Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា? ពន្លឺព្រះអាទិត្យ ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។ អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។ ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។   បរិយាកាស និងបរិស្ថាន អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។   របបអាហារ ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។ អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។   ការជក់បារី អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។   ជាតិអាល់កុល អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។   ស្ត្រេស អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។   អាយុច្រើន អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។   អ័រម៉ូន ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។ អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។ អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អ្នកធ្វើការនៅការិយាល័យមួយចំនួន ជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាកដើម្បីធ្វើការឲ្យឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។   តាមពិតទៅ ប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ ហេលស៍ថាម សូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ •ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬ ដើរទៅក្រៅ ដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ •សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះ ពេលកំពុងធ្វើការ អ្នកអាចសម្រាករួច ដើរជុំវិញការិយាល័យក្នុងរយៈពេល១០ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹងសរសៃបានមួយផ្នែក បន្ថែមពីនេះ អ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ •ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាល ហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ •សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់អោន ឬ ងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែក ហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ •អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះ ដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ •ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬ លើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ •ចលនាលំហាត់ប្រាណងាយៗ លំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។ ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។  លំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬ អង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់ យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។ ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នានោះពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។   ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

   ច្រមុះ ជាសរីរាង្គដ៏មានតម្លៃមួយរបស់សារពាង្គកាយរបស់មនុស្ស​វាបានជួយមនុស្សឲ្យមានចលនាជួយសម្រួលដល់ផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ។ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយសារច្រមុះមានតួនាទីសំខាន់បែបនេះ ទើបយើងខ្ញុំ បានលើយកប្រធាបបទបញ្ហាសុខភាពច្រមុះមួយគឺ ជំងឺដុះសាច់ច្រមុះ (ឬសដូងច្រមុះ)  ១.រោគសញ្ញា ឬសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។ ឬសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបផរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះវាក៏មានរោគសញ្ញា បន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ ថ្វីបើវាជាច្រមុះមែន តែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗ បន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយ ប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។ ២.ដើមហេតុ         អ្វីដែលរៀបរាប់នៅក្នុងចំណុចទីមួយ គែជារោគសញ្ញាសម្រាប់ឲ្យយើងធ្វើការកត់សម្គាល់នៅពេលដែលយើងចាប់ផ្តើម មានរោគសញ្ញាដូចដែលបានបង្ហាញប្រាប់ថា តើជំងឺឬសដូងច្រមុះនេះបង្កឡើងដោយកត្តាអ្វីខ្លះ។ កត្តាដែលបង្កឲ្យមានជំងឺនេះរួមមានដូចជា៖ · ការអាលែកហ្ស៊ី · ការបង្ករោគមួយចំនួនដែលកើតឡើងពីពពួកបាត់តេរី វីរុស · កត្តាគ្រួសារមានពី​១៤% ទៅ៣៦% · និងស្ថានភាបនៃស្ត្រេស។ បើយោងតាមការសិក្សាកាលពីពេលថ្មីៗនេះបានបង្ហាញថា គ្មានកត្តាណាមួយដែលមានឥទ្ធិពលខ្លាំងជាងគេនោះទេ ពោលគឺគ្រប់កត្តាណាក៏ដោយដែលបង្កឲ្យមានរលាកសាច់ច្រមុះរ៉ាំរ៉ៃ សុទ្ធតែអាចបណ្តាលឲ្យមានជាជំងឺឬសដូងច្រមុះ។ ៣.វិធីព្យាបាល      ចំពោះវិធីព្យាបាលជំងឺឬសដូងច្រមុះវិញមាន២ប្រភេទ។ សម្រាប់ស្ថានភាពបច្ចុប្បន្នអ្នកដែលមានជំងឺឬសដូងច្រមុះអាចមានវិធីសាស្រ្តព្យាបាលដ៏ល្អមួយចំនួនសម្រាប់ជាជម្រើសរបស់ពួកគេ។ ការព្យាបាលទាំងពីរប្រភេទនោះមានដូចជា៖ ការព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ និងព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំគឺមានភាពងាយស្រួលជាងការវះកាត់ ពោលគឺអ្នកជំងឺគ្រាន់តែប្រើប្រាស់ថ្នាំមួយចំនួនដូចជា៖ · Antibiotic · Corticoides, Antihistanique H1 · Antifongique បន្ទាប់មមកធ្វើការតាមដានទៅលើការវិវឌ្ឍន៍របស់វា។ ការវះកាត់មានការលំបាកសម្រាប់អ្នកជំងឺ ដោយសារតែត្រូវការដកដង្ហើមតាមមាត់ ២ ឬ៣ ថ្ងៃក្រោយការវះកាត់ និងត្រូវការពេលវេលាច្រើន ដើម្បីលាងសំអាតច្រមុះឲ្យបានទៀងទាត់ ចៀសវាងមានផលវិបាកផ្សេងៗ ជាពិសេសមានការជួបជាមួយគ្រូពេទ្យញឹកញាប់។ ក៏ប៉ុន្តែទោះបីការព្យាបាលដោយប្រើប្រាស់ថ្នាំមានភាពងាយស្រួលជាងការវះកាត់ក៏ដោយ ករណីខ្លះដូចជាឬសដូងច្រមុះដែលពេញរន្ធច្រមុះណាមួយ និងមិនងាចដកដង្ហើមបានរហូត គេសម្រចចិត្តធ្វើការវះកាត់ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺ។ ចំពោះការព្យាបាលដោយប្រើថ្នាំ អ្នកជំងឺគួរចៀសវាងនូវកត្តាណាដែលមានប្រតិកម្មធ្វើឲ្យច្រមុះតឹង និងហៀរសំបោរ ដោយអ្នកជំងឺសម្គាល់ខ្លួនឯងថាកត្តាអ្វីខ្លះ​ដែលធ្វើឲ្យមានប្រតិកម្មឆាប់រលាកច្រមុះ។ ៤.ការថែទាំ និងការការពារ       ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាល នៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ។ ចំពោះអ្នកដែលកើតជំងឺនេះ គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរ ដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេសត្រចៀក ច្រមុះ បំពង់ក ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មានបំណងចូលសិក្សាផ្នែកសុខាភិបាលមែនទេ? តើបានដឹងឬនៅថា គួរត្រៀមអ្វីខ្លះ? គួរផ្តោតលើមុខវិជ្ជាអ្វីខ្លះ សម្រាប់ការប្រលងចូលផ្នែកមួយនេះ? សូមតាមដានការណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីរៀមច្បងមួយរូបដែលសព្វថ្ងៃនេះជានិស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ដែលមានឈ្មោះថា ប៊ុន ច័ន្ទវិចិត្រ។ ចង់ដឹងថាគាត់មានអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន…សូមបន្តអានទាំងអស់គ្នា… ហេលស៍ថាម ៖ តើមានមុខវិជ្ជាអ្វីខ្លះដែលត្រូវត្រៀម? វិចិត្រ ៖ មុខវិជ្ជាធំ៣នៅក្នុងវិទ្យាសាស្ត្រពិតរួមមាន ៖   -គណិតវិទ្យា  -ជីវវិទ្យា -គីមីវិទ្យា។ តាមការយល់ឃើញរបស់ខ្ញុំ មុខវិជ្ជាដែលធ្វើឲ្យបេក្ខភាពម្នាក់ៗយកឈ្នះលើគ្នា គឺមុខវិជ្ជាគណិតវិទ្យា ព្រោះដូចដែលយើងបានដឹងស្រាប់ហើយថា វាជាមុខវិជ្ជាមួយដែលពិបាកជាងគេ។  ហេលស៍ថាម ៖ សម្រាប់មុខវិជ្ជានីមួយៗ តើវិចិត្រមានគន្លឹះអ្វីពិសេសចង់ចែករំលែកដែរឬទេ? វិចិត្រ ៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាសម្រាប់មុខវិជ្ជាជីវវិទ្យា និងគីមីវិទ្យា មានភាពងាយស្រួលជាងគណិតវិទ្យាដែលភាគច្រើនមេរៀន និងក្បួនដោះស្រាយលំហាត់មានភាពប្រទាក់ក្រឡាគ្នា ជាក់ស្តែង គឺមេរៀនបន្តពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ អ្វីដែលធ្លាប់បានធ្វើកន្លងមក និងចង់ចែករំលែកអំពីគន្លឹះនៃការសិក្សានោះ គឺៈ -ជីវវិទ្យា ៖ ដោយសារតែមិនសូវមានរូបមន្តសម្រាប់គណនា និងមិនសូវទាមទារការគិតច្រើន ហើយភាគច្រើនជាមេរៀននោះ អ្វីដែលគួរធ្វើ គឺមានតែព្យាយាមទន្ទេញ ក៏ដូចជាសូត្រមេរៀនឲ្យចាំ។ ប៉ុន្តែ មិនមានន័យថា ទន្ទេញឲ្យចាំតែមាត់នោះដែរ គប្បីរកពាក្យគន្លឹះ និងស្វែងយល់ពីវាឲ្យច្បាស់សិន ហើយរកកន្លែងគោលដើម្បីងាយចំណាំ។ -គីមីវិទ្យា ៖ ត្រូវព្យាយាមស្វែងយល់ និងចាំអំពីរូបមន្តផ្សេងៗ ជាពិសេសសមីការប្រតិកម្មរបស់សារធាតុ។ -គណិតវិទ្យា ៖ ទាមទារឲ្យពូកែដោះស្រាយនូវលំហាត់តាមក្បួនខ្នាតដែលត្រឹមត្រូវ និងរហ័ស ដែលជាទូទៅ គឺត្រូវការការអនុវត្តឲ្យបានច្រើន ប្រៀបដូចពាក្យគេថា «កាំបិតកាន់តែសំលៀង កាន់តែមុត»។ បន្ទាប់ពីអនុវត្តបានច្រើនដង នោះអ្នកនឹងរកឃើញពីគន្លឹះរបស់វា។ ហេលស៍ថាម ៖ សម្រាប់ការត្រៀមប្រលងចូលរៀនពេទ្យនេះ តើបេក្ខភាពនីមួយៗគួរមានលក្ខណៈសម្បតិ្តបែបណាខ្លះដែរ? វិចិត្រ ៖ ជាការចាំបាច់ ក្នុងការត្រៀមគ្រប់ផ្នែក មិនថាកម្លាំងកាយ ចិត្ត និងប្រាជ្ញស្មារតីនោះទេ។ ក្នុងនោះ ខ្ញុំយល់ឃើញថា មានរឿងខ្លះដែលគួរតែមាន និងត្រៀមជាមុនក្នុងនោះមានដូចជា៖ -មានសមត្ថភាពក្នុងការចងចាំឲ្យបានច្រើន -មានភាពអំណត់អត់ធ្មត់ ខិតខំ និងតស៊ូព្យាយាមក្នុងការទន្ទេញមេរៀន -ត្រៀមស្មារតីទទួលយកមេរៀនជាច្រើនមួយគំនរនៅចំពោះមុខ ដែលនឹងត្រូវសិក្សា ដែលអាចនិយាយបានថាស្មើនឹងភ្នំឯកសារមួយដែរ។ ហេលស៍ថាម ៖ បន្ថែមពីការរៀនគួរត្រៀម តើបេក្ខភាពគួរធ្វើអ្វីខ្លះទៀត? វិចិត្រ ៖  ការរៀនគួរត្រៀមប្រាកដជាមិនអាចគ្រប់គ្រាន់នោះទេ បេក្ខភាពមិនអាចរៀននៅសាលា ហើយត្រលប់មកផ្ទះមិនខ្វល់ខ្វាយពីអ្វីនោះឡើយ។ ខ្ញុំសូមណែនាំឲ្យគ្រប់គ្នាចាំបាច់ត្រូវស្វ័យសិក្សានៅផ្ទះឲ្យបានច្រើន ជាពិសេស គឺរៀនអនុវត្តនូវលំហាត់នៅក្នុងសៀវភៅពុម្ពយ៉ាងតិចឲ្យបានម្តង ឬ២ដងទើបជាការប្រសើរ។  តាមរយៈការអនុវត្តបានច្រើន អ្នកនឹងបានដឹងអំពីគន្លឹះក្នុងការដោះស្រាយលំហាត់ទាំងនោះ ហើយពេលខ្លះ ស្ទើរតែឃើញលំហាត់ ក៏អាចដឹងពីចម្លើយរួចទៅហើយ។  ហេលស៍ថាម ៖ តើវិចិត្រមានសារអ្វីបន្ថែមជូនដល់អនាគតនិស្សិតពេទ្យ ដែលកំពុងត្រៀមចូលប្រលងដែរឬទេ? វិចិត្រ ៖  -សូមកុំដាក់សំពាធឲ្យខ្លួនឯងឲ្យសោះ ៖ ថ្វីត្បិតថា វាជាដំណាក់កាលមួយដ៏តានតឹង និងសំខាន់មួយក្នុងដំណើរនៃជីវិតជានិស្សិត តែក៏មិនមានន័យថា ត្រូវតែដាក់សំពាធលើខ្លួនឯងឲ្យខាងតែបាននោះទេ។ សំខាន់ គឺសូមប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយហ៊ានទទួលស្គាល់នូវលទ្ធផលដែលបានទទួល។ -រក្សាស្មារតីឲ្យរឹងមាំ ៖ ជាពិសេសពេលប្រឡង សូមធ្វើចិត្តឲ្យបាន…កុំភ័យ!!! ខ្ញុំដឹងថា នរណាក៏ភ័យដែរ ពេលឆ្លងកាត់ដំណាក់កាលសំខាន់ៗ និងធំៗបែបនេះ ប៉ុន្តែអារម្មណ៍បែបនោះនឹងមិនអាចជួយអ្វីបាននោះទេ ក្រៅពីធ្វើឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ហេតុដូចនេះហើយ សូមធ្វើចិត្តឲ្យបាន កុំចេះតែភ័យថាខ្លាចធ្វើមិនទាន់ ឬគិតផ្តេសផ្តាសឲ្យសោះ។ -ប្រកាន់គោលជំហរ  «តក់ៗពេញបំពង់» ៖ កុំចាំដល់ជិតថ្ងៃប្រលងទើបខំរៀនឲ្យសោះ សូមធ្វើការត្រៀមខ្លួនឲ្យបានមុន ដើម្បីផ្តល់ពេលវេលាឲ្យខ្លួនអ្នកបានក្រេបយកនូវចំណេះដឹងដែលត្រូវការជាចាំបាច់សម្រាប់ការប្រលង។ -សុខភាពជាចម្បង ៖ ខ្ញុំមិនគាំទ្រឲ្យរៀនដាច់យប់ ឬនៅដល់យប់ជ្រៅពេកនោះទេ។ អ្នកគួរតែមានកាលវិភាគច្បាស់លាស់សម្រាប់ការសិក្សា ហើយទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ចំពោះចំណីអាហារក៏ដូចគ្នាដែរ សូមទទួលទាននូវសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្មារតីផ្លូវកាយ និងចិត្ត ព្រមទាំងប្រាជ្ញាអាចរឹងមាំបាន សម្រាប់ថ្ងៃដ៏ពិសេសដែលកំពុងទន្ទឹងរង់ចាំអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។ តើអ្វីខ្លះមូលហេតុដែលបណ្តាលឲ្យមានការសឹកធ្មេញ? •ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ •ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ •របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ •បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់ •បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ •ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម •កត្តាតំណពូជ •កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។ តើការសឹកធ្មេញ ស្តែងចេញនូវលក្ខណៈដូចម្តេចខ្លះ? •មានអាការៈស្រៀវសង្កៀរបន្តិចបន្តួច ក្នុងករណីដំបូង ឬសឹកបន្តិចបន្តួច •មានអាការៈស្រៀវ សង្កៀរ និងឈឺចាប់ខ្លាំង ពេលទទួលទានរបស់ផ្អែម ទទួលទានទឹកក្តៅ ឬត្រជាក់ ករណីមានការសឹកធ្មេញខ្លាំង •តាមគែមធ្មេញ មានលក្ខណៈគគ្រើម រឆេតរឆូត ខុសប្រក្រតី •មានការប្តូរពណ៌ធ្មេញ នៅពេលដែលកាចាធ្មេញបាត់បង់ ភ្លុកធ្មេញត្រូវបានចំហ នាំឲ្យធ្មេញប្រែពណ៌ទៅជាលឿង។ តើការសឹកធ្មេញ នាំឲ្យមានផលវិបាកដូចម្តេចខ្លះ? •នៅពេលកាចាធ្មេញសឹក នោះវាងាយនឹងធ្វើឲ្យធ្មេញពុកផុយ ក្លាយទៅជាប្រហោង។ នៅដំណាក់កាលដំបូង ប្រហោងតូចៗទាំងនោះ មិនទាន់ចោទជាបញ្ហានោះទេ ក៏ប៉ុន្តែនៅពេលដែលប្រហោងតូចៗនោះមានការវិវឌ្ឍ ឬរាលដាលទៅជាធំ វាអាចប៉ះពាល់ដល់សរសៃប្រសាទធ្មេញ ដែលនាំឲ្យមានការឈឺចាប់ខ្លាំង មានការបង្ករោគ និងអាប់សែ។ •ធ្វើឲ្យបាត់បង់សម្រស់ ដែលមើលទៅមិនស្អាត។ តើគេអាចការពារការសឹកធ្មេញបានដោយរបៀបណា? •កាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីត •បន្ទាប់ពីទទួលទានភេសជ្ជៈ និងអាហារដែលមានជាតិអាស៊ីតរួច ត្រូវខ្ពុលមាត់ជាមួយទឹកដើម្បីកម្ចាត់ចោលនូវជាតិអាស៊ីតចេញ •គួរប្រើនូវទុយោសម្រាប់បឺត នៅពេលទទួលទានភេសជ្ជៈ ដែលមានជាតិហ្គាស ឬភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកផ្លែឈើស្រស់ជាដើម។ •ទំពារស្ករកៅស៊ូ និងទទួលទានទឹកឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយបញ្ហាស្ងួតមាត់ និងបង្កើនបរិមាណនៃការបញ្ចេញទឹកមាត់។ •គួរប្រើប្រាស់ច្រាសដុសធ្មេញដែលមានសរសៃទន់ ដើម្បីការពារពីការសឹកធ្មេញ •ប្រើប្រាស់នូវថ្នាំដុសធ្មេញដែលមានផ្ទុកនូវជាតិ ហ្ល្វ័រអឺរាយ ដើម្បីជួយកាត់បន្ថយការស្រៀវធ្មេញ។ តើត្រូវព្យាបាលការសឹកធ្មេញ ដោយរបៀបណា? គប្បីទៅជួបទន្តពេទ្យ ដើម្បីធ្វើការប៉ះបិទ ឬធ្វើការស្រោបធ្មេញក្នុងករណីការសឹកធ្មេញនោះមានទំហំធំ ដើម្បីការពារការបាក់បែកទៅថ្ងៃមុខ និងបង្កើនសម្រស់ឡើងវិញ។ បកស្រាយដោយលោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចំពោះអ្នកដែលចង់បានរាងស្អាត ឬចង់រក្សារាង តែងតែគិតនៅពេលកំពុងញ៉ាំថា ខ្លាចតែញ៉ាំច្រើនទៅឡើងគីឡូទេ៎…អ្នកខ្លះពេលកំពុងញ៉ាំមានភាពសប្បាយរីករាយណាស់ រួចទើបអង្គុយកើតទុក្ខ ថាខ្លួនឡើងគីឡូរហូត…ជាការពិត មនុស្សម្នាក់ៗត្រូវតែញ៉ាំ ដើម្បីផ្ទេរថាមពលទៅកាន់រាងកាយសម្រាប់ប្រើប្រាស់ គ្រាន់តែពេលខ្លះ យើងញ៉ាំលើស ឬខ្វះពីតម្រូវការរបស់រាងកាយតែប៉ុណ្ណោះ។ អ្នកគួរតែយល់ដឹងពីបរិមាណថាមពលដែលអ្នកត្រូវការ ឬបរិមាណថាមពលដែលអ្នកបានញ៉ាំ និងគួរតែដុតកាឡូរីប៉ុណ្ណា តាមដែលអ្នកចង់បាន។ ហេលស៍ថាម សូមបង្ហាញពីចំណេះដឹងទាក់ទងនឹងថាមពលដែលមកពីចំណីអាហារ និងគន្លឹះនៃសកម្មភាពងាយៗដែល មានបង្ហាញពីបរិមាណកាឡូរីដែលអាចដុតតាមសកម្មភាពនីមួយៗ។ តើអ្វីទៅជាកាឡូរី?                                                                       កាឡូរី គឺជាខ្នាត ឬរង្វាស់រង្វាល់នៃថាមពលដែលមាននៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ ឬភេសជ្ជៈដែលយើងបរិភោគរាល់ថ្ងៃ។ នៅពេលដែលយើងបរិភោគចំណីអាហារទាំងនោះ គឺយើងទទួលនូវថាមពលដែលស្តុកទុកក្នុងម៉ូលេគុល ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសារធាតុខ្លាញ់នៃចំណីអាហារដែលយើងបានទទួលទាន។ បរិមាណសរុបនៃថាមពលមាននៅក្នុងចំណីអាហារ គឺត្រូវបានតំណាងដោយ កាឡូរី ដែលផលិតផលខ្លះមានបង្ហាញក្នុងស្លាកអាហារូបត្ថម្ភដែលមាននៅលើកញ្ចប់ស្រាប់។ ហេតុអ្វីបានជាញ៉ាំកាឡូរីហើយត្រូវដុតចោលវិញ?                           រាងកាយមានសកម្មភាព២យ៉ាងទៅលើកាឡូរី គឺប្រើប្រាស់វា ឬស្តុកទុកវា។ កាឡូរីដែលបានមកពីការបរិភោគអាហារមិនអាចបាត់បង់ ឬក៏ត្រូវបានបំផ្លាញដោយឯកឯងទេ គឺគ្រាន់តែផ្លាស់ប្តូរទម្រង់ប៉ុណ្ណោះ។ នៅពេលយើងបរិភោគអាហារចូលទៅសារពាង្គកាយ ខ្លួនរបស់យើងបំលែង ឬដុតកាឡូរីទៅជាប្រភេទថាមពលផ្សេងៗគ្នាដែលរាងកាយត្រូវការ ដើម្បីដំណើរការដូចជា ៖ សម្រាប់ដកដង្ហើម ធ្វើចលនា ឬការធ្វើកាងារផ្សេងៗ។ ផ្ទុយទៅវិញ នៅពេលកាឡូរីដែលយើងញ៉ាំមិនបានយកទៅប្រើប្រាស់នោះ វានឹងត្រូវបានស្តុកទុកក្នុងរាងកាយក្រោមទម្រង់ជាខ្លាញ់ ច្រើនជាងទុកក្នុងសាច់ដុំ ដែលជាកត្តាធ្វើឲ្យអ្នកឡើងទម្ងន់ ឬធាត់ជាដើម។ ដូចនេះហើយទើបយើងត្រូវការធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រើប្រាស់កាឡូរីឲ្យអស់។ តើរាងកាយរបស់យើងត្រូវការកាឡូរី និងដុតទៅវិញក្នុងបរិមាណប៉ុន្មានដែរ? តម្រូវការកាឡូរីអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយការដុតកាឡូរីវិញក៏ដូចគ្នាដែរ។ តុល្យភាពនៃការតម្រូវការ និងការដុតកាឡូរីមាន ៣ករណី៖ ១. ប្រសិនបើអ្នកញ៉ាំកាឡូរី ច្រើនជាងការដុត នោះអ្នកនឹងឡើងទម្ងន់ ២. ប្រសិនបើអ្នកញ៉ាំកាឡូរី តិចជាងការដុត នោះអ្នកនឹងស្រក់ទម្ងន់ ៣. ប្រសិនបើអ្នកញ៉ាំកាឡូរី ស្មើនឹងការដុត នោះអ្នកនឹងអាចរក្សាទម្ងន់របស់អ្នកឲ្យនៅដដែលបាន។ ជាធម្មតា មនុស្សប្រុសត្រូវការបរិមាណកាឡូរី ២,៥០០កាឡូរីក្នុងមួយថ្ងៃ ចំនែកឯមនុស្សស្រីត្រូវការ ២,០០០កាឡូរីក្នុងមួយថ្ងៃ។ អ្នកអាចសម្រេចចិត្តថាអ្នកចង់ ឡើង ស្រក ឬរក្សាទម្ងន់ឲ្យនៅដដែល។ បន្ទាប់មកចាប់ផ្តើមគណនាបរិមាណកាឡូរីដែលត្រូវដុតក្នុងមួយថ្ងៃ ឬហៅថា BMR= Basal Metabolic Rate ជាមួយយើងទាំងអស់គ្នា… រូបមន្ត ៖  BMR = 10m + 6.25h - 5a + 5 ចំពោះបុរស               BMR = 10m + 6.25h - 5a - 161 ចំពោះស្រ្តី M  ជាទម្ងន់ (គីឡូក្រាម) H ជាកម្ពស់ (សង់ទីម៉ែត្រ) a ជាអាយុ (ឆ្នាំ) បន្ទាប់ពីបានដឹងពីបរិមាណកាឡូរីដែលត្រូវដុតហើយ អ្នកអាចចាប់ផ្តើមកំណត់បរិមាណកាឡូរីត្រូវញ៉ាំ ដើម្បីស្របទៅតាមទម្ងន់ដែលអ្នកចង់បានដូចការណែនាំខាងលើ។ បន្តទៅទៀតនេះ សូមឈានទៅដល់សកម្មភាព ឬប្រភេទកីឡាងាយៗដែលអាចដុតកាឡូរីបានច្រើន បើបៀបធៀបទៅនឹងសកម្មភាពផ្សេងទៀតក្នុងរយៈពេលដូចគ្នា។ ១.  ការលោតអន្ទាក់                                                                      ការលោតអន្ទាក់ ជាសកម្មភាពងាយធ្វើ ហើយអាចធ្វើបាននៅគ្រប់ទីកន្លែងតាមចំណូលចិត្តរបស់អ្នកថែមទាំងដុតកាឡូរីបានដល់ទៅ ១,០៧៤ កាឡូរីក្នុងមួយម៉ោង។ ២. ការរត់                                                                                ការរត់ជាប្រភេទកីឡាដែលអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅ អាចមើលទេសភាពបាន និងអាចដុតកាឡូរី បាន១,០៧៤ កាឡូរី ក្នុងមួយម៉ោង ប្រសិនបើអ្នករត់ក្នុងល្បឿន១២គីឡូម៉ែត្រក្នុងមួយម៉ោង។ ៣. ការរត់ឡើងជណ្តើរ                                                                 ការរត់ឡើងជណ្តើរអាចឲ្យអ្នកដុតកាឡូរីបាន ៨១៩កាឡូរី ក្នុងមួយម៉ោង។ អ្នកអាចចំណាយពេលចុងសប្តាហ៍ ឬពេលល្ងាចៗ ទៅរត់ឡើងជណ្តើរស្តាតអូឡាំពិកក៏បាន។ ៤. ការលេងបាល់បោះ                                                                   ជាកីឡា ដែលមានលក្ខណៈជាក្រុមដែលបង្កភាពសប្បាយរីករាយ និងអាចជួយអ្នកដុតកាឡូរី បាន៧២៨ កាឡូរីក្នុងមួយម៉ោង។  ៥. ការលេងកូនបាល់                                                                 ជាកីឡាដែលអ្នកអាចលេងជាគូ ឬលេងតែឯង ហើយអាចដុតកាឡូរីបាន៧២៨កាឡូរីក្នុងមួយម៉ោង។ ៦. ការដើរផ្សារ                                                                           បើទោះជាមានសេវាដឹកជញ្ជូនដល់ទីកន្លែងក៏ដោយ អ្នកគួរចំណាយពេលទៅទិញរបស់របរ ប្រើប្រាស់ ឬទិញម្ហូប ដោយខ្លួនឯងកាន់តែប្រសើរ ព្រោះវាអាចជួយដុតកាឡូរីបាន២៦០កាឡូរី ក្នុងមួយម៉ោង។ ៧. ការបោសសម្អាត                                                      ការបោសសម្អាតនៅផ្ទះប្រៀបដូចជាការហាត់ប្រាណមួយដែរ។ ការបោសសម្អាតអាចដុតបាន ២៣៦កាឡរីក្នុងមួយម៉ោង ហើយការជូតផ្ទះវិញអាចដុតបាន២៥៩កាឡូរីក្នុងមួយម៉ោង។ ៨. ការដាំដំណាំ ឬមើលថែសួន                                                      ជាសកម្មភាពដែលផ្តល់ប្រយោជន៍ជាច្រើន ដូចជាបានផលិតផលហូបផ្លែ ហើយបានសុខភាពល្អ ភាពស្រស់ស្អាត និងអាចដុតកាឡូរីបាន៣៣៤កាឡូរី ក្នុងមួយម៉ោងទៀតផង។ អ្នកបានស្គាល់ហើយ ថាតើអ្វីទៅជាកាឡូរី? រូបមន្តគណនាបរិមាណកាឡូរីដែលមនុស្សម្នាក់ៗគួរដុតក្នុងមួយថ្ងៃ និងសេចក្តីណែនាំពីសកម្មភាពដែលអាចដុតកាឡូរីបាន។ ជំហានបន្ទាប់គឺ ការសម្រេចចិត្តរបស់អ្នកក្នុងការជ្រើសរើសសកម្មភាពដែលអ្នកគិតថាសមស្របទៅនឹងលក្ខខណ្ឌរបស់អ្នក… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

ការថែរក្សាធ្មេញរបស់អ្នកគឺជាការសំខាន់ណាស់។ មនុស្សភាគច្រើនដឹងថាស្ករគ្រាប់ និងអាហារផ្សេងៗដែលមានជាតិផ្អែមអាចធ្វើឲ្យធ្មេញខូចបាន ប៉ុន្តែចុះផ្លែឈើ? អ្នកប្រហែលជាធ្លាប់ឮហើយថាការដុសធ្មេញ និងសម្អាតចន្លោះធ្មេញ២ដងក្នុង១ថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ។   ប៉ុន្តែអាហារមួយចំនួនដែលអាចធ្វើឲ្យធ្មេញខូចបានទោះជាមានការសម្អាតយ៉ាងណាក៏ដោយ។ ខាងក្រោមនេះជាអាហារទាំង៦យ៉ាងដែលធ្វើធ្មេញខូចបាន ៖   ១.ផ្លែប៉ោម ផ្លែប៉ោមគឺមានជាតិអាស៊ីតខ្ពស់វាធ្វើឲ្យរឹងនៅកាចាធ្មេញរបស់អ្នក ខណៈពេលដែលការញុំផ្លែប៉ោម១ផ្លែអាចឲ្យអ្នកមានសុខភាពល្អចៀសឆ្ងាយពីគ្រូពេទ្យក៏ដោយ។ អាស៊ីតនោះអាចឲ្យអ្នកទៅជួបពេទ្យធ្មេញលឿនផងដែល។ ការញុំផ្លែប៉ោមគឺល្អគ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឺក ឫទឹកខ្ពុលមាត់លឿនតាមដែលអាចធ្វើទៅបាន។   ២. ទឹកកក អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាមនុស្សប៉ុន្មានអ្នកដែលគិតថាទឹកកកល្អសំរាប់ធ្មេញ។ វាធ្វើពីទឹកហើយអត់មាននូវជាតិស្ករ ឬសារជាតិផ្សេងទេ។ ប៉ុន្តែការទំពារលើរបស់ដែលរឹងអាចធ្វើឲ្យធ្មេញរបស់អ្នកងាយឈឺចាប់ទៅជាជំងឺធ្មេញបន្ទាន់មួយហើយអាចធ្វើឲ្យខូចដល់កាចាធ្មេញផងដែរ។   ៣. ពោតលីង ពោតលីងគឺច្បាស់ណាស់ពិតជាជាប់នៅនឹងធ្មេញរបស់អ្នកហើយកន្លែងដែលនៅចន្លោះធ្មេញរបស់អ្នកនឹងដុះបាក់តេរីផងដែរ។ វាមិនអីទេដែលញ៉ាំពោតលីងមួយកញ្ចប់គ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឹក ឬទឹកខ្ពុរមាត់លឿនតាមដែលអាចធ្វើទៅបាន។   ៤. ស្ករគ្រាប់រឹងៗ អ្នកបានដឹងរួចមកហើយថាជាតិស្ករនៅក្នុងស្ករគ្រាប់ គឺជាបញ្ហា ហើយស្ករគ្រាប់រឹងគឺកាន់តែគ្រោះថា្នក់ ព្រោះថាពួកយើងបានបៀមវាក្នុងមាត់រយៈពេលយូរ។   ៥. បន្លែត្រាំ របស់ត្រាំគឺបានធ្វើឡើងជាមួយទឹកខ្មេះដែលមានអាស៊ីតខ្ពស់ហើយពេលខ្លះក៏មានស្ករដែរ។ ខណៈពេលដែលបន្លែធ្វើឲ្យមានសុខភាពល្អតែទឹកអំបិលធ្វើឲ្យខូចធ្មេញរបស់អ្នកវិញ។ ផឹកទឹកជាមួយអាហាររបស់អ្នកជួយសម្អាតអាស៊ីត និងស្ករចេញពីធ្មេញរបស់អ្នក។   ៦. ប៊័ររសជាតិសណ្តែកដី ដោយសារតែវាស្អិតនិងមានស្ករទៀតនោះប៊័ររសជាតិសណ្តែកដីមិនត្រឹមតែចិញ្ចឹមបាក់តេរីប៉ុណ្ណោះទេតែវាធ្វើឲ្យបាក់តេរីទាំងនោះងាយស្រូលក្នុងការច្រៀតចូលក្នុងចន្លោះធ្មេញផងដែរ។ បើមើលតាមធម្មជាតិទៅគឺប៊័រសណ្តែកដីដែលគ្មានជាតិស្ករគឺកាត់បន្ថយបញ្ហាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរលាកក្រពះនេះជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកក្នុងការបំពេញការងារ។ ជំងឺតម្កាក់ពិតជាបង្កក្តីរំខានដល់ការប្រព្រឹត្តទៅ នៃជីវិតប្រចាំថ្ងៃដូចជា ការរកទទួលការសិក្សា ឬបំពេញកាតព្វកិច្ចផ្សេងៗ ដូច្នេះការរក្សារាងកាយឲ្យមានសុខភាពល្អគឺជាប្រការអាទិភាពដែលយើងចាំបាច់ដោះស្រាយដើម្បីញ៉ាំងជីវិតឲ្យចៀសផុតពីជំងឺនេះ។ ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដែលហៅថាជំងឺរលាកក្រពះរ៉ាំរ៉ៃ គឺជាការរលាករទៅលើភ្នាសក្រពះ ក្នុងកម្រិតរ៉ាំរ៉ៃ ដែលភាសាបារាំងហៅថា (Inflammation chronique de la muqueuse gastrique)។ មូលហេតុបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ ការប្រើប្រាស់ឱសថផ្សេងៗ ឬទម្លាប់នៃការទទួលទាន និងវិបត្តិសរីរាង្គមួយចំនួន អាចបង្កជាការរលាកស្រទាប់ខាងក្នុង នៃក្រពះរបស់អ្នក ដែលនាំទៅរកការរលាករ៉ាំរ៉ៃ កត្តាទាំងនោះរួមមាន៖ •បាក់តេរី (Helicobacter Pylori) •ការប្រើប្រាស់ថ្នាំប្រភេទណាមួយ ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin AINS) •ម៉្យាងទៀតការរលាកក្រពះរ៉ាំរ៉ៃនេះ អាចកើតពីកត្តាពូជក្នុងកម្រិត ២០% ដែលយើងហៅថា (Gastrite Chronique atrophique auto-immune) ។ រោគសញ្ញានៃជំងឺរលាកក្រពះរ៉ាំរ៉ៃ ការរលាកក្រពះរ៉ាំរ៉ៃភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមាននេះ អាចជួបបញ្ហាមួយចំនួនដូចជា៖ •ឈឺចុកចុងដង្ហើម (របៀបក្រហាយ នៅមួយកន្លែង ឬចាក់មកឆ្អឹងខ្នង ឬស្មាខាងស្តាំ) •ហើមពោះ ឬពិបាករំលាយអាហារ ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ ឬមានលាមកពណ៌ខ្មៅ។ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសគ្រូពេទ្យឯកទេស ប្រសិនបើអ្នកមានលាមកខ្មៅ ក្អួតមានឈាម ឬមានអាការៈឈឺក្រពះយូរអង្វែង។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺត្រូវមកមន្ទីរពេទ្យ ជួបអ្នកឯកទេសក្រពះ និងពោះវៀន ដើម្បីឆ្លុះក្រពះ និងយកសាច់ក្រពះទៅវិភាគ។ ការវិវឌ្ឍន៍របស់អ្នកជំងឺ ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាជំងឺមហារីកក្រពះ។ វិធីព្យាបាល ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ត្រូវព្យាបាលតាមវិធីផ្សេងៗដូចជា៖  •ការហូបចុកឲ្យមានអនាម័យ និងទៀងទាត់ពេលវេលា •ឈបប្រើថ្នាំ Aspirin AINS •តមបារី ស្រា កាហ្វេ អាហារហឹរ និងអាហារផ្អាប់  •ប្រើថ្នាំ Antibiotic រយៈពេល ១០-១៤ថ្ងៃ ក្នុងករណីរលាកក្រពះរ៉ាំរ៉ៃដោយ HP (Hhelicobacter Pylori) •ការព្យាបាលតាមរោគសញ្ញា (បើជាតិអាស៊ីដឡើង យើងត្រូវប្រើ Pancement Anti-Acid។ បើឈឺចុកចាប់យើងត្រូវប្រើថ្នាំបំបាត់ការចុកចាប់។ អនុសាសន៍គ្រូពេទ្យជំនាញ ជំងឺរលាកក្រពះរ៉ាំរ៉ៃ ជាជំងឺពិបាកធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដូច្នេះអ្នកជំងឺត្រូវមកជួបគ្រូពេទ្យឯកទេស ក្រពះ និងពោះវៀនជាការចាំបាច់៕ បកស្រាយដោយ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពទ្យ ព្រះកុសុមៈ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

  ការព្យាបាលជំងឺមហារីកហាក់មានភាពស្មុគស្មាញ ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់អ្នកជំនាញ ដើម្បីទទួលបានលទ្ធផលវិជ្ជមានមួយ។ តួយ៉ាងការព្យាបាលជំងឺមហារីកថ្លើម ក៏មិនខុសប្លែកពីជំងឺមហារីកដទៃនោះទេ ដោយសារដំណើរការនៃការព្យាបាល គឺធ្វើឡើងដោយផ្អែកទៅលើគោលបំណងធំ ៣គឺ៖ • បំបាត់ចោលទាំងស្រុងនៃដុំមហារីក • បញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក • ធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតបន្ទាប់ពីការគ្រប់គ្រងនូវរោគសញ្ញានៃជំងឺមហារីក(ការឈឺចាប់ ពិបាករំលាយអាហារ ។ល។) ប្រភេទនៃវិធីសាស្រ្តក្នុងការព្យាបាល  1.  ការវះកាត់៖  ជាវិធីសាស្រ្តព្យាបាលមានសក្តានុពលខ្ពស់ ដែលជាជម្រើសក្នុងការព្យាបាលចំពោះសភាពជំងឺដែលស្ថិតនៅក្នុងដំណាក់ ដំបូងនៃជំងឺមហារីកថ្លើម៖ • ក្នុងករណីខូចខាតតែមួយផ្នែកនៃសរីរាង្គថ្លើមការព្យាបាលអាចធ្វើឡើង ដោយការកាត់ផ្នែកដែលមានជំងឺចេញតែប៉ុណ្ណោះ  (liver resection)។ • វិធីសាស្រ្តក្នុងការវះកាត់មួយផ្នែកទៀត គឺស្តែងចេញតាមរយៈការប្តូរសរីរាង្គថ្លើមទាំងស្រុង ដោយជំនួសសរីរាង្គថ្លើមថ្មីមួយទៀត ដែលត្រូវនឹងបុគ្គលនីមួយៗ។ -  ផលវិបាកនៃការព្យាបាលដោយការវះកាត់ អាចស្តែងចេញដូចជា៖   កំណកឈាមនៅសរសៃវ៉ែនជ្រៅ ការហូរឈាម បញ្ហាបេះដូង និងចង្វាក់ដង្ហើមការឆ្លងមេរោគ និងប្រតិកម្មចំពោះថ្នាំស្ពឹក។ ប្រសិនការព្យាបាលដោយការវះកាត់មិនអាចប្រព្រឹត្តទៅបាន ការព្យាបាលផ្សេងនឹងត្រូវបានណែនាំក្នុងគោលបំណងគ្រប់គ្រងនូវស្ថានភាពជំងឺ ដោយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត។  2.  ការរំលាយដុំមហារីក (Tumor ablation)៖ ជាវិធីសាស្រ្តក្នុងគោលបំណងបំផ្លាញចោលនូវដុំមហារីក តាមរយៈការប្រើប្រាស់កម្តៅវិទ្យុសកម្ម (Radiofrequency ឬRFA)៖ ដោយរលកនៃសារធាតុវិទ្យុសកម្មនោះបានឆ្លងកាត់តាមរយៈម្ជុល ដើម្បីកម្ចាត់ចោលនូវកោសិកាមហារីកក្នុងកម្រិតកម្តៅដ៏ខ្ពស់មួយ។ • សារធាតុអាល់កុលដោយការចាក់អេតាណុលតាមស្បែក (percutaneous ethanol injectionឬPEI)៖  សារធាតុអាល់កុលត្រូវបានចាក់បញ្ចូលទៅកាន់កោសិកាមហារីកតាមម្ជុលដើម្បីបំផ្លាញដុំមហារីកនោះ។ ដំណើរការវិធីសាស្រ្តរំលាយដុំមហារីក តែងត្រូវបានធ្វើឡើងនៅក្នុងផ្នែករូបសាស្រ្ត (scanning)ដោយសារវាជាជំនួយសម្រាប់ឲ្យវេជ្ជបណ្ឌិតអាចចាក់បញ្ចូលម្ជុល សំដៅទៅរកកោសិកាមហារីកតាមរយៈស្បែកបាន ផ្អែកទៅលើ ultrasoundឬ CT-scan ។ -   ការរំលាយដុំសាច់មហារីក អាចបង្កជាផលប៉ះពាល់ដូចជា ការឈឺចាប់ក្នុងពោះ ឡើងកម្តៅការឆ្លងមេរោគ និងការហូរឈាមជាដើម ជាទូទៅវីធីសាស្រ្តនេះនឹងត្រូវអនុវត្តម្តងទៀតនៅពេលដែលដុំមហារីកលូតលាស់ជាថ្មី។  3.   ការព្យាបាលជាប្រព័ន្ធ (Systemic Therapy)៖ • ការព្យាបាលដោយគីមី (Chemotherapy)៖ ជាការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺមហារីក សម្រាប់សម្លាប់ ឬរារាំងការលូតលាស់កោសិកាមហារីក។វាអាចជួយគ្រប់គ្រងរោគសញ្ញាដោយបង្រួម និងពន្យារពេលក្នុងការរីកលូតលាស់ នៃកោសិកាមហារីក។ ការព្យាបាលដោយគីមី ត្រូវបានអនុវត្តឡើងដោយការចាក់តាមសរសៃវ៉ែន និងតាមរយៈការចាក់បញ្ចូលតាមរបៀប Chemoembolization(រូបភាពទី២)ដែលជាការចាក់ថ្នាំគីមីចូលទៅក្នុងសរសៃវ៉ែនចិញ្ចឹមកោសិកាមហារីកថ្លើម ដោយសារធាតុថ្នាំនោះរួមបញ្ចូលទៅដោយសារធាតុជែលនិងប្លាសិ្ទកតូចៗ ដើម្បីបិទលំហូរទៅកាន់កោសិកាមហារីកថ្លើម យ៉ាងណាមិញ វិធីសាស្រ្តការចាក់ថ្នាំគីមី មិនសុទ្ធតែសាកសមចំពោះគ្រប់អ្នកជំងឺនោះទេព្រោះវាអាចធ្វើឡើងតែក្នុងលក្ខខណ្ឌដែលមុខងារថ្លើមនៅមានដំណើរការបានល្អគ្រប់គ្រាន់។ -  ចំពោះផលប៉ះពាល់នៃការព្យាបាលរួមមាន៖  មិនឃ្លានអាហារ ចង្អោរ ក្អួត អស់កម្លាំង ជ្រុះសក់ឈឺមាត់ កើនឡើងនៃការឆ្លងមេរោគ រាក ថយចុះកោសិកាឈាម និងអាចរួមបញ្ចូលនូវការឡើងកម្តៅ ឬការឈឺចាប់ក្នុងករណីព្យាបាលតាមរយៈChemoembolization។ • ការព្យាបាលឲ្យចំគោលដៅ (Targeted​ therapy)៖  ជាការប្រើប្រាស់ថ្នាំ ឬសារធាតុ មានឥទ្ធិពលរារាំងការលូតលាស់ និងរីករាលដាលនៃកោសិកាមហារីក ដោយវាទៅជ្រៀតជ្រែកជាមួយ ម៉ូលេគុលសំខាន់ៗនៃការលូតលាស់ និងវិវឌ្ឍទៅជាកោសិកាមហារីក។ -  ផលប៉ះពាល់៖  មិនឃ្លានអាហារ ចង្អោរ ក្អួតអស់កម្លាំង ជ្រុះសក់ រាក ថយចុះនៃកោសិកាឈាមស ការប្រែប្រួលស្បែកបាតដៃ និងជើង។ • ការព្យាបាលដោយវិទ្យុសកម្ម (Radiotherapy)៖ សារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លា បានបំផ្លាញ ឬរារាំងកោសិកាមហារីក ប៉ុន្តែវិធីសាស្រ្តខាងលើនេះមិនសូវត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលចំពោះជំងឺមហារីកថ្លើមដោយផ្ទាល់នោះទេ ដោយគេច្រើនអនុវត្តវាដើម្បីកាត់បន្ថយការឈឺចាប់ចំពោះអ្នកជំងឺមានបញ្ហាមហារីកឆ្អឹង  (Bone metastases)បណ្តាលមកពីមហារីកថ្លើម។ -   ផលប៉ះពាល់អាចកើតឡើងនៅផ្នែកខាងក្រៅដូចជា៖  រលាកស្បែក ចង្អោរ ក្អួត និងអស់កម្លាំងដែលវាអាចនឹងបាត់ទៅវិញបន្ទាប់ពីការព្យាបាលបានបញ្ចប់។ • ការថែទាំ៖  ត្រូវបានផ្តល់ឲ្យអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកថ្លើម។ លក្ខខណ្ឌក្នុងការជ្រើសរើសការព្យាបាល ជាការពិត មិនមានការព្យាបាលណាដែលល្អស័ក្តិសមបំផុតចំពោះអ្នកជំងឺគ្រប់បុគ្គលនោះទេ ដោយវេជ្ជបណ្ឌិតត្រូវធ្វើការសម្រេចចិត្តផ្អែកលើស្ថានភាពរបស់អ្នកជំងឺ និងលក្ខណៈរបស់ជំងឺ ដូច្នេះទើបការរៀបចំការព្យាបាលជំងឺមហារីកថ្លើម ទាមទារឲ្យមានចូលរួមពីសំណាក់អ្នកជំនាញជាច្រើនផ្នែក។ ចំណែកឯប្រសិទ្ធភាពនៃការព្យាបាលក៏មានការប្រែប្រួលទៅតាមដំណាក់កាលនៃជំងឺមហារីកថ្លើម លក្ខណៈនៃដុំមហារីក ហានិភ័យ ក៏ដូចជាស្ថានភាពសុខភាពទូទៅនៃអ្នកជំងឺ។ អត្រានៃការជាសះស្បើយ គេអាចកំណត់បានអត្រានៃការជាសះស្បើយ តាមដំណាក់កាលនៃជំងឺ៖ • ដំណាក់កាលទី I៖ ៥០% ទៅ ៧០% • ដំណាក់កាលទី II៖ ៣០% ទៅ ៥០% • ដំណាក់កាលទី III៖ ១០% • ដំណាក់កាលទី IV៖ ០% ទង្វើគួរធ្វើអំឡុងពេលព្យាបាល អ្នកជំងឺទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជា៖ • របបអាហារ៖ ចៀសវាងអាហារមានជាតិហិរអាហារចៀន និងអាំង ភេសជ្ជៈមានជាតិហ្គាសនិងអាល់កុលជាដើម • របបអនាម័យ៖ គួរពាក់មាស់មុខ លាងសម្អាតផ្លែឈើ និងបន្លែ លាងសម្អាតដៃមុនពេលបរិភោគអាហារ បន្ទាប់ពីចូលបង្គន់ និងបន្ទាប់ពីធ្វើដំណើរតាមដងផ្លូវ • ចៀសវាងការមានរបួសនានា • គោរពការណាត់ជួបនៃការព្យាបាលឲ្យបានតឹងតែង (ហាមគេចវេសពីការព្យាបាល ប្រសិនគ្មានហេតុផលចាំបាច់) ។ បកស្រាយដោយ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងតាមរយៈបាក់តេរីមួយប្រភេទដែលអាចឆ្លងរាលដាលទៅក្នុងរាងកាយរបស់មនុស្ស និងប៉ះពាល់ដល់សរីរាង្គជាច្រើននៅក្នុងខ្លួនមនុស្ស។ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ដើម្បីជាគន្លឹះ ក្នុងការការពារ និងព្យាបាលជំងឺនេះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសផ្នេកជំងឹក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នេកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ជាកិត្តិយសចូលរួមបកស្រាយពីស្ថានភាពទូទៅ នៃជំងឹគ្រុនពោះវៀនដូចខាងក្រោម៖ អ្វីទៅជាជំងឺគ្រុនពោះវៀន? ដែលហៅថាជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដេលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។  ការឆ្លងរាលដាល និងការរាតត្បាត ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖ •របៀបទីមួយ (ផ្ទាល់) គឺដោយសារដៃអ្នកជំងឺមិនស្អាត •របៀបទីពីរ (មិនផ្ទាល់) គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។ រោគសញ្ញា រោគសញ្ញានៃជំងឺគ្រុនពោះវៀន គឺមានដូចជា៖ •អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ •អ្នកជំងឺឈឹក្បាល •អណ្តាលអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ •ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ •អ្នកជំងឺមិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច •មានគ្រាប់ឈាមសចុះ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។ ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖ •Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។ •Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។ •Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើងដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។ ផលវិបាក នៃជំងឺគ្រុនពោះវៀន ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖ •អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច •អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច •អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខូរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។ ការព្យាបាល ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ បើយើងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន។ វិធីព្យាបាលនោះរួមមានដូចជា៖ •ទី១ ត្រូវឲ្យអ្នកជំងឺបរិភោគអាហាររាវ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ •ទី២ គឺយើងត្រូវប្រើថ្នាំ អង់ទីប៉ូទិក ដែលស្រុកខ្មែរយើងនិយមប្រើឱសថ Antibiotic នេះ ពីរប្រភេទ គឺ Flouroquinolones (Ofloxacine) និង Cephalosphorine de 3rd generation ដែលថ្នាំទាំងពីរប្រភេទនេះ អាចប្រើពី ៧ ទៅ១០ថ្ងៃ ដើម្បីព្យាបាលជំងឺនេះឲ្យជាសះស្បើយ។ ការការពារ ដើម្បីចៀសផុតពីជំងឺគ្រុនពោះវៀន គឺមនុស្សយើងត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាងគឺ៖ •ទី១៖ ត្រូវហូបចុកឲ្យបានស្អាត និងមានអនាម័យមានន័យថា ត្រូវសម្អាតដៃមុនញ៉ាំបាយ ហើយចំណីអាហារនិងទឹក ដែលមិនស្អាតយើងកុំបរិភោគ។ •ទី២៖ យើងគួរត្រូវទៅចាក់វ៉ាក់សាំងការពារ ដែលអាចចាក់ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ។ អនុសាសន៍របស់លោកវេជ្ជបណ្ឌិតជំនាញ ចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា ប្រសិនបើយើងសង្ស័យថាខ្លួនឯងកើតជំងឺគ្រុនពោះវៀន យើងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបលឲ្យបានទាន់ពេលវេលា៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តកំពង់ធំ។ កូនខ្ញុំទើបតែបាន១ខែ ហើយពេលគាត់ទើបតែកើតមានទម្ងន់២គីឡូ៤ខាំ ស្រាប់តែបាន១ខែខ្ញុំថ្លឹងគាត់ម្ដងទៀតបាន៤គីឡូ៨ខាំ។ ខ្ញុំបារម្ភថាពេលធំគាត់អាចនឹងធាត់ជ្រុល។ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅបើកូនខ្ញុំសព្វថ្ងៃបៅតែទឹកដោះគោម្សៅ? ចម្លើយ ៖ ជាទូទៅទារកអាយុ៣ខែទើបមានទម្ងន់ស្មើនឹង២ដងនៃទម្ងន់កំណើត។ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមាតាគ្រប់រូបចិញ្ចឹមកូនដោយទឹកដោះដោយសារតែទឹកដោះម្ដាយជាអាហារល្អបំផុត និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន។ ម្យ៉ាងទៀត ទារកអាចបៅទៅតាមតម្រូវការដែលពួកគាត់ត្រូវការតែប៉ុណ្ណោះខុសពីការចិញ្ចឹមដោយទឹកដោះគោម្សៅ ព្រោះឪពុកម្ដាយ ឬអ្នកមើលថែអាចឆុងខាប់ ឬស្ដើងពេក ហើយការផ្ដល់ឲ្យទារកអាចច្រើនឬតិចជ្រុលដោយសារតែការមិនបានយកចិត្តទុកដាក់លើបញ្ហានេះ។ ចំពោះករណីកូនលោកស្រីការឡើងទម្ងន់នេះគឺខ្ពស់ជាងធម្មតា ហើយលោកស្រីបានចិញ្ចឹមកូនដោយទឹកដោះគោម្សៅទៀត។ ដូច្នេះ អ្វីដែលត្រូវធ្វើពេលនេះ ត្រូវពិនិត្យលើបរិមាណម្សៅទឹកដោះគោដែលលោកស្រីផ្ដល់ឲ្យកូនថាសមស្របឬទេ របៀបឆុងត្រឹមត្រូវទេ ហើយឲ្យកូនបៅញឹកញាប់ពេកទេ។ តាមធម្មតាទារកក្នុងខែទី១ត្រូវបៅ១ថ្ងៃ៦ដង ឯបរិមាណប្រែប្រួលទៅតាមទម្ងន់របស់ទារក ដូចនេះ លោកស្រីត្រូវទៅជួបអ្នកជំនាញអាហារូបត្ថម្ភកុមារដើម្បីទទួលបានការណែរនាំពីការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top