Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។   ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភា​ផ្នែក​ជំងឺ​កុមារ​អាមេរិក។   ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។   យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។   អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល​ នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ​ Understanding Basic Principles of Medical Education ក្នុងគោលបំណង​ដើម្បីបង្កើនចំណេះដឹងអំពីការសិក្សាអប់រំផ្នែកវេជ្ជសាស្រ្ត ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ។​ កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧​ ចាប់ពីម៉ោង៨:០០​ ដល់ម៉ោង១១:៣០​ ទីតាំង៖​ បន្ទប់Prof. Mey Samedi Conference (ជាន់ទី៩ នៃអគារសម្តេចហ៊ុនសែន ថ្មី នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល​។ លក្ខខណ្ឌនៃការចូលរួម៖​ -សម្រាប់តែនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) -សូមស្លៀកសំលៀកបំពាក់ឯកសណ្ឋានស.វ.ស ដើម្បីចូលរួមសិក្ខាសាលា ចុះឈ្មោះនៅត្រង់នេះ​ PAL ប្រភពព័ត៌មានគេហទំព័រ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត។  

ចែករំលែក

Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យុវវ័យ ហើយកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានមួយទៀតនោះគឺSnapchatនេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយThe Royal Society សម្រាប់សុខភាពសាធារណៈនៅចក្រភពអង់គ្លេស។ ការសិក្សារបស់ពួកគេទៅលើ#StatusofMind បានធ្វើការស្រង់មតិពីយុវវ័យប្រមាណជា ១,៥០០នាក់ ដែលពួកគេមានអាយុចាប់ពី ១៤ដល់២៤ឆ្នាំ ហើយការសិក្សានោះគឺផ្ដោតទៅលើកម្មវីធីប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមានផលប៉ះពាល់ដល់បញ្ហាសុខភាព និងសុខុមាលភាពដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការស្គាល់នូវអត្តសញ្ញាណខ្លួនឯង (Self-identity)និងការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង (Body image)។ YouTube ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមានខ្លាំងជាងគេ នៅពេលដែល Instagram Snapchat Facebook និងTwitter សុទ្ធតែបង្ហាញថាមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ បើយោងទៅតាមរបាយការណ៍ដែលបានផ្សាយកាលពីថ្ងៃសុក្របានថ្លែងថា «Instagram គឺជាកម្មវិធីផ្សព្វផ្សាយរូបភាពដែលមានអ្នកលេងច្រើនជាង ៧០០លាននាក់នៅទូទាំងពិភពលោក ហើយកម្មវិធីនេះបានជាប់ចំណាត់ថ្នាក់កំពូលជាកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងជាងគេ និងជាពិសេសក្នុងចំណោមមនុស្សស្រី»។ លោក Matt Keracher ដែលជាអ្នកសរសេររបាយការណ៍នេះបាននិយាយថា “Instagram បានធ្វើឲ្យស្រ្ដីវ័យក្មេងចាប់ផ្ដើមប្រៀបធៀបខ្លួនពួកគេទៅនឹងភាពមិនពិត ការប្រមូលផ្ដុំជាច្រើនដាក់ Filter និងការកាត់តនៃភាពពិត។” ស្ដ្រីម្នាក់មិនបានបញ្ចេញអត្តសញ្ញាណបានឆ្លើយតបនៅក្នុងរបាយការណ៍ថា “Instagram គឺងាយនឹងធ្វើឲ្យស្រីៗមានអារម្មណ៍ដូចជារូបរាងរបស់ពួកគេមិនស្អាតដូចអ្នកដែលដាក់ Filter ហើយកែសម្រួលបន្ថែមទៅលើរូបភាពរបស់ពួកគេដើម្បីឲ្យពួកគេមើលទៅគឺល្អឥតខ្ចោះ។” ដើម្បីដោះស្រាយបញ្ហានេះ the Royal Society សម្រាប់សុខភាពសាធារណៈបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចាត់វិធានការជួយដល់អ្នកប្រើប្រាស់ក្មេងៗទាំងនោះ ដើម្បីកុំឲ្យមានអារម្មណ៍មិនត្រឹមត្រូវ និងជំងឺថប់បារម្ភដោយដាក់ជាសារព្រមានលើរូបភាពដែលត្រូវបានកែសម្រួលបែបឌីជីថល។ លោក Keracher បាននិយាយថា «យើងមិនមែនអំពាវនាវឲ្យកម្មវិធីទាំងនោះហាមឃាត់មិនឲ្យកាត់ត ឬដាក់ filterនោះទេ ប៉ុន្ដែយើងចង់ឲ្យអ្នកប្រើប្រាស់ដឹងថាពួកគេមិនគួរឲ្យតម្លៃទៅលើរូបភាពដែលត្រូវបានកែសម្រូលហើយនោះ ដូចជារូបភាពពិតទេ»។ លោកបានបន្ដថា «យើងពិតជាចង់ផ្ដល់ឲ្យយុវវ័យនូវវិធីសាស្ត្រ និងចំណេះដឹងមួយដើម្បីណែនាំពួកគេអំពីផលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងលើកកម្ពស់សុខភាពផ្លូវចិត្ត»។ ការស្រង់មតិបានសន្និដ្ឋានថា ខណៈពេលដែល Instagram បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង វដ្ដនៃការគេង និងការបន្ថែមនូវអារម្មណ៍នៃការខ្លាចការបាត់បង់។ កម្មវិធីរូបភាពមួយនេះក៏មានចំណុចវិជ្ជមានមួយចំនួនសម្រាប់អ្នកប្រើប្រាស់វា ដើម្បីសម្តែងចេញនូវអារម្មណ៍ និងការស្គាល់អត្តសញ្ញាណខ្លួនឯង។ អ្នកជំនាញ YouTuber Laci Green ដែលមានប្លុកវីឌីអូមួយ ដែលមានអ្នកតាមដានជាង ១៥លាននាក់ បាននិយាយថា «ការអប់រំជុំវិញបញ្ហាសុខភាពផ្លូវចិត្តក្នុងយុគសម័យឌីជីថលនេះ គឺជាការអប់រំដែលចាំបាច់បំផុតសម្រាប់យុវវ័យ»។ នាងបាននិយាយថា «កម្មវិធីដូចជា Instagram និងFacebook បានបង្ហាញពីមនុស្សដែលយើងស្គាល់ និងពិភពលោកជុំវិញខ្លួនយើង។ វាពិតជាងាយនឹងធ្វើឲ្យការយល់ឃើញនៃភាពពិតរបស់យើងប្រែជាខុស។ ទំនាក់ទនងនៅពីក្រោយឧបករណ៍ឌីជីថលអាចជាភាពឯកោមួយ ហើយភាពមិនច្បាស់នៃបញ្ហាសុខភាពផ្លូវចិត្តមានការកើតឡើយច្រើនជាងធម្មតា»។ លោកស្រី Green បានបន្ថែមថា ឥឡូវនេះជាពេលដ៏សំខាន់មួយដែលយើងគួរតែចាប់ផ្ដើមការងារមូលដ្ឋានគ្រឹះ ដើម្បីកាត់បន្ថយនូវហានិភ័យដ៏គ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជំនាន់ដំបូងនៃប្រព័ន្ធផ្សព្វផ្សាយឈានចូលដល់វ័យជំទង់។  YouTube គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលនៅក្នុងការសិក្សានេះបានបង្ហាញថាមានផលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ របាយការណ៍ក៏បានរកឃើញថាវាមិនមែនគ្រាន់តែជាអ្វីដែលយុវវ័យយើងបានចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះទៅទៀត គឺរយៈពេលដែលពួកគេបានចំណាយទៅលើវា។ យោងទៅតាមរបាយការណ៍យុវវ័យដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃទៅលើបណ្ដាញសង្គម គឺត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តចុះខ្សោយរួមបញ្ចូលទាំងវិបត្តិផ្លូវចិត្ត។ នាយកប្រតិបត្តិនៃ The Royal Society លោក Shirley Cramer បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «កម្មវិធីដែលជួយឲ្យយុវវ័យតភ្ជាប់ទៅមិត្តរបស់ពួកគេគឺអាចបង្កជាបញ្ហាសុខភាពផ្លូវចិត្ត»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម័យនេះ ផលិតផលលាងសម្អាតអ្វី ក៏មានលក់ដែរនៅលើទីផ្សារ ប៉ុន្តែ បើអ្នកប្រើប្រាស់ដោយមិនចេះគិតគូរច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំនឹងនាំបងប្អូន ឲ្យស្គាល់ផលិតផលលាងសម្អាតមួយដ៏ល្អមួយ ដែលអ្នកអាចរកឃើញ នៅក្នុងផ្ទះបាយរបស់អ្នក នោះគឺម្សៅដុតនំ។   ការសម្អាតពូកប្រឡាក់ដោយប្រើម្សៅដុតនំ វាជាវិធីសាស្រ្តងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ហើយសន្សំសំចៃថវិកាទៀតផង។ ម្សៅដុតនំ អាចជួយកម្ចាត់ស្នាមប្រឡាក់ ជាតិសំណើម កោសិកាងាប់ៗ និងក្លិនមិនអាក្រក់ ចេញពីក្នុងពូករបស់អ្នក។   វិធីសាស្រ្ត ៖ ១ ជូតសម្អាត ឬយកម៉ាស៊ីន មកបូមធូលីដីនៅលើពូកឲ្យស្អាតល្អ ២ បន្ទាប់មក ប្រើតម្រងស្អាតមួយ រួចចាក់ម្សៅដុតនំក្នុងនោះ ដើម្បីរោយវាឲ្យពេញផ្ទៃពូករបស់អ្នក ៣ ទុកវាចោលបីបួនម៉ោង ៤ រួចជូតសម្អាត ឬយកម៉ាស៊ីន មកបូមម្សៅដុតនំនោះចេញវិញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាជ្រុះសក់ប្រភេទ Alopecia areata អាចកើតមានគ្រប់វ័យទៅលើទាំងមនុស្សប្រុស និងស្រីហើយក៏ជាជំងឺដែលពិបាកព្យាបាលមួយផងដែរ។ និយមន័យ Alopecia areata គឺជាការជ្រុះសក់ដុំៗ ដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយការជ្រុះសក់ប្រភេទនេះមិនធ្វើឲ្យសក់ស្តើងទាំងអស់ទេតែគឺបាត់សក់ដុំៗ ប៉ុន្តែ Alopecia areata ក៏មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់ដែរ។ រោគសញ្ញា ដំបូង Alopecia areata នឹងលេចចេញជាការជ្រុះសក់មួយដុំតូចគ្មានស្លាកស្នាម ក្រោមទម្រង់រូបរាងច្រើនប្រភេទ តែភាគច្រើននៃ Alopecia areata នឹងបង្ហាញក្រោមទម្រង់មូល ឬពងក្រពើ។ ជំងឺនេះអាចរកឃើញមានកើតនៅលើស្បែកក្បាលឬពុកមាត់ចំពោះមនុស្សប្រុស។ រោគវិនិច្ឆ័យ Trichoscopie ជាប្រភេទតេស្តដែលត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺ  Alopecia areata។ តេស្តនេះ ធ្វើឡើងដោយពិនិត្យមើលឫសសក់។ តាមការធ្វើតេស្តសម្រាប់អ្នកដែលមានបញ្ហា Alopecia areata គេនឹងឃើញមានចំណុចពណ៌លឿងដែលគេស្គាល់ថាជាការឡើងកម្រាស់នៃស្រទាប់ក្រៅបំផុតនៃស្បែក (Stratum coreneum) ដែលធ្វើឲ្យសក់ពិបាកក្នុងការលូតលាស់។ មួយវិញទៀតគេនឹងឃើញមានចំណុចខ្មៅ (Black dot)ដែលនេះជាការបំផ្លាញសរសៃសក់នៅក្នុងក្រពេញគល់រោម (Hair follicle)។ មូលហេតុ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីមូលហេតុពិតប្រាកដនៃ Alopecia areata ប៉ុន្តែគេដឹងត្រឹមថាវាជាជំងឺ Systemic autoimmune diseaseដែលជាជំងឺកើតឡើងដោយសារប្រព័ន្ធការពាររបស់យើង។ កោសិការបស់ប្រព័ន្ធការពារខ្លួនយើងនឹងទៅកម្ទេច Anagen hair follicle ពោលគឺវាទៅបំផ្លាញវគ្គលូតលាស់របស់សក់។ នៅពេលនោះយន្តការនៃការដុះសក់នឹងត្រូវបានកាត់បន្ថយ ឬបញ្ឈប់តែម្តង។ ក្រៅពីនេះ ក៏មានកត្តាជម្រុញជាច្រើនទៀតដែរ ដូចជាកត្តាអ័រម៉ូន កត្តាបរិស្ថានជុំវិញខ្លួនដែលចូលរួមធ្វើឲ្យជំងឺ Alopecia areata កើតឡើង។ ការព្យាបាល ជំងឺ Alopecia areata មានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យតែពិបាកក្នុងការព្យាបាល។ ដូចនេះហើយអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។ ក្នុងការព្យាបាលជំងឺនេះគ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអុីតប្រភេទ ជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់។ មួយវិញទៀត គ្រូពេទ្យក៏អាចឲ្យប្រើពួក Minoxidil ផងដែរ។ លើសពីនេះទៅទៀត ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។ រីឯការការពារសម្រាប់ជំងឺ Alopecia areata មិនមានទេ។ ផលវិបាក បញ្ហាចម្បងនៃអ្នកដែលមានជំងឺ Alopecia Areata អាចនឹងវិវឌ្ឍទៅរកបញ្ហាផ្លូវចិត្តដោយសារតែការខ្មាសមនុស្សជុំវិញខ្លួននូវទម្រង់សក់របស់ខ្លួន។មួយវិញទៀតអ្នកជំងឺ Alopecia Areata អាចនឹងមានទាក់ទងនឹងជំងឺក្រពេញ ជំងឺតម្រងនោម ឬជំងឺថ្លើម។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ចង់ផ្តាំទៅមិត្តអ្នកអានថាករណីមានជំងឺនេះឬមានបញ្ហាជ្រុះសក់ផ្សេងទៀតសូមមកព្យាបាលជាមួយអ្នកជំនាញ ឲ្យបានទាន់ពេលវេលាហើយការមកព្យាបាលនេះនឹងទទួលបានផលល្អ។ បកស្រាយដោយ​ លោកវេជ្ជបណ្ឌិត​ ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

រលាកថ្លើមប្រភេទ បេ (Hepatitis B) !   ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយ នៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជម្ងឺគឺបានមកពិនិត្យ ពិគ្រោះ និង ជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំក្នុងតំណាក់កាលក្រិន ឫក៏មានលផលំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។   1/- រោគសញ្ញា៖ រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជម្ងឺផងដែរ ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី 70% ឡើងទៅ) :  - ការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់ - ឡើងលឿងភ្នែក និងស្បែក - មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ - ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន - មានការហើមជើងជាដើម...។   ខ) ការធ្វើរោគវិនិច្ឆ័យ៖ មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និង ស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែជាពត៍មានសំខាន់ៗសំរាប់វេជ្ជបណ្ឌិតឯកទេស យើងខ្ញុំក្នុងការកំណត់ និង វាយតំលៃតំណាក់កាលនៃជម្ងឺនេះមុននឹងឈានទៅដល់ការព្យាបាលនោះ ។   គ) ការចម្លងរោគ៖ មេរោគនេះអាចឆ្លងតាមរយៈ - ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ - ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល) - ការរួមភេទ - ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...) *** ជាការរំលឹកដាស់តឿនដល់បងប្អូនយើងផងដែរថា ប្រសិនជាមានសមាជិកណាម្នាក់នៅក្នុងផ្ទះដែលមានផ្ទុក ឫ ឈឺជម្ងឺរលាកថ្លើមប្រភេទ បេ នេះសូមធ្វើការពិនិត្យឈាម និង ចាក់ថ្នាំវ៉ាក់សាំងបង្ការ ជាមុនដល់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកជម្ងឺដើម្បីផ្តល់ការការពារអំពីការចម្លងមេរោគនេះ ។   ឃ) វិធីការពារ៖ ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។   ង) វិធីព្យាបាល៖ ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (3-5ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។   សូមរួសរាន់មកជួបវេជ្ជបណ្ឌិត ឯកទេស ជំនាញ ដើម្បីការពារលោកអ្នកពីមេរោគថ្លើមប្រភេទ បេ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងផលវិបាកនៃជំងឺនេះ(ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។   ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ !   សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ៖ Ekip specialist clinic (Tel: 017/070/069-553317).

ចែករំលែក

នាមជានិស្សិតវេជ្ជសាស្រ្តមួយរូប ប្រាកដណាស់ គឺមិនអាចគេចផុតនូវដំណាក់កាលចុះអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យនោះទេ ហើយសម្រាប់អ្នកទើបតែចុះដំបូងៗ និងអ្នកដែលមិនសូវបានទទួលការណែនាំ ឬហ្វឹកហាត់ពីរៀមច្បង ក៏ដូចជាសាស្រ្តាចារ្យនោះ សៀវភៅមួយនេះអាចនឹងជាមិត្តដ៏ល្អមួយរបស់អ្នកសម្រាប់បន្ថែមទៅលើអ្វីដែលបានទទួលពីសាលារៀន និងការណែនាំពីមនុស្សដែលអ្នកទុកចិត្ត។ គួរបញ្ជាក់ផងដែរថា «សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ» នេះត្រូវបានបែងចែកជា៥ ជំពូក ក្នុងនោះរួមមាន ៖ -ការពិនិត្យអ្នកជំងឺ និងកំណត់ហេតុជំងឺ -បច្ចេកទេសកាយវិការ -លទ្ធផលប្រក្រតីនៃការស្រាវជ្រាវវិភាគបន្ថែម  -សង្រ្គោះបន្ទាន់  -ផ្សេងៗ ក្រោមការរៀបរៀងដោយ វេជ្ជបណ្ឌិត ឌី ណារុងរិទ្ធិ។ លោកអ្នកអាចទាញយកបានតាមរយៈ សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ ។  សង្ឃឹមថា នេះនឹងជាឯកសារដ៏មានគុណប្រយោជន៍មួយទៀតសម្រាប់អ្នករាល់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧​ Everjob ដែលជាគេហទំព័រការងារមួយក្នុងប្រទេសកម្ពុជាបានប្រារពខួបលើកទី២ ក្នុងការបើកដំណើរការក្នុងប្រទេសកម្ពុជា។ជាមួយនឹងចំនួនអ្នកចូលមើលជាង ៧៥០០នាក់ ជាមធ្យមក្នុងមួយថ្ងៃ និងផ្ទុកទិន្នន័យ ប្រវត្តិរូបសង្ខេប ចំនួន៤៦ ០០០ច្បាប់ Everjobs បានដើរតួរយ៉ាងសំខាន់ក្នុងទីផ្សារការងារកម្ពុជា និងក្លាយជាគេហទំព័រ​ដែលមិនអាចខ្វះបានក្នុងការស្វែងរក បុគ្គលិក ដែលមានទេព្យកោសល្យ ឱកាសការងារក្នងប្រទេស។ ភាពជោគជ័យរបស់ Everjob គឺបានបង្ហាញពីភាពស្វាហាប់នៃទីផ្សារការងារ ដោយបានស្វាគមន៍ អ្នកអាជីពវ័យក្មេងថ្មីចំនួន​ ៣០០​​ ០០០នាក់​ និងផ្តល់ភាពងាយស្រួល​ឲ្យអ្នកប្រើប្រាស់អ៊ីនធើណែតជាង​ ៧លាននាក់ក្នុងការស្វែងរកឱកាសការងារ។ Marie Balandreau ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅEverjob បានមានប្រសាសន៍ថា។​ តែសព្វថ្ងៃនេះ អ្នកស្វែងរកការងារ និងនិយោជក់ បានរកឃើញនូវអត្ថប្រយោជន៍នៃគេហទំព័រការងារ ដែលជាមគ្គុទេសអាជីពក្នុងការជ្រើសរើសបុគ្គលិក​ និងស្វែងរកការងារធ្វើ។​ កំឡុងពេលឆ្នាំទីពីរ Everjob មានចំនួនអ្នកចូលមើលគេហទំព័ររបស់ខ្លួនកើនឡើងបីដង។ ក្នុងឆ្នាំ២០១៦​ Everjob បានបើក​តារាងលទ្ធផលសង្ខេបវិចារណញាណ និងកែប្រែផ្ទាល់ខ្លួនសម្រាប់និយោជិក និងផ្តោតទៅលើការពង្រឹងនូវការទទួលព័ត៌មានរបស់អ្នកប្រើប្រាស់ តាមរយៈពិពរណ៍អាជីពការងារ សិក្ខាសាលាអំពីរបៀបក្នុងការសរសេរប្រវត្តិរូបសង្ខេប កម្មវិធីជួយក្នុងការសម្ភាសន៍ការងារបានល្អ​ និងប្លុកដែលមានសរសេរជាភាសាអង់គ្លេស និងខ្មែរផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

 ១. បើប្រឹងខ្លាំងម្លឹងៗ តើខ្ញុំអាចនឹងបត់ជើងធំដែរឬទេ អំឡុងពេលសម្រាលកូន? មិនចាំបាច់ព្រួយបារម្ភនោះទេ អ្នកមិនអាចឡើយ! វាអាចកើតឡើង តែក្នុងករណីដែលក្រពះពោះវៀនរបស់អ្នកពេញខ្លាំងពេកប៉ុណ្ណោះ។ ដូច្នេះ ចូរផ្តោតសំខាន់ទៅលើកូនរបស់អ្នក កុំគិតរឿងហ្នឹង​ ហើយបើវាកើតឡើងមែនវាក៏មិនជាបញ្ហាអ្វីនោះដែរ។ ២. តើប្រដាប់ភេទរបស់ខ្ញុំអាចយឺត ឬរលុងពេកទេ? ចម្លើយដ៏ខ្លីគឺ ប្រដាប់ភេទរបស់អ្នក បង្កើតឡើងសម្រាប់ធ្វើឲ្យវាយឺត ឬយារ សម្រាប់ការរួមភេទ និងសម្រាលកូននេះឯង ហើយបន្ទាប់ពីនោះ វានឹងត្រឡប់ទៅរកសភាពដើមជាធម្មតា។ ទោះបីមិនដូចមុន ១០០ ភាគរយ ប៉ុន្តែ វាខុសគ្នាតិចតួចបំផុត។ ជាការពិតទ្វារមាសស្រ្តីមានសាច់ដុំចងចាំ ដែលវានឹងត្រឡប់ទៅរកភាពធម្មតា ក្រោយពេលបំពេញការងាររួច។ យ៉ាងណាមិញបើអ្នកព្រួយបារម្ភខ្លាំងថាវានឹងរលុងអ្នកអាចសាកល្បងហាត់ខ្ជឹបទ្វារមាស ដូចជាការដែលអ្នកទប់នោមអ៊ីចឹងបានផងដែរ។ ៣. តើខ្ញុំអាចនឹងឡើងទម្ងន់ច្រើនពេកដែរឬទេ? វាជាសំណួរដ៏រសើបមួយ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនឆ្ងល់។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកបាន ពីព្រោះវាក៏អាស្រ័យទៅលើសុខភាព និងទម្ងន់ចាស់របស់អ្នកផងដែរ។ ជាទូទៅ ស្រ្តីមានផ្ទៃពោះគួរតែឡើងទម្ងន់ចន្លោះពី ១០ ទៅ ១២ ឬ ១៦ គីឡូ ដើម្បីបញ្ជាក់ថាអ្នកម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ។ ៤. ខ្ញុំលឺថា មនុស្សស្រីពិបាកទប់នោម ក្រោយពេលសម្រាលកូនរួច? ជាការពិត មុន និងក្រោយសម្រាលរួច ប្លោកនោមរបស់អ្នកអាចនឹងពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែ ក្រោយសម្រាលកូនរួច ពី ៦ ទៅ ១២ អាទិត្យ វានឹងត្រឡប់មករកធម្មតាវិញ។ ជាថ្មីម្តងទៀត អ្នកអាចហាត់ខ្ជឹបទ្វារមាសដូចដែលយើងបានណែនាំខាងលើនេះ។ ៥. ខ្ញុំ និងស្វាមី មិនហ៊ានរួមភេទនោះទេ ព្រោះខា្លចប៉ះពាល់កូនក្នុងផ្ទៃ តើខ្ញុំគួរធ្វើបែបណាទៅ? វាជាក្តីបារម្ភរបស់គូស្វាមីភាគច្រើន ប៉ុន្តែ ជាការពិត វាមិនងាយប៉ះពាល់ដល់ទារកនោះទេ ប្រសិនបើអ្នកធ្វើវាថ្នមៗ និងគិតពីសុវត្ថិភាពជាចំបង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម។ សម្រាប់អ្នកជំងឺមហារីក វាមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវសិក្សាស្វែងយល់ និងធ្វើការសម្រេចចិត្តជាច្រើន។ វាអាចធ្វើឲ្យអ្នកស្រ្តេស និងធុញថប់ក្នុងជីវិត ប៉ុន្តែ តាមពិតទៅឱកាសនៃការជាសះស្បើយ ក៏មានខ្ពស់ដែរសម្រាប់ដំណាក់កាលដំបូងៗ ហើយផលវិបាក និងការឈឺចាប់ ក៏ត្រូវបានកាត់បន្ថយច្រើនដែរដោយសារតែបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ននេះ។ ការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺម្នាក់នោះ។ ប្រភេទនៃការព្យាបាលទាំងនោះមានដូចជា ៖ ការវះកាត់ ការវះកាត់ ជាដំណើរការមួយដែលក្រុមគ្រូពេទ្យជំនាញមួយក្រុម ធ្វើការវះកាត់យកដុំសាច់មហារីក ចេញពីរាងកាយរបស់អ្នកជំងឺ។   ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលតាមវិធីនេះ គឺជាការប្រើប្រាស់ជាតិវិទ្យុសកម្ម ក្នុងកម្រិតមួយខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបង្រួមដុំសាច់ឲ្យតូចជាងមុន។   ការប្រើថ្នាំគីមី វាជាការព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់កោសិកាមហារីកទាំងនោះ។ ការព្យាបាលប្រព័ន្ធភាពស៊ាំ ចំណែកឯការព្យាបាលមួយនេះវិញ គ្រូពេទ្យនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។   ការព្យាបាលដោយអ័រម៉ូន វាជាការព្យាបាលមួយប្រភេទទៀត ដែលទៅពន្យឺតការលូតលាស់នៃជំងឺមហារីកសុដន់ និងប្រូស្តាត ដែលវាប្រើប្រាស់អ័រម៉ូនដើម្បីរីកលូតលាស់។   ការបណ្តុះកាសិកា Stem Cell វាជាដំណើរការមួយ ដែលជួយធ្វើការបង្កើតឡើងវិញនូវទម្រង់កោសិកា stem cell នេះចំពោះអ្នកជំងឺមហារីកដែលបានទទួលការខូចខាត ដោយសារតែការព្យាបាលដោយការប្រើថ្នាំគីមី ឬជាតិវិទ្យុសកម្ម។   ការព្យាបាលជាក់លាក់ វាជាដំណើរការនៃការព្យាបាលជំងឺមហារីក ដែលអនុញ្ញាតឲ្យគ្រូពេទ្យសម្រេចចិត្ត និងធ្វើការជ្រើសរើសវិធីព្យាបាលណាមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ដោយពឹងផ្អែកទៅលើប្រភេទ កម្រិត និងស្ថានភាពរបស់អ្នកជំងឺមហារីក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកប្រហែលជាគិតថា ស្រ្តីមានផ្ទៃពោះភាគច្រើន តែងតែឃ្លានម្ជូរ ជ្រក់ និងការ៉េម ប៉ុន្តែ តាមពិតទៅ ស្រ្តីមានផ្ទៃពោះ ឃ្លានគ្រប់ម្ហូបដែលគេចង់ញ៉ាំ។ នៅសហរដ្ឋអាមេរិច ស្រ្តីមានផ្ទៃពោះប្រហែលជា ៥០ ភាគរយហើយ ដែលចង់ញ៉ាំជ្រក់ និងការ៉េម។ ហេតុអ្វីស្រ្តីមានផ្ទៃពោះឃ្លានជ្រក់ ឬអាហារផ្សេងៗទៀតខុសប្លែកពីធម្មតា? ការឃ្លាន និងការស្អប់អាហារមួយចំនួន កើតឡើងដោយសារតែកត្តាអ័រម៉ូន ដែលបណ្តាលឲ្យស្រ្តីមានផ្ទៃពោះ ផ្លាស់ប្តូរអារម្មណ៍ និងជីវសាស្រ្តនៅក្នុងរាងកាយ។ អ័រម៉ូននៃការមានផ្ទៃពោះ អាចជះឥទ្ធិពលទៅលើរសជាតិ និងក្លិន ហើយអ្វីដែលអ្នកធ្លាប់ចូលចិត្តញ៉ាំពីមុន ពេលនេះ អ្នកប្រហែលជាស្អប់ដល់ឆ្អឹងផងក៏មិនដឹង។ ប៉ុន្តែ អ្នកជំនាញវេជ្ជសាស្រ្តមួយចំនួន បែរជារកឃើញថា ការឃ្លានអាហារខុសពីធម្មតា អាចបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ កំពុងតែខ្វះវីតាមីន និងសារធាតុរ៉ែហើយ។ ក្នុងករណីមួយចំនួន ការឃ្លានអាហារខុសធម្មតាខ្លាំងពេក អាចបង្កជាបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាព អំឡុងពេលមានផ្ទៃពោះ ដូច្នេះ អ្នកគួរតែប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យ ដោយសារតែអ្នកញ៉ាំអាហារដដែលៗ។ គ្រូពេទ្យជំនាញបាននិយាយថាការឃ្លានអាហារបែបនេះ អាចនឹងផ្លាស់ប្តូរផងដែរ ទៅតាម ដំណាក់កាលនីមួយៗ នៃការមានផ្ទៃពោះ។ ការឃ្លានអាហារអំឡុងពេលមានផ្ទៃពោះ អ្នកអាចគិតថាជារឿងធម្មតា ប៉ុន្តែ វាអាចជារឿងគ្រោះថ្នាក់ ប្រសិនបើអ្នកញ៉ាំតាមឃ្លាន ហើយមិនញ៉ាំតាមការណែនាំ របស់គ្រូពេទ្យ។ ឧទារហណ៍ ស្រ្តីមានផ្ទៃពោះខ្លះ ឃ្លានតែប្រហុក និងម្ជូរ ដូច្នេះ វាអាចប៉ះពាល់សុខភាពម្តាយ និងទារក រីឯស្រ្តីខ្លះទៀត បែរជាឃ្លានតែផ្លែទុរ៉េន ដែលជាហេតុធ្វើឲ្យគាត់ធាត់​ លើសទម្ងន់។ អ្នកត្រូវចងចាំថា ត្រូវញ៉ាំអាហារផ្តល់ឲ្យអ្នកនូវសុខភាពល្អ ដើម្បីខ្លួនអ្នកផ្ទាល់ និងកូនក្នុងផ្ទៃ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាចិញ្ចឹមកូនតែងតែខ្វល់ខ្វាយចំពោះការលេងឧបករណ៍ឌីជីថល និងតែងតែមានចម្ងល់ អំពីឧបករណ៍ទាំងនោះ​ ត្រូវបានចោទសួរឡើង។ ក្នុងនោះមានដូចជា តើវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់កូនរបស់យើង? តើបច្ចេកវិទ្យាទាំងនោះ អាចប៉ះពាល់ដល់ ខួរក្បាលរបស់ពួកគេទេ? តើវាអាចកំណត់នូវការលូតលាស់ផ្នែកសង្គមដែរ ឬទេ? តើវាអាចបង្កគ្រោះថ្នាក់ដល់អារម្មណ៍របស់ពួកគេទេ? តើវាអាចពន្យារ នូវការចាប់ផ្ដើមការចេះនិយាយរបស់ពួកគេទេ? ប្រហែលជាមានច្រើននាក់ មិនបានគិតអំពីសំណួររចុងក្រោយនេះទេ រហូតដល់មានការសិក្សាថ្មីមួយ ដែលបានបង្ហាញពីការរកឃើញមួយចំនួន ដ៏គួរឲ្យចាប់អារម្មណ៍ ហើយបានចេញផ្សាយ និងត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ របស់សមាគមគ្រូពេទ្យឯកទេសផ្នែកកុមារ។ ការសិក្សាបានរកឃើញថា «បើក្មេងអាយុនៅចន្លោះពី ៦ខែដល់២ឆ្នាំ ចំណាយពេលលេងឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេបផ្លេត និងហ្គេមអេឡិចត្រូណិច កាន់តែច្រើ​ន ពួកគេអាចនឹងប្រឈមនូវភាពយឺតយ៉ាវនៃការចេះនិយាយរបស់ពួកគេកាន់តែខ្ពស់»។ វេជ្ជបណ្ឌិត Catherine Birken អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការសិក្សានេះ និងជាគ្រូពេទ្យឯកទេសផ្នែកកុមារ ហើយក៏ជាអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពេទ្យសម្រាប់ជំងឺកុមារនៅ Toront, Ontario បានថ្លែងថា «ខ្ញុំជឿថា វាជាការសិក្សាលើកដំបូង ដែលទាក់ទងនឹងផលប៉ះពាល់ របស់ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយចល័ត និងការពន្យារពេល នៃការប្រាស្រ័យទាក់ទងរបស់កុមារ។» លោកស្រីបានបន្តថា «វា គឺជាលើកទីមួយហើយ ដែលយើងបានរកឃើញគំហើញថ្មី ទៅលើបញ្ហាដ៏មានសក្ដានុពលនេះ ប៉ុន្តែខ្ញុំគិតថា លទ្ធផលទាមទារឲ្យមានការសិក្សាបន្ថែម និងការកែសម្រួល ព្រោះថា វាគ្រាន់តែជាការសិក្សាជំហានដំបូងប៉ុណ្ណោះ»។ ការស្រាវជ្រាវនេះ បានសិក្សាទៅលើកុមារជាង៩០០នាក់ ដោយឪពុកម្ដាយរបស់ទារកមានអាយុ១៨ខែ បានរាយការណ៍ ពីរយៈពេលដែលកូនរបស់ពូកគាត់ បានចំណាយទៅលើឧបករណ៍ឌីជីថលទាំងនោះ គិតជានាទីក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើនូវកម្រងសំណួរមួយប្រភេទ សួរទៅកាន់ឪពុកម្ដាយរបស់ទារក ដើម្បីតាមដាន និងវាយតម្លៃអំពីការលូតលាស់ផ្នែកទំនាក់ទំនងរបស់ទារក (Infant toddler checklist) និងកម្រងសំណួរសម្រាប់ធ្វើតេស្ដរកមើលបញ្ហាសុខភាពផ្លូវចិត្ត (A validated screening tool) ដើម្បីវាយតម្លៃទៅលើការអភិវឌ្ឍភាសារបស់ទារក​ នៅអាយុ១៨ខែ។ ពួកគេបានធ្វើការសិក្សាទៅលើការប្រើប្រាស់សម្លេង ឬពាក្យរបស់កុមារ ក្នុងការទាមទារការយកចិត្តទុកដាក់ ឬការសុំជំនួយផ្សេងៗ ហើយការដាក់បញ្ចូលនូវពាក្យទាំងនោះចូលគ្នា និងចំនួនពាក្យដែលកុមារបានប្រើ។ ការសិក្សាបានរកឃើញថា ២០%នៃកុមារ បានចំណាយពេលប្រមាណជាមធ្យម២៨នាទីក្នុងមួយថ្ងៃ លេងឧបករណ៍ឌីជីថល។ រាល់ការកើនឡើង៣០នាទី ជារៀងរាល់ថ្ងៃ ទៅលើការលេងឧបករណ៍ទាំងនេះ គឺអាចនាំឲ្យកើនឡើង៤៩%នៃហានិភ័យមួយ ដែលអ្នកស្រាវជ្រាវហៅថា ភាពយឺតយ៉ាវនៃការចេះនិយាយ របស់កុមារ ដែលវាគឺជាការប្រើប្រាស់សម្លេង និងពាក្យសម្ដី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានរកឃើញអំពី ទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាមួយនឹងការទំនាក់ទំនងផ្សេងទៀត ដូចជាតាមរយៈកាយវិការ ភាសាកាយវិការ និងទំនាក់ទំនងសង្គមនោះទេ។   យើងត្រូវការការស្រាវជ្រាវមួយដែលច្បាស់លាស់ជាងនេះ លោកស្រី Birken ដែលជាសាស្ដ្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យToronto បានសង្កត់ធ្ងន់ថា ខណៈពេលដែលការសិក្សារបស់លោកស្រីបានបង្ហាញថា វាមានទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ និងការពន្យារពេល ក្នុងការប្រាស្រ័យទាក់ទងរបស់កុមារ ដូច្នេះ វាទាមទារឲ្យមានការស្រាវជ្រាវជាច្រើនទៀត ដើម្បីបញ្ជាក់បានថា ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ។ លោកស្រីបានថ្លែងថា «ការសិក្សាបន្ថែមទៀតក៏ត្រូវការផងដែរ ដើម្បីឲ្យបានដឹងថា កុមារកំពុងមើលអ្វីខ្លះ? ថាតើពួកគេកំពុងតែប្រើឧបករណ៍ទាំងនេះ ជាមួយឪពុកម្ដាយ ឬក៏អ្នកថែទាំរបស់ពួកគេ?»។ លោកស្រី Birken បាននិយាយថា «ខ្ញុំគិតថា ដើម្បីទទួលបានភស្ដុតាងដ៏ជាក់លាក់មួយ ព្រមទាំងជូនដំណឹងទៅកាន់ឪពុកម្ដាយ និងគ្រូពេទ្យ អំពីអ្វីដែលគួរតែណែនាំ យើងត្រូវការ​​ ការស្រាវជ្រាវបន្ថែមទៀត»។  ចំណែកឯ American Academy of Pediatrics បានថ្លែងថា «អ្នកត្រូវការការពិសោធ និងភស្ដុតាងដ៏ល្អមួយ យ៉ាងហោចណាស់ការសិក្សារយៈពេលយូរមួយ ប៉ុន្តែការរកឃើញនេះក៏បានបង្ហាញនូវទំនាក់ទំនងមួយដ៏សំខាន់ ហើយវាក៏គាំទ្រនូវការណែនាំនាពេលបច្ចុប្បន្ននេះ ដូចគ្នាដែរ»។ ក្រុមនេះក៏បានផ្ដល់ជាអនុសាសន៍ថា «មិនគួរឲ្យកុមារដែលមានអាយុក្រោម១៨ខែ ប្រើប្រាស់ ឬលេងជាមួយឧបករណ៍ឌីជីថលទាំងនេះទេ។ សម្លេងរំខាន និងសកម្មភាពរបស់ឧបករណ៍ទាំងនេះ អាចមានផលប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កឲ្យមានការបាត់បង់នូវទំនាក់ទំនង​ រវាងពួកគេ និងឪពុកម្ដាយរបស់ពួកគេ នេះបើយោងតាមការបកស្រាយរបស់គ្រូពេទ្យឯកទេសជំងឺកុមារ»។​ សម្រាប់កុមារអាយុចន្លោះពី ១៨ដល់២៤ខែ ក្រុមគ្រូពេទ្យឯកទេស ផ្នែកកុមារនៅសហរដ្ឋអាមេរិក បានច្រានចោលនូវការណែនាំ កាលពីឆ្នាំមុន ដែលហាមដាច់ខាត មិនឲ្យកុមារនៅក្នុងក្រុមអាយុនេះប្រើឧបករណ៍ឌីជីថលទេ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យនេះបានផ្ដល់អនុសាសន៍ថា​ «ឪពុកម្ដាយគួរតែជ្រើសរើស យកកម្មវិធីណាល្អៗ និងមានគុណភាពខ្ពស់ ហើយមើលជាមួយកូនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេបានដឹង និងយល់ពីអ្វីដែលពួកគេកំពុងមើល»។ ស្ទើរតែ៤០%នៃកុមារ ដែលមានអាយុក្រោម២ឆ្នាំ បានប្រើទូរស័ព្ទចល័ត គឺកើនឡើងពី១០%នៅឆ្នាំ២០១១ នេះបើយោងតាមការសិក្សាមួយ ក្នុងឆ្នាំ២០១៣ របស់ Common Sense Media ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ផ្ដោតលើការជួយកុមារ ឪពុកម្ដាយ និងអ្នកអប់រំឲ្យដើរតាមពិភព នៃការផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ចំនួននេះ គឺកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ចាប់តាំងពីស្មាតហ្វូនកាន់តែមានភាពពេញនិយម។​ លោក Michael Robb ដែលជានាយកស្រាវជ្រាវនៃ Common Sense Media បានថ្លែងថា «វាគឺជាការសិក្សាដ៏មានសារៈសំខាន់មួយ ដែលបានពន្លេចពីហានិភ័យដ៏គ្រោះថ្នាក់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ និងជាពិសេសនោះ គឺការប្រើប្រាស់ឧបករណ៍ឌីជីថល»។ លោកបានបន្ថែមទៀតថា «អ្វីដែលបង្កឲ្យមានផលប៉ះពាល់នោះ ពិតជាសំខាន់ណាស់ ដែលផលប៉ះពាល់អវិជ្ជមាន គឺដោយសារការប្រើឧបករណ៍ឌីជីថល បានជំនួសនូវទំនាក់ទនង រវាងឪពុកម្ដាយ និងកូន (ការលេង ការអាន ការជជែកគ្នា ការច្រៀង ។ល។) សកម្មភាពទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍមួយដ៏ល្អ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top