Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍​ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពី អ្នកឯកទេសចិត្តសាស្ត្រនោះទេហើយក៏មិនមែនមានន័យថាអ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម          ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។  អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖ ·តឹងណែនសាច់ដុំ ·មានសភាពអស់កម្លាំងល្ហិតល្ហៃ ·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន ·បែកញើសបាតដៃ ·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់ ·ពុំមានអារម្មណ៍ស្ងប់ ·មានទុក្ខព្រួយជានិច្ច ·ដកដង្ហើមខ្លីៗ​ដាច់ៗ ·ញ័របេះដូង ឬជីពចរដើរញាប់ ·ធ្វើទុក្ខក្រពះ ·ខ្សោយការផ្ចង់អារម្មណ៍ សញ្ញាទាំងនេះ គឺបង្ហាញពីស្ថានភាពវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ហើយវាល្មមគ្រប់គ្រាន់ធ្វើឲ្យបុគ្គលនោះមានអារម្មណ៍មិនសុខស្រួល មិនអាចគ្រប់គ្រងខ្លួនឯងបាន និងមានអារម្មណ៍ថាខ្លួនឯងតែលតាលឯកា។ ការថប់អារម្មណ៍បែងចែកជាច្រើនប្រភេទ វាអាស្រ័យទៅលើសញ្ញានីមួយៗ និងស្ថានភាពរបស់វាដែលបុគ្គលម្នាក់បានជួបប្រទះ។ ការថប់អារម្មណ៍ដែលលើកយកមកនិយាយមានដូចខាងក្រោម៖ ·ការថប់អារម្មណ៍ ·ការតក់ស្លុត ·ការថប់អារម្មណ៍ ឬការខ្លាញសង្គម ។ល។ ការថប់អារម្មណ៍ទូទៅមានសញ្ញាទូទៅរបស់វា គឹបុគ្គលនោះមានការព្រួយបារម្ភហួសហេតុ មិនចំពោះរឿងអ្វីមួយច្បាស់លាស់។ ជាធម្មតាមនុស្សទូទៅតែងតែមានការព្រួយបារម្ភក្នុងកម្រិតណាមួយ ឬក្នុងចំណុចណាមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គេ ប៉ុន្តែសម្រាប់អ្នកដែលមានការថប់អារម្មណ៍ទូទៅ គឺគេមានការព្រួយបារម្ភហួសប្រមាណ វាលើលពីស្ថានភាពដែលកើតមានហើយមានផលប៉ះពាល់ពីការព្រួយបារម្ភនោះ ចេះតែបន្តកើតមានឥតឈប់ឈររយៈពេលយូរ។   គោលសំខាន់នៃការព្រួយបារម្ភរបស់គេរួមមាន៖   ការបារម្ភពីសុខភាពហួសហេតុ ការបារម្ភគឺបញ្ហាសេដ្ឋកិច្ចគ្រួសារហួសហេតុ ការបារម្ភបីការទទួលខុសត្រូវការងារហួសហេតុ ការព្រួយបារម្ភពីសុវត្ថិភាពសមាជិកគ្រួសារហួសហេតុ សូម្បីតែពេលខ្លះសមាជិកគ្រួសារណាម្នាក់ត្រឡប់ មកផ្ទះយឺតយ៉ាងតិចតួចក៏អាចធ្វើឲ្យគេមានការព្រួយបារម្ភហួសវិស័យដែរ។ ការព្រួយបារម្មណ៍ទាំងនោះហួសពីសមត្ថភាពដែលបុគ្គលនោះគ្រប់គ្រងខ្លួនឯងបានហើយអាចរំខានដល់កិច្ចការរបស់គេទៀតផង។   អារម្មណ៍ទាំងនោះអាចអមដោយបញ្ហារាងកាយមួយចំនួនផងដែរដូចជា ការឈឺចាប់ និងតានតឹងតាមសាច់ដុំ ឈឺក្បាល បត់ជើងតូចញឹកញាប់ ពិបាកលេបចំណី ឬញាក់សាច់ដុំជាដើម។​ មានមនុស្សមួយចំនួន ការថប់អារម្មណ៍ និងការព្រួយបារម្ភរ៉ាំរ៉ៃអាចកើតមានគ្រប់កាលៈទេសៈ និងគ្រប់ហេតុការណ៍ទាំងអស់។អ្នកជំនាញសុខភាពកំណត់កំណត់ថាជាការថប់អារម្មណ៍ទូទៅខណៈមូលហេតុដែលបណ្តលឲ្យកើតមានការថប់បារម្ភនេះ ពុំបានត្រូវកំណត់ឲ្យច្បាស់លាស់នោះទេ។ ជារួមអ្នកជំនាញយល់ថា​ មូលហេតុដែលបណ្តាលឲ្យកើតមានការថប់បារម្ភទូទៅរួមមាន កត្តាជីវសាស្រ្ត និងបទពិសោធន៍ពីព្រឹត្តការណ៍រន្ធត់ណាមួយដែលធ្លាប់កើតមានការកើតមានក្នុងជីវិត។  វាជារឿងធម្មតាសម្រាប់អ្នកមានការថប់បារម្ភ គឺតែងតែរួមមានបញ្ហាវេជ្ជសាស្រ្តមួយចំនួនរួមផ្សំផងដែរដូចជាការក្រៀមក្រំនិងភ័យរន្ធត់ជាដើម។ទាំងនេះអាចបណ្តាលមកពីប្រតិកម្មគីមីដែលអាចកើតមាន នៅក្នុងប្រពន្ធ័ប្រសាទនៃខួរក្បាល។ (មានត)   សញ្ញាណមួយចំនួននៃការថប់អារម្មណ៍រ៉ាំរ៉ៃ៖     ចំណុចសំខាន់បំផុតនោះគឺវាមានភាពរ៉ាំរ៉ៃ និងការព្រួលបារម្ភដែលមិនសមហេតុផល និងមិនអាចបញ្ឍប់បាន ហើយតែបន្តកើតមានជាប់ៗគ្នា។ អ្នកមានបញ្ហានេះនឹងមានអារម្មណ៍ថា​ពិបាកគ្រប់គ្រងការព្រួយចិត្តរបស់ខ្លួនណាស់។ជាងនេះទៅទៀតក្នុងដំណាក់កាលនេះអ្នកអាចមានបញ្ហា អាចនឹងមានបញ្ហារាងកាយមួយចំនួនផងដែរដែលទាក់ទងនឹងការថប់អារម្មណ៍។ យ៉ាងហោចណាស់មានសញ្ញាណបីក្នុងសញ្ញាខាងក្រោមនេះអាចលេចឡើងលើកសពី៦ខែដូចជា៖ ·ឆាប់រំភើបញាក់ញប់មិនអាចស​ម្រាកបានស្រួល ·ងាយវិលមុខ អស់កម្លាំង ·មិនអាចផ្ចង់អារម្មណ៍ និងហាក់បីដូចជាគិតមិនចេញបានសោះ ·ក្រហល់ក្រហាយក្នុងរាងកាយ ឬក្នុងពោះ ·តឹងណែនសាច់ដុំ ·បញ្ហាដំណេក(ពិបាកគេង ឬគេងហើយក្រោកមិនរួច គេងមិនស្គប់ និងគេងមិនឆ្អែត)។ ពិសេសជាងនេះទៅទៀត អ្នកមានអារម្មណ៍ថប់ និងមានការព្រួយបារម្ភ គឺមិនកំណត់ថាវាកើតមានឡើងជាក់លាក់ទៅលើបញ្ហាអ្វីមួយ ឬចំពោះព្រឹត្តិការណ៍អ្វីមួយច្បាស់លាស់នោះទេ ដូចជាភាពតក់ស្លុតដោយហេតុការណ៍ណាមួយនោះឡើយ ឬដោយសាររងភាពអាម៉ាសពីបញ្ហាអ្វីមួយជាក់លាក់ឡើយ៕ បកស្រាយដោយ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោប​ល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្ត្រ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ការស្រាវជ្រាវដែលកំពុងរីកចម្រើនមួយបានបង្ហាញថា«ការស្លាប់ ឬការបាត់បង់មនុស្សជិតស្និទ្ធនឹងអ្នក គឺមិនគ្រាន់តែមានអារម្មណ៍ថាឈឺចាប់ខូចចិត្តប៉ុណ្ណោះទេ តែវាអាចបណ្តាលឲ្យមានការផ្លាស់ប្តូរផ្នែករាងកាយដែលអាចនាំឲ្យមានជំងឺបេះដូងធ្ងន់ធ្ងរ»។ ការស្រាវជ្រាវថ្មីមួយនេះបានរកឃើញថាអ្នកដែលមានដៃគូរបស់ពួកគេស្លាប់ គឺមានហានិភ័យខ្ពស់នៃការមានចង្វាក់បេះដូងលោតមិនទៀងទាត់ (Atrial Fibrillation) ហើយផលប៉ះពាល់របស់វាគឺយូរអង្វែង។ ក្រុមអ្នកស្រាវជ្រាវបានកំពុងតែសិក្សាពីបាតុភូតមួយដែលគេហៅថា Stress Cardiomyopathy ឬ Broken Heart Syndrome គឺមានន័យថានៅពេលដែលមនុស្សម្នាក់ស្ថិតនៅក្នុងព្រឹត្តិការណ៍ដ៏ស្ត្រេស និងសោកសៅមួយដូចជាការស្លាប់នៃមនុស្សជាទីស្រឡាញ់របស់គេជាដើម អាចធ្វើឲ្យគេបានអារម្មណ៍ឈឺចាប់ដូចគាំងបេះដូងអីចឹង។ រោគសញ្ញាដទៃទៀតមានដូចជាអាការៈពិបាកដកដង្ហើម ឈឺទ្រូង ប៉ុន្តែមិនមានការស្ទះនូវសរសៃអាកទែរនោះទេ។ ក្រុមអ្នកជំនាញបានសង្ស័យថាវាអាចកើតឡើងដោយសារតែការកើនឡើងនៃអ័រម៉ូនស្ត្រេសដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍មួយដែលប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ នៅក្នុងការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Open Heart ក្រុមអ្នកស្រាវជ្រាវបានសង្កេតមើលថាតើការបាត់បង់ដៃគូអាចរួមចំណែកក្នុងការបង្កើននូវហានិភ័យខ្ពស់នៃជំងឺ Atrial Fibrillation ដែរឬទេ ហើយបើសិនជាវាដូច្នេះមែន តើហានិភ័យនោមានកម្រិតប៉ុនណា។  ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើបញ្ជីចុះឈ្មោះអ្នកជំងឺនៅក្នុងប្រទេសដាណឺម៉ាកដែលមានមនុស្ស 88,600 នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន Atrial Fibrillation។ ពួកគេក៏បានរកឃើញដែរថា «អ្នកដែលបានបាត់បង់ដៃគូមានទំនោរនឹងមាន Atrial Fibrillation ប្រមាណជា 41% នៅក្នុងខែទីមួយបន្ទាប់ពីការបាត់បង់នៃដៃគូរបស់ពូកគេ នេះបើប្រៀបធៀបជាមួយអ្នកដែលមិនបានជួបព្រឹត្តិការណ៍បែបនេះ»។ ហានិភ័យកាន់តែខ្ពស់មួយសម្រាប់លក្ខខ័ណ្ឌបែបនេះបានបន្តរហូតដល់រយៈពេលពេញមួយឆ្នាំ។ ពួកគេថែមទាំងបានរកឃើញថាហានិភ័យនេះ គឺមានខ្ពស់ចំពោះមនុស្សដែលមានវ័យក្មេង និងចំពោះអ្នកដែលបានបាត់បង់ដៃគូរបស់ពួកគេភ្លាមៗឬដោយមិនបានដឹងមុន។ លោក Simon Graff ដែលជាអ្នកស្រាវជា្រវនៅក្នុងនាយកដ្ឋានសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Aarhus បាននិយាយថា «ការសិក្សារបស់លោកនេះបានបន្ថែមភស្តុតាងទៅនឹងការរីកចម្រើនចំណេះដឹងនៃទំនាក់ទំនងចិត្ត និងបេះដូងថា គឺជាទំនាក់ទំនងដ៏មានឥទ្ធិពលមួយ ហើយការសិក្សាស្រាវជ្រាវបន្ថែម គឺត្រូវបានធានា»។ លោកបានបន្តទៀតថា «Broken Heart Syndrome គឺជាជំងឺមួយផ្សេងទៀតដែលមានលក្ខណៈខុសពីជំងឺដទៃ ប៉ុន្តែយន្តការនៃការវិវត្តនៃជំងឺអាចមានលក្ខណៈដូចគ្នា។ ដូចជាការកើនឡើងនៃអ័រម៉ូនដែលធ្វើឲ្យមានការរលាក និងអតុល្យភាពនៅផ្នែកដែលមិនអាចគ្រប់គ្រងបាននៃប្រព័ន្ធប្រសាទរបស់យើង។» វេជ្ជបណ្ឌិត Harmony Reynolds គឺជាគ្រូពេទ្យឯកទេសបេះដូងនៅ NYU Langone Medical Center ក៏បានសិក្សាអំពីទំនាក់ទំនងរវាងស្ត្រេស និងបេះដូងដែរនោះ បានមានប្រសាសន៍ថាទំនាក់ទំនងនេះ គឺត្រូវបានទទួលស្គាល់នៅក្នុងសមាគមន៍វេជ្ជសាស្ត្រ ប៉ុន្តែអ្វីដែលអាចធ្វើបាននោះគឺវាស្ថិតនៅក្រោមការសិក្សានៅឡើយ។ លោកស្រីបាននិយាយថា «យើងមិនអាចបញ្ឈប់នូវស្ថានភាពស្ត្រេសមិនឲ្យកើតមានឡើងក្នុងជីវិតយើងបានឡើយ ប៉ុន្តែវាមាននូវវិធីសាស្ត្រជាច្រើន ដើម្បីផ្លាស់ប្តូរការស្ត្រេសមិនឲ្យមានការប៉ះពាល់ដល់រាងកាយរបស់យើង។» លោកស្រីបានបន្តថា «មានសកម្មភាពជាច្រើនដែលអាចបង្កើនសកម្មភាពរបស់ប្រព័ន្ធប្រសាទដូចជា ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ការសមាធិ យោគៈ (Yoga) និងការហាត់ដកដង្ហើមជាដើម។» ពេលខ្លះ ស្ថានភាពមិនត្រូវបានរំខានដោយទុក្ខព្រួយនោះទេ ប៉ុន្តែវាអាចជាស្ថានភាពស្ត្រេសដទៃទៀតដូចជាការរំភើបដោយសារការត្រូវឆ្នោតដ៏ធំមួយជាដើម។ ការសិក្សាថ្មីនេះថ្វីត្បិតតែមានទំហំធំ ប៉ុន្តែវាមិនអាចសន្មតបានថាអារម្មណ៍បាត់បង់នរណាម្នាក់ពិតជាអាចបណ្ដាលឲ្យមានជំងឺ Atrial Fibrillation ដោយផ្ទាល់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេដែលមានការលើកឡើងថាកត្តាជីវិតមួយចំនួនដែលធ្វើឲ្យយើងស្ត្រេសអាចធ្វើឲ្យយើងមានបញ្ហាបេះដូង។ លោក Graff បាននិយាយថា «ឥលូវនេះការងាររបស់ពួកយើង គឺអាចត្រឹមតែបង្ហាញថាវាពិតជាមានទំនាក់ទំនងគ្នា ប៉ុន្តែយើងសង្ឃឹមថាការសិក្សានេះអាចផ្លាស់ប្តូរផ្នត់គំនិតថាការស្ថិតនៅក្នុងស្ថានភាពទុក្ខព្រួយគឺមិនមែនប៉ះពាល់ត្រឹមតែផ្លូវចិត្តនោះទេ តែវាប្រហែលជាអាចប៉ះពាល់ដល់រាងកាយរបស់យើងផងដែរ។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ។   កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើកមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺខ្ញុំចង់ក្លាយជា វេជ្ជបណ្ឌិតឯកទេសម្នាក់។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10ឆ្នាំរួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សមត្ថភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀត គឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។   ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គច្រើនគួរសមដែរ ជាពិសេសគឺភាសា និង ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។ ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។   ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។     សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។    ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។    ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់ និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បង និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។     រឿងចម្បងមួយទៀត គឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់ និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះគឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដែលកើតឡើងនៅបន្ទាប់មុខរបស់ស្បូន។ បើសិនជាអ្នកជំងឺដឹងបានឆាប់រហ័សនៅពេលដែលទើបនឹងកើតវាអាចព្យាបាលបាន។ នៅពេលអ្នកត្រូវបានពិនិត្យឃើញថាមានជំងឺមហារីកមាត់ស្បូនការទទួលទានអាហារមានសារធាតុចិញ្ចឹមវាអាចជួយធ្វើអោយអាការៈជំងឺនៅក្នុងរាងកាយបានប្រសើរឡើង។ ហេលស៍ថាម នឹងលើកយកមកបញ្ហាដែលសក្ដិសមសម្រាប់អ្នកជំងឺមហារីកមាត់ស្បូន មកចែកជួនអ្នកអានទាំងអស់គ្នា។ ·អាហារធញ្ញជាតិ៖អាហារធញ្ញជាតិគីផ្នែកមួយដ៏សំខាន់សម្រាប់របបអាហារព្រោះវាសម្បូរទៅដោយជាតិសរសៃនឹងវីតាមីនជាច្រើនមុខ។ចំណែកអត្ថប្រយោជន៏អាហារធញ្ញជាតិសម្រាប់អ្នកជំងឺមហារីកមាត់ស្បូនវិញគឺវាអាចជួយកាត់បន្ថយឱកាសនៃការរីលរាលដាលនៃជំងឺវាថែមទាំងជួយពង្រឹងនិងជួយដល់ដំណើរការរបស់អេស្ត្រូជេនដែលជាអ័រម៉ូនអាចបណ្ដាលអោយមានជំងឺមហារីកមាត់ស្បូនឲ្យដើរស្រូលបើសិនជាវាមានច្រើនហួសកំណត់នៅក្នុងរាងកាយ។ អ្នកអាចទទួលទាននំបុ័ងស្រូវសាឡី ឬអាហារធ្វើពីគ្រាប់អញ្ញជាតិផ្សេងៗទៀត។ ·បន្លែ៖ នៅក្នុងបន្លែជាប្រភេទនៃសារការធាតុចិញ្ចឹមរួមមានវីតាមីនAនឹងជាតិសរសៃយ៉ាងច្រើន សន្ធឹកសន្ធាប់។ការទទួលទានបន្លែច្រើនជាងសាច់សត្វអាចជួយទប់ស្កាត់ជំងឺមហារីកស្បូន ហើយវាក៏អាចជួយព្យាបានជំងឺនេះផងដែរ។រាងកាយរបស់យើងត្រូវការវីតាមីននឹងជាតិរ៉ែដើម្បីប្រយុទ្ធនឹងជំងឺដូចជាជំងឺមហារីកជាដើម។បន្លែក៏ជាអង់ទីអុកស៊ីដាយមួយដែលអាចជួយប្រយុទ្ធនឹងមហារីកមាត់ស្បូនដ៏មានប្រសិទ្ធបំផុត។លោកអ្នកអាចទទួលទានបន្លែបៃតងទាំងឡាយដែលមានដូចជា ប្រូកូលី ផ្ទី និងសាឡាដ សុទ្ធតែជាអាហារដែលសក្តិសមបំផុត។ ·អាហារផ្ទុកជាតិបេតាការ៉ូទីន៖ ផ្លែឈើទាំងអស់សុទ្ធតែមានសារធាតុចិញ្ចឹមនិងជាអង់ទីអុកស៊ីដាយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។នៅក្នងនោះផ្លែត្រសក់ស្រូវមានផ្ទុកសារធាតុបេតាការ៉ូទីនដែលជាសារធាតុអាចបំលែងទៅជាវីតាមីនAក្នុងរាងកាយចំពោះស្ត្រីដែលទទួលទានអាហារមានជាតិបេតាការ៉ូទីនអាចកាត់បន្ថយអត្រាកើតជំងឺមហារីកមាត់ស្បូន27%។ក្រៅពីត្រសក់ស្រូវលោកអ្នកក៏បានរកទទួលទាននូវអាហារមានសារធាតុបេតាការ៉ូទីនដែលមាននៅក្នុង ការ៉ុត ដំឡូងបាំរាំង ផ្លែក្រូច ម្រេចផងដែរ។ ·តៅហ៊ូ៖ តៅហ៊ូមានប្រភពមកពីសណ្ដែកសៀងដែលមានអត្ថប្រយោន៏ដល់សុខភាពរបស់ស្ត្រីចំពោះស្ត្រីដែលទទួលទានតៅហ៊ូជំនួសផ្នែកតូចនៃការទទួលទានសាច់សត្វអាចជួយកាត់បន្ថយ អត្រាកើតជំងឺមហារីកមាត់ស្បូនបាន។តៅហ៊ូអាចផ្ដល់ផលប្រយោជន៏ក្នុងអំឡុងពេល ព្យាបាលជំងឺមហារីកមាត់ស្បូនផងដែរ។  ជំនួយការទទួលទានសាច់គោ សាច់ជ្រូក នឹងសាច់មាន់ដែលអ្នកអាច បែបមកទទួលទានអាហារមាន តៅហ៊ូចូលផ្សំវិញ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីចំនួនតៅហ៊ូដែលអាចទទួលទានបានចំពោះអ្នកជំងឺ មហារីកស្បូន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់ផ្ទៃមុខមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាពិសេសសម្រាប់សុភាពនារីទាំងឡាយ។បើកាលណាផ្ទៃ មុខអ្នកទាំងអស់គ្នាជួបនៅបញ្ហាឡើងកន្ទួល​ ក្រហម ឬមុននោះវានឹងធ្វើឲ្យបាត់បង់នូវភាពទាក់ទាញ។   តើអ្វីទៅជាជំងឺមុខក្រហម? ជំងឺមុខក្រហម គឹជាជំងឺមួយប្រភេទដែលភាគច្រើនកើតមានឡើងនៅលើផ្ទៃមុខបុរសស្ត្រីទូទៅដែលមានស្បែកស្ថិតនៅក្នុងប្រភេទទី១ ទី២ ហើយមានអាយុកចន្លោះពី៣០‍‍‍‍‍‍‍ដល់៥០ឆ្នាំ។ ជំងឺនេះមានទម្រង់ប្រហាក់ប្រែលនឹងមុនដែរ តែវាជាការរលោកដោយរុំារ៉ៃទៅលើក្រពេញខ្លា្ញញ់​និងគល់រោមលើស្បែកមុខ។ការរលាកនេះអាចនាំឲ្យឈាមដល់ការរីកធំនៃសរសៃឈាមតូចៗនៅលើផ្ទៃមុខដែរ។   មូលហេតុបង្កជំងឺ​ជាការពិតមូលហេតុទាក់ទងនឹងជំងឺមុខក្រហមនេះ គឺគេមិនដឹងច្បាស់លាស់នោះទេ ។ ប៉ុន្តែគេអាចសន្និដ្ឋានបានថា វាអាចបណ្ដាលមកពីបញ្ហាសេនេទិច បញ្ហាបរិស្ថាន​(កម្ដៅថ្ងៃក្ដៅខ្លាំងឬ ត្រជាក់ខ្លាំង) បញ្ហាស្ត្រេស​ បញ្ហារោគក្រពះ (រលោកក្រពះដោយមេរោគ Helicobacter pylori) ការញុំអាហារហិលពេក  សេពគ្រឿងស្រវឹង ខ្វះវីតាមីនមួយចំនួ​នដូចជា Vitamins Bcomplex ,Zinc។ល។ ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានជាតិផ្សំខ្លាំងពេក ទាក់ទងទៅនិងប្រព័ន្ធការពារខ្លួនយើងជាមួយមេរោគមួយចំនួនដូចជា Demodex Follicularis   ប្រភេទជំងឺមុខក្រហមនិង រោគសញ្ញា ករណីមុខក្រហមនេះយើងអាចចែកជា៣ប្រភេទគឺ៖ ·ប្រភេទទី១ជាប្រភេទស្រាល ៖អ្នកជំងឹក្រាន់តែមានបញ្ហាក្រហមលើស្បែកមុខនិងមានឡើងសរសៃក្រហមឆ្មារៗនៅលើផ្ទៃមុខ ។ ·ប្រភេទទី២(រួមផ្សំនិងប្រភេទទីមួយខាងលើ) ៖ គឺមានសរសៃក្រហមឆ្មារៗហើយករណីខ្លះអាចមានឡើងកន្ទួលក្រហមដុំៗ និងមានខ្ទុះនៅលើផ្ទៃមុខផងដែរ ។ ·ប្រភេទទី៣​ ជាប្រភេទធ្ងន់ធ្ងរ ៖ ​អ្នកជំងឺមានរោគសញ្ញាប្រភេទទី១និងទី២ ហើយសរសៃក្រហមឆ្មារៗទាំងនោះ ស្បែកមុខរិតតែក្រហមខ្លាំងមែនទែន (Telangiectasia) និងមានអ្នកជំងឺខ្លះអាចឡើងកន្ទួលក្រហមធំៗ រហូតដល់ក្លាយទៅជាក្រម៉រ(ដោយសារញេច) មានហូរទឹករងៃ មានអារម្ភក្ដៅនៅលើមុខហើយធ្វើឲ្យឡើងក្រហមទាំងភ្នែកទៀតផង។ ចំនុចមួយទៀតនោះ ​គឺវាអាចឈានដល់ប្រភេទមួយ​ពាក់ពន្ធ័ទៅនឹងច្រ​មុះដែលធ្វើអោយច្រមុះអ្នកជំងឺរើសឡើងធំ (Rhinophyma) ប៉ះពាល់ដល់សម្ភស្សផ្ទៃមុខ ។   ការព្យាបាល​៖ ការព្យាបាលជំងឹមុខក្រហមគឺពិបាក នឹងឲ្យជាសះស្បើយណាស់។ ជាមួយនេះ គោលបំណងនៃការព្យាបាល គឺវេជ្ជបណ្ឌិតជំនាញធ្វើយ៉ាងណាដើម្បីទប់ស្កាត់និយាយជារួម អ្នកជំងឺ អាចប្រើជាប្រភេទជាអង់ទីប៊ីយ៉ូទិច (លាបឬលេ) មួយចំនួនដូចជាDoxycycline, Erythromycine  ជាដើម ។ ទន្ទឹមនឹងនេះក្នុងករណីសភាពអ្នកជំងឺធ្ងន់ធ្ងរខ្លាំង វេជ្ជបណ្ឌិតជំនាញអាចព្យាបាលបានដោយការវះកាត់ឬប្រើឡេស័រ។ ដទៃពីនេះក៏នៅមានបញ្ហាមួយចំនួនដែលវេជ្ជបណ្ឌិតជំនាញត្រូវពិចារណាផ្ដល់ជូនដល់អ្នកជំងឺអោយបានគ្រប់គ្រាន់ដែរនូវជាតិវីតាមីនមួយចំនួន និងអាហារគួរចៀសវាង ។ លើសពីនេះទៀតអ្នកជំងឺអាចស្អំមុខ ដោយប្រើទឹកត្រជាក់ (ទឹកកក) ឬធ្វើយ៉ាងណាឲ្យគាត់បន្ធូរនៅភាពតានតឹងដោយការហាត់ប្រាណធ្វើសមាធិជាដើម ។ និយាយជារួមការព្យាបាលមួយចំនួន គឺត្រូវធ្វើឡើងតាមប្រភពដែលបង្កឲ្យមានជំងឺនេះឡើង។   វិធីបង្ការជំងឺមុខក្រហម៖ ចំពោះវិធីការពារជំងឺមុខក្រហមនេះ ទី១គឺយើងត្រូវជ្រើសរើសប្រើនូវផលិតផលណាដែលមានកម្រិតជាតិថ្នាំស្រាល។  មកលាងសម្អាតនៅលើផ្ទៃមុខ។ចៀសវាងប្រើផលិតផលណាដែលធ្វើឲ្យរលាកស្បែកមុខ។ចៀសវាងការទទួលទាន គ្រឿងស្រវឹង និងអាហារដែលមានជាតិហិរ។ យើងគប្បីទទួលទានចំណីអាហារដែលមានពពួកស្ពែក្ដោប ខាត់ណា បន្លែបែតងឬទំពាំងបាយជូរឲ្យបានច្រើនព្រោះវាជាប្រភេទអាហាររូបត្ថម្ភជួយការពារកុំឲ្យកើតជំងឺក្រហមមុខនេះឡើង ។ បន្ថែមលើនេះ គួរចៀសវាងនៅកត្តាទាំងឡាយ ណាដែលជាមូលហេតុ បង្កដូចបានជម្រាបជូនខាងលើ ។ ម្យ៉ាងវិញទៀត  គឺយើងអាចថែរក្សាស្បែកមុខដោយការពាក់មួក ឬប្រើកន្សែងក្រមា ដើម្បីការពារកម្ដៅថ្ងៃ ហើយយក ល្អយើងក៏គួរប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃផងដែរ ។   អនុសាសន៏វេជ្ជបណ្ឌិតជំនាញ គួរបញ្ជាក់ឡើងវិញផងដែរថាជំងឺមុខក្រហមមិនមែនជាជំងឺមុនទេ។អ្នកជំងឺមិនអាចព្យាបាលជំងឺនេះដោយក្រាន់តែទៅទិញថ្នាំនៅតាមឱសថស្ថានខ្លួនឯងនោះទេ។​បញ្ហាដែលសំខាន់នោះគឺសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមក ជួយវេជ្ជបណ្ឌិតជំនាញ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។ មានតែវេជ្ជបណ្ឌិតជំនាញទេ  ដែលមានជួយដោះស្រាយបញ្ហានេះបាន។ ជាមួយគ្នានេះក៏សូមអំពាវនាវផងដែលជាផលដែរថាសូមបងប្អូនកុំទទួល ទានគ្រឿងស្រវឺងដែលជាមូលហេតុមួយជំរុញឲ្យកើតជំងឺមុខក្រហមនិងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងសង្គមយើងនាពេលបច្ចុប្បន្នផងដែរ។   បកស្រាយដោយលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អនុប្រធានការិយាល័យបច្ចេកទេស និងជាវេជ្ជបណ្ឌិតជំងឺសើរស្បែកនិងកាមរោគនៃមន្ទីរពេទ្យព្រះកុសមៈ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចេកជាផ្លែឈើមួយប្រភេទគ្មានរដូវដែលប្រជាជនខ្មែរនិយមដាំស្ទើរគ្រប់ផ្ទះ។បើអាចជ្រើសយកផ្លែ ចេកមកបរិភោគបានច្រើនយ៉ាង អាស្រ័យលើការនិយមរបស់មនុស្សម្នាក់ៗ ដូចជាបរិភោគជាផ្លែឈើស្រស់ ជាបង្អែម ជាអន្លក់ និងអាចជាថ្នាំកែរោគមួយចំនួនទៀតផង។  តាមការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថាផ្លែកចេកមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សយើង។ ហេលស៍ថាមនឹងបកស្រាយពីអត្ថប្រយោជន៏នៃការទទួលទានផ្លែចេក។ តើនៅក្នុងផ្លែចេកមានសារធាតុអ្វីខ្លះទៅ? ហើយផ្លែចេកអាចជួយអ្វីខ្លះដល់សុខភាពមនុស្សយើងទៅ?ទាំងនេះ គឺសុទ្ធតែជាសំណួរដែលនឹងត្រូវបកស្រាយជាបន្ទរបន្ទាប់ក្នុងសំណេរនេះ។ បើលោកអ្នកមានជំងឺធ្លា្កក់ទឹកចិត្ត ខ្វះឈាម ទល់លាមក  រលោកក្រពះរលោកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ជំងឺធាត់ សូមកុំបារម្ភផ្លែចេកអាចជួយដោះស្រាយបញ្ហាឲ្យអ្នកបាន។ ការសិក្សាមួយបានបង្ហាញថាផ្លែចេកទុំមានផ្ទុកសារជាតិស្ករបីប្រភេទ ៖ Sucrose, Fructose និង glucos រួមផ្សំនឹងសារធាតុសរសៃដែរ។ គុណតម្លៃនៃផ្លែចេកចំពោះសុខភាព៖ ·ផ្ដល់ថាមពល ៖  ចេកអាចជួយផ្ដល់ថាមពលបានភ្លាមៗ ក្រោយពេលអ្នកបានបរិភោគវា។ ជាទូទៅការបរិភោបផ្លែចេក២ផ្លែអ្នកនឹងមានថាមពលអាចលេងកីឡាបាន៩០នាទី ។ ដូច្នេះគ្មានអ្វីដែលចម្លែកទេដែរផ្លែចេកជាអាហារផ្លែឈើទីមូយនិងចម្បងបំផុតសម្រាប់ អត្តពលិក។ ·ផ្ដាច់បារី ៖ ភាពសម្បូរបែបផ្នែកវីតាមីន B12, B6និងម៉ាញេស្យូមនៅក្នុងផ្លែចេកមានប្រយោជន៏សំខាន់ណាស់សម្រាប់អ្នកដែលចង់ផ្ដាច់បារីព្រោះវាអាចធ្វើឲ្យគេឆាប់បាត់ចំណង់ស្រេក ឃ្លានជាតិនីកូទីនរបស់បារី។ ·ប្រឆាំងនឹងជំងឺលើសឈាម ៖  ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីលី្លក្រាម។ សារធាតុរ៉ែប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកគឺជាសម្ព័ន្ធមិត្តដ៏ចំណានបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។ ·ជំរុញការផលិតគ្រាប់ឈាមក្រហម ៖ ក្រៅពីរ៉ែប៉ូតាស្យូម ចេកមានផ្ទុកសារធាតុរ៉ែផ្សេងទៀតដូចជាកាល់ស្យូមហ្វូស័្វរម៉ាញ៉េស្យូម និងស័ង្កសី។ ដោយកម្រិតសារធាតុរ៉ែដែកខ្ពស់ គ្រូពេទ្យតែងតែណែនាំអ្នកជំងឺខ្វះឈាម បរិភោគផ្លែចេកដើម្បីជួយជំរុញការផលិតគ្រាប់ឈាមក្រហម។ ·សម្រួលផ្លូវអាហារ ៖ សារធាតុសរសៃដែលផ្លែចេកមានផ្ទុកយ៉ាងច្រើននោះជាអ្នកជួយសម្រួលការទល់លាមក និងប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាពោះវៀនមួយចំនូន។ ទន្ទឹមអាការៈឈឺក្រពះ ចេកទុំពិតជាអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នកបាន។ ·ជំងឺធ្កាល់ទឹកចិត្ត៖ ជាតិTryptophaneដែលមានផ្ទុកនៅក្នុងផ្លែចេកគឺជាប្រភេទប្រូតេអ៊ីនម្យ៉ាងជួយបន្ធូរអារម្មណ៏មនុស្ សនិងផ្ដល់ភាពរីករាយ។លើសពីនេះ វីតាមីនB6ដែលមាននៅក្នុងចេកនឹងទៅជួយតម្រែតតម្រង់កម្រិតជាតិស្ករGlucoseក្នុងឈាមឲ្យស្មើល្អ ដែលវាមានប្រយោជន៏ខ្លាំងណាស់ទៅដល់សុខភាពអារម្មណ៏របស់អ្នកធ្លាក់ទឹកចិត្ត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា «ការប្រើប្រាស់កុំព្យូទ័រ ឬស្មាតហ្វូននៅពេលយប់អាចបណ្តាលឲ្យយើងឡើងទម្ងន់ ដែលបានរកឃើញពីទំនាក់ទំនងមួយរវាងពន្លឺពណ៌ខៀវ (Blue Light) ដែលត្រូវបានបញ្ចេញដោយស្មាតហ្វូននិងថេប្លេត និងការកើនឡើងនៃការឃ្លាន»។ ការសិក្សាបានរកឃើញថា ការប៉ះពាល់ទៅនឹងពន្លឺអាចបង្កើនកម្រិតនៃការស្រេកឃ្លានជាច្រើនម៉ោង ហើយថែមទាំងបង្កើនកម្រិតនៃការឃ្លានបន្ទាប់ពីការទទួលទានអាហារទៀតផង។ លទ្ធផលនៃការសិក្សានៅសហរដ្ឋអាមេរិកបានបង្ហាញពី ការប្រៀបធៀបមួយរវាងការប៉ះពាល់នឹងពន្លឺពណ៌ខៀវ និងពន្លឺពណ៌លឿង(Dim Light)ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃការឃ្លានដែលបានចាប់ផ្តើម 15 នាទីបន្ទាប់ពីបានប៉ះពាល់នឹងពន្លឺនោះហើយវានឹងនៅតែបន្តមានវត្តមានរហូតដល់ជិតពីរម៉ោងបន្ទាប់ពីការទទួលទានអាហារ។ ការប៉ះពាល់នឹងពន្លឺពណ៌ខៀវត្រូវបានគេបង្ហាញផងដែរថាវាអាចធ្វើឲ្យមានការថយចុះភាពងងុយគេងនៅពេលល្ងាចហើយបង្កើនហានិភ័យនៃការគេងមិនលក់។ សហនិពន្ធអ្នកស្រាវជ្រាវ Ivy Cheung មកពីសាកលវិទ្យាល័យ Northwestern ក្នុងទីក្រុង Chicago បាននិយាយថា «ការប៉ះពាល់នឹងពន្លឺពណ៌ខៀវក្នុងរយៈពេល 3 ម៉ោងនៅពេលល្ងាចអាចបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការឃ្លាន និងមេតាបូលីសជាតិស្ករក្នុងរាងកាយយើង»។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយឈ្មោះថា Sleep និងត្រូវបានគេធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ Associated Professional Sleep Societies នៅ Minneapolis។ អ្នកដែលបានចូលរួមក្នុងការសិក្សានេះមានមនុស្សពេញវ័យចំនួន 10 នាក់ដែលទទួលបានការគេង និងទទួលទានអាហារមួយទៀងទាត់ ហើយពួកគេទទួលបានអាហារដែលមានជាតិកាបូអ៊ីដ្រាតដូចគ្នា។ ពួកគេបានបញ្ចប់ការសាកល្បងរយៈពេល៤ថ្ងៃជាមួយនឹងពន្លឺពណ៌លឿង ដែលពួកគេបានប៉ះពាល់នឹងពន្លឺនេះតិចជាង 20 Lux (Lux គឺជាខ្នាតសម្រាប់គណនាចំនួនពន្លឺដែលត្រូវបានផលិត) ក្នុងអំឡុងពេល 16 ម៉ោង និងតិចជាង 3 Lux ក្នុងអំឡុងពេល 8 ម៉ោងនៃការគេង។ នៅថ្ងៃទីបី ពួកគេបានប៉ះពាល់នឹងពន្លឺ 260 Lux ក្នុងរយៈពេល 3 ម៉ោង ហើយពន្លឺពណ៌ខៀវបានចាប់ផ្តើមក្នុងរយៈ 10.5 ម៉ោងបន្ទាប់ពីពួកគេបានភ្ញាក់ពីគេង បន្ទាប់មកគេបានប្រៀបធៀបផលប៉ះពាល់របស់វាទៅនឹងការប៉ះពាល់ពន្លឺពណ៌លឿងនៅថ្ងៃទីពីរ។ កញ្ញា Cheung បាននិយាយថាវាទាមទារឲ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់ឲ្យបានអំពីយន្តការនៃសកម្មភាពដែលជាប់ពាក់ព័ន្ធនៅក្នុងទំនាក់ទំនងរវាងការប៉ះពាល់នឹងពន្លឺ ការឃ្លាន និងមេតាបូលីស។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

I. និយមន័យ  ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F)  II. កត្តាបង្កហេតុ 1. មេរោគ (Helicobacter pylori : HP) 2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20% 3. ស្ត្រេស(Stress)កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និង គ្រូពេទ្យឯកទេស  4. ការជក់បារីជាកត្តាជំរុញ 5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា III. ការធ្វើរោគវិនិច្ឆ័យ ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថា មានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណៈរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយ ហើយធូរស្រាល បន្ទាប់ពីបរិភោគអាហាររួច។ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។ IV. ផលវិបាកនៃជំងឺ 1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ  2. ការធ្លាយក្រពះ​ ឬក៏ពោះវៀនតូចជាប់ក្រពះ 3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ 4. បង្កឲ្យទៅជាដំបៅមហារីក។ V. ការព្យាបាល 1. ព្យាបាលដោយថ្នាំលេបរយៈពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេល ជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ  2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។

ចែករំលែក

  សំណួរ ៖ នាងខ្ញុំមានអាយុ ៤០ឆ្នាំ កម្ពស់ ១.៥៥ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម សព្វថ្ងៃខ្ញុំជាមេផ្ទះ។ ប្រហែលរយៈពេល ១ឆ្នាំមកហើយដែលខ្ញុំមានបញ្ហាចុករួយភ្នែក និងមានអាការៈផ្សេងទៀតដូចជាឈឺច្រមុះ និងចុកពេលបោះដៃផុតយូរៗម្តង។ តើមូលហេតុអ្វីបានជាខ្ញុំចេះតែចុករួយភ្នែក? ចម្លើយ ៖ ការចុករួយភ្នែកនេះ  អាចបណ្តាលមកពីជំងឺស្ងួតភ្នែក ដែលមានសញ្ញាផ្សេងៗទៀតដូចជាចង់តែបិទភ្នែក រកាំក្នុងភ្នែក ហូរទឹកភ្នែក ដោយមិនក្រហម ឬហើមឡើយ។ ការព្យាបាលគឺ តម្រូវឲ្យអ្នកជំងឺព្យាយាមសម្រាកឲ្យបានច្រើន គេងឲ្យគ្រប់គ្រាន់ និងឧសហ្សាហ៍លុបលាងមុខដោយទឹកត្រជាក់ជាដើម។ រីឯការចុករួយពេលបោះដៃផុតនោះ ពុំមានការទាក់ទងនឹងជំងឺនេះឡើយ តែវាអាចទាក់ទងនឹងជំងឺផ្សេងទៀតដូចជាជំងឺលើសឈាម ឬទឹកនោមផ្អែមជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

I. និយមន័យ  ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F)  II. កត្តាបង្កហេតុ 1. មេរោគ (Helicobacter pylori : HP) 2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20% 3. ស្រេ្ទស(Stress) 4. ការជក់បារីជាកត្តាជំរុញ 5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា III. ការធ្វើរោគវិនិច្ឆ័យ ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថាមានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណះរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយហើយធូរស្រាលបន្ទាប់ពីបរិភោគអាហាររួច។ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យអោយកាន់តែច្បាស់គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsophagoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។ IV. ផលវិបាកនៃជំងឺ 1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ  2. ការធ្លាយក្រពះ​ ឬក៏ពោះវៀនតូចជាប់ក្រពះ 3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ 4. បង្កឲ្យទៅជាដំបៅមហារីក  V. ការព្យាបាល 1. ព្យាបាលដោយថ្នាំលេបរយះពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេលជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ  2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។  បកស្រាយដោយលោកវេជ្ជបណ្ឌិតឯកទេស អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន ថ្លើម និងឆ្លុះក្រពះពោះវៀន​។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

   យូរៗម្តង យើងអាចចេញទៅញ៉ាំអាហារបែបពិចនិចម្តង ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។   គ្រាន់តាគិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗផ្តល់សុខភាពល្អនិងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។    1.អាហារសម្រន់៖  និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។គ្រាប់ធញ្ញជាតិមិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។   ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ស៊ុតស្ងោរមិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។សាច់ត្រីក្រៀមសម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣   ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។ តំណាប់ផ្លែឈើក្រៀមសម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។   2.អាហារចម្បង ៖  ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ  អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ស៊ូស៊ីកូនកាត់អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។សាន់វិច ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាសឬក៏ថង់រុំអាហារធម្មតាដើម្បីងាយយកតាមខ្លួនឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។សាឡាត់ បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ប៊ីប៊ីឃ្យូមានទាំងសាច់   និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង   ហើយត្រៀមអាហារចម្រុះដូចជាសាច់  និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង  ឬអំបិលម្រេចក្រូចឆ្មារផងដែរ។   3.ភេសជ្ជៈ៖   ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធអ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ទឹកផ្លែឈើរសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែម ទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ទឹកតែម្លិះជាមួយក្រូចឆ្មារអាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។   4.បង្អែម៖  ទុកលាងមាត់ក្រោយពេលអាហារចម្បង។ផ្លែឈើរៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ការ៉េមទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។   វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា  ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។   5.ផ្សេងៗ -ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ) -កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង -សម្ភារៈសម្រាប់រៀបទទួលទានដូចជា   ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។   អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រុក្ខជាតិឱសថនៃកម្ពុជា ត្រូវបានប្រើប្រាស់តាំងពី យូរលង់ណាស់មកហើយ ក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ មានដូចជា អាការៈឈឺក្បាល ការរលាក អាការៈក្អក ជំងឹរាករូស អាការៈគ្រេច ថ្លោះ ជំងឺគ្រុនចាញ់ និង អាការៈក្រោយសំរាលកូន។ ការសិក្សាស្រាវជ្រាវនេះក្រោមចំណងជើង «ការវាយតម្លៃបឋមលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗនៅក្នុងរុក្ខជាតិមួយចំនួនដែលមានប្រភពក្នុងប្រទេសកម្ពុជា» ត្រូវបានធើ្វឡើងក្នុងគោលបំណងធ្វើការវាយតំម្លៃលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗ រួមមាន ស្លឹកថ្នាំជក់ (Leaves of Nicotiana tabacum), ស្មៅរុយ (Whole plant of Vernonia cinerea), សំបកស្តៅ (Barks of Azadirachta indica), ស្លឹកទាបបារាំង (Leaves of Annona muricata), មើមពន្លៃ (Rhizomes of Zingiber cassumunar) និង មើមរមៀត (Rhizomes of Curcuma longa)។ រុក្ខជាតិជាទំរង់ស្ងួត នៃពូជរុក្ខជាតិនីមួយៗ ត្រូវបានយកទៅធ្វើការវាយតំលៃ ដើម្បីធ្វើតេស្តរកសមាសធាតុឱសថ Alkaloids, Phenolic Compounds,Tannins, Flavonoids, Cardiac Glycosides, Steroids, Terpenoids, Essential Oils, Resins, Saponins, Quinones និង Polypeptides។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញឲ្យឃើញថា នៅក្នុងរុក្ខជាតិខាង     លើនេះមានសមាសធាតុឱសថ Phenolic Compounds, Tannins, Flavonoids, Steroids, Terpenoids, Cardiac Glycosides, Resins និង Saponins។ ទិន្នន័យនៃសមាសធាតុឱសថនៃរុក្ខជាតិទាំងនេះ គឺជាប្រភពព័ត៌មានដែលមានសារប្រយោជន៍យ៉ាងខ្លាំង ចំពោះវិស័យឱសថបុរាណនៅកម្ពុជា ហើយវាក៏មានសារប្រយោជន៍យ៉ាងខ្លាំងផងដែរសម្រាប់ការស្រាវជ្រាវបន្តក្នុងគោលបំណងដើម្បីរកអោយឃើញនូវម៉ូលេគុលឱសថថ្មី ដែលចម្រាញ់ចេញពីស្លឹកថ្នាំជក់ ស្មៅរុយ សម្បកស្តៅ ស្លឹកទាបបារាំង មើមពន្លៃ និង មើមរមៀត។ សំគាល់ៈ លទ្ធផលស្រាវជ្រាវនេះត្រូវបានគ្រោងនឹងបោះពុម្ពនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosy នៅខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ។ អត្តបទដោយ ៖ កែវ សំអែល, ម៉េង ចាន់ណែត, អ៊ឹង សុគន្ធវ៉ារី, នូវ វលក្ខណ៍, លន ស្រីអូន, វិចិត្រ ទេពី, វ៉ា ថុងស៊ី, សឿន មករា, ជា ស៊ីន ក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យ នៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top