Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ហេលស៍ថាម ៖ តើអ្វីទៅជាកម្មវិធី «មិត្តជួយមិត្ត»?  PAL ៖ កម្មវិធី «មិត្តជួយមិត្ត» គឺជាកម្មវិធី មួយដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដោយមានបំណងលើកតំកើងភាតរភាព រវាងនិសិ្សតជាសិស្សច្បង នឹងនិស្សិតជាសិស្សប្អូនក្នុងការសិក្សាជាក្រុម។ ដោយមានការចង្អុលបង្ហាញនេះ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ដ (MSA) បានរៀបរៀងកម្មវិធីសិក្សាបែបទំនើបកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការនិសិ្សត ដែលហៅជាភាសាអង់គ្លេសថា Peer-Assisted Learning (PAL) Program។ ហេលស៍ថាម ៖ តើកម្មវិធីដ៏ពិសេសមួយនេះ មានសមាជិកប៉ុន្មាននាក់ជាស្ថាបនិកដែរ? PAL ៖  ក្រុមស្ថាបនិកនៃកម្មវិធី «មិត្តជួយមិត្ត» ដែលយើងហៅកាត់ថា (PAL)នេះមានចំនួនបីរូបគឺ៖ ១. កញ្ញា ឃឹម ណាំហ្គេច ៖ ជាអនុប្រធានសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិសិ្សតថ្នាក់ឯកទេសចក្ខុរោគ ឆ្នាំទី២  ២. លោក លឹម សេងឃួន ៖ ជាសមាជិកនៃសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិស្សិតឆ្នាំទី៦ក្នុងកម្មវិធីសិក្សាអន្តរជាតិ ៣. កញ្ញា យី វណ្ណារី ៖ ជានិស្សិតអន្តេវិសិក ឆ្នាំទី៧។        ស្ថាបនិកទាំង៣រូបសុទ្ធតែបានបញ្ចប់ការសិក្សាវគ្គគរុកោសល្យ Essential Skills in Medical Education (ESME online course)  ដែលបង្កើតដោយ សមាគមសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅអឺរ៉ុប: Association for Medical Education in Europe (AMEE)។ ហេលស៍ថាម ៖ តើ PAL មានចក្ខុវិស័យបែបណាខ្លះដែរក្នុងដំណើរការកម្មវិធីរបស់ខ្លួន? PAL ៖  PAL ដំណើរការដោយផ្តោតលើចក្ខុវិស័យធំៗ ៣រួមមាន៖ •បង្កើនសមត្ថភាពស្វ័យសិក្សារបស់និស្សិត  •បង្កើតបរិយាកាសដែលគាំទ្រដល់ការសិក្សា •បណ្តុះគំនិតឲ្យមានវប្បធម៌ក្នុងការចែករំលែក ហេលស៍ថាម ៖ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ តើPAL មានMissionsអ្វីខ្លះ? PAL ៖  សម្រាប់ជំនាន់ទីមួយកន្លងមក ជាមួយនឹងការបង្កើតជាថ្នាក់រៀនមួយសម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៣ ចំនួន ៣០នាក់ ដែលមានរយៈពេល៣ខែ  PALបានត្រៀមបង្កើត ក៏ដូចជារៀបចំនូវ៖ •កម្មវិធីសិក្សាដែលមានលក្ខណៈស្តង់ដា និងបង្កើតនូវបរិយាកាសមួយដែលប្លែកពីបរិយាកាសសិក្សានៅក្នុងថ្នាក់រាល់ដង  •សមត្ថភាពក្នុងការបង្កើនជំនាញអនុវត្ត ចំណេះដឹង និងឥរិយាបថ •ការវាយតម្លៃលើសមត្ថភាពសិក្សា ដើម្បីវាស់វែងទៅលើប្រសិទ្ធភាពនៃកម្មវិធីសិក្សា និងថ្នាក់រៀន  ហេលស៍ថាម ៖ ទាក់ទិននឹងការបង្កើតជាកម្មវិធីនេះឡើង តើPAL ជួបប្រទះនឹងឧបសគ្គ ឬភាពលំបាកអ្វីខ្លះ? PAL ៖  តាមការពិតទៅ កិច្ចការងារអ្វីក៏មានភាពលំបាក និងងាយស្រួលដែរ សម្រាប់កម្មវិធីដ៏ថ្មីស្រឡាងសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅកម្ពុជាមួយនេះ ឧបសគ្គជាចម្បង គឺមានតែកង្វះខាតលើ២ចំណុចរួមមាន ៖ •កង្វះធនធានមនុស្ស ៖ ត្រង់នេះ គឺសំដៅលើសមាជិកជារៀមច្បងដែលត្រូវបង្ហាត់បង្ហាញដល់និស្សិត ដោយហេតុថា ពួកគេត្រូវមានទាំងចំណេះដឹងវេជ្ជសាស្រ្ត និងផ្នែកគរុកុសលនៃផ្នែកវេជ្ជសាស្រ្តផងដែរ  •កង្វះធនធានហិរញ្ញវត្ថុ ៖ ជាការចាំបាច់ដែលជួយគាំទ្រដល់ការសិក្សា ពីព្រោះដើម្បីដំណើរការថ្នាក់រៀនក៏មានតម្រូវការឯកសារ និងសម្ភារៈសិក្សាផ្សេងៗសម្រាប់សម្រួលដល់ការសិក្សា។  ហេលស៍ថាម ៖ តើអ្វីខ្លះជាសកម្មភាពធំៗដែលPAL បានរៀបចំឡើង? PAL ៖  នៅក្នុងថ្នាក់រៀនដែលបានយើងបានដំណើរការកន្លងមក មានសកម្មភាពធំៗមួយចំនួនដូចជា ៖ •សកម្មភាពបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យសិស្សនិស្សិតទាំងអស់មានសមត្ថភាពក្នុងការពន្យល់គ្នាទៅវិញទៅមក •ការសិក្សាជាក្រុមតូចៗ ដើម្បីឲ្យសិស្សអាចចូលរួមសកម្មភាពក្នុងថ្នាក់រៀនបានទាំងអស់គ្នា •ការសិក្សាបង្ហាញត្រាប់ ដើម្បីបង្កើនសមត្ថភាពលើជំនាញអនុវត្ត •បែបបទនៃការសិក្សាដែលផ្ទុយពីអ្វីដែលនិស្សិតធ្លាប់សិក្សានៅក្នុងថ្នាក់រៀន ជាក់ស្តែងដូចជា ការយកមេរៀនទៅមើលនៅផ្ទះ ហើយត្រលប់យកការងារផ្ទះ ឬលំហាត់មកដោះស្រាយក្នុងថ្នាក់វិញ ហេលស៍ថាម ៖ តើសកម្មភាព របស់PAL មានឥទ្ធិពលបែបណាខ្លះដល់ការសិក្សារបស់និស្សិតវេជ្ជសាស្រ្ត ជាពិសេសសិក្ខាកាមដែលបានចូលរួម? PAL ៖  តាមរយៈអ្វីដែលយើងបានធ្វើ យើងគិតថាអ្វីដែលយើងអាចរួមចំណែកជួយដល់ការសិក្សារបស់ពួកគាត់នោះ គឺ ៖ •ការចែករំលែកចំណេះដឹងរវាងនិស្សិត ដែលនេះក៏ស្របជាមួយនឹងយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យផងដែរ •ការយល់ដឹងពីគន្លឹះ ក៏ដូចជាវិធីសាស្រ្តក្នុងការសិក្សាតាមរយៈការបង្ហាត់បង្ហាញរបស់រៀមច្បង ដ៏ដូចជាគំរូដែលសិស្សអាចយកទៅអនុវត្តខ្លួនឯងបាន •សមត្ថភាពស្វ័យសិក្សា ដោយផ្លាស់ប្តូរពីវប្បធម៌ដែលពឹងផ្អែកលើសាស្រ្តាចារ្យ មកជាការពឹងពាក់លើខ្លួនឯងវិញ។ ហេលស៍ថាម ៖ សម្រាប់អនាគត តើPAL នឹងមានគម្រោងអ្វីខ្លះបន្ថែមទៀត? PAL ៖  ពួកយើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសង្ឃឹម និងជឿជាក់ថា យើងនឹងអាច៖ •ពង្រឹងសមត្ថភាពក្រុមរបស់យើងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់និស្សិត និងសាកលវិទ្យាល័យ •ធ្វើឲ្យក្រុមសិក្សានេះមាននិរន្តរភាព ដែលអាចជំនួយដល់និស្សិតជំនាន់ក្រោយៗទៀត •ធ្វើឲ្យកម្មវិធីដែលយើងបានរៀបចំឡើងនេះ ក្លាយជាប្រព័ន្ធសិក្សាដែលអាចជួយដល់និស្សិតគ្រប់ជំនាន់ ហើយបើសិនជាអាច ក៏សង្ឃឹមថា វានឹងក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាផងដែរ។ ហេលស៍ថាម ៖ ងាកត្រឡប់មកវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា តើPAL បានរួមចំណែកអ្វីខ្លះ? PAL ៖  ដោយសារតែនិស្សិតក្នុងវិស័យនេះ នឹងក្លាយជាគ្រូពេទ្យ ដែលមានតួនាទីយ៉ាងដ៏ធំធេងមួយក្នុងការព្យាបាលជំងឺ ក៏ដូចជាអ្នកកំណត់ជោគវាសនារបស់អ្នកជំងឺ ហេតុនេះហើយ មូលដ្ឋានគ្រឹះដែលរួមមានការទទួលយកកម្មវិធីសិក្សាដែលដូចមាននៅក្នុងកម្មវិធី «មិត្តជួយមិត្ត» ពិតជាមានសារៈសំខាន់ ដើម្បីឲ្យពួកគេមានសមត្ថភាពពិតប្រាកដក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួននៅថ្ងៃអនាគត។ ហេលស៍ថាម ៖ ជាចុងក្រោយនេះ តើបងៗមានពាក្យសារអ្វីជូនដល់មិត្តនិស្សិតក្នុងផ្នែកដូចបងដែរឬទេ? PAL ៖  តាមការពិតទៅ គឺមានចំណុចជាច្រើន តែក៏សង្ឃឹមថាមិត្តៗនិស្សិតនឹងចងចាំថា ៖ •ការសិក្សាផ្នែកវេជ្ជសាស្រ្ត មិនត្រឹមតែផ្តោតទៅជំនាញឯកទេសទេ តែគួរតែពង្រឹងទៅលើឥរិយាបថរបស់យើងទាំងក្នុងការរៀន និងការបង្រៀន •ការចែករំលែក ប្រៀបបានដូចជាការបើកទ្វារទទួលចំណេះដឹង ដូចជាពាក្យដែលគេតែងនិយាយថា «To teach is to learn twice » •ពេលដែលមានបំណងចង់ធ្វើអ្វីមួយ មិនត្រូវខ្វល់ខ្វាយថា អាចធ្វើទៅរួចឬក៏អត់ទេ ហើយអ្វីដែលសំខាន់នោះ ត្រូវដឹងថា អ្វីដែលយើងធ្វើ គឺ វាពិតជាត្រឹមត្រូវ ដូចជាកម្មវិធី «មិត្តជួយមិត្ត» របស់យើងជាឧទាហរណ៍មួយស្រាប់។  

ចែករំលែក

  ១.ជីវិតគ្រូពេទ្យ ព្យាបាលថ្នមថែ យប់ថ្ងៃមិនដែលត្អូញត្អែរ ចង់ឲ្យតែរាស្រ្តខ្មែរបានរស់ អ្នកជម្ងឺធ្ងន់ អត់ធន់ប្រឹងប្រែងសង្រ្គោះ ស្រង់ជីវិតពិតឲ្យរស់ ព្រោះមានឈ្មោះគ្រូពេទ្យ។ ២.នៅពេលមានគ្រោះ របួសមហន្តរាយ ផ្ទះុនូវជម្ងឺទាំងឡាយ តែងខ្វល់ខ្វាយ ចិត្តកាយរំលែក ផ្សងនិងគ្រោះថ្នាក់ បង្អាក់ទប់ស្កាត់រោគប្លែក កុំឲ្យឆ្លងរាលដាលពេក គ្រូពេទ្យប្រឹងអន្តរាគមន៏។ R.​ មិនថាថ្ងៃយប់ ថ្ងៃឈប់ថ្ងៃបុណ្យ គ្រូពេទ្យទន់ភ្លន់រង់ចាំស្វាគមន៏ មិនបានសម្រាក ថ្នមថ្នាក់ជួបជុំគ្រួសារឧត្តម ជួបជំុដូចគេ។ ៣.ទោះបីភ្លៀងខ្យល់ អំពល់យ៉ាងណា ឆ្លងកាត់ព្រៃភ្នំជលសា ទាន់ហេតុការណ៏មិនលំបាកទេ ឲ្យបានជោគជ័យ ផុតភ័យជម្ងឺឥតល្ហែ បងប្អូនរួមឈាមជាតិខ្មែរ ព្យាបាលថែគ្រប់គ្នា។ ..............................ភ្លេង............................... ១.ពង្រឹងសីលធម៏ បានល្អគាប់ភ្នែក ខុសឆ្គងជាយថាហេតុ ជាគ្រូពេទ្យ ញាតិចាំនិន្ទា ប្រមាថមើលងាយ និយាយរាយរាប់គ្រាំគ្រា បងប្អូនពុកម៉ែមីងមា ជួយគាំពារគ្រូពេទ្យផង។ ២.ពង្រឹងសមត្ថភាព រៀងរាបមានឈ្មោះ ជម្នះពាក្យអសុរោះ ពេទ្យទាំងអស់ស្មោះសបេះដូង ទឹកចិត្តគ្រូពេទ្យ អនេកអាណិតកន្លង ប្រៀបដូចឪពុកម្ដាយផង បីត្រកងអ្នកជម្ងឺ។ R.​ សូមញាតិប្រុសស្រី ខន្តីសន្ដោស គ្រូពេទ្យខ្លះខុសលើសល់អ្នកឈឺ តែគ្មានចេតនា ដៀលថាឲ្យឮ ពាក្យល្វីងចត់ឈឺ បានឮនោះអី។ ៣.បេះដូងគ្រូពេទ្យ ទូទាំងរដ្ឋា ធំធេងជ្រៅជាងជលសា តែងមេត្តារក្សាតម្លៃ មិនរើសអើងឡើយ ជួយហើយជីវិតប្រុសស្រី សូមបង្គំលើកម្រាមដៃ ជូនពរជ័យរាស្រ្តខ្មែរ។ និពន្ធទំនុកច្រៀង ៖ លោក​ ហុឹម នភា  ច្រៀងដោយ ៖ លោក​ ចន្ទ័ កាពូន ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក

ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ធ្លាប់គិតដែរទេថា ប្រសិនបើមានភាពសកម្ម និងផ្លាស់ប្តូរជាការពឹងផ្អែកលើខ្លួនឯងវិញ នឹងមានភាពខុសប្លែក និងរស់រវើកបែបណាខ្លះ? សាកចុចមើលសកម្មភាពដែលមាននៅក្នុងកម្មវិធី 《មិត្តជួយមិត្ត》 (Peer-Assisted Learning Program) ដែលហៅកាត់ថា PAL ក្នុងវីដេអូខាងក្រោមនេះ.... អាចចុចត្រង់នេះ ១០ សំណួរ នាំអ្នកឲ្យស្គាល់ពីកម្មវិធីថ្មីប្លែកនៃការសិក្សាផ្នែកវេជ្ជសាស្រ្ត «មិត្តជួយមិត្ត»  ដើម្បីស្គាល់អំពីកម្មវិធីពិសេសនេះកាន់តែច្បាស់...

ចែករំលែក

ភាពរីករាយ និងសេចក្តីសុខ គឺជាលទ្ធផលនៃសារធាតុគីមីនៅក្នុងរាងកាយរបស់អ្នក។ ខួរក្បាលរបស់មនុស្សយើងមានផ្ទុកទៅដោយសរសៃប្រសាទ រាប់ពាន់លាន ហើយវាមានទំនាក់ទំនងគ្នាតាមរយៈអ្នកបញ្ជូនសារ (សារធាតុគីមី)។ ពេលអ័រម៉ូន dopamine មានកម្រិតខ្ពស់ អ្នកអាចបង្កើតគម្រោងការ និងធ្វើវាបានយ៉ាងល្អ មិនថាការងារ ឬសេចក្តីស្នេហានោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកកើតទុក្ខ ឬគ្មានអារម្មណ៍ក្នុងការធ្វើអ្វីនោះទេ សូមអានការពិតមួយចំនួន ដែលទាក់ទងទៅនឹងរបបអាហារ ដែលអ្នកគួរទទួលទាន។   ១ Dopamine ជាសារធាតុគីមី ដែលបញ្ចេញមកពី tyrosine ដូច្នេះ អ្នកអាចញ៉ាំអាហារដូចជា គ្រាប់ល្ពៅ ផ្លែឪឡឹក សណ្តែកខៀវ ផ្លែប៉ោម និងចេក ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយឡើងវិញ។ ២ ដើម្បីបង្កើនការផលិត dopamine នៅក្នុងរាងកាយរបស់អ្នក ចូរព្យាយាមទទួលទានសូកូឡា គ្រាប់អាល់ម៉ុន ផ្លែប័រ រមៀត និងបន្លែពណ៌បៃតង។ ៣ Dopamine ជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយការខ្វះសារធាតុមួយនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខ ឬស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ។ ៤ ធ្វើដូចម្តេចទើបដឹងថា អ្នកខ្វះសារធាតុមួយនេះ? រោគសញ្ញាដូចជា មិនអាចផ្ចង់អារម្មណ៍ អស់សង្ឃឹម មិនចង់រួមភេទ ខ្វះការលើកទឹកចិត្ត​ អស់កម្លាំង ងងុយគេង គេងមិនលក់ និងខ្ជិល គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខ្វះសារធាតុមួយនេះហើយ។ ពេលខ្លះ អ្នកមិនចង់ញ៉ាំអាហារអ្វីនោះទេ។ ៥ ជាមួយគ្នានេះផងដែរ អ្នកដែលខ្វះសារធាតុមួយនេះ អាចប្រព្រឹត្តនូវអំពើមិនល្អមួយចំនួនរួមមានដូចជា ការរួមភេទ ប្រើប្រាស់ថ្នាំខុសច្បាប់ លេងល្បែង ដើរផ្សារទិញអីវ៉ាន់ និងផឹកស្រាជាដើម។ ៦ ជំនួសឲ្យការញ៉ាំអាហារគ្មានសុខភាពល្អ អ្នកគួរតែញ៉ាំទឹកដោះគោជូរ ឬអាហារសម្បូរប្រូប៊ីយូទិកដើម្បីជួយបង្កើនការផលិត dopamine។ ៧ រមៀត និងតែបៃតង ក៏ល្អសម្រាប់អ្នកខ្វះសារធាតុមួយនេះដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺរលាកសន្លាក់ឆ្អឹងគឺជា ប្រភេទជំងឺរលាកសន្លាក់ចម្បងនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹក ឆ្អឹង និងឆ្អឹងត្រូវកកិតគ្នា ដែលជាហេតុធ្វើឲ្យហើម តឹងណែន និងឈឺចាប់នៅតំបន់នោះ។ រយៈពេលយូរទៅ សន្លាក់នឹងបាត់បង់ ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ ដែលនឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកធាត់លើសទម្ងន់ ប្រវត្តិគ្រួសារមានកើត ជំងឺនេះ អាយុចាស់ ឬធ្លាប់មានគ្រោះថ្នាក់នៅតំបន់សន្លាក់នោះ។   ប្រសិនបើរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នក ស្ថិតក្នុងកម្រិតមួយស្រាល ឬមធ្យម អ្នកអាចគ្រប់គ្រង ឬព្យាបាលវាបាន តាមរយៈ ៖ - សម្រាក និងមានតុល្យភាពចំពោះសកម្មភាពរបស់អ្នក - ប្រើប្រាស់ទឹកក្តៅ ឬទឹកត្រជាក់ ដើម្បីស្អំនៅតំបន់ដែលមានបញ្ហា - ហាត់ប្រាណតិចៗ តាមការណែនាំពីអ្នកជំនាញជាប្រចាំ - រក្សាទម្ងន់ឲ្យបានល្អ (បើលើស ត្រូវព្យាយាមសម្រកមកធម្មតាវិញ) - ហាត់បន្តឹង ឬធ្វើឲ្យសាច់ដុំនៅជុំវិញសន្លាក់រឹងមាំឡើង ដើម្បីជួយទ្រទ្រង់សន្លាក់បន្ថែម - ប្រើប្រាស់ឧបករណ៍ជំនួយ តាមវេជ្ជបញ្ជាគ្រូពេទ្យ - ប្រើប្រាស់ថ្នាំ ដើម្បីបំបាត់ការឈឺចាប់ និងបំបាត់ការលាក ឬហើមតាមវេជ្ជបញ្ជា - ចៀសវាងធ្វើចលនាខ្លាំងពេក។ ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកពិបាក ឬមិនអាចធ្វើចលនាបាន គន្លឹះណែនាំខាងលើនេះ នៅតែអាចជួយអ្នកបាន ប៉ុន្តែ ការប្រឹក្សាយោបល់ និងការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃបែបនេះ អាចការពារបានដោយការធ្វើឲ្យរាងកាយសកម្ម ថែរក្សាទម្ងន់ឲ្យបានល្អ និងចៀសវាងការរងរបួស និងការធ្វើចលនាដដែលៗញឹកញាប់ខ្លាំងពេក៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

បញ្ហារំលាយអាហារបានបង្កជាអាការៈមិនប្រក្រតីនៅនឹងពោះដែលកើតឡើងជាញឹកញាប់ចំពោះមនុស្សជាច្រើន និងផ្តល់ការរំខានទាំងស្រាល និងធ្ងន់ធ្ងរ។ មានការលើកឡើងមួយបង្ហាញថាបញ្ហាទាំងនេះងាយនឹងកើតចំពោះស្ត្រីច្រើនជាងបុរសដោយសារតែពួកគេងាយនឹងមានប្រតិកម្មចំពោះចំណីអាហារជាងបុរស ដោយសារដំណើរឡើងចុះរបស់អ័រម៉ូននៅក្នុងខ្លួនមនុស្សស្រី។  យ៉ាងណាមិញ លោក Ron Palmon ដែលជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រ និងជំងឺក្រពះពោះវៀននៅ Mount Sinai Medical Center ឯទីក្រុងញូវយ៉ក មានប្រសាសន៍ថា «វាជាដំណឹងល្អមួយដោយហេតុថាក្រពះជាបញ្ហាមួយទូទៅដែលអាចនឹងកើតមានចំពោះមនុស្សគ្រប់តំបន់ ហេតុនេះហើយព័ត៌មាន ទាក់ទិននឹងបញ្ហានេះក៏មានច្រើនផងដែរ» ។ ដើម្បីជួយដល់សាធារណជនដែលជួបប្រទះនឹងបញ្ហាទាំងនោះ ហេលស៍ថាមសូមនាំមកជូនលោកអ្នកនូវវិធី បង្ការនិងវិធីព្យាបាលដែលសុទ្ធតែបានឆ្លងកាត់ការសាកល្បង និងទទួលស្គាល់ថាមានប្រសិទ្ធភាពដែលលោកអ្នកអាចនឹងអនុវត្តបានដូចខាងក្រោម។ បញ្ហាទល់លាមក វិធីបង្ការ៖  អ្នកគួរទទួលទានអាហារដែលមានជាតិសរសៃ និងម៉ាញេស្យូម ព្រោះវាបង្កើននូវបរិមាណអាហារនៅក្នុងពោះវៀនដែលអាចឲ្យលាមកចេញមក យ៉ាងងាយស្រួល។ លោកវេជ្ជបណ្ឌិត Gerard E. Mulllin នៃសាកលវិទ្យាល័យសុខាភិបាល Johns Hopkins បានលើកឡើងថា «ម៉ាញេស្យូមជា ឱសថធម្មជាតិជួយបន្ធូរសាច់ដុំដែលសម្រួលដល់ការធ្វើចលនា និងការស្រូបយកជាតិទឹកហើយក៏ជួយឲ្យលាមកមានជាតិទឹក»។ ប្រភពនៃសារធាតុ ទាំងនេះមាននៅក្នុង ស្ពីណាច់ (ផ្ទី) ពពួកល្ពៅ ផ្កាស្ពៃបៃតង ពពួកជី និងគ្រាប់អាល់ម៉ុនជាដើម។លោកក៏បានណែនាំឲ្យទទួលទានអាហារបំប៉នផងដែរ ជាពិសេសមុននឹងធ្វើដំណើរតាមរថយន្ត ឬយន្តហោះជាដើម។ ការធ្វើដំណើរអាចបង្កឲ្យមានបញ្ហាទល់លាមកដោយសារតែអ្នកទទួលទានទឹក និងធ្វើ ចលនាចុះឡើងតិចជាងប្រក្រតី។ បន្ថែមពីលើនេះផងដែរ ការប៉ះទៅនឹងទម្រង់ជាច្រើននៃបាក់តេរីនៅក្នុងទឹក និងអាហារ ក៏ធ្វើឲ្យបញ្ហានេះកាន់តែ ធ្ងន់ធ្ងរផងដែរ។   វិធីព្យាបាល៖ អ្នកអាចប្រើថ្នាំបញ្ចុះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ (ករណីដែលអ្នកទល់លាមករយៈពេល៣ថ្ងៃ ឬលើសពីនេះ)។ លោក Palmon ក៏បានថ្លែងទាក់ទិននឹង បញ្ហានេះផងដែរថា «ដោយសារតែវាប៉ះទង្គិចដល់ចង្វាក់នៅក្នុងសារពាង្គកាយ ដូច្នេះហើយអ្នកគួរប្រើប្រាស់វាតែម្តងបានហើយមិនអញ្ចឹងទេ លោកអ្នក នឹងត្រូវប្រឈមនឹងបញ្ហានេះជាអចិន្ត្រៃយ៍មិនខាន»។ លោកក៏បានណែនាំឲ្យប្រើប្រាស់ថ្នាំបញ្ចុះដូចជា MiraLAX ដែលមានកម្រិតស្រាល និងមិនមាន រសជាតិ។ វានឹងសម្រួលដល់ពោះវៀន និងធ្វើឲ្យសារធាតុផ្សេងៗហូរបានយ៉ាងស្រួល។ អ្នកក៏អាចប្រើប្រាស់ Mineral Oil ឬ Flaxseed oil (សម្បូរដោយ ជាតិសរសៃ) ដែលជាឱសថធម្មជាតិដ៏សក្តិសិទ្ធិដែលជួយសម្រួលដល់ពោះវៀន។ ទទួលទាន ១ ទៅ ២ ស្លាបព្រាបាយមុនពេលចូលគេងពេលក្រពះទទេ ដើម្បីចៀសវាងការប៉ះពាល់ជាមួយនឹងអាហារ ឬឱសថផ្សេងទៀត។ បន្ទាប់ពីនោះអ្នក គួរទទួលទានទឹក ឬទឹកផ្លែឈើមួយកែវពីក្រោយ។ ជម្រើសផ្សេងៗ៖ ការទទួលទានទឹកតែ Dandelion (ដែលអាចរកជាវបាននៅហាងលក់ទំនិញសុខភាព) ដើម្បីជួយសម្រួលដល់ដំណើររំលាយអាហារ និងសម្រាលដល់អាការៈទល់លាមក ឬ អ្នកអាចទទួលទានទឹកបន្ទាលកន្ទុយក្រពើ (វាមានរសជាតិផ្សេងៗពីគ្នា)​ ព្រោះវាជួយបន្ថយកម្រិតជាតិអាស៊ីត នៅក្នុងក្រពះ និងជាឱសថធម្មជាតិមួយទៀតដែលជួយបង្កើនល្បឿនមុខងារនៃពោះវៀន។ ការម៉ាស្សាលើក្បាលពោះ (ជាពិសេសពីលើចុះក្រោម) រយៈពេលពី ២ ទៅ ៣នាទីក៏ចូលរួមចំណែកដោះស្រាយបញ្ហានេះផងដែរ។ អ្នកក៏អាចធ្វើការរឹតផ្នែកខាងៗនៃជើងរបស់អ្នក ដែលចលនានេះជួយដល់ចំណុច នៅក្នុងប្រព័ន្ធទឹករងៃដែលពាក់ព័ន្ធទៅនឹងចលនានៃពោះវៀនធំ។ រាគ វិធីបង្ការ ៖ ទទួលទានអាហារដែលមិនមានជាតិស្ករក្នុងបរិមាណតិច។ ស្ករគ្រាប់ ឬផលិតផលដែលមានជាតិផ្អែមជាពិសេស Mannitol និង Sorbitol មានឥទ្ធិពល ជាថ្នាំបញ្ចុះពេលដែលត្រូវបានទទួលទានក្នុងបរិមាណច្រើន។ ចៀសវាងជាតិកាហ្វេអ៊ីន និងកាត់បន្ថយស្រ្តេសក៏មានចំណែកផងដែរ ដោយសារតែវាជួយ​ សម្រួលដល់ពោះវៀននិងដំណើរនៃការរំលាយអាហារ។   វិធីព្យាបាល ៖ ទទួលទានចេក បាយ ផ្លែប៉ោម ដែលគេយកមកស្ងោរ ហើយកិនឲ្យម៉ត់ដូចបបរ និងនំប៉័ងអាំងដែលសុទ្ធតែជាប្រភេទអាហារដែលងាយរំលាយ។ អ្នក ក៏អាចប្រើប្រាស់ឱសថដែលអាចទិញបានដោយមិនត្រូវការវេជ្ជបញ្ជា ដូចជា lmodium (lopearamide) ដែលបន្ថយល្បឿនកន្រ្តាក់នៃពោះវៀន ឬ Pepto-Bismol ដែលគ្របដណ្តប់ក្រពះ និងការពារវាពីប្រការរំខានផ្សេងៗ។ ជម្រើសផ្សេង ៖ សាកល្បងប្រើប្រាស់អាហារបំប៉ន Melatonin ដែលជាថ្នាំដ៏មានប្រសិទ្ធភាពក្នុងការជួយឲ្យគេងលក់ ហើយវាក៏ជួយសម្រួលដល់អាការៈរាគផង ដែរ នេះប្រហែលមកពីវាធ្វើឲ្យក្រពះស្ងប់ ហើយរៀបចំប្រព័ន្ធនៅក្នុងរាងកាយត្រៀមរួចរាល់សម្រាប់ទទួលទានដំណេក។ ទឹកតែ ឬស្រាក្រហមក្នុង បរិមាណ ១ ទៅ ២ កែវក៏អាចជួយផងដែរ ដោយសារតែជាតិ Tannins និង​ flavonoids ដែលមាននៅក្នុងភេសជ្ជៈទាំងពីរមុខនេះជួយបន្ថយល្បឿនប្រតិកម្ម នៃពោះវៀន និងតតាំងប្រឆាំងនឹងពពួកមីក្រុបដែលបង្កជាជំងឺរាគផងដែរ។ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន ប៉ុន្តែអ្នកគួរចៀសវាងភេសជ្ជៈដែលមាន ជាតិផ្អែមដោយសារតែពេលដែលសារពាង្គកាយយើងស្រូបយកជាតិស្ករនោះវានឹងធ្វើឲ្យក្រពះរបស់យើងបញ្ចេញទឹកច្រើនជាងពេលដែលទទួលទានអាហារផ្សេង នេះបើយោងតាមប្រសាសន៍របស់លោក Ashley Koff។ ជម្រើសដែលល្អបំផុត គឺទឹកបរិសុទ្ធ ទឹកដូង ឬទឹកតែ ដែលសុទ្ធតែជាប្រភពនៃ អេឡិចត្រូលីត។ អាការៈរកកលចង់ក្អួត វិធីបង្ការ ៖ ប្រសិនបើអ្នកងាយនឹងធីងធោង ឬពុលដោយសារមធ្យោបាយធ្វើដំណើរនោះ អ្នកអាចទទួលទាន Dramamine ឬ Benadryl មុននឹងធ្វើដំណើរ ដោយសារតែ វាអាចប្រឆាំងនឹងសារធាតុដែលបង្កឲ្យមានប្រតិកម្មក្នុងសារពាង្គកាយ និងធ្វើឲ្យខួរក្បាលរបស់អ្នកផ្លាស់ប្តូរផ្នត់គំនិតទៅលើការផ្លាស់ទី។ អ្នកគួរទទួលទានអាហារដែលត្រជាក់ ព្រោះកម្តៅអាចនឹងធ្វើឲ្យអាហារមានក្លិនឈួល។ រសជាតិអាហារដែលនៅជាប់យូរនឹងធ្វើឲ្យក្រពះរបស់អ្នកពិបាក ក្នុងការទប់ស្កាត់អាការៈនេះ ដូច្នេះហើយអ្នកគួរធ្វើការទទួលទានទឹក ឬសម្អាតមាត់ធ្មេញក្រោយពេលទទួលទានអាហារហើយ។ ការ៉េមដែលធ្វើពីការដាក់ ផ្លែឈើឲ្យកកក៏ជាជម្រើសមួយ ដ៏ល្អផងដែរព្រោះជាតិកាបូអ៊ីដ្រាតងាយនឹងរំលាយហើយសារធាតុរាវដែលត្រជាក់ក៏ធ្វើឲ្យដំណើរធ្លាក់ចុះមកក្រោមរលូន ផងដែរ។   វិធីព្យាបាល៖ ព្យាយាមរកអាហារ និងភេសជ្ជៈសម្រាប់ទទួលទានព្រោះថាក្រពះទទេដែលមិនមានអ្វីសោះសម្រាប់ស្រូបយកទឹកអាស៊ីតបណ្តាលឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ព្យាយាមទទួលទានអាហារតិចតួចរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ហើយគួរទុកនំកញ្ចប់ ឬចំណីខ្លះនៅក្បែរក្បាលដំណេកក្នុងករណីដែលអ្នកឃ្លានពាក់កណ្តាល ឬពេលព្រឹកព្រលឹម។     ជម្រើសផ្សេងៗ៖ សាកទទួលទានខ្ញី ជីអង្កាម ឬអាហារផ្សេងៗដែលមានជាតិជូរ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញី និងជីអង្កាមមានប្រសិទ្ធភាពជាមួយនឹងអាការៈ រកកលចង់ក្អួត ដោយសារការប្រើថ្នាំគីមី និងការមានផ្ទៃពោះ។ ការចាប់ជីពចរក៏មានចំណែកក្នុងការបញ្ឈប់បញ្ហានេះផងដែរ។ លោកវេជ្ជបណ្ឌិត Mullin ក៏បានលើកឡើងថា «យើងមានភស្តុតាងដែលគួរឲ្យទុកចិត្តបានដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពមែន។ លោកក៏បានណែនាំអំពីទីតាំង៣សំខាន់ ដែលក្នុងនោះមាន៖ មួយនៅកំភួនដៃ (ប្រហែល ២អ៊ីងពីផ្នត់ដៃមកកាន់ដើមដៃ) មួយទៀតនៅចន្លោះមេដៃ និងដៃចង្អុល (នៅខាងខ្នងដៃ) និងមួយទៀត នៅចន្លោះសរសៃពួរសាច់ដុំនៃម្រាមជើងទីពីរ និងទីបី។ ចំណាយពេលប្រមាណពី ៣ ទៅ ៥នាទីសម្រាប់ទីតាំងនីមួយៗ។ ក្រហាយទ្រូង វិធីបង្ការ ៖  ផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហាររបស់អ្នកប្រសិនបើធ្លាប់ទទួលទានអាហារតែ ៣ពេលហើយច្រើនៗ អ្នកអាចរំលែកវាជា ៥ពេលតូចៗវិញ ដើម្បី ចៀសវាងការដាក់សម្ពាធច្រើនជ្រុលទៅលើក្រពះដែលអាចនឹងរុញច្រានអាស៊ីតឡើងទៅលើបំពង់អាហារ។ ប្រសិនបើអ្នកកើតមានអាការៈបែបនេះ ញឹកញាប់ អ្នកក៏គួរចៀសវាងជីអង្កាម សូកូឡា ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល។ ម្យ៉ាងអ្នកក៏គួរចៀសវាងប្រភេទអាហារដែលចម្អិនដោយប្រើកម្តៅខ្លាំង ហើយប្រើប្រាស់ប័រ និងសាច់ច្រើន ព្រោះអាហារប្រភេទទាំងនេះត្រូវការពេលវេលាច្រើនក្នុងការរំលាយហើយក៏អាចបង្កការរំខានដល់ស្រទាប់ខាងក្នុងរបស់ ក្រពះផងដែរ។ គ្រឿងផ្សំដែលមិនបង្កឲ្យមានអាការៈនេះរួមមាន ពពួកជី រមៀត ផ្កាច័ន្ទ ក្រវាញ ជាដើម។ វិធីព្យាបាល ៖ ទទួលទានឱសថប្រភេទ Antacid (ថ្នាំដែលគ្រប់គ្រងជាតិអាស៊ីតនៅក្នុងក្រពះ) សម្រាប់ប្រភេទជាអង្គធាតុរាវ (Mylanta, Maalox) ដែលបំបែក ជាតិអាស៊ីតបានលឿនជាង ប៉ុន្តែប្រភេទដែលអាចទំពារបាន (Tums) មានប្រសិទ្ធភាពបានយូរជាង។ មនុស្សភាគច្រើននិយមប្រើប្រាស់ AlkaSeltzer តែវាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានដំបៅ ឬដុំមហារីកនិងអ្នកដែលកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយសារតែវាមានផ្ទុកអាស្ពីរីន។ ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ជាញឹកញាប់ ឬធ្ងន់ធ្ងរនោះអ្នកគួរសាកល្បងប្រើថ្នាំដែលបង្ខាំងវត្ថុក្នុងខ្លួនដែលបង្កឲ្យមានប្រតិកម្ម (ដូចជា Pepcid AC) ដែលជួយកាត់បន្ថយទឹកអាស៊ីតក្រពះដោយការបំបាត់សារធាតុដែលផ្តល់សញ្ញាអំពីប្រតិកម្មនោះ។ ជម្រើសផ្សេងៗ ៖ Licorice ជាប្រភេទឱសថដែលពេញនិយមកាលពីសម័យមុនហើយការសិក្សានាពេលថ្មីៗនេះក៏បានបង្ហាញដែរថាវាប្រឆាំងនឹងការរលាកដែលជួយពង្រីក ដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកសាកល្បងវា អ្នកត្រូវប្រើប្រាស់ថ្នំាំគ្រាប់ DGL។ វាមិនផ្ទុកនូវសារធាតុផ្សំដែលបង្កើនបរិមាណទឹក និងសម្ពាធឈាម ឡើយ។ បន្ថែមពីលើនេះផងដែរទាំង ឬសផ្កាត្របែកព្រៃម្យ៉ាងដែលមានឈ្មោះថា Marshmallow និង elm ក៏ជាឱសថសម្រួលអាការៈនេះផងដែរ ដោយវាគ្របដណ្តប់ និងសម្រួលដល់បំពង់អាហារ។ លើសពីនេះទៅទៀត អ្នកគួរកាត់បន្ថយការពត់ពែនខ្លួន និងរាល់ពេលដែលអ្នកទម្រេតខ្លួនសម្រាក ឬគេង អ្នកត្រូវកល់ខ្នើយប្រហែល ៦អ៊ីង (ប្រហែល១៥​ សង់ទីម៉ែត្រ)។ អ្នកក៏គួរបញ្ឈប់ការទទួលទានអាហារផ្សេងៗ យ៉ាងហោចណាស់ ២ ម៉ោងមុននឹង ចូលគេងដើម្បីឲ្យក្រពះទទេស្អាតពេលដែលអ្នកគេង។ ហើមពោះ វិធីបង្ការ ៖ ដាក់កម្រិតចំពោះការទទួលទានអាហារដែលពិបាកនឹងរំលាយ ដូចជាផលិតផលទឹកដោះគោ ផលិតផលដែលមានជាតិផ្អែមសិប្បនិម្មិត និងបន្លែមួយ ចំនួនដូចជា សណ្តែក ផ្កាស្ពៃបៃតង ខ្ទឹមបារាំង និងស្ពៃក្តោប។ បន្លែទាំងនេះមានផ្ទុកនូវស្ករធម្មជាតិដែលភាសាបច្ចេកទេសហៅថា oligosachharide ដែលពិបាកនឹងបំបែក។ ម្យ៉ាងទៀត អ្នកក៏គួរចៀសវាងប្រភេទភេសជ្ជៈដែលមានជាតិហ្គាសផងដែរ ព្រោះវានឹងបង្កើតជាពពុះខ្យល់នៅក្នុងក្រពះរបស់ អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះបរិមាណអំបិលដែលអ្នកទទួលទានផងដែរដោយសារមូលហេតុថាអំបិលបង្កើនជាតិទឹក ហេតុនេះហើយ បរិមានអំបិលក្នុងសារពាង្គកាយកាន់តែច្រើនបរិមាណទឹកក៏ច្រើនផងដែរ។ វិធីព្យាបាល ៖ ប្រើប្រាស់ Gas-X ឬ Mylanta Gas។ វាទាំងពីរមានផ្ទុកនូវសារធាតុផ្សំមួយដែលហៅថា Simethicone ដែលបំបែកពពុះខ្យល់។ អាហារដែលគួរ ទទួលទាន គឺអាហារដែលសម្បូរជាតិសរសៃដូចជាផ្លែប៉ោមជាដើម។ វាបង្កើនបរិមាណអាហារ និងអង្គធាតុរាវក្នុងពោះវៀនដែលអាចឲ្យអាហារធ្វើដំណើរ បានស្រួល។ លោកអ្នកក៏អាចទទួលទានទឹកតៃបៃតង ឬទឹក cranberry ។ ជម្រើសមួយផ្សេងទៀត អ្នកក៏អាចប្រើប្រាស់ Pepper mint capsule ដែលជាឱសថដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ហាក្រពះផ្សេងៗ តាំងពីសម័យអេហ្ស៊ីបបុរាណ។ វាមានប្រសិទ្ធភាពក្នុងការសម្រួលដល់សាច់ដុំក្រពះក្នុង បំពង់អាហារ។  លំហាត់ប្រាណក៏ជាមធ្យោបាយមួយផងដែរ (តែត្រូវប្រាកដថាអ្នកមិនហាត់ប្រាណពេលដែលកំពុងឆ្អែត)។ ការធ្វើចលនាចុះឡើងជួយបញ្ចេញ ខ្យល់ ឬហ្គាសដែលលើសចេញពីប្រដាប់រំលាយអាហារ។ ម្យ៉ាងទៀតញើសដែលបែកចេញពេលដែលអ្នកធ្វើលំហាត់ប្រាណ អាចកម្ចាត់ទាំងជាតិអំបិល និងធាតុរាវដែលលើសដែលជួយឲ្យរាងកាយចៀសផុតពីហើម  ឬហើមពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សព្វថ្ងៃ បញ្ហាទម្ងន់ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍ច្រើន។ គ្រប់គ្នាចង់ដឹងណាស់ថា តើគួរធ្វើដូចម្តេចទើបអាចសម្រកទម្ងន់ បាន? តើគួរធ្វើដូចម្តេច ទើបញ៉ាំហើយ មិនឡើងគីឡូ?  ថ្ងៃនេះ គេហទំព័រយើង មានប្រធានបទពិសេសមួយ ដើម្បីណែនាំឲ្យបងប្អូនបានដឹងថា របបអាហារពេលព្រឹកពិតជាល្អបំផុតសម្រាប់អ្នកដែលចង់ សម្រកទម្ងន់។ ជាការពិតណាស់ អាហារពេលព្រឹក គឺជាអាហារចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ឬខកខានក្នុងការទទួលទាននោះទេ ជាពិសេស អ្នកដែលចង់សម្រកទម្ងន់។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹក នឹងឡើងគីឡូច្រើនជាងអ្នកញ៉ាំអាហារពេលព្រឹកដែលត្រឹមត្រូវ ទៅទៀត។   តើអាហារពេលព្រឹកបែបណាទើបល្អ?  កាហ្វេ? ឬបាយ? ជាការពិត អ្នកគួរតែញ៉ាំអាហារពេលព្រឹក មិនថានំប៉័ង បបរ បាយ ឬគុយទាវនោះទេ។ ការញ៉ាំបែបនេះ នឹងធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយមិនញ៉ាំអាហារផ្សេងៗទៀត ដែលនាំឲ្យអ្នកឡើងគីឡូនោះឡើយ។ ការសិក្សាក៏បានបង្ហាញផងដែរថា ការញ៉ាំអាហារពេលព្រឹកគឺជាផ្នែកមួយ នៃការសម្រកទម្ងន់ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។  អ្នកខ្លះ មិនព្រមញ៉ាំអាហារពេលព្រឹក ពីព្រោះ ពួកគេគិតថា វាអាចកាត់បន្ថយកាឡូរី និងបរិមាណអាហារដែលគេទទួលទាននោះ គេប្រាកដជាស្គម។ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាញ៉ាំច្រើននៅអាហារថ្ងៃត្រង់ អាហាររសៀល បូករួមនឹងអាហារសម្រន់ផ្សេងៗទៀត ហើយជាលទ្ធផលគឺធាត់លើសដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

មនុស្សគ្រប់រូបតែងតែទៅគេង ដើម្បីបន្ថែមមកវិញនូវកម្រិតថាមពលរបស់ពួកគេរៀងរាល់ ១២ម៉ោង ប៉ុន្តែការទទួលទានដំណេកមិនមែនគ្រាន់តែជាការ សម្រាកយកកម្លាំងនោះទេ វាមានរឿងជាច្រើនទៀតដែលយើងគួរដឹង។ ខួរក្បាលបានផ្លាស់ប្ដូរសភាពនៅពេលដែលយើងគេង ហើយការផ្លាស់ប្ដូរនេះ ថែមទាំងជួយកម្ចាត់ចោលនូវសារធាតុពុលនៃសកម្មភាពរបស់កោសិកាប្រសាទដែលបានបន្សល់ទុកពេញមួយថ្ងៃផងដែរ។   ការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការបំផ្លាញដែលបណ្ដាលមកពីការគេងមិនគ្រប់ឡើយ នៅពេលដែលខួរក្បាលមិនបានទទួលការគេងគ្រប់គ្រាន់ បើមានដំណើរការមួយបានចាប់ផ្ដើមនៅក្នុងខួរក្បាលនោះ បានន័យថាវាបានធ្វើការហួសពី សមត្ថភាពរបស់វា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា “ការគេងមិនបានគ្រប់គ្រាន់មានន័យថា ខួរក្បាលបោសសម្អាតនូវស៊ីណាប់ និងតំណភ្ជាប់នៃណឺរ៉ូន មួយចំនួនធំ ហើយការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការខូចខាតនេះបានឡើយ”។ ក្រុមអ្នកឯកទេសផ្នែកប្រព័ន្ធប្រសាទមួយក្រុមមកពី Marche Polytechnic Univeristy បានធ្វើការសិក្សាទៅលើខួរក្បាលរបស់ពពួកសត្វថនិកសត្វ ហើយការឆ្លើយតបរបស់ពួកគេទៅនឹងទម្លាប់នៃការដេក គឺមិនបានល្អទេ ហើយពួកគេបានរកឃើញលទ្ធផលស្រដៀងគ្នារវាងសត្វកណ្ដុរដែលមិនបានដេក និងសត្វកណ្ដុរដែលបានដេកគ្រប់គ្រាន់។ បណ្ដាញប្រសាទ (Glial Cells) ត្រូវបានស្គាល់ថាជាកាវភ្ជាប់នៃប្រព័ន្ធប្រសាទ ដូចកោសិកាផ្សេងៗក្នុងរាងកាយយើងដែរ ណឹរ៉ូននៅក្នុងខួរក្បាលត្រូវបានសម្រួលដោយកោសិកា Glial ដែលមាន ២ប្រភេទផ្សេងគ្នា ដើម្បីជួយទ្រទ្រង់ កោសិកាដែលត្រូវបានប្រើជារឿយៗ និងកោសិកាដែលត្រូវបានហៅថា “ កាវនៃប្រព័ន្ធប្រសាទ” ។ កោសិកា Microglial គឺជាអ្នកទទួលខុសត្រូវសម្រាប់ ការសម្អាតចេញនូវកោសិកាដែលចាស់ៗ និងខូចរេចរឹល តាមរយៈដំណើរការមួយដែលមានឈ្មោះថា Phagocytosisដែលនៅក្នុងភាសាក្រិកបានន័យថា ការត្របាក់ស៊ី។ ការងាររបស់ Astrocytes (ពពួកកោសិកា Glial ដែលមានរាងដូចផ្កាយ)​ គឺទៅកាត់ស៊ីណាប់ទាំងឡាយណាដែលមិនចាំបាច់នៅក្នុង ខួរក្បាល ហើយការធ្វើបែបនេះអាចកែទម្រង់ និងធ្វើឲ្យការតភ្ជាប់បានល្អឡើងវិញ។ ដំណើរការនេះកើតឡើងនៅពេលដែលយើងគេង ដូច្នេះ វាជម្រះ ចោលនូវកោសិកាប្រសាទដែលខូច និងសឹករេចរឹលប៉ុន្តែវាហាក់ដូចជាកើតឡើងដូចគ្នាទៅលើអ្នកដែលគេងមិនបានគ្រប់គ្រាន់។ ទោះបីជាយ៉ាងណា ជំនួសឲ្យអ្វីដែលល្អ ខួរក្បាលត្រូវបានធ្វើការជម្រះចោលហួសកម្រិត ហើយបន្ទាប់មកវាក៏ចាប់ផ្ដើមបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។ លទ្ធផលនៃការធ្វើតេស្តលើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបសកម្មភាពរបស់ Astrocytes ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ហើយពួកគេបាននិយាយថា កណ្ដុរដែលបានដេក គ្រប់គ្រាន់ត្រូវបាន Astrocytes ជម្រះចោល ៥.៧%នៃស៊ីណាប់ ហើយកណ្ដុរដែលត្រូវបានទុកឲ្យភ្ញាក់ ៨ម៉ោង Astrocytes ជម្រះចោល ៧.៣%នៃស៊ីណាប់។ នៅក្នុងកណ្ដុរដែលមិនបានដេកគ្រប់គ្រាន់ជាប្រចាំ Astrocytes ជម្រះចោល ១៣.៥%នៃស៊ីណាប់។ ក្នុងចំណោមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ និងកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ជាប្រចាំ សកម្មភាពនៃ Astrocytes បានកើនឡើង ដូច្នេះហើយពួកគេបានចាប់ផ្ដើមស៊ីផ្នែកខ្លះនៃស៊ីណាប់ ដូចកោសិកា Microglial ដែលពួកវាស៊ីកាកសំណល់ ហើយដំណើរការនេះត្រូវបានស្គាល់ថាជា Astrocytes phagocytosis។ លោក Bellesi បាននិយាយថាភាគច្រើននៃស៊ីណាប់ត្រូវបានស៊ីគឺស្ថិតនៅក្នុងក្រុមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់គឺមានច្រើនជាងគេ លោកបានប្រៀបប្រដូចវា ទៅនឹងគ្រឿងសង្ហារឹមដែលចាស់ ធ្ងន់បំផុត និងមានវ័យចំណាស់បំផុត ដែលលោកបាននិយាយថាជារឿងមួយដ៏ល្អ។ នៅពេលដែលក្រុមអ្នកស្រាវជ្រាវ ពិនិត្យកោសិកា Microglial ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ពួកគេបានរកឃើញថាវាបានកើនឡើងនៅក្នុងកណ្ដុរ ដែលដេកមិនបានគ្រប់គ្រាន់ ជាប្រចាំ។  ភាពមិនអាចគ្រប់គ្រងបាននៃសកម្មភាពរបស់ Microglial ផ្សារភ្ជាប់ទៅនឹងជំងឺបាត់ការចងចាំ (Alzheimer’s) លោក Bellesi បាននិយាយថា នេះគឺជាក្ដីបារម្ភមួយ ដែលសកម្មភាពរបស់ Microglial មិនត្រូវបានគ្រប់គ្រងនោះអាចផ្សារភ្ជាប់ទៅនឹងជំងឺបាត់បង់ ការចងចាំ ដោយរួមមកជាមួយនឹងការបាត់បង់ណឺរ៉ូនប្រភេទផ្សេងទៀត។ ផ្ទុយមកវិញ ការបាត់បង់ដំណេកជាប្រចាំ ត្រូវបានគេនិយាយថា ជាការភ្ញោច ឲ្យកោសិកា Microglial​ មានសកម្មភាពឡើង ហើយបន្ទាប់មកជំរុញសកម្មភាពរបស់ Phagocytes​ ហើយការពុំបានទទួលដំណេករយៈពេលយូរ ត្រូវបានបង្ហាញផងដែរថាអាចជាមូលហេតុនៃការភ្ញោច Microglial និងបណ្ដាលឲ្យខួរក្បាលទទួលរងនូវការប៉ះពាល់ផ្សេងទៀត។ គួរបញ្ជាក់ថា ការស្លាប់ដែលបណ្ដាលមកពីជំងឺ Alzheimer’s បានកើនឡើង ៥០% ចាប់តាំងពីឆ្នាំ ១៩៩៩​។  នៅមានសំណួរជាច្រើនដែលត្រូវបានចោទឡើងដូចជា​ តើដំណើរការនេះអាចកើតឡើងនៅក្នុងខួរក្បាលរបស់មនុស្ស ឬទេ? ហើយការគេងបង្គ្រប់វិញអាច ជួសជុលការខូចខាតខ្លះបានទេ? ហើយក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ដ្រគួរតែរិះរកការពិតថាយើងគួរតែព្យាយាមទទួលទានដំណេកដ៏ល្អមួយឬ យ៉ាងណា? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជាទូទៅជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់​ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅ​ចន្លោះអាយុចាប់ពី ៦ខែ​ដល់ ១៥ឆ្នាំ។ ចំពោះក្មេងក្រោម​ ៦ខែ ក៏អាចកើតជំងឺនេះដែរតែដោយកម្រហើយបើកើត ច្រើនតែឆ្លងពីម្តាយឬមិនមានអង់ទីក័រពីម្តាយ និងច្រើនតែធ្ងន់ធ្ងរ​ជាងករណីធម្មតា។  ក្រឡេកមកមើលប្រទេសកម្ពុជាវិញ យើងនៅមិនទាន់មាន ទិន្នន័យពីចំនួននៃអ្នកកើតជំងឺអុតស្វាយនេះនៅឡើយទេ តែគ្រាន់តែដឹងថាពីមួយឆ្នាំទៅ មួយឆ្នាំចំនួនអ្នកជំងឺមានច្រើនគួរឲ្យកត់សំគាល់បើធៀបទៅនឹងប្រទេសជិតខាងយើងដោយសារក្រសួងយើងពុំទាន់មានវ៉ាក់សាំងផ្តល់ជូនដល់ ប្រជាពលរដ្ឋនៅឡើយ​ហើយមានប្រជាជនតិចណាស់ដែលទៅរកសេវាឯកជនដើម្បីបង្ការជំងឺនេះ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមបានធ្វើ បទសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា វេជ្ជបណ្ឌិតឯកទេសរោគកុមារ និងសព្វថ្ងៃជាបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផ្នែកកុមារ​ ទារកទើបនឹងកើត កុមារមានជំងឺបេះដូង ជំងឺឈាម និងជំងឺក្រពេញ។ និយមន័យ ជំងឺអុតស្វាយជាភាសាបារាំងហៅថា Varicelle ឬជាភាសាអង់គ្លេសហៅថា Chickenpox។ វាជាជំងឺឆ្លងមួយដែលបណ្តាលមកពីមេរោគមួយឈ្មោះថា Varicella Zoster Virus ដែលបង្កឲ្យមានពងបែកនៅលើស្បែក។​​ ចំពោះរោគសញ្ញា ជំងឺនេះចែកចេញជាបីដំណាក់កាល៖ ១.ដំណាក់កាលសំងំ៖ ជាដំណាក់កាលមិនមានរោគសញ្ញាអ្វីទាំងអស់បន្ទាប់ពីឆ្លងជំងឺនេះមកហើយវាមានរយៈពេល ១០​ ទៅ ២១ថ្ងៃ។ ២.​ដំណាក់កាលឈ្លានពាន៖ ​មេរោគចាប់ផ្តើមធ្វើការក្នុងខ្លួនយើងដែលមានរយៈពេលខ្លីពី ២៤ទៅ ៤៨ម៉ោងហើយអ្នកជំងឺមានអាការៈក្តៅខ្លួនអស់កម្លាំង ល្ហិតល្ហៃ និងទន់ដៃទន់ជើង។​ ៣. ដំណាក់កាលចេញពងបែក៖​​ ជាដំណាក់កាលមួយដែលអ្នកជំងឺមានដុំពកក្រហម ជាស្នាមកន្ទួលលើស្បែកបន្ទាប់មកវិវឌ្ឍជាពងទឹករួចក៏ក្លាយ ជាក្រមរនៅកណ្តាលពងទឹក។ ពងបែកទាំងនេះរមាស់ណាស់ហើយវាចាប់ផ្តើមចេញដំបូងពីក្បាល​ទ្រូងដៃនិងជើង។ គេក៏សង្កេតឃើញមានផងដែរនៅ​ ក្រអូមមាត់ភ្នែកនិងប្រដាប់បន្តពូជ ក្រៅពីពងបែកនេះអ្នកជំងឺនៅមានអាការៈក្តៅខ្លួននិងឈឺពេញរាងកាយ​ ជាពិសេសត្រង់កន្លែងពងទឹក។ ការធ្វើរោគវិនិច្ឆ័យ ជាការពិតណាស់ អុតស្វាយជាជំងឺឆ្លងខ្លាំងណាស់ វាអាចឆ្លងតាមរយៈ​ ការប៉ះផ្ទាល់ជាមួយ ពងទឹករបស់អ្នកជំងឺ ឬតាមរយៈការក្អក កណា្តស់ជាដើម។ ការធ្វើរោគវិនិច្ឆ័យអាការៈជំងឺអុតស្វាយ អាចធ្វើតាមរយៈសញ្ញាគ្លីនិកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែដើម្បីបញ្ជាក់ច្បាស់ថាជាជំងឺនេះគេត្រូវយកពងទឹក ទៅពិនិត្យរកមេរោគនេះ។ លើសពីនេះ ក្នុងករណីសង្ស័យថាវារាលដាលដល់ខួរក្បាល យើងនឹងធ្វើការបូមទឹកខួរឆ្អឹងខ្នង ចំណែកឯការពិនិត្យឈាម គឺដើម្បីបញ្ជាក់ថាមានការឆ្លងរោគដទៃទៀតប៉ុណ្ណោះ។ ចំពោះការព្យាបាលគ្រូពេទ្យគាត់ព្យាបាលតាមរោគសញ្ញាគ្លីនិកប៉ុណ្ណោះ មិនមានថ្នាំជាក់លាក់ ទៅប្រឆាំងវីរុសនេះទេ​ ហើយអ្នកជំងឺនេះត្រូវដាក់នៅឲ្យដាច់តែឯង​​ ចៀសវាងការឆ្លងដល់អ្នកដទៃទៀត។  ការព្យាបាល  ការព្យាបាលទៅតាមរោគសញ្ញាមានដូចជា៖ • ការលាងសម្អាតរបួសដោយឱសថអង់ទីសិបទីកពីរដងក្នុងមួយថ្ងៃ។ ចៀសវាងការយកស្លឹកឈើងាប់ត្រាំទឹកដូចជាស្លឹកស្វាយជាដើមព្រោះថាទឹក មិនស្អាតអាចមានបាក់តេរីដទៃទៀតជ្រៀតចូល និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរលើសដើម។ • ការបំបាត់កម្តៅ ឬការឈឺចាប់ដោយថ្នាំប៉ារ៉ាសេតាមុលបួនដងក្នុងមួយថ្ងៃ។ គួរចៀសវាងការប្រើប្រាស់ថ្នាំ Aspirine ឬ Ibuprofene ដែលអាចឲ្យ ជំងឺនេះកាន់តែធ្ងន់ធ្ងរ។ • ការឲ្យថ្នាំបំបាត់រមាស់ ដូចជាពួក Phénothiazineជាដើម។ • មិនមានការប្រើថ្នាំផ្សះនោះទេ លើកលែងតែករណីដែលមានការឆ្លងបាក់តេរីបន្ថែមពីលើវា។ • ចំពោះទារកទើបនឹងកើតដែលឆ្លងរោគនេះគេអាចប្រើពពួក Acyclovir10-20mg/kg/dose បីដងក្នុងមួយថ្ងៃ។ ផលវិបាកនៃជំងឺ ជំងឺនេះកម្រនឹងលាប់ឡើងវិញណាស់ ចំពោះអ្នកកើតហើយនឹងមានអង់ទីក័រប្រឆាំងមួយជីវិត រីឯអ្នកចាក់វ៉ាក់សាំងរួចក៏ដូចគ្នា តែវាអាចលេចចេញ ម្តងទៀត ហើយមិនមានលក្ខណៈខ្លាំងក្លាដូចមុននោះទេ។ ប្រសិនបើអ្នកជំងឺមិនបានទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវ នោះនឹងកើតមាន ផលវិបាកច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរប្រសិនបើមានឆ្លងមេរោគពីខាក្រៅមកបន្ថែមពីលើ។ ក្រៅពីនេះ វាក៏អាចបណ្តាលឲ្យមានផលវិបាក ផ្សេងទៀត ដូចជា រលាកសួត រលាកខួរក្បាលឆ្លងទៅទារកក្នុងពោះ ឬទើបនឹងកើត និងអុតស្វាយធ្ងន់ធ្ងរចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬប្រើថ្នាំ Corticoïde យូរអាចឲ្យក្តៅខ្លួនខ្លាំង ចេញពងបែកច្រើន និងមានការហូរឈាមតាមពងបែករហូតដល់ប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសសៃឈាមជាដើម។ ក្នុងករណីម្តាយមានជំងឺនេះពេលកំពុងពពោះកូន​ នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ​ ដូចជាទារកអាចនឹងរលូត​​ អាចមានភាពមិនប្រក្រតី អាចស្លាប់ក្នុងពោះ ឬកើតមកមានជំងឺអុតស្វាយនេះតែម្តង។​  ដើម្បីបង្ការជំងឺអុតស្វាយនេះ យើងត្រូវរស់នៅស្អាត មានអនាម័យល្អ និងចាំបាច់ ត្រូវចាក់់វ៉ាក់សាំងការពារនៅពេលកុមារមានអាយុចាប់ពី ១២ខែឡើង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ទម្លាប់អាក្រក់ ពិតជាពិបាកកែប្រែខ្លាំងណាស់ ទោះបីជាអ្នកដឹងថា វាមិនល្អសម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកក៏ដោយ។ យ៉ាងណាមិញ អ្នកគួរតែព្យាយាមកាត់បន្ថយឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះបញ្ហាសុខភាពដែលកើតឡើងអាចធ្ងន់ធ្ងរជាងអ្វីដែលអ្នកស្មានដល់។   ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ និងកំហុសឆ្គងទាំង ៨ ដែលអ្នកតែងតែធ្វើដោយមិនដឹងខ្លួន ហើយវាពិតជាគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក ខ្លាំងណាស់។   ១ ទប់មិនឲ្យកណ្តាស់ ការធ្វើបែបនេះ នឹងបង្កើតសម្ពាធនៅក្នុងក្បាលរបស់អ្នក ដែលជាហេតុនាំឲ្យអ្នកគ្រោះថ្នាក់ដោយមិនដឹងខ្លួនដូចជា ឈឺក្បាល ការខូចខាតសរសៃប្រសាទ និងមានបញ្ហាក្នុងការស្តាប់ជាដើម។ ២ ប្រើទឹកអប់ សារធាតុដែលមាននៅក្នុងទឹកអប់មួយចំនួន ពិតជាមិនល្អ និងអាចបង្កគ្រោះថ្នាក់ ចំពោះអ្នកទៀតផង ជាពិសេស អ្នកដែលឆាប់អាល្លែកហ្ស៊ី មនុស្សចាស់ ឬអ្នកមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។ ៣ ប្រើទូរស័ព្ទមុនចូលគេង នៅពេលយប់ ពន្លឺដែលចេញពីទូរស័ព្ទ ឬកុំព្យូទ័រ ពិតជាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាពទូទៅរបស់អ្នក ជាពិសេស គឺភ្នែកតែម្តង។ វាក៏អាចធ្វើឲ្យអ្នកគេងមិនលក់ បាក់ទឹកចិត្ត មានជំងឺបេះដូង ធាត់លើសទម្ងន់ ហើយប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ៤ ដាក់អាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ ឬថង់ប្លាស្ទិក មានផ្ទុកសារធាតុគីមីពុលជាច្រើនប្រភេទ ជាពិសេស នៅពេលដែលវាត្រូវនឹងកម្តៅ។ ៥ ដុសធ្មេញ ក្រោយញ៉ាំអាហារភ្លាមៗ ទន្តពេទ្យជំនាញបានណែនាំថា អ្នកគួរតែរង់ចាំឲ្យបាន ៣០ ឬ ៦០ នាទី ក្រោយញ៉ាំអាហាររួច ទើបដុសសម្អាតធ្មេញ ដើម្បីការពារការសឹករិចរិល ការខូចខាត និងការស្រៀវធ្មេញ។ ៦ ប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីញឹកញាប់ពេក ការប្រើសាប៊ូប្រភេទនេះញឹកញាប់ អាចទៅកម្ចាត់ស្រទាប់ការពារស្បែកខាងក្រៅ ព្រមទាំងបង្កើតឱកាសឲ្យមេរោគនានាជ្រៀតចូលរាងកាយរបស់អ្នក។ ៧ ស្លៀកខោអាវតឹងពេក ការស្លៀកបែបនេះ នឹងធ្វើឲ្យរាងកាយរបស់អ្នករងនូវសម្ពាធ ដែលជាហេតុនាំឲ្យវាសង្កត់ និងបង្កបញ្ហាច្រើនដល់សរសៃ និងចរន្តឈាមរត់នៅតំបន់នោះ។ ៨ ញ៉ាំទឹកផ្លែឈើត្រជាក់ៗញឹកញាប់ពេក ត្រូវចងចាំថា ទឹកផ្លែឈើ មិនល្អដូចជាផ្លែឈើនោះទេ ហើយក្នុងករណីខ្លះ វាមិនត្រូវបានគេណែនាំឲ្យញ៉ាំសម្រាប់អ្នកជំងឺមួយចំនួននោះទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺមហារីកពិតជាគួរខ្លាច ក៏ប៉ុន្តែជាសំណាងល្អ ការការពារខ្លួន ក៏ដូចជាការកាត់បន្ថយការប្រឈមពិតជាមានច្រើន ដែលក្នុងនោះក៏មានផងដែរនូវសកម្មភាព ឬទម្លាប់ងាយៗដែលអាចជួយយើងបានពីជំងឺដ៏កាចសាហាវនោះ។  ១. ញ៉ាំថ្នាំអាស្ពេរីន (តាមវេជ្ជបញ្ជា) អ្នកប្រហែលជាធ្វើបែបនេះ ដើម្បីការពារបេះដូងរបស់អ្នក ពីព្រោះ គ្រូពេទ្យបានណែនាំថា ការទទួលទានថ្នាំអាស្ពេរីនក្នុងកម្រិតមួយទាបអាចមាន ផលល្អច្រើន ចំពោះសុខភាពទូទៅសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះ ការសិក្សាក៏បានរកឃើញផងដែរថា ថ្នាំនេះអាចជួយកាត់បន្ថយឱកាស កើតជំងឺមហារីកសុដន់បាន ១៦ %។ ២. កាត់បន្ថយ ឬផ្តាច់ការញ៉ាំស្រា ការញ៉ាំក្នុងកម្រិតតិចតួច អាចជួយអ្នកបានមែន ប៉ុន្តែ បើអ្នកញ៉ាំច្រើន អ្នកនឹងទទួលបានផលអវិជ្ជមានត្រឡប់មកវិញ។ ដូច្នេះ ចូរកាត់បន្ថយការញ៉ាំស្រា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៣. កុំប្រើអ័រម៉ូន អ្នកប្រហែលជាគិតថា ថ្នាំអ័រម៉ូន និងការព្យាបាលដោយអ័រម៉ូន គឺជារឿងល្អ ហើយគ្រូពេទ្យមួយចំនួន ក៏ចេញវេជ្ជបញ្ជា សម្រាប់ស្រ្តីអស់រដូវផងដែរ ប៉ុន្តែ អ្នកត្រូវគិតថា រាងកាយស្រ្តីត្រូវការសុខភាពផ្ទាល់ខ្លួនដែលជាធម្មជាតិរបស់វា មានន័យថាគឺត្រូវមានរដូវ និងអស់រដូវ ដូច្នេះ ​បើអ្នកនៅតែបន្តចាក់អ័រម៉ូន ដើម្បីបន្តឲ្យមានរដូវ វាជារឿងមិនល្អនោះទេ ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកផងដែរ។ ៤. រស់នៅជាមួយពណ៌បៃតង ការរស់នៅស្អាត គ្មានជាតិពុល បរិយាកាសស្រស់ស្រាយ និងការគ្មានធូលីដី អាចការពារអ្នកពីជំងឺមហារីកសុដន់បានមួយកម្រិតផងដែរ។ ៥. កុំអង្គុយច្រើនពេក ការអង្គុយយូរពេក ក៏អាចធ្វើឲ្យអ្នក ប្រឈមទៅនឹងជំងឺមហារីកសុដន់ផងដែរ។ ការសិក្សាបានបង្ហាញថា ទម្លាប់នៃការអង្គុយយូរពេកនៅកន្លែងធ្វើការ នៅក្នុងឡាន និងនៅក្នុងផ្ទះ អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។ សមាគមន៍ជំងឺមហារីកអាមេរិចបានរកឃើញថា អ្នកដែលអង្គុយច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ អាចមានអត្រា ១០ ភាគរយ ប្រហែលជាកើតជំងឺខួរឆ្អឹង ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកដោះ។ ដូច្នេះ ចូរដើរ និងបញ្ចេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៦. ត្រូវបំបៅដោះកូន វាជាជម្រើសរបស់អ្នក ប៉ុន្តែវេជ្ជបណ្ឌិតជំនាញៗបានណែនាំថា ការបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកដោះ គួរឲ្យកត់សម្គាល់។ ក្រៅពីនេះ វាក៏ជួយបង្កើនភាពស្និទ្ធស្នាល និងសន្សំសំចៃថវិការបានមួយកម្រិតផងដែរ។ ដូចនេះ ការចាប់ផ្តើមការពារខ្លួនអ្នកគួរតែត្រូវបានចាប់ផ្តើមឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ចៀសវាងអ្វីៗត្រូវហួសពេល ដែលពេលនោះមិនមានការផ្លាស់ប្តូរដែលងាយៗដូចខាងលើអាចជួយអ្នកបានឡើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកជំនាញ​ខាង​សើ​ស្បែកបាន​មានប្រសាសន៍ថា ប្រភេទសក់ស្កូវ​មាន​ពីរ​ប្រភេទ​គឺ ស្កូវ​តាម​ធម្មជាតិ​ ពោលគឺ​តាម​វ័យ និង​សក់ស្កូវ​មុន​អាយុ។ ចំពោះសក់ស្កូវទៅតាម​វ័យ ជាទូទៅ​សម្រាប់​ជនជាតិ​អាស៊ី​គឺ​កើតមានចាប់ពី​អាយុ 30 ឆ្នាំ​ឡើងទៅ ដោយឡែក​ចំពោះ​សក់ស្កូវ​មុន​អាយុ​គឺកើតមាន​ចំពោះ យុវវ័យ និង​កុមារ​។​ អ្នកជំនាញ​​ដដែលក៏បាន​ព​ន្យ​ល់ពី​មូលហេតុ​ដែលនាំ​ឲ្យ​កើត​សក់ស្កូវ​មុន​អាយុ​ថា  «សក់ស្កូវ​មុន​អាយុ គឺជា​សញ្ញាណ​ប្រាប់ថា យើងអាច មានជំងឺមួយចំនួន​ដូចជា ជំងឺពកក  កង្វះ​វីតាមីន​ B 12 និងការងាប់​កោសិកា​ចិញ្ចឹម​គល់​សក់ដែលបណ្តាលមកពី ការជក់បារី បញ្ហា​ស្មុគស្មាញ និងដោយសារតំណពូជ​»​។  អ្នក​ដែលមាន​សក់ស្កូវ​មុន​អាយុ​អាច​​នឹង​ព្យាបាល​ជាក៏ប៉ុន្តែ​ការព្យាបាល​ត្រូវ​យោងតាម​បញ្ហា​ជំងឺ​ដែល​ពាក់ព័ន្ធ​។​ ទង្វើដែលអ្នកគួរអនុវត្ត ដើម្បីបង្ការបញ្ហាស្កូវមុនអាយុរួមមានដូចជា ៖ 1.  កាត់បន្ថយ​សម្ពាធ​ការងារ​របស់​អ្នក​មានន័យថា​អ្នក​ត្រូវតែ​ចេះ​សម្រាក ឬ​បន្ធូរ​អារម្មណ៍ ​​ធ្វើ​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​ទើប​មិនងាយ​ដុះសក់ស្កូវ 2. បញ្ឈប់​ការជក់បារី 3.រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជានិច្ច ដោយ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ហើយ​មិនត្រូវ​បរិភោគ​ចំណី​ដែលមានជាតិ​ហឹរ ឬប្រភេទអាហារបំពង​ច្រើនពេកនោះ​ទេ 4. បរិភោគ​ចំណី​អាហារដែលមាន​ផ្ទុកនូវវីតា​មីន B12 ឲ្យ​បាន​ច្រើន​រួមមានដូចជា ​ពងមាន់​ សាច់គោ​ ចេក ឬ​ត្រី​ជាដើម 5. ​គេង​ឲ្យ​គ្រប់គ្រាន់​ (មួយថ្ងៃ 8 ម៉ោង​ទើប​ជាការប្រសើរ) យ៉ាងណាមិញ ដោយសារតែបញ្ហា​សក់ស្កូវ​មុន​អាយុ​អាច​បណ្តាល​មកពី​មូលហេតុ​ផ្សេងៗ​ពីគ្នា ហេតុនេះហើយការព្យាបាល គឺចាំបាច់ទាមទារនូវការវិភាគ និងការព្យាបាល​យូរ ព្រមទាំងចំណាយ​អស់​ថវិកា​ច្រើន​។ នេះជាហេតុនាំឲ្យយុវវ័យ​ខ្លះ​មិនបាន​ដឹង​ពី​មូលហេតុ​នោះទេ ហើយ​ពួកគេបែរជានាំគ្នា​ជ្រើសរើស យក​ការ​លាប​ពណ៌​សក់ម​កបិទបាំងទៅវិញ​។​ ចំពោះការធ្វើបែបនេះ ក្រុមគ្រូពេទ្យសើស្បែកបានបកស្រាយថាការប្រើប្រាស់ ឬលាបមិនបានត្រឹមត្រូវតាម បទដ្ឋាន ហើយបើក្នុងករណីថ្នាំពណ៌នោះគ្មានគុណភាពទៀតនោះ វាអាចនឹងប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់ហើយក៏អាចបណ្តាលឲ្យកើតមាន បញ្ហារលាក ឬរោគផ្សិតស្បែកក្បាល និងមានអង្គែថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេជ្រើសរើសយកការព្យាបាលដោយឆ្លងកាត់ការវិភាគ ពីគ្រូពេទ្យជំនាញឯកទេសបានត្រឹមត្រូវនោះអ្នកជំនាញ​​ នឹងពិចារណា ផ្តល់ការព្យាបាលដោយលាបពណ៌សក់ដែលអាចលុបបំបាត់សក់ស្កូវបានជាប់រហូតដល់រយៈពេល 6 ខែ។​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក
Top