រួល។ គ្រប់និស្សិតពេទ្យទាំងអស់សុទ្ធសឹងតែជួបប្រទះនឹងឧបសគ្គជាច្រើនមុនពេលបានក្លាយជាគ្រូពេទ្យមួយរូប។ ក្រៅពីភាពលំបាកដែលទាក់ទងនឹងវិជ្ជាជីវៈមួយនេះ មានហេតុផលមួយចំនួនដែលអ្នកអាចត្រិះរិះពិចារណានិងអរគុណដល់ខ្លួនឯងក្នុងការជ្រើសរើសយកជំនាញមួយនេះ។ខាងក្រោមនេះគឺជាអ្វីដែលអ្នកនឹងទទួលបានក្រោយក្លាយជាគ្រូពេទ្យ ៖ ១. ស្នាមញញឹម ពុំមានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលដែលអ្នកអាចជួយដោះស្រាយនូវបញ្ហាសុខភាពរបស់អ្នកជំងឺរបស់អ្នកឡើយ។ ជារៀងរាល់ថ្ងៃ អ្នកប្រហែលជាជួបអ្នកជំងឺជាច្រើន ហើយក្នុងនោះមានអ្នកជំងឺខ្លះស្រួល ខ្លះពិបាក ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏មានអ្នកជំងឺម្នាក់ដែលគាត់សម្ដែងនូវការដឹងគុណ លាអ្នកត្រលប់ទៅផ្ទះវិញពេលគាត់បានធូរស្បើយពីជំងឺ ហើយស្នាមញញឹម និងការអរគុណរបស់គាត់បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង និងជាកម្លាំងដ៏អស្ចារ្យសម្រាប់អ្នក ដើម្បីបន្តការខិតខំរបស់អ្នកតទៅទៀត។ ទោះបីជាពួកគាត់មិនបានសម្ដែងនូវអាកប្បកិរិយាទាំងនោះក្ដី ក៏អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថាអ្នកបានបំពេញនូវកាតព្វកិច្ចរបស់អ្នកក្នុងនាមជាគ្រូពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺរបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ ២. បុគ្គលអស្ចារ្យ អ្នកបានជួបនូវបុគ្គលអស្ចារ្យជាច្រើននៅក្នុងវិស័យមួយនេះ ហើយអ្នកនឹងអាចរៀនចេះពីបទពិសោធន៍ និងចំណេះដឹងជាច្រើនពីរៀមច្បងដែលបានប្រឡូកក្នុងវិស័យនេះមុនអ្នក អាចពីសាស្ត្រាចារ្យ ប្រធានផ្នែក សិស្សច្បង មិត្តរួមការងាររបស់អ្នក ហើយអ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សម្នាក់ដែលមានសំណាង ដែលអាចមានឱកាសបានស្គាល់ និងសិក្សារៀនសូត្រពីពួកគេ។ ៣. ការគោរព ការផ្លាស់ប្តូរពីនិស្សិតពេទ្យទៅជាវេជ្ជបណ្ឌិតមួយរូបធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកបន្តិច ប៉ុន្តែអ្នកប្រាកដជាពេញចិត្តវា។ អ្នកជំងឺរបស់អ្នកប្រាកដជាចងចាំរូបអ្នក នៅពេលដែលអ្នកជួយសង្គ្រោះគាត់ និងធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ។ ហើយពួកគាត់នឹងមករាក់ទាក់អ្នកយ៉ាងរួសរាយ នៅពេលដែលពួកគាត់បានជួបអ្នកនៅខាងក្រៅ។ ទង្វើទាំងអស់នេះនឹងធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍មួយប្លែក និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ៤. សមត្ថភាពក្នុងការដោះស្រាយបញ្ហា អ្នកនឹងរីករាយចំពោះសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពជូនអ្នកជំងឺរបស់អ្នក។ វាពិតជាអារម្មណ៍ដ៏ល្អមួយនៅពេលដែលអ្នកអាចធ្វើរោគវិនិច្ឆ័យ និងព្យបាលជំងឺមានប្រសិទ្ធភាព។ ៥. លុយកាក់ ប្រកបរបរជាគ្រូពេទ្យមួយរូបដែលប្រកបទៅដោយសីលធម៌ ធ្វើតាមបច្ចេកទេសនិងវិជ្ជាជីវៈ អ្នកនឹងអាចទទួលបានប្រាក់ល្មមនឹងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារបាន តែបើថាឲ្យក្លាយជាអ្នកមានដោយសារតែរបរមួយនេះ គឺពិបាកបន្តិចហើយ។ ទោះបីជារបរនេះមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក៏ដោយ ក៏អ្នកអាចនឹងមានជីវភាពដ៏សមរម្យមួយដែរ...

ចែករំលែក

១. បំណងប្រាថ្នាចង់ក្លាយជាអ្នកមាន មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសយកវិជ្ជាជីវៈមួយនេះហើយបានក្លាយជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភ។ ប្រសិនបើការចង់ក្លាយជាអ្នកមាន គឺអ្វីដែលអ្នកប្រាថ្នា នោះមានវិធីងាយស្រួលជាងនេះជាច្រើនដែលមិនសូវធ្វើឲ្យអ្នកឈឺក្បាល មិនសូវចំណាយប្រាក់និងពេលវេលាច្រើនដូចនេះ ហើយក៏មិនសូវស្ត្រេសដែរ។ ពេទ្យ គឺជាវិជ្ជាជីវៈមួយដែលនាំយកប្រយោជន៍ឲ្យអ្នកដទៃ ព្រោះថាអ្នកមានជំនាញ និងចំណេះដឹងដែលអាចសង្គ្រោះជីវិតបាន ហើយអ្នកនឹងអនុវត្តវាជារៀងរាល់ថ្ងៃជាផ្នែកមួយនៃការងាររបស់អ្នក។ ២. បំណងប្រាថ្នាចង់ផ្លាស់ប្តូរពិភពលោក ដូចគ្នានេះដែរ អ្នកត្រូវតែបោះបង់ចោលគំនិតដែលចង់ក្លាយជាវីរបុរសគ្រូពេទ្យដែលអាចជួយដោះស្រាយបញ្ហាសុខភាពពិភពលោកម្ដងមួយៗបាន។ ពិតមែនហើយ គ្រូពេទ្យអាចធ្វើរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន នៅពេលដែលពួកគេប្រើជំនាញរបស់ពួកគេត្រូវទៅតាមស្ថានភាព។ ប៉ុន្តែ អ្នកត្រូវចងចាំថាទោះបីជាអ្នកមានបំណងល្អប៉ុណ្ណាក៏ដោយ អ្នកនឹងមិនអាចយកឈ្នះបញ្ហាដែលបណ្ដាលមកពីសង្គ្រាម ភាពក្រីក្រ និងភាពខ្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ឬការរំលោភបំពាន ឬការកេងចំណេញផលប្រយោជន៍ពីជំងឺបានឡើយ។ នោះមិនមែនមានន័យថា អ្នកមិនអាចព្យាយាមជួយមនុស្សដែលរងផលប៉ះពាល់ដោយសារបញ្ហាទាំងនោះទេ ប៉ុន្តែអ្នកនឹងយល់ថាអ្នកតូចពេក ដើម្បីធ្វើការផ្លាស់ប្តូរបញ្ហាទាំងនោះ។ ៣. ភាពទំនេរនាពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករបស់អ្នក វាអាចចាប់ផ្តើមតាំងពីពេលដែលអ្នករៀននៅសាលាពេទ្យ ពេលខ្លះ អ្នកត្រូវតែលះបង់ថ្ងៃចុងសប្តាហ៍ដើម្បីរំលឹកមេរៀន និងត្រៀមសម្រាប់ការប្រលង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅពេលដែលអ្នកក្លាយជាគ្រូពេទ្យមួយរូប អ្នកនៅតែមិនអាចចៀសផុតពីការលះបង់មួយនេះ ព្រោះថាពេលខ្លះអ្នកត្រូវយាមចំថ្ងៃចុងសប្តាហ៍ ឬចំថ្ងៃឈប់សម្រាកផ្សេងៗ។ ខណៈពេលដែលមិត្តភក្តិដែលមិនរៀនពេទ្យរបស់អ្នកមានកម្មវិធីជប់លៀង ឬទៅដើរលេងសប្បាយ អ្នកត្រូវនៅយាមមន្ទីរពេទ្យ និងដោះស្រាយបញ្ហាអ្នកជំងឺរបស់អ្នក។ ពេលខ្លះ អ្នកនឹងសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកជ្រើសរើសយកផ្លូវមួយនេះ? ៤. ការគេងលក់ដ៏ស្កប់ស្កល់មួយ ប្រសិនបើនិយាយពីរឿងយាមយប់នៅមន្ទីរពេទ្យវិញ ជួនកាលអ្នកមិនបានគេងទេ ព្រោះថាពេលខ្លះ មានអ្នកជំងឺចូលមកទាំងកណ្តាលយប់បន្តបន្ទាប់គ្នា ហើយអ្នកត្រូវទៅពិនិត្យជំងឺរៀបចំឯកសារផ្សេងៗ ពេលខ្លះទៀត អ្នកជំងឺធ្វើទុក្ខខ្លាំងអ្នកត្រូវតែដោះស្រាយការឈឺចាប់របស់គាត់ ហើយពេលខ្លះអ្នកត្រូវបញ្ជូនគាត់ទៅផ្នែកផ្សេងៗដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ៥. បំណងចង់ឲ្យអាទិភាពទៅលើគ្រួសារ និងមិត្តភក្ដិ ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូបការងាររបស់អ្នក ជាទូទៅ ឈរនៅលើលេខរៀងទី១ ហើយអ្នកមិនអាចប្រកែកបានឡើយ ព្រោះថានេះគឺជាទំនួលខុសត្រូវរបស់អ្នក។ អ្នកអាចនឹងបាត់បង់មិត្តភក្តិមួយចំនួន ឬពួកគេឈប់ហៅអ្នកទៅក្រៅ ព្រោះថាអ្នកតែងតែរវល់គ្មានពេលសម្រាប់ជួបជុំជាមួយពួកគេ។ លើសពីនេះទៅទៀត អ្នកអាចនឹងបដិសេធក្រុមគ្រួសារចំពោះការងារមួយចំនួនដោយសារតែការងារនៅឯមន្ទីរពេទ្យមិនអំណោយផលដល់អ្នក ដើម្បីបំពេញតាមសំណូមពររបស់ក្រុមគ្រួសារអ្នក។ ៦. បំណងចង់ផ្គាប់ចិត្តមនុស្សរាល់់គ្នា មិនថាក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកនោះទេ សូម្បីតែអ្នកជំងឺរបស់អ្នកក៏ដោយ ពេលខ្លះអ្នកធ្វើឲ្យពួកគេខកបំណងជារឿយៗ ដូចជាការប្រាប់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកឲ្យពន្យារការណាត់ជួបទៅដើរលេងពេលល្ងាចជាមួយគ្នា ក៏ព្រោះតែអ្នកមានអ្នកជំងឺធ្ងន់មួយទាមទារឲ្យអ្នកធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះជីវិតភ្លាមៗ។ ហើយក្នុងកាលៈទេសៈខ្លះ អ្នកត្រូវប្រាប់ទៅក្រុមគ្រួសារអ្នកជំងឺ ឬអ្នកជំងឺអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជំងឺរបស់ពួកគេ ហើយគ្មានវិធីណាអាចសង្គ្រោះបានឡើយ។ ៧. ភាពច្នៃប្រឌិតរបស់អ្នក វិជ្ជាជីវៈជាពេទ្យនឹងកែប្រែអ្នកពីមនុស្សម្នាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិតឲ្យទៅមនុស្សម្នាក់ដែលញៀននឹងការងារ ហើយទុកចន្លោះប្រហោងតិចតួចបំផុតសម្រាប់ភាពច្នៃប្រឌិតរបស់អ្នក។ បើមិនជឿទេ សាកល្បងទៅពិធីជប់លៀងពេលល្ងាចមួយដែលមានគ្រូពេទ្យចូលរួមលើសពីម្នាក់ ហើយអ្នកនឹងអាចសង្កេតឃើញថាប្រធានបទសំខាន់ដែលពួកគេជជែកគ្នានោះ គឺប្រាកដជារឿងការងារ និងរឿងពេទ្យនេះតែម្ដង។ ៨. សុខភាពល្អ អ្នកប្រហែលជាមិនបានដឹងពីរឿងមួយនេះទេ ប៉ុន្តែអ្នកកំពុងតែជ្រើសរើសយកវិជ្ជាជីវៈមួយដែលមានហានិភ័យខ្ពស់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ គ្រូពេទ្យក៏ចេះឈឺដែរ មិនមែនមានន័យថាធ្វើជាគ្រូពេទ្យ គឺតែងតែមានសុខភាពល្អមិនចេះឈឺនោះទេ។ ចំពោះបញ្ហាសុខភាពផ្លូវកាយ អ្នកជួបផ្ទាល់ជាមួយនឹងជំងឺស្ទើរតែគ្រប់ប្រភេទជារៀងរាល់ថ្ងៃ មេរោគខ្លះអាចចម្លងទៅអ្នក ប៉ុន្តែជាទូទៅបើអ្នកនៅវ័យក្មេងនៅឡើយ វាពុំសូវជាបញ្ហានោះទេ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់អ្នកនៅល្អ តែពេលអ្នកចាស់ទៅ ឬពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ អ្នកអាចនឹងប្រឈមជាមួយនឹងជំងឺដ៏ច្រើន។ រីឯសុខភាពផ្លូវចិត្តវិញក៏មិនសូវខុសគ្នាដែរ ពេទ្យជាមុខវិជ្ជាមួយដែលទាមទារឲ្យរៀនអស់មួយជីវិត ហើយជាការងារមួយដែលអ្នកតែងតែជួបបញ្ហាមិនចេះអស់ ព្រោះថាអ្នកដែលមកជួបអ្នកគឺជាអ្នកដែលមានបញ្ហាសុខភាព និងត្រូវការឲ្យអ្នកជួយដោះស្រាយបញ្ហារបស់ពួកគេ។ ជួនកាល អ្នកអាចមានអារម្មណ៍ថាស្ត្រេសខ្លាំងក្នុងការប្រឈមនឹងបញ្ហាទាំងអស់នេះ ហើយកត្តានេះអាចធ្វើឲ្យអ្នកហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ ជាគ្រូពេទ្យមួយរូបអ្នកត្រូវត្រៀមខ្លួនជាស្រេចចំពោះបញ្ហាដែលបានរៀបរាប់ទាំងអស់នេះ និងមានរបៀបរស់នៅមួយដែលអាចធានាបានថាអ្នកនឹងមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវចេះរកវិធីក្នុងការប៉ះប៉ូវចំពោះការខកខានរបស់អ្នកសម្រាប់ក្រុមគ្រូសារ និងមិត្តភក្តិរបស់អ្នក។ ទោះបីជាការងាររបស់អ្នកសំខាន់ អ្នកក៏មិនអាចមិនខ្វល់ពីពួកគេបានដែរ…       

ចែករំលែក

ពន្លកថ្មីនៃវិស័យសុខាភិបាលក៏នឹងត្រៀមដុះឡើងជាបន្តបន្ទាប់តាមឆ្នាំសិក្សានីមួយៗ ដើម្បីជាការណែនាំខ្លះៗដល់សិស្សប្អូនជំនាន់ក្រោយ យើងខ្ញុំក៏សូមផ្តល់ជូននូវការចែករំលែកបទពិសោធន៍ពីនិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូបដែលមានបានផ្តល់កិត្តិយសក្នុងការឆ្លើយតបនូវកម្រងសំណួរបស់យើងខ្ញុំអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាសារជូនដល់និស្សិតជំនាន់ក្រោយផងដែរ។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារបែបណាខ្លះនោះ សូមតាមដាននូវអត្ថបទខាងក្រោមជាមួយគ្នា…             ខ្ញុំបាទឈ្មោះ ហេង សុវណ្ណឫទ្ធិ ជានិស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានជ្រើសរើសរៀនមុខវិជ្ជាពេទ្យនេះដោយសារតែវា គឺជាមុខវិជ្ជាមួយដែលខ្ញុំស្រលាញ់ និងចង់រៀនតាំងពីក្មេងមកម្ល៉េះ លើសពីនេះទៅទៀត វាជាមុខវិជ្ជាមួយដែលគេឲ្យតម្លៃ ហើយអាចជួយជីវិតអ្នកដទៃបាន និងព្រមទាំងអាចឲ្យខ្ញុំរកចំណូលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លូនខ្ញុំផ្ទាល់ក៏ដូចជាក្រុមគ្រួសារខ្ញុំផងដែរ។ ចំពោះបុគ្គលសំខាន់ដែលជម្រុញ និងលើកទឹកចិត្តខ្ញុំក្នុងការជ្រើសរើសយកវិជ្ជាជីវៈមួយនេះ គឺជាប៉ាមាក់របស់ខ្ញុំ។ ចំពោះខ្ញុំផ្ទាល់ ពេលដែលខ្ញុំបានប្រលងជាប់បានចូលរៀនពេទ្យ ខ្ញុំពិតជាមានទឹកចិត្តសប្បាយរីករាយផង និងភ័យផង ព្រោះថាការរៀនមុខវិជ្ជានេះពិតជាមានការលំបាកខ្លះៗជាក់ស្ដែងវាទាមទារឲ្យយើងរៀនច្រើនមុខវិជ្ជា។ ផ្ទុយទៅវិញ ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។ បើនិយាយដល់ការលំបាក និងឧបសគ្គក្នុងការសិក្សាមុខវិជ្ជានេះវិញ គឺមានច្រើនណាស់ដូចជាភាសាបារាំង គឺជាឧបសគ្គចម្បងទីមួយក្នុងការរៀនពេទ្យ ហើយខ្ញុំមិនធ្លាប់បានរៀនត្រៀមទុកពីមុននោះទេ។ លើសពីនេះទៅទៀត ការរៀនពេទ្យនេះមានមុខវិជ្ជាជាច្រើនដែលទាមទារឲ្យត្រូវរៀន និងត្រូវចេះ។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។ មួយវិញទៀត ចំពោះយុទ្ធសាស្ត្រនៃការរៀននៅសាលា យើងត្រូវចេះរៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ និងកំណត់គោលដៅដែលត្រូវនឹងឆ្នាំសិក្សារបស់យើង។ ជាសារជូនទៅដល់សិស្សប្អួនជំនាន់ក្រោយទាក់ទងនឹងទង្វើដែលនិស្សិតពេទ្យយើងគួរធ្វើនោះ គឺត្រូវខិតខំរៀនសូត្រ ហើយមើលសៀវភៅឲ្យបានច្រើន និងចុះកម្មសិក្សាឲ្យបានទៀងទាត់ព្រមទាំងឧស្សាហ៍ផងដែរ។ ចំពោះទង្វើគួរចៀសវាងវិញនោះមានដូចជា មិនត្រូវប្រើពាក្យសំដីអាក្រក់ជាមួយអ្នកជំងឺ មិនត្រូវមើលងាយសិស្សច្បង ឬប្រកាន់បក្សពួកថាសាលានេះ សាលានោះទេ ត្រូវមានទំនាក់ទំនងល្អរវាងសិស្សច្បង និងសិស្សប្អូន។ ជាចុងក្រោយ ខ្ញុំមានសារខ្លះដែលចង់និយាយទៅកាន់ប្អូនៗដែលមានបំណងចង់ប្រលងចូលសាលាពេទ្យត្រូវគិតឲ្យបានច្បាស់ មិនត្រូវរៀនដោយសារការបង្ខំពីនរណាម្នាក់ឡើយ ត្រូវមានចិត្តស្រលាញ់មុខវិជ្ជាមួយនេះដោយខ្លួនឯង ទើបអាចរៀនទៅបានដោយជោគជ័យ និងមិនមានអារម្មណ៍ថាពិបាកខ្លាំងក្នុងការរៀន ព្រោះមុខវិជ្ជានេះត្រូវការចំណាយថវិការច្រើនក្នុងការរៀន និងការអានសៀវភៅខ្លួនឯង ហើយត្រូវរៀនរយៈពេលយូរទៀតផង។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា? ពន្លឺព្រះអាទិត្យ ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។ អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។ ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។   បរិយាកាស និងបរិស្ថាន អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។   របបអាហារ ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។ អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។   ការជក់បារី អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។   ជាតិអាល់កុល អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។   ស្ត្រេស អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។   អាយុច្រើន អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។   អ័រម៉ូន ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។ អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។ អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អ្នកធ្វើការនៅការិយាល័យមួយចំនួន ជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាកដើម្បីធ្វើការឲ្យឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។   តាមពិតទៅ ប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ ហេលស៍ថាម សូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ •ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬ ដើរទៅក្រៅ ដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ •សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះ ពេលកំពុងធ្វើការ អ្នកអាចសម្រាករួច ដើរជុំវិញការិយាល័យក្នុងរយៈពេល១០ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹងសរសៃបានមួយផ្នែក បន្ថែមពីនេះ អ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ •ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាល ហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ •សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់អោន ឬ ងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែក ហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ •អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះ ដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ •ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬ លើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ •ចលនាលំហាត់ប្រាណងាយៗ លំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។ ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។  លំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬ អង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់ យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។ ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នានោះពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។   ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

   ច្រមុះ ជាសរីរាង្គដ៏មានតម្លៃមួយរបស់សារពាង្គកាយរបស់មនុស្ស​វាបានជួយមនុស្សឲ្យមានចលនាជួយសម្រួលដល់ផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ។ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយសារច្រមុះមានតួនាទីសំខាន់បែបនេះ ទើបយើងខ្ញុំ បានលើយកប្រធាបបទបញ្ហាសុខភាពច្រមុះមួយគឺ ជំងឺដុះសាច់ច្រមុះ (ឬសដូងច្រមុះ)  ១.រោគសញ្ញា ឬសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។ ឬសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបផរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះវាក៏មានរោគសញ្ញា បន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ ថ្វីបើវាជាច្រមុះមែន តែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗ បន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយ ប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។ ២.ដើមហេតុ         អ្វីដែលរៀបរាប់នៅក្នុងចំណុចទីមួយ គែជារោគសញ្ញាសម្រាប់ឲ្យយើងធ្វើការកត់សម្គាល់នៅពេលដែលយើងចាប់ផ្តើម មានរោគសញ្ញាដូចដែលបានបង្ហាញប្រាប់ថា តើជំងឺឬសដូងច្រមុះនេះបង្កឡើងដោយកត្តាអ្វីខ្លះ។ កត្តាដែលបង្កឲ្យមានជំងឺនេះរួមមានដូចជា៖ · ការអាលែកហ្ស៊ី · ការបង្ករោគមួយចំនួនដែលកើតឡើងពីពពួកបាត់តេរី វីរុស · កត្តាគ្រួសារមានពី​១៤% ទៅ៣៦% · និងស្ថានភាបនៃស្ត្រេស។ បើយោងតាមការសិក្សាកាលពីពេលថ្មីៗនេះបានបង្ហាញថា គ្មានកត្តាណាមួយដែលមានឥទ្ធិពលខ្លាំងជាងគេនោះទេ ពោលគឺគ្រប់កត្តាណាក៏ដោយដែលបង្កឲ្យមានរលាកសាច់ច្រមុះរ៉ាំរ៉ៃ សុទ្ធតែអាចបណ្តាលឲ្យមានជាជំងឺឬសដូងច្រមុះ។ ៣.វិធីព្យាបាល      ចំពោះវិធីព្យាបាលជំងឺឬសដូងច្រមុះវិញមាន២ប្រភេទ។ សម្រាប់ស្ថានភាពបច្ចុប្បន្នអ្នកដែលមានជំងឺឬសដូងច្រមុះអាចមានវិធីសាស្រ្តព្យាបាលដ៏ល្អមួយចំនួនសម្រាប់ជាជម្រើសរបស់ពួកគេ។ ការព្យាបាលទាំងពីរប្រភេទនោះមានដូចជា៖ ការព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ និងព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំគឺមានភាពងាយស្រួលជាងការវះកាត់ ពោលគឺអ្នកជំងឺគ្រាន់តែប្រើប្រាស់ថ្នាំមួយចំនួនដូចជា៖ · Antibiotic · Corticoides, Antihistanique H1 · Antifongique បន្ទាប់មមកធ្វើការតាមដានទៅលើការវិវឌ្ឍន៍របស់វា។ ការវះកាត់មានការលំបាកសម្រាប់អ្នកជំងឺ ដោយសារតែត្រូវការដកដង្ហើមតាមមាត់ ២ ឬ៣ ថ្ងៃក្រោយការវះកាត់ និងត្រូវការពេលវេលាច្រើន ដើម្បីលាងសំអាតច្រមុះឲ្យបានទៀងទាត់ ចៀសវាងមានផលវិបាកផ្សេងៗ ជាពិសេសមានការជួបជាមួយគ្រូពេទ្យញឹកញាប់។ ក៏ប៉ុន្តែទោះបីការព្យាបាលដោយប្រើប្រាស់ថ្នាំមានភាពងាយស្រួលជាងការវះកាត់ក៏ដោយ ករណីខ្លះដូចជាឬសដូងច្រមុះដែលពេញរន្ធច្រមុះណាមួយ និងមិនងាចដកដង្ហើមបានរហូត គេសម្រចចិត្តធ្វើការវះកាត់ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺ។ ចំពោះការព្យាបាលដោយប្រើថ្នាំ អ្នកជំងឺគួរចៀសវាងនូវកត្តាណាដែលមានប្រតិកម្មធ្វើឲ្យច្រមុះតឹង និងហៀរសំបោរ ដោយអ្នកជំងឺសម្គាល់ខ្លួនឯងថាកត្តាអ្វីខ្លះ​ដែលធ្វើឲ្យមានប្រតិកម្មឆាប់រលាកច្រមុះ។ ៤.ការថែទាំ និងការការពារ       ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាល នៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ។ ចំពោះអ្នកដែលកើតជំងឺនេះ គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរ ដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេសត្រចៀក ច្រមុះ បំពង់ក ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មានបំណងចូលសិក្សាផ្នែកសុខាភិបាលមែនទេ? តើបានដឹងឬនៅថា គួរត្រៀមអ្វីខ្លះ? គួរផ្តោតលើមុខវិជ្ជាអ្វីខ្លះ សម្រាប់ការប្រលងចូលផ្នែកមួយនេះ? សូមតាមដានការណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីរៀមច្បងមួយរូបដែលសព្វថ្ងៃនេះជានិស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ដែលមានឈ្មោះថា ប៊ុន ច័ន្ទវិចិត្រ។ ចង់ដឹងថាគាត់មានអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន…សូមបន្តអានទាំងអស់គ្នា… ហេលស៍ថាម ៖ តើមានមុខវិជ្ជាអ្វីខ្លះដែលត្រូវត្រៀម? វិចិត្រ ៖ មុខវិជ្ជាធំ៣នៅក្នុងវិទ្យាសាស្ត្រពិតរួមមាន ៖   -គណិតវិទ្យា  -ជីវវិទ្យា -គីមីវិទ្យា។ តាមការយល់ឃើញរបស់ខ្ញុំ មុខវិជ្ជាដែលធ្វើឲ្យបេក្ខភាពម្នាក់ៗយកឈ្នះលើគ្នា គឺមុខវិជ្ជាគណិតវិទ្យា ព្រោះដូចដែលយើងបានដឹងស្រាប់ហើយថា វាជាមុខវិជ្ជាមួយដែលពិបាកជាងគេ។  ហេលស៍ថាម ៖ សម្រាប់មុខវិជ្ជានីមួយៗ តើវិចិត្រមានគន្លឹះអ្វីពិសេសចង់ចែករំលែកដែរឬទេ? វិចិត្រ ៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាសម្រាប់មុខវិជ្ជាជីវវិទ្យា និងគីមីវិទ្យា មានភាពងាយស្រួលជាងគណិតវិទ្យាដែលភាគច្រើនមេរៀន និងក្បួនដោះស្រាយលំហាត់មានភាពប្រទាក់ក្រឡាគ្នា ជាក់ស្តែង គឺមេរៀនបន្តពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ អ្វីដែលធ្លាប់បានធ្វើកន្លងមក និងចង់ចែករំលែកអំពីគន្លឹះនៃការសិក្សានោះ គឺៈ -ជីវវិទ្យា ៖ ដោយសារតែមិនសូវមានរូបមន្តសម្រាប់គណនា និងមិនសូវទាមទារការគិតច្រើន ហើយភាគច្រើនជាមេរៀននោះ អ្វីដែលគួរធ្វើ គឺមានតែព្យាយាមទន្ទេញ ក៏ដូចជាសូត្រមេរៀនឲ្យចាំ។ ប៉ុន្តែ មិនមានន័យថា ទន្ទេញឲ្យចាំតែមាត់នោះដែរ គប្បីរកពាក្យគន្លឹះ និងស្វែងយល់ពីវាឲ្យច្បាស់សិន ហើយរកកន្លែងគោលដើម្បីងាយចំណាំ។ -គីមីវិទ្យា ៖ ត្រូវព្យាយាមស្វែងយល់ និងចាំអំពីរូបមន្តផ្សេងៗ ជាពិសេសសមីការប្រតិកម្មរបស់សារធាតុ។ -គណិតវិទ្យា ៖ ទាមទារឲ្យពូកែដោះស្រាយនូវលំហាត់តាមក្បួនខ្នាតដែលត្រឹមត្រូវ និងរហ័ស ដែលជាទូទៅ គឺត្រូវការការអនុវត្តឲ្យបានច្រើន ប្រៀបដូចពាក្យគេថា «កាំបិតកាន់តែសំលៀង កាន់តែមុត»។ បន្ទាប់ពីអនុវត្តបានច្រើនដង នោះអ្នកនឹងរកឃើញពីគន្លឹះរបស់វា។ ហេលស៍ថាម ៖ សម្រាប់ការត្រៀមប្រលងចូលរៀនពេទ្យនេះ តើបេក្ខភាពនីមួយៗគួរមានលក្ខណៈសម្បតិ្តបែបណាខ្លះដែរ? វិចិត្រ ៖ ជាការចាំបាច់ ក្នុងការត្រៀមគ្រប់ផ្នែក មិនថាកម្លាំងកាយ ចិត្ត និងប្រាជ្ញស្មារតីនោះទេ។ ក្នុងនោះ ខ្ញុំយល់ឃើញថា មានរឿងខ្លះដែលគួរតែមាន និងត្រៀមជាមុនក្នុងនោះមានដូចជា៖ -មានសមត្ថភាពក្នុងការចងចាំឲ្យបានច្រើន -មានភាពអំណត់អត់ធ្មត់ ខិតខំ និងតស៊ូព្យាយាមក្នុងការទន្ទេញមេរៀន -ត្រៀមស្មារតីទទួលយកមេរៀនជាច្រើនមួយគំនរនៅចំពោះមុខ ដែលនឹងត្រូវសិក្សា ដែលអាចនិយាយបានថាស្មើនឹងភ្នំឯកសារមួយដែរ។ ហេលស៍ថាម ៖ បន្ថែមពីការរៀនគួរត្រៀម តើបេក្ខភាពគួរធ្វើអ្វីខ្លះទៀត? វិចិត្រ ៖  ការរៀនគួរត្រៀមប្រាកដជាមិនអាចគ្រប់គ្រាន់នោះទេ បេក្ខភាពមិនអាចរៀននៅសាលា ហើយត្រលប់មកផ្ទះមិនខ្វល់ខ្វាយពីអ្វីនោះឡើយ។ ខ្ញុំសូមណែនាំឲ្យគ្រប់គ្នាចាំបាច់ត្រូវស្វ័យសិក្សានៅផ្ទះឲ្យបានច្រើន ជាពិសេស គឺរៀនអនុវត្តនូវលំហាត់នៅក្នុងសៀវភៅពុម្ពយ៉ាងតិចឲ្យបានម្តង ឬ២ដងទើបជាការប្រសើរ។  តាមរយៈការអនុវត្តបានច្រើន អ្នកនឹងបានដឹងអំពីគន្លឹះក្នុងការដោះស្រាយលំហាត់ទាំងនោះ ហើយពេលខ្លះ ស្ទើរតែឃើញលំហាត់ ក៏អាចដឹងពីចម្លើយរួចទៅហើយ។  ហេលស៍ថាម ៖ តើវិចិត្រមានសារអ្វីបន្ថែមជូនដល់អនាគតនិស្សិតពេទ្យ ដែលកំពុងត្រៀមចូលប្រលងដែរឬទេ? វិចិត្រ ៖  -សូមកុំដាក់សំពាធឲ្យខ្លួនឯងឲ្យសោះ ៖ ថ្វីត្បិតថា វាជាដំណាក់កាលមួយដ៏តានតឹង និងសំខាន់មួយក្នុងដំណើរនៃជីវិតជានិស្សិត តែក៏មិនមានន័យថា ត្រូវតែដាក់សំពាធលើខ្លួនឯងឲ្យខាងតែបាននោះទេ។ សំខាន់ គឺសូមប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយហ៊ានទទួលស្គាល់នូវលទ្ធផលដែលបានទទួល។ -រក្សាស្មារតីឲ្យរឹងមាំ ៖ ជាពិសេសពេលប្រឡង សូមធ្វើចិត្តឲ្យបាន…កុំភ័យ!!! ខ្ញុំដឹងថា នរណាក៏ភ័យដែរ ពេលឆ្លងកាត់ដំណាក់កាលសំខាន់ៗ និងធំៗបែបនេះ ប៉ុន្តែអារម្មណ៍បែបនោះនឹងមិនអាចជួយអ្វីបាននោះទេ ក្រៅពីធ្វើឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ហេតុដូចនេះហើយ សូមធ្វើចិត្តឲ្យបាន កុំចេះតែភ័យថាខ្លាចធ្វើមិនទាន់ ឬគិតផ្តេសផ្តាសឲ្យសោះ។ -ប្រកាន់គោលជំហរ  «តក់ៗពេញបំពង់» ៖ កុំចាំដល់ជិតថ្ងៃប្រលងទើបខំរៀនឲ្យសោះ សូមធ្វើការត្រៀមខ្លួនឲ្យបានមុន ដើម្បីផ្តល់ពេលវេលាឲ្យខ្លួនអ្នកបានក្រេបយកនូវចំណេះដឹងដែលត្រូវការជាចាំបាច់សម្រាប់ការប្រលង។ -សុខភាពជាចម្បង ៖ ខ្ញុំមិនគាំទ្រឲ្យរៀនដាច់យប់ ឬនៅដល់យប់ជ្រៅពេកនោះទេ។ អ្នកគួរតែមានកាលវិភាគច្បាស់លាស់សម្រាប់ការសិក្សា ហើយទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ចំពោះចំណីអាហារក៏ដូចគ្នាដែរ សូមទទួលទាននូវសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្មារតីផ្លូវកាយ និងចិត្ត ព្រមទាំងប្រាជ្ញាអាចរឹងមាំបាន សម្រាប់ថ្ងៃដ៏ពិសេសដែលកំពុងទន្ទឹងរង់ចាំអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top