
- Jun 06, 2017 |
- 7 ឆ្នាំមុន |
- 3.4K មើល
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ថ្នាំអង់ទីប៊ីយ៉ូទិក នឹងអាចកម្ចាត់បាក់តេរីដែលធន់នឹងថ្នាំផ្សះ
អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិចបានអភិវឌ្ឍថ្នាំដ៏សំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីដែលធន់នឹងថ្នាំផ្សះ (Superbugs) ដោយផលិតឡើងវិញនូវថ្នាំផ្សះដែលមានអាយុកាលរាប់ទសវត្សរ៍ហើយ។ ប្រភេទថ្នាំផ្សះ Vancomycin ដែលត្រូវបានគេធ្វើកំណែទម្រង់ គឺត្រូវបានគេជឿជាក់ថានឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធនឹងបាក់តេរី Enterococci ដែលត្រូវបានរកឃើញមាននៅក្នុងមន្ទីរពេទ្យ ហើយវាអាចបង្កជារបួសយ៉ាងគ្រោះថ្នាក់ និងការឆ្លងមេរោគក្នុងឈាម។ ប្រភេទថ្នាំផ្សះដែលត្រូវបានគេប្រើជាង៦០ឆ្នាំហើយនេះ ត្រូវបានគេពិពណ៌នាថា ជាជម្រើសចុងក្រោយនៃថ្នាំអង់ទីប៊ីយ៉ួទិក ហើយវាត្រូវបានប្រើតែក្នុងករណីដែលការព្យាបាលដោយថ្នាំផ្សះផ្សេងទៀតបានបរាជ័យប៉ុណ្ណោះ។ ប៉ុន្តែមេរោគមួយចំនួនបានធន់ទៅនឹងទម្រង់បច្ចុប្បន្ននៃថ្នាំ Vancomycin រួចទៅហើយ។ The UK Press Association បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមកពី The Scripps Research Institute នៃទីក្រុង San Diego រដ្ឋ California បានរៀបរាប់អំពីថ្នាំថ្មីនេះថាវាមានឥទ្ធិពល “ខ្លាំងអស្ចារ្យ”។ Dr. Andrew Edwards ដែលលោក គឺជាសាស្ត្រាចារ្យផ្នែក Molecular microbiology នៅសាកលវិទ្យាល័យ Imperial ទីក្រុងឡុងដ៍ បានប្រាប់ CNN ថា ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងប្រើប្រាស់រយៈពេលជាច្រើនឆ្នាំក្នុងការសិក្សាស្រាវជ្រាវ មុននឹងយកវាទៅផលិតជាថ្នាំសម្រាប់ប្រើប្រាស់។ ការគំរាមកំហែងដល់ទៅ៣ដងសម្រាប់ការឆ្លងមេរោគធ្ងន់ធ្ងរ។ ការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងសារពត៌មាននៃ The National Academy of Sciences បាននិយាយថា ការកែទម្រង់នេះបានបង្កើនសកម្មភាពរបស់ Vancomycin ដល់ទៅ១០០០ដង ដូច្នេះគ្រូពេទ្យអាចប្រើវាក្នុងបរិមាណតិចដើម្បីប្រឆាំងនឹងមេរោគ។ ថ្នាំនេះមានវិធីសាស្រ្ត៣យ៉ាងក្នុងការធ្វើឲ្យពួកបាក់តេរីកាន់តែពិបាកក្នុងការវិវត្តន៍ភាពស៊ាំរបស់វា។ លោក Dale Boger ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសហប្រធាន នៃនាយកដ្ឋានគីមីនៃ The Scripps Research Institute បាននិយាយថា “វាបង្កើនភាពធន់នៃថ្នាំអង់ទីប៊ីយ៉ូទិកនេះ។” លោកបានបន្តថា “ពពួកមេរោគមិនអាចធ្វើការក្នុងពេលដំណាលគ្នាដើម្បីស្វែងរកវិធីគេចផុតពីការកម្ចាត់ចោលរបស់យន្ដការទាំង៣នៃសកម្មភាពរបស់ថ្នាំនេះទេ។ ទោះបីជាពួកវាអាចរកឃើញដំណោះស្រាយចំពោះយន្ដការមួយក្នុងចំណោមយន្ដការទាំង៣នេះក៏ដោយ ក៏ពួកវានឹងត្រូវបានសម្លាប់ដោយយន្ដការ២ទៀត។” អង្គការសុខភាពពិភពលោកបានរំលឹកថា ភាពធន់នឹងថ្នាំផ្សះគឺកំពុងតែកើនឡើងដល់កម្រិតគ្រោះថ្នាក់មួយយ៉ាងខ្ពស់ជុំវិញពិភពលោក ហើយវាបានគំរាមកំហែងដល់សមត្ថភាពក្នុងការព្យាបាលចំពោះការឆ្លងមេរោគទូទៅដូចជា ជំងឺរលាកសួត របេង មេរោគក្នុងឈាម និងជំងឺប្រមេះ។ លោក Edwards បានប្រាប់ CNN ថា “នេះគឺជាការកែប្រែសាមញ្ញមួយដែលបានធ្វើឲ្យថ្នាំនេះកាន់តែមានភាពល្អប្រសើរឡើង។” លោកបានរៀបរាប់ថា វាគឺជាការអភិវឌ្ឍដ៏មាន “សារៈសំខាន់ណាស់” ហើយលោកបានពន្យល់ថា “លោករំពឹងទុកថាវានឺងមានជម្រើសផ្សេងទៀតសម្រាប់ការព្យាបាលមេរោគរាតត្បាតធ្ងន់ធ្ងរនេះ។ វាហាក់បីដូចជាមានថ្នាំផ្សះប្រភេទថ្មីមួយទៀតអញ្ចឹង។” លោក Edwards បានបន្ដទៀតថា “ថ្នាំនេះមិនអាចសម្រេចបានក្នុងពេលដ៏ខ្លីនេះទេ ព្រោះថាទាមទារពេលជាច្រើនឆ្នាំទៀតក្នុងការនៃការធ្វើតេស្តបន្ថែមទៀត។” មនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ លោក Colin Garner ដែលជានាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវថ្នាំអង់ទីប៊ីយ៉ូទិកនៃចក្រភពអង់គ្លេស បានប្រាប់ CNN ថា ការកំណែទម្រង់ថ្នាំនេះគឺមិនមានប្រសិទ្ធភាពចំពោះបាក់តេរីដែលធន់នឹងថ្នាំផ្សះគ្រប់ប្រភេទនោះទេ។ លោកបាននិយាយថា “វាគឺជាវិទ្យាសាស្រ្តដែលគួរឲ្យចាប់អារម្មណ៍ និងល្អមួយ ប៉ុន្ដែវាមិនអាចព្យាបាលភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិកទេ។” លោក ក៏បានបន្ថែមថា “នេះគឺជាការបោះជំហានតូចមួយនៅក្នុងផ្លូវដ៏វែងចំពោះការព្យាយាមដោះស្រាយបញ្ហាធន់នឹងថ្នាំផ្សះនេះ។ នៅចក្រភពអង់គ្លេស យ៉ាងតិចណាស់មានមនុស្ស ១២០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារមេរោគដែលធន់នឹងថ្នាំផ្សះ។ ចំនួននេះវាប្រហែលនឹងជំងឺមហារីកសុដន់ដែរ។” © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក